Search

Kazania

Subject 11 : រោងឧបោសថ

[11-3] យ៉ាវេដ៏ជាព្រះដែលមាន ព្រះជន្មគង់នៅ (និក្ខមនំ ៣៤:១-៨)

យ៉ាវេដ៏ជាព្រះដែលមាន ព្រះជន្មគង់នៅ
(និក្ខមនំ ៣៤:១-៨)
«ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំង ឲ្យដូចជាថ្មទាំង២ពីមុននោះ រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម [យេហូវ៉ា] ផង ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្តីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ ដំណផង នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ។»
 
 
យើងត្រូវស្វែងយល់ថា ព្រះដែលយើងជឿតាម គឺពិតជាអ្នកណា

ចូរយើងចាប់ផ្តើម ដោយការចូលទៅកាន់ និក្ខមនំ ៣:១៣-១៦៖ «ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅ អ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថា [អញជាព្រះដ៏ជាព្រះ] រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា ព្រះទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅ អ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្តីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ ទៅចុះ ចូរទៅប្រមូលពួកចាស់ទុំជាតិអ៊ីស្រាអែល ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃ ឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទ្រង់បានលេចមកមានព្រះបន្ទូលនឹងខ្ញុំថា អញបានមកប្រោសឯងរាល់គ្នាជាប្រាកដហើយ ក៏បានឃើញការដែលគេធ្វើដល់ឯរាល់គ្នា នៅស្រុកអេស៊ីព្ទដែរ»។ 
 
 

តើព្រះយ៉ាវេគឺជាអ្នកណា?


ព្រះនាមរបស់ព្រះអម្ចាស់ជាភាសាហេព្រើរគឺ Yahweh ឬ Yhwh Jehovah ហើយ Yahweh មានន័យថា ទ្រង់ដែលគង់នៅដោយអង្គទ្រង់។ នៅក្នុងន័យផ្សេង ព្រះមិនមែនជាស្នាព្រះហស្តមួយឡើយ ប៉ុន្តែជាព្រះដែលគង់នៅដោយអង្គឯង ជាព្រះអាទិករដែលបានបង្កើតសកលលោកទាំងមូល និងគ្រប់យ៉ាង។
ចូរយើងពិនិត្យមើល និក្ខមនំ ៦:២-៧៖ «ព្រះទ្រង់ក៏មានបន្ទូលទៅ ម៉ូសេទៀតថា អញជាព្រះយេហូវ៉ា អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែគេមិនបានស្គាល់អញដោយនាមជា [យេហូវ៉ា] របស់អញនោះទេ អញក៏បានតាំងសេចក្តីសញ្ញារបស់អញដល់គេថា នឹងឲ្យស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅទុកដូចជាអ្នកដទៃ អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបំរើ ហើយអញក៏បានរឮកដល់សេចក្តីសញ្ញាណរបស់អញនោះ ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញពីផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ»។ 
ខ.៣ខាងលើនិយាយថា «អញជាព្រះយេហូវ៉ា អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែគេមិនបានស្គាល់អញដោយនាមជា [យេហូវ៉ា] របស់អញនោះទេ»។ នៅក្នុងព្រះគម្ពីរភាសាអង់គ្លេស King James ពាក្យថា «ព្រះអម្ចាស់» សរសេរជា «យេហូវ៉ា»។ ពាក្យយេហូវ៉ាជាភាសាហេព្រើរមានន័យថា «ព្រះអង្គដែលគង់នៅ» ឬ «នាមត្រឹមត្រូវនៃព្រះដ៏ពិតមួយអង្គ»។ ព្រះមិនបានបង្កើតព្រះនាមយេហូវ៉ារបស់ទ្រង់ សម្រាប់មនុស្សជាតិពីមុននោះឡើយ។ ដូច្នេះ នៅពេលនោះ មនុស្សគ្រាន់តែហៅទ្រង់ថា ព្រះ ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ដើម្បីសង្រ្គោះជនជាតិអ៊ីស្រាអែល ព្រះចង់ឲ្យមនុស្សទាំងអស់នៅក្នុងពិភពលោកនេះស្គាល់ព្រះនាមរបស់ទ្រង់។ «អញគឺជាយេហូវ៉ា។ អញគឺជាយ៉ាវេ។ អញគឺជាអញ ព្រះអង្គដែលគង់នៅដោយអង្គឯង។» ដូច្នេះ ទ្រង់ចង់ឲ្យមនុស្សបានស្គាល់ទ្រង់។ 
ព្រះគឺជាព្រះដែលគង់នៅដោយអង្គទ្រង់ «ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប»។ ទ្រង់មានព្រះជន្មគង់នៅមុនពេលវេលាទាំងអស់ គឺមុនកំណើតនៃគ្រប់ទាំងអស់។ នៅក្នុងន័យផ្សេង ព្រះគង់នៅ និងមានព្រះជន្មអស់កល្បជានិច្ច។ ព្រះបានអនុញ្ញាតថា ជនជាតិអ៊ីស្រាអែលដែលជាកូនចៅរបស់លោកអ័ប្រាហាំ ធ្វើជាទាសករនៅក្នុងស្រុកអេស៊ីព្ទ រយៈពេល៤៣០ឆ្នាំ ហើយបន្ទាប់មក ទ្រង់បានសន្យាថា ទ្រង់នឹងរំដោះពួកគេចេញពីទាសភាពរបស់ពួកគេ ហើយដឹកនាំពួកគេចូលទៅក្នុងទឹកដីកាណាន។ ដូច្នេះ ដូចដែលទ្រង់បានសន្យាអញ្ចឹង ព្រះយេហូវ៉ាបានលេចមក បន្ទាប់ពី ៤៣០ឆ្នាំ ហើយបានបង្គាប់ឲ្យលោកម៉ូសេរំដោះជនជាតិអ៊ីស្រាអែលចេញពីការបៀតបៀនរបស់ស្តេចផារ៉ោន។ «អញគឺជាយេហូវ៉ា។ អញគឺជាអញ និងជាព្រះរបស់ឯង។ ចូរអនុញ្ញាតឲ្យរាស្ត្ររបស់អញចាកចេញទៅ។» សម្រាប់ជាប្រយោជន៍ដល់រាស្ត្ររបស់ទ្រង់ ទ្រង់បានបើកសម្តែងអង្គទ្រង់នៅចំពោះលោកម៉ូសេ ហើយបានបង្គាប់ឲ្យស្តេចផារ៉ោនដោះលែងរាស្ត្ររបស់ទ្រង់ ពីព្រោះព្រះយេហូវ៉ាបានដឹងពីការរងទុក្ខរបស់ពួកគេហើយ។ ដោយសារទ្រង់បានដឹងថា រាស្ត្ររបស់ទ្រង់កំពុងតែថ្ងូរនៅក្នុងទុក្ខលំបាក ព្រះបានមានបន្ទូលថា ទ្រង់នឹងរំដោះពួកគេចេញពីទាសភាពនេះ។ 
បន្ទាប់ពី៤៣០ឆ្នាំ ចាប់តាំងពីទ្រង់បានធ្វើការសន្យាជាមួយលោក អ័ប្រាហាំ ព្រះបានយាងមកឯជនជាតិអ៊ីស្រាអែល ហើយបើកសម្តែងអង្គទ្រង់ទៅកាន់ពួកគេ។ «អញគឺជាយេហូវ៉ា។ អញគឺជាព្រះ។ អញបានមកបំពេញតាមសេចក្តីសន្យារបស់អញជាមួយអ័ប្រាហាំ ដែលជាឱពុករបស់ឯង ដែលអញនឹងដឹកនាំកូនចៅរបស់គាត់ចេញពីស្រុកអេស៊ីព្ទទៅកាន់ទឹកដីកាណាន។ ហើយអញក៏ដឹងពីទុក្ខលំបាកទាំងអស់របស់ឯងផងដែរ។ ឥឡូវនេះ ចូរទៅឯផារ៉ោន ហើយប្រាប់ដូច្នេះចុះ។» នេះគឺជាអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូល។ 
យើងត្រូវតែដឹងថា ព្រះពិតជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុបមែន។ ហើយទ្រង់ក៏ជាព្រះរបស់យើងផងដែរ គឺអ្នក និងខ្ញុំ។ ដូច្នេះ តើទ្រង់មានព្រះនាមអ្វី? ព្រះនាមទ្រង់គឺយ៉ាវេ ដែលមានន័យថា ទ្រង់ដែលគង់នៅដោយអង្គទ្រង់។ ព្រះបានគង់នៅមុនកំណើតសកលលោកមកម៉្លេះ ពីព្រោះទ្រង់នៅគង់ដោយអង្គទ្រង់ ដែលមិនមានអ្នកណាបង្កើតទ្រង់ឡើងឡើយ ប៉ុន្តែដោយអង្គទ្រង់តែម្តង។ 
 

យើងត្រូវតែយល់ពីអត្ថន័យនៃព្រះនាមព្រះ

យើងចាំបាច់ត្រូវតែដឹង និងយល់ថា ព្រះគឺពិតជាព្រះដែលគង់នៅដោយអង្គឯង ព្រះអង្គដែលបានបង្កើតយើងមក ដែលគ្រប់គ្រងលើយើង និងដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ យើងត្រូវតែជឿថា ព្រះយ៉ាវេគឺជាព្រះដាច់ខាត ពីព្រោះទ្រង់ពិតជាបានបង្កើតសកលលោកទាំងមូលនេះ ហើយទ្រង់ពិតជាបន្តគង់នៅរហូតមកដល់ពេលនេះ។
ដូចជាជនជាតិអ៊ីស្រាអែលដែរ អ្នក និងខ្ញុំក៏ជឿលើព្រះ និងបានទទួលសេចក្តីបង្គាប់របស់ទ្រង់នៅចំពោះវត្តមានរបស់ទ្រង់ផងដែរ។ ដូចដែលជនជាតិអ៊ីស្រាអែលមិនបានរក្សាតាមក្រិត្យវិន័យទាំងអស់ យើងក៏មិនបានរស់នៅស្របតាមក្រិត្យវិន័យផងដែរ។ ដូច្នេះ ដោយសារអំពើបាបរបស់យើងនៅចំពោះព្រះ យើងក៏ជាមនុស្សដែលត្រូវប្រឈមនឹងការជំនុំជម្រះបាបផងដែរ។ នៅក្នុងន័យផ្សេង ដោយសារអំពើបាបរបស់យើង យើងមិនអាចគេចផុតពីការដាក់ទោសពីទ្រង់បានឡើយ។ 
ហេតុដូច្នេះហើយបានយើងម្នាក់ៗគួរតែបង់ថ្លៃលោះ ទៅចំពោះព្រះ ដើម្បីធួននឹងអំពើបាបរបស់យើង។ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់យើង យើងត្រូវតែថ្វាយថ្លៃឈ្នួលនៃការធួននឹងបាបដែលមានតម្លៃស្មើនឹងជីវិតរបស់យើងទៅកាន់ព្រះវរបិតា ដោយជំនឿរបស់យើង។ យើងពិតជាត្រូវថ្វាយតង្វាយយញ្ញបូជាមួយ ដែលមានតម្លៃស្មើនឹងជីវិតរបស់យើង ដើម្បីបំពេញតាមការជំនុំជម្រះរបស់ទ្រង់ ហើយដើម្បីបើកសម្តែងសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ។ លុះត្រាតែថ្វាយការធួននឹងជីវិតពិតប្រាកដសម្រាប់អំពើបាបរបស់យើង ទើបអាចស្តាសន្តិភាពរវាងព្រះ និងយើងឡើងវិញបាន។ ហើយលុះត្រាតែតាមរយៈជំនឿ ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ និងទោសបាន។ 
ដោយសារនេះគឺជាការពិត កាលណាយើងចូលទៅចំពោះព្រះ យើងត្រូវតែទទួលស្គាល់ថា យើងត្រូវប្រឈមនឹងទោស ដោយសារអំពើបាបដែលយើងបានប្រព្រឹត្តនៅចំពោះទ្រង់។ នៅពេលយើងជឿ និងទទួលយកព្រះជាព្រះអង្គសង្រ្គោះរបស់យើង យើងពិតជាត្រូវតែទទួលស្គាល់ និងចាត់ទុកខ្លួនឯងថា យើងត្រូវប្រឈមនឹងស្ថាននរក ដោយសារអំពើបាបរបស់យើង ហើយជឿ និងទទួលយកព្រះមែស៊ីជាព្រះអង្គសង្រ្គោះរបស់យើង ដែលបានសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយបានសង្រ្គោះយើងចេញពីការជំនុំជម្រះបាប។ កាលណាយើងចូលទៅចំពោះព្រះ យើងត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលជាតង្វាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ជឿ និងទទួលយកទ្រង់ជាព្រះមែស៊ី ។ យើងត្រូវតែទទួលស្គាល់ថា យើងទាំងអស់គ្នាគឺជាមនុស្សមានបាបនៅចំពោះព្រះ ដោយសារតែយើងមិនបានរក្សាតាមក្រិត្យវិន័យរបស់ទ្រង់ ហើយយើងត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ីបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ 
យើងត្រូវតែទទួលស្គាល់ថា យើងត្រូវប្រឈមនឹងទណ្ឌកម្មនៃបាបពីព្រះ។ ដូច្នេះ តាមរយៈការទទួលស្គាល់ភាពមានបាបរបស់យើង យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានព្រះពរនៃការអត់ទោសបាប ដែលព្រះបានប្រទានឲ្យយើង ហើយយើងអាចសាងសង់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ដែលអាចទទួលបានសេចក្តីមេត្តាករុណារបស់ព្រះ និងការអត់ទោសបាបពីទ្រង់បាន។
ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ ព្រះបានបង្កើតយើងតាមរូបអង្គទ្រង់ ប៉ុន្តែទ្រង់បានអនុញ្ញាតឲ្យយើងកើតមកនៅក្នុងភាពខ្សោយ។ ក្នុងនាមជាពូជពង្សរបស់អ័ដាម យើងទាំងអស់គ្នាបានកើតមកជាមនុស្សមានបាប ប៉ុន្តែនេះគឺជាទិព្វញ្ញាណដ៏គ្រប់លក្ខណ៍របស់ព្រះ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ 
យើងគឺជាមនុស្សបែបដូច្នេះ ដែលត្រូវប្រឈមនឹងទោស ដោយសារតែអំពើបាបរបស់យើង ប៉ុន្តែដើម្បីបំពេញតាមបំណងព្រះហឫទ័យទ្រង់ ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់មកឯយើង ហើយបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះ បានទទួលបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ស្របតាមផែនការរបស់ព្រះ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានជីវិតថ្មីដល់យើងដែលជឿថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះរាជបុត្រារបស់ទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាមរយៈព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយថា ទ្រង់បានទទួលទោសសម្រាប់អំពើបាបរបស់យើង។ 
នៅពេលយើងជឿ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់គឺជាតង្វាយយញ្ញបូជាដែលលើសពីគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យយើងទទួលបានជីវិតថ្មី បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង និងបានធ្វើជាកូនរបស់ព្រះ។ យើងត្រូវតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿ ហើយជាមួយជំនឿរបស់យើងលើអំបោះខ្លូតទេសពណ៌ក្រហម ពណ៌ផ្ទៃមេឃ និងពណ៌ស្វាយ។ យើងត្រូវតែមានជំនឿដែលជួយឲ្យយើងបានធ្វើជារាស្ត្ររបស់ព្រះ។ នេះគឺពិតជាសេចក្តីពិតដាច់ខាត ដែលអ្នកដែលមានជំនឿបែបនេះ ពិតជាអាចធ្វើជារាស្ត្ររបស់ព្រះបាន។ 
 

ព្រះទាំងអស់នៃសាសនាក្នុងលោកិយនេះសុទ្ធតែជាព្រះដែលមនុស្សបង្កើត

ក្រៅពីព្រះយេហូវ៉ា ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ព្រះទាំងអស់ទៀតសុទ្ធតែជាព្រះរបស់លោកិយនេះ ដែលមនុស្សជាតិបង្កើតឡើងទាំងអស់។ លើកលែងតែព្រះប៉ុណ្ណោះ គ្មានអ្វីនៅក្នុងលោកិយនេះ ដែលមាននៅដោយខ្លួនឯងឡើយ។ ដូច្នេះហើយបានជាព្រះយ៉ាវេបានមានបន្ទូលថា «អញគឺជាអញ»។ 
តើពិតជាមានអ្នកណាម្នាក់ដែលមាននៅដោយខ្លួនឯងដែរទេ? ព្រះពុទ្ធបានកើតមកពីផ្ទៃម្តាយរបស់ទ្រង់ ហើយដូច្នេះ ទ្រង់គឺជាស្នាព្រះហស្តមួយរបស់ព្រះ។ ខុងជឺ និងមហាម៉ាត់ក៏ដូច្នេះដែរ ពីព្រោះពួកគេទាំងអស់បានកើតមកពីឱពុកម្តាយរបស់ខ្លួន ហើយដូច្នេះ ពួកគេគ្រាន់តែជាស្នាព្រះហស្តរបស់ព្រះប៉ុណ្ណោះ។ រូបសំណាកព្រះពុទ្ធដែលអ្នកដើរតាមទ្រង់បានឆ្លាក់ ក៏ជាស្នាដៃរបស់មនុស្សដែរ ដែលធ្វើពីថ្ម ឬដែក ដែលព្រះអង្គទ្រង់បានបង្កើតឡើងទាំងអស់។ គ្រប់យ៉ាង ចាប់ពីព្រះអាទិត្យ ដល់ព្រះច័ន្ទ ផ្កាយ ទឹក ខ្យល់ និងកាឡាស៊ីនៃសកលលោកទាំងមូល សុទ្ធតែត្រូវបានបង្កើតឡើង ដោយព្រះ។ ដូច្នេះ គ្មានអ្វីនៅក្នុងពិភពលោកនេះ ដែលព្រះមិនបានបង្កើតឡើងនោះឡើយ។ សូម្បីតែពួកទេវតានៅក្នុងពិភពវិញ្ញាណ ក៏ត្រូវបានបង្កើតឡើងដែរ។ 
មានតែព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែលយើងជឿប៉ុណ្ណោះ ដែលជាព្រះយេហូវ៉ា ដែលគង់នៅដោយអង្គទ្រង់។ គ្មានអ្នកណាបានបង្កើតព្រះយេហូវ៉ាឡើយ។ មានតែទ្រង់ទេ ដែលគង់នៅដោយអង្គឯង មានតែទ្រង់ទេ ដែលជាព្រះអាទិករនៃសកលលោកទាំងមូល ហើយមានតែទ្រង់ទេ ដែលជាព្រះដែលបានបង្កើតអ្នក និងខ្ញុំ។ មានតែព្រះយ៉ាវេនេះប៉ុណ្ណោះ ដែលបានរៀបចំផែនការនៅក្នុងបំណងព្រះហឫទ័យទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ 
ដោយសារព្រះបានរៀបចំផែនការថា ទ្រង់ធ្វើឲ្យយើងកើតមកនៅក្នុងលោកិយនេះ ដោយយំ និងត្រឡប់ទៅវិញ ដោយដៃទទេ ហើយដោយសារផែនការថា ទ្រង់បានអនុញ្ញាតឲ្យយើងរងទុក្ខនៅក្នុងលោកិយនេះ នោះយើងត្រូវតែស្វែងរកព្រះ ហើយជួបជាមួយទ្រង់។ 
នៅពេលយើងនិយាយថា យើងជឿលើព្រះ យើងពិតជាត្រូវតែទទួលស្គាល់ថា យើងគឺជាមនុស្សដែលមានបាប មិនអាចរក្សាតាមក្រិត្យវិន័យរបស់ព្រះបាន ហើយត្រូវប្រឈមនឹងទណ្ឌកម្មនៃសេចក្តីស្លាប់ ស្ថាននរក និងការរងទុក្ខដ៏គួរឲ្យភ័យខ្លាចនៅចំពោះព្រះ។ មុនពេលយើងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះរបស់យើង ជាដំបូង យើងត្រូវតែទទួលស្គាល់ខ្លួនឯងជាមនុស្សមានបាប ដែលត្រូវតែប្រឈមនឹងការជំនុំជម្រះចំពោះអំពើបាប ហើយធ្លាក់ទៅក្នុងស្ថាននរក។ 
 


ព្រះយ៉ាវេប្រកបដោយសព្វានុភាព និងសព្វញ្ញុតភាព


មានតែព្រះប៉ុណ្ណោះ ដែលជាព្រះប្រកបដោយសព្វានុភាព និង សព្វញ្ញុតភាព ហើយពិតជាបានបង្កើតយើង និងគ្រប់គ្រងលើពិភពលោកទាំងមូល។ បន្ទាប់ពីទទួលស្គាល់ការពិតនេះ យើងត្រូវតែទទួលស្គាល់នៅចំពោះព្រះថា យើងពិតជាមនុស្សមានបាបមែន គឺយើងត្រូវតែទទួលស្គាល់ថា ដោយសារអំពើបាបរបស់យើង យើងត្រូវប្រឈមនឹងសេចក្តីក្រោធដ៏សាហាវពីព្រះ។ ហើយយើងត្រូវតែជឿតាមសេចក្តីពិតថា ដោយសារការជឿលើកូនចៀមនៃព្រះ ដែលបានយាងមកសង្រ្គោះយើងចេញពីអំពើបាបរបស់យើង និងដោយសារការផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់យើងលើសិរសារបស់ទ្រង់ បញ្ហាបាបទាំងអស់របស់យើងត្រូវបានដោះស្រាយ។ តាមពិត យើងគឺជាអ្នកដែលត្រូវតែទទួលទោស ហើយស្លាប់ ដោយសារអំពើបាបរបស់យើង ប៉ុន្តែដោយសារតង្វាយយញ្ញបូជាបានទទួលផ្ទុកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ អំពើបាបរបស់យើងអាចត្រូវបានលាងសម្អាតបាន។ យើងត្រូវតែជឿតាមសេចក្តីពិតនេះ។ យើងត្រូវតែទទួលស្គាល់ថា តាមរយៈតង្វាយយញ្ញបូជានេះ ព្រះដ៏មានអំណាចព្រះចេស្តា ដែលអាចធ្វើគ្រប់ការទាំងអស់បាន ពិតជាបានសង្រ្គោះយើងដែលជាអ្នកសមនឹងធ្លាក់ទៅក្នុងស្ថាននរក។ អ្នកដែលជឿដូច្នេះ គឺជាអ្នកជឿពិតប្រាកដលើព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ី។ 
ការជឿលើព្រះមែស៊ីតាមតែចិត្តឯង គឺពិតជាការជឿយ៉ាងខុស ហើយ។ នៅពេលយើងនិយាយថា យើងជឿលើព្រះ ជំនឿរបស់យើងត្រូវតែបានសាងសង់ឡើងនៅលើមូលដ្ឋានគ្រឹះត្រឹមត្រូវតាមព្រះគម្ពីរ។ ហើយយើងត្រូវតែដាក់មូលដ្ឋានគ្រឹះនៃសេចក្តីពិតដ៏អស្ចារ្យ នៅលើព្រះបន្ទូលទ្រង់ដែលនិយាយថា «អញគឺជាអញ។ ហើយអញគឺជាព្រះយេហូវ៉ា»។ 
ជនជាតិអ៊ីស្រាអែលមិនបានរក្សាតាមក្រិត្យវិន័យ ដែលព្រះបានបង្គាប់ពួកគេឲ្យរក្សាតាមឡើយ។ បញ្ញត្តដែលព្រះបានប្រទានឲ្យជនជាតិអ៊ីស្រាអែល ក៏ជាបញ្ញត្តសម្រាប់យើងដែលកំពុងតែរស់នៅសម័យនេះផងដែរ។ បើសិនអ្នកពិតជាចង់ជឿលើព្រះ ហើយបើសិនអ្នកពិតជាចង់ធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំ តាមរយៈជំនឿរបស់អ្នក អ្នកត្រូវតែទទួលស្គាល់ថា ព្រះបានប្រទានបញ្ញត្តចំនួន៦១៣មក មិនសម្រាប់តែជនជាតិ អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់យើងផងដែរ គឺសម្រាប់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកទាំងមូល។ ហើយយើងពិតជាត្រូវតែទទួលស្គាល់ថា យើងក៏មិនបានរក្សាតាមបញ្ញត្ត ដូចជាជនជាតិអ៊ីស្រាអែលដែរ ហើយដូច្នេះ យើងត្រូវតែប្រឈមនឹងសេចក្តីស្លាប់ ពីព្រោះ «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ 
យើងត្រូវតែជឿថា ព្រះបានអត់ទោសដល់អំពើបាបរបស់យើង តាម រយៈសេចក្តីពិតអំពីអំបោះខ្លូតទេសពណ៌ក្រហម ពណ៌ផ្ទៃមេឃ និងពណ៌ស្វាយ។ ហើយដើម្បីធ្វើដូច្នេះ យើងត្រូវតែចេញទៅស្វែងរកសេចក្តីពិតអំពីសេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានប្រើ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង និងទោសនៃអំពើបាបរបស់យើង។ 
យើងពិតជាមិនបានរក្សាបញ្ញត្តតឹងរឹងរបស់ព្រះមែន ប៉ុន្តែបើសិនយើងមិនដឹងថា យើងគឺជាមនុស្សមានបាបធ្ងន់ធ្ងរទេ ហើយបើសិនយើងមិនទទួលស្គាល់ថា យើងត្រូវប្រឈមនឹងការជំនុំជម្រះអំពើបាបរបស់យើងទេ នោះយើងនឹងមិនអាចជឿលើព្រះមែស៊ីបានឡើយ។ បើសិនមនុស្សជឿថា ពួកគេនឹងចូលទៅក្នុងស្ថានសួគ៌ ទោះបើពួកគេនៅតែមានបាប ហើយព្រះបានកត់ត្រាអំពើបាបរបស់ពួកគេនៅក្នុងបញ្ជីជំនុំជម្រះ នោះពួកគេកំពុងតែផ្លាស់ប្តូរក្រិត្យវិន័យរបស់ព្រះ ហើយកំពុងតែហៅព្រះនាមព្រះជាអសារឥតការហើយ។ មនុស្សបែបនេះមិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបានឡើយ។ ដោយសារអំពើបាបរបស់ពួកគេ ពួកគេនឹងត្រូវប្រឈមនឹងការជំនុំជម្រះ ហើយទទួលទណ្ឌកម្មនៃស្ថាននរកអស់កល្បជានិច្ច ពីព្រោះទោះបើពួកគេជឿព្រះ ឬមិនជឿក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ព្រះដែរ។ ដូច្នេះ ពួកគេត្រូវតែប្រែចិត្តភ្លាម ហើយបែរចេញពីសេចក្តីមិនជឿរបស់ពួកគេ។ 
សូម្បីតែវេលានេះ ព្រះគង់នៅក្នុងចិត្តរបស់យើង ហើយគង់នៅដោយអង្គទ្រង់នៅគ្រប់កន្លែងទាំងនេះ។ ហើយទ្រង់ជ្រាបពីគ្រប់យ៉ាងអំពីយើង។ ទោះបីជាព្រះមានព្រះជន្មរគង់នៅក៏ដោយ ក៏មានមនុស្សដែលមិនជឿលើទ្រង់ដែរ ហើយអ្នកខ្លះថែមទាំងប្រមាថទ្រង់ទៀតផង។ ប៉ុន្តែយើងទាំងអស់គ្នាពិតជាត្រូវតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើងមែន។ ដោយហេតុនេះ ព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលថ្វាយតង្វាយធួននឹងបាប ជាមួយនឹងតង្វាយយញ្ញបូជារបស់ពួកគេនៅលើអាសនាតង្វាយដុតនៅក្នុងរោងឧបោសថ តាមរបៀបនៃសេចក្តីសង្រ្គោះដែលព្រះបានកំណត់។ 
ព្រះគឺពិតជាគង់នៅដោយអង្គទ្រង់មែន។ ទ្រង់គឺជាព្រះតាំងពីមុន និងឥឡូវនេះ ដែលបានគង់នៅ បានយាងមក និងបានមានបន្ទូលមកកាន់ពួកព្ធយុកោនៃជំនឿរបស់យើង តាំងពីយូរមកហើយ ហើយទ្រង់ក៏ជាព្រះដែលគង់នៅ យាងមក និងមានបន្ទូលមកាន់យើង ធ្វើការក្នុងចំណោមយើង ដឹកនាំយើង និងគ្រប់គ្រងជិវិតរបស់យើងនៅពេលនេះផងដែរ។ 
 

សេចក្តីពិតដែលយើងមិនត្រូវភ្លេច

ទោះបីជាយើងបានសង្រ្គោះក៏ដោយ ក៏មានសេចក្តីពិតមួយ ដែលយើងមិនត្រូវភ្លេចដែរ។ ទោះបីជាយើងត្រូវប្រឈមនឹងទោសអស់កល្ប ជានិច្ចក៏ដោយ ក៏តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងចេញពីការជំនុំជម្រះអំពើបាបរបស់យើងដែរ។ រហូតដល់ថ្ងៃដែលយើងឈរនៅចំពោះព្រះអម្ចាស់ យើងមិនត្រូវភ្លេចសេចក្តីពិតនេះឡើយ ហើយត្រូវតែជឿតាមវាដោយចិត្តរបស់យើងជានិច្ច។ ហើយយើងក៏ត្រូវតែជឿតាមសេចក្តីពិតនេះដែរ ទោះបើយើងនៅក្នុងនគរស្ថានសួគ៌ និងកំពុងតែសរសើរតម្កើងព្រះក៏ដោយ។ យើងត្រូវតែអរព្រះគុណដល់ព្រះសម្រាប់ការអនុញ្ញាតឲ្យយើងដែលជាមនុស្សដែលត្រូវប្រឈមនឹងបណ្តាសា និងការជំនុំជម្រះអំពើបាបអស់កល្បជានិច្ច បានជឿ និងទទួលយកព្រះអម្ចាស់ជាព្រះអង្គសង្រ្គោះ និងការប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ 
យើងត្រូវតែទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជារៀង រហូត។ តើមានអ្វីកើតឡើង បើសិនយើងមិនទទួលស្គាល់ថា យើងត្រូវប្រឈមនឹងការជំនុំជម្រះអស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើង? គ្មានហេតុផលអ្វី ដែលយើងត្រូវសរសើរតម្កើងព្រះទេ។ ព្រះពិតជាបានសង្រ្គោះយើងដែលជាមនុស្សដែលស្លាប់ និងប្រឈមនឹងការជំនុំជម្រះអំពើបាបអស់កល្បជានិច្ច។ នេះគឺជាមូលហេតុដែលយើងត្រូវតែជឿ និងសរសើរតម្កើងព្រះអម្ចាស់ គឺដោយសារព្រះអម្ចាស់បានទទួលបុណ្យជ្រមុជរបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិតទ្រង់សម្រាប់យើង។ ហើយនេះក៏ជាមូលហេតុដែលអ្នកត្រូវតែជឿផងដែរ ហើយយើងទាំងអស់គ្នាត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកដែលជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតដែលទ្រង់បានបង្ហូរសម្រាប់អំពើបាបរបស់យើង មានចិត្តសរសើរតម្កើងព្រះ ហើយ។ ហើយដោយសារព្រះអម្ចាស់បានសង្រ្គោះពួកគេចេញពីអំពើបាប និងសេចក្តីស្លាប់របស់ពួកគេ ពួកគេសរសើរតម្កើងទ្រង់ដោយជំនឿ ជារៀងរាល់ថ្ងៃ។ 
បញ្ហាគឺថា មនុស្សមួយចំនួនមានយល់ខុសពីព្រះយេស៊ូវ។ ចំណេះដឹងរបស់ពួកគេអំពីទ្រង់គឺជាការយល់តាមតែខ្លួនឯង ហើយទទេពាក់ កណ្តាល។ ពួកគេគឺជាមនុស្សដែលមានបញ្ញាចិត្តពុករលួយ ដែលមិនដឹងថា ពួកគេពិតជាកំពុងតែប្រព្រឹត្តអំពើបាបទេ ខណៈដែលពួកគេពិតជានៅជាប់ក្នុងអំពើបាបគ្រប់ប្រភេទ។ អ្នកដែលធ្វើបាប ប៉ុន្តែមិនដឹងថា វាគឺជាបាប គឺជាមនុស្សមានបាប។ 
ទោះបីជាយើងគឺពិតជាមនុស្សខ្សោយ ដែលតែងតែធ្វើបាបក៏ដោយ ក៏យើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើងដែរ គ្រប់ពេលដែលយើងប្រព្រឹត្តវា ហើយយើងត្រូវតែបញ្ជាក់ពីបុណ្យជ្រមុជរបស់ព្រះអម្ចាស់របស់យើង និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលជាដំណឹងល្អអំពីទឹក និងព្រះវីញ្ញាណ។ ដូច្នេះ យើងពិតជាទទួលស្គាល់ថា យើងគឺពិតជាមនុស្សមានបាបនៅចំពោះព្រះ។ ហើយដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចធូរទ្រូងបាន។ ការពិត ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទទួលបានសន្តិភាពផ្លូវចិត្ត។ 
នៅពេលខ្ញុំនិយាយអំពីភាពឥតមានបាប វាមិនមានន័យថា យើងនឹងមិនទទួលស្គាល់អំពើបាបរបស់យើង នៅពេលយើងពិតជាប្រព្រឹត្តវានោះឡើយ។ ហើយវាមិនមានន័យថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនត្រូវការទទួលស្គាល់បាបថាជាបាបនោះឡើយ។ ទោះបីជាយើងពិតជាបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងក៏ដោយ ក៏យើងនៅតែទទួលស្គាល់អំពើបាបដែលយើងប្រព្រឹត្តថាជាអំពើបាបរបស់យើងដែរ។ អ្វីដែលយើងមិនត្រូវភ្លេចគឺថា ទោះបីជាយើងត្រូវប្រឈមនឹងការជំនុំជម្រះអស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើងក៏ដោយ ក៏ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ និងទោសនៃបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់រួចហើយដែរ។ យើងមិនត្រូវភ្លេចថា ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើង ដោយអំបោះខ្លូតទេសពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃឡើយ ប៉ុន្តែត្រូវតែជឿលើវា ហើយសរសើរតម្កើងទ្រង់សម្រាប់វាវិញ។ ហើយយើងត្រូវតែចងចាំថា ពីមុន យើងគឺជាមនុស្សអាក្រក់ ដែលត្រូវតែប្រឈមនឹងការជំនុំជម្រះបាបដ៏អស់កល្បជានិច្ច ដោយសារតែអំពើបាបរបស់យើង។ ហើយយើងត្រូវតែសរសើរតម្កើងសេចក្តីសង្រ្គោះនៃការអត់ទោសបាប ដែលព្រះបានប្រទានឲ្យយើង ហើយអរព្រះគុណដល់ទ្រង់ជារៀងរាល់ថ្ងៃ សម្រាប់សេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ទ្រង់។ នេះហើយគឺជាជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 


ព្រះយ៉ាវេគង់នៅមកដល់ពេលនេះ


ដូចដែលព្រះគឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ឥឡូវនេះ ទ្រង់ក៏ជាព្រះរបស់អ្នក និងខ្ញុំផងដែរ។ «ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃ សេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ» (១កូរិនថូស ១៤:៣៣)។ ទ្រង់មិនមែនជាព្រះរបស់គ្រីស្ទបរិស័ទទាំងនោះ ដែលមានការប្រព្រឹត្តកំពុត និងអួតអាងទេ ប៉ុន្តែទ្រង់គឺជាព្រះរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ យើងមានជំនឿដែលជឿតាមព្រះបន្ទូលព្រះ ហើយស្តាប់បង្គាប់ទ្រង់ ដោយពាក្យថា «បាទ»។ ព្រះគឺជាព្រះរបស់យើង។ នៅពេលទ្រង់ប្រាប់យើងថា «ឯងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក» យើងទូលទ្រង់ថា «ព្រះករុណា ទ្រង់មានបន្ទូលត្រឹមត្រូវហើយ»។ នៅពេលទ្រង់ប្រាប់យើងថា «ឯងនឹងបន្តធ្វើបាប រហូតដល់ថ្ងៃឯងស្លាប់» យើងក៏ទូលទ្រង់ផងដែរថា «ព្រះករុណា ទ្រង់មានបន្ទូលត្រឹមត្រូវហើយ»។ ហើយនៅពេលទ្រង់ប្រាប់យើងថា «ប៉ុន្តែខ្ញុំពិតជាបានសង្រ្គោះឯង ដោយអំបោះខ្លូតទេសត្បាញយ៉ាងម៉ដ្ឋពណ៌ក្រហម ពណ៌ផ្ទៃមេឃ និងពណ៌ស្វាយរួចហើយ» នោះយើងគ្រាន់តែអាចទូលថា «ព្រះករុណា ទ្រង់ពិតជាមានបន្ទូលត្រឹមត្រូវហើយ» ប៉ុណ្ណោះ។ ដូច្នេះ យើងបានធ្វើជារាស្ត្ររបស់ព្រះ ដែលតែងតែស្តាប់បង្គាប់តាមទ្រង់ ដោយពាក្យថា «បាទ»។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ព្រះគុណរបស់ទ្រង់ ដែលបានសង្រ្គោះយើង ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើងត្រូវតែជឿ និងទទួលស្គាល់នៅក្នុងចិត្តរបស់យើងថា ព្រះ អម្ចាស់របស់យើងពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ ហើយដូច្នេះ ទ្រង់បានយកយើងធ្វើជារាស្ត្រនៃនគរព្រះពិតមែន។ ចូរអរព្រះគុណដល់ព្រះអម្ចាស់ ដោយការជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យអ្នកចុះ។ 
ជាមួយជំនឿរបស់ខ្ញុំ ខ្ញុំសរសើរតម្កើងព្រះជារៀងរហូត សម្រាប់ការសង្រ្គោះខ្ញុំដែលត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ខ្ញុំ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងត្រូវតែចងចាំថា ការពិត យើងទាំងអស់គ្នាសុទ្ធជាលង្ហិន ដែលមិនអាចគេចរួចពីការជំនុំជម្រះរបស់ព្រះបានឡើយ។ ហើយដូច្នេះ យើងត្រូវតែសរសើរតម្កើងព្រះ សម្រាប់សេចក្តីសង្រ្គោះរបស់យើងចេញពីបាប និងការសង្រ្គោះយើង តាមរយៈអំបោះខ្លូតទេសពណ៌ក្រហម ពណ៌ផ្ទៃមេឃ និងពណ៌ស្វាយរបស់ទ្រង់។ ហើយយើងត្រូវតែអរព្រះគុណដល់ទ្រង់ ដោយការជឿតាមសេចក្តីពិតនៃដំណឹងល្អដែលលាក់ទុកនៅក្នុងអំបោះខ្លូតទេសពណ៌ក្រហម ពណ៌ផ្ទៃមេឃ និងពណ៌ស្វាយនេះ។ 
មានតែព្រះយ៉ាវេមួយអង្គគត់ ដែលជាព្រះនៃមនុស្សជាតិទាំងមូល ហើយបានធ្វើជាព្រះដ៏ជាព្រះអង្គសង្រ្គោះនៃមនុស្សជាតិទាំងមូល។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿ និងទទួលយកទ្រង់ជាព្រះរបស់យើង។