Search

Kazania

Subject 2 : ក្រិត្យវិន័យ

[2-1] បើសិនយើងរក្សាតាមក្រិត្យវិន័យ តើយើងនឹងបានសង្រ្គោះដែរទេ? (លូកា ១០:២៥-៣០)

(លូកា ១០:២៥-៣០)
«នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច អ្នក​នោះ​ទូល​ថា ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ។»
 
 
តើបញ្ហាធំបំផុត របស់មនុស្សជាអ្វី?
ពួកគេរស់នៅជាមួយនឹង ការបោកបញ្ឆោតជាច្រើន
 
លូកា ១០:២៨ «ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត »។
មនុស្ស រស់នៅជាមួយនឹងការបោកបញ្ឆោតជាច្រើន។ ទាក់ទិនបញ្ហានេះ ពួកគេពិតជាងាយរងគ្រោះថ្នាក់ខ្លាំងណាស់។ ពួកគេហាក់ដូចជាមានភាពវ័យឆ្លាត ប៉ុន្តែពួកគេងាយនឹងត្រូវបានបោកបញ្ឆោត ហើយនៅតែមិនបានដឹងពីផ្នែកអាក្រក់របស់ពួកគេ។
មនុស្ស និយាយអំពីអត្ថិភាពនៃ​បាបផ្ទាល់ខ្លួន។ វាហាក់ដូចជា មនុស្សមិនមានសមត្ថភាពធ្វើការល្អទេ ប៉ុន្តែពួកគេមានទំនោរចាត់ទុកខ្លួនឯងថា ល្អ។ ពួកគេអួត និងសម្ញែងពីការប្រព្រឹត្តល្អរបស់ពួកគេ ខណៈដែលបបូរមាត់របស់ពួកគេនិយាយថា ពួកគេជាមនុស្សមានបាបវិញ។
ពួកគេមិនដឹងថា ពួកគេមិនមានសេចក្តីល្អនៅក្នុងខ្លួនទេ ហើយក៏មិនមានសមត្ថភាពធ្វើការល្អផងដែរ។ ដូច្នេះ ពួកគេព្យាយាមបោកបញ្ឆោតអ្នកដទៃ ហើយពេលខ្លះ បោកបញ្ឆោតខ្លួនឯងផង។ ពួកគេនិយាយថា «នែ ពួកយើងមិនអាក្រក់ទាំងស្រុងនោះទេ ពីព្រោះប្រាកដជាមានសេចក្តីល្អខ្លះនៅក្នុងខ្លួនពួកយើង»។
ជាលទ្ធផល ពួកគេសំឡឹងមើលអ្នកដទៃ ហើយប្រាប់ខ្លួនឯងថា «ខ្ញុំមិនគួរបានធ្វើការនេះសោះ។ វានឹងបានល្អប្រសើរសម្រាប់យើង បើសិនគាត់មិនបានធ្វើដូច្នោះ។ គាត់មានភាពល្អប្រសើរ​បើសិនគាត់បាននិយាយបែបនេះ។ ខ្ញុំគិតថា គាត់គួរតែអធិប្បាយដំណឹងល្អ តាមរបៀបបែបដូច្នេះ។ គាត់បានសង្រ្គោះមុនខ្ញុំ ហើយខ្ញុំគិតថា គាត់គួរតែប្រព្រឹត្តដូចជាអ្នកដែលបានសង្រ្គោះហើយ។ ខ្ញុំទើបតែបានសង្រ្គោះកាលពីថ្មីៗទេ ប៉ុន្តែបើសិនខ្ញុំរៀនបានច្រើន ខ្ញុំនឹងធ្វើបានល្អប្រសើរជាងគាត់ទៅទៀត»។
ពួកគេ សំលៀងកាំបិតនៅក្នុងចិត្តរបស់ពួកគេ នៅពេលណាពួកគេមានការឈឺចាប់។ មនុស្សបោកបញ្ឆោតខ្លួនឯងថា «អ្នកត្រូវចាំបន្តិចសិន នោះអ្នកនឹងមើលឃើញថា ខ្ញុំមិនដូចជាអ្នកទេ។ អ្នកអាចគិតថា អ្នកនៅខាងមុខខ្ញុំ ប៉ុន្តែចាំបន្តិចសិន។ ព្រះគម្ពីរសរសេរថា អ្នកដែលមកមុន នឹងត្រឡប់ទៅជាក្រោយ។ ខ្ញុំដឹងថា បទគម្ពីរនេះទាក់ទងនឹងខ្ញុំ។ ដូច្នេះ សូមចាំបន្តិចសិន ចាំខ្ញុំនឹងបង្ហាញអ្នក»។
ទោះបីជាគាត់នឹងប្រតិកម្មក្នុងរបៀបដូចគ្នា បើសិនស្ថិតក្នុងស្ថានភាពរបស់អ្នកដទៃ គាត់នៅតែវិនិច្ឆ័យគេ។ នៅពេលគាត់ឈរនៅអាសនា គាត់ដឹងខ្លួនមួយរំពេចថា គាត់កំពុងតែញ័រមាត់តតាត់ដោយអស់សង្ឃឹម ពីព្រោះគាត់បានដឹងខ្លួនឯង។ នៅពេលគេសួរថា​មនុស្សមានលទ្ធភាពធ្វើល្អ ឬអត់ មនុស្សភាគច្រើនបើកបបូរមាត់របស់ពួកគេនិយាយថា ពួកគេមិនមានលទ្ធភាពទេ។ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្ថិតនៅក្នុងការបោកបញ្ឆោតថា ពួកគេមានលទ្ធភាពធ្វើល្អ។ ដូច្នេះ ពួកគេព្យាយាមយ៉ាងខ្លាំង ដើម្បីឲ្យមានគុណធម៌ រហូតអស់មួយជីវិតរបស់ពួកគេ។
ពួកគេគិតថា ពួកគេមានសេចក្តីល្អនៅក្នុងចិត្តរបស់ពួកគេ ហើយថា ពួកគេមានលទ្ធភាពធ្វើល្អ។ ពួកគេក៏ជឿផងដែរថា ពួកគេល្អគ្រប់គ្រាន់ហើយ។ មិនថាពួកគេបានគោរពតាមសាសនាបានយូរប៉ុណ្ណោទេ ជាពិសេស ក្នុងចំណោមអ្នកដែលសម្រេចបានកិច្ចការធំក្នុងការបម្រើព្រះ ពួកគេគិតថា «ខ្ញុំអាចធ្វើការនេះ និងការនោះសម្រាប់ព្រះអម្ចាស់បាន»។
ប៉ុន្តែ បើសិនយើងយកព្រះអម្ចាស់ចេញពីជីវិតរបស់យើង តើយើងពិតជាអាចធ្វើល្អបានទេ? តើមានសេចក្តីល្អនៅក្នុងមនុស្សជាតិដែរឬទេ? ហើយតើយើងពិតជាអាចរស់នៅ ដោយការប្រព្រឹត្តល្អដែរឬទេ? មនុស្សជាតិ មិនមានលទ្ធភាពធ្វើល្អនោះឡើយ ពីព្រោះកាលណាយើងព្យាយាមធ្វើកិច្ចការ ដោយខ្លួនឯង យើងនឹងប្រព្រឹត្តអំពើបាប។ មនុស្សខ្លះ ច្រានព្រះយេស៊ូវចេញទៅម្ខាង បន្ទាប់ពីជឿលើទ្រង់ ហើយព្យាយាមធ្វើល្អ ដោយខ្លួនឯង។ មិនមានអ្វីក្រៅតែពីសេចក្តីអាក្រក់នៅក្នុងយើងទាំងអស់គ្នាទេ ហើយ យើងគ្រាន់តែអាចប្រព្រឹត្តការអាក្រក់ប៉ុណ្ណោះ។ បើសិនពឹងលើខ្លួនឯង (សូម្បីតែអ្នកបានសង្រ្គោះហើយក៏ដោយ) យើងគ្រាន់តែអាចធ្វើបាបប៉ុណ្ណោះ។ នេះគឺជាការពិតអំពីសាច់ឈាមរបស់យើង​។
 
តើយើងតែងតែធ្វើអ្វី ល្អ ឬអាក្រក់?
ការអាក្រក់
 
នៅក្នុងសៀវភៅសរសើរតម្កើងរបស់យើង «សរសើរព្រះនាមព្រះយេស៊ូវ» មានបទចម្រៀងមួយ ច្រៀងថា «♪បើមិនមានព្រះយេស៊ូវទេ យើងនឹងត្រូវជំពុប។ យើងគ្មានតម្លៃ ដូចជាទូកមួយឆ្លងកាត់សមុទ្រ ដោយគ្មានក្តោង♪»។ បើសិនមិនមានព្រះយេស៊ូវ យើងមានតែធ្វើបាបប៉ុណ្ណោះ ពីព្រោះយើងគឺជាមនុស្សជាតិដែលអាក្រក់ ហើយយើងមានលទ្ធភាពធ្វើការសុចរិត លុះត្រាតែយើងបានសង្រ្គោះហើយប៉ុណ្ណោះ។
សាវកប៉ុលបាននិយាយថា «ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ» (រ៉ូម ៧:១៩)។ បើសិនមនុស្សម្នាក់នៅជាមួយព្រះយេស៊ូវ វាមិនមានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលគាត់មិនពាក់ព័ន្ធជាមួយព្រះយេស៊ូវសោះ នោះគាត់នឹងព្យាយាមធ្វើអំពើល្អនៅចំពោះព្រះ។ ប៉ុន្តែកាលណាគាត់កាន់តែព្យាយាម គាត់កាន់តែប្រព្រឹត្តការអាក្រក់។
សូម្បីតែស្តេចដាវីឌ ក៏មាននិស្ស័យបាបពីកំណើតផងដែរ។ នៅពេលប្រទេសរបស់ទ្រង់មានសន្តិភាព និង សេចក្តីចម្រុងចម្រើន ទ្រង់បានយាងទៅលើដំបូង ដើម្បីលំហែរព្រះកាយ។ ពីលើទីនោះ ទ្រង់បានមើលឃើញរូបភាពល្បួងមួយ ដែលធ្វើឲ្យទ្រង់ធ្លាក់ទៅក្នុងតម្រេកផ្លូវ ភេទ។ តើទ្រង់មានសភាពយ៉ាងដូចម្តេច នៅពេលទ្រង់បានភ្លេចពីព្រះអម្ចាស់? ទ្រង់ពិតជាអាក្រក់ណាស់។ ទ្រង់បានប្រព្រឹត្តសេចក្តីកំផិតជាមួយបាតសេបា ហើយបាន សំឡាប់អ៊ូរី ដែលប្តីរបស់នាង ប៉ុន្តែទ្រង់ពិតជាមិនអាចមើលឃើញសេចក្តីអាក្រក់នៅក្នុងទ្រង់ឡើយ។ ដូច្នេះ ទ្រង់បានដោះសារចំពោះទង្វើអាក្រក់របស់ទ្រង់ទៅវិញ។
ថ្ងៃមួយ ហោរាណាថាន់ បានមកឯទ្រង់ ហើយទូលថា «ព្រះយេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ អ្នក​ដែល​មាន​នោះ មាន​ចៀម ហើយ​នឹង​គោ​យ៉ាង​សន្ធឹក តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​១ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចំរើន​ធំ​ឡើង​នៅ​ជា​មួយ​នឹង​គាត់ ហើយ​នឹង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ» (២សាំយ៉ូអែល ១២:១-៤)។
ស្តេចដាវីឌ បានមានបន្ទូលថា «មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ​គួរ​ស្លាប់​ហើយ!»។ កំហឹងរបស់ទ្រង់ បានផ្ទុះឡើង ហើយទ្រង់បានមានបន្ទូលថា «វាមានចៀមច្រើនណាស់ តែទៅយកកូនចៀមរបស់អ្នកក្រីក្រ ធ្វើជាអាហារសម្រាប់ភ្ញៀវរបស់វាទៅវិញ។ វាសមនឹងស្លាប់»។ បន្ទាប់មក ហោរាណាថាន់បាននិយាយថា «គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ»។ បើសិនយើងមិនដើរតាមព្រះយេស៊ូវ ហើយនៅជាមួយទ្រង់ទេ នោះសូម្បីតែអ្នកដែលបានកើតជាថ្មីហើយក៏អាចប្រព្រឹត្តការអាក្រក់បែបដូច្នោះដែរ។
មនុស្សទាំងអស់ អាចធ្វើការនេះដូចគ្នា សូម្បីតែអ្នកដែលបានកើតជាថ្មីហើយក៏ដោយ។ យើងតែងតែជំពុប ហើយប្រព្រឹត្តការអាក្រក់ បើសិនគ្មានព្រះយេស៊ូវ។ ដូច្នេះ នៅថ្ងៃនេះ យើងអរព្រះគុណម្តងទៀត ដែលព្រះយេស៊ូវបានសង្រ្គោះយើង ដោយមិនគិតពីសេចក្តីអាក្រក់នៅក្នុងខ្លួនយើង។ «♪ខ្ញុំចង់សម្រាកនៅក្រោមម្លប់នៃឈើឆ្កាង♪»។ ចិត្តរបស់យើង សម្រាកនៅក្រោមម្លប់នៃសេចក្តីប្រោសលោះរបស់ព្រះគ្រីស្ទ ប៉ុន្តែបើសិនយើងចាកចេញពីម្លប់ ហើយសំឡឹងមើលមកខ្លួនឯង នោះយើងមិនអាចសម្រាកបានឡើយ។
 
 
ព្រះបាន​ប្រទានឲ្យយើងនូវសេចក្តីសុចរិតតាមរយៈជំនឿ នៅមុនទ្រង់បានប្រទានក្រិត្យវិន័យ
 
តើមួយណាដែលយើងត្រូវដើរ តាមមុនគេ ជំនឿ ឬក្រិត្យវិន័យ?
ជំនឿ

សាវកប៉ុល បាននិយាយថា ព្រះបានប្រទានឲ្យយើងនូវសេចក្តីសុចរិតតាមរយៈជំនឿ តាំងពីដំបូង។ ទ្រង់បានប្រទានវាដល់អ័ដាម និងអេវ៉ា កាអ៊ីន និងអេបិល សេត និងអេណុក ណូអេ អ័ប្រាហាំ អ៊ីសាក ហើយចុងក្រោយ ដល់យ៉ាកុប និងកូនប្រុសទាំងដប់ពីរនាក់របស់គាត់។ ទោះបីជាមិនមានក្រិត្យវិន័យ ក៏ពួកគេបានរាប់សុចរិតនៅចំពោះព្រះ តាមរយៈសេចក្តីសុចរិត ដែលបានចេញមកពីសេចក្តីជំនឿលើព្រះបន្ទូលទ្រង់ដែរ។ ពេលវេលា បានកន្លងទៅ ដោយសារតែយ៉ូសែប កូនចៅរបស់យ៉ាកុបបានរស់នៅជាទេសករអស់រយៈពេល៤០០ឆ្នាំ នៅក្នុងស្រុកអេស៊ីព្ទ។ បន្ទាប់មក ព្រះបានដឹកនាំពួកគេចេញពីស្រុកអេស៊ីព្ទ តាមរយៈម៉ូសេ ចូលទៅក្នុងទឹកដីកាណាន។ ប៉ុន្តែក្នុងកំឡុងពេល៤០០ឆ្នាំក្នុងទាសភាព ពួកគេបានភ្លេចពីសេចក្តីសុចរិតតាមរយៈជំនឿ។
ដូច្នេះ ព្រះបានដឹកនាំពួកគេឆ្លងកាត់សមុទ្រក្រហម ដោយការអស្ចារ្យរបស់ទ្រង់ ហើយក៏ដឹកនាំពួកគេទៅក្នុងវាលរហោស្ថាន។​ នៅពេលពួកគេបានចូលទៅដល់ វាលរហោស្ថាននៃបាប ទ្រង់បានប្រទានដល់ពួកគេនូវ ក្រិត្យវិន័យ នៅឯភ្នំស៊ីណាយ។ ហើយទ្រង់បានប្រទាន ក្រិត្យវិន័យដល់ពួកគេ ដែលមានក្រិត្យវិន័យទាំងដប់ប្រការ និង៦១៣មាត្រាលម្អិត។ ព្រះបានប្រកាសថា «អញជាព្រះអម្ចាស់នៃឯង ជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។ ចូរឲ្យម៉ូសេមកឯភ្នំស៊ីណាយ ហើយអញនឹងប្រទានក្រិត្យវិន័យដល់ឯង»។ បន្ទាប់មក ទ្រង់បានប្រទានក្រិត្យវិន័យដល់អ៊ីស្រាអែល។
ទ្រង់បានប្រទានក្រិត្យវិន័យដល់ពួកគេ ដើម្បីឲ្យពួកគេបាន «ស្គាល់អំពើបាប» (រ៉ូម ៣:២០) ហើយប្រាប់ពួកគេពីអ្វីដែលទ្រង់សព្វព្រះហឫទ័យ និងអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ ហើយដើម្បីបើកសម្តែងពីសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ទ្រង់។
ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានជាប់ជា ទាសករនៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេល៤០០ឆ្នាំ បានឆ្លងកាត់សមុទ្រក្រហម។ ពួកគេមិនធ្លាប់បានជួបព្រះនៃ អ័ប្រាហាំ ព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុបឡើយ គឺពួកគេមិនបានស្គាល់ទ្រង់ឡើយ។
កំឡុងពេល៤០០ឆ្នាំ ដែលបានរស់នៅជាទាសករ ពួកគេបានភ្លេចពីសេចក្តីសុចរិតរបស់ព្រះ។ នៅពេលនោះ ពួកគេមិនបានមានអ្នកដឹកនាំទេ។ យ៉ាកុប និងយ៉ូសែប គឺជាអ្នកដឹកនាំរបស់ពួកគេ ប៉ុន្តែអ្នកទាំងពីរបានស្លាប់អស់ រយៈពេលជាយូរទៅហើយ។ យ៉ូសែប ហាក់ដូចជាមិនបានផ្ទេរសេចក្តីជំនឿទៅឲ្យកូនប្រុសរបស់ខ្លួន ម៉ាន៉ាសេ និងអេប្រាអិមទេ។
ដូច្នេះ ពួកគេត្រូវស្វែងរក និងជួបព្រះរបស់ពួកគេម្តងទៀត ពីព្រោះពួកគេបានភ្លេចពីសេចក្តីសុចរិតរបស់ទ្រង់ហើយ។ យើងត្រូវតែចងចាំថា ព្រះបានប្រទានសេចក្តីសុចរិតតាមរយៈជំនឿជាមុន ហើយបន្ទាប់មក ទ្រង់បានប្រទានក្រិត្យវិន័យដល់ពួកគេ បន្ទាប់ពីពួកគេបានភ្លេចពីសេចក្តីជំនឿ។ ទ្រង់បានប្រទានក្រិត្យវិន័យដល់ពួកគេ ដើម្បីឲ្យពួកគេបានងាកមកឯទ្រង់វិញ។
ដើម្បីសង្រ្គោះអ៊ីស្រាអែល និងយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ ទ្រង់បានប្រាប់ឲ្យពួកគេកាត់ស្បែក។
គោលបំណងក្នុងការត្រាស់ហៅពួកគេ គឺដើម្បីឲ្យពួកគេបានដឹងថា ទ្រង់ពិតជាបានគង់នៅ ដោយការបង្កើត ក្រិត្យវិន័យ ហើយឲ្យពួកគេបានដឹងថា​ពួកគេគឺជាមនុស្សមានបាបនៅចំពោះទ្រង់។ ព្រះចង់ឲ្យពួកគេបានមកឯទ្រង់ ហើយធ្វើជារាស្ត្ររបស់ទ្រង់វិញ ដោយការបានសង្រ្គោះ តាមរយៈប្រព័ន្ធយញ្ញបូជា ដែលទ្រង់បានប្រទានដល់ពួកគេ។ ហើយទ្រង់បានយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់។ ពួកអ៊ីស្រាអែល បានសង្រ្គោះ តាមរយៈប្រព័ន្ធយញ្ញបូជានៃក្រិត្យន័យ ដោយការជឿលើព្រះមែស៊ី ដែលនឹងត្រូវយាងមក។ ប៉ុន្តែពេលវេលាកន្លងទៅ ប្រព័ន្ធយញ្ញបូជាក៏នឹងត្រូវកន្លងបាត់ទៅដែរ។ យើងនឹងពិនិត្យមើលថា ប្រព័ន្ធយញ្ញបូជានេះ បានកន្លងបាត់ទៅនៅពេលណា។
នៅក្នុង លូកា ១០:២៥ រៀបរាប់អំពីអ្នកប្រាជ្ញច្បាប់ម្នាក់ ដែលបានល្បងលព្រះយេស៊ូវ។ អ្នកប្រាជ្ញច្បាប់នោះ គឺជាពួកផារ៉ាស៊ី។ ពួកផារ៉ាស៊ី គឺជាអ្នកអភិរក្សនិយមជ្រុល បានព្យាយាមរស់នៅ ដោយប្រព្រឹត្តតាមព្រះបន្ទូលព្រះ។ ពួកគេបានព្យាយាមការពារប្រទេសជាតិជាមុន ហើយបន្ទាប់មក រស់នៅដោយការប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះ។ បន្ទាប់មក ក៏មានពួកជាតិនិយម ដែលបានប៉ុនប៉ងបង្កើតអំពើហិង្សា ដើម្បីសម្រេចបាននិមិត្តរបស់ពួកគេ គឺឯករាជ្យរបស់អ៊ីស្រាអែលពីចក្រភពរ៉ូម។
 
តើព្រះយេស៊ូវចង់ ជួបអ្នកណា?
មនុស្សមានបាប ដែលអត់អ្នកគង្វាល
 
នៅសព្វថ្ងៃនេះ មានមនុស្សខាងសាសនាមួយចំនួនក៏ដូចពួកគេផងដែរ។ ពួកគេដឹកនាំចលនា ដោយប្រើពាក្យស្លោកដូចជា «សង្រ្គោះមនុស្សដែលត្រូវគេជិះជាន់នៅក្នុងពិភពលោកនេះ»។ ពួកគេជឿថា ព្រះយេស៊ូវបានយាងមក ដើម្បីសង្រ្គោះអ្នកក្រីក្រ និងអ្នកត្រូវគេជិះជាន់។ ដូច្នេះ បន្ទាប់ពីបានរៀនទេវសាស្ត្រនៅសាលាព្រះគម្ពីរ ហើយ ពួកគេចូលរួមក្នុងកិច្ចការនយោបាយ ហើយខិតខំ «សង្រ្គោះអ្នកដែលត្រូវគេបដិសេធ» នៅក្នុងសង្គម។
ពួកគេ គឺជាអ្នកដែលទទូចថា «ចូរយើងទាំងអស់គ្នារស់នៅតាមក្រិត្យវិន័យបរិសុទ្ធ និងមានសេចក្តីមេត្តាករុណា គឺរស់នៅតាមព្រះបន្ទូលទ្រង់»។ ប៉ុន្តែពួកគេមិនបានដឹងអំពីអត្ថន័យពិតប្រាកដនៃក្រិត្យវិន័យឡើយ។ ពួកគេព្យាយាមរស់នៅតាមអក្សរនៃក្រិត្យវិន័យ ប៉ុន្តែមិនបានស្គាល់ពីការបើកសម្តែងរបស់ព្រះអំពីក្រិត្យវិន័យឡើយ។
ដូច្នេះ យើងអាចនិយាយបានថា មិនមានហោរា ឬអ្នកបម្រើព្រះណាម្នាក់ក្នុងចំណោមពួកអ៊ីស្រាអែល អស់រយៈពេល៤០០ឆ្នាំ នៅមុនព្រះគ្រីស្ទទេ។ ដោយហេតុនេះ ពួកគេបានក្លាយជាហ្វូងចៀម ដែលឥតមានអ្នកគង្វាល។
ពួកគេ មិនមានក្រិត្យវិន័យ ហើយក៏មិនមានអ្នកដឹកនាំពិតប្រាកដដែរ។ ព្រះមិនបានបើកសម្តែងអង្គទ្រង់ តាម រយៈអ្នកដឹកនាំសាសនាកំពុត នៅពេលនោះឡើយ។ ប្រទេសជាតិរបស់ពួកគេ បានក្លាយជាអណានិគមរបស់ចក្រភពរ៉ូម៉ាំង។ ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលទៅ បណ្តាជនអ៊ីស្រាអែល ដែលបានដើរតាមទ្រង់ទៅក្នុងវាលរហោស្ថាន ថា ទ្រង់នឹងមិនបញ្ជូនពួកគេត្រឡប់ទៅវិញដោយអត់អាហារឡើយ។ ទ្រង់មានសេចក្តីអាណិតមេត្តាដល់ហ្វូងចៀម ដែលឥតមានអ្នកគង្វាល ពីព្រោះនៅពេលនោះ មានមនុស្សជាច្រើនកំពុងរងទុក្ខ។
អ្នកប្រាជ្ញច្បាប់ និងអ្នកដទៃទៀតដែលមានតួនាទីបែបនេះ គឺជាអ្នកដែលមានឯកសិទ្ធិខ្ពស់ គឺពួកផារ៉ាស៊ី ដែលកាន់សាសនាយូដាដែលគោរពតាមក្រិត្យវិន័យ។ ពួកគេមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់។
អ្នកប្រាជ្ញច្បាប់ម្នាក់នេះ បានសួរព្រះយេស៊ូវនៅក្នុង លូកា ១០:២៥ ថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បឲ្យបានជីវិតអស់កល្បជានិច្ច?»។ គាត់ហាក់ដូចជាគិតថា មិនមានអ្នកណាម្នាក់ល្អប្រសើរជាងគាត់ នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ដូច្នេះ អ្នកប្រាជ្ញច្បាប់ម្នាក់នេះ (ដែលមិនទាន់បានសង្រ្គោះ) បានល្បងលទ្រង់ ដោយសួរថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បឲ្យបានជីវិតអស់កល្បជានិច្ច?»។
អ្នកប្រាជ្ញច្បាប់នេះ ក៏ឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ។ គាត់បានសួរព្រះយេស៊ូវថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះយេស៊ូវបានឆ្លើយថា «នៅក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ? តើអ្នកមើលយល់ដូចម្តេច?»
ដូច្នេះ គាត់បានឆ្លើយថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង និងអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»។
ព្រះយេស៊ូវបានឆ្លើយថា «អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងបានរស់ជាពិត»។
គាត់ បានល្បងលព្រះយេស៊ូវ ដោយមិនដឹងថា ខ្លួនគាត់មានសេចក្តីអាក្រក់ ជាដុំបាប ដែលមិនអាចធ្វើការល្អបានឡើយ។ ដូច្នេះ ព្រះយេស៊ូវបានសួរគាត់ថា «នៅក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ? តើអ្នកមើលយល់ដូចម្តេច?»
 
តើអ្នកមើលយល់ក្រិត្យវិន័យ យ៉ាងដូចម្តេច?
យើងជាមនុស្សមានបាប ដែល មិនអាចរក្សាតាមក្រិត្យវិន័យ
 
«តើអ្នកមើលយល់ដូចម្តេច?»​​ ជាមួយបទគម្ពីរនេះ ព្រះយេស៊ូវសួរមនុស្ស រួមទាំងខ្ញុំ និងអ្នក ថា តើយើងដឹង និងយល់ក្រិត្យវិន័យដែរឬទេ?
ដូចជាមនុស្សជាច្រើននៅសព្វថ្ងៃនេះ អ្នកប្រាជ្ញច្បាប់ម្នាក់នេះ ក៏បានគិតផងដែរថា ព្រះបានប្រទានក្រិត្យវិន័យឲ្យគាត់រក្សាតាម។ ដូច្នេះ គាត់បានឆ្លើយថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង និងអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»។
ក្រិត្យវិន័យ មិនមានកំហុសទេ ពីព្រោះទ្រង់បានប្រទានក្រិត្យវិន័យដ៏ឥតខ្ចោះដល់យើង។ ទ្រង់បានប្រាប់ឲ្យយើងស្រឡាញ់ព្រះអម្ចាស់ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង និងអស់អំពីគំនិត ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ។ វាជាការត្រឹមត្រូវ ដែលយើងស្រឡាញ់ព្រះរបស់យើងឲ្យអស់អំពីចិត្ត និងកំឡាំង ប៉ុន្តែនេះគឺជាក្រិត្យវិន័យបរិសុទ្ធមួយ ដែលយើងមិនអាចរក្សាតាមបានឡើយ។
«តើអ្នកមើលយល់ដូចម្តេច?» មានន័យថា ក្រិត្យវិន័យពិតជាត្រឹមត្រូវឥតខ្ចោះ ប៉ុន្តែតើអ្នកមើលយល់ពីវាយ៉ាងដូចម្តេច? អ្នកប្រាជ្ញច្បាប់ បានគិតថា ព្រះបានប្រទាន ក្រិត្យវិន័យឲ្យគាត់រក្សាតាម។ ផ្ទុយទៅវិញ ព្រះបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងបានដឹងអំពីភាពមិនឥតខ្ចោះរបស់យើង ដោយវា​បានបើកបង្ហាញ សេចក្តីអាក្រក់ទាំងអស់របស់យើងទាំងស្រុង។ «ឯងបានធ្វើបាប។ ឯងបានកាប់សំឡាប់ នៅពេលអញបានប្រាប់ឯងមិនឲ្យកាប់សំឡាប់។ ហេតុអ្វីឯងមិនស្តាប់បង្គាប់អញ?»
ក្រិត្យវិន័យ បើកសម្តែងអំពីបាបនៅក្នុងចិត្តរបស់ មនុស្ស។ ឧបមាថា នៅតាមផ្លូវរបស់ខ្ញុំ ខ្ញុំបានឃើញផ្លែត្រសក់ទុំខ្លះនៅក្នុងចំការ។ ព្រះបានព្រមានខ្ញុំ ដោយ ក្រិត្យវិន័យថា «កុំបេះផ្លែ ត្រសក់ទាំងនោះហូបឲ្យសោះ។ បើសិនឯងបេះ នោះនឹងធ្វើឲ្យអញខ្មាស់គេ។ «កូនយល់ព្រម ព្រះវរបិតា។» ចំការនោះជារបស់អ្នកដទៃទេ ដូច្នេះ ឯងមិនគួរបេះផ្លែត្រសក់ទាំងនោះទេ» «កូនយល់ព្រម ព្រះវរបិតា។»
នៅពេលយើងស្តាប់ឮថា យើងមិនគួរបេះផ្លែត្រសក់ទាំងនោះ យើងមានអារម្មណ៍ចង់បេះ។ បើសិនយើងសង្កត់រស័រចុះ វានឹងរលាស់ត្រឡប់មកវិញ។ អំពើបាបរបស់មនុស្សគឺបែបដូច្នេះ។
ព្រះ បានមានបន្ទូលប្រាប់យើងមិនឲ្យធ្វើការអាក្រក់។ ព្រះអាចមានបន្ទូលថា ដោយព្រោះទ្រង់បរិសុទ្ធ ពេញលេញ ហើយមានសមត្ថភាពធ្វើដូច្នោះ។ ម៉្យាងវិញទៀត យើង «ពិតជាមិនអាច» មិនធ្វើបាប ហើយ «ពិតជាមិនអាច» បានល្អឥតខ្ចោះឡើយ ហើយយើងពិតជាមិនអាចមានសេចក្តីល្អនៅក្នុងចិត្តបានដែរ។ ក្រិត្យវិន័យ នាំមកជាមួយពាក្យថា «ពិតជាមិនអាច»។ ហេតុអ្វី? ពីព្រោះមនុស្សមានសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្ត។ យើងធ្វើតែតាមសេចក្តីប៉ងប្រាថ្នារបស់យើងទេ គឺយើងប្រព្រឹត្ត សេចក្តីកំផិត ពីព្រោះយើងមានសេចក្តីកំផិតនៅក្នុងចិត្ត។
យើងគួរតែអានព្រះគម្ពីរ ដោយប្រុងប្រយ័ត្ន។ នៅពេលខ្ញុំបានព្យាយាមអានព្រះគម្ពីរជាលើកដំបូង ខ្ញុំបានវិភាគព្រះបន្ទូលតាមអក្សរនីមួយៗ។ ខ្ញុំបានអានកន្លែងដែលប្រាប់ថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំ ហើយខ្ញុំមិនអាចបញ្ឈប់តំណក់ទឹកភ្នែកមិនឲ្យហូរចុះឡើយ។ ខ្ញុំគឺជាមនុស្សអាក្រក់បែបនេះ ហើយទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំឬ? ដូច្នេះ ចិត្តរបស់ខ្ញុំបានឈឺចាប់យ៉ាងក្រៃលែង រហូតដល់ខ្ញុំបានជឿលើ ទ្រង់។ បន្ទាប់មក ខ្ញុំបានគិតថា «បើសិនខ្ញុំនឹងជឿ នោះខ្ញុំនឹងជឿតាមព្រះបន្ទូល»។
នៅពេលខ្ញុំបានអាន និក្ខមនំ ២០ ដែលនិយាយថា «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ»។ ខ្ញុំបានអធិស្ឋានដោយការលន់តួបាប ដោយយោងទៅតាម ក្រិត្យវិន័យមួយនេះ។ ខ្ញុំបានខិតខំរំលឹក ក្រែងខ្ញុំបានមានព្រះផ្សេងៗទៀតនៅចំពោះទ្រង់ បានហៅព្រះនាមទ្រង់ជាអសារឥតការ ឬខ្ញុំធ្លាប់បានថ្វាយបង្គំព្រះណាផ្សេង ទៀត។ ហើយខ្ញុំបានដឹងថា ខ្ញុំបានថ្វាយបង្គំព្រះផ្សេងៗជាច្រើនដង ពេលមានពិធីបុណ្យរំលឹកដល់បុព្វជនរបស់ខ្ញុំ។
ដូច្នេះ ខ្ញុំបានអធិស្ឋានដោយការលន់តួបាបថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានថ្វាយបង្គំរូបព្រះផ្សេងៗ។ ទូលបង្គំគួរតែទទួលទោសសម្រាប់ការនេះ។ សូមអត់ទោសអំពើបាបរបស់ទូលបង្គំផង។ ទូលបង្គំនឹងមិនធ្វើការនេះម្តងទៀតឡើយ»។ បន្ទាប់មក អំពើបាបមួយហាក់ដូចជាត្រូវបានដោះស្រាយ។
បន្ទាប់មក ខ្ញុំបានព្យាយាមរំលឹក ក្រែងខ្ញុំបានហៅព្រះនាមទ្រង់ជាអសារឥតការ។ បន្ទាប់មក ខ្ញុំបាននឹកឃើញ​ថា នៅពេលខ្ញុំបានជឿដំបូង ខ្ញុំបានជក់បារី។ មិត្តភ័ក្តិ របស់ខ្ញុំ បានប្រាប់ខ្ញុំថា «តើអ្នកកំពុងនាំសេចក្តីខ្មាស់ដល់ព្រះ ដោយការជក់បារីឬ? តើគ្រីស្ទបរិស័ទម្នាក់ជក់បារីបានយ៉ាងដូចម្តេចទៅ?»
ការជក់បារី គឺដូចជាការហៅព្រះនាមទ្រង់ជាអសារឥតការផងដែរ។ តើត្រឹមត្រូវទេ? ដូច្នេះ ខ្ញុំបានអធិស្ឋានម្តងទៀតថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានហៅព្រះនាមទ្រង់ជាអសារឥតការ។ សូមទ្រង់អត់ទោសដល់ទូលបង្គំផង។ ទូលបង្គំនឹងឈប់ជក់បារីហើយ»។ ដូច្នេះ ខ្ញុំបានព្យាយាមឈប់ជក់បារី ប៉ុន្តែខ្ញុំបានបន្តជក់តិចៗអស់រយៈពេលមួយឆ្នាំ។ ការឈប់ជក់បារី ពិតជាមានការពិបាកខ្លាំងណាស់។ ប៉ុន្តែនៅទីបំផុត ខ្ញុំអាចឈប់ជក់បារីបានទាំងស្រុង។ ខ្ញុំបានគិតថា ខ្ញុំបានដោះស្រាយអំពើបាបមួយទៀតហើយ។
បន្ទាប់មកទៀត គឺ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ»។ ក្រិត្យវិន័យនេះ មានន័យថា ខ្ញុំមិនគួរធ្វើការអ្វីទាំងអស់នៅរៀងរាល់ថ្ងៃអាទិត្យទេ បើទោះជាធ្វើការ ឬរកលុយ...ក៏ដោយ។ ដូច្នេះ ខ្ញុំបានឈប់ធ្វើការ ឬរកលុយនៅថ្ងៃអាទិត្យទៀត។
ហើយបន្ទាប់មកទៀត គឺ «ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ»។ ខ្ញុំអាចគោរពពួកគាត់ នៅពេលខ្ញុំនៅឆ្ងាយពីពួកគាត់ ប៉ុន្តែពិបាកនឹងគោរពពួកគាត់ នៅពេលខ្ញុំនៅជិតពួកគាត់។ ដូច្នេះ ខ្ញុំបានអធិស្ឋានដោយការលន់តួបាបថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាបនៅចំពោះព្រះ។ សូមអត់ទោសដល់ទូលបង្គំផង»។
ប៉ុន្តែនៅពេលនោះ ខ្ញុំមិនអាចគោរពឪពុកម្តាយរបស់ខ្ញុំបានឡើយ ពីព្រោះពួកគាត់បានស្លាប់អស់ហើយ។ តើខ្ញុំអាចធ្វើអ្វីទៅ? «ឱព្រះអម្ចាស់អើយ សូមអត់ទោសដល់មនុស្សមានបាបនិងអស់សង្ឃឹមម្នាក់នេះផង។ ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ទូលបង្គំ។» ខ្ញុំអរព្រះគុណដល់ទ្រង់យ៉ាងខ្លាំងក្រៃលែង!
តាមរបៀបនេះ ខ្ញុំបានគិតថា ខ្ញុំបានដោះស្រាយអំពើបាបរបស់ខ្ញុំ ពីមួយទៅមួយ។ នៅមានក្រិត្យវិន័យផ្សេងៗទៀតដូចជា កុំសំឡាប់ កុំកំផិត កុំលោភ...។ល។ ខ្ញុំបានអធិស្ឋានពេញរាល់យប់ រហូតដល់ថ្ងៃមួយ ខ្ញុំបានដឹងថា ខ្ញុំមិនបានរក្សាតាមសូម្បីក្រិត្យវិន័យតែមួយផង។ ប៉ុន្តែយើងដឹងហើយថា ការអធិស្ឋានលន់តួបាបពិតជាមិនងាយស្រួលឡើយ។ យើងនឹងពិភាក្សាអំពីរឿងនេះ។
នៅពេលខ្ញុំបានគិត អំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ខ្ញុំអាចយល់ថា វាឈឺចាប់ខ្លាំងយ៉ាងណា។ ហើយទ្រង់បានសុគតសម្រាប់យើង ដែលមិនអាចរស់នៅតាមព្រះបន្ទូលទ្រង់បាន។ ខ្ញុំបានយំជារៀងរាល់យប់ ដោយគិតថា ទ្រង់បានស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ហើយបានអរព្រះគុណដល់ទ្រង់ ដែលទ្រង់ប្រទានដល់ខ្ញុំនូវអំណរដ៏ពិតប្រាកដ។
ឆ្នាំដំបូងនៃការចូលរួមក្នុងព្រះវិហាររបស់ខ្ញុំ ជាទូទៅមានភាពងាយស្រួល ប៉ុន្តែរយៈពេលពីរឆ្នាំបន្ទាប់ វាកាន់តែពិបាកសម្រាប់ខ្ញុំ ក្នុងការស្រែកយំលន់តួអំពើបាប ពីព្រោះខ្ញុំត្រូវតែគិតយ៉ាងខ្លាំងជាង សម្រាប់ទឹកភ្នែកហូរ ដោយព្រោះខ្ញុំបានស្រែកយំជាញឹកញាប់។
នៅពេលទឹកភ្នែកមិនទាន់ហូរចុះ ជារឿយៗ ខ្ញុំបានទៅអធិស្ឋាននៅលើភ្នំ ហើយបានតមរយៈពេលបីថ្ងៃ។ បន្ទាប់មក ទឹកភ្នែកបានត្រឡប់មកវិញ ខ្ញុំបានសើមជោគដោយទឹកភ្នែករបស់ខ្ញុំ ហើយខ្ញុំបានត្រឡប់មកក្នុង សហគមន៍វិញ ហើយបានយំនៅក្នុងព្រះវិហារទៀត។ មនុស្សនៅជុំវិញខ្ញុំ​ បាននិយាយថា «អ្នកបានបរិសុទ្ធជាងមុន ដោយសារសេចក្តីអធិស្ឋានរបស់អ្នកនៅលើភ្នំ»។ ប៉ុន្តែទឹកភ្នែករបស់ខ្ញុំបានស្ងួតទៅវិញម្តងទៀត។ ហើយឆ្នាំទីបី វាកាន់តែពិបាកសម្រាប់ខ្ញុំ។ ខ្ញុំបានគិតអំពីកំហុសទាំងឡាយ ដែលខ្ញុំបានធ្វើចំពោះមិត្តភ័ក្តិ និងអ្នករួមជំនឿរបស់ខ្ញុំ ហើយខ្ញុំបានយំម្តងទៀត។ បន្ទាប់ពីបួនឆ្នាំក្រោយមក ទឹកភ្នែករបស់ខ្ញុំបានស្ងួតម្តងទៀត។ នៅតែមានទឹកភ្នែករលីងរលោងនៅក្នុងភ្នែករបស់ខ្ញុំ ប៉ុន្តែវាលែងហូរចុះទៀតហើយ។
បន្ទាប់ពីប្រាំឆ្នាំ ខ្ញុំមិនអាចយំបានទៀតឡើយ បើទោះបីជាខ្ញុំបានព្យាយាមខ្លាំងប៉ុណ្ណោ ប៉ុន្តែខ្ញុំបានហៀរសំបោរតាមច្រមុះតិចៗវិញ។ បន្ទាប់ពីពីរឆ្នាំក្រោយមក ខ្ញុំបានស្អប់ខ្លួនយ៉ាងខ្លាំង ហើយព្រះបានជួយខ្ញុំឲ្យងាកមកឯព្រះគម្ពីរម្តងទៀត។
 
 
ក្រិត្យវិន័យជួយឲ្យយើងបានស្គាល់អំពើបាប
 
តើយើងត្រូវតែស្គាល់ពី ក្រិត្យវិន័យយ៉ាងដូចម្តេច?
យើងពិតជាមិនអាចរក្សាតាម ក្រិត្យវិន័យឡើយ
 
រ៉ូម ៣:២០ ប្រាប់យើងថា «ដ្បិត​ក្រឹត្យវិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ»។ ជាដំបូង ខ្ញុំគ្រាន់តែបានចាត់ទុកខគម្ពីរនេះ ជាសារផ្ទាល់ខ្លួនរបស់សាវកប៉ុល ហើយបានព្យាយាមយកពាក្យដែលខ្ញុំចូលចិត្តប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីទឹកភ្នែករបស់ខ្ញុំបានរីងស្ងួតទៅ ខ្ញុំមិនអាចបន្តជីវិតនៃជំនឿតាមបែបសាសនារបស់ខ្ញុំទៀតឡើយ។
ដូច្នេះ ខ្ញុំបានបន្តធ្វើបាបជានិច្ច ហើយបានដឹងថា ខ្ញុំមានបាបនៅក្នុងចិត្តរបស់ខ្ញុំ ហើយថា ខ្ញុំមិនអាចរស់នៅតាមក្រិត្យវិន័យបានឡើយ។ ខ្ញុំមិនអាចទ្រាំទ្របានទេ ប៉ុន្តែខ្ញុំក៏មិនអាចបោះបង់វាចោលបានដែរ ពីព្រោះខ្ញុំជឿថា ព្រះប្រទានវាមក ដើម្បីឲ្យយើងរក្សាតាម។ នៅទីបំផុត ខ្ញុំបានក្លាយទៅជាអ្នកប្រាជ្ញច្បាប់ម្នាក់ ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ។ វាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការបន្តជីវិតនៃជំនឿរបស់ខ្ញុំ។
នៅពេលកំពុងអានក្រិត្យវិន័យ ខ្ញុំមានបាបខ្លាំងណាស់ ហើយខ្ញុំបានចាប់ផ្តើមបានដឹងពីអំពើបាបទាំងនោះ កាលណាខ្ញុំបានបំពានក្រិត្យវិន័យណាមួយនៅក្នុងចិត្តរបស់ខ្ញុំ​។ ការធ្វើបាបនៅក្នុងចិត្ត ក៏ជាការប្រព្រឹត្តអំពើបាបផងដែរ ហើយខ្ញុំបានក្លាយទៅជាមនុស្សម្នាក់ ដែលជឿលើ និងព្យាយាមរក្សាក្រិត្យវិន័យ ដោយមិនដឹងខ្លួន។
កាលណាខ្ញុំអាចធ្វើតាមក្រិត្យវិន័យ ខ្ញុំមានអំណររីករាយ ប៉ុន្តែកាលណាខ្ញុំមិនអាចធ្វើតាមក្រិត្យវិន័យ ខ្ញុំកើតទុក្ខ កំសត់ និងក្តៅក្រហាយ។ ទីបំផុត ខ្ញុំបានត្រឡប់ជាអស់សង្ឃឹមចំពោះក្រិត្យវិន័យទាំងអស់។ វាគឺជាការល្អប្រសើរណាស់ បើសិនមានគេបានបង្រៀនខ្ញុំតាំងពីដំបូង អំពីចំណេះដឹងអំពីក្រិត្យវិន័យថា «ទេ ក្រិត្យវិន័យពិតជាមានអត្ថន័យមួយផ្សេងទៀត។ វាបង្ហាញថា អ្នកគឺជាដុំបាបមួយ។ អ្នកស្រឡាញ់លុយ មនុស្សមានភេទផ្ទុយគ្នា និងគ្រប់យ៉ាងដែលមើលទៅល្អស្អាត។ មានអ្វីៗជាច្រើនដែលអ្នកស្រឡាញ់ជាងព្រះទៅទៀត។ អ្នកចង់ដើរតាមរបស់នៅលើលោកិយ។ ដូច្នេះ ក្រិត្យវិន័យត្រូវបានប្រទានមកអ្នក មិនមែនឲ្យអ្នករក្សាតាមទេ ប៉ុន្តែដើម្បីឲ្យអ្នកបានស្គាល់ពីខ្លួនឯងថា អ្នកគឺជាមនុស្សមានបាប ដែលមានសេចក្តីអាក្រក់នៅក្នុងចិត្ត»។
បើសិនមានអ្នកណាម្នាក់បានបង្រៀនខ្ញុំ ពីសេចក្តីពិតនេះ នោះខ្ញុំមិនចាំបាច់រងទុក្ខអស់រយៈពេលដប់ឆ្នាំសោះឡើយ។ ដូច្នេះ ខ្ញុំបានរស់នៅក្រោមក្រិត្យវិន័យអស់រយៈពេលដប់ឆ្នាំ មុនពេលខ្ញុំបានរៀនបានពីសេចក្តីពិតនេះ។
ក្រិត្យវិន័យទីបួនគឺ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ»។ នេះមានន័យថា យើងមិនគួរធ្វើការនៅថ្ងៃឈប់សម្រាកទេ។ ពួកគេបានបង្រៀនថា យើងគួរតែដើរ មិនគួរជិះរថយន្តទេ បើសិនយើងធ្វើដំណើរផ្លូវឆ្ងាយនៅថ្ងៃអាទិត្យ។ ខ្ញុំបានគិតថា វាសមរម្យ និងគួរឲ្យគោរពជាង បើសិនខ្ញុំដើរទៅកន្លែងដែលខ្ញុំត្រូវអធិប្បាយ។ ក្រោយមក ខ្ញុំត្រូវអធិប្បាយពី ក្រិត្យវិន័យ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែអនុវត្តនូវអ្វីដែលខ្ញុំបានអធិប្បាយ។ ប៉ុន្តែវាពិបាក រហូតដល់ខ្ញុំហៀបនឹងបោះបង់ចោល។
ដូចដែលខ្ញុំបានលើកឡើងនៅទីនេះថា «តើអ្នកមើលយល់ដូចម្តេច?»។ ខ្ញុំមិនបានយល់ពីសំណួរនេះ ហើយបានរងទុក្ខអស់រយៈពេលដប់ឆ្នាំ។ អ្នកប្រាជ្ញច្បាប់ បានយល់ច្រឡំសំណួរនេះផងដែរ គឺគាត់បានគិតថា បើសិនគាត់ធ្វើតាមក្រិត្យវិន័យ និងរស់នៅដោយប្រុងប្រយ័ត្ន គាត់នឹងទទួលបានព្រះពរនៅចំពោះព្រះ។
ប៉ុន្តែព្រះយេស៊ូវបានសួរគាត់ថា «តើអ្នកមើលយល់ដូចម្តេច?»។ បុរសនេះ បានឆ្លើយទៅតាមសេចក្តីជំនឿបែបច្បាប់របស់គាត់។ ហើយបន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់បុរសនេះថា «មែនហើយ អ្នកបានឆ្លើយត្រឹមត្រូវ គឺអ្នកយល់តាមដែលបានចែងមក។ ចូរព្យាយាមរក្សាតាមវាចុះ»។ (ផ្ទុយពីជីវិតគឺ សេចក្តីស្លាប់។ តើត្រឹមត្រូវទេ?)
ប៉ុន្តែអ្នកប្រាជ្ញច្បាប់នោះ នៅតែមិនយល់ គឺគាត់ដូចជាយើងរាល់គ្នាដែរ។ ខ្ញុំបានសិក្សាទេវសាស្ត្រអស់រយៈពេលដប់ឆ្នាំ។ ខ្ញុំបានព្យាយាមគ្រប់យ៉ាង អានគ្រប់យ៉ាង និងធ្វើគ្រប់យ៉ាង គឺអធិស្ឋានតម មានសិប្បកុសល្យ និយាយភាសាដទៃ...។ល។ ខ្ញុំបានអានព្រះគម្ពីរអស់រយៈពេលដប់ឆ្នាំ ដោយរំពឹងថា ខ្ញុំនឹងសម្រេចបានអ្វីមួយ ប៉ុន្តែខ្ញុំនៅតែជាមនុស្សខ្វាក់ខាងវិញ្ញាណម្នាក់ដដែល។
នេះគឺជាមូលហេតុដែលមនុស្សមានបាប ត្រូវតែជួបម្នាក់ ដែលអាចបើកភ្នែករបស់ខ្លួនបាន ហើយម្នាក់នោះគឺជាព្រះអម្ចាស់យេស៊ូវរបស់យើង។ បន្ទាប់មក យើងបានដឹងថា «មែនហើយ ខ្ញុំពិតជាមិនអាចរក្សាតាមក្រិត្យវិន័យបានឡើយ ប៉ុន្តែយើងមានតែស្លាប់ បើសិនយើងខិតខំព្យាយាមរក្សាតាម។ ប៉ុន្តែព្រះយេស៊ូវបានយាងមកសង្រ្គោះយើង ដោយទឹក និងព្រះវិញ្ញាណ! ហាលេលូយ៉ា!»។ ទឹក និងព្រះវិញ្ញាណ អាចសង្រ្គោះយើងបាន។ វាគឺជាព្រះគុណ និងអំណោយទានរបស់ព្រះ។ ដូច្នេះ យើងសរសើរតម្កើងព្រះអម្ចាស់។
ខ្ញុំមានព្រះពរគ្រប់គ្រាន់ ដែលបានចាកចេញពីភាពជាអ្នកច្បាប់និយម ដែលជាខ្សែបន្ទាត់អស់សង្ឃឹមមួយ ប៉ុន្តែមនុស្សមួយចំនួនចំណាយពេលអស់មួយជីវិត និងសិក្សាទេវសាស្រ្ត ដោយឥតប្រយោជន៍ ហើយមិនបានយល់ពីសេចក្តីពិត រហូតដល់ថ្ងៃពួកគេស្លាប់។ មនុស្សមួយចំនួន ជឿអស់ជាច្រើនឆ្នាំ ឬជឿពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែមិនបានកើតជាថ្មីទេ។
យើង ចាកចេញពីភាពជាមនុស្សមានបាបម្នាក់ នៅពេលយើងបានដឹងថា យើងពិតជាមិនអាចរក្សាតាម ក្រិត្យវិន័យឡើយ ហើយបន្ទាប់មក យើងឈរនៅចំពោះព្រះយេស៊ូវ ហើយស្តាប់អំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលយើងជួបព្រះយេស៊ូវ យើងរួចផុតពីការជំនុំជម្រះ និងការដាក់ទោសទាំងអស់។ យើងគឺជាមនុស្សមានបាបដ៏អាក្រក់បំផុត ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយព្រោះទ្រង់បានសង្រ្គោះយើង ដោយទឹក និងព្រះលោហិត។
ព្រះយេស៊ូវ បានប្រាប់យើងថា យើងពិតជាមិនអាចរស់នៅតាមបំណងព្រះហឫទ័យទ្រង់បានឡើយ។ ទ្រង់ក៏បានប្រាប់ដូច្នេះទៅកាន់អ្នកប្រាជ្ញច្បាប់ផងដេរ ប៉ុន្តែគាត់មិនបានយល់ឡើយ។ ដូច្នេះ ព្រះយេស៊ូវបាននិយាយពីរឿងមួយ ដើម្បីជួយឲ្យគាត់បានយល់។
 
តើអ្វីធ្វើឲ្យមនុស្សមិនអាច រស់នៅតាមជំនឿបាន?
បាប
 
«ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ » (លូកា ១០:៣០)។
ព្រះយេស៊ូវបានប្រាប់អ្នកប្រាជ្ញច្បាប់នូវរឿងប្រៀបប្រដូចនេះ ដើម្បីធ្វើឲ្យគាត់បានដឹងពីការពិតថា គាត់បានរងទុក្ខពេញមួយជីវិតរបស់គាត់ ដូចជាមនុស្សម្នាក់នេះត្រូវពួកចោរវាយឲ្យទ្រមនៅដូច្នោះដែរ។
មនុស្សម្នាក់ បានធ្វើដំណើរពីក្រុងយេរូសាឡិម ទៅក្រុងយេរីខូរ។ ក្រុងយេរីខូរតំណាងឲ្យលោកិយនេះដែលមិនជឿព្រះ ហើយក្រុងយេរូសាឡិមតំណាងឲ្យទីក្រុងនៃសាសនា ទីក្រុងនៃជំនឿ ដែលមានពេញដោយពួកអ្នកអួតតែពីក្រិត្យវិន័យ។ រឿងនេះប្រាប់យើងថា បើសិនយើងជឿលើព្រះគ្រីស្ទតែនៅក្នុងរបៀបសាសនា នោះយើងនឹងត្រូវវិនាស។
«មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ។» ក្រុងយេរូសាឡិម គឺជាក្រុងធំមួយ ដែលមានមនុស្សច្រើន។ មានសង្ឃម្នាក់ ក្រុមសង្ឃ ពួកលេវីម្នាក់ និងមនុស្សសាសនាលេចធ្លោរជាច្រើននាក់ទៀត។ មានមនុស្សជាច្រើន ដែលចេះ និងយល់ក្រិត្យវិន័យយ៉ាងច្បាស់លាស់។ ពួកគេព្យាយាមរស់នៅតាមក្រិត្យវិន័យ ប៉ុន្តែពួកគេបានបរាជ័យ ហើយបានធ្វើដំណើរទៅក្រុងយេរីខូរ។ ពួកគេបានបន្តធ្លាក់ទៅក្នុងលោកិយ (ក្រុងយេរីខូរ) ហើយមិនអាចគេចចេញពីពួកចោរប្លន់បានឡើយ។
មនុស្សម្នាក់នោះ ក៏បានជួបនឹងពួកចោរ នៅតាមផ្លូវពីក្រុងយេរូសាឡិមទៅក្រុងយេរីខូរផងដែរ ហើយវាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស។ «វាបានប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស» មានន័យថា គាត់បានបាត់បង់សេចក្តីសុចរិតរបស់គាត់។ យើងមិនអាចរស់នៅដោយ និងតាមក្រិត្យវិន័យបានឡើយ។ សាវកប៉ុល បាននិយាយនៅក្នុង រ៉ូម ៧:១៩-២០ ថា «ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ»។
ខ្ញុំប្រាថ្នាថា ខ្ញុំអាចធ្វើល្អ ហើយរស់នៅតាមព្រះបន្ទូលទ្រង់បាន ប៉ុន្តែនៅក្នុងចិត្តរបស់មនុស្សមានគំនិតអាក្រក់ សេចក្តីកំផិត សាហាយស្មន់ កាប់សំឡាប់គេ សេចក្តីលោភ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត (ម៉ាកុស ៧:២១-២៣)។
ដោយសារតែសេចក្តីអាក្រក់ទាំងនេះ ស្ថិតនៅក្នុងចិត្តរបស់យើង ហើយនឹងចេញមកគ្រប់ពេលវេលា នោះយើងធ្វើអ្វីដែលយើងមិនចង់ធ្វើ ហើយយើងមិនធ្វើអ្វីដែលយើងគួរតែធ្វើទេ។ យើងនៅតែបន្តប្រព្រឹត្តការអាក្រក់ទាំងអស់នោះនៅក្នុងចិត្តរបស់យើងជានិច្ច។ អ្វីដែលអារក្សត្រូវធ្វើនោះ គឺគ្រាន់តែផ្តល់ឲ្យយើងនូវការជម្រុញចិត្តតែបន្តិចប៉ុណ្ណោះ ដើម្បីឲ្យយើងធ្វើបាប។
 
 
អំពើបាបស្ថិតក្នុងចិត្តរបស់មនុស្សជាតិទាំងមូល
 
តើយើងអាចរស់នៅតាម ក្រិត្យវិន័យបានទេ?
មិនបានទេ
 
ម៉ាកុស ៧ ប្រាប់យើងថា «ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ»។
ព្រះយេស៊ូវ កំពុងែតប្រាប់យើងថា នៅក្នុងចិត្តរប​ស់មនុស្ស​មានគំនិតអាក្រក់ សេចក្តីកំផិត សាហាយស្មន់ កាប់សំឡាប់គេ សេចក្តីលោភ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត។
យើងទាំងអស់គ្នា មានការកាប់សំឡាប់គេនៅក្នុងចិត្ត គឺមិនមានអ្នកណាម្នាក់ ដែលមិនកាប់សំឡាប់គេឡើយ។ ម្តាយស្រែកដាក់កូនៗថា «ទេ កុំធ្វើអញ្ចឹង។ អាចង្រៃ អញបានប្រាប់ឯងថា កុំឲ្យធ្វើអញ្ចឹង។ អញបានប្រាប់ឯងម្តងហើយម្តងទៀតថា កុំឲ្យធ្វើអញ្ចឹង»។ ការស្រែកបែបនេះ គឺជាការកាប់សំឡាប់គេ។ អ្នកអាចបានសំឡាប់កូនៗរបស់អ្នកនៅក្នុងគំនិតរបស់អ្នក ដោយសារតែពាក្សសម្តីឥតគិតពិចារណាបាន។
កូនៗរបស់យើង ត្រូវបាននៅរស់ ពីព្រោះពួកគេរត់ចេញពីយើងយ៉ាងលឿន ប៉ុន្តែបើសិនយើងបានបញ្ចេញកំហឹងទាំងអស់របស់យើងដាក់ពួកគេ នោះយើងអាចបានសំឡាប់ពួកគេរួចទៅហើយ។ ពេលខ្លះ យើងបន្លាចខ្លួន​ឯងថា «ឱព្រះអង្គអើយ! ហេតុអ្វីទូលបង្គំបានធ្វើដូច្នេះ?»។ យើងសំឡឹងមើលស្នាមជាំ បន្ទាប់ពីយើងបានវាយកូនៗរបស់យើង ហើយគិតថា យើងប្រាកដជាឆ្កួតហើយ ដែលបានធ្វើដូច្នេះ។ យើងប្រាកដជាប្រព្រឹត្តតាមរបៀបនេះ ពីព្រោះយើងមានការកាប់សំឡាប់នៅក្នុងចិត្តរបស់យើង។
ដូច្នេះ «តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ» មានន័យថា យើងធ្វើការអាក្រក់ ពីព្រោះយើងជាមនុស្សអាក្រក់។ ដូច្នេះហើយបានជាសាតាំងងាយស្រួលល្បួងយើងឲ្យធ្វើបាបណាស់។
ឧបមាថា មានបុរសម្នាក់ដែលបានសង្រ្គោះហើយ បានអង្គុយផ្ទះខ្ទមមួយអស់រយៈពេលដប់ឆ្នាំ បែរមុខទៅជញ្ជាំង ហើយសញ្ជឹងគិតដូចជាសង្ឃជនជាតិកូរ៉េដ៏ អស្ចារ្យម្នាក់ឈ្មោះ សុងឆុល (Sungchol)។ វាមិនមានបញ្ហាអ្វីទេ ដែលគាត់បានអង្គុយបែរមុខទៅជញ្ជាំង ប៉ុន្តែត្រូវតែមានមនុស្សម្នាក់នាំយកអាហារឲ្យគាត់ ហើយសម្អាតលាមករបស់គាត់។
គាត់ ត្រូវតែមានទំនាក់ទំនងជាមួយអ្នកណាម្នាក់។ វានឹងមិនមែនជាបញ្ហាអ្វីទេ បើសិនម្នាក់នោះគឺជាបុរសម្នាក់ ប៉ុន្តែ ចូរយើងគិតមើលថា ចុះបើសិនម្នាក់នោះគឺជាមនុស្សស្រីស្អាតម្នាក់វិញ។ បើសិនគាត់មើលឃើញនាងដោយចៃដន្យ នោះពេលវេលាទាំងអស់របស់គាត់ ដែលអង្គុយបែរមុខទៅជញ្ជាំង នឹងឥតប្រយោជន៍ទទេ។ គាត់អាចគិតថា ខ្ញុំមិនគួរប្រព្រឹត្តសេចក្តីកំផិតទេ បើទោះបីជាខ្ញុំមានសេចក្តីនេះនៅក្នុងចិត្ត ប៉ុន្តែខ្ញុំត្រូវតែដោះវាចេញ។ ទេ! ចេញពីគំនិតរបស់ខ្ញុំទៅ!»។
ប៉ុន្តែការប្តេជ្ញាចិត្តនេះ ត្រូវរលាយបាត់ទៅ នៅពេលគាត់មើលឃើញនាង។ បន្ទាប់ពីមនុស្សស្រីនោះចាកចេញទៅ គាត់មើលទៅក្នុងចិត្តរបស់គាត់។ រយៈពេលប្រាំឆ្នាំនៃការអនុវត្តភាពជាតាបសរបស់គាត់ នឹងត្រឡប់ជាឥតប្រយោជន៍ទទេ គឺជាអាសារឥតការទទេ។
សាតាំង ងាយស្រួលដកយកសេចក្តីសុចរិតរបស់មនុស្សចេញខ្លាំងណាស់។ គ្រប់យ៉ាងដែលសាតាំងត្រូវធ្វើ គឺគ្រាន់តែផ្តល់ការជម្រុញចិត្តតែបន្តិចប៉ុណ្ណោះ ហើយយើងក៏ធ្វើបាបភ្លាម។ នៅពេលមនុស្សម្នាក់ដែលមិនបានសង្រ្គោះ កំពុងតស៊ូមិនធ្វើបាប គាត់នៅតែធ្លាក់ទៅក្នុងអំពើបាបដដែល។ គាត់អាចជាមនុស្សម្នាក់ដែលថ្វាយ តង្វាយមួយភាគដប់ជារៀងរាល់អាទិត្យ ដោយស្មោះត្រង់ អធិស្ឋានតមអស់រយៈពេលសែសិបថ្ងៃ អធិស្ឋានពេលព្រឹកព្រហៀមអស់រយៈពេលមួយរយថ្ងៃ...។ល។ ប៉ុន្តែសាតាំងនៅតែអាចល្បួង និងបោកបញ្ឆោតគាត់ ដោយការល្អផ្សេងៗនៅក្នុងជីវិតបានដដែល។
«ខ្ញុំចង់ផ្តល់ឲ្យអ្នកនូវតួនាទីសំខាន់មួយ ក្នុងក្រុមហ៊ុនរបស់ខ្ញុំ ប៉ុន្តែអ្នកគឺជាគ្រីស្ទបរិស័ទ ហើយអ្នកមិនអាចធ្វើការនៅថ្ងៃអាទិត្យទេ មែនទេ? ប៉ុន្តែតួនាទីនោះធំណាស់។ បើសិនអ្នកអាចធ្វើការនៅថ្ងៃអាទិត្យបីដង ហើយទៅព្រះវិហារតែម្តងនៅថ្ងៃអាទិត្យបាន នោះអ្នកនឹងទទួលបានឯកសិទ្ធដ៏ធំនេះ ហើយមានប្រាក់ខែយ៉ាងខ្ពស់។ តើអ្នកគិតយ៉ាងដូចម្តេចដែរ?» ការផ្តល់ឲ្យនេះ ប្រហែលអាចទិញមនុស្សមួយរយភាគរយលើមួយរយភាគរយបាន។
បើសិនការល្បួងនេះ មិនមានប្រសិទ្ធភាព សាតាំងលេងល្បិចមួយទៀតដាក់មនុស្ស ដែលងាយនឹងជាប់អន្ទាក់ក្នុងសេចក្តីប៉ងប្រាថ្នាសម្រាប់មនុស្សស្រី។ សាតាំង ដាក់មនុស្សស្រីម្នាក់នៅមុខគាត់ ហើយគាត់នឹងឱនក្បាលដល់កែងជើងរបស់នាង ដោយសេចក្តីស្រឡាញ់ ហើយភ្លេចព្រះមួយរំពេច។ នេះគឺជារបៀបដែលសាតាំងដកយកសេចក្តីសុចរិតរបស់មនុស្សចេញ។
បើសិនយើងព្យាយាមរស់នៅតាមក្រិត្យវិន័យ នោះគ្រប់យ៉ាងដែលយើងមាននៅចុងបំផុត គឺរបួសនៃបាប ការឈឺចាប់ និងភាពទន់ខ្សោយខាងវិញ្ញាណ គឺយើងបាត់បង់សេចក្តីសុចរិតទាំងអស់។ «មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពីក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ។»
នេះមានន័យថា ទោះបីជាយើងព្យាយាមនៅក្នុងក្រុងយេរូសាឡិម ដោយការរស់នៅតាមបំណងព្រះហឫទ័យព្រះដ៏បរិសុទ្ធ ក៏យើងនឹងជំពប់ពីពេលមួយទៅពេលមួយដែរ ដោយសារតែភាពខ្សោយរបស់យើង ហើយជាចុងក្រោយ យើងនឹងត្រូវវិនាស។
អ្នក នៅតែអាចអធិស្ឋានលន់តួអំពើបាបនៅចំពោះព្រះថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាប។ សូមអត់ទោសដល់ទូលបង្គំផង ហើយទូលបង្គំនឹងមិនធ្វើដូចនេះទៀតឡើយ។ ទូលបង្គំសន្យាជាមួយទ្រង់ថា នេះគឺជាលើកចុងក្រោយហើយ។ ទូលបង្គំអង្វរដល់ទ្រង់ឲ្យអត់ទោសដល់ទូលបង្គំម្តងទៀត»។
ប៉ុន្តែ ការធ្វើបាបនេះមិនមែនជាលើកចុងក្រោយទេ ពីព្រោះមនុស្សមិនអាចរស់នៅក្នុងលោកិយនេះ ដោយមិនធ្វើបាបបានឡើយ។ ពួកគេអាចចៀសវាងការធ្វើបាបបានពីរដង ប៉ុន្តែពួកគេមិនអាចឈប់ធ្វើបាបម្តងទៀតបានឡើយ។ ដូច្នេះ យើងពិតជាបន្តធ្វើបាបជានិច្ច។ «ឱព្រះ អម្ចាស់អើយ សូមអត់ទោសដល់ទូលបង្គំផង។» បើសិនពួកគេបន្តធ្វើដូច្នេះ នោះពួកគេនឹងរសាត់ចេញពីព្រះវិហារ និងជីវិតនៃជំនឿរបស់ពួកគេជាមិនខាន។ ពួកគេនឹងរសាត់ចេញពីព្រះ ដោយសារតែអំពើបាបទាំងឡាយរបស់ពួកគេ ហើយជាចុងរក្រោយ ពួកគេនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។
ការធ្វើដំណើរទៅកាន់ក្រុងយេរីខូរ មានន័យថា ធ្លាក់ទៅក្នុងលោកិយដែលមិនជឿព្រះ គឺខិតកាន់តែជិតលោកិយ ហើយកាន់តែឆ្ងាយពីក្រុងយេរូសាឡិម។ ជាដំបូង ក្រុងយេរូសាឡិមនៅជិតនៅឡើយ ប៉ុន្តែនៅពេលការធ្វើបាប និងការលន់តួបាបបន្តដំណើរដដែលជាដដែល យើងមើលឃើញខ្លួនឯងកំពុងឈរនៅក្នុងក្រុងយេរីខូរ គឺធ្លាក់យ៉ាងជ្រៅទៅក្នុងលោកិយ។
 
តើអ្នកណាអាចបានសង្រ្គោះ?
អ្នកដែលបោះបង់ការព្យាយាមបង្កើត សេចក្តីសុចរិតផ្ទាល់ខ្លួន
 
តើមនុស្សម្នាក់នោះបានជួបអ្នកណា នៅតាមផ្លូវទៅកាន់ក្រុងយេរីខូរ? គាត់បានជួបពួកចោរប្លន់។ អ្នកដែលមិនដឹង និងរស់នៅតាមក្រិត្យវិន័យ មានជីវិតស្រដៀងទៅនឹងសត្វឆ្កែមួយក្បាលដែលត្រូវគេបោះបង់ចោល។ គាត់ផឹក ដេក និងជុះនោមនៅគ្រប់ទីកន្លែង។ សត្វឆ្កែ ក្រោកឡើងនៅព្រឹកស្អែក ហើយផឹកម្តងទៀត។ សត្វឆ្កែដែលត្រូវគេបោះបង់ចោល នឹងស៊ីកាកសំណល់របស់ខ្លួនឯង។ នេះគឺជាមូលហេតុ ដែលយើងហៅមនុស្សប្រភេទនេះជាសត្វឆ្កែ។ គាត់មិនចេះផឹក តែនៅតែផឹក ហើយលន់តួអំពើបាបនៅព្រឹកបន្ទាប់ គឺបន្តធ្វើដដែលជាដដែល។
វាដូចជាបុរសម្នាក់ដែលបានជួបពួកចោរប្លន់ នៅតាមផ្លូវទៅកាន់ក្រុងយេរីខូរដែរ។ គាត់ត្រូវបានគេទុកចោល ឲ្យរងរបួស ហើយទ្រមខ្លួន។ វាមានន័យថា នៅក្នុងចិត្តរបស់គាត់មានតែបាបប៉ុណ្ណោះ។ នេះគឺជានិស្ស័យរបស់មនុស្សយើង។
អ្នកដែលជឿព្រះយេស៊ូវ ប៉ុន្តែព្យាយាមរស់នៅតាម ក្រិត្យវិន័យនៅក្នុងក្រុងយេរូសាឡិម ដែលជាសហគមន៍ជំនឿ ត្រូវបានទុកចោលជាមួយនឹងបាបនៅក្នុងចិត្តតែប៉ុណ្ណោះ។ គ្រប់យ៉ាងដែលពួកគេត្រូវបង្ហាញពីជីវិតសាសនារបស់ពួគគេ គឺរបួសនៃបាប។ អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន នឹងត្រូវបានបោះចូលទៅក្នុងស្ថាននរក នៅថ្ងៃចុងក្រោយ។ ពួកគេដឹងដូច្នេះ ប៉ុន្តែពួកគេមិនដឹងពីអ្វីដែលត្រូវធ្វើនោះទេ។ តើអ្នកនិងខ្ញុំបានស្ថិតនៅក្នុងក្រុងសាសនាស្រដៀងគ្នានេះដែរឬទេ? បាទ យើងទាំងអស់គ្នា​ធ្លាប់បានស្ថិតនៅទីក្រុងនោះផងដែរ។
អ្នកប្រាជ្ញច្បាប់ ដែលបានយល់ច្រឡំអំពីក្រិត្យវិន័យរបស់ព្រះ នឹងនៅតែខិតខំរស់នៅតាមក្រិត្យវិន័យអស់មួយជីវិត ហើយជាចុងក្រោយ ត្រូវរងរបួស និងធ្លាក់ទៅក្នុងស្ថាននរក។ គាត់គឺជាម្នាក់ក្នុងចំណោមអ្នក និងខ្ញុំ។
មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលអាចសង្រ្គោះយើងបាន។ មានមនុស្សឆ្លាតជាច្រើននៅជុំវិញយើង ហើយពួកគេបន្តអួតពីអ្វីដែលពួកគេចេះដឹង។ ពួកគេទាំងអស់ ធ្វើពុតជារស់នៅតាមក្រិត្យវិន័យរបស់ព្រះ ហើយមិនស្មោះត្រង់ចំពោះខ្លួនឯង។ ពួកគេមិនអាចហៅចបជីកជាចប ជីកទេ ប៉ុន្តែគិតតែព្យាយាមសម្អិតសម្អាតតែផ្នែកខាងក្រៅ ដើម្បីឲ្យទៅឃើញថា ពួកគេស្មោះត្រង់។
ពួកគេ គឺជាមនុស្សមានបាប នៅតាមផ្លូវទៅកាន់ក្រុងយេរីខូរ គឺជាមនុស្សម្នាក់ដែលត្រូវពួកចោរប្លន់វាយឲ្យត្រូវរបួសទ្រមខ្លួន។ យើងត្រូវតែដឹងថា យើងងាយនឹងបាក់បែកយ៉ាងណា នៅចំពោះព្រះ។
យើង គួរតែទទួលស្គាល់នៅចំពោះទ្រង់ថា «ឱព្រះ អម្ចាស់អើយ ទូលបង្គំនឹងត្រូវទៅស្ថាននរក បើសិនទ្រង់មិនសង្រ្គោះទូលបង្គំ។ សូមជួយសង្រ្គោះទូលបង្គំផង។ បើសិនទូលបង្គំបានស្តាប់ឮដំណឹងល្អពិតប្រាកដ ទូលបង្គំនឹងទៅគ្រប់កន្លែងដែលទ្រង់ចង់ឲ្យទូលបង្គំទៅ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ តែបើសិនទ្រង់បោះបង់ទូលបង្គំចោល នោះទូលបង្គំនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ដូច្នេះ ទូលបង្គំទូលអង្វរឲ្យទ្រង់សង្រ្គោះទូលបង្គំផង»។
អ្នកដែលដឹងថា ខ្លួនកំពុងត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយបោះបង់ចោលការខិតខំ និងព្យាយាមដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ហើយត្រឡប់មកពឹងផ្អែកលើព្រះអម្ចាស់វិញ គឺជាអ្នកដែលអាចបានសង្រ្គោះ។ យើងពិតជាមិនអាចបានសង្រ្គោះ ដោយការខិតខំផ្ទាល់ខ្លួនបានឡើយ។

យើងត្រូវតែយល់ថា យើងដូចជាបុរសម្នាក់ ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរប្លន់ផងដែរ។