Search

Проповеди

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 1-2] យើងត្រូវតែស្គាល់ពីគ្រាទាំង៧ (វិវរណៈ ១:១-២០)

យើងត្រូវតែស្គាល់ពីគ្រាទាំង៧
(វិវរណៈ ១:១-២០)

ខ្ញុំ អរព្រះគុណដល់ព្រះអម្ចាស់ ដែលប្រទានសេចក្តីសង្ឃឹមដល់យើង នៅសម័យដ៏ខ្មៅងងឹតនេះ។ សេចក្តីសង្ឃឹមរបស់យើងគឺថា គ្រប់យ៉ាងនឹងកើតឡើង តាមដែលបានកត់ទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ និងត្រូវរង់ចាំនៅក្នុងសេចក្តីជំនឿ រហូតដល់ព្រះបន្ទូលនៃសេចក្តីទំនាយទាំងអស់ត្រូវបានបំពេញសម្រេច។
មានសេចក្តីទំនាយជាច្រើន ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ ខណៈដែលមានទ្រឹស្តី និងការកាត់ស្រាយកាន់តែច្រើនពីអ្នកប្រាជ្ញ យើងនៅតែពិបាកនឹងមើលឃើញការងារមួយ ដែលពិតជាស្របតាមព្រះគម្ពីរណាស់។ ដោយសារព្រះគុណនៃព្រះ ដែលខ្ញុំអាចសរសេរសៀវភៅនេះ ដោយបានចំណាយពេលវេលាយ៉ាងច្រើនក្នុងការសិក្សា និងស្រាវជ្រាវអំពីព្រះបន្ទូលនៃការបើកសម្តែង។ សូម្បីតែនៅពេលខ្ញុំនិយាយនៅពេលនេះ ដ៏ចិត្តរបស់ខ្ញុំបានពេញដោយសេចក្តីពិតអំពីការបើកសម្តែងដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានបំពេញខ្ញុំ ខណៈដែលខ្ញុំបានរៀបចំសេចក្តីអត្ថាធិប្បាយ និងសេចក្តីអធិប្បាយសម្រាប់សៀវភៅនេះ។ 
ដូច្នេះ ខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ដែលចិត្តរបស់ខ្ញុំនឹងបានពេញដោយសេចក្តីសង្ឃឹមសម្រាប់ស្ថានសួគ៌ និងសិរីល្អនៃនគររាជ្យមួយពាន់ឆ្នាំ។ ហើយខ្ញុំក៏បានដឹងថា ទុក្ករកម្មរបស់ពួកបរិសុទ្ធបានថ្វាយសិរីល្អដល់ព្រះអម្ចាស់របស់យើង។ ឥឡូវនេះ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកជាមួយអ្នកអំពីព្រះបន្ទូលនៃប្រាជ្ញា ដែលព្រះបានបង្ហាញដល់ខ្ញុំ និងដើម្បីជួយអ្នកឲ្យយល់ពីព្រះបន្ទូលនេះ។ 
នៅពេលខ្ញុំសរសេរអំពីការបើកសម្តែងនៅក្នុងសៀវភៅនេះ សិរីល្អនៃព្រះបំពេញចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើង។ និយាយដោយស្មោះត្រង់ ខ្ញុំពិតជាមិនបានដឹងថា ព្រះបន្ទូលនៃការបើកសម្តែងពិតជាអស្ចារ្យដូច្នេះទេ។
ព្រះបានបើកសម្តែងសាវកយ៉ូហាននូវពិភពរបស់ព្រះយេស៊ូវគ្រីស្ទ។ តើពាក្យចាប់ផ្តើមថា «សេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ» មានន័យយ៉ាងដូចម្តេច? និយមន័យនៃពាក្យ ការបើកសម្តែង នៅក្នុងវចនានុក្រម គឺជាសកម្មភាពនៃការបើកសម្តែង ឬការបង្ហាញសេចក្តីពិតរបស់ព្រះ។ ដូច្នេះ ការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ មានន័យថា ការបើកសម្តែងពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត នៅក្នុងព្រះយេស៊ូវ គ្រីស្ទ។ នៅក្នុងន័យផ្សេង ព្រះបានបង្ហាញដល់សាវកយ៉ូហាន ដែលជាអ្នកបម្រើម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ពីគ្រប់ទាំងការដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ។
មុននឹងយើងពិនិត្យស៊ីជម្រៅ នៅក្នុងព្រះបន្ទូលនៃការបើកសម្តែង មានការមួយ ដែលយើងត្រូវតែមានភាពច្បាស់លាស់ជាមុនសិន។ យើងត្រូវដឹងយ៉ាងច្បាស់លាស់ថា ព្រះបន្ទូលនៃសេចក្តីទំនាយទាំងអស់ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌវិវរណៈ គឺជានិមិត្តរូប ឬការពិត។ គ្រប់យ៉ាងដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ សុទ្ធតែជាការពិតទាំងអស់ ពីព្រោះតាមរយៈនិមិត្តដែលសាវកយ៉ូហានបានឃើញ ព្រះបានបើក សម្តែងដល់យើងយ៉ាងលម្អិត ពីអ្វីដែលនឹងកើតឡើងក្នុងលោកិយនេះ។
ជាការពិត ដែលអ្នកប្រាជ្ញជាច្រើនបានបង្កើតទ្រឹស្តីទេវសាស្ត្រ និងការកាត់ស្រាយខុសៗគ្នាអំពីសេចក្តីទំនាយនៃការបើកសម្តែង។ ហើយជាកាពិតផងដែរថា ការខិតខំអស់ពីសមត្ថភាពរបស់អ្នកប្រាជ្ញទាំងនេះ គឺត្រូវបើកសម្តែងសេចក្តីពិតនៃការបើកសម្តែង។ ប៉ុន្តែទ្រឹស្តីស្មានៗទាំងនេះបានបង្កគ្រោះថ្នាក់ និងភាពច្របូកច្របល់ដល់ជំនឿគ្រីស្ទបរិស័ទ ពីព្រោះវាមិនស្របតាមសេចក្តីពិតនៅក្នុងព្រះគម្ពីរឡើយ។ ជាឧទាហរណ៍ អ្នកប្រាជ្ញអភិរក្សនិយមជាច្រើនបានគាំទ្រ «បដិសហស្សវត្សនិយម» ដែលអះអាងថា នឹងមិនមាននគររាជ្យមួយពាន់ឆ្នាំ។ ប៉ុន្តែទស្សនៈបែបនេះត្រូវបានដកចេញពីសេចក្តីពិតតាមព្រះគម្ពីរ។ 
នគររាជ្យមួយពាន់ឆ្នាំ គឺជាការពិត ដែលត្រូវបានកត់ទុកនៅក្នុង វិវរណៈ ២០ ដែលសរសេរថា ពួកបរិសុទ្ធនឹងមិនគ្រាន់តែសោយរាជ្យនៅក្នុងនគរនេះទេ ប៉ុន្តែក៏នឹងរស់នៅជាមួយព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំផងដែរ។ ម៉្យាងវិញទៀត ជំពូក២១ ប្រាប់យើងថា បន្ទាប់ពីនគររាជ្យមួយពាន់ឆ្នាំ ពួកបរិសុទ្ធនឹងទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មីជារមតក ហើយរស់នៅ និងសោយរាជ្យជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច។ ទាំងនេះសុទ្ធតែជាការពិតទាំងអស់។ ព្រះគម្ពីរប្រាប់យើងថា សេចក្តីពិតទាំងនេះមិនមែនជាការបំពេញសម្រេចបែបនិមិត្តរូប នៅក្នុងចិត្តរបស់អ្នកជឿទេ ប៉ុន្តែជាការបំពេញសម្រេចដែលពិតប្រាកដ នៅក្នុងប្រវត្តិសាស្ត្រ។ 
ប៉ុន្តែបើសិនក្រឡេកមើលគ្រីស្ទបរិស័ទសព្វថ្ងែនេះ យើងមើលឃើញថា ពួកគេជាច្រើនមានសេចក្តីសង្ឃឹមបន្តិចបន្តួច សម្រាប់នគររាជ្យមួយពាន់ឆ្នាំ។ បើសិនការអះអាងបដិសេធរបស់ពួកគេត្រឹមត្រូវមែន សេចក្តីសន្យារបស់ព្រះចំពោះអ្នក គ្រាន់តែជាព្រះបន្ទូលទទេប៉ុណ្ណោះ។ បើសិនគ្មាននគររាជ្យមួយពាន់ឆ្នាំកំពុងតែរង់ចាំអ្នកជឿ ឬគ្មានផ្ទៃមេឃថ្មី និងផែនដីថ្មីទេ នោះសេចក្តីជំនឿរបស់អ្នកដែលបានសង្រ្គោះ ដោយការជឿ និងទទួលព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន និងត្រឡប់ជាឥតប្រយោជន៍ទទេហើយ។
នៅក្នុងកំណត់ត្រាដែលទាក់ទងគ្នាមួយ ទេវវិទូ និងអ្នកដឹកនាំគ្រីស្ទបរិស័ទសព្វថ្ងៃនេះអះអាងថា សញ្ញា៦៦៦ ដែលត្រូវបានទាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ ប៉ុន្តែពិតប្រាកដណាស់ថា នៅពេលថ្ងៃនៃការបំពេញសម្រេចទំនាយនេះមកដល់ សេចក្តីជំនឿរបស់អ្នកដែលបានជឿតាមការអះអាងខុសនេះ នឹងដួលចុះ ដូចជាផ្ទះមួយដែលត្រូវបានសាងសង់នៅលើដីខ្សាច់អញ្ចឹង។ 
ប្រសិនបើអ្នកដែលជឿដល់ព្រះយេស៊ូវ តែមិនជឿតាមព្រះបន្ទូលនៃសេចក្តីពិត ដែលត្រូវបានបើកសម្តែងដល់ពួកគេនៅក្នុងព្រះគម្ពីរទេ ព្រះនឹងចាត់ទុកពួកគេជាអ្នកមិនជឿដូចគ្នាដែរ។ នេះមានន័យថា ពួកគេមិនគ្រាន់តែមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យប៉ុណ្ណោះទេ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធគង់មិនគង់នៅចិត្តរបស់ពួកគេផងដែរ។ ហេតុនេះបានជាចិត្តរបស់ពួកគេមិនមានសេចក្តីសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ ឬផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានសន្យាជាមួយយើង។ ទោះបីជាពួកគេបានជឿដល់ព្រះយេស៊ូវហើយក៏ដោយ ក៏ពួកគេមិនបានជឿដល់ទ្រង់ ស្របតាមសេចក្តីពិតនៅក្នុងព្រះគម្ពីររបស់ព្រះដែរ។ អ្វីដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌវិវរណៈ គឺជាព្រះបន្ទូលព្រះ ដែលបង្ហាញប្រាប់យើងពីអ្វីដែលពិតជានឹងកើតឡើងនៅក្នុងលោកិយនេះ ក្នុងពេលអនាគតដ៏ខ្លី។ 
ជំពូក២ និង៣ នៃកណ្ឌគម្ពីរវិវរណៈ កត់ត្រាអំពីព្រះបន្ទូលដាស់តឿនទៅកាន់ពួកជំនុំទាំង៧ នៅស្រុកអាស៊ី។ នៅក្នុងជំពូកទាំងពីរនេះ មានទាំងការសរសើរ និងការបន្ទោសរបស់ព្រះ សម្រាប់ពួកជំនុំទាំង៧។ ជាក់ស្តែង ព្រះបានសន្យាថា មកុដជីវិតនឹងត្រូវបានប្រទានឲ្យអ្នកណា ដែលអត់ធ្មត់នៅក្នុងសេចក្តីស្មោះត្រង់ និងយកឈ្នះលើសេចក្តីទុក្ខវេទនា។ នេះមានន័យថា នៅថ្ងៃចុងក្រោយ នឹងពិតជាមានទុក្ករកម្ម ដែលកំពុងរង់ចាំអ្នកជឿទាំងអស់មែន។
ព្រះបន្ទូលនៃការបើកសម្តែង គឺអំពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ការរស់នៅស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកគេ និងសេចក្តីសន្យារបស់ព្រះជាមួយពួកគេ អំពីនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ព្រះបន្ទូលនៃការបើកសម្តែងអាចជាព្រះពរ និងសេចក្តីកំសាន្តចិត្តដល់អ្នកដែលជឿលើភាពពិតប្រាកដនៃទុក្ករកម្មរបស់ពួកគេ ប៉ុន្តែវាមិនមានប្រយោជន៍សម្រាប់អ្នកដែលមិនជឿតាមនោះឡើយ។ ដូច្នេះ នៅថ្ងៃចុងក្រោយ យើងអាចរស់នៅ យ៉ាងខ្ជាប់ខ្ជួនបាន ដោយការប្រកាន់ខ្ជាប់តាមសេចក្តីជំនឿត្រឹមត្រូវ និងមិនប្រួលប្រែ តាមព្រះបន្ទូលសន្យានៅក្នុងកណ្ឌគម្ពីរវិវរណៈ និងព្រះបន្ទូលនៃសេចក្តីពិតនៅក្នុងកណ្ឌគម្ពីរនេះ។
ប្រធានបទសំខាន់ៗនៅក្នុងកណ្ឌគម្ពីរវិវរណៈគឺ ទុក្ករកម្ម ការរស់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក និងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះហើយបានជាគោលបំណង និងព្រះហឫទ័យព្រះសម្រាប់ពួកជំនុំដំបូង គឺត្រូវឲ្យពួកបរិសុទ្ធការពារសេចក្តីជំនឿរបស់ពួកគេ រហូតដល់ចុងបញ្ចប់ តាមរយៈទុក្ករកម្មរបស់ពួកគេ។ ដោយសារព្រះបានរៀបចំផែនការទាំងនេះ ទើបទ្រង់បានមានបន្ទូលអំពីទុក្ករកម្មទៅកាន់ពួកបរិសុទ្ធទាំងអស់។ នៅក្នុងន័យផ្សេង ព្រះបានប្រាប់យើងថា ពួកបរិសុទ្ធទាំងអស់នឹងយកឈ្នះលើពួកអាទទឹងនឹងព្រះគ្រីស្ទ តាមរយៈទុក្ករកម្មរបស់ពួកគេ នៅថ្ងៃចុងក្រោយ។ 
ការយល់យ៉ាងច្បាស់លាស់ជំពូក១ដល់៦ មានភាពចាំបាច់សម្រាប់ការយល់កណ្ឌគម្ពីរវិវរណៈទាំងមូល។ យើងអាចចាត់ទុកជំពូក១ជាលំនាំសេចក្តី ហើយជំពូក១ និង២និយាយអំពីទុក្ករកម្មរបស់ពួកបរិសុទ្ធនៃពួកជំនុំដំបូង។ ជំពូក៤ប្រាប់យើងអំពីការដែលព្រះគ្រីស្ទគង់នៅលើបល្ល័ង្កនៃព្រះ។ ជំពូក៥ប្រាប់យើងអំពីព្រះយេស៊ូវគ្រីស្ទបើកក្រាំងនៃផែនការរបស់ព្រះវរបិតា និងការបំពេញសម្រេចរបស់វា ហើយជំពូក៦និយាយអំពីគ្រាទាំង៧ ដែលព្រះបានបង្កើតសម្រាប់មនុស្សជាតិ។ ការយល់ពីពូជ៦គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះវានឹងបើកទ្វារឲ្យអ្នកចូលទៅយល់កណ្ឌគម្ពីរវិវរណៈទាំងមូល។
យើងអាចចាត់ទុកជំពូក៦ជាប្លង់សម្រាប់គ្រាទាំង៧ ដែលព្រះវរបិតាបានរៀបចំសម្រាប់មនុស្សជាតិ នៅក្នុងព្រះគ្រីស្ទ។ នៅក្នុងប្លង់របស់ព្រះនេះ មានទិព្វញ្ញាណរបស់ព្រះសម្រាប់គ្រាទាំង៧ ដែលព្រះនឹងនាំមកដល់មនុស្សជាតិ។ នៅពេលយើងស្គាល់ និងយល់ពីគ្រាទាំង៧ច្បាស់ យើងនឹងអាចដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាមួយណាហើយ។ ហើយយើងក៏នឹងដឹងផងដែរថា យើងត្រូវការសេចក្តីជំនឿបែបណា ដើម្បីតយុទ្ធ និងយកឈ្នះលើគ្រាសេះសម្បុរស្លាំង នៅគ្រាដែលពួកអាទទឹងនឹងព្រះមកដល់។ 
ដូចដែលបានពិពណ៌នានៅក្នុងជំពូក៦ នៅពេលត្រាទី១ត្រូវបានបក នឹងមានសេះសមួយ។ អ្នកជិះសេះនេះបានកាន់ធ្នូមួយ និងមានមកុដ ហើយគាត់បានចេញទៅច្បាំង ទាំងមានជ័យជំនះ។ នៅទីនេះ អ្នកជិះសេះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ហើយការពិតថា ទ្រង់បានកាន់ធ្នូ មានន័យថា ទ្រង់នឹងបន្តច្បាំង និងយកឈ្នះលើសាតាំង។ នៅក្នុងន័យផ្សេង គ្រាសេះសនេះសំដៅទៅលើគ្រាជ័យជំនះនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានបណ្តាលឲ្យកើតឡើងនៅលើផែនដីនេះ ហើយគ្រានេះនឹងបន្តទៅមុខ រហូតដល់គោលបំណងទាំងអស់របស់ព្រះត្រូវបានបំពេញសម្រេច។ 
គ្រាទីពីរគឺជាគ្រាសេះក្រហម។ នេះសំដៅទៅលើគ្រានៃការលេចមករបស់សាតាំង ដែលវានឹងបោកបញ្ឆោតចិត្តរបស់មនុស្ស ដើម្បីបង្កើតសង្រ្គាម ដកហូតសេចក្តីសុខសាន្តចេញពីផែនដីនេះ និងបៀតបៀនដល់ពួកបរិសុទ្ធ។ 
បន្ទាប់ពីគ្រាសេះក្រហម នឹងមានគ្រាសេះខ្មៅមកដល់ នៅពេលគ្រោះទុរ្ភិក្សនឹងធ្វើទុក្ខដល់ព្រលឹង និងរូបកាយរបស់មនុស្ស។ ឥឡូវនេះ អ្នក និងខ្ញុំកំពុងតែរស់នៅក្នុងគ្រានៃគ្រោះទុរ្ភិក្សខាងរូបកាយ និងខាងវិញ្ញាណនេះហើយ។ បន្ទាប់ពីគ្រានេះ នឹងមានគ្រាសេះសម្បុរស្លាំងមកដល់ក្នុងពេលដ៏ខ្លី ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ដោយសារវា ផែនដីនេះនឹងធ្លាក់ទៅក្នុងសេចក្តីវេទនាដ៏ធំ។
គ្រាសេះសម្បុរស្លាំងនេះ គឺជាគ្រាទីបួន។ នៅគ្រានេះ គ្រោះកាចនៃត្រែទាំង៧នឹងធ្វើទុក្ខដល់ផែនដីនេះ ដែលមួយភាគបីនៃព្រៃឈើនឹងត្រូវឆេះអស់ មួយភាគបីនៃសមុទ្រនឹងប្រែទៅជាឈាម ហើយមួយភាគបីនៃទឹកសាបក៏នឹងប្រែទៅជាឈាមដែរ និងមួយភាគបីនៃព្រះអាទិត្យ នឹងព្រះច័ន្ទនឹងប្រែជាងងឹត។
គ្រាទី៥គឺជាគ្រានៃការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក។ វិវរណៈ ៦:៩-១០ សរសេរថា «លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់ ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា»។
គ្រាទី៦គឺជាសេចក្តីវិនាសនៃផែនដីទីមួយ។ វិវរណៈ ៦:១២-១៧ សរសេរថា «លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា គេអង្វរទៅភ្នំ ហើយទៅថ្ម
ថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន»។ 
ដូច្នេះ តើនឹងមានអ្វីកើតឡើងនៅគ្រាទីប្រាំពីរ ដែលព្រះបានបង្កើតសម្រាប់យើង? នៅគ្រាចុងក្រោយនេះ ព្រះនឹងប្រទានដល់ពួកបរិសុទ្ធនូវនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។
តើឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាមួយណា? បន្ទាប់ពីការកន្លងផុតនៃគ្រាសេះក្រហម ដែលសង្រ្គាមជាច្រើនបានវាយប្រហារផែនដីនេះ យើងកំពុងតែរស់នៅក្នុងគ្រាសេះខ្មៅ។
គ្រប់ទាំងព្រះបន្ទូលនៃការបើកសម្តែងសុទ្ធតែត្រូវបានកត់ទុកបែបវិជ្ជមាន សម្រាប់អ្នកជឿទាំងអស់។ ព្រះបានមានបន្ទូលថា ទ្រង់នឹងមិនបោះបង់អ្នកជឿនៅថ្ងៃចុងក្រោយចោល ដូចជាកូនកំព្រានៅក្នុងលោកិយនេះឡើយ ប៉ុន្តែទ្រង់ចង់ប្រទានសេចក្តីសង្ឃឹមដល់ពួកគេសម្រាប់នគររាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។ 
ទោះបីជាយ៉ាងណា ដើម្បីស្គាល់សេចក្តីពិតនៅក្នុងកណ្ឌវិវរណៈ ជាដំបូង យើងត្រូវតែបោះបង់ចោលសេចក្តីបង្រៀនខុសឆ្គង និងទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា បដិសហស្សវត្សនិយម និងការលើកឡើងទៅក្នុងពពកក្រោយពេលសេចក្តីទុក្ខវេទនា សិន ហើយបែរមកឯព្រះគម្ពីរវិញ។
ព្រះបានបង្កើតគ្រាទាំង៧ឡើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ សម្រាប់ពួកបរិសុទ្ធ តាមពីដើមដំបូងនៃការបង្កបង្កើតរបស់ទ្រង់។ ប៉ុន្តែដោយសារអ្នកប្រាជ្ញជាច្រើន ដែលនៅតែមិនយល់ពីគ្រាទាំង៧នេះ ដែលព្រះបានបង្កើតឡើង បានផ្តល់នូវការកាត់ស្រាយ និងសម្មតិកម្មផ្ទាល់ខ្លួនរបស់ពួកគេ អំពីព្រះបន្ទូលនៃការបើកសម្តែង មនុស្សមានភាពច្របូលច្របល់កាន់តែ ខ្លាំង។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែស្គាល់គ្រាទាំង៧ដែលព្រះបានបង្កើត ហើយថ្វាយការអរព្រះគុណ និងសិរីល្អដល់ទ្រង់ សម្រាប់គ្រប់ការទាំងអស់ដែលទ្រង់បានធ្វើសម្រាប់យើង។ ផែនការទាំងអស់របស់ព្រះសម្រាប់ពួកបរិសុទ្ធ ត្រូវបានបំពេញសម្រេចទាំងស្រុង នៅក្នុងគ្រាទាំង៧នេះ។
ខ្ញុំសង្ឃឹមថា ការពិភាក្សារបស់ខ្ញុំកន្លងមក បានផ្តល់ឲ្យអ្នកនូវការយល់ដឹងមូលដ្ឋានគ្រឹះនៃបទគម្ពីរលំនាំទៅកាន់កណ្ឌគម្ពីរវិវរណៈ។ តាម រយៈកណ្ឌគម្ពីរវិវរណៈ យើងមើលឃើញថា ការបង្កបង្កើតរបស់ព្រះបានកំណត់ការចាប់ផ្តើមនៃគ្រាទាំង៧ ដែលទ្រង់បានបង្កើតឡើង នៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាមរយៈការយល់ពីគ្រាទាំង៧នេះ សេចក្តីជំនឿរបស់យើងនឹងកាន់តែរឹងមាំឡើង ហើយយើងនឹងដឹងពីទុក្ខលំបាកបែបណា ដែលរង់ចាំយើង ខណៈដែលយើងកំពុងតែរស់នៅក្នុងគ្រាសេះខ្មៅ។ ហើយតាមរយៈការយល់ដឹងនេះ យើងនឹងអាចរស់នៅ ដោយអាងលើសេចក្តីជំនឿបាន។ 
អ្នកជឿ គឺទាំងអ្នក និងខ្ញុំផង ត្រូវតែប្រឈមនឹងទុក្ករកម្ម នៅពេលគ្រាសេះសម្បុរស្លាំងមកដល់។ គ្រានេះគឺជាគ្រាមួយក្នុងចំណោមគ្រាទាំង៧ ដែលព្រះបានបង្កើត។ នៅពេលអ្នកជឿបានដឹងពីបញ្ហានេះ ចិត្តរបស់ពួកគេនឹងមានពេញដោយសេចក្តីសង្ឃឹម ហើយភ្នែករបស់ពួកគេនឹងមើលឃើញអ្វីដែលពួកគេមិនអាចមើលឃើញពីមុន។ នៅពេលពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះដឹងពីការមកដ៏ឆាប់នៃគ្រានៃទុក្ករកម្ម ជីវិតរបស់ពួកកេនឹងបានស្អាតពីសម្រាមទាំងអស់ ពីព្រោះកាលណាពួកគេបានដឹង ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទុក្ករបុគ្គលនៅក្នុងគ្រាសេះសម្បុរស្លាំង ហើយចិត្តរបស់ពួកគេនឹងបានត្រៀមជាស្រេច ទោះបើពួកគេមិនដឹងពីវា នៅវេលានេះក៏ដោយ។ 
យើងទាំងអស់គ្នានឹងត្រូវប្រឈមនឹងទុក្ករកម្ម តាមរបៀបដូចគ្នានឹងពួកបរិសុទ្ធនៃពួកជំនុំដំបូងប្រឈមដែរ។ អ្នកត្រូវតែដឹងថា នៅពេលគ្រាសេះសម្បុរស្លាំងនេះមកដល់ ទុក្ករកម្មនឹងក្លាយជាការពិតដែលចៀសមិនផុតសម្រាប់អ្នកជឿពិតប្រាកដទាំងអស់ ហើយភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ពួកគេនឹងបានរស់ពីស្លាប់ឡើងវិញ។ 
បន្ទាប់ពីទុក្ករកម្ម នឹងមានការរស់ពីស្លាប់ឡើងវិញ ហើយតាមរយៈការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពក យើងនឹងជួបជាមួយព្រះអម្ចាស់នៅស្ថានសួគ៌។ បន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ព្រះអម្ចាស់របស់យើងនឹងលើកពួកបរិសុទ្ធពីស្លាប់ឡើងវិញ ហើយនាំពួកគេទៅក្នុងការលើកឡើងទៅក្នុងពពក ដើម្បីចូលរួមពិធីមង្គលការនៅក្នុងស្ថានសួគ៌។
នៅពេលការលើកពួកបរិសុទ្ធទៅក្នុងពពកមកដល់ ផែនដីនឹងត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទី ដែលនឹងលែងមានមនុស្ស ឬសត្វអាចរស់នៅបានទៀតឡើយ។ មួយភាគបីនៃព្រៃឈើនឹងត្រូវឆេះ សមុទ្រ ទន្លេ និងរន្ធទឹកនឹងប្រែទៅជាឈាម។ ដូច្នេះ តើអ្នកចង់រស់នៅលើផែនដីបែបនេះទៀតដែរទេ? ពួកបរិសុទ្ធនឹងលែងមានហេតុផលក្នុងការចូលរួមក្នុង ទុក្ករកម្មទៀតហើយ ពីព្រោះពួកគេនៅលើផែនដីនេះ លែងមានសេចក្តីសង្ឃឹមណាសម្រាប់ពួកគេទៀតឡើយ។
តើអ្នកចង់រស់នៅលើផែនដីដែលពេញដោយសេចក្តីភ័យញ័របែបនេះដែរទេ? ពិតជាមិនចង់ឡើយ! បន្ទាប់ពីថ្ងៃចុងក្រោយនៃទុក្ករកម្មរបស់ពួកបរិសុទ្ធ មានការរស់ឡើងវិញ និងការលើកទៅក្នុងពពករបស់ពួកគេ ហើយបន្ទាប់មក ពួកគេនឹងទទួលបានសិរីល្អ និងរស់នៅរហូតអស់កល្បជានិច្ច ជាមួយព្រះ ក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា បន្ទាប់ពីនៅពាក់កណ្តាលនៃសេចក្តីទុក្ខវេទនាដ៏ធំ ដែលមានរយៈពេលប្រាំពីរឆ្នាំ គឺបីឆ្នាំប្រាំមួយខែ ពួកបរិសុទ្ធនឹងប្រឈមនឹងទុក្ករកម្ម ដោយសារពួកគេទាស់ប្រឆាំងនឹងពួកអាទទឹងនឹងព្រះគ្រីស្ទ ជាមួយនឹងសេចក្តីជំនឿរបស់ពួកគេ និងថា បន្ទាប់ពីនេះ នឹងមានការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកគេ និងការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ។ នៅក្នុងន័យផ្សេង ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ និងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកបរិសុទ្ធ ត្រូវមកដល់ បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ក្នុងកំឡុងសេចក្តីទុក្ខវេទនាដ៏ធំ។ ឥឡូវនេះ គឺជាពេលវេលាសម្រាប់អ្នក ដើម្បីមានគំនិតប្រយ័ត្នប្រយែងចំពោះរឿងទាំងនេះហើយ។ 
តើយើងអាចប្រឈមនឹងទុក្ករកម្ម ទោះបើគ្រាសេះសម្បុរស្លាំងមិនទាន់មកដល់បានទេ? ពិតជាមិនបានឡើយ! ប៉ុន្តែ «ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា» បង្រៀនថា ពួកបរិសុទ្ធទាំងអស់នឹងត្រូវបានព្រះលើកឡើងទៅក្នុងពពក មុនពេលការចាប់ផ្តើមនៃ សេចក្តីទុក្ខវេទនាដ៏ធំ និងថា ពួកគេនឹងមិនឆ្លងកាត់សេចក្តីទុក្ខវេទនារយៈពេលប្រាំពីរឆ្នាំឡើយ។ ហើយទ្រឹស្តីនេះអះអាងថា មិនមានទុក្ករកម្មទេ ហើយជឿថា គ្រាសេះសម្បុរស្លាំងនឹងមិនលេចមកឯពួកបរិសុទ្ធឡើយ។
ដូច្នេះ បើសិន «ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេល សេចក្តីទុក្ខវេទនា» នេះពិតជាត្រឹមត្រូវមែន តើទុក្ករម្មរបស់ពួកបរិសុទ្ធនៅក្នុង វិវរណៈ ១៣ មានន័យយ៉ាងដូចម្តេច? នៅទីនេះ ជំពូកនេះនិយាយយ៉ាងច្បាស់លាស់ថា ពួកបរិសុទ្ធនឹងប្រឈមនឹងទុក្ករកម្ម ពីព្រោះពួកគេមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ព្រះហើយ ហើយពួកគេនឹងមិនចុះចូលជាមួយសាតាំងឡើយ។
អ្នកដែលបង្រៀន «ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកក្រោយពេលសេចក្តីទុក្ខវេទនា» ក៏ខ្វះការយល់ដឹងត្រឹមត្រូវអំពីគ្រាសេះសម្បុរស្លាំង ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកផងដែរ។ យោងតាមសម្មតិកម្មនេះ ពួកបរិសុទ្ធនឹងនៅលើផែនដីនេះ រហូតដល់ពេលផ្លុំត្រែចុងក្រោយនៃត្រែនៃគ្រោះកាចទាំង៧។ ប៉ុន្តែកណ្ឌគម្ពីរវិវរណៈប្រាប់យើងយ៉ាងច្បាស់លាស់ថា ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកបរិសុទ្ធ នឹងកើតឡើង នៅពេលទេវតាចុងក្រោយផ្លុំត្រែ ឬនៅមុនពេលចាននៃសេចក្តីក្រោធទាំង៧របស់ព្រះត្រូវបានចាក់មក។ ហេតុនេះបានជាកណ្ឌគម្ពីរវិវរណៈគឺជាព្រះបន្ទូលនៃព្រះពរ និងការកំសាន្តចិត្តដ៏ធំធេងដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
«បដិសហស្សវត្សនិយម» មិនមែនជាសេចក្តីពិត ហើយវាគ្រាន់តែបានបង្កើតការខកចិត្ត និងភាពច្របូកច្របល់ដល់មនុស្សប៉ុណ្ណោះ។ សេចក្តីសន្យារបស់ព្រះអម្ចាស់របស់យើងចំពោះពួកសិស្សរបស់ទ្រង់ថា ពួកបរិសុទ្ធនឹងទទួលបានរង្វាន់ពីទ្រង់ ដែលជាអំណាចសោយរាជ្យលើទីក្រុងចំនួនប្រាំ ឬដប់ ពិតជានឹងកើតឡើងនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។
អ្នកត្រូវតែចងចាំថា ការយល់ដឹងស្មានៗដូចជា ទ្រឹស្តីអំពីការលើកឡើងមុនពេលសេចក្តីទុក្ខវេទនា ការលើកឡើងទៅក្នុងពពកក្រោយពេលសេចក្តីទុក្ខវេទនា និងបដិសហស្សវត្សនិយម គឺជាការអះអាងគ្មានមូលដ្ឋាន ដែលនាំមកនូវការមិនទុកចិត្ត និងភាពច្របូលច្របល់តែប៉ុណ្ណោះ។
ដូច្នេះ ហេតុអ្វីព្រះបានប្រទានកណ្ឌគម្ពីរវិវរណៈដល់យើង? ទ្រង់បានប្រទានដល់យើងនូវព្រះបន្ទូលនៃការបើកសម្តែង ដើម្បីបង្ហាញប្រាប់យើងពីការថែរក្សា និងការផ្គត់ផ្គង់របស់ទ្រង់ តាមរយៈគ្រាទាំងប្រាំពីរ និងដើម្បីប្រទានដល់អ្នកដែលបានធ្វើជាពួកសិស្សរបស់ព្រះយេស៊ូវ នូវសេចក្តីសង្ឃឹមពិតសម្រាប់ស្ថានសួគ៌។ 
សូម្បីតែឥឡូវនេះ ហេតុការណ៍ផ្សេងៗកំពុងតែកើតឡើង ដូចដែលព្រះបានរៀបចំផែនការ។ គ្រាដែលយើងកំពុងតែរស់នៅ គឺជាគ្រាសេះខ្មៅ។ ក្នុងពេលដ៏ឆាប់ គ្រាសេះខ្មៅនេះនឹងកន្លងផុតទៅ ហើយគ្រាសេះសម្បុរស្លាំងនឹងមកដល់។ ហើយនៅគ្រាសេះសម្បុស្លាំងនេះ នឹងមាន ទុក្ករកម្មរបស់ពួកបរិសុទ្ធ ជាមួយនឹងការលេចមកនៃពួកអាទទឹងនឹងព្រះ គ្រីស្ទ។ នៅគ្រានេះ លោកិយទាំងមូលនឹងត្រូវបានស្របសម្រួល និងរួបរួមគ្នានៅក្រោមអំណាចតែមួយរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ ឥឡូវនេះ ពួកសិស្សរបស់ព្រះយេស៊ូវត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមដោយសេចក្តីជំនឿ នឹងការមកដល់នៃគ្រាសេះសម្បុរស្លាំងនេះ។