Search

Kazania

Subject 11 : រោងឧបោសថ

[11-6] សេចក្តីសន្យាក្នុងសម្ព័ន្ធមេត្រីនៃការកាត់ស្បែករបស់ព្រះ នៅតែមានសុពលភាពសម្រាប់យើង (លោកុប្បត្តិ ១៧:១-១៤)

សេចក្តីសន្យាក្នុងសម្ព័ន្ធមេត្រីនៃការកាត់ស្បែករបស់ព្រះ នៅតែមានសុពលភាពសម្រាប់យើង
(លោកុប្បត្តិ ១៧:១-១៤)
«លុះដល់អាប់រ៉ាមអាយុ៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯ គាត់ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ នោះអញនឹងតាំងសញ្ញានឹងឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាសន្ធឹកឡើង អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានព្រះបន្ទូលនឹងគាត់ថា ឯអញ មើល អញបានតាំងសេចក្តីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណរគេតទៅ ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ រួចទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្តីសញ្ញារបស់អញ ទាំងឯង និងពូជឯងតរៀងទៅ តាមដំណគេ នេះជាសេចក្តីសញ្ញារបស់អញ ដែលឯងនឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្តីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្តីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្តីសញ្ញារបស់អញហើយ។»
 
 
នៅក្នុង លោកុប្បត្តិ ១៧ សម្ព័ន្ធមេត្រីនៃការកាត់ស្បែក ដែលព្រះបានបង្កើតឡើងជាមួយលោកអ័ប្រាហាំ បង្ហាញប្រាប់យើងអំពីការកាត់ស្បែកខាងវិញ្ញាណ ដែលតាមរយៈវា អំពើបាបទាំងអស់ត្រូវបានដោះចេញពីជនជាតិអ៊ីស្រាអែល ដោយការដាក់ដៃរបស់ពួកគេលើក្បាលរបស់តង្វាយយញ្ញបូជានៅក្នុងរោងឧបោសថ ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា។ នៅក្នុងន័យផ្សេង សម្ព័ន្ធមេត្រីដែលព្រះបានបង្កើតឡើងជាមួយលោកអ័ប្រាហាំ គឺជាការប្រាប់ជាមុនអំពីតង្វាយលោះបាប និងតង្វាយ ដុត។ សេចក្តីសន្យាដែលព្រះបានធ្វើជាមួយលោកអ័ប្រាហាំជាមួយការកាត់ស្បែក ដែលទ្រង់នឹងធ្វើជាព្រះរបស់គាត់ និងព្រះរបស់ពូជពង្សរបស់គាត់ បានទាយទាក់ទងនឹងរោងឧបោសថ ដែលពូជពង្សរបស់គាត់ត្រូវតែផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់ពួកគេលើក្បាលរបស់វា។ លើសពីនេះ យើងក៏ត្រូវតែយល់ និងជឿផងដែរថា ការនេះបង្ហាញប្រាប់យើងថា នៅសម័យព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវត្រូវទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួលពីលោកយ៉ូហាន។ 
ព្រះបានសន្យាជាមួយលោកអ័ប្រាហាំថា «ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ» (លោកុប្បត្តិ ១៥:៥)។ ព្រះបានលេចមកឯលោកអ័ប្រាហាំម្តងទៀត ហើយទ្រង់បានសន្យាជាមួយគាត់ម្តងទៀតថា «អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណរគេតទៅ ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ» (លោកុប្បត្តិ ១៧:៦-៧)។ 
សេចក្តីសន្យាដែលព្រះបានធ្វើជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ បានកើតឡើង តាមរយៈការកាត់ស្បែក។ ការកាត់ស្បែកនេះស៊ីគ្នានឹងការដាក់ដៃលើ ដែលជនជាតិអ៊ីស្រាអែលធ្វើ នៅពេលពួកគេថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ។ វាក៏ត្រូវបានប្រាប់ជាមុនផងដែរអំពីការអត់ទោសបាប ដែលព្រះយេស៊ូវបានបំពេញសម្រេច ដោយការទទួលយកអំពើបាបរបស់លោកិយនេះដាក់លើទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួលពីលោកយ៉ូហាន នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ យើងត្រូវតែយល់ និងជឿថា ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានព្រះសន្យាជាមួយអ័ប្រាហាំ ត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយការកាត់ស្បែកខាងវិញ្ញាណនៃការលាងសម្អាតបាប ដែលបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានបំពេញសម្រេច។ លើសពីនេះ វាប្រាប់យើងថា នៅពេលថ្វាយតង្វាយយញ្ញបូជានៅក្នុងរោងឧបោសថ ជនជាតិ អ៊ីស្រាអែលក៏ត្រូវការជំនឿរបស់លោកអ័ប្រាហាំផងដែរ។ 
ព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំថា «ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្តីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ» (លោកុប្បត្តិ ១៧:១១-១២)។ នៅក្នុងន័យផ្សេង ព្រះបានសន្យាជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ តាមរយៈការកាត់ស្បែក។ ទ្រង់បានសន្យាថា ទ្រង់នឹងធ្វើជាព្រះរបស់លោកអ័ប្រាហាំ និងព្រះរបស់ពូជពង្សរបស់គាត់ ប៉ុន្តែត្រឡប់មកវិញ លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ត្រូវតែកាត់ស្បែក៖ «ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្តីសញ្ញារបស់អញនឹងនៅ ជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច» (លោកុប្បត្តិ ១៧:១៣)។ 
ដូច្នេះហើយបានជាក្នុងចំណោមមនុស្សទាំងអស់នៅក្នុងពិភពលោកនេះ មានតែបុរសជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ដែលបានកាត់ស្បែកពងស្វាសរបស់ខ្លួន ចាប់តាំងពីសម័យអ័ប្រាហាំ។ នៅសព្វថ្ងៃនេះ ការកាត់ស្បែកកាន់តែចម្រើនឡើង ដោយសារតែផលប្រយោជន៍ខាងសុខភាពរបស់វា ប៉ុន្តែនៅសម័យនោះ មានមនុស្សប្រុសជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ ដែលបានកាត់ស្បែក។ វាគឺជាសញ្ញានៃសេចក្តីសន្យារបស់ព្រះចំពោះលោកអ័ប្រាហាំ ហើយព្រះបានយកគាត់ និងជនជាតិអ៊ីស្រាអែល ពូជពង្សរបស់គាត់ ឲ្យផ្ទុកសញ្ញានៃសម្ព័ន្ធមេត្រីនេះ ដែលទ្រង់បានបង្កើតឡើងសម្រាប់ពួកគេ។ 
លោកុប្បត្តិ ១៧:១១ និយាយថា «ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្តីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា»។ ដូច្នេះ ការកាត់ស្បែកគឺជាសេចក្តីសញ្ញានៃសម្ព័ន្ធមេត្រី។ សរុបមក នេះគឺជារបៀបដែលព្រះបានធ្វើសេចក្តីសន្យា៖ «តើឯងដឹងថា ឯងគឺជា រាស្ត្ររបស់អញដោយរបៀបណា?»។ ឯងដឹងវា ដោយការសម្លឹងមើលស្នាមនៃការកាត់ស្បែករបស់ឯង។ ចាប់ពីពេលនេះតទៅ មនុស្សប្រុសដែលកើតមកក្នុងចំណោមឯង ត្រូវកាត់ស្បែកចុងស្វាសរបស់ខ្លួន។ តាមរបៀបនេះ សម្ព័ន្ធមេត្រីរបស់អញនឹងនៅក្នុងសាច់ឈាមរបស់ឯងអស់កល្បជានិច្ច។ អញសន្យានឹងធ្វើជាព្រះរបស់ឯង ចម្រើនឯងឡើង អនុញ្ញាតឲ្យឯងចូលទៅក្នុងទឹកដឹកាណាន រស់នៅទីនោះជារៀងរហូត ហើយបង្កើតជាតិសាសន៍ជាច្រើនចេញពីឯង និងលើកស្តេចជាច្រើនចេញពីឯង» (លោកុប្បត្តិ ១៧:៤-១៥)។ 
ព្រះបានមានបន្ទូលថា សម្ព័ន្ធមេត្រីដែលទ្រង់បានបង្កើតជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់នឹងមាននៅក្នុងសាច់ឈាមរបស់ពួកគេ។ នៅក្នុងន័យផ្សេង សេចក្តីសន្យារបស់ព្រះត្រូវបានឆ្លាក់នៅក្នុងស្នាមនៃកាត់ស្បែកចុងស្វាសរបស់មនុស្សប្រុសជនជាតិអ៊ីស្រាអែល។ ព្រះបានធ្វើសេចក្តីសន្យាចំពោះជនជាតិអ៊ីស្រាអែល តាមរយៈការកាត់ស្បែករបស់ពួកគេ ហើយតាមរបៀបនេះ ការកាត់ស្បែករបស់ពួកគេកំណត់ថា ពួកគេគឺជាពូជពង្សរបស់លោកអ័ប្រាហាំ ឬមិនមែន។ ដូច្នេះ ព្រះប្រទានពរ និងទទួលស្គាល់អ្នកដែលបានកាត់ស្បែកជាពូជពង្សរបស់លោកអ័ប្រាហាំ ប៉ុន្តែអ្នកដែលមិនកាត់ស្បែក មិនដូច្នេះទេ។ 
 
 
លោកអ័ប្រាហាំពិតជាមនុស្សយ៉ាងសំខាន់ម្នាក់សម្រាប់ ជនជាតិអ៊ីស្រាអែល

សម្រាប់ជនជាតិអ៊ីស្រាអែល មនុស្សដែលសំខាន់ជាងលោកម៉ូសេដែលជាបិតាក្រិត្យវិន័យ គឺជាលោកអ័ប្រាហាំ ដែលជាបិតានៃជំនឿ។ ទោះបីជាមានជនជាតិអ៊ីស្រាអែលជាច្រើនដែលមិនចងចាំពីលោកណូអេក៏ដោយ ក៏មានមនុស្សមួយចំនួនតូចមិនចងចាំពីលោកអ័ប្រាហាំដែរ។ ពួកគេមួយចំនួនតូចអាចចងចាំសិម សេត ឬមធូសាលា ប៉ុន្តែលោកអ័ប្រាហាំនៅតែជាបិតានៃជំនឿដែលមិនអាចបំភ្លេចបានសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។ ពួកគេទទួលស្គាល់ ជឿ និងដើរតាមគាត់ ក្នុងនាមជាបិតានៃជាតិសាសន៍របស់ពួកគេ។ ដូច្នេះ សេចក្តីសន្យារបស់ព្រះចំពោះជនជាតិអ៊ីស្រាអែល តាមរយៈលោកអ័ប្រាហាំ នៅតែមានសុពលភាព។
ជនជាតិអ៊ីស្រាអែលជឿជាក់លើខ្លួនឯងទាំងស្រុងថា «យើងគឺជាពូជពង្សរបស់លោកអ័ប្រាហាំ។ សាសន៍របស់យើងមានសេចក្តីសញ្ញានៃការកាត់ស្បែកនៅក្នុងសាច់ឈាមរបស់យើង។ ដូច្នេះ ព្រះគឺជាព្រះរបស់យើង ហើយយើងគឺជារាស្ត្ររបស់ទ្រង់ផ្ទាល់»។ មូលហេតុដែលជនជាតិ អ៊ីស្រាអែលចាត់ទុកខ្លួនឯងជារាស្ត្រជ្រើសតាំងដូច្នេះ គឺពីព្រោះពួកគេនៅតែជឿលើសម្ព័ន្ធមេត្រី ដែលព្រះបានបង្កើតឡើងជាមួយលោកអ័ប្រាហាំ តាមរយៈការកាត់ស្បែក។ 
លោកអ័ប្រាហាំមានប្រពន្ធពីរនាក់៖ ប្រពន្ធស្របច្បាប់ សារ៉ាយ ដែលក្រោយមក ព្រះបានដាក់ឈ្មោះថា សារ៉ា និងប្រពន្ធទីពីរ ហាកា ដែលជាអ្នកបម្រើរបស់សារ៉ាយ។ ដោយសារមើលទៅ សារ៉ាយនឹងមិនបង្កើតកូនទេ លោកអ័ប្រាហាំបានគិតថា គាត់នឹងមានកូនជាមួយហាកា (លោកុប្បត្តិ ១៦:១-៤)។ ប៉ុន្តែព្រះបានមានបន្ទូលយ៉ាងច្បាស់លាស់ថា ដោយសារសារ៉ាយគឺជាប្រពន្ធស្របច្បាប់របស់លោកអ័ប្រាហាំ នោះត្រូវតែតាមរយៈកូនរបស់នាង ដែលទ្រង់នឹងប្រទានពូជពង្សច្រើនដូចជាផ្កាយនៅលើមេឃដល់លោកអ័ប្រាហាំ។ ដោយសារព្រះបានសន្យាថា ទ្រង់នឹងទទួលស្គាល់តែអ្នកដែលកើតចេញពីរូបកាយរបស់សារ៉ាយប៉ុណ្ណោះ ជារាស្ត្ររបស់ទ្រង់ អ៊ីស្មាអែលដែលបានកើតពីប្រពន្ធទីពីរ ហាកា មិនត្រូវបានទទួលស្គាល់នៅចំពោះព្រះឡើយ។ 
បើសិនជនជាតិអ៊ីស្រាអែលមិនកាត់ស្បែកទេ សេចក្តីសន្យារបស់ព្រះចំពោះពួកគេនឹងត្រឡប់ជាឥតសុពលភាព។ ព្រះបានប្រាប់ពួកគេឲ្យកាត់ស្បែក ទុកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ ដើម្បីឲ្យសម្ព័ន្ធមេត្រីនេះនៅក្នុងសាច់ឈាមរបស់ពួកគេ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលត្រូវតែប្រាកដថា ពួកគេបានកាត់ស្បែក ពីព្រោះការមិនកាត់ស្បែកនឹងធ្វើឲ្យសេចក្តីសន្យារបស់ព្រះត្រឡប់ជាឥតសុពលភាព។ ប្រហែលជាគ្មានអ្នកណាម្នាក់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ដែលមិនបានកាត់ស្បែកនោះទេ ពីព្រោះពួកគេដឹងយ៉ាងច្បាស់ថា អ្នកដែលមិនកាត់ស្បែកគឺជាដូចជាពួកសាសន៍ដទៃ ដែលមិនទាក់ទងអ្វីនឹងសេចក្តីសន្យារបស់ព្រះឡើយ។ 
 
 

ការកាត់ស្បែកខាងវិញ្ញាណ


សម្ព័ន្ធមេត្រីដែលព្រះបានបង្កើតឡើងជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ ត្រូវបានសម្រេចទាំងស្រុង តាមរយៈការអត់ទោសដល់អំពើបាបទាំងអស់ ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច នៅពេលទ្រង់យាងមកផែនដីនេះ និងទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
ព្រះបានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែល ធ្វើទ្វារចូលទីលានរោងឧបោសថ និងវាំងននរបស់ទ្វារ ដោយត្បាញវាជាមួយអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ (និក្ខមនំ ២៦:៣១; ២៧:១៦)។ តាមរយៈទម្រង់លម្អិតនៃរោងឧបោសថនេះ ព្រះបានបង្រៀនយើងអំពី សេចក្តីសង្រ្គោះដែលនឹងមកដល់ តាមរយៈព្រះយេស៊ូវ គ្រីស្ទ។ អ្នកដែលជឿតាមសេចក្តីពិតថា ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន កាលទ្រង់មានព្រះជន្ម៣០វស្សា បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីអត់ទោសដល់អំពើបាបទាំងអស់របស់យើង គឺជាពូជពង្សរបស់លោកអ័ប្រាហាំហើយ។ ហើយព្រះបានធ្វើជាព្រះរបស់អ្នកដែលជឿលើអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ។ 
តាមរយៈការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ យើងត្រូវតែបានកាត់ស្បែកខាងវិញ្ញាណ។ ការកាត់ស្បែកខាងវិញ្ញាណនេះគឺជាកាត់អំពើបាបចេញពីចិត្តរបស់យើង ដោយការជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ (រ៉ូម ២:២៩)។ 
ដូច្នេះ អ្នកដែលបានទទួលការអត់ទោសបាបនៅថ្ងៃនេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ គឺសុទ្ធតែជាស្តេចនៅក្នុងនគរព្រះ និងកូនរបស់ទ្រង់ផ្ទាល់។ ដូចដែលព្រះបានសន្យាថា «អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរ ផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ» (លោកុប្បត្តិ ១៧:៦) រាស្ត្ររបស់ទ្រង់ពិតជាកំពុងតែលេចឡើងនៅពេញទូទាំងពិភពលោកនេះមែន។ 
បើសិនយើងចង់ធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំ យើងត្រូវតែជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលនៅលើផែនដីនេះ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ខ្ញុំមិនអាចបញ្ជាក់ឲ្យបានគ្រប់គ្រាន់ពីភាពសំខាន់នៃការយល់ និងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានទេ។ ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើសអស់ទាំងស្តេច ដែលបានយាងមក ដោយពាក់អាវពណ៌ស្វាយ (យ៉ូហាន ១៩:៥)។ ទ្រង់គឺជាស្តេច និងព្រះអាទិករនៃសកលលោកទាំងមូល។ ដោយសារទ្រង់គឺជាព្រះរាជបុត្រាស្ងួនភ្ញាតែមួយរបស់ព្រះ ទ្រង់បានយាងមកផែនដីនេះ តាមបំណងព្រះហឫទ័យព្រះវរបិតា ហើយដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ តែម្តងជាសម្រេច ហើយបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់យើង តាមរយៈការបង្ហូរព្រះលោហិតទ្រង់នៅលើឈើ ឆ្កាង។ ដូច្នេះ អ្នកដែលជឿតាមសេចក្តីពិតនេះ អាចធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំបាន។ 
លោកអ័ប្រាហាំ គ្រួសាររបស់គាត់ និងពូជពង្សរបស់គាត់បានកាត់ស្បែកខាងសាច់ឈាមទាំងអស់។ សូម្បីតែពួកអ្នកបម្រើដែលគាត់បានទិញដោយប្រាក់ពីពួកសាសន៍ដទៃ ក៏បានកាត់ស្បែកដែរ។ នៅពេលពួកគេជឿលើសម្ព័ន្ធមេត្រី និងបានកាត់ស្បែក សូម្បីតែសាសន៍ដទៃទាំងនេះក៏ទទួលបានព្រះពរ ហើយព្រះធ្វើជាព្រះរបស់ពួកគេផងដែរ។ ដូច្នេះ ដោយសារជំនឿ យើងបានធ្វើជាកូនរបស់ព្រះ ដោយសារជំនឿ ដែលយើងទទួលបានព្រះពរ ដោយសារជំនឿ ដែលយើងចូលទៅក្នុងស្ថានសួគ៌ ហើយដោយសារជំនឿ ដែលយើងរស់នៅដូចជាស្តេចនៅលើផែនដីនេះ។ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ជំនឿនេះគឺជាជំនឿរបស់អ្នកដែលជឿថា ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
ទោះបីជាយ៉ាងណា មនុស្សមួយចំនួនអះអាងថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវនេះមិនសំខាន់ឡើយ ពីព្រោះពួកគេជឿថា ពួកគេបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយការជឿលើព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែមួយមុខគត់។ ទោះបីជាពួកគេជឿលើការដាក់ដៃលើក្បាលរបស់តង្វាយយញ្ញបូជា ដែលត្រូវបានធ្វើនៅសម័យរោងឧបោសថក៏ដោយ ក៏ពួកគេផ្តល់សារៈសំខាន់តិចតួចដល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរ។ ដូច្នេះ ពួកគេទទូចថា ជំនឿរបស់លោកអ័ប្រាហាំត្រូវបានព្រះទទួលយក មុនពេលព្រះយេស៊ូវយាងមកផែនដីនេះ ហើយនៅរយៈពេលយ៉ាងយូរមុនរោងឧបោសថរបស់លោកម៉ូសេ ពួកគេនៅតែបានសង្រ្គោះ ដោយគ្រាន់តែជឿតាមព្រះបន្ទូលអំពីព្រះលោហិតនៅលើឈើឆ្កាង ដោយមិនចាំបាច់ជឿតាមព្រះបន្ទូលយ៉ាងច្បាស់លាស់ អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ។ 
ប៉ុន្តែយើងត្រូវតែចងចាំថា នៅពេលព្រះបង្គាប់លោកអ័ប្រាហាំថ្វាយគោញីអាយុ៣ខួប ដើម្បីធ្វើឲ្យគាត់បានដឹងថា ទ្រង់នឹងប្រទានទឹកដីកាណានជាមរដកដល់គាត់ និងពូជពង្សរបស់គាត់ គឺទ្រង់បានគិតអំពីតង្វាយយញ្ញបូជាដុតដោយភ្លើង។ លោកុប្បត្តិ ១៥:១៧ និយាយថា «រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង និងចន្លោះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ»។ ព្រះក៏បានទទួលយកតង្វាយយញ្ញបូជាដុតរបស់អេបិល និងជំនឿរបស់គាត់ផងដែរ ប៉ុន្តែទ្រង់មិនបានទទួលយកជំនឿរបស់កាអ៊ីនដែលមិនបានជឿលើតង្វាយយញ្ញបូជាដុតនោះឡើយ។ 
ក្នុងចំណោមគ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានមនុស្សយ៉ាងច្រើនដែលយល់យ៉ាងខុសថា ពួកគេបានសង្រ្គោះ ដោយការគ្រាន់តែជឿលើព្រះយេស៊ូវយ៉ាងល្ងិតល្ងង់ប៉ុណ្ណោះ ដោយមិនចាំបាច់កាត់ស្បែកខាងវិញ្ញាណនៅក្នុងជំនឿឡើយ។ ពួកគេជឿលើការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវតែមួយមុខ ដោយមិនជឿតាមសេចក្តីពិតថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ឡើយ។ មនុស្សទាំងនេះមិនអាចធ្វើជាកូនរបស់ព្រះបានឡើយ ពីព្រោះការជឿតាមរបៀបនេះ មិនអាចដោះអំពើបាបចេញពីចិត្តរបស់ពួកគេបានឡើយ។ ដោយសារព្រះបានមានបន្ទូលថា សេចក្តីសញ្ញានៃសម្ព័ន្ធមេត្រីគឺនៅក្នុងសាច់របស់អ្នកដែលកាត់ស្បែក នោះអ្នកដែលមិនកាត់ស្បែកមិនទាក់ទងនឹងសេចក្តីសន្យារបស់ព្រះឡើយ។ 
តើមនុស្សអាចបានសង្រ្គោះចេញពីបាប ដោយមិនជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីសបានដែរទេ? តើមនុស្សបែបនេះអាចធ្វើជាកូនរបស់ព្រះដែរទេ? តើពួកគេអាចចូលទៅស្ថានសួគ៌ដែរទេ? ហើយតើពួកគេអាចធ្វើជាស្តេចនៅក្នុងនគររបស់ទ្រង់បានដែរទេ? ចម្លើយសម្រាប់សំណួរទាំងនេះគឺថា ទេ! បទគម្ពីរមេដែលយើងបានអាននៅថ្ងៃនេះ ផ្ទាល់ភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ចម្លើយនេះ។ នៅថ្ងៃនេះ សេចក្តីសន្យារបស់ព្រះចំពោះលោកអ័ប្រាហាំគឺជា សេចក្តីសន្យាតែមួយ ដែលទ្រង់បានធ្វើសម្រាប់អ្នក និងខ្ញុំ ដែលជាអ្នកបានទទួលការអត់ទោសបាប ដោយការជឿ និងទទួលយកព្រះយេស៊ូវ គ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ហើយជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ អ្នកដែលជឿ ក៏នឹងទទួលបានព្រះបន្ទូលនៃព្រះពរតែមួយនេះ ដែលព្រះបានមានបន្ទូលទៅកាន់លោកអ័ប្រាហាំផងដែរ។
 
 

អ្នកដែលជឿពិតប្រាកដលើព្រះយេស៊ូវ មិនដើរតាម គោលលទ្ធិដែលមនុស្សបង្កើត


ព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរមានភាពដាច់ខាត និងជាសេចក្តីពិតច្បាស់លាស់អំពីសេចក្តីសង្រ្គោះ ហើយកាលណាយើងកាន់តែអាន និងសញ្ជឹងគិត វាកាន់តែមានភាពដាច់ខាត និងច្បាស់លាស់។ ក្នុងចំណោមគ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានជំនឿខុស ដោយជឿ និងដើរតាមព្រះ ដោយផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនដឹងថា អ្វីដែលពួកគេជឿគឺពិតជាខុសទេ។ មូលដ្ឋានគ្រឹះនៃជំនឿរបស់ពួកគេគឺខុស។ ការជឿយ៉ាងខុសថា ព្រះយេស៊ូវបានសង្រ្គោះពួកគេអាចបំពេញតាមបញ្ញាចិត្តរបស់ពួកគេបានហើយ ប៉ុន្តែពួកគេត្រូវតែដឹងថា ព្រះមិនទទួលយកជំនឿខុសរបស់ពួកគេឡើយ។ 
ព្រះអម្ចាស់របស់យើងបានមានបន្ទូលថា អ្នកណាដែលចង់ដើរតាមទ្រង់ ត្រូវតែបដិសេធខ្លួនឯង និងលីឈើឆ្កាងរបស់ខ្លួនជាមុនសិន។ អ្នកណាដែលជឿតាមព្រះបន្ទូលព្រះ ត្រូវបោះបង់គំនិតផ្ទាល់ខ្លួនជាមុនសិន ហើយជឿតាមអ្វីដែលព្រះបន្ទួលព្រះពិតជាមានបន្ទូល។ នៅថ្ងៃនេះ អ្នក និងខ្ញុំត្រូវតែជឿលើការអត់ទោសបាប ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង តាមរយៈការយាងមកផែនដីនេះ ការទទួលផ្ទុកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
នៅសព្វថ្ងៃនេះ មានមនុស្សយ៉ាងច្រើន ដែលមិនជឿដូច្នេះទេ ប៉ុន្តែជឿយ៉ាងល្ងិតល្ងង់លើព្រះនាមព្រះយេស៊ូវ ដោយនិយាយថា ពួកគេមានរបៀបជឿផ្ទាល់ខ្លួន។ ជំនឿរបស់មនុស្សបែបនេះមិនទាក់ទងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យឡើយ។ ជាឧទាហរណ៍ មានមនុស្សមួយចំនួន ដែលអះអាងថា ព្រះយេស៊ូវបានលេចមក នៅពេលពួកគេកំពុងតែអធិស្ឋាននៅក្នុងរូងភ្នំជ្រៅៗ ហើយពួកគេអះអាងថា នេះគឺជារបៀបដែលពួកគេបានសង្គ្រោះ។ ឧទាហរណ៍មួយទៀត មានអ្នកដែលអះអាងថា អំពើបាបរបស់ពួកគេបានរលាយបាត់ទាំងអស់ នៅពេលពួកគេបានទៅព្រះវិហារមួយ បានអធិស្ឋានតម និងបានអធិស្ឋានដល់យប់ជ្រៅ ពីព្រោះពួកគេទួញសោកចំពោះអំពើបាបរបស់ពួកគេ ដែលពួកគេមិនអាចដោះចេញបាន ដោយការអធិស្ឋានលន់តួ។ 
ជំនឿទាំងនេះមិនទាក់ទងអ្វីនឹងសេចក្តីសង្រ្គោះពិត ដែលបានមក តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឡើយ។ តើព្រះបន្ទូលព្រះនិយាយនៅកន្លែងណាថា ទ្រង់នឹងអត់ទោសដល់អំពើបាបរបស់យើង បើសិនយើងមានជំនឿបែបដូច្នេះ? គ្មានកន្លែងឡើយ! ដោយយល់មិនច្បាស់ថា ព្រះគឺជាអង្គដាច់ខាត និងថា ព្រះយេស៊ូវគឺជាព្រះដ៏មានគ្រប់អំណាចព្រះចេស្តា មនុស្សទាំងនេះកំពុងតែខ្ចីព្រះនាមព្រះគ្រីស្ទ បន្ថែមចំណេះដឹងរាក់កំផែល និងមិនច្បាស់លាស់របស់ពួកគេទៅលើជំនឿដែលពឹងផ្អែកមិនបានរបស់ពួកគេ។ ដូច្នេះ ពួកគេកំពុងតែហៅព្រះនាមព្រះជាអសារឥតការ ដោយភ្លេចពីអំពើបាបរបស់ខ្លួន និងប្រមូលសេចក្តីក្រោធរបស់ព្រះកាន់តែច្រើនទុកសម្រាប់ខ្លួន។ មនុស្សបែបនេះបានបង្កើតព្រះយេស៊ូវក្លែងក្លាយ និងប្រភេទសេចក្តីសង្រ្គោះផ្ទាល់ខ្លួន ហើយជឿទៅតាមការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ។ 
លោកុប្បត្តិ ១៧:១៤ និយាយថា «មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្តីសញ្ញារបស់អញហើយ»។ ព្រះបានសន្យាយ៉ាងច្បាស់លាស់នឹងយើងថា ទ្រង់នឹងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈការកាត់ស្បែកខាងវិញ្ញាណ។ ហើយព្រះក៏បានសន្យាយ៉ាងច្បាស់លាស់នឹងយើងផងដែរថា មានតែអ្នកដែលបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលនឹងបានធ្វើជាកូនរបស់ ទ្រង់។ ដូច្នេះ អ្នកដែលជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ ដោយមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ មិនអាចធ្វើជាកូនរបស់ព្រះបានឡើយ។ មនុស្សបែបនេះបានក្បត់ព្រះហើយ ពីព្រោះពួកគេមិនបានជឿលើដំណឹងល្អដែលព្រះបានសន្យា ហើយដូច្នេះ ពួកគេត្រូវបានកាត់ចេញពីរាស្ត្ររបស់ព្រះ ហើយត្រូវបណ្តាសា។
មូលដ្ឋានគ្រឹះនៃជំនឿដែលអាចសង្រ្គោះយើង ចេញពីអំពើបាបរបស់យើងបាន គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ លុះត្រាតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាមូលដ្ឋានគ្រឹះរបស់យើង ទើបយើងអាចជឿយ៉ាងរឹងមាំតាមព្រះបន្ទួលព្រះបាន។ តើពួកសាសន៍ដទៃខាងវិញ្ញាណ ដែលចិត្តរបស់ពួកគេមិនទាន់បានកាត់ស្បែកខាងវិញ្ញាណ អាចទទួលយកព្រះបន្ទូលព្រះទុកនៅក្នុងចិត្តរបស់ពួកគេបានដោយរបៀបណា? ពួកគេមិនអាចធ្វើដូច្នេះបានឡើយ! ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអនុញ្ញាតឲ្យយើងបានកាត់ស្បែកខាងវិញ្ញាណ ជួយឲ្យយើងអាចធ្វើជាកូនរបស់ព្រះ បើសិនមិនមានមូលដ្ឋានគ្រឹះចាំបាច់នេះទេ ព្រះបន្ទូលអាចគ្រាន់តែជាចំណេះដឹងធម្មតាសម្រាប់យើងប៉ុណ្ណោះ។
ដូច្នេះហើយបានជាសេចក្តីបង្រៀនខាងវិញ្ញាណរបស់ពួកអ្នកបម្រើដែលបានកើតជាថ្មី មាន និងអាចយល់បានសម្រាប់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង មានតែអ្នកដែលបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចយល់ព្រះបន្ទូលព្រះបាន។ នៅពេលយើងជួបមនុស្សដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយអះអាងថា ខ្លួនបានកើតជាថ្មីពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ទោះបើពួកគេនិយាយថា ពួកគេជឿលើព្រះតែមួយក៏ដោយ ក៏យើងដឹងថា យើងកំពុងតែនិយាយអំពីព្រះខុសគ្នាស្រឡះមួយ អង្គ។ តើព្រះពិតនៅទីនេះគឺជាអ្នកណា? ព្រះពិតគឺជាព្រះដែលបានប្រទានព្រះបន្ទូលសន្យារបស់ទ្រង់នៅកាន់លោកអ័ប្រាហាំ។ 
ព្រះបានសន្យានឹងលោកអ័ប្រាហាំ និងពួជពង្សរបស់គាត់ថា «សេចក្តីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច» (លោកុប្បត្តិ ១៧:១៣)។ តើសញ្ញាដែលប្រាប់យើងថា យើងបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើងនៅកន្លែងណា? វាមាននៅក្នុងចិត្តរបស់យើង។ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទដោយចិត្តរបស់យើង យើងបានធ្វើជាកូនរបស់ព្រះ ដែលចិត្តរបស់យើងបានទទួលការកាត់ស្បែកខាងវិញ្ញាណ ដោយការជឿតាមដំណឹងល្អពិត។ យើងបានធ្វើជាកូនរបស់ព្រះ ដោយការជឿដោយចិត្តថា ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ ដោយសារតែអំពើបាបរបស់យើង ដើម្បីទទួលយកអំពើបាបទាំងនេះ ហើយថា យើងបានកាត់ស្បែកខាងវិញ្ញាណហើយ។
ដោយសារជំនឿរបស់យើងតាមសេចក្តីពិតនេះហើយ ដែលយើងបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយ ត្រឡប់មកវិញ ទ្រង់បាននាំអំពើបាបទាំងនេះទៅលើឈើឆ្កាង បានសុគតសម្រាប់យើង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ នៅក្នុងន័យផ្សេង ដោយសារជំនឿហើយ ដែលយើងបានធ្វើជាកូនរបស់ព្រះ។ ហើយដោយសារជំនឿហើយ ដែលយើងត្រឡប់ជាឥតបាប។ ដូច្នេះ តើយើងនៅមានបាបនៅក្នុងចិត្តរបស់យើងទៀតដែរទេ? ពិតជាអត់មានឡើយ! យើងពិតជាឥតមានបាបទៀតសោះ! ការនេះត្រូវបានបំពេញសម្រេច ដោយសេចក្តីពិតដ៏អស្ចារ្យនៃដំណឹងល្អ។ 
 
 

តើអ្នក នឹងខ្ញុំអាចធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំ ដោយរបៀបណា?


យើងបានធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំ ពីព្រោះយើងបានកាត់ស្បែកខាងវិញ្ញាណ ដោយការជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលមាននៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ នៅក្នុងរោងឧបោសថ។ ដោយសារយើងបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងហើយ ទើបយើងបានកាត់ស្បែកខាងវិញ្ញាណ និងបានធ្វើជាកូនរបស់ព្រះ។ ហើយដោយសារយើងបានជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងអស់របស់យើងហើយ ទើបយើងបានទទួលការអត់ទោសបាបនេះ។ នេះហើយគឺជារបៀបដែលអ្នក និងខ្ញុំបានធ្វើជាពូជពង្សខាងវិញ្ញាណរបស់លោកអ័ប្រាហាំ។ 
ឥឡូវនេះ អ្នកដែលបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ត្រូវតែស្គាល់ថា ខ្លួនគេគឺជាអ្នកណាហើយ។ អ្នក និងខ្ញុំដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺសុទ្ធតែជារាស្ត្រ និងកូនៗរបស់ព្រះផ្ទាល់ ដែលបានកាត់ស្បែកខាងវិញ្ញាណ ដោយសារជំនឿរួចហើយ។ 
យើងគឺជាស្តេចនៃនគររាជ្យមួយពាន់ឆ្នាំដែលនឹងមកដល់ ដែលនឹងសោយរាជ្យលើស្នាព្រះហស្តទាំងអស់របស់ព្រះ ហើយទទួលទ្រព្យសម្បត្តិទាំងមូលរបស់ទ្រង់។ នេះគឺជាការផ្លាស់ប្តូរឋានៈរបស់យើងនៅពេលនេះ។ តើមនុស្សនៅក្នុងលោកិយនេះស្គាល់ថា យើងគឺជាអ្នកណាដែរទេ? ពួកគេមិនស្គាល់យើងទេ។ ប៉ុន្តែយើងគឺជាអ្នកមានការផ្លាស់ប្តូរឋានៈខាងវិញ្ញាណ ដោយសារការជឿតាមព្រះបន្ទូលព្រះ។ ដូច្នេះ ឥឡូវនេះ យើងអាចស្គាល់ខ្លួនយើងយ៉ាងច្បាស់លាស់បាន។ 
អ្នកដែលបានកើតជាថ្មី ដោយព្រះបន្ទូលព្រះ ដឹងថា ពួកគេគឺពិតជាអ្នកណា។ យើងពិតជាខុសគ្នាពីអស់អ្នកដែលចូលចិត្តផ្សាយពាណិជ្ជកម្មពីខ្លួនឯងនៅក្នុងសហគមន៍សាសនាលោកិយរបស់ពួកគេ ដែលបង្រៀនគោលលទ្ធិខុសឆ្គង ល្ងិតល្ងង់ទាំងស្រុង និងមើលងាយអ្នកដែលបានកើតជាថ្មី ដែលជារាស្ត្រពិតប្រាកដរបស់ព្រះ។ ដោយសារជនជាតិអ៊ីស្រាអែលជឿថា ពួកគេគឺជារាស្ត្រជ្រើសតាំង ហើយមិនផ្តល់តម្លៃដល់ពូជពង្សរបស់អ៊ីស្មាអែល យើងដែលជាពូជពង្សខាងវិញ្ញាណរបស់លោកអ័ប្រាហាំ ក៏មានសិទ្ធិចាត់ទុកខ្លួនយើងជារាស្ត្រជ្រើសតាំងរបស់ព្រះផងដែរ។ 
យើងទាំងអស់គ្នាដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានព្រះពរធ្វើជាពូជពង្សរបស់លោកអ័ប្រាហាំ តាមរយៈជំនឿរបស់ យើង។ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌ ដោយសារជំនឿរបស់យើងតាមដំណឹងល្អអំពីអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលមាននៅក្នុងរោងឧបោសថ។ 
ដូចដែលព្រះបានសន្យាជាមួយលោកអ័ប្រាហាំថា ទ្រង់នឹងធ្វើឲ្យពូជពង្សរបស់គាត់មានចំនួនច្រើនដូចជាផ្កាយនៅលើមេឃ នោះយើងក៏អាចធ្វើបន្ទាល់ដោយភ្នែកផ្ទាល់ ពីការបំពេញសម្រេចពិតប្រាកដនៃសម្ព័ន្ធមេត្រីនេះមកកាន់យើងបានផងដែរ។ នេះហើយគឺជាព្រះពរដែលព្រះបានប្រទានដល់យើង។ 
តាមរយៈការកាត់ស្បែកចិត្តរបស់យើង ព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះហើយ។ ហើយការកាត់ស្បែកនៃជំនឿនេះត្រូវបានបង្កើតឡើង ដោយអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលត្រូវបានប្រើ ដើម្បីធ្វើទ្វារចូលទីលានរោងឧបោសថ។