Search

FAQ sur la Foi Chrétienne

Sujet 1: Renaître d'eau et d'Esprit

1-29. សំណួរ ៨៖ ខ្ញុំប្រាកដក្នុងចិត្តថា ការជឿលើព្រះយេស៊ូវបានសង្រ្គោះខ្ញុំ។ ខ្ញុំមានសន្តិភាពនៅក្នុងចិត្តរបស់ខ្ញុំ ដោយជំនឿមុតមាំ។ ប៉ុន្តែឥឡូវនេះ សេចក្តីបង្រៀនរបស់អ្នកបានធ្វើឲ្យខ្ញុំច្របូកច្របល់។ តើខ្ញុំគួរតែជឿលើបុណ្យជ្រមុជ ជាមួយនឹងឈើឆ្កាងរបស់ទ្រង់ ដើម្បីបានសង្រ្គោះដែរឬទេ?

បើសិនអ្នកមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អ្នកប្រាកដជាមានបាបនៅក្នុងចិត្តរបស់អ្នក។ សាវកយ៉ូហាន បាននិយាយថា «ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (១យ៉ូហាន ១:៨)។ បើសិនអ្នកនិយាយថា អ្នកមិនមានបាបទេ អ្នកកំពុងតែបញ្ឆោតបញ្ញាចិត្តរបស់ខ្លួនឯងហើយ ហើយសេចក្តីពិតមិននៅក្នុងខ្លួនអ្នកឡើយ ពីព្រោះបើសិនអ្នកមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អ្នកប្រាកដជាមានបាបនៅក្នុងចិត្ត។ ការជឿយ៉ាងមុតមាំលើសេចក្តីសង្រ្គោះផុសចូលក្នុងចិត្តរបស់យើង នៅពេលយើងទទួលបានកាតអត់ទោសបាប និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿលើទាំងបុណ្យជ្រមុជ និងទំាងឈើឆ្កាងរបស់ព្រះយេស៊ូវ។
សាវកប៉ុល បាននិយាយថា «...ដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ...» (កាឡាទី ១:៦-៧)។ មិនមានអ្វីក្រៅតែពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកសាវកបានទទួលពីព្រះយេស៊ូវ និងបានអធិប្បាយទៅកាន់មនុស្សទេ ដែលអាចសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងបាន។ បើសិនយើងមិនជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកសាវកបានអធិប្បាយទេ យើងប្រាកដជានៅតែមានបាបនៅក្នុងចិត្តរបស់យើងដដែល។
តើយើងអាចរស់នៅជាមួយជំនឿយ៉ាងមុតមាំ លើសេចក្តីសង្រ្គោះ នៅពេលយើងនៅតែមានបាបនៅក្នុងចិត្តបានយ៉ាងដូចម្តេច? នៅពេលគ្រីស្ទបរិស័ទ ដែលមិនទាន់បានកើតជាថ្មី ប្រព្រឹត្តល្អនៅចំពោះព្រះ ពួកគេប្រាកដច្បាស់អំពីសេចក្តីសង្រ្គោះរបស់ខ្លួន ដោយអំណរ និងជំនឿយ៉ាងមុតមាំ ប៉ុន្តែពួកគេនៅខ្វះជំនឿយ៉ាងមុតមាំ ហើយភ័យខ្លាច ដោយសារតែបន្ទុកបាបនៅក្នុងចិត្ត នៅពេលពួកគេប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាមួយ។
នេះគឺជាសេចក្តីសង្រ្គោះដែលចេញតែពីខ្លួនឯងមក ដែលផ្អែកលើគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនមកពីព្រះ ឡើយ។ ពួកគេចូលចិត្តថ្វាយសេចក្តីអធិស្ឋានលន់តួ ជារៀងរាល់ថ្ងៃ ដើម្បីបានញែកជាបរិសុទ្ធបន្តិចម្តងៗ ហើយរក្សាសេចក្តីសង្រ្គោះដ៏រង្គោះរង្គើររបស់ពួកគេ។ 
អ្នកដែលជឿលើសេចក្តីសង្រ្គោះក្លែងក្លាយនេះ គិតថា នៅថ្ងៃណាមួយ ពួកគេនឹងបានសង្រ្គោះទាំងស្រុង បើសិនពួកគេនៅតែព្យាយាមរស់នៅក្នុងជីវិតបរិសុទ្ធ ទូលសូមការអត់ទោសអំពើបាបពីព្រះ និងរក្សាតាមក្រិត្យវិន័យ ជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ពួកគេនៅតែជាមនុស្សមានបាបដដែល បើសិនពួកគេមិនបានផ្ទេរអំពើបាបរបស់ពួកគេទៅលើព្រះយេស៊ូវ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ទេ។
សេចក្តីសង្រ្គោះ ដែលព្រះបានបង្កើតឡើង គឺជាសេចក្តីសង្រ្គោះល្អឥតខ្ចោះមួយ ដែលប្រាប់យើងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន-បាទ្ទីស ហើយបង់ថ្លៃសងអំពើបាបទាំងនោះនៅលើឈើឆ្កាងរួចរាល់ហើយ។ 
ដូច្នេះហើយបានជាសាវកយ៉ូហានបាននិយាយថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។ បើសិនយើងមិនទាន់ទទួលបានការអត់ទោសអំពើបាបទាំងអស់របស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយមិនបានដឹង យើងត្រូវតែសារភាពនៅចំពោះព្រះអម្ចាស់ថា យើងនៅតែជាមនុស្សមានបាប និងត្រូវធ្លាក់ទៅក្នុងស្ថាននរក បើទោះជាយើងជឿលើព្រះយេស៊ូវក៏ដោយ។ នេះហើយគឺជាការសារភាពអំពើបាបពិតប្រាកដមួយ។ អំពើបាបមិនអាចត្រូវបានលាងសម្អាតដោយមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ មិនថាអំពើបាបនោះតូចប៉ុណ្ណាទេ។ នៅពេលយើងសារភាពបាបតាមរបៀបនេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយរាប់យើងជាសុចរិត តែម្តងជាសម្រេច។
«នៅវេលាដែលគាប់ចិត្តដល់អញ» (២កូរិនថូស ៦:២)។ អ្នកណាដែលស្តាប់ឮ និងជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន បានរាប់ជាសុចរិត និងមានជំនឿរឹងមាំ ដែលត្រៀមខ្លួនជាសម្រេច ដើម្បីចូលទៅក្នុងនគរព្រះ នៅវេលាណាដែលព្រះអម្ចាស់យាងមកវិញ។ ជំនឿលើគោលលទ្ធិ និងទេវសាស្ត្រ ជាជាងលើដំណឹងល្អពិត មិនអាចសង្រ្គោះយើងចេញពីអំពើបាបរបស់យើងបានឡើយ។ ទាំងនោះគ្រាន់តែជាអន្ទាក់ ដែលអារក្សបានដាក់ទៅក្នុងគំនិតរបស់មនុស្សជាតិប៉ុណ្ណោះ។ យើងគួរតែបែរមកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ ហើយទទួលសេចក្តីសង្រ្គោះពិតចេញពីបាបនៅក្នុងចិត្តរបស់យើង។ ហើយយើងត្រូវតែស្រឡាញ់ទ្រង់ និងព្រះរាជកិច្ចរបស់ទ្រង់។