Search

Kazania

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-7] ដំណឹងល្អពិតដែលជួយឲ្យអ្នកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត (អេសាយ ៩:៦-៧)

(អេសាយ ៩:៦-៧)
«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ។»
 
 
តើអ្វីនាំឲ្យព្រះវិញ្ញាះបរិសុទ្ធ គង់នៅក្នុងអ្នកជឿ? 
ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ

ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវមានជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ព្រះអម្ចាស់របស់យើង មានព្រះនាមថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ និងព្រះដ៏មានព្រះចេស្តា។ ព្រះអម្ចាស់របស់យើង បានហៅអង្គទ្រង់ផ្ទាល់ថាជាផ្លូវទៅឯស្ថានសួគ៌។ ហើយព្រះយេស៊ូវគ្រីស្ទបានតំណាងឲ្យមនុស្សគ្រប់គ្នា ជាមួយនឹងអំណោទានជាដំណឹងល្អពិតនេះ។
ទោះបីជាយ៉ាងណា នៅក្នុងពិភពលោកនេះ មានមនុស្សជាច្រើន ដែលនៅតែរស់នៅក្នុងសេចក្តីងងឹតដដែល។ ពួកគេព្យាយាមគេចចេញពីសេចក្តីងងឹតនេះ ប៉ុន្តែដោយសារពួកគេមិនស្គាល់ដំណឹងល្អពិត ពួកគេមិនអាចគេចចេញពីអំពើបាបរបស់ខ្លួនបានឡើយ។ ផ្ទុយទៅវិញ ពួកគេវង្វេងទៅឆ្ងាយ ជាមួយនឹងជំនឿតាមគោលលទ្ធិខុសឆ្គងរបស់ខ្លួន។ ប៉ុន្តែសម្រាប់អស់អ្នកដែលស្វែងរកសេចក្តីពិត ពួកគេនឹងបានស្គាល់ដំណឹងល្អពិត ហើយរស់នៅរស់ពេញទៅដោយព្រះពររបស់ព្រះអស់មួយជីវិត។ ដូច្នេះ ខ្ញុំជឿថា វាគឺជាព្រះពរពិសេសរបស់ព្រះ ដែលអនុញ្ញាតឲ្យខ្ញុំជួយពួកគេឲ្យស្វែងរកឃើញដំណឹងល្អពិត ដែលអាចសម្អាតពួកគេចេញពីអំពើបាបរបស់ពួកគេបាន។
ដូច្នេះ បើសិនវាមិនមែនសម្រាប់ព្រះពររបស់ទ្រង់ទេ នោះ សេរីភាពចេញពីអំពើបាបនឹងមិនអាចកើតមានបានឡើយ។ បើសិនយើងបានជឿព្រះអម្ចាស់ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ នោះយើងមានព្រះពរខ្លាំងណាស់។ ប៉ុន្តែគួរឲ្យសោកស្តាយ មនុស្សជាច្រើនមិនបានដឹងថា ព្រះពររបស់ព្រះចេញមកពីជំនឿតាមដំណឹងល្អពិតនេះសោះ។
ព្រះពររបស់ព្រះ គឺជាលទ្ធផលចេញពីការជឿតាមដំណឹងល្អពិត ដែលព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ បានប្រទានឲ្យយើង។ ព្រះយេស៊ូវគឺជាអង្គដែលសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ ហើយប្រទានពរដល់យើង ដោយសេចក្តីមេត្តាករុណារបស់ទ្រង់។ ហើយគ្មានអ្នកណាផ្សេងអាចសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ឬជួយយើងឲ្យលុបអំពើបាបនៅក្នុងចិត្តរបស់យើងចេញបានឡើយ។ ដូច្នេះ តើអ្នកណាអាចសង្រ្គោះខ្លួនឯងចេញពីអំពើបាប និងការរងទុក្ខនៃសេចក្តីស្លាប់អស់កល្បជានិច្ចរបស់ខ្លួនបាន?
ព្រះ ប្រាប់យើងថា «មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់» (សុភាសិត ១៦:២៥)។ មនុស្សបង្កើតសាសនាផ្ទាល់ខ្លួន ហើយរុញខ្លួនឯងទៅក្នុងសេចក្តីវិនាស និងសេចក្តីស្លាប់។ សាសនាជាច្រើនអួតអាងថា ពួកគេផ្តោតលើសេចក្តីសុចរិត ហើយបង្ហាញរបៀបផ្ទាល់ខ្លួនរបស់គេ ដើម្បីសង្រ្គោះមនុស្សចេញពីអំពើបាបរបស់ខ្លួន ប៉ុន្តែមានតែដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលព្រះអម្ចាស់របស់យើងប្រទានមក ដែលអាចសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងបាន។ ហើយមានតែព្រះវិញ្ញាណប៉ុណ្ណោះ ដែលជាព្រះអង្គសង្រ្គោះ ដែលអាចសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេបាន។ 
ព្រះអម្ចាស់របស់យើង បានមានបន្ទូលនៅក្នុង យ៉ូហាន ១៤:៦ ថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត»។ ទ្រង់បានប្រទាន សាច់ឈាម និងព្រះលោហិតទ្រង់ផ្ទាល់ដល់អស់អ្នកដែលកំពុងតែធ្វើដំណើរទៅកាន់សេចក្តីស្លាប់។ ហើយទ្រង់ក៏បានហៅអង្គទ្រង់ផងដែរថា ផ្លូវទៅកាន់ជីវិតពិត។ ព្រះមានបន្ទូលថា បើសិនមនុស្សម្នាក់មិនជឿតាមដំណឹងល្អពិតរបស់ព្រះយេស៊ូវទេ គាត់មិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។
ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានការអត់ទោសអំពើបាបរបស់យើង ហើយជឿថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌។
 
 
ពេលមួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល!
 
«រីឯនៅក្នុងរាជ្យស្តេចអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល គេលើកទ័ពឡើង ទៅច្បាំងនឹងក្រុងយេរូសាឡិម តែឈ្នះយកមិនបានទេ» (អេសាយ ៧:១)។
តាំងតែពីដំបូង អ៊ីស្រាអែលគឺជាជាតិសាសន៍មួយ។ ប៉ុន្តែ អ៊ីស្រាអែលបានបែងចែកជាអាណាចក្រខាងត្បូង និងអាណាចក្រខាងជើង។ ហើយព្រះវិហាររបស់ព្រះស្ថិតនៅក្នុងក្រុងយេរូសាឡិមនៃអាណាចក្រខាងត្បូង ដែលមានស្តេចរេហូបោម ដែលជាបុត្ររបស់ស្តេចសាឡូម៉ូន បានគ្រប់គ្រង។ ក្រោយមក យេរូបោម ដែលជាអ្នកបម្រើរបស់ស្តេចសាឡូម៉ូន បានបង្កើតជាតិសាសន៍មួយទៀតនៅភាគខាងជើង ដែលបានធ្វើឲ្យអ៊ីស្រាអែលមានការបែកបាក់ជាពីរ។ ចាប់ពីពេលនោះ ជំនឿលើព្រះត្រូវបានធ្វើឲ្យខូច។ ការខូចជំនឿបានក្លាយជាប្រភពនៃសាសនាខុសឆ្គងទាំងឡាយ នៅសព្វថ្ងៃនេះ។ ដូច្នេះ យេរូបោមបានក្លាយជាអ្នកបង្កើតបុគ្គលដែលមានជំនឿខុសឆ្គង។ ទ្រង់បានកែប្រែច្បាប់របស់ព្រះ ពីព្រោះទ្រង់ចង់រក្សារាជ្យបាល័ង្លរបស់ទ្រង់។ ដូច្នេះហើយបានជាទ្រង់បានក្លាយជាបិតានៃបុគ្គលដែលមានជំនឿខុសឆ្គង។ ទ្រង់បានបង្កើតសាសនាផ្សេងមួយសម្រាប់រាស្ត្ររបស់ទ្រង់ នៅក្នុងអ៊ីស្រាអែល ដែលជាអាណាចក្រខាងជើង ហើយទ្រង់ក៏បានព្យាយាមឈ្លានពានយូដា ដែលជាអាណាចក្រខាងត្បូងផងដែរ។ រយៈពេលជិត២០០ឆ្នាំកន្លងផុតទៅ ប៉ុន្តែអាណាចក្រទាំងពីរនៅតែមាន សេចក្តីខ្មាំងនឹងគ្នាដដែល។ 
ទោះបីជាយ៉ាងណា ព្រះបានមានបន្ទូល តាមរយៈហោរា អេសាយថា «ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូន រេម៉ាលាបានគិតសំរេចនឹងធ្វើអាក្រក់ដល់ឯង ដោយពាក្យថា ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា យើងនឹងធ្វើឲ្យគេមានសេចក្តីវេទនា ព្រមទាំងទំលាយឲ្យមានផ្លូវចូលបាន រួចយើងនឹងតាំងស្តេច១ឡើងនៅក្នុងស្រុកគេ គឺជាកូនរបស់តាបបៀល ឯព្រះអម្ចាស់ យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ ក្នុងរវាង៦៥ឆ្នាំ នោះពួកអេប្រាអិមនឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯង មិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ» (អេសាយ ៧:៥-៩)។
នៅពេលនោះ តាមរយៈហោរាអេសាយព្រះបានប្រទានទំនាយដល់ស្តេចអេហាស ប៉ុន្តែស្តេចអេហាសមិនបានមានជំនឿលើទ្រង់ឡើយ។ ស្តេចអេហាសបានព្រួយបារម្ភថា ទ្រង់នឹងមិនអាចទប់ទល់ជាមួយនឹងកងទ័ពរបស់ស្រុកស៊ីរីបានទេ ប៉ុន្តែដោយបានស្តាប់ឮអំពីការឈ្លានពានរបស់ស្រុកស៊ីរី និងអ៊ីស្រាអែល ដែលមានសម័្ពន្ធភាពជាមួយគ្នា ទ្រង់កាន់តែភ័យខ្លាចយ៉ាងខ្លាំង។ ប៉ុន្តែអ្នកបម្រើព្រះ ដែលជាហោរាអេសាយ បានមកប្រាប់ទ្រង់ថា «រយៈពេលមិនដល់៦៥ឆ្នាំទេ អាណាចក្រខាងជើងនឹងដួលរលំ។ ហើយការរួមគំនិតក្បត់របស់ស្តេចទាំងពីរអង្គនោះ នឹងមិនក្លាយជាការពិតឡើយ»។ 
អ្នកបម្រើរបស់ព្រះ បានប្រាប់ស្តេចអេហាសឲ្យស្វែងរកសញ្ញាមួយពីព្រះ។ «ដូច្នេះ អេសាយទូលថា ឱពូជពង្សរបស់ដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬអី បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផង ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល» (អេសាយ ៧:១៣-១៤)។ នេះគឺជាទំនាយរបស់ទ្រង់៖ ទ្រង់នឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ 
 
 
តើអ្នកណាគឺជាខ្មាំងសត្រូវរបស់ព្រះ?
 
ខ្មាំងសត្រូវរបស់មនុស្សជាតិ គឺជាបាប ហើយបាបមានកំណើតចេញពីសាតាំង។ ហើយតើអ្នកណាគឺជាអង្គដែលសង្រ្គោះយើងចេញពីអំពើបាបរបស់យើង? ព្រះអង្គសង្រ្គោះគឺជាព្រះយេស៊ូវតែមួយគត់ ដែលទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ មនុស្សមានភាពខ្សោយខាងសាច់ឈាម នៅតែបន្តធ្វើបាបជានិច្ច ហើយស្ថិតនៅក្រោមអំណាចរបស់សាតាំង។ មនុស្សយ៉ាងច្រើននៅតែទៅរកគ្រូទាយ ហើយព្យាយាមរស់នៅតាមអ្វីដែលហោរាក្លែងក្លាយទាំងនេះណែនាំដល់ពួកគេ។ នេះគឺជាភស្តុតាងច្បាស់លាស់ថា ពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង។ 
ព្រះអម្ចាស់ បានប្រទានភស្តុតាងនៃសេចក្តីសង្រ្គោះដល់ហោរាអេសាយ ដោយមានបន្ទូលថា ស្រីក្រមុំព្រហ្មចារីម្នាក់នឹងបង្កើតបានកូនប្រុសម្នាក់ ហើយត្រូវហៅទ្រង់ថា អេម៉ាញូអែល។ វាគឺជាផែនការរបស់ព្រះ ក្នុងការបញ្ជូនព្រះយេស៊ូវនៅក្នុងរូបភាពជាមនុស្ស ហើយអនុញ្ញាតឲ្យទ្រង់សង្រ្គោះមនុស្សមានបាបចេញពីការកៀបសង្កត់របស់សាតាំង។ ស្របតាមទំនាយនេះ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះជាមនុស្សជាតិ ដែលប្រសូតពីស្រីក្រមុំព្រហ្មចារីម្នាក់ ដែលមានឈ្មោះថា ម៉ារា។
ប្រសិនបើព្រះយេស៊ូវមិនបានយាងមកឯយើងទេ នោះយើងនឹងនៅតែរស់នៅក្រោមអំណាចរបស់សាតាំងជានិច្ច។ ប៉ុន្តែទ្រង់បានយាងមកក្នុងលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីប្រទានឲ្យយើងនូវដំណឹងល្អពិត ដែលនឹងសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ខ្លួន។ ដូច្នេះ មនុស្សជាច្រើនបានជឿតាមដំណឹងល្អ បានទទួលសេចក្តីអត់ទោសអំពើបាបរបស់ខ្លួន ហើយបានធ្វើជាកូនរបស់ព្រះ។
សូម្បីតែនៅសព្វថ្ងៃនេះ ទេវវិទូជាច្រើនបានជជែកគ្នាថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ ឬជាមនុស្ស។ ទេវវិទូអភិរក្សនិយមនិយាយថា «ព្រះយេស៊ូវគឺជាព្រះ» ប៉ុន្តែទេវវិទូថ្មីៗគិតថា ព្រះយេស៊ូវគឺជាកូនមិនស្របច្បាប់របស់យ៉ូសែប។ នេះគឺជាការអះអាងមិនត្រឹមត្រូវឡើយ!
ទេវវិទូថ្មីៗមួយចំនួន និយាយថា ពួកគេមិនអាចជឿថា ព្រះយេស៊ូវអាចមានសមត្ថភាពដើរលើទឹកឡើយ។ ហើយពួកគេនិយាយថា «ព្រះយេស៊ូវគ្រាន់តែបានដើរលើទីទាបលើនភាបាទ ហើយពួកសិស្សរបស់ទ្រង់បានមើលឃើញទ្រង់ពីចម្ងាយ ហើយបានគិតថា ទ្រង់កំពុងតែដើរលើទឹក»។ បណ្ឌិតខាងទេវសាស្ត្របច្ចុប្បន្ន ដែលមកពីសាលាទេវសាស្ត្រថ្មី មិនមែនសុទ្ធជាទេវវិទូ អស្ចារ្យទាំងអស់នោះឡើយ។ ពួកគេភាគច្រើនគ្រាន់តែជឿតាមអ្វីដែលពួកគេអាចយល់បាននៅក្នុងព្រះគម្ពីរប៉ុណ្ណោះ។
ឧទាហរណ៍មួយទៀត ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចម្អែតមនុស្ស៥០០០នាក់ ជាមួយនឹងត្រីពីរ និងនំប៉័ងប្រាំដុំ។ ប៉ុន្តែពួកគេនៅតែសង្ស័យយ៉ាងខ្លាំងអំពីការអស្ចារ្យនេះ។ ពួកគេពន្យល់អំពីការអស្ចារ្យនេះថា «មនុស្សបានដើរតាមព្រះយេស៊ូវ ហើយបានហេវហត់ជាខ្លាំង។ ដូច្នេះ ព្រះយេស៊ូវបានប្រាប់ឲ្យពួកសិស្សរបស់ទ្រង់ប្រមូលអាហារដែលនៅសល់ទាំងអស់។ បន្ទាប់ពីក្មេងម្នាក់បានថ្វាយអាហាររបស់ខ្លួនដល់ទ្រង់ដោយស្ម័គ្រចិត្ត ហើយមនុស្សចាស់ៗបានមើលឃើញ ហើយប៉ះពាល់ចិត្ត ក៏បានយកអាហារផ្ទាល់ខ្លួនរបស់គេចេញមក។ ដូច្នេះ បន្ទាប់ពីប្រមូលអាហារទាំងអស់ និងបរិភោគ មានអាហារដប់ពីរកន្ត្រកនៅសល់»។ ទេវវិទូទាំងនេះគ្រាន់តែព្យាយាមធ្វើឲ្យព្រះបន្ទូលព្រះស៊ីគ្នាជាមួយការយល់ដឹងដ៏មានកម្រិតរបស់ពួកគេប៉ុណ្ណោះ។
ការជឿតាមសេចក្តីពិតរបស់ព្រះ គឺជាការមានជំនឿតាមដំណឹងល្អពិត ដែលព្រះបានប្រទានមក។ ជំនឿមិនមានន័យថា ការជឿតាមអ្វីមួយ ពីព្រោះវាហាក់ដូចជាត្រឹមត្រូវ ឬការមិនជឿតាមអ្វីមួយទៀត ពីព្រោះវាមិនត្រឹមត្រូវនោះឡើយ។ មិនថាយើងយល់ ឬមិនយល់ទេ យើងត្រូវតែទុកចិត្តទ្រង់ និងទទួលយកព្រះបន្ទូលទ្រង់ ដូចដែលបានចែងទុកមក។ 
ការពិតថា ព្រះយេស៊ូវបានយាងមកឯយើងជាកូនមនុស្ស មានន័យថា ទ្រង់ត្រូវបានបញ្ជូនមកសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវ ដែលជាព្រះ បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង។ ហោរាអេសាយបានទាយថា ទ្រង់នឹងយាងមកឯយើងក្នុងនាមជាកូនមុស្ស ដែលប្រសូតពីក្រមុំព្រហ្មចារីម្នាក់។
នៅក្នុង លោកុប្បតិ្ត ៣:១៥ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់សត្វពស់ថា «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ នេះមានន័យថា ព្រះបានរៀបចំផែនការបញ្ជូនព្រះយេស៊ូវមក នៅក្នុងរូបភាពជាមនុស្សម្នាក់ ធ្វើជាព្រះអង្គសង្រ្គោះ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ 
ព្រះគម្ពីរ បានសរសេរថា «[ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា] រីឯ ទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រឹត្យវិន័យ» (១កូរិនថូស ១៥:៥៥-៥៦)។ ទ្រនិចនៃសេចក្តីស្លាប់គឺជាអំពើបាប។ នៅពេលមនុស្សម្នាក់ធ្វើបាប សេចក្តីស្លាប់ធ្វើឲ្យគាត់ក្លាយជាទាសកររបស់វា។ ប៉ុន្តែព្រះអម្ចាស់បានសន្យាថា «ពូជរបស់ស្ត្រីនឹងជាន់ក្បាលឯង»។ នេះមានន័យថា ព្រះយេស៊ូវនឹងបំផ្លាញទ្រនិចនៃអំពើបាប ដែលសាតាំងបាននាំមក។
ព្រះយេស៊ូវ បានយាងមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលរងការកាត់ទោសសម្រាប់អំពើបាបទាំងនោះ។ ដូច្នេះ ទ្រង់បានសង្រ្គោះអស់អ្នកដែលជឿតាមដំណឹងល្អពិត ចេញពីអំពើបាបរបស់ពួកគេ។ នៅពេលអ័ដាម និងអេវ៉ាបានធ្វើបាប ព្រះបានសន្យាថា ទ្រង់នឹងសង្រ្គោះមនុស្សជាតិចេញពីអំណាចរបស់សាតាំង។ នៅក្នុងសម័យទំនើបនេះ ខ្មាំងសត្រូវរបស់ព្រះគឺជាអស់អ្នកដែលមិនជឿតាមដំណឹងល្អពិតនេះ។ 
 
 
ហេតុអ្វីព្រះយេស៊ូវបានប្រសូតមកក្នុងលោកិយនេះ?
 
ព្រះ បានប្រទានដល់យើងនូវក្រិត្យវិន័យ និងដំណឹងល្អពិត ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ នៅក្រោមក្រិត្យ វិន័យរបស់ព្រះ មនុស្សបានក្លាយជាមនុស្សមានបាបនៅចំពោះព្រះវត្តមានទ្រង់។ ដូចគ្នាដែរ ព្រះទានក្រិត្យវិន័យមក ដើម្បីឲ្យមនុស្សអាចស្គាល់ពីអំពើបាបរបស់ខ្លួន។ នៅពេលមនុស្សបានក្លាយជាទាសករនៃអំពើបាប និងក្រិត្យវិន័យ ព្រះអម្ចាស់របស់យើងបានយាងមកក្នុងលោកិយនេះ ដើម្បីបំពេញសម្រេចតាមសេចក្តីតម្រូវដ៏សុចរិតនៃក្រិត្យវិន័យ។
ព្រះយេស៊ូវ បានប្រសូតមកនៅក្នុងក្រោមក្រិត្យវិន័យ គឺនៅក្នុងសម័យនៃក្រិត្យវិន័យ។ មូលហេតុដែលមនុស្សត្រូវការក្រិត្យវិន័យគឺថា ពួកគេត្រូវការស្គាល់ពីអំពើបាបរបស់ខ្លួន ដើម្បីទទួលបាន សេចក្តីអត់ទោសសម្រាប់អំពើបាបទាំងនោះ។ មនុស្សសម្អាតធូលីចេញពីសំលៀកបំពាក់របស់ខ្លួន នៅពេលណាពួកគេបានដឹងថា សំលៀកបំពាក់ទាំងនោះកខ្វក់ហើយ។ ដូចគ្នាដែរ ដើម្បីស្គាល់ពីអំពើបាបរបស់ពួកគេ មនុស្សគួរតែស្គាល់ក្រិត្យវិន័យរបស់ព្រះ។ ដូច្នេះ បើសិនគ្មានក្រិត្យវិន័យរបស់ព្រះទេ នោះមនុស្សនឹងមិនបានស្គាល់ពីអំពើបាបរបស់ខ្លួនឡើយ ហើយព្រះយេស៊ូវក៏មិនចាំបាច់យាងមកក្នុងលោកិយនេះដែរ។
បើសិនអ្នកស្គាល់ក្រិត្យវិន័យរបស់ព្រះ នោះអ្នកមានឱកាសជួបទ្រង់។ យើងបានស្គាល់ក្រិត្យវិន័យ ទើបយើងអាចបានស្គាល់អំពើបាបរបស់យើង។ ហើយមានតែបន្ទាប់ពីពេលយើងបានស្គាល់អំពើបាបរបស់យើងហើយប៉ុណ្ណោះ ទើបព្រះយេស៊ូវនាំដំណឹងល្អពិតមកឲ្យយើងបានជឿតាម។ បើសិនព្រះមិនបានប្រទានក្រិត្យ វិន័យដល់យើងទេ នោះយើងនឹងមិនមែនជាមនុស្សមានបាប ហើយការកាត់ទោសក៏នឹងមិនកើតមានដែរ។ ដូច្នេះហើយបានជាព្រះបានប្រទានក្រិត្យវិន័យដល់យើង ហើយបន្ទាប់មក បានប្រទានដំណឹងល្អពិតមក ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។
ច្បាប់ដែលត្រូវតែមានរវាងព្រះអាទិករ និងស្នាព្រះហស្តទ្រង់ គឺជាច្បាប់នៃសេចក្តីសង្រ្គោះរបស់ព្រះ។ នេះគឺជាច្បាប់នៃសេចក្តីស្រឡាញ់។ ព្រះបានប្រាប់មនុស្សថា «តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន» (លោកុប្បត្តិ ២:១៧)។ នេះហើយគឺជាច្បាប់ ដែលព្រះបានប្រទានដល់យើង ហើយច្បាប់នេះបានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ ដែលព្រះបានសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាបរបស់យើង។ ច្បាប់នៃសេចក្តីសង្រ្គោះមានមូលដ្ឋានគ្រឹះរបស់ខ្លួន នៅក្នុងសេចក្តីអត់ទោសអំពើបាបរបស់ យើង។ ព្រះប្រាប់យើងថា ទ្រង់គឺជាព្រះអាទិកររបស់យើង ហើយថា គ្រប់យ៉ាងកើតមានឡើង ស្របទៅតាមបំណងព្រះហឫទ័យ ទ្រង់។ នេះមានន័យថា ព្រះគឺជាអង្គដាច់ខាត ហើយថា មនុស្សគួរតែជឿតាមច្បាប់នៃសេចក្តីសង្រ្គោះ ដែលដំណឹងល្អបានបំពេញសម្រេចបាន។
ព្រះអង្គដាច់ខាត គឺពិតជាល្អក្រៃលែង។ សេចក្តីស្រឡាញ់របស់ព្រះសម្រាប់លោកិយនេះ បានបណ្តាលឲ្យទ្រង់លះបង់ព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ដែលបានធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់។ បើសិនព្រះបានបង្កើតយើង ហើយមិនបានប្រទានដំណឹងល្អពិត ដើម្បីសង្រ្គោះយើងទេ នោះយើងនឹងតវ៉ាជាមួយនឹងទ្រង់ហើយ។ ប៉ុន្តែព្រះចង់សង្រ្គោះយើងចេញពីសេចក្តីវិនាសរបស់យើង ទើបទ្រង់បានបង្កើតច្បាប់នៃ សេចក្តីសង្រ្គោះមក។ ដោយសារតែក្រិត្យវិន័យ យើងអាចបានដឹងពីអំពើបាបរបស់យើង ដោយការសំឡឹងមើលវាដោយផ្ទាល់ ហើយចាប់ផ្តើមជឿតាមដំណឹងល្អពិតរបស់ព្រះយេស៊ូវ។ នៅពេលយើងបំពានព្រះបន្ទូលព្រះ យើងត្រូវបានចាត់ទុកជាមនុស្សមានបាបនៅចំពោះក្រិត្យវិន័យ ហើយជាចុងក្រោយ យើងទាំងអស់គ្នា ដែលជាមនុស្សមានបាប លុតជង្គុងចុះនៅចំពោះទ្រង់ ដើម្បីទូលសុំសេចក្តីមេត្តាករុណារបស់ទ្រង់សម្រាប់សេចក្តីអត់ទោសអំពើបាប។
ព្រះយេស៊ូវ បានប្រសូតមក តាមរយៈស្ត្រីម្នាក់ ហើយបានយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីបាប។ ទ្រង់បានយាងមកជាមនុស្សម្នាក់ ដើម្បីបំពេញសម្រេចផែនការរបស់ព្រះសម្រាប់យើង។ ដូច្នេះ យើងជឿតាមដំណឹងល្អពិត ហើយសរសើរតម្កើងដល់ព្រះអម្ចាស់។
មនុស្សមួយចំនួន រអ៊ូរទាំថា «ហេតុអ្វីព្រះបានបង្កើតខ្ញុំមកក្នុងលក្ខណៈផុយស្រួយម៉្លេះ ដែលខ្ញុំអាចងាយនឹងធ្លាក់ទៅក្នុងបាប ហើយបានរងទុក្ខយ៉ាងខ្លាំង ដោយសារតែកំហុសរបស់ខ្ញុំ?»។ ប៉ុន្តែព្រះមិនដែលចង់ឲ្យយើងរងទុក្ខឡើយ។ ទ្រង់បានអនុញ្ញាតឲ្យយើងរងទុក្ខ ពីព្រោះយើងមានការសង្ស័យចំពោះដំណឹងល្អរបស់ព្រះយេស៊ូវ។ ព្រះបានប្រទានការរងទុក្ខ និងដំណឹងល្អពិតដល់យើង ដើម្បីឲ្យយើងនឹងមានអំណាចដូចជាទ្រង់ និងបានធ្វើជាកូនរបស់ទ្រង់។ នេះហើយគឺជាផែនការរបស់ទ្រង់។
ប៉ុន្តែអារក្សនិយាយថា «ទេ! ទេ! ព្រះគឺជាជនផ្តាច់ការ! ចូរបន្តរស់នៅតាមតែចិត្តរបស់អ្នកចុះ។ ចូរមានឯករាជ្យភាព! ចូរកំណត់វាសនារបស់អ្នក ដោយការប្រព្រឹត្តរបស់អ្នកចុះ!»។ អារក្សក៏ព្យាយាមរារាំងមនុស្សមិនឲ្យមានជំនឿលើព្រះផងដែរ។ ប៉ុន្តែអស់អ្នកដែលជ្រើសរើសរស់នៅឆ្ងាយពីព្រះ គឺជាឧបសគ្គដល់ផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវិញ។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ហើយបានហៅអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់សាតាំង ឲ្យបោះបង់ចោលបាបរបស់ខ្លួន។ ដូច្នេះ យើងមិនគួររស់នៅដាច់ឆ្ងាយពីព្រះឡើយ។ 
 
 
មនុស្សបានកើតមកជាមនុស្សមានបាប ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក
 
នៅលើផែនដីនេះ មិនមានសេចក្តីពិតណាមួយ ដែលមិនប្រែប្រួលឡើយ។ ប៉ុន្តែដំណឹងល្អពិតរបស់ព្រះយេស៊ូវគឺជាសេចក្តីពិតដែលមិនចេះប្រែប្រួល។ ដូច្នេះ មនុស្សអាចពឹងផ្អែកលើសេចក្តីពិតនេះ ហើយបានសង្រ្គោះចេញពីអំណាចរបស់សាតាំងបាន។ មនុស្សជាតិបានស្នងបាបពីអ័ដាម និងអេវ៉ា ហើយបើសិនគ្មានការអន្តរាគមន៍របស់ព្រះគ្រីស្ទទេ ពួកគេនឹងត្រូវវិនាសនៅក្នុងភ្លើងនរកហើយ។ ផ្ទុយទៅវិញ អរព្រះគុណសម្រាប់ការលះបង់របស់ទ្រង់ ដែលមនុស្សទទួលបានព្រះពរនៃអំណាចធ្វើជាកូនរបស់ព្រះវិញ។ «ប៉ុន្តែសេចក្តីឈ្លប់សូន្យសុង នឹងមិននៅលើស្រុកដូចនៅគ្រាដែលមានសេចក្តីវេទនាចិត្តនោះទេ» (អេសាយ ៩:១)។ ព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់មកក្នុងលោកិយនេះ ហើយបានលើកតម្កើងអស់អ្នកដែលជឿតាមដំណឹងល្អពិត។ 
«ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ» (អេសាយ ៩:២)។ នៅថ្ងៃនេះ ព្រះបន្ទូលនេះបានក្លាយជាការពិតសម្រាប់អ្នក និងខ្ញុំហើយ។ ដោយការជឿតាមដំណឹងល្អពិត យើងទទួលបានជីវិតអស់កល្បជានិច្ច ដែលលោកិយនេះមិនអាចផ្តល់ឲ្យយើងបានឡើយ។ ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់លោកិយនេះ ហើយទ្រង់បានប្រទានជីវិតអស់កល្បជានិច្ច និងនគរស្ថានសួគ៌ដល់អស់អ្នកដែលជឿតាមដំណឹងល្អពិត។ 
 
 
ទ្រង់បានបញ្ចេញពន្លឺពិតនៃដំណឹងល្អដល់អ្នកដែលអស់សង្ឃឹម
 
មនុស្ស ដូចជាអ័ព្វ ដែលមាននៅក្នុងលោកិយនេះមួយរយៈពេល ប៉ុន្តែនឹងរលាយបាត់ទៅយ៉ាងឆាប់រហ័ស។ ជីវិតរបស់មនុស្សគឺដូចជារុក្ខជាតិ និងស្មៅ ដែលដុះជារៀងរាល់ឆ្នាំ។ ស្មៅមានជីវិតសម្រាប់រយៈពេលតែពីរបីខែប៉ុណ្ណោះ នៅក្នុងមួយឆ្នាំ ហើយរលាយបាត់ទៅតាមការផ្គត់ផ្គង់របស់ព្រះ។ គ្រប់យ៉ាងនឹងបានជាឥតប្រយោជន៍នៅក្នុងជីវិតរបស់យើង ដូចជាស្មៅអញ្ចឹងដែរ។ ប៉ុន្តែព្រះបានប្រទានដំណឹងល្អ ដល់ព្រលឹងដែលនឿយហត់របស់យើង ហើយបានយកយើងធ្វើជាកូនរបស់ទ្រង់ ដោយសេចក្តីសុចរិតរបស់ទ្រង់។ នេះគឺជាព្រះគុណដ៏អស្ចារ្យណាស់! ជីវិតដ៏ឥតន័យរបស់យើង បានត្រឡប់ទៅជាជីវិតដែលរស់នៅអស់កល្បជានិច្ច ដោយសារសេចក្តីស្រឡាញ់របស់ព្រះ ហើយយើងទទួលបានព្រះពរនៃការបានធ្វើជាកូនរបស់ទ្រង់។
នេះគឺជាការសារភាពរបស់មនុស្សម្នាក់ ដែលបានទទួលព្រះគុណរបស់ព្រះ ដោយការជឿតាមដំណឹងល្អពិត។
«ខ្ញុំបានកើតនៅក្នុងគ្រួសារមួយ ដែលមិនបានជឿព្រះឡើយ។ ដូច្នេះ ខ្ញុំត្រូវបានចិញ្ចឹម និងអប់រំ ដោយការគិតថា វាល្អសម្រាប់ ម្តាយរបស់ខ្ញុំ ដែលអធិស្ឋានជារៀងរាល់ព្រឹក ទៅកាន់ព្រះផ្សេងៗនៅស្ថានសួគ៌ និងផែនដី ជាមួយនឹងទឹកមួយចាននៅចំពោះមុខរបស់គាត់ សម្រាប់សុខុមាលភាពនៃគ្រួសាររបស់ខ្ញុំ។ នៅពេលខ្ញុំធំធាត់ឡើង ខ្ញុំមិនបានស្គាល់ពីគុណតម្លៃរបស់ខ្ញុំ ឬមូលហេតុនៃអត្ថិភាពរបស់ខ្ញុំ ដែលបានធ្វើឲ្យខ្ញុំជឿថា វាពិតជាមិនសំខាន់ទេ ដែលខ្ញុំរស់ ឬស្លាប់នោះទេ។ ដោយសារតែខ្ញុំមិនបានដឹងពីតម្លៃរបស់ខ្លួន ខ្ញុំបានរស់នៅក្នុងភាពឯកោ។
ជីវិតបែបនេះ បានធ្វើឲ្យខ្ញុំមានភាពនឿយហត់ជាខ្លាំង ហើយខ្ញុំបង់ក៏បានប្រញ៉ាប់រៀបអាពាហ៍ពិពាហ៍ទៅ។ ដោយសារខ្ញុំមិនបានមានអ្វី ដើម្បីប្រាថ្នាចង់បាន នោះខ្ញុំបានរស់នៅក្នុងជីវិតស្ងាត់ស្ងៀមមួយ។ បន្ទាប់មក ខ្ញុំបានបង្កើតបានកូនម្នាក់ ហើយចាប់ពីពេលនោះមក ខ្ញុំបានដឹងថា សេចក្តីស្រឡាញ់បានចាប់ផ្តើមលេចឡើងនៅក្នុងខ្ញុំ។ ខ្ញុំបានចាប់ផ្តើមបាត់សេចក្តីប៉ងប្រាថ្នាដែលមានភាពអាត្មានិយមរបស់ខ្ញុំ ហើយខ្ញុំក៏បានភ័យខ្លាចបាត់បង់អ្នកដែលនៅជិតខ្ញុំបំផុតផងដែរ។ 
ដូច្នេះ ខ្ញុំបានចាប់ផ្តើមស្វែងរកព្រះ។ ដោយសារខ្ញុំមានភាពផុយស្រួយ និងអសមត្ថភាព ទើបខ្ញុំត្រូវការអង្គដាច់ខាតមួយ ដើម្បីថែរក្សាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមចូលរួមនៅក្នុងព្រះវិហារ ប៉ុន្តែជំនឿរបស់ខ្ញុំខុសពីជំនឿរបស់ម្តាយខ្ញុំបន្តិច ដោយគាត់បានអធិស្ឋាននៅមុខទឹកមួយចាន ហើយការអធិស្ឋានរបស់ខ្ញុំបានផ្អែកតែទៅលើភាពមិនច្បាស់លាស់ សេចក្តីភ័យខ្លាច និងសេចក្តីសង្ឃឹមប៉ុណ្ណោះ។
មានពេលមួយ ខ្ញុំបានចូលរួមការជួបជុំតូចមួយ ដែលត្រូវបានរៀបចំធ្វើនៅក្នុងពួកជំនុំក្នុងស្រុក ហើយខណៈដែលខ្ញុំកំពុងតែអធិស្ឋាន ទឹកភ្នែកបានចាប់ផ្តើមហូរចុះពីភ្នែករបស់ខ្ញុំ។ ខ្ញុំបានមានការអៀនខ្មាស ហើយបានព្យាយាមឈប់យំ ប៉ុន្តែទឹកភ្នែកនៅតែបន្តស្រក់ចុះមក។ មនុស្សដែលនៅជុំវិញខ្ញុំ បានដាក់ដៃរបស់ពួកគេលើក្បាលរបស់ខ្ញុំ ហើយបានអបអរសាទរថា ខ្ញុំបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ ប៉ុន្តែខ្ញុំវល់គំនិតអស់ហើយ។ ខ្ញុំមិនបានស្គាល់សូម្បីតែព្រះបន្ទូលព្រះផង ហើយជំនឿរបស់ខ្ញុំក៏មានភាពមិនច្បាស់លាស់ដែរ។ ដូច្នេះហើយបានជាខ្ញុំមិនមានទំនុកចិត្តថា កម្លាំងនេះគឺជាកម្លាំងរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។
ពួកជំនុំដែលខ្ញុំបានចូលរួមជាមួយ មានទំនាក់ទំនងជាចលនាពេនទីកុស្តខារីស្មាតិច ហើយមនុស្សជាច្រើនបានទទួលបទពិសោធន៍ដូចជាខ្ញុំដែរ ហើយស្ទើរតែគ្រប់គ្នាអាចនិយាយភាសាដទៃបាន។ នៅថ្ងៃមួយ គ្រូគង្វាលម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមនៅក្នុងការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ។ គ្រូគង្វាលនោះត្រូវបានគេចាត់ទុកថា បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានប្រមូលផ្តុំមនុស្សយ៉ាងច្រើននៅឯព្រះវិហារ ហើយបាននិយាយថា គាត់នឹងព្យាបាលជម្ងឺរលាកច្រមុះរបស់មនុស្សម្នាក់ ដោយអំណាចខាងវិញ្ញាណរបស់គាត់។ ប៉ុន្តែខ្ញុំបានគិតថា គេអាចព្យាបាលជម្ងឺរលាកច្រមុះនេះបានជាយ៉ាងងាយស្រួលនៅមន្ទីរពេទ្យ។ ដូច្នេះ ខ្ញុំបានចាប់អារម្មណ៍លើរបៀប ដែលគាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធកាន់តែខ្លាំង។ ប៉ុន្តែបន្ទាប់ពីគ្រូគង្វាលនោះបានព្យាបាលជម្ងឺនេះបានដោយជោគជ័យ គាត់បានចាប់ផ្តើមអួតថា គាត់អាចទាយបានថា សិស្សវិទ្យាល័យនឹងប្រឡងជាប់ចូលរៀននៅមហា វិទ្យាល័យ ឬមិនជាប់។ មនុស្សជាច្រើនបានកោតសរសើរថា អំណាចរបស់គាត់គឺជាអំណាចរបស់ព្រះ។ 
ប៉ុន្តែខ្ញុំមិនបានយល់ពីគាត់ទេ។ ហើយខ្ញុំមិនអាចនិយាយបានទេថា អំណាចដែលគ្រូគង្វាលនោះមាន មានអ្វីពាក់ព័ន្ធជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំមិនបានគិតថា សំខាន់គឺថា គាត់អាចព្យាបាលជម្ងឺរលាកច្រមុះ និងទាយពីការប្រឡងរបស់សិស្សបាន។ ដូច្នេះ ខ្ញុំមិនអាចចាត់ទុកការអស្ចារ្យជាក់ស្តែងរបស់គាត់ជាការងាររបស់ព្រះវិញ្ញាណបានទេ។ 
អំណាចព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះ ដែលខ្ញុំមាននៅក្នុងគំនិត គឺខុសគ្នាពីអ្វីដែលខ្ញុំបានមើលឃើញ។ សម្រាប់ហេតុផលនេះ ខ្ញុំបានឈប់ចូលរួមជាមួយពួកជំនុំនោះទៀត ហើយបានគេចចេញពីមនុស្ស ដែលបានជឿលើអំណាចរបស់គ្រូគង្វាលនោះ។ បន្ទាប់ពីនោះ ខ្ញុំបានចូលរួមជាមួយពួកជំនុំដែលមានសភាពស្ងប់ស្ងាត់ជាងមួយ ដែលខ្ញុំបានជ្រើសរើស ពីព្រោះខ្ញុំជឿថា ពួកជំនុំនេះប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ។ ខ្ញុំបានរៀនពីក្រិត្យវិន័យ ហើយបានដឹងថា ខ្ញុំពិតជាមិនសុចរិតឡើយ។ ខ្ញុំខ្លាចព្រះ ហើយខ្ញុំបានរៀនថា ខ្ញុំមិនអាចគ្រប់លក្ខណ៍នៅចំពោះទ្រង់បានឡើយ ហើយព្រះវិញ្ញាណរបស់ទ្រង់កំពុងតែព្រងើយកន្តើយចំពោះខ្ញុំ។ 
អេសាយ ៥៩:១-២ សរសេរថា «មើល ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លីដែលនឹងជួយសង្គ្រោះមិនបាននោះទេ ព្រះកាណ៌ទ្រង់ក៏មិនបានទៅជាធ្ងន់ ដែលនឹងស្តាប់មិនឮនោះដែរ គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ»។ ការនេះស៊ីគ្នានឹងស្ថានភាពរបស់ខ្ញុំ គឺខ្ញុំមិនអាចបានធ្វើជាកូនរបស់ទ្រង់ និងទទួលបានព្រះវិញ្ញាណបរិសុទ្ធបានឡើយ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ឬគិត សុទ្ធតែមានបាបទាំងអស់។
ខ្ញុំ បានកោតខ្លាចព្រះ ហើយតែងតែបានថ្វាយការអធិស្ឋានលន់តួអំពើបាបជានិច្ច។ គ្មានអ្នកណាប្រាប់ខ្ញុំឲ្យធ្វើដូច្នេះទេ ប៉ុន្តែខ្ញុំចង់បានជាទីគាប់ព្រះទ័យព្រះ។ ហើយដោយសារតែខ្ញុំមានបាប ខ្ញុំបានថ្វាយការអធិស្ឋានលន់តួអំពើបាបកាន់តែច្រើនឡើងៗ។ ប៉ុន្តែការអធិស្ឋានទាំងនេះមិនបានលាងសម្អាតអំពើបាបរបស់ខ្ញុំឡើយ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺដើម្បីបង្ហាញទ្រង់ពីគំនិត និងសេចក្តីស្មោះត្រង់របស់ខ្ញុំ ខណៈដែលបាបនៅតែមាននៅក្នុងខ្ញុំដដែល។ ចាប់ពីពេលនោះមក ខ្ញុំបានចាប់ផ្តើមត្អូញត្អែរទាស់នឹងព្រះ។ ខ្ញុំចង់បានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ប៉ុន្តែខ្ញុំមិនអាចបានគ្រប់លក្ខណ៍ភ្លាមៗឡើយ។ ដូច្នេះ ការត្អូញត្អែរ និងអំពើបាបរបស់ខ្ញុំបានកើនឡើងជាលំដាប់។
ក្នុងកំឡុងពេលវេលានៃភាពច្របូកច្របល់ខាងសាសនាបែបនេះ ឪពុករបស់ខ្ញុំបានដាច់សរសៃខួរក្បាល ហើយគាត់បានរងទុក្ខអស់រយៈពេល៤០ថ្ងៃ នៅក្នុងបន្ទប់វះកាត់ និងនៅលើគ្រែមន្ទីរពេទ្យ មុនពេលគាត់ទទួលមរណភាពទៅ។ ប៉ុន្តែខ្ញុំមិនអាចអធិស្ឋានសម្រាប់ឪពុករបស់ខ្ញុំសោះ។ ខ្ញុំគឺជាមនុស្សមានបាប ហើយខ្ញុំគិតថា បើសិនខ្ញុំអធិស្ឋានសម្រាប់ឪពុករបស់ខ្ញុំ ការឈឺចាប់របស់គាត់នឹងកាន់តែធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ខ្ញុំបានពិបាកចិត្តយ៉ាងខ្លាំងចំពោះ កង្វះខាតជំនឿរបស់ខ្ញុំ ហើយខ្ញុំចង់ដើរតាមព្រះ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។ ដូច្នេះ ខ្ញុំបានបន្តត្អូញត្អែរ ហើយទីបំផុត ខ្ញុំបានបែរចេញពីព្រះទៅ។ ជីវិតសាសនារបស់ខ្ញុំបានបញ្ចប់ទៅយ៉ាងដូច្នេះ។ ខ្ញុំបានគិតថា បើសិនខ្ញុំជឿទ្រង់ ព្រះវិញ្ញាណរបស់ទ្រង់នឹងគង់នៅក្នុងខ្ញុំ ហើយខ្ញុំនឹងមានសន្តិភាព ប៉ុន្តែវាមិនដូច្នេះឡើយ។ បន្ទាប់មក ជីវិតរបស់ខ្ញុំកាន់តែគ្មានន័យ ហើយខ្ញុំបានរស់នៅក្នុងសេចក្តីភ័យខ្លាច និងសេចក្តីទុក្ខសោក។
ទោះបីជាយ៉ាង ព្រះអម្ចាស់មិនបានបោះបង់ចោលខ្ញុំឡើយ។ ទ្រង់បានបណ្តាលឲ្យខ្ញុំជួបនឹងអ្នកជឿម្នាក់ ដែលពិតជាទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈព្រះបន្ទូលព្រះ។ ខ្ញុំបានរៀនពីគាត់ថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហានរួចរាល់ហើយ ហើយថា ទ្រង់បានទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងអស់ នៅលើឈើឆ្កាងរួចរាល់ហើយ។ ដូច្នេះ អំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបរបស់ខ្ញុំផងដែរ ត្រូវបានអត់ទោសឲ្យរួចរាល់ហើយ។ នៅពេលខ្ញុំបានស្តាប់ឮ និងយល់ពីសេចក្តីពិតនេះ ខ្ញុំអាចមើលឃើញថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានលាងសម្អាតរួចរាល់ហើយ។ ព្រះបានជួយខ្ញុំឲ្យទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំ បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ខ្ញុំ ហើយបានប្រទានជីវិតសុខសាន្តដល់ខ្ញុំ។ ហើយទ្រង់បានដឹកនាំខ្ញុំ ដោយ ស្ងាត់ៗ ប្រទានការយល់ដឹងច្បាស់លាស់អំពីល្អ និងអាក្រក់ និងប្រទានអំណាចដល់ខ្ញុំ ដើម្បីយកឈ្នះសេចក្តីល្បួងទាំងឡាយនៅក្នុងលោកិយនេះ។ ទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ ហើយបានជួយខ្ញុំឲ្យរស់នៅក្នុងជីវិតសុចរិត និងមានតម្លៃ។ ដូច្នេះ ខ្ញុំពិតជាអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ខ្ញុំ។»
យើងទាំងអស់គ្នា បានទទួលព្រះគុណរបស់ព្រះអម្ចាស់ ហើយក៏អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ការប្រទានដល់យើងនូវដំណឹងល្អពិតនេះ។ ព្រះប្រទានពរឲ្យមនុស្សសុចរិតមានចិត្តពេញដោយអំណរ និងសុភមង្គលដ៏អស់កល្បជានិច្ច។ យើងដឹងថា សេចក្តីសង្រ្គោះ សេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះធំធេងប៉ុណ្ណា ហើយយើងអរព្រះគុណដល់ទ្រង់សម្រាប់គ្រប់យ៉ាង។ ព្រះអម្ចាស់បានប្រទានដល់យើងនូវសុភមង្គល តាមរយៈដំណឹងល្អរបស់ស្ថានសួគ៌ ដែលប្រាក់មិនអាចទិញបានឡើយ។ ហើយព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធ និងដំណឹងល្អពិតដល់យើង ដើម្បីឲ្យយើងបានសង្រ្គោះ និងសុចរិត។ ព្រះអម្ចាស់ប្រទានដំណឹងល្អពិត ដែលធ្វើឲ្យជីវិតរបស់យើងបានពេញដោយព្រះពរ ហើយទ្រង់សព្វព្រះទ័យថា មនុស្សសុចរិតទាំងអស់មានជីវិតពេញដោយព្រះពរ។
នាងម៉ារា បាននិយាយថា «ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ...មើល ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ» (លូកា ១:៣៧-៣៨)។ វេលាដែលនាងម៉ារាបានជឿតាមព្រះបន្ទូលព្រះ ដែលទេវតារបស់ទ្រង់បាននិយាយ ព្រះយេស៊ូវបានចាប់ទុំផ្ទៃភ្លាម។ ដូចគ្នាដែរ តាមរយៈជំនឿរបស់ពួកគេ មនុស្សសុចរិតដុះដំណឹងល្អពិតនៅក្នុងចិត្តរបស់ខ្លួន។
«ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ» (អេសាយ ៩:៤)។ សាតាំងបានបណ្តាលឲ្យមានគ្រប់ទាំងសេចក្តីទុក្ខសោក ជម្ងឺ និងសម្ពាធនៅក្នុងជីវិតរបស់យើង ប៉ុន្តែយើងពិតជាខ្សោយយ៉ាងខ្លាំង ដើម្បីយកឈ្នះលើវា។ ប៉ុន្តែព្រះស្រឡាញ់យើង ហើយទ្រង់បានប្រយុទ្ធជាមួយសាតាំង និងយកឈ្នះលើវា។
«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ» (អេសាយ ៩:៦-៧)។
ព្រះ បានសន្យាថា ទ្រង់នឹងលើកយើងឡើងធ្វើជាកូនរបស់ទ្រង់ តាមរយៈដំណឹងល្អ ដែលព្រះយេស៊ូវបាននាំមក។ ទ្រង់បានយកឈ្នះលើសាតាំង ដោយយោងទៅតាមសេចក្តីសន្យារបស់ទ្រង់ ហើយបានសង្រ្គោះយើងចេញពីអំណាចរបស់សាតាំង។
ព្រះអម្ចាស់ បានយាងមកក្នុងលោកិយនេះ ហើយជាមួយនឹងអំណាចព្រះចេស្តារបស់ទ្រង់ បានសន្យាថា ទ្រង់នឹងដោះសេចក្តីងងឹតនៃបាបទាំងអស់ចេញ។ ដូច្នេះ យើងក៏ហៅព្រះអម្ចាស់របស់យើងថា ព្រះដ៏ជួយគំនិតដ៏អស្ចារ្យផងដែរ ពីព្រោះទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យជាច្រើនសម្រាប់យើង។ ការសម្រេចព្រះទ័យរបស់ព្រះ ក្នុងការយាងមកក្នុងលោកិយនេះជាកូនមនុស្ស គឺជាសេចក្តី អាថ៌កំបាំងមួយ។ ព្រះអម្ចាស់មានបន្ទូលថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ» (អេសាយ ១:១៨)។
ព្រះអម្ចាស់ បានសន្យាថា ទ្រង់នឹងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយប្រទានការអត់ទោសអំពើបាបដ៏អស់កល្បជានិច្ចដល់យើង។ ព្រះយេស៊ូវត្រូវបានហៅថា ព្រះដ៏ជួយគំនិតដ៏ អស្ចារ្យ ពីព្រោះទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យសម្រាប់យើង។ «ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា។» ក្នុងនាមជាព្រះដ៏ជួយគំនិត ព្រះបានរៀបចំផែនការសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ជារៀងរហូត តាមរយៈដំណឹងល្អពិត។
សេចក្តីចំកួតរបស់ព្រះ មានប្រាជ្ញាជាងមនុស្សទៅទៀត។ វាគឺជាប្រាជ្ញារបស់ព្រះ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាបរបស់យើង។ នេះគឺជាព្រះរាជកិច្ច អាថ៌កំបាំងមួយ ដែលទ្រង់បានធ្វើសម្រាប់យើង ប៉ុន្តែវាគឺជាច្បាប់នៃសេចក្តីស្រឡាញ់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ច្បាប់នៃសេចក្តីស្រឡាញ់គឺជាដំណឹងល្អអំពី សេចក្តីពិត ដែលដឹកនាំយើងឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈទឹក និងព្រះលោហិតរបស់ទ្រង់។
ព្រះអម្ចាស់ បានមានបន្ទូលនៅក្នុង អេសាយ ៥៣:១០ ថា «គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ និងឲ្យឈឺចាប់»។ ព្រះយេស៊ូវបានយកព្រលឹងរបស់ទ្រង់ធ្វើជាតង្វាយលោះបាប ដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះវរបិតា។ ទ្រង់បានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះរាជបុត្រាទ្រង់ ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយអនុញ្ញាតឲ្យទ្រង់រងការឈឺចាប់នៃការសុគតនៅលើឈើឆ្កាង ដើម្បីឲ្យទ្រង់បានទទួលការកាត់ទោសសម្រាប់អំពើបាបទាំងនោះ។ នេះហើយគឺជាដំណឹងល្អ ដែលបានសង្រ្គោះមនុស្សជាតិចេញពីអំពើបាប តែម្តងជាសម្រេច។ ព្រះគ្រីស្ទបានថ្វាយព្រះជន្មរបស់ទ្រង់សម្រាប់យើង សងថ្លៃឈ្នូលនៃអំពើបាប និងប្រទានសេចក្តីសង្រ្គោះដល់យើងរួចរាល់ហើយ។
 
 
ប្រព័ន្ធថ្វាយយញ្ញបូជារបស់ព្រះ
 
តើអំពើបាបប៉ុន្មានដែលព្រះយេស៊ូវ បានទទួលយក តាមរយៈ បុណ្យជ្រមុជរបស់ទ្រង់?
អំពើបាបពីអតីតកាល បច្ចុប្បន្ន និងអនាគត ចាប់ពីដើមដំបូង ដល់ចុងបញ្ចប់

ព្រះគម្ពីរ និយាយពីតង្វាយមួយ ដែលនាំឲ្យមានការអត់ទោសសម្រាប់អំពើបាបសម្រាប់រយៈពេលមួយថ្ងៃ។ មនុស្សមានបាបម្នាក់នាំសត្វឥតខ្ចោះមួយក្បាល ហើយដាក់ដៃលើក្បាលរបស់សត្វនោះ ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅលើវា។ បន្ទាប់មក គាត់ត្រូវតែ សំឡាប់យញ្ញបូជានោះ ហើយប្រគល់ឈាមរបស់វាទៅឲ្យសង្ឃ។ ហើយសង្ឃយកឈាមខ្លះទៅប្រោសលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមដែលនៅសល់ទាំងអស់នៅជើងអាសនា។ 
តាមរបៀបនេះ គាត់អាចទទួលបានការអត់ទោសសម្រាប់អំពើបាបសម្រាប់រយៈពេលមួយថ្ងៃបាន។ ដូច្នេះ ការដាក់ដៃលើគឺជារបៀបសម្រាប់មនុស្សមានបាបផ្ទេរអំពើបាបរបស់ខ្លួន ទៅលើយញ្ញបូជា។ អ្នកដែលថ្វាយយញ្ញបូជារបស់ខ្លួន ស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានេះ អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន។ ដូច្នេះ ប្រព័ន្ធថ្វាយយញ្ញបូជាគឺជារបៀបដែលយើងធួននឹងអំពើបាបរបស់យើង មុនពេលព្រះយេស៊ូវយាងមកដោះអំពើបាបទាំងអស់ចេញ។
ព្រះ ក៏បានតំាងថ្ងៃធួននឹងបាបឡើងផងដែរ ដើម្បីឲ្យបណ្តាជនអ៊ីស្រាអែលអាចធ្វើការធួននឹងអំពើបាប ដែលពួកគេបានប្រព្រឹត្តអស់រយៈពេលមួយឆ្នាំបាន។ ពួកគេត្រូវតែថ្វាយយញ្ញបូជានៅថ្ងៃទីដប់នៃខែប្រាំពីរ។ ហើយព្រះបានតែងតាំងលោកអើរ៉ុន ដែលជា សម្តេចសង្ឃ ធ្វើជាអ្នកផ្ទេរអំពើបាបរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ទៅលើពពែដែលត្រូវបំបរបង់។ ពួកគេត្រូវតែអនុវត្តពិធីនេះឲ្យស្របតាមផែនការរបស់ព្រះ។ សេចក្តីអត់ទោសអំពើបាបបានចេញមកពីប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ។ ហើយនេះគឺជាអំណាចព្រះចេស្តារបស់ទ្រង់។
«ស្នែងអាសនាតង្វាយដុត» គឺតំណាងឲ្យ «បញ្ជីជំនុំជម្រះ» (វិវរណៈ ២០:១២) ជាកន្លែងដែលកត់ត្រាអំពើបាបទាំងអស់របស់មនុស្សជាតិ។ 
«គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់» (អេសាយ ៥៣:១០) ឬ «ទ្រង់ដោះបាបរបស់មនុស្ស» (យ៉ូហាន ១:២៩)។ ហើយមូលហេតុដែលសង្ឃប្រោសឈាមតង្វាយលោះបាបនៅលើស្នែងអាសនាតង្វាយដុត គឺដើម្បីលុបឈ្មោះ និងអំពើរំលងទាំងអស់របស់ពួកគេ ដែលត្រូវបានកត់ត្រានៅក្នុងបញ្ជីជំនុំជម្រះចោល។ ឈាមគឺជាជីវិតរបស់សាច់ឈាមទាំងអស់។ យញ្ញបូជាបានដោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែល ហើយពពែដែលត្រូវបំបរបង់ ត្រូវបានសំឡាប់ ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប។ ព្រះអនុញ្ញាតឲ្យពួកគេសំឡាប់យញ្ញបូជា ដើម្បីទទួលយកការជំនុំជម្រះសម្រាប់អំពើបាបរបស់ពួកគេ។ នេះហើយគឺជាសញ្ញានៃប្រាជ្ញា និងសេចក្តីស្រឡាញ់សម្រាប់យើង។ 
ព្រះយេស៊ូវគ្រីស្ទ បានយាងមកក្នុងលោកិយនេះធ្វើជាតង្វាយលោះបាប ដើម្បីសម្រេចផែនការរបស់ព្រះ។ ទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈយញ្ញបូជារបស់ទ្រង់។ ហើយបើសិនយើងពិនិត្យមើលព្រះបន្ទូលសន្យានេះ យើងមើលឃើញថា «គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់» (អេសាយ ៥៣:១០) ឬ «ទ្រង់បានដោះអំពើបាបរបស់មនុស្សលោក» (យ៉ូហាន ១:២៩)។
«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ» (អេសាយ ៩:៦-៧)។
សេចក្តីសន្យាដ៏អាថ៌កំបាំង និងអស្ចារ្យគឺថា ព្រះយេស៊ូវនឹងសម្រេចតាមបំណងព្រះហឫទ័យព្រះ និងប្រទានដល់អ្នកជឿទាំងអស់នូវសន្តិភាព ដោយការដោះអំពើបាបរបស់លោកិយនេះចេញ។ សេចក្តីសន្យារបស់ព្រះ គឺជាសេចក្តីសន្យាអំពីសេចក្តីស្រឡាញ់ ដែលទ្រង់បានរៀបចំផែនការនាំសន្តិភាពមកឲ្យមនុស្សជាតិ។ នេះហើយគឺជាអ្វីដែលព្រះបានសន្យាជាមួយយើង និងជាអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។
ម៉ាថាយ ១:១៨ និយាយថា « រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា»។ «យេស៊ូវ» មានន័យថា ព្រះអង្គសង្រ្គោះ ដែលនឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ ហើយ «គ្រីស្ទ» មានន័យថា ស្តេចដែលទទួលបានការចាក់ប្រេងតាំង។ ព្រះយេស៊ូវគឺជាស្តេចដែលគ្មានបាប ហើយទ្រង់គឺជាស្តេច និងព្រះអង្គសង្រ្គោះរបស់យើង ដែលបានប្រសូតមក តាមរយៈស្ត្រីក្រមុំព្រហ្មចារី ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។
«នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា [យេស៊ូវ] ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ដោយសារហោរាថា» (ម៉ាថាយ ១:២១-២២)។
 
 
ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់
 
ម៉ាថាយ ៣:១៣-១៦ សរសេរថា «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់»។
លោកយ៉ូហាន-បាទ្ទីស លេចឡើងនៅក្នុងបទគម្ពីរនេះ។ ហេតុអ្វីព្រះត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន? ព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយលាងសម្អាតអំពើបាបទាំងនោះចោល ដោយយោងតាមផែនការរបស់ព្រះ។
«ការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ» (អេសាយ ៩:៦)។ នៅទីនេះ «ការគ្រប់គ្រង» មានន័យថា ព្រះយេស៊ូវគឺជាអង្គដែលមានអំណាចព្រះចេស្តាជាម្ចាស់នៃស្ថានសួគ៌ និងជាស្តេចនៃលោកិយនេះ។ ព្រះវរបិតាប្រទានអំណាចព្រះចេស្តានេះដល់ព្រះយេស៊ូវតែមួយអង្គប៉ុណ្ណោះ។ ហើយព្រះយេស៊ូវបានធ្វើកិច្ចការដ៏ អស្ចារ្យមួយ គឺដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ការមានបន្ទូលថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» មានន័យថា ការដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ គឺត្រឹមត្រូវ និងសាកសមបំផុត។
រ៉ូម ១:១៧ និយាយថា «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ»។ សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។ តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណពិតជាបើកសម្តែងសេចក្តីសុចរិតរបស់ព្រះឬ? បាទ! ដំណឹងល្អពិតគឺថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិត ដែលបើកសម្តែងសេចក្តីសុចរិតរបស់ព្រះ។ តើព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញដោយរបៀបណា? ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយទ្រង់នៅក្នុងទន្លេយ័រដាន់។
«គ្រប់ទាំងសេចក្តីសុចរិត» ជាភាសាក្រិកគឺ «πᾶσαν δικαιοσύνην (pasan dikaiosune)» ដែលមានន័យថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរបៀបសុចរិត និងត្រឹមត្រូវបំផុត គឺការដែលព្រះយេស៊ូវលាងសម្អាត អំពើបាបរបស់លោកិយនេះ គឺពិតជាសុចរិត និងយុត្តិធម៌បំផុត។ ដូច្នេះ ព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីលាងសម្អាតអំពើបាបរបស់លោកិយនេះ។ 
ព្រះ បានជ្រាបថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺពិតជាមានភាពចាំបាច់សម្រាប់ការនាំសន្តិភាពមកឲ្យមនុស្សជាតិ។ ហើយព្រះយេស៊ូវមិនអាចធ្វើជាព្រះអង្គសង្រ្គោះរបស់យើងបានទេ បើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានធ្វើជាតង្វាយលោះបាបមួយ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
ព្រះមានបន្ទូលនៅក្នុង អេសាយ ៥៣:៦ ថា «យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ព្រះយេស៊ូវត្រូវតែទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានយាងមកធ្វើជាតង្វាយលោះបាបមួយ ក្នុងរូបភាពជាមនុស្ស ហើយទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។
ព្រះយេស៊ូវ ត្រូវតែទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងនោះ ដើម្បីឲ្យទ្រង់អាចសម្រេចតាមផែនការរបស់ព្រះ និងបង្ហាញពី សេចក្តីស្រឡាញ់ដែលមិនចេះប្រួលប្រែរបស់ទ្រង់។ ហើយនៅពេលព្រះយេស៊ូវងើបឡើងពីទឹកវិញ ព្រះបានមានបន្ទូលច្បាស់យ៉ាងថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់» (ម៉ាថាយ ៣:១៧)។
 
 
បុត្រមួយបានប្រសូតដល់យើងហើយ
 
«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព» (អេសាយ ៩:៦)។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ព្រះរបស់ស្នាព្រះហស្តទាំងអស់ ដែលទ្រង់បានបង្កើតចក្រវាលទាំងមូល និងស្តេចនៃសេចក្តីសុខសាន្ត ដែលប្រទានសេចក្តីសុខសាន្តដល់មនុស្សជាតិ។
ព្រះយេស៊ូវ គឺជាព្រះនៃសេចក្តីពិត។ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ បានសង្រ្គោះយើង និងបានប្រទាន សេចក្តីសុខសាន្តដល់យើង។ តើមានបាបនៅក្នុងលោកិយនេះទៀតទេ? ទេ មិនមានបាបទៀតទេ។ មូលហេតុដែលយើងអាចនិយាយដោយទំនុកចិត្តបានថា មិនមានបាបនៅក្នុងចិត្តរបស់យើងគឺថា យើងតាមដំណឹងល្អពិត ដែលនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងរួចរាល់ហើយ។ នេះគឺជាការពិត ពីព្រោះទ្រង់មិនកុហកយើងឡើយ។ ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាប ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចហើយ។ ទ្រង់អនុញ្ញាតឲ្យគ្រប់គ្នាដែលជឿតាមសេចក្តីពិតនេះ បានធ្វើជាកូនរបស់ទ្រង់ និងទទួលបានសេចក្តីសុខសាន្ត។ ទ្រង់បានធ្វើឲ្យយើងរស់នៅជាកូនបរិសុទ្ធរបស់ទ្រង់នៅក្នុងជំនឿអស់កល្បជានិច្ច។ ដូច្នេះ ខ្ញុំសូមសរសើរតម្កើង និង អរព្រះគុណដល់ព្រះអម្ចាស់។
 
 
នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!
 
យ៉ូហាន ១:២៩ និយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ម្តងទៀត នៅចំពោះមុខលោកយ៉ូហាន-បាទ្ទីស នៅថ្ងៃបន្ទាប់ពីទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ លោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ហើយគាត់បានធ្វើបន្ទាល់ម្តងទៀតនៅក្នុង យ៉ូហាន ១:៣៥-៣៦ ថា «លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ»។
ព្រះយេស៊ូវ គឺជាព្រះមែស៊ី ដែលបានយាងមកធ្វើជាកូនចៀមនៃព្រះ តាមដែលព្រះបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះមែស៊ីយេស៊ូវគ្រីស្ទ បានយាងមកឯយើងជាព្រះដ៏ជួយគំនិតយ៉ាង អស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព ហើយបានទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ បុត្រាមួយបានប្រសូតដល់យើងហើយ។ ហើយទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសងថ្លៃឈ្នូលនៃអំពើបាប និងបានធ្វើជាព្រះនៃមេត្រីភាព ដែលប្រទានសន្តិភាព និងការអត់ទោសអំពើបាបដល់យើង។ «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»
ពីមុន មនុស្សមិនបានមានជម្រើសអ្វីក្រៅតែពីត្រូវស្លាប់ដោយព្រោះអំពើបាបរបស់ខ្លួនឡើយ។ ដោយសារតែនិស្ស័យបាបរបស់ខ្លួន មនុស្សត្រូវប្រព្រឹត្តអំពើបាបច្រើនរាប់មិនអស់ ហើយជាចុងក្រោយ ត្រូវទទួលការកាត់ទោសទម្លាក់ទៅក្នុងស្ថាននរក។ មនុស្សរស់នៅក្នុងជីវិតវេទនា គឺគ្មានអ្នកណាម្នាក់មានសង្ឃឹមចូលទៅក្នុងនគរព្រះបានឡើយ ដោយសារតែភាពខ្សោយរបស់ខ្លួន។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរបស់យើង បានទទួលយកអំពើបាបទាំងអស់របស់មនុស្ស នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោក យ៉ូហាននៅក្នុងទន្លេយ័រដាន់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងអស់នោះ។ នៅពេលទ្រង់សុគត ទ្រង់បានស្រែកថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០)។ ការស្រែកនេះគឺជាការធ្វើបន្ទាល់ពីការពិតថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាប និងសេចក្តីស្លាប់របស់ពួកគេរួចរាល់ហើយ ហើយថា ទ្រង់ពិតជាបានសង្រ្គោះអ្នកណាដែលបានជឿតាមដំណឹងល្អ។ 
«នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» តើអ្នកដឹងថា អំពើបាបទាំងអស់នៅទីណាទេ? តើអំពើបាបទាំងនោះមិននៅលើអង្គព្រះយេស៊ូវទេឬ? ហើយតើអំពើបាប និងសេចក្តីរំលងទាំងអស់ដែលធ្វើឲ្យយើងធ្លាក់ចុះ នៅឯណា? ពួកវាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទទាំងអស់រួចហើយ។ ដូច្នេះ តើអំពើបាបទាំងអស់របស់យើងនៅឯណា? ពួកវានៅក្នុងសាច់ឈាមរបស់ព្រះដែលមានការគ្រង់គ្រងនៅលើស្មា គឺពួកវានៅក្នុងសាច់ឈាមរបស់ព្រះដ៏មានព្រះចេស្តា។ 
 
 
អំពើបាបទាំងអស់ ចាប់ពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់!
 
យើង ប្រព្រឹត្តអំពើបាប នៅពេញមួយជីវិតរបស់យើង។ យើងបានប្រព្រឹត្តអំពើបាប ចាប់តាំងពីថ្ងៃដែលយើងបានកើតមក រហូតដល់ពេលយើងមានអាយុ២០ឆ្នាំ។ ហើយតើអំពើបាបទាំងអស់ក្នុង រយៈពេល២០ឆ្នាំនេះបាត់ទៅណា? ពួកវាត្រូវបានផ្ទេរទៅលើសាច់ឈាមរបស់ព្រះយេស៊ូវហើយ។ ហើយអំពើបាបទាំងអស់ដែលយើងបានប្រព្រឹត្តចាប់ពី២០ឆ្នាំ រហូតដល់៤០ឆ្នាំ ក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវផងដែរ។ មិនថាមនុស្សម្នាក់អាចរស់នៅបានច្រើនឆ្នាំប៉ុណ្ណាទេ អំពើបាបទាំងអស់ដែលគាត់បានប្រព្រឹត្ត ចាប់ពីដំបូង រហូតដល់ចុងបញ្ចប់ សុទ្ធតែត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទទាំងអស់។ អំពើបាបទាំងអស់ ដែលមនុស្សជាតិបានប្រព្រឹត្ត ចាប់ពីអ័ដាមដល់មនុស្សចុងក្រោយនៅលើផែនដីនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវទាំងអស់។ ហើយទោះបីជាអំពើបាបរបស់កូនៗ និងចៅៗរបស់យើង ក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចរាល់ទៅហើយផងដែរ។ ដូច្នេះ អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ 
តើនៅតែមានអំពើបាបនៅក្នុងលោកិយនេះទៀតទេ? ទេ មិនមានអំពើបាបណាមួយនៅសល់ឡើយ ពីព្រោះយើងជឿតាមដំណឹងល្អ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង។ តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ? ទេ។ អាម៉ែន! យើងជឿតាមដំណឹងល្អ ដែលនិយាយថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងយើងរួចហើយ។ ដូច្នេះ យើងសរសើរតម្កើងព្រះយេស៊ូវដ៏មានព្រះចេស្តា ដែលទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យនេះសម្រាប់យើង។ 
ព្រះយេស៊ូវគ្រីស្ទ បានស្តាជីវិតរបស់យើងឡើងវិញ។ ហើយឥឡូវនេះ យើងជឿតាមដំណឹងល្អពិត ដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះបាន។ ពីមុន មនុស្សគឺជាខ្មាំងសត្រូវរបស់ព្រះ គឺជាមនុស្សមានបាបដែលត្រូវតែស្លាប់នៅក្នុងព្រៃដ៏សែនងងឹត។ ប៉ុន្តែឥឡូវនេះ យើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន ដោយការជឿតាមដំណឹងល្អពិត។
ដំណឹងល្អពិត បង្រៀនយើងថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ យើងបានធ្វើជាកូនរបស់ព្រះ ដែលបានញែកជាបរិសុទ្ធ ដោយការជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះដ៏មានព្រះចេស្តា មិនដែលប្រព្រឹត្តអំពើបាបសោះ ហើយទ្រង់បានថ្វាយរូបអង្គទ្រង់ជាតង្វាយលោះបាប ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ និងសង្រ្គោះគ្រប់គ្នាដែលជឿទ្រង់។ អេសាយ ៥៣:៥ និយាយថា «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ រួមទាំងបាបតាំងពីកំណើត និងអំពើបាបជាក់ស្តែងផង។ ហើយទ្រង់បានសងថ្លៃឈ្នូលនៃអំពើបាប ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈដំណឹងល្អពិតនេះ។ យើងបានទទួលជីវិតថ្មីមួយនៅក្នុងព្រះយេស៊ូវ។ អ្នកដែលជឿតាមដំណឹងល្អពិតនេះ លែងស្លាប់ខាងវិញ្ញាណទៀតហើយ។ ឥឡូវនេះ យើងមានជីវិតអស់កល្បជានិច្ច ពីព្រោះព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់សម្រាប់យើងរួចរាល់ហើយ។ ដូច្នេះ យើងបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមដំណឹងល្អពិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 
តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដែរឬទេ? ហើយតើអ្នកក៏ជឿផងដែរទេថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់អ្នក? បាទ ខ្ញុំជឿ។ ព្រះយេស៊ូវគឺជាជីវិតសម្រាប់យើង ពីព្រោះយើងទទួលបានជីវិតថ្មីមួយនៅក្នុងទ្រង់។ យើងត្រូវស្លាប់ ដោយព្រោះតែអំពើបាប និងអំពើរំលងរបស់យើង។ ប៉ុន្តែព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានសង្រ្គោះយើងចេញពីទាសភាពនៃបាប ចេញពីអំណាចនៃសេចក្តីស្លាប់ និងបំណងរបស់សាតាំង។ 
ព្រះអម្ចាស់ គឺជាព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សគ្រប់គ្នា ដែលជឿលើទ្រង់។ នៅពេលយើងពិនិត្យមើល ហេព្រើរ ១០:១០-១២, ១៤ និង ១៨ យើងមើលឃើញថា ព្រះអម្ចាស់បានញែកយើងជាបរិសុទ្ធ ដើម្បីឲ្យយើងមិនចាំបាច់ត្រូវការការអត់ទោសអំពើបាបអ្វីទៀតឡើយ។ ហើយឥឡូវនេះ ដោយសារយើងជឿលើទ្រង់ យើងអាចចូលទៅក្នុងនគរព្រះបាន។ តាមការពិត យើងត្រូវស្លាប់សម្រាប់អំពើបាប និងអំពើរំលងរបស់យើង ប៉ុន្តែឥឡូវនេះ យើងអាចចូលទៅស្ថានសួគ៌ និងទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ 
«ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម» (យ៉ូហាន ១០:១១)។ ព្រះអម្ចាស់របស់យើង បានយាងមកលោកិយនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ហើយទ្រង់ក៏ប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមសេចក្តីពិតនេះ។ សូមអរព្រះគុណដល់ព្រះអម្ចាស់។ ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អពិត ដែលអាចផ្តល់ឲ្យអ្នកជឿនូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ ហាលេលូយ៉ា! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!