Search

Khotbah-Khotbah

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-6] អ្នកដែលទទួលបាននគរព្រះជាមរតក (រ៉ូម ៨:១៦-២៧)

(រ៉ូម ៨:១៦-២៧)
«ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិត សេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបាន សង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ។»
 
 
មនុស្សទាំងអស់ ដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យ ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមានព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ពួកគេ។ ១យ៉ូហាន ៥:១០ និយាយថា «អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្តីបន្ទាល់ នៅក្នុងខ្លួនហើយ»។ អ្នកដែលមានសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្ត មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ ហើយសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់គាត់អស់កល្បជានិច្ច។
យើងបានធ្វើជាកូនរបស់ព្រះ ដោយសារអំពើបាបរបស់យើងត្រូវបានអត់ទោសឲ្យ តាមរយៈសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយព្រះវិញ្ញាណបានគង់នៅក្នុងចិត្តរបស់យើង និងបានធ្វើបន្ទាល់ដល់យើងថា «អ្នកគឺជាកូនរបស់ព្រះ និងជារាស្ត្ររបស់ទ្រង់»។ ផ្ទុយទៅវិញ ដល់អ្នកដែលឥតមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ខ្លួន ក្រិត្យវិន័យធ្វើបន្ទាល់ថា «អ្នកមិនមែនជាកូនរបស់ព្រះទេ ប៉ុន្តែជាមនុស្សមានបាបវិញ»។
ដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ថា «អ្នកគឺជាកូនរបស់ព្រះ។ ហើយអ្នកគឺជា រាស្ត្រដែលឥតមានបាបរបស់ព្រះ»។ ព្រះបានបញ្ជាក់យ៉ាងច្បាស់លាស់ ដើម្បីឲ្យយើងបានដឹងថា ដើម្បីបានធ្វើកូនរបស់ព្រះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
អ្នកអាចសួរថា «ខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់។ តើនេះមានន័យថា ខ្ញុំមិនមែនជាកូនរបស់ព្រះឬ?»។ មនុស្សមួយចំនួននៅក្មេងខ្ចីនៅក្នុង សេចក្តីជំនឿរបស់ខ្លួន ហើយមិនអាចដឹងថា ពួកគេមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេបានទេ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ជាមួយយើងថា ទោះបីជាយើងមានការសង្ស័យលើខ្លួនឯងក៏ដោយ ក៏ទ្រង់លើកទឹកចិត្តយើង ដោយមានបន្ទូលថា «អ្នកគឺជាកូនរបស់ព្រះហើយ! តើអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេឬ? ដោយសារអ្នកជឿ នោះអ្នកគឺជាកូនរបស់ព្រះហើយ»។ ដូច្នេះ សូម្បីតែនៅពេលយើងមានការសង្ស័យ ក៏យើងគឺជាកូនរបស់ព្រះដែរ បើសិនយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះវិញ្ញាណបរិសុទ្ធ ដែលមិនមែនជាអ្វីនៅក្នុងចិត្តរបស់យើង ដែលយើងអាចដឹងតាមអារម្មណ៍ និងគំនិតរបស់យើងបាន ធ្វើបន្ទាល់ថា យើងគឺជាកូនរបស់ព្រះហើយ។ ដូច្នេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥតមានបាបនៅក្នុងចិត្តរបស់ខ្លួនទេ ហើយដោយសារពួកគេឥតមានបាប ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ ហើយពួកគេពិតជាកូនរបស់ព្រះមែន។
ព្រះវិញ្ញាណបរិសុទ្ធប្រាប់យើងនៅក្នុងចិត្តរបស់យើងថា «អ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឈើឆ្កាងរបស់ទ្រង់ និងបានសង្រ្គោះ ហើយ។ ដូច្នេះ អ្នកឥតមានបាបទៀតទេ ហើយអ្នកគឺជាកូនរបស់ព្រះ»។
ទោះបីជាយ៉ាងណា ការបញ្ជាក់របស់ទ្រង់មិនកើតឡើង តាមរយៈ សម្លេងរបស់មនុស្សឡើយ។ ដូច្នេះ ចូរកុំរំពឹងស្តាប់ឮសម្លេងពីព្រះវិញ្ញាណបរិសុទ្ធឲ្យសោះ។ បើសិនអ្នកព្យាយាមស្តាប់ឮសម្លេង សាតាំងអាចបន្លំ សម្លេងរបស់វា ដើម្បីល្បួងអ្នកហើយ។ សាតាំងធ្វើការ ដោយចូលទៅក្នុងគំនិតរបស់មនុស្ស ប៉ុន្តែព្រះវិញ្ញាណធ្វើការ តាមរយៈព្រះបន្ទូលព្រះវិញ។
 
 
អ្នកដែលមានសេចក្តីសុចរិតរបស់ព្រះ គឺជាកូនរបស់ទ្រង់ និងជាអ្នកគ្រងមរតក
 
ចូរ យើងអានខ.១៧ជាមួយគ្នា។ «បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។»
ប្រសិនបើយើងគឺជាកូនរបស់ព្រះ យើងក៏ជាអ្នកគ្រងមរតករបស់ទ្រង់ផងដែរ។ អ្នកគ្រងមរតកម្នាក់គឺជាអ្នកដែលទទួលគ្រប់យ៉ាងពីឪពុកម្តាយរបស់ខ្លួន។ នៅក្នុងន័យផ្សេង យើងមានសិទ្ធិទទួលបានគ្រប់យ៉ាង ដែលព្រះវរបិតាមាន។ បើសិនគេសួរយើងថា «តើអ្នកណាគឺជាអ្នកគ្រងមរតករបស់ព្រះវរបិតា?» យើងអាចឆ្លើយបានថា «អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមានការអត់ទោសអំពើបាប គឺជាអ្នកគ្រងមរតករបស់ទ្រង់»។
អ្នកដែលមានសេចក្តីជំនឿបែបនេះ មានពរ ហើយនឹងទទួលសិរីល្អរបស់ព្រះនៅក្នុងនគររបស់ទ្រង់ជាមរតកជាមួយព្រះគ្រីស្ទ។ នៅទីនេះ ខនេះនិយាយថា ក្នុងនាមយើងគឺជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទ ដើម្បីបានតំកើងឡើងជាមួយទ្រង់ យើងក៏ត្រូវរងទុក្ខជាមួយទ្រង់ដែរ។ ធ្វើជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទ គឺត្រូវរស់នៅក្នុងនគររបស់ព្រះវរបិតាអស់កល្បជានិច្ច។ ហើយបើសិនអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកគឺជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទហើយ។ ដូច្នេះ យើងគឺជាអ្នកគ្រងមរតក ពីព្រោះយើងនឹងទទួលបានគ្រប់យ៉ាងដែលព្រះវរបិតារបស់យើងមាន និងប្រទានឲ្យ។
ពីពេលមួយទៅពេលមួយ ខ្ញុំអាចមានអារម្មណ៍ថា នគរព្រះនៅជិតយើងហើយ។ គ្រប់យ៉ាងកើតឡើងនៅក្នុងពេលកំណត់។ សេចក្តីសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរ ក៏កំពុងតែត្រូវបានបំពេញសម្រេចម្តងមួយៗហើយដែរ។ ឥឡូវនេះ នៅសល់តែអ៊ីស្រាអែលទេ ដែលត្រូវប្រែចិត្ត ជឿ និងទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន និងបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ ក្នុងកំឡុងសេចក្តីវេទនាប្រាំពីរឆ្នាំ អ៊ីស្រាអែលត្រូវទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន។
វត្តមាននគរព្រះនៅលើផែនដី គឺទាក់ទងគ្នាទៅនឹងការប្រែចិត្តរបស់សាសន៍អ៊ីស្រាអែល។ ខ្ញុំជឿថា ថ្ងៃចុងក្រោយនឹងមកដល់យ៉ាងឆាប់ ហើយអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងបានរស់នៅជាមួយ អស់កល្បជានិច្ច។ ពិភពលោកទាំងមូលបានរង់ចាំឆ្នាំ២០០០ ហើយបានគិតថា វានឹងជាថ្ងៃចុងក្រោយ ប៉ុន្តែឆ្នាំ២០០០បានកន្លងផុតបាត់ទៅហើយ។ មនុស្សជាច្រើនបានគិតថា ការផ្លាស់ប្តូរទាំងអស់នឹងកើតឡើងនៅក្នុងឆ្នាំ២០០០ ប៉ុន្តែតាមការពិត យើងបានឈានចូលមកដល់ឆ្នាំនេះរួចទៅហើយ។
ប៉ុន្តែនគររបស់ព្រះគ្រីស្ទ ដែលយើងបានរង់ចាំអស់រយៈពេលជាយូរ កំពុងតែមកដល់យើងម្នាក់ៗហើយ។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ដឹកនាំអ្នកដែលទទួលបានការអត់ទោសអំពើបាប ឲ្យដឹងថា នគរព្រះជិតមកដល់ហើយ។ ឥឡូវនេះ ដូចជាពេលមុនដែរ គ្រប់យ៉ាងនឹងត្រូវបានបំពេញសម្រេច ដូចដែលព្រះបានមានបន្ទូល។ ដូច្នេះ ចូរយើងរង់ចាំថ្ងៃនោះ ដោយសេចក្តីជំនឿចុះ។
នៅពេលអនាគត អ៊ីស្រាអែលនឹងក្លាយជាថ្មជំពប់ និងឧបសគ្គដល់សន្តិភាពពិភពលោក ហើយនឹងបង្កើតភាពជាខ្មាំងសត្រូវជាមួយជាតិសាសន៍ជាច្រើន។ នេះគឺជាអ្វីដែលព្រះគម្ពីរប្រាប់យើង គឺថា អ៊ីស្រាអែលនឹងក្លាយជាសត្រូវរបស់ជាតិសាសន៍ជាច្រើន ហើយជនជាតិអ៊ីស្រាអែលមួយចំនួននឹងដឹងថា ព្រះមែស៊ីដែលខ្លួនបានរង់ចាំអស់រយៈពេលជាយូរមកហើយនោះ គឺពិតជាព្រះយេស៊ូវមែន។ ពួកគេនឹងទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្វីដែលព្រះមាននៅក្នុងផែនការរបស់ទ្រង់ ហៀបនឹងត្រូវបានបំពេញសម្រេចហើយ។ ប៉ុន្តែការទាំងអស់នេះនឹងកើតឡើង នៅក្នុងពេលកំណត់។ ដូច្នេះ យើងមិនត្រូវទន្ទឹងឲ្យការទាំងនេះកើតឡើងតាមពេលវេលា និងកាលបរិច្ឆេទជាក់លាក់ណាមួយ ដូចដែលអវសាន្តវិទូបានព្យាករណ៍ឡើយ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងមើលឃើញទំនាយទាំងអស់របស់ព្រះក្លាយជាការពិត។ អ្នកដែលជឿ មានសេចក្តីសង្ឃឹមថា នគរព្រះនៅលើផែនដី និងស្ថានសួគ៌ កំពុងតែមកដល់យើងហើយ។ ហើយខ្ញុំពិតជាជឿថា ថ្ងៃនោះកំពុងតែមកដល់ជិតយើងហើយ។ 
ពេលវេលានឹងមកដល់ ក្នុងពេលដ៏ឆាប់ នៅពេលអ្វីដែលព្រះអម្ចាស់បានសន្យា នឹងក្លាយជាការពិត ម្តងមួយៗ។ ខ្ញុំមានទំនុកចិត្តថា ថ្ងៃដែលនគររាជ្យមួយពាន់ឆ្នាំ និងនគរព្រះ ដែលព្រះបានសន្យា នឹងមកដល់ ហើយវាបានមកដល់កាន់តែជិតយើងហើយ។ តើអ្នកក៏គិតដូច្នេះដែរទេ? ហើយតើអ្នកជឿថា គ្រប់ទាំងទំនាយរបស់ព្រះនឹងត្រូវបានបំពេញសម្រេច តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែរទេ? ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងជឿលើសេចក្តីសន្យារបស់ព្រះ ដោយអស់ពីចិត្តរបស់យើង។
តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងប្រាកដនៅក្នុងចិត្តថា សេចក្តីសន្យារបស់ព្រះនៅថ្ងៃចុងក្រោយ នឹងក្លាយជាការពិតយ៉ាងឆាប់រហ័ស។ យើងជឿតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា អ្វីដែលមាននៅក្នុងគំនិត និង សេចក្តីសង្ឃឹមរបស់យើង នឹងក្លាយជាការពិត ជាមួយនឹងទំនាយទាំងអស់របស់ព្រះ។ នេះហើយគឺជាសេចក្តីជំនឿពិតប្រាកដ។
អ្នក និងខ្ញុំគឺជាអ្នកគ្រងមរតកនៃព្រះពរទាំងអស់ ដែលព្រះបាន សន្យា។ ដូច្នេះ យើងត្រូវរង់ចាំនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ នគរព្រះនឹងមកដល់យើងយ៉ាងឆាប់រហ័ស។ នៅបន្តិចទៀត ជនជាតិអ៊ីស្រាអែលនឹងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះមែស៊ីរបស់ពួកគេហើយ។
ឥឡូវនេះ មនុស្សជាច្រើនកំពុងតែរង់ចាំទ្រង់ ដោយនិយាយថា «សូមយាងមក ព្រះអម្ចាស់យេស៊ូវ»។ សាវកប៉ុលបាននិយាយថា ដោយសារគាត់គឺជាអ្នកគ្រងមរតករបស់ព្រះ ការរងទុក្ខរបស់គាត់មិនអាចប្រៀបផ្ទឹមទៅនឹងសិរីល្អ ដែលគាត់នឹងទទួលបានក្នុងពេលដ៏ឆាប់នោះបានឡើយ។ វាមានន័យថា ដើម្បីទទួលបានសិរីល្អជាមួយព្រះគ្រីស្ទ យើងក៏នឹងត្រូវរងទុក្ខជាមួយទ្រង់ផងដែរ ពីព្រោះយើងជឿ និងរង់ចាំនគរព្រះ។ ដូច្នេះ ដើម្បីទទួលសិរីល្អជាមួយព្រះគ្រីស្ទ យើងក៏ត្រូវតែរងទុក្ខជាមួយទ្រង់ផងដែរ។ 
សេចក្តីសង្ឃឹមរបស់សាវកប៉ុល គឺសម្រាប់ស្នាព្រះហស្តទាំងអស់ រួមទាំងសត្វ និងរុក្ខជាតិផង បានរួចពីសេចក្តីស្លាប់របស់ខ្លួន។ ដូច្នេះហើយបានជាស្នាព្រះហស្តទាំងអស់កំពុងតែរង់ចាំយ៉ាងអន្ទះសារ ដល់ការមកដល់របស់កូនៗរបស់ព្រះ។ សេចក្តីសង្ឃឹមសម្រាប់កូនៗរបស់ព្រះគឺថា ថ្ងៃនោះនឹងមកដល់ នៅពេលស្នាព្រះហស្តទាំងអស់នឹងអាចរស់នៅ អស់កល្បជានិច្ចបាន។
ដូច្នេះ យើងត្រូវតែដឹងថា យើងដែលជាអ្នកជឿ បានទទួលព្រះពរនៃជីវិតអស់កល្បជានិច្ច។ ទោះបីជាយើងនឹងមើលឃើញថ្ងៃនោះ ដែលព្រះ អម្ចាស់នឹងយាងមក ឬព្រះអម្ចាស់នឹងយកយើងពីដំណេករបស់យើងទៅក៏ដោយ ក៏យើងនឹងត្រូវរង់ចាំទ្រង់ដែរ។
 
 
តើសិរីល្អរបស់ព្រះ ដែលនឹងបើកសម្តែងនៅក្នុងយើង ពិតជាអស្ចារ្យឬ?
 
សិរីល្អ ដែលនឹងបើកសម្តែងទៅកាន់មនុស្សសុចរិតក្នុងពេលដ៏ឆាប់ គឺជាសិរីល្អដ៏អស់កល្បជានិច្ច ដែលជាការទទួលបាននគរដ៏អស់កល្បជានិច្ច និងការរស់នៅនៅក្នុងសិរីល្អរបស់ព្រះជារៀងរហូត។ នឹងលែងមានសេចក្តីស្លាប់ ឬទុក្ខសោក ឬការយំសោកទៀតហើយ។ ហើយក៏នឹងមិនមានការឈឺចាប់នៅក្នុងនគរព្រះឡើយ ហើយនគរព្រះមិនចាំបាច់ត្រូវការព្រះអាទិត្យ ឬព្រះច័ន្ទ ដើម្បីបំភ្លឺឡើយ ពីព្រោះសិរីល្អរបស់ព្រះបំភ្លឺនគរនេះហើយ។ កូនចៀមគឺជាពន្លឺនៃនគរព្រះ។ នគរនេះមានតែព្រះយេស៊ូវ និងអ្នកដែលបានកើតជាថ្មី ដែលជាអ្នកដែលជឿ និងឥតមានបាប ហើយមានពេញដោយសិរីល្អរបស់ព្រះ។ មានពេញដោយរស្មីពណ៌មាស ដែលអស្ចារ្យយ៉ាងខ្លាំង រហូតដល់យើងមិនអាចមានពាក្យអ្វីបរិយាយបាន។ ដោយសារសីរីល្អនេះអស្ចារ្យយ៉ាងខ្លាំង សាវកប៉ុលប្រាប់យើងថា ទុក្ខលំបាករបស់យើងនៅបច្ចុប្បន្ននេះមិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកកាន់យើងបានឡើយ។
ខណៈដែលកំពុងតែបម្រើព្រះនៅក្នុងលោកិយនេះ ពេលខ្លះ យើងអាចមមើលឃើញសិរីល្អរបស់ព្រះនៅក្នុងធម្មជាតិបាន។ នៅពេលយើងសម្លឹងមើលផ្កាមានពណ៌ចម្រុះ ស្មៅដ៏រលើបរលោង ធម្មជាតិដែលមាននៅក្នុងស្លឹកបញ្ចេញរស្មី បរិយាកាសនៅនិទាឃរដូវ ភាពស្រស់ស្រាយរបស់ព្រៃឈើ ខ្យល់អាកាសបរិសុទ្ធ ហ្វូងផ្កាយដែលបញ្ចេញពន្លឺនៅក្នុងយប់ត្រជាក់ និងរដូវទាំងបួន យើងប្រាកដជានឹងគិតពីស្ថានសួគ៌។ នៅពេលមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ យើងសង្ឃឹមថា នគរព្រះនឹងមកដល់កាន់តែឆាប់។
កាលណានគរព្រះមកដល់ នឹងលែងមានសេចក្តីស្លាប់ទៀតហើយ ហើយយើងនឹងរស់នៅប្រកបដោយសិរីល្អរបស់ព្រះ។ យើងនឹងមិនខ្វះអ្វីទៀតឡើយ ហើយយើងនឹងរស់នៅក្នុងភាពបរិបូរ និងសេចក្តីចម្រុងចម្រើន។ គ្រាន់តែគិតថា ខ្ញុំនឹងរស់នៅក្នុងនគរនៃសិរីល្អនោះ ចិត្តរបស់ខ្ញុំបានពេញដោយសិរីល្អនៃព្រះរួចបាត់ទៅហើយ។ ការពិតថា ព្រះពរទាំងនេះនឹងក្លាយជារបស់យើង ដែលជាអ្នកជឿ គឺជាការសុបិន្តមួយ ហើយធ្វើឲ្យបានអរព្រះគុណម្តងទៀត ដែលយើងបានកើតជាថ្មី។ ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានបំពេញចិត្តរបស់ខ្ញុំយ៉ាងហូរហៀរ ដោយសេចក្តីសង្ឃឹមនេះ។
ឥឡូវនេះ យើងអាចសង្ឃឹមសម្រាប់ស្ថានសួគ៌បាន តាមរយៈការស្រមើស្រមៃរបស់យើងតែប៉ុណ្ណោះ ប៉ុន្តែយើងដឹងថា នៅពេលអនាគត សេចក្តីសន្យាទាំងអស់របស់ព្រះនឹងក្លាយជាពិតជាក់ជាមិនខាន។ ដូច្នេះ យើងកាន់តែមានសេចក្តីសង្ឃឹមខ្លាំងឡើងៗ ហើយយើងក៏កាន់តែដឹងពីសិរីល្អនៃព្រះខ្លាំងឡើងដែរ។
ដូច្នេះហើយបានជាអ្នកដែលជឿ សង្ឃឹមសម្រាប់អនាគត។ សេចក្តីជំនឿលើព្រះ និងសេចក្តីសង្ឃឹមសម្រាប់អនាគតគឺជាសិរីល្អ និងសេចក្តីជំនឿរបស់អ្នកដែលនឹងទទួលបាននគរព្រះជាមរតក។ ដូច្នេះ តើសេចក្តីជំនឿនេះគឺជាព្រះពរមួយ ដែលព្រះប្រទានឲ្យអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឬ? ពិតប្រាកដហើយ! យើងរង់ចាំតែពេលវេលាកន្លងទៅប៉ុណ្ណោះ រហូតដល់ទ្រង់ប្រទានសិរីល្អរបស់ទ្រង់ដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលកំណត់ សេចក្តីសន្យារបស់ព្រះអំពីសិរីល្អទាំងអស់របស់ទ្រង់ នឹងក្លាយជាការពិតសម្រាប់យើងទាំងអស់គ្នា។ ព្រះពរទាំងនេះពិតជាអស្ចារ្យ ហើយពិតជានឹងកើតឡើងដល់អ្នកជឿទាំងអស់ជាក់ជាមិនខាន។
អ្នក និងខ្ញុំ ដែលមានសេចក្តីជំនឿតែមួយតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាមនុស្សដែលនឹងចូលទៅក្នុងនគរនៃសិរីល្អរបស់ព្រះ។ ជាច្រើនដង លោកិយដ៏ច្របូកច្របល់ និងអាក្រក់នេះអាចធ្វើឲ្យចិត្តរបស់យើងងងឹតបាន ហើយយើងអាចបាក់ទឹកចិត្ត និងអស់សង្ឃឹមបាន។ ប៉ុន្តែអ្នកដែលបានកើតជាថ្មី អាចយកឈ្នះលើទុក្ខលំបាកទាំងនេះបាន ដោយការជឿថា ពួកគេបានធ្វើជាអ្នកស្នងមរតករបស់ព្រះហើយ។ ទោះបីជាអាចមានទុក្ខលំបាកគ្រប់ប្រភេទនៅក្នុងចិត្តរបស់អ្នកជឿដែលឥតបាបក៏ដោយ ក៏ពួកគេនឹងអាចស្វែងរកកម្លាំង និងរស់នៅបាន ដោយការរំឮកខ្លួនឯងពីសេចក្តីសន្យារបស់ព្រះដែរ។ ខ្ញុំអរព្រះគុណ ដែលព្រះវិញ្ញាណបរិសុទ្ធនៅតែគង់នៅក្នុងចិត្តរបស់យើង កំសាន្តចិត្តយើង និងធ្វើបន្ទាល់ដល់វិញ្ញាណរបស់យើងថា យើងគឺជាកូនរបស់ព្រះ។
អ្នកដែលទើបតែបានប្រោសលោះចេញពីអំពើបាបរបស់ខ្លួន ក៏គួរតែសម្លឹងទៅឯសិរីល្អនៃស្ថានសួគ៌ និងរស់នៅក្នុងសេចក្តីសង្ឃឹមផងដែរ។ យើងទាំងអស់គ្នាគឺជារាស្ត្ររបស់ព្រះ ដោយស្មើភាពគ្នា។ បើសិនអ្នកបានរស់នៅក្នុងជីវិតនៃសេចក្តីជំនឿនៅក្នុងពួកជំនុំ អស់រយៈពេលជាមួយហើយ អ្នកអាចដឹងហើយថា ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅព្រលឹងរបស់អ្នក កំពុងតែមានអំណរចំពោះសេចក្តីបរិបូរនៃមរតកដ៏ពេញដោយសិរីល្អរបស់អ្នក។
 
 
សូម្បីតែចិត្តរបស់មនុស្សសុចរិតក៏ថ្ងូរនៅលើផែនដីនេះដែរ
 
ចូរ យើងអានខ.២៣ជាមួយគ្នា។ «មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំង រង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង។» ចូរយើងសួរខ្លួនឯងថា «តើយើងកំពុងតែរស់នៅ ដោយសង្ឃឹមចង់បានអ្វី?»។ យើងដែលជាអ្នកជឿ រស់នៅ ដោយសង្ឃឹមចង់បានសេចក្តីប្រោសលោះសម្រាប់រូបកាយរបស់យើង។ នៅពេលយើងនិយាយថា យើងគឺជាកូនរបស់ព្រះ វាមានន័យថា ព្រលឹងវិញ្ញាណរបស់យើងតែប៉ុណ្ណោះ ដែលជាកូនរបស់ទ្រង់។ ចំណែករូបកាយរបស់យើងមិនទាន់ទទួលបានសិរីល្អនៅឡើយទេ។ ដូច្នេះ អ្នកជឿទាំងអស់សង្ឃឹមថា រូបកាយរបស់ខ្លួនក៏នឹងបានផ្លាស់ប្រែផងដែរ។
នៅពេលរូបកាយរបស់អ្នកជឿបានពាក់សិរីល្អរបស់ព្រះ ពួកគេនឹងអាចដើរឆ្លងកាត់ភ្លើង ដោយមិនឆេះសោះ ហើយពួកគេនឹងអាចប្រឈមនឹងទុក្ខលំបាកទាំងអស់ និងអាចដើរឆ្លងកាត់ជញ្ជាំងបានផង។ រូបកាយផ្លាស់ប្រែរបស់យើងនឹងបានរួចពីដែនកំណត់នៃពេលវេលា និងលំហរ។
ប៉ុន្តែរូបកាយរបស់យើងមិនទាន់បានផ្លាស់ប្រែនៅឡើយទេ។ ដូច្នេះហើយបានជាយើងដែលមានផលផ្លែដំបូងនៃព្រះវិញ្ញាណបរិសុទ្ធ ថ្ងូរនៅក្នុងចិត្ត។ ដូច្នេះ មនុស្សសុចរិតដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រង់ចាំសេចក្តីប្រោសលោះសម្រាប់រូបកាយរបស់ខ្លួន។
ព្រះគម្ពីរប្រាប់ថា សូម្បីតែយើងដែលបបានទទួលផលផ្លែនៃព្រះវិញ្ញាណ ក៏ថ្ងូរដែរ។ តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្ងូរនៅខាងក្នុងអ្នកដែរទេ? ហើយតើទ្រង់បានថ្ងូរនៅពេលណា? ទ្រង់ថ្ងូរ នៅពេលយើងព្យាយាមដេញតាមសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម។
នៅពេលយើងសម្លឹងមើលលោកិយនេះ និងស្រឡាញ់អ្វីដែលយើងមើលឃើញ ព្រះវិញ្ញាណបរិសុទ្ធថ្ងូរនៅក្នុងយើង។ ដោយសាររូបកាយរបស់យើងមិនទាន់បានផ្លាស់ប្រែនៅឡើយទេ ទើបវារីករាយ និងព្យាយាមដេញតាមកិច្ចការខាងលោកិយនេះ ប៉ុន្តែដោយសារវិញ្ញាណរបស់យើងបានផ្លាស់ប្រែរួចហើយ ព្រះវិញ្ញាណថ្ងូរនៅក្នុងយើង។ ដូច្នេះ យើងត្រូវតែបែរចិត្តរបស់យើង ដែលព្យាយាមដេញតាមសេចក្តីប៉ងប្រាថ្នាខាងលោកិយ ឲ្យមកទទួលយកការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ។
ព្រះវិញ្ញាណបរិសុទ្ធថ្ងូរនៅក្នុងយើង ដែលជាអ្នកគ្រងមរតករបស់ព្រះ ពីព្រោះទ្រង់គង់នៅក្នុងយើង។ ខណៈដែលកំពុងតែរស់នៅក្នុងលោកិយនេះ យើងអាចមើឃើញថា អនាគតពិតជាខ្មៅងងឹត ហើយរូបកាយរបស់យើងខ្សោយខ្លាំងណាស់។ ក្នុងកំឡុងពេលដូច្នេះ យើងគួរតែសម្លឹងទៅ និងទន្ទឹងដល់ព្រះពរនៃមរតករបស់ព្រះ ពីព្រោះយើងដឹងថា រូបកាយរបស់យើងក៏នឹងបានប្រោសលោះដែរ។ ដូច្នេះ អ្នកដែលជឿ រង់ចាំថ្ងៃមួយ ដែលពួកគេនឹងមានរូបកាយដ៏គ្រប់លក្ខណ៍ និងបានប្រោសលោះទាំងស្រុង។
 
 
ការរស់នៅក្នុងសេចក្តីសង្ឃឹមដ៏មានសិរីល្អ
 
ចូរ យើងអានខ.២៤ និង ២៥ ជាមួយគ្នា។ «ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់។»
«តើយើងបានទទួលសេចក្តីអត់ទោស សម្រាប់អំពើបាបទាំងអស់របស់យើង នៅក្នុងសេចក្តីសង្ឃឹមសម្រាប់នគរព្រះដែរទេ?» ចូរយើងសួរសំណួរនេះ។ យើងបាននិយាយថា យើងបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះមានបន្ទូលដូច្នេះថា «តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់»។
ដើម្បីបានរួចពីបាបរបស់យើង និងទៅស្ថានសួគ៌ យើងត្រូវតែបានសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ។ ហើយបន្ទាប់ពីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ បើសិនយើងបែរភ្នែករបស់យើងទៅមើលលោកិយ និងសង្ឃឹមសម្រាប់អ្វីដែលយើងអាចមើលឃើញ នោះមានន័យថា យើងមិនស្គាល់ទាំងសិរីល្អរបស់ព្រះ ហើយក៏មិនកំពុងតែរង់ចាំវាដែរ។ បើសិនយើងសង្ឃឹមសម្រាប់អ្វីដែលយើងអាចមើលឃើញ នោះមិនអាចជាសេចក្តីសង្ឃឹមបានឡើយ។ ដូច្នេះហើយបានជាសាវកបុលបានសួរថា «តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ?»។ ឥឡូវនេះ យើងដែលជាមនុស្សសុចរិត មិនគួរសង្ឃឹមសម្រាប់អ្វីនៅលើផែនដីនេះទេ ប៉ុន្តែតាមសេចក្តីសន្យារបស់ទ្រង់ យើងគួរតែសង្ឃឹមសម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានពេញដោយសេចក្តីសុចរិតរបស់ទ្រង់វិញ (២ពេត្រុស ៣:១៣)។
សេចក្តីជំនឿបែបនេះ គឺជាអ្វីដែលមនុស្សសុចរិតសង្ឃឹមចង់បាន។ មនុស្សសុចរិតរស់នៅក្នុងសេចក្តីសង្ឃឹម សម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី។ អ្វីដែលភ្នែករបស់យើងអាចមើលឃើញ មិនមែនជាអ្វីដែលយើងពិតជាសង្ឃឹមចង់បាននោះឡើយ។ ដោយសារយើងមិនអាចមើលឃើញ ដោយភ្នែករបស់យើងបាន យើងត្រូវរង់ចាំនគរនៃសិរីល្អដែលព្រះបានសន្យា ដោយភ្នែកខាងវិញ្ញាណរបស់យើងវិញ។ ដូច្នេះហើយបានជាមនុស្សសុចរិតដាក់សេចក្តីសង្ឃឹមរបស់ខ្លួននៅក្នុងនគរស្ថានសួគ៌។ សេចក្តីសង្ឃឹម គឺត្រូវជឿថា អ្វីដែលព្រះបានប្រាប់យើង ពិតជានឹងក្លាយជាការពិតជាក់ជាមិនខាន។
ព្រះបានមានបន្ទូលថា «ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ» (១កូរិនថូស ១៣:១៣)។ យើងបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង តាមរយៈ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់យើងសម្រាប់នគរស្ថានសួគ៌។ នគររបស់ទ្រង់នឹងមកដល់ផែនដីនេះ ហើយនឹងមានវត្តមាននៅស្ថានសួគ៌ ហើយយើងសង្ឃឹមថា យើងនឹងរស់នៅក្នុងនគរនេះ រហូតអស់កល្ប ជានិច្ច។ ដូច្នេះហើយបានជាយើងជឿតាមព្រះបន្ទូលសន្យារបស់ព្រះ និងអត់ធ្មត់ចំពោះការរងទុក្ខរបស់យើងនៅពេលបច្ចុប្បន្ននេះ។
នៅទីនេះ សរសេរថា «តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់»។ អ្វីដែលយើងអត់ធ្មត់ មិនមែនជាអ្វីដែលភ្នែករបស់យើងអាចមើលឃើញទេ ប៉ុន្តែយើងរង់ចាំ សេចក្តីសន្យារបស់ព្រះ ដែលភ្នែករបស់យើងមិនអាចមើលឃើញ។ សេចក្តីសន្យារបស់ព្រះនឹងក្លាយជាការពិត សម្រាប់អ្នកដែលជាអ្នកជឿ ពីព្រោះទ្រង់បានប្រាប់យើងថា សិរីល្អរបស់ព្រះនឹងមកដល់យ៉ាងឆាប់រហ័ស ហើយយើងជឿតាមសេចក្តីសន្យានេះ។ ដោយសារយើងជឿថា ព្រះអម្ចាស់របស់យើងនឹងយាងត្រឡប់មកវិញម្តងទៀត យើងអាចអត់ធ្មត់ចំពោះការរងទុក្ខរបស់យើង នៅពេលបច្ចុប្បន្ននេះបាន។
ដោយឥតមានការសង្ស័យ នគររបស់ព្រះនឹងមកដល់ផែនដីនេះ។ នៅពេលដំណឹងល្អត្រូវបានផ្សព្វផ្សាយទៅកាន់ជាតិសាសន៍ទាំងអស់ នគររបស់ព្រះប្រាកដជានឹងមកដល់។ មនុស្សសុចរិតទន្ទឹងដល់ថ្ងៃនោះ ដោយសេចក្តីអត់ធ្មត់។ ខណៈដែលយើងកំពុងតែរង់ចាំ ព្រះអម្ចាស់របស់យើងនឹងយាងមកដល់។ នេះហើយគឺជាសេចក្តីពិតសម្រាប់អ្នក និងខ្ញុំ ដែលកំពុងតែរស់នៅក្នុងសម័យនេះ។
មានសហការីជាស្ត្រីជនជាតិអុយក្រែនរបស់យើងម្នាក់ ដែលបកប្រែសៀវភៅរបស់យើងទៅជាភាសាអុយក្រែន។ គាត់បានមើលឃើញអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដួលរលំ ដោយសារការវាយប្រហាររបស់ពួកភេវរជន។ ហើយគាត់បាននិយាយថា គាត់តក់ស្លត់ និងច្របូកច្របល់។ គាត់បានឆ្ងល់ថា ហេតុការណ៍អាចជាការប្រកាសអំពី «គ្រាសេះសម្បុរស្លាំង» នៅក្នុងកណ្ឌវិវរណៈ ហើយបានស្វែងរកសៀវភៅផ្សេងៗ ដែលទាក់ទងនឹងផ្នែកនៃបទគម្ពីរនេះ។
យើងពិតជាមិនអាចនិយាយបានថា ហេតុការណ៍នេះគឺជាគ្រាសេះសម្បុរស្លាំងបានឡើយ ប៉ុន្តែយើងក៏មិនអាចបដិសេធថា វាមិនទាក់ទងនឹងគ្រាសេះសម្បុរស្លាំងបានដែរ។ បើសិនហេតុការណ៍បែបនេះកើតឡើងជាញឹកញាប់ នោះនឹងមានសង្រ្គាម ហើយជាតិសាសន៍ទាំងអស់នឹងវាយប្រហារគ្នាទៅវិញទៅមកហើយ។ កាលណាសង្រ្គាមផ្ទុះឡើយ ពិភពលោកទាំងមូលនឹងរងទុក្ខពីគ្រោះអត់ឃ្លាន ហើយ «គ្រាសេះសម្បុរស្លាំង» អាច មកដល់ជាមួយរំពេចបាន។
ដូច្នេះ នៅពេលខ្ញុំមើលឃើញឧបត្តិហេតុទាំងនេះ ដែលប្រាប់ជាមុនអំពីសេចក្តីវិនាសរបស់លោកិយនេះ ខ្ញុំកែបំណងចិត្តរបស់ខ្ញុំជាថ្មីថា យើងគួរតែប្រកាសដំណឹងល្អទៅកាន់ចុងបំផុតនៃផែនដីនេះ។ វាជាការពិតដែលថា យើងកំពុងតែបាត់បង់សេចក្តីសង្ឃឹមសម្រាប់លោកិយនេះ និងថា ចិត្តរបស់យើងថ្ងូរ នៅពេលសោកនាដកម្មវាយប្រហារយើងដូច្នេះ។ ប៉ុន្តែដរាបណាយើងនៅតែរស់នៅ យើងត្រូវតែរង់ចាំនគរព្រះ ដែលភ្នែកខាងសាច់ឈាមរបស់យើងមិនអាចមើលឃើញ ប៉ុន្តែមានតែភ្នែកខាង វិញ្ញណប៉ុណ្ណោះ ដែលអាចមើលឃើញ។
ដោយសារយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងសង្ឃឹមសម្រាប់នគរស្ថានសួគ៌ និងរង់ចាំដោយសេចក្តីអត់ធ្មត់។ ហើយដោយសារយើងជឿថា នគរព្រះកំពុងតែមកកាន់តែជិតយើងហើយ យើងអាចអត់ធ្មត់ចំពោះទុក្ខលំបាកទាំងឡាយរបស់យើងបាន។ ហើយយើងអាចធ្វើដូច្នេះបាន ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់យើង។
តើអ្នកកំពុងតែរងទុក្ខឬ? ចូរទ្រាំទ្រ និងអត់ធ្មត់ចុះ។ មិនគ្រាន់តែអ្នកម្នាក់ឯង ដែលកំពុងតែរងទុក្ខប៉ុណ្ណោះទេ ប៉ុន្តែយើងទាំងអស់គ្នាកំពុងតែរងទុក្ខ។ យើងនឹងមានសេចក្តីសង្ឃឹមថា នៅពេលទុក្ខលំបាកទាំងអស់បញ្ចប់ទៅ គ្រប់យ៉ាងនឹងត្រឡប់ទៅជាល្អប្រសើរ។ តើអ្នកមិនដឹងទេថា អ្នកមិនអាចរីកចម្រើនខាងវិញ្ញាណបានទេ បើសិនអ្នកមិនរងទុក្ខខាងសាច់ឈាម? នៅពេលរូបកាយរបស់យើងសុខស្រួលពេក យើងមិនស្វែងរកព្រះ និងព្រះពររបស់ទ្រង់ឡើយ ហើយយើងនឹងឃ្លាតឆ្ងាយពីទ្រង់។ ដូច្នេះ យើងដែលបានកើតជាថ្មី គួរតែសង្ឃឹមសម្រាប់សិរីល្អដែលនឹងមកដល់ ហើយទ្រាំទ្រនឹងទុក្ខលំបាករបស់យើងនៅពេលបច្ចុប្បន្ននេះ។
ព្រះបានមានបន្ទូលថា មានពរហើយ អ្នកដែលទ្រាំទ្រនឹងទុក្ខលំបាក សម្រាប់ព្រះអម្ចាស់។ នៅពេលថ្ងៃនៃការយាងមកដល់ផែនដីរបស់នគរព្រះមកដល់ យើងនឹងចូលទៅក្នុងនគររបស់ទ្រង់។ ដូច្នេះ យើងត្រូវតែទ្រាំទ្រ មានអំណត់ និងមិនបាត់បង់សេចក្តីសង្ឃឹមសម្រាប់ថ្ងៃនោះ។ យើងត្រូវតែទ្រាំទ្រ និងរង់ចាំថ្ងៃនោះ ទោះបើឥឡូវនេះ យើងរងទុក្ខយ៉ាងណាក៏ដោយ គឺយើងត្រូវតែរង់ចាំ និងអំណត់ រហូតដល់ផ្ទៃមេឃថ្មី និងផែនដីថ្មីមកដល់។
 
 
ព្រះវិញ្ញាណបរិសុទ្ធជួយអ្នកដែលមានសេចក្តីសុចរិតរបស់ព្រះ
 
ចូរ យើងអានខ.២៦ជាមួយគ្នា។ «ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ។»
តើព្រះវិញ្ញាណបរិសុទ្ធអធិស្ឋានសម្រាប់យើងដែរទេ? បាទ ទ្រង់អធិស្ឋានសម្រាប់យើង! ទ្រង់ស្គាល់ភាពខ្សោយរបស់យើងយើង និងអធិស្ឋានសម្រាប់យើង។
 ខ្ញុំបាននិយាយខ្លះហើយ អំពីការថ្ងូររបស់ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំចង់និយាយអំពីនេះម្តងទៀតថា ព្រះវិញ្ញាណបរិសុទ្ធថ្ងូរ នៅពេលយើងកំពុងតែធ្វើដំណើរឆ្ពោះទៅតាមទិសដៅ ដែលព្រះមិនចង់ឲ្យយើងទៅ។ នៅពេលយើងសម្លឹងទៅ និងថ្ងូរចំពោះស្ថានភាពទាំងឡាយនៅក្នុងលោកិយនេះ នៅពេលយើងដើរទៅតាមទិសដៅ ដែលព្រះវរបិតាមិនចង់ឲ្យយើងទៅ ឬនៅពេលយើងមិនរស់នៅតាម និងស្តាប់តាមបំណងព្រះហឫទ័យព្រះវរបិតា ព្រះវិញ្ញាណបរិសុទ្ធថ្ងូរ។
នៅពេលព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងអ្នកជឿដែលបានកើតជាថ្មី ថ្ងូរពីអ្វីដែលមិនអាចថ្លែងបាន យើងបាត់បង់កម្លាំងនៅក្នុងចិត្តរបស់យើង ហើយខ្សោយ។ នេះហើយគឺជាពេលវេលាដែលព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យយើងអធិស្ឋាន។ ពេលខ្លះ ទ្រង់ទូលអង្វរជំនួសយើង ឬជួយឲ្យយើងដឹងពីការពិតថា យើងត្រូវការអធិស្ឋាន។
ព្រះវិញ្ញាណបរិសុទ្ធថ្ងូរនៅក្នុងចិត្តរបស់យើង ហើយជួយឲ្យយើងអធិស្ឋានស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ យើងអធិស្ឋានដូច្នេះថា «ឱព្រះអម្ចាស់អើយ ទ្រង់បានដោះអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ហើយដោយសារការនេះ យើងបានធ្វើជាកូនរបស់ទ្រង់។ យើងសង្ឃឹមថា ការយាងត្រឡប់មកវិញរបស់ទ្រង់នឹងមកដល់ផែនដីយ៉ាងឆាប់រហ័ស។ យើងអធិស្ឋានឲ្យបំណងព្រះហឫទ័យទ្រង់បានសម្រេច»។ 
យើងទូលសុំសេចក្តីជំនឿខាងវិញ្ញាណថា «យើងក្រីក្រ និងមិនពេញលេញ នៅចំពោះទ្រង់។ ដូច្នេះ សូមប្រទានសេចក្តីជំនឿដល់យើង សម្រាប់ឲ្យបំណងព្រះហឫទ័យទ្រង់បានសម្រេច»។ បន្ទាប់មក ព្រះជួយយើង ពីព្រោះទ្រង់ស្គាល់ពីភាពខ្សោយរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធមិនចាកចោលយើងឲ្យនៅតែម្នាក់ឯងឡើត ប៉ុន្តែជួយឲ្យយើងអធិស្ឋានស្របតាមបំណងព្រះហឫទ័យព្រះ ហើយទ្រង់ក៏អធិស្ឋានសម្រាប់យើង និងពង្រឹងចិត្តរបស់យើងផងដែរ។
ទ្រង់ជួយឲ្យយើងអធិស្ឋានស្របតាមបំណងព្រះហឫទ័យព្រះ ហើយនៅពេលយើងទូលសុំជំនួយពីទ្រង់ ទ្រង់ជួយឲ្យយើងស្គាល់បំណងព្រះហឫទ័យព្រះសម្រាប់យើង ហើយប្រទានកម្លាំងថ្មីដល់យើង។ 
«ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ។»
តើអ្នកបានដឹងពីសកម្មភាពទាំងអស់ដែរទេ? ហើយតើនៅពេលអ្នកគិត និងប្រព្រឹត្តខុសពីអ្វីដែលព្រះចង់ឲ្យអ្នកធ្វើ តើដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែប្រាប់យើងដែលជាមនុស្សសុចរិតថា មានអ្វីមួយខុសហើយដែរទេ? ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា «អ្នកខុសហើយ!» ហើយចិត្តរបស់យើងចាប់ផ្តើមថ្ងូរ។ តើអ្នកបានដឹងថា នេះគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងតែថ្ងូរដែរទេ? អ្នកប្រហែលមានបទពិសោធន៍ថា នៅពេលចិត្តរបស់មនុស្សសុចរិតមានអំណរ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានអំណរនៅខាងក្នុង។ បន្ទាប់មក អ្នកនឹងដឹងថា នៅពេលចិត្តរបស់អ្នកថ្ងូរ នោះគឺជាព្រះវិញ្ញាណបរិសុទ្ធហើយ ដែលកំពុងតែថ្ងូរ។
នៅពេលយើងខ្សោយ និងប្រព្រឹត្តខុស ព្រះវិញ្ញាណបរិសុទ្ធថ្ងូរ និងទូលអង្វរសម្រាប់យើង ហើយព្រះវរបិតាប្រទានកម្លាំងដល់យើងវិញ។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងអធិស្ឋានសម្រាប់គ្រប់ការទាំងអស់ ដោយការប្រទានកម្លាំងខាងវិញ្ញាណថ្មីដល់យើង។ ដូច្នេះហើយបានជាអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ខ្លួន មានអំណរយ៉ាងខ្លាំង។ ទ្រង់ប្រទានកម្លាំងដល់យើង តាមរយៈព្រះបន្ទូលព្រះ។ នៅក្នុងន័យផ្សេង ទ្រង់ធ្វើការជាមួយព្រះបន្ទូលទ្រង់នៅក្នុងចិត្តរបស់យើង ដើម្បីប្រទានកម្លាំងខាងវិញ្ញាណថ្មីដល់យើង។ 
ទ្រង់នឹងមិនមកកាន់មានបន្ទូលមកកាន់យើង តាមរយៈមធ្យោបាយអ្វីផ្សេងឡើយ។ ទ្រង់ប្រទានកម្លាំងដល់យើង តាមរយៈព្រះគម្ពីរ ពួកជំនុំរបស់ព្រះ និងទំនាក់ទំនងរបស់យើងជាមួយបងប្អូនប្រុសស្រីរួមជំនឿរបស់យើង។ ដូច្នេះហើយបានជាពួកជំនុំរបស់ព្រះសំខាន់ខ្លាំងណាស់ ហើយវាមានតួនាទីយ៉ាងសំខាន់ នៅក្នុងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។
នៅក្នុងពួកជំនុំ មានអ្នកជឿ ទំនាក់ទំនងជាមួយពួកគេ ការសរសើរតម្កើង និងព្រះរាជសារ។ មិនថាគ្រូអធិប្បាយគឺជាអ្នកណាទេ ព្រះវិញ្ញាណបរិសុទ្ធមានវត្តមាន និងធ្វើការនៅក្នុងពួកគេ ដើម្បីឲ្យពួកគេប្រកាសព្រះរាជសារត្រឹមត្រូវ ទៅតាមពេលវេលាត្រឹមត្រូវ។ ទ្រង់ធ្វើការក្នុងចំណោមអ្នកដែលប្រកាសព្រះរាជសារ និងអ្នកដែលទទួលព្រះរាជសារ ដោយដាស់ចិត្តគំនិតរបស់ពួកគេ និងប្រទានព្រះពរដែលពួកគេត្រូវការ។ ហើយទ្រង់ធ្វើការទាំងនេះនៅក្នុងពួកជំនុំរបស់ព្រះ ដែលមានមនុស្សសុចរិតជួបប្រជុំគ្នា។ ដូច្នេះហើយបានជាពួកជំនុំមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់អ្នកជឿ។ នៅពេលអ្នកជឿម្នាក់កំពុងតែប្រឈមនឹងទុក្ខលំបាកនៅក្នុងចិត្តរបស់គាត់ តែមិនអាចចែករំលែកការឈឺចាប់ជាមួយអ្នកដទៃបាន អ្នកបម្រើរបស់ព្រះនឹងនៅតែអាចកត់សម្គាល់វា តាមរយៈព្រះវិញ្ញាណបាន ដែរ។ បើសិនអ្នកជឿជួបជុំគ្នានៅក្នុងពួកជំនុំរបស់ព្រះ ព្រះវិញ្ញាណបរិសុទ្ធនឹងអាចប៉ះពាល់ និងកំសាន្តចិត្តពួកគេបាន។ ទ្រង់នឹងជួយពួកគេឲ្យប្រកាន់ខ្ជាប់នឹងព្រះបន្ទូល និងប្រទានកម្លាំង ដើម្បីឲ្យពួកគេបានជាសះស្បើយឡើងវិញ។
ខណៈដែលកំពុងតែរស់នៅក្នុងសេចក្តីជំនឿ យើងជឿតាមដំណឹល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់យើង បានធ្វើជាកូនរបស់ព្រះ ហើយភស្តុតាងបញ្ជាក់អំពីព្រះពរទាំងនេះគឺថា យើងទទួលបានព្រះវិញ្ញាណបរិសុទ្ធទុកជាអំណោយទានពីព្រះ។ បន្ទាប់មក ព្រះប្រទានពួកជំនុំរបស់ទ្រង់ដល់យើង ហើយបន្ទាប់មក ទ្រង់និយាយទៅកាន់អ្នកបម្រើរបស់ទ្រង់ តាមរយៈពួកជំនុំ និងជួយឲ្យអ្នកបម្រើរបស់ទ្រង់ប្រកាសព្រះរាជសាររបស់ទ្រង់។ ទ្រង់ព្យាបាលរបួសទាំងឡាយរបស់យើង តាមរយៈព្រះគម្ពីរ ប្រទានកម្លាំងដល់អ្នកដែលខ្សោយ ប្រទានពរដល់អ្នកដែលខ្សត់នៅក្នុងចិត្ត និងប្រទានសមត្ថភាពដល់ពួកគេ ដើម្បីបំពេញការងាររបស់ទ្រង់។ ហើយទ្រង់បំពេញសម្រេចបំណងព្រះហឫទ័យទ្រង់ តាមរយៈយើង។ ដូច្នេះ អ្នកដែលជឿ មិនអាចកាត់ផ្តាច់ខ្លួនឯងចេញពីពួកជំនុំបានឡើយ។
អ្នកដែលជឿ មិនអាចត្រូវបានកាត់ផ្តាច់ចេញពីទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សសុចរិតដទៃទៀត ឬចេញពីការរីកចម្រើនរបស់ពួកគេនៅក្នុងព្រះបន្ទូលព្រះបានឡើយ។ សេចក្តីជំនឿត្រឹមត្រូវមាននៅក្នុងពួកជំនុំរបស់ព្រះតែប៉ុណ្ណោះ។ ដូច្នេះ អ្នកជឿត្រូវរួបរួមជាមួយគ្នាទៅវិញទៅមកនៅក្នុងពួកជំនុំ ពីព្រោះសេចក្តីជំនឿដែលឥតមានការរួបរួម គឺជាសេចក្តីជំនឿក្លែងក្លាយ។
តើអ្នកជឿថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់អ្នកដែរទេ? នៅពេលយើងរួបរួមជាមួយពួកជំនុំរបស់ព្រះ ដូចដែលបាននិយាយនៅក្នុងព្រះគម្ពីរ និងពួកជំនុំប្រាប់យើងនៅក្នុងព្រះរាជសារ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើង ហើយបើកភ្នែករបស់យើងឲ្យមើលឃើញសេចក្តីពិត និងប្រទានពរដល់យើង។ ដូច្នេះ ចូររួបរួមជាមួយពួកជំនុំ ដោយសេចក្តីជំនឿបែបនេះចុះ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមានអំណរ។
យើងបានរស់នៅ រហូតមកដល់ម៉ោងនេះ ដោយសារជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងក៏នឹងរស់នៅក្នុងពេលអនាគតដោយសារជំនួយរបស់ទ្រង់ផងដែរ។ ដូច្នេះហើយបានជាព្រះវិញ្ញាណបរិសុទ្ធសំខាន់ណាស់សម្រាប់យើង ដែលបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប។ យើងត្រូវតែដឹង និងជឿថា ទ្រង់មានព្រះជន្មគង់នៅ ហើយយើងត្រូវតែរស់នៅ ដោយសារទ្រង់ និងទទួលការដឹកនាំរបស់ទ្រង់ពីក្នុងចិត្តរបស់យើង។ អ្នកដែលមានទ្រង់នៅក្នុងចិត្តរបស់ខ្លួន ត្រូវតែដើរតាមបំណងព្រះហឫទ័យទ្រង់។ បើសិនអ្នកគឺជាមនុស្សសុចរិតម្នាក់ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នក ហើយអ្នកត្រូវតែដើរតាមច្បាប់នៃជីវិត តាមដែលទ្រង់ដឹកនាំអ្នក។
ចូរយើងអានខ.២៧ជាមួយគ្នា។ «ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ។» ព្រះវរបិតារបស់យើងស្គាល់បំណងព្រះហឫទ័យព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងយើង។ ហើយព្រះវិញ្ញាណបរិសុទ្ធស្គាល់គ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង។ ហើយព្រះវរបិតាក៏ស្គាល់គ្រប់យ៉ាងនៅក្នុងគំនិតរបស់យើងផងដែរ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធ «ជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ»។ 
នេះមានន័យថា ព្រះវរបិតាស្គាល់ពីអ្វីដែលនៅក្នុងគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណបរិសុទ្ធអធិស្ឋានត្រូវនឹងព្រះហឫទ័យព្រះវរបិតា។ ដូច្នេះ អ្នកដែលជឿ ត្រូវរស់នៅតាមបំណងព្រះហឫទ័យព្រះ។ ដូច្នេះហើយបានជាអ្នកដែលមានការអត់ទោសអំពើបាប ទទួលបានប្រយោជន៍ពីព្រះវិញ្ញាណបរិសុទ្ធ សម្រាប់ជីវិតនៃសេចក្តីជំនឿរបស់ ខ្លួន។ គំនិតរបស់មនុស្សសុចរិតត្រូវបានដឹកនាំ ដោយការដាស់តឿនរបស់ព្រះវិញ្ញាណបរិសុទ្ធ។
បញ្ហាផ្សេងៗកើតឡើងនៅក្នុងពួកជំនុំ នៅពេលអ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត នៅក្នុងពួកជំនុំរបស់ព្រះ។ អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តឡើយ ហើយពួកគេក៏មិនអាចទំនាក់ទំនងជាមួយអ្នកជឿពិតប្រាកដ ដែលមានព្រះវិញ្ញាណបានដែរ។ ពួកគេបង្កើតតែបញ្ហាជាច្រើននៅក្នុងពួកជំនុំប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅពេលអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ ស្តាប់សេចក្តីអធិប្បាយពីអ្នកបម្រើរបស់ព្រះ ដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដោយចិត្តរបស់ពួកគេមានសន្តិភាព ពីព្រោះពួកគេអាចយល់ពីអ្វីដែលព្រះកំពុងតែព្យាយាមមានបន្ទូលប្រាប់ពួកគេ តាមរយៈអ្នកបម្រើរបស់ទ្រង់។
អ្នកណាដែលមានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ពិតជាមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តហើយ។ យើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង និងរស់នៅតាមបំណងព្រះហឫទ័យព្រះ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងតាមរបៀបទាំងនេះ៖ ពេលខ្លះ តាម រយៈពួកជំនុំ ពេលខ្លះ តាមរយៈការទំនាក់ទំនងជាមួយអ្នកជឿ និងពេលខ្លះទៀត តាមរយៈព្រះបន្ទូលទ្រង់។ ទ្រង់ជួយឲ្យយើងស្វែងរកឃើញបំណងព្រះហឫទ័យព្រះ និងអនុញ្ញាតឲ្យយើងដើរតាមផ្លូវសុចរិតរបស់ ទ្រង់។ ទ្រង់ប្រទានកម្លាំងថ្មីដល់យើង ដើម្បីរស់នៅខាងព្រះ រហូតដល់យើងបានចូលទៅក្នុងនគររបស់ទ្រង់។
ដូច្នេះ អ្នក និងខ្ញុំត្រូវតែដឹងថា ព្រះវិញ្ញាណបរិសុទ្ធមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការរស់នៅរបស់យើងតាមបំណងព្រះហឫទ័យព្រះ។ នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដូចដែលបានសរសេរនៅក្នុងព្រះគម្ពីរថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨)។
ព្រះបានប្រទានដល់យើង នូវអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យទ្រង់អាចដឹកនាំយើង ឲ្យរស់នៅតាមបំណងព្រះហឫទ័យទ្រង់ បាន។ នេះគឺជាបំណងព្រះហឫទ័យព្រះវរបិតារបស់យើង។ ទ្រង់ប្រាប់យើងថា យើងត្រូវតែរស់នៅតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីបានចូលទៅក្នុងនគររបស់ទ្រង់។ យើងត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអាចរស់នៅតាមបំណងព្រះហឫទ័យព្រះបាន ហើយមានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបទទួលបានព្រះវិញ្ញាណ បរិសុទ្ធ។ ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អនេះ ដើម្បីឲ្យយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធទុកជាអំណោយទាន ហើយរស់នៅតាមបំណងព្រះហឫទ័យព្រះ និងចូលទៅក្នុងនគររបស់ទ្រង់បាន។
យើងមិនទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីប្រោសលោះ ដោយដាច់ដោយឡែកពីគ្នាឡើយ។ មនុស្សសម័យនេះគិតថា ព្រះពរទាំងពីរនេះគឺជាព្រះពរពីរដាច់ពីគ្នា ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើពួកគេ បើសិនពួកគេទៅអធិស្ឋានភាសាដទៃយ៉ាងស្មោះត្រង់នៅឯរូងភ្នំ។ ហើយទ្រង់នឹងសណ្ឋិតលើពួកគេ ប្រទានព្រះសាររបស់ទ្រង់ដល់ពួកគេ និងសន្ទនាជាមួយពួកគេ ដោយផ្ទាល់។ ប៉ុន្តែគួរឲ្យសោក ស្តាយណាស់ នេះមិនមែនជាការពិតឡើយ។
ព្រះវិញ្ញាណបរិសុទ្ធ និងព្រះគម្ពីរមិនអាចដាច់ពីគ្នាបានឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធ និងអ្នកជឿក៏មិនអាចដាច់ពីគ្នាបានដែរ។ ដូច្នេះហើយបានជាទំនាក់ទំនងរវាងអ្នកជឿ និងព្រះវិញ្ញាណបរិសុទ្ធ ពួកជំនុំ និងព្រះត្រៃឯក៖ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ នៅជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក។
យើងដែលរស់នៅក្នុងថ្ងៃចុងក្រោយនេះ រស់នៅដោយព្រះវិញ្ញាណបរិសុទ្ធ និងស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធដឹងគ្រប់ទាំងបំណងព្រះហឫទ័យព្រះវរបិតា ហើយព្រះវរបិតាដឹងគ្រប់យ៉ាងនៅក្នុងគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ព្រះវិញ្ញាណដឹកនាំគំនិតរបស់យើងឲ្យទំនាក់ទំនងជាព្រះ ជួយយើងឲ្យអធិស្ឋានតាមបំណងព្រះហឫទ័យព្រះ ហើយព្រះវរបិតាឆ្លើយតបចំពោះការអធិស្ឋានរបស់យើង ដោយការធ្វើឲ្យយើងរស់នៅតាមបំណងព្រះហឫទ័យទ្រង់។
ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយនៅក្នុង រ៉ូម ៨:១៦-២៧ អំពីការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។
យើងអាចរង់ចាំនគរព្រះបាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ យើងអាចទ្រាំទ្រនឹងការរងទុក្ខរបស់យើងនៅពេលបច្ចុប្បន្ននេះ និងរស់នៅតាមបំណងព្រះហឫទ័យព្រះ ដោយសង្ឃឹមសម្រាប់នគររបស់ទ្រង់បាន ដោយសារអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅចិត្តរបស់យើង។ យើងអាចទ្រាំទ្របាន តាមរយៈទ្រង់ ស្តាប់បង្គាប់ព្រះអម្ចាស់ តាមរយៈទ្រង់ ហើយមានសមត្ថភាពបម្រើព្រះអម្ចាស់ តាមរយៈទ្រង់។ គ្រប់ការទាំងនេះត្រូវបានប្រទានឲ្យយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងត្រូវតែដឹងថា យើងគឺជាមនុស្សដែលនិយាយជាមួយព្រះវិញ្ញាណបរិសុទ្ធ តែងតែសិក្សាព្រះបន្ទូលព្រះ រួបរួមចិត្តជាមួយព្រះបន្ទូល ស្តាប់ និងដើរតាមព្រះបន្ទូល។ យើងត្រូវតែរស់នៅក្នុងជីវិតមួយ ដែលព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធអាចមានអំណរនៅក្នុងយើងបាន តែមិននៅក្នុងជីវិតខាងសាច់ឈាម ដែលផ្គាប់ចិត្តតែសាច់ឈាមប៉ុណ្ណោះឡើយ។ នេះហើយគឺជាអ្វីដែលសាវកប៉ុលនិយាយនៅក្នុងបទគម្ពីរនេះ។ 
ព្រះតែងតែគង់នៅជាមួយយើង និងនៅក្នុងជីវិតរបស់យើង។ ទ្រង់ ថែរក្សាចិត្តរបស់យើង ហើយចង់ជួយដល់យើង។ សូមឲ្យព្រះបន្តប្រទានពរដល់យើង។ នៅពេលព្រះអម្ចាស់របស់យើងយាងមកម្តងទៀត គ្រប់យ៉ាងនឹងផ្លាស់ប្រែទៅជាសិរីល្អ ហើយយើងដែលមានសេចក្តីសុចរិតរបស់ព្រះ នឹងទទួលបានគ្រប់ទាំងសិរីល្អ និងនគររបស់ព្រះជាមរតក។ អ្នកណាចង់ទទួលបាននគរព្រះជាមរតក គួរតែស្តាប់ដោយយកចិត្តទុកដាក់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ហាលេលូយ៉ា! ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ និងព្រះពររបស់ទ្រង់។