Search

Często Zadawane Pytania na temat Wiary Chrześcijańskiej

Temat 2: Duch Święty

2-7. តើពួកសិស្សរបស់ព្រះយេស៊ូវទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ តាមរយៈការអត់ទោសអំពើបាប ឬវាគឺជាបទពិសោធន៍ដាច់ដោយឡែកពីការអត់ទោសអំពើបាប?

ការទទួលបានព្រះវិញ្ញាណបរិសុទ្ធមិនមែនជាបទពិសោធន៍ដាច់ដោយឡែកពីសេចក្តីប្រោសលោះឡើយ។ យើងអាចមើលឃើញនៅក្នុងព្រះគម្ពីរថា ពួកសិស្សរបស់ព្រះយេស៊ូវបានស្គាល់ និងជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោក យ៉ូហាន នៅមុនពេលពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធទៅទៀត (១ពេត្រុស ៣:២១ - ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ)។
សេចក្តីអត់ទោសអំពើបាប មានន័យថា សេចក្តីសង្រ្គោះចេញពីបាប ហើយនៅក្នុងន័យផ្សេង វាមានន័យថា អំពើបាបទាំងអស់នៅក្នុងចិត្តរបស់យើងត្រូវបានលាងសម្អាតចេញអស់ហើយ។ នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនមានការយល់ច្រឡំជារឿយៗអំពីអត្ថន័យនៃសេចក្តីអត់ទោសអំពើបាប ដែលព្រះយេស៊ូវបានប្រទានដល់យើង។ មនុស្សមិនដឹងពីរបៀបដែលពួកគេអាចទទួលបាន សេចក្តីអត់ទោសអំពើបាបទេ។ ពួកគេគិតថា ពួកគេបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយព្រោះតែពួកគេជឿ និងទទួលយកព្រះយេស៊ូវជាព្រះអម្ចាស់។
អ្នកដែលបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន មានសេចក្តីបន្ទាល់នៅក្នុងខ្លួន។ ប៉ុន្តែបើសិនមនុស្សម្នាក់មិនមានពាក្យបន្ទាល់ពីសេចក្តីប្រោសលោះរបស់ខ្លួនទេ នោះគាត់មិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ឬការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួនឡើយ។ ហើយបើសិនគាត់មានអារម្មណ៍ដែលពេញដោយព្រះវិញ្ញាណ នោះគឺគ្រាន់តែជាលទ្ធផលនៃការត្រូវបានអារម្មណ៍ផ្ទាល់ខ្លួនបោកបញ្ឆោតប៉ុណ្ណោះ។ សាតាំងប្រែរូបទៅជាទេវតានៃពន្លឺ (២កូរិនថូស ១១:១៤-១៥; កាឡាទី ១:៧-៩) បញ្ឆោតគាត់ឲ្យនៅឆ្ងាយពីសេចក្តីពិត (ម៉ាថាយ ៧:២១-២៣)។
អស់អ្នកដែលទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួនហើយ មានសេចក្តីបន្ទាល់នៅក្នុងខ្លួន ពីព្រោះពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុង ១យ៉ូហាន ៥:៤-១២ ព្រះធ្វើបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកដោយទឹក និងព្រះលោហិត។ លើសពីនេះ ទ្រង់មានបន្ទូលថា បើសិនមនុស្សម្នាក់អធិប្បាយអំពីវិញ្ញាណផ្សេងណាមួយ ឬដំណឹងល្អផ្សេងណាមួយ (១កូរិនថូស ១១:៤) នោះគាត់មិនទាន់បានទទួលការអត់ទោសអំពើបាប ឬព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សអាចទទួលបានការអត់ទោសអំពើបាបបាន លុះត្រាតែពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមក តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការទទួលបានព្រះវិញ្ញាណបរិសុទ្ធមានភាពចាំបាច់សម្រាប់សេចក្តីអត់ទោសអំពើបាប។ ហើយសេចក្តីអត់ទោសអំពើបាបក៏មានភាពចំាបាច់សម្រាប់ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។