Search

Sermons

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 10-1] សេចក្តីណែនាំទៅកាន់ជំពូក១០

តើ មានមនុស្សដែលកំពុងតែដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរឬទេ? ព្រះគម្ពីរនិយាយថា មនុស្សបែបនេះដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ តែដេញតាម សេចក្តីសុចរិតផ្ទាល់ខ្លួនវិញ គឺជាអ្នកដែលទាស់ប្រឆាំងនឹងព្រះ។ តើមនុស្សទាំងនេះនឹងធ្វើអ្វី?
តើព្រះបានរៀបចំផែនការប្រទានដល់មនុស្សទាំងអស់ នូវសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលជាសេចក្តីសុចរិតរបស់ព្រះ ហើយបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យយាងមក តាមរយៈជនជាតិអ៊ីស្រាអែលដែរទេ? ទ្រង់ពិតជាបានធ្វើដូច្នេះមែន! ដោយសារព្រះយេស៊ូវពិតជាមានព្រះទ័យចង់សង្រ្គោះមនុស្សមានបាបម្នាក់ៗចេញពីអំពើបាបរបស់ពួកគេ ទើបទ្រង់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហើយនៅក្នុងន័យផ្សេង ទ្រង់បានយាងមក ដើម្បីសង្រ្គោះអ្នកដែលជឿដល់ទ្រង់។ 
ព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវគ្រីស្ទ មកឯជនជាតិអ៊ីស្រាអែល ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ ប៉ុន្តែជនជាតិអ៊ីស្រាអែលមិនបានទទួលព្រះយេស៊ូវ ដែលជាសេចក្តីសុចរិតរបស់ព្រះឡើយ។ ផ្ទុយទៅវិញ ពួកគេបានគិតតែពីការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនទៅវិញ។ ហើយរហូតដល់ពេលនេះ ពួកគេនៅតែមិនអាចទទួលយកទ្រង់ធ្វើជាព្រះមែស៊ីរបស់ពួកគេ និងព្រះអង្គសង្រ្គោះនៃព្រលឹងរបស់ពួកគេនៅឡើយ។
សាវកប៉ុលបាននិយាយថា មានអ្នកដែលព្រះបានបញ្ជូន និងថា តាម រយៈពួកគេ មនុស្សអាចស្តាប់ឮដំណឹងល្អពិតបាន។ ដំណឹងល្អដែលមនុស្សស្តាប់ឮពីអ្នកដែលព្រះបានបញ្ជូន គឺជាដំណឹងល្អដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកមិនអាចបាត់បង់ឱកាសនេះបាន ឡើយ។ តាមតែការស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអ្នកដែលព្រះបានបញ្ជូន ដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ ប្រកាសប៉ុណ្ណោះ ទើបអ្នកអាចជឿបានថា ព្រះបានប្រទានការអត់ទោសអំពើបាប និងសេចក្តីសុចរិតរបស់ទ្រង់ដល់អ្នកហើយ។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាដំណឹងល្អពិត និងពិសេសជាងគេនៅក្នុងពិភពលោកនេះ។ ដំណឹងល្អពិតនេះបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ ហើយបំពេញព្រលឹងរបស់ពួកគេ ពីព្រោះដំណឹងល្អនេះគឺជាអាហារពិតប្រាកដសម្រាប់ព្រលឹង។
នៅក្នុងដំណឹងល្អពិតអំពីសេចក្តីប្រោសលោះ ដែលព្រះបានប្រទានឲ្យ មានអំណាចព្រះចេស្តា ដើម្បីអត់ទោសអំពើបាបរបស់មនុស្សគ្រប់គ្នា។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមានអំណាចនៃព្រះពរ ដើម្បីផ្តល់ឲ្យយើងនូវសេចក្តីសុខសាន្តនៅក្នុងចិត្ត ដោយសារការអត់ទោសអំពើបាប។
ជនជាតិអ៊ីស្រាអែលបានរវល់តែដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ដោយផ្តោតលើក្រិត្យវិន័យរបស់ព្រះ។ ដោយសារពួកគេបានគិតថា សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេមានពោរពេញ ជាមួយការស្តាប់បង្គាប់របស់ពួកគេទៅចំពោះក្រិត្យវិន័យ ពួកគេមិនបានទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេឡើយ។ ពួកគេបានឆេះឆួលនៅក្នុងការដេញតាមការប្រព្រឹត្តតាមក្រិត្យវិន័យ ទាំងពួកគេមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះផង។ រហូតមកដល់ពេលនេះ ពួកគេបានបរាជ័យក្នុងការទទួលយកព្រះអម្ចាស់ធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ ដោយព្យាយាមដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេវិញ។ 
តើព្រះគម្ពីរប្រាប់យើងថា ជនជាតិអ៊ីស្រាអែលបានទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ដើម្បីបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេទេ? ដោយនិយាយអំពីជនជាតិអ៊ីស្រាអែល ដែលរវល់តែការប្រព្រឹត្តតាមក្រិត្យវិន័យ សាវកប៉ុលបានបន្ទោសសេចក្តីជំនឿរបស់ពួកគេថា «ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ» (រ៉ូម ១០:៤)។
សេចក្តីជំនឿដែលគោរពតាមក្រិត្យវិន័យ និងដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន មិនមែនជាសេចក្តីជំនឿត្រឹមត្រូវនៅចំពោះព្រះទេ។ ខណៈដែលជនជាតិអ៊ីស្រាអែលកំពុងតែរវល់នឹងការប្រព្រឹត្តតាមក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកគេមិនដឹងដឹងថា ព្រះយេស៊ូវដែលបានធ្វើជាសេចក្តីសុចរិតរបស់ព្រះ ត្រូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេទេ ប៉ុន្តែពួកគេបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ។ ពួកគេឆេះឆួលនៅក្នុងការអួតថា ពួកគេគឺជារាស្ត្រជ្រើសតាំង ដែលព្រះបានប្រទានព្រះបន្ទូលទ្រង់ដល់ពួកគេ ហើយពួកគេត្រូវតែដើរតាមព្រះបន្ទូលនោះ។ ប៉ុន្តែពួកគេបានក្លាយជាជាតិសាសន៍មួយ ដែលបានទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ។
 
 
តើអ្នករវល់តែជាមួយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកឬ?
 
បញ្ហា ជាមួយភាពឆេះឆួលរបស់ជនជាតិអ៊ីស្រាអែលចំពោះ ក្រិត្យវិន័យគឺថា ភាពឆេះឆួលរបស់ពួកគេគឺនៅក្នុងការបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបានព្រងើយកន្តើយទាំងស្រុងចំពោះសេចក្តីសុចរិតរបស់ព្រះ ដែលព្រះអម្ចាស់បានបង្កើត។
លទ្ធផលនៃសេចក្តីជំនឿបែបក្រិត្យវិន័យរបស់ជនជាតិអ៊ីស្រាអែលគឺថា ពួកគេបានទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ហើយពួកគេនៅតែមិនបានដឹងថា លទ្ធផលនេះមានគ្រោះថ្នាក់ខ្លាំងយ៉ាងណាសម្រាប់ពួកគេឡើយ។ តើការដេញតាមការប្រព្រឹត្តតាមក្រិត្យវិន័យរបស់ពួកគេបាន ផ្តល់សេចក្តីល្អ ឬផលប្រយោជន៍អ្វីខ្លះដល់ពួកគេ? ភាពឆេះឆួលសម្រាប់ការដើរតាមព្រះបន្ទូលព្រះគឺជាឧបសគ្គមួយដល់ការស្គាល់ និងការជឿលើសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។ ម្តងទៀត យើងត្រូវតែដឹងថា «ភាពឆេះឆួល» របស់អ្នកដែលមិនមានការយល់ដឹងត្រឹមត្រូវអំពីក្រិត្យវិន័យ នឹងគ្រាន់តែដឹកនាំពួកគេឲ្យទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។
ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានធ្វើការទីបញ្ចប់នៃក្រិត្យវិន័យសម្រាប់សេចក្តីសុចរិត សម្រាប់អ្នកដែលជឿ។ ព្រះ អម្ចាស់របស់យើងបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដោយការទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ គឺដើម្បីលាងសម្អាតទាំងអំពើបាបរបស់ជនជាតិអ៊ីស្រាអែល និងអំពើបាបរបស់សាសន៍ដទៃផង។ ដូច្នេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ បានធ្វើជាកន្លែងដែលគួរសម្រាក នៅក្នុងវាលរហោស្ថានសម្រាប់មនុស្សមានបាបទាំងអស់។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដោះអំពើបាបរបស់យើងចេញ ហើយបានផ្តល់ឲ្យយើងនូវការញែកជាបរិសុទ្ធពិតប្រាកដ។ ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ អាចស្វែងរកបានការញែកជាបរិសុទ្ធពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេបានទេ?
នៅក្នុងកណ្ឌគម្ពីររ៉ូម សាវកប៉ុលប្រាប់យើងថា ការបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួន ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយ។ តើដំណឹងល្អបែបណាគឺជាដំណឹងល្អពិតប្រាកដសម្រាប់យើងដែលជាសាសន៍ដទៃ? វាគឺជាដំណឹងល្អ ដែលបានប្រាប់យើងថា ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ 
ដំណឹងល្អនេះត្រូវបានកត់ត្រាទុកនៅក្នុង ម៉ាថាយ ៣:១៣-១៧ ដែលធ្វើបន្ទាល់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ។ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេ យ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។» នេះហើយគឺជារបៀបដែលព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ 
សាវកប៉ុលបានបន្ទោសអ្នកក្រិត្យវិន័យនិយម ដែលមិនបានជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយសួរពួកគេថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌ គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក» (រ៉ូម ១០:៦)។ នៅក្នុងន័យផ្សេង សំណួរនេះសួរថា «តើអ្នកណាអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការប្រព្រឹត្តតាមក្រិត្យវិន័យឬ?»។ គោលបំណងនៃសំណួររបស់សាវកប៉ុល គឺដើម្បីសង្កត់ធ្ងន់ថា ការដើរតាមក្រិត្យវិន័យនឹងមិននាំមកនូវសេចក្តីសង្រ្គោះចេញពីបាបឡើយ។ នៅក្នុងន័យផ្សេង គាត់ប្រាប់យើងថា គ្មានអ្វីសោះ ដែលយើងអាចធ្វើ ដើម្បីដោះអំពើបាបរបស់យើងចេញ។
ជារឿយៗ សាវកប៉ុលបាននិយាយអំពីសេចក្តីសុចរិតរបស់ព្រះ នៅក្នុងសំបុត្ររបស់គាត់។ ចម្លើយរបស់គាត់ចំពោះសេចក្តីជំនឿពិត មាននៅក្នុង រ៉ូម ១០:១០ ដែលនិយាយថា «ត្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។ ដំណឹងល្អដែលសាវកប៉ុលបានប្រកាស គឺជាដំណឹងល្អដែលប្រាប់ថា យើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះអម្ចាស់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបានសម្តែងឲ្យឃើញពីសេចក្តីសុចរិតរបស់ព្រះ។ យើងត្រូវតែជឿថា ព្រះអម្ចាស់បានប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងថា ទ្រង់បានអនុញ្ញាតឲ្យអ្នកដែលជឿតាមដំណឹងល្អនេះ មានសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ។
 
 
សេចក្តីជំនឿពិតចេញមកពីការស្តាប់ឮព្រះបន្ទូលព្រះ
 
តើ សាវកប៉ុលប្រាប់យើងអ្វីខ្លះអំពីសេចក្តីជំនឿពិត? រ៉ូម ១០:១៧ និយាយថា «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ»។ នៅក្នុងន័យផ្សេង សេចក្តីជំនឿពិតកើតមាន នៅពេលយើងស្តាប់ឮដំណឹងល្អ ដែលអ្នកបម្រើរបស់ទ្រង់ប្រកាសព្រះបន្ទូលទ្រង់ ពីព្រោះព្រះមានបន្ទូល តាមរយៈពួកគេ។
សេចក្តីជំនឿមុតមាំរបស់យើង កើតឡើងពីការស្តាប់ឮព្រះបន្ទូលព្រះ។ ដូច្នេះ ដើម្បីធ្វើជាមនុស្សនៃសេចក្តីជំនឿ យើងត្រូវតែស្តាប់ឮ និងជឿតាមព្រះបន្ទូលទ្រង់។ មានតែតាមរយៈការស្តាប់ឮព្រះបន្ទូលព្រះទេ ទើបយើងអាចមានសេចក្តីជំនឿពិតបាន ហើយមានតែតាមរយៈការនេះទេ ទើបសេចក្តីជំនឿរបស់យើងអាចរីកចម្រើនបាន។ ដូច្នេះហើយបានជាព្រះបានបញ្ជូនដល់យើងនូវអ្នកបម្រើរបស់ទ្រង់ ដែលប្រកាសអំពីសេចក្តីសុចរិតរបស់ទ្រង់។ 
នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យមនុស្សជាតិ យើងអាចទទួលបានការអត់ទោសអំពើបាប ហើយបានសម្រាកនៅក្នុងចិត្តបាន។ ហើយយើងអាចបានសង្រ្គោះចេញពីបាបបាន លុះត្រាតែយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលជួយឲ្យយើងរកឃើញសន្តិភាពផ្លូវចិត្តរបស់យើង។
តើយើងមិនត្រូវបានប្រាប់ទេថា សេចក្តីសុចរិតរបស់ព្រះអម្ចាស់របស់យើងនឹងជូតអស់ទាំងទឹកភ្នែក ហើយសង្រ្គោះយើងចេញពីអស់ទាំង សេចក្តីវេទនា និងការឈឺចាប់? មែនហើយ ព្រះគម្ពីរបានប្រាប់យើងដូច្នេះ។ ដោយការជឿលើសេចក្តីសុចរិតរបស់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ ការឈឺចាប់ទាំងអស់របស់យើងនឹងត្រូវបានដោះចេញ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អបំផុតនៅក្នុងលោកិយ ហើយជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ។
ព្រះបានបញ្ជូនព្រះអម្ចាស់របស់យើង ដែលបានបំពេញសម្រេច សេចក្តីសុចរិតរបស់ទ្រង់ មកឯជនជាតិអ៊ីស្រាអែល ប៉ុន្តែនៅក្នុងការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបានបដិសេធមិនបែរមកឯទ្រង់ឡើយ។ ដូច្នេះ តើព្រះបានធ្វើយ៉ាងដូចម្តេច? ដើម្បីធ្វើឲ្យជនជាតិ អ៊ីស្រាអែលច្រណែន ព្រះបានប្រទានដំណឹងល្អដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ទ្រង់ ទៅដល់ពួកសាសន៍ដទៃ ដើម្បីឲ្យពួកគេបានជឿ។ ដូច្នេះ តើព្រះបានអនុញ្ញាតឲ្យសាសន៍ដទៃមានឱកាសជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឬ? ពិតមែនហើយ ទ្រង់បានប្រទានដល់ពួកគេនូវឱកាសជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើពួកគេមិនស្វែងរក ឬអំពាវនាវដល់ទ្រង់ និងមិនថ្វាយបង្គំទ្រង់ក៏ដោយ។
ដូច្នេះហើយបានជាសាសន៍ដទៃអាចធ្វើជាកូនរបស់ព្រះបាន ដោយការជឿតាមដំណឹងល្អអំពីការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ទ្រង់។ ហើយនេះក៏ជាមូលហេតុដែលព្រះគម្ពីរប្រាប់យើងថា សេចក្តីសុចរិតរបស់ព្រះត្រូវបានកោតខ្លាច និងលើកតម្កើងនៅខាងក្រៅអ៊ីស្រាអែល។
តើមានមនុស្សប៉ុន្មាននាក់ ដែលពិតជាអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការប្រទានដល់យើងទាំងអស់គ្នានូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ? ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែមានគ្រីស្ទបរិស័ទយ៉ាងច្រើន ដែលមិនជឿតាមសេចក្តីពិតនេះ។ ដូច្នេះ តើយើងមានសេចក្តីសុចរិតណានៅក្នុងយើង ដែលយើងអាចដាក់នៅចំពោះព្រះដែរទេ? ទេ យើងមិនមានឡើយ! ដូច្នេះ ហេតុអ្វីយើងមិនជឿដូច្នេះ? តើដោយព្រោះយើងមិនដឹងថា ដំណឹងល្អដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះគឺជាអ្វីឬ? ប៉ុន្តែការស្គាល់ដំណឹងល្អនេះគឺសាមញ្ញទេ!
យើងក៏ជាអ្នកដែលបានដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ដូចជាជនជាតិអ៊ីស្រាអែលផងដែរ ប៉ុន្តែព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយការប្រទានដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណដល់យើង។ ដូច្នេះ យើងអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ ដើម្បីឲ្យយើងជឿតាម។ 
 
 
ចូរកុំនិយាយថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌?»
 
ខ.៦ និយាយថា «តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា [តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌] គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក»។ យើងអាចទទួលបានសេចក្តីប្រោសលោះ និងការបម្រើដំណឹងល្អអំពីសេចក្តីពិត ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនដោយសារការប្រព្រឹត្តរបស់យើងឡើយ។ បើសិនមិនដោយសារសេចក្តីជំនឿរបស់យើងលើ សេចក្តីពិត ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះទេ យើងនៅតែជាមនុស្សមានបាប ដែលទាស់ប្រឆាំងនឹងព្រះ ដូចជាអ្នកក្រិត្យវិន័យនិយម ដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនដែរ។
ដោយសារយើងទទួលបានសេចក្តីសង្រ្គោះរបស់យើង តាមរយៈការ
ជឿលើសេចក្តីសុចរិត យើងក៏អាចរស់នៅសម្រាប់ព្រះអម្ចាស់របស់យើង ដោយការមានសេចក្តីជំនឿលើសេចក្តីសុចរិតនេះផងដែរ។ កម្លាំងសម្រាប់យើងបន្តជីវិតរបស់យើង ចេញមកពីសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះយើងស្គាល់សេចក្តីសុចរិតនេះ ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
តើមានសេចក្តីពិតណាទៀត ក្រៅពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ដែលនាំឲ្យយើងបានសង្រ្គោះដែរទេ? ពិតជាឥតមានឡើង។ ខ្លឹមសារនៃជំនឿគ្រីស្ទបរិស័ទស្ថិតនៅលើសេចក្តីជំនឿ ហើយសេចក្តីសុចរិតរបស់ព្រះគឺជាជំនឿគ្រីស្ទបរិស័ទនេះឯង។ អ្នកដែលបានរាប់ជាសុចរិត អាចរស់នៅ និងប្រកាសដំណឹងល្អបាន ដោយសារសេចក្តីជំនឿរបស់ពួកគេលើសេចក្តីសុចរិតនេះ។ ដូច្នេះ តើអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏ប្រឈមនឹងបញ្ហាទាំងអស់ផងដែរ ខណៈដែលពួកគេជឿ និងទុកចិត្តថា ពួកគេអាចយកឈ្នះលើបញ្ហាទាំងអស់បាន ពីព្រោះ ព្រះនឹងដោះស្រាយបញ្ហាទាំងអស់របស់ពួកគេ។ សេចក្តីជំនឿត្រឹមត្រូវនេះចេញពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។
ចុះសេចក្តីជំនឿដទៃទៀត ដែលមិនមានសេចក្តីសុចរិតរបស់ព្រះយ៉ាងដូចម្តេចដែរ? តើវាសុទ្ធតែជាសេចក្តីជំនឿខុសឆ្គងឬ ដែលផ្អែកលើការប្រព្រឹត្តរបស់មនុស្ស? ពិតមែនហើយ។ សេចក្តីជំនឿរបស់អ្នកដែលជឿដល់ព្រះយេស៊ូវ ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះ មិនមែនជាសេចក្តីជំនឿត្រឹមត្រូវឡើយ។
តើអ្នក និងខ្ញុំអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះបានទេ? ហើយតើយើងអាចរស់នៅ ដោយអាងលើសេចក្តីជំនឿរបស់យើងលើព្រះ ដោយមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់បានទេ? ពិតជាមិនអាចឡើយ។ កម្លាំងរបស់មនុស្សសុចរិតសម្រាប់បម្រើព្រះអម្ចាស់ ចេញមកពីអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះប្រទានដល់ពួកគេ ដោយសារតែពួកគេជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ តើអ្នកអាចរស់នៅក្នុងលោកិយនេះ ដោយសារកម្លាំងផ្ទាល់ខ្លួន ឬទ្រព្យសម្បត្តិខាងលោកិយនេះបានដែរទេ។ ហើយតើអ្នកពិតជាអាចស្វែងរកបានសន្តិភាពផ្លូវចិត្ត ដោយសារការទាំងនេះបានដែរទេ?
យើងអាចបម្រើដំណឹងល្អ ដោយសន្តិភាពបាន ដោយការជឿលើ សេចក្តីសុចរិតរបស់ព្រះ។ អ្នកដែលបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានសេចក្តីជំនឿ សេចក្តីក្លាហាន កម្លាំង និងសន្តិភាព។ មនុស្សសុចរិតដែលមិនបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ មិនមានសន្តិភាព និងសេចក្តីក្លាហានឡើយ។ តើចិត្តរបស់មនុស្សសុចរិតត្រូវការសន្តិភាពដែរទេ? ពួកគេត្រូវការសន្តិភាព ដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងរស់នៅក្នុងជីវិតពេញបរិបូរ។
តើចិត្តរបស់អ្នកមានសន្តិភាពដែរទេ? បើសិនអ្នកចង់រស់នៅសម្រាប់ខ្លួនឯង អ្នកមិនចាំបាច់មានសន្តិភាពនៅក្នុងចិត្តទេ។ ហេតុអ្វីអ្នកត្រូវការសន្តិភាព ឬសេចក្តីជំនឿបន្ថែមទៀត បើសិនអ្នកចង់តែរស់នៅ និងបំពេញតាមសាច់ឈាមប៉ុណ្ណោះ? ប៉ុន្តែបើសិនអ្នកចង់បម្រើព្រះ សន្តិភាពនៅក្នុងចិត្តរបស់អ្នកក៏ត្រូវការរីកចម្រើនផងដែរ។ ដើម្បីបម្រើដំណឹងល្អ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ សេចក្តីជំនឿ ងសន្តិភាពរបស់អ្នកត្រូវតែ ហើយនឹងរីកចម្រើន។
អ្នកដែលជឿតាមដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ ទទួលខុសត្រូវចំពោះការផ្សព្វផ្សាយសន្តិភាពរបស់ខ្លួន ទៅកាន់លោកិយទាំងមូល ពីព្រោះនេះមិនគ្រាន់តែជាក្តីកង្វល់របស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវផ្សព្វផ្សាយសន្តិភាពផ្លូវចិត្ត ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ទៅកាន់មនុស្សគ្រប់គ្នា គឺយើងត្រូវប្រកាសដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះទៅកាន់លោកិយទាំងមូល។ អ្នកដទៃ រួមទាំងយើងផងដែរ នៅតែត្រូវការសន្តិភាពរបស់ព្រះ។ យើងត្រូវការសំណូមបន្ថែមទៀតពីព្រះ នៅក្នុងការព្យាយាមផ្សព្វផ្សាយសន្តិភាពទៅកាន់អ្នកដទៃ។ នៅពេលយើងរស់នៅ ដើម្បីផ្សព្វផ្សាយសេចក្តីសុចរិតរបស់ព្រះ សន្តិភាពផ្លូវចិត្តរបស់យើងនឹងរីកចម្រើន ហើយយើងនឹងរកឃើញគោលដៅច្បាស់លាស់ និងមានតម្លៃសម្រាប់ជីវិតរបស់យើង។
ប្រសិនបើអ្នកចង់រៀនពីសន្តិភាពពិតប្រាកដ ដែលព្រះបានប្រទានឲ្យ អ្នកត្រូវស្គាល់ និងជឿតាមដំណឹងល្អ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់។ អ្នកត្រូវទទួលបានសន្តិភាព ដែលព្រះបានរៀបចំសម្រាប់អ្នក។
កន្លងមក អ្នកបានបម្រើព្រះអម្ចាស់បានយ៉ាងល្អ ប៉ុន្តែអ្នកត្រូវបន្តបម្រើទ្រង់ឲ្យបានយ៉ាងល្អ រហូតដល់ព្រះហៅអ្នកឲ្យចូលទៅក្នុងវត្តមានរបស់ទ្រង់ ដើម្បីឲ្យអ្នកដទៃបានទទួលសន្តិភាពដូចអ្នកដែរ។ នៅពេលអ្នកទទួលបានសន្តិភាព ដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ អ្នកជឿទាំងនោះ ដែលកំពុងតែដើរតាមគំរូរបស់អ្នកទៅកាន់សេចក្តីប្រោសលោះ ក៏អាចរស់នៅសម្រាប់ឲ្យអ្នកដទៃទទួលបានសន្តិភាពផងដែរ។
អ្នកដែលនៅក្មេងខ្ចីនៅក្នុងសេចក្តីជំនឿរបស់ខ្លួន គឺជាអ្នកជឿថ្មី ដែលសមត្ថភាពរបស់ខ្លួនមានដែនកំណត់ ដើម្បីយល់ពីវា។ ប៉ុន្តែនៅពេលយើងរស់នៅ ដោយសារសេចក្តីជំនឿរបស់យើង អ្នកដើរតាមក្រោយយើងនឹងបានយល់ពីរបៀបដែលអ្នកដែលបានសង្រ្គោះ រស់នៅ ដោយសន្តិភាព ដោយការដើរតាមគំរូនៃសេចក្តីជំនឿរបស់យើង។
តើអ្នកពិបាកបង្រៀនអ្នកដែលកំពុងតែដើរតាមអ្នក ពីរបៀបរស់នៅ ដោយសារសេចក្តីជំនឿឬ? យើងមិនអាចទទួលបានជីវិតនៃការបង្រៀនបែបនេះក្នុងពេលតែមួយយប់បានឡើយ។ អ្នកអាចត្រូវចំណាយពេលជាយូរ រហូតដល់អ្នកអាចដឹកនាំពួកគេឲ្យមានសេចក្តីជំនឿត្រឹមត្រូវសម្រាប់ការរស់នៅក្នុងសន្តិភាពបាន។ ប៉ុន្តែខណៈដែលពេលវេលាកន្លងទៅ អ្នកដែលបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងរៀនបានពីរបៀបរស់នៅនៅក្នុងសន្តិភាព ក្នុងនាមជារាស្ត្រនៃសេចក្តីជំនឿ ដូចដែលអ្នកជឿពីសម័យមុនដែលបម្រើព្រះ ទទួលបានសន្តិភាពផ្លូវចិត្តពីទ្រង់ ដោយការរៀនសូត្រពីអ្នកដែលនៅខាងមុខពួកគេ។
អ្នក និងខ្ញុំ ត្រូវតែរស់នៅ ដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ មនុស្សសុចរិតត្រូវតែរស់នៅ ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលព្រះ។ សេចក្តីជំនឿត្រូវតែកំណត់ជីវិតបច្ចុប្បន្ន និងអនាគតរបស់ យើង។ ព្រះគម្ពីរសួរយើងថា «ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ» (រ៉ូម ១០:១៤)។ ដោយសារយើងជឿលើសេចក្តីសុចរិតរបស់ព្រះ យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់លោកិយនេះ។ ប៉ុន្តែដោយសារសេចក្តីជំនឿ យើងអាចប្រឈមនឹងសេចក្តីលំបាកទាំងអស់ ខណៈដែលយើងកំពុងតែប្រកាសដំណឹងល្អ។
ជីវិតរបស់មនុស្សសុចរិត ដែលមិនរស់នៅ ដោយសារសេចក្តីជំនឿ គឺជាអ្នកដែលបានបាត់បង់សន្តិភាពផ្លូវចិត្តរបស់ខ្លួនហើយ។ ការជឿលើសេចក្តីសុចរិតរបស់ព្រះអនុញ្ញាតឲ្យមនុស្សទទួលបានសន្តិភាពផ្លូវចិត្ត។ នៅពេលយើងជឿតាមព្រះបន្ទូលព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ សម្រាប់គ្រប់ការទាំងអស់ ទ្រង់នឹងប្រទានសន្តិភាពដល់យើង។
អ្នកត្រូវតែឈរយ៉ាងខ្ជាប់ខ្ជួននៅក្នុងសន្តិភាព និងសេចក្តីជំនឿរបស់អ្នក ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកក៏ត្រូវតែសរសើរតម្កើងព្រះ ដែលព្រះអម្ចាស់បានអនុញ្ញាតឲ្យអ្នករស់នៅ ដោយសារការសង្រ្គោះ សេចក្តីសុចរិត និងសន្តិភាពរបស់ទ្រង់។ សូមឲ្យអ្នករស់នៅក្នុងជីវិត ដែលប្រកាសដំណឹងល្អ និងមានសេចក្តីជំនឿលើព្រះ ដែលបានប្រទានសន្តិភាពដល់អ្នក។
យើងអាចរៀនបានពីកណ្ឌគម្ពីររ៉ូមថា សេចក្តីសុចរិតរបស់ព្រះគឺគ្រប់លក្ខណ៍។ កណ្ឌគម្ពីររ៉ូមពន្យល់យ៉ាងលម្អិតពីអ្វីដែលជាសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីសុចរិតរបស់ព្រះ ដែលយើងនិយាយអំពី មិនមែនជាសេចក្តីសុចរិតដែលមនុស្សបង្កើតឡើងឡើយ ប៉ុន្តែជារបស់ព្រះតែមួយអង្គទ្រង់ប៉ុណ្ណោះ។
សេចក្តីសុចរិតរបស់ព្រះគឺគ្រប់លក្ខណ៍ និងលើសពីគ្រប់គ្រាន់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដោយសារការទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានបំបាត់អំពើបាបទាំងអស់តែម្តង។ ដែលយើងអាចជឿដល់ព្រះយេស៊ូវគ្រីស្ទ គឺដោយសារការពិតថា សេចក្តីសុចរិតរបស់ព្រះគ្រប់លក្ខណ៍។ ហើយដោយសារសេចក្តីសុចរិតរបស់ព្រះបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង យើងចាំបាច់ត្រូវជឿតាមដំណឹងល្អ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់។
ដោយសារការជឿលើសេចក្តីសុចរិតរបស់ព្រះ យើងអាចមានជីវិតសរសើរតម្កើង អរព្រះគុណ និងផ្តល់តម្លៃដល់សេចក្តីសុចរិតរបស់ព្រះ។ មនុស្សអាចរស់នៅក្នុងសេចក្តីបរិសុទ្ធរបស់ព្រះបាន លុះត្រាតែពួកគេជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយដោយសារការជឿលើសេចក្តីសុចរិតរបស់ព្រះ ចិត្តគំនិតរបស់យើងបានស្អាត យើងអាចសរសើរតម្កើងព្រះ ហើយយើងអាចរស់នៅសម្រាប់សិរីល្អរបស់ទ្រង់បាន។
ប្រសិនបើសេចក្តីសុចរិតរបស់ព្រះមិនគ្រប់លក្ខណ៍ នោះយើងនឹងមិនបានសង្រ្គោះចេញពីអំពើបាបរបស់យើងឡើយ។ ទោះបីជាបាបតាំងពីកំណើតរបស់យើងអាចត្រូវបានអត់ទោសឲ្យ ដោយសារការជឿដល់ព្រះយេស៊ូវក៏ដោយ ក៏យើងត្រូវទទួលខុសត្រូវចំពោះអំពើបាបប្រចាំថ្ងៃរបស់យើង ដែលតម្រូវឲ្យយើងអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ។
ប៉ុន្តែបន្ទាប់ពីយើងបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានសម្តែងឲ្យឃើញនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចដឹងថា សេចក្តីសុចរិតរបស់ព្រះនេះគឺគ្រប់លក្ខណ៍ និងដាច់ខាត។ ដូច្នេះហើយបានជាខ្ញុំបានអរព្រះគុណសម្រាប់ការពិតថា សេចក្តីសុចរិតរបស់ព្រះគ្រប់លក្ខណ៍ និងគួរឲ្យទុកចិត្តបានអស់កល្ប ជានិច្ច។ ដោយសារសេចក្តីសុចរិតរបស់ព្រះបានរំដោះយើងចេញពីអំពើបាបទាំងអស់ ដែលយើងអាចប្រព្រឹត្តនៅពេញមួយជីវិតរបស់យើង យើងអាចបានរួចពីបាប ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។
អ្នកដែលមិនប្រៀបធៀបសេចក្តីសុចរិតរបស់ព្រះ ជាមួយភាពកខ្វក់របស់មនុស្ស មិនអាចជឿលើសេចក្តីសុចរិតរបស់ព្រះបានទេ ពីព្រោះពួកគេមិនដឹងថា សេចក្តីសុចរិតរបស់ព្រះធំធេងប៉ុណ្ណាឡើយ។ សូម្បីតែមនុស្សដែលគ្រប់លក្ខណ៍បំផុត ក៏មិនអាចប្រៀបធៀបជាមួយសេចក្តីសុចរិតរបស់ព្រះបានដែរ។ ដូច្នេះហើយបានជាយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយទ្រង់អនុញ្ញាតឲ្យយើងរស់នៅក្នុងសេចក្តីបរិសុទ្ធរបស់ទ្រង់។ នៅក្នុងន័យផ្សេង យើងក្លាយជាអ្នកដែលថ្វាយសិរីល្អដល់ព្រះ ដោយការជឿ និងរស់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។
យើងត្រូវមានការយល់ដឹងត្រឹមត្រូវអំពីសេចក្តីសុចរិតរបស់ព្រះ នៅក្នុងចិត្តរបស់យើង គឺយើងត្រូវដឹងថា សេចក្តីសុចរិតរបស់ទ្រង់បានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបរបស់យើងហើយ។ តើយើងមិនបានប្រព្រឹត្តអំពើបាបច្រើនរាប់មិនអស់នៅក្នុងជីវិតរបស់យើងទេឬ? ដូច្នេះ តើព្រះបំពេញកិច្ចការដ៏សុចរិតយ៉ាងដូចម្តេច ដើម្បីសង្រ្គោះយើងចេញពីអំពើបាបដ៏ច្រើនរាប់មិនអស់ទាំងនោះ? ទ្រង់បានបំពេញវា ដោយការយាងមកផែនដី នៅក្នុងរូបភាពជាមនុស្ស ការទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ សរុបមក ទ្រង់បំពេញកិច្ចការដ៏សុចរិតនេះ ដោយការបំពេញសម្រេចគ្រប់ទាំង សេចក្តីសុចរិតរបស់ព្រះ។
គ្រប់គ្នា ទាំងក្មេង និងចាស់ ទាំងអ្នកមាន និងអ្នកក្រ ទាំងអ្នកខ្លាំង និងអ្នកខ្សោយ សុទ្ធតែប្រព្រឹត្តអំពើបាបទាំងអស់។ ដូច្នេះ តើអ្នកណាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ? គឺជាព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយការបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ការដែលព្រះបានបញ្ជូនព្រះយេស៊ូវឲ្យមកទទួលយកអំពើបាបទាំងអស់របស់យើង និងលុបបំបាត់អំពើបាបទាំងនោះទាំងស្រុង គឺជាសេចក្តីសុចរិតរបស់ព្រះហើយ។
គ្មានអ្វីដែលពិសេសជាងសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងឡើយ។ សេចក្តីសុចរិតរបស់ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច។ ដូច្នេះ តើសេចក្តីសុចរិតរបស់ព្រះមិនគ្រប់លក្ខណ៍ទេឬ? យើងហៅវាថា សេចក្តីស្រឡាញ់ និងសេចក្តីសុចរិតដែលព្រះបានប្រទានដល់យើង ដែលនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។ 
នៅពេលលោកយ៉ូហាន-បាទ្ទីស ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវហើយ នៅថ្ងៃបន្ទាប់គាត់បានប្រកាសថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ នៅពេលលោកយ៉ូហានបដិសេធមិនធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ព្រះយេស៊ូវមានបន្ទូលបង្គាប់គាត់ថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ តើបទគម្ពីរទាំងនេះមានន័យយ៉ាងដូចម្តេច? បទគម្ពីរទាំងនេះបង្ហាញពីការពិតថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងគឺពិតជាសេចក្តីសុចរិតរបស់ព្រះហើយ។ សេចក្តីសុចរិតរបស់ព្រះមិនបោះបង់ចោលយើងទេ នៅពេលយើងខ្សោយ និងខ្វះមិនដល់សិរីល្អនៃទ្រង់។
យើងគ្រាន់តែអាចសរសើរតម្កើងព្រះ និងថ្វាយសិរីល្អដល់ទ្រង់ សម្រាប់សេចក្តីស្រឡាញ់ដ៏បរិបូរនេះ ដែលបានសង្រ្គោះយើង និងអនុញ្ញាតឲ្យយើងរស់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ រស់នៅសម្រាប់សេចក្តីសុចរិតរបស់ព្រះ អស់មួយជីវិតរបស់ពួកគេ។ វាមានប្រយោជន៍ដល់យើង ដែលយើងទុកចិត្តព្រះ ជាជាងទុកចិត្តមនុស្ស និងលោកិយនេះ។ ជីវិតល្អប្រពៃគឺជាជីវិតមួយ ដែលប្រកាសដំណឹងល្អអំពីការសង្រ្គោះទាំងស្រុងចេញពីបាប។ ដូច្នេះហើយបានជាយើងត្រូវតែស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។
អ្នកដែលទទួលបានការអត់ទោសអំពើបាប នឹងធ្វើបន្ទាល់ថា «ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ខ្ញុំចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន! ហើយទ្រង់បានទទួលបានជំនុំជម្រះជំនួសខ្ញុំ សម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ!»។ នៅពេលយើងជឿលើសេចក្តីសុចរិតរបស់ព្រះ យើងពិតជាអាចអរព្រះគុណដល់ទ្រង់ សម្រាប់ព្រះពរនេះបាន។
នៅពេលអ្នកដួលចុះ ដោយសារតែភាពខ្សោយរបស់អ្នក ធ្លាក់ទៅក្នុងអំពើបាប ដោយសារតែសាច់ឈាមរបស់អ្នក ឬនៅពេលអ្នកធ្លាក់ទឹកចិត្ត និងខ្មាស់ ដោយសារតែអំពើបាបរបស់អ្នក ចូរសម្លឹងទៅកាន់សេចក្តីសុចរិតរបស់ព្រះ ដែលបានធ្វើឲ្យអ្នកបានពេញលេញ។ តើសេចក្តីសុចរិតរបស់ព្រះមិនបានរាប់យើងជាសុចរិតទេឬ? តើព្រះយេស៊ូវមិនបានដោះអំពើបាបរបស់យើងចេញទាំងស្រុង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេឬ? ហើយតើសេចក្តីប្រោសលោះរបស់ទ្រង់មិនបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង រួមទាំងអំពើបាបដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតទេឬ?
លុះត្រាតែជឿជឿថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងទាំងស្រុង ហើយ ទើបយើងអាចជឿលើសេចក្តីសុចរិតរបស់ព្រះបាន។ ហើយលុះត្រាតែយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ទើបយើងអាចបានរាប់ជាសុចរិតបាន។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ អាចក្លាយជាប្រដាប់ប្រដាសម្រាប់សេចក្តីសុចរិតរបស់ទ្រង់បាន។ សេចក្តីសុចរិតរបស់ព្រះគឺពេញលេញ និងគ្រប់លក្ខណ៍។ ប៉ុន្តែអ្នកដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ដោយមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ គឺជាមនុស្ស ចំកួត ដែលកំពុងតែត្រូវបណ្តាសារបស់ព្រះ និងអង្គុយលើសេចក្តីវិនាសរបស់ខ្លួនឯងហើយ។ 
 
 
ចូរយកចិត្តទុកដាក់ចំពោះការនិយាយរបស់សាវកប៉ុលថា «គេមាន សេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ» 
 
តើយើងអាចរស់នៅក្នុងជីវិតនៃសេចក្តីជំនឿមួយ បានសង្រ្គោះ និងបានធ្វើជារាស្ត្ររបស់ព្រះបានយ៉ាងដូចម្តេច បើសិនយើងនៅតែមិនស្គាល់សេចក្តីសុចរិតរបស់ទ្រង់? អ្នកដែលដើរតាមក្រិត្យវិន័យ ត្រូវតែដឹងថា អំពើបាបរបស់ពួកគេនឹងដឹកនាំពួកគេទៅកាន់សេចក្តីវិនាស ហើយអរព្រះគុណថា សេចក្តីសុចរិតរបស់ព្រះបានសង្រ្គោះពួកគេទាំងស្រុងហើយ។ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង យើងជឿលើទ្រង់ ហើយយើងថ្វាយសិរីល្អដល់ទ្រង់ ពីព្រោះយើងស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងបានធ្វើជាកូនរបស់ទ្រង់ ឥតមានបាប និងទទួលបានជីវិតអស់កល្បជានិច្ច ពីព្រោះយើងជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ប៉ុន្តែត្រូវបណ្តាសាហើយ អ្នកណាដែលប្រកាសជឿព្រះយេស៊ូវ និងមានជីវិតស្មោះត្រង់ ប៉ុន្តែនៅតែមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ។
សាវកប៉ុលបានធ្វើបន្ទាល់នៅកណ្ឌគម្ពីររ៉ូមថា ជនជាតិអ៊ីស្រាអែលមិនបានស្គាល់ និងបដិសេធសេចក្តីសុចរិតរបស់ព្រះ ហើយពួកគេបានព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណា ពួកគេក៏ត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះផងដែរ។
យើងត្រូវតែជឿថា ព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះហើយ។ អំពើបាបទាំងអស់របស់យើងត្រូវបានរួមបញ្ចូលទៅក្នុងអំពើបាបទាំងអស់របស់លោកិយនេះ ដែលត្រូវបានលុបបំបាត់ទាំងស្រុង ដោយការបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ តើអ្នកជឿលើសេចក្តីពិតនេះទេ?
 
 
«ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ»
 
សេចក្តីសុចរិតរបស់ព្រះ គឺជាចុងបំផុតនៃក្រិត្យវិន័យ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានឆ្លើយតប ទៅចំពោះសេចក្តីតម្រូវទាំងអស់របស់ក្រិត្យ វិន័យ ដោយការទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង។
លទ្ធផលនៃបាបគឺពិតជាសេចក្តីស្លាប់ ប៉ុន្តែសេចក្តីសុចរិតរបស់ព្រះគឺជាចុងបញ្ចប់នៃក្រិត្យវិន័យ។ ហេតុអ្វី? ពីព្រោះព្រះវរបិតាបានសង្រ្គោះយើងទាំងស្រុង ដោយការបញ្ជួព្រះរាជបុត្រានៃទ្រង់មកផែនដី ដើម្បីទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
ការជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយចិត្តរបស់អ្នក និងការដើរតាមសេចក្តីសុចរិតរបស់ក្រិត្យវិន័យ គឺជាកិច្ចការពីរខុសពីគ្នា។ ហើយតើអ្នកបានទទួលការអត់ទោសអំពើបាប ដោយសារការប្រព្រឹត្តល្អរបស់អ្នកឬ? សាសនាទាំងអស់នៅក្នុងលោកិយនេះបង្រៀនថា របៀបដោះស្រាយជាមួយអំពើបាបរបស់អ្នក គឺដោយការប្រព្រឹត្តល្អ។ ជាក់ស្តែង ការយល់ដឹងរបស់ពុទ្ធបរិស័ទអំពីបាបបង្រៀនថា អ្នកអាចបានសង្រ្គោះចេញពីអំពើបាបពីអតីតកាល ដោយការធ្វើល្អនៅក្នុងពេលបច្ចុប្បន្នបាន។ តើសេចក្តីបង្រៀននេះត្រឹមត្រូវសម្រាប់អ្នកដែរទេ?
មនុស្សម្នាក់កើតមកតែម្តង ហើយស្លាប់ទៅវិញតែម្តង ហើយការជំនុំជម្រះមកដល់តាមក្រោយ។ ដោយសារគ្រប់គ្នាបានកើតមកនៅក្នុងលោកិយនេះតែម្តង និងត្រូវត្រឡប់ទៅព្រះវិញ គ្មានអ្នកណាម្នាក់អាចវិលត្រឡប់មកកាន់ផែនដីនេះម្តងទៀតបានឡើយ។ ដូច្នេះហើយបានជាមនុស្សត្រូវតែបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ។ សេចក្តីបង្រៀនរបស់ពុទ្ធបរិស័ទអំពីកម្មផល ពិតជាមិនត្រឹមត្រូវទេ។
ការជឿថា យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង គឺត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយការជឿលើសេចក្តីសុចរិតរបស់ព្រះ គឺត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះតែមួយប៉ុណ្ណោះ មិនរួមទាំងការប្រព្រឹត្តល្អរបស់យើងផងដែរឡើយ។ ដូច្នេះ តើសេចក្តីសុចរិតនៃសេចក្តីជំនឿរបស់ព្រះនិយាយយ៉ាងដូចម្តេច? កណ្ឌគម្ពីររ៉ូមបានប្រាប់យើងដូច្នេះថា «គឺកុំឲ្យគិតក្នុងចិត្តថា [តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌?]»។ នេះដោយសារតែសេចក្តីសុចរិតរបស់ព្រះកើតមាន ដោយការជឿនៅក្នុងចិត្តរបស់មនុស្ស មិនដោយកម្លាំងខាងសាច់ឈាមឡើយ។
 យើងបានធ្វើជាកូនរបស់ព្រះ និងរាស្ត្រដែលឥតមានបាប ដែលទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយដោយសារយើងមិនអាចដោះស្រាយបញ្ហាអំពើបាបរបស់យើង ដោយខ្លួនឯងបាន ទោះបើយើងធ្វើល្អយ៉ាងណាក៏ដោយ នឹងត្រូវប្រព្រឹត្តអំពើបាបកាន់តែច្រើននៅចំពោះព្រះ។ ដូច្នេះហើយបានជាយើងគួរតែបោះបង់សេចក្តីជំនឿលើខ្លួនឯង ហើយបែរមកជឿលើសេចក្តីសុចរិតរបស់ព្រះវិញ ដើម្បីទទួលបានសេចក្តីសុចរិតរបស់ទ្រង់។ មនុស្សមួយចំនួនសួរថា «តើយើងមិនអាចបានសង្រ្គោះ ដោយការជឿដល់ព្រះយេស៊ូវ ទោះបើយើងមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះបានទេឬ? ហើយតើមានការសរសេរទុកថា អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នឹងបានសង្រ្គោះ ទេឬ?»។ ប៉ុន្តែសេចក្តីសង្រ្គោះមិនកើតឡើង ដោយការគ្រាន់តែអំពាវនាវដល់ព្រះនាមរបស់ព្រះយេស៊ូវទេ ប៉ុន្តែដោយការស្គាល់ និងជឿទាំងស្រុងលើសេចក្តីសុចរិតរបស់ព្រះ។ 
 
 
អ្នកណាដែលជឿលើសេចក្តីសុចរិតរបស់ព្រះ គ្មានហេតុនាំឲ្យខ្មាស់ឡើយ
 
ខ.១១ និយាយថា «អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ តើបទគម្ពីរនេះមានន័យយ៉ាងដូចម្តេច? អ្នកណាដែលជឿដល់ត្រង់ នឹងមិនមានហេតុនាំឲ្យខ្មាស់ឡើយ ពីព្រោះគាត់ជឿលើ សេចក្តីសុចរិតរបស់ព្រះ។ «អស់អ្នកណាដែលជឿដល់ទ្រង់» សំដៅទៅលើអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។
ចុះបទគម្ពីរ «ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ» (រ៉ូម ១០:១៣) មានន័យយ៉ាងដូចម្តេចដែរ? វាមានន័យនេះ អ្នកដែលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អំពាវនាវដល់ព្រះយេស៊ូវ ពីព្រោះពួកគេជឿ និងទទួលយកទ្រង់ជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ដោយសារយើងបានទទួល សេចក្តីសង្រ្គោះ តាមរយៈសេចក្តីសុចរិតរបស់ព្រះ យើងជឿថា ព្រះប្រទានសេចក្តីប្រោសលោះដល់យើង ដោយការជឿតាមសេចក្តីពិតនេះ។
នៅក្នុងន័យផ្សេង បើសិនយើងមិនមានសេចក្តីជំនឿបែបនេះទេ យើងនឹងបានសង្រ្គោះឡើយ ទោះបើយើងអំពាវនាវដល់ព្រះយេស៊ូវយ៉ាងច្រើនដងយ៉ាងណាក៏ដោយ។ ដោយសារព្រះគម្ពីរទាំងមូលនិយាយអំពីសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវ ការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់តែមួយនឹងមិនផ្តល់សេចក្តីប្រោសលោះដល់យើងឡើយ។ 
នៅក្នុងន័យផ្សេង បើសិនគ្មានសេចក្តីជំនឿបែបនេះទេ យើងមិនអាចបានសង្រ្គោះបានឡើយ ទោះបើយើងបានអំពាវនាវដល់ទ្រង់ច្រើនដងយ៉ាងណាក៏ដោយ។ ដោយសារព្រះគម្ពីរទាំងមូលនិយាយអំពីសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវ ការអំពាវនាវដល់ព្រះនាមរបស់ព្រះ អម្ចាស់តែមួយ នឹងមិនផ្តល់សេចក្តីប្រោសលោះដល់យើងឡើយ។
ព្រះគម្ពីរប្រាប់យើងអំពីសេចក្តីសុចរិតរបស់ព្រះ ចាប់តាំងពីដើម ដំបូង។ ដូចដែលមានកំណត់ត្រាទុកនៅក្នុងកណ្ឌលោកុប្បត្តិ ព្រះបានដាក់ដើមឈើជីវិត និងដើមឈើដឹងខុសត្រូវនៅក្នុងសួនច្បារអេដែន ហើយបានប្រាប់អ័ដាម និងអេវ៉ាមិនឲ្យបរិភោគពីដើមឈើដឹងខុសត្រូវ។ អ្វីដែលព្រះបានធ្វើ គឺត្រូវតម្រូវឲ្យមានសេចក្តីជំនឿរបស់ពួកគេតាមព្រះបន្ទូល ទ្រង់។ នៅក្នុងន័យផ្សេង ព្រះបានប្រាប់ពួកគេឲ្យបរិភោគដើមឈើជីវិត ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចវិញ។
ព្រះបន្ទូលថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងលើសេចក្តីជំនឿ»។ ហើយយើងក៏រស់នៅ ដោយអាងសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ពេញមួយជីវិតរបស់យើងដែរ គឺចាប់ពីពេលយើងបានជឿដល់ទ្រង់ រហូតដល់ពេលយើងបានសង្រ្គោះ និងបានចូលទៅក្នុងនគរព្រះ។
គ្រីស្ទបរិស័ទជាច្រើននៅក្នុងលោកិយនេះនិយាយថា សេចក្តី សង្រ្គោះចេញពីបាប គឺដោយការជឿព្រះយេស៊ូវ ប៉ុន្តែតាមការពិត ពួកគេយ៉ាងច្រើននាក់មិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនទេ ពួកគេនៅតែមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ។ តើនឹងមានលទ្ធផលអ្វីសម្រាប់អ្នកដែលជឿព្រះយេស៊ូវ ដោយមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ? មនុស្សបែបនេះអាចបង្ហាញតែសំបកក្រៅថា ពួកគេគឺជាអ្នកជឿស្មោះត្រង់ តាម រយៈការអធិស្ឋាន និងការថ្វាយបង្គំរបស់ពួកគេ។ ប៉ុន្តែដោយសារពួកគេមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ ពួកគេគ្រាន់តែជាអ្នកអនុវត្តតាមសាសនា ដូចជាមនុស្សមានបាបដែលមិនជឿប៉ុណ្ណោះ។
មនុស្សជាច្រើនពីសហគមន៍គ្រីស្ទបរិស័ទ និងជនជាតិអ៊ីស្រាអែលនៅតែមិនស្គាល់សេចក្តីសុចរិតរបស់ព្រះនៅឡើយ ហើយពួកគេក៏មិន ស្តាប់បង្គាប់តាមសេចក្តីសុចរិតរបស់ទ្រង់ដែរ។ អ្នកដែលជឿព្រះយេស៊ូវ តែមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ជំពប់ ដោយសារសេចក្តីសុចរិតនេះ។ ការទទួលបានសេចក្តីសុចរិតនេះ មិនដោយសារការប្រព្រឹត្តល្អ ការថ្វាយតង្វាយយ៉ាងច្រើន ឬការប្រព្រឹត្តផ្ទាល់ខ្លួននៅចំពោះព្រះទេ ដរាបណាពួកគេនៅតែមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ។
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ជឿ និងរស់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ទោះបើស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ គឺពួកគេរស់នៅ ដោយការសរសើរតម្កើង និងអរព្រះគុណសម្រាប់សិរីល្អរបស់ព្រះ។ សម្រាប់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ កំហុសកាន់តែច្រើនរបស់ខ្លួននឹងសម្តែងចេញមក ហើយសេចក្តីសុចរិតរបស់ទ្រង់នឹងបញ្ចេញរស្មីកាន់តែភ្លឺសម្រាប់ព្រលឹងរបស់យើង។ ខ្ញុំអធិស្ឋានថា អ្នកក៏អាចយល់ពីការពិតនេះផងដែរ។
តើយើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ ពីព្រោះយើងមានសេចក្តីសុចរិតនៅក្នុងសាច់ឈាមរបស់យើងបានទេ? ពិតជាមិនអាចឡើយ! គ្មានអ្វីសុចរិតនៅក្នុងខ្លួនយើងឡើយ គឺមានតែសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ ដោយសារព្រះបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបរបស់យើង ដោយសេចក្តីសុចរិតរបស់ទ្រង់ហើយ គឺដោយសារសេចក្តីសុចរិតរបស់ព្រះបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបរបស់យើងហើយ យើងជឿ និងសរសើរតម្កើងសេចក្តីសុចរិតរបស់ទ្រង់។
ចូរកុំធ្លាក់ទៅក្នុងសេចក្តីជំនឿដែលផ្តោតលើការប្រព្រឹត្តឲ្យសោះ នៅពេលអ្នកកំពុងតែប្រឈមនឹងសេចក្តីងងឹតនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែចូរតែងតែជឿលើសេចក្តីសុចរិតរបស់ព្រះវិញ ទោះបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ សេចក្តីសុចរិតរបស់ព្រះគ្រប់លក្ខណ៍ និងអស់កល្បជានិច្ច។ គ្រប់គ្នានៅក្នុងលោកិយនេះត្រូវតែស្គាល់សេចក្តីសុចរិតរបស់ទ្រង់ ហើយពួកគេត្រូវតែជឿ ដោយការស្តាប់តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារមនុស្សជាច្រើន ដែលប្រកាស សេចក្តីជំនឿនៅក្នុងព្រះយេស៊ូវ នៅតែរស់នៅក្នុងសេចក្តីសុចរិតនៃក្រិត្យ វិន័យ ពួកគេត្រូវតែប្រាកដថា ពួកគេស្គាល់សេចក្តីសុចរិតរបស់ព្រះ។ 
សាវកប៉ុលធ្វើការសន្និដ្ឋាន ដោយនិយាយថា ដំណឹងល្អរបស់ព្រះបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់។ បើសិនយើងមិនស្គាល់ដំណឹងល្អពិតរបស់ព្រះទេ យើងមិនអាចពន្យល់ថា សេចក្តីសុចរិតរបស់ព្រះគឺជាអ្វីនោះបានឡើយ។ នៅពេលយើងសួរអ្នកដែលមិនស្គាល់ដំណឹងល្អ អំពីអត្ថន័យនៃសេចក្តីសុចរិតរបស់ព្រះ ពួកគេអាចនិយាយថា «ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ដែលបានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ»។ ប៉ុន្តែពួកគេនឹងបន្ថែមទៀតថា ពួកគេត្រូវតែថ្វាយការអធិស្ឋានលន់តួ សម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ ហើយដើម្បីបានត្រឡប់ជាគ្រប់លក្ខណ៍ ពួកគេត្រូវតែបានញែកជាបរិសុទ្ធ បន្តិចម្តងៗ។
ដើម្បីស្គាល់សេចក្តីសុចរិតរបស់ព្រះ ជាដំបូង អ្នកត្រូវតែស្គាល់ខ្លួនឯងសិន។ ហើយបើសិនអ្នកស្គាល់ទាំងខ្លួនឯង និងសេចក្តីសុចរិតរបស់ព្រះ អ្នកប្រាកដជានឹងជឿលើសេចក្តីសុចរិតរបស់ព្រះហើយ ពីព្រោះអ្នកដឹងថា សេចក្តីសុចរិតរបស់ព្រះធំធេង និងពិសេសខ្លាំងយ៉ាងណា នៅពេលអ្នកប្រៀបធៀបជាមួយនឹងខ្លួនអ្នក។ ប៉ុន្តែបើសិនអ្នកមិនស្គាល់ សេចក្តីសុចរិតរបស់ទ្រង់ទេ អ្នកប្រាកដជានឹងរវល់ជាមួយតែការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ហើយអ្នកដែលរវល់ជាមួយតែការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន មិនស្តាប់តាមសេចក្តីសុចរិតរបស់ព្រះទេ ពីព្រោះពួកគេចង់ដេញតាមតែសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ 
យើងត្រូវតែស្គាល់សេចក្តីសុចរិតរបស់ព្រះ មុនពេលយើងអាចជឿ និងអរព្រះគុណសម្រាប់សេចក្តីសុចរិតនេះ។ ដោយការស្គាល់សេចក្តីសុចរិតរបស់ព្រះ យើងអាចជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ បើសិនយើងអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តល្អរបស់យើង យើងនឹងមិនត្រូវការសេចក្តីសង្រ្គោះ តាមរយៈសេចក្តីសុចរិតរបស់ព្រះ ឡើយ។ ប៉ុន្តែនៅពេលយើងបានដឹងថា ការនេះមិនអាចកើតឡើងបានឡើយ យើងអាចអរព្រះគុណសម្រាប់សេចក្តីសុចរិតរបស់ទ្រង់កាន់តែខ្លាំង ពីព្រោះព្រះបានសង្រ្គោះយើង ដែលមិនអាចរស់នៅ ដោយសារការប្រព្រឹត្តល្អបានឡើយ។
តើគំនិត និងការប្រព្រឹត្តទាំងអស់់របស់អ្នកសុទ្ធល្អឬ? ពិតជាមិនដូច្នោះទេ។ នេះដោយសារតែយើងមានកំហុសយ៉ាងច្រើន ដែលព្រះត្រូវតែសង្រ្គោះយើងទាំងស្រុង ដោយសារសេចក្តីសុចរិតរបស់ទ្រង់វិញ។ ដោយសារការជឿលើសេចក្តីសុចរិតរបស់ព្រះបានសង្រ្គោះយើង យើងមានបំណងចង់ប្រកាសសេចក្តីសុចរិតរបស់ទ្រង់ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ ដែលមិនស្គាល់សេចក្តីសុចរិតនេះ។
អ្នកដែលមិនស្គាល់ពីខ្លួនឯង ចាប់កំហុសអ្នកដទៃ ហើយនិយាយអាក្រក់ពីអ្នកដទៃ។ ប៉ុន្តែបើសិនគាត់គឺជាអ្នកជឿម្នាក់លើសេចក្តីសុចរិតរបស់ព្រះ គាត់ត្រូវតែប្រកាសពីសេចក្តីសុចរិតរបស់ព្រះ យ៉ាងក្លាហាន និងមិនអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួនទេ។ ប៉ុន្តែអ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ប្រព្រឹត្តអំពើបាបនៃការនិយាយបង្កាច់សេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ ព្រះនឹងជំនុំជម្រះពួកគេ សម្រាប់អំពើបាបនេះ។ 
ព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់មកផែនដីនេះ ហើយបានប្រទានសេចក្តីសុចរិតដល់អ្នក។ នៅពេលយើងទៅដល់ថ្ងៃនោះ យើងមិនគួរឈ្លោះប្រកែកគ្នាអំពីសេចក្តីសុចរិតនៃក្រិត្យវិន័យរបស់អ្នកណាល្អជាង ឬអន់ជាងទេ។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ មិនគួរយកចិត្តទុកដាក់ចំពោះសាច់ឈាមរបស់ខ្លួនទេ ប៉ុន្តែគួរតែអរព្រះគុណដល់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់វិញ។
ចូរយើងអរព្រះគុណដល់ព្រះ ដែលបានសង្រ្គោះយើងទាំងស្រុង ដោយសារសេចក្តីសុចរិតរបស់ទ្រង់។ ដោយសារសេចក្តីសុចរិតរបស់ព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់អ្នកហើយ អ្នកមិនត្រូវធ្វើដូចជាអ្នកដែលទាស់ប្រឆាំងនឹងព្រះ ដោយការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេឡើយ។