(រ៉ូម ៣:១០-៣១)
«ដូចមានសេចក្តីចែងទុកមកថា គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិត ក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ ព្រះប្រោសឲ្យមនុស្សបានសុចរិតដោយសារជំនឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវ គ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទី សន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។»
មនុស្សជាតិមិនមានអ្វីអួតពីសាច់ឈាមឡើយ
រ៉ូម ៣:១០-១២ និយាយថា «ដូចមានសេចក្តីចែងទុកមកថា គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង»។ យើងទាំងអស់គ្នាពេញដោយអំពើបាប ដោយសារតែសាច់ឈាមរបស់យើងនៅចំពោះព្រះ។ តើយើងអាចបានរាប់ជាសុចរិត ដោយសារសាច់ឈាមខ្លួនឯងបានទេ? តើអាចមានសាច់ឈាមណាសុចរិតនៅចំពោះព្រះបានទេ? មនុស្សជាតិមិនអាចបានរាប់ជាសុចរិត ដោយសារសាច់ឈាមរបស់ខ្លួនបានឡើយ ពីព្រោះសាច់ឈាមមិនអាចបានរាប់ជាសុចរិត ដោយមិនមានការសង្រ្គោះចេញពីអំពើបាប តាមរយៈព្រះយេស៊ូវគ្រីស្ទបានឡើយ។
អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតហើយ មិនមានអ្វីអួតអំពីសាច់ឈាមឡើយ។ យើងដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត ក៏ងាកចេញជាមួយសាច់ឈាមរបស់យើង និងមិនមានសមត្ថភាពធ្វើការល្អបានដែរ។ យើងមិនអាចនិយាយបានថា យើងមានជីវិតល្អមួយឡើយ បើសិនយើងមិនបម្រើព្រះ និងធ្វើកិច្ចការខាងវិញ្ញាណ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ» (យ៉ូហាន ៣:៦)។ សាច់ឈាមចង់តែបំពេញតាមសេចក្តីប៉ងប្រាថ្នារបស់វាប៉ុណ្ណោះ ខណៈដែលវិញ្ញាណចង់ដើរដោយព្រះវិញ្ញាណវិញ។ ដូច្នេះ សាច់ឈាមមិនអាចផ្លាស់ប្តូរទៅជាវិញ្ញាណបានឡើយ។
មនុស្សទាំងអស់បានកើតមកមានបាប រស់នៅក្នុងបាប ស្លាប់ដោយឥតប្រយោជន៍ និងទីបំផុត ត្រូវធ្លាក់ទៅក្នុងបឹងភ្លើងនៅស្ថាននរក។ ពួកគេនឹងមិនមានសង្ឃឹមឡើយ បើសិនព្រះមិនបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះ ឲ្យយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ បើសិនមានសេចក្តីសង្ឃឹមណាមួយសម្រាប់យើង នោះដោយសារតែព្រះបានប្រទានសេចក្តីសង្ឃឹមពិតដល់យើងហើយ។ បើសិនមិនមែនសម្រាប់ព្រះទេ យើងនឹងមិនមានសេចក្តីសុចរិត ឬសេចក្តីសង្ឃឹមផង។ វាគឺជាការពិតហើយ នៅពេលពិនិត្យមើលវាសនារបស់មនុស្សម្នាក់ៗនៅក្នុងលោកិយនេះ រួមទាំងអ្នក និងខ្ញុំផង។
ទោះបីជាយើងត្រូវបានហៅថា «ម្ចាស់នៃរបស់ទាំងអស់» ក៏ដោយ ក៏យើងបានកើតមកមានបាប រស់នៅជាឥតប្រយោជន៍ និងត្រូវធ្លាក់ទៅក្នុងស្ថាននរកដែរ។ ជីវិតរបស់យើងនៅក្នុងលោកិយនេះគឺបណ្តោះអាសន្នទេ! ជីវិតរបស់យើងខ្លី ដែលរស់នៅពេលថ្ងៃ និងស្លាប់ទៅជាដីវិញ យ៉ាងឥតប្រយោជន៍។ យើងមិនមានសេចក្តីសង្ឃឹមអ្វីឡើយ បើសិនយើងមិនមានព្រះយេស៊ូវ។ កិច្ចការចាំបាច់ដែលមនុស្សជាតិធ្វើនៅក្នុងជីវិតរបស់ខ្លួន គឺត្រូវកើតមក បរិភោគ ស្លាប់ និងធ្លាក់ទៅស្ថាននរក ទោះបើពួកគេល្បីល្បាញ ឬអស្ចារ្យយ៉ាងណាក៏ដោយ។ ដូច្នេះ យើងរស់នៅជាឥតប្រយោជន៍ ហើយស្លាប់ទៅវិញជាឥតប្រយោជន៍ និងត្រូវទទួលរងការជំនុំជម្រះអស់កល្បជានិច្ច។
ទោះបីជាយ៉ាងណា ព្រះបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីជួយឲ្យយើងបានស្គាល់ពីបាប ហើយបន្ទាប់មក ទ្រង់បានរាប់យើងជាសុចរិត ដោយសារព្រះគុណរបស់ទ្រង់ តាមរយៈការអត់ទោសអំពើបាបនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានបញ្ជូនព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ និងដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ និងបានសុគតនៅលើឈើឆ្កាង ឲ្យយាងមកធ្វើជាអង្គផ្សះផ្សាដល់អ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ព្រះបានបញ្ជូនព្រះយេស៊ូវមកធ្វើជាអង្គផ្សះផ្សាសម្រាប់យើង និងបានរាប់យើងជាសុចរិត។
តើអ្នកដែលបានការអត់ទោសអំពើបាប បានរាប់ជាសុចរិតបានដោយរបៀបណា? តើយើងដែលមានការអត់ទោសអំពើបាប មានសេចក្តីសុចរិតនៃសាច់ឈាមដែរទេ? ហើយតើយើងមានអ្វីអួតនៅចំពោះព្រះដែរទេ? យើងមិនមានអ្វីអួតពីសាច់ឈាមឡើយ។ ដោយសារតែព្រះអម្ចាស់ យើងមានអំណរ និងអរព្រះគុណដល់ទ្រង់ ពីព្រោះយើងមានការអត់ទោសអំពើបាប ការធានាពីសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ច។
យើងដែលមានការអត់ទោសអំពើបាប មិនមែនជាអ្វីសោះ បើសិនយើងមិនមានព្រះនោះ។ តើសាច់ឈាមរបស់មនុស្សជាតិមានអ្វីអួតដែរទេ? តើសាច់ឈាមសុចរិតដែរទេ? តើយើងមានអ្វីអួតនៅក្នុងរយៈពេល៧០ដល់៨០ឆ្នាំនៃជីវិតរបស់យើងដែរទេ? មនុស្សជាតិមិនមានអ្វីសុចរិតឡើយ។ តើយើងមានអ្វីអួតនៅចំពោះព្រះ? សាច់ឈាមពិតជាមិនមានអ្វីអួតឡើយ សូម្បីតែបន្តិចក៏គ្មានដែរ។
អ្វីតែមួយគត់ ដែលយើងអាចអួតបានគឺ សេចក្តីសុចរិតរបស់ព្រះ
យើង អាចអួតបានថា ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបហើយ ដូចដែលបានចែងទុកមកថា «ប៉ុន្តែ ឥឡូវនេះ ក្រៅពី ក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ»។ ព្រះអម្ចាស់គឺជាព្រះអង្គសង្រ្គោះ និងជីវិតអស់កល្បជានិច្ចរបស់យើង ហើយទ្រង់បានរាប់យើងជាសុចរិត។ យើងបានរាប់ជាសុចរិត ពីព្រោះព្រះយេស៊ូវបានសង្រ្គោះយើងទាំងស្រុង។ យើងមិនមានអ្វីអួតពីសាច់ឈាមរបស់យើង ឬពីការប្រព្រឹត្តតាមក្រិត្យវិន័យឡើយ។ យើងអរព្រះគុណ និងសរសើរតម្កើងដល់ព្រះអម្ចាស់ សម្រាប់ការទទួលបុណ្យជ្រមុជ និងការលាងសម្អាតអំពើបាបរបស់លោកិយនេះ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។
យើងមានសេចក្តីសុចរិតនៃជំនឿ។ ព្រះអម្ចាស់បានសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះចេញពីអំពើបាបរបស់ពួកគេ ដោយមិនបានបោះបង់ចោលអ្នកណាម្នាក់ឡើយ។ សេចក្តីសង្រ្គោះរបស់ព្រះធ្វើឲ្យយើងមានអំណរ និងផ្តល់សេចក្តីសង្ឃឹមដល់យើង។ វាផ្តល់ឲ្យយើងនូវកម្លាំងថ្មី។ ដូច្នេះ យើងមានតែអួរពីព្រះអម្ចាស់ប៉ុណ្ណោះ។ យើងគួរតែអៀនខ្មាស់ នៅពេលយើងអួតពីសេចក្តីសុចរិតរបស់យើង។ មនុស្សជាច្រើនព្យាយាមថ្វាយការប្រព្រឹត្តផ្ទាល់ខ្លួនទៅកាន់ព្រះ ដោយអំណួតពីការប្រព្រឹត្ត និង សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែសេចក្តីសុចរិតរបស់ពួកគេគឺដូចជាសំលៀកបំពាក់កខ្វក់។ ដូច្នេះ ពួកគេអាចមានអ្វីមួយអួតចំពោះគ្នាទៅវិញទៅមក ប៉ុន្តែពួកគេមិនមានអ្វីអួតនៅចំពោះព្រះឡើយ។
ព្រះអម្ចាស់គឺជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ «ព្រះយេស៊ូវ» មានន័យថា «ព្រះអង្គសង្រ្គោះ» ហើយទ្រង់ក៏ជាព្រះគ្រីស្ទផង ដែរ។ នេះមានន័យថា ព្រះអង្គសង្រ្គោះដែលបានយាងមកក្នុងរូបភាពជាមនុស្ស គឺជាព្រះ ដែលយើងហៅថា «ព្រះយេស៊ូវគ្រីស្ទ»។ ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងព្រះរបស់យើង ហើយយើងអរព្រះគុណ និងសរសើរតម្កើងដល់ទ្រង់ ធ្វើការងារសុចរិតនៅចំពោះទ្រង់ ហើយមានជីវិតស្មោះត្រង់ ពីព្រោះព្រះបានសង្រ្គោះយើងទាំងស្រុងហើយ។ មានតែអ្នកជឿលើព្រះប៉ុណ្ណោះ ទើបអាចធ្វើការងារសុចរិតបាន។
យើងអាចធ្វើការងារសុចរិតបាន ដោយមិនមានបាប ពីព្រោះព្រះ អម្ចាស់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានធ្វើជាព្រះអង្គសង្រ្គោះដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ យើងមិនអាចដោះស្រាយបញ្ហាបាប ដោយខ្លួនឯងបានឡើយ គឺ មនុស្សជាតិមិនអាចលុបបំបាត់អំពើបាបរបស់ខ្លួន និងមិនអាចរក្សាសេចក្តីសុចរិតរបស់ព្រះ ដោយការប្រព្រឹត្តល្អរបស់សាច់ឈាមបានឡើយ។
ព្រះបានលុបបំបាត់អំពើបាបទាំងអស់របស់យើង ហើយយើងបានទទួលសេចក្តីសុចរិតពីព្រះ។ ឥឡូវនេះ យើងសុចរិត។ តើយើងអាចរក្សាសេចក្តិសុចរិតរបស់យើង ដោយការញែកសាច់ឈាមជាបរិសុទ្ធ ដោយ ទង្វើល្អរបស់យើងបានដែរទេ? បើសិនមនុស្សម្នាក់អាចធ្វើដូច្នេះបាន គាត់នឹងអាចធ្វើជាបងប្រុស ឬបងស្រីរបស់ព្រះយេស៊ូវបានហើយ។ ប៉ុន្តែព្រះ យេស៊ូវមិនអាចធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សបែបនេះបានឡើយ។ យើងមានសុភាវគតិមួយសម្រាប់ការរក្សាសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើង ជាមួយសមត្ថភាពនៃសាច់ឈាម និងអារម្មណ៍ ដោយយើងមិនបានដឹងខ្លួនផង។ សាច់ឈាមប្រព្រឹត្តតាមសុភាវគតិ។ យើងតស៊ូចៀសចេញពីគ្រោះថ្នាក់ ដោយឯងៗ នៅពេលយើងប្រឈមនឹងគ្រោះថ្នាក់ យើងចង់បរិភោគច្រើន ដោយឯងៗ នៅពេលយើងឃើញអាហារឆ្ងាញ់ៗ ហើយយើងចង់លេង ដោយឯងៗ នៅពេលយើងមើលឃើញអ្វីមួយគួរឲ្យចាប់អារម្មណ៍។
យើងចង់រក្សាសេចក្តីសុចរិតរបស់ព្រះ ជាមួយសាច់ឈាម ដោយ ឯងៗ ពីព្រោះសាច់ឈាមប្រព្រឹត្តតាមសុភាវគតិ។ ប៉ុន្តែយើងមិនអាចទេ។ ការបានសង្រ្គោះរបស់យើង មិនតាមរយៈសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើងឡើយ។ យើងមិនអាចបានសង្រ្គោះ ដោយការគោរពតាមក្រិត្យវិន័យបានល្អ ការប្រព្រឹត្តល្អរបស់សាច់ឈាម ឬការលះបង់ខ្លួនឯងទៅចំពោះព្រះបានឡើយ។ សមត្ថភាពទាំងឡាយរបស់យើងមិនត្រូវបានបូកបញ្ចូលទៅក្នុងសេចក្តីសុចរិតរបស់ព្រះ សម្បីតែបន្តិចឡើយ។ យើងបានរាប់ជាសុចរិត ដោយការជឿថា ព្រះបានយាងមកលោកិយនេះ នៅក្នុងរូបភាពជាមនុស្ស និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស មុនពេលទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងទាំងស្រុង។
ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង គឺជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍
ព្រះអម្ចាស់ បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដោយការដោះអំពើបាបទាំងអស់ ដែលមនុស្សជាតិប្រព្រឹត្ត នៅមុនពួកគេស្លាប់ ហើយទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍ដល់ពួកគេ និងបានរាប់យើងជាសុចរិត។ ព្រះបានធ្វើឲ្យយើងបានគ្រប់លក្ខណ៍ ដោយការបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ហើយជួយយើងឲ្យអាចធ្វើការងារខាងវិញ្ញាណ។ យើងមានសិទ្ធិធ្វើការងារខាងវិញ្ញាណនៅចំពោះព្រះ ពីព្រោះយើងបានទទួលសេចក្តីសុចរិតរបស់ទ្រង់ ត្រឡប់ជាឥតបាប ទោះបើសាច់ឈាមរបស់យើងបន្តធ្វើការខាងលោកិយនេះក៏ដោយ។ ប៉ុន្តែអ្នកណាដែលអំពើបាបរបស់ខ្លួនមិនត្រូវបានលាងសម្អាត មិនអាចធ្វើការងារខាងវិញ្ញាណបានឡើយ គឺពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើការងារនេះឡើយ។
ដោយសារព្រះ យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការងារខាងវិញ្ញាណ។ ឥឡូវនេះ យើងអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានហើយ។ យើងអាចធ្វើការងារសុចរិតរបស់ព្រះ ដោយមិនគិតពីការងាររបស់សាច់ឈាម។ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលព្រះបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង! ព្រះដែលបានបង្កើតរបស់គ្រប់យ៉ាង រួមទាំងមនុស្សជាតិផង បានសម្តែងមកកាន់យើងក្នុងនាមជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ ពីព្រោះទ្រង់បានយាងមកលោកិយនេះ និងបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។ នៅក្នុងទំនាក់ទំនងរបស់ទ្រង់ជាមួយយើង ព្រះបានធ្វើជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង ដែលបានសង្រ្គោះយើងរួចហើយ។
សេចក្តីសង្រ្គោះនឹងមិនគ្រប់លក្ខណ៍ទេ បើសិនមនុស្សម្នាក់ដែលខ្សោយ និងមិនមានសមត្ថភាព បានសង្រ្គោះយើង គឺការសង្រ្គោះនេះអាចមិនបានជោគជ័យ។ ផ្ទុយទៅវិញ ព្រះអង្គដែលបានសង្រ្គោះយើង មិនមែនជាមនុស្សបែបនេះឡើយ។ ទ្រង់គឺជាព្រះ និងព្រះអាទិករ ដែលបានបង្កើតរបស់គ្រប់ទាំងអស់។ យ៉ូហាន ១:៣ ប្រាប់យើងថា «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ»។ តើព្រះយេស៊ូវគឺជាអ្នកណា? ព្រះអង្គសង្រ្គោះ។ តើព្រះអង្គសង្រ្គោះគឺជាអ្នកណា? ទ្រង់គឺជាព្រះដ៏ជាព្រះអាទិករ ដែលបានសង្រ្គោះយើងយ៉ាងឥតខ្ចោះ។ សេចក្តីសង្រ្គោះរបស់យើងគឺគ្រប់លក្ខណ៍ និងគង់វង្សនៅជារៀងរហូត ពីព្រោះទ្រង់បានសង្រ្គោះយើងរួចហើយ។ ប៉ុន្តែសេចក្តីសង្រ្គោះរបស់យើងនឹងទៅជាមិនកើតការ បើសិនទ្រង់មិនមែនជាព្រះអាទិករ ប៉ុន្តែជាមនុស្សម្នាក់នៅក្នុងចំណោមស្នាព្រះហស្តទាំងឡាយវិញ។ ដូច្នេះ សេចក្តីសង្រ្គោះនឹងមិនគង់វង្សនៅ និងដូចជាកន្ទបកខ្វក់មួយអញ្ចឹង។ បើសិនយើងស្លៀកសំលៀកបំពាក់ស្បែក វានឹងមិនរហែកឡើយ ទោះបើយើងលេងបាល់ទាត់ ឬលេងអ្វីក៏ដោយ។ តែបើសិនវាមិនមែនជាសំលៀកបំពាក់មានគុណភាពទេ វានឹងរហែកភ្លាមតែម្តង។
ព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង គឺគ្រប់លក្ខណ៍។ ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង គឺជាព្រះដែលគ្រប់លក្ខណ៍។ សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ឡើងវិញ និងកំពុងតែគង់នៅខាងស្តាំព្រះវរបិតា មិនដែលទៅជាមិនកើតការឡើយ ទោះបើសាច់ឈាមរបស់អ្នកជឿខ្សោយយ៉ាងណាក៏ដោយ។ នេះហើយគឺជាសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានដល់យើង។
យើងគួរតែបំបាក់បំបែកសេចក្តីសុចរិតផ្ទាល់ខ្លួនចោល ដើម្បីរស់នៅ ដោយសេចក្តីជំនឿវិញ
នៅក្នុងព្រះគម្ពីរ អ្នកដែលពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួន បានរស់នៅ ដោយមានទុក្ខលំបាកជាច្រើន ពីព្រោះព្រះចង់បំបែកបំបាក់ សេចក្តីសុចរិតរបស់ពួកគេ តាមរយៈទុក្ខលំបាកទាំងនោះ។ មានបទគម្ពីរជាច្រើនដូចជា «ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ» ដែលកត់ត្រាអំពីពួកស្តេច។ វាមានន័យថា មនុស្សជាតិមិនគ្រប់លក្ខណ៍នៅក្នុងសាច់ឈាមរបស់ខ្លួនឡើយ ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយការជឿលើព្រះអម្ចាស់វិញ។
ពួកបរិសុទ្ធជាទីស្រឡាញ់! ព្រះរបស់យើងបានសង្រ្គោះយើង យ៉ាងឥតខ្ចោះហើយ មិនថាយើងខ្សោយយ៉ាងណានោះទេ។ យើងនឹងវិនាស បើសិនយើងរស់នៅសម្រាប់តែសេចក្តីសុចរិតរបស់យើងប៉ុណ្ណោះ។ ប៉ុន្តែព្រះអម្ចាស់ដ៏ជាព្រះបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបហើយ។ ទ្រង់នឹងសព្វព្រះទ័យ បើសិនយើងរស់នៅសម្រាប់សេចក្តីសុចរិតរបស់ព្រះអម្ចាស់ ទោះបើយើងខ្សោយក៏ដោយ។ អេសាយ ៥៣:៥ ប្រាប់យើងថា «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ ព្រះបានដោះអំពើរំលងរបស់យើងចេញ តែម្តងជាសម្រេច។ យើងមិនចាំបាច់ភ័យខ្លាចថា សេចក្តីសុចរិតរបស់យើងនឹងខូចទៅនោះឡើយ។
មនុស្សខ្លះមានបុគ្គលិកលក្ខណៈស្រដៀងគ្នានឹងថូកែវ។ ខ្ញុំស្គាល់ប្អូនស្រីម្នាក់ ដែលបានទៅប្រទេសអាមេរិក។ នៅពេលខ្ញុំបានជួបនាង នាងមានសេចក្តីថ្លៃថ្នូរខ្លាំងណាស់ ដោយនិយាយយ៉ាងប្រុងប្រយ័ត្ន និងមិនដែលជេរគេឡើយ។ នាងធ្លាប់និយាយថា «អូ! លោកបុរសអាក្រក់» ទៅកាន់បុរសអាក្រក់ម្នាក់ ទោះបើនាងបានទទួលការអត់ទោសអំពើបាបហើយក៏ដោយ។ នាងបានទទួលការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ប៉ុន្តែបន្ទាប់ពីនាងបានទទួលការអត់ទោសអំពើបាប នាងនៅតែពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់នាងដដែល។ ដូច្នេះ នាងប្រយ័ត្នយ៉ាងខ្លាំង ដើម្បីមិនបង្ហាញថា នាងភ័យខ្លាចថា សេចក្តីសុចរិតរបស់នាងនឹងបែកបាក់។ មនុស្សជាច្រើនគឺដូចជានាងដែរ។ តើសេចក្តីសុចរិតរបស់ពួកគេគង់វង្សបានយូរអង្វែងដែរទេ? វានឹងបែកបាក់ទៅយ៉ាងលឿន។
តើសាច់ឈាមរបស់អ្នកមានភាពខ្សោយទេ ទោះបើអ្នកបានសង្រ្គោះហើយក៏ដោយ? បាទ។ តើអ្នករស់នៅក្នុងជីវិតល្អឥតខ្ចោះដែរទេ? យើងរស់នៅយ៉ាងឥតខ្ចោះ បន្ទាប់ការអត់ទោសអំពើបាបបាន លុះត្រាតែយើងដើរជាមួយព្រះវិញ្ញាណ។ មានតែការងារខាងវិញ្ញាណប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅចំពោះព្រះ។ ហើយនៅពេលយើងធ្វើការ និងដើរជាមួយព្រះវិញ្ញាណ ព្រះនឹងសរសើរយើង។ សាច់ឈាមរបស់យើងមិនមានអ្វីអួតឡើយ។ មនុស្សមួយចំនួនក្នុងចំណោមពួកបរិសុទ្ធ ដែលមានការអត់ទោសអំពើបាបហើយ ព្យាយាមរក្សាសេចក្តីសុចរិតរបស់ពួកគេ មិនឲ្យបាត់បង់ទេ។
ទោះបីជាយ៉ាងណា ព្រះអម្ចាស់មិនសព្វព្រះទ័យចំពោះពួកគេ ឡើយ។ សេចក្តីសុចរិតរបស់មនុស្សនឹងបាត់បង់ទៅ ហើយវានឹងបាត់បង់ទៅយ៉ាងឆាប់រហ័ស បន្ទាប់ពី១០ ឬ២០ឆ្នាំ។ ដូច្នេះ មនុស្សខាងក្រៅគួរតែបាក់បែកទៅ ដើម្បីឲ្យមនុស្សខាងក្នុងអាចរស់នៅ ដោយសារសេចក្តីជំនឿបាន។ មនុស្សព្យាយាមមិនបំបែកសេចក្តីសុចរិតរបស់ខ្លួនទេ ទោះបើវានឹងបាក់បែកទៅជាមិនខានក៏ដោយ។
ព្រះអម្ចាស់ បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង! ទ្រង់បានសង្រ្គោះអ្នក និងខ្ញុំរួចហើយ។ តើអ្នកក្លាយជាមនុស្សមានបាបម្នាក់ម្តងទៀត ដោយសារតែភាពខ្សោយខាងសាច់ឈាមរបស់អ្នកឬ? ទេ។ ព្រះបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតហើយ។ សេចក្តីសុចរិតរបស់យើងបានបែកបាក់ជាច្រើនដង បន្ទាប់ពីយើងបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ ភាពអាក្រក់របស់យើងបានសម្តែងមកជាច្រើនដង នៅពេលយើងដើរតាមព្រះអម្ចាស់។ វាសម្តែងចេញ នៅពេលព្យាយាមលាក់បាំងនៅខាងក្នុង ហើយវាសម្តែងចេញមកខាងក្រៅ ឲ្យអ្នកដទៃមើលឃើញ។ នៅពេលសេចក្តីសុចរិតរបស់យើងសម្តែងចេញ វានឹងបែកបាក់ទៅ ប៉ុន្តែសេចក្តីសុចរិតរបស់ព្រះគង់វង្សនៅជារៀងរហូត។
របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពី ព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ
ខ្ញុំ ចង់ឲ្យអ្នកជឿថា ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍ដល់យើងហើយ។ ដូច្នេះ យើងត្រូវតែរស់នៅ ដោយសារ សេចក្តីជំនឿ។ ព្រះចង់ឲ្យសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើងបាក់បែក ហើយទ្រង់សព្វព្រះទ័យយ៉ាងដូចនេះ។ យ៉ូហាន ៣:៦ និយាយថា «របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ»។ សាច់ឈាមមិនអាចក្លាយជាវិញ្ញាណបានឡើយ។ នៅក្នុងព្រះពុទ្ធសាសនា មាន «គោលលទ្ធិនៃការួចពីជីវិតនៅក្នុងលោកិយនេះ»។ គោលលទ្ធិនេះបង្រៀនថា សាច់ឈាមអាចក្លាយជាវិញ្ញាណមួយបាន។ ទេ វាមិនអាចឡើយ។ សាច់ឈាមមិនអាចក្លាយជាវិញ្ញាណមួយបានឡើយ។ តើអ្នកណាអាចធ្វើដូច្នេះបាន? អូ គ្មានអ្នកណាអាចធ្វើដូច្នេះបានជាដាច់ខាត។
លោក Sung-chul ដែលជាសង្ឃជនជាតិកូរ៉េល្បីល្បាញម្នាក់ នៅក្នុងព្រះពុទ្ធសាសនាបច្ចុប្បន្ន បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ គាត់បានស្វែងរកសេចក្តីពិត ដោយធ្វើសម្មាធិបែរមុខទៅជញ្ជាំង អស់ជិតពីរ ទសវត្ស ដើម្បីទទួលបានការត្រាស់ដឹងខាងវិញ្ញាណ។ ក្នុងកំឡុងពេលសម្មាធិ គាត់បានដេកអង្គុយទៀតផង ហើយគាត់បានព្យាយាមទទួលបានគំនិតល្អមួយ ដែលឈ្នះលើគំនិតអាក្រក់ សេចក្តីកំផិត អាសអាភាស កាប់សម្លាប់ លួចប្លន់ សេចក្តីអាក្រក់ អំណួត និងសេចក្តីចំកួត ដែលចេញពីខាងក្នុងខ្លួនរបស់គាត់មក។ មនុស្សជាច្រើនបានចាត់ទុកគាត់ជាព្រះពុទ្ធដ៏រស់។ ប៉ុន្តែគាត់ខ្លួនឯងបានដឹងថា គាត់មិនអាចពន្លត់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់គាត់បានទាំងអស់ឡើយ។ ដូច្នេះ បន្ទាប់ពីបានអប់រំចិត្តគំនិតរបស់គាត់ អស់រយៈពេលជិតពីរទសវត្សនៅលើភ្នំ គាត់បានបន្សល់នូវកំណាព្យនិពាន្វមួយ នៅពេលគាត់ហៀបនឹងស្លាប់ទៅ។
«ដោយសារខ្ញុំបានបោកបញ្ឆោតមនុស្សប្រុសស្រីជាច្រើននាក់ ក្នុង កំឡុងពេលខ្ញុំរស់នៅ អំពើបាបរបស់ខ្ញុំធំជាងភ្នំដែលខ្ពស់ជាងគេទៅ ទៀត។ ខ្ញុំនឹងធ្លាក់ទៅក្នុងស្ថាននរក ហើយសេចក្តីវេទនារបស់ខ្ញុំនឹងត្រូវបំបែកទៅជាមួយម៉ឺនផ្លូវ។ ព្រះអាទិត្យពណ៌ក្រហមមួយចំណិតលេចពីខាងក្រោយភ្នំពណ៌ខៀវ។»
មនុស្សដើរតាមសាសនាទាំងអស់នៅក្នុងលោកិយនេះ បានសរសើរពីបុគ្គលិកលក្ខណៈល្អបំផុតរបស់ខ្លួន និងសេចក្តីបង្រៀនស៊ីជម្រៅ។ ប៉ុន្តែពួកគេផ្ទាល់ពិតជាបាននិយាយថា ពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរក។
សាច់ឈាមមិនអាចក្លាយជាវិញ្ញាណឡើយ ប៉ុន្តែព្រលឹងរបស់យើងក្លាយជាកូនរបស់ព្រះ នៅពេលយើងបានកើតជាថ្មី ដោយការជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់។ យើងក្លាយជាស្នាព្រះហស្តថ្មី ដោយសារព្រះគុណរបស់ព្រះ ដែលបានធ្វើឲ្យយើងរស់ឡើងវិញនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ ការប្រព្រឹត្តរបស់មនុស្សមិនអាចកែមនុស្សជាថ្មីបានឡើយ។
អ្នកដឹកនាំ សង្ឃ និងលោកឪពុកកាតូលិក ដែលចូលរួមនៅក្នុង ព័ន្ធកិច្ចពន្ធធនាគារ ទូន្មានឲ្យអ្នកទោសរស់នៅក្នុងជីវិតប្រកបដោយគុណធម៌ អស់មួយជីវិតរបស់ពួកគេ។ ប៉ុន្តែសាច់ឈាមមិនអាចផ្លាស់ប្តូរបាន ឡើយ។ ព្រះចង់ឲ្យយើងបោះបង់ចោលសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើង ហើយជឿយ៉ាងមុតមាំថា ព្រះអម្ចាស់គឺជាព្រះអង្គសង្រ្គោះរបស់ យើង។ ដូច្នេះ ចូរជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវចុះ ហើយអ្នកនឹងមានជំនឿដ៏អស្ចារ្យលើសេចក្តីសង្រ្គោះ។
ឥឡូវនេះ ព្រះស្វែងរកអ្នកជឿ
ព្រះអម្ចាស់ បានធ្វើជាទីសន្តោសប្រោសដល់យើង។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះការទាំងអស់ដែលបានបំបែកព្រះវរបិតាចេញពីមនុស្សជាតិ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃបាបរបស់យើង បានទទួលការជំនុំជម្រះជំនួសយើង ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។ ព្រះបានធ្វើជាទីសន្តោសប្រោសដល់យើង។
ទ្រង់មានបន្ទូលថា «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ» (រ៉ូម ៣:២៥-២៦)។
ព្រះបានយាងមកក្នុងលោកិយនេះ ហើយបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។ មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះឥតមានបាបទេ។ មិនមានអ្នកណាត្រូវធ្លាក់ទៅក្នុងស្ថាននរកឡើយ បើសិនពួកគេជឿលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះ។ ប៉ុន្តែបើសិនពួកគេមិនជឿ ទេ ពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរក។ មនុស្សអាចបានសង្រ្គោះបាន បើសិនពួកគេបោះបង់ចោលសេចក្តីសុចរិត និងសេចក្តីកំពុតរបស់ខ្លួនចោល ហើយបែរមកទទួលយកព្រះធ្វើជាព្រះអង្គសង្រ្គោះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ នៅចំពោះព្រះ យើងរស់នៅ ដោយឥតមានបាបទេ ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ និងបានបំបាត់អំពើបាបទាំងនោះចោលទាំងស្រុងហើយ។
ខ្ញុំជឿលើព្រះ ហើយអ្នកក៏ជឿផងដែរ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះយើងទាំងស្រុង ដើម្បីឲ្យយើងលែងមានបាបទៀត។ ឥឡូវនេះ បញ្ហាសម្រាប់យើងគឺជារបៀបដែលយើងចំណាយជីវិតទាំងអស់របស់យើង។ តើយើងគួរតែរស់នៅបែបណា? យើងគួរតែដើរជាមួយព្រះវិញ្ញាណ។ ហើយយើងមិនចាំបាច់បារម្ភអំពីការលុបបំបាត់អំពើបាបរបស់យើងឡើយ។ ឃ្លាថា «ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម» មានន័យថា ព្រះមិនកាត់ទោសយើង សម្រាប់អំពើបាបរបស់យើងឡើយ។ យើងមិនមានបាបទេ ហើយក៏គ្មានអ្វីត្រូវទទួលការកាត់ទោសឡើយ ពីព្រោះព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងរួចហើយ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់ចេញ ដោយការសុគតនៅលើឈើឆ្កាង។ ដូច្នេះ ព្រះមិនកាត់ទោសយើង សម្រាប់អំពើបាបរបស់យើងឡើយ ប៉ុន្តែទ្រង់ស្វែងរកអ្នកដែលជឿដោយចិត្តតាមសេចក្តីពិតនេះ។
ព្រះគម្ពីរនិយាយថា មិនមានមនុស្សសុចរិតឡើយ ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿលើព្រះ។ ព្រះមានបន្ទូលថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» (រ៉ូម ៣:១០-១៨)។
ព្រះបានយាងមកក្នុងលោកិយនេះ និងបានដោះអំពើបាបទាំងអស់របស់អ្នកដែលប្រព្រឹត្តការអាក្រក់គ្រប់យ៉ាង នៅក្នុងទន្លេយ័រដាន់ ខណៈដែលពួកគេកំពុងតែរស់នៅក្នុងលោកិយនេះ ហើយមិនមានសេចក្តីសុចរិត និងត្រឡប់ជាឥតប្រយោជន៍។ តើអ្នកជឿលើការពិតនេះដែរទេ?
ឥឡូវនេះ ព្រះស្វែងរកអ្នកដែលជឿថា ទ្រង់បានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេហើយ។ ព្រះអម្ចាស់ទតមើលមនុស្ស សុចរិត។ ទ្រង់លើកទឹកចិត្តយើង ដែលជាមនុស្សសុចរិត ហើយប្រទានការងារសុចរិតដល់យើង។ ព្រះយេស៊ូវនឹងទួញសោកយ៉ាងខ្លាំងជាងយើងទៅទៀត បើសិនយើងទួញសោកចំពោះការអាក្រក់ទាំងឡាយរបស់សាច់ឈាមរបស់យើង។ «ហេតុអ្វីអ្នកទួញសោកចំពោះអំពើបាបរបស់អ្នក នៅពេលខ្ញុំបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់យើងរួចហើយ?»
ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺត្រូវជឿលើព្រះ ដើរដោយព្រះវិញ្ញាណ និងប្រកាសដំណឹងល្អ ដើម្បីឈោងចាប់ព្រលឹងវិញ្ញាណ។ តើអ្នកជឿដែរទេ? ចូរកុំអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នក ឬព្យាយាមបង្កើតវាដោយខ្លួនឯង ឬអួតពីសេចក្តីសុចរិតរបស់ខ្លួនឯងជាមួយសេចក្តីសុចរិតរបស់អ្នកដទៃឲ្យសោះ។ ហើយចូរកុំនិយាយបង្កាច់មនុស្សដែលមិនសុចរិតដោយខ្លួនឯង។ តាមនិស្ស័យរបស់មនុស្សជាតិ មិនមានមនុស្សណាសុចរិតដោយខ្លួនឯងឡើយ។
យើងអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់
យើង មិនមានអ្វីអួតនៅចំពោះទ្រង់ ក្រៅពីសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានសង្រ្គោះយើងទាំងស្រុងឡើយ។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវអួតពីសេចក្តីសង្រ្គោះរបស់ព្រះ សរសើរតម្កើង និងថ្វាយសិរីល្អដល់ទ្រង់ ហើយប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងមិនចាំបាច់បារម្ភអំពីបាប និងការធ្លាក់ទៅក្នុងស្ថាននរកឡើយ។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។ តើអ្នកយល់ទេ? មនុស្សម្នាក់ទៅស្ថាននរក បើសិនគាត់មិនបានរួបរួមជាមួយការពិតថា ព្រះអម្ចាស់បានសង្រ្គោះគាត់ តាមរយៈព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់។ ប៉ុន្តែគាត់មិនចាំបាច់បារម្ភអំពីការធ្លាក់ទៅក្នុងស្ថាននរកឡើយ បើសិនគាត់ជឿ។
ព្រះដ៏ជាព្រះអម្ចាស់ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ យើងពិតជា អរព្រះគុណដល់ទ្រង់យ៉ាងខ្លាំងក្រៃលែង! «ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ២៩ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ» (រ៉ូម ៣:២៨-២៩)។
ព្រះមិនគ្រាន់តែជាព្រះរបស់សាសន៍យូដាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះរបស់សាសន៍ដទៃផងដែរ គឺទ្រង់ជាព្រះរបស់មនុស្សទាំងអស់។ ព្រះដ៏ជាព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយដើម្បីធ្វើដូច្នេះបាន ទ្រង់បានយាងមកលោកិយនេះ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការជំនុំជម្រះជំនួសយើង។ ដូច្នេះហើយបានជាទ្រង់បានធ្វើជាព្រះ និងព្រះអង្គសង្រ្គោះរបស់មនុស្សជាតិទាំងមូល។ នេះហើយគឺជាការសន្និដ្ឋាននៃកណ្ឌគម្ពីររ៉ូម ជំពូក៣។ សាវកប៉ុលបានជឿការនេះ ហើយយើងក៏ជឿលើការនេះផងដែរ។
សាវកប៉ុល មិនគ្រាន់តែនិយាយអំពីភាពខ្សោយរបស់សាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏និយាយអំពីសេចក្តីសុចរិតរបស់ព្រះ ដែលមិនពាក់ព័ន្ធនឹងក្រិត្យវិន័យផងដែរ។ យើងមិនអាចបានសង្រ្គោះ ដោយការប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។ ដូច្នេះ តើយើងអាចបានសង្រ្គោះបានដោយរបៀបណា? ដោយសេចក្តីជំនឿលើសេចក្តីសង្រ្គោះរបស់ព្រះ។ ព្រះ អម្ចាស់បានធ្វើជាទីសន្តោសប្រោសដល់យើង ហើយបានផ្ទេរអំពើបាបដែលយើងបានប្រព្រឹត្តពីមុនទៅលើអង្គទ្រង់។ ដូច្នេះ អ្នកមិនជឿនឹងទទួលការជំនុំជម្រះសម្រាប់អំពើបាបប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែទ្រង់មិនជំនុំជម្រះអំពើបាប ដែលភាពខ្សោយរបស់សាច់ឈាមបានប្រព្រឹត្តទេ ពីព្រោះមិនមានបាបនៅក្នុងលោកិយនេះទេ។
ដូច្នេះ យើងត្រូវតែជឿលើព្រះដ៏ជាព្រះអម្ចាស់។ មិនមានទោស ឬការជំនុំជម្រះសម្រាប់អ្នកជឿឡើយ។ ព្រះគឺជាព្រះរបស់អ្នកជឿ ហើយយើងត្រូវតែចំណាយជីវិតទាំងអស់របស់យើង ដោយការដើរដោយព្រះវិញ្ញាណ។ យើងតែងតែអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបាន ពីព្រោះអំពើបាបទាំងអស់របស់យើងត្រូវបានអត់ទោសឲ្យរួចហើយ ទោះបើសាច់ឈាមរបស់យើងចង់រស់នៅក្នុងសេចក្តីប៉ងប្រាថ្នាក៏ដោយ។ ព្រះអម្ចាស់គឺជាព្រះរបស់សាសន៍យូដា និងសាសន៍ដទៃ និងជាព្រះរបស់អ្នកជឿ និងអ្នកមិនជឿផងដែរ។ នេះមានន័យថា ព្រះចង់ឲ្យមនុស្សទាំងអស់បានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ។ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នកមិនជឿ ហើយទ្រង់បានធ្វើជាព្រះរបស់អ្នកជឿរួចទៅហើយ។
ខ្ញុំសូមអរព្រះគុណដល់ព្រះដ៏ជាព្រះអម្ចាស់ ដោយអស់ពីចិត្តរបស់ខ្ញុំ។ ខ្ញុំពិតជាវេទនាយ៉ាងខ្លាំង បើសិនព្រះអម្ចាស់មិនបានយាងមកលោកិយនេះជាសាច់ឈាម និងបើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ បើសិនទ្រង់មិនបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើងទេ យើងនឹងក្លាយជាមនុស្សមានបាបម្តងទៀត បន្ទាប់ពីទទួលបានការអត់ទោសអំពើបាប ពីព្រោះយើងខ្សោយ និងធ្វើបាប រហូតដល់ថ្ងៃយើងស្លាប់។ ខ្ញុំសូមអរព្រះគុណដល់ព្រះដ៏ជាព្រះអម្ចាស់។