Search

Étude du Tabernacle

គំរបរោងឧបោសថ

Sermons reliés

· សេចក្តីអាថ៌កំបាំងទាំងបួន ដែលត្រូវបានលាក់ទុកនៅក្នុងគម្របរោងឧបោសថ (និក្ខមនំ ២៦:១-១៤)

សេចក្តីអាថ៌កំបាំងទាំងបួន ដែលត្រូវបានលាក់ទុកនៅក្នុងគម្របរោងឧបោសថ
(និក្ខមនំ ២៦:១-១៤)
«រីឯរោងឧបោសថ នោះត្រូវឲ្យឯងធ្វើពីសំពត់១០ផ្ទាំង ដែលត្បាញ ដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីន តាមរចនានៃពួកជាងមានស្នាដៃ បណ្តាសំពត់នីមួយៗត្រូវឲ្យមានបណ្តោយ២៨ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់ សំពត់៥ផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយសំពត់៥ផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំង១ទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ ត្រូវធ្វើឲ្យមានខ្សែក្រវិល៥០នៅសំពត់ទី១ ហើយ៥០ទៀតនៅសំពត់ទី២ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់ ត្រូវធ្វើទំពក់មាស៥០ ដើម្បីនឹងភ្ជាប់សំពត់ទាំង២ផ្ទាំងនឹងទំពក់នោះ ឲ្យរោងឧបោសថបានជាប់នៅជារោងតែ១ រួចត្រូវធ្វើសំពត់ ពីរោមពពែ ទុកសំរាប់គ្របពីលើរោងឧបោសថ ត្រូវឲ្យធ្វើសំពត់នោះ១១ផ្ទាំង ឲ្យមានបណ្តោយ៣០ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់ ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខ ត្រសាល ហើយត្រូវធ្វើខ្សែក្រវិល៥០ដាក់តាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ទី២ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ ត្រូវធ្វើទំពក់លង្ហិន៥០ សំរាប់ថ្ពក់នឹងខ្សែក្រវិលទាំងនោះភ្ជាប់ត្រសាលរួមមកតែ១ ឯសំពត់ត្រសាលដែលលើសពាក់ កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ ហើយសំពត់ដែលសល់១ហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន នោះត្រូវឲ្យសំយាកធ្លាក់ទៅ បាំងរោងឧបោសថទាំងសងខាងដែរ រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្រប ត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។»
 


គម្របរោងឧបោសថ


ឥឡូវនេះ យើងបង្វែរការចាប់អារម្មណ៍របស់យើងមកឯគម្របរោងឧបោសថវិញ។ គម្របរោងឧបោសថត្រូវបានធ្វើជាបួនស្រទាប់។ នៅពេលព្រះបង្គាប់ឲ្យលោកម៉ូសេធ្វើរោងឧបោសថ ទ្រង់ប្រទានឲ្យគាត់នូវសេចក្តីណែនាំយ៉ាងលម្អិត។ ជាពិសេស គេអាចមើលឃើញគម្របទីមួយពីខាងក្នុងរោងឧបោសថតែប៉ុណ្ណោះ ដែលគ្របលើក្តាររោងឧបោសថ និងប្រដាប់ប្រដាទាំងអស់របស់វានៅខាងក្នុង។ គម្របនេះដណ្តប់លើក្តារនៃរោងឧបោសថ ទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត ពីលើរហូតដល់ដី។ ហើយវាត្រូវបានធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ ហើយមានឆ្លាក់រូប ចេរូប៊ីនដ៏ស្រស់ស្អាតបញ្ចូលទៀតផង។ 
គម្របទីមួយត្រូវបានធ្វើពីវាំងននពីរឈុត ដែលត្រូវបានដេរភ្ជាប់គ្នាទៅវិញទៅមក ដែលវាំងនននីមួយៗត្រូវបានធ្វើ ដោយតវាំងននតូចៗចំនួនប្រាំជាប់ៗគ្នា។ ដើម្បីតវាំងននពីរឈុតនេះឲ្យជាប់គ្នា គេបានធ្វើខ្សែក្រវិលពណ៌ខៀវចំនួនហាសិប ដើម្បីដាក់នៅចុងវាំងនន។ ហើយទំពាក់មាសត្រូវថ្ពក់នឹងខ្សែក្រវិលពណ៌ខៀវទាំងនេះ ដើម្បីភ្ជាប់វាំងននធំពីរឈុតជាគម្របធំមួយ។ 
គម្របទីមួយនៃរោងឧបោសថត្រូវបានធ្វើពីវាំងននចំនួនដប់ ដែលត្រូវបានតជាមួយវាំងននធំពីរឈុត។ វាមានបណ្តោយ ២៨ ហត្ថ។ មួយហត្ថប្រហែលស្មើនឹង ៤៥ សង់ទីម៉ែត្រ ហើយដូច្នេះ បណ្តោយរបស់វាប្រហែល ១២.៦ ម៉ែត្រ តាមរង្វាស់បច្ចុប្បន្ន ខណៈដែលទទឹងនៃវាំងនននីមួយៗមានប្រវែង ១.៨ ម៉ែត្រ។ ជាដំបូង គេបានយកវាំងននចំនួនប្រាំតភ្ជាប់គ្នា ដើម្បីធ្វើជាវាំងននពីរឈុត ហើយបន្ទាប់មក គេភ្ជាប់វាំងននពីរឈុតនេះទៅវិញទៅមក ដោយទំពក់មាសចំនួនហាសិប និងខ្សែក្រវិលពណ៌ខៀវចំនួនហាសិប។ នេះហើយគឺជារបៀបដែលគម្របទីមួយនៃរោងឧបោសថត្រូវបានធ្វើឡើង។ ប៉ុន្តែនៅមានគម្របចំនួនបីផ្សេងទៀត។ គម្របទីមួយនៃរោងឧបោសថត្រូវបានធ្វើ ដោយការត្បាញវាំងននដែលមានរចនាបទចេរូប៊ីន ជាមួយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ 
ការនេះ គឺដើម្បីបង្ហាញយើងពីផ្លូវទៅនគរស្ថានសួគ៌។ ជាឧទាហរណ៍ អំបោះពណ៌ផ្ទៃមេឃ ដែលត្រូវបានប្រើសម្រាប់គម្របទីមួយនៃរោងឧបោសថ សំដៅទៅលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបរបស់លោកិយដាក់លើអង្គទ្រង់។ តាមរយៈការទទួលបុណ្យជ្រមុជនេះ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយ (ម៉ាថាយ ៣:១៥)។ ហើយដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ឥឡូវនេះ បុណ្យជ្រមុជនេះបានក្លាយជាគំរូនៃសេចក្តីសង្រ្គោះ (១ពេត្រុស ៣:២១)។ 
គម្របទីពីរនៃរោងឧបោសថត្រូវបានធ្វើពីរោមពពែ (និក្ខមនំ ២៦:៧)។ បណ្តោយរបស់វាវែងជាងបណ្តោយនៃគម្របទីមួយ ៩០ សង់ទីម៉ែត្រ។ បណ្តោយមានប្រវែង ៣០ ហត្ថ (១៣.៥ ម៉ែត្រ) និងទទឹងប្រវែង ៤ ហត្ថ (១.៨ ម៉ែត្រ)។ គម្របនេះត្រូវបានធ្វើពីសំពត់ចំនួនដប់មួយផ្ទាំង ដែលត្រូវបានដេរភ្ជាប់គ្នាទៅជាសំពត់ពីរផ្ទាំង ដែលមួយផ្ទាំងមានសំពត់ចំនួនប្រាំ ហើយមួយផ្ទាំងទៀតមានសំពត់ប្រាំមួយ។ បន្ទាប់មក គេភ្ជាប់សំពត់ទាំងពីរផ្ទាំងនេះជាមួយគ្នា ដោយទំពក់លង្ហិន។ 
គម្របទីពីរនៃរោងឧបោសថដែលត្រូវបានធ្វើពីរោមពពែ ប្រាប់យើងថា ព្រះយេស៊ូវបានញែកយើងជាបរិសុទ្ធ ដោយសេចក្តីសុចរិតរបស់ព្រះ។ បន្ទាប់ពីបានយាងមកផែនដីនេះ កាលព្រះអម្ចាស់មានព្រះជន្ម៣០វស្សា ទ្រង់បានស្ម័គ្រព្រះទ័យទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់។ ជាលទ្ធផល ព្រះអម្ចាស់បាននាំអំពើបាបទាំងអស់នៅឯឈើឆ្កាង បានសុគត បានដោះអំពើបាបរបស់យើងចេញតែម្តងជាសម្រេច ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះ គម្របទីពីរដែលធ្វើពីរោមពពែពណ៌ស ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទដែលបានធ្វើជាពពែដែលត្រូវបំបរបង់ និងបានធ្វើឲ្យយើងត្រឡប់ជាឥតបាប តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ 
គម្របទីបីនៃរោងឧបោសថ ត្រូវបានធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ដែលប្រាប់យើងថា ព្រះយេស៊ូវបានរែកអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជ បាននាំអំពើបាបទាំងនោះទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិតទ្រង់ និងបានទទួលយកទណ្ឌកម្ម ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
ហើយគម្របទីបួននៃរោងឧបោសថ ត្រូវបានធ្វើពីស្បែកផ្សោត។ អត្ថន័យនៃស្បែកផ្សោតគឺថា កាលណាសម្លឹងមើលរូបរាងខាងក្រៅរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទមិនមានអ្វីគួរឲ្យទាក់ទាញទេ។ ប៉ុន្តែទ្រង់គឺពិតជាព្រះទ្រង់ផ្ទាល់។ ស្បែកផ្សោតបង្ហាញយើងអំពីរូបភាពនៃព្រះយេស៊ូវគ្រីស្ទដែលបានបន្ទាបអង្គទ្រង់រហូតដល់កម្រិតមនុស្សជាតិ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ 
ឥឡូវនេះ យើងពិនិត្យមើលគម្របទាំងបួននេះឲ្យកាន់តែលម្អិតជាងនេះ។ 
 

អត្ថន័យខាងវិញ្ញាណនៃគម្របទីមួយនៃរោងឧបោសថ
 
អត្ថន័យខាងវិញ្ញាណនៃគម្របទីមួយនៃរោងឧបោសថ
សម្ភារៈដែលត្រូវបានប្រើសម្រាប់គម្របទីមួយនៃរោងឧបោសថ គឺជាអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ គេធ្វើវាឡើងតាមរបៀបនេះ ដើម្បីឲ្យគេអាចមើលឃើញយ៉ាងច្បាស់នូវពណ៌ទាំងបួននេះពីខាងក្នុងរោងឧបោសថ។ រចនាបទនៃទេវតាក៏ត្រូវបានត្បាញបញ្ចូលផងដែរ ដើម្បីឲ្យទេវតាទាំងនោះសម្លឹងពីលើចុះមករោងឧបោសថ។ អត្ថន័យខាងវិញ្ញាណដែលមាននៅក្នុងអំបោះទាំងបួននេះ គឺមានដូចតទៅ។
សេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ដែលមាននៅក្នុងសម្ភារៈនៃគម្របទីមួយនៃរោងឧបោសថគឺថា ព្រះមែស៊ីបានទទួលយកតែម្តងជាសម្រេចនូវអំពើបាបទាំងអស់របស់លោកិយទាំងមូល តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់បានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាតំណាងរបស់មនុស្សជាតិ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានទទួលយកសេចក្តីរំលងរបស់ពួកមនុស្សមានបាបដាក់លើខ្លួនវា តាមរយៈការដាក់ដៃលើដែរ។ ហើយវាក៏ប្រាប់យើងផងដែរអំពីសេចក្តីពិតថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់នេះ តែម្តងជាសម្រេច។ 
ម៉្យាងវិញទៀត អំបោះពណ៌ស្វាយប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទដែលបានយាងមកផែនដីនេះ គឺជាស្តេចលើអស់ទាំងស្តេច និងជាព្រះជាម្ចាស់សម្រាប់យើង។ វាប្រាប់យើងថា ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់គឺជាព្រះ។ ហើយអំបោះពណ៌ក្រហមដែលត្រូវបានប្រើនៅក្នុងរោងឧបោសថ ប្រាប់យើងថា បន្ទាប់ពីបានទទួលយកម្តងជាសម្រេច នូវអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ព្រះយេស៊ូវបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីធ្វើជាយញ្ញបូជា ហើយទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើងជំនួសយើង។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺដូចគ្នានឹងប្រព័ន្ធថ្វាយយញ្ញបូជានៅសម័យព្រះគម្ពីរសញ្ញាចាស់ដែរ ដែលតង្វាយដ៏ឥតខ្ចោះបានទទួលយកសេចក្តីរំលងរបស់ពួកមនុស្សមានបាប តាម រយៈការដាក់ដៃលើ និងការសម្រក់ឈាមរហូតដល់ស្លាប់ ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបទាំងនោះ។ ដូច្នេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានយាងទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិតទ្រង់ និងបានសុគតនៅទីនោះ។ 
ព្រះគម្ពីរចាត់ទុកព្រះយេស៊ូវគ្រីស្ទជាតង្វាយយញ្ញបូជា។ ព្រះនាមទ្រង់ «យេស៊ូវ» មានន័យថា «ព្រះដែលនឹងជួយសង្រ្គោះរាស្ត្រទ្រង់ ឲ្យរួចពីបាប» (ម៉ាថាយ ១:២១)។ ហើយព្រះនាម «គ្រីស្ទ» មានន័យថា «ព្រះអង្គដែលត្រូវបានចាក់ប្រេងតាំង»។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានមនុស្សបីប្រភេទ ដែលត្រូវបានចាក់ប្រេងតាំង គឺស្តេច ហោរា និងសង្ឃ។ ដូច្នេះ ព្រះនាម «ព្រះយេស៊ូវគ្រីស្ទ» បញ្ជាក់ថា ទ្រង់គឺជាព្រះអង្គសង្រ្គោះ ព្រះទ្រង់ផ្ទាល់ សម្តេចសង្ឃនៃនគរស្ថានសួគ៌ និងព្រះអម្ចាស់នៃសេចក្តីពិតដ៏អស់កល្បជានិច្ច។ តាមរយៈការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតទ្រង់ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតប្រាកដរបស់យើង។ 
ដូច្នេះ គម្របទីមួយនៃរោងឧបោសថបើកសម្តែងថា ព្រះមែស៊ីនឹងយាងមក តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើទ្រង់ចេញពីអំពើបាប និងទោសរបស់ពួកគេ។ ព័ន្ធកិច្ចទាំងនេះគឺពិតជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងនេះហើយ។ សេចក្តីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះដែលមាននៅក្នុងគម្របទីមួយដែលមានបួនពណ៌នេះគឺថា ព្រះមែស៊ីបានយាងមកផែនដីនេះ បានទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិ តាមរយៈការទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
តាមរយៈព័ន្ធកិច្ចទាំងនេះ ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះអ្នកដែលជឿលើទ្រង់ ចេញពីអំពើបាបរបស់ពួកគេ ហើយបានយកពួកគេធ្វើជារាស្ត្ររបស់ព្រះ។ ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើអស់ទាំងស្តេច ហើយជាតង្វាយយញ្ញបូជាដែលបានដោះសេចក្តីរំលងរបស់ពួកមនុស្សមានបាបចេញ ហើយទ្រង់បានសង្រ្គោះអ្នកដែលជឿ ចេញពីអំពើបាប និងទោសទាំងអស់របស់ពួកគេ។ 
 

អត្ថន័យខាងវិញ្ញាណនៃគម្របទីពីរនៃរោងឧបោសថ
 
អត្ថន័យខាងវិញ្ញាណនៃគម្របទីពីរនៃរោងឧបោសថ
សម្ភារៈដែលត្រូវបានប្រើសម្រាប់គម្របទីពីរនៃរោងឧបោសថ គឺរោមពពែ។ ការនេះប្រាប់យើងថា ព្រះមែស៊ីដែលត្រូវយាងមក នឹងរាប់មនុស្សជាតិជាសុចរិត ដោយការសង្រ្គោះពួកគេចេញពីអំពើបាប និងទោសនៃអំពើបាបទាំងអស់របស់ពួកគេ។ នៅក្នុងន័យផ្សេង វាបង្ហាញប្រាប់យើងថា ដើម្បីឲ្យមនុស្សជាតិទទួលបានសេចក្តីសុចរិតរបស់ព្រះ ពួកគេចាំបាច់ត្រូវតែជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ សេចក្តីសុចរិតរបស់ព្រះបានលាងសម្អាតចិត្តរបស់យើងឲ្យសដូចជាព្រិល ដើម្បីជួយឲ្យយើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើងបាន។ 
 

អត្ថន័យខាងវិញ្ញាណនៃគម្របទីបីនៃរោងឧបោសថ
 
អត្ថន័យខាងវិញ្ញាណនៃគម្របទីបីនៃរោងឧបោសថ
សម្ភារៈដែលត្រូវបានប្រើសម្រាប់គម្របទីបីនៃរោងឧបោសថ គឺជាស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម។ ការនេះបើកសម្តែងថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ទទួលយកអំពើបាបរបស់លោកិយ តាមរយៈការទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង ដើម្បីធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់រាស្ត្រទ្រង់។ ព្រះលោហិតដែលព្រះយេស៊ូវគ្រីស្ទបានសម្រក់នៅលើឈើឆ្កាង បានសងថ្លៃឈ្នួលនៃសេចក្តីស្លាប់សម្រាប់អំពើបាបរបស់លោកិយនេះ។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានធ្វើជាតង្វាយយញ្ញបូជា ហើយបានសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ (លេវីវិន័យ ១៦)។ 
នៅថ្ងៃធួននឹងបាប ពពែយញ្ញបូជាពីរត្រូវបានរៀបចំសម្រាប់ទទួលយកអំពើបាបទាំងអស់សាសន៍អ៊ីស្រាអែល។ ពពែមួយគឺជាតង្វាយយញ្ញបូជានៃការធួននឹងបាប ដែលពួកគេថ្វាយទៅកាន់ព្រះសម្រាប់អំពើបាបរបស់ពួកគេ។ នៅពេលនោះ សម្តេចសង្ឃបានដាក់ដៃរបស់គាត់លើក្បាលពពែយញ្ញបូជាទីមួយនេះ ដោយផ្ទេរអំពើបាបទាំងអស់របស់ពួកគេទៅលើវា តែម្តងជាសម្រេច។ បន្ទាប់មក ទ្រង់បានយកឈាមវាទៅប្រោសនៅជ្រុងខាងកើតនៃទីសន្តោសប្រោស ហើយនៅមុខទីសន្តោសប្រោសចំនួនប្រាំពីរដង។ នេះហើយគឺជារបៀបដែលតង្វាយយញ្ញបូជានៃការធួននឹងបាបរបស់ពួកអ៊ីស្រាអែល ត្រូវបានថ្វាយទៅកាន់ព្រះ។ 
បន្ទាប់មក នៅចំពោះមុខសាសន៍អ៊ីស្រាអែលដែលផ្តុំគ្នានៅជុំវិញរោងឧបោសថ សម្តេចសង្ឃបានដាក់ដៃរបស់គាត់នៅលើក្បាលពពែកមួយទៀត ហើយបានផ្ទេរអំពើបាបរយៈពេលមួយឆ្នាំពេញរបស់សាសន៍អ៊ីស្រាអែល ទៅលើវា។ នេះគឺដើម្បីផ្តល់ឲ្យសាសន៍អ៊ីស្រាអែលទាំងមូលនូវចិត្តជឿជាក់ថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានដោះចេញពីពួកគេ តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃ។ បន្ទាប់មក គេបានបញ្ជូនពពែបំបរបង់នេះចេញទៅវាលរហោស្ថាន ឲ្យស្លាប់ជាមួយអំពើបាបទាំងអស់របស់ពួកគេដែលវាបានផ្ទុកនៅក្នុងខ្លួនវា (លេវីវិន័យ ១៦:២១-២២)។ នេះហើយគឺជាសេចក្តីសន្យារបស់ព្រះថា ព្រះ មែស៊ីនឹងយាងមកផែនដីនេះ ទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិ (ម៉ាថាយ ១១:១១-១៣; ៣:១៣-១៧) ទទួលយកទណ្ឌកម្មនៃអំពើបាបទាំងនេះ ដោយការស្ម័គ្រព្រះទ័យសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
 

អត្ថន័យខាងវិញ្ញាណនៃគម្របទីបួននៃរោងឧបោសថ
 
អត្ថន័យខាងវិញ្ញាណនៃគម្របទីបួននៃរោងឧបោសថ
ស្បែកផ្សោតបង្ហាញពីរូបភាពរបស់យើងផ្ទាល់ ក៏ដូចជារូបភាពរបស់ព្រះអម្ចាស់ នៅពេលទ្រង់យាងមកផែនដីនេះដែរ។ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ដើម្បីហៅពួកមនុស្សមានបាប ហើយរាប់ពួកគេជាសុចរិត។ ហើយស្បែកផ្សោតក៏ប្រាប់យើងផងដែរថា ព្រះយេស៊ូវគ្រីស្ទមិនបានតម្កើងអង្គទ្រង់យ៉ាងខ្ពស់ទេ នៅពេលទ្រង់យាងមកផែនដីនេះ ប៉ុន្តែទ្រង់បានបន្ទាបអង្គទ្រង់ជាមនុស្សម្នាក់ដែលប្រសូតមកយ៉ាងធម្មតាវិញ។
នៅក្នុងម័យព្រះគម្ពីរសញ្ញាចាស់ ព្រះបានមានបន្ទូលតាមរយៈពួកហោរារបស់ទ្រង់ថា ព្រះមែស៊ីនឹងយាងមក ដើម្បីរំដោះពួកមនុស្សមានបាបនៅក្នុងលោកិយនេះចេញពីអំពើបាបរបស់ពួកគេ។ យើងអាចមើលឃើញថា ព្រះបានបំពេញសម្រេចព្រះបន្ទូលទំនាយដែលទ្រង់បានមានបន្ទូល តាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ទំនាយនៃសេចក្តីសន្យានេះគឺជាព្រះបន្ទូលនៃ សម្ព័ន្ធមេត្រីថា ព្រះមែស៊ីនឹងមិនគ្រាន់តែទទួលយកអំពើបាបរបស់សាសន៍ អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏អំពើបាប និងទោសទាំងអស់របស់មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះផងដែរ ហើយថា ទ្រង់នឹងសង្រ្គោះអ្នកជឿទាំងអស់របស់ទ្រង់ ហើយយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ 
និក្ខមនំ ២៥ និយាយអំពីសម្ភារៈដែលត្រូវបានប្រើសម្រាប់សាងសង់រោងឧបោសថ។ សម្ភារៈទាំងនោះសម្រាប់រោងឧបោសថរួមមាន សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត មាស ប្រាក់ លង្ហិន គ្រឿងក្រអូប ប្រេង និងត្បូងមានតម្លៃ។ សម្ភារៈទាំងនេះបើកសម្តែងថា ព្រះ មែស៊ីនឹងយាងមកផែនដីនេះ ហើយសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ តាមរយៈបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ដូច្នេះ ផែនការសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះ ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ ត្រូវបានលាក់ទុកនៅក្នុងគម្របរោងឧបោសថ។ 
ហេតុអ្វីព្រះបានបង្គាប់ឲ្យប្រើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាសម្ភារៈសម្រាប់គម្របរោងឧបោសថ? ហើយហេតុអ្វីទ្រង់បានបង្គាប់ឲ្យប្រើរោមពពែ ស្បែកចៀមឈ្មោល និងស្បែកផ្សោត? យើងត្រូវតែយកចិត្តទុកដាក់ចំពោះផែនការដែលព្រះបានបង្កើតឡើង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ ហើយយើងត្រូវតែជឿលើព្រះរាជកិច្ចដែលត្រូវបានបើកសម្តែងតាំងពីដំបូងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះយេស៊ូវបានសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ ហើយយើងត្រូវតែបានសង្រ្គោះចេញពីអំពើបាបរបស់យើង ហើយបានធ្វើជារាស្ត្ររបស់ព្រះ។ នៅក្នុងន័យផ្សេង យើងត្រូវតែយល់ និងជឿលើផែនការរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងគម្របរោងឧបោសថ។ 
 

ដោយវិធីសាស្ត្របួនយ៉ាង

គម្របទាំងបួននៃរោឧបោសថប្រាប់យើងយ៉ាងលម្អិត អំពីវិធីសាស្ត្រដែលព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង៖ ព្រះមែស៊ីនឹងយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន សុគតនៅលើឈើឆ្កាងសម្រាប់ទណ្ឌកម្មនៃអំពើបាបទាំងនេះ ដោះអំពើបាបរបស់រាស្ត្ររបស់ទ្រង់ចេញ និងសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ ដោយព្រះលោហិតរបស់ទ្រង់ ផ្ទាល់។ ទោះបីជាយ៉ាងណា សេចក្តីសង្រ្គោះនេះត្រូវបានបំពេញសម្រេចចំពោះតែអ្នកដែលជឿ និងទទួលយកព្រះមែស៊ីជាព្រះអង្គសង្រ្គោះរបស់ខ្លួនប៉ុណ្ណោះ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿថា ដូចដែលបានបើកសម្តែងនៅក្នុងសម្ភារៈនៃគម្របរោងឧបោសថ ព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមក ដោយបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ប្រាកដមែន ដើម្បីសង្រ្គោះយើងតែម្តងជាសម្រេចចេញពីអំពើបាបទាំងអស់របស់យើង។
យោងតាមទំនាយនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែលមាននៅក្នុងគម្របរោងឧបោសថ ព្រះរាជបុត្រានៃព្រះបានយាងមកឯយើង ក្នុងនាមជាតង្វាយយញ្ញបូជានៅសម័យព្រះគម្ពីរសញ្ញាថ្មី បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិត និងបានសុគតនៅលើឈើឆ្កាង។ លើសពីនេះ យើងអាចថ្វាយតង្វាយនៃសេចក្តីជំនឿដែលសង្រ្គោះយើង ទៅកាន់ព្រះបាន ដោយសារការជឿលើព្រះមែស៊ី ដែលត្រូវបានបើកសម្តែងនៅក្នុងគម្របរោងឧបោសថ។ 
ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ មនុស្សនឹងត្រូវវិនាស ដោយសារអំពើបាបរបស់ខ្លួន បើសិនពួកគេមិនចូលទៅចំពោះព្រះ ហើយមិនថ្វាយតង្វាយនៃសេចក្តីជំនឿ ដោយការជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ។ ប៉ុន្តែបើសិនពួកគេជឿតាមសេចក្តីពិតនេះ ពួកគេអាចចូលទៅចំពោះព្រះគ្រប់ពេលវេលាបាន ក្នុងនាមជាកូនរបស់ទ្រង់ ដោយសារសេចក្តីជំនឿ។ រោងឧបោសថបង្ហាញប្រាប់យើងថា គ្មានអ្នកណាម្នាក់ ដែលមិនជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាតង្វាយយញ្ញបូជា និងដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម អាចចូលនគរព្រះបានឡើយ។ 
ដូច្នេះ គម្របរោងឧបោសថបង្ហាញប្រាប់យើងអំពីផ្លូវទៅស្ថានសួគ៌។ យើងត្រូវតែស្វែងរកផ្លូវចូលទៅនគរស្ថានសួគ៌ ដោយការជឿតាមសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ អ្នកណាដែលចង់ចូលទៅនគរព្រះ ត្រូវតែដោះស្រាយបញ្ហាបាបរបស់ខ្លួន ដោយការជឿតាមសេចក្តីពិតអំពីការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាមុនសិន។ ដូច្នេះ មនុស្សត្រូវតែជ្រើសរើសថា ពួកគេចូលទៅក្នុងពួកជំនុំរបស់ព្រះ ដោយការជឿតាមសេចក្តីពិតនេះ ឬពួកគេត្រូវបានព្រះបដិសេធ ដោយសារមិនជឿ។ 
ពិតណាស់ បញ្ញាចិត្តរបស់យើងមានសេរីភាពក្នុងការជឿ ឬមិនជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងគម្របរោងឧបោសថ។ ប៉ុន្តែអ្នកក៏គួរតែទទួលស្គាល់ផងដែរថា លទ្ធផលនៃការមិនជឿតាមសេចក្តីពិតនេះ នឹងមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។ ប៉ុន្តែដើម្បីចូលទៅក្នុងតំណាក់ដ៏ភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះ ស្របតាមបំណងព្រះហឫទ័យទ្រង់ យើងត្រូវតែបានសង្រ្គោះចេញពីអំពើបាបរបស់យើងជារៀងរហូត ដោយការជឿលើបុណ្យជ្រមុជដែលព្រះមែស៊ីបានទទួលពីលោកយ៉ូហាន និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ គ្រប់គ្នាត្រូវតែទទួលយក និងជឿនៅក្នុងចិត្តថា បុណ្យជ្រមុជរបស់ព្រះមែស៊ី និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ។ លុះត្រាតែពួកគេជឿដូច្នេះ ទើបពួកគេអាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ច ហើយចូលទៅក្នុងសិរីល្អនៃព្រះបាន។ 
គម្របទីមួយនៃរោងឧបោសថត្រូវបានត្បាញពីអំបោះបួនខុសៗគ្នា ហើយវាត្រូវបានដាក់នៅពីក្រោមគម្របទីពីរដែលត្រូវបានធ្វើជារោមពពែ។ នេះបង្ហាញប្រាប់យើងពីការពិតថា យើងអាចទទួលបានការអត់ទោសបាបបាន ដោយសារព្រះរាជកិច្ចរបស់ព្រះយេស៊ូវ៖ បុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់ផ្ទាល់។ ដូច្នេះ ការអត់ទោសបាបដែលយើងបានទទួល ដោយការជឿលើ សេចក្តីសុចរិតរបស់ព្រះ គឺដោយសារសេចក្តីជំនឿរបស់យើងលើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងគម្របទីមួយ។ ដើម្បីពិនិត្យមើលពីភាពប្រាកដប្រជានៃការពិតនេះ ចូរយើងបែរទៅឯព្រះបន្ទូលនៅក្នុងព្រះគម្ពីរខាងក្រោមនេះ។ 
អេសាយ ៥៣:៦ សរសេរថា «ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ហេព្រើរ ៩:២៨ ប្រកាសថា «ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន»។ ហើយ ២កូរិនថូស ៥:២១ និយាយថា «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»។ ដូច្នេះ បទគម្ពីរទាំងនេះប្រាប់យើងថា សេចក្តីសង្រ្គោះរបស់យើងត្រូវបានបំពេញសម្រេច ដោយព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើសម្រាប់គម្របទីមួយនៃរោងឧបោសថ។ ការដែលព្រះគ្រីស្ទត្រូវបានព្យួរនៅលើឈើឆ្កាង និងទទួលទោសនៃអំពើបាបជំនួសយើង បានកើតឡើង ដោយការពិតថា ទ្រង់បានទទួលយកអំពើបាបរបស់យើងជាមុន ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយមិនមែននៅលើឈើឆ្កាង ដែលទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះទេ។ 
ព្រះយេស៊ូវមិនមានសេចក្តីភ័យខ្លាចទេ នៅពេលទ្រង់ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ ហើយបានរងទុក្ខដល់សុគតនៅលើឈើឆ្កាង។ ផ្ទុយទៅវិញ ទ្រង់មានអំណរ! ហេតុអ្វី? ពីព្រោះវាគឺជាពេលវេលាដែលទ្រង់ «ធ្វើសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ» (ម៉ាថាយ ៣:១៥)។ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានធ្វើដូច្នេះ ពីព្រោះទ្រង់បានស្រឡាញ់យើង។ ដូច្នេះហើយបានជាទ្រង់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានស្ម័គ្រព្រះទ័យទទួលពែងនៃយញ្ញបូជានេះ។ ដោយសារព្រះអម្ចាស់បានទទួលយកអំពើបាប និងកំហុសរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់អាចសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើភ្នំកាលវ៉ារី ហើយទទួលទណ្ឌកម្មនៃអំពើបាបជំនួសយើងបាន។ 
 

ទំពក់ដែលបានភ្ជាប់គម្របទីមួយនៃរោងឧបោសថជាមួយគ្នា ត្រូវបានធ្វើពីមាស

គម្របទីមួយនៃរោងឧបោសថត្រូវបានធ្វើពីសំពត់ពីរសម្រាប់ ដែលមួយសម្រាប់មានសំពត់ប្រាំ ដែលត្រូវបានភ្ជាប់គ្នាទៅវិញទៅមក ដោយទំពក់មាស។ នេះបង្ហាញប្រាប់យើងថា យើងអាចចូលនគរស្ថានសួគ៌បាន លុះត្រាតែយើងជឿតាមសេចក្តីពិតនៃការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ការដែលសំពត់ពីរសម្រាប់ ដែលមួយសម្រាប់មានសំពត់ប្រាំ ត្រូវបានភ្ជាប់គ្នា ដោយទំពក់មាស៥០ បង្ហាញប្រាប់យើងថា យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន លុះត្រាតែយើងមានសេចក្តីជំនឿត្រឹមត្រូវលើសេចក្តីសង្រ្គោះនេះ។ នៅក្នុងព្រះគម្ពីរ មាសសំដៅទៅលើសេចក្តីជំនឿត្រឹមត្រូវ ដែលជឿតាមព្រះបន្ទូលព្រះ។ 
ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿតាមព្រះបន្ទូលទាំងអស់របស់ព្រះ។ យើងចាំបាច់ត្រូវតែមានសេចក្តីជំនឿតាមសេចក្តីពិត ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ។ ការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវតែមួយមិនមានប្រសិទ្ធភាពលើសេចក្តីសង្រ្គោះរបស់យើងទេ។ ហេតុអ្វី? ពីព្រោះនៅមុនការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ជាដំបូង ត្រូវតែមានដំណើរការនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលពួកមនុស្សមានបាបអាចផ្ទេរអំពើបាបរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទបាន។ ឈើឆ្កាងអាចមានប្រសិទ្ធិភាពសម្រាប់សេចក្តីសង្រ្គោះរបស់យើងបាន លុះត្រាតែយើងជឿថា ព្រះវរបិតាបានធ្វើឲ្យព្រះយេស៊ូវទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជជាមុនសិន។
 

តើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នៅក្នុងរោងឧបោសថប្រាប់យើងអំពីអ្វី?

វាប្រាប់យើងថា ព្រះបានធ្វើការក្នុងចំណោមយើងទាំងអស់ ដោយស្របតាមព្រះបន្ទូលនៃសេចក្តីពិតដ៏ល្អិតល្អន់របស់ទ្រង់។ ព្រះមែស៊ីពិតជាបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាប និងទោសរបស់យើង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយវាប្រាប់យើងថា សេចក្តីសង្រ្គោះរបស់ទ្រង់ត្រូវបានបំពេញសម្រេចរួចហើយ តាមដែលទ្រង់បានសន្យានៅក្នុងព្រះបន្ទូលទ្រង់។ 
នៅសម័យព្រះគម្ពីរសញ្ញាថ្មី ព្រះអម្ចាស់ពិតជាបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោក យ៉ូហាន បានសម្រក់ព្រះលោហិតរហូតដល់សុគត បានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់របស់យើង ហើយដូច្នេះ បានបំពេញតាមសេចក្តីសន្យាទាំងអស់អំពីសេចក្តីសង្រ្គោះ។ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគត ព្រះអម្ចាស់បានបំពេញសម្រេចតាមបំណងព្រះហឫទ័យព្រះវរបិតា។ សម្ព័ន្ធមេត្រីដែលព្រះបានបង្កើតឡើងជាមួយរាស្ត្រអ៊ីស្រាអែលរបស់ទ្រង់ ត្រូវបានបំពញេសម្រេចទាំងអស់ តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់។ 
ដូច្នេះ តើអ្នកណាគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីពិតនេះ? ពួកអ៊ីស្រាអែលតែប៉ុណ្ណោះ? ឬអ្នក និងខ្ញុំ?
ការពិតថា គម្របទីមួយនៃរោងឧបោសថត្រូវបានភ្ជាប់គ្នា ដោយទំពក់មាសចំនួន៥០ តម្រូវឲ្យយើងមានសេចក្តីពិត។ វាបង្ហាញប្រាប់យើងថា យើងអាចចូលនគរព្រះបាន លុះត្រាតែយើងដឹង និងជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចរបស់ទ្រង់ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើសម្រាប់គម្របទីមួយនៃរោងឧបោសថ។
នៅក្នុងន័យផ្សេង វាបង្ហាញប្រាប់យើងថា យើងអាចទទួលបានការអត់ទោសបាបបាន លុះត្រាតែយើងជឿតាមព្រះបន្ទូលនៃសេចក្តីពិត។ តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះកំពុងតែបង្ហាញប្រាប់យើងយ៉ាងលម្អិតថា យើងអាចទទួលបានសេចក្តីសង្រ្គោះដ៏ពិតរបស់យើងបាន លុះត្រាតែយើងជឿថា បុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាង ដែលត្រូវបានបើកសម្តែងនៅក្នុងគម្របរោងឧបោសថ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
ព្រះពិតជាបានជួយឲ្យយើងអាចបានស្អាតពីអំពើបាបទាំងអស់របស់យើង ហើយបានសដូចជាព្រិលបាន ដោយការជឿតាមសេចក្តីពិតដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើសម្រាប់គម្របទីមួយនៃរោងឧបោសថ។ ហើយព្រះបានអនុញ្ញាតឲ្យតែអ្នកដែលមានសេចក្តីជំនឿនេះប៉ុណ្ណោះ ចូលទៅក្នុងនគររបស់ទ្រង់។ យើងត្រូវតែយល់ពីគម្របរោងឧបោសថ ហើយជឿលើវា។ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកឯយើង តាមរយៈព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម យើងពិតជាអាចទទួលបានលក្ខណៈសម្បត្តិធ្វើជាកូនរបស់ព្រះ ហើយទទួលបានសិរីល្អនៃការចូលទៅក្នុងនគររបស់ទ្រង់។ 
នៅពេលព្រះមែស៊ីបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចរបស់ទ្រង់ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម តើយើងអាចបដិសេធ និងមិនជឿលើសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ព្រះបានយ៉ាងដូចម្តេច? ហើយតើយើងអាចបដិសេធការអត់ទោសបាបរបស់យើង និងនគរស្ថានសួគ៌ ដែលយើងអាចទទួលបាន ដោយសារតែសេចក្តីជំនឿបានយ៉ាងដូចម្តេច? យើងទាំងអស់គ្នាត្រូវតែជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់យើង ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតនៅលើឈើឆ្កាង។ មានតែធ្វើដូច្នេះទេ ទើបយើងអាចធ្វើជារាស្ត្ររបស់ព្រះបាន។ 
អ្នកដែលមិនជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែលមាននៅក្នុងគម្របទីមួយនៃរោងឧបោសថ ពិតជាមិនអាចលាងសម្អាតអំពើបាបរបស់ពួកគេ ដោយសារសេចក្តីជំនឿបានឡើយ។ ហើយអ្នកដែលមិនជឿតាមសេចក្តីពិតនេះ ក៏មិនអាចធ្វើជាកូនរបស់ព្រះបានដែរ។ ដូច្នេះហើយបានជាយើងត្រូវតែជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើសម្រាប់គម្របរោងឧបោសថ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។ 
 

គម្របដែលត្រូវបានធ្វើរោមពពែ ធំជាងគម្របទីមួយបន្តិច

គម្របទីពីរដែលត្រូវបានធ្វើពីរោមពពែ ធំជាងគម្របទីមួយបន្តិច។ នេះមានន័យថា អ្នកដែលទាស់ប្រឆាំងនឹងព្រះ មិនអាចមើលឃើញសូម្បីតែមួយផ្នែកណានៃសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងគម្របទីមួយនៃរោងឧបោសថបានផង។ ព្រះពិតជាត្រូវលាក់សេចក្តីអាថ៌កំបាំងនៃការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃគម្របទីមួយនៃរោងឧបោសថ ពីព្រោះទ្រង់បានកំណត់ថា មានតែអ្នកដែលគោរពកោតខ្លាចទ្រង់ប៉ុណ្ណោះ ដែលអាចចូលទៅនគររបស់ទ្រង់បាន ដោយការជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
នេះក៏ជាមូលហេតុមួយផងដែរ ដែលព្រះបានដាក់ចេរូប៊ីននៅប៉ែកខាងកើតនៃសួនច្បារអេដែន និងដាវភ្លើងមួយដែលបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅដើមជីវិត បន្ទាប់ពីទ្រង់បានបណ្តេញអ័ដាមដែលបានធ្លាក់ទៅក្នុងបាបចេញ (លោកុប្បត្តិ ៣:២៤)។ ដូច្នេះ មនុស្សមិនអាចមើលឃើញសេចក្តីពិតដែលជួយឲ្យមនុស្សអាចចូលទៅនគរស្ថានសួគ៌បាន ដោយមិនជឿលើព្រះជាមុននោះឡើយ។ ដូច្នេះហើយបានជាព្រះបានធ្វើគម្របទីពីរពីរោមពពែធំជាងគម្របទីមួយបន្តិច។
គម្របទីពីរនៃរោងឧបោសថបង្ហាញប្រាប់យើងថា យើងអាចបានរាប់ជាសុចរិតបាន លុះត្រាតែយើងទទួលបានការអត់ទោសបាប ដែលត្រូវបានបើក សម្តែងនៅក្នុងគម្របទីមួយ។ នៅក្នុងន័យផ្សេង ព្រះបានអនុញ្ញាតឲ្យតែអ្នកដែលជឿតាមព្រះបន្ទូលទ្រង់ ដោយសេចក្តីគោរពកោតខ្លាច និងដែលជឿតាមដំណឹងល្អនៃសេចក្តីពិតប៉ុណ្ណោះ បានធ្វើជារាស្ត្ររបស់ទ្រង់។ ដោយសារនេះគឺជារបៀបដែលព្រះបានកំណត់ ទ្រង់មិនអនុញ្ញាតឲ្យគ្រប់គ្នាបានធ្វើជាកូនរបស់ទ្រង់ ដោយមិនជឿតាមការអត់ទោសបាប ដែលមាននៅក្នុងសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាមុនឡើយ។ បំណងព្រះហឫទ័យព្រះគឺថា អ្នកដែលមានចិត្តអាក្រក់ មិនអាចយល់សូម្បីតែបន្តិចអំពី សេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
 
 
គម្របទីពីរនៃរោងឧបោសថត្រូវបានធ្វើពីរោមពពែ ហើយទំពក់របស់វាត្រូវបានធ្វើពីលង្ហិន

អត្ថន័យខាងវិញ្ញាណនៃទំពក់លង្ហិន គឺជាការជំនុំជម្រះចំពោះអំពើបាបរបស់មនុស្ស។ ទំពក់លង្ហិនប្រាប់យើងថា អំពើបាបទាំងអស់តម្រូវឲ្យមានការសងថ្លៃឈ្នួលរបស់វា។ ដូច្នេះ ទំពក់លង្ហិនមានផ្ទុកនូវសេចក្តីពិតថា ព្រះមែស៊ីត្រូវតែសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ពីព្រោះទ្រង់បានយាងមកផែនដីនេះ និងបានទទួលយកអំពើបាបរបស់លោកិយនេះតែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជ។ ដោយសារព្រះមែស៊ីបានទទួលយកអំពើបាបរបស់លោកិយនេះជាមុន តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោក យ៉ូហាន បន្ទាប់មក ទ្រង់អាចទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់របស់លោកិយនេះ ដោយព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាងបាន។ 
ចេញពីទំពក់លង្ហិន យើងអាចមើលឃើញច្បាប់របស់ព្រះ ដែលប្រាប់យើងថា ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់ (រ៉ូម ៦:២៣)។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា ព្រះបានបំពេញសម្រេចការជំនុំជម្រះអំពើបាបរបស់យើង តាមរយៈព្រះមែស៊ី។ ដោយសារព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងសម្រក់ព្រះលោហិតដល់សុគតនៅលើឈើឆ្កាង ការជំនុំជម្រះអំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានបញ្ចប់ទាំងស្រុងហើយ។
នៅពេលយើងចូលទៅចំពោះព្រះ អ្នក និងខ្ញុំត្រូវតែគិតនៅក្នុងបញ្ញាចិត្តរបស់យើងអំពីអ្វីដែលជាសេចក្តីពិត។ យើងរស់នៅក្នុងលោកិយនេះ ដោយប្រព្រឹត្តអំពើបាបជាក់ស្តែងជារៀងរាល់ថ្ងៃ ដោយចិត្ត គំនិត និងទង្វើរបស់យើង។ ទោះបីជាយ៉ាងណា ព្រះមែស៊ីក៏បានទទួលយកអំពើបាបជាក់ស្តែងទាំងនេះ ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃផងដែរ បានសងថ្លៃឈ្នួលនៃអំពើបាបទាំងនេះ ដោយតម្លៃនៃព្រះជន្មទ្រង់ផ្ទាល់ ហើយដូច្នេះ បានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង។ បញ្ញាចិត្តរបស់យើងនៅចំពោះព្រះត្រូវស្វិតក្រៀម និងស្លាប់ទៅ បើសិនយើងមិនមានសេចក្តីជំនឿតាមសេចក្តីពិតរបស់ទ្រង់ទេ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿតាមសេចក្តីពិតនៅពេលនេះ ដើម្បីឲ្យព្រលឹងដែលកំពុងតែស្លាប់របស់យើង អាចបានសង្រ្គោះ និងរស់ឡើងវិញបាន។ 
តើចិត្តរបស់យើងចង់ជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងទំពក់លង្ហិនទាំងនេះដែរទេ? សេចក្តីពិតដែលទំពក់លង្ហិនកំពុងតែប្រាប់យើងគឺថា ខណៈដែលយើងកំពុងតែប្រឈមនឹងទោសសម្រាប់អំពើបាបរបស់យើង ព្រះមែស៊ីបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងអស់ជំនួសយើង។ ព្រះយេស៊ូវពិតជាបានទទួលយកទណ្ឌកម្មនៃបាបតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងប្រាកដមែន។ តាមរយៈការធ្វើដូច្នេះ ព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើងនូវសេចក្តីជំនឿ ហើយបានជួយឲ្យយើងអាចចូលទៅនគរព្រះបាន។ 
បើសិនមនុស្សម្នាក់មានបាបនៅក្នុងចិត្តរបស់គាត់នៅចំពោះព្រះ គាត់ត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ ដោយសារអំពើបាបរបស់យើង អ្វីដែលយើងគួរតែទទួលបាន គឺសេចក្តីស្លាប់ដ៏អស់កល្បជានិច្ច។ ប៉ុន្តែព្រះមែស៊ីបានធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ហើយបានសង្រ្គោះយើងចេញពីទោសទាំងអស់។ យើងសមនឹងទទួលទណ្ឌកម្មនៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើង ប៉ុន្តែដោយការជឿថា ព្រះមែស៊ីបានទទួលទណ្ឌកម្មជំនួសយើងហើយ ឥឡូវនេះ យើងអាចចូលទៅនគរព្រះបានហើយ។ 
ដោយការជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់យើង យើងត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ហើយបានរួចពីទណ្ឌកម្មនៃអំពើបាបរបស់យើង។ ដើម្បីបំពេញព្រះរាជកិច្ចសង្រ្គោះទាំងនេះហើយ ដែលព្រះ មែស៊ីបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនេះ។ ដូច្នេះ ដោយការយល់ និងការជឿតាមសេចក្តីពិតនេះ យើងត្រូវតែទទួលបានការអត់ទោសបាប និងបានសង្រ្គោះចេញពីទណ្ឌកម្មនៃបាប។
យើងត្រូវតែជឿថា ព្រះមែស៊ីអាចទទួលយកអំពើបាបរបស់យើង ហើយទទួលទោសនៃអំពើបាបទាំងនេះបាន លុះត្រាតែទ្រង់យាងមកផែនដីនេះ និងទទួលបុណ្យជ្រមុជតាមរបៀបដាក់ដៃលើជាមុនសិន។ បើសិនព្រះមែស៊ីបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយបើសិនទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនេះ នោះយើងត្រូវតែជឿដូច្នេះ។ ដូច្នេះ ព្រះប្រទានជីវិតថ្មីដល់អ្នកដែលជឿ។ 
ដោយសារយើងត្រូវប្រឈមនឹងស្ថាននរក ដោយសារអំពើបាបរបស់យើង ព្រះមែស៊ីបានទទួលយកអំពើបាបរបស់យើង ហើយបានសុគតជំនួសយើង ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង។ ព្រះអម្ចាស់បានទទួលយកទណ្ឌកម្មនេះជំនួសយើងដែលត្រូវស្លាប់នៅក្នុងទណ្ឌកម្មនៃអំពើបាបរបស់យើង។ ដូច្នេះ បើសិនព្រះអម្ចាស់បានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីការជំនុំជម្រះអំពើបាបរបស់យើង យើងត្រូវតែជឿដូច្នេះ។
យើងត្រូវតែទទួលយកសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ទុកនៅក្នុងព្រលឹងរបស់យើង និងនៅក្នុងជម្រៅចិត្តរបស់យើង មិនដោយគំនិតខាងសាច់ឈាមរបស់យើងទេ ប៉ុន្តេដោយសេចក្តីជំនឿខាងវិញ្ញាណរបស់យើងតាមព្រះបន្ទូលទ្រង់វិញ។ អ្នករាល់គ្នាដែលបានស្តាប់ឮព្រះរាជសារនេះនៅពេលនេះ ត្រូវតែជឿតាមសេចក្តីពិតនេះនៅក្នុងចិត្ត។ ដោយសារព្រះមែស៊ីបានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់ អ្នកដែលជឿ ពិតជាបានសង្រ្គោះប្រាកដមែន។ 
បើសិនមនុស្សមិនជឿថា ពួកគេត្រូវធ្លាក់ទៅស្ថាននរកទេ ពួកគេនឹងមើលមិនឃើញពីភាពចាំបាច់ក្នុងការបានសង្រ្គោះ ដោយការជឿលើព្រះមែស៊ីដែលបានយាងមក ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ។ ប៉ុន្តែបើសិនពួកគេពិតជាជឿថា ពួកគេត្រូវធ្លាក់ទៅស្ថាននរក ពួកគេនឹងមើលឃើញយ៉ាងច្បាស់ថា ពួកគេត្រូវការសេចក្តីសង្រ្គោះ ដោយការជឿលើព្រះមែស៊ីនេះ ដែលបានយាងមក ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះហើយបានជាព្រះយេស៊ូវមានបន្ទូលថា «ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង» (ម៉ាកុស ២:១៧)។ ដូច្នេះ កាលណាពួកគេជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់ពួកគេ ពួកគេនឹងទទួលបានការអត់ទោសបាបនៅក្នុងចិត្តរបស់ពួកគេ។ 
បើសិនយើងពិនិត្យមើលខ្លួនយើងនៅចំពោះច្បាប់របស់ព្រះ យើងនឹងមើលឃើញយ៉ាងច្បាស់ថា យើងពិតជាមានបាបប្រាកដមែន ហើយថា យើងត្រូវប្រឈមនឹងបណ្តាសាជារៀងរហូត ដោយសារអំពើបាបរបស់យើង។ យើងមិនគ្រាន់តែត្រូវទទួលស្គាល់ថា យើងត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវមានបំណងចិត្តស្មោះត្រង់ផងដែរ ក្នុងការគេចចេញពីទោសនេះ ដើម្បីឲ្យយើងអាចបានស្អាតពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមព្រះរាជសារនេះ។ នេះហើយគឺជារបៀបរស់នៅតែមួយគត់ ដើម្បីទទួលយកទោសដ៏សុចរិតនៃអំពើបាបទាំងអស់របស់យើង ដោយ សេចក្តីជំនឿ។ 
បើសិនយើងមិនមានសេចក្តីជំនឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ យើងនឹងកំពុងតែប្រឈមនឹងការធ្លាក់ទៅស្ថាននរកនៅពេលនេះហើយ។ បុណ្យជ្រមុជដែលព្រះមែស៊ីបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ទាក់ទងគ្នាយ៉ាងជិតស្និទ្ធនឹងសេចក្តីសង្រ្គោះនៃព្រះលឹងរបស់យើង។ 
ដោយសារយើងបានកើតមកជាពូជរបស់អ័ដាម និងមានបាប យើងត្រូវធ្លាក់ទៅស្ថាននរក។ ដូច្នេះ យើងត្រូវតែទទួលស្គាល់នៅចំពោះព្រះថា យើងទាំងអស់គ្នាគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅស្ថាននរក។ តើអ្នកទទួលស្គាល់ការពិតនេះដែរទេ? នៅពេលព្រះទតមើលយើង ទ្រង់មើលឃើញថា យើងត្រូវធ្លាក់ទៅស្ថាននរក ហើយនៅពេលយើងពិនិត្យមើលខ្លួនយើងនៅចំពោះព្រះ យើងក៏មើលឃើញថា យើងត្រូវធ្លាក់ទៅស្ថាននរកផងដែរ។ ដូច្នេះ ដោយសារអ្នក និងខ្ញុំត្រូវធ្លាក់ទៅស្ថាននរក ទើបព្រះអង្គសង្រ្គោះរបស់យើងបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ 
បន្ទាប់ពីបានយាងមកផែនដីនេះ ទទួលបុណ្យជ្រមុជ សម្រក់ព្រះលោហិត និងសុគត ព្រះអម្ចាស់របស់យើងបានបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់ក្នុងការសង្រ្គោះយើង។ ហើយបើសិនយើងមិនត្រូវធ្លាក់ទៅស្ថាននរកទេ ព្រះអម្ចាស់ក៏មិនចាំបាច់បំពេញព្រះរាជកិច្ចសង្រ្គោះទាំងនេះដែរ។ ប៉ុន្តែពិតណាស់ ទោះបីជាយើងដែលបានកើតជាថ្មី ឥតមានបាបនៅក្នុងចិត្តរបស់យើងនៅពេលនេះក៏ដោយ ក៏ពីមុន យើងធ្លាប់ជាមនុស្សមានបាបដែរ។ 
អ្នកណាដែលមានបាប ត្រូវតែធ្លាក់ទៅស្ថាននរកយ៉ាងពិតប្រាកដ។ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ នេះមានន័យថា ពួកមនុស្សមានបាបត្រូវតែធ្លាក់ទៅស្ថាននរក។ ប៉ុន្តែអ្នកដែលទទួលបានអំណោយទាននៃការអត់ទោសបាប ដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រទានឲ្យ ដោយសារសេចក្តីជំនឿ ទទួលបានជីវិតអស់កល្បជានិច្ច។ កាលណាអ្នក និងខ្ញុំជឿ និងទទួលយកព្រះយេស៊ូវដ៏ជាព្រះមែស៊ីជាព្រះអង្គសង្រ្គោះរបស់យើង ព្រះអម្ចាស់សង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់ ដោយសេចក្តីស្រឡាញ់របស់ទ្រង់។ អាម៉ែន! ហាលេលូយ៉ា!
 

យើងត្រូវតែពិនិត្យមើលខ្លួនឯងឲ្យដឹងថា នៅក្នុងចិត្តយើង មានសេចក្តីជំនឿត្រឹមត្រូវដែលព្រះអម្ចាស់បានប្រទានឲ្យ

ចូរយើងពិនិត្យមើលខ្លួនយើង។ តើអ្នក និងខ្ញុំបានជឿស្របតាមច្បាប់នៃព្រះបន្ទូលព្រះហើយឬនៅ? បើសិនដូច្នេះ តើនឹងមានរឿងអ្វីកើតឡើងចំពោះយើង នៅពេលយើងចូលទៅចំពោះព្រះ? តើយើងត្រូវបានព្រះដាក់ទោស ដោយសារអំពើបាបរបស់យើងឬ? ព្រះរបស់យើងមិនមែនជាព្រះដែលអយុត្តិធម៌ ដែលមិនដាក់ទោសមនុស្សមានបាបឡើយ។ ដោយសារព្រះបរិសុទ្ធ និងសុចរិត ទ្រង់មិនអត់ធ្មត់ចំពោះមនុស្សមានបាបឡើយ។ ព្រះបានប្រាប់យើងថា ទ្រង់ពិតជានឹងបោះអ្នកដែលមិនបាបនៅចំពោះទ្រង់ទៅក្នុងស្ថាននរក ដោយសារការមិនជឿរបស់ពួកគេ។
ទ្រង់បានប្រាប់យើងថា ទ្រង់នឹងបោះពួកគេទៅក្នុងស្ថាននរកដែលឆេះដោយភ្លើង និងស្ពាន់ធ័រយ៉ាងសន្ធោរសន្ធៅ ដែលសត្វដង្កូវក៏នឹងមិនងាប់ដែរ។ ព្រះនឹងបោះអ្នកដែលព្យាយាមលាងសម្អាតអំពើបាបរបស់ខ្លួន ដោយខ្លួនឯង ហើយកំសាន្តចិត្តរបស់ខ្លួន ដោយខ្លួនឯង ទៅក្នុងស្ថាននរក។ ដូច្នេះហើយបានជាព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកគេថា «នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។ 
ដូច្នេះ យើងត្រូវតែជឿលើព្រះមែស៊ី ហើយយើងត្រូវតែជឿលើបុណ្យជ្រមុជដែលទ្រង់បានទទួល កាលទ្រង់យាងមកផែនដីនេះ ជឿលើព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងជឿលើការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហេតុអ្វី? ពីព្រោះតាមនិស្ស័យរបស់យើង យើងមានបាបនៅចំពោះព្រះ និងត្រូវធ្លាក់ទៅស្ថាននរក។ ដូច្នេះហើយបានជាព្រះមែស៊ីបានយាងមក ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងបានថ្វាយតង្វាយយញ្ញបូជានៃសេចក្តីសង្រ្គោះ ដោយរូបកាយរបស់ទ្រង់ផ្ទាល់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ ដូច្នេះ យើងត្រូវតែជឿថា ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ និងសុគតជំនួសយើង។ បើសិនយើងមិនអាចដឹងថា យើងត្រូវធ្លាក់ទៅក្នុងស្ថាននរកទេ នោះយើងមិនមានចំណែកជាមួយព្រះអម្ចាស់ឡើយ។ 
ទោះបីជាយ៉ាងណា មនុស្សយ៉ាងច្រើនមិនគិតថា ពួកគេត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់ពួកគេឡើយ។ ពួកគេគិតថា ពួកគេមិនត្រូវការគ្រូពេទ្យឡើយ។ ពួកគេគឺជាអ្នកដែលចាត់ទុកព្រះយេស៊ូវគ្រាន់តែជាមនុស្សសុភាព និងមានអកប្បកិរិយាល្អម្នាក់ មនុស្សម្នាក់ដែលគួរឲ្យគោរព និងលោកគ្រូម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏ជាអ្នកដែលជឿលើព្រះយេស៊ូវ ដើម្បីគ្រាន់តែធ្វើពុតជាមនុស្សមានអត្តចរិតល្អប៉ុណ្ណោះផងដែរ។ ព្រះអម្ចាស់បានមានបន្ទូលទៅពួកគេថា «ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ» (ម៉ាថាយ ៩:១២)។ ដូច្នេះ ឥឡូវនេះ ពួកគេត្រូវតែពិនិត្យមើលចិត្តរបស់ពួកគេឲ្យបានច្បាស់ចេញពីគំនិតតាមព្រះគម្ពីរ បើសិនពួកគេមិនចង់ធ្លាក់ទៅស្ថាននរកទេ។ 
មូលហេតុដែលយើងជឿលើព្រះមែស៊ី គឺដើម្បីទទួលបានការអត់ទោសបាប ដោយការជឿ និងទទួលស្គាល់ទ្រង់ជាព្រះអង្គសង្រ្គោះរបស់យើង។ យើងមិនជឿលើព្រះមែស៊ី ដើម្បីបង្កើតគុណធម៌ផ្ទាល់ខ្លួនរបស់យើងឡើយ។ ប៉ុន្តែដោយសារអំពើបាបរបស់យើង អ្នក និងខ្ញុំចាំបាច់ត្រូវតែជឿលើព្រះមែស៊ី។ ដូច្នេះហើយបានជាយើងជឿថា ព្រះយេស៊ូវដ៏ជាព្រះមែស៊ីបានប្រសូតមកនៅលើផែនដីនេះ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន កាលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានផ្ទុកអំពើបាបរបស់លោកិយនេះ និងបានសម្រក់ព្រះលោហិតរបស់ទ្រង់ និងសុគតនៅលើឈើឆ្កាង នៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំងព្រះវរបិតា។ ការពិតទាំងនេះ គឺដើម្បីធ្វើបន្ទាល់ពីការអត់ទោសបាបរបស់យើង។ ដោយសារការទាំងអស់នេះគឺជាព្រះរាជកិច្ចរបស់ព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង យើងត្រូវតែលើការពិតទាំងអស់នេះ ដោយមិនបោះបង់ចោលការពិតមួយណាឡើយ។ 
តាមគំនិតផ្ទាល់ខ្លួនរបស់យើង យើងអាចធ្វើគម្របរោងឧបោសថ ដោយគ្រាន់តែត្បាញអំបោះក្រាស់ៗជាមួយគ្នាបាន ប៉ុន្តែនៅក្នុងព្រះគម្ពីរ ព្រះបានប្រទានសេចក្តីណែនាំលម្អិតអំពីរបៀបធ្វើគម្រប និងរបៀបធ្វើទំពក់ពីមាស និងលង្ហិន។ ហេតុអ្វីអ្នកគិតថា ព្រះបានបង្គាប់ដូច្នេះ? ទ្រង់បានបង្គាប់ដូច្នេះ ពីព្រោះសម្ភារៈទាំងអស់នេះត្រូវតែបើកសម្តែងពីសារៈសំខាន់ខាងវិញ្ញាណរបស់ពួកវាមកកាន់យើង។ ដូច្នេះហើយបានជាយើងមិនអាចមើលរំលងសម្ភារៈណាមួយបានឡើយ។ 
 


យើងត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាព្រះមែស៊ី


ដោយសារអំពើបាបរបស់យើង យើងត្រូវធ្លាក់ទៅស្ថាននរក ប៉ុន្តែព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ីបានយាងមកផែនដីនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ព្រះយេស៊ូវពិតជាបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិត និងបានសុគតប្រាកដមែន។ ដូច្នេះ យើងមិនអាចនិយាយបានថា យើងឥតមានបាប ដោយមិនជឿនៅក្នុងចិត្តជាមុន លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ ព្រះយេស៊ូវដែលបានធ្វើជាព្រះមែស៊ី ពិតាបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង បានទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ផ្ទាល់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ បានទទួលទណ្ឌកម្ម និងសុគត បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើងប្រាកដមែន។ ព្រះយេស៊ូវបានសង្រ្គោះយើងតាមរបៀបនេះ ដើម្បីឲ្យយើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើងបាន ដោយការជឿលើទ្រង់។ 
ដើម្បីបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះ ព្រះមែស៊ីត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបន្ទាប់មក សុគតនៅលើឈើឆ្កាង។ នេះមានន័យថា ចាប់តាំងពីដើមដំបូងមក យើងត្រូវប្រឈមនឹងទោសនៃអំពើបាបរបស់យើង។ ប៉ុន្តែឥឡូវនេះ យើងលែងត្រូវប្រឈមនឹងទោសនេះទៀត ហើយ។ ហេតុអ្វី? ពីព្រោះព្រះមែស៊ីដែលឥតមានបាប និងមិនត្រូវទទួលទោសសោះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយទ្រង់បានទទួលទោសសម្រាប់អំពើបាបរបស់យើងជំនួសយើង។ ដូច្នេះ ដោយការជឿយ៉ាងអស់ពីចិត្តលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង យើងបានសង្រ្គោះចេញពីទោសនៃអំពើបាបទាំងអស់របស់យើង។ 
យើងអាចមើលឃើញស្ទីគ័រ «ព្រះយេស៊ូវស្រឡាញ់អ្នក!» នៅបង្អួចឡានខាងក្រោយ។ តើនេះគឺជាអ្វីទាំងអស់ដែលព្រះយេស៊ូវចង់ឲ្យអ្នកដឹងឬ? សេចក្តីសង្រ្គោះរបស់យើងមិនអាចត្រូវបានបង្កើតឡើង ដោយពាក្យសម្តីប៉ុន្មានម៉ាត់នេះបានឡើយ។ ទ្រង់ចង់ឲ្យអ្នកដឹងថា «ខ្ញុំស្រឡាញ់អ្នកយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានអត់ទោសដល់អំពើបាបរបស់អ្នកហើយ។ ចូរជឿលើខ្ញុំចុះ ហើយខ្ញុំនឹងយកអ្នកធ្វើជាកូនរបស់ខ្ញុំ»។ ព្រះមែស៊ីពិតជាបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិត និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើងប្រាកដមែន។ ហើយព្រះអម្ចាស់ពិតជាបានរំដោះ និងសង្រ្គោះយើងចេញពីការជំនុំជម្រះដែលកំពុងតែរង់ចាំយើងប្រាកដមែន។ 
ព្រះអម្ចាស់បានធ្វើជាគ្រូពេទ្យរបស់យើង ដើម្បីព្យាបាលជម្ងឺបាបរបស់យើង។ បន្ទាប់ពីបានយាងមកផែនដីនេះ ទ្រង់ពិតជាបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ បានសម្រក់ និងសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានសង្រ្គោះយើង។ ខណៈដែលយើងពិតជាត្រូវធ្លាក់ទៅស្ថាននរក ព្រះអម្ចាស់បានព្យាបាលយើងឲ្យជាពីជម្ងឺបាបទាំងអស់របស់យើងរួចទៅហើយ។ ដូច្នេះ យើងត្រូវតែបានជាពីអំពើបាបរបស់យើង ដោយសារសេចក្តីជំនឿត្រឹមត្រូវ។ 
បើសិនមនុស្សមានបាបនឹងមិនត្រូវធ្លាក់ទៅស្ថាននរកទេ នោះក៏មិនចាំបាច់មានព្រះមែស៊ីយាងមកផែនដីនេះ ហើយសម្រក់ព្រះលោហិតរបស់ទ្រង់ដែរ។ ប៉ុន្តែមូលហេតុដែលមនុស្សត្រូវតែជឿលើព្រះយេស៊ូវគឺថា ពួកគេពិតជាមានជម្ងឺបាបដ៏គួរឲ្យខ្លាច ដែលដឹកនាំពួកគេទៅស្ថាននរកប្រាកដមែន។ មនុស្សដែលមានជម្ងឺបាបដ៏គួរឲ្យខ្លាចនេះ ត្រូវធ្លាក់ទៅស្ថាននរក ហើយនេះគឺជាមូលហេតុដែលពួកគេត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានធ្វើជាព្រះមែស៊ីរបស់យើង។ 
អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន ត្រូវតែទទួលទណ្ឌកម្មនៅក្នុងស្ថាននរក ពីព្រោះច្បាប់របស់ព្រះប្រកាសថា ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់សម្រាប់មនុស្សគ្រប់គ្នា។ និយាយយ៉ាងសាមញ្ញ បើសិនមនុស្សមានបាបតែបន្តិចនៅក្នុងចិត្តរបស់ខ្លួន ពួកគេនឹងត្រូវធ្លាក់ទៅស្ថាននរកជាពិត។ ដោយហេតុនេះ ព្រះយេស៊ូវត្រូវតែយាងមកឯយើង។ ដូច្នេះ កាលណាយើងពិតជាជឿលើព្រះមែស៊ី ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ យើងត្រូវតែជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ហើយយើងត្រូវតែជឿទាំងស្រុងលើអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ 
ព្រះយេស៊ូវគឺពិតជាព្រះទ្រង់ផ្ទាល់ និងព្រះអាទិករដ៏ពិតប្រាកដ។ ប៉ុន្តែទ្រង់បានបោះបង់សិរីល្អជាព្រះរបស់ចោល ហើយបានប្រសូតមកជាមនុស្សម្នាក់ ដើម្បីសង្រ្គោះអ្នក និងខ្ញុំ ដែលទ្រង់បានស្រឡាញ់ ចេញពីទណ្ឌកម្មនៃបាប និងស្ថាននរក សេចក្តីវិនាស និងបណ្តាសាដ៏សាហាវ។ ហើយទ្រង់ពិតជាបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញប្រាកដមែន។ នេះគឺជាសេចក្តីពិត។ យើងមិនអាចមើលស្រាលចំពោះសេចក្តីពិតបានឡើយ ពីព្រោះវាមិនមែនជារឿងលេងសើចឡើយ។ ការជឿតាមសេចក្តីពិតនេះមិនមែនជាជម្រើសសម្រាប់អ្នកទេ។ យើងត្រូវតែជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់យើង ហើយយើងត្រូវតែយល់ពីសេចក្តីពិតឲ្យបានច្បាស់លាស់។ 
តើកូនចៀម និងពពែដែលគេបានយកធ្វើជាតង្វាយយញ្ញបូជា មានបាបដែរទេ? សត្វមិនស្គាល់ថា បាបគឺជាអ្វីនោះឡើយ។ ប៉ុន្តែដោយសារសត្វទាំងនេះបានទទួលយកអំពើបាបរបស់ពួកអ៊ីស្រាអែល នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តាមរយៈការដាក់ដៃលើ គេត្រូវតែសម្លាប់វាជំនួសពួកគេ។ ហេតុអ្វី? ពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ហើយនេះគឺជាច្បាប់របស់ព្រះ។ ដូច្នេះ តង្វាយយញ្ញបូជានៃថ្ងៃធួននឹងបាប ដែលបានទទួលយកអំពើបាបទាំងអស់របស់ពួកអ៊ីស្រាអែលក៏ត្រូវតែស្លាប់ផងដែរ។ ដោយសារមូលហេតុដូចគ្នានេះ ព្រះយេស៊ូវត្រូវតែសុគត ពីព្រោះទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
តើព្រះរាជកិច្ចទាំងនេះត្រូវបានបំពេញសម្រាប់អ្នកណា? ពួកគេគឺពិតជាអ្នក និងខ្ញុំនេះហើយ។ ដូច្នេះ តើវាគឺជាអ្វីដែលយើងអាចជឿ ឬមិនជឿបានឬ? មនុស្សមិនជឿ ពួកគេពួកគេមិនយល់ពីភាពធ្ងន់ធ្ងរនៃជម្ងឺបាបរបស់ពួកគេ។ ប៉ុន្តែបើសិនពួកគេបានដឹងពីការពិតថា ពួកគេត្រូវធ្លាក់ទៅស្ថាននរក សម្រាប់សូម្បីតែអំពើបាបបន្តិច នោះពួកគេមិនអាចចាត់ទុកសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ គ្រីស្ទដ៏ជាព្រះមែស៊ីជាជម្រើស ដែលពួកគេអាចជឿ ឬមិនជឿតាមចិត្តរបស់ពួកគេបានឡើយ។ 
បើសិនមនុស្សមានបាប សូម្បីតែតូចដូចជាគ្រាប់ស្រូវ ពួកគេនឹងត្រូវធ្លាក់ទៅស្ថាននរក។ ពួកគេនឹងត្រូវវិនាស។ គ្រប់យ៉ាងដែលពួកគធ្វើនៅលើផែនដីនេះ នឹងបញ្ចប់ទៅដោយបណ្តាសាដ៏អស់កល្បជានិច្ចរបស់ពួកគេ។ អ្នកដែលគិតថា ការមានបាបមិនមែនជាបញ្ហាទេ កំពុងតែយល់យ៉ាងខុសហើយ។ លទ្ធផលនៃបាបគឺជាសេចក្តីស្លាប់ដែលប្រកែកមិនបាន។ តាមការពិត នៅតែមានមនុស្សជាច្រើន ដែលរស់នៅក្នុងជីវិតជោគជ័យ ទោះបើពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេក៏ដោយ។ យុវជនមានទំនោរថ្វាយបង្គំជនល្បីល្បាញ ដោយស្រម៉ៃចង់ជួបពួកគេនៅថ្ងៃណាមួយ។ ប៉ុន្តែតើជីវិតជោគជ័យរបស់ពួកគេស្ថិតស្ថេរនៅជារៀងរហូតដែរទេ? ពួកគេជាច្រើនបានត្រឡប់ទៅក្នុងជីវិតដ៏លំបាកវិញ បន្ទាប់ពីកេរ្តិ៍ឈ្មោះរយៈពេលខ្លីរបស់ពួកគេបាត់បង់ទៅ។
មានមនុស្សមួយចំនួន ដែលគ្រប់យ៉ាងដែលពួកគេធ្វើផ្តល់លទ្ធផលមិនល្អដល់ពួកគេ។ មុនពេលអ្នកជួបព្រះអម្ចាស់ អ្នកក៏ប្រហែលជាដូច្នេះផងដែរ នៅពេលគ្រប់យ៉ាងមិនផ្តល់លទ្ធផលតាមដែលអ្នកចង់បាន។ វាហាក់ដូចជាអ្នកកំពុងតែរស់នៅក្នុងជីវិតដែលត្រូវបណ្តាសា ហើយអ្វីដែលអ្នកចាត់ទុកជារឿងប្រាកដប្រជា ប្រែក្លាយទៅជារឿងអ្វីផ្សេងទៅវិញ ហើយអ្វីដែលអ្នកគិតថានឹងដំណើរការទៅយ៉ាងល្អ បាក់បែកអស់ទៅ។ អ្នកអាចមានក្តីស្រម៉ៃដ៏ធំ ប៉ុន្តែគ្មានអ្វីក្លាយជាការពិតសោះ ហើយក្តីស្រម៉ៃនោះត្រឡប់ទៅជាតូចទៅៗ រហូតដល់វា រលាយបាត់ទៅវិញ។ នៅពេលអ្នកដឹងថា ក្តីស្រម៉ៃដ៏តូចបំផុតមួយរបស់អ្នកមិនអាចក្លាយជាការពិតបាន ក្តីស្រម៉ៃរបស់អ្នករលាយបាត់ទៅទាំងស្រុងទៅ។ 
ហេតុអ្វីនេះគឺជាការពិត? ដោយសារតែអំពើបាបនៅក្នុងចិត្តរបស់យើង។ មនុស្សដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនអាចមានអំណរបានឡើយ។ ព្រះមិនប្រទានពរដល់ពួកគេឡើយ ទោះបើពួកគេព្យាយាមយ៉ាងណាក៏ដោយ។ បើសិនមានមនុស្សមួយចំនួន ដែលហាក់ដូចជាមានភាពជោគជ័យ ទោះបើពួកគេមានបាបក៏ដោយ អ្នកត្រូវតែដឹងថា ព្រះបានបោះបង់ពួកគេចោលហើយ។ អ្នកគួរតែដឹងថា ទោះបីជាជីវិតបច្ចុប្បន្នរបស់ពួកគេហាក់ដូចជាជោគជ័យក៏ដោយ ក៏ព្រះបានបោះបង់ពួកគេចោលទៅក្នុងស្ថាននរកហើយដែរ។ បើសិនលោកិយនេះមានពេញដោយមនុស្សឥតបាបតែប៉ុណ្ណោះ នោះក៏មិនចាំបាច់មានស្ថាននរកដែរ។ ប៉ុន្តែព្រះពិតជាបានបង្កើតស្ថាននរកប្រាកដមែន ហើយទ្រង់បានបង្កើតវាសម្រាប់អ្នកដែលមានបាបនៅក្នុងចិត្តរបស់ពួកគេ។ 
ព្រះបានបង្គាប់ឲ្យធ្វើគម្របទីមួយនៃរោងឧបោសថ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីប្រទានការអត់ទោសបាបដល់ចិត្តរបស់យើង។ ហើយវាក៏បើកសម្តែងផងដែរថា កាលណាសម័យព្រះគម្ពីរសញ្ញាថ្មីមកដល់ ព្រះយេស៊ូវនឹងទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយថា ទ្រង់នឹងសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបទាំងនេះ។ ដូច្នេះ ព្រះអម្ចាស់របស់យើងពិតជាបានធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកមនុស្សមានបាបប្រាកដមែន។ 
ដូច្នេះហើយបានជាទ្រង់បានប្រទានការអត់ទោសបាបដល់ពួកមនុស្សមានបាប តាមរយៈព្រះរាជកិច្ចរបស់ទ្រង់ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ តើឥឡូវនេះ អ្នកបានយល់ហើយឬនៅ? ព្រះយេស៊ូវគ្រីស្ទពិតជាបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបរបស់យើង ហើយទ្រង់បានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនេះ។ ទ្រង់ទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើង។ តើអ្នកជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយសារទ្រង់បានទទួលយកអំពើបាបរបស់យើងជាមុន តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហានដែរទេ?
 

នៅក្នុងសាច់ឈាមរបស់យើង អ្នក និងខ្ញុំគឺដូចជាស្បែកផ្សោត

គម្របទីបួនត្រូវបានធ្វើពីស្បែកផ្សោត។ ផ្សោតគឺជាឈ្មោះដែលត្រូវបានបកប្រែនៃថនិកសត្វមួយដែលត្រូវបានហៅថា «Tachash» នៅក្នុងភាសា ហេព្រើរនៃព្រះគម្ពីរសញ្ញាចាស់។ នៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេស ពាក្យផ្សោតនេះត្រូវបានបកប្រែទៅជាថនិកសត្វផ្សេងៗ។ ឧទាហរណ៍ «sea cow» គោសមុទ្រ (NIV) «seal» ឆ្មាសមុទ្រ (ASV) «fine goat skin» ស្បែកពពែ (NLT) និង «porpoise» ម៉ាស្វ័ង (NASB)។ យើងមិនអាចស្គាល់យ៉ាងប្រាកដថា ថនិកសត្វនេះគឺជាអ្វីបានទេ។ និរុត្តិវិទូតាមព្រះគម្ពីរអះអាងថា ពាក្យ «Tachash» ប្រហែលជាបែកចេញពីពាក្យបរទេស។ ទោះបីជាយ៉ាងណា ថនិកសត្វ «Tachash» នេះគឺជាសត្វដែលគេបានយកស្បែករបស់វាធ្វើគម្របទីបួននៃរោងឧបោសថ។ ហើយវាប្រហែលជាត្រឹមត្រូវក្នុងការសន្មត់ថា គម្របនេះមិនមានសណ្ឋាន និងគុណភាពល្អទេ។ 
គម្របទីបួនដែលធ្វើពីស្បែកផ្សោតនេះបង្រៀនយើងថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់។ លើសពីនេះ ទ្រង់មិនមានភាពទាក់ទាញនៅក្នុងរូបរាងរបស់ទ្រង់ឡើយ។ ព្រះគម្ពីរពិពណ៌នារូបរាងរបស់ទ្រង់ថា «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ» (អេសាយ ៥៣:២)។ 
ព្រះរាជបុត្រានៃព្រះបានយាងមកផែនដីនេះក្នុងនាមជាមនុស្សដែលបន្ទាបខ្លួនម្នាក់ ដើម្បីសង្រ្គោះយើងទាំងអស់គ្នា ដែលរស់នៅក្នុងជីវិតគួរឲ្យអាម៉ាស់រហូតដល់ស្លាប់។ នៅពេលព្រះទតមើលយើងដែលជាពូជរបស់អ័ដាម ទ្រង់ទតមើលឃើញថា យើងក៏គ្មានអ្វីល្អ ដូចជាស្បែកនេះដែរ។ លើសពីនេះ យើងតែងតែប្រព្រឹត្តបាបជានិច្ច។ ដូចជាស្បែកផ្សោតដ៏កខ្វក់ តាំងពីកំណើតរហូតដល់ចុងបញ្ចប់ មនុស្សជាតិចាប់អារម្មណ៍តែលើការចម្អែតក្រពះរបស់ពួកគេប៉ុណ្ណោះ។ នេះហើយគឺជាមូលហេតុដែលព្រះយេស៊ូវបានយាងមក ក្នុងនាមជាមនុស្សម្នាក់ ហើយបានទទួលយកការរងទុក្ខជំនួសយើង។ 
មានតែអ្នកដែលយល់ពីភាពធ្ងន់ធ្ងរនៃនិស្ស័យបាបរបស់ខ្លួនប៉ុណ្ណោះ ដែលអាចជឿលើព្រះមែស៊ី និងបានសង្រ្គោះចេញពីអំពើបាប និងទណ្ឌកម្មរបស់ខ្លួនបាន។ ដូច្នេះ អ្នកដែលមិនស្គាល់ពីអំពើបាបរបស់ខ្លួន និងអ្នកដែលមិនយល់ និងជឿលើទណ្ឌកម្មនៃអំពើបាបរបស់ខ្លួន មិនអាចទទួលបានការអត់ទោសបាបបានឡើយ។ ព្រះប្រាប់យើងថា មនុស្សបែបនេះមិនប្រសើរជាងសត្វតិរច្ឆានទេ (ទំនុកដំកើត ៤៩:២០)។
ទោះបីជាយើងត្រូវបានបង្កើតឡើងនៅក្នុងរូបអង្គនៃព្រះក៏ដោយ ក៏មិនមែនគ្រប់គ្នាទទួលបានសេចក្តីស្រឡាញ់របស់ព្រះដែរ។ អ្នកដែលមិនជឿលើផែនការសង្រ្គោះរបស់ព្រះ មិនអាចទទួលបានការអត់ទោសបាបនៅក្នុងចិត្តរបស់ពួកគេបានឡើយ ហើយដូច្នេះ ត្រូវវិនាសដូចជាសត្វតិរច្ឆានដែលវិនាសអញ្ចឹង។ ដោយសារព្រះមានផែនការមួយសម្រាប់មនុស្សជាតិ ទើបទ្រង់បានបង្កើតពួកគេឡើងនៅក្នុងរូបអង្គនៃទ្រង់។ 
ចូរពិនិត្យមើលឲ្យកាន់តែច្បាស់នូចអ្វីដែលគ្រប់គ្នាធ្វើ ឬគិត។ ខ្ញុំមិនកំពុងតែនិយាយទៅកាន់អ្នកដោយជាក់លាក់ឡើយ ប៉ុន្តែខ្ញុំកំពុងតែនិយាយទៅកាន់មនុស្សជាតិទាំងមូល។ មនុស្សភាគច្រើនមិនទាំងស្គាល់ព្រះអាទិករដែលបានបង្កើតខ្លួនផង។ លើសពីនេះ ពួកគេជាច្រើនអះអាងថា ពួកគេមិនប្រព្រឹត្តអំពើបាបទេ ហើយថា ពួកគេប្រសើរជាងអ្នកដទៃទាំងអស់ទៀត។ នេះគឺជាសេចក្តីល្ងិតល្ងង់ និងសេចក្តីចំកួតរបស់់មនុស្សជាតិ។ អ្នកដែលមិនស្គាល់ព្រះ មានពេញដោយសេចក្តីល្ងិតល្ងង់។ កាលណាយើងប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃ តើភាពខុសគ្នាអ្វីខ្លះដែលយើងពិតជាអាចរកឃើញ? តើយើងប្រសើរជាង ឬអាក្រក់ជាងអ្នកដទៃយ៉ាងណា? ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តអាក្រក់ចំពោះអ្នកដទៃ ដើម្បីទទួលបានប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាទង្វើខុស និងអាក្រក់របស់មនុស្សជាតិ។ 
យើងមិនអាចទាំងរាប់ចំនួននៃអំពើបាប ដែលគ្រប់គ្នាប្រព្រឹត្តប្រឆាំងនឹងព្រះនៅក្នុងមួយជីវិតរបស់ពួកគេបានផង។ ខ្ញុំមិនកំពុងតែនិយាយដូច្នេះ ដើម្បីមើលងាយអត្តចរិតរបស់មនុស្សទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញពីការពិតថា ទោះបីជាព្រះបានបង្កើតមនុស្សឡើងឲ្យមានតម្លៃក៏ដោយ ក៏ពួកគេភាគច្រើននៅតែមិនដឹងថា ពួកគេពិតជាត្រូវវិនាស ដោយសារអំពើបាបរបស់ពួកគេដែរ។ មនុស្សមិនដឹងពីរបៀបថែរក្សាព្រលឹងរបស់ខ្លួនទេ គឺពួកគេមិនអាចរៀបចំអនាគតសម្រាប់ខ្លួនឯងបានឡើយ ពួកគេមិនទទួលស្គាល់ព្រះបន្ទូលព្រះទេ ហើយពួកគេមិនចង់ជឿលើទ្រង់ ទោះបើពួកគេមិនមានជម្រើសអ្វី ដើម្បីគេចចេញពីសេចក្តីវិនាសដ៏អស់កល្បជានិច្ចក៏ដោយ។ មនុស្សទាំងនេះហើយគឺជាអ្នកដែលមិនប្រសើរជាងសត្វតិរច្ឆានដែលត្រូវវិនាស។ 
 

ប៉ុន្តែព្រះមិនបានទុកយើងចោលនៅក្នុងសេចក្តីវិនាសរបស់យើងឡើយ

ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ទ្រង់បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ ព្រះអម្ចាស់បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ ហើយយើងត្រូវតែជឿតាមសេចក្តីពិតនេះ។ តើអ្នកជឿដែរទេ? តើអ្នកកំពុងតែនិយាយចេញពីភាពល្ងិតល្ងង់ និងកង្វះការយល់ដឹងអំពីព្រះគម្ពីររបស់អ្នកថា «តើអ្វីគឺជាបញ្ហា? បើសិនយើងជឿលើព្រះយេស៊ូវ តើយើងទាំងអស់គ្នានឹងទៅស្ថានសួគ៌ឬ?»។ ហើយមានអ្នកដែលនិយាយថា «បើសិនយើងគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ យើងនឹងទទួលបានស្ថានសួគ៌»។ ប៉ុន្តែតើសេចក្តីជំនឿបែបនេះពិតជាត្រឹមត្រូវដែរទេ?
តាមការពិត ព្រះគឺជាព្រះនៃសេចក្តីពិត។ ទ្រង់គឺជាព្រះអង្គដែលបានមានបន្ទូលមកកាន់យើងអំពីផែនការរបស់ទ្រង់ ដែលបានបំពេញសម្រេចព្រះរាជកិច្ចសេចក្តីសង្រ្គោះស្របតាមព្រះបន្ទូលទ្រង់ ដែលបានប្រទានឲ្យយើងនូវការអត់ទោសបាប និងដែលជួបជាមួយយើង តាមរយៈសេចក្តីពិតនេះ។ ព្រះមានព្រះជន្មគង់នៅ។ ហើយសូម្បីតែឥឡូវនេះ ព្រះគង់នៅទីនេះជាមួយយើងម្នាក់ៗ។ មនុស្សដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនគួរព្យាយាមបោកបញ្ឆោតព្រះទេ។ បើសិនមនុស្សមានបាបនៅក្នុងចិត្តរបស់ពួកគេ ហើយបញ្ញាចិត្តរបស់ពួកគេកំពុងតែប្រឆាំងនឹងពួកគេ នោះពួកគេត្រូវតែដោះស្រាយបញ្ហានេះ ដោយការជឿលើបុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់។ មនុស្សមានបាបត្រូវតែជឿតាមសេចក្តីពិតថា ដោយសារពួកគេត្រូវធ្លាក់ទៅស្ថាននរក ព្រះអម្ចាស់បានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ តាម រយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ 
ពិតជាគ្មានអ្នកណាម្នាក់ ដែលមិនអាចដោះស្រាយបញ្ហាអំពើបាបរបស់ខ្លួនដោយការជឿលើទឹក និងព្រះលោហិតបានសោះឡើយ។ ប៉ុន្តែទោះបីជាព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ (១យ៉ូហាន ៥:៦-៨) ក៏ដោយ បើសិនយើងខ្លួនឯងមិនទទួលស្គាល់ និងមិនជឿលើការពិតនេះ ហើយត្រូវវិនាស នោះយើងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលនេះ។ យើងទាំងអស់គ្នាត្រូវតែសារភាពនៅចំពោះព្រះថា «ទូលបង្គំត្រូវធ្លាក់ទៅស្ថាននរក ពីព្រោះទូលបង្គំមានបាប។ ប៉ុន្តែទូលបង្គំជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ»។ យើងត្រូវតែមានសេចក្តីជំនឿបែបនេះ។ យើងត្រូវតែជឿនៅក្នុងចិត្តរបស់យើងថា ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ជាមួយចិត្ត និងសេចក្តីជំនឿស្មោះត្រង់របស់យើង យើងត្រូវតែរួបរួមខ្លួនយើងជាមួយនឹងសេចក្តីពិត ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះមានតែធ្វើដូច្នេះទេ ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន។ 
ដូច្នេះ យើងត្រូវតែយល់ពីការពិតទាំងនេះ ហើយយើងត្រូវតែជឿតាម សេចក្តីពិតរបស់វា។ ដោយមិនស្គាល់សេចក្តីពិតដែលមាននៅក្នុងរោងឧបោសថ និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មនុស្សមួយចំនួនជឿថា «ដោយសារខ្ញុំជឿ ខ្ញុំនឹងទៅស្ថានសួគ៌ ទោះបើខ្ញុំនៅតែមានបាបក៏ដោយ»។ ប៉ុន្តែព្រះបានមានបន្ទូលថា អ្នកដែលមានបាប នឹងត្រូវធ្លាក់ទៅស្ថាននរក។ ទ្រង់មិនបានមានបន្ទូលថា ទោះបីជាពួកគេមានបាបក៏ដោយ ក៏ពួកគេនឹងមិនធ្លាក់ទៅស្ថាននរកដែរ ដរាបណាពួកគេជឿលើព្រះយេស៊ូវឡើយ។ គំនិតនេះចេញពីមនុស្សដ៏ចំកួតបំផុត។ ការនិយាយថា ពួកគេនឹងទៅស្ថានសួគ៌ ដោយសារពួកគេជឿលើព្រះយេស៊ូវ ដែលតាមការពិត ពួកគេជឿតាមរបៀបដែលពួកគេចូលចិត្ត គឺជាការឆ្លុះបញ្ចាំងពីសេចក្តីជំនឿដ៏ល្ងិតល្ងង់ និងចំកួតបំផុត។ 
មនុស្សមួយចំនួនទៀតនិយាយថា «ខ្ញុំមិនដែលមើលឃើញមនុស្សណាម្នាក់ ដែលត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរកឡើយ ហើយខ្ញុំក៏មិនដែលមើលឃើញអ្នកណាម្នាក់ដែលបានចូលទៅស្ថានសួគ៌ដែរ។ តាមការពិត យើងនឹងមិនមើលឃើញការពិតទាំងនេះទេ រហូតដល់ថ្ងៃជំនុំជម្រះ។»។ ប៉ុន្តែពិតជាមានស្ថានសួគ៌ និងស្ថាននរកប្រាកដមែន។ តើនៅក្នុងលោកិយនេះ មានតែរបស់ដែលយើងមើលឃើញប៉ុណ្ណោះឬ? តើអ្នកអាចមើលឃើញខ្យល់ដោយភ្នែកបានទេ? ដូច្នេះ ពិតជាមានពិភពដែលយើងមើលមិនឃើញប្រាកដមែន។ មនុស្សមានបាបទាំងអស់ដែលមិនជឿលើព្រះ ដោយសារពួកគេមិនអាចមើលឃើញទ្រង់ គឺដូចជាសត្វតិរច្ឆានដែលត្រូវវិនាស។ 
ដូច្នេះ មនុស្សត្រូវតែដឹងថា បើសិនពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេ ពួកគេនឹងត្រូវវិនាស ហើយពួកគេត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានរួចពីការជំនុំជម្រះរបស់ព្រះ។ មនុស្សមានប្រាជ្ញាគឺជាអ្នកដែលទោះបើពួកគេមិនបានធ្វើការអាក្រក់ច្រើនចំពោះអ្នកដទៃក៏ដោយ ក៏នៅតែទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តការអាក្រក់យ៉ាងច្រើនចំពោះព្រះដែរ ហើយក៏ទទួលស្គាល់ដែរថា កាលណាពួកគេឈរនៅចំពោះទ្រង់ ពួកគេនឹងទទួលការជំនុំជម្រះពីទ្រង់។ 
យើងមិនគួរវិនាស ដោយសារសេចក្តីល្ងិតល្ងង់ និងការមិនគោរពរបស់យើងចំពោះព្រះ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ទេ។ ទ្រង់ពិតជានឹងកាត់ទោសមនុស្សមានបាបម្នាក់ៗ ដោយភ្លើងននរកដ៏អស់កល្បជានិច្ច។ បើសិនមនុស្សវិនាស ដោយសារការមិនជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ ទោះបើពួកគេបានស្តាប់ឮវាក៏ដោយ ពួកគេត្រូវតែជាកូនរបស់សាតាំង។ អ្វីដែលព្រះមែស៊ីចង់បានពីយើង គឺយើងមានសេចក្តីជំនឿដែលជួយឲ្យយើងអាចទទួលបានការអត់ទោសបាប និងចូលទៅនគរស្ថានសួគ៌បាន។ 
 
 
ព្រះមិនបានបង្កើតយើងឡើងជាតុក្កតាឡើយ

នៅពេលព្រះបង្កើតយើងឡើងជាមនុស្សជាតិ ទ្រង់មានគោលបំណងដើម្បីជួយឲ្យយើងអាចរស់នៅ ដោយមិនរងទុក្ខដោយសារបាប ប៉ុន្តែមានជីវិតអស់កល្បជានិច្ច សិរិល្អ និងអំណរជាមួយទ្រង់ ក្នុងនាមជាកូនរបស់ទ្រង់ផ្ទាល់។ ដើម្បីមិនទម្លាក់យើងទៅក្នុងស្ថាននរក ព្រះមែស៊ីបានទទួលបុណ្យជ្រមុជ បានទទួលយកអំពើបាបរបស់លោកិយនេះ បានសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ នៅពេលព្រះបានស្រឡាញ់យើងយ៉ាងខ្លាំងបែបនេះ បើសិនយើងមិនទទួលស្គាល់សេចក្តីស្រឡាញ់នេះទេ ប៉ុន្តែជឿពាក់កណ្តាលចិត្តលើសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យយើងវិញ យើងពិតជានឹងមិនរួចពីសេចក្តីក្រោធរបស់ទ្រង់បានឡើយ។ 
ព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការយកព្រះរាជបុត្រានៃព្រះធ្វើជាតង្វាយយញ្ញបូជា។ ដោយសារព្រះមែស៊ីបានទទួលបុណ្យជ្រមុជ ដើម្បីផ្ទុកអំពើបាបរបស់យើងទៅលើអង្គទ្រង់ ហើយបានថ្វាយអង្គទ្រង់ជាយញ្ញបូជាសម្រាប់ជាតង្វាយលោះបាបរបស់យើង ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ដោយសារយើងត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់យើង ទើបព្រះអម្ចាស់មានសេចក្តីមេត្តាករុណាចំពោះយើង ហើយដោយហេតុនេះ ទ្រង់បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតរហូតដល់សុគត និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយយកយើងធ្វើជាកូនរបស់ព្រះ។ ដូច្នេះ ព្រះមិនបានបង្កើតយើងមកជាតុក្កតារបស់ទ្រង់ឡើយ។ 
មួយរយៈពេលមុន នៅពេលប្អូនស្រីម្នាក់នៅក្នុងពួកជំនុំរបស់ខ្ញុំរៀននៅសកលវិទ្យាល័យ ខ្ញុំមានឱកាសទៅចូលរួមក្នុងកម្មវិធីបិទវគ្គរបស់នាង។ នៅទីនោះ មានរូបគំនូរ ហើយខ្ញុំបានមើលឃើញគំនូរជាច្រើន។ គំនូរមួយដែលត្រូវបានគូរ ដោយថ្នាក់ទទួលសញ្ញាប័ត្រ គឺជាគំនូរដែលបង្ហាញពីអ័ដាម និងអេវ៉ាកំពុងតែបរិភោគផ្លែដឹងខុសត្រូវ ហើយគេបានដាក់ចំណងជើងថា «តើព្រះបានបង្កើតមនុស្សជាតិមកជាតុក្កតាឬ?»។ មនុស្សម្នាក់បានសរសេរចម្លើយមួយសម្រាប់សំណួរនេះនៅពីក្រោមគំនូរថា «ព្រះអផ្សុក ហើយដូច្នេះ ទ្រង់បានបង្កើតយើងមកជាតុក្កតារបស់ទ្រង់»។ 
ចម្លើយនេះពិតជាអាក្រក់ខ្លាំងណាស់។ ដូច្នេះ ហេតុអ្វីព្រះបានបង្កើតដើមដឹងខុសត្រូវ ហើយបង្គាប់មិនឲ្យអ័ដាមបរិភោគផ្លែវា? ដូច្នេះ ទ្រង់បានជ្រាបរួចហើយថា ពួកគេនឹងបរិភោគផ្លែវា ហើយទ្រង់នៅតែបានបង្កើតដើមនោះមក ហើយបង្គាប់មិនឲ្យពួកគេបរិភោគផ្លែវាទៅវិញ។ នៅពេលពួកគេបរិភោគផ្លែរបស់វា ទ្រង់បណ្តេញពួកគេចេញពីសួនច្បារអេដែន សម្រាប់ការធ្លាក់ទៅក្នុងបាបរបស់ពួកគេ។ បន្ទាប់មក ទ្រង់បានមានបន្ទូលថា ទ្រង់នឹងបញ្ជូនមនុស្សមានបាបទៅស្ថាននរក។ ហេតុអ្វីព្រះបានធ្វើដូច្នេះ? តើព្រះបានបង្កើតយើង ដោយសារទ្រង់អផ្សុក និងមិនមានតុក្កតាកំដរទ្រង់ឬ? ហើយតើទ្រង់បានបង្កើតមនុស្សជាតិ ដោយសារទ្រង់អផ្សុកពេក ហើយទ្រាំលែងបានឬ? មិនដូច្នេះឡើយ!
ឱបងប្អូនប្រុសស្រីអើយ អ្វីដែលព្រះចង់ធ្វើ គឺយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់ ធ្វើឲ្យយើងមិនចេះស្លាប់ ហើយគង់នៅជាមួយយើងយ៉ាងមាន សុភមង្គលជារៀងរហូត។ ទិព្វញ្ញាណរបស់ព្រះក្នុងការអនុញ្ញាតឲ្យការទាំងនេះកើតឡើងចំពោះមនុស្សជាតិ គឺដើម្បីធ្វើឲ្យយើងក្លាយជាមនុស្សដែលមិនចេះស្លាប់ ដែលរស់នៅជាមួយទ្រព្យសម្បត្តិ និងសិរីល្អជារៀងរហូត។ ដូច្នេះ នៅពេលអ្នក និងខ្ញុំត្រូវបានសាតាំងបោកបញ្ឆោត ហើយបានធ្លាក់ទៅក្នុងបាប និងត្រូវធ្លាក់ទៅស្ថាននរក ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកផែនដីនេះ ដើម្បីសង្រ្គោះយើង។ ហើយតាមរយៈការអនុញ្ញាតឲ្យព្រះរាជបុត្រាទទួលបុណ្យជ្រមុជ និងទទួលយកអំពើបាបរបស់លោកិយនេះ សម្រក់ព្រះលោហិតរបស់ទ្រង់ និងមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះបានសង្រ្គោះយើងចេញពីសាតាំង។ 
ទោះបីជាយ៉ាងណា មនុស្សយ៉ាងច្រើនរាប់មិនអស់មានការយល់ដឹងខុសថា ព្រះបានបង្កើតយើងមកជាតុក្កតា ដើម្បីបំបាត់ភាពអផ្សុករបស់ទ្រង់។ ក្នុងចំណោមអ្នកដែលបានឈប់ជឿលើព្រះយេស៊ូវ និងអ្នកដែលមិនជឿលើទ្រង់តាំងពីដើមមក មានអ្នកដែលនិយាយដោយភាពជូរចត់របស់ខ្លួនចំពោះព្រះថា «ហេតុអ្វីព្រះបានបង្កើតខ្ញុំ ហើយធ្វើឲ្យខ្ញុំរងទុក្ខដូច្នេះ?» ហេតុអ្វីទ្រង់ទទូចឲ្យខ្ញុំជឿ? ហេតុអ្វីទ្រង់មានបន្ទូលថា ទ្រង់នឹងប្រទានឲ្យខ្ញុំនូវសេចក្តីសង្រ្គោះ បើសិនខ្ញុំជឿ ប៉ុន្តែមិនប្រទានសេចក្តីសង្រ្គោះដល់ខ្ញុំ បើសិនខ្ញុំមិនជឿ?»។ ពួកគេនិយាយបែបនេះ ពីព្រោះពួកគេមិនស្គាល់ទិព្វញ្ញាណដ៏អស្ចារ្យនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យមនុស្សជាតិឡើយ។ 
ទិព្វញ្ញាណដ៏អស្ចារ្យរបស់ព្រះមែស៊ី គឺត្រូវទទួលយកជារាស្ត្ររបស់ព្រះ ហើយយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ដោយអនុញ្ញាតឲ្យយើងធ្វើជាគ្រួសាររបស់ទ្រង់ ហើយទទួលបានទ្រព្យសម្បត្តិ និងសិរីល្អទាំងអស់នៅស្ថានសួគ៌។ ខ្ញុំក៏មិនបានយល់ពីសេចក្តីពិតនេះដែរ រហូតដល់ខ្ញុំបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានទទួលការអត់ទោសបាប និងបានកើតជាថ្មីហើយ ខ្ញុំបានយល់ថា «អូ! ដូច្នេះ នេះគឺជាមូលហេតុដែលព្រះអម្ចាស់បានបង្កើតខ្ញុំ!»។ 
ហេតុអ្វីព្រះមែស៊ីបានទទួលយកអំពើបាបរបស់យើង នៅពេលទ្រង់យាងមកផែនដីនេះ កាលពីជាង២០០០ឆ្នាំមុន? ហើយហេតុអ្វីទ្រង់បានផ្ទុកអំពើបាបរបស់យើង? ទ្រង់បានទទួលបុណ្យជ្រមុជ និងបានសម្រក់ព្រះលោហិតរបស់ទ្រង់! ហើយទាំងនេះគឺជាព្រះរាជកិច្ចដ៏សុចរិត និងយញ្ញបូជាដ៏សុចរិត ដែលត្រូវដោះអំពើបាបរបស់យើងចេញ។ 
នេះគឺជាមូលហេតុដែលយើងត្រូវតែជឿលើព្រះ និងមូលហេតុដែលយើងត្រូវតែជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង។ ដោយសារអ្នក និងខ្ញុំត្រូវធ្លាក់ទៅស្ថាននរក ព្រះទ្រង់ផ្ទាល់ត្រូវតែយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ត្រូវតែសុគតនៅលើឈើឆ្កាង និងត្រូវតែមានព្រះជន្មរស់ពីសុគតឡើងវិញ។ មូលហេតុដែលយើងជឿលើការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺដើម្បីឲ្យយើងអាចទទួលបានការអត់ទោស សម្រាប់អំពើបាបទាំងអស់របស់ យើង។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿ ដើម្បីបំពេញសម្រេចទិព្វញ្ញាណរបស់ព្រះសម្រាប់យើង។ ហើយកាលណាយើងពិតជាជឿលើសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ យើងធ្វើដូច្នេះមិនសម្រាប់ជាប្រយោជន៍ដល់អ្នកណាផ្សេងឡើយ ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់យើងផ្ទាល់តែម្តង។ 
 

ឥឡូវនេះគឺជាពេលដំបូងបង្អស់ក្នុងការជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះរបស់ព្រះ

បើសិនអ្នកណាចង់ទទួលបានការយល់ដឹងដូចខាងក្រោម គាត់ត្រូវតែបោះបង់សេចក្តីជំនឿខុសរបស់ខ្លួនចោលនៅពេលនេះ ហើយជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ៖ «ខ្ញុំមិនបានដឹងថា ខ្ញុំត្រូវធ្លាក់ទៅស្ថាននរកឡើយ។ ខ្ញុំគ្រាន់តែជឿប៉ុណ្ណោះ ពីព្រោះគេបានប្រាប់ខ្ញុំថា ព្រះយេស៊ូវបានដោះអំពើបាបរបស់ខ្ញុំចេញ។ ប៉ុន្តែសេចក្តីជំនឿរបស់ខ្ញុំបានផ្អែកលើការយល់ដឹងខុសទាំងអស់! ឥឡូវនេះ ខ្ញុំគួរតែរៀនពីអ្វីដែលត្រឹមត្រូវ ហើយផ្អែកសេចក្តីជំនឿរបស់ខ្ញុំនៅលើការយល់ដឹងត្រឹមត្រូវវិញ។ រហូតមកដល់ពេលនេះ ខ្ញុំបានជឿយ៉ាងខុស ប៉ុន្តែវាមិនទាន់យឺតពេលនៅឡើយទេ។ ចាប់ពីពេលនេះតទៅ អ្វីដែលខ្ញុំត្រូវធ្វើ គឺដឹងថា ខ្ញុំត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់ខ្ញុំ ជឿនៅក្នុងចិត្តថា ព្រះមែស៊ីបានសង្រ្គោះខ្ញុំ តាមរយៈបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់ ហើយបន្ទាប់មក ទទួលយកការអត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមិនត្រូវធ្លាក់ទៅក្នុងស្ថាននរកឡើយ!»
តាមការពិត មានគ្រីស្ទបរិស័ទមួយចំនួនតូចតែប៉ុណ្ណោះ ដែលមានការយល់ដឹងត្រឹមត្រូវអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាលពួកគេបានជឿពីដំបូង។ ហើយខ្ញុំក៏បានចំណាយពេល១០ឆ្នាំផងដែរ ចាប់តាំងពីខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទពីដំបូង ដើម្បីបានយល់យ៉ាងច្បាស់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកទណ្ឌកម្មនៃការសុគតនៅលើឈើឆ្កាង។ បន្ទាប់មក ខ្ញុំពិតជាបានសង្រ្គោះ ដោយជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្ញុំម្តងទៀត។ ហើយដូច្នេះ រយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជាគ្រីស្ទបបរិស័ទ ខ្ញុំបានបោះបង់សេចក្តីជំនឿខុសរបស់ខ្ញុំចោល ហើយបានមានការយល់ដឹង និង សេចក្តីជំនឿត្រឹមត្រូវតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត ពួកគេអាចចំណាយពេល២០ឆ្នាំ ដើម្បីស្គាល់សេចក្តីពិត ហើយជឿម្តងទៀតបាន។ 
កាលណាបន្ទាប់ពី២០ឆ្នាំ មនុស្សបែបនេះបានដឹងថា ព្រះបានរៀបចំផែនការសង្រ្គោះពួកគេ តាមរយៈទឹក និងព្រះវិញ្ញាណ ពួកគេត្រូវតែជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ពួកគេផ្ទាល់។ នៅចំពោះព្រះ គ្មានអ្វីអាក្រក់ជាងការស្គាល់សេចក្តីពិតហើយ ប៉ុន្តែបែរជាបដិសេធមិនជឿតាមសេចក្តីពិតនោះឡើយ។ ប៉ុន្តែទោះបើបានរស់នៅរយៈពេល១០ ឬ២០ឆ្នាំក្នុងនាមជាគ្រីស្ទបរិស័ទ បើសិនពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេល តើវាមិនល្អទេឬ? មិនមែនមិនល្អឡើយ! ការបានសង្រ្គោះបែបនេះមិនមានអ្វីខុស ឬគួរឲ្យខ្មាស់ឡើយ។ កាលណាមនុស្សពិតជាយល់ និងជឿលើការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ពួកគេពិតជានឹងបានសង្រ្គោះប្រាកដមែន។ សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាអ្វីដែលផ្គាប់ព្រះហឫទ័យព្រះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងជឿលើសេចក្តីសង្រ្គោះនេះ ដែលពិតជាត្រូវបានបំពេញសម្រេច ដោយអំបោះពណ៌ផ្ទៃមេឃ និងអំបោះពណ៌ក្រហម។ 
គម្របរោងឧបោសថត្រូវបានធ្វើតាមរបៀបល្អិតល្អន់។ បើសិនពិនិត្យមើលការពិតថា ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហមត្រូវបានដាក់ពីលើគម្របដែលត្រូវបានធ្វើពីរោមពពែ ហើយថា ស្បែកផ្សោតត្រូវបានដាក់នៅពីលើគម្របទាំងពីរនេះ យើងអាចមើលឃើញការបើកសម្តែងយ៉ាងច្បាស់លាស់អំពីសេចក្តីពិតថា យើងទាំងអស់គ្នាត្រូវធ្លាក់ទៅស្ថាននរក ប៉ុន្តែព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ និងបានធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ដោយការសម្រក់ព្រះលោហិត និងការសុគតនៅលើឈើឆ្កាង។ យើងទាំងអស់គ្នាអាចជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយគម្របរោងបោសថមានផ្ទុកសេចក្តីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះនេះ។ 
ដែលគ្រាន់តែរៀនអំពីព្រះគម្ពីរ មិនសំខាន់ទេ។ អ្វីដែលផ្គាប់ព្រះទ័យព្រះមិនមែនជាការរៀនទេ ប៉ុន្តែការជឿវិញ។ បើសិនព្រះគម្ពីរប្រាប់យើងថា ព្រះបានកំណត់សង្រ្គោះយើង តាមរយៈព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម នោះអ្នក និងខ្ញុំត្រូវតែទទួលយក និងជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់យើង។ បើសិនយើងពិតជាស្តាប់ឮព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង ទទួលស្គាល់អំពើបាបរបស់យើង ហើយជឿលើបុណ្យជ្រមុជរបស់ព្រះអម្ចាស់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង នោះយើងពិតជាអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើងបាន។ ប៉ុន្តែបើសិនយើងមិនជឿលើការអត់ទោសបាបនេះ ដែលព្រះអម្ចាស់បានប្រទានឲ្យ ហើយបែរជាជឿលើទ្រង់តាមទ្រឹស្តីវិញ នោះយើងនឹងបន្តរងទុក្ខ ដោយសារបញ្ញាចិត្តដែលមានទោសរបស់យើង។ 
បើសិនយើងមិនដោះស្រាយបញ្ហានៃអំពើបាបជាក់ស្តែង ដោយការជឿលើទឹក និងព្រះវិញ្ញាណទេ នោះបញ្ញាចិត្តដែលមានទោសនេះនឹងបន្តស៊ីកម្ទេចចិត្តរបស់យើងហើយ។ ប៉ុន្តែបើសិនយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងនឹងបានរួចពីបញ្ញាចិត្តដែលមានទោសនេះ ពីព្រោះកាលណាយើងត្រឡប់ជាឥតបាប ដោយការទទួលបានការអត់ទោសដ៏គ្រប់លក្ខណ៍ យើងមិនអាចរងទុក្ខ ដោយសារបាបម្តងទៀតបានឡើយ។ ដូច្នេះហើយបានជាយើងត្រូវតែជឿ។ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយដោះស្រាយបញ្ហានៃអំពើបាបទាំងអស់របស់យើងចេញ។ អ្នកដែលមិនធ្វើដូច្នេះ ត្រូវតែបន្តរស់នៅក្នុងបំណងនៃបាបជានិច្ច។ 
ជីវិតខ្លីណាស់ ហើយមានពេញដោយការរងទុក្ខ។ ព្រះអនុញ្ញាតឲ្យមានការរងទុក្ខចំពោះមនុស្សជាតិទាំងមូល។ ហេតុអ្វីព្រះអនុញ្ញាតឲ្យយើងមានការរងទុក្ខ? ពីព្រោះតាមរយៈការរងទុក្ខពីបាប ទ្រង់ចង់ឲ្យយើងបានស្គាល់ពីតម្លៃដ៏ធំធេងនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជឿតាមដំណឹងល្អនេះ និងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង។ ទ្រង់បាននាំការរងទុក្ខមកឯអ្នក ដើម្បីឲ្យអ្នកនឹងជឿនៅក្នុងចិត្តថា ព្រះមែស៊ីបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ការមិនជឿ និងការមិនទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជា សេចក្តីពិត គឺជាទង្វើដ៏ចំកួតបំផុតរបស់មនុស្ស។ ទោះបីជាយ៉ាងណា អំពើបាបរបស់មនុស្សជាតិអាចត្រូវបានលាងសម្អាតបាន ដោយសារសេចក្តីជំនឿដែលពិតជាជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះកំពុងតែបង្គាប់ឲ្យយើងដោះស្រាយបញ្ហានៃអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អដ៏ពិត។ ដូច្នេះ យើងត្រូវតេជឿលើព្រះយេស៊ូវដែលជាព្រះអង្គសង្រ្គោះដ៏ពិត។ ហើយអ្នកក៏ត្រូវតែជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះនៅក្នុងចិត្តរបស់អ្នកផងដែរ។ អ្នកត្រូវតែទទួលស្គាល់អំពើបាបរបស់អ្នកនៅចំពោះព្រះ ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានសង្រ្គោះចេញពីបាប។ កាលណាអ្នកជឿនៅក្នុងចិត្តលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង អ្នកពិតជានឹងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់អ្នក។ ហើយលុះត្រាតែយើងជឿ និងទទួលស្គាល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងជាសេចក្តីពិត ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន។ 
 

លំដាប់លំដោយនៃគម្របរោងឧបោសថស៊ីគ្នាយ៉ាងឥតខ្ចោះនឹងលំដាប់លំដោយនៃសេចក្តីសង្រ្គោះរបស់យើង

ទាក់ទងនឹងលំដាប់លំដោយនៃសេចក្តីសង្រ្គោះរបស់យើង អាទិភាពរបស់យើង គឺត្រូវទទួលស្គាល់យ៉ាងត្រឹមត្រូវថា ចាប់តាំងពីវេលាដែលយើងកើតមកក្នុងលោកិយនេះ យើងមានបាប ដូចជាសត្វផ្សោតដែលត្រូវវិនាសដែរ។ ហើយយើងត្រូវតែជឿថា យើងពិតជាត្រូវស្លាប់ និងធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើង។ លើសពីនេះ យើងក៏ត្រូវតែជឿផងដែរថា ដើម្បីបានសង្រ្គោះពីអំពើបាបរបស់យើង យើងពិតជាត្រូវការតង្វាយយញ្ញបូជាមួយ ហើយដូច្នេះ ព្រះមែស៊ីត្រូវតែយាងមក ហើយទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ។ យើងត្រូវតែជឿថា ព្រះអង្គសង្រ្កោះរបស់យើងមិនមែនជាមនុស្សទេ ប៉ុន្តែជាព្រះទ្រង់ផ្ទាល់វិញ។ ហើយយើងត្រូវតែជឿថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្រ្គោះពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងប្រាកដមែន។
បើសិននេះមិនមែនជាការពិត ព្រះគួរតែបានធ្វើគម្របតែពីរប៉ុណ្ណោះសម្រាប់រោងឧបោសថ។ ហើយបើសិនយើងអាចទទួលបានសេចក្តីសង្រ្គោះបាន ដោយបោះបង់បុណ្យជ្រមុជរបស់ព្រះយេស៊ូវចោល នោះមិនចាំបាច់ធ្វើគម្របបួនខុសៗគ្នាសម្រាប់រោងឧបោសថទេ ហើយព្រះគួរតែបានគ្របវា ដោយស្បែកផ្សោត និងស្បែកចៀមឈ្មោះហើយ។ ប៉ុន្តែមានតែគម្របទាំងពីរនេះប៉ុណ្ណោះ ដែលត្រូវបានប្រើឬ? ទេ! ព្រះត្រូវតែគ្របរោងឧបោសថ ដោយគម្របបួនខុសៗគ្នា៖ វាំងននដែលត្បាញពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម វាំងននដែលត្រូវបានធ្វើពីរោមពពែ គម្របស្បែកចៀមឈ្មោល និងគម្របស្បែកផ្សោត។ 
យើងត្រូវតែជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សដូចជាយើងដែលត្រូវធ្លាក់ទៅស្ថាននគរ និងគួរឲ្យអាណិត ដោយសារអំពើបាបរបស់យើង ហើយយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ នេះហើយគឺជាសេចក្តីអាថ៌កំបាំង ដែលត្រូវបានលាក់ទុកនៅក្នុងគម្របរោងឧបោសថ ហើយលំដាប់លំដោយដែលគម្របទាំងបួននេះត្រូវបានដាក់លើរោងឧបោសថ គឺជាលំដាប់លំដាយនៃសេចក្តីសង្រ្គោះរបស់យើង។ 
ដើម្បីដេរភ្ជាប់គម្របទីមួយ និងគម្របទីពីរជាមួយគ្នា គេបានត្រូវការទំពក់លង្ហិន និងទំពក់មាស។ ហើយគេបានធ្វើខ្សែក្រវិលពណ៌ខៀវ ដើម្បីដាក់នៅជាយសំពត់ពីរផ្ទាំង ដែលរួមគ្នាបង្កើតជាគម្របនីមួយៗ។ ប៉ុន្តែសម្រាប់អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ពួកគេមិនអាចយល់ពីអត្ថន័យនៃការដែលទំពក់មាស និងទំពក់លង្ហិនទាំងនេះភ្ជាប់ជាមួយខ្សែក្រវិលពណ៌ខៀវបានឡើយ។ មានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចយល់ និងជឿតាមសេចក្តីពិត ដែលត្រូវបានលាក់ទុកនៅក្នុងគម្របទាំងបួននៃរោងឧបោសថបាន។ 
ខ្សែក្រវិលពណ៌ខៀវសំដៅទៅលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលនៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ហេតុអ្វីមនុស្សមិនជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ ប៉ុន្តែបែរជាជឿលើព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយមុខ? ពីព្រោះពួកគេមិនជឿតាមព្រះបន្ទូលព្រះតាមលក្ខណៈដើមរបស់វា។ នៅពេលយើងប្រកាសជឿលើព្រះយេស៊ូវ យើងមិនអាចជឿលើទ្រង់យ៉ាងត្រឹមត្រូវ ដោយបន្ថែម ឬដកអ្វីចេញពីព្រះបន្ទូលព្រះបានឡើយ។ យើងត្រូវតែជឿតាមព្រះបន្ទូលព្រះតាមលក្ខណៈដើមរបស់វា ដោយពាក្យថា «បាទ»។ 
ក្នុងចំណោមមនុស្សជាច្រើនដែលអះអាងថា ពួកគេជឿលើព្រះយេស៊ូវ ពួកគេភាគច្រើនជឿលើព្រះលោហិត ដែលទ្រង់បានសម្រក់នៅលើឈើឆ្កាងតែប៉ុណ្ណោះ ដោយបោះបង់ចោលនូវបុណ្យជ្រមុជដែលទ្រង់បានទទួល។ នេះគឺជាមូលហេតុដែលគ្រីស្ទបរិស័ទយ៉ាងច្រើន មិនអាចយល់ពីសេចក្តីអាថ៌កំបាំងនៃ សេចក្តីពិតនៅក្នុងគម្របរោងឧបោសថបានឡើយ។ ហើយនេះគឺជាមូលហេតុដែលគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនជឿលើការអត់ទោសបាបពិតប្រាកដ ដែលព្រះមែស៊ីបានបំពេញសម្រេចយ៉ាងគ្រប់លក្ខណ៍។ ពួកគេជឿលើព្រះយេស៊ូវតាមរបៀបឥតប្រយោជន៍ ដូចជាស្ថាបនិកម្នាក់នៃសាសនាក្នុងពិភពលោកនេះដែរ។ ដូច្នេះ គ្រីស្ទបរិស័ទជាច្រើនកំពុងតែដើរនៅលើផ្លូវខុសហើយ។ ពួកគេធ្វើបាបជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេអះអាងថា ពួកគេអាចទៅស្ថានសួគ៌បាន ដោយគ្រាន់តែលន់តួអំពើបាបជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ សេចក្តីជំនឿបែបនេះពន្យល់ពីមូលហេតុដែលមនុស្សដែលឥតមានសាសនានៅក្នុងពិភពលោកនេះ បដិសេធ គ្រីស្ទបរិស័ទ។ 
នៅពេលយើងសួរគ្រីស្ទបរិស័ទថា «តើអ្នកពិតជាអាចដោះស្រាយបញ្ហាអំពើបាបរបស់អ្នកបាន ដោយរបៀបណា និងដោយសេចក្តីជំនឿបែបណា?» ពួកគេភាគច្រើននិយាយថា «យើងដោះស្រាយវាបាន ដោយការថ្វាយការអធិស្ឋានលន់តួបាប ខណៈដែលកំពុងតែជឿលើការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង»។ ហើយនៅពេលយើងសួរពួកគេទៀតថា «តើអំពើបាបរបស់អ្នកត្រូវបានដោះស្រាយនៅក្នុងចិត្តរបស់អ្នកហើយឬនៅ?» ពួកគេឆ្លើយថា «តាមការពិត ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ»។ ដូច្នេះ មនុស្សដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនទាន់បានធ្វើជារាស្ត្ររបស់ព្រះទេ។ ហើយពួកគេរស់នៅខាងក្រៅព្រះយេស៊ូវគ្រីស្ទ។ ពួកគេត្រូវតែចូលទៅក្នុងព្រះយេស៊ូវគ្រីស្ទឲ្យបានឆាប់ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើងត្រូវតែយល់យ៉ាងលម្អិតថា តាមវិធីសាស្ត្រអ្វី ដែលព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការផ្ទុកអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតរបស់ទ្រង់ ។ បើសិនយើងចង់ចូលទៅក្នុងវត្តមានរបស់ព្រះ យើងត្រូវតែចូលទៅ ដោយការជឿលើសេចក្តីសង្រ្គោះរបស់យើង ដែលត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ទោះបីជាមនុស្សជឿយ៉ាងឧស្សាហ៍លើព្រះក៏ដោយ ពួកគេនៅតែអាចយល់ខុស និងជឿខុសគ្រប់ពេលវេលាបាន។ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ យើងត្រូវតែជឿ និងទទួលយកសេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាសេចក្តីពិតថា ព្រះមែស៊ីបានដោះអំពើបាបទាំងអស់របស់យើងចេញ។ 
បើសិនសេចក្តីជំនឿរបស់យើងខុសនៅចំពោះព្រះ យើងត្រូវតែជួសជុល និងជឿម្តងទៀតឲ្យបានត្រឹមត្រូវ ទោះបើច្រើនដងក៏ដោយ។ យើងត្រូវតែជឿ និងទទួលស្គាល់សេចក្តីសង្រ្គោះជាសេចក្តីពិតថា ព្រះអម្ចាស់បានទទួលយកអំពើបាបរបស់យើង ហើយបានលាងសម្អាតអំពើបាបទាំងនោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយយើងត្រូវតែជឿថា ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់យើងតែម្តងជាសម្រច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់បានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង តាមរយៈព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
យើងអាចជួបជាមួយព្រះមែស៊ីបាន ដោយសារសេចក្តីជំនឿដ៏ពិតលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃរោងឧបោសថ។ តាមរយៈរោងឧបោសថ យើងអាចយល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណកាន់តែច្បាស់លាស់ ហើយដឹងថា សេចក្តីជំនឿរបស់វាមានមូលដ្ឋានគ្រឹះនៅលើសេចក្តីពិត នៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីជំនឿដែលសំខាន់បំផុត ដែលយើងត្រូវតែមាន គឺជាសេចក្តីជំនឿដែលជឿនៅក្នុងចិត្តលើសេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
ឥឡូវនេះ យើងកំពុងតែស្តាប់ឮ និងរៀនអំពីសេចក្តីពិត ដែលមាននៅក្នុងរោងឧបោសថ ដែលត្រូវបានធ្វើពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយឥឡូវនេះ បន្ទាប់ពីបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចរបស់ទ្រង់នៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមរួចហើយ ព្រះមែស៊ីកំពុងតែរង់ចាំយើង។
ព្រះកំពុងតែដាស់តឿនអ្នកឲ្យជឿតាមសេចក្តីពិតនេះ ដោយអស់ចិត្តរបស់អ្នក។ តើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកដែរទេ? ដូច្នេះ អ្នកត្រូវតែទទួលស្គាល់ពីភាពស្មោគគ្រោក និងភាពខ្មៅងងឹតនៃអំពើបាបនៅក្នុងចិត្តរបស់អ្នកនៅចំពោះព្រះ សារភាពអំពើបាបរបស់អ្នក ជឿតាមសេចក្តីពិតនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក។ កាលណាអ្នកពិតជាជឿថា ព្រះយេស៊ូវបានអត់ទោសដល់អំពើបាបទាំងអស់របស់អ្នករួចហើយ អ្នកអាចផ្ទេរអំពើបាបទាំងអស់នៅក្នុងចិត្តរបស់អ្នកទៅលើទ្រង់ និងទទួលបានការអត់ទោសបាបដ៏គ្រប់លក្ខណ៍របស់ទ្រង់បាន។ 
យើងទាំងអស់គ្នាត្រូវតែជឿនៅក្នុងចិត្ត លើការអត់ទោសបាបដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះបានរៀបចំទុកសម្រាប់យើង។ ព្រះបានប្រទានឲ្យយើងនូវដំណឹងល្អដែលត្រូវបានបង្កើតឡើង ដោយព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីជួយឲ្យយើងអាចទទួលបានការអត់ទោសបាប និងទទួលបានសិទ្ធិអំណាចធ្វើជាកូនរបស់ទ្រង់ផ្ទាល់។ ហើយព្រះ អម្ចាស់បានជួយឲ្យយើងអាចបានសង្រ្គោះចេញពីអំពើបាប និងទោសទាំងអស់របស់យើង ហើយទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿលើព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យយើងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ដូច្នេះ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការជួយឲ្យយើងអាចបានសង្រ្គោះ ដោយការជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដោយការជឿតាមសេចក្តីពិតនេះ យើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ហើយចូលទៅក្នុងនគរស្ថានសួគ៌ ដោយសេចក្តីជំនឿបាន។ ហាលេលូយ៉ា!