Search

Kazania

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 7-1] តើអ្នកណានឹងបានសង្រ្គោះ ក្នុងកំឡុងពេលនៃសេចក្តីទុក្ខវេទនាដ៏ធំ? (វិវរណៈ ៧:១-១៧)

តើអ្នកណានឹងបានសង្រ្គោះ ក្នុងកំឡុងពេលនៃសេចក្តីទុក្ខវេទនាដ៏ធំ?
(វិវរណៈ ៧:១-១៧)
«ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅ ទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនិងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរ ស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរ បេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថា សេចក្តី សង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ បា្រជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅកណ្តាល បល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។»
 
 
ការកាត់ស្រាយ

ខ.១៖ «ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ។» 
ខនេះប្រាប់យើងថា ខ្យល់នៃសេចក្តីវេទនាបក់មក ឬមិនបក់មក គឺអាស្រ័យលើការអនុញ្ញាតរបស់ព្រះទាំងស្រុង។ ព្រះបានសម្រេចព្រះ ទ័យថា ទ្រង់នឹងសង្រ្គោះមនុស្សចំនួន១៤៤០០០នាក់ ចេញពីពូជអំបូរ អ៊ីស្រាអែល ហើយយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ មុនពេលទ្រង់អនុញ្ញាតឲ្យមានសេចក្តីទុក្ខវេទនាដ៏ធំនៅលើផែនដីនេះ។ 

ខ.២-៣៖ «រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនិងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន។» 
នៅទីនេះ ព្រះបង្គាប់ទេវតាទាំង៤ ដែលនឹងធ្វើទុក្ខផែនដី និងសមុទ្រ កុំឲ្យធ្វើទុក្ខផែនដីនេះ ទាល់តែទ្រង់បានបោះត្រានៅថ្ងាសរបស់មនុស្សចំនួន១៤៤០០០នាក់សិន។ នៅក្នុងន័យផ្សេង ព្រះបានប្រាប់ពួកគេមិនឲ្យធ្វើទុក្ខផែនដីនេះ ទាល់តែត្រាដ៏រស់របស់ព្រះបានបោះនៅថ្ងាសរបស់មនុស្សចំនួន១២០០០នាក់ ដែលត្រូវបានជ្រើសរើសចេញពីពូជអំបូរនីមួយៗនៃអ៊ីស្រាអែល។ 

ខ.៤៖ «ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល។»
អ្នកដែលព្រះបោះត្រា នឹងទទួលបានការការពារពិសេសពីព្រះ និងព្រះពរនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ទោះទាំងក្នុងកំឡុងសេចក្តីវេទនាដ៏ធំ និងថ្ងៃចុងក្រោយផង។

ខ.៥-៩៖ «គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ។» 
ខនេះប្រាប់យើងអំពីចំនួនមនុស្សបានបោះត្រាក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺ១២០០០នាក់ពីពូជអំបូរនីមយយៗនៃអ៊ីស្រាអែល នឹងបានបោះត្រាធ្វើជាអ្នកទទួលព្រះគុណពិសេសរបស់ព្រះ។ ព្រះនឹងប្រទាន សេចក្តីសង្រ្គោះដល់មនុស្សចំនួន១២០០០នាក់ ពីពូជអំបូរនីមួយៗនៃ អ៊ីស្រាអែល ហើយយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះគុណពិសេសនេះនឹងត្រូវបានប្រទានដល់ពូជអំបូរនីមួយៗស្មើៗគ្នា។
ដោយសារព្រះបានស្រឡាញ់ពូជអំបូរនៃអ៊ីស្រាអែលស្មើៗគ្នា ទ្រង់បានប្រទានដល់ពួកគេនូវព្រះពរដូចគ្នានៃការបានធ្វើជារាស្ត្ររបស់ទ្រង់។ ព្រះបានបំពាក់ព្រះគុណនេះដល់ជនជាតិអ៊ីស្រាអែល ដើម្បីបំពេញសម្រេចតាមសេចក្តីសន្យា ដែលទ្រង់មានជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់។ ដូច្នេះ ដូចដែលយើងអាចមើលឃើញហើយ ព្រះបំពេញសម្រេចគ្រប់យ៉ាង ដែលទ្រង់បានសន្យា និងរៀបចំផែនការសម្រាប់មនុស្សជាតិ។ 
នេះប្រាប់យើងថា ក្នុងកំឡុងពេលមានសេចក្តីទុក្ខវេទនាដ៏ធំ ចំនួនដ៏ច្រើននៃសាសន៍ដទៃក៏នឹងបានសង្រ្គោះ និងបានធ្វើជារាស្ត្ររបស់ព្រះផងដែរ។ នៅក្នុងន័យផ្សេង នឹងក៏មានមនុស្សចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៃសាសន៍ដទៃផងដែរ ដែលនឹងបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយត្រូវគេសម្លាប់ ដោយសារសេចក្តីជំនឿរបស់ពួកគេ នៅថ្ងៃចុងក្រោយ។ 

ខ.១០-១១៖ «គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ។»
នៅថ្ងៃចុងក្រោយ ព្រះប្រទានព្រះគុណនៃសេចក្តីសង្រ្គោះរបស់ទ្រង់ដល់ទាំងសាសន៍អ៊ីស្រាអែល និងយើងដែលជាសាសន៍ដទៃ។ ដូច្នេះ ព្រះអម្ចាស់របស់យើងសមនឹងទទួលបានគ្រប់ទាំងការថ្វាយបង្គំ ការសរសើរតម្កើង និងសិរីល្អ គឺគ្មានអ្នកណាម្នាក់ ក្រៅតែពីព្រះមួយអង្គគត់ ដែលអាចទទួលបានសិរីល្អទាំងនេះពីពួកបរិសុទ្ធបានឡើយ។ 

ខ.១២៖ «ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ បា្រជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។»
អ្នកបម្រើការងារទាំងអស់របស់ព្រះ ថ្វាយការសរសើរតម្កើងដល់ព្រះអម្ចាស់ ដែលជាព្រះ ពីព្រោះមានតែព្រះទេ ដែលសមនឹងទទួលបានការសរសើរតម្កើង និងកិត្តិនាមទាំងនេះ។

ខ.១៣-១៤៖ «នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម។» 
ព្រះនឹងប្រមូលចម្រូតចុងក្រោយរបស់ទ្រង់ បន្ទាប់ពីទ្រង់បានបង្កខ្យល់នៃសេចក្តីទុក្ខវេទនាដ៏ធំ ដើម្បីធ្វើឲ្យពួកបរិសុទ្ធយកឈ្នះលើទុក្ករកម្មដ៏មានសិរីល្អ និងការពារសេចក្តីជំនឿពិតរបស់ពួកគេ។
នៅពេលរយៈពេលបីឆ្នាំកន្លះនៃគ្រារងទុក្ខវេទនាដ៏ធំកន្លងផុតទៅ ពួកបរិសុទ្ធនឹងត្រូវបានបៀតបៀនយ៉ាងសាហាវព្រៃផ្សៃ ដោយពួកអាទទឹងនឹងព្រះគ្រីស្ទ ហើយនឹងត្រូវស្លាប់ ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។ សេចក្តីទុក្ខវេទនាដ៏ធំនៃទុក្ករកម្មនេះ មកនៅក្នុងទម្រង់ផ្សេងពីសេចក្តីទុក្ខវេទនាទាំងអស់ ដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រពួកជំនុំ កាលពីមុន គឺវានឹងតម្រូវដកយកសេចក្តីជំនឿរបស់ពួកបរិសុទ្ធ ដែលជឿដល់ព្រះនៅលើផែនដីនេះចេញ។ ប៉ុន្តែទុក្ករកម្មគឺជាកិត្តិយសដ៏ធំធេងសម្រាប់ពួក បរិសុទ្ធ។ តាមរយៈទុក្ករកម្មរបស់ពួកគេ ពួកបរិសុទ្ធអាចបង្ហាញសេចក្តីជំនឿពិតរបស់ពួកគេដល់ព្រះ បានយ៉ាងច្បាស់លាស់។ នៅថ្ងៃចុងក្រោយនៃសេចក្តីទុក្ខវេទនាដ៏ធំ ពួកបរិសុទ្ធទាំងអស់នឹងការពារសេចក្តីជំនឿរបស់ពួកគេ តាមរយៈទុក្ករកម្មរបស់ពួកគេ ចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពក ហើយឈរនៅចំពោះបល្ល័ង្កនៃព្រះ។ 

ខ.១៥-១៦៖ «ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ។» 
អ្នកដែលមានជំនឿពិត និងត្រឹមត្រូវនៅចំពោះព្រះ នឹងត្រូវគេសម្លាប់ នៅថ្ងៃចុងក្រោយនៃសេចក្តីទុក្ខវេទនាដ៏ធំ ដើម្បីការពារសេចក្តីជំនឿរបស់ខ្លួនលើសេចក្តីសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ព្រះនឹងប្រទានជំនឿ ការការពារពិសេសេ និងព្រះពរបែបនេះដល់ពួកបរិសុទ្ធ ហើយទ្រង់នឹងឱបក្រសោបពួកគេនៅក្នុងព្រះហស្តទ្រង់។
ដោយបានតយុទ្ធជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ បានត្រូវគេសម្លាប់ និងបានរស់ពីស្លាប់ឡើងវិញ ពួកបរិសុទ្ធនឹងមិនស្លាប់ ឬរងទុក្ខ នៅក្នុងនគរព្រះម្តងទៀតឡើយ។ ពួកគេគឺជាកូនរបស់ព្រះ ដែលនឹងរស់នៅរហូតអស់កល្បជានិច្ច នៅក្នុងព្រះពរពីព្រះ។ អ្នកដែលរស់នៅ ដោយមានព្រះ ឱបក្រសោប នឹងមិនខ្វះអ្វីឡើយ ហើយពួកគេក៏នឹងមិនរងទុក្ខពីការអាក្រក់ទៀតដែរ។ ឥឡូវនេះ អ្វីដែលកំពុងតែរង់ចាំពួកគេ គឺជាសិរីល្អ សេចក្តីស្រឡាញ់ និងរង្វាន់ពិសេសរបស់ព្រះ ដែលនឹងត្រូវបានប្រទានដល់ពួកគេជារៀងរហូតតទៅ។ 

ខ.១៧៖ «ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។»
ព្រះនឹងធ្វើជាអ្នកគង្វាលនៃពួកបរិសុទ្ធដ៏អស់កល្បជានិច្ច ហើយនឹងប្រទានព្រះពរដ៏អស់កល្បជានិច្ចរបស់ទ្រង់ដល់ពួកគេ។ ដើម្បីប្រទានរង្វាន់សម្រាប់ទុក្ករកម្ម និងការរងទុក្ខទាំងអស់ ដែលពួកបរិសុទ្ធបានឆ្លងកាត់នៅលើផែនដីនេះ សម្រាប់ព្រះអម្ចាស់ ព្រះនឹងដឹកនាំពួកគេទៅឯរន្ធទឹកនៃជីវិត អនុញ្ញាតឲ្យពួកគេកាច់នំប៉័ងជាមួយព្រះអម្ចាស់ នៅចំពោះ បល្ល័ង្កព្រះ និងប្រទានព្រះពររបស់ទ្រង់ដល់ពួកគេ ដើម្បីឲ្យពួកគេបានចូលរួមនៅក្នុងសិរីល្អទាំងអស់របស់ទ្រង់។ ដោយសារពួកបរិសុទ្ធបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានប្រើជីវិតដើម្បីបម្រើសិរីល្អនៃព្រះ និងត្រូវបានគេសម្លាប់ ដោយសារព្រះនាមទ្រង់ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ ព្រះនឹងអនុញ្ញាតឲ្យអ្នកដែលបានការពារសេចក្តីជំនឿរបស់ខ្លួន ឲ្យរស់នៅប្រកបដោយសិរីល្អទាំងអស់របស់ទ្រង់ នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី រហូតអស់កល្បជានិច្ច។ ហាលេលូយ៉ា! សូមសរសើរតម្កើងព្រះអម្ចាស់!