Search

Проповеди

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 4-1] ចូរសម្លឹងទៅឯព្រះយេស៊ូវ ដែលគង់នៅលើបល្ល័ង្កនៃព្រះ (វិវរណៈ ៤:១-១១)

ចូរសម្លឹងទៅឯព្រះយេស៊ូវ ដែលគង់នៅលើបល្ល័ង្កនៃព្រះ
(វិវរណៈ ៤:១-១១)
«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានព្រះបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាលនឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងសត្វគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម និងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ នោះពួកចាស់ទុំទាំង២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។»
 

ការកាត់ស្រាយ

ខ.១៖ «ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានព្រះបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត។» 
ពេលមុន ទ្វារស្ថានសួគ៌ត្រូវបានបិទ។ ប៉ុន្តែទ្វារនេះត្រូវបានបើកវិញ នៅពេលព្រះបានសង្រ្គោះមនុស្សមានបាបចេញពីសេចក្តីរំលងរបស់ពួកគេ ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ តាមរយៈទេវតារបស់ទ្រង់ ព្រះបានបើកសម្តែងដល់សាវកយ៉ូហានពីអ្វីដែលនឹងកើតឡើងនៅក្នុងលោកិយនេះ នៅថ្ងៃចុងក្រោយ។

ខ.២៖ «ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ។»
តាមរយៈទ្វារស្ថានសួគ៌ដែលបើក សាវកយ៉ូហានបានមើលឃើញថា មានបល្ល័ង្កមួយទៀត នៅក្នុងស្ថានសួគ៌ និងថា ព្រះអង្គដែលបានគង់នៅបល្ល័ង្កនោះ គឺជាព្រះយេស៊ូវគ្រីស្ទ។ នៅជុំវិញបល្ល័ង្កនោះ មានតួជីវិតទាំង៤ ពួកចាស់ទុំទាំង២៤នាក់ និងព្រះវិញ្ញាណទាំង៧របស់ព្រះ។ 
ព្រះអម្ចាស់បានទទួលបល្ល័ង្កព្រះពីព្រះវរបិតា សម្រាប់ការបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់លោកិយនេះ។ ខណៈដែលកំពុងតែមានព្រះជន្មគង់នៅលើផែនដីនេះ ព្រះអម្ចាស់បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីសេចក្តីរំលងរបស់ពួកគេ តាម រយៈការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើង វិញ។ ដូច្នេះហើយបានជាព្រះវរបិតាបានប្រទានបល្ល័ង្កនៅស្ថានសួគ៌នេះ ដល់ព្រះរាជបុត្រានៃទ្រង់។ 
មានទំនោរមួយ ដែលចាត់ទុកព្រះយេស៊ូវជាព្រះដែលមានដែនកំណត់ គឺទ្រង់គ្រាន់តែជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះប៉ុណ្ណោះ ប៉ុន្តែទ្រង់ផ្ទាល់មិនមែនជាព្រះឡើយ។ ប៉ុន្តែឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទគង់នៅលើបល្ល័ង្កព្រះ ក្នុងនាមជាមហាក្សត្រដ៏មានអធិបតេយ្យភាព ដែលសោយរាជ្យនៅលើស្ថានសួគ៌។
តាមការពិត នេះមិនមានន័យថា ព្រះយេស៊ូវបានដណ្តើមបល្ល័ង្កពីព្រះវរបិតាឡើយ។ បល្ល័ង្ករបស់ព្រះវរបិតាគឺនៅតែមាននៅទីនោះដដែល។ ទ្រង់បានប្រទានបល្ល័ង្កមួយទៀត ដល់ព្រះរាជបុត្រានៃទ្រង់ អភិសេកទ្រង់ជាមហាក្សត្រនៃស្ថានសួគ៌ និងតាំងទ្រង់ជាចៅក្រមនៃមនុស្សទាំងអស់ដែលទាស់ប្រឆាំងនឹងព្រះ។ ព្រះវរបិតាបានតំកើងព្រះយេស៊ូវឡើងជាព្រះ ដែលខ្ពស់ជាងគ្រប់គ្នានៅផែនដី និងស្ថានសួគ៌។ ឥឡូវនេះ ព្រះយេស៊ូវ គ្រីស្ទគឺជាព្រះ ដូចជាព្រះវរបិតាដែរ។ ដូច្នេះ យើងត្រូវតែសរសើរតម្កើង និងថ្វាយបង្គំព្រះយេស៊ូវ ដែលជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង។ 

ខ.៣៖ «ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត។» 
ខនេះពិពណ៌នាសិរីល្អនៃព្រះ ដែលកំពុងតែគង់នៅលើបល្ល័ង្កថ្មី។

ខ.៤៖ «នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល។» 
នៅជុំវិញបល្ល័ង្ករបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះរបស់យើង មានអ្នកបម្រើការងាររបស់ទ្រង់អង្គុយ។ បទគម្ពីរនេះនិយាយថា នៅជុំវិញបល្ល័ង្ករបស់ព្រះ មានបល្ល័ង្កជាង២៤ ដែលពួកចាស់ទុំទាំង២៤នាក់ពាក់មកុដមាសនៅក្បាល អង្គុយ។ នេះគឺជាព្រះពរដ៏អស្ចារ្យរបស់ព្រះ ដែលពួកចាស់ទុំទាំង២៤នាក់នេះអង្គុយលើបល្ល័ង្កទាំង២៤។ ពួកចាស់ទុំទាំងនេះ បានបម្រើការងារ និងបានធ្វើទុក្ករកម្មសម្រាប់នគរព្រះអម្ចាស់ ខណៈដែលពួកគេកំពុងតែរស់នៅលើផែនដីនេះ។ ព្រះបន្ទូលនេះប្រាប់យើងថា ឥឡូវនេះ នគរស្ថានសួគ៌បានក្លាយជានគររបស់ព្រះអម្ចាស់របស់យើង ហើយទ្រង់នឹងសោយរាជ្យនៅក្នុងនគរនេះអស់កល្បជានិច្ចតទៅ។

ខ.៥៖ «មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ។» 
ព្រះគឺជាព្រះអង្គដែលបង្កើត និងសោយរាជ្យលើវិញ្ញាណទាំងអស់។

ខ.៦៖ «ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាលនឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។» 
តួជីវិតទាំង៤ រួមជាមួយពួកចាស់ទុំទាំង២៤ គឺជាអ្នកដឹកនាំនៅក្នុងនគរព្រះ។ ពួកគេតែងតែធ្វើតាមបំណងព្រះហឫទ័យព្រះ និងសរសើរតម្កើងសិរីល្អ និងសេចក្តីបរិសុទ្ធរបស់ទ្រង់ជានិច្ច។ ហើយពួកគេគឺជាអ្នកដែលស្តាប់តាម និងអនុវត្តតាមបំណងព្រះហឫទ័យព្រះ។

ខ.៧៖ ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងសត្វគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ។» 
តួជីវិតទាំង៤គឺជាអ្នកបម្រើការងាររបស់ព្រះ ដែលបំពេញកាតព្វកិច្ចទាំងឡាយ ដែលព្រះប្រទានឲ្យពួកគេ។ ហើយពួកគេបម្រើគោលបំណងរបស់ព្រះ យ៉ាងស្មោះត្រង់។

ខ.៨៖ «តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត។» 
ដូចដែលព្រះមិនដែលរលីវ តួជីវិតទាំង៤ក៏តែងតែដឹងខ្លួន នៅក្បែរទ្រង់ជានិច្ចផងដែរ។ ពួកគេបន្តសរសើរតម្កើងទ្រង់ សម្រាប់សេចក្តីបរិសុទ្ធ និងសិរីល្អរបស់ទ្រង់។ ពួកគេសរសើរតម្កើងសេចក្តីបរិសុទ្ធរបស់ព្រះ ដែលបានធ្វើជាកូនចៀម និងអំណាចព្រះចេស្តារបស់ទ្រង់។ ពួកគេសរសើរតម្កើងព្រះ ដែលជាព្រះពីមុន ឥឡូវនេះ និងអស់កល្បជានិច្ច។ ព្រះអង្គដែលពួកគេសរសើរតម្កើង គឺជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ។ 

ខ.៩៖ «កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម និងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ។» 
ដូច្នេះ អ្នកបម្រើការងាររបស់ព្រះថ្វាយសិរីល្អ កិត្តិនាម និងការអរព្រះគុណដល់ទ្រង់ ដែលគង់នៅលើបល្ល័ង្កអស់កល្បជានិច្ច។ 

ខ.១០៖ «នោះពួកចាស់ទុំទាំង២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា។» 
នៅពេលតួជីវិតទាំង៤កំពុងតែសរសើរតម្កើងព្រះ ពួកចាស់ទុំទាំង២៤នាក់ ដែលកំពុងតែអង្គុយលើបល្ល័ង្កទាំង២៤ ក៏ទម្លាក់ខ្លួនក្រាបចុះនៅចំពោះព្រះ ហើយសរសើរតម្កើងទ្រង់ផងដែរថា «ព្រះអម្ចាស់ ទ្រង់សមនឹងទទួលសិរីល្អ កិត្តិនាម និងអំណាចព្រះចេស្តា»។

ខ.១១៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។»
ការសរសើរតម្កើងរបស់ពួកចាស់ទុំទាំង២៤នាក់ទៅចំពោះព្រះ បានចេញមកពីសេចក្តីជំនឿរបស់ពួកគេថា ព្រះសមនឹងទទួលបានសិរីល្អ កិត្តិនាម និងអំណាចព្រះចេស្តា ពីព្រោះទ្រង់បានបង្កើតគ្រប់ទាំងអស់ ហើយគ្រប់ទាំងអស់មាននៅ ដោយសារទ្រង់។