Search

Kazania

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-9] ដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលលាងសម្អាតយើង (អេភេសូរ ២:១៤-២២)

(អេភេសូរ ២:១៤-២២)
«ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។»
 
 
តើអ្វីបានធ្វើកាត់ផ្តាច់មនុស្ស ចេញឆ្ងាយពីព្រះ? 
អំពើបាបរបស់មនុស្ស
 
 
កូនចិញ្ចឹមដោយព្រោះភាពក្រីក្រ

ពាក់កណ្តាលសតវត្ស បានកន្លងផុតទៅហើយ ចាប់តាំងពីសង្រ្គាមកូរ៉េ។ ប៉ុន្តែវាបានសន្សល់ទុកនូវរបួសយ៉ាងធ្ងន់ធ្ងរសម្រាប់ជនជាតិកូរ៉េ។ បន្ទាប់ពីសង្រ្គាមកូរ៉េ ក្មេងជាច្រើននាក់ត្រូវបានទទួលយកធ្វើជាកូនចិញ្ចឹមនៅប្រទេសផ្សេងៗ។ ទោះបីជាកងកម្លាំងអង្គការសហប្រជាជាតិបានចូលមកប្រទេសកូរ៉េ ហើយបានជួយយើងយ៉ាងច្រើន នៅពេលនោះ ក៏ដោយ បន្ទាប់ពីកងទ័ពបានចាកចេញទៅវិញ ក្មេងជាច្រើននាក់ត្រូវរស់នៅកំព្រាឪពុក។
កងទ័ពអង្គការសហប្រជាជាតិជាច្រើន ដែលមានប្រពន្ធ និងកូននៅទីនេះ បានចាកចោលគ្រួសារបស់ពួកគេ នៅពេលពួកគេវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ក្មេងជាច្រើនទាំងនេះត្រូវបានម្តាយបោះបង់ចោលនៅឯមណ្ឌលកុមារកំព្រាម្តងទៀត ហើយបន្ទាប់មក ត្រូវបានបញ្ជូនទៅធ្វើជាកូនចិញ្ចឹមនៅបរទេស។ ហើយក្មេងៗទាំងនេះបានមានសំណាងណាស់ ដែលអាចរកបានឪពុកម្តាយធម៌ ហើយត្រូវបានចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អ។ 
កូនចិញ្ចឹមទាំងនេះ បានដឹងថា ពួកគេមើលទៅខុសពីឪពុក ម្តាយ និងអ្នកជិតខាងរបស់ខ្លួន នៅពេលពួកគេធំឡើង ហើយពួកគេបានដឹងថា ពួកគេត្រូវបានទទួលជាកូនចិញ្ចឹមពីប្រទេសកូរ៉េដែលនៅសែនឆ្ងាយ។ «ហេតុអ្វីឪពុកម្តាយរបស់ខ្ញុំបានបោះបង់ចោលខ្ញុំ? តើពួកគេបានស្អប់ខ្ញុំ ហើយបញ្ជូនខ្ញុំមកប្រទេសនេះឬ? ដោយសារគំនិតក្មេងខ្ចីរបស់ខ្លួន ក្មេងៗទាំងនេះមិនអាចយល់ពីអ្វីដែលបានកើតឡើងឡើយ។
ការចង់ដឹងចង់យល់ និងសេចក្តីស្អប់របស់ពួកគេចំពោះឪពុកម្តាយបង្កើតរបស់ខ្លួន បានចាប់ផ្តើមរីកកាន់តែខ្លាំង ជាមួយការប៉ងចង់ជួបពួកគេ។ «ខ្ញុំចង់ដឹងថា ឪពុកម្តាយរបស់ខ្ញុំមើលទៅដូចជាអ្វី។ តើពួកគេបានធ្វើដូច្នេះ ដោយព្រោះពួកគេបានស្អប់ខ្ញុំឬ? ទេ ប្រហែលជាមានហេតុផលណាមួយសម្រាប់ការនេះហើយ។» ពួកគេប្រហែលជាមានការយល់ច្រឡំជាច្រើន ហើយពេលខ្លះ មានអារម្មណ៍ស្អប់យ៉ាងខ្លាំង។ ហើយនៅពេលខ្លះទៀត ពួកគេហាក់ដូចជាមិនគិតអំពីបញ្ហានេះទៀតទេ។ មុនពេលពួកគេបានដឹងពីរឿងនេះ ពេលវេលាបានកន្លងទៅ ហើយពួកគេបានធំធាត់ទៅជាមនុស្សពេញវ័យ។ ហើយពួកគេបានរៀបការ មានកូន និងមានគ្រួសារផ្ទាល់ខ្លួន។ 
ខ្ញុំ បានចាប់អារម្មណ៍អំពីក្មេងៗទាំងនេះ តាមរយៈកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ។ នៅក្នុងកម្មវិធីនេះ អ្នករាយកាណ៍ទូរទស្សន៍ម្នាក់បានសម្ភាសន៍ស្ត្រីម្នាក់ ដែលឥឡូវនេះកំពុងតែរស់នៅប្រទេសអាឡឺម៉ង់ ជាកូនចិញ្ចឹមម្នាក់។ នៅពេលនោះ ស្ត្រីម្នាក់នេះមានអាយុជាងម្ភៃឆ្នាំ ហើយកំពុងតែសិក្សាទេវសាស្ត្រ។ ពេលដំបូង គាត់បានព្យាយាមយ៉ាងខ្លាំង ដើម្បីគេចចេញពីការជួបជាអ្នករាយការណ៍ ពីព្រោះគាត់មិនចង់ឲ្យអ្នកណាម្នាក់បានដឹងថា គាត់គឺជាកូនចិញ្ចឹម។ អ្នករាយការណ៍បានបញ្ចុះបញ្ចូលគាត់ឲ្យយល់ថា ការផ្តល់បទសម្ភាសន៍នឹងជួយគាត់អាចបានជួបនឹងឪពុកម្តាយបង្កើតរបស់ខ្លួន ហើយគាត់ក៏បានយល់ព្រមផ្តល់បទសម្ភាសន៍។
សំណួរមួយរបស់អ្នករាយការណ៍គឺ «តើអ្នកនឹងនិយាយអ្វី បើសិនអ្នកអាចជួបឪពុកម្តាយបង្កើតរបស់អ្នក? តើអ្នកចង់ដឹងចង់យល់ពីអ្វីខ្លាំងជាងគេ? ស្ត្រីនោះបានឆ្លើយថា «ខ្ញុំមិនអាចយល់ពីមូលហេតុដែលពួកគេបានបណ្តោយឲ្យខ្ញុំធ្វើជាកូនចិញ្ចឹមរបស់អ្នកដទៃទេ។ ខ្ញុំចង់សួរពួកគាត់ថា តើពួកគាត់បានស្អប់ខ្ញុំឬ?»។ ម្តាយបង្កើតរបស់គាត់បានឃើញបទសម្ភាសន៍នេះនៅលើទូរទស្សន៍ ហើយបានទាក់ទងទៅកាន់ស្ថានីយ៍ទូរទស្សន៍ ដោយប្រាប់ថា គាត់ចង់ជួបនឹងកូនស្រីរបស់គាត់។ នេះគឺជារបៀបដែលអ្នកទាំងពីរបានជួបគ្នា។
ម្តាយ បានទៅព្រលានយន្តតាំងពីព្រលឹម ហើយបានរង់ចាំការមកដល់របស់កូនស្រីរបស់គាត់។ នៅពេលស្ត្រីវ័យក្មេងបានចេញមក ម្តាយរបស់គាត់បានត្រឹមឈរ និងយំនៅទីនោះ។
អ្នកទាំងពីរ មិនដែលបានជួបគ្នាដោយផ្ទាល់ពីមុនមកទេ។ លើកទីមួយ ដែលម្តាយបានឃើញកូនស្រីពេញវ័យរបស់ខ្លួន គឺនៅពេលនាងបានបង្ហាញខ្លួននៅលើទូរទស្សន៍។ ទោះបីជាអ្នកពីរនិយាយភាសាផ្សេងគ្នាក៏ដោយ ក៏ពួកគេអាចនិយាយជាមួយគ្នាដោយចិត្ត ហើយពួកគេបានផ្លាស់ប្តូរអារម្មណ៍គ្នាទៅវិញទៅមក។ ពួកគេបានប៉ះមុខរបស់គ្នា ខណៈដែលម្តាយបានសុំការអត់ទោសសម្រាប់អ្វីដែលខ្លួនបានធ្វើចំពោះកូនស្រី។ អ្វីដែលគាត់អាចធ្វើបាន គឺយំ និងនិយាយដដែលៗថា គាត់សូមទោស។
ម្តាយ បាននាំកូនស្រីមកផ្ទះ ហើយបានបរិភោគអាហារជាមួយគ្នា។ ដោយសារកូនស្រីនិយាយភាសាអាឡឺម៉ង់ ហើយម្តាយនិយាយភាសាកូរ៉េ ពួកគេមិនអាចទំនាក់ទំនងជាមួយគ្នា ដោយពាក្យសម្តីឡើយ។ ប៉ុន្តែដោយសារការពិតថា ពួកគេគឺជាម្តាយ និងកូនស្រី ពួកគេអាចយល់ពីគ្នាបាន។ ពួកគេបានមានការសន្ទនាដោយឥតប្រើពាក្យសម្តីជាច្រើន និងសម្តែងពីខ្លួន តាមរយៈកាយវិការ ការប៉ះមុខគ្នា និងការនិយាយគ្នាដោយប្រើភ្នែក និងចិត្ត។ 
នៅពេលកូនស្រីត្រឡប់ទៅប្រទេសអាឡឺម៉ង់វិញ កូនស្រីបានដឹងថា ម្តាយបង្កើតរបស់ខ្លួនពិតជាបានស្រឡាញ់ខ្លួន។ អ្នករាយការណ៍ដែលបានសម្ភាសន៍គាត់ពីមុន បាននិយាយជាមួយគាត់ម្តងទៀត មុនពេលការចាកចេញរបស់គាត់។ «មិនចាំបាច់ឲ្យខ្ញុំសួរពីមូលហេតុដែលម្តាយរបស់ខ្ញុំបានបោះបង់ខ្ញុំឲ្យទៅធ្វើជាកូនចិញ្ចឹមទេ។ សូម្បីតែពេលនេះ ម្តាយរបស់ខ្ញុំក្រីក្រ។ អ្នកមាននៅក្នុងប្រទេសនេះ គឺមានខ្លាំងណាស់ រហូតដល់ពួកគេមានឡានទំនើបពីបរទេស ប៉ុន្តែម្តាយរបស់ខ្ញុំកំពុងតែរស់នៅក្នុងភាពក្រីក្រនៅ ឡើយ។» ហើយគាត់បានបន្តនិយាយថា «ទោះបីជាខ្ញុំមិនបានសួរម្តាយរបស់ខ្ញុំពីសំណួរនេះ ហើយមិនបានទទួលចម្លើយពីគាត់ក៏ដោយ ខ្ញុំអាចមើលឃើញថា គាត់បានបញ្ជូនខ្ញុំទៅឆ្ងាយ ដើម្បីសង្រ្គោះខ្ញុំចេញពីភាពក្រីក្រ។ នេះគឺជាមូលហេតុដែលខ្ញុំមិនចាំបាច់សួរសំណួរនេះដល់គាត់ទេ ហើយការសង្ស័យ និងសេចក្តីស្អប់ទាំងប៉ុន្មានក៏រលុបបាត់អស់ទៅហើយដែរ»។
 
 
មនុស្សបានដាច់ឆ្ងាយពីព្រះ ដោយសារតែបាបនៅក្នុងចិត្តរបស់ពួកគេ
 
ហេតុអ្វីយើងបានដាច់ចេញពីព្រះ ហើយមិនអាចចូលទៅជិតព្រះបាន? ស្ត្រីដែលត្រូវបានបញ្ជូនឲ្យទៅធ្វើជាកូនចិញ្ចឹម បានដឹងថា ម្តាយបង្កើតរបស់ខ្លួនបានបញ្ជូនខ្លួនទៅឆ្ងាយ ដើម្បីសង្រ្គោះខ្លួនចេញពីភាពក្រីក្រ។ តើព្រះបានធ្វើដូចគ្នានេះដែរឬទេ? ព្រះបានបង្កើតយើង តាមរូបអង្គទ្រង់។ តើអ្វីបានបំបែកយើងចេញពីទ្រង់? ចម្លើយគឺថា សាតាំងបានល្បួងមនុស្សឲ្យធ្វើបាប ហើយបាបបានបំបែកមនុស្សចេញពីព្រះ។
ពីដំបូង ព្រះបានបង្កើតមនុស្ស តាមរូបអង្គទ្រង់ផ្ទាល់ ហើយបានស្រឡាញ់ស្នាព្រះហស្តទ្រង់យ៉ាងខ្លាំង។ មនុស្សត្រូវបានបង្កើតមក ដើម្បីធ្វើជាអ្នកទទួលសេចក្តីស្រឡាញ់របស់ព្រះ ហើយមានលក្ខណៈពិសេសជាងស្នាព្រះហស្តដទៃៗទៀត។ ទោះបីជាយ៉ាងណា ទេវតាដែលបានធ្លាក់ចុះ ដែលមានឈ្មោះថា សាតាំង បានធ្វើការងារ ដើម្បីបំបែកមនុស្សចេញពីព្រះ។ សាតាំងបានល្បួងមនុស្សមិនឲ្យជឿតាមព្រះបន្ទូលព្រះ ហើយឲ្យពួកគេបរិភោគផ្លែឈើដឹងខុសត្រូវ។ 
ដូច្នេះ មនុស្សបានដាច់ចេញពីព្រះ ដោយសារតែបាបរបស់ ខ្លួន។ មនុស្សមិនបានស្តាប់បង្គាប់ព្រះទេ។ មនុស្សមិនបានបរិភោគផ្លែជីវិត ដែលផ្តល់ជីវិតអស់កល្បជានិច្ច និងដែលព្រះបានអនុញ្ញាតទេ ប៉ុន្តែបានបរិភោគផ្លែដែលហាមឃាត់ ដែលធ្វើឲ្យខ្លួនបានដឹងខុសត្រូវទៅវិញ។ លទ្ធផលគឺថា មនុស្សបានដាច់ចេញពីព្រះ។
ដែលពីមុនជាអ្នកទទួលសេចក្តីស្រឡាញ់របស់ព្រះ មនុស្សមិនបានស្តាប់បង្គាប់ព្រះ ហើយបានដាច់ចេញពីទ្រង់ ដោយសារតែភាពល្ងង់ខ្លៅរបស់ខ្លួន។ ដោយសារបាបដែលបានចូលមកក្នុងចិត្តរបស់ខ្លួន ទីបំផុត មនុស្សបានដាច់ចេញពីព្រះទៅ។ បន្ទាប់ពីនោះ មនុស្សបានរស់នៅឆ្ងាយពីព្រះ អស់រយៈពេលជាយូរ ហើយបានត្អូញត្អែរថា «ហេតុអ្វីព្រះបានបោះបង់ចោលយើង បន្ទាប់ពីទ្រង់បានបង្កើតយើងមកដូច្នេះ? ហើយហេតុអ្វីទ្រង់បានបណ្តោយឲ្យយើងធ្វើបាប? ហេតុអ្វីទ្រង់បញ្ជូនយើងទៅស្ថាននរក បន្ទាប់ពីបានធ្វើឲ្យយើងខ្សោយដូច្នេះ? វាប្រសើរជាង បើសិនទ្រង់មិនបានបង្កើតយើងមក តាំងពីដំបូង»។ យើងបានរស់នៅ ជាមួយនឹងសំណួរជាច្រើន រួមទំាងការចង់ដឹងចង់យល់ ការសង្ស័យ និងសេចក្តីស្អប់ មុនពេលយើងបានកើតជាថ្មី។ 
នៅពេលខ្ញុំបានមើលឃើញស្ត្រីជាកូនចិញ្ចឹម នៅក្នុងកម្មវិធីទូរទស្សន៍ ខ្ញុំបានដឹងថា ទំនាក់ទំនងរវាងមនុស្ស និងព្រះគឺដូចគ្នានឹងទំនាក់ទំនងរវាងគាត់ និងម្តាយបង្កើតរបស់គាត់ដែរ។ គ្មានទុក្ខលំបាក ការយល់ច្រឡំ បណ្តាសា ឬអំពើបាប និងស្ថានភាពណាមួយ អាចបំបែកមនុស្សចេញពីព្រះបានជាដាច់ខាត។ ហើយខ្ញុំក៏អាចយល់បានថា ទោះបីជាទំនាក់ទំនងរវាងព្រះ និងមនុស្សគឺផ្អែកលើសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅតែអាចមានការយល់ខុសកើតឡើងបានដែរ។
ដូចដែលម្តាយមិនបានបញ្ជូនកូនស្រីរបស់ខ្លួនឲ្យទៅឆ្ងាយ ដោយសារតែសេចក្តីស្អប់ ព្រះក៏មិនបានបំបែកអង្គទ្រង់ចេញពីមនុស្ស ដោយសាតែសេចក្តីស្អប់ដែរ ប៉ុន្តែដោយសារបាបវិញ។ គ្មានហេតុផលណាមួយ ឲ្យព្រះស្អប់មនុស្សឡើយ ហើយក៏គ្មានហេតុផលណាមួយ ឲ្យមនុស្សស្អប់ព្រះដែរ។ យើងស្រឡាញ់គ្នាទៅវិញទៅមក។ មូលហេតុដែលមនុស្សនៅតែដាច់ឆ្ងាយពីព្រះគឺថា មនុស្សបានក្លាយជាមនុស្សមានបាប បន្ទាប់ពីបានចាញ់ល្បិចរបស់សាតាំង។ 
 
 
ព្រះឱបក្រសោបយើង តាមរយៈព្រះយេស៊ូវ
 
«តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ» (អេភេសូរ ២:១៣-១៥)។ ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដើម្បីបំបាត់ក្រិត្យវិន័យចោល។ បន្ទាប់មក ទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សចេញពីអំពើបាបរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេត្រូវបានឱបក្រសោបដោយព្រះ។ ឥឡូវនេះ ព្រះបានឱបក្រសោបអស់អ្នកដែលត្រូវបានព្រះយេស៊ូវលាងសម្អាតហើយ។
តើអ្នកធ្លាប់បានគិតថា ពិភពលោកនេះមិនមានទឹក ដែរឬទេ? ពីមុន ខ្ញុំបានចូលរួមការជួបជុំរៀនព្រះគម្ពីរនៅទីក្រុង Inchon ដែលជាកំពង់ផែធំជាងគេមួយនៅក្នុងប្រទេសកូរ៉េ ដែលបានដាច់ទឹកអស់រយៈពេលពីរបីថ្ងៃ ហើយខ្ញុំបានគិតថា «មនុស្សមិនអាចរស់ ដោយគ្មានទឹកបានឡើយ»។ 
បើសិនព្រះធ្វើឲ្យពិភពលោកនេះគ្មានទឹក រយៈពេលមួយខែ នោះយើងមិនអាចរស់នៅក្នុងទីក្រុងបានឡើយ ដោយសារតែក្លិនស្អុយ ភាពកខ្វក់ និងការស្រេកទឹក។ យើងគួរតែយល់ពីគុណតម្លៃនៃទឹក ដែលព្រះបានប្រទានឲ្យយើង។ ដូចដែលទឹកមានភាពចាំបាច់សម្រាប់មនុស្សជាតិ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់ ក៏មានភាពចាំបាច់សម្រាប់មនុស្សជាតិផងដែរ។ 
បើសិនព្រះយេស៊ូវមិនបានយាងមកក្នុងលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជពីលោកយ៉ូហានទេ នោះតើអ្នកជឿព្រះយេស៊ូវអាចទទួលបានការអត់ទោសអំពើបាបបានយ៉ាងដូចម្តេច? ដូច ដែលមនុស្សមិនអាចរស់ ដោយគ្មានទឹកបាន មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះក៏នឹងស្លាប់ដោយសារតែបាបរបស់ខ្លួនដែរ បើសិនលោកយ៉ូហានមិនបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ 
ទោះបីជាយ៉ាងណា ដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ឥឡូវនេះ យើងអាចមានទំនុកចិត្ត និងបានដឹងថា ចិត្តរបស់យើងត្រូវបានលាងសម្អាត ហើយយើងទទួលបានសេចក្តីសង្រ្គោះហើយ។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ មានភាពចាំបាច់សម្រាប់ជំនឿរបស់យើងខ្លាំង ណាស់។ លើសពីនេះ បុណ្យជ្រមុជរបស់ទ្រង់មានភាពចាំបាច់សម្រាប់យើង ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
សាវកពេត្រុស ដែលជាសិស្សម្នាក់របស់ព្រះយេស៊ូវ បាននិយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ» (១ពេត្រុស ៣:២១)។ ការថ្លែងរបស់សាវកពេត្រុសថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានបង្ហូរព្រះលោហិតទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ គឺជាដំណឹងល្អពិត។ 
ឥឡូវនេះ ចូរយើងពិនិត្យមើលបទគម្ពីរអំពីចានក្លាំលង្ហិន ដែលត្រូវបានសរសេរនៅក្នុង និក្ខមនំ ៣០:១៧-២១។ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យធ្វើចានក្លាំ និងជើងពីលង្ហិន សំរាប់ការលាងសំអាត ហើយត្រូវដាក់នៅទីពាក់កណ្តាលត្រសាលជំនុំនឹងអាសនា រួចត្រូវដាក់ទឹកចុះ នោះអើរ៉ុន និងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ កាលណាគេចូលទៅក្នុង ត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនា ដើម្បីធ្វើការងារ ឬនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សលោកអស់ទាំងដំណតរៀងទៅ។»
នៅក្នុងត្រសាលជំនុំ មានចានក្លាំលង្ហិនមួយ ដែលត្រូវបានដាក់នៅចំកណ្តាលរវាងត្រសាលជំនុំ និងអាសនា ហើយដែលមានទឹកសម្រាប់លាងសម្អាត។ បើសិនចានក្លាំនេះមិននៅក្នុងត្រសាលជំនុំ ការថ្វាយយញ្ញបូជារបស់ពួកសង្ឃនឹងកខ្វក់យ៉ាងខ្លាំង។
ឈាម និងធូលីដីនឹងប្រឡាក់ពួកសង្ឃ ដែលថ្វាយយញ្ញបូជាសម្រាប់បណ្តាជនជារៀងរាល់ថ្ងៃ ការដាក់ដៃរបស់ពួកគេលើតង្វាយលោះបាប និងការសំឡាប់តង្វាយ។ ដូច្នេះ បើសិនគ្មានចានក្លាំនៅក្នុងត្រសាលជំនុំទេ ពួកសង្ឃនឹងកខ្វក់យ៉ាងខ្លាំងហើយ។
នេះ គឺជាមូលហេតុដែលព្រះបានរៀបចំចានក្លាំសម្រាប់ពួកគេ ដើម្បីឲ្យពួកគេអាចចូលទៅជិតទ្រង់បាន ជាមួយដៃស្អាត។ មនុស្សមានបាបបានផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃរបស់ខ្លួនលើក្បាលតង្វាយលោះបាប ហើយបន្ទាប់មក ពួកសង្ឃបានថ្វាយវាជាយញ្ញបូជាទៅចំពោះព្រះ ជំនួសពួកគេ។ ព្រះបានរៀបចំចានក្លាំលង្ហិន ដើម្បីឲ្យពួកសង្ឃអាចចូលទៅទីបរិសុទ្ធបាន ហើយដើម្បីឲ្យពួកគេអាចលាងសម្អាតដោយទឹកបាន ដើម្បីមិនឲ្យពួកគេត្រូវ ស្លាប់។ សូម្បីតែសង្ឃម្នាក់ក៏មិនអាចចូលទៅក្នុងទីបរិសុទ្ធ ដោយមានស្នាមប្រឡាក់ឈាមសត្វនោះដែរ។ នេះគឺជាមូលហេតុដែលពួកសង្ឃបានលាងសម្អាតដោយទឹកនៅក្នុងចានក្លាំ ដើម្បីអាចចូលទៅជិតព្រះ បន្ទាប់ពីបានថ្វាយយញ្ញបូជាសម្រាប់បណ្តាជនហើយ។ 
 
 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ
 
តាមរយៈបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាននៅក្នុងទន្លេយ័រដាន់ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។ ហើយការដែលទ្រង់បានជ្រមុជចុះទៅក្នុងទឹកទាំងស្រុងគឺជានិមិត្តសញ្ញានៃការសុគតរបស់ទ្រង់ ហើយការងើបឡើងពីទឹកមកវិញរបស់ទ្រង់ គឺជានិមិត្តសញ្ញានៃការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ បានសងថ្លៃឈ្នូលនៃអំពើបាប ហើយបានសុគតនៅលើឈើឆ្កាង។ ការសុគតរបស់ទ្រង់ គឺដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់បានផ្តល់ជីវិតអស់កល្បជានិច្ចដល់យើងរាល់គ្នា។ 
ប្រសិនបើយើងមិនបានជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ នោះចិត្តរបស់យើងនឹងនៅតែពេញទៅដោយបាប។ នៅក្នុងករណីនេះ តើយើងអាចចូលទៅជិតព្រះបានយ៉ាងដូចម្តេច? ដំណឹងល្អអំពីការអត់ទោសអំពើបាប មិនមែនជាគោលលទ្ធិមួយរបស់និកាយណាមួយទេ ប៉ុន្តែជាសេចក្តីពិតរបស់ព្រះវិញ។ 
ប្រសិនបើគ្មានការយល់ដឹងបានត្រឹមត្រូវទេ នោះយើងមិនអាចមានជំនឿបានឡើយ។ នៅក្នុងន័យផ្សេង យើងមិនអាចយកឈ្នះលោកិយនេះបានឡើយ បើសិនយើងមិនចាប់អារម្មណ៍អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូចដែលជីវិតទាំងអស់ត្រូវការទឹក ដើម្បីទ្រទ្រង់ខ្លួន យើងក៏ត្រូវការការអត់ទោសអំពើបាប និងទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដើម្បីរស់នៅដោយជំនឿ និងបានចូលទៅក្នុងនគរស្ថានសួគ៌ផងដែរ។ ព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ នេះហើយគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងត្រូវតែជឿដោយអស់ពីចិត្ត។ 
ទោះបីជាព្រះយេស៊ូវត្រូវបានគេធ្វើគុត នៅលើឈើឆ្កាងក៏ដោយ ទ្រង់មិនបានធ្វើអ្វីដែលសមនឹងទទួលទណ្ឌកម្មនេះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានយាងមកក្នុងលោកិយនេះ ដើម្បីលាងសម្អាតអំពើបាបរបស់យើង បានទទួលបុណ្យជមុជនៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា ហើយបានធ្វើជាព្រះអង្គសង្រ្គោះ តាមរយៈការសុគតរបស់ទ្រង់ ពេលមានព្រះជន្ម៣៣ព្រះវស្សា។ ព្រះចង់យកមនុស្សជាតិធ្វើជាកូនរបស់ទ្រង់ មិនថាយើងមានបាប និងអាក្រក់ខ្លាំងយ៉ាងណាឡើយ។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។ ព្រះបានប្រទានការអត់ទោសអំពើបាប និងអំណោយទានជាព្រះវិញ្ញាណដល់យើងក្នុងពេលតែមួយ។ 
ព្រះគម្ពីរ និយាយថា បើសិនមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណទេ នោះយើងមិនអាចមើលឃើញ និងចូលទៅក្នុងនគរព្រះបានឡើយ (យ៉ូហាន ៣:៣-៥)។ អ្នកត្រូវតែដឹង និងជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ។ សូម្បីតែគ្រីស្ទបរិស័ទដែលបានកើតជាថ្មីម្នាក់ បើសិនគាត់មិនជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ នោះចិត្តរបស់គាត់នឹងខូចយ៉ាងឆាប់រហ័ស។ ដោយសារយើងគឺជាមនុស្សមានបាប នោះយើងងាយនឹងខូច ដោយអំពើបាបនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងណាស់។ ដោយហេតុនេះ យើងត្រូវតែរស់នៅដោយជំនឿជានិច្ច ដោយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ជំនឿនេះលើកស្ទួយយើង រហូតដល់ថ្ងៃដែលយើងចូលទៅក្នុងនគរស្ថានសួគ៌។ 
ព្រះយេស៊ូវ មិនបានមានជម្រើសអ្វីក្រៅពីទទួលបុណ្យជ្រមុជ និងសុគតសម្រាប់អំពើបាបរបស់យើងឡើយ។ ដូច្នេះ យើងត្រូវតែជឿថា តាមរយៈការធ្វើដូច្នោះ ទ្រង់បាននាំសេចក្តីសង្រ្គោះមកឲ្យយើង។ គ្មានអ្វីដែលយើងត្រូវតែធ្វើក្រៅពីជឿតាមដំណឹងល្អនេះ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះឡើយ។
យើង អរព្រះគុណដល់ព្រះអម្ចាស់ ដែលបានប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អំណោទានដ៏ អស្ចារ្យបំផុត ដែលព្រះបានប្រទានឲ្យយើង គឺការបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ឲ្យមកសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។
មូលហេតុដែលយើងមិនអាចចូលជិតព្រះបាន និងត្រូវបានបង្ខំឲ្យរស់នៅដាច់ចេញពីទ្រង់គឺថា យើងមានបាបនៅក្នុងចិត្តរបស់យើង។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីបំបាក់ជញ្ជាំង ដែលបំបែកយើងចេញពីព្រះចោល។ ទំនាក់ទំនងរវាងព្រះ និងមនុស្សត្រូវបានស្តាឡើងវិញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ យើងអរព្រះគុណដល់ទ្រង់សម្រាប់អំណោយទានទាំងនេះ។ សេចក្តីស្រឡាញ់របស់ឪពុកម្តាយខាងសាច់ឈាមចំពោះកូនៗរបស់ខ្លួនគឺអស្ចារ្យ ប៉ុន្តែវាមិនអាចប្រៀបផ្ទឹមនឹងសេចក្តីស្រឡាញ់របស់ព្រះ ដែលបណ្តាលឲ្យព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបបានឡើយ។
បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគឺសំខាន់ដូចគ្នា។ បើសិនមិនមានទឹកនៅក្នុងពិភពលោកនេះ តើជីវិតទាំងអស់នឹងអាចរស់នៅបានដែរឬទេ? បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ក៏គ្មានអ្នកណាម្នាក់ដែលមិនបាបនៅក្នុងចិត្តដែរ។ បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជទេ ហើយបើសិនទ្រង់មិនបានសុគតនៅលើឈើឆ្កាងទេ នោះក៏នឹងមិនមានអ្នកណាម្នាក់បានទទួលការអត់ទោសអំពើបាបដែរ។ អរព្រះគុណដល់ព្រះ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានធ្វើជាយញ្ញបូជាចុងក្រោយបង្អស់សម្រាប់យើង។ ទោះបីជាយើងមិនពេញលេញ និងធ្លាក់ចុះ យើងនៅតែអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
អ្នកដែលជឿលើបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវ អាចចូលទៅជិតព្រះ អធិស្ឋាន និងសរសើរតម្កើងព្រះបាន។ ឥឡូវនេះ យើងអាចសរសើរតម្កើងព្រះអម្ចាស់ ហើយថ្វាយបង្គំទ្រង់បាន ពីព្រោះយើងបានក្លាយជាកូនរបស់ទ្រង់ហើយ។ នេះហើយគឺជាព្រះពរ និងព្រះគុណរបស់ព្រះ។ ដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺពិតជាអស្ចារ្យខ្លាំងណាស់។ ហើយយើងទាំងអស់គ្នាអាចទទួលបានសេចក្តីសង្រ្គោះ និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿតាមដំណឹងល្អពិតនេះ។