Search

Sermons

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 1-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក ១

«សំបុត្ររបស់សាវកប៉ុលទៅកាន់ពួករ៉ូម» អាចត្រូវបានចាត់ទុកជាសម្បត្តិដ៏មានតម្លៃនៃព្រះគម្ពីរ។ កណ្ឌនេះផ្តោតលើការបង្រៀនអំពីរបៀបដែលមនុស្សអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ តាមរយៈការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនប្រៀបធៀបកណ្ឌគម្ពីរ៉ូម ជាមួយសំបុត្ររបស់សាវកយ៉ាកុប យើងអាចចាត់ទុកកណ្ឌគម្ពីរមុនជា «ព្រះបន្ទូលនៃទ្រព្យសម្បត្តិ» ហើយកណ្ឌគម្ពីរក្រោយជា «ព្រះបន្ទូលនៃចំបើង»។ ទោះបីជាយ៉ាងណា កណ្ឌគម្ពីរយ៉ាកុបក៏ជាព្រះបន្ទូលនៃព្រះ ដូចជាកណ្ឌគម្ពីររ៉ូមផងដែរ។ ភាពខុសគ្នាតែមួយគឺថា កណ្ឌគម្ពីររ៉ូមមានតម្លៃ ពីព្រោះវា ផ្តល់សេចក្តីសង្ខេបនៃព្រះគម្ពីរ ប៉ុន្តែកណ្ឌគម្ពីរយ៉ាកុបមានតម្លៃ ពីព្រោះវាគឺជាព្រះបន្ទូលព្រះ ដែលធ្វើជួយឲ្យមនុស្សសុចរិតរស់នៅ ស្របតាមបំណងព្រះហឫទ័យព្រះ។ 
 
 
តើបុរសឈ្មោះប៉ុលគឺជាអ្នកណា?
 
ចូរ យើងអាន រ៉ូម ១:១-៧។ «សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវ័ក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ  គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ  តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា  ដែលយើងខ្ញុំបានទទួលព្រះគុណ និងងារជាសាវ័កដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាម    សេចក្តីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់ ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ) ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះ         វរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។»
យើង អាចចាត់ទុកបទគម្ពីរនេះជា «ការជំរាបសួររបស់សាវកប៉ុលទៅកាន់ពួកគ្រីស្ទបរិស័ទនៅក្រុងរ៉ូម»។ សាវកប៉ុលជំរាបសួរដល់ពួកគេ ក្នុងនាមជាបាវបម្រើម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ  ដែលទ្រង់បានធ្វើជាសេចក្តីសុចរិតរបស់ព្រះ។
ខ.១ និយាយអំពីសំណួរថា «តើសាវកប៉ុលគឺជាអ្នកណា?»។ គាត់គឺជាសាសន៍យូដាម្នាក់  ដែលបានជួបនឹងព្រះអម្ចាស់ដែលមានព្រះជន្មរស់ពីសុគតឡើងវិញ នៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស និងដែលជាប្រដាប់រើសតាំងរបស់ព្រះអម្ចាស់ (កិច្ចការ ៩:១៥) សម្រាប់ការប្រកាសដំណឹងល្អទៅកាន់ពួកសាសន៍ដទៃ។
 
 
សាវកប៉ុលប្រកាសដំណឹងល្អពិត ដោយផ្អែកលើប្រព័ន្ធថ្វាយយញ្ញបូជា និងបទទំនាយផ្សេងៗពីព្រះគម្ពីរសញ្ញាចាស់
 
នៅក្នុងខ.២ សាវកប៉ុលកំពុងតែប្រកាសដំណឹងល្អ ដែលផ្អែកលើព្រះបន្ទូលចេញពីព្រះគម្ពីរសញ្ញចាស់។ គាត់បានហៅ «ដំណឹងល្អនៃព្រះ» ជា «ដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ»។ តាមរយៈខនេះ យើងអាចមើលឃើញថា សាវកប៉ុលបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ  ដោយផ្អែកលើប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់។ លើសពីនេះ ខ.២បង្ហាញប្រាប់យើង សាវកប៉ុលត្រូវបានព្រះជ្រើសរើសសម្រាប់ការងារដំណឹងល្អ។
ឃ្លាថា «ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ» បញ្ជាក់ពី    សេចក្តីសន្យារបស់ព្រះ ក្នុងការបញ្ជូនព្រះយេស៊ូវគ្រីស្ទ ដែលលេចឡើងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា  ឬបទទំនាយផ្សេងៗនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ហោរាទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ រួមទាំងម៉ូសេ             អេសាយ អេសេគាល យេរេមា និងដានីយ៉ែលផង សុទ្ធតែធ្វើបន្ទាល់ពីការពិតថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកក្នុងលោកិយនេះ ហើយសុគតនៅលើឈើឆ្កាង បន្ទាប់ពីទទួលយកអំពើបាបរបស់លោកិយនេះ។ 
តើអ្វីគឺជាដំណឹងល្អ ដែលសាវាកប៉ុលបានប្រកាស? គាត់បានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនិយាយអំពីព្រះយេស៊ូវ      គ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។
មនុស្សមួយចំនួន និយាយថា ព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់មានបញ្ចប់រួចរាល់ទៅហើយ  ហើយមនុស្សមួយចំនួនទៀតក៏គិតដូចនេះដែរ ដោយយកព្រះបន្ទូលពី ម៉ាថាយ ១១:១៣ ធ្វើជាភស្តុតាង។ ហើយគ្រូអធិប្បាយល្បីល្បាញមួយចំនួន ថែមទាំងព្រងើយកន្តើយចំពោះព្រះគម្ពីរសញ្ញាចាស់ទាំងស្រុងតែម្តង។
ទោះបីជាយ៉ាងណា ព្រះបានប្រទានសេចក្តីសន្យាដល់យើង តាម       រយៈព្រះគម្ពីរសញ្ញាចាស់  ហើយទ្រង់បានបំពេញសម្រេចសេចក្តីសន្យានេះ តាមរយៈព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះ បើសិនយើងនិយាយតាមជំនឿ ព្រះគម្ពីរសញ្ញាថ្មីមិនអាចមាន ដោយមិនមានព្រះគម្ពីរសញ្ញាចាស់បានឡើយ ហើយតាមរបៀបដូចគ្នានេះ ព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ក៏មិនអាចត្រូវបានបំពេញសម្រេច  ដោយមិនមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានដែរ។
សាវកប៉ុល ត្រូវបានជ្រើសរើសសម្រាប់ដំណឹងល្អនៃព្រះ។ ដូច្នេះ សំណួរសួរថា «តើគាត់បានប្រកាសដំណឹងល្អបែបណា?»។ គាត់បានប្រកាសពីការពិតថា ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង  តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលផ្អែកលើព្រះគម្ពីរសញ្ញាចាស់។ ដូច្នេះ គ្រប់ពេលដែលយើងប្រកាសដំណឹងល្អអំពីទឺក និងព្រះវិញ្ញាណ យើងគួរតែធ្វើដូច្នោះដែរ ដែលផ្អែកលើបទទំនាយ និងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពីព្រោះមានតែធ្វើដូច្នេះទេ ទើបមនុស្សអាចជឿបានថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពីត ហើយថា ព្រះគម្ពីរសញ្ញាថ្មីគឺជាការបំពេញសម្រេចនៃព្រះបន្ទូលសន្យា នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
ចាប់ពីដើមដំបូងនៃព្រះគម្ពីរសញ្ញាថ្មី យើងអាចមើលឃើញថា មានការសង្កត់ធ្ងន់មួយលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក   យ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ហើយស្នូលនៃព្រះគម្ពីរសញ្ញាចាស់មានប្រព័ន្ធថ្វាយយញ្ញបូជា  ដែលជារបៀបប្រោសលោះសម្រាប់មនុស្សមានបាប។ គាត់ត្រូវតែផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃរបស់ខ្លួនលើក្បាលតង្វាយលោះបាប  និងធ្វើឲ្យវាហូរឈាមរហូតដល់ស្លាប់ ដើម្បីបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន។
ដូច្នេះ បើសិនមានការដាក់ដៃលើ និងឈាមនៃសត្វយញ្ញបូជាសម្រាប់ការអត់ទោសអំពើបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់  តើមានអ្វីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី? មានបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
លើសពីនេះ សម្តេចសង្ឃ ដែលត្រូវបាននិយាយអំពីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លេវីវិន័យ ១៦:២១) ស្មើគ្នានឹងលោកយ៉ូហាន-បាទ្ទីសនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។    
ខ.៣ និង ៤ និយាយអំពីសំណួរថា «តើព្រះយេស៊ូវគឺជាអង្គបុគ្គលបែបណា?»។ ខទាំងនេះពន្យល់ពីពង្សាវតារបស់ទ្រង់។ ព្រះយេស៊ូវគ្រីស្ទបានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌខាងឯសាច់ឈាម  តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ។ ដូច្នេះ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះ ដោយការប្រទានទឹក និងព្រះវិញ្ញាណដល់អស់អ្នកណាដែលបានជឿលើទ្រង់។ ហើយទ្រង់បានធ្វើជាព្រះនៃសេចក្តីសង្រ្គោះ ស្តេចលើសអស់ទាំងស្តេច និងសម្តេចសង្ឃដ៏អស់កល្បជានិច្ចនៅស្ថានសួគ៌ដល់អស់អ្នកណាដែលបានជឿលើទ្រង់។ 
នៅក្នុងទេវសាស្ត្រគ្រីស្ទបរិស័ទមួយចំនួន  ភាពជាព្រះរបស់ព្រះយេស៊ូវត្រូវបានបដិសេធ។ ទេវសាស្ត្រទាំងនេះនិយាយថា «ទ្រង់គ្រាន់តែជាយុវជនដ៏លេចធ្លោម្នាក់ប៉ុណ្ណោះ»។ លើសពីនេះ ទេវសាស្ត្រសម័យថ្មី (New Theology) ជឿថា «មានសេចក្តីសង្រ្គោះនៅក្នុងសាសនាទាំងអស់»។ ដូច្នេះ នៅក្នុងមហាវិទ្យាល័យព្រះគម្ពីរសេរីនិយម មនុស្សជឿថា ពួកគេត្រូវតែទទួលយកការបណ្តេញវិញ្ញាណអាក្រក់ ឬខ្មោច ព្រះពុទ្ធសាសនា សាសនាកាតូលិក និងសាសនាទាំងអស់ផ្សេងទៀតនៅក្នុងពិភពលោកនេះ។ ទេវសាស្ត្រសេរីនិយម ឬទេវសាស្ត្រសម័យទំនើបនេះនិយាយថា យើងគួរតែគោរពចំពោះអ្វីគ្រប់យ៉ាង ហើយមនុស្សទាំងអស់ត្រូវតែរួបរួមគ្នា និងក្លាយទៅជា «តែមួយ»។ 
ទោះបីជាយ៉ាងណា ព្រះគម្ពីរបាននិយាយយ៉ាងច្បាស់លាស់ថា កាលពីដំបូង ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ ដូច្នេះ តើព្រះនេះគឺជាអ្នកណា? គឺជាព្រះយេស៊ូវគ្រីស្ទ។ ព្រះនាមថា «គ្រីស្ទ» មានន័យថា ការបានទទួលការចាក់ប្រេងតាំងនៅលើក្បាលពីសម្តេចសង្ឃ។  ដូច្នេះហើយបានជាព្រះយេស៊ូវត្រូវបានហៅថា ស្តេចលើសអស់ទាំងស្តេច។ ដូច្នេះ មនុស្សម្នាក់ ដែលបដិសេធព្រះយេស៊ូវជាព្រះ មិនមែនជាអ្នកជឿលើព្រះឡើយ។ 
នៅសព្វថ្ងៃនេះ ជំនឿរបស់មនុស្សនៅក្នុងពិភពលោកនេះ កំពុងដើរត្រឡប់ទៅឯជាទូទៅនិយម (Ecumenicalism) ដែលផ្អែកលើពហុសាសនានិយម។ ពួកគេសរសើរតម្កើង និងថ្វាយបង្គំ ដោយបញ្ចូលធាតុទាំងអស់ពីសាសនាលោកិយដូចជា ព្រះពុទ្ធសាសនា និងលទ្ធិខុងជឺ          និយម។ នៅពេលខ្លះ ក្រុមជំនុំថ្វាយបង្គំតាមរបៀបព្រះពុទ្ធសាសនា ហើយពេលខ្លះទៀត ពួកគេថ្វាយបង្គំតាមរបៀបគ្រីស្ទបរិស័ទ។ ប្រហែលជាមានការលាយអាហារបញ្ចូលគ្នាយ៉ាងឈ្ងុយឆ្ងាញ់ហើយ។  ប៉ុន្តែកាលណានិយាយអំពីជំនឿ កាន់តែបរិសុទ្ធជាង គឺកាន់តែប្រសើរជាង។ 
ដូច្នេះ ចម្លើយទៅកាន់សំណួរនៅក្នុងខ.៣ និង ៤ ដែលសួរថា «តើព្រះយេស៊ូវគឺជាអ្នកណា?» គឺថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ។ ព្រះគ្រីស្ទបានធ្វើជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះដល់យើង។
ខ.៥ និង ៦ និយាយអំពីរបៀបដែលសាវកប៉ុលបានក្លាយជាសាវកម្នាក់ ដោយសារព្រះ។ ទ្រង់បានធ្វើជាទីបន្ទាល់មួយសម្រាប់ការប្រកាសដំណឹងល្អទៅកាន់ពួកសាសន៍ដទៃ  ដើម្បីឲ្យពួកគេទទួលបានសេចក្តីសង្រ្គោះ ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ។ 
 
 
តើសាវកប៉ុលបានទទួលងារជាអ្វី?    
 
ដូចដែលបានសរសេរនៅក្នុងខ.៧ សាវកប៉ុលបានទទួលងារមួយ ដើម្បីផ្តល់ព្រះពរដល់ពួកអ្នកជឿលើព្រះយេស៊ូវ ដោយព្រះនាមព្រះ។ ងារជាសាវកមានន័យថា អំណាចខាងវិញ្ញាណ ដែលអាចផ្តល់ព្រះពរដល់មនុស្សទាំងអស់ ដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ដូច្នេះ សាវកប៉ុលអាចនិយាយថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។
នៅទីនេះ ខ្ញុំចង់គិតបន្ថែមទៀតអំពីការប្រសិទ្ធពរនេះ។ វាហាក់ដូចជាសាវកប៉ុលមានអំណាចប្រសិទ្ធពរដល់មនុស្ស  ហើយនៅពេលយើងបញ្ចប់កម្មវិធីថ្វាយបង្គំនៅរាល់ថ្ងៃអាទិត្យ  យើងបញ្ចប់វាដោយការប្រសិទ្ធពរ។ «ព្រះសព្វព្រះទ័យប្រទានពរបែបនេះដល់ពួកបរិសុទ្ធ។» ព្រះបន្ទូលដើមនៃការប្រសិទ្ធពរមានដូចខាងក្រោមនេះ។
ចូរ យើងចាប់ផ្តើមដោយ ជនគណនា ៦:២២។ «ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង  សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបាន    សេចក្តីសុខ។»
ព្រះ បានប្រាប់សម្តេចសង្ឃអើរ៉ុន និងពួកកូនរបស់គាត់ថា «ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ»។  បើសិនពួកគេនឹងឲ្យពរដល់ពួកអ៊ីស្រាអែលតាមរបៀបនេះ  ព្រះប្រាកដជានឹងប្រទានពរដល់ពួកគេវិញ ដូចដែលបាននិយាយនៅក្នុងបទគម្ពីរផងដែរ។ នៅពេលយើងពិនិត្យមើលសំបុត្រទាំងអស់របស់សាវកប៉ុល  យើងអាចមើលឃើញថា ជារឿយៗ គាត់បាននិយាយថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។ នេះបង្ហាញប្រាប់យើងថា មិនមែនខ្លួនគាត់ ដែលឲ្យពរទេ ប៉ុន្តែគឺជាព្រះ ដែលប្រទានពរវិញ។ ដូច្នេះហើយបានជាសាវកប៉ុលតែងតែឲ្យពរដល់ពួកបរិសុទ្ធ  នៅពេលគាត់បញ្ចប់សំបុត្ររបស់គាត់។ 
គាត់ មានអំណាច ដើម្បីឲ្យពរដល់រាស្ត្ររបស់ព្រះ។ អំណាចនេះមិនត្រូវបានប្រទានឲ្យគ្រប់ទាំងអ្នកដឹកនាំគ្រីស្ទបរិស័ទឡើយ។ ផ្ទុយទៅវិញ វាត្រូវបានប្រទានឲ្យតែពួកអ្នកបម្រើរបស់ព្រះប៉ុណ្ណោះ។ កាលណាអ្នកបម្រើព្រះធ្វើការប្រសិទ្ធពរ ដោយនិយាយថា ពួកគេពិតជាចង់ឲ្យពរ នោះព្រះប្រទានព្រះពរទាំងនោះដល់ពួកគេ  ដូចដែលមាននៅក្នុងការប្រសិទ្ធពរនោះអញ្ចឹង។ 
ព្រះ មិនគ្រាន់តែប្រទានអំណាចពីស្ថានសួគ៌ដល់ពួកអ្នកបម្រើទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់គ្រីស្ទបរិស័ទដែលបានកើតជាថ្មីផងដែរ។ ព្រះមានបន្ទូលថា «បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ» (យ៉ូហាន ២០:២៣)។ ទ្រង់ប្រទានអំណាចនេះដល់មនុស្សបរិសុទ្ធទាំងអស់គ្នា។ ដូច្នេះ មនុស្សគួរតែកុំរារាំង ឬប្រឆាំងនឹងគ្រីស្ទបរិស័ទដែលបានកើតជាថ្មី ឬពួកអ្នកបម្រើទ្រង់ឲ្យសោះ ពីព្រោះវាក៏ដូចជាការរារាំង និងការប្រឆាំងនឹងព្រះផងដែរ។ ព្រះបានប្រទានអំណាចនៃការឲ្យពរ  និងការដាក់បណ្តាសារដល់ពួកសាវករបស់ទ្រង់ ក៏ដូចជាមនុស្សសុចរិត និងពួកអ្នកបម្រើទ្រង់ផងដែរ។ 
 
 
សាវកប៉ុលដែលប្រាថ្នាចែកអំណោយទានខាងវិញ្ញាណដល់ពួកបរិសុទ្ធ
 
ចូរ យើងអាន រ៉ូម ១:៨-១២។ «មុនដំបូង ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា  ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ       ជានិច្ច  ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យ     ម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្តីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា និងរបស់ខ្ញុំផង។»
ជាដំបូង តើសាវកប៉ុលបានអរព្រះគុណដល់ព្រះសម្រាប់អ្វី? គាត់បានអរព្រះគុណដល់ព្រះ សម្រាប់ពួកគ្រីស្ទបរិស័ទនៅក្រុងរ៉ូម ពីព្រោះពួកគេបានជឿលើព្រះយេស៊ូវ ហើយតាមរយៈពួកគេ ដំណឹងល្អត្រូវបានប្រកាសទៅកាន់មនុស្សដទៃទៀត។ 
នៅក្នុងខ.៩ និង១០ យើងអាចសួរសំណួរថា «ហេតុអ្វីសាវកប៉ុលចង់ទៅក្រុងរ៉ូម ក្នុងកំឡុងពេលធ្វើដំណើរបេសកកម្មរបស់គាត់?»។ មូលហេតុគឺថា នៅពេលនោះ បើសិនដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសនៅក្នុងទីក្រុងរ៉ូម  នោះដំណឹងល្អនឹងក៏ត្រូវបានប្រកាសទៅកាន់ពិភពលោកទាំងមូលផងដែរ។  ដូចដែលពិភពលោកទាំងមូលសព្វថ្ងៃនេះសម្លឹងទៅឯប្រទេសអាមេរិក នៅសម័យបុរាណ ទីក្រុងរ៉ូមគឺជាមជ្ឈមណ្ឌលកណ្តាលនៃពិភពលោក ដូចដែលពាក្យពីសម័យបុរាណនិយាយថា «គ្រប់ផ្លូវទាំងអស់នាំទៅឯទីក្រុងរ៉ូម»។ 
យើង កំពុងតែបំពេញការងារប្រកាសដំណឹងល្អយ៉ាងខ្លាំង នៅក្នុងប្រទេសអាមេរិក។ បើសិនយើងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ នៅក្នុងប្រទេសអាមេរិក នោះបេសកជនជាច្រើននឹងចាកចេញទៅកាន់ពិភពលោកទាំងមូល ដើម្បីប្រកាសដំណឹងល្អពិតនេះទៅកាន់អ្នកដទៃ       ទៀត។    ដូច្នេះហើយបានជាសាវកប៉ុលប្រាថ្នាចង់ទៅទីក្រុងរ៉ូមយ៉ាងខ្លាំង។
 
 
អំណោយទានខាងវិញ្ញាណ ដែលសាវកប៉ុលនិយាយអំពី
 
ខ.១១ សរសេរថា «ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន»។ 
តើសាវកប៉ុលចង់មានន័យយ៉ាងដូចម្តេច ដែលគាត់និយាយថា ចែកអំណោយទានខាងវិញ្ញាណ ដើម្បីឲ្យមនុស្សបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន? អំណោយទានខាងវិញ្ញាណ ដែលគាត់និយាយអំពី គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងកំពុងតែប្រកាស។ ខ.១២ សរសេរថា «គឺថា ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្តីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា និងរបស់ខ្ញុំផង»។ ដែលនិយាយថា អំណោយទានណាមួយខាងវិញ្ញាណនឹងត្រូវបានចែកឲ្យមនុស្ស ដើម្បីឲ្យពួកគេបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន និងដើម្បីកំសាន្តចិត្តគ្នាទៅវិញទៅមកនៅក្នុងជំនឿតែមួយ រវាងសាវកប៉ុល និងពួកគេ គឺពីព្រោះតាមរយៈការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សាវក       ប៉ុលចង់ឲ្យមនុស្សបានសម្រាក មានសេចក្តីសុខសាន្ត និងទទួលបានព្រះពរ ហើយចង់មានទំនាក់ទំនងនៅក្នុងជំនឿតែមួយ។ 
ការនិយាយរបស់សាវកប៉ុលថា  គាត់ចង់ទទួលបានការលើកទឹកចិត្តជាមួយពួកគេ នៅក្នុងជំនឿតែមួយ បង្ហាញប្រាប់ថា គាត់ប្រាថ្នាចង់ប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណម្តងទៀត ទៅកាន់ពួកជំនុំក្រុងរ៉ូម។ ឥឡូវនេះ សមាជិកទាំងអស់នៃពួកជំនុំរបស់យើងបានយល់ និងជឿយ៉ាងមុតមាំតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ប៉ុន្តែអាចនៅមាន       គ្រីស្ទបរិស័ទដែលមានតែឈ្មោះមួយចំនួន ដែលមិនជឿតាមដំណឹងល្អ      ពិត។ ដូច្នេះ ពួកជំនុំនៅក្នុងទីក្រុងរ៉ូមអាចត្រូវការធ្វើឲ្យដំណឹងល្អស្រស់បស់ឡើងវិញ។ 
ដូច្នេះ សាវកប៉ុលបាននិយាយថា គាត់អាចទទួលបានការលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿតែមួយនៅក្នុងទ្រង់។ តាមការពិត យើងទទួលបានសេចក្តីសុខសាន្តនៅចំពោះវត្តមាននៃព្រះ  ហើយចិត្តរបស់យើងអាចសម្រាកដោយសេចក្តីសុខសាន្តបាន  ដោយសារតែជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែយើងនឹងមិនអាចបានសម្រាកដោយសុខសាន្តបានឡើយ បើសិនមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
លើសពីនេះ ខនេះសរសេរថា «ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន»។ អំណោយទានខាងវិញ្ញាណនេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សអាចបានធ្វើជាកូនរបស់ព្រះ និងទទួលបានព្រះពរបាន លុះត្រាតែពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។
ទោះបីជាយ៉ាងណា តើមានប្រយោជន៍អ្វីសម្រាប់មនុស្ស ដែលខិតខំរស់នៅដោយគុណធម៌ ឬដោយស្មោះត្រង់ និងមិនប្រព្រឹត្តខុស បោះបង់ការជក់បារី និងផឹកស្រា បើសិនពួកគេមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើមនុស្សជឿលើព្រះយេស៊ូវហើយក៏ដោយ? ការប្រព្រឹត្តរបស់ពួកគេមិនមានអ្វីទាក់ទងនឹងសេចក្តីសុចរិតរបស់ព្រះសោះឡើយ។ សេចក្តីសុចរិតរបស់ព្រះធំធេងជាងសេចក្តីសុចរិតរបស់មនុស្ស។  យើងងាយនឹងអូសទាញមនុស្សឲ្យចូលទៅក្នុងពួកជំនុំមួយ ប៉ុន្តែវាសំខាន់ជាង ដែលយើងប្រកាសដំណឹងល្អអំពីទឹក  និងព្រះវិញ្ញាណទៅកាន់អ្នកជឿថ្មីទាំងនេះ ដើម្បីឲ្យពួកគេបានទទួលការអត់ទោសអំពើបាបទាំងអស់របស់ខ្លួន ហើយបានធ្វើជាកូនរបស់ព្រះ ដោយបានទទួលព្រះពរខាងវិញ្ញាណពីស្ថានសួគ៌។ 
សាវកប៉ុល ចង់ឲ្យពួកបរិសុទ្ធនៅក្រុងរ៉ូមទទួលបានការលើកទឹកចិត្ត តាមរយៈជំនឿផ្ទាល់ខ្លួនរបស់គាត់។ ដូច្នេះ គាត់បាននិយាយថា «ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារ    សេចក្តីជំនឿរបស់យើងនិមួយៗ  គឺរបស់អ្នករាល់គ្ន  និងរបស់ខ្ញុំផង»។         ដូច្នេះ ហើយបានជាសាវកប៉ុលត្រូវតែប្រកាសដំណឹងល្អពិត ទៅកាន់ក្រុមជំនុំទាំងអស់ ដើម្បីឲ្យពួកគេមានជំនឿ និងបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន ដោយសារសេចក្តីជំនឿផ្ទាល់ខ្លួនរបស់គាត់តាមដំណឹងល្អអំពីទឹក  និងព្រះវិញ្ញាណ។ ដូច្នេះ គាត់ត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់អ្នកជឿនៅពួកជំនុំនៅក្រុងរ៉ូម  និងបង្រៀនពួកគេអំពីអត្ថន័យនៃដំណឹងល្អពិតនេះ។
នេះ គឺជាអ្វីដែលបានធ្វើឲ្យសាវកប៉ុលខុសពីគ្រូអធិប្បាយដទៃៗទៀតនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ នៅក្នុងសំបុត្រទៅកាន់ពួកជំនុំនៅក្រុងរ៉ូម សាវកប៉ុលបាននិយាយថា គាត់ចង់ឲ្យមនុស្សបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន ដោយការចែកអំណោយទានខាងវិញ្ញាណ និងលើកទឹកចិត្តពួកគេ ដោយសារជំនឿរបស់ពួកគេ និងគាត់ផង។ នេះហើយគឺជាអ្វីដែលគ្រូអធិប្បាយទាំងអស់នៃពួកជំនុំទាំងអស់នៅសព្វថ្ងៃនេះ គួរតែរៀនពីសាវក    ប៉ុល។ គាត់ធ្លាប់បានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យយើងអាចស្គាល់បងប្អូនពិតប្រាកដ និងបងប្អូនក្លែងក្លាយបាន។
នៅសព្វថ្ងៃនេះ ពួកជំនុំជាច្រើនអនុញ្ញាតឲ្យអ្នកចូលរួមថ្មីមួយក្រុមទទួលយកសេចក្តីបង្រៀនបែបគោលលទ្ធិ សម្រាប់រយៈពេលប្រាំមួយខែ ហើយរយៈពេលមួយឆ្នាំ ពួកគេអាចទទួលបុណ្យជ្រមុជទឹកបាន។ គឺតែប៉ុណ្ណឹង។ ពួកគេទទួលបុណ្យជ្រមុជទឹក ដោយមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានបំពេញសម្រេចផង។ នៅក្នុងន័យផ្សេង ទោះបីជាមនុស្សបានក្លាយជាសមាជិកនៃពួកជំនុំមួយក៏ដោយ ក៏ពួកគេមិនអាចបានធ្វើជាកូនរបស់ព្រះ  ដែលទទួលបានសេចក្តីសុចរិតរបស់ទ្រង់បានដែរ។ កិច្ចការតែមួយគត់ ដែលអ្នកដឹកនាំពួកជំនុំសព្វថ្ងៃនេះស្នើឲ្យអ្នកជឿថ្មីធ្វើ គឺទន្ទេញក្រិត្យវិន័យទាំងដប់ប្រការ និងគោលជំនឿពួកសាវក។ បើសិនអ្នកជឿថ្មីជាប់ការប្រឡងទន្ទេញ ពួកគេនឹងត្រូវបានសួរថា «តើអ្នកនឹងឈប់ផឹកស្រាដែរទេ? ឈប់ជក់បារីដែរទេ? តើអ្នកនឹងថ្វាយតង្វាយមួយភាគដប់របស់អ្នកជារៀងរាល់ខែដែរទេ?  ហើយតើអ្នកនឹងរស់នៅក្នុងជីវិតល្អដែរទេ?»។
មូលហេតុដែលពួកជំនុំជាច្រើននៅទ្វីបអឺរ៉ុប អាស៊ី  និងនៅទូទាំងពិភពលោកបានឃ្លាតឆ្ងាយពីសេចក្តីសុចរិតរបស់ព្រះគឺថា  ពួកគេដេញតាមសេចក្តីសុចរិតរបស់មនុស្ស។ នៅសព្វថ្ងៃនេះ សូម្បីតែនៅប្រទេសកូរ៉េ ឬ «ទីក្រុងយេរូសាឡិមនៃអាស៊ី» ក៏មានចំនួនគ្រីស្ទបរិស័ទធ្លាក់ចុះដែរ។ ឥឡូវនេះ ពេលវេលាបានមកដល់ហើយ ដែលគ្មានអ្នកណាម្នាក់ចង់ទៅព្រះវិហារទេ លុះត្រាតែមានកម្មវិធីពិសេសៗដូចជា កម្មវិធីសរសើរតម្កើង ឬការប្រគុំតន្ត្រីពេញនិយមនៅក្នុងព្រះវិហារ។  ហើយទោះបីជាមនុស្សមកឯព្រះវិហារ ក៏សេចក្តីអធិប្បាយធម្មតាៗដូចជា «កុំជក់បារី រស់នៅដោយគុណធម៌ រក្សាថ្ងៃអាទិត្យបរិសុទ្ធ និងធ្វើការងារសប្បុរសធម៌» មិនមានអ្វីទាក់ទងនឹងសេចក្តីសុចរិតរបស់ព្រះឡើយ។
ដោយសារតែមនុស្សងាយនឹងធ្វើបាប  និងមិនអាចឈប់ធ្វើបាបបានឡើយ មនុស្សត្រូវតែពឹងផ្អែកលើព្រះអម្ចាស់។ ដូច្នេះ នៅពេលមនុស្សចូលមកក្នុងពួកជំនុំរបស់ព្រះ យើងគួរតែអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកគេ ដើម្បីឲ្យពួកគេអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន។ យើងគួរតែផ្ទេរទៅពួកគេនូវសេចក្តីសុចរិតរបស់ព្រះ ដែលនិយាយថា អ្នក និងខ្ញុំត្រូវបានរាប់ជាឥតមានបាប ទោះបើយើងមិនទាន់បានពេញលេញក៏ដោយ។ 
សូមប្រាកដថា យើងចងចាំការនេះទុកនៅក្នុងគំនិត។ មនុស្សម្នាក់អាចរស់តាមបំណងព្រះហរទ័យព្រះបាន  លុះត្រាតែបន្ទាប់ពីគាត់ត្រូវបានរាប់ជាឥតមានបាប  ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះតែ          ប៉ុណ្ណោះ។ មនុស្សម្នាក់អាចប្រកាសដំណឹងល្អបាន កាលណាបញ្ហាបាបរបស់ខ្លួនត្រូវបានដោះស្រាយរួចរាល់ហើយ  គឺការងារប្រកាសដំណឹងល្អរបស់យើងទៅកាន់អ្នកដទៃមិនគួរកើតឡើងមុនពេលការដោះស្រាយបញ្ហាបាបផ្ទាល់ខ្លួនរបស់យើងឡើយ។ ដូច្នេះ មនុស្សម្នាក់មិនអាចប្រកាសដំណឹងល្អពិតទៅកាន់អ្នកដទៃបានឡើយ បើសិនបញ្ហាបាបរបស់ខ្លួនមិនទាន់ត្រូវបានដោះស្រាយនោះ។ 
អ្នកខ្លះ បាននិយាយថា សាវកប៉ុលពិតជាបានចែកអំណោយទានខាងវិញ្ញាណមួយចំនួនដល់អ្នកដទៃមែន។ អំណោយទានដែលសាវកប៉ុលបាននិយាយអំពី មិនមែនជាអំណោយទាននៃការនិយាយភាសាដទៃ ឬការប្រោសឲ្យជា  ដែលចលនាពេនទីកុស្តនៅក្នុងជំនឿគ្រីស្ទបរិស័ទបច្ចុប្បន្ននេះនិយាយអំពីឡើយ។  គ្រីស្ទបរិស័ទភាគច្រើនចាត់ទុកបាតុភូតចម្លែកៗដូចជា ការមើលឃើញនិមិត្ត ការទាយ ការនិយាយភាសាដទៃ ឬការប្រោសជម្ងឺឲ្យជាជាអំណោយទាន។
ទោះបីជាយ៉ាងណា  បាតុភូតចម្លែកទាំងនេះមិនមែនជាអំណោយទានខាងវិញ្ញាណពីស្ថានសួគ៌ទេ។ មនុស្សម្នាក់ដែលស្រែកយ៉ាងចម្លែក ឬច្របូកច្របល់នៅក្នុងរូងភ្នំ នៅពេលគាត់ស្តាប់ឮសម្លេងចម្លែក និងមិនអាចគេងអស់រយៈពេលបីយប់ មិនមែនជាអំណោយទានពីព្រះឡើយ។ អ្នកដែលអះអាងថា ខ្លួនអាចនិយាយភាសាដទៃបាន ហើយដួលសន្លប់ទៅនឹងដី បន្ទាប់ពីគ្រលាស់អណ្តាតស្រែកពាក្យចម្លែកថា «ឡា ឡា ឡា» មិនមែនជារូបភាពនៃមនុស្សម្នាក់កំពុងតែទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ ផ្ទុយទៅវិញ វាស្រដៀងគ្នាទៅនឹងអ្នកជម្ងឺផ្លូវចិត្តធ្វើទុក្ខនៅក្នុងមន្ទីរពេទ្យផ្លូវចិត្តដែរ។ ទោះបីជាយ៉ាងណា មានក្រុមចលនាខារីស្មាតិចធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ (charismatic revivalists) ដែលអះអាងថា ពួកគេអាចបង្រៀនគ្រីស្ទបរិស័ទអំពីរបៀបនិយាយភាសាដទៃ ឬរបៀបទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ ប៉ុន្តែកិច្ចការដែលពួកគេធ្វើនេះគឺជាខុសយ៉ាងខ្លាំង ហើយជំនឿដែលពួកគេមានក៏មិនត្រឹមត្រូវដែរ។
ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ហូរចេញពីចិត្តរបស់យើង នៅពេលយើងបំពេញការងាររបស់ព្រះដោយស្មោះត្រង់ និងដើរតាមព្រះអម្ចាស់។ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធនឹងបានពេញប្រៀបនៅក្នុងចិត្តរបស់យើង នៅពេលយើងធ្វើឲ្យកិច្ចការខាងសាច់ឈាមរបស់យើងកាន់តែតិច និងដើរតាមកិច្ចការខាងវិញ្ញាណវិញ។
គ្រីស្ទបរិស័ទ គួរតែទទួលបានអំណោយទាននៃការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សម្នាក់នេះនិយាយថា ឥឡូវនេះ គ្រីស្ទបរិស័ទយ៉ាងច្រើនកំពុងតែធ្វើដំណើរទៅកាន់ស្ថាននរកជាមួយនឹងពួកអ្នកដឹកនាំពួកជំនុំសព្វថ្ងៃនេះ។ នេះបង្ហាញថា ពួកជំនុំសព្វថ្ងៃនេះជម្រុញមនុស្សឲ្យដេញតាមសេចក្តីសុចរិតរបស់មនុស្ស ជាជាងការប្រកាសពីសេចក្តីសុចរិតរបស់ព្រះ។ 
បងប្អូនអើយ!  ទោះបីជាមនុស្សម្នាក់បានសន្សំសេចក្តីសុចរិតរបស់មនុស្សយ៉ាងច្រើន បន្ទាប់ពីគាត់បានចូលរួមនៅក្នុងពួកជំនុំក៏ដោយ ក៏នេះមិនមានន័យថា គាត់អាចទទួលបានអំណោយទានខាងវិញ្ញាណ ដោយសារទង្វើទាំងនោះដែរ។ យើងគួរតែទទួលយកសេចក្តីសុចរិតរបស់ព្រះទុកនៅក្នុងចិត្តរបស់យើង ដោយជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យយើងអាចទទួលបានអំណោយទានខាងវិញ្ញាណ។ 
ចូរយើងអានខ.១៣-១៧។ «តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្តីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ  ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រេក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង  ដូច្នេះ ឯខ្ញុំៗ ប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ  ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង  ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា [មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ]។»
សាវកប៉ុល ប្រាថ្នាចង់ទៅឯក្រុងរ៉ូម ប៉ុន្តែគាត់មិនអាចធ្វើដូច្នេះបានឡើយ ពីព្រោះគាត់មានសេចក្តីឃាត់ឃាំង។ ដូច្នេះ គាត់ត្រូវតែអធិស្ឋានទូលសុំឲ្យទ្វារបានបើកសម្រាប់ការងារបេសកកម្មរបស់គាត់។ ដូចគ្នាដែរ យើងគួរតែថ្វាយការអធិស្ឋានបែបនេះ  ខណៈដែលយើងកំពុងតែប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រ។ មានតែយើងអធិស្ឋានទេ ទើបព្រះទ័យរបស់ព្រះនឹងធ្វើការ ហើយមានតែព្រះបើកទ្វារ និងផ្លូវសម្រាប់យើងទេ ទើបយើងនឹងអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូលបាន។ 
 
 
សាវកប៉ុលដែលមានសេចក្តីជំពាក់ដល់មនុស្សទាំងអស់
 
តើ សាវកប៉ុលបាននិយាយថា គាត់មានសេចក្តីជំពាក់ដល់អ្នកណា ហើយសេចក្តីជំពាក់នោះនៅក្នុងខ.១៤ និង ១៥ គឺជាអ្វី? គាត់បាននិយាយថា គាត់មានសេចក្តីជំពាក់ដល់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ហើយថា គាត់ជំពាក់ពួកគេនូវការប្រកាសដំណឹងល្អអំពីទឹក និងព្រះ       វិញ្ញាណ។ ហើយគាត់បានបន្ថែមទៀតថា គាត់ជំពាក់ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង។ ដូច្នេះហើយបានជាគាត់ប្រាថ្នាចង់ប្រកាសដំណឹងល្អទៅកាន់មនុស្សទាំងនេះនៅក្នុងក្រុងរ៉ូម តាមដែលគាត់អាចធ្វើបាន។
ដូច្នេះ  គោលបំណងនៃការសរសេរសំបុត្ររបស់សាវកប៉ុលទៅកាន់ពួកជំនុំនៅក្រុងរ៉ូម គឺដើម្បីប្រកាសដំណឹងល្អពិត។ គាត់បានមើលឃើញថា សូម្បីតែនៅក្នុងចិត្តរបស់មនុស្សនៅពួកជំនុំនៅក្រុងរ៉ូម ក៏មិនមានជំនឿរឹងមាំតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ ហើយដូច្នេះហើយបានជាគាត់បានហៅដំណឹងល្អថាជាអំណោយទានខាងវិញ្ញាណ។ ដូច្នេះ គាត់បានប្រកាសដំណឹងល្អអំពីទឹក  និងព្រះវិញ្ញាណដល់មនុស្សដែលនៅពួកជំនុំ ក៏ដូចជាមនុស្សទាំងអស់នៅក្នុងពិភពលោកផងដែរ។ គាត់បាននិយាយថា គាត់មានសេចក្តីជំពាក់ទាំងអ្នកប្រាជ្ញ អ្នកខ្លៅ សាសន៍ក្រិក និងសាសន៍ដទៃទាំងអស់ផង។
តើសាវកប៉ុលមានសេចក្តីជំពាក់អ្វី? គាត់ជំពាក់ការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ គាត់ទទូចចង់សងសេចក្តីជំពាក់ទាំងអស់នេះ ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ ដូច្នេះ សូម្បីតែអ្នកដែលមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏នៅជំពាក់ការប្រកាសដំណឹងល្អផងដែរ។ សេចក្តីជំពាក់ដែលពួកគេត្រូវតែសងនោះ គឺជាការងារប្រកាសដំណឹងល្អ។  នេះហើយគឺជាមូលហេតុដែលយើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក  និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូលនៅពេលនេះ។ 
មនុស្សគិតយ៉ាងខុសថា  មានតែព្រះលោហិតនៅលើឈើឆ្កាងតែប៉ុណ្ណោះ ទើបជាសេចក្តីសង្រ្គោះ។ ប៉ុន្តែដំណឹងល្អពីស្ថានសួគ៌ ដែលគម្ពីរធ្វើបន្ទាល់ពី គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសាវកប៉ុលក៏បានធ្វើបន្ទាល់ពីផងដែរ។  ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយនៅក្នុង រ៉ូម ៦ ថា គាត់បានទទួលបុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទយេស៊ូវ និងការសុគតរបស់ទ្រង់។  ដោយសារតែមានគ្រីស្ទបរិស័ទក្លែងក្លាយនៅក្នុងពួកជំនុំនៅក្រុងរ៉ូម ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ សាវកប៉ុលចង់ប្រកាសពីសេចក្តីអាំថ៌កំបាំងនៃបុណ្យជ្រមុជ  ដែលព្រះយេស៊ូវបានទទួល។ ដូច្នេះ យើងគួរតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សដែលមិនទាន់បានស្តាប់ឮ  ទោះបើពួកគេបាននៅក្នុងពួកជំនុំ អស់រយៈពេលជាយូរមកហើយក៏ដោយ។ 
នៅពេលគ្រីស្ទបរិស័ទត្រូវបានគេសួរថា ពួកគេមានបាប ឬអត់ ពួកគេចាត់ទុកសំណួរនេះថាជាឥតប្រយោជន៍ និងមិនទាក់ទងនឹងបុគ្គលិក      លក្ខណៈរបស់ពួកគេទេ។ ប៉ុន្តែតាមការពិត សំណួរនេះមានសារៈសំខាន់ និងគុណតម្លៃយ៉ាងធំធេង។ បើសិនមនុស្សជាតិត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែអំពើបាបរបស់ខ្លួន តើមានអ្នកណានៅទីនោះសួរសំណួរបែបនេះដល់ពួកគេ និងផ្តល់ដំណោះស្រាយត្រឹមត្រូវដល់ពួកគេ? មានតែមនុស្សឥតបាបនៅក្នុងចិត្តរបស់ខ្លួន បន្ទាប់ពីបានកើតជាថ្មី ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចសួរសំណួរនេះបាន ហើយក៏អាចផ្តល់ចម្លើយត្រឹមត្រូវដល់មនុស្សបានផងដែរ។  មានតែអ្នកជឿដែលបានកើតជាថ្មីប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានបាបបានកើតជាថ្មី តាម    រយៈការប្រកាសដំណឹងល្អពិត ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ដែលមនុស្សមានបាបមិនដែលបានស្តាប់ឮពីមុនមក។ 
បងប្អូនអើយ! ទោះបីជាមនុស្សម្នាក់ជឿលើព្រះយេស៊ូវក៏ តែបើសិនគាត់មិនទាន់បានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណបរិសុទ្ធទេ នោះគាត់មិនអាចចូល ឬមើលឃើញនគរព្រះបានឡើយ។ ដូច្នេះ ចូរអរគុណចុះ នៅពេលអ្នកជួបមនុស្សដែលជួយឲ្យមនុស្សមានបាប ឲ្យទទួលបានការអត់ទោសបាប ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកនឹងទទួលបានព្រះពរដ៏ធំ។
 
 
ដំណឹងល្អដែលសាវកប៉ុលមិនមានសេចក្តីខ្មាសចំពោះ
 
នៅ ក្នុងខ.១៦  តើសាវកប៉ុលមិនមានសេចក្តីខ្មាសចំពោះដំណឹងល្អបែបណា? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះដំណឹងល្អនេះមានអំណាចព្រះចេស្តា សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ដែលជឿតាម។ មូលហេតុដែលគាត់មិនខ្មាសចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺថា  ដំណឹងល្អនេះធ្វើឲ្យមនុស្សត្រឡប់ទៅជាឥតបាបទាំងស្រុង ហើយបំបែករនាំងបាប ដែលកាត់ផ្តាច់មនុស្សចេញពីព្រះ។ 
    តើការលាងសម្អាតបាបអាចកើតឡើងដែរទេ បើសិនមនុស្សជឿតាមដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ?  ជំនឿបែបនេះហាក់ដូចជាអាចលាងសម្អាតអំពើបាប  ដែលយើងបានប្រព្រឹត្តពីមុនរហូតមកដល់ពេលនេះ  ប៉ុន្តែមិនអាចលាងសម្អាតអំពើបាបនៅពេលអនាគតបានឡើយ។ ដូច្នេះ មនុស្សដែលមានជំនឿបែបនេះ ព្យាយាមលាងសម្អាតអំពើបាបរបស់ខ្លួន ដោយការអធិស្ឋានប្រែចិត្ត ជារៀងរាល់       ថ្ងៃ។ ពួកគេសារភាពថា ចិត្តរបស់ពួកគេពេញទៅអំពើបាប និងថា ពួកគេគឺពិតជាមនុស្សមានបាបមែន។ គ្រីស្ទបរិស័ទដែលនៅតែជាមនុស្សមានបាបទាំងនេះ មិនអាចនិយាយអំពីដំណឹងល្អយ៉ាងស្មោះត្រង់ ទៅកាន់អ្នកដទៃបានឡើយ ពីព្រោះ «ដំណឹងល្អ» ដែលពួកគេមាន គឺលែងជា «ដំណឹងល្អ» សម្រាប់ពួកគេទៀតហើយ។ 
ជាភាសាក្រិក ដំណឹងល្អគឺ «euaggelion» ហើយនៅក្នុងន័យផ្សេង វាមានន័យថា ដំណឹងល្អដែលមានអំណាចលាងសម្អាតអំពើបាបទាំងអស់នៅក្នុងលោកិយនេះបាន។  ដំណឹងល្អពិតតែមួយគឺដូចជាគ្រាប់រំសេវ         អញ្ចឹង។ នេះហើយគឺជាដំណឹងល្អពិត ដែលបំបាត់អំពើបាបទាំងអស់នៅក្នុងលោកិយនេះ។ ដូច្នេះ មនុស្សដូចជាសាវកប៉ុល ដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានអំណាចលុបបំបាត់បាប មិនមានសេចក្តីខ្មាសចំពោះដំណឹងល្អនេះឡើយ។ នៅសព្វថ្ងៃនេះ សូម្បីតែ    គ្រីស្ទបរិស័ទ ក៏ហាក់ដូចជាមានសេចក្តីខ្មាសចំពោះការប្រកាសដំណឹងល្អផងដែរ។ ប៉ុន្តែអ្នកដែលមានសេចក្តីសុចរិតរបស់ព្រះ គឺជាមនុស្សដែលលេចធ្លោជាមួយសេចក្តីថ្លៃថ្នូរ និងសិរីល្អ នៅពេលពួកគេកំពុងតែប្រកាសដំណឹងល្អ។ 
សាវកប៉ុល មិនខ្មាសសូម្បីតែបន្តិច នៅពេលគាត់ប្រកាសដំណឹងល្អ ពីព្រោះវាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានអំណាចព្រះចេស្តា សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សគ្រប់គ្នាដែលជឿតាម។ 
ដំណឹងល្អនេះ  មានអំណាចធ្វើឲ្យអ្នកដែលជឿតាម បានរួចពីបាបរបស់ខ្លួន មិនថាអ្នកណាប្រកាសដល់គាត់ឡើយ។ អំពើបាបរបស់លោកិយនេះត្រូវបានលាងសម្អាតទាំងស្រុង  បើសិនអ្នកស្តាប់ទទួលយកដំណឹងល្អទុកនៅក្នុងចិត្តរបស់ខ្លួន។  ប៉ុន្តែដំណឹងល្អអំពីព្រះលោហិតតែមួយមុខ ប្រកាសពីសេចក្តីសង្រ្គោះមិនពេញលេញដល់មនុស្សទេ គឺគ្រាន់តែប្រាប់មនុស្សថា វាលុបបំបាត់តែបាបតាំងពីកំណើតរបស់ពួកគេប៉ុណ្ណោះ ហើយអំពើបាបជាក់ស្តែងត្រូវតែលាងសម្អាត  តាមរយៈការអធិស្ឋានប្រែចិត្ត ជារៀងរាល់ថ្ងៃ។ នេះគឺជារសជាតិនៅជាប់មាត់ បន្ទាប់ពីបានបរិភោគអាហារហើយ។
តើព្រះយេស៊ូវគ្រាន់តែទទួលយកអំពើបាបតែមួយចំនួន ដោយសារតែទ្រង់មានអំណាចមិនគ្រប់គ្រាន់ឬ?  ដោយសារព្រះយេស៊ូវបានជ្រាបពីមនុស្សជាតិយ៉ាងច្បាស់លាស់  ទ្រង់មិនបានបន្សល់ទុកនូវអំពើបាបណាមួយឡើយ គឺទ្រង់បានទទួលយកអំពើបាបទាំងអស់ ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ខ្ញុំជឿថា ដំណឹងល្អពិតនេះផ្តល់សេចក្តីសង្រ្គោះពេញលេញចេញពីបាបដល់មនុស្សគ្រប់គ្នាដែលស្តាប់ឮ  និងជឿតាម។ នេះហើយគឺជាដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ដូច្នេះ ដំណឹងល្អមានអំណាចព្រះចេស្តាដូចគ្នាចំពោះមនុស្សគ្រប់គ្នា រួមទាំងសាសន៍យូដា និងសាសន៍ក្រិកផង។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផ្តល់សេចក្តីសង្រ្គោះចេញពីបាបដូចគ្នាដល់មនុស្សគ្រប់គ្នា  ដែលជឿលើព្រះយេស៊ូវ   នៅពេលដំណឹងល្អត្រូវបានប្រកាសទៅកាន់ពួកគេ។ ម៉្យាងវិញទៀត នៅពេលអ្នកណាម្នាក់ប្រកាសអ្វីផ្សេងក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះគាត់នឹងទទួលបានសេចក្តីក្រោធរបស់ព្រះ។ ដូច្នេះ សាវកប៉ុលបាននិយាយថា «ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី ១:៨)។ សាវកប៉ុលបាននិយាយយ៉ាងច្បាស់លាស់ថា មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែមួយគត់ ដែលជាដំណឹងល្អពិត គឺមិនមានដំណឹងល្អណាផ្សេងទៀតជាដាច់ខាត។
មិនថាជាសាសន៍ដទៃ ឬសាសន៍យូដា ឬជឿសាសន៍អ៊ីស្លាម លទ្ធិ     ខុងជឺ សាសនាព្រះពុទ្ធ លទ្ធិតាវ ព្រះនៃព្រះអាទិត្យ ឬអ្វីឡើយ មនុស្ស       ម្នាក់ៗមានឱកាសស្តាប់ឮដំណឹងល្អ។ លើសពីនេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះផ្តល់ឲ្យពួកគេនូវឱកាសបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ដូច្នេះ យើងគួរតែប្រកាសថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ ដែលបានបង្កើតសកលលោកនេះ  បានយាងមកក្នុងលោកិយនេះក្នុងរូបភាពជាមនុស្ស ដើម្បីសង្រ្គោះយើង ដោយបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានទទួលយកការជំនុំជម្រះសម្រាប់អំពើបាបរបស់យើង  ដោយការសុគតនៅលើឈើឆ្កាង។ 
ដូច្នេះ សាវកប៉ុលមិនមានសេចក្តីខ្មាសចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណសោះឡើយ។  ទោះបីជាដំណឹងល្អអំពីឈើឆ្កាងតែមួយមុខគឺជាដំណឹងល្អដែលគួរឲ្យខ្មាសក៏ដោយ ក៏ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនមានអ្វីគួរឲ្យខ្មាសបន្តិចសោះឡើយ ប៉ុន្តែជាដំណឹងល្អពិត និងមានអំណាចព្រះចេស្តា ដែលមានពេញដោយមោទនភាព និងសេចក្តីថ្លៃថ្នូរ។ ហើយអ្នកដែលជឿតាមដំណឹងល្អនេះ  ទទួលបានភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ ដោយជំនឿលើការពិតថា គាត់បានធ្វើជាកូនរបស់ព្រះ    ហើយ។ ម្តងទៀត ខ្ញុំនិយាយទៅកាន់អ្នកថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះមិនមែនជាដំណឹងល្អ ដែលយើងគួរតែខ្មាសចំពោះឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អ ដែលជឿលើតែព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខវិញទេ ទើបយើងគួរតែមានសេចក្តីខ្មាសចំពោះ។ 
គ្រីស្ទបរិស័ទអើយ! តើអ្នកខ្មាស នៅពេលអ្នកត្រូវប្រកាសដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខឬ? អ្នកមានអារម្មណ៍ខ្មាស នៅពេលអ្នកបានប្រកាស  និងជឿតាមដំណឹងល្អអំពីព្រះលោហិតតែមួយមុខ ដែលមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដោយសារតែអ្នកខ្មាសក្នុងការប្រកាសដំណឹងល្អឥតប្រយោជន៍នេះ  អ្នកតែងតែស្រែកទៅឯព្រះអម្ចាស់ ឬអធិស្ឋានជាភាសាដទៃ ដើម្បីបំពេញអារម្មណ៍របស់អ្នក មុនពេលអ្នកចេញទៅក្រៅស្រែកថា «ចូរជឿព្រះយេស៊ូវ។ ចូរជឿព្រះយេស៊ូវ!»។
នេះគឺជាកិច្ចការមួយ ដែលមនុស្សអាចធ្វើបាន ជាមួយនឹងអារម្មណ៍ពុះកញ្រ្ជោល ប៉ុន្តែជាកិច្ចការមួយ ដែលមនុស្សមិនអាចធ្វើបាន ជាមួយគំនិតនឹងធឹងបានឡើយ។  ដូច្នេះហើយបានជាអ្នកដែលជឿតែលើព្រះលោហិត ស្រែកយ៉ាងច្របូកច្របល់ និងបង្កការរំខាន កាលណាពួកគេនៅខាងក្រៅផ្សាយដំណឹងល្អ។ ដោយដាក់មីក្រូហ្វូននៅជិតមាត់របស់ពួកគេ ពួកគេគ្រាន់តែស្រែកពាក្យថា «ព្រះយេស៊ូវ ទៅស្ថានសួគ៌ មិនជឿ ទៅស្ថាននរក»។ ប៉ុន្តែអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប្រកាសដំណឹងល្អតាមរបៀបសុភាពរាបសារ គឺខណៈដែលកំពុងបើកព្រះគម្ពីរ ពួកគេពិសាតែ និងសន្ទនាជាមួយគ្នាទៅវិញទៅមក។ 
 
 
តើសាវកប៉ុលបាននិយាយអ្វីខ្លះអំពីដំណឹងល្អអំពី សេចក្តីសុចរិតរបស់ព្រះ?
 
តើ ខ.១៧ ប្រាប់យើងពីអ្វីដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ? ខនេះប្រាប់យើងថា «សេចក្តីសុចរិតរបស់ព្រះ» ត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អរបស់ព្រះ។  សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងទាំងស្រុងនៅក្នុងដំណឹងល្អពិត។ ដូច្នេះ ខនេះនិយាយថា សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ ដោយសារសេចក្តីជំនឿ និងថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ ដំណឹងល្អដែលប្រកាសតែពីព្រះលោហិតនៅលើឈើឆ្កាង មិនមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះឡើយ។
បងប្អូនអើយ! តើយើងទទួលបានសេចក្តីសុចរិតរបស់ព្រះទេ បើសិនយើងមានជំនឿថា យើងត្រូវតែថ្វាយការអធិស្ឋានប្រែចិត្តជារៀងរាល់ថ្ងៃ សម្រាប់អំពើបាបប្រចាំថ្ងៃរបស់យើង  ទោះបើបាបតាំងពីកំណើតរបស់យើងត្រូវបានអត់ទោសឲ្យហើយក៏ដោយ  ហើយយើងអាចបានញែកជាបរិសុទ្ធបន្តិចម្តងៗ  រហូតដល់បានក្លាយជាមនុស្សសុចរិតឥតខ្ចោះនៅថ្ងៃណាមួយ? នេះមិនមែនជាដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះឡើយ។ ប៉ុន្តែដំណឹងល្អដែលបើកសម្តែងសេចក្តីសុចរិតរបស់ព្រះ និយាយអំពីកិច្ចការឥតខ្ចោះវិញ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនិយាយអំពីដំណឹងល្អដ៏គ្រប់លក្ខណ៍ ចាប់ពីដើមដំបូងដល់ទីបញ្ចប់។ 
អ្នកថ្វាយការអធិស្ឋានប្រែចិត្ត ជារៀងរាល់ថ្ងៃ ពីព្រោះអ្នកកំពុងតែប្រព្រឹត្តអំពើបាប ជារៀងរាល់ថ្ងៃ។ ការធ្វើដូច្នេះដូចជាការដេរសំលៀក        បំពាក់ថ្មីចេញពីស្លឹកល្វា  ដើម្បីគ្របបាំងកន្លែងអៀនខ្មាសរបស់ខ្លួនជារៀងរាល់ថ្ងៃ ឬជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែ។ មនុស្សម្នាក់ដែល          ត្រឡប់ជាមនុស្សមានបាប ម្តងហើយម្តងទៀត ដោយការអធិស្ឋានប្រែចិត្តជារៀងរាល់ថ្ងៃ គឺដូចជាការគ្របបាំងរូបកាយដ៏អៀនខ្មាសរបស់ខ្លួន ដោយស្លឹកល្វាអញ្ចឹង។  នេះហើយគឺជាសណ្ឋាននៃជីវិតបែបសាសនារបស់អ្នកដែលជឿតាមដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ។ ពួកគេគឺជាមនុស្សចំកួត ដែលមិនចង់ស្លៀកសំលៀកបំពាក់ស្បែក ដែលព្រះបានប្រទានឲ្យ ដោយឥតគិតថ្លៃទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេរីករាយនឹងស្លៀកសំលៀកបំពាក់ធ្វើពីស្លឹកល្វាវិញ។ 
ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង  គឺជាលទ្ធផលនៃបុណ្យជ្រមុជរបស់ទ្រង់  ហើយព្រះយេស៊ូវក៏មិនអាចទទួលយកអំពើបាបរបស់យើង ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងដែរ។ ទ្រង់បានទទួលយកអំពើបាបរបស់យើង នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ហើយបន្ទាប់មក ទ្រង់បានយាងទៅឯឈើឆ្កាង ដោយផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះនៅលើអង្គទ្រង់ ហើយបានសុគត ដើម្បីធួននឹងអំពើបាបរបស់លោកិយនេះ។ ដូច្នេះ ឈើឆ្កាងគឺជាលទ្ធផលនៃបុណ្យជ្រមុជ ដែលទ្រង់បានទទួល។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងគឺជាកិច្ចការចុងក្រោយរបស់ទ្រង់  ក្នុងការធួននឹងអំពើបាបទាំងអស់របស់យើង។
ដូច្នេះ  តើយើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះដោយរបៀបណា? យើងអាចទទួលបានវា ដោយការយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកអាចសួរខ្ញុំថា «អញ្ចឹង តើអ្នកគឺជាអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឬ?»។ ហើយខ្ញុំអាចឆ្លើយយ៉ាងច្បាស់លាស់ និងភ្លាមថា «បាទ មែនហើយ»។ អាថ៌កំបាំងដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះ គឺត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
មូលហេតុគឺថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិត ដែលបើកសម្តែងពីសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីសុចរិតរបស់     ទ្រង់។ ហើយដំណឹងល្អនេះមានផ្ទុកនូវការអត់ទោសបាប ដែលព្រះបានប្រទានដល់មនុស្សជាតិ ដោយមិនគិតថ្លៃ របៀបបានធ្វើជាកូនរបស់ទ្រង់ ព្រះពរនៃជីវិតអស់កល្បជានិច្ច ព្រះវិញ្ញាណបរិសុទ្ធ និងព្រះពរខាងសាច់ឈាម និងខាងវិញ្ញាណនៅលើផែនដីនេះ។
សាវកប៉ុលបាននិយាយថា សេចក្តីសុចរិតរបស់ព្រះត្រូវបានបើក      សម្តែងយ៉ាងពេញលេញនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលគាត់កំពុងតែប្រកាស។ ដូច្នេះ ការដេញតាមសេចក្តីសុចរិតរបស់មនុស្ស ដោយមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ  គឺដូចជាការធ្វើបាបនៅចំពោះព្រះអញ្ចឹងដែរ។ លើសពីនេះ ដំណឹងល្អមួយ ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ តែមិនមានសេចក្តីសុចរិតរបស់ព្រះ គឺជាដំណឹងល្អក្លែងក្លាយ។ 
សេចក្តីសុចរិតរបស់ព្រះ សំដៅទៅលើដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានមក។ ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី គឺជាគូនឹងគ្នា ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ព្រះគម្ពីរសញ្ញាចាស់រៀបចំសម្រាប់ព្រះគម្ពីរសញ្ញាថ្មី  ហើយព្រះគម្ពីរសញ្ញាថ្មីបំពេញសម្រេចព្រះបន្ទូលសន្យា ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ  ដោយការប្រទានឲ្យយើងនូវដំណឹងល្អពិត  ដែលបានបើកសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់យ៉ាងពេញលេញ។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបទាំងអស់។ 
ឥឡូវនេះ លោកិយទាំងមូលគួរតែត្រឡប់មកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ ដំណឹងល្អតែមួយ ដែលសង្រ្គោះមនុស្សចេញពីបាប គឺជាដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ បងប្អូនអើយ! លោកិយទាំងមូលត្រូវតែត្រឡប់មកឯដំណឹងល្អអំពីទឹក និងព្រះលោហិតវិញ។ ពួកគេត្រូវតែត្រឡប់មកឯដំណឹងល្អ ដែលមានសេចក្តីសុចរិតរបស់ព្រះវិញ។
មូលហេតុចម្បងគឺថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតតែមួយគត់ ដែលអាចសង្រ្គោះយើងចេញពីបាបបាន។ មានតែដំណឹងល្អដែលមានសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ទើបអាចសង្រ្គោះយើង ជួយឲ្យយើងលែងមានបាប និងបានធ្វើជាកូនរបស់ព្រះបាន។ លើសពីនេះ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងចិត្តរបស់យើង ការពាររាស្ត្ររបស់ព្រះ ហើយព្រះវិញ្ញាណបរិសុទ្ធនេះអធិស្ឋានសម្រាប់យើង ប្រទានពរដល់យើង តែងតែគង់ជាមួយយើង និងប្រទានអំណោយទាននៃជីវិតអស់កល្បជានិច្ចដល់យើង។ 
គួរឲ្យសោកស្តាយណាស់ ដែលយើងមើលឃើញថា មានមនុស្សជាច្រើន ដែលមិនយកចិត្តទុកដាក់ចំពោះដំណឹងល្អនេះសោះ។ ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់បានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ដោយការមានការយល់ដឹងត្រឹមត្រូវអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។  បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស មិនមែនជាបុណ្យជ្រមុជដែលព្រះយេស៊ូវទទួល  ដោយព្រោះទ្រង់សុភាពរាបសារនោះឡើយ។ មូលហេតុដែលទ្រង់ទទួលបុណ្យជ្រមុជ គឺដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ លោកយ៉ូហាន-បាទ្ទីស ដែលជាមនុស្សដ៏អស្ចារ្យបំផុតក្នុងចំណោមមនុស្សដែលបានកើតពីស្ត្រីមក បានដាក់ដៃរបស់គាត់នៅលើព្រះសិរសារបស់ព្រះយេស៊ូវ  នៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ សកម្មភាពនេះស្របគ្នាជាមួយការដាក់ដៃរបស់សម្តេចសង្ឃលើក្បាលតង្វាយលោះបាបឥតខ្ចោះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លេវីវិន័យ ១៦:២១)។ ការសុគតរបស់ព្រះយេស៊ូវគឺជាលទ្ធផលនៃការទទួលយកអំពើបាបដាក់លើអង្គទ្រង់  ហើយវាស្របគ្នាជាមួយតង្វាយលោះបាប ដែលបានស្រក់ឈាម និងស្លាប់ បន្ទាប់ពីត្រូវបានគេដាក់ដៃលើក្បាលហើយ។
ដោយសារដំណឹងល្អអំពីទឹក  និងព្រះវិញ្ញាណនេះត្រូវបាននិយាយអំពីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីផង អ្នកណាដែលជឿតាមដំណឹងល្អផ្សេង ដែលលុបផ្នែកណាមួយនៃដំណឹងល្អដើមចេញ មានជំនឿខុសឆ្គងហើយ។ កិច្ចការសំខាន់ និងដំបូងបំផុត ដែលព្រះយេស៊ូវបានធ្វើ នៅពេលទ្រង់យាងចុះមកលោកិយនេះ  គឺទទួលបុណ្យជ្រមុជពីលោក      យ៉ូហាន។ វាគឺជាការខុសយ៉ាងខ្លាំង បើសិនអ្នកជឿថា បុណ្យជ្រមុជរបស់ទ្រង់គឺគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ និងគិតថា ទ្រង់ទទួលបុណ្យជ្រមុជ ដោយព្រោះទ្រង់មានសេចក្តីសុភាពរាបសារ។
តើបុគ្គលដែលមានជំនឿខុសឆ្គងមានលក្ខណៈបែបណា? ទីតុស ៣:១០-១១ សរសេរថា «ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង»។ មនុស្សដែលបង្កើតបក្សពួកគឺជាមនុស្សម្នាក់ដែលកាត់ទោសខ្លួនឯង។ មនុស្សដែលកាត់ទោសខ្លួនឯងមានន័យថា មនុស្សម្នាក់ដែលទទួលស្គាល់ និងសារភាពថា ខ្លួនមានបាប។ ដូច្នេះ គ្រីស្ទបរិស័ទម្នាក់ដែលនិយាយថា «ខ្ញុំគឺជាមនុស្សមានបាបម្នាក់» គឺជាមនុស្សដែលបង្កើតបក្សពួក ឬបុគ្គលដែលមានជំនឿខុសឆ្គង។ បទគម្ពីរខាងលើសរសេរថា «ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ»។
ដោយសារតែមនុស្សប្រភេទនេះបានខូច និងបាត់បង់ហើយ មនុស្សបរិសុទ្ធម្នាក់មិនគួរទៅជិតបុគ្គលបែបនេះឡើយ។ គាត់គឺជាមនុស្សម្នាក់ ដែលកាត់ទោសខ្លួនឯង ពីព្រោះជីវិតបែបសាសនា និងជំនឿផ្ទាល់ខ្លួនរបស់គាត់បានផុយរលួយអស់ទៅហើយ។  មនុស្សម្នាក់ដែលប្រព្រឹត្តអំពើបាបដែលមិនអាចអត់ទោសឲ្យបាននៅចំពោះព្រះ  គឺជាមនុស្សម្នាក់ដែលមិនចង់ទទួលបានជីវិតឥតមានបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តប្រព្រឹត្តអំពើបាបនៃការបដិសេធសេចក្តីសង្រ្គោះរបស់ព្រះ ដោយនិយាយថា គាត់គឺនៅតែជាមនុស្សមានបាបម្នាក់។ អ្នកដែលកាត់ទោសខ្លួនឯង ទោះបើខ្លួនជឿព្រះយេស៊ូវក៏ដោយ គាត់នៅតែមានបាប និងចាត់ទុកខ្លួនឯងជាមនុស្សមានបាបម្នាក់។ មនុស្សប្រភេទនេះគឺជាបុគ្គលម្នាក់ដែលមានជំនឿខុសឆ្គង និងកំពុងតែធ្វើដំណើរទៅកាន់ស្ថាននរកហើយ។ 
គ្រីស្ទបរិស័ទមួយចំនួន     បិទស្លាកនៅខាងក្រោយឡានរបស់ខ្លួនថា «វាគឺជាកំហុសរបស់ខ្ញុំ»។ នៅចំពោះភ្នែករបស់មនុស្ស ការនិយាយបែបនេះហាក់ដូចជាសប្បុរស និងកក់ក្តៅ ប៉ុន្តែតាមការពិត វាមានន័យថា ដោយសារវាទាំងអស់គឺជាកំហុសផ្ទាល់ខ្លួនរបស់មនុស្សម្នាក់  បញ្ហាបែបនេះនឹងធ្លាក់ទៅស្ថាននរក ក្លាយជាមនុស្សដែលបង្កើតបក្សពួក ហើយការត្រូវបណ្តាសាអាស្រ័យទៅលើកំហុសផ្ទាល់ខ្លួនរបស់មនុស្សម្នាក់។  «វាគឺជាកំហុសរបស់ខ្ញុំ» គឺជាពាក្យស្លោកចម្លែកមួយ ដែលមនុស្សម្នាក់នឹងរស់នៅដោយគុណធម៌។ ប៉ុន្តែការនិយាយថា អ្នកគាំទ្រម្នាក់ចំពោះពាក្យស្លោកបែបនោះ ដែលគិតថា ខ្លួនអាចរស់នៅដោយគuណធម៌បាន គឺប្រឆាំងដោយផ្ទាល់នឹងព្រះបន្ទូលព្រះ ដែលកំណត់ថា មនុស្សជាតិគឺជាពូជនៃ      សេចក្តីអាក្រក់ហើយ។ អស់អ្នកដែលដេញតាមគំនិតរបស់មនុស្សបែបនេះ ជាចុងក្រោយ នឹងទទួលបានបណ្តាសាគ្រប់ប្រភេទហើយ។ 
តើអ្នកធ្លាប់បានជួបអ្នកណាម្នាក់ ដែលកាត់ទោសខ្លួនឯងដែរឬទេ? ដូច្នេះ អ្នកគួរតែស្តាប់សេចក្តីអធិប្បាយរបស់ខ្ញុំម្តងទៀត ដោយយកចិត្តទុកដាក់ ចេញពី រ៉ូម ៣ ដែលបញ្ជាក់ថា ការអត់ទោសបាបមិនអាស្រ័យលើគោលលទ្ធិនៃការរាប់ជាសុចរិតឡើយ។  កណ្ឌគម្ពីររ៉ូមនិយាយអំពីបញ្ហានេះយ៉ាងលម្អិត។  សាវកប៉ុលបានដឹងជាមុនពីអ្វីដែលមនុស្សនឹងនិយាយនៅថ្ងៃមួយ  ហើយដូច្នេះហើយបានជាគាត់និយាយជាមuនថា ការត្រឡប់ជាឥតបាបគឺជាការត្រឡប់ជាឥតបាបពិតប្រាកដ  ហើយវាមិនគ្រាន់តែជាការហៅមនុស្សមានបាបម្នាក់ជាសុចរិតប៉ុណ្ណោះទេ។  គាត់ក៏បានធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលជាសេចក្តីពិត។ ដូច្នេះ ជាការពិតណាស់ អស់អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ នឹងត្រឡប់ទៅជាល្ងិតល្ងង់ នៅពេលខ្លួនអានកណ្ឌគម្ពីររ៉ូម។ 
សំបុត្ររបស់សាវកប៉ុលទៅកាន់ពួករ៉ូម គឺជាបទគម្ពីរដ៏អស្ចារ្យមួយ ពីព្រោះវាធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សអាចបានរាប់ជាសុចរិតបាន បន្ទាប់ពីជឿលើព្រះយេស៊ូវ ទោះបើគាត់គឺជាមនុស្សមានបាបតាំងពីកំណើតមកក៏ដោយ។  មនុស្សគួរតែបានក្លាយជាមនុស្សសុចរិតពិតប្រាកដ ដែលមិនមានបាបនៅក្នុងចិត្តរបស់ខ្លួនសោះ។ នេះហើយគឺជារបៀបដែលមនុស្សអាចមានជំនឿត្រឹមត្រូវបាន។ 
ខ្ញុំ សង្ឃឹមថា សូម្បីតែពេលវេលានេះ ជំនឿរបស់មនុស្សមិនបានពេញលេញទេ ប៉ុន្តែជំនឿរបស់ពួកគេនឹងឈានដល់ភាពគ្រប់លក្ខណ៍ កាលណាពួកគេយកត្រចៀកស្តាប់ព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ តាមរយៈពួកជំនុំដែលបានកើតជាថ្មី។ ដូច្នេះ សូមរៀនបន្ថែមទៀតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈសេចក្តីអធិប្បាយទាំងនេះ ហើយជឿតាមព្រះបន្ទូលនៃសេចក្តីពិត។
ខ្ញុំ ជឿថា ព្រះនឹងប្រទានដល់យើងនូវព្រះពរដ៏បរិបូរពីស្ថានសួគ៌។