Search

Проповеди

Subject 1 : បាប

[1-1] ដើម្បីបានសង្រ្គោះ ជាដំបូង យើងត្រូវតែស្គាល់អំពីបាបរបស់យើងសិន (ម៉ាកុស ៧:៨-៩, ៧:២០-២៣)

ម៉ាកុស ៧:៨-៩
«ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​និង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះបង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ។»
 
ម៉ាកុស ៧:២០-២៣
«ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ។»
 
 
ជាដំបូង ខ្ញុំ​ចង់​កំណត់​និយម​ន័យ​នៃ​ពាក្យ​ថា បាប សិន។ មាន​អំពើ​បាប​ជា​ច្រើន​ ដែល​​ត្រូវ​បាន​កំណត់​ន័យ​ដោយ​ព្រះ ហើយ​មាន​អំពើ​បាប​ជា​ច្រើនទៀត​ដែល​ត្រូវ​បាន​កំណត់​ន័យ​ដោយ​មនុស្ស​ផង​ដែរ​។ ពាក្យ​ថា បាប «hamartia» ជា​ភាសាក្រិក​មាន​ន័យ​ថា «បរាជ័យ» ឬ​និយាយ​តាម​បែប​ផ្សេង មានន័យ​ថា ការ​ប្រព្រឹត្ត​អ្វី​មួយខុស។ ការ​មិន​ស្តាប់​តាម​សេចក្តី​បង្គាប់​របស់​ព្រះ ជា​​អំពើ​បាប​មួយ​។ យើង​នឹង​ពិនិត្យ​មើល​​ទស្សនៈ​របស់​មនុស្ស​អំពី​បាប​ជា​មុន​សិន​។
 
តើ​អំពើបាប​ជា​អ្វី?
បាប​​គឺ​ជា​ការ​មិន​ស្តាប់​តាម សេចក្តី​បង្គាប់​របស់​ព្រះ
 
យើង ​ស្គាល់​ពី​បាប​របស់​យើង​ ​យោង​ទៅ​តាម និង​តាមរយៈបញ្ញាចិត្ត​របស់​យើង​ប៉ុន្តែ​ទស្សនៈមនុស្ស​អំពី​បាប មាន​ភាព​ខុសៗ​គ្នា​ទៅ​តាម​ប្រវត្តិសង្គម សណ្ឋាន​ផ្លូវ​ចិត្ត ស្ថានភាព និង​បញ្ញាចិត្ត​។
ដូច្នេះ ​បុគ្គល​ម្នាក់ៗ​មានទស្សនៈ​ខុសៗ​គ្នា​អំពី​បាប​។ សកម្មភាព​តែ​មួយ អាច ឬ​មិន​ត្រូវ​អាច​ចាត់​ទុក​ជា​អំពើបាប ដោយ​យោង​ទៅ​តាម​​ខ្នាត​គំរូ​របស់​បុគ្គល​ម្នាក់ៗ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​​បាន​ប្រទាន​​ឲ្យ​យើង​នូវ​មាត្រាចំនួន៦១៣នៅក្នុងច្បាប់របស់ទ្រង់ ទុក​ប្រើ​ជា​ខ្នាត​គំរូ​នៃអំពើ​បាប​។
ដ្យាក្រាម​ខាង​ក្រោម​នេះ បង្ហាញ​ពី​អំពើ​បាប​របស់​មនុស្ស​ជាតិ
 
ក្រិត្យវិន័យ​របស់​ព្រះ
បញ្ញាចិត្ត សីលធម៌
និងបទដ្ឋាន​សង្គម​រ​បស់​មនុស្ស​
ច្បាប់​ជាតិ ច្បាប់​ស៊ីវិល
 
យើង​មិន​គួរ​​បង្កើត​ខ្នាត​គំរូ​នៃ​អំពើបាប ​តាម​បញ្ញា​ចិត្ត​រប​ស់​យើង និង​ផ្អែក​លើ​​បទដ្ឋាន​សង្គម​នោះ​​ទេ​។
អំពី​បាប​តាម​បញ្ញាចិត្ត​របស់​យើង​មិន​ស៊ីគ្នា​នឹង​​អ្វី​ដែល​ព្រះកំណត់​ន័យ​ថា អំពើបាប នោះ​ឡើយ​។ ដូច្នេះ យើង​​មិន​គួរ​ស្តាប់​តាម​​បញ្ញាចិត្ត​របស់​យើង​​ទេ តែ​ខ្នាតគំរូនៃអំពើបាបគួរ​តែផ្អែក​លើ ក្រិត្យវិន័យរបស់ព្រះវិញ។
យើងម្នាក់ៗ មានគំនិតទស្សនៈផ្សេងៗពីគ្នាអំពីអំពើបាប។ មនុស្ស​ខ្លះ ចាត់ទុក​អំពើ​បាប​ជាកំហុសទាំងឡាយរបស់ពួកគេ ហើយ​មនុស្សខ្លះទៀត ចាត់ទុកវាជាអាកប្បកិរិយាអាក្រក់។
ជាឧទាហរណ៍ នៅប្រទេសកូរ៉េ មនុស្សយកស្មៅគ្របថ្នូរឪពុកម្តាយរបស់ពួកគេ ហើយយក​ស្មៅនោះ​មក​ដាក់​នៅលើ​ខ្លួនរបស់​ពួកគេ ដើម្បីឲ្យពួកគេទទួលបានការ​ថែរក្សា​ រហូត​ដល់​ពួកគេស្លាប់​។ ប៉ុន្តែកុលសម្ព័ន្ធ យុគសម័យមួយនៅប្រទេស Papua New Guinea គោរពឪពុកម្តាយរបស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ ដោយ​ស៊ីលៀង​នៅលើសាកសពឪពុកម្តាយនោះជាមួយសមាជិកគ្រួសារទាំង​អស់។ (ខ្ញុំមិនបានដឹងច្បាស់ថា ពួកគេចំអិនសាកសពនោះ នៅមុនពេលបរិភោគនោះទេ។) ទំនាមទម្លាប់ទាំងនេះ បង្ហាញ​ប្រាប់​យើង​ថា ទស្សនៈរបស់​មនុស្ស​មានភាពខុសគ្នា​យ៉ាង​ខ្លាំង​។
អំពើប្រកបដោយគុណធម៌មួយនៅក្នុងសង្គមមួយ អាចត្រូវ​គេ​ចាត់​ទុក​ជា​អំពើឃោឃៅនៅ​ក្នុងប្រទេសមួយទៀត​។ ទោះបី​ជាយ៉ាងណា ព្រះគម្ពីរប្រាប់យើង​ថា អំពើបាបគឺជាការ​មិនស្តាប់តាមសេចក្តីបង្គាប់របស់​ព្រះ។ «ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​និង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះបង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ» (ម៉ាកុស ៧:៨-៩)។ រូបរាងខាងក្រៅរបស់យើង មិនមានសារៈសំខាន់ចំពោះព្រះឡើយ ពីព្រោះទ្រង់ទតមើលដល់ស្នូលចិត្តរបស់យើង​វិញ។
 
 
លក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនរបស់យើង​គឺជាអំពើបាបនៅចំពោះព្រះ

តើអំពើបាបធ្ងន់ធ្ងរបំផុតគឺជាអ្វី?
គឺជាការ​មិន​គោរព ព្រះបន្ទូលព្រះ

ការមិន​រស់នៅតាមបំណងព្រះហឫទ័យទ្រង់ គឺជាអំពើបាបមួយនៅ​ចំពោះព្រះ ហើយក៏ជាអំពើបាបផងដែរ ដែល​មិនជឿលើព្រះបន្ទូលទ្រង់។ ព្រះបានមានបន្ទូលថា វាជាអំពើបាប ដែលរស់នៅដូចជាពួកផារ៉ាស៊ី ដែលបានបដិសេធក្រិត្យវិន័យរបស់ព្រះ ហើយ​បែរជាចាត់ទុកសេចក្តីបង្រៀនតាមបែបប្រពៃណីរបស់ខ្លួនជាសំខាន់ទៅវិញ។ ព្រះយេស៊ូវ បានហៅពួកផារ៉ាស៊ីថាជាពួកមនុស្សកំពុត។
«តើអ្នកជឿលើព្រះមួយណា? តើអ្នកពិតជាកោតខ្លាច និងលើកតម្កើងខ្ញុំដែរឬទេ? អ្នកអួតពីឈ្មោះរបស់ខ្ញុំ ប៉ុន្តែតើអ្នកពិតជាគោរពដល់ខ្ញុំទេ?» មនុស្សសំឡឹងមើលតែសំបកក្រៅ ហើយមិនគោរពតាមព្រះបន្ទូលទ្រង់ ឡើយ។ ដូច្នេះ តើអ្នកដឹងដែរទេថា អំពើបាបធ្ងន់ធ្ងរបំផុតនោះគឺជាការ​មិនគោរពតាមព្រះបន្ទូលទ្រង់?
អំពើគ្មានច្បាប់ទម្លាប់ ដែលមានដើមកំណើតពីសេចក្តីកំសោយរបស់យើង គ្រាន់តែជាអំពើប្រកបដោយវិសមធម៌ប៉ុណ្ណោះ។ កំហុស និងការអាក្រក់ទាំងឡាយ ដែលយើង​ប្រព្រឹត្ត ដោយសារភាពមិនឥតខ្ចោះរបស់យើង មិនមែនជាអំពើបាបគ្រឹះនោះឡើយ តែជាកំហុសឆ្គងវិញ។ ព្រះបែងចែកអំពើបាបចេញ​ពីវិសមធម៌ គឺអស់អ្នកណាដែលមិនគោរពតាមព្រះបន្ទូលទ្រង់ គឺជាមនុស្សមានបាប បើទោះជាពួកគេមិន​មានកំហុសឆ្គងក៏ ដោយ។ ពួកគេគឺជាមនុស្សមានបាបធ្ងន់ធ្ងរបំផុតនៅចំពោះព្រះ។ ដូច្នេះហើយ​បានជាព្រះយេស៊ូវបានបន្ទោសដល់ពួកផារ៉ាស៊ី។
នៅក្នុងបញ្ចកណ្ឌ ចាប់ពីកណ្ឌលោកុប្បត្តិដល់កណ្ឌចោទិយកថា មានក្រិត្យវិន័យផ្សេងៗ ដែលប្រាប់យើងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។ ក្រិត្យវិន័យទាំងអស់របស់ព្រះ គឺជាព្រះបន្ទូលរបស់ទ្រង់។ យើងមិនអាចធ្វើតាមក្រិត្យវិន័យទាំងនោះបាន១០០ភាគរយឡើយ ប៉ុន្តែយើងគួរតែទទួលស្គាល់វាជាក្រិត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានប្រទានឲ្យយើងតាំងពីដើមដំបូង ហើយ​យើងត្រូវតែទទួលយកវាជាព្រះបន្ទូលព្រះ។
«កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ» (យ៉ូហាន ១:១)។ បន្ទាប់មក ទ្រង់បានមានបន្ទូលថា «ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង» (លោកុប្បត្តិ ១:៣)។ ទ្រង់បានបង្កើតរបស់សព្វសារពើរ ហើយក្រោយមកទៀត ទ្រង់ក៏បានបង្កើតក្រិត្យវិន័យរបស់ទ្រង់។
«ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ» (យ៉ូហាន ១:១, ១៤)។ ដូច្នេះ តើព្រះបង្ហាញអង្គទ្រង់ដល់យើងតាមរបៀបណា? គឺទ្រង់បង្ហាញអង្គទ្រង់ តាមរយៈក្រិត្យវិន័យរបស់ទ្រង់ ពីព្រោះទ្រង់គឺជាព្រះបន្ទូល និងព្រះវិញ្ញាណ។ ដូច្នេះ តើយើងចាត់ទុកព្រះគម្ពីរជាអ្វី? គឺយើងចាត់ទុកព្រះគម្ពីរជាព្រះបន្ទូលព្រះ។
ព្រះគម្ពីរប្រាប់យើងថា «ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ»។ នៅក្នុងក្រិត្យវិន័យរបស់ព្រះ មាន៦១៣មាត្រា ដែលប្រាប់យើងឲ្យធ្វើនេះ តែមិនធ្វើនោះ គោរពឪពុកម្តាយ...ជាដើម។ នៅក្នុងកណ្ឌលេវីវិន័យ បានប្រាប់អំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ហើយត្រូវធ្វើយ៉ាងណា នៅពេលសត្វពាហនៈមួយក្បាល ធ្លាក់ចូលក្នុងទឹកប្រឡាយ...ជាដើម។ ដូច្នេះ នៅក្នុងក្រិត្យវិន័យរបស់ព្រះ មាន៦១៣មាត្រា។
ដោយសារក្រិត្យវិន័យទាំងអស់ មិនមែនជាពាក្យសម្តីរបស់មនុស្ស យើងគួរតែគិតអំពីក្រិត្យវិន័យ ម្តងហើយម្តងទៀត។ ហើយទោះបីជាយើងមិនអាចប្រព្រឹត្តតាមក្រិត្យវិន័យទាំងអស់បានមែន ក៏យ៉ាងហោចណាស់ យើងគួរតែទទួលស្គាល់ក្រិត្យវិន័យទាំងអស់ ហើយស្តាប់បង្គាប់តាមព្រះដែរ។
តើមានបទគម្ពីរណាមួយនៅក្នុងព្រះបន្ទូលទ្រង់ មានភាពមិនត្រឹមត្រូវដែរឬទេ? ពួកផារ៉ាស៊ី បានលះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម ​សណ្តាប់​មនុស្ស​ជំនួសវិញ។ សេចក្តីបង្រៀនរបស់ពួកចាស់ទុំរបស់​ពួកគេ មានសារៈសំខាន់ជាង​ព្រះបន្ទូលព្រះទៅ ទៀត។ កាលព្រះយេស៊ូវនៅគង់លើផែនដីនេះ ទ្រង់បានធ្វើបន្ទាល់ថា ការដែលមនុស្សព្រងើយកន្តើយចំពោះព្រះបន្ទូលព្រះ បានធ្វើឲ្យទ្រង់ឈឺចាប់បំផុត​។
ព្រះបានប្រទានមាត្រាទាំង៦១៣នៅក្នុងក្រិត្យវិន័យ ដើម្បីជួយឲ្យយើង​បានស្គាល់អំពើបាបរបស់យើង ហើយ​ដើម្បី​បង្ហាញប្រាប់យើងថា ទ្រង់គឺជាសេចក្តីពិត និងជាព្រះបរិសុទ្ធរបស់យើង​។ ដោយសារយើង​ទាំងអស់គ្នាគឺជាមនុស្សមានបាប នៅចំពោះទ្រង់ យើងគួរតែរស់នៅដោយជំនឿ និង​ជឿលើព្រះយេស៊ូវ ដែលព្រះ វរបិតាបានបញ្ជូន​មកឲ្យយើង ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់​យើង​។
មនុស្សណា​ដែលលះចោល និងមិនជឿលើព្រះបន្ទូលទ្រង់ ​គឺជា​មនុស្សមានបាប។ ហើយ​មនុស្សណាដែលមិនអាចប្រព្រឹត្តតាមព្រះបន្ទូលទ្រង់ ក៏ជាមនុស្សមានបាបផងដែរ ប៉ុន្តែការលះចោលព្រះបន្ទូលទ្រង់គឺជាអំពើបាបធ្ងន់ធ្ងរជាង។ អ្នកដែល​ប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយនេះ នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក នៅចុងបញ្ចប់។ ដូច្នេះ ការមិនជឿលើព្រះបន្ទូលទ្រង់ គឺជាអំពើបាបធ្ងន់ធ្ងរបំផុតមួយនៅចំពោះទ្រង់។
 
 
មូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យដល់យើង
 
ហេតុអ្វីព្រះបានប្រទាន ក្រិត្យវិន័យដល់យើង?
ដើម្បីជួយឲ្យយើងបានស្គាល់អំពើបាបរបស់យើង និងទណ្ឌកម្មសម្រាប់អំពើបាបទាំងនោះ

តើមូលហេតុអ្វីដែលព្រះបានប្រទានក្រិត្យវិន័យដល់យើង? គឺដើម្បីជួយឲ្យយើងបានស្គាល់អំពើបាបរបស់យើង ហើយត្រឡប់ទៅឯទ្រង់វិញ។ ទ្រង់បានប្រទាន់មាត្រាទាំង៦១៣នៅក្នុងក្រិត្យ វិន័យ ដើម្បីជួយឲ្យយើងបានស្គាល់អំពើបាបរបស់យើង ហើយទទួលបានការប្រោសលោះ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ នេះហើយគឺជាមូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យដល់យើង​។
រ៉ូម ៣:២០ បង្រៀនយើងថា «ដ្បិត​ក្រឹត្យវិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ»។ ដូច្នេះ យើងដឹងថា មូលហេតុដែលព្រះបានប្រទាន ក្រិត្យវិន័យដល់យើង មិនមែនដើម្បីចាប់បង្ខំយើងឲ្យរស់នៅ និងប្រព្រឹត្តតាមនោះឡើយ។
ដូច្នេះ តើយើងទទួលបានផលប្រយោជន៍អ្វីពីក្រិត្យវិន័យ? គឺថា យើងមានសេចក្តីកំសោយយ៉ាងខ្លាំង ហើយ​មិនអាចប្រព្រឹត្តតាម ក្រិត្យវិន័យបានទាំងស្រុងនោះឡើយ ហើយថា យើងគឺជាមនុស្សមានបាបយ៉ាងធ្ងន់ធ្ងរនៅចំពោះទ្រង់។ តើមាត្រាទាំង៦១៣នៅក្នុងក្រិត្យវិន័យរបស់ទ្រង់បានជួយឲ្យយើងបានដឹងពីអ្វីខ្លះ? គឺយើងបានដឹងអំពីកំហុសទាំងឡាយរបស់យើង និង​អសមត្ថភាពក្នុងការរស់នៅដោយការប្រព្រឹត្តតាមក្រិត្យវិន័យ។ យើង​បានដឹងថា យើងដែលជាស្នាព្រះហស្តរបស់ព្រះ គឺជាមនុស្សមិនមានអំណាច ហើយ​ជាមនុស្សមានបាបយ៉ាងធ្ងន់ធ្ងរនៅចំពោះទ្រង់ ហើយបើយោងតាមក្រិត្យវិន័យរបស់ទ្រង់ យើងទាំងអស់គ្នាគួរតែធ្លាក់ទៅក្នុងស្ថាននរក នៅចុងបញ្ចប់។
នៅពេលយើងបានដឹងអំពីអំពើបាប និង​អសមត្ថភាពរបស់យើងក្នុងការរស់នៅដោយការប្រព្រឹត្តតាមក្រិត្យវិន័យហើយ តើយើងត្រូវធ្វើយ៉ាងដូចម្តេច? តើយើងត្រូវព្យាយាមឲ្យខ្លួនបានក្លាយជាមនុស្សឥតខ្ចោះឬ? ទេ។ យើង​ត្រូវតែទទួលស្គាល់ថា យើងគឺជាមនុស្សមានបាប ហើយជឿលើព្រះយេស៊ូវ ដើម្បីទទួលបានការប្រោសលោះ តាមរយៈសេចក្តីសង្រ្គោះនៃទឹក និងព្រះវិញ្ញាណ ហើយអរព្រះគុណដល់ទ្រង់។
មូលហេតុ ដែលទ្រង់បានប្រទានឲ្យយើងនូវក្រិត្យវិន័យគឺថា ដើម្បីជួយឲ្យយើងបានស្គាល់អំពើបាបរបស់យើង និងទណ្ឌកម្មសម្រាប់អំពើបាបទាំងនោះ។ ដូច្នេះ យើងនឹងទទួលស្គាល់ថា យើងមិនអាចបានសង្រ្គោះចេញពីស្ថាននរក ដោយគ្មានព្រះយេស៊ូវបានឡើយ។ បើសិនយើងជឿលើ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង នោះយើងនឹងបាន សង្រ្គោះ។ ដូច្នេះ ទ្រង់បានប្រទានក្រិត្យវិន័យដល់យើង ដើម្បីនាំយើងទៅឯព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ។
ព្រះ បានបង្កើតក្រិត្យវិន័យឡើង ដើម្បីជួយឲ្យយើងបានដឹងថា យើងពិតជាមានបាបធ្ងន់ធ្ងរប៉ុណ្ណា ហើយដើម្បីសង្រ្គោះយើងចេញពីបាបនោះ។ ទ្រង់បានប្រទានក្រិត្យវិន័យដល់យើង ហើយបានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវ ដោយទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ ការជឿលើទ្រង់ អាចសង្រ្គោះយើងបាន។
យើងគឺជាមនុស្សមានបាបដែលអស់សង្ឃឹម ដែលត្រូវតែជឿលើព្រះយេស៊ូវ ដើម្បីបានរួចពីបាប ក្លាយជាកូនរបស់ទ្រង់ ហើយថ្វាយសិរីល្អ ត្រឡប់ទៅព្រះវិញ។
យើង គួរតែយល់ គិត និងវិនិច្ឆ័យ តាមរយៈព្រះបន្ទូលទ្រង់ ពីព្រោះអ្វីៗទាំងអស់មានដើមកំណើតចេញពីទ្រង់។ យើងត្រូវតែយល់ពីសេចក្តីពិតអំពីសេចក្តីប្រោសលោះ តាមរយៈព្រះបន្ទូល ទ្រង់។ នេះហើយជាសេចក្តីជំនឿពិត និងត្រឹមត្រូវ។
 
 
តើមានអ្វីនៅក្នុងចិត្តរបស់មនុស្ស?
 
តើយើងគួរតែធ្វើយ៉ាងដូចម្តេច នៅចំពោះព្រះ?
យើងគួរតែទទួលស្គាល់អំពើបាបរបស់យើង ហើយទូលសូមព្រះឲ្យសង្រ្គោះយើង
 
សេចក្តីជំនឿ គួរតែចាប់ផ្តើមជាមួយព្រះបន្ទូលព្រះ ហើយយើងគួរតែជឿលើទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ដែរ។ បើសិនមិនដូច្នោះទេ យើងនឹងមានកំហុសដ៏ធំមួយហើយ ហើយវាជាសេចក្តីជំនឿដែលខុស និងមិនពិត។
នៅពេលពួកផារ៉ាស៊ី និងពួកអាចារ្យ បានឃើញពួកសិស្សរបស់ព្រះយេស៊ូវបរិភោគនំប៉័ងដោយដៃកខ្វក់ ពួកគេមិនគួរបន្ទោសពួកសិស្សទាំងនោះទេ បើសិនពួកគេពិតជាវិនិច្ឆ័យវា ចេញពីទស្សនៈនៃព្រះបន្ទូលព្រះ។ ព្រះបន្ទូល ប្រាប់យើងថា របស់ពីខាងក្រៅដែលចូលទៅក្នុងខ្លួនមនុស្ស មិនអាចធ្វើឲ្យមនុស្សស្មោគគ្រោកបានឡើយ ពីព្រោះវាចូលទៅក្នុងក្រពះ ហើយចេញពីរូបកាយវិញ គឺមិនប៉ះពាល់ដល់ចិត្តរបស់មនុស្សទេ។
ម៉ាកុស ៧:២០-២៣ ប្រាប់យើងថា «ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា គឺ​ជា​ សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ»។ ព្រះយេស៊ូវ មានបន្ទូលថា មនុស្សគឺជាមនុស្សមានបាប ពីព្រោះពួកគេបានកើតមកជាមួយបាប។
តើអ្នកយល់ពីអត្ថន័យនេះដែរឬទេ? យើងបានកើតមកជាមនុស្សមានបាប ពីព្រោះយើងគឺជាពូជរបស់អ័ដាម។ ប៉ុន្តែយើងមិនអាចមើលឃើញ សេចក្តីពិត ពីព្រោះយើងមិនទទួលស្គាល់ ឬជឿលើព្រះបន្ទូលទាំងអស់របស់ទ្រង់ទេ។ ដូច្នេះ តើមានធ្វើខ្លះនៅក្នុងចិត្តរបស់មនុស្ស?
បទគម្ពីរខាងលើ ប្រាប់យើងថា «ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត»។ ការអាក្រក់គ្រប់ប្រភេទ ចេញមកពីចិត្តរបស់មនុស្ស ហើយធ្វើឲ្យពួកគេស្មោគគ្រោក។
ទំនុកដំកើង ៨:៣-៤ សរសេរថា «កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ»។
ហេតុអ្វីព្រះនឹករលឹកដល់យើង? ទ្រង់នឹករលឹកដល់យើង ពីព្រោះទ្រង់ស្រឡាញ់យើង បានបង្កើតយើង អាណិតមេត្តាដល់យើង ដែលជាមនុស្សមានបាប ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ និងបានយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ «ឱ​ព្រះយេហូវ៉ា ជា​ព្រះអម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះនាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ ទ្រង់​បាន​តម្កល់​សិរីល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថានសួគ៌» (ទំនុកដំកើង ៨:១)។ ស្តេចដាវីឌ បានច្រៀងទំនុក ដំកើងនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលទ្រង់បានដឹងថា ព្រះនឹង ត្រឡប់ជាព្រះអង្គសង្គ្រោះរបស់មនុស្សមានបាប។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សាវកប៉ុល បានរំលឹកទំនុកដំកើងនេះឡើងវិញ។ ពិតជាអស្ចារ្យណាស់ យើងដែលជាស្នាព្រះហស្តទ្រង់ អាច ត្រឡប់ជាកូនៗរបស់ព្រះអាទិករបាន។ ការ​នេះ អាចកើតឡើងបាន ដោយសារសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើងតែប៉ុណ្ណោះ។
យើងគួរតែទទួលស្គាល់ថា ការព្យាយាមរស់នៅតាមក្រិត្យវិន័យរបស់ព្រះ គឺជាការក្រអឺតក្រទមនៅចំពោះទ្រង់។ ភាពក្រអឺតក្រទម និងភាពមិនត្រឹមត្រូវនេះ ចេញពីសេចក្តីចំកួតរបស់យើង។ ការរស់នៅខាងក្រៅសេចក្តីស្រឡាញ់របស់ទ្រង់ ការខិតខំរក្សាតាមក្រិត្យ វិន័យ និងការអធិស្ឋានសម្រាប់ជីវិតបែបនេះ គឺជារឿងមិនត្រឹមត្រូវឡើយ។ ព្រះសព្វព្រះហឫទ័យឲ្យយើងបានទទួលស្គាល់ថា យើងគឺជាមនុស្សមានបាបនៅក្រោមក្រិត្យវិន័យ ហើយបានជឿលើសេចក្តីប្រោសលោះនៃទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។
ម្តងទៀត ម៉ាកុស ៧:២០-២៣ បង្រៀនយើងថា «ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា គឺ​ជា​ សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ»។
ព្រះយេស៊ូវ បានមានបន្ទូលថា អ្វីដែលចេញពីមនុស្សមក គឺជាបាប ដែលបាបនេះធ្វើឲ្យមនុស្សខូច។ ស្នាព្រះហស្តទាំងអស់ គឺស្អាត ប៉ុន្តែមានតែបាបដែលចេញពីមនុស្សមកប៉ុណ្ណោះ ដែលធ្វើឲ្យយើងស្មោគគ្រោក។ យើងទាំងអស់គ្នា បានកើតមកជាពូជរបស់ អ័ដាម។ ដូច្នេះ តើយើងបានកើតមកជាមួយអ្វី? យើងបានកើតមកជាមួយអំពើបាបដប់ពីរប្រភេទ។
អញ្ចឹង តើយើងអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាបបានដែរឬទេ? យើងនឹងបន្តធ្វើបាប ពីព្រោះយើងបានកើតមកជាមួយបាប។ តើយើងអាចឈប់ធ្វើបាប ដោយសារយើងស្គាល់ក្រិត្យវិន័យបានដែរឬទេ? តើយើងអាចរស់នៅ ដោយការរក្សាតាមក្រិត្យវិន័យបានដែរឬទេ? ទេ។
កាលណាកាន់តែព្យាយាមរស់នៅតាមក្រិត្យវិន័យ យើងនឹងដឹងថា វាកាន់តែពិបាកសម្រាប់យើង។ យើងគួរតែដឹងពីដែនកំណត់របស់ខ្លួន ហើយបោះបង់ចោលនិស្ស័យចាស់របស់យើង។ បន្ទាប់មក យើងអាចបន្ទាបខ្លួនទទួលយកបុណ្យជ្រមុជ និងលោហិតរបស់ព្រះ ដែលសង្រ្គោះយើងវិញ។
មាត្រាទាំង៦១៣នៅក្នុងក្រិត្យវិន័យ គឺល្អ និងត្រឹមត្រូវ ប៉ុន្តែមនុស្សគឺជាមនុស្សមានបាប ចាប់តាំងពីពួកគេបានចាប់ទុំផ្ទៃម្តាយរបស់ពួកគេមកម៉្លេះ។ កាលណាយើងបានដឹងថា ក្រិត្យវិន័យរបស់ព្រះល្អ ហើយថា យើងបានកើតមកជាមនុស្សមានបាប ដែលមិនអាចត្រឡប់ជាសុចរិតដោយខ្លួនឯងបាន នោះយើងនឹងដឹងថា យើងត្រូវការសេចក្តីមេត្តាករុណារបស់ព្រះ និងសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ហើយ​កាលណាយើងស្គាល់ពីដែនកំណត់របស់យើងថា យើងមិនអាចត្រឡប់ជាសុចរិតដោយខ្លួនឯងបាន ហើយយើងនឹងធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើង នោះយើងត្រូវពឹងផ្អែកលើ សេចក្តីប្រោសលោះរបស់ព្រះយេស៊ូវវិញ។
យើងមិនអាចបានសង្រ្គោះឡើយ។ យើងគួរតែដឹងថា យើងមិនអាចបានល្អ និងត្រឹមត្រូវនៅចំពោះព្រះ ដោយខ្លួនឯងបានឡើយ។ ដូច្នេះ យើងគួរតែទទួលស្គាល់នៅចំពោះព្រះថា យើងគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយយើងអាចអធិស្ឋានទូលសូមសេចក្តីមេត្តាករុណារបស់ទ្រង់ថា «ឱព្រះអង្គអើយ សូមសង្រ្គោះទូលបង្គំចេញពីអំពើបាបរបស់ទូលបង្គំ និងប្រទានសេចក្តីអាណិតមេត្តា​ដល់ទូលបង្គំផង»។ បន្ទាប់មក ព្រះប្រាកដជានឹងជួបយើងនៅក្នុងព្រះបន្ទូលទ្រង់។ តាមរបៀបនេះ យើងនឹងអាចបានសង្រ្គោះ។
សូមយើងមើលសេចក្តីអធិស្ឋានរបស់ស្តេចដាវីឌ។ «ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះអង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​អាក្រក់​នៅ​ព្រះនេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំជំរះ» (ទំនុកដំកើង ៥១:៤)។
ស្តេចដាវីឌ បានដឹងថា ទ្រង់គឺជាមនុស្សមានបាប ដែលអាក្រក់សមនឹងធ្លាក់ទៅក្នុងស្ថាននរក ប៉ុន្តែទ្រង់បានទទួលស្គាល់នៅចំពោះព្រះថា «ឱព្រះអម្ចាស់អើយ បើសិនទ្រង់ហៅទូលបង្គំជាមនុស្សមានបាប នោះទូលបង្គំជាមនុស្សមានបាប។ បើសិនទ្រង់ហៅទូលបង្គំជាមនុស្សសុចរិត នោះទូលបង្គំសុចរិត។ បើសិនទ្រង់សង្រ្គោះទូលបង្គំ នោះទូលបង្គំនឹងបានសង្រ្គោះ ហើយបើសិនទ្រង់បញ្ជូនទូលបង្គំទៅស្ថាននរក នោះទូលបង្គំនឹងធ្លាក់ទៅក្នុងស្ថាននរកហើយ»។
នេះគឺជាជំនឿ និងផ្លូវដែលអាចនាំយើងឲ្យបានសង្រ្គោះ។ នេះគឺជារបៀបដែលយើងធ្វើ បើសិនយើងសង្ឃឹមនឹងជឿលើសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ។
 
 
យើងគួរតែស្គាល់យ៉ាងច្បាស់ថា អំពើបាបរបស់យើងជាអ្វី
 
ដោយសារយើងទាំងអស់គ្នាគឺជាពូជរបស់អ័ដាម យើងមាន សេចក្តីប៉ងប្រាថ្នានៅក្នុងចិត្ត។ ប៉ុន្តែ ព្រះប្រាប់យើងយ៉ាងដូចម្តេច? ទ្រង់ប្រាប់យើងមិនឲ្យកំផិត បើទោះជាយើងមានសេចក្តីកំផិតនៅក្នុងចិត្តក៏ដោយចុះ។ យើងមានការកាប់សំឡាប់នៅក្នុងចិត្ត ប៉ុន្តែតើព្រះប្រាប់យើងយ៉ាងដូចម្តេច? ទ្រង់ប្រាប់យើងមិនឲ្យកាប់សំឡាប់អ្នកដទៃ។ យើងមិនគោរពឪពុកម្តាយ ប៉ុន្តែទ្រង់ប្រាប់យើងឲ្យគោរពដល់ឪពុកម្តាយ។ យើងគួរតែបានដឹងថា ព្រះបន្ទូលទ្រង់គឺល្អ និងត្រឹមត្រូវ ប៉ុន្តែយើងទាំងអស់គ្នា​មានបាបនៅក្នុងចិត្ត។
នេះគឺពិតជាសេចក្តីពិត។ តើយើងត្រូវតែធ្វើយ៉ាងដូចម្តេចនៅចំពោះព្រះ? យើងត្រូវតែទទួលស្គាល់ថា យើងទាំងអស់គ្នាគឺជាមនុស្សមានបាបដែលអស់សង្ឃឹម។ យើងមិនត្រូវគិតថា យើងសុចរិតកាលពីម្សិលមិញ ពីព្រោះម្សិលមិញ យើងមិនបានធ្វើបាបទេ ប៉ុន្តែយើងគឺជាមនុស្សមានបាបនៅថ្ងៃនេះ ពីព្រោះថ្ងៃនេះ យើងបានធ្វើបាប។ យើងបានកើតមកជាមនុស្សមានបាប ហើយមិនថា យើងធ្វើអ្វីនោះទេ យើងនៅតែជាមនុស្សមានបាប ដដែល។ នេះគឺជាមូលហេតុ ដែលយើងគួរតែទទួលបានសេចក្តីប្រោសលោះ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
យើងមិនមែនជាមនុស្សមានបាប ដោយសារការប្រព្រឹត្តរបស់យើងឡើយ៖ សេចក្តីកំផិត ការកាប់សំឡាប់ ការលួចប្លន់...ប៉ុន្តែយើងគឺជាមនុស្សមានបាប ដោយព្រោះយើងបានកើតមកជាមនុស្សបាបតែម្តង។ យើងបានកើតមកជាមួយអំពើបាបដប់ពីរប្រភេទ ហើយដោយសារយើងបានកើតមកជាមនុស្សមានបាបនៅចំពោះទ្រង់ នោះយើងមិនអាចត្រឡប់ជាល្អ ដោយការខិតខំរបស់ខ្លួនឯងឡើយ។ យើងគ្រាន់តែអាចធ្វើពុតជាល្អប៉ុណ្ណោះ។
យើង បានកើតមកជាមួយគំនិតមានបាប។ ដូច្នេះ តើយើងអាចត្រឡប់ជាសុចរិតបានយ៉ាងដូចម្តេច បើសិនយើងមិនប្រព្រឹត្តអំពើបាបទាំងនេះសោះ? យើងពិតជាមិនអាចបានសុចរិតនៅចំពោះព្រះ ដោយសារខ្លួនឯងបានឡើយ។ បើសិនយើងប្រកាសថា ខ្លួនឯងសុចរិត នោះវាជាសេចក្តីកំពុតហើយ។ ព្រះយេស៊ូវ បានហៅពួកផារ៉ាស៊ី និងពួកអាចារ្យថា «ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ» (ម៉ាថាយ ២៣:២៣)។ មនុស្សជាតិ បានកើតមកជាមនុស្សមានបាប ហើយពួកគេធ្វើបាបពេញមួយជីវិតរបស់ពួកគេ។
អ្នកណាដែលអះអាងថា ខ្លួនមិនដែលវាយប្រហារ វាយដំ ឬលួចសូម្បីតែម្ជុលមួយពីអ្នកណាសោះពេញមួយជីវិតខ្លួន កំពុងតែកុហកហើយ ពីព្រោះមនុស្សទាំងអស់បានកើតមកជាមនុស្សមានបាប។ អ្នកនោះ គឺជាមនុស្សកុហក មនុស្សមានបាប និងមនុស្ស កំពុត។ នេះគឺជារបៀប ដែលព្រះទតមើលមកគាត់។
មនុស្សម្នាក់ៗ គឺជាមនុស្សមានបាបតាំងពីកំណើត។ ទោះបីជាអ្នកមិនប្រព្រឹត្តអំពើបាបមួយសោះ បានរក្សាតាមក្រិត្យវិន័យ និង បញ្ញតស្ទើរតែទាំងអស់ក៏ដោយចុះ ក៏អ្នកនៅតែជាមនុស្សមានបាប ហើយត្រូវធ្លាក់ទៅស្ថាននរកដែរ។
អញ្ចឹង តើយើងគួរតែដោះស្រាយចំពោះវាសនាបែបនេះដោយរបៀបណា? យើងត្រូវតែទូលសូមសេចក្តីមេត្តាករុណារបស់ព្រះ ហើយពឹងផ្អែកលើទ្រង់ ដើម្បីបានសង្រ្គោះចេញពីបាប។ វាសនារបស់យើងគឺថា បើសិនទ្រង់មិនសង្រ្គោះយើងទេ នោះយើងនឹងត្រូវទៅស្ថាននរកហើយ។
មានតែអ្នកដែលទទួលយកព្រះបន្ទូលព្រះទេ ដែលទទួលស្គាល់ថា ពួកគេគឺពិតជាមនុស្សមានបាបមែន។ ហើយពួកគេក៏ដឹងផងដែរថា ពួកគេអាចត្រឡប់ជាសុចរិត ដោយសារសេចក្តីជំនឿ។ ដូច្នេះ ពួកគេដឹងថា អំពើបាបដ៏ធ្ងន់ធ្ងរបំផុតគឺជាការព្រងើយកន្តើយ ការលះចោល និងការមិនទទួលស្គាល់ព្រះបន្ទូលទ្រង់។ អ្នកដែលទទួលយកព្រះបន្ទូលទ្រង់ បានសុចរិត បើទោះជាពួកគេគឺជាមនុស្សបាបពីមុនក៏ដោយចុះ។ ពួកគេបានកើតជាថ្មីពីព្រះបន្ទូលទ្រង់ នៅក្នុងព្រះគុណ ហើយទទួលបានព្រះពរដ៏ធំធេង។
 
 
អ្នកដែលព្យាយាមបានសង្រ្គោះ តាមរយៈការប្រព្រឹត្តរបស់ខ្លួន នៅតែជាអ្នកមានបាបដដែល

តើអ្នកណានៅតែជាមនុស្សមានបាប បន្ទាប់ពីជឿលើព្រះយេស៊ូវហើយ?
អស់ដែលព្យាយាមបានសង្រ្គោះ តាមរយៈការប្រព្រឹត្តរបស់ខ្លួន
 
សូមយើងអាន កាឡាទី ៣:១០-១១។ «តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយសារ​ក្រឹត្យវិន័យ​ឡើយ ពី​ព្រោះមនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្តី​ជំនឿ។»
បទគម្ពីរនេះប្រាប់យើងថា «...ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ»។ អស់ដែលគិតថា ខ្លួនជឿលើព្រះយេស៊ូវហើយ ប៉ុន្តែនៅតែព្យាយាមឲ្យបានរាប់ជាសុចរិត តាមរយៈការប្រព្រឹត្តរបស់ខ្លួន នៅតែត្រូវបណ្តាសារដដែល។ ដូច្នេះ តើអ្នកដែលព្យាយាមឲ្យបានរាប់ជាសុចរិត តាមរយៈការប្រព្រឹត្តរបស់ខ្លួន ស្ថិតក្នុងស្ថានភាពបែបណា? ពួកគេស្ថិតនៅក្រោមបណ្តាសាររបស់ព្រះ។
ហេតុអ្វីព្រះបានប្រទានក្រិត្យវិន័យដល់យើង? ទ្រង់បានប្រទាន ក្រិត្យវិន័យដល់យើង ប្រយោជន៍ដើម្បីឲ្យយើងបានស្គាល់អំពើបាបរបស់យើង (រ៉ូម ៣:២០)។ ទ្រង់ក៏ចង់ឲ្យយើងបានដឹងថា យើងគឺពិតជាមនុស្សមានបាបទាំងស្រុង ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។
ដូច្នេះ ចូរជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ ហើយបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណចុះ។ បន្ទាប់មក អ្នកនឹងបានសង្រ្គោះចេញពីបាបរបស់អ្នក បានរាប់ជាសុចរិត មានជីវិត អស់កល្បជានិច្ច និងទៅឯនគរស្ថានសួគ៌។ ចូរមានជំនឿនៅក្នុងចិត្តចុះ។
 
 
អំពើបាបដែលក្រអឺតក្រទមបំផុតនៅក្នុងលោកិយនេះ
 
តើអំពើបាបដែលក្រអឺតក្រទមបំផុត នៅក្នុងលោកិយនេះជាអ្វី?
ព្យាយាមរស់នៅតាមក្រិត្យវិន័យ
 
ដោយសារសេចក្តីជំនឿ យើងទទួលបានព្រះពរនៅក្នុងព្រះពររបស់ទ្រង់។ ព្រះសង្រ្គោះអ្នកដែលមានជំនឿលើព្រះបន្ទូលទ្រង់។
ប៉ុន្តែសព្វថ្ងៃនេះ ក្នុងចំណោមគ្រីស្ទបរិស័ទ មានគ្រីស្ទបរិស័ទជាច្រើន ដែលព្យាយាមរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់។ យើងគួរតែសរសើរពួកគេ ដែលបានព្យាយាមរស់នៅតាមក្រិត្យវិន័យ។ ប៉ុន្តែ តើពួកគេធ្វើដូច្នេះបានយ៉ាងដូចម្តេច?
យើងត្រូវតែបានដឹងថា ការព្យាយាមរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់ គឺជាសេចក្តីចំកួតទទេ ពីព្រោះកាលណាយើងកាន់តែព្យាយាម យើងកាន់តែដឹងថា វាកាន់តែពិបាកសម្រាប់យើង។ ទ្រង់មានបន្ទូលថា «ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ» (រ៉ូម ១០:១៧)។ ដូច្នេះ យើងត្រូវបោះចោលភាពក្រអឺតក្រទមរបស់យើង ដើម្បីបានសង្រ្គោះ។
 
 
យើងត្រូវបោះចោលខ្នាតគំរូផ្ទាល់ខ្លួន ដើម្បីបានសង្រ្គោះ
 
តើយើងត្រូវធ្វើដូចម្តេច ដើម្បីបានសង្រ្គោះ?
យើងត្រូវបោះចោល ខ្នាតគំរូផ្ទាល់ខ្លួន
 
តើមនុស្សម្នាក់បានសង្រ្គោះដោយរបៀបណា? គាត់បានសង្រ្គោះ លុះត្រាតែគាត់ទទួលស្គាល់ថា ខ្លួនគឺជាមនុស្សមានបាបម្នាក់។ មានមនុស្សជាច្រើន ដែលមិនទាន់បានសង្រ្គោះ ពីព្រោះពួកគេមិនអាចលះចោលការខិតខំ និងជំនឿដែលខុសរបស់ពួកគេ។
ព្រះមានបន្ទូលថា អស់ដែលរស់នៅតាមក្រិត្យវិន័យ ត្រូវបណ្តា-សារហើយ។ ហើយអស់ដែលជឿថា​ ពួកគេអាចបានសុចរិតបន្តិចម្តងៗ ដោយការព្យាយាមរស់នៅតាមក្រិត្យវិន័យ បន្ទាប់ពីបានជឿលើព្រះយេស៊ូវហើយ ក៏ត្រូវបណ្តាសារផងដែរ។ ពួកគេជឿលើព្រះ ប៉ុន្តែពួកគេនៅតែគិតថា ពួកគេត្រូវរស់នៅតាមក្រិត្យវិន័យ ដើម្បីបានសង្រ្គោះ។
បងប្អូនអើយ តើយើងអាចបានរាប់ជាសុចរិត តាមរយៈការប្រព្រឹត្តរបស់យើងដែរឬទេ? យើងបានរាប់ជាសុចរិត ដោយសារជំនឿលើព្រះបន្ទូលរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ ហើយបន្ទាប់មក យើងបានសង្រ្គោះ។ មានតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ លោហិតរបស់ទ្រង់ និងភាពព្រះជាម្ចាស់របស់ទ្រង់ទេ ទើបយើងបានសង្រ្គោះ។
នេះគឺជាមូលហេតុ ដែលព្រះបានរៀបចំក្រិត្យវិន័យនៃសេចក្តីជំនឿសម្រាប់យើង ទុកជាផ្លូវឲ្យយើងបានសុចរិត។ សេចក្តីប្រោសលោះនៃទឹក និងព្រះវិញ្ញាណ មិនស្ថិតនៅក្នុងការប្រព្រឹត្តរបស់មនុស្សឡើយ ប៉ុន្តែនៅក្នុងសេចក្តីជំនឿលើព្រះបន្ទូលព្រះវិញ។ ព្រះបានសង្រ្គោះយើង តាមរយៈសេចក្តីជំនឿ ហើយនេះគឺជារបៀបដែលព្រះបានរៀបចំផែនការ និងបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង។
ហេតុអ្វីអ្នកដែលជឿលើព្រះយេស៊ូវហើយ មិនបានសង្រ្គោះ? ពីព្រោះពួកគេមិនបានទទួលយកព្រះបន្ទូល អំពីសេចក្តីប្រោសលោះនៃទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែ យើងដែលជាមនុស្សមានបាបដូចពួកគេ បានសង្រ្គោះ តាមរយៈសេចក្តីជំនឿលើព្រះបន្ទូលព្រះ។
បើសិនមនុស្សពីរនាក់ត្រូវធ្វើការងារសំលៀងកាំបិត ហើយម្នាក់ដែលត្រូវបានបោះបង់ចោល នៅតែបន្តធ្វើការ បន្ទាប់ពីម្នាក់ទៀតត្រូវបានទទួលយក។ អ្នកដែលត្រូវបានបោះបង់ចោល តំណាងឲ្យអ្នកដែលមិនទាន់បានសង្រ្គោះ។ ហេតុអ្វីម្នាក់ត្រូវបានទទួលយក ហើយម្នាក់ទៀតត្រូវបានបោះបង់ចោល?
មូលហេតុគឺថា ម្នាក់បានស្តាប់ និងជឿលើព្រះបន្ទូលព្រះ ហើយម្នាក់ទៀតបានធ្វើការយ៉ាងខ្លាំងក្លា ដើម្បីរក្សាតាមក្រិត្យវិន័យ ហើយជាចុងក្រោយ គាត់ត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ម្នាក់នោះ ព្យាយាមវៀរទៅរកព្រះ ប៉ុន្តែព្រះគ្រលាស់គាត់ចេញ ដូចជាទ្រង់ គ្រលាស់សត្វល្អិតអញ្ចឹង។ បើសិនមនុស្សម្នាក់ព្យាយាមទៅជិតព្រះ ដោយការប្រព្រឹត្តតាមក្រិត្យវិន័យ គាត់នឹងពិតជាត្រូវបានបោះចូលទៅក្នុងស្ថាននរកហើយ។
នេះគឺជាមូលហេតុដែលយើងត្រូវបានសង្រ្គោះ ដោយសារ សេចក្តីជំនឿលើទឹក និងព្រះវិញ្ញាណ។
«តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយសារ​ក្រឹត្យវិន័យ​ឡើយ ពី​ព្រោះមនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្តី​ជំនឿ» (កាឡាទី ៣:១០-១១; រ៉ូម ១:១៧)។
ការមិនជឿលើព្រះបន្ទូលព្រះ គឺជាអំពើបាបមួយនៅចំពោះទ្រង់។ លើសពីនេះ ការទទួលយកព្រះបន្ទូលព្រះ ដោយផ្អែកលើខ្នាតគំរូផ្ទាល់ខ្លួន ក៏ជាអំពើបាបមួយផងដែរ។ យើងដែលជាមនុស្សជាតិ មិនអាចរស់នៅតាមក្រិត្យវិន័យឡើយ ពីព្រោះយើងបានកើតមកជាមនុស្សមានបាប ហើយបន្តធ្វើបាបពេញមួយជីវិតរបស់យើង។ យើងធ្វើបាបនៅទីនេះបន្តិច នៅទីនោះបន្តិច និងគ្រប់ទីកន្លែងដែលយើងទៅដល់។ យើងត្រូវតែបានដឹងថា យើងគឺជាសាច់ឈាម យើងមិនអាចធ្វើអ្វីក្រៅតែពីធ្វើបាបប៉ុណ្ណោះ។
មនុស្សជាតិ ប្រៀបដូចជាជីអាចម៌សត្វមួយធុងធំអញ្ចឹង។ បើសិនយើងព្យាយាមលើកធុងនោះទៅមក វានឹងកំពុបគ្រប់ទីកន្លែង។ យើងគឺដូច្នេះ។ យើងបន្តកំពុបអំពើបាបគ្រប់ទីកន្លែងដែលយើងទៅដល់។ តើអ្នកមើលឃើញរូបភាពនេះដែរឬទេ?
តើអ្នកនឹងនៅតែធ្វើពុតជាមនុស្សបរិសុទ្ធទៀតដែរឬទេ? បើសិនអ្នកបានស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ អ្នកនឹងបោះបង់ការព្យាយាមឥតប្រយោជន៍ ដើម្បីបានបរិសុទ្ធ ហើយបែរមកជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវវិញ។ អស់ដែលមិនទាន់បានកើតជាថ្មី ត្រូវលះចោលភាពរឹងរួសរបស់ខ្លួន ហើយទទួលស្គាល់ថា ពួកគេគឺជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរបំផុតនៅចំពោះព្រះ។ បន្ទាប់មក ពួកគេត្រូវតែបែរមកឯព្រះបន្ទូលទ្រង់ និងស្វែងរករបៀប ដែលទ្រង់បានសង្រ្គោះពួកគេ ដោយទឹក និងព្រះវិញ្ញាណ។