Search

Sermons

Subject 11 : រោងឧបោសថ

[11-2] ព្រះអម្ចាស់របស់យើង ដែលបានរងទុក្ខសម្រាប់យើង (អេសាយ ៥២:១៣-៥៣:៩)

ព្រះអម្ចាស់របស់យើង ដែលបានរងទុក្ខសម្រាប់យើង
(អេសាយ ៥២:១៣-៥៣:៩)
«មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់ មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះ ភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយ សេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។ តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នា ទៅលើទ្រង់ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។»
 

ឥឡូវនេះ ដំណឹងល្អកំពុងតែរីកផ្សាយ នៅទូទាំងពិភពលោក
 
សម័យនេះ ពិតជាកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទីបញ្ចប់ហើយ។ គ្រប់យ៉ាងកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទីបញ្ចប់ ចាប់ពីបញ្ហានយោបាយដល់បញ្ហាសេដ្ឋកិច្ច។ ជាពិសេស ខ្យល់សង្រ្គាមកំពុងតែបក់មកកាន់តែធំឡើងៗ ខណៈដែលប្រទេសមហាអំណាចនានានៅតែព្យាយាមពង្រីក ឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោកនេះ។ នៅក្បែរប្រទេសរបស់ខ្ញុំ ថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនកំពុងតែអភិវឌ្ឃអាវុធនុយក្លែអ៊ែរ ដែលកំពុងតែធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំង នៅក្នុងសហគមន៍អន្តរជាតិ។ នៅក្នុងពិភពលោកដែលគំរាមកំហែងដោយសង្រ្គាមបែបនេះ ខ្ញុំសង្ឃឹមថា គ្រប់គ្នាដែលពាក់ព័ន្ធនឹងជម្លោះទាំងនេះ នឹងអាចដោះស្រាយបញ្ហាទាំងអស់របស់ខ្លួន ដោយប្រាជ្ញា គឺមិនតាមសេចក្តីចំកួត ហើយឯកភាពជាមួយគ្នា ដើម្បីឲ្យគ្រប់គ្នាអាចមានភាពចម្រុងចម្រើនជាមួយគ្នាបាន។ 
យើងត្រូវតែអធិស្ឋានជារៀងរាល់ថ្ងៃ ដើម្បីឲ្យព្រះនឹងប្រទានពេលវេលាបន្ថែមទៀតដល់យើង ដើម្បីអនុញ្ញាតឲ្យយើងប្រកាសដំណឹងល្អកាន់តែខ្លាំងក្លា និងច្រើនបន្ថែមទៀត។ នេះមិនមានន័យថា ខ្ញុំភ័យខ្លាចចំពោះការស្លាប់នោះឡើយ ប៉ុន្តែដោយសារនៅមានប្រទេសមួយចំនួន ដែលដំណឹងល្អពិតមិនទាន់ត្រូវបានប្រកាសទៅដល់នៅឡើយ ហើយក៏មានប្រទេសមួយចំនួនទៀត ដែលដំណឹងល្អពិតកំពុងតែហៀបនឹងរីកលូតលាស់ហើយ នៅពេលនេះ។ បំណងចិត្តរបស់ខ្ញុំគឺថា យើងត្រូវបន្តប្រកាសដំណឹងល្អដើមឲ្យកាន់តែខ្លាំង នៅពេលវាកំពុងរីកដុះឡើង ពីព្រោះដំណឹងល្អនៅតែត្រូវតែការប្រកាសឲ្យកាន់តែខ្លាំងក្លា និងច្រើនបន្ថែមទៀត។ 
ពិតហើយ ព្រះធ្វើគ្រប់ការទាំងអស់សម្រាប់សេចក្តីល្អ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភអំពីគឺថា មនុស្សជាតិអាចមានសេចក្តីចំកួតខ្លាំងណាស់។ ពិតជាមានមនុស្សដែលគំរាមកំហែងជីវិតរបស់អ្នកដទៃ ខណៈដែលពួកគេមិនដឹងថា ខ្លួនពួកគេនឹងប្រឈមនឹងសេចក្តីស្លាប់របស់ពួកគេនៅពេលណា និងដោយរបៀបណាផង ហើយមនុស្សមួយចំនួនទៀតថែមទាំងព្យាយាមសម្លាប់រង្គាលមនុស្សគ្រប់គ្នាទៀតផង។ 
ខ្ញុំជឿថា ព្រះពិតជាគ្រប់គ្រងចិត្តរបស់អ្នកដឹកនាំទាំងអស់នៅក្នុងពិភពលោក ហើយខ្ញុំក៏ជឿផងដែរថា ទ្រង់នឹងប្រទានសន្តិភាពដល់យើង។ 
នៅសម័យនេះ ជនជាតិអ៊ីស្រាអែលនៅតែកំពុងតែរង់ចាំព្រះមែស៊ីដែលព្រះបានសន្យានឹងពួកគេនៅឡើយ។ ពួកគេត្រូវតែដឹងថា ព្រះមែស៊ីរបស់ពួកគេគឺជាព្រះយេស៊ូវនេះហើយ។ ពួកគេត្រូវតែជឿ និងទទួលស្គាល់ទ្រង់ជាព្រះមែស៊ី ដែលពួកគេបាន និងកំពុងតែរង់ចាំ។ នៅពេលអនាគតដ៏ខ្លី ដំណឹងល្អរបស់ព្រះអម្ចាស់នឹងចូលទៅដល់អ៊ីស្រាអែល ក៏ដូចជាប្រទេសដទៃទៀត ដែលទ្វារនៃដំណឹងល្អមិនទាន់បានបើកនៅឡើយ។ តាមការពិត ដំណឹងល្អកំពុងតែត្រូវបានប្រកាសនៅទូទាំងពិភពលោកនេះយ៉ាងខ្លាំងក្លា ហើយកំពុងតែរីកចម្រើននៅក្នុងសម័យចុងក្រោយនេះ។ 
មានគេប្រាប់ខ្ញុំថា មហាវិទ្យាល័យព្រះគម្ពីរនៅប្រទេសបង់ក្លាដេសបានយកសៀវភៅបោះពុម្ពជាភាសាអង់គ្លេសរបស់យើង ធ្វើជាការអានតម្រូវសម្រាប់និស្សិត ដើម្បីទទួលបានសញ្ញាប័ត្ររបស់ពួកគេ។ ដោយបានជួបនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាលើកដំបូង ឥឡូវនេះ និស្សិតនៅមហាវិទ្យាព្រះគម្ពីរនេះ នឹងទទួលបានការអត់ទោសដល់អំពើបាបរបស់ពួកគេ មុនពេលពួកគេមានឱកាសស្ងើចសរសើរទៅទៀត។ 
ដូច្នេះ ជាដំបូង ខ្ញុំសង្ឃឹមថា ទេវវិទូទាំងអស់នៅក្នុងពិភពលោក នឹងទទួលបានការអត់ទោសបាប ដោយការស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយយើងដែលបានទទួលការអត់ទោសបាបមុនពួកគេ ត្រូវតែបន្តអធិស្ឋានដោយឥតឈប់ឈរ ដើម្បីឲ្យការនេះកើត ឡើង។ យើងមិនត្រឹមតែអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវតែរស់នៅដោយសេចក្តីជំនឿផងដែរ។ 
 

ព្រះមែស៊ីបានយាងមកផែនដីនេះ ប្រហែលជា៧០០ឆ្នាំ បន្ទាប់ពីទំនាយរបស់ហោរាអេសាយ
 
ហោរាអេសាយ គឺជាហោរាម្នាក់ ដែលបានរស់នៅប្រហែល៧០០ឆ្នាំ មុនកំណើតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ។ ទោះបីជាគាត់ពិតជាបានរស់នៅមុនការយាងមករបស់ព្រះយេស៊ូវគ្រីស្ទរយៈពេល៧០០ឆ្នាំក៏ដោយ ក៏ដោយសារគាត់បានដឹងការជាច្រើនអំពីព្រះមែស៊ី ហោរា អេសាយបានទាយអំពីរបៀបទាំងអស់ដែលព្រះមែស៊ីនឹងយាងមក និងអំពីរបៀបទាំងអស់ដែលទ្រង់នឹងបំពេញព្រះរាជកិច្ចសង្រ្គោះរបស់ទ្រង់ ទុកដូចជាគាត់បានមើលឃើញព្រះមែស៊ីដោយភ្នែករបស់គាត់ផ្ទាល់អញ្ចឹង។ ចាប់ពី អេសាយ ៥២:១៣ និងជំពូក៥៣ និង៥៤ទាំងមូល ហោរា អេសាយបានបន្តទាយយ៉ាងលម្អិត អំពីរបៀបដែលព្រះមែស៊ីនឹងសង្រ្គោះមនុស្សជាតិចេញពីបាប។ វាពិតជាអស្ចារ្យណាស់ ដែលគាត់បានទាយយ៉ាងត្រឹមត្រូវបំផុតថា ព្រះយេស៊ូវគ្រីស្ទពិតជានឹងយាងមកផែនដីនេះ ទទួលផ្ទុកអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីនាំសេចក្តីសង្រ្គោះមកដល់មនុស្សគ្រប់គ្នា។ ហើយរយៈពេល៧០០ឆ្នាំបន្ទាប់ពីការទាយរបស់ហោរាអេសាយ ព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមកផែនដីនេះ និងបានបំពេញសម្រេចព្រះរាជកិច្ចទាំងអស់របស់ទ្រង់ ដូចដែលគាត់បានទាយមែន។ 
ហោរាអេសាយបានទាយថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ហើយបំពេញព្រះរាជកិច្ចរបស់ទ្រង់ ដោយប្រាជ្ញា។ អេសាយ ៥២ :១៣ ប្រាប់ថា «មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់»។ ដោយសារព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ហើយដោយសារបានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់អាចលះបង់ព្រះជន្មទ្រង់នៅលើឈើឆ្កាងបាន ហើយដូច្នេះ បានទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់មនុស្សជាតិទាំងមូល។ ដូចដែលហោរាអេសាយបានទាយ គ្រប់យ៉ាងត្រូវបានដោះស្រាយ ដោយប្រុងប្រយ័ត្ន។ ដោយសារព្រះយេស៊ូវបានដោះស្រាយដោយប្រុងប្រយ័ត្ន អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានដោះចេញ ហើយព្រះនាមទ្រង់ថ្កើងឡើងយ៉ាងខ្ពស់ ជាមួយការកោតខ្លាច និងសរសើរតម្កើង គឺគ្រប់ទាំងអស់ស្របតាមអ្វីដែលត្រូវបានទាយទុកជាមុន។ ដូច្នេះ អ្វីដែលហោរាអេសាយបានទាយអំពីព្រះគ្រីស្ទ ពិតជាក្លាយជាការពិតមែន។ 
ទោះបីជាយ៉ាងណា នៅពេលព្រះអម្ចាស់យាងមកផែនដីនេះ ជនជាតិអ៊ីស្រាអែលមិនបានទទួលស្គាល់ទ្រង់ឲ្យបានត្រឹមត្រូវឡើយ។ ទោះបីជាព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលផ្ទុកអំពើបាបរបស់លោកិយនេះ និងរបស់សាសន៍អ៊ីស្រាអែលផង បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញក៏ដោយ ក៏ជនជាតិ អ៊ីស្រាអែលមិនបានជឿលើបុណ្យជ្រមុជរបស់ព្រះមែស៊ី ឬលើព្រះលោហិតទ្រង់ឡើយ។ តាមការពិត សាសន៍អ៊ីស្រាអែលមិនបានទទួលស្គាល់ថា ព្រះមែស៊ីនេះបានប្រសូតមកក្នុងជាតិសាសន៍របស់ពួកគេរួចហើយឡើយ ហើយថា តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ ទ្រង់មិនគ្រាន់តែបានដោះស្រាយអំពើបាបរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែអំពើបាបរបស់មនុស្សជាតិទាំងមូលផងដែរ។ ពួកគេមិនបានទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទនេះគឺពិតជាព្រះរាជបុត្រានៃព្រះ ដែលជាព្រះមែស៊ីពិតប្រាកដរបស់ជនជាតិអ៊ីស្រាអែលឡើយ។ ដូច្នេះ ឥឡូវនេះ សាសន៍អ៊ីស្រាអែលត្រូវតែដឹងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវគឺពិតជាព្រះមែស៊ី ដែលពួកគេបាន និងកំពុងតែរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
 


ការរងទុក្ខរបស់ព្រះយេស៊ូវការជាការដោះបាប របស់លោកិយនេះចេញ

 
នៅពេលព្រះយេស៊ូវយាងមកផែនដីនេះ ទ្រង់ពិតជាបានរងទុក្ខយ៉ាងក្រៃលែងលើសពីការបរិយាយ។ ដូចដែលកត់ត្រាទុកក្នុង អេសាយ ៥៣ ព្រះមែស៊ីពិតជាមនុស្សដែលរងទុក្ខម្នាក់។ ដោយការទទួលផ្ទុកអំពើបាបយ៉ាងច្រើនរបស់យើង ទ្រង់បានរងទុក្ខយ៉ាងខ្លាំងក្រៃលែង រហូតដល់ព្រះគម្ពីរប្រាប់យើងថា យើងបានទាំងលាក់មុខរបស់យើងពីទ្រង់ទៀតផង។ 
ប៉ុន្តែមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដែលបានទទួលស្គាល់ព្រះយេស៊ូវជាព្រះមែស៊ី។ ដោយសារទ្រង់បានទទួលការរងទុក្ខយ៉ាងខ្លាំងក្រៃលែងពីមនុស្សនៅសម័យរបស់ទ្រង់ មនុស្សជាច្រើនមិនបានទទួលស្គាល់ និងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះឡើយ។ ព្រះអម្ចាស់ពិតជាបានយាងមកផែនដីនេះ ដោយស្តាប់តាមបំណងព្រះហឫទ័យព្រះវរបិតា ដើម្បីបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់លោកិយនេះ ហើយដើម្បីបំពេញសម្រេចព្រះរាជកិច្ចនេះ ទ្រង់ពិតជាបានទទួលរងការកៀបសង្កត់យ៉ាងខ្លាំងក្រៃលែង។ ដែលទ្រង់យាងមកក្នុងនាមជាមនុស្សម្នាក់តាមរូបអង្គទ្រង់ មកផែនដីដែលទ្រង់បានបង្កើត មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែទ្រង់ត្រូវតែទទួលរងការប្រមាថមើលងាយ ការចំអក ការកៀបសង្កត់ និងការវាយធ្វើបាបយ៉ាងខ្លាំងក្រៃលែង រហូតដល់ព្រះគម្ពីរប្រាប់យើងថា យើងបានលាក់មុខរបស់យើងពីទ្រង់ ពីព្រោះការរងទុក្ខនេះមានភាពធ្ងន់ធ្ងរ ពេក។ ផ្ទុយពីការទទួលបានការគោរពកោតខ្លាចក្នុងនាមជាព្រះមែស៊ី ទ្រង់ត្រូវបានគេប្រមាថមើលងាយ និងកៀបសង្កត់ ទុកដូចជាទ្រង់ឆ្ងួតលីលា អញ្ចឹង។ ដូចដែលយើងបែរមុខរបស់យើងចេញ នៅពេលយើងមើលឃើញមនុស្សម្នាក់ត្រូវបានគេធ្វើបាប និងបន្ថោក ព្រះមែស៊ីត្រូវបានគេធ្វើទុក្ខនៅចំពោះស្នាព្រះហស្តរបស់ទ្រង់ផ្ទាល់ យ៉ាងខ្លាំងក្រៃលែង រហូតដល់សាសន៍អ៊ីស្រាអែលនៅសម័យនោះបានបែរមុខចេញពីទ្រង់។ 
នៅពេលព្រះយាងមកផែនដីនេះ តើទ្រង់មានសភាពដូចម្តេច? នៅពេលព្រះមែស៊ីយាងមកផែនដីនេះ ទ្រង់ពិតជាដូចឫសដែលពន្លកចេញពីដីហួតហែង។ នៅក្នុងន័យផ្សេង យើងគ្មានអ្វីច្រើន ដែលត្រូវនិយាយអំពីរូបរាងខាងក្រៅរបស់ទ្រង់ឡើយ។ ហើយបើសិនយើងប្រៀបធៀបព្រះ អម្ចាស់ជាមួយខ្លួនយើង ព្រះមែស៊ីមិនសង្ហារ ឬមានភាពទាក់ទាញឡើយ។ រូបរាងខាងក្រៅរបស់ព្រះមែស៊ីរបស់យើងគ្មានអ្វីដែលត្រូវអួតនោះឡើយ។ 
នៅពេលព្រះមែស៊ីយាងមកផែនដីនេះ រូបរាងទ្រង់គ្មានសម្រស់ស្រស់សង្ហារ ដែលធ្វើឲ្យយើងចូលចិត្ត ឬកោតខ្លាចទ្រង់ឡើយ។ ប៉ុន្តែក្រៅពីរូបរាងរបស់ទ្រង់ ព្រះមែស៊ីបានទទួលដាក់ដៃលើពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា បានបង្ហូរព្រះលោហិត និងសុគត ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដោយសារព្រះមែស៊ីនេះបានទទួលផ្ទុកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទើបទ្រង់អាចជាប់ឆ្កាង ហើយបង្ហូរព្រះលោហិតសម្រាប់យើងបាន។ 
អេសាយ ៥៣:៣ និយាយថា «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»។ ដោយសារព្រះមែស៊ីរបស់យើងត្រូវតែយាងមកផែនដីនេះ ហើយដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលយកការដាក់ដៃលើ និងការបង្ហូរព្រះលោហិតរបស់ទ្រង់ ទ្រង់ពិតជាត្រូវទទួលរងការធ្វើទុក្ខបែបដូច្នេះពីសំណាក់ពួកអ៊ីស្រាអែល និងពួកទាហានរ៉ូម៉ាំង។ 
 

ការសង្កត់សង្កិនលើព្រះមែស៊ីត្រូវបានទាយទុក ប្រហែល៧០០ឆ្នាំមុន
 
ការដែលព្រះមែស៊ីនឹងត្រូវយាងមកផែនដីនេះ ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ត្រូវបានហោរាអេសាយទាយទុកប្រហែល៧០០ឆ្នាំ មុនកំណើតរបស់ព្រះគ្រីស្ទ។ ដូចដែលហោរាអេសយបានទាយអំពីការយាងមករបស់ព្រះមែស៊ី ព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមកផែនដីនេះមែន។ ព្រះយេស៊ូវដែលជាព្រះមែស៊ី បានបន្ទាបអង្គទ្រង់មកប្រសូតតាម រយៈស្ត្រីក្រមុំព្រហ្មចារីម្នាក់នៅក្នុងក្រោលសត្វ បានទទួលផ្ទុកអំពីបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួលពីលោក យ៉ូហាន-បាទ្ទីស បានយាងទៅឯឈើឆ្កាង ដែលជាកន្លែងដែលទ្រង់បង្ហូរព្រះលោហិតទ្រង់ និងសុគតសម្រាប់សេចក្តីសង្រ្គោះយើង ហើយនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
ដូចដែលនៅថ្ងៃធួននឹងបាប គេដាក់ដៃនៅលើក្បាលរបស់តង្វាយយញ្ញបូជា ហើយបង្ហូរឈាមរបស់វា (លេវីវិន័យ ១៦) នៅពេលអំពើបាបពេញមួយឆ្នាំត្រូវបានធួន ព្រះយេស៊ូវពិតជាទទួលផ្ទុកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួលពីលោកយ៉ូហាន ហើយបានបង្ហូរព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង ដែលគ្រប់ទាំងអស់ស្របតាមព្រះបន្ទូលទំនាយ។ បន្ទាប់ពីទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវប្រឈមនឹងទុក្ខលំបាកក្នុងកំឡុងព័ន្ធកិច្ចសាធារណៈរយៈពេលបីឆ្នាំរបស់ទ្រង់។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវដែលជាព្រះមែស៊ី បានសុគតនៅលើឈើឆ្កាង ដោយសារអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោក យ៉ូហាន ហើយនេះក៏ជាមូលហេតុដែលទ្រង់ត្រូវបានគ្រប់គ្នាមើលងាយ បៀតបៀន និងសង្កត់សង្កិន។ តាមការពិត មនុស្សមិនគ្រាន់តែបានបដិសេធថា ព្រះយេស៊ូវគឺជាព្រះមែស៊ីប៉ុណ្ណោះទេ ប៉ុន្តែពួកយូដា និងពួក រ៉ូម៉ាំងមួយចំនួនបានស្អប់ និងបៀតបៀនព្រះយេស៊ូវយ៉ាងខ្លាំងក្រៃលែងទៀតផង។ ពួកគេបានស្អប់ និងបដិសេធទ្រង់យ៉ាងដាច់ខាត។ 
ព្រះយេស៊ូវពិតជាបានទទួលផ្ទុកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន-បាទ្ទីស ហើយបន្ទាប់មក ទ្រង់បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះវរបិតា ព្រះមែស៊ីបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ទ្រង់ត្រូវអាក្រាត និងត្រូវបានគេវាយ និងស្តោះដាក់នៅលើឈើឆ្កាង។ មនុស្សទាំងអស់នៅជុំវិញនៅពេលនេះ បានប្រមាថ និងចំអកដាក់ទ្រង់ថា «បើសិនអ្នកគឺពិតជាព្រះរាជបុត្រានៃព្រះមែន ចូរចុះមក ហើយជួយសង្រ្គោះខ្លួនអ្នកចុះ!»។ 
នៅពេលព្រះយេស៊ូវចាប់ផ្តើមព្រះជាកិច្ចជាសាធារណៈរបស់ទ្រង់ជាមួយបុណ្យជ្រមុជ ទ្រង់ពិតជាត្រូវទទួលការរងទុក្ខយ៉ាងច្រើនពីមនុស្សជាតិ។ ទោះបីជាព្រះយេស៊ូវគ្រីស្ទរែកអំពើបាបរបស់លោកិយនេះ ដោយបុណ្យជ្រមុជរបស់ទ្រង់សម្រាប់មនុស្សជាតិក៏ដោយ ក៏មនុស្សនៅសម័យនោះមិនអាចយល់ពីការនេះបានដែរ ប៉ុន្តែបែរជាស្អប់ទ្រង់ដែលយាងមកក្នុងនាមជាព្រះមែស៊ីរបស់ពួកគេ បៀតបៀនទ្រង់ឥតឈប់ឈរ ធ្វើទុក្ខដល់ទ្រង់យ៉ាងខ្លាំង បដិសេធ និងប្រមាថទ្រង់។ តាមការពិត ព្រះយេស៊ូវដែលជាព្រះមែស៊ីត្រូវបានគេស្អប់យ៉ាងខ្លាំង រហូតដល់ព្រះគម្ពីរប្រាប់យើងថា នៅលើផែនដីនេះ គេប្រព្រឹត្តដាក់ទ្រង់ដូចជាដង្កូវអញ្ចឹង។ 
តាមការពិត អ្នកមិនដឹងថា ពួកផារ៉ាស៊ីបានស្អប់ព្រះយេស៊ូវខ្លាំងយ៉ាងណាទេ។ ពួកផារ៉ាស៊ីទាំងនេះមិនអាចអនុគ្រោះឲ្យព្រះមែស៊ីនេះបានឡើយ ពីព្រោះទ្រង់ហាក់ដូចជាគំរាមកំហែដល់ងភាពជាអ្នកដឹកនាំ និងប្រជាប្រិយភាពរបស់ពួកគេ។ ដូច្នេះ ពួកគេស្អប់ព្រះយេស៊ូវ តែងតែស្វែងរកកំហុសរបស់ទ្រង់ និងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារទ្រង់ដោយផ្ទាល់ គ្រប់ពេលដែលគម្រោងការរបស់ពួកគេបរាជ័យ។ ព្រះមែស៊ីត្រូវប្រឈមនឹងការបដិសេធ និងការប្រមាថគ្រប់ប្រភេទ ដែលពេញទៅដោយសេចក្តីស្អប់ និងសេចក្តីអាក្រក់។ ដូច្នេះ ហោរាអេសាយបានទាយអំពីរបៀបដែលព្រះយេស៊ូវនឹងត្រូវរងការសង្កត់សង្កិន។ ដូច្នេះ ចេញពីបទទំនាយលម្អិតរបស់ហោរាអេសាយ កាលពី៧០០ឆ្នាំមុនការយាងមករបស់ព្រះយេស៊ូវ អំពីរបៀបដែលមនុស្សប្រព្រឹត្តដាក់ព្រះយេស៊ូវនៅលើផែនដីនេះ។ 
 


តើមនុស្សបានជឿព្រះយេស៊ូវដ៏ជាព្រះមែស៊ីដែលបានយាងមកដោយទឹក និងព្រះលោហិតទេ?


ទោះបីជាយ៉ាងណា ក្រៅពីការសង្កត់សង្កិននេះ ព្រះយេស៊ូវដ៏ជាព្រះមែស៊ីបានធ្វើ និងបំពេញព្រះរាជកិច្ចរបស់ទ្រង់យ៉ាងស្ងាត់ស្ងៀម។ ឥឡូវនេះ ជនជាតិអ៊ីស្រាអែល និងមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកនេះត្រូវតែដឹង និងជឿថា ព្រះមែស៊ីគឺជាព្រះយេស៊ូវគ្រីស្ទ។ ដើម្បីដោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែល និងមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកនេះចេញ ព្រះមែស៊ីពិតជាបានទទួលបុណ្យជ្រមុជ តាមរបៀបនៃការដាក់ដៃលើ បានសុគតនៅលើឈើឆ្កាង និងបានរងទុក្ខយ៉ាងខ្លាំងក្រៃលែង ហើយដោយការធ្វើដូច្នេះ ទ្រង់បានសង្រ្គោះអ្នកជឿដែលលើព័ន្ធកិច្ចរបស់ទ្រង់ ចេញពីអំពើបាបទាំងអស់របស់ពួកគេ ហើយបានទទួលស្គាល់ជំនឿរបស់ពួកគេថា ពេញលេញ។ ទោះបីជាព្រះមែស៊ីពិតជាបានយាងមកផែនដីនេះដោយបន្ទាបអង្គទ្រង់ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីដោះអំពើបាបរបស់មនុស្សគ្រប់គ្នាចេញក៏ដោយ ក៏ចំនួនអ្នកដែលបានជឿលើទ្រង់ មានតិចតួចដែរ។ ដើម្បីយើងបានរស់ យើងត្រូវតែជឿថា ព្រះយេស៊ូវគឺពិតជាព្រះអង្គសង្រ្គោះ និងព្រះមែស៊ីដ៏ពិតរបស់យើង ហើយទ្រង់គឺជាព្រះមែស៊ីរបស់សាសន៍អ៊ីស្រាអែល និងមនុស្សជាតិទាំងមូល។
ទោះបីជាព្រះយេស៊ូវពិតជាបានទទួលផ្ទុកអំពើបាបរបស់យើង តាម រយៈបុណ្យជ្រមុជ ហើយបានរងទុក្ខសោក ជម្ងឺ និងបណ្តាសារបស់យើងក៏ដោយ ក៏មនុស្សមួយចំនួនអាចគិតថា «តើទ្រង់បានប្រព្រឹត្តអំពើបាបអ្វី ដែលត្រូវប្រឈមនឹងការសង្កត់សង្កិនបែបនេះ?»។ ប៉ុន្តែតាមការពិត ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះដែលឥតមានបាបសោះ។ តាមរយៈការទទួលផ្ទុកអំពើបាបទាំងអស់របស់យើង ព្រះមែស៊ីបានរងទុក្ខ សេចក្តីវេទនា បណ្តាសា និងការសង្កត់សង្កិនជំនួសយើង។ ហើយតាមរយៈការរងទុក្ខរបស់ទ្រង់រយៈពេល៣៣ឆ្នាំនៃព្រះជន្មទ្រង់នៅលើផែនដីនេះ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
នៅពេលនោះ នៅពេលស្តាប់ឮព្រះបន្ទូលព្រះតាមរយៈហោរា អេសាយ តើមនុស្សបានជឿលើព្រះយេស៊ូវដ៏ជាព្រះមែស៊ី ដែលបានយាងមកដោយទឹក និងព្រះវិញ្ញាណដែរទេ? ហើយតើអ្នកណាបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងកំពុងតែប្រកាសនៅពេលនេះ? សូម្បីតែឥឡូវនេះ ក៏មានមនុស្សជាច្រើន ដែលមិនចាប់អារម្មណ៍ចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ ទោះបើពួកគេអះអាងថា ពួកជឿព្រះយេស៊ូវក៏ដោយ។
នៅក្នុងបទគម្ពីរមេនៅទីនេះ ហោរាអេសាយកំពុងតែទាយថា ព្រះរាជបុត្រានៃព្រះនឹងយាងមកផែនដីនេះ ប្រព្រឹត្តដោយប្រាជ្ញា ទទួលផ្ទុកអំពើបាបទាំងអស់របស់យើង និងទទួលទោសជំនួសយើង ដើម្បីសង្រ្គោះ យើង។ ប៉ុន្តែមនុស្សមិនច្រើនទេ ដែលបានទទួលសេចក្តីពិតដែលទ្រង់បានសម្រេចបាន។ ទោះបីជាយ៉ាងណា ខ្ញុំប្រាកដក្នុងចិត្តថា ចាប់ពីពេលនេះតទៅ មនុស្សទាំងអស់ពីជាតិសាសន៍ទាំងអស់នឹងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីរបស់ខ្លួន ហើយលើកតម្កើងទ្រង់។ តើឥឡូវនេះ អ្នកដឹងថា ព្រះយេស៊ូវដែលជាព្រះមែស៊ីត្រូវរងការសង្កត់សង្កិន ដោយសារអំពើបាបរបស់សាសន៍អ៊ីស្រាអែល ដោយសារអំពើបាបរបស់អ្នក និងខ្ញុំ និងដោយសារអំពើបាបរបស់មនុស្សជាតិទាំងមូលដែរទេ? ដូច្នេះ ហោរាអេសាយដែលចង់ឲ្យអ្នកដឹង និងជឿលើសេចក្តីពិតនេះ បានទាយអំពីព័ន្ធកិច្ចរបស់ព្រះមែស៊ីតាមរបៀបនេះ។ 
 

ព្រះមែស៊ីដូចជាឫសដែលពន្លកចេញពីដីហូតហែង

ហោរាអេសាយ បានទាយពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះមែស៊ីថា កាលណាទ្រង់យាងមកផែនដីនេះ ទ្រង់នឹងយាងមកក្នុងសណ្ឋានគួរឲ្យអាណិត។ ហោរាអេសាយបាននិយាយថា ព្រះមែស៊ីនឹង «បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង» (អេសាយ ៥៣:២)។ នៅពេលទ្រង់យាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ទ្រង់មិនមែនជាម្នាក់ដែលមនុស្សចូលចិត្តនោះទេ។ ទ្រង់មិនមែនជាបុរសខ្ពស់មានសាច់ដុំធំ និងស្រស់សង្ហារ ដូចជាលោក Arnold Schwarzenegger ឬលោក Sylvester Stallone នោះទេ។ តាមការពិត ទ្រង់មានមាឌតូច ហើយបើសិនយើងសម្លឹងមើលទ្រង់ យើងពិតជាសោកស្តាយ និងអាណិតទ្រង់។ ប៉ុន្តែព្រះបន្ទូលទ្រង់គឺដូចជាដាវមុខពីរយ៉ាងមុតអញ្ចឹង។ 
ព្រះយេស៊ូវដែលជាព្រះមែស៊ី មិនគ្រាន់តែមានរូបរាងខាងក្រៅអន់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏គ្មានទ្រព្យសម្បត្តិដែរ។ លោកយ៉ូសែបដែលជាឪពុកខាងសាច់ឈាមរបស់ទ្រង់ គឺគ្រាន់តែជាជាងឈើម្នាក់ប៉ុណ្ណោះ។ គ្រួសារមួយដែលត្រូវបានផ្គត់ផ្គង់ ដោយជាងឈើម្នាក់ មិនមានទ្រព្យសម្បត្តិហូរហៀរឡើយ ពីព្រោះជាងឈើអាចផ្គត់ផ្គង់ជីវភាពបាន លុះត្រាតែគាត់ខិតខំធ្វើការងារធ្ងន់។ 
ហើយព្រះមែស៊ីក៏មិនបានទៅសាលាផងដែរ នៅពេលទ្រង់យាងមកផែនដីនេះ។ ហើយដូច្នេះ ពួកផារ៉ាស៊ីបានព្យាយាមចំអកដាក់ទ្រង់ ប៉ុន្តែពួកគេមិនអាចធ្វើដូច្នេះបានឡើយ ពីព្រោះវាកាន់តែបង្ហាញថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះរាជបុត្រានៃព្រះមែន។ ព្រះយេស៊ូវមិនដែលចូលសាលារបស់លោកកាម៉ាលាល ដែលជាសាលាដ៏ល្បីល្បាញបំផុតរបស់សាសន៍យូដានៅសម័យនោះ ដែលមានអ្នកប្រាជ្ញច្បាប់ដ៏អស្ចារ្យបំផុតឈ្មោះ កាម៉ាលាល កំពុងតែបង្រៀនច្បាប់។ នៅសាលានេះ សិស្សម្នាក់ៗអាចរៀនច្បាប់ពីគ្រូច្បាប់ល្អៗ ដើម្បីរៀនពីចំណេះដឹងខាងលោកិយនេះ និង ក្រិត្យវិន័យផង។ ប៉ុន្តែព្រះយេស៊ូវមិនបានទទួលការហ្វឹកហ្វឺននៅក្នុងសាលានេះឡើយ។ មិនមានកំណត់ត្រាថា ទ្រង់បានចូលសាលាណាមួយឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គ្មានអ្វីអំពីក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះមែស៊ីមិនបានដឹងនោះឡើយ ហើយកន្លែងដែលព្រះគម្ពីរសញ្ញាចាស់បង្រៀនអំពីព្រះមែស៊ី ទ្រង់កាន់តែចេះពូកែ និងមានជំនឿខ្លាំងអស្ចារ្យជាងអ្នកណាៗទាំងអស់ទៅទៀត។ ហើយគ្មានអ្វីដែលទ្រង់បានមានបន្ទូល ដែលមិនសមហេតុសមផល ឬខុសពីក្រិត្យវិន័យរបស់ព្រះសោះឡើយ។ 
 

ហេតុអ្វីព្រះមែស៊ីត្រូវរងការសង្កត់សង្កិន ការអាម៉ាស់ និងការប្រមាថ?

ដើម្បីធ្វើជាព្រះមែស៊ីពិតប្រាកដសម្រាប់ជនជាតិអ៊ីស្រាអែល និងដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ ហើយពួកគេធ្វើជារាស្ត្ររបស់ព្រះ ព្រះមែស៊ីរបស់យើងបានយាងមកផែនដីនេះ ហើយស្ម័គ្រព្រះទ័យទទួលរងការរងទុក្ខ ការប្រមាថ ការចំអក និងការជេរប្រទេចទាំងអស់។ ការរងទុក្ខ និងការស្អប់ ដែលព្រះមែស៊ីពិតជាបានឆ្លងកាត់ សម្រាប់ជាប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែល គឺជាការលះបង់ និងការសង្កត់សង្កិនយ៉ាងខ្លាំងក្រៃលែង។ ការសង្កត់សង្កិនដែលព្រះមែស៊ីបានទទួលរងជំនួសយើង គឺជាការរងទុក្ខដ៏ធំមួយ រហូតដល់យើងបែរមុខរបស់យើងចេញពីទ្រង់។ ដោយសារព្រះយេស៊ូវគឺជាព្រះមែស៊ីដែលនឹងសង្រ្គោះយើងចេញពីអំពើបាប និងការជំនុំជម្រះ ទ្រង់ពិតជារំដោះយើងចេញពីអំពើបាបរបស់យើង តាមរយៈការទទួលរងការសង្កត់សង្កិន និងការប្រមាថមើលងាយយ៉ាងខ្លាំងក្រៃលែងនៅចំពោះមុខមនុស្សគ្រប់ប្រភេទ។ ដូច្នេះ ព្រះគ្រីស្ទត្រូវបានមនុស្សសង្កត់សង្កិនទ្រង់នៅក្នុងលោកិយនេះ។ 
ដោយសារព្រះយេស៊ូវដែលជាព្រះមែស៊ី ត្រូវបានសង្កត់សង្កិន និងប្រមាថមើលងាយយ៉ាងខ្លាំងក្រៃលែង មនុស្សនៅសម័យនោះមិនអាចសម្លឹងមើលទ្រង់បានទេ។ យើងមិនត្រូវភ្លេចថា ទោះបីជាព្រះយេស៊ូវបានយាងមកជាព្រះមែស៊ីរបស់អ្នក និងខ្ញុំ និងមនុស្សជាតិទាំងមូល ដើម្បីបំពេញសម្រេចតួនាទី និងព្រះរាជកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ត្រូវបានគេសង្កត់សង្កិនយ៉ាងសាហាវព្រៃផ្សៃដែរ ហើយតាមរយៈការរងទុក្ខបែបនេះ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាប និងទោសនៃបាបរបស់យើង។ 
ទោះបីជានៅពេលព្រះយេស៊ូវជាប់ឆ្កាងក៏ដោយ ក៏មនុស្សមិនបានឈប់ចំអកឲ្យទ្រង់ដែរ៖ «ហេតុអ្វីឯងមិនចុះពីលើឈើឆ្កាងមក? បើសិនឯងគឺពិតជាព្រះរាជបុត្រានៃព្រះមែន ចូរចុះពីលើឈើឆ្កាងមក។ តើឯងគឺជាព្រះរាជបុត្រានៃព្រះបានយ៉ាងដូចម្តេច? បើសិនឯងគឺពិតជាព្រះរាជបុត្រានៃព្រះមែន ចូរចុះមក ហើយជួយចោរដែលជាប់ឆ្កាងនៅក្បែរឯង ផង។ ប៉ុន្តែចូរចុះមក ហើយជួយខ្លួនឯងជាមុនសិនទៅ!»។ ហើយពួកគេបានបន្តចំអកឲ្យទ្រង់ថា «អូ ហេតុអ្វីឯងមិនប្រែដុំថ្មនេះឲ្យទៅជានំប៉័ងទៅ? បើសិនឯងគឺពិតជាព្រះរាជបុត្រានៃព្រះមែន ចូរបង្ហាញភស្តុតាងដល់យើងមក! ចូរបង្ហាញភស្តុតាងដល់យើងមក ដើម្បីឲ្យយើងអាចជឿបាន។ បើសិនឯងមិនអាចធ្វើដូច្នេះបានទេ តើឯងគឺជាព្រះមែស៊ីប្រភេទអ្វីទៅ? គួរឲ្យអាណោចអាធ័មណាស់!»។ 
ដូច្នេះ មនុស្សបានប្រមាថមើលងាយ បដិសេធ និងចំអកដាក់ទ្រង់ឥតឈប់ឈរ។ ពួកគេបានសម្រាតទ្រង់ បានទះកំផ្លៀងទ្រង់ និងបានស្តោះដាក់ទ្រង់ទៀតផង។ ព្រះគ្រីស្ទទទួលរងការចំអក ការបន្ទាប និងការប្រមាថមើលងាយដ៏ព្រៃផ្សៃបំផុត ដែលមិនធ្លាប់មើលឃើញពីមុនមក ហើយក៏នឹងមិនដែលមើលឃើញម្តងទៀតដែរ។ ហើយទ្រង់ក៏បានទទួលទោស ដោយការជាប់ឆ្កាង ដែលឧក្រិដ្ឋជនដ៏អាក្រក់បំផុតសមនឹងទទួល នៅពេលនោះ។ ទ្រង់ត្រូវបានពួកទាហានវាយនឹងរំពាត់ ទាំងព្រះហស្ត និងព្រះបាតរបស់ទ្រង់ត្រូវបានដំភ្ជាប់ទៅលើឈើឆ្កាង ហើយទ្រង់បានហូរលោហិតទាំងអស់ពីព្រះកាយរបស់ទ្រង់។ 
ព្រះយេស៊ូវពិតជាទទួលរងការប្រមាថមើលងាយ ការឈឺចាប់ និងការសង្កត់សង្កិនទាំងអស់នេះ ដើម្បីឲ្យទ្រង់អាចបំពេញសម្រេចព័ន្ធកិច្ចរបស់ទ្រង់ ក្នុងនាមជាព្រះមែស៊ី សម្រាប់ជាប្រយោជន៍ដល់យើង។ តាម រយៈការសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលផ្ទុកអំពើបាប បណ្តាសា និងជម្ងឺ និងទណ្ឌកម្មនៃបាបទាំងអស់របស់យើង។ ទ្រង់បានទទួលរងការសង្កត់សង្កិនទាំងអស់ជំនួសយើង ដែលអ្នក និងខ្ញុំសមនឹងទទួល ហើយសម្រាប់ជាប្រយោជន៍ដល់យើង ទ្រង់ថែមទាំងបានលះបង់ព្រះជន្មទ្រង់ទៀតផង។ ឥឡូវនេះ ព្រះមែស៊ីនេះបានធ្វើជាព្រះអង្គសង្រ្គោះសម្រាប់អ្នកដែលជឿថា ព្រះយេស៊ូវគឺពិតជាព្រះអង្គសង្រ្គោះ។ ទ្រង់ស្ម័គ្រព្រះទ័យធ្វើជាព្រះមែស៊ីរបស់យើង។ ទ្រង់បានយាងមកផែនដីនេះ តាមបំណងព្រះហឫទ័យព្រះវរបិតាទ្រង់ ហើយបានទទួលផ្ទុកអំពើបាប និងទណ្ឌកម្មនៃបាបរបស់យើងនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើង!
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ តើអ្នកគិតថា វាងាយស្រួលសម្រាប់ព្រះយេស៊ូវ ដែលទ្រង់ទទួលការរងទុក្ខ និងការអាម៉ាស់ទាំងអស់នេះនៅចំពោះមនុស្សទាំងនេះឬ? បើសិនយើងគឺជាទ្រង់វិញ គឺបើសិនយើងត្រូវប្រឈមនឹងការប្រមាថមើលងាយ ការសម្រាត ការប្រទេច ទារុណ្ឌកម្ម និងការជាប់ឆ្កាងនៅចំពោះមុខគ្រួសារ ប្តីប្រពន្ធ អ្នកជាទីស្រឡាញ់របស់យើង និងខ្មាំងសត្រូវរបស់យើងផង នោះយើងនឹងពិតជាត្រូវឆ្ងួតលីលានៅមុនពេលស្លាប់ហើយ! ប៉ុន្តែព្រះគ្រីស្ទបានជាប់ឆ្កាង ដើម្បីឲ្យគ្រប់គ្នាអាចមើលឃើញការអាម៉ាស់មិនពីជ្រុងម្ខាងទេ ប៉ុន្តែពីលើខ្ពស់ ដើម្បីឲ្យទាំងអស់គ្នាអាចចង្អុល និងស្តោះដាក់ទ្រង់បាន។ 
នៅមុនការជាប់ឆ្កាង ព្រះគ្រីស្ទបានប្រឈមនឹងទុក្ខលំបាករឹតតែខ្លាំងទៅទៀត។ មុនពេលដំព្រះយេស៊ូវភ្ជាប់ទៅលើឈើឆ្កាង មនុស្សបានធ្វើឲ្យប្រាកដថា ទ្រង់នឹងទទួលការរងទុក្ខគ្រប់ប្រភេទ។ ពួកគេបាននាំទ្រង់មកចំពោះហ្វូងមនុស្ស ហើយកាត់ទោសទ្រង់នៅចំពោះវត្តមានរបស់ពួកគេ ហើយអ្នកបម្រើរបស់សម្តេចសង្ឃម្នាក់បានស្តោះដាក់ទ្រង់ និងបានទះកំផ្លៀងទ្រង់។ គេបានស្តោះដាក់ទ្រង់! មនុស្សបានទះកំផ្លៀងទ្រង់ បានវាយទ្រង់នឹងរំពាត់ និងបានចោលទ្រង់នឹងដុំថ្ម! ដូច្នេះ ព្រះយេស៊ូវដែលជាព្រះមែស៊ីបានឆ្លងកាត់ការសង្កត់សង្កិនទាំងអស់នេះ សម្រាប់ជាប្រយោជន៍ដល់យើង!
ព្រះគម្ពីរប្រាប់យើងថា ទ្រង់បានរងការកៀបសង្កត់សម្រាប់យើង។ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ» (អេសាយ ៥៣:៥)។ ព្រះមែស៊ីបានរងទុក្ខដូច្នេះ ដើម្បីឲ្យទ្រង់អាចសង្រ្គោះមនុស្សទាំងអស់បាន រួមទាំងសាសន៍អ៊ីស្រាអែលផង ចេញពីអំពើបាប និងទោសនៃអំពើបាបរបស់ពួកគេ។ ព្រះមែស៊ីបានដោះអំពើបាបរបស់លោកិយនេះ និងទណ្ឌកម្មនៃបាប ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានបំពេញព័ន្ធកិច្ចរបស់ទ្រង់ក្នុងនាមជាព្រះមែស៊ី ដោយការរងការកៀបសង្កត់ពីរាស្ត្ររបស់ទ្រង់ផ្ទាល់ ពួកទាហានរ៉ូម៉ាំង និងមនុស្សពីជាតិសាសន៍ផ្សេងៗទៀត។ 
ព្រះបានកំណត់ថា ព្រះមែស៊ីនឹងសង្រ្គោះមនុស្សទាំងនេះ ដែលបានទាស់ប្រឆាំងនឹងទ្រង់ ចេញពីអំពើបាបទាំងអស់របស់ពួកគេ គឺគ្រប់ទាំងអំពើបាបដែលមនុស្សជាតិទាំងមូលបានប្រព្រឹត្ត ហើយដូចដែលបានទាយ ព្រះយេស៊ូវពិតជាបានយាងមកផែនដីនេះក្នុងនាមជាព្រះមែស៊ី បានរងការកៀបសង្កត់ ហើយបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសនៃអំពើបាបរបស់យើង ដោយការបង្ហូរព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់។ 
យើងបានសង្រ្គោះចេញពីបាប និងទោសនៃបាប ដោយការជឿលើព្រះមែស៊ី និងដោយសារការសងថ្លៃនៃយញ្ញបូជា។ ដោយសារព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានរងការកៀបសង្កត់ទាំងនេះ ឥឡូវនេះ យើងត្រឡប់ជាឥតបាប ហើយដោយសារព្រះមែស៊ីនេះបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់យើង នោះយើងអាចទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះ និងការអត់ទោសបាប ហើយបានធ្វើជាកូនរបស់ព្រះ ដោយការជឿដោយចិត្តរបស់យើង។ ហើយដោយសារព្រះមែស៊ី យើងអាចធ្វើជាមនុស្សដែលមានសុភមង្គលបែបនេះបាន។ 
យើងត្រូវតែអរព្រះគុណដល់ព្រះមែស៊ី សម្រាប់ការប្រទាន សុភមង្គលនេះដល់យើង និងសម្រាប់ការប្រទានព្រះពររបស់ទ្រង់ដល់ យើង។ សេចក្តីសង្រ្គោះដែលព្រះមែស៊ីបានប្រទានឲ្យយើង គឺតាមរយៈជំនឿរបស់យើង ពីព្រោះយើងមិនបានថ្វាយតង្វាយណាមួយដល់ទ្រង់ឡើយ ប៉ុន្តែទ្រង់ផ្ទាល់ដែលបានប្រទានតង្វាយដ៏មានតម្លៃទៅចំពោះព្រះ វរបិតាវិញ។ យើងត្រូវតែជឿថា ព្រះអង្គទ្រង់ពិតជាបានសង្រ្គោះយើង ដោយការរងទុក្ខ និងការរងការកៀបសង្កត់ទាំងអស់នេះ ហើយយើងត្រូវតែអរព្រះគុណដល់ទ្រង់សម្រាប់ការលះបង់របស់ទ្រង់។
 
 
ឱអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយបែរមកជឿព្រះយេស៊ូវគ្រីស្ទវិញចុះ

ឥឡូវនេះ ជនជាតិអ៊ីស្រាអែលត្រូវតែប្រែចិត្ត និងជឿថា ព្រះយេស៊ូវដ៏ជាព្រះមែស៊ីគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ រហូតមកដល់វេលានេះ សាសន៍អ៊ីស្រាអែលនៅតែមិនទទួលស្គាល់ថា ព្រះមែស៊ីរបស់ពួកគេបានយាងមករួចហើយនោះទេ។ ដូចដែលគ្រប់យ៉ាងត្រូវបានទាយដោយហោរាអេសាយថា ព្រះមែស៊ីដែលជាអ្នកបម្រើរបស់ព្រះ នឹងយាងមកផែនដីនេះ ហើយដូចដែលព្រះបន្ទូលទំនាយនេះបានប្រាប់យើងជាមុនថា ព្រះមែស៊ីនេះដែលត្រូវយាងមកនេះ នឹងសង្រ្គោះយើង ដោយការទទួលផ្ទុកអំពើបាបទាំងអស់របស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវគ្រីស្ទពិតជាបានបំពេញសម្រាប់ព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងអស់របស់ទ្រង់។ ដូច្នេះ ឥឡូវនេះ ជនជាតិអ៊ីស្រាអែលត្រូវតែត្រឡប់មកស្គាល់ និងជឿតាមសេចក្តីពិតនេះ។ ពួកគេត្រូវតែទទួលស្គាល់អំពើបាបដែលជនជាតិរបស់ពួកគេបានធ្វើ ដោយការចាប់ព្រះយេស៊ូវឆ្កាង។ ហើយពួកគេត្រូវតែទទួលខ្លួនឯងថា ពួកគេគឺជាមនុស្សមានបាបពីកំណើត ហើយដោយការជឿលើព្រះមែស៊ីនេះ ពួកគេត្រូវតែបានសង្រ្គោះចេញពីអំពើបាប និងទោសនៃអំពើបាបរបស់ពួកគេ។ 
ឥឡូវនេះ គ្មានព្រះមែស៊ីណាផ្សេងទៀតឡើយ។ ព្រះយេស៊ូវគ្រីស្ទបានយាងមកជាព្រះមែស៊ីរួចទៅហើយ ហើយដូច្នេះ គ្មានព្រះមែស៊ីណាផ្សេងទៀតឡើយ។ តើពិតជាអាចមានព្រះមែស៊ីណាផ្សេងទៀតបានយ៉ាងដូចម្តេច? ហើយតើអាចមានព្រះអង្គសង្រ្គោះណាផ្សេងទៀតបានយ៉ាងដូចម្តេច? នៅពេលអនាគត នៅពេលជនជាតិអ៊ីស្រាអែលប្រឈមនឹងទុក្ខលំបាកកាន់តែខ្លាំង តើពួកគេនឹងសង្ឃឹមដល់តារាវីរៈបុរសហូលីវូត ដូចជាមនុស្សពីងពាង លេចមកធ្វើជាព្រះមែស៊ីរបស់ពួកគេឬ?
ចាប់ពីពេលនេះតទៅ សាសន៍អ៊ីស្រាអែលត្រូវតែទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីរបស់ខ្លួន។ ពួកគេត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទពិតជាព្រះមែស៊ីពិតប្រាកដរបស់ពួកគេមែន។ ព្រះមែស៊ីរបស់ពួកគេបានយាងមកផែនដីនេះកាលពីជាង២០០០ឆ្នាំមុនរួចហើយ ហើយដើម្បីទទួលផ្ទុកអំពើបាបរបស់ពួកគេ និងយកពួកធ្វើជាកូនពិតប្រាកដរបស់លោក អ័ប្រាហាំ ទ្រង់បានទទួលបុណ្យជ្រមុជ ដូចដែលពួកគេត្រូវកាត់ស្បែក ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីឲ្យពួកគេអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណ។ ព្រះមែស៊ីបានធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់ជនជាតិអ៊ីស្រាអែល ដោយការទទួលយកអំពើបាបរបស់ពួកគេ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ការលីឈើឆ្កាង និងការកៀបសង្កត់រហូតដល់បង្ហូរព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
សាសន៍អ៊ីស្រាអែលត្រូវតែប្រែចិត្តជឿលើព្រះមែស៊ី។ ឥឡូវនេះ ពួកគេត្រូវតែទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីរបស់ពួកគេ។ អ្វីដែលមិនទាន់បានបំពេញសម្រេចគឺថា ជនជាតិអ៊ីស្រាអែលជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ពួកគេត្រូវតែដឹងថា ព្រះមែស៊ីដែលហោរាអេសាយបានទាយ គឺជាព្រះយេស៊ូវគ្រីស្ទនេះហើយ។ ពួកគេត្រូវតែដឹង និងជឿថា ព្រះអង្គដែលត្រូវបានទាយនេះគឺជាព្រះយេស៊ូវទ្រង់ផ្ទាល់នេះហើយ។ បទទំនាយទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវបានបំពេញសម្រេច តាមរយៈព្រះយេស៊ូវគ្រីស្ទ គឺគ្មានសល់អក្សរ ឬក្បៀសណាមួយឡើយ។ បទគម្ពីរមេខាងលើក៏បាននិយាយផងដែរថា ជាតិសាសន៍ជាច្រើននឹងទទួលបានសេចក្តីប្រោសលោះ។ 
អេសាយ ៥២:១៤-១៥ និយាយថា «មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង) នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្តីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ»។ 
ដោយសារការយាងមកផែនដីនេះ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងច្រើន ដែលធ្ងន់ធ្ងរលើសជាងការរងទុក្ខរបស់ឧក្រិដ្ឋជនទាំងអស់នៅលើផែនដីនេះ ដែលត្រូវបានគេកាត់ទោសប្រហារជីវិតទៅទៀត។ ទ្រង់បានលះបង់អង្គទ្រង់ ដោយការទទួលការរងទុក្ខ និងការឈឺចាប់ខ្លាំងជាងឧក្រិដ្ឋជនទាំងអស់នៅលើផែនដីនេះ គឺដើម្បីយកមនុស្សជាតិទាំងមូលធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ ទ្រង់បានសង្រ្គោះរាស្រ្តរបស់ទ្រង់ ដែលនឹងទទួលការអត់ទោសបាប ដោយការជឿលើទ្រង់។ នេះហើយគឺជារបៀបដែលទ្រង់បានសង្រ្គោះពួកគេ។ 
មនុស្សនឹងស្តាប់ឮដំណឹងល្ឌដ៏អស្ចារ្យអំពីសេចក្តីសង្រ្គោះ ដែលពួកគេមិនធ្លាប់បានស្តាប់ឮ ឬមើលឃើញពីមុន។ ហើយនៅទីបំផុត អស់អ្នកដែលនៅតែមិនបានស្តាប់ឮថា ព្រះមែស៊ីគឺជាព្រះយេស៊ូវគ្រីស្ទ ពិតជានឹងស្តាប់ឮ និងជឿតាម។
 


ព្រះយេស៊ូវគឺជាព្រះមែស៊ី ដែលបានយាងមកម្តង ហើយនឹងយាងមកម្តងទៀត


នៅថ្ងៃនេះ យើងកំពុងតែឆ្ពោះទៅកាន់ថ្ងៃចុងក្រោយហើយ។ វានឹងជាសម័យនៃសេចក្តីស្លាប់ និងទុក្ខវេទនាដ៏ធំ។ ប៉ុន្តែអ្នកដែលជឿលើព្រះ មែស៊ី ពិតជាមិនខ្លាចចំពោះសេចក្តីស្លាប់ឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងតែរង់ចាំដល់សុភមង្គលនៃស្ថានសួគ៌ និងការរស់ពីស្លាប់ឡើងវិញរបស់ពួកគេ។ ហើយដែលភាពងងឹងកំពុងតែគ្របលើផែនដីនេះ មិនមានន័យថា យើងដែលជាមនុស្សសុចរិត ក៏ត្រូវងងឹតដែរនោះឡើយ។ កាលណាដំណឹងល្អនេះត្រូវបានប្រកាសចប់សព្វគ្រប់ហើយ ព្រះមែស៊ីពិតជានឹងយាងមកវិញ។ 
ព្រះយេស៊ូវគ្រីស្ទដែលជាព្រះមែស៊ី បានយាងមកផែនដីនេះក្នុងនាមជាកូនចៀមនៃព្រះ និងតង្វាយយញ្ញបូជា ហើយទ្រង់បានអនុញ្ញាតឲ្យព្រះកាយទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងលះបង់ព្រះជន្មទ្រង់នៅលើឈើឆ្កាង។ ដូចជាចៀមនៅចំពោះអ្នកកាត់រោមខ្លួន ព្រះយេស៊ូវដ៏ជាព្រះមែស៊ីបានទទួលផ្ទុកអំពើបាបរបស់យើងយ៉ាងស្ងៀមស្ងាត់ បានប្រឈមនឹងទុក្ខលំបាកដ៏ធំ ដោយការទទួលយកការជំនុំជម្រះបាបរបស់យើងនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយដូច្នេះ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍សម្រាប់អ្នកដែលជឿលើទ្រង់។ 
នៅពេលនោះ មនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានដឹងថា ព្រះមែស៊ីគឺជាព្រះយេស៊ូវគ្រីស្ទ។ មានមនុស្សមួយចំនួនតូច ដែលបានដឹងថា ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះមែស៊ីរបស់យើង ដោយការប្រសូតយ៉ាងស្ងៀមស្ងាត់មកក្នុងលោកិយនេះ កាលពីជាង២០០០ឆ្នាំមុន ការធ្វើបន្ទាល់ពីដំណឹងល្អអំពីនគរព្រះសម្រាប់រយៈពេលបីឆ្នាំកន្លះ បន្ទាប់ពីបុណ្យជ្រមុជរបស់ទ្រង់ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ មនុស្សមួយចំនួនតូចដែលបានស្វែងរក និជឿលើព្រះ បានធ្វើបន្ទាល់ថា ព្រះអម្ចាស់របស់យើងគឺពិតជាព្រះមែស៊ី ដែលបានបំពេញសម្រេចព្រះរាជកិច្ចទាំងអស់របស់ទ្រង់ ដោយស្ងៀមស្ងាត់មែន។ 
អ្នកបម្រើរបស់ព្រះទាំងអស់បានប្រកាសនៅទូទាំងលោកិយទាំងមូលពីដំណឹងល្អថា ព្រះមែស៊ីបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការយាងមកផែនដីនេះ និងការរងទុក្ខ។ តាមការពិត ព្រះកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអង្គទ្រង់ផ្ទាល់ ដោយការប្រទានមធ្យោបាយបោះពុម្ពផ្សាយ ដោយការរំកិលប្រវត្តិសាស្ត្រពិភពលោក និងដោយការធ្វើឲ្យជាតិសាសន៍ដែលប្រកាសដំណឹងល្អនេះបានខ្លាំង និងសំបូរសប្បាយ។ 
«ព្រះយេស៊ូវគឺជាព្រះមែស៊ី។ ព្រះយេស៊ូវគឺជាព្រះមែស៊ី។ ព្រះយេស៊ូវគឺជាព្រះមែស៊ី! បើសិនអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះមែស៊ី អ្នកនឹងបានសង្រ្គោះ។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវគឺជាព្រះ អាទិករដែលបានបង្កើតចក្រវាលទាំងមូល។ ទ្រង់គឺជាព្រះ។ ទ្រង់គឺជាព្រះមែស៊ីដ៏ជាព្រះអង្គសង្រ្គោះរបស់យើង។» ពួកអ្នកបម្រើរបស់ព្រះបានបន្តប្រកាសទៅកាន់មនុស្សថា ព្រះយេស៊ូវគឺជាព្រះមែស៊ី ហើយក៏ប្រកាសផងដែរអំពីបុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
យុវជនអ៊ីស្រាអែលមួយចំនួនតូចបានដឹងថា កាលពីជាង២០០០ឆ្នាំមុន បុរសវ័យក្មេងយេស៊ូវបានមកផែនដីនេះ ហើយថា នៅពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ នៅពេលនោះ មានតែពួកសិស្សរបស់ព្រះយេស៊ូវផ្ទាល់ប៉ុណ្ណោះ ដែលបានដឹងថា ទ្រង់គឺជាព្រះមែស៊ី ហើយការដឹងនេះត្រូវបានចែកចាយទៅកាន់មនុស្សមួយចំនួនតូច ដែលកោតខ្លាចព្រះតែប៉ុណ្ណោះ ហើយអ្នកផ្សេងៗទៀតនៅតែមិនបានដឹងពី សេចក្តីពិតឡើយ។ ជាសរុប មានពួកបរិសុទ្ធចំនួនប្រហែល៥០០នាក់ (១កូរិនថូស ១៥:៦) នៅក្នុងជាតិសាសន៍អ៊ីស្រាអែល ដែលបានដឹងថា ព្រះយេស៊ូវបាននាំអំពើបាបរបស់លោកិយនេះទៅលើឈើឆ្កាង បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ប៉ុន្តែអ្នកផ្សេងទៀតមិនបានដឹងពីការពិតនេះឡើយ។ 
នៅថ្ងៃទី៥០ ចាប់ពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ពីសុគតរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធពិតជាបានយាងមកសណ្ឋិតលើពួកសិស្សរបស់ទ្រង់មែន។ នៅពេលពួកសិស្សរបស់ព្រះគ្រីស្ទកំពុងតែអធិស្ឋាននៅក្នុងបន្ទប់ខាងលើ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ ធ្វើឲ្យពួកគេនិយាយភាសាដទៃ និងធ្វើបន្ទាល់ថា ព្រះមែស៊ីគឺជាព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកសិស្សរបស់ទ្រង់លែងខ្លាចសេចក្តីស្លាប់ ហើយបានធ្វើបន្ទាល់យ៉ាងក្លាហានថា «ព្រះយេស៊ូវគឺជាព្រះមែស៊ី។ ព្រះមែស៊ីគឺជាព្រះអង្គសង្រ្គោះរបស់យើង។ ព្រះយេស៊ូវដែលមានព្រះជន្មរស់ពីសុគតឡើងវិញ គឺជាព្រះមែស៊ីរបស់យើង»។ ដូច្នេះ នៅពេលនោះ មនុស្សជាច្រើនបានជឿ។
តាមរយៈព្រះយេស៊ូវដែលជាព្រះមែស៊ី ព្រះពិតជាបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់ និងទោសនៃអំពើបាបរបស់យើងមែន។ ដោយសារទ្រង់បានរងទុក្ខយ៉ាងខ្លាំងក្រៃលែង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង និងការជំនុំជម្រះ យើងពិតជាត្រូវតែជឿលើទ្រង់។ ហើយអ្នកដែលមិនជឿ ត្រូវតែបែរមកប្រែចិត្តជឿដូច្នោះ។ ហើយយើងទាំងអស់គ្នាត្រូវតែប្រកាសសេចក្តីពិតនេះដោយជំនឿ។ 
តាមការពិត ឥឡូវនេះ ជនជាតិអ៊ីស្រាអែលកំពុងតែស្ថិតនៅក្នុង ស្ថានភាពតានតឹងយ៉ាងខ្លាំង។ ដូច្នេះ ពួកគេត្រូវតែស្តាប់ឮព្រះបន្ទូលអំពីរោងឧបោសថនេះ ដែលព្រះពិតជាបានមានបន្ទូលទៅកាន់ពួកគេ។ ឥឡូវនេះ យើងក៏កំពុងតែឈានចូលទៅដល់ថ្ងៃចុងក្រោយហើយដែរ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជាក្នុងរោងឧបោសថ ពិតជានឹងធ្វើដំណើរតាមផ្លូវទៅដល់ជនជាតិអ៊ីស្រាអែល។ ហើយពួកគេនឹងជឿផងដែរថា ព្រះយេស៊ូវគ្រីស្ទពិតជាព្រះមែស៊ីដែលព្រះបានមានបន្ទូលប្រាប់ពួកគេ។ 
ព្រះបានប្រាប់ជនជាតិអ៊ីស្រាអែលរួចហើយអំពីប្រព័ន្ធថ្វាយយញ្ញបូជា ហើយពួកគេបានជឿតាមវា។ តាមការពិត ពួកគេនៅតែចង់ថ្វាយតង្វាយទៅកាន់ព្រះ ដែលស្របតាមប្រព័ន្ធថ្វាយតង្វាយក្នុងរោងឧបោសថនេះ។ ក្នុងចំណោមសាសន៍អ៊ីស្រាអែល នៅតែមានអ្នកមូលដ្ឋានគ្រឹះនិយមមួយចំនួន ដែលរស់នៅក្នុងទីរហោស្ថាននៅឡើយ។ សូម្បីតែឥឡូវនេះ ពួកគេរស់នៅក្នុងទីរហោស្ថាន ហើយថ្វាយតង្វាយតាមរបៀបនេះ។ នៅក្នុងន័យផ្សេង ពួកគេកំពុងតែថ្វាយតង្វាយ ដែលត្រូវបានថ្វាយនៅក្នុងរោងឧបោសថពីមុនរួចហើយ។ ប្រហែល ពួកគេគឺជាពូជពង្សរបស់លោក អើរ៉ុន។ ដើម្បីរក្សាប្រពៃណីរបស់ដូនតារបស់ពួកគេ ពួកគេកំពុងតែរស់នៅក្នុងទីរហោស្ថាន មិននៅក្នុងទីក្រុងទេ។ ទោះបីជាពួកគេគឺជាសាសន៍ អ៊ីស្រាអែលក៏ដោយ ក៏យើងត្រូវតែប្រកាសផងដែរ អំពីព្រះបន្ទូលអំពីរោងឧបោសថ ដែលព្រះមែស៊ីបានយាងមកឯយើង និងបានសង្រ្គោះយើង ដោយសារជំនឿរបស់យើងរួច។
យើងត្រូវតែអរព្រះគុណដល់ព្រះយេស៊ូវ សម្រាប់ការយាងមកផែនដីនេះធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដោយការរងទុក្ខ និងការទទួលទោសជំនួសយើង ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសនៃអំពើបាប។ 
 

សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់

ការពិតថា យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់ និងការជំនុំជម្រះបាប មិនកើតឡើង ដោយសារសំណាងល្អ ទុកដូចជាដោយសារការបញ្ជូនសំបុត្រដោយចៃដន្យនោះទេ។ សេចក្តីសង្រ្គោះរបស់យើងមិនមែនជាសំបុត្រដែលបន្តប្រាប់យើងថា យើងត្រូវតែបញ្ជូនសំបុត្រនេះទៅកាន់មនុស្ស២០នាក់ ពីព្រោះបើមិនដូច្នេះទេ យើងនឹងជួបគ្រោះហើយ។ ហើយសេចក្តីសង្រ្គោះនៃការអត់ទោសបាបរបស់យើងក៏មិនដូចជាផ្សាយពាណិជ្ជកម្មទិញនំភិស្សាពីរថែមមួយ ដែលយើងអាចហៅទូរស័ព្ទ ហើយបរិភោគឆ្ងែតតាមចិត្តរបស់យើងនោះដែរ។ 
ប៉ុន្តែសេចក្តីសង្រ្គោះរបស់យើងបានកើតឡើង ដោយសារព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់ដល់កាន់យើង ដោយសារការផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់ និងដោយការអនុញ្ញាតឲ្យទ្រង់រងទុក្ខ និងការសង្កត់សង្កិនសម្រាប់អំពើបាបទាំងអស់របស់យើង។ នេះគឺជាមូលហេតុដែលអ្នក នឹងខ្ញុំត្រូវតែជឿយ៉ាងអស់ពីចិត្តលើទ្រង់ និងអរព្រះគុណដល់ ទ្រង់។ បើសិនយើងដឹងពីរបៀបដែលសេចក្តីសង្រ្គោះរបស់យើងកើតឡើង នោះយើងមិនអាចបោះបង់វាចោល ដូចជាស្បែកជើងចាស់មួយគូ ឬសម្ភារៈបាក់បែក ឬព្រងើយកន្តើយចំពោះវា ទុកដូចជាវាជារបស់អ្នកដទៃបាននោះឡើយ។ 
តើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលមិនទាន់បានទទួលបានការអត់ទោសបាប ទោះបើកំពុងតែចូលរួមក្នុងពួកជំនុំព្រះក៏ដោយឬទេ? ហើយតើមានអ្នកណាដែលពិតជាមិនទាន់បានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរទេ? បើសិនជាមានមែន ពួកគេទាំងអស់ត្រូវតែប្រែចិត្ត និងជឿលើព្រះមែស៊ី ដើម្បីកុំឲ្យយឺតពេល។ បើសិនអ្នកវង្វេង ហើយមិនដឹងត្រូវដើរតាមផ្លូវណា ចូរជឿតាមព្រះបន្ទូលនៃសេចក្តីពិត ដោយអស់ពីចិត្តរបស់អ្នក។ អ្នកដែលមិនជឿ កំពុងតែបដិសេធសេចក្តីស្រឡាញ់របស់ព្រះរាជបុត្រានៃព្រះ ដែលបានសង្រ្គោះពួកគេ តាមរយៈការទទួលយកការរងទុក្ខទាំងអស់សម្រាប់ពួកគេផ្ទាល់។ អ្នកដែលមើលស្រាល និងបដិសេធគុណតម្លៃនៃសេចក្តីស្រឡាញ់របស់ទ្រង់ នឹងត្រូវ បណ្តាសា។ ព្រះគម្ពីរប្រាប់យើងថា «ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់» (បទចម្រៀងសាឡូម៉ូន ៨:៦)។ សេចក្តីស្រឡាញ់របស់ព្រះមានកំឡាំងខ្លាំងអស្ចារ្យ ដែលនាំទណ្ឌកម្មដ៏សាហាវបំផុតមកលើអ្នកដែលបដិសេធវា។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា បើសិនអ្នកណាស្លាប់ដោយនៅតែមានបាប គាត់នឹងទទួលរងការឈឺចាប់ដ៏សាហាវនៅស្ថាននរក។ សេចក្តីស្អប់ដ៏សាហាវដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់។ ដោយសារព្រះមែស៊ីបានស្រឡាញ់អ្នកខ្លាំងយ៉ាងនេះ ដោយទ្រង់ទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតទ្រង់ និងរងទុក្ខគ្រប់យ៉ាង ដើម្បីសង្រ្គោះអ្នក បើសិនអ្នកមិនជឿ និងបដិសេធសេចក្តីស្រឡាញ់នេះ អ្នកពិតជានឹងទទួលរងការឈឺចាប់ដ៏សាហាវនេះ។ ហើយវាគឺជាស្ថាននរកនោះហើយ។ 
ដូច្នេះ ព្រះបានមានបន្ទូលថា «ហើយដោយព្រោះបានតំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ» (ហេព្រើរ ៩:២៧)។ នៅពេលយើងស្លាប់ សាច់ឈាមរបស់យើងនឹងបញ្ចប់ ប៉ុន្តែនៅចំពោះព្រះ វាមិនមែនជាចុងបញ្ចប់របស់យើងទេ។ ដើម្បីធ្វើទុក្ខយ៉ាង សាហាវដល់អ្នកដែលបដិសេធសេចក្តីស្រឡាញ់របស់ព្រះ ព្រះបានធ្វើឲ្យពួកគេនៅរស់ជារៀងរហូត ដោយមិនចេះស្លាប់ ហើយទ្រង់ពិតជានឹងនាំការរងទុក្ខដ៏សាហាវបំផុតមកលើពួកគេ។ នៅក្នុងន័យផ្សេង ទ្រង់ពិតជានឹងបោះពួកគេចូលទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ហើយធ្វើឲ្យពួកគេរងទុក្ខនៅទីនោះអស់កល្បជានិច្ច។ ការរងទុក្ខដ៏សាហាវនេះគឺជា សេចក្តីសម្អប់ដ៏សាហាវរបស់ព្រះ។ តើអ្នកគិតថា ព្រះនឹងមិនអាចធ្វើការដូច្នេះទេឬ? ចូរកុំភ្លេចថា គ្មានអ្វីដែលព្រះធ្វើមិនបាននោះឡើយ!
សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះសម្រាប់យើង តាមរយៈការរងទុក្ខសម្រាប់យើង បានសង្រ្គោះយើងចេញពីបណ្តាសា អំពើបាប និងទោសទាំងអស់របស់យើង។ អ្វីដែលអាចដោះស្រាយបញ្ហាទាំងអស់របស់អ្នកបាន គឺជាសេចក្តីស្រឡាញ់របស់ព្រះមែស៊ីនេះហើយ។ តាមការពិត គ្មានអ្វីដែលធំជាងសេចក្តីស្រឡាញ់របស់ព្រះមែស៊ីឡើយ។ បើសិនមិនមានជំនឿលើព្រះមែស៊ីនេះទេ សេចក្តីស្រឡាញ់របស់ព្រះមិនអាចជារបស់យើងបានឡើយ។ សេចក្តីស្រឡាញ់នេះត្រូវបានប្រទានឲ្យយើង ដោយព្រះដែលបានធ្វើជាព្រះមែស៊ីរបស់យើង ហើយព្រះវរបិតាទ្រង់បានបញ្ជូនទ្រង់មកកាន់យើង។ ព្រះត្រៃឯកដ៏មានគ្រប់អំណាចព្រះចេស្តាបានស្រឡាញ់យើងតាមរបៀបនេះ ហើយដូច្នេះ បានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង។ ដូច្នេះហើយបានជាយើងត្រូវតែជឿលើព្រះមែស៊ី អរព្រះគុណដល់ទ្រង់ ថ្វាយសិរីល្អដល់ទ្រង់ និងស្កប់ចិត្តចំពោះជំនឿរបស់យើងលើព្រះមែស៊ីនេះ។ 
យើងពិតជាអរព្រះគុណយ៉ាងខ្លាំង ដែលព្រះមែស៊ីបានប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនអ្នកណាម្នាក់មិនដឹងថា សេចក្តីស្រឡាញ់នេះមានតម្លៃប៉ុណ្ណា និងគ្មានអ្វីក្នុងលោកិយនេះអាចប្តូរបាននោះទេ គាត់ពិតជាមនុស្សល្ងង់ខ្លៅបំផុតហើយ។ តើការរងទុក្ខ និងសេចក្តីវេទនាខ្លាំងបែបណា ដែលព្រះអម្ចាស់របស់យើងបានទទួលសម្រាប់យើង? ដោយសារយើងអរព្រះគុណសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ ទោះបើយើងមិនគ្រប់លក្ខណ៍ក៏ដោយ ក៏យើងនៅតែថ្វាយ កម្លាំងដែលនៅសេសសល់ទាំងអស់របស់យើង ទៅចំពោះការប្រកាស សេចក្តីស្រឡាញ់នេះ ទៅកាន់អ្នកដទៃដែលមិនទាន់បានស្គាល់សេចក្តីស្រឡាញ់នេះដែរ។ 
ដើម្បីធ្វើការងាររបស់ព្រះ យើងក៏ត្រូវតែប្រឈមនឹងទុក្ខលំបាក និងការរងទុក្ខផងដែរ។ យើងមិនអាចខិតខំឲ្យខ្លួនឯងបានចម្រុងចម្រើនបាននោះឡើយ។ បើសិនយើងពិតជាបានសង្រ្គោះ ដោយការទទួលបាន សេចក្តីស្រឡាញ់នៃយញ្ញបូជា និងការពាក់សេចក្តីស្រឡាញ់នេះ យើងក៏ត្រូវតែចែករំលែកសេចក្តីស្រឡាញ់នេះជាមួយអ្នកដទៃផងដែរ។ ដូចដែលព្រះយេស៊ូវគ្រីស្ទបានប្រឈមនឹងទុក្ខលំបាកទាំងអស់របស់ទ្រង់ ដើម្បីដោះអំពើបាបរបស់យើងចេញ មិនដោយសេចក្តីស្រឡាញ់ខាងសាច់ឈាមទេ ប៉ុន្តែដោយសេចក្តីស្រឡាញ់ពិតរបស់ទ្រង់ យើងក៏ត្រូវតែធ្វើការងាររបស់ទ្រង់នៅក្នុងជំនឿផងដែរ ដោយស្ម័គ្រចិត្តប្រឈមនឹងទុក្ខលំបាក ការកៀបសង្កត់ សម្អប់ ការរងទុក្ខ និងការប្រមាថមើលងាយ បើសិនទាំងនេះមានន័យថា អ្នកដទៃក៏នឹងទទួលបានការអត់ទោសបាបផងដែរ។ យើងត្រូវតែប្រឈមនឹងសម្អប់ នៅក្នុងព្រះនាមនៃសេចក្តី ស្រឡាញ់។ បើសិនអ្នក និងខ្ញុំពិតជាបានទទួលការអត់ទោសបាបមែន នោះខ្ញុំជឿថា ចិត្តរបស់យើងពិតជាមានសេចក្តីស្រឡាញ់បែបនេះហើយ។ 
អ្នកដែលបានកើតជាថ្មី ដែលពិតជាស្គាល់ថា ពីមុន ពួកគេគឺជាអ្នកណា ហើយសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវខ្លាំង និងអស្ចារ្យយ៉ាងណា បង្កើតផលផ្លែ។ អ្នកដែលបានសង្រ្គោះ គឺជាដើមដែលបង្កើតផលផ្លែនៃសេចក្តីសង្រ្គោះ «ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា» (ម៉ាថាយ ១២:៣៣)។ មុនពេលអ្នកបានសង្រ្គោះ អ្នកពិតជាលេចលុងនៅក្នុងអំពើបាបរបស់អ្នកទាំងស្រុង ហើយថែមទាំងមិនអាចរអ៊ូរទាំបានផង បើសិនអ្នកត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែអ្នកបានជឿថា ព្រះបានធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក ដោយការយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ និងការរងទុក្ខជំនួសយើង ហើយថា ដោយសារការរងទុក្ខជំនួសអ្នក ទ្រង់បានសង្រ្គោះអ្នកចេញពីអំពើបាប និងការជំនុំជម្រះ។ ដូច្នេះ តាមរយៈការជឿ អ្នកបានសង្រ្គោះ។ បើសិនអ្នកពិតជាបានទទួលសេចក្តីស្រឡាញ់នេះមែន នោះអ្នក និងខ្ញុំពិតជាមានចិត្តដែលចង់រស់នៅសម្រាប់អ្នកដទៃហើយ។ 
បើសិនអ្នកណាម្នាក់មិនមានចិត្តបែបនេះទេ គាត់មិនបានទទួលការអត់ទោសបាបឡើយ។ និយាយឲ្យចំ មនុស្សនេះកំពុងតែធ្វើពុតជាបានទទួលការអត់ទោសបាបតែប៉ុណ្ណោះ។
ដូចដែលព្រះគ្រីស្ទបានប្រឈមនឹងទុក្ខលំបាកទាំងអស់របស់ទ្រង់ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយសារទ្រង់បានស្រឡាញ់យើង បើសិនយើងពិតជាបានសង្រ្គោះ ដោយការជឿលើសេចក្តីស្រឡាញ់នេះមែន នោះសេចក្តីស្រឡាញ់នេះក៏ត្រូវតែមាននៅក្នុងចិត្តរបស់យើងផងដែរ។ ហេតុអ្វី? ពីព្រោះឥឡូវនេះ ព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់យើង។ ដូចដែលទ្រង់ត្រូវបានគេកៀបសង្កត់ ដោយសារយើង ហើយដោយសារទ្រង់បានស្រឡាញ់យើង យើងក៏ត្រូវតែមានបំណងចិត្តរស់នៅសម្រាប់អ្នកដទៃ ហើយប្រឈមនឹងទុក្ខលំបាកសម្រាប់ពួកគេផងដែរ។ ដោយសារយើងដែលបានទទួលការអត់ទោសបាប លែងមានបាបនៅក្នុងចិត្តរបស់យើងទៀតហើយ ចិត្តរបស់យើងត្រូវបានផ្លាស់ប្រែទាំងស្រុង ដូចជាព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំសូមអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់ការយាងមកផែនដីនេះ សម្រាប់ការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង សម្រាប់ការទទួលយកទុក្ខលំបាកទាំងអស់របស់ទ្រង់សម្រាប់យើង និងសម្រាប់ការធ្វើជាព្រះមែស៊ី ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។