Search

Pertanyaan dan Jawaban atas Iman Kristen

Pokok 4 : Pertanyaan yang Sering Diajukan Pembaca Buku Kami

4-2. អ្នកបានសរសេរថា «យើងអាចត្រឡប់ជាឥតបាប និងគ្រប់លក្ខណ៍បាន នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ»។ ប៉ុន្តែព្រះគម្ពីរនិយាយថា «បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ» (១យ៉ូហាន ១:៨-១០)។ តើអ្នកកាត់ស្រាយបទគម្ពីរនេះយ៉ាងដូចម្តេច? តើបទគម្ពីរនេះមិនមានន័យថា យើងគឺជាមនុស្សមានបាប រហូតដល់យើងស្លាប់ទៅវិញ ហើយយើងគួរតែថ្វាយការអធិស្ឋានលន់តួ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់យើងទេឬ?

១យ៉ូហាន ១:៨-១០ និយាយថា «បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។
«បើសិនជាយើងថា យើងគ្មានបាបសោះ» មានន័យថា «បើសិនយើងមិនសារភាពថា យើងបានកើតមកមានបាប និងបន្តធ្វើបាបពេញមួយជីវិតរបស់យើង នៅចំពោះក្រិត្យវិន័យទេ»។ យើងដឹងថា មនុស្សគ្រប់គ្នាគួរតែសារភាពបាបរបស់ខ្លួន។ ប៉ុន្តែវាមិនមានន័យថា យើងគួរតែលន់តួអំពើបាបប្រចាំថ្ងៃរបស់យើង ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាប ជារៀងរាល់ថ្ងៃនោះឡើយ ប៉ុន្តែមានន័យថា យើងគួរតែសារភាពថា យើងខ្សោយយ៉ាងខ្លាំង ក្នុងការគេចចេញពីការធ្វើបាប ដោយខ្លួនឯង និងដោយមិនជឿដល់ព្រះយេស៊ូវ។ ដូច្នេះ បើសិនមនុស្សម្នាក់និយាយថា គាត់គ្មានបាបសោះ ទោះបើគាត់នៅក្នុងសេចក្តីងងឹត ជាមួយនឹងបាបនៅក្នុងចិត្តរបស់គាត់ក៏ដោយ សេចក្តីពិតមិននៅក្នុងគាត់ឡើយ។ 
«បើយើងលន់តួបាបវិញ» មានន័យថា «បើសិនយើងសារភាពថា យើងតែងតែធ្វើបាបជានិច្ច ចាប់ពីកំណើតរបស់យើង រហូតដល់សេចក្តីស្លាប់របស់យើង និងថា យើងមិនអាចរស់នៅ ដោយមិនធ្វើបាបបានឡើយ ទោះបើយើងចង់គេចចេញពីការធ្វើបាបក៏ដោយ»។ នេះមិនមានន័យថា យើងត្រូវតែលន់តួ និងទូលសុំការអត់ទោសពីព្រះអម្ចាស់ នៅគ្រប់ពេលដែលយើងធ្វើបាបនោះឡើយ។ ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ កាលពីជាង២០០០ឆ្នាំមុន។ ដូច្នេះ អ្វីដែលយើងត្រូវតែធ្វើនៅពេលនេះ គឺត្រូវសារភាពថា យើងគឺជាមនុស្សមានបាប បើសិនយើងគ្មានទ្រង់ និងថា ដំណឹងល្អបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តែម្តងជាសម្រេចហើយ។ 
«បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ» មានន័យដូចតទៅ។ ក្រិត្យវិន័យជួយឲ្យយើងបានដឹងពីបាប និងបើកសម្តែងអំពើបាបរបស់យើង ដែលលាក់នៅក្នុងចិត្តរបស់យើង។ ដូច្នេះ យើងត្រូវតែសារភាពថា យើងបានធ្វើបាប នៅចំពោះក្រិត្យវិន័យ។ ប៉ុន្តែ អ្នកដែលមិនទទួលយកក្រិត្យវិន័យ នឹងមិនសារភាពថា ពួកគេបានធ្វើបាបឡើយ។ ក្រិត្យវិន័យជួយឲ្យយើងសារភាពអំពើបាបរបស់យើង និងដឹកនាំយើងទៅឯព្រះយេស៊ូវគ្រីស្ទ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់។