Search

Khotbah-Khotbah

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 5-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក៥

 
 
គោលលទ្ធិនៃការរាប់ជាសុចរិតមិនមែនជាសេចក្តីពិតទេ
 
នៅក្នុងជំពូកនេះ សាវកប៉ុលប្រកាសដោយសេចក្តីជំនឿថា មានតែអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះទេ ទើប «បានមេត្រីនឹងព្រះ»។ មូលហេតុគឺថា ព្រះវរបិតាបានបញ្ជូនព្រះគ្រីស្ទឲ្យយាងមកទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងសម្រាប់យើង។ 
ទោះបីជាយ៉ាងណា ជារឿយៗ យើងមើលឃើញថា គ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះ មិនអាចបានមេត្រីនឹងព្រះបានទេ ពីព្រោះពួកគេមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ សូម្បីតែបន្តិចសោះ។ នេះគឺជាការពិតនៃអ្នកដែលជឿតាមជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ ដូច្នេះ គោលលទ្ធិនៃការរាប់ជាសុចរិតមិនត្រឹមត្រូវនៅចំពោះព្រះឡើយ។
ការទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការមានជំនឿ ត្រឹមត្រូវជាងការជឿតាមគោលលទ្ធិនៃការរាប់ជាសុចរិត។ ព្រះវរបិតាមិនបានមានបន្ទូលថា ទ្រង់នឹងហៅអ្នកជឿលើព្រះយេស៊ូវជារាស្ត្ររបស់ទ្រង់ទេ បើសិនពួកគេនៅតែមានបាបនៅក្នុងចិត្ត។ ហើយព្រះមិនទទួលបានមនុស្សមានបាបធ្វើជាកូនរបស់ទ្រង់ឡើយ។ ព្រះមិនមែនជាអង្គបែបនេះឡើយ គឺទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលមិនដែលចាត់ទុកមនុស្សមានបាបនៅក្នុងចិត្តជារាស្ត្ររបស់ទ្រង់ឡើយ។ ព្រះដែលយើងជឿ គឺជាព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តា និងជ្រាបពីគ្រប់ការទាំងអស់។ ដូច្នេះ តើទ្រង់មិនអាចស្គាល់ពីជំនឿខុសឆ្គងរបស់មនុស្សបានយ៉ាងច្បាស់លាស់ទេឬ? ដូច្នេះ យើងគួរតែដឹង និងជឿថា ទ្រង់មិនហៅគ្រីស្ទបរិស័ទដែលជាមនុស្សមានបាប ដែលមានជំនឿខុសឆ្គង ជារាស្ត្ររបស់ទ្រង់ឡើយ។
មនុស្សគ្រប់គ្នាគួរតែស្មោះត្រង់នៅចំពោះព្រះ។ គោលលទ្ធិនៃការរាប់ជាសុចរិត ដែលមនុស្សយល់ និងជឿតាម គឺជាគោលលទ្ធិប្រឆាំងនឹងព្រះ។ ដូច្នេះ យើងគួរតែជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង បន្ទាប់ពីបានយល់សេចក្តីពិតអំពីសេចក្តីសុចរិតរបស់ព្រះបានច្បាស់លាស់ហើយ។ ព្រះវរបិតាមិនបានមានបន្ទូលថា វាមិនជាបញ្ហាទេ ដែលមនុស្សម្នាក់មានបាប ទោះបើគាត់ជឿព្រះយេស៊ូវ ឬមិនជឿក៏ដោយ ពីព្រោះទ្រង់គឺជាព្រះដែលពិតជាកាត់ទោសមនុស្សមានបាប សម្រាប់អំពើបាបរបស់ពួកគេមែន។
ដូច្នេះ ដើម្បីអាចដោះស្រាយបញ្ហាបាបរបស់អ្នកបាន អ្នកត្រូវយល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ព្រះនឹងទតមើលសេចក្តីជំនឿរបស់យើងនៅក្នុងបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយអត់ទោសដល់អំពើបាបរបស់យើង។ ដោយសារយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ព្រះហៅយើងជារាស្ត្ររបស់ទ្រង់ ឱបក្រសោបយើង និងប្រទានពរដល់យើង ពីព្រោះព្រះវរបិតាទទួលស្គាល់ថា ជំនឿរបស់យើងលើ សេចក្តីសុចរិតរបស់ទ្រង់គឺត្រឹមត្រូវ។ 
 
 
ព្រះមិនមែនជាចៅក្រោមនៅផែនដីនេះទេ
 
សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ គឺដូចគ្នានឹងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដែលបានជឿតាមព្រះបន្ទូលព្រះ យ៉ាងស្មោះត្រង់។ គ្រីស្ទបរិស័ទភាគច្រើន យល់ខុសអំពីគោលលទ្ធិនៃការរាប់ជាសុចរិត ហើយដូច្នេះបានជាយើងត្រូវមានការយល់ដឹងច្បាស់លាស់អំពីវា នៅពេលនេះ។ អ្នកប្រាកដជាដឹងថា នៅក្នុងតុលាការនៅក្នុងលោកិយនេះ មិនមានការកាត់សេចក្តីត្រឹមត្រូវឥតខ្ចោះណាមួយឡើយ។ ហើយអ្នកត្រូវចងចាំថា ចៅក្រមម្នាក់នៅក្នុងលោកិយនេះ តែងតែមានកំហុសនៅក្នុងការសម្រេចចិត្តរបស់ខ្លួនជានិច្ច។
មូលហេតុគឺថា ចៅក្រមជាមនុស្សទាំងអស់មិនពេញលេញ និងមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ ដែលជាលក្ខណៈវិនិច្ឆ័យដាច់ខាតសម្រាប់ល្អ និងអាក្រក់ទេ។ គ្រីស្ទបរិស័ទភាគច្រើនងាយនឹងយល់ខុសពីសេចក្តីសុចរិតរបស់ព្រះ ដែលវិនិច្ឆ័យយើង «បានរាប់ជាសុចរិត ដោយសារជំនឿរបស់យើង» (រ៉ូម ៥) ពីព្រោះពួកគេគិតថា ការវិនិច្ឆ័យរបស់ទ្រង់ប្រើតក្កវិជ្ជាដូចគ្នាធ្វើជាការកាត់ទោសមួយ ដែលចៅក្រមម្នាក់ទម្លាក់ទៅលើមនុស្សមានបាប។ 
គោលលទ្ធិនៃការរាប់ជាសុចរិត គឺជាគោលលទ្ធិនៃការវិនិច្ឆ័យខុសមួយ ពីព្រោះវាត្រូវបានបង្កើតឡើង ដោយផ្អែកលើគំនិតរបស់មនុស្ស។ មនុស្សពូកែវិនិច្ឆ័យខុស ពីព្រោះពួកគេមិនមានគ្រប់ទាំងអំណាចទេ។ ដូច្នេះ ជាមួយនឹងគំនិត ដែលផ្អែកលើគោលលទ្ធិនៃការរាប់ជាសុចរិតរបស់ពួកគេ ពួកគេជឿយ៉ាងខុសលើព្រះ ដែលពិតជាបានរាប់ពួកគេជាសុចរិត។ ជំនឿខុសឆ្គងនេះដឹកនាំពួកគេឲ្យជឿថា ព្រះមានបន្ទូលថា «ខ្ញុំរាប់អ្នកជាឥតបាប ពីព្រោះអ្នកជឿដល់ខ្ញុំ»។ 
ទោះបីជាយ៉ាងណា ព្រះមិនអាចធ្វើដូច្នេះបានឡើយ។ ជារឿយៗ មនុស្សជឿថា ទោះបីជាពួកគេមានបាបក៏ដោយ ក៏ព្រះនៅតែទទួលស្គាល់ពួកគេជារាស្ត្ររបស់ទ្រង់ដែរ ពីព្រោះពួកគេជឿដល់ព្រះយេស៊ូវ។ នេះគឺជាជំនឿខុសឆ្គងមួយ ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ និងជា លទ្ធផលនៃការចាញ់ការបោកបញ្ឆោតរបស់អារក្ស។
ដូច្នេះ ពួកគេគួរតែសាងសង់ឡើងវិញនូវផ្ទះនៃសេចក្តីជំនឿរបស់ពួកគេ នៅលើសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះវិញ។ តើព្រះដ៏បរិសុទ្ធ និងមានគ្រប់ទាំងអំណាចព្រះចេស្តា រាប់មនុស្សមានបាបនៅក្នុងចិត្តជាឥតបាបបានយ៉ាងដូចម្តេច? តើព្រះសម្រេចថា អ្នកដែលមានបាបនៅក្នុងចិត្ត ឥតមានបាបឬ? ការគិត និងការជឿដូច្នេះ គឺជាគំនិតរបស់មនុស្សទេ។ ព្រះគឺជាព្រះនៃសេចក្តីពិត និងមិនដែលវិនិច្ឆ័យខុសម្តងណាឡើយ។ ដូច្នេះ តើព្រះដែលជាសេចក្តីពិត អាចធ្វើកំហុសនៅក្នុងការវិនិច្ឆ័យរបស់ទ្រង់ ដូចដែលមនុស្សធ្វើកំហុសដែរបានយ៉ាងដូចម្តេច? ការនេះមិនអាចកើតឡើងបានជាដាច់ខាត។ ព្រះគឺជាព្រះដ៏សុចរិត ដែលវិនិច្ឆ័យអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ ថាឥតបាប ដែលផ្អែកលើសេចក្តីសុចរិតរបស់ទ្រង់។ 
តើអ្នកស្គាល់អំពីសេចក្តីសុចរិតរបស់ព្រះដែរទេ? ហើយតើអ្នកស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ដែរទេ? អ្នកអាចស្វែងរកឃើញ សេចក្តីសុចរិតនេះទាំងស្រុងបាន នៅក្នុងព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដើម្បីយល់ពីសេចក្តីសុចរិតរបស់ព្រះបាន អ្នកគួរតែយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គ្រប់គ្នាគួរតែស្គាល់សេចក្តីពិតនេះ ពីព្រោះអ្នកដែលយល់ពីសេចក្តីសុចរិតរបស់ព្រះ គឺជាអ្នកយល់យ៉ាងត្រឹមត្រូវពីសេចក្តីពិត ដែលបានធ្វើឲ្យគាត់បានរាប់ជាសុចរិត។ 
យើងទាំងអស់គ្នាគួរតែជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបាន សម្តែងមកនៅក្នុងព្រះគម្ពីរ។ បើមិនដូច្នេះទេ ជំនឿរបស់យើងនឹងវង្វេងឆ្ងាយទៅតាមគំនិត និងការវិនិច្ឆ័យខុសរបស់មនុស្សហើយ។ បើសិនអ្នកមានជំនឿបែបនេះពីមុនមក អ្នកគួរតែជឿតាមព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះ ចាប់ពីពេលនេះតទៅ។
គ្រីស្ទបរិស័ទភាគច្រើន បានរៀនគោលលទ្ធិនៃការរាប់ជាសុចរិតពីទេវសាស្ត្រ ហើយបានចាត់ទុកវាជាសេចក្តីពិត រហូតមកដល់ពេលនេះ។ ប៉ុន្តែឥឡូវនេះ អ្នកគួរតែបែរមកឯជំនឿត្រឹមត្រូវ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះវិញ។ ហើយសេចក្តីសុចរិតរបស់ព្រះបានសម្តែងមកយ៉ាងច្បាស់ តាមរយៈជំនឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
 
 
បទគម្ពីរចែងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ
 
រ៉ូម ៥:៣-៤ សរសេរថា «មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម»។ គ្រីស្ទបរិស័ទដែលបានកើតជាថ្មីទាំងអស់ មានសង្ឃឹមថា ព្រះពិតជានឹងសង្រ្គោះពួកគេចេញពីសេចក្តីទុក្ខលំបាកគ្រប់ប្រភេទ។ ហើយសេចក្តីសង្ឃឹមនេះបង្កើតឲ្យមានសេចក្តីទ្រាំទ្រ ហើយសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក។ ដូច្នេះ មនុស្សសុចរិតដែលជឿលើសេចក្តីសុចរិតរបស់ព្រះ អាចមានអំណរនៅក្នុងពេលមានសេចក្តីទុក្ខលំបាកបាន។
សាវកប៉ុលបាននិយាយថា ជំនឿលើសេចក្តីសុចរិតរបស់ព្រះសង្ឃឹមសម្រាប់នគរព្រះ ហើយវាមិនធ្វើឲ្យអស់សង្ឃឹមឡើយ។ ដូច្នេះ តើមនុស្សសុចរិតមានសេចក្តីសង្ឃឹមបែបណា? ពួកគេមានសេចក្តីសង្ឃឹមថា ពួកគេអាចចូលទៅក្នុង និងរស់នៅក្នុងនគរព្រះបាន។ តើជំនឿបែបនេះមកពីណា? វាមកពីការជឿលើសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្តីស្រឡាញ់របស់ព្រះវរបិតា។ 
 
 
ព្រះអម្ចាស់កំពុងតែមានបន្ទូលថា យើងធ្លាប់ជាមនុស្សទមិលល្មើស
 
«ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស» (រ៉ូម ៥:៦)។
តាំងពីមុនយើងចាប់ទុំផ្ទៃម្តាយ ឬនៅក្នុងផ្ទៃម្តាយ ឬបានកើតមកហើយ តែមិនបានស្គាល់ព្រះអម្ចាស់ យើងមិនមានជម្រើសអ្វីក្រៅតែពីធ្វើបាបពេញមួយជីវិតរបស់យើង រហូតដល់យើងស្លាប់ ហើយយើងត្រូវធ្លាក់ទៅក្នុងស្ថាននរក នៅទីបំផុតនោះឡើយ។
នៅពេលពួកព្ធយុកោរបស់យើង អ័ដាម និងអេវ៉ា បានធ្វើបាប ព្រះបានសន្យានឹងបញ្ជូនព្រះអង្គសង្រ្គោះមកឯយើង ដោយមានបន្ទូលថា «ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្តិ ៣:១៥)។ យោងតាមសេចក្តីសន្យានេះ ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ និងលាងសម្អាតវា ដោយការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានលុបបំបាត់អំពើបាបរបស់យើង ដោយការមានព្រះជន្មរស់ពីសុគតឡើង វិញ។ ព្រះអម្ចាស់បានទទួលយកអំពើបាបរបស់មនុស្សជាតិ និងមនុស្ស ទមិលល្មើស ដូចជាអ្នក និងខ្ញុំ ដោយការសុគតនៅលើឈើឆ្កាង។
តើយើងគឺជាមនុស្សគោរពដល់ព្រះជាម្ចាស់ឬ? មនុស្សគោរពដល់ព្រះជាម្ចាស់គឺជាមនុស្សដែលកោតខ្លាចព្រះ និងចៀសឆ្ងាយពីអំពើបាប។ វាគឺជាសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះ ដែលបានអនុញ្ញាតឲ្យព្រះយេស៊ូវទទួលបុណ្យជ្រមុជ សម្រាប់អ្នក និងខ្ញុំ ដែលជាមនុស្សទមិលល្មើស និងបានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ឡើង វិញ។ ហើយវាក៏ជាសេចក្តីស្រឡាញ់របស់ព្រះផងដែរ ដែលបានសង្រ្គោះយើង នៅពេលយើងនៅខ្សោយនៅឡើយ។
ដូចដែលអំពើបាបរយៈពេលមួយឆ្នាំពេញរបស់ជនជាតិអ៊ីស្រាអែល នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានផ្ទេរទៅលើតង្វាយលោះបាប ដោយការដាក់ដៃរបស់សម្តេចសង្ឃ (លេវីវិន័យ ១៦:២០-២១) នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះតែម្តង ដោយបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានយាងទៅសុគតនៅលើឈើឆ្កាងផងដែរ ពីព្រោះទ្រង់ស្ពាយអំពើបាបរបស់លោកិយនេះនៅជាប់នឹងអង្គទ្រង់។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះសំដៅទៅលើការពិតថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សមានបាប ដោយការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតទ្រង់។
 
 
ព្រះយេស៊ូវបានផ្លាស់ប្តូរវាសនារបស់យើង
 
យើង គួរតែគិតអំពីវាសនាបែបណា ដែលមនុស្សជាតិប្រឈម ចាប់ពីយើងបានកើតមក។ តើយើងមានវាសនាបែបណា ចាប់តាំងពីថ្ងៃដែលយើងបានកើតមក? យើងត្រូវធ្លាក់ទៅក្នុងស្ថាននករ។ ដូច្នេះ តើអ្នក និងខ្ញុំអាចបានសង្រ្គោះចេញពីវាសនាធ្លាក់ទៅក្នុងស្ថាននរកនេះបាន ដោយរបៀបណា? វាសនារបស់យើងបានផ្លាស់ប្តូរ នៅពេលយើងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយសេចក្តីពិតដែលផ្លាស់ប្តូរវាសនារបស់យើង គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ វាសនារបស់យើងទទួលបានព្រះពរ ពីព្រោះយើងបានជឿដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានបំពេញសម្រេច សេចក្តីសុចរិតរបស់ព្រះ។
ប្រហែលជាអ្នកបានស្គាល់ទំនុកតម្កើងនេះហើយ។ «♪ព្រះគុណអស្ចារ្យ ជាសព្ទពីរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ ក៏ខ្វាក់ តែទ្រង់អប់រំ♫» សេចក្តីសុចរិត និងសេចក្តីមេត្តាករុណារបស់ព្រះគឺជាសេចក្តីពិត ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់យើង។ មនុស្សគ្រប់គ្នាអាចទទួលបានការអត់ទោសអំពើបាប និងទទួលបានសន្តិភាពពីស្ថានសួគ៌ នៅពេលពួកគេស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ឥឡូវនេះ មនុស្សគ្រប់គ្នានៅក្នុងលោកិនេះ ដែលជឿព្រះយេស៊ូវ តែមានបាបនៅក្នុងចិត្តរបស់ខ្លួន គួរតែបែរមកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ ដើម្បីបានស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ។
តាមការពិត គ្រីស្ទបរិស័ទដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏មិនដឹងផងដែរថា អំពើបាបរបស់ពួកគេត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវអស់ហើយ។ ដូច្នេះហើយបានជាពួកគេមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ។ ទោះបីជាពួកគេជឿថា ព្រះយេស៊ូវបានយាងមកលោកិយនេះ និងបានសង្រ្គោះពួកគេចេញពីអំពើបាប ដោយការសុគតនៅលើឈើឆ្កាងក៏ដោយ ក៏ពួកគេមិនប្រាកដអំពីសេចក្តីសង្រ្គោះរបស់ពួកគេដែរ។ ដូច្នេះ ពួកគេគ្រាន់តែស្មានដោយស្រពិចស្រពិលថា ព្រះបានជ្រើសរើសពួកគេ តាំងពីមុនកំណើតលោកិយរួចហើយ។ នៅក្នុងន័យផ្សេង ពួកគេជឿតាមជំនឿគ្រីស្ទបរិស័ទ ដែលគ្រាន់តែដូចជាសាសនាមួយនៅក្នុងលោកិយនេះប៉ុណ្ណោះ។ 
ខ.៦ ប្រាប់យើងថា «ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ»។ តើអ្នកណាផ្សះផ្សាយើងដែលជាមនុស្សមានបាបជាមួយនឹងព្រះ? ព្រះយេស៊ូវ គ្រីស្ទបានផ្សះផ្សាយើងជាមួយនឹងព្រះវរបិតា។ ដោយរបៀបណា? ដោយការយាងមកលោកិយនេះ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅពេលទ្រង់មានព្រះជន្ម៣០វស្សា ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ដែលជាការបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសុចរិតរបស់ព្រះ។ ហើយព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង សម្រាប់អ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយការយាងមកលោកិយនេះ ក្នុងនាមជាសម្តេចសង្ឃ និងការទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ។ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាសម្តេចសង្ឃនៅផែនដីនេះ ការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។
ដោយសារព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ យើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ តាមរយៈសេចក្តីជំនឿរបស់យើង។ អ្នកណាដែលជឿថា ព្រះយេស៊ូបានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង នឹងមានអំណរនៅក្នុងព្រះ។ អ្នកណាដែលមានបាបតែបន្តិចនៅក្នុងចិត្តរបស់ខ្លួន មិនមែនជាកូនរបស់ព្រះឡើយ។
អ្នកប្រហែលជាបានដឹងរួចមកហើយថា មនុស្សនៅក្នុងលោកិយនេះចាត់ទុកគោលលទ្ធិនៃការរាប់ជាសុចរិត និងគោលលទ្ធិនៃការញែកជាបរិសុទ្ធគឺជាសេចក្តីពិត។ ព្រះមិនបានមានបន្ទូលថា យើងឥតមានបាប ដោយយើងគ្រាន់តែនិយាយថា យើងជឿព្រះយេស៊ូវ ប៉ុន្តែតាមពិត យើងពិតជាមានបាបនៅក្នុងចិត្តនោះទេ។ ហើយគ្រាន់តែយើងនិយាយថា យើងគឺជាគ្រីស្ទបរិស័ទ ក៏មិនមានន័យថា យើងគឺជាកូនរបស់ព្រះដែរ។
យើងអធិស្ឋានថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ» នៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់។ ឃ្លានេះមានន័យថា អ្នកដែលមានបាបនៅក្នុងចិត្ត មិនអាចហៅព្រះថា «ព្រះវរបិតា» បានឡើយ។ តើយើងគួរនៅតែជឿតាមគោលលទ្ធិនៃការរាប់ជាសុចរិតទៀតដែរទេ? តើមនុស្សម្នាក់ដែលបច្ចុប្បន្នជាមនុស្សមានបាប អាចហៅព្រះអម្ចាស់ថា ព្រះអង្គសង្រ្គោះរបស់ខ្លួនបានដែរទេ? គាត់អាចហៅព្រះ អម្ចាស់ដូច្នេះបានរយៈពេលពីរឆ្នាំ ប៉ុន្តែទីបំផុត គាត់នឹងចាកចោលទ្រង់វិញ ពីព្រោះគាត់មានសេចក្តីខ្មាសចំពោះភាពជា គ្រីស្ទបរិស័ទរបស់គាត់។ ដូច្នេះ អ្នកគួរតែដឹងថា គោលលទ្ធិនៃការរាប់ជាសុចរិតនឹងបំបែកអ្នកចេញពីសេចក្តីសុចរិតរបស់ព្រះ។ 
គោលលទ្ធិនៃការញែកជាបរិសុទ្ធ ក៏ជាគោលលទ្ធិខុសឆ្គងផងដែរ ពីព្រោះវាបង្រៀនថា យើងអាចមានការផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់យើងបានបរិសុទ្ធឥតខ្ចោះ នៅពេលយើងស្លាប់ ហើយយើងអាចជួបជាមួយព្រះ ក្នុងនាមជាមនុស្សបរិសុទ្ធម្នាក់បាន។ តើអ្នកគិតថា អ្នកអាចបានបរិសុទ្ធបន្តិចម្តងៗដោយខ្លួនឯង ដើម្បីជួបជាមួយព្រះ ដោយឥតមានបាបបានឬ? មិនអាចឡើយ។ សេចក្តីពិតប្រាប់យើងថា យើងអាចចូលនគរព្រះបាន ដោយការស្គាល់ និងការជឿលើសេចក្តីសុចរិតរបស់ព្រះមួយតែមួយប៉ុណ្ណោះ។
 
 
បាបបានចូលមកក្នុងលោកិយ ដោយសារមនុស្សតែម្នាក់
 
 ឥឡូវនេះ ចូរយើងអានខ.១២។ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ 
តើបាបបានចូលមកក្នុងចិត្តរបស់មនុស្សទាំងអស់ ដោយសារអ្នកណា? ហើយបាបបានចូលមកក្នុងលោកិយនេះ ដោយសារមនុស្សប៉ុន្មាននាក់? ព្រះគម្ពីរនិយាយថា «បាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់»។
នៅក្នុងន័យផ្សេង ព្រះគម្ពីរនិយាយថា បាបបានចូលមក ដោយសារតែមនុស្សតែម្នាក់ ដែលជាអ័ដាម ហើយយើងទាំងអស់គ្នាគឺជាពូជពង្សរបស់គាត់។ ដូច្នេះ តើអំពើបាបរបស់លោកិយត្រូវបានរលុបបាត់ ដោយសារអ្នកណា? យើងអាចនិយាយថា វាបានកើតឡើង ក្នុងរបៀបដូចគ្នា នៅពេលបាបបានចូលមកក្នុងលោកិយពីដំបូង។ 
អំពើបាបរបស់មនុស្សជាតិ បានកើតឡើង ដោយសារមនុស្សតែម្នាក់មិនបានជឿលើក្រិត្យវិន័យ ដែលព្រះបានបង្កើតឡើង។ ហើយសូម្បីតែឥឡូវនេះ អ្នកដែលមិនជឿតាមព្រះបន្ទូលព្រះ នឹងនៅតែមានបាប ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក។ 
ដូច្នេះ យើងគួរតែដឹងថា យើងមិនមែនជាមនុស្សមានបាប ដោយសារតែអំពើបាបរបស់យើងទេ ប៉ុន្តែដោយសារតែពួកព្ធយុកោរបស់យើង ដែលមានបាបវិញ។ មូលហេតុដែលមនុស្សធ្វើបាបគឺថា ពួកគេខ្សោយ ហើយមានបាបនៅក្នុងចិត្តរបស់ពួគគេ។ អំពើបាបដែលមនុស្សប្រព្រឹត្តត្រូវបានហៅថា អំពើរំលង។ មូលហេតុដែលពួកគេធ្វើបាបគឺថា ពួកគេបានកើតមកជាប់ជាមួយបាប។ ហើយដោយសារមនុស្សគ្រប់គ្នាមិនពេញលេញ និងបានកើតមកជាមួយបាប មនុស្សតែងតែធ្វើបាបជានិច្ច។
យើងគឺជាមនុស្សមានបាប និងពូជនៃបាប តាំងពីដំបូង ពីព្រោះយើងបានស្នងអំពើបាបទាំងអស់ពីពួកព្ធយុកោរបស់យើង។ ប៉ុន្តែអ្នកគួរតែដឹងថា មនុស្សគ្រប់គ្នាអាចបានរាប់ជាសុចរិត និងបរិសុទ្ធបានភ្លាម ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។
 
 
តើបាបចាប់ផ្តើមមាននៅក្នុងមនុស្សជាដំបូងនៅពេលណា?
 
«ដរាបដល់ក្រឹត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ» (រ៉ូម ៥:១៣)។ តើមុនពេលយើងបានស្គាល់ក្រិត្យវិន័យរបស់ព្រះ មានបាបដែរទេ? មុនពេលយើងស្គាល់ ក្រិត្យវិន័យរបស់ព្រះ យើងមិនដឹងថា អ្វីគឺជាអំពើបាបនៅចំពោះព្រះ ឡើយ។ ព្រះបានប្រាប់យើងថា «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ហើយចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ»។ មុនពេលស្គាល់ក្រិត្យវិន័យរបស់ព្រះ និង៦១៣មាត្រានៃសេចក្តីបង្គាប់ ដែលប្រាប់យើងពីអ្វីដែលយើង «គួរ និងមិនគួរធ្វើ» យើងពិតជាមិនស្គាល់ពីអំពើបាបរបស់យើងឡើយ។ 
ដូច្នេះ «ដរាបដល់ក្រឹត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ»។ ដោយសារសាសន៍ដទៃមិនបានមាន និងស្គាល់ក្រិត្យវិន័យ យើងបានប្រព្រឹត្តអំពើបាប ដោយមិនបានដឹងខ្លួនសោះ។ ជនជាតិកូរ៉េភាគច្រើនអធិស្ឋានទៅកាន់ថ្ម ដោយគិតថា វាគឺជាព្រះពុទ្ធ ប៉ុន្តែពួកគេមិនបានដឹងថា ពួកគេកំពុងតែបម្រើរូបព្រះឡើយ គឺពួកគេមិនបានដឹងថា ការថ្វាយបង្គំព្រះដទៃគឺជាអំពើបាបមួយនៅចំពោះព្រះឡើយ។
ប៉ុន្តែ មុនពេលក្រិត្យវិន័យបានមកដល់ បាបបានមាននៅក្នុងលោកិយនេះរួចទៅហើយ។ ព្រះបានប្រទានក្រិត្យវិន័យដល់យើង ប្រហែលជា២៥០០ឆ្នាំ បន្ទាប់ពីទ្រង់បានបង្កើតអ័ដាម។ ទោះបីជាព្រះបានប្រទានក្រិត្យវិន័យដល់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ ប្រហែលជាក្នុងឆ្នាំ១៤៥០មុនគ.ស ក៏ដោយ ក៏បាបបានចូលមកក្នុងលោកិយនេះ តាមរយៈមនុស្សម្នាក់ ឈ្មោះថា អ័ដាម និងបានបន្តចូលទៅក្នុងចិត្តរបស់មនុស្សទាំងអស់។
 
 
ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់រាស្ត្រទ្រង់
 
តើ ព្រះយេស៊ូវគ្រីស្ទបានលុបបំបាត់អំពើបាបទាំងអស់របស់លោកិយ នេះ ដោយអង្គទ្រង់ឬ? បាទ។ ខ.១៤ និយាយថា សេចក្តីស្លាប់បានសោយរាជ្យលើអ្នកដែលមិនបានធ្វើបាប ឬប្រព្រឹត្តខុសតាមអំពើរំលងរបស់អ័ដាម។ ដូច្នេះ អ័ដាមគឺជាគំរូពីទ្រង់ដែលនឹងត្រូវយាងមក។ មនុស្សជាតិបានក្លាយជាមនុស្សមានបាប ដោយសារតែមនុស្សម្នាក់។ ដូចគ្នាដែរ ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ មានព្រះអង្គសង្រ្គោះតែមួយអង្គគត់ ដែលបានសង្រ្គោះយើង ដែលជាពូជពង្សរបស់អ័ដាម ចេញពីបាប។ «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ ព្រះនាមទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង។
យើងត្រូវតែយល់ថា យើងបានក្លាយជាមនុស្សមាន ដោយស្វ័យប្រវត្តិ ដោយសារមនុស្សតែម្នាក់ គឺអ័ដាម។ តើអ្នកដឹងទេថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ដែលបានលាងសម្អាតអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច? តើអ្នកជឿទេថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តែម្តងជាសម្រេច ដោយបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង? ហើយតើអ្នកជឿទេថា ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់មនុស្ស ដោយការលាងសម្អាតបាបរបស់លោកិយនេះ ខណៈដែលអ័ដាមបានធ្វើជាប្រភពនៃអំពើបាបទាំងអស់ ដោយការប្រព្រឹត្តអំពើរំលងតែមួយ?
ព្រះយេស៊ូវបានយាងមកលោកិយនេះ ដើម្បីសង្រ្គោះអស់អ្នកដែលបានក្លាយជាមនុស្សមានបាប ដោយសារអ័ដាម ហើយបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ការទទួលការជំនុំជម្រះនៅលើឈើឆ្កាង និងការបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដែលបានលុបបំបាត់អំពើបាបទាំងអស់របស់ យើង។ ដូច្នេះ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ 
យើងមិនបានទទួលសេចក្តីសង្រ្គោះ ដោយការជឿតាមគោលលទ្ធិនៃការរាប់ជាសុចរិត និងការញែកជាបរិសុទ្ធឡើយ ទោះបើយើងជឿព្រះយេស៊ូវក៏ដោយ។ ព្រះយេស៊ូវបានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច តែម្តងជាសម្រេច។ ហើយទ្រង់មានបន្ទូលថា មានតែអ្នកដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណទេ ទើបអាចចូលទៅក្នុង និងមើលឃើញនគរព្រះបាន។
តើអ្វីគឺជាគំនិតដែលមិនប្រែប្រួល ដែលមាននៅក្នុងបញ្ញាចិត្តរបស់មនុស្ស? វាគឺជាគោលការណ៍នៃហេតុផល។ ពួកគេគិតថា ការខិតខំ និងការប្រព្រឹត្តរបស់ពួកគេ នឹងជួយឲ្យពួកគេឈានទៅដល់សេចក្តីសង្រ្គោះ តាមរបៀបណាមួយ។ ប៉ុន្តែគ្រប់គ្នាអាចទទួលបានសេចក្តីសង្រ្គោះពិតចេញពីបាបបាន លុះត្រាតែមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ លើសពីនេះ ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីបាប គឺទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សទាំងអស់ ដែលជឿលើដំណឹងល្អពិត។
ចូរដោះលែងខ្លួនរបស់អ្នកចេញពីគំនិតមិនសមហេតុផល ដែលថា មនុស្សអាចឈានដល់ការញែកជាបរិសុទ្ធ និងបានសុចរិត តាមរយៈការអធិស្ឋានលន់តួ។ នៅក្នុងព្រះគម្ពីរ ព្រះមួយអង្គ ដែលជាព្រះយេស៊ូវគ្រីស្ទ បានយាងមកលោកិយនេះ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង តាមរយៈការធួននឹងបាបនៅលើឈើឆ្កាង។
 
 
ព្រះយេស៊ូវបានប្រទានដល់យើងនូវការអត់ទោសបាបដ៏ អស់កល្បជានិច្ច ដែលមិនដូចជាអំពើរំលងរបស់យើងទេ
 
ខ.១៥ និយាយថា «ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ»។ 
តើអំពើបាបរបស់អ្នក និងខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវទេ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ? បាទ ត្រូវបានផ្ទេរ។ ព្រះយេស៊ូវបានយាងទៅឯឈើឆ្កាង ដោយស្ពាយអំពើបាបរបស់លោកិយ ហើយបានទទួលការជំនុំជម្រះសម្រាប់អំពើបាបជំនួសយើង។
សេចក្តីសង្រ្គោះរបស់ព្រះ គឺជាអំណោយទានដ៏ឥតគិតថ្លៃមួយ ដែលខុសពីអំពើរំលងរបស់យើង។
ព្រះយេស៊ូវបានសង្រ្គោះយើង ដែលតែងតែធ្វើបាប ពេញមួយជីវិតរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង នៅពេលទ្រង់មានព្រះជន្ម៣០វស្សា។ បន្ទាប់ពីយើងទទួលបាន សេចក្តីសង្រ្គោះ ដោយការជឿលើការអត់ទោសបាប ដែលត្រូវបានបំពេញសម្តេចតែម្តងជាសម្រេច សាច់ឈាមរបស់យើងអាចនៅតែបន្តធ្វើបាបដដែល ពីព្រោះវាមិនពេញលេញ និងពុករលួយ។ ប៉ុន្តែទោះបីជាសាច់ឈាមរបស់យើងនៅតែធ្វើបាបក៏ដោយ ក៏យើងនៅតែអាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ចបានដែរ បើសិនយើងជឿលើការពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជ និងថា ទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ដោយការបង្ហូរព្រះលោហិតរបស់ទ្រង់រួចហើយ។ 
អំណោយទាននៃសេចក្តីសង្រ្គោះ ដោយសារការអត់ទោសបាប មិនដូចជាអំពើរំលងរបស់អ័ដាមទេ។ ព្រះមិនប្រទានអំណោយទាននៃការអត់ទោសអំពើបាបដល់យើង ជារៀងរាល់ថ្ងៃ ដូចជាអំពើបាបប្រចាំថ្ងៃដែលយើងប្រព្រឹត្តឡើយ។ សេចក្តីពិតនៃការអត់ទោសបាបនិយាយថា ព្រះ អម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់រួចរាល់ហើយ តែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់ កាលពីជាង២០០០ឆ្នាំមុន។
អំណោយទាននៃសេចក្តីសង្រ្គោះរបស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង គឺជាសេចក្តីសុចរិត ដែលត្រូវបានបំពេញសម្រេចតែម្តងជាសម្រេច ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ការអត់ទោសអំពើបាបដ៏អស់កល្បជានិច្ចមិនដូចជាការអត់ទោសប្រចាំថ្ងៃ តាមរយៈការអធិស្ឋានប្រែចិត្ត ដែលគ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះអនុវត្តឡើយ។ សេចក្តីពិតនេះនិយាយថា ដោយសារព្រះអម្ចាស់បានដឹងជាមុនថា យើងនឹងធ្វើបាបជារៀងរាល់ថ្ងៃ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ។ ដូច្នេះ ព្រះវរបិតាបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ព្រះរាជបុត្រានៃទ្រង់។ ហើយគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច ពីព្រោះព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
គ្រីស្ទបរិស័ទភាគច្រើន នៅសព្វថ្ងៃនេះ ជឿថា ពួកគេអាចទទួលបានការអត់ទោសអំពើបាប នៅពេលពួកគេថ្វាយការអធិស្ឋានលន់តួ។ តើការជឿបែបនេះពិតជាត្រឹមត្រូវដែរទេ? ពិតជាមិនត្រឹមត្រូវឡើយ។ វាមិនត្រឹមត្រូវទេ ដែលបន្ទាប់ពីបានសម្លាប់គេហើយ មនុស្សម្នាក់អធិស្ឋានប្រែចិត្ត ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាប។ ការគិតបែបនេះគឺជាគំនិតរបស់មនុស្សទេ។ ប៉ុន្តែដើម្បីលាងសម្អាតអំពើបាបនៅចំពោះព្រះបាន យើងតែងតែត្រូវសងថ្លៃឈ្នួលនៃអំពើបាប។ ហើយដើម្បីធ្វើដូច្នេះបាន ព្រះបានអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទ្រង់បានលាងសម្អាតអំពើបាបទាំងអស់ ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ដូច្នេះ អំពើបាបរបស់មនុស្សជាតិអាចត្រូវបានលាងសម្អាត និងលុបបំបាត់បាន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង មិនដោយការអធិស្ឋានប្រែចិត្តឡើយ។
ដូច្នេះ ព្រះគម្ពីរនិយាយថា «ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ»។ ដូចដែលទឹកហូរពេញប្រៀប នៅពេលយើងបើកក្បាលរ៉ូមីនេចោលពេញមួយយប់ សេចក្តីសង្រ្គោះរបស់ទ្រង់ពេញប្រៀបល្មមនឹងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងហើយ ទោះបើអំពើបាបរបស់យើងច្រើនយ៉ាងណាក៏ដោយ។
ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ។ ហើយសេចក្តីសង្រ្គោះរបស់ព្រះក៏ធំធេង និងបរិបូរសម្រាប់យើងផងដែរ បន្ទាប់ពីបានសង្រ្គោះហើយ។ តើការពន្យល់នេះមានភាពច្បាស់លាស់ទេ?
 
 
ដោយសារមនុស្សតែម្នាក់ គឺជាព្រះយេស៊ូវគ្រីស្ទ
 
ខ.១៦ និង ១៧ ប្រាប់យើងថា «ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្តីជំនុំជំរះ ដែលកើតមក ដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ ដ្បិត បើសិនជាសេចក្តីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្តីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្តីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ»។ 
សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សជាតិទាំងមូល ដោយសារតែកំហុសរបស់មនុស្សតែម្នាក់។ នេះមានន័យថា អំពើបាបមួយរបស់មនុស្សតែម្នាក់ អ័ដាម បានធ្វើឲ្យមនុស្សទាំងអស់ក្លាយជាមនុស្សមានបាប ហើយដោយសារអំពើបាបនេះ មនុស្សគ្រប់គ្នាត្រូវប្រឈមនឹងបណ្តាសារបស់ព្រះ។ អ្នកណាដែលធ្វើបាប ត្រូវតែស្លាប់ និងធ្លាក់ទៅក្នុងស្ថាននរក។ ផ្ទុយទៅវិញ សេចក្តីសុចរិតរបស់ព្រះសោយរាជ្យនៅក្នុងជីវិតរបស់មនុស្ស ដោយសារតែមនុស្សមា្នក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ។ អ្នកដែលទទួលបានអំណោយទានដ៏ហូរហៀរនៃព្រះគុណ និងសេចក្តីសុចរិត គឺជាអ្នកដែលព្រះប្រទានអំណោយទាននៃសេចក្តីសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេទទួលបានព្រះពរដ៏ធំធេងពីព្រះ។
ខ.១៨ និយាយថា «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ»។ 
នៅទីនេះ យើងចង់សួរសំណួរមួយ និងឆ្លើយថា «តើពិតទេ ដែលដោយសារតែអំពើបាបរបស់មនុស្សម្នាក់ យើងទាំងអស់គ្នាបានក្លាយជាមនុស្សមានបាប?»។ តើអ្នកបានក្លាយជាមនុស្សមានបាប ដោយសារតែអំពើបាបផ្ទាល់ខ្លួនរបស់អ្នក ឬការទាស់ប្រឆាំងរបស់អ័ដាមចំពោះព្រះ? បើសិនយើងទាំងអស់គ្នាបានក្លាយជាមនុស្សមានបាប ដោយសារតែកំហុសរបស់អ័ដាម នោះអ្នកដែលជឿលើអំពើសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ ក៏បានរាប់ជាសុចរិតដែរ។ ហើយបើសិនយើងជឿលើសេចក្តីសុចរិតរបស់ព្រះ តើអំពើបាបរបស់យើងពិតជាត្រូវបានលុបបំបាត់ដែរទេ? បាទ យើងត្រឡប់ជាឥតបាប។
«មនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ»។ បន្ទាប់ពីបានសង្រ្គោះ ដោយការជឿព្រះយេស៊ូវហើយ ការទទួលបានអំណោយទានដ៏ឥតគិតថ្លៃនៃសេចក្តីសុចរិតរបស់ព្រះមិនមានន័យថា យើងត្រូវតែថ្វាយការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ ដើម្បីឈានដល់ការបានញែកជាបរិសុទ្ធនោះទេ។ មិនដូច្នេះទេ! ហើយនៅពេលសាវកប៉ុលនិយាយអំពី «ការបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ» ក៏មិនមានន័យថា គោលលទ្ធិគ្រីស្ទបរិស័ទអំពី «ការស្វែងរកការរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ» ដែរ។
គ្រីស្ទបរិស័ភាគច្រើនមានបាបនៅក្នុងចិត្តរបស់ពួកគេ ពីព្រោះពួកគេគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ពួកគេទទួលយក និងគាំទ្រគោលលទ្ធិនៃការរាប់ជាសុចរិត ដើម្បីលាក់បាំងអំពើបាបនៅក្នុងចិត្តរបស់ពួកគេ ខណៈដែលលួងលោមខ្លួនឯងថា «ទោះបីជាមានអំពើបាបនៅក្នុងចិត្តរបស់យើងក៏ដោយ ក៏ទ្រង់ចាត់ទុកយើងជាមនុស្សឥតមានបាបដែរ»។ ទោះបីជាយ៉ាងណា គោលលទ្ធិនេះខុសឆ្គង ហើយនឹងត្រូវបណ្តាសា។
ខ.១៩ និយាយថា «ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ»។នៅទីនេះ មានម្នាក់ដែលមិនបានស្តាប់បង្គាប់ និងម្នាក់ទៀតដែលបានស្តាប់បង្គាប់។ ម្នាក់គឺជាអ័ដាម និងម្នាក់ទៀតគឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។ ការមិនស្តាប់បង្គាប់របស់ អ័ដាមបានធ្វើឲ្យមនុស្សជាតិទាំងមូលក្លាយជាមនុស្សមានបាប។ ដូច្នេះហើយបានជាព្រះយេស៊ូវបានស្តាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ ដើម្បីផ្សះផ្សាមនុស្សជាមួយនឹងព្រះវិញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ការសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់លោកិយ និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ហើយព្រះវរបិតាបានរាប់អ្នកជឿទាំងអស់នៅក្នុងព្រះយេស៊ូវជាសុចរិត តាមរយៈសេចក្តីសុចរិតរបស់ទ្រង់។
ខ.២០ និយាយថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត»។ 
ព្រះគម្ពីរនិយាយថា ក្រិត្យវិន័យបានចូលមក ដើម្បីបន្ថែមលើអំពើរំលងរបស់យើង។ ក្នុងនាមជាពូជពង្សរបស់អ័ដាម មនុស្សបានកើតមកជាមួយនឹងបាបតាំងពីដំបូង ប៉ុន្តែពួកគេមិនបានដឹងពីបាបទេ ខណៈដែលនៅតែបន្តធ្វើបាប។ បើសិនមិនមានក្រិត្យវិន័យទេ មនុស្សមិនបានដឹងថា អំពើបាបគឺជាអំពើបាបឡើយ ហើយមនុស្សអាចមើលឃើញអំពើបាបរបស់ខ្លួនបាន តាមរយៈក្រិត្យវិន័យរបស់ព្រះតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលយើងបានស្គាល់ក្រិត្យវិន័យ យើងចាប់ផ្តើមស្គាល់ពីអំពើបាបរបស់យើងកាន់តែច្រើនឡើងៗ។ ទោះបីជាមនុស្សពេញដោយបាបតាំងពីដំបូងមកក៏ដោយ ក៏ពួកគេមិនបានដឹងពីបាបរបស់ពួកគេដែរ រហូតដល់ពួកគេបានដឹងបន្តិចម្តងៗអំពីអំពើបាបរបស់ពួកគេ បន្ទាប់ពីបានទទួលក្រិត្យវិន័យ។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង»។ 
«ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត។» នេះមានន័យថា តាមរយៈក្រិត្យវិន័យរបស់ព្រះ មនុស្សស្គាល់ពីអំពើបាបរបស់ខ្លួន ហើយបានធ្វើជាកូនរបស់ទ្រង់ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ មនុស្សជាតិអាចស្គាល់ព្រះគុណព្រះបាន តាមរយៈដំណឹងល្អពិត ដែលមានសេចក្តីសុចរិតរបស់ព្រះ នៅពេលពួកគេស្គាល់ពីអំពើបាបរបស់ខ្លួន តាមរយៈក្រិត្យវិន័យ។ អ្នកដែលស្គាល់យ៉ាងច្បាស់លាស់ពីអំពើបាបរបស់ខ្លួន នៅចំពោះក្រិត្យវិន័យ ទទួលស្គាល់ថា ពួកគេពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរកមែន ហើយដោយការដឹងព្រះគុណ ពួកគេជឿដល់ព្រះយេស៊ូវ ដែលបានសង្រ្គោះពួកគេ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ កាលណាយើងស្គាល់ពីអំពើបាបកាន់តែច្រើន តាមរយៈក្រិត្យវិន័យ យើងកាន់តែអរព្រះគុណដល់ព្រះសម្រាប់សេចក្តីសង្រ្គោះ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់។ 
ខ.២១ និយាយថា «ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ»។ 
ព្រះគម្ពីរនិយាយថា បាបបានសោយរាជ្យ ដោយសារសេចក្តីស្លាប់។ ប៉ុន្តែព្រះគុណដែលមានទាំងទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវផង សោយរាជ្យ ដោយសារសេចក្តីសុចរិតរបស់ទ្រង់។ ដោយសារសេចក្តីសុចរិតរបស់ទ្រង់បានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង យើងបានធ្វើជាកូនរបស់ព្រះ។
គោលលទ្ធិអំពីការញែកជាបរិសុទ្ធ និងការរាប់ជាសុចរិត គឺជាការស្មានខុស ដែលត្រូវបានបង្កើតឡើង ដោយតក្កវិជ្ជារបស់មនុស្ស និងអ្នកដែលព្រងើយកន្តើយចំពោះព្រះបន្ទូលព្រះ។ គោលលទ្ធិទាំងនេះគ្រាន់តែជាការផ្តល់ហេតុផលរបស់ទេវវិទូដែលប្រកាន់តាមទស្សនៈវិជ្ជា ដែលពិបាកយល់ប៉ុណ្ណោះ។ ប៉ុន្តែសេចក្តីពិតរបស់ព្រះមានភាពច្បាស់លាស់ និងរឹងមាំ។
យើងបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះ ដោយការជឿលើការពិតថា ព្រះយេស៊ូវ ដែលជាព្រះនៅក្នុងរូបភាពជាមនុស្ស បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងរួចរាល់ហើយ។ ហើយអ្នកណាមានជំនឿលើទ្រង់ បានសង្រ្គោះហើយ។ ដូច្នេះ តើអ្នកជឿលើការពិតនេះដែរទេ? បាទ។
ប្រសិនបើអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ អ្នកបានសង្រ្គោះ គឺអ្នកពិតជាបានសង្រ្គោះ និងរួចពីអំពើបាបទាំងអស់របស់អ្នក។ បើសិនអ្នកទទូចថា ការអធិស្ឋានលន់តួ និងការរស់នៅក្នុងជីវិតឥតខ្ចោះ ដើម្បីទទួលបានការបានញែកជាបរិសុទ្ធ អាចសង្រ្គោះអ្នកបាន នោះអ្នកមានចិត្តមានះថា អ្នកអាចបានសង្រ្គោះបាន ដោយមិនចាំបាច់មានព្រះយេស៊ូវហើយ។ ទោះបីជាគោលលទ្ធិនៃការញែកជាបរិសុទ្ធបង្រៀនយ៉ាងខុសថា មនុស្សអាចបានសង្រ្គោះបាន ដោយសារតែទង្វើ និងការប្រព្រឹត្តល្អរបស់ខ្លួនក៏ដោយ ក៏ព្រះយេស៊ូវពិតជាផ្លូវតែមួយគត់ចូលទៅក្នុងសេចក្តីសង្រ្គោះដែរ។
ដែលអាចប្រព្រឹត្តតាមក្រិត្យវិន័យបានមួយភាគរយ គឺស្មើនឹងមិនអាចគោរពតាមក្រិត្យវិន័យទាល់តែសោះ។ ព្រះប្រាប់យើងថា យើងមិនអាចធ្វើតាមក្រិត្យវិន័យរបស់ទ្រង់បានសូម្បីតែបន្តិចផង។ អ្នកដែលគិតថា ពួកគេអាចធ្វើតាមក្រិត្យវិន័យបានប្រាំភាគរយ ហើយគ្រោងនឹងធ្វើតាមឲ្យបានដប់ភាគរយនៅពេលអនាគត ពិតជាមិនស្គាល់ពីសមត្ថភាពរបស់ខ្លួនសោះឡើយ ហើយពួកគេកំពុងតែទាស់ប្រឆំាងនឹងសេចក្តីសុចរិតរបស់ព្រះ ហើយ។ ដូច្នេះ ចូរកុំព្យាយាមយល់ពីសេចក្តីសុចរិតរបស់ព្រះ ដោយតក្កវិជ្ជា និងទស្សនៈផ្ទាល់ខ្លួនឲ្យសោះ។ សេចក្តីសុចរិតរបស់ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយវារង់ចាំយើងជឿលើវា ដើម្បីឲ្យយើងអាចធ្វើជាកូនរបស់ព្រះ។ 
ព្រះមានគ្រប់ទាំងអំណាចព្រះចេស្តា និងសេចក្តីមេត្តាករុណា ហើយទ្រង់បានសង្រ្គោះយើងរួចហើយ ដោយសេចក្តីសុចរិតរបស់ទ្រង់ តែម្តងជាសម្រេច។ យើងអរព្រះគុណដល់ព្រះ សម្រាប់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង។