(វិវរណៈ ១៧:១-១៨)
«ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្តីកំផិតនៃវា ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០ សំលៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនិងកែវមុកា្ត ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្តីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង ហើយនៅថ្ងាសវាមានកត់ឈ្មោះថា [សេចក្តីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង និងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី] ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនិងឈាមរបស់ពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្តី អស្ចារ្យជាខ្លាំង នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្តីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្តីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ និងស្នែង១០ដែរ ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយ៍មក គេនឹងមានសេចក្តីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំង និងអំណាចខ្លួនដល់សត្វនោះ គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន និងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនិងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង ដ្បិតព្រះទ្រង់បានបណ្តាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត និងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសំរេច ឯស្ត្រីដែលអ្នកបានឃើញ នោះគឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី»
ការកាត់ស្រាយ
ខ.១៖ ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន។
យើងចាំបាច់ត្រូវស្គាល់អ្នកណាគឺជាស្រីសំផឹង ស្ត្រីម្នាក់ និងសត្វនៅក្នុងបទគម្ពីរមេ ដើម្បីកាត់ស្រាយ ហើយយល់ជំពូក១៧។ «ស្រីសំផឹង» នៅក្នុងខ.១ សំដៅទៅលើសាសនាទាំងឡាយនៅក្នុងលោកិយនេះ ហើយ «ស្ត្រីម្នាក់» សំដៅទៅលើលោកិយនេះ។ ចំណែកឯ «សត្វ» សំដៅទៅលើអាទទឹងនឹងព្រះគ្រីស្ទ។ «ទឹកច្រើន» សំដៅទៅលើសេចក្តីបង្រៀនទាំងឡាយរបស់អារក្ស។ ហើយឃ្លាថា «នឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន» ប្រាប់យើងថា ព្រះនឹងវិនិច្ឆ័យសាសនាទាំងឡាយនៅក្នុងលោកោយនេះ ដែលដើរតាមសេចក្តីបង្រៀនជាច្រើនរបស់សាតាំង។
ខ.២៖ ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្តីកំផិតនៃវា។
«សេចក្តីកំផិត» សំដៅទៅលើការស្រឡាញ់លោកិយនេះ និងទ្រព្យសម្បត្តិលោកិយជាងស្រឡាញ់ព្រះ។ ការបង្កើតរូបព្រះផ្សេងៗនៅក្នុងលោកិយនេះ និងការថ្វាយបង្គំ និងការស្រឡាញ់វាដូចជាំព្រះគឺសុទ្ធតែជាសកម្មភាពកំផិតទាំងអស់។
ឃ្លាខាងលើ «ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា» មានន័យថា ពួកអ្នកដឹកនាំពិភពលោកនេះបានរស់នៅក្នុងជីវិតដែលស្រវឹងនឹងសាសនាទាំងឡាយនៅក្នុងលោកិយនេះ ហើយថា មនុស្សខាងលោកិយមានរស់នៅ ដោយស្រវឹងនឹងអំពើបាបដែលសាសនាលោកិយផ្តល់ឲ្យ។
ខ.៣៖ ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០។
ឃ្លាថា «ម្នាក់ ជិះនៅលើសត្វសម្បុរក្រហម» ប្រាប់យើងថា មនុស្សនៅក្នុងលោកិយនេះនឹងរួបរួមចិត្តរបស់ពួកគេជាមួយអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីបៀតបៀន និងសម្លាប់ពួកបរិសុទ្ធ។ វាប្រាប់យើងថា មនុស្សខាងលោកិយនឹងក្លាយជាបាវបម្រើរបស់ខ្មាំងសត្រូវរបស់ព្រះ ហើយធ្វើការងាររបស់អាទទឹងនឹងព្រះគ្រីស្ទតាមបញ្ជារបស់វា។ សត្វគឺជាអាទទឹងនឹងព្រះគ្រីស្ទដែលទាស់ប្រឆាំងនឹងព្រះ។ ហើយវានឹងគ្រប់គ្រងលើស្តេចជាច្រើន និងជាតិសាសន៍ជាច្រើនទៀត។
ប៉ុន្តែដោយសារភាពព្រហើនរបស់វា អាទទឹងនឹងព្រះគ្រីស្ទនឹងមិនស្ទាក់ស្ទើរក្នុងការប្រមាថព្រះ ហើយនិយាយពាក្យសម្តីអំណួតទេ។ វានឹងប្រមាថព្រះ ដោយពាក្យអំណួត ហើយប្រកាសថា វាគឺជាព្រះ ឬជាព្រះយេស៊ូវគ្រីស្ទ ហើយវានឹងលើខ្លួនវាឡើងខ្ពស់ដូចជាព្រះ។ ដូច្នេះ អំណាចរបស់វានឹងគ្រប់គ្រងលើស្តេច និងជាតិសាសន៍ទាំំងអស់។
ចេញពីឃ្លាថា «មានក្បាល៧ ហើយស្នែង១០» នៅទីនេះ «ក្បាល៧» សំដៅទៅលើស្តេចទាំង៧នៅលើផែនដីនេះ ហើយ «ស្នែង១០» សំដៅទៅលើជាតិសាសន៍ទាំងអស់នៅលើផែនដីនេះ។
ខ.៤៖ សំលៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនិងកែវមុកា្ត ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្តីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង។
តាមរយៈឃ្លាថា «សំលៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនិងកែវមុកា្ត» បទគម្ពីរនេះប្រាប់យើងថា សាសនាទាំងឡាយនៅក្នុងលោកិយនេះ ដែលរួមគំនិតអាក្រក់ជាមួយអាទទឹងនឹងព្រះគ្រីស្ទ នឹងចាត់អាទទឹងនឹងព្រះគ្រីស្ទជាស្តេចរបស់ពួកគេ។ ដូច្នេះ ពួកគេចាត់ទុកថា អស់អ្នកដែលទាស់ប្រឆាំងនឹងពួកគេ គួរតែទទួលទោសស្លាប់ ហើយពួកគេអនុវត្តគំនិតរបស់ពួកគេ តាមរយៈសកម្មភាពប្រឆាំងនឹងពួកបរិសុទ្ធ។
ហើយដើម្បីតុបតែងលោកិយនេះឲ្យទៅជានគរនៃសុភមង្គលអស់កល្បជានិច្ច ពួកគេនឹងតុបតែងខ្លួនពួកគេដោយមាស ត្បូង និងកែវមុក្តា។ ប៉ុន្តែជំនឿរបស់ពួកគេចាប់អារម្មណ៍តែលើភាពសប្បាយរីករាយខាងសាច់ឈាមនៅលើផែនដីនេះប៉ុណ្ណោះ។ ដោយសារនៅពេលព្រះទតមើលមនុស្សខាងលោកិយនេះ ទ្រង់នឹងមើលឃើញលោកិយនេះពេញដោយអំពើបាបដ៏កខ្វក់របស់ពួកគេ ពួកគេនឹងបានជាទីគួរខ្ពើមដល់ទ្រង់។
ខ.៥៖ ហើយនៅថ្ងាសវាមានកត់ឈ្មោះថា [សេចក្តីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង និងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី]។
ទោះបីជាមនុស្សដែលកាន់សាសនាលោកិយនេះនឹងព្យាយាមលម្អរខ្លួនពួកគេឲ្យដូចជាម្ចាស់ក្សត្រីក៏ដោយ ក៏ពួកគេនៅតែជាស្រីសំផឹងម្នាក់ ដដែល។ ម៉្យាងវិញទៀត ឈ្មោះរបស់នាងថា «ក្រុងបាប៊ីឡូនដ៏ធំ» បង្ហាញយើងអំពីអត្តចរិតអំណួត កៀបសង្កត់ និងកំផិតរបស់ស្រីសំផឹង ហើយចំណែកឯពាក្យ «ម្តាយ» បង្ហាញប្រាប់យើងថា កម្លាំងទាំងអស់របស់ អាទទឹងនឹងព្រះគ្រីស្ទនៅក្នុងប្រវត្តិសាស្ត្រ បានចេញមកពីលោកិយនេះតែម្តង ហើយថា លោកិយនេះគឺជាឫសគល់នៃសេចក្តីខូច និងសេចក្តីកំផិតគ្រប់យ៉ាង។
ទោះបីជាលោកិយនេះលម្អរទៅដោយគ្រឿងមានតម្លៃក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទដែលទាស់ប្រឆាំងនឹងព្រះ និងកិច្ចការនៅក្នុងចិត្តរបស់មនុស្សខាងលោកិយនេះទាំងនេះ នឹងធ្វើជាម្តាយរបស់ពួកគេដែរ។ ដូច្នេះ ព្រះអម្ចាស់របស់យើងបានសម្រេចព្រះទ័យបំផ្លាញពួកគេទាំងអស់ ដោយគ្រោះកាចដ៏ធំនៃចានទាំង៧របស់ទ្រង់។
ខ.៦៖ ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនិងឈាមរបស់ពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្តីអស្ចារ្យជាខ្លាំង។
«ពួកបរិសុទ្ធ» នៅទីនេះ សំដៅទៅលើមនុស្សមានជំនឿពេញក្នុងប្រវត្តិសាស្ត្រពួកជំនុំ ដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានឲ្យប្រទានមក។ ឃ្លាថា «ពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ» សំដៅទៅលើអស់អ្នកក្នុងចំណោមពួកបរិសុទ្ធ ដែលបានធ្វើបន្ទាល់ពីសេចក្តីពិតថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះរបស់ពួកគេ ហើយដែលបានធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេជាពិសេស។
សាវកយ៉ូហាននិយាយនៅទីនេះថា នៅពេលគាត់បានមើលឃើញស្ត្រី គាត់ «មានសេចក្តីអស្ចារ្យជាខ្លាំង»។ លោកិយនេះពិតជាលោកិយដែលចង់យល់ចង់ដឹងមួយ។ ពួកបរិសុទ្ធមិនបានធ្វើអ្វីខុសចំពោះលោកិយទេ ប៉ុន្តែលោកិយនេះរៀបចំផែនការអាក្រក់ជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយសម្លាប់ពួកបរិសុទ្ធជាច្រើន។ ហេតុអ្វីលោកិយនេះចម្លែកអ្វីម៉្លេះ? មនុស្សខាងលោកិយនេះពិតជានឹងនាំការទាំងនេះមកលើពួកបរិសុទ្ធ។ ដោយសារលោកិយនេះនៅក្រោមអំណាចគ្រប់គ្រងរបស់អាទទឹងនឹងព្រះគ្រីស្ទ មនុស្ស និងបាវបម្រើរបស់វានឹងចាប់ ហើយសម្លាប់ពួកបរិសុទ្ធ។
ដូច្នេះ ពួកគេពិតជានឹងលេចមកយ៉ាងចម្លែកនៅចំពោះយើង។ នៅពេលយើងសម្លឹងមើលមនុស្សខាងលោកិយ តើពួកគេមិនមានរូបរាងចម្លែកទេឬ? នៅពេលមនុស្សត្រូវបានបង្កើតតាមរូបអង្គនៃព្រះ តើពួកគេអាចក្លាយជាបាវបម្រើរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយសម្លាប់មនុស្សយ៉ាងច្រើនរាប់មិនអស់ ដែលជឿដល់ព្រះបានយ៉ាងដូចម្តេច? ពីព្រោះលោកិយនេះគឺជាបាវបម្រើរបស់សាតាំង។
ខ.៧៖ នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្តីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្តីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ និងស្នែង១០ដែរ។
«ស្ត្រី» នៅទីនេះ សំដៅទៅលើមនុស្សនៅក្នុងលោកិយនេះ។ ខនេះប្រាប់យើងថា សត្វដែលជាអាទទឹងនឹងព្រះគ្រីស្ទ នឹងសោយរាជ្យលើស្តេចទាំងអស់ និងជាតិសាសន៍ទាំងអស់នៅក្នុងលោកិយនេះ ហើយតាមរយៈពួកគេ វានឹងធ្វើកិច្ចការទាស់ប្រឆាំងនឹងព្រះ បៀតបៀន និងសម្លាប់ពួក បរិសុទ្ធ។ «សេចក្តីអាថ៌កំបាំងរបស់សត្វ» សំដៅទៅលើអត្តសញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលធ្វើការតាមបញ្ជារបស់សាតាំង។ ហើយវានឹងយកជាតិសាសន៍ទាំងអស់នៅលើផែនដីនេះ ឲ្យនៅក្រោមអំណាចគ្រប់គ្រងរបស់វា។
មនុស្សខាងលោកិយនេះ ដែលរួមគំនិតអាក្រក់ជាមួយអាទទឹងនឹងព្រះគ្រីស្ទ នឹងក្លាយជាឧបករណ៍របស់សាតាំង ក្នុងការសម្លាប់រាស្ត្ររបស់ព្រះមួយចំនួនធំ។ លោកិយនេះ និងអាទទឹងនឹងព្រះគ្រីស្ទគឺជាឧបករណ៍របស់សាតាំង ដែលភ្នែករបស់យើងមើលមិនឃើញនៅពេលនេះទេ។ ប៉ុន្តែកាលណារយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំកន្លងផុតទៅ ពួកគេនឹងលេចមក ហើយសម្លាប់ពួកបរិសុទ្ធ។
មនុស្សអាចឆ្ងល់ថា ការនេះកើតឡើងយ៉ាងដូចម្តេច នៅពេលលោកិយនេះមានមនុស្សដែលមានការអប់រំខ្ពស់ និងឆ្លាតជាច្រើន ចាប់ពីអ្នកនយោបាយដល់គ្រូបង្រៀន ទស្សនៈវិទូ និងបណ្ឌិត។ ប៉ុន្តែដោយសារលោកិយនេះនឹងរួបរួមជាមួយអាទទឹងនឹងព្រះគ្រីស្ទ ការទាំងអស់នេះ រួមទាំងការសម្លាប់ពួកបរិសុទ្ធផង នឹងកើតឡើង។ ដូច្នេះ ការដែលលោកិយនេះនឹងចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ហើយសម្លាប់ពួកបរិសុទ្ធ គឺជាគន្លឹះដោះស្រាយសេចក្តីអាថ៌កំបាំងរបស់អាទទឹងនឹងព្រះគ្រីស្ទ។
ខ.៨៖ ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយ៍មក គេនឹងមានសេចក្តីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ។
ខនេះប្រាប់យើងថា អាទទឹងនឹងព្រះគ្រីស្ទមាននៅក្នុងចំណោមពួកស្តេចពីដើម ហើយថា ទោះបីជាវាមិននៅក្នុងលោកិយនេះនៅពេលនេះក៏ដោយ ក៏វានឹងលេចមកក្នុងលោកិយនេះនៅពេលអនាគតដែរ។ វាប្រាប់យើងថា មនុស្សខាងលោកិយនេះនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេមើលឃើញអាទទឹងនឹងព្រះគ្រីស្ទលេចមក ហើយសម្លាប់ពួកបរិសុទ្ធ។
អាទទឹងនឹងព្រះគ្រីស្ទនឹងអនុវត្តគោលបំណងរបស់វា ដោយការចូលរួមនៅក្នុងនយោបាយថ្មីនៃពិភពលោក។ វានឹងបន្តនៅជាអាថ៌កំបាំងចំពោះមនុស្សនៅក្នុងលោកិយនេះ ហើយបង្ហាញខ្លួនយ៉ាងអស្ចារ្យ។ ដោយសារវានឹងមានសមត្ថភាពដោះស្រាយបញ្ហាសាសនា មនោគមវិជ្ជា សេដ្ឋកិច្ច និងនយោបាយនៅក្នុងពិភពលោក មនុស្សជាច្រើនឹងដើរតាម និងចាត់ទុកវាជាព្រះគ្រីស្ទយេស៊ូវ ដែលនឹងយាងមកនៅថ្ងៃចុងក្រោយ។ ដូច្នេះ វានឹងនៅតែអស្ចារ្យនៅចំពោះភ្នែកមនុស្សនៅក្នុងលោកិយនេះ។
ខ.៩៖ នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ។
ខនេះប្រាប់យើថថា អាទទឹងនឹងព្រះគ្រីស្ទនឹងបង្កើតច្បាប់ផ្ទាល់ខ្លួនរបស់វា ដើម្បីគ្រប់គ្រងលើមនុស្សនៅក្នុងលោកិយនេះ ហើយប្រែក្លាយច្បាប់ទាំងនេះឲ្យទៅជាអង្គការដឹកនាំមួយ ដើម្បីអនុវត្តគោលបំណងរបស់វា។ មូលហេតុដែលមនុស្សនៅក្នុងលោកិយនេះនឹងរួបរួមគ្នា គឺដើម្បីរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ដោយការទទួលយកសញ្ញារបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយដើម្បីទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ដោយដាក់ការទុកចិត្តរបស់ពួកគេលើអំណាចនៃច្បាប់ ដែលអាទទឹងនឹងព្រះគ្រីស្ទបង្កើតឡើង។
ខ.១០៖ ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ។
ខនេះប្រាប់យើងថា ស្តេចទាំងឡាយដែលទាស់ប្រឆាំងនឹងព្រះ នឹងបន្តចេញមកក្នុងលោកិយនេះ ដូចដែលស្តេចទាំងឡាយបានលេចមកពីមុនដែរ។ នៅពេលពេលវេលានៃសេចក្តីវេទនាដ៏ធំចុងក្រោយមកដល់ អ្នកដឹកនាំម្នាក់នៃលោកិយនេះនឹងលេចមកជាអាទទឹងនឹងព្រះគ្រីស្ទ ហើយសម្លាប់ពួកបរិសុទ្ធ។ ប៉ុន្តែព្រះនឹងអនុញ្ញាតឲ្យការបៀតបៀនរបស់អ្នកដឹកនាំពិភពលោកនេះ ដែលជាអាទទឹងនឹងព្រះគ្រីស្ទ នឹងមាននៅសម្រាប់រយៈខ្លីតែប៉ុណ្ណោះ។
ខ.១១៖ រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ។
ខនេះប្រាប់យើងថា អាទទឹងនឹងព្រះគ្រីស្ទដែលនឹងលេចមកលើផែនដីនេះ នឹងលេចមកក្នុងនាមជាស្តេចចុងក្រោយនៅលើផែនដីនេះ។ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចចេញមកពីស្តេចទាំងឡាយ នៅក្នុងលោកិយនេះ មនុស្សជាច្រើននឹងដើរតាមវា ពីព្រោះវានឹងប្រើអំណាចដូចជាព្រះ និងធ្វើទីសម្គាល់ និងការអស្ចារ្យ ដែលវាបានទទួលពីនាគមក។ អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធក៏នឹងត្រូវបានសម្លាប់ ដោយអាទទឹងនឹងព្រះគ្រីស្ទផងដែរ ប៉ុន្តែព្រះអនុញ្ញាតឲ្យការនេះកើតឡើងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ បន្ទាប់ពីការនេះកន្លងផុតទៅ ព្រះនឹងទម្លាក់អាទទឹងនឹងព្រះគ្រីស្ទទៅក្នុងជង្ហុកធំ និងស្ថាននរកភ្លើងជារៀងរហូត។
ខ.១២៖ ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ។
ខនេះប្រាប់យើងថា ជាតិសាសន៍ចំនួន១០នឹងរួបរួមអំណាចរបស់ពួកគេ ដើម្បីគ្រប់គ្រងលើផែនដីទាំងមូល។ ជាតិសាសន៍ទាំង១០នេះដែលបានរួបរួមគ្នា នឹងគ្រប់គ្រងផែនដីជាមួយអាទទឹងព្រះគ្រីស្ទសម្រាប់ រយៈពេលខ្លីមួយ។ ប៉ុន្តែខនេះក៏ប្រាប់យើងផងដែរថា ស្តេចទាំងនេះមិនទាន់បានទទួលនគរដែលអាទទឹងនឹងព្រះគ្រីស្ទសោយរាជ្យទេ។ នៅពេលអនាគតដ៏ខ្លី ស្តេចទាំងនេះនឹងសោយរាជ្យជាមួយសត្វ ក្នុងនាមជាស្តេចនៃសេចក្តីងងឹតសម្រាប់រយៈពេលខ្លីមួយ។ ប៉ុន្តែការសោយរាជ្យរបស់ពួកគេលើពិភពនៃសេចក្តីងងឹតនឹងមានរយៈពេលខ្លីតែប៉ុណ្ណោះ។
ខ.១៣៖ ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំង និងអំណាចខ្លួនដល់សត្វនោះ។
កាលណាពេលវេលាមកដល់ ស្តេចទាំងឡាយនៅក្នុងលោកិយនេះនឹងផ្ទេរសិទ្ធិអំណាចទៅឲ្យអាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលនេះពួកជំនុំរបស់ព្រះ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ទ្រង់នឹងរងការបៀតបៀនយ៉ាងខ្លាំង និងស្លាប់ ដោយសារអាទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែអាទទឹងនឹងព្រះ គ្រីស្ទនឹងត្រូវវិនាស ដោយអំណាចព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ និងដាវនៃព្រះបន្ទូលដែលចេញពីព្រះឱសទ្រង់មក។
ខ.១៤៖ គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
ទោះបីជាសាតាំងនឹងខិតខំធ្វើសង្រ្គាមជាមួយព្រះយេស៊ូវគ្រីស្ទក៏ដោយ ក៏វាមិនអាចប្រៀបផ្ទឹមនឹងទ្រង់បានដែរ។ ហើយពួកបរិសុទ្ធក៏នឹងយកឈ្នះលើវានៅក្នុងការតយុទ្ធប្រឆាំងនឹងវាផងដែរ។ ព្រះអម្ចាស់នឹងប្រទានកម្លាំងដល់ពួកបរិសុទ្ធ ដើម្បីប្រយុទ្ធ និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿ។ ដូច្នេះ ពួកបរិសុទ្ធនឹងមិនភ័យខ្លាចចំពោះការ តយុទ្ធរបស់ពួកគេជាមួយអាទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែពួកគេមានជីវិតប្រកបដោយសន្តិភាព និងសេចក្តីសុខសាន្តនៅថ្ងៃចុងក្រោយវិញ ដោយការជឿលើព្រះអម្ចាស់របស់ពួកគេ។ ដូច្នេះ ពួកគេនឹងយកឈ្ឆះលើពួកខ្មាំងសត្រូវរបស់ពួកគេ ដោយជំនឿលើព្រះអម្ចាស់។
ជ័យជំនះរបស់ពួកបរិសុទ្ធនេះមានន័យថា ពួកគេនឹងការពារជំនឿរបស់ពួកគេ ហើយស៊ូធ្វើទុក្ករកម្ម។ កាលណាពេលវេលាមកដល់ ពួកបរិសុទ្ធនឹងយកឈ្នះលើសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ដោយការធ្វើទុក្ករកម្ម ដោយជំនឿរបស់ខ្លួនលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមរបស់ខ្លួនសម្រាប់នគរស្ថានសួគ៌ ការចូលរួមក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅលើស្ថានសួគ៌ ការទទួលបាននគរថ្មីរបស់ព្រះគ្រីស្ទ និងជីវិតរស់នៅក្នុងសិរីល្អដ៏អស់កល្បជានិច្ច។
ខ.១៥៖ ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន និងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា។
សាសនាទាំងឡាយបានបោកបញ្ឆោត និងគ្រប់គ្រងលើមនុស្សគ្រប់ជាតិសាសន៍ ដោយសេចក្តីបង្រៀនរបស់សាតាំង។ ខនេះប្រាប់យើងថា សេចក្តីបង្រៀនរបស់សាតាំងដែលធ្វើការនៅក្នុងសាសនាទាំងឡាយ នៅក្នុងលោកិយនេះ បានជ្រាបចូលទៅក្នុងជាតិសាសន៍ និងភាសាទាំងអស់នៅក្នុងលោកិយនេះ ហើយថា ឥទ្ធិពលរបស់ពួកគេបានឈានទៅនាំ សេចក្តីវិនាសដល់ព្រលឹងរបស់មនុស្ស។
ខ.១៦៖ ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនិងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង។
ខនេះប្រាប់យើងថា ជាតិសាសន៍ទាំងអស់នៅក្នុងលោកិយនេះនឹងរួបរួមជាមួយអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីសម្លាប់ និងបំផ្លាញមនុស្សកាន់តាមសាសនារបស់ខ្លួន។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា មនុស្សនៅក្នុងលោកិយនេះ និងអាទទឹងនឹងព្រះគ្រីស្ទនឹងស្អប់ ហើយបៀតបៀនមនុស្សកាន់តាមសាសនា ហើយបំបាត់សាសនាទាំងអស់នៅក្នុងពិភពលោកនេះចោលចេញពីមុខរបស់ពួកវា។ ទោះបីជាមនុស្សកាន់តាមសាសនានៅក្នុងលោកិយនេះបានគាំទ្រអាទទឹងនឹងព្រះគ្រីស្ទ ហើយបានសម្លាប់ពួកបរិសុទ្ធពីមុនក៏ដោយ ក៏ពួកគេផ្ទាល់នឹងត្រូវបានសម្លាប់ ដោយសាតាំង និងមនុស្សឥតសាសនាដែរ។ នៅចុងបញ្ចប់ សាតាំងបានប្រើសាសនាទាំងឡាយនៅក្នុងលោកិយនេះ គ្រាន់តែដើម្បីធ្វើឲ្យខ្លួនវាបានដូចជាព្រះប៉ុណ្ណោះ។
ខ.១៧៖ ដ្បិតព្រះទ្រង់បានបណ្តាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត និងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសំរេច។
ខនេះប្រាប់យើងថា មនុស្សនៅក្នុងលោកិយនេះនឹងប្រគល់នគរ និងអំណាចដល់សាតាំង។ ដូច្នេះ ពួកគេនឹងធ្វើជាមនុស្សរបស់អាទទឹងនឹងព្រះគ្រីស្ទ ពីព្រោះពួកគេទទួលយកសញ្ញារបស់វា ដោយស្ម័គ្រចិត្ត មាន អំណួតក្នុងនាមជាបាវបម្រើរបស់វា ហើយក៏សម្លាប់អស់អ្នកដែលបដិសេធមិនទទួលយកសញ្ញានេះទៀតផង។ ប៉ុន្តែការបៀតបៀនរបស់ពួកគេមកលើពួកបរិសុទ្ធមានរយៈពេលខ្លីតែប៉ុណ្ណោះ តាមដែលព្រះបន្ទូលព្រះ អនុញ្ញាត។ ក្នុងកំឡុងពេលអនុញ្ញាតនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងបញ្ចេញសេចក្តីអាក្រក់ទាំងអស់ពីចិត្តរបស់វា ហើយទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ព្រះ ដោយសេរី។
ខ.១៨៖ ឯស្ត្រីដែលអ្នកបានឃើញ នោះគឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី។
នៅទីនេះ ព្រះប្រាប់យើងថា លោកិយនេះនឹងបង្កើតច្បាប់ ដើម្បីគ្រប់គ្រង និងត្រួតត្រាលើស្តេចទាំងអស់ ហើយថា ស្តេចទាំងអស់នៅក្នុងលោកិយនេះត្រូវបានគ្រប់គ្រង ដោយច្បាប់ទាំងនេះ។ អំណាចកំពូលរបស់លោកិយនេះនឹងសោយរាជ្យលើស្តេចទាំងអស់ នៅក្នុងលោកិយនេះ ទុកដូចជាវាជាបុគ្គលម្នាក់។ នៅក្នុងន័យផ្សេង លោកិយនេះនឹងបង្កើតច្បាប់ដែលចងស្តេចទាំងអស់យ៉ាងតឹងរឹង និងធ្វើព្រះគ្រប់គ្រងលើពួកគេ។
«ទីក្រុងដ៏ធំ» សំដៅទៅលើការបង្កើតច្បាប់ ដែលអនុញ្ញាតឲ្យអាទទឹងនឹងព្រះគ្រីស្ទសោយរាជ្យ។ គ្រប់គ្នានៅក្នុងលោកិយនេះនឹងត្រូវបម្រើ និងរស់នៅក្រោមអង្គភាពគ្រប់គ្រងរបស់លោកិយដែលព្រះបានប្រទានឲ្យពួកគេ ទុកដូចជាវាជាព្រះផ្ទាល់។ ដោយសារមនុស្សបានក្លាយជាបាវបម្រើរបស់សាតាំង ពួកគេនឹងត្រូវវិនាស។
ទំនុកដំកើង ៤៩:២០ ប្រាប់យើងថា «មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង»។ ដូច្នេះ មនុស្សនៅក្នុងលោកិយនេះត្រូវតែដឹងជាមុននូវអ្វីជាផែនការអាក្រក់របស់សាតាំង ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកបរិសុទ្ធប្រកាសឥឡូវនេះ បានរួចពីបណ្តាសានៃការធ្វើជាបាវបម្រើរបស់សាតាំង ហើយបានធ្វើជារាស្ត្ររបស់ព្រះ ហើយទទួលបានព្រះពរនៃនគរព្រះដ៏អស់កល្បជានិច្ច។