Search

Khotbah-Khotbah

Subject 11 : រោងឧបោសថ

[11-16] សេចក្តីអាថ៌កំបាំងខាងវិញ្ញាណ ដែលត្រូវបានលាក់ទុកនៅក្នុងហិបសញ្ញា (និក្ខមនំ ២៥:១០-២២)

សេចក្តីអាថ៌កំបាំងខាងវិញ្ញាណ ដែលត្រូវបានលាក់ទុកនៅក្នុងហិបសញ្ញា
(និក្ខមនំ ២៥:១០-២២)
«ត្រូវឲ្យគេធ្វើហិប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើគែមមាសនៅលើហិបជុំវិញ ត្រូវឲ្យសិតកងមាស៤សំរាប់ហិប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហិបនោះសំរាប់សែងទៅ ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវឲ្យដកចេញឡើយ ត្រូវដាក់សេចក្តីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហិបនោះ រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហិប ហើយដាក់សេចក្តីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហិបដែរ គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហិបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្តីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។»
 
 
ហិបសញ្ញា
ប្រធានបទនៅថ្ងៃនេះគឺ ហិបសញ្ញា។ ហិបសញ្ញាមានបណ្តោយ ១១៣ សង់ទីម៉ែត្រ ទទឹង ៦៨ សង់ទីម៉ែត្រ និងកម្ពស់ ៦៨ សង់ទីម៉ែត្រ។ ហើយវាត្រូវបានធ្វើពីឈើនាងនួន ហើយស្រោបដោយមាសសុទ្ធ។ នៅខាងក្នុងហិបសញ្ញា មានបន្ទះថ្មីពីរដែលឆ្លាក់ក្រិត្យវិន័យទាំងដប់ប្រការ និងចានមាសកមួយដាក់នំម៉ាន៉ា ហើយក្រោយមកទៀត គេបានបន្ថែមដំបងដែលប៉ិចឡើងរបស់អើរ៉ុន។ ដូច្នេះ តើប្រដាប់ប្រដាទាំងបីនេះ ដែលត្រូវបានដាក់នៅខាងក្នុងហិបសញ្ញា ប្រាប់យើងអំពីអ្វី? តាមរយៈប្រដាប់ប្រដាទាំងនេះ ខ្ញុំចង់ផ្តល់ការពន្យល់យ៉ាងច្បាស់លាស់មួយអំពីព្រះរាជកិច្ចទាំងបីរបស់ព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ចូរយើងពិនិត្យមើលសេចក្តីពិតខាងវិញ្ញាណ ដែលមាននៅក្នុងប្រដាប់ប្រដាទាំងបីនេះ ដែលគេបានដាក់នៅខាងក្នុងហិបសញ្ញា។ 
 

បន្ទះថ្មពីរដែលឆ្លាក់ក្រិត្យវិន័យ
 
ប្រដាប់ប្រដានៃហិបសញ្ញា
បន្ទះថ្មដែលឆ្លាក់ក្រិត្យវិន័យទាំងពីរ ដែលត្រូវបានដាក់នៅខាងក្នុងហិបសញ្ញា ប្រាប់យើងថា ព្រះគឺជាអង្គបង្កើតច្បាប់ ដែលបានប្រទានឲ្យយើងនូវក្រិត្យវិន័យរបស់ទ្រង់។ រ៉ូម ៨:១-២ និយាយថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសោះ ដ្បិតអំណាចនៃព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប នឹងសេចក្តីស្លាប់ហើយ»។ ដូច្នេះ ចេញពីបទគម្ពីរនេះ យើងមើលឃើញថា ព្រះបានបង្កើតច្បាប់ពីរនៅក្នុងចិត្តរបស់យើង៖ ច្បាប់នៃជីវិត និងច្បាប់នៃការកាត់ទោស។
តាមរយៈច្បាប់ទាំងពីរនេះ ព្រះអម្ចាស់បាននាំការកាត់ទោស និងសេចក្តីសង្រ្គោះមកដល់មនុស្សជាតិទាំងមូល។ ជាដំបូង យើងអាចទទួលស្គាល់តាម រយៈក្រិត្យវិន័យថា យើងគឺជាមនុស្សមានបាប ដែលត្រូវតែធ្លាក់ទៅស្ថាននរក។ ទោះបីជាយ៉ាងណា សម្រាប់អ្នកដែលស្គាល់និស្ស័យបាប និងសេចក្តីវិនាសរបស់ខ្លួន ព្រះបានប្រទានច្បាប់នៃសេចក្តីសង្រ្គោះរបស់ទ្រង់ «អំណាចនៃព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ ដូច្នេះ ព្រះបានធ្វើជាព្រះអង្គសង្រ្កោះដ៏ពិតប្រាកដដល់មនុស្សទាំងអស់ ដោយការប្រទានឲ្យពួកគេនូវច្បាប់ទាំងពីរនេះ។ 
 

នំម៉ាន៉ាត្រូវបានដាក់នៅក្នុងចានមាស

ចានមាសដែលមាននៅក្នុងហិបសញ្ញា មាននំម៉ាន៉ា។ នៅពេលពួក អ៊ីស្រាអែលបានចំណាយពេល៤០ឆ្នាំនៅក្នុងទីរហោស្ថាន ព្រះបានប្រទានអាហារពីស្ថានសួគ៌ដល់ពួកគេ ហើយពួកគេបរិភោគនំម៉ាន៉ានេះ ដោយចម្អិនតាមរបៀបជាច្រើន។ ហើយវាមានរាងដូចជាគ្រាប់ម្យ៉ាង ហើយមានរសជាតិដូចជានំម្សៅដាក់ទឹកឃ្មុំ។ នំម៉ាន៉ាដែលព្រះបានប្រទានឲ្យពួកអ៊ីស្រាអែល បានទ្រទ្រង់ជីវិតរបស់ពួកគេ ហូតដល់ពួកគេបានចូលទៅក្នុងទឹកដីកាណាន។ ដូច្នេះ ពួកគេត្រូវតែរំឮកពីអាហារនេះ ដែលវាត្រូវបានដាក់នៅក្នុងចានមាសមួយ។
ការនេះប្រាប់យើងថា យើងដែលជាអ្នកជឿនៅសព្វថ្ងៃនេះ ក៏គួរតែបរិភោគនំប៉័ងជីវិត ដែលកូនខាងវិញ្ញាណរបស់ព្រះបរិភោគនៅក្នុងលោកិយនេះ រហូតដល់ពេលពួកគេចូលទៅក្នុងស្ថានសួគ៌ផងដែរ។ ប៉ុន្តែជាច្រើនដង យើងចង់បរិភោគនំប៉័ងលោកិយ ដែលជាសេចក្តីបង្រៀនរបស់លោកិយនេះ ជំនួសឲ្យព្រះបន្ទូលព្រះវិញ។ ទោះបីជាយ៉ាងណា អ្វីដែលកូនរបស់ព្រះត្រូវតែបរិភោគ មុនពេលចូលទៅដល់ទឹកដីកាណានខាងវិញ្ញាណ គឺជាព្រះបន្ទូលព្រះ ដែលជា នំប៉័ងជីវិតខាងវិញ្ញាណពិតប្រាកដដែលចុះពីស្ថានសួគ៌មក។ 
មនុស្សមិនដែលហត់នឹងបរិភោគនំប៉័ងជីវិតឡើយ។ កាលណាយើងបរិភោគនំប៉័ងខាងវិញ្ញាណនេះកាន់តែច្រើន វាកាន់តែក្លាយជាជីវិតពិតសម្រាប់ព្រលឹងរបស់យើង។ ប៉ុន្តែបើសិនយើងបរិភោគនំប៉័ងនៃសេចក្តីបង្រៀនរបស់លោកិយនេះ ជំនួសឲ្យព្រះបន្ទូលព្រះវិញ នោះព្រលឹងរបស់យើងនឹងស្លាប់ជាក់ជាមិនខាន។ 
ព្រះបានបង្គាប់ឲ្យពួកអ៊ីស្រាអែលដាក់នំម៉ាន៉ាដែលចុះពីស្ថានសួគ៌មក នៅក្នុងខ្ញឹង ហើយរក្សាវាទុក។ នៅក្នុង និក្ខមនំ ១៦:៣៣ ព្រះបានមានបន្ទូលថា «ចូរយកផើង១មកដាក់នំម៉ាន៉ា១ខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីទុកដរាបដល់អស់ទាំងដំណនៃអ្នករាល់គ្នាតទៅ»។ នំម៉ាន៉ាដែលចុះពីស្ថានសួគ៌មក គឺជានំប៉័ងនៃជីវិតដ៏ពិតសម្រាប់ព្រលឹងរបស់មនុស្ស។ «ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង និងពួកឰយុកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ» (ចោទិយកថា ៨:៣)។ 
 


តើអ្នកណាគឺជានំប៉័ងជីវិតសម្រាប់យើង?


បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលផ្ទុកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ និងការជាប់ឆ្កាង និងការសម្រក់ព្រះលោហិតរបស់ទ្រង់ គឺជានំប៉័ងជីវិតពិតរបស់យើង។ តាមរយៈការប្រទានសាច់ និងឈាមរបស់ទ្រង់ដល់យើង ព្រះយេស៊ូវគ្រីស្ទបានធ្វើជានំប៉័ងនៃជីវិតអស់កល្បជានិច្ច។ យ៉ូហាន៦:៤៨-៥៨ ប្រាប់យើងថា «ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។ 
ព្រះអម្ចាស់របស់យើងបានមានបន្ទូលថា «ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក»។ តើ «នំបុ័ងដែលចុះពីស្ថានសួគ៌មក» គឺជាអ្វី? វាគឺជាសាច់ និងឈាមរបស់ព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរ សាច់របស់ព្រះយេស៊ូវប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់។ ហើយឈាមរបស់ព្រះយេស៊ូវប្រាប់យើងថា ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ទ្រង់បានផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ ហើយបានទទួលទណ្ឌកម្មនៃបាប ដោយការសុគតនៅលើឈើឆ្កាង។ 
នំម៉ាន៉ានៅក្នុងចានមាសដែលត្រូវបានដាក់នៅក្នុងហិបសញ្ញា គឺជានំប៉័ងជីវិតសម្រាប់ជនជាតិអ៊ីស្រាអែល កាលពួកគេនៅក្នុងវាលរហោស្ថាន ហើយនៅសម័យព្រះគម្ពីរសញ្ញាថ្មី អត្ថន័យខាងវិញ្ញាណរបស់វាសំដៅទៅលើរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ សេចក្តីពិតនេះបង្ហាញប្រាប់យើងពីបុណ្យជ្រមុជរបស់ទ្រង់ ដែលទទួលយកសេចក្តីរំលងរបស់មនុស្សមានបាបទាំងអស់ និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ ដោយសារព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយបានបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាង នោះបុណ្យជ្រមុជ និងការបង្ហូរលោហិតរបស់ទ្រង់បានធ្វើប្រភពជីវិតថ្មីដ៏អស់កល្បជានិច្ច ដែលជួយឲ្យអ្នកជឿបានកើតជាថ្មី។ 
សាច់ឈាមដែលព្រះយេស៊ូវបានលះបង់ ដើម្បីទទួលយកសេចក្តីរំលងរបស់មនុស្សមានបាបទាំងអស់ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គឺជានំប៉័ងជីវិត ដែលជួយឲ្យមនុស្សមានបាបទាំងអស់ទទួលបានការអត់ទោសបាប។ 
ដូច្នេះ យើងត្រូវតែដឹងពីមូលហេតុដែលព្រះយេស៊ូវមានបន្ទូលថា «បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ» (យ៉ូហាន ៦:៥៣)។ 
 

តើអ្នកណាធំជាង?

នៅពេលយើងពិនិត្យមើល យ៉ូហាន ៦ យើងអាចមើលឃើញថា ពួកយូដាភាគច្រើននៅសម័យនោះ បានចាត់ទុកលោកម៉ូសេធំជាងព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវយាងមកផែនដីនេះ ពួកគេសួរទ្រង់ថា «តើអ្នកធំជាងលោក ម៉ូសេឬ?»។ តាមការពិត ពួកគេបានចាត់ទុកលោកម៉ូសេធំជាងគេបង្អស់។ ដោយសារពួកយូដាមិនបានទទួលស្គាល់ព្រះយេស៊ូវជាព្រះមែស៊ី ពួកគេបានចាត់ទុកទ្រង់គ្រាន់តែជាបន្លាក្នុងកែវភ្នែករបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ពួកគេបានទាស់ប្រឆាំងនឹងទ្រង់ ដោយសួរទ្រង់ថា «តើអ្នកធំជាងលោកម៉ូសេឬ?»។ ពួកអ៊ីស្រាអែលបានជឿលើព្រះយេហូវ៉ា ហើយបុរសវ័យក្មេងម្នាក់ ដែលមានវ័យតែ៣០ឆ្នាំ បានអះអាងថា «មិនដូចជាពួកព្ធយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំប៉័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។ នេះគឺជាមូលហេតុដែលពួកគេបានប្រៀបធៀបអំណាចរបស់អ្នកទាំងពីរ គឺលោកម៉ូសេ និងព្រះយេស៊ូវ។ 
ដូចដែលក្រោយមកទៀត ព្រះយេស៊ូវបានប្រកាសថា «មុនពេលមានលោកម៉ូសេ គឺមានខ្ញុំ» ទ្រង់ធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទាំងមូល ពីព្រោះទ្រង់ផ្ទាល់គឺជាព្រះអាទិករ។ តើស្នាព្រះហស្តអាចហ៊ានទាស់ប្រឆាំងនឹងព្រះអាទិកររបស់ខ្លួនបានយ៉ាងដូចម្តេច? ទោះបីជាយ៉ាងណា នៅតែមានមនុស្សមួយ ដែលចំនួននិយាយថា ព្រះយេស៊ូវគឺគ្រាន់តែជាគ្រូដ៏អស្ចារ្យម្នាក់ ឬអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុណ្ណោះ។ នេះគឺជាការប្រមាថដល់ព្រះហើយ! ព្រះយេស៊ូវគឺជាព្រះ ស្តេចលើអស់ទាំងស្តេច និងព្រះអាទិករនៃសកលោកទាំងមូល។ ទ្រង់គឺជាព្រះប្រកបដោយសព្វញ្ញុតភាព និងសព្វានុភាព។ ប៉ុន្តែដើម្បីធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង ទ្រង់បានបន្ទាបអង្គទ្រង់ ហើយបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់ និងសេចក្តីស្លាប់ដ៏អស់កល្បជានិច្ចរបស់យើង។ 
ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា «នៅក្នុងគម្ពីរហោរាមានសេចក្តីចែងទុកមកថា [ព្រះទ្រង់នឹងបង្រៀនគេទាំំងអស់គ្នា] ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន»។ នៅទីបំផុត ព្រះយេស៊ូវពិតជាកំពុងតែមានបន្ទូលថា ទ្រង់គឺជាព្រះគ្រីស្ទដែលពួកយូដាបាន និងកំពុងតែរង់ចាំនោះហើយ។ ប៉ុន្តែពួកគេមិនបានយល់ពីអ្វីដែលទ្រង់មានបន្ទូលទេ ហើយក៏មិនអាចជឿ និងទទួលយកបានដែរ ដែលការនេះបានធ្វើឲ្យពួកគេមានការយល់ច្រឡំយ៉ាងខ្លាំង ដោយសួរទ្រង់ថា «តើអ្នកអាចឲ្យសាច់របស់អ្នកមកយើងបរិភោគបានយ៉ាងដូចម្តេច? តើអ្នកកំពុងតែនិយាយថា យើងនឹងទទួលបានជីវិតអស់កល្បជានិច្ច បើសិនយើងពិតជាបានបរិភោគសាច់ និងផឹកឈាមរបស់អ្នកឬ? ហើយតើអ្នកចាត់ទុកពួកយើងជាអ្នកស៊ីសាច់មនុស្សនៅទីនេះឬ?»។ 
ប៉ុន្តែអ្នកដែលបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ នឹងរស់នៅជារៀងរហូត។ សាច់របស់ព្រះយេស៊ូវគឺជានំប៉័ងជីវិត។ សមាសភាពពិតនៃនំម៉ាន៉ាដែលត្រូវបានដាក់នៅក្នុងចានមាសនេះ គឺជានំប៉័ងជីវិត ហើយក៏ជាសាច់ និងឈាមរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ។ តាមរយៈការយាងមកផែនដីនេះ និងការលះបង់សាច់ និងឈាមរបស់ទ្រង់ ព្រះយេស៊ូវបានជួយឲ្យយើងអាចបរិភោគនំប៉័ងជីវិត ហើយទទួលបានជីវិតអស់កល្បជានិច្ចបាន។
ដូច្នេះ តើគ្រប់គ្នាអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បានយ៉ាងដូចម្តេច? របៀបតែមួយដើម្បីបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ គឺត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងត្រូវតែបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿ។ ដើម្បីប្រទានឲ្យអ្នក និងខ្ញុំនូវការអត់ទោសបាប និងដើម្បីជួយឲ្យយើងអាចរស់នៅជារៀងរហូតនៅក្នុងនគរស្ថានសួគ៌បាន ព្រះអម្ចាស់បានដោះអំពើបាបរបស់យើងចេញតែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតទ្រង់ ដើម្បីធ្វើជាអាហារសម្រាប់ព្រលឹងរបស់យើង។ ឥឡូវនេះ ដោយការជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ យើងត្រូវតែបរិភោគអាហារខាងវិញ្ញាណនេះ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 
សូមអនុញ្ញាតឲ្យខ្ញុំធ្វើបន្ទាល់យ៉ាងលម្អិតជាងនេះ អំពីរបៀបដែលយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ ដូចដែលអ្នក និងខ្ញុំដឹងយ៉ាងច្បាស់លាស់ ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន កាលទ្រង់មានព្រះជន្ម៣០វស្សា ហើយបន្ទាប់មក ទ្រង់បានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយការបង្ហូរព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង។ ដូច្នេះ ដោយការជឿតាមសេចក្តីពិតនេះហើយ ដែលយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ ការលាងសម្អាតបាបត្រូវបានបំពេញសម្រេច នៅពេលអំពើបាបរបស់មនុស្សជាតិត្រូវបានផ្ទេរទៅលើរូបអង្គរបស់ព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួល។ ការផឹកឈាមរបស់ទ្រង់មានន័យថា នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះលោហិតដែលទ្រង់បង្ហូរនេះបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង។ 
ដូច្នេះ អ្នកដែលជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់ពួកគេ មិនស្រេកទៀតឡើយ ពីព្រោះទោសនៃអំពើបាបទាំងអស់របស់ពួកគេបានបញ្ចប់ទាំងស្រុង ជាមួយទណ្ឌកម្មដែលព្រះយេស៊ូវបានទទួលយកនៅលើឈើឆ្កាង។ យើងត្រូវតែយល់ និងជឿតាមសេចក្តីពិតនេះ។ ដោយសារព្រះយេស៊ូវ គ្រីស្ទបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន យើងបានស្អាតពីអំពើបាបទាំងអស់តែម្តងជាសម្រេច ដោយការជឿតាមសេចក្តីពិតនេះ។
ព្រះបានបង្គាប់ឲ្យយើងបរិភោគសាច់របស់ព្រះយេស៊ូវ ហើយផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿ។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សម្នាក់ៗ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយដោយសារទ្រង់បានលះបង់រូបអង្គរបស់ទ្រង់នៅក្នុងទណ្ឌកម្មនៅលើឈើឆ្កាង និងបានបង្ហូរព្រះលោហិតទ្រង់ ចិត្តរបស់អ្នកដែលជឿនៅពេលនេះមានស្អាត និងលែងស្រេកទៀតហើយ ពីព្រោះពួកគេបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ និងបានទទួលយកទណ្ឌកម្មនៃបាប ដោយសេចក្តីជំនឿរួចហើយ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលថា «សាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំជាគ្រឿងផឹកពិតប្រាកដ» (យ៉ូហាន ៦:៥៥)។ 
ប្រាកដបំផុតនោះគឺថា ព្រះយេស៊ូវនេះគឺពិតជាព្រះអង្គសង្រ្គោះ ព្រះរាជបុត្រានៃព្រះ ដែលបានលាងសម្អាតអំពើបាបរបស់យើង និងបានទទួលទណ្ឌកម្មនៃអំពើបាបរបស់យើង។ ដើម្បីរំដោះយើងចេញពីក្រិត្យវិន័យដែលប្រកាសពីឈ្នួលនៃបាបគឺជាសេចក្តីស្លាប់ ដើម្បីលាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើង និងដើម្បីសង្រ្គោះយើងចេញពីទណ្ឌកម្មទាំងអស់របស់យើង ព្រះអង្គនេះ ដែលជាព្រះអង្គសង្រ្គោះ និងព្រះរាជបុត្រានៃព្រះ បានលះបង់រូបកាយរបស់ទ្រង់នៅលើឈើឆ្កាង បានបង្ហូរព្រះលោហិតទ្រង់ និងបានលាងសម្អាតចិត្តរបស់អ្នកដែលជឿ និងធ្វើឲ្យចិត្តរបស់ពួកគេលែងស្រេកទៀត។ នេះហើយគឺជាប្រសិទ្ធភាពនៃសាច់ និងឈាមរបស់ព្រះយេស៊ូវ។ 
ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាប និងទោសរបស់មនុស្សជាតិចេញ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលបានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួល បានជាប់ឆ្កាង និងបានសម្រក់ព្រះលោហិតទ្រង់ ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបទាំងនេះ។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ ដាក់លើអង្គទ្រង់ ទើបទណ្ឌកម្មនៃបាប ដែលទ្រង់បានទទួលយក ដោយការសុគតនៅលើឈើឆ្កាង អាចធ្វើក្លាយជាទណ្ឌកម្មនៃអំពើបាបរបស់យើងផ្ទាល់បាន។ 
តាមរយៈការជឿតាមសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ យើងអាចទទួលបានការអត់ទោសបាប។ អ្នកទាំងអស់គ្នាត្រូវតែជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសម្រក់ព្រះលោហិតរបស់ទ្រង់គឺជាការអត់ទោសបាបរបស់អ្នក។ តាមរយៈការជឿតាមដំណឹងល្អនៃសេចក្តពិតនេះ ទើបយើងអាចបរិភោគសាច់ និងផឹកព្រះលោហិតរបស់ព្រះយេស៊ូវខាងវិញ្ញាណបាន។ នៅក្នុងន័យផ្សេង ដោយសារការជឿថា ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះរាជបុត្រានៃព្រះបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើងនៅលើឈើឆ្កាង យើងអាចធ្វើជាមនុស្សដែលអាចបរិភោគសាច់ និងផឹកព្រះលោហិតរបស់ទ្រង់ ហើយទទួលបានជីវិតអស់កល្បជានិច្ចបាន។ ដោយសារការជឿលើបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវ យើងអាចបរិភោគសាច់ និងផឹកព្រះលោហិតរបស់ទ្រង់បាន។ ហើយដោយការទទួលស្គាល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាងជាការអត់ទោសបាបរបស់យើង យើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង បានធ្វើជាកូនរបស់ព្រះ និងរស់នៅក្នុងនគរព្រះជារៀងរហូតបាន។ 
 

ដំបងដែលប៉ិចឡើងរបស់អើរ៉ុន

ក្នុងចំណោមប្រដាប់ប្រដាដែលត្រូវបានដាក់នៅខាងក្នុងហិបសញ្ញា ដំបងដែលប៉ិចឡើងរបស់អើរ៉ុនសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាសម្តេចសង្ឃដ៏អស់កល្បជានិច្ចនៅនគរស្ថានសួគ៌។ វាក៏ប្រាប់យើងផងដែរថា នៅក្នុងទ្រង់ មានជីវិតអស់កល្បជានិច្ច។ ដើម្បីសម្រួលដល់ការយល់ដឹងរបស់យើងអំពីចំណុចនេះ ចូរយើងបែរទៅឯ ជនគណនា ១៦:១-២៖ «រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែល ដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង»។ 
បទគម្ពីរនៅទីនេះប្រាប់យើងថា ក្នុងចំណោមពួកលេវី ពួកអ្នកដឹកនាំនៃពួកជំនុំចំនួន២៥០នាក់បានប្រមូលផ្តុំគ្នា ដើម្បីទាស់ប្រឆាំងនឹងអើរ៉ុន។ ពួកគេបាននិយាយថា «ម៉ូសេ និងអើរ៉ុន តើអ្នកបានធ្វើអ្វីចំពោះពួកគេ ដែលបាននាំពួកយើងចេញពីទឹកដីស្រុកអេស៊ីព្ទដូច្នេះ? តើអ្នកបានឲ្យចំការទំពាំងបាយជូរដល់យើងឬ? តើអ្នកបានប្រព្រឹត្តចំពោះពួកយើងយ៉ាងដូចម្តេច? តើអ្នកមិនបាននាំពួកយើងទៅក្នុងវាលរហោស្ថាន ដើម្បីស្លាប់នៅលើវាលខ្សាច់ទេឬអី? តើអ្នកអាចចាត់ទុកខ្លួនអ្នកជាអ្នកបម្រើរបស់ព្រះបានយ៉ាងដូចម្តេច? ហើយតើព្រះធ្វើការតាមរយៈអ្នកតែប៉ុណ្ណោះឬ? នៅក្នុងន័យផ្សេង ការបះបោរបានកើតឡើងចំពោះភាពជាអ្នកដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន។ 
នៅពេលនោះ ព្រះបានមានបន្ទូលទៅកាន់កូរេ ដាថាន អូន និងអ្នកដឹកនាំនៃពួកជំនុំដទៃទៀត ដែលបានដឹកនាំការបះបោរថា «ទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកឰយុកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកឰយុកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សំរាប់គ្រប់ទាំងមេនៃពួកវង្សឰយុកោគេ រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្តីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង»។ បន្ទាប់មក ព្រះបានមានបន្ទូលថា «ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្តីរទូរទាំរបស់ពួកកូនចៅ អ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ»។ 
បន្ទាប់មក នៅក្នុងខ.១០ យើងមើលឃើញថា «រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរដាក់ដំបងរបស់អើរ៉ុន នៅចំពោះមុខនៃសេចក្តីបន្ទាល់វិញទៅ ទុកជាទីសំគាល់ទាស់នឹងពួកអ្នកដែលចង់បះបោរ ដើម្បីឲ្យសេចក្តីរទូរទាំរបស់គេ បានផុតចេញពីមុខអញទៅ ក្រែងលោគេត្រូវស្លាប់»។ នេះហើយគឺជារបៀបដែលដំបងដែលប៉ិចឡើងរបស់អើរ៉ុនត្រូវបានដាក់ និងរក្សាទុកនៅខាងក្នុងហិបសញ្ញា។ 
ការនេះបង្ហាញថា អើរ៉ុនដែលជាបូជអំបូរលេវី ត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាសម្តេចសង្ឃនៃបណ្តាជនអ៊ីស្រាអែល។ លោកម៉ូសេគឺជាហោរារបស់ព្រះ ហើយអើរ៉ុន និងពូជពង្សរបស់គាត់គឺជាសម្តេចសង្ឃនៃបណ្តាជនអ៊ីស្រាអែល។ ព្រះទ្រង់ផ្ទាល់បានប្រគល់តួនាទីជាសម្តេចសង្ឃនៅផែនដីទៅដល់អើរ៉ុន។ ព្រះបានបង្ហាញពីប្រព័ន្ធថ្វាយយញ្ញបូជាទៅកាន់លោកម៉ូសេ ហើយបណ្តាជន អ៊ីស្រាអែលបានថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ កាលណាពួកគេបានធ្វើបាប ហើយទ្រង់បានតាំងអើរ៉ុនឲ្យទទួលខុសត្រូវចំពោះការថ្វាយតង្វាយទាំងនេះ ដោយស្របតាមសេចក្តីតម្រូវនៃប្រព័ន្ធថ្វាយយញ្ញបូជា។ 
ទោះបីជាព្រះបានប្រគល់តួនាទីជាសង្ឃទាំងអស់ដល់សម្តេចសង្ឃអើរ៉ុនក៏ដោយ ក៏នៅតែមានមនុស្សដែលបានទាស់ប្រឆាំងនឹងភាពជាសង្ឃរបស់គាត់ដែរ ហើយដោយហេតុនេះ ព្រះបានយកដំបងដែលប៉ិចឡើងរបស់អើរ៉ុន ដើម្បីបង្ហាញថា តួនាទីជាសង្ឃរបស់គាត់បានមកអំពីព្រះ។ បន្ទាប់មក ទ្រង់បានបង្គាប់ឲ្យបណ្តាជនអ៊ីស្រាអែលទុកដំបងនេះនៅក្នងហិបសញ្ញា ដើម្បីរំឮកពីមេរៀននេះ។ នេះហើយគឺជារបៀបដែលបន្ទះក្រិត្យវិន័យពីរ ចានមាសដាក់នំម៉ាន៉ា និងដំបងដែលប៉ិចឡើងរបស់អើរ៉ុនត្រូវបានដាក់នៅក្នុងហិបសញ្ញា។ តើប្រដាប់ប្រដាទាំងបីនេះសំដៅខាងវិញ្ញាណទៅលើអ្វី? ពួកវាសំដៅទៅលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះរបស់យើង។ 
 


តើព្រះរាជកិច្ចអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ?


ទីមួយ ទ្រង់បានបំពេញសម្រេចព័ន្ធកិច្ចរបស់ហោរា។ ទ្រង់គឺជាអាល់ហ្វា និងអូមេហ្គា។ ទ្រង់ជ្រាបពីដើមដំបូង និងចុងបញ្ចប់ ហើយទ្រង់បានបង្រៀនយើងទាំងអស់គ្នាអំពីដើមដំបូង និងចុងបញ្ចប់។ ព្រះអម្ចាស់បានជ្រាបពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សជាតិ គឺចំពោះអ្នក និងខ្ញុំ បើសិនយើងនៅតែមានបាបបែបនេះ។ 
ទីពីរ ព្រះយេស៊ូវបានធ្វើជាសម្តេចសង្ឃដ៏អស់កល្បជានិច្ច នៅនគរស្ថានសួគ៌។ ហើយទ្រង់បានយាងមកផែនដីនេះ ពីព្រោះទ្រង់ចង់សង្រ្គោះយើងចេញពីបាប ដោយការធ្វើជាព្រះអង្គសង្រ្គោះរបស់យើង គឺសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ដោយការធ្វើជាសម្តេចសង្ឃដ៏ពិតនៅនគរស្ថានសួគ៌។ 
ទីបី ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចរបស់យើង។ ព្រះគម្ពីរប្រកាសថា «ទ្រង់មាននាមកត់នៅព្រះពស្ត ហើយនៅព្រះឱរូទ្រង់ថា [ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់]» (វិវរណៈ ១៩:១៦)។ ទ្រង់គឺជាព្រះ អាទិករនៃសកលលោកទាំងមូល ហើយមានសិទ្ធិអំណាចគ្រប់គ្រងលើគ្រប់យ៉ាងនៅក្នុងសកលលោកនេះ។ 
យើងទាំងអស់គ្នាគួរតែដឹងថា ឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទដែលជាស្តេចដ៏ពិតរបស់យើង ជាហោរាដែលបានបង្រៀនយើងអំពីសេចក្តីពិតនៃសេចក្តីសង្រ្គោះចេញពីបាបរបស់យើង និងជាសម្តេចសង្ឃដ៏អស់កល្បជានិច្ចនៅស្ថានសួគ៌ បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើងហើយ។ 
ព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំចេញពីបាប ហើយបានយកយើងធ្វើជារាស្ត្ររបស់ព្រះ កូនរបស់ទ្រង់ និងអ្នកបម្រើការងាររបស់ទ្រង់ ហើយទ្រង់បានជួយឲ្យយើងអាចធ្វើការល្អបាន។ ទ្រង់បានធ្វើឲ្យព្រលឹងរបស់យើងបានកើតជាថ្មី ដើម្បីឲ្យយើងអាចរស់នៅក្នុងជីវិតថ្មីនៅលើផែនដី ហើយទ្រង់បានប្រទានឲ្យយើងនូវជីវិត ដើម្បីឲ្យកាលណាពេលវេលាមកដល់ ទ្រង់នឹងលើករូបកាយរបស់យើងឡើង ហើយជួយឲ្យយើងអាចរស់នៅជាមួយទ្រង់នៅស្ថានសួគ៌ជារៀងរហូតបាន។ តើព្រះយេស៊ូវគ្រីស្ទគឺជាអ្នកណាសម្រាប់អ្នក និងខ្ញុំ? ទ្រង់គឺជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ ហើយទ្រង់គឺជាហោរា សម្តេចសង្ឃ និង ស្តេចដ៏អស់កល្បជានិច្ចរបស់យើង។ 
ទោះបីជាយើងមិនចង់ប្រឆាំងនឹងបំណងព្រះហឫទ័យព្រះក៏ដោយ ក៏យើងមានពេញលេញ និងខ្សោយ ហើយធ្វើបាបគ្រប់ពេលវេលាដែរ។ បើសិនយើងបន្តរស់នៅតាមរបៀបនេះ ស្លាប់ទៅតាមរបៀបនេះ ហើយបន្ទាប់មក ឈរនៅចំពោះព្រះ តើយើងសមនឹងទៅកន្លែងណា? តើវាជាស្ថានសួគ៌ ឬស្ថាននរក? បើសិនយើងត្រូវបានវិនិច្ឆ័យ ដោយក្រិត្យវិន័យដែលប្រកាសថា «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» តើយើងនឹងមិនត្រូវវិនាសទេឬ? ទ្រង់ដែលបានសង្រ្គោះយើងចេញពីបាប និងសេចក្តីវិនាស ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង គឺជាព្រះយេស៊ូវគ្រីស្ទ។ ព្រះអង្គទ្រង់ផ្ទាល់បានយាងមកផែនដីនេះ បានស្រឡាញ់យើង និងបានធ្វើជាព្រះអង្គសង្រ្គោះ ដែលបានរំដោះយើងចេញពីបាប ហើយបានធ្វើអ្នកគង្វាលដ៏អស្ចារ្យនៃហ្វូងចៀមរបស់ទ្រង់។ 
យ៉ូហាន ៣:១៦ ប្រាប់យើងថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ព្រះពីតជាបានស្រឡាញ់អ្នក និងខ្ញុំយ៉ាងខ្លាំង ដែលទ្រង់ផ្ទាល់បានយាងមកផែនដីនេះសម្រាប់យើង បានទទួលបុណ្យជ្រមុជ ដើម្បីទទួលផ្ទុកអំពើបាបរបស់លោកិយនេះ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ ដូច្នេះ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទដែលបានធ្វើជាព្រះអង្គសង្រ្គោះនៅក្នុងចិត្តរបស់យើង យើងបានធ្វើជាមនុស្សដែលបានស្អាតពីបាប បានទទួលអំណោយទាននៃសេចក្តីសង្រ្គោះ ដែលបានជួយឲ្យយើងអាចធ្វើជាកូនរបស់ព្រះ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 
មានការមួយ ដែលយើងត្រូវតែជឿនៅចំពោះព្រះ។ ការនោះគឺថា ដោយសារព្រះបានស្រឡាញ់យើង ហើយដើម្បីដោះអំពើបាបរបស់យើងចេញ ទ្រង់បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ តាមរយៈការបរិភោគសាច់របស់ព្រះយេស៊ូវ និងការផឹកព្រះលោហិតទ្រង់ ដោយសេចក្តីជំនឿរបស់យើងនៅក្នុងចិត្ត យើងអាចទទួលបានជីវិតអស់កល្បជានិច្ចបាន។ ហើយដោយសារគ្មានអ្វីដែលមានភាពច្បាស់លាស់ជាងការពិតនេះទេ នោះយើងត្រូវតែទទួលស្គាល់ និងជឿតាមសេចក្តីពិត។ 
យើងត្រូវតែបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកព្រះលោហិតទ្រង់ ដោយសេចក្តីជំនឿ។ ហើយគ្រប់គ្នាអាចមានសេចក្តីជំនឿនេះ ដែលទទួលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានបំពេញសម្រេចបាន។ ហើយយើងគ្មានអ្វីត្រូវធ្វើ ក្រៅតែពីជឿតាមសេចក្តីពិតនេះ ឡើយ។ យើងងាយនឹងមិនស្តាប់បង្គាប់ព្រះ ហើយធ្វើបាប។ ប៉ុន្តែព្រះនៅតែបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់របស់យើងតែម្តងជាសម្រេច ពីព្រោះទ្រង់ស្រឡាញ់យើងទាំងអស់គ្នា។ 
 

តើព្រះបានមានបន្ទូលអំពីសេចក្តីសង្រ្គោះតាមរបៀបណានៅក្នុងព្រះគម្ពីរសញ្ញាចាស់?

ដូច្នេះ តើព្រះអម្ចាស់បានសង្រ្កោះតាមវិធីសាស្ត្រអ្វី? នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់បានមានបន្ទូលអំពីសេចក្តីសង្រ្គោះនេះ តាមរយៈពណ៌ដែលមាននៅក្នុងទ្វាររោងឧបោសថ និងសំលៀកបំពាក់របស់សម្តេចសង្ឃ។ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃអំបោះ និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលមាននៅក្នុងទ្វាររោងឧបោសថ បើកសម្តែងប្រាប់យើងអំពីសេចក្តីសង្រ្គោះដ៏ឥតខ្ចោះរបស់ទ្រង់។ ហើយនៅលើសំលៀកបំពាក់របស់សម្តេចសង្ឃ អំបោះមាសត្រូវបានបន្ថែម។
អំបោះពណ៌ផ្ទៃមេឃប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង ហើយបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ។ អំបោះពណ៌ស្វាយប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើអស់ទាំំងស្តេច និងព្រះអាទិករដែលបានបង្កើតសកលលោកនេះ។ ហើយអំបោះពណ៌ក្រហមប្រាប់យើងថា ដោយសារព្រះយេស៊ូវគ្រីស្ទបានផ្ទុកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បាននាំអំពើបាបរបស់លោកិយនេះ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងអស់នៅលើឈើឆ្កាង ដោយការបង្ហូរព្រះលោហិត និងការសុគត ហើយដូច្នេះ ប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះដែលរំដោះយើងចេញពីទោសនៃអំពើបាបទាំងអស់របស់យើង។ 
សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់គឺជាព្រះបន្ទូលដែលទាក់ទងគ្នានៅក្នុងព្រះគម្ពីរចាស់ និងសញ្ញាថ្មី ដែលប្រាប់យើងថា ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីដោះអំពើបាបរបស់អ្នកដែលជឿចេញ លាងសម្អាតវិញ្ញាណរបស់ពួកគេឲ្យសដូចជាព្រិល និងសង្រ្គោះពួកគេ។ ហើយអំបោះពណ៌មាសសំដៅទៅលើសេចក្តីជំនឿ ដែលជឿលើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង។ នេះហើយគឺជាមូលហេតុដែលអំបោះពណ៌មាសបញ្ចេញពន្លឺ។ អ្នក និងខ្ញុំគ្មានអ្វីដែលត្រូវអួតឡើយ ប៉ុន្តែត្រូវតែជឿយ៉ាងអស់ពីចិត្តលើអ្វីដែលព្រះយេស៊ូវដ៏ជាព្រះ និងព្រះរាជបុត្រានៃព្រះ បានធ្វើសម្រាប់យើង។ យើងអាចទទួលបានសេចក្តីស្រឡាញ់របស់ព្រះ ទទួលបានព្រះពររបស់ទ្រង់ និងមានអំណរនៅក្នុងទ្រង់បាន លុះត្រាតែយើងជឿលើទង្វើដ៏សុចរិត ដែលទ្រង់បានធ្វើ។ នេះហើយគឺជាអ្វីដែលព្រះកំពុងតែប្រាប់យើងអំពីរោងឧបោសថ។ 
យើងត្រូវតែដឹងពីអ្វីដែលព្រះកំពុងតែប្រាប់យើង តាមរយៈហិបសញ្ញាដែលត្រូវបានដាក់នៅក្នុងរោងឧបោសថ។ យើងត្រូវតែដឹង និងជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់មនុស្សជាតិ និងអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានទទួលយកទណ្ឌកម្មនៃបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។
តាមរយៈហិបសញ្ញា ព្រះចង់ឲ្យយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់របស់យើង។ អ្នកដែលជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវទទួលយកអំពើបាបរបស់ខ្លួនផ្ទាល់ ការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងជាការស្លាប់របស់ខ្លួនផ្ទាល់ និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ជាការរស់ពីស្លាប់ឡើងវិញរបស់ខ្លួនផ្ទាល់ គឺជាអ្នកដែលព្រះបានសង្រ្គោះហើយ។ 
ដូច្នេះ តើរោងឧបោសថនេះចង់សំដៅទៅលើអ្នកណា? វាសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ។ វាប្រាប់យើងអំពីវិធីសាស្ត្រនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រើ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី វាគឺជាព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ដោយលាងសម្អាតយើងចេញពីសេចក្តីរំលង និងអំពើបាបទាំងអៃ់របស់យើង តែម្តងជាស្រេច។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តង្វាយយញ្ញបូជាបានសង្រ្គោះពួកមនុស្សមានបាប ដោយការទទួលយកសេចក្តីរំលងរបស់ពួកគេ នៅពេលពួកគេបានដាក់ដៃលើក្បាលរបស់វា និងតាមរយៈការបង្ហូរឈាមរបស់វា និងការស្លាប់របស់វា។ ព្រះគម្ពីរសញ្ញាចាស់ហៅការស្លាប់នៃតង្វាយយញ្ញបូជាដែលបានទទួលអំពើបាបរបស់ពួកមនុស្សមានបាប តាមរយៈការដាក់ដៃលើ និងការស្លាប់ជំនួសពួកគេ ជាការស្លាប់ធួននឹងបាប។ បើប្រៀបធៀបទៅនឹងព្រះគម្ពីរសញ្ញាថ្មី ប្រព័ន្ធថ្វាយយញ្ញបូជាធួននឹងបាប ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គបំពេញសម្រេចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានយាងមក ដោយបុណ្យជ្រមុជ និងព្រះលោហិត។ 
ដូច្នេះ តើអ្នកណាបានបង្កើត និងកំណត់ច្បាប់នៃសេចក្តីសង្រ្គោះនេះ? ព្រះដ៏ជាព្រះអង្គសង្រ្គោះរបស់យើងបានកំណត់ច្បាប់នេះ។ ព្រះបានបង្កើតច្បាប់នៃសេចក្តីសង្រ្គោះ ដែសង្រ្គោះពួកមនុស្សមានបាបចេញពីបាប ហើយទ្រង់បានប្រទានច្បាប់នេះឲ្យយើង។ នៅក្នុងហិបសញ្ញា មានបន្ទះថ្មក្រិត្យវិន័យពីរ ចាននំម៉ាន៉ា និងដំបងដែលប៉ិចឡើងរបស់អើរ៉ុន ហើយប្រដាប់ប្រដាទាំងនេះប្រាប់យើងអំពីបុគ្គលិកលក្ខណៈ និងព័ន្ធកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ 
ដំបងដែលប៉ុចឡើងរបស់អើរ៉ុនប្រាប់យើងថា ព្រះសង្រ្គោះយើង កាលណាយើងជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាសម្តេចសង្ឃខាងវិញ្ញាណនៅស្ថានសួគ៌ និងអ្នកគង្វាលល្អរបស់យើង។ ចាននំម៉ាន៉ាក៏ប្រាប់យើងផងដែរអំពីសាច់ និងឈាមរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជានំប៉័ងជីវិត។ បន្ទះថ្មក្រិត្យវិន័យពីរក៏ប្រាប់យើងផងដែរថា ព្រះគឺជាអង្គបង្កើតច្បាប់។ ក្រិត្យវិន័យដែលព្រះបានបង្កើត គឺជាច្បាប់នៃបាប និងសេចក្តីស្លាប់ និងច្បាប់នៃការអត់ទោសបាប និងសេចក្តីសង្រ្គោះ។ ក្នុងនាមជាព្រះរបស់យើង ព្រះយេស៊ូវបានបង្កើតច្បាប់នៃជីវិត និងច្បាប់នៃទណ្ឌកម្មសម្រាប់យើង។ 
ដូច្នេះ ហិបសញ្ញា និងគ្រប់យ៉ាងនៅក្នុងវា សុទ្ធតែប្រាប់យើងអំពីព្រះយេស៊ូវគ្រីស្ទ។ ដោយការជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង យើងអាចបានស្អាតពីអំពើបាបទាំងអស់របស់យើង ហើយទទួលបានសេចក្តីសង្រ្គោះ។ ទោះបីជាមិនពេញលេញ និងខ្សោយយ៉ាងណាក៏ដោយ បើសិនយើងទទួលស្គាល់ និងដើរតាមច្បាប់ដែលព្រះយេស៊ូវបានបង្កើត នោះយើងអាចធ្វើជាមនុស្សមានបាបម្តង ហើយបន្ទាប់មក បានធ្វើជាមនុស្សសុចរិត ដោយការទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ហើយបានធ្វើជារាស្ត្ររបស់ព្រះផ្ទាល់។ តើអ្នកជឿដែរទេ?
នៅពេលបច្ចុប្បន្ននេះ គ្រីស្ទបរិស័ទស្ទើរតែទាំំងអស់នៅក្នុងពិភពលោកនេះជឿលើព្រះយេស៊ូវ តាមរបៀបឥតប្រយោជន៍ ពីព្រោះពួកគេមិនស្គាល់សេចក្តីពិត ដែលមាននៅក្នុងរោងឧបោសថទេ។ ពួកគេជឿថា ពួកគេអាចទទួលបានការអត់ទោសបាប ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ នៅក្នុងន័យផ្សេង ពួកគេជឿថា ព្រះយេស៊ូវបានសង្រ្គោះពួកគេ ដោយព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ ប៉ុន្តែតើព្រះយេស៊ូវពិតជាគ្រាន់តែសុគតនៅលើឈើឆ្កាង សម្រាប់សេចក្តីសង្រ្កោះរបស់យើងឬ? តើទ្រង់គ្រាន់តែបានធ្វើដូច្នេះសម្រាប់សេចក្តីប្រោសលោះរបស់យើងឬ? ផ្ទុយទៅវិញ តើទ្រង់មិនបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន (ម៉ាថាយ ៣:១៣-១៥; ១ពេត្រុស ៣:២១; ១យ៉ូហាន ៥:៦) ទេឬ?
ប៉ុន្តែគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ ដើម្បីទទួលបានការអត់ទោសបាបតែពាក់ កណ្តាល។ ដូច្នេះ តាមរយៈការជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះ ពួកគេថ្វាយការអធិស្ឋានលន់តួបាបជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមលាងសម្អាតអំពើបាបជាក់ស្តែងរបស់ពួកគេដោយខ្លួនឯង។ នេះគឺជាសេចក្តីសង្រ្គោះដែលមិនត្រឹមត្រូវ ពីព្រោះវាដូចជាការលាងសម្អាតអំពើបាបពាក់ កណ្តាលរបស់ពួកគេ ដោយសេចក្តីជំនឿ ហើយព្យាយាមលាងសម្អាតអំពើបាបទាំងអស់ទៀត ដោយខ្លួនឯង។ 
ខណៈដែលនេះគឺជាការពិត យើងត្រូវតែបន្តប្រកាសអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវរួមនឹងព្រះលោហិតទ្រង់ជានិច្ច។ មកដល់វេលានេះ ខុសពីគ្រីស្ទបរិស័ទនៃពួកជំនុំដំបូង គ្រីស្ទបរិស័ទជាយ៉ាងច្រើននៅក្នុងលោកិយនេះបានជឿលើសេចក្តីជំនឿតែពាក់កណ្តាល។ នេះគឺជារបៀបដែលពួកគេជឿតាមជំនឿគ្រីស្ទបរិស័ទ ដូចជាជឿតាមសាសនាមួយនៅក្នុងលោកិយនេះដែរ។ 
មួយរយៈពេលមុន ស្ត្រីម្នាក់ឈ្មោះ Valeria Jones ពីសហរដ្ឋអាមេរិក បានទទួលការអត់ទោសបាប បន្ទាប់ពីបានអានសៀវភៅទីមួយនៃសៀវភៅជាស៊េរីអំពីរោងឧបោសថ។ មុនពេលគាត់អានសៀវភៅនេះ គាត់បានអានសៀវភៅផ្សេងៗទៀតរបស់យើងរួចហើយ។ ទោះបីជាគាត់បានយល់ស្របជាមួយអ្វីដែលសៀវភៅរបស់យើងនិយាយក៏ដោយ ក៏គាត់មិនទាន់ជឿទាំងស្រុងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ គាត់បានប្រាប់យើងថា គាត់នៅតែមានការសង្ស័យថា «នេះហាក់បីដូចជាត្រឹមត្រូវ ប៉ុន្តែហេតុអ្វីមនុស្សជាច្រើនមិនកំពុងតែប្រកាសវាដូច្នេះ?»។ ប៉ុន្តែគាត់បានសារភាពថា នៅពេលគាត់បានបញ្ចប់ការអានសៀវភៅទីមួយនៃសៀវភៅជាស៊េរីអំពីរោងឧបោសថ គាត់មានសេចក្តីជំនឿច្បាស់លាស់លើសេចក្តីសង្រ្គោះ ដែលជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតត្រឹមត្រូវ ដែលមាននៅក្នុងរោងឧបោសថមែន។ 
អ្នកអានសៀវភៅដូចគ្នាម្នាក់ ដែលមកពី Benin បានសរសេរសំបុត្រមកកាន់យើងថា «អ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដឹងថា បន្ទាប់ពីបានទទួលការអត់ទោសបាប តាមរយៈការអានសៀវភៅរបស់អ្នក នៅពេលនេះ ខ្ញុំបានចាកចេញពីពួកជំនុំរបស់ខ្ញុំហើយ។ ហេតុអ្វីខ្ញុំបានចាកចេញពីពួកជំនុំដែលខ្ញុំធ្លាប់ចូលរួម? ពីព្រោះពួកគេបានអធិប្បាយអំពីគោលលទ្ធិអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ ដែលជាអ្វីដែលមិនត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរ។ គោលលទ្ធិអំពីការញែកបរិសុទ្ធបន្តិចម្តងៗមិនស្របតាមព្រះគម្ពីរឡើយ។ នៅពេលពួកគេបានបន្តបង្រៀនថា ខ្ញុំត្រូវតែ និងអាចបានញែកជាបរិសុទ្ធបាន ខណៈដែលការពិតគឺថា សាច់ឈាមរបស់ខ្ញុំមិនអាចបានញែកជាបរិសុទ្ធបានឡើយ ខ្ញុំមិនអាចស៊ូទ្រាំអង្គុយស្តាប់សេចក្តីអធិប្បាយបែបនេះបានទៀតឡើយ។ 
ដោយហេតុនេះខ្ញុំបានបំបែកខ្លួន និងចាកចេញពីពួកជំនុំនេះ។ ដោយសារខ្ញុំបានទទួលការអត់ទោសបាប ដោយការអានសៀវភៅរបស់អ្នក ឥឡូវនេះ ខ្ញុំត្រូវតែបំបែកខ្លួន និងចាកចេញពីពួកជំនុំដែលខ្ញុំបានចូលរួម។ ដូចដែលយើងបានក្លាយជាមនុស្សនៃសេចក្តីជំនឿ និងបានរួបរួមខ្លួនយើងជាមួយពួកជំនុំរបស់ព្រះ មនុស្សទាំងអស់នៅក្នុងលោកិយនេះក៏អាចផ្លាស់ប្រែបានដែរ បើសិនពួកគេគ្រាន់តែស្គាល់សេចក្តីពិត ដូចដែលព្រះបន្ទូលប្រាប់ថា «អ្នកនឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងដោះឲ្យអ្នកបានរួច»។ 
ហិបសញ្ញានៅក្នុងរោងឧបោសថ ក៏បើកសម្តែងអំពីព្រះយេស៊ូវគ្រីស្ទផងដែរ។ ហិបសញ្ញានេះត្រូវបានដាក់នៅផ្នែកដ៏ជ្រៅបំផុតនៃរោងឧបោសថ។ ហើយគេអាចមើលឃើញវា លុះត្រាតែគេលើកបើកសំពត់ទ្វារនៃរោងឧបោសថ ហើយចូលទៅ ហើយបន្ទាប់មកលើកបើកវាំងនននៃទីបរិសុទ្ធបំផុត ហើយដើរចូលទៅឯវា។ នៅក្នុងន័យផ្សេង ទ្វាររោងឧបោសថត្រូវបានដាក់នៅប៉ែកខាងកើត ហើយហិបសញ្ញាត្រូវបានដាក់នៅចុងខាងលិចនៃរោងឧបោសថ។ 
 

មិនគួរដកឈើស្នែងចេញទេ

និក្ខមនំ ២៥:១៤-១៥ និយាយថា «រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហិបនោះសំរាប់សែងទៅ ១៥ ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវឲ្យដកចេញឡើយ»។ តើខទាំងនេះចង់មានន័យយ៉ាងដូចម្តេច? តាមរយៈខទាំងនេះ ព្រះកំពុងតែប្រាប់យើងថា យើងគួរតែបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយការថ្វាយខ្លួនយើងដាច់ទៅចំពោះទ្រង់។ ដំណឹងល្អត្រូវបានប្រកាសទៅ លុះត្រាតែយើងលះបង់ខ្លួនយើងទៅចំពោះព្រះរាជកិច្ចរបស់ទ្រង់។ ដើម្បីបម្រើព្រះអម្ចាស់ ដោយលះបង់ខ្លួនយើងទៅចំពោះដំណឹងល្អ យើងត្រូវដើរតាមផ្លូវនៃឈើឆ្កាង ដែលព្រះអម្ចាស់បានដើរមុនយើង។ ដូច្នេះហើយបានជាទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។ 
ដើម្បីប្រកាសដំណឹងល្អពិតទៅកាន់លោកិយទាំងមូល តម្រូវឲ្យយើងមានការលះបង់ ការស៊ូទ្រាំ និងការរងទុក្ខដ៏ធំធេង។ យើងអាចមើលឃើញពីការនេះចេញពីរបៀបដែលសាវកប៉ុលបានរងទុក្ខសម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន៖ «គេជាអ្នកបំរើព្រះគ្រីស្ទឬអី (ខ្ញុំនិយាយបែបដូចជាវង្វេងស្មារតីហើយ) ខ្ញុំក៏លើសជាងគេទៅតៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្តីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្តីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត» (២កូរិនថូស ១១:២៣-២៨)។ 
ទោះបីជាយ៉ាងណា អ្នកដែលស្រឡាញ់ខ្លួនឯងខ្លាំងជាងព្រះអម្ចាស់ ដែលបានលះបង់អង្គទ្រង់ ដើម្បីសង្រ្គោះពួកគេចេញពីទោសទាំងអស់របស់ពួកគេ មិនអាចលះបង់សម្រាប់នគរព្រះបានឡើយ។ ការបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនមែនជាកិច្ចការងាយស្រួលទេ។ តើកសិករម្នាក់រំពឹងចង់បានភោគផលល្អ ដោយមិនបញ្ចេញញើសសោះបានយ៉ាងដូចម្តេច? 
ដូច្នេះ ការសែងហិបសញ្ញាតម្រូវឲ្យមានការលះបង់របស់យើង។ មានពេលមួយ ស្តេចដាវីឌបានព្យាយាមដាក់ហិបសញ្ញានៅលើរទេះថ្មី ដែលដឹកដោយគោ ជំនួសឲ្យការប្រើឈើស្នែងសែងដោយមនុស្សរបស់ទ្រង់។ នៅតាមផ្លូវ គោបានកញ្ជ្រោលឡើង ហើយបុរសម្នាក់ឈ្មោះ អ៊ុសា បានយកដៃរបស់គាត់ទប់ហិបសញ្ញារបស់ព្រះ។ ព្រះក៏បានខ្ញាល់ចំពោះអ៊ុសា ហើយទ្រង់បានប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់ទ្រង់ (២សាំយ៉ូអែល ៦:១-៧)។ ហើយអ៊ុសាបានស្លាប់នៅក្បែរហិបនៃព្រះនោះទៅ។ ដូច្នេះ ស្តេចដាវីឌមានសេចក្តីភ័យញ័រ ហើយបាននាំហិបសញ្ញាចូលទៅទុកក្នុងផ្ទះរបស់អូបិឌ-អេដំម ដែលជាអ្នកមកពីក្រុងដាថ។ មនុស្សរបស់ស្តេចដាវីឌបានសែងហិបសញ្ញានៅលើស្មាវិញ ហើយ រយៈពេលបីខែក្រោយ ទ្រង់អាចនាំហិបនេះមកក្នុងតំណាក់របស់ទ្រង់បាន។ ដូចដែលរឿងនេបញ្ជាក់ប្រាប់ យើងត្រូវតែសែងហិបសញ្ញា តាមរបៀបដែលព្រះបានបង្គាប់យើង គឺដោយញើស និងឈាមរបស់យើង ដោយការលះបង់របស់យើង និងដោយភក្តីភាពដ៏មិនប្រែប្រួលរបស់យើងចំពោះដំណឹងល្អរបស់ទ្រង់។ 
អ្នកដែលពិតជាបានទទួលការអត់ទោសបាប និងមានការអរព្រះគុណដ៏ខ្លាំង មានសេចក្តីំណរយ៉ាងក្រៃលែង ដែលបានលះបង់ខ្លួនឯងទៅចំពោះព្រះអម្ចាស់ ដែលបានលះបង់អង្គទ្រង់សម្រាប់ខ្លួន។ យើងសូមអរព្រះគុណម្តងហើយម្តងទៀត ចំពោះព្រះអម្ចាស់ដ៏ជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង ដែលបានអនុញ្ញាតឲ្យយើងបម្រើដំណឹងល្អនៅលើផែនដីនេះ។ 
យើងមានអំណរ និងសេចក្តីស្ញប់ស្ញែងចំពោះការពិតថា ព្រះអម្ចាស់បានជ្រើសរើសយើងឲ្យបម្រើដំណឹងល្អនៃសេចក្តីពិតនេះ ដើរតាមទ្រង់ និងរស់នៅក្នុងជីវិតដែលផ្គាប់ព្រះទ័យទ្រង់។ យើងមានអំណរក្រៃលែង ដែលទ្រង់អនុញ្ញាតឲ្យយើងស្គាល់សេចក្តីពិតនៃសេចក្តីសង្រ្គោះ ហើយបម្រើដំណឹងល្អនេះ។ យើងត្រូវតែអរព្រះគុណដល់ទ្រង់ សម្រាប់ព្រះពរដ៏អស្ចារ្យនេះ។ ដូច្នេះហើយបានជាយើងស្ម័គ្រចិត្តលះបង់ខ្លួនយើង ដើម្បីប្រកាសដំណឹងល្អពិត ដោយឥតសំចៃពេលវេលា កម្លាំង ឬទ្រព្យសម្បត្តិសម្រាប់កាតព្វកិច្ចដ៏បរិសុទ្ធនៃការផ្សាយដំណឹងល្អដល់លោកិយនេះ។ 
តាមការពិត យើងត្រូវតែអរព្រះគុណដល់ព្រះយ៉ាងខ្លាំង ដែលយើងបានទទួលការអត់ទោសបាប។ ប៉ុន្តែព្រះមិនបានបញ្ឈប់នៅត្រង់នេះឡើយ ហើយលើសពីនេះ ទ្រង់បានជួយឲ្យយើងអាចស៊ូទ្រាំប្រកាសដំណឹងល្អនៃសេចក្តីពិត ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះគឺជាព្រះពរដ៏ធំធេងមួយសម្រាប់យើង!
តើអ្នកណាផ្សេងទៀតហ៊ានបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ? មិនមែនគ្រប់គ្នាអាចបម្រើដំណឹងល្អនេះបានឡើយ។ តើអ្នកនយោបាយអាចបម្រើដំណឹងល្អនេះបានទេ? អភិបាលរដ្ឋ? ប្រធានាធិបតី? ស្តេច? ទោះបីជាមនុស្សមានតួនាទីសង្គមខ្ពស់យ៉ាងណាក៏ដោយ បើសិនពួកគេមិនស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ពួកគេមិនអាចបម្រើដំណឹងល្អពិតនេះបានឡើយ។ ប៉ុន្តែព្រះបានប្រទានឲ្យយើងនូវឱកាសដែលយើងមិនសមនឹងទទួលបាន ហើយពិតជាបានជួយយើងឲ្យអាចបម្រើដំណឹងល្អនេះបាន។ នេះគឺជាព្រះពរដ៏អស្ចារ្យមួយសម្រាប់យើង!
ខ្ញុំអរព្រះគុណដល់ព្រះ សម្រាប់ព្រះគុណដែលបានសង្រ្គោះយើង ដោយព្រោះទ្រង់បានស្រឡាញ់យើង។ ឱបងប្អូនប្រុសស្រីអើយ យើងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះជាម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង។ យើងគឺជារាស្ត្ររបស់ព្រះ ដែលបរិភោគសាច់របស់ព្រះយេស៊ូវ និងផឺកព្រះលោហិតទ្រង់ តា មរយៈសេចក្តីជំនឿខាងវិញ្ញាណ។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវមិនមែនជាព្រះនៃមនុស្សស្លាប់ទេ ប៉ុន្តែជាព្រះនៃមនុស្សរស់វិញ (លូកា ២០:៣៨) ហើយមនុស្សរស់នៅទីនេះគឺជាអ្នកដែលបានទទួលជីវិតអស់កល្បជានិច្ច ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ អ្នកដែលមិនជឿតាមសេចក្តីពិតនៃដំណឹងល្អ គឺជាមនុស្សស្លាប់ខាងវិញ្ញាណ ហើយអ្នកដែលជឿតាម គឺជាមនុស្សរស់ខាងវិញ្ញាណ។ ហើយព្រះគឺពិតជាព្រះនៃអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ 
ឱបងប្អូនប្រុសស្រីអើយ ព្រះយេស៊ូវទ្រង់ផ្ទាល់បានប្រទានឲ្យយើងនូវការអត់ទោសបាប តាមរយៈសាច់ និងឈាមរបស់ទ្រង់ផ្ទាល់។ ដូច្នេះ អ្នកត្រូវតែដឹងថា បើសិនអ្នកមិនជឿតាមសេចក្តីពិតនេះទេ អ្នកនឹងមិនមានទំនាក់ទំនងជាមួយព្រះយេស៊ូវឡើយ។ ព្រះយេស៊ូវបានប្រទានឲ្យអ្នកនូវព្រះពរពីស្ថានសួគ៌ ជីវិតអស់កល្បជានិច្ច និងការអត់ទោសសម្រាប់អំពើបាបរបស់អ្នក។ តើអ្នកណាគឺជាព្រះអង្គដែលបានធ្វើជាអ្នកគង្វាល ហើយថែរក្សា និងប្រទានព្រះពរដ៏អស់កល្បជានិច្ចដល់អ្នក? គឺព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះ ដែលបានបំពេញសម្រេចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ ព្រះយេស៊ូវគឺជាព្រះ។ ខ្ញុំអធិស្ឋានថា អ្នករាល់គ្នានឹងជឿ និងទទួលយកព្រះយេស៊ូវនេះជាព្រះអង្គសង្រ្គោះរបស់ខ្លួន។
សម្រាប់ខ្ញុំ ខ្ញុំមិនគ្រាន់តែជឿតាមសេចក្តីពិតនេះ និងបម្រើទ្រង់នៅពេលនេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងបន្តធ្វើដូច្នេះនៅពេលអនាគតផងដែរ។ ចុះអ្នកវិញ? តើអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរទេ? ហើយតើអ្នកជឿថា អ្នកត្រូវតែនៅក្នុងពួកជំនុំរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដោយសេចក្តីជំនឿរបស់អ្នកដែរទេ? ដូច្នេះ ចូរយើងទាំងអស់គ្នារស់នៅ ដោយជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ថ្ងៃដែលយើងជួបព្រះអម្ចាស់របស់យើង។