Search

ЧЗВ за Християнската Вяра

Тема 3: Откровение

3-9. តើមួយណាត្រឹមត្រូវ៖ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនការរងទុក្ខវេទនាដ៏ធំ ឬការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ក្រោយការរងទុក្ខវេទនាដ៏ធំ? តើពួកបរិសុទ្ធនឹងនៅលើផែនដីនេះ ក្នុងកំឡុងពេលនៃការរងទុក្ខវេទនាដ៏ធំឬ?

បើសិនយើងពិនិត្យមើលប្រវត្តិសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទ យើងអាចមើលឃើញថា អ្នកកុហកយ៉ាងច្រើនរាប់មិនអស់បានលេចឡើង រហូតមកដល់បច្ចុប្បន្ននេះ។ ដោយកាត់ស្រាយកណ្ឌគម្ពីរវិវរណៈ និងគណនាពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ដោយវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ពួកកុហកទាំងនេះបានកំណត់កាលបរិច្ឆេទជាក់លាក់មួយ សម្រាប់ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយបានធ្លាប់បង្រៀនថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ ហើយពួកបរិសុទ្ធនឹងត្រូវបានលើកទៅស្ថានសួគ៌នៅថ្ងៃដែលពួកគេបានជ្រើសរើស។ 
ទោះបីយ៉ាងណា ការអះអាងទាំងនេះបានត្រឡប់ជាឥតប្រយោជន៍ ទទេ។ គោលដៅរួមរបស់ពួកគេគឺថា ពួកគេបានគាំទ្រទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំ។ ដោយនិយាយទៅកាន់ពួកអ្នកដើរតាមរបស់ពួកគេថា ទ្រព្យសម្បត្តិខាងលោកិយរបស់ពួកគេនឹងបានជាឥតប្រយោជន៍អ្វីទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នានឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ មុនពេលសេចក្តីវេទនាដ៏ធំ ពួកកុហកទាំងនេះបានបោកបញ្ឆោតមនុស្សជាច្រើន ហើយបានប្លន់ទ្រព្យសម្បត្តិរបស់ពួកគេ។ 
យើងត្រូវតែដឹងថា នេះគឺជាល្បិចរបស់សាតាំង ដែលព្យាយាមបោកបញ្ឆោតមនុស្សទាំងអស់នៅលើផែនដីនេះ ហើយបង្វែរពួកគេទៅក្លាយជាបាវបម្រើរបស់វា តាមរយៈសេចក្តីកុហកទាំងនេះ។ 
អ្វីដែលសំខាន់បំផុតសម្រាប់ពួកបរិសុទ្ធ និងអ្វីដែលពួកគេចង់យល់ចង់ដឹងបំផុតគឺជាសំណួរអំពីការមកដល់នៃពេលវេលានៃការលើកពួកគេឡើងទៅស្ថានសួគ៌។ វិវរណៈ ១០:៧ ប្រាប់យើងថា «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ «សេចក្តីអាថ៌កំបាំងរបស់ព្រះ» សំដៅទៅលើការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ 
បន្ទាប់ពីគ្រោះកាចទី៦នៃត្រែទាំង៧បញ្ចប់ទៅ អាទទឹងនឹងព្រះគ្រីស្ទលេចមកលើផែនដីនេះ គ្រប់គ្រងលើផែនដី ហើយបញ្ជាឲ្យមនុស្សគ្រប់គ្នាទទួលយកសញ្ញារបស់សត្វ។ តាមរយៈការបៀតបៀនរបស់វា វានឹងសម្លាប់ពួកបរិសុទ្ធ។ បន្ទាប់ពីនោះបន្តិច នឹងមានសម្លេងត្រែទី៧ ដែលជាពេលវេលាសម្រាប់ពួកបរិសុទ្ធដែលត្រូវបានសម្លាប់ ហើយពួកបរិសុទ្ធដែលបានរួចខ្លួន ដើម្បីការពារជំនឿរបស់ពួកគេ ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកឡើងទៅស្ថានសួគ៌។ 
កាលណាត្រែទី៧បន្លឺសម្លេងឡើង ព្រះមិនទម្លាក់គ្រោះកាចមកលើផែនដីនេះទេ ប៉ុន្តែវាគឺជាពេលវេលាដែលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង។ បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ភ្លាមៗ ព្រះបន្តទម្លាក់គ្រោះនៃចានទាំង៧មកលើផែនដីនេះទៀត។ ដូច្នេះ កាលណាពេលវេលានៃគ្រោះកាចនៃចានទាំង៧មកដល់ ពួកបរិសុទ្ធលែងនៅលើផែនដីនេះទៀតហើយ ប៉ុន្តែនៅលើអាកាសជាមួយព្រះអម្ចាស់ វិញ។ យើងទាំងអស់គ្នាត្រូវតែដឹងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង កាលណាទេវតាទី៧ផ្លុំត្រែចុងក្រោយរបស់ខ្លួន។ 
ទោះបីជាយ៉ាងណា ឥឡូវនេះ គ្រីស្ទបរិស័ទជាច្រើននៅតែបន្តជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មុនពេលសេចក្តីវេទនាដ៏ធំដដែល។ ដោយសារជំនឿរបស់ពួកគេគ្មានការត្រៀមជាស្រេចសម្រាប់ការមកដល់នៃគ្រោះកាច និងការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ ពួកគេពិតជានឹងចាញ់សង្រ្គាមខាងវិញ្ញាណរបស់ពួកគេជាមួយសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ក្លាយជាបាវបម្រើរបស់ពួកវា ហើយត្រូវវិនាសជាមួយលោកិយនេះ។ 
រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ គឺជាពេលវេលាសម្រាប់គ្រោះកាចនៃត្រែទាំង៧ ដែលផែនដីនេះនឹងត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រោះធម្មជាតិផ្សេងៗ។ មួយភាគបីនៃព្រះអាទិត្យ និងផ្កាយនឹងត្រូវងងឹត មួយភាគបីនៃព្រៃឈើត្រូវឆេះអស់ មួយភាគបីនៃ សមុទ្រប្រែទៅជាឈាម ដែលសម្លាប់មួយភាគបីនៃសត្វនៅក្នុងនោះ និងផ្កាយដុះកន្ទុយនឹងធ្លាក់ពីមេឃមក ដែលធ្វើឲ្យមួយភាគបីនៃទឹកក្លាយជាស្លែង ហើយជាលទ្ធផល មនុស្សជាច្រើននឹងស្លាប់ដោយការគ្រោះទាំងនេះ។ ដោយសារគ្រោះកាចទាំងនេះ ពិភពលោកនឹងប្រឈមនឹងភាពវឹកវរយ៉ាងខ្លាំង ដោយជាតិសាសន៍ផ្សេងៗក្រោកឡើងទាស់នឹងជាតិសាសន៍ដទៃទៀត ប្រទេសទាស់នឹងប្រទេស ហើយសង្រ្គាមផ្ទុះឡើងមិនឈប់ឈរនៅគ្រប់ទីកន្លែង។ 
ដូច្នេះ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមក ហើយដោះស្រាយបញ្ហាទាំងអស់នេះនៅក្នុងស្ថានភាពដ៏វឹកវរ មនុស្សជាច្រើននឹងដើរតាមវា ហើយព្រះនឹងនាំគ្រោះកាចដ៏សាហាវបំផុតមកលើផែនដីនេះ។
ពិភពលោកនេះនឹងមើលឃើញការលេចឡើងនៃអង្គការរួបរួមនយោបាយអន្តរជាតិមួយ ដែលជាប្រព័ន្ធគ្រប់គ្រងដែលស្វែងរកផលប្រយោជន៍រួមសម្រាប់ជាតិសាសន៍ទាំងអស់។ សហរដ្ឋអន្តរជាតិនេះនឹងធ្លាក់ទៅក្នុងដៃរបស់សាតាំង នៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមក ហើយប្រែក្លាយជារដ្ឋមួយដែលទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ អ្នកដឹកនាំសហរដ្ឋអន្តរជាតិនេះនឹងគ្រប់គ្រង ហើយសោយរាជ្យលើជាតិសាសន៍ទាំងអស់ ហើយជាចុងក្រោយ ធ្វើការងារក្នុងនាមជាអាទទឹងនឹងព្រះគ្រីស្ទ។ វាដែលធ្វើការដោយអំណាចរបស់សាតាំង គឺជាខ្មាំងសត្រូវរបស់ព្រះ និងជាបាវបម្រើម្នាក់របស់អារក្ស។ 
ឥឡូវនេះ អាទទឹងនឹងព្រះគ្រីស្ទបង្ហាញនិស្ស័យពិតរបស់វាហើយ ដោយរារាំងមនុស្សមិនឲ្យជឿលើព្រះដ៏ពិត ហើយបង្ខំមនុស្សឲ្យថ្វាយបង្គំវាទុកដូចជាព្រះ។ ដោយហេតុនេះ វានឹងធ្វើទីសម្គាល់ជាច្រើននៅចំពោះមនុស្ស ដោះស្រាយបញ្ហាលំបាក និងវឹកវរនៅក្នុងពិភពលោក ដោយអំណាចរបស់សាតាំង ហើយចាប់បានចិត្តរបស់មនុស្សគ្រប់គ្នា។ 
នៅទីបំផុត វានឹងធ្វើរូបព្រះតាមរូបរបស់វា ហើយបញ្ជាឲ្យមនុស្សថ្វាយរូបនោះទុកដូចជាព្រះ។ ហើយដើម្បីដាក់មនុស្សគ្រប់គ្នានៅក្រោមអំណាចគ្រប់គ្រងរបស់វា ក្នុងកំឡុងពេលសេចក្តីវេទនាដ៏ធំ វានឹងបង្ខំឲ្យមនុស្សទទួលយកសញ្ញារបស់វាដាក់នៅលើដៃស្តាំ ឬថ្ងាស ហើយហាមឃាត់អស់អ្នកដែលមិនមានសញ្ញានេះ ពីការទិញលក់គ្រប់ប្រភេទ។ ហើយវាក៏នឹងសម្លាប់អ្នកដែលបដិសេធមិនថ្វាយបង្គំវាផងដែរ ទោះបើអ្នកទាំងនោះមានគ្នាច្រើនយ៉ាងណាក៏ដោយ។ ដូច្នេះ អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងត្រូវទទួលសញ្ញា ហើយថ្វាយបង្គំសត្វនេះ។
ទោះបីយ៉ាងណា ពួកបរិសុទ្ធនឹងមិនចុះចូលនឹងអាទទឹងនឹងព្រះគ្រីស្ទ ឬទទួលយកសញ្ញារបស់វាឡើយ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ពួកគេ គ្មានអ្នកណាក្រៅពីព្រះ ដែលពួកគេអាចទទួលយកជាព្រះអម្ចាស់ ហើយថ្វាយបង្គំបានឡើយ។ ដូច្នេះ ពួកបរិសុទ្ធនឹងបដិសេធមិនថ្វាយបង្គំសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ និងធ្វើជាបាវបម្រើរបស់វាទេ ប៉ុន្តែស៊ូស្លាប់ដើម្បីជំនឿ ហើយយកឈ្នះលើពួកវាវិញ។ 
វិវរណៈ ១៣:១០ ប្រាប់យើងថា «បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ»។ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមក និងបង្ខំមនុស្សឲ្យទទួលយកសញ្ញារបស់វា រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំនឹងបានកន្លងផុតហើយ ហើយរយៈពេលបីឆ្នាំកន្លះចុងក្រោយនឹងបានចាប់ផ្តើម។ នេះគឺជាពេលវេលាដែលពួកបរិសុទ្ធត្រូវរងការបៀតបៀន និងការសម្លាប់ពីអាទទឹងនឹងព្រះគ្រីស្ទ។
ប៉ុន្តែព្រះអនុញ្ញាតឲ្យការចាប់យកអំណាចរបស់អាទទឹងនឹងព្រះគ្រីស្ទ និងការបៀតបៀនរបស់វាមកលើពួកបរិសុទ្ធ មានរយៈពេលខ្លីតែប៉ុណ្ណោះ ពីព្រោះព្រះអម្ចាស់នឹងបន្ថយពេលវេលានៃសេចក្តីវេទនាដ៏ធំ សម្រាប់ពួកបរិសុទ្ធរបស់ទ្រង់។ នៅពេលនេះ ពួកបរិសុទ្ធនឹងថ្វាយសិរីល្អដល់ព្រះ ដោយការតយុទ្ធនឹងអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីការពារជំនឿរបស់ខ្លួន និងយកឈ្នះលើវា ដោយទុក្ករកម្មរបស់ខ្លួន។
បន្ទាប់ពីបានឆ្លងកាត់រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំ ពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវតែបន្តនៅលើផែនដីនេះ រហូតដល់ពេលវេលានៃទុក្ករកម្មរបស់ពួកគេ គឺនៅពេលរយៈពេលបីឆ្នាំកន្លះចុងក្រោយនៃសេចក្តីវេទនាដ៏ធំចាប់ផ្តើម។ ដូច្នេះ ពួកគេត្រូវតែតយុទ្ធនឹងសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ហើយយកឈ្នះលើពួកវា ដោយ ជំនឿ។ ដូច្នេះហើយបានជាកណ្ឌគម្ពីរវិវរណៈប្រាប់យើងថា ព្រះនឹងប្រទានស្ថានសួគ៌ដល់អ្នកដែលយកឈ្នះ។ ដូច្នេះ មុនពេលរយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំកន្លងផុតទៅ ហើយអាទទឹងនឹងព្រះគ្រីស្ទលេចមក ពួកបរិសុទ្ធត្រូវតែធ្វើឲ្យជំនឿរបស់ខ្លួនបានរីកចម្រើននៅក្នុងពួកជំនុំនៃព្រះ ហើយនៅក្នុងការការពារ និងការដឹកនាំរបស់ព្រះអម្ចាស់។
ដូច្នេះ មនុស្សត្រូវតែបានរួចពីគោលលទ្ធិខុសឆ្គងរបស់សាតាំង ដែលមានពាសពេញនៅក្នុងសហគមន៍គ្រីស្ទបរិស័ទ ដែលហៅថា ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនសេចក្តីវេទនាដ៏ធំមកដល់ ហើយតាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ នៅពេលនេះ ពួកគេទាំងអស់គ្នាត្រូវតែទទួលបានការអត់ទោស សម្រាប់អំពើបាបទាំងអស់របស់ពួកគេ បានកើតជាថ្មី ហើយចូលរួមនៅក្នុងពួកជំនុំនៃព្រះ។ មានតែធ្វើដូច្នេះទេ ទើបជំនឿរបស់ពួកគេអាចរីកចម្រើន តាមរយៈពួកជំនុំនៃព្រះ សម្រាប់រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំបាន ហើយមានតែធ្វើដូច្នេះទេ ទើបពួកគេអាចមានជំនឿដែលអាចតយុទ្ធនឹងអាទទឹងនឹងព្រះគ្រីស្ទ ហើយស៊ូធ្វើទុក្ករកម្មរបស់ពួកគេបាន នៅពេលសេចក្តីវេទនាដ៏ធំមកដល់។