Search

Kazania

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-6] សំបុត្រទៅកាន់ពួកជំនុំក្រុងពើកាម៉ុស (វិវរណៈ ២:១២-១៧)

សំបុត្រទៅកាន់ពួកជំនុំក្រុងពើកាម៉ុស
(វិវរណៈ ២:១២-១៧)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្តីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដែរ ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។»
 

ការកាត់ស្រាយ

ខ.១២៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។» 
ក្រុងពើកាម៉ុស គឺជាទីក្រុងរដ្ឋបាលមួយនៃអាស៊ីមីន័រ ដែលមានប្រជាជនថ្វាយបង្គំរូបព្រះជាច្រើន។ ជាក់ស្តែង វាគឺជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំរបស់អធិរាជ។ «ព្រះដែលមានដាវមុខ២ដ៏មុត» មានន័យថា ព្រះអម្ចាស់ប្រយុទ្ធជាមួយខ្មាំងសត្រូវរបស់ព្រះ។
 
ខ.១៣៖ «អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមាន បល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្តីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង។» 
ក្រុងពើកាម៉ុសគឺជាបន្ទាយនៃការថ្វាយបង្គំរបស់អធិរាជ ហើយវាក៏ជាកន្លែងដែលអ្នកបម្រើរបស់ព្រះ ឈ្មោះ អាន់ទីប៉ាស ត្រូវបានសម្លាប់ ដោយព្រោះបដិសេធរូបព្រះរបស់ចក្រភព ដើម្បីការពារសេចក្តីជំនឿរបស់គាត់នៅក្នុងព្រះអម្ចាស់ដែរ។ ពេលវេលានឹងមកដល់ម្តងទៀត នៅពេលដែលមនុស្សនឹងត្រូវគេបង្ខំឲ្យថ្វាយបង្គំពួកអាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ នឹងការពារសេចក្តីជំនឿរបស់ពួកគេ រហូតដល់ទីបញ្ចប់ ដូចដែលអាន់ទីប៉ាសបានយកជីវិតការពារសេចក្តីជំនឿរបស់គាត់ដែរ។ តាមរយៈសេចក្តីជំនឿដ៏ក្លាហាននេះ ឥឡូវនេះ យើងត្រូវតែចាប់ ផ្តើមអនុវត្តសេចក្តីជំនឿរបស់យើងហើយ ទោះបើយើងចាប់ផ្តើម ដោយជំហានតូចក៏ដោយ។ កាលណាពេលវេលានៃការបៀតបៀនមកដល់ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធជាពិសេស។ ពួកគេត្រូវតែទុកចិត្តលើព្រះ និងស្ម័គ្រចិត្តទទួលយកទុក្ករកម្មនៅក្នុងសេចក្តីសង្ឃឹម ដើម្បីឲ្យពួកគេអាចថ្វាយសិរីល្អដល់ព្រះ និងទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មីពីទ្រង់បាន។

ខ.១៤៖ «ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង។» 
ព្រះបានបន្ទោសពួកជំនុំក្រុងពើកាម៉ុស ពីព្រោះសមាជិកពួកជំនុំនេះខ្លះកាន់តាមសេចក្តីបង្រៀនរបស់បាឡាម។ បាឡាមគឺជាហោរាក្លែងក្លាយម្នាក់ ដែលបានដឹកនាំសាសន៍អ៊ីស្រាអែលចេញឆ្ងាយពីព្រះ ថ្វាយបង្គំរូបព្រះ មានទំនាក់ទំនងជាមួយពួកសង្ឃស្រីសាសន៍ដទៃ ដែលថ្វាយបង្គំរូបព្រះ។ ព្រះអម្ចាស់បានបន្ទោសអស់អ្នកដែលបានចាកចោលព្រះ។ ចិត្តរបស់មនុស្សបានចាកចោលទ្រង់ ហើយបែរទៅថ្វាយបង្គំរូបព្រះវិញ។ ហើយអំពើបាបនៃការថ្វាយបង្គំរូបព្រះនេះ មានភាពធ្ងន់ធ្ងរបំផុត នៅចំពោះព្រះ។ 

ខ.១៥៖ «ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួក នីកូឡាសដែរ។» 
ពាក្យថា «នីកូឡាស» និង «បាឡាម» នៅក្នុងព្រះគម្ពីរ គឺជាពាក្យន័យដូច ដែលមានន័យថា «អ្នកដែលបញ្ចុះបញ្ចូលមនុស្ស»។ នៅពេលព្រះមានបន្ទូលថា មាន «មានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដែរ» ទ្រង់ចង់មានបន្ទូលថា ពួកជំនុំរបស់ព្រះត្រូវតែបដិសេធ «អ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាស»។ អ្នកដែលដើរតាមសេចក្តីបង្រៀនរបស់ពួកនីកូឡាស និងបាឡាម គឺជាអ្នកដែលបានដេញតាមទ្រព្យសម្បត្តិលោកិយ និងការថ្វាយបង្គំរូបព្រះ។ ហើយពួកជំនុំរបស់ព្រះត្រូវតែបណ្តេញពួកគេចេញ។

ខ.១៦៖ «ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ។» 
ដូច្នេះ ព្រះបានប្រាប់ពួកជំនុំក្រុងពើកាម៉ុសឲ្យបោះបង់ការថ្វាយបង្គំរូបព្រះ និងការដេញតាមទ្រព្យសម្បត្តិលោកិយរបស់ពួកគេចោល ហើយបែរមកមានសេចក្តីជំនឿត្រឹមត្រូវវិញ ដោយព្រមានពួកគេថា បើសិនពួកគេមិនប្រែចិត្តទេ ទ្រង់ច្បាំងនឹងពួកគេ ដោយដាវដែលនៅមាត់របស់ទ្រង់។ នៅក្នុងន័យផ្សេង នេះគឺជាការព្រមានខ្លាំងៗរបស់ព្រះថា ទ្រង់នឹងដាក់ទណ្ឌកម្មដល់អ្នកដែលមិនប្រែចិត្តចេញពីការដើរតាមសេចក្តីបង្រៀនរបស់បាឡាម ទោះបើពួកគេគឺជាអ្នកជឿក៏ដោយ។ អ្នកដែលបានស្តាប់ឮការព្រមានរបស់ព្រះនេះ ហើយបានបែរមកឯទ្រង់វិញ នឹងបានរស់ខាងរូបកាយ និងវិញ្ញាណ ប៉ុន្តែអ្នកដែលមិនប្រែចិត្ត ត្រូវវិនាសខាងរូបកាយ និងវិញ្ញាណវិញ។ ដើម្បីឲ្យពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះទទួលបានព្រះពរនៅលើផែនដីនេះ និងលើសទៅទៀត ពួកគេត្រូវតែស្តាប់ព្រះបន្ទូលព្រះ និងដើរតាមព្រះអម្ចាស់ ដោយសេចក្តីជំនឿរបស់ពួកគេ។ 

ខ.១៧៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។»
ពួកបរិសុទ្ធពិតប្រកាដ នឹងស្ម័គ្រចិត្តទទួលយកទុក្ករកម្មរបស់ពួកគេ។ ព្រះប្រាប់យើងថា សម្រាប់អ្នកដែលបានធ្វើទុក្ករកម្មនៅក្នុងព្រះនាមទ្រង់ ទ្រង់នឹងប្រទានអាហារស្ថានសួគ៌ និងកត់ត្រាឈ្មោះរបស់ពួកគេនៅក្នុងនគររបស់ទ្រង់។ ដើម្បីរស់នៅខាងរូបកាយ និងវិញ្ញាណ យើងត្រូវតែស្តាប់ពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទៅកាន់ពួកជំនុំរបស់ព្រះ។ សម្រាប់អ្នកដែលឈ្នះ គឺអ្នកដែលឈ្នះការតយុទ្ធរបស់ខ្លួនជាអ្នកដើរតាមសាតាំង ព្រះនឹងប្រទានសេចក្តីសុចរិតនៃសេចក្តីជំនឿ ដែលសង្រ្គោះពួកគេចេញពីបាប ហើយទ្រង់នឹងកត់ឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីជីវិត។ 
ព្រះគម្ពីរបន្តប្រាប់យើង នៅក្នុងបទគម្ពីរផ្សេងៗថា អ្នកដែលអត់ធ្មត់រហូតដល់ទីបញ្ចប់ នឹងទទួលបានសេចក្តីសង្រ្គោះ។ នៅក្នុងន័យផ្សេង ពួកបរិសុទ្ធត្រូវតែមានសេចក្តីអត់ធ្មត់នៅថ្ងៃចុងក្រោយ ដើម្បីឲ្យពួកគេអាចការពារសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បាន។ ឈ្មោះរបស់អ្នកដែលបានកើតជាថ្មី ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតហើយ។ ដូច្នេះ អ្នកជឿត្រូវតែចូលទៅក្នុងនគរព្រះ ដោយមិនដេញតាមទ្រព្យសម្បត្តិលោកិយ តែដោយយកឈ្នះលើរបស់ទាំងនេះ ដោយសារជំនឿវិញ រហូតដល់ថ្ងៃដែលពួកគេនឹងឈរនៅចំពោះព្រះ។