Search

Sermões

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 20-2] តើយើងអាចឆ្លងផុតពី សេចក្តីស្លាប់ទៅកាន់ជីវិត បានយ៉ាងដូចម្តេច? (វិវរណៈ ២០:១-១៥)

តើយើងអាចឆ្លងផុតពី សេចក្តីស្លាប់ទៅកាន់ជីវិត បានយ៉ាងដូចម្តេច?
(វិវរណៈ ២០:១-១៥)

ព្រះប្រាប់យើងថា នៅពេលទ្រង់បំផ្លាញផែនដីនេះចោល ហើយប្រទានឲ្យយើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មី ទ្រង់នឹងប្រោសមនុស្សមានបាបទាំងអស់ដែលនៅលើផែនដីនេះពីមុន ហើយបានដេកលក់នៅក្នុងផ្នូររបស់ពួកគេ ឲ្យរស់ឡើងវិញ។ ខ.១៣និយាយថា «ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»។ សាកសពរបស់មនុស្សម្នាក់ ដែលលង់ទឹក ហើយត្រូវបានត្រីស៊ី ប៉ុន្តែសាកសពរបស់មនុស្សម្នាក់ ដែលឆេះស្លាប់ នឹងត្រឡប់ជាឥតទម្រង់មើលលែងស្គាល់។ ព្រះគម្ពីរប្រាប់យើងនៅទីនេះថា កាលណាថ្ងៃចុងក្រោយមកដល់ ព្រះនឹងប្រោសមនុស្សទាំងអស់ឲ្យរស់ពីស្លាប់ឡើងវិញ ហើយកាត់ទោសពួកគេ ដើម្បីបញ្ជូនពួកគេទៅស្ថានសួគ៌ ឬស្ថាននរក ទោះបើពួកគេត្រូវបានសាតាំងលេបត្របាក់ ស្ថាននរកសម្លាប់ ឬឆេះស្លាប់ក៏ដោយ។ 
ព្រះមានបញ្ជីជីវិត ដែលមានកត់ឈ្មោះរបស់អស់អ្នកដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ច។ ហើយទ្រង់ក៏មានបញ្ជីប្រព្រឹត្តផងដែរ ដែលកត់ត្រាឈ្មោះ និងអំពើបាបរបស់អស់អ្នកដែលនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ នៅក្នុងបញ្ជីប្រព្រឹត្តទាំងនេះ មានកត់ត្រាអំពើបាបទាំងអស់ ដែលមនុស្សបានប្រព្រឹត្ត កាលពួកគេនៅលើផែនដីនេះ។ ព្រះបានកំណត់គ្រប់ការទាំងនេះនៅក្នុងទិព្វញ្ញាណរបស់ទ្រង់។ 
 

ព្រះអម្ចាស់មានបញ្ជីពីរប្រភេទ

ព្រះបានបែងចែកចំណាត់ថ្នាក់មនុស្ស ទៅជាពីរចំណាត់ថ្នាក់ខុសគ្នារួចទៅហើយ ដោយយោងតាមលក្ខណៈវិនិច្ឆ័យរបស់ទ្រង់ផ្ទាល់។ ព្រះបានកំណត់រួចហើយថា មនុស្សដែលស្លាប់ទាំងអស់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ ហើយបន្ទាប់មក ឈរនៅចំពោះបញ្ជីទាំងពីររបស់ទ្រង់ ដើម្បីទទួលការកាត់ទោស។ នៅក្នុងបញ្ជីជីវិត មានតែឈ្មោះរបស់អស់អ្នកដែលបានជឿព្រះយេស៊ូវ កាលពួកគេនៅលើផែនដីនេះ បានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ហើយត្រូវចូលទៅក្នុងស្ថានសួគ៌ប៉ុណ្ណោះ។ ដូច្នេះ ការជំនុំជម្រះចុងក្រោយរបស់ព្រះនឹងអាស្រ័យលើបញ្ជីមួយណាដែលឈ្មោះរបស់មនុស្សត្រូវបានកត់ទុក។ នៅក្នុងន័យផ្សេង ព្រះបានកំណត់រួចហើយថា អ្នកនឹងចូលទៅក្នុងស្ថានសួគ៌ ហើយអ្នកណានឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ 
ដូច្នេះ ព្រះនឹងប្រោសមនុស្សដែលស្លាប់ទាំងអស់ឲ្យរស់ពីស្លាប់ឡើងវិញ រួចបើកបញ្ជីទាំងពីររបស់ទ្រង់ ហើយពិនិត្យមើលថា ឈ្មោះរបស់ពួកគេត្រូវបានកត់ទុកនៅក្នុងបញ្ជីមួយណា។ បន្ទាប់មក ទ្រង់នឹងបញ្ជូនអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតទៅស្ថានសួគ៌ ប៉ុន្តែអស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងត្រូវបោះទម្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ យើងត្រូវតែប្រាកដថា យើងដឹង និងជឿលើការពិតទាំងនេះ ដែលព្រះបានកំណត់រួចហើយ។ 
ដើម្បីសម្រេចថា ទ្រង់ត្រូវបញ្ជូនអ្នកណាទៅស្ថានសួគ៌ ហើយអ្នកណាទៅស្ថាននរក ព្រះនឹងប្រោសមនុស្សទាំងអស់ឲ្យរស់ពីស្លាប់ឡើងវិញ ហើយជំនុំជម្រះពួកគេ។ ព្រះបានសម្រេចព្រះទ័យថា ទ្រង់នឹងជំនុំជម្រះពួកគេ ទៅតាមឈ្មោះរបស់ពួកគេ ដែលត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ឬបញ្ជីប្រព្រឹត្ត (បញ្ជីជំនុំជម្រះ)។ 
ព្រះបានបង្កើតកន្លែងពីរ សម្រាប់អស់អ្នកដែលនឹងឈរនៅចំពោះ ទ្រង់។ កន្លែងទាំងពីរនោះគឺជាស្ថានសួគ៌ និងស្ថាននរក។ ស្ថាននរកគឺជាបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រអស់កល្បជានិច្ច។ ព្រះបានសម្រេចព្រះ ទ័យថា អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង ប៉ុន្តែអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងត្រូវបានស្វាគមន៍ទៅក្នុងស្ថានសួគ៌។ 
នៅស្ថានសួគ៌ មានដើមជីវិតនៅតាមទន្លេនៃទឹករស់ ដែលបង្កើតផ្លែដប់ពីរប្រភេទ តាមរដូវនីមួយៗ។ នៅលើស្ថានសួគ៌ដ៏ស្រស់ស្អាតនេះ ពួកបរិសុទ្ធនឹងមិនមានជម្ងឺ ឬការឈឺចាប់ឡើយ ប៉ុន្តែរស់នៅយ៉ាងមាន សុភមង្គលជារៀងរហូតជាមួយព្រះ។ ដូច្នេះ យើងត្រូវតែជឿលើការពិតថា ព្រះបានសម្រេចព្រះទ័យប្រទានស្ថានសួគ៌នេះដល់ពួកបរិសុទ្ធ។ 
នៅក្នុងន័យផ្សេង អស់អ្នកដែលមិនជឿព្រះយេស៊ូវ មានឈ្មោះរបស់ពួកគេកត់ទុកនៅក្នុងបញ្ជីប្រព្រឹត្ត។ ដោយសារទង្វើទាំងអស់ដែលពួកមនុស្សមានបាបបានធ្វើ កាលពួកគេនៅលើផែនដីនេះ ត្រូវបានកត់ទុកនៅក្នុងបញ្ជីទាំងនេះ ព្រះប្រាប់យើងថា ទ្រង់នឹងបោះពួកគេទម្លាក់ទៅក្នុងបឹងភ្លើង ដាក់ទណ្ឌកម្មដល់ពួកគេសម្រាប់អំពើបាបរបស់ពួកគេដែលមានកត់ទុកនៅក្នុងបញ្ជីទាំងនេះ ហើយសម្រាប់អំពើបាបរបស់ពួកគេដែលមិនជឿព្រះយេស៊ូវ។ អ្វីដែលសំខាន់បំផុតនៅទីនេះគឺថា បញ្ជីមួយណាដែលឈ្មោះរបស់អ្នក និងរបស់ខ្ញុំត្រូវបានកត់ទុក។ 
ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ យើងត្រូវតែដឹងថា ជីវិតនៅលើផែនដីនេះមិនមែនជាគ្រប់យ៉ាងនោះឡើយ។ ទំនុកដំកើង ៩០:១០ ប្រាប់យើងថា «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក និងសេចក្តីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។ ទោះបីជាយើងនឹងរស់នៅលើផែនដីនេះ សម្រាប់៧០ឆ្នាំ ឬ៨០ឆ្នាំក៏ដោយ មិនយូរមិនឆាប់ យើងទាំងអស់គ្នាក៏នឹងត្រូវឈរនៅចំពោះព្រះដែរ។ ដូច្នេះ នៅពេលយើងឈរនៅចំពោះព្រះ អ្វីដែលសំខាន់បំផុតនោះគឺថា ឈ្មោះរបស់យើងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ឬបញ្ជីប្រព្រឹត្ត (បញ្ជីជំនុំជម្រះ) ពីព្រោះវានឹងកំណត់ថា យើងត្រូវបានស្វាគមន៍ចូលទៅក្នុងស្ថានសួគ៌ ឬបោះទម្លាក់ទៅក្នុងបឹងភ្លើង។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា ជីវិតនៅលើផែនដីនេះមិនមែនជាគ្រប់យ៉ាងឡើយ។ 
 


អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត


ចូរយើងពិនិត្យមើល លូកា ១៦:១៩-២៦៖ «មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ គាត់មានប្រាថ្នាចង់ចំអែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់ គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារ គាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ»។ 
តាមរយៈបទគម្ពីរនេះ ព្រះយេស៊ូវបង្រៀនយើងថា ស្ថានសួគ៌ និងស្ថាននរកពិតជាមានមែន។ ដូចជាបុរសអ្នកមាននៅក្នុងបទគម្ពីរនេះ មនុស្សយ៉ាងច្រើនមិនជឿលើអត្ថិភាពនៃស្ថានសួគ៌ និងស្ថាននរកឡើយ។ លោកអ័ប្រាហាំគឺជាបិតានៃជំនឿ។ នៅពេលបទគម្ពីនេះនិយាយថា អ្នកសុំទានឡាសាត្រូវបាននាំទៅឯទ្រូងរបស់លោកអ័ប្រាហាំ វាមានន័យថា ដូចដែលលោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលរបស់ព្រះ ឡាសាក៏បានជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គាត់ បានទទួលការអត់ទោសអំពើបាប ហើយបានទៅស្ថានសួគ៌ដែរ។ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ យើងទាំងអស់គ្នាត្រូវតែសញ្ជឹងគិតអំពីវាសនារបស់ឡាសា និងបុរសអ្នកមាន។ 
ព្រះប្រាប់យើងថា ជីវិតនៅលើផែនដីនេះមិនមែនជាគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់គ្នាឡើយ។ ទោះបីជាយើងខិតខំធ្វើការខ្លាំងយ៉ាងណាក៏ដោយ ក៏យើងអាចរស់នៅយ៉ាងច្រើនណាស់៧០ឆ្នាំ ឬ៨០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែគ្រប់យ៉ាងដែលនៅសល់នៅថ្ងៃចុងក្រោយ គឺជាទុក្ខសោក និងការនឿយហត់តែប៉ុណ្ណោះ។ 
ដូច្នេះ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ យើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនជាសម្រេចសម្រាប់ជីវិតបន្ទាប់ពីផែនដីនេះ។ ហើយយើងក៏ត្រូវតែផ្ទេរជំនឿរបស់យើងទៅឲ្យកូនចៅរបស់យើងផងដែរ ដើម្បីឲ្យពួកគេក៏អាចទៅកន្លែងល្អបានផងដែរ។ វេទនាណាស់ ដែលមនុស្សម្នាក់បានរស់នៅលើផែនដីនេះ ហើយជាចុងក្រោយ ត្រូវឈរនៅចំពោះព្រះ ដើម្បីទទួលការកាត់ទោសពីទ្រង់ ហើយធ្លាក់ទៅក្នុងបឹងភ្លើង។ 
គ្មានអ្នកណាម្នាក់អាចផ្លាស់ប្តូរអ្វីដែលព្រះបានកំណត់រួចហើយនោះបានឡើយ គឺអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីប្រព្រឹត្ត នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង។ ដូច្នេះ មានផ្លូវតែមួយគត់សម្រាប់យើង ដើម្បីបានរួចពីបឹងភ្លើង ហើយនេះគឺថា ធ្វើយ៉ាងណាឲ្យយើងមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។ ដូច្នេះ ដើម្បីបានរួចពីបឹងភ្លើង គ្មានផ្លូវណាផ្សេងទៀត ក្រៅពីមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតឡើយ។ 
ដូច្នេះ តើឈ្មោះរបស់យើងអាចកត់ទុកនៅក្នុងបញ្ជីជីវិតបានដោយរបៀបណា? ដូចដែលឡាសាត្រូវបាននាំទៅឯទ្រូងរបស់លោកអ័ប្រាហាំ យើងក៏ត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការដឹង និងជឿលើព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះ (រ៉ូម ៥:១៨) តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ដូច្នេះ យើងអាចចូលទៅក្នុងស្ថានសួគ៌បាន។ ដើម្បីមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត យើងត្រូវតែជឿព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាព្រះ និងជាព្រះមែស៊ីរបស់យើង។ ព្រះមែស៊ីមានន័យថា ព្រះអង្គដែលសង្រ្គោះអស់អ្នកដែលបានធ្លាក់ទៅក្នុងបាប។ មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលអាចសង្រ្គោះយើងដែលត្រូវតែទទួលការកាត់ទោសពីព្រះ និងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង ដោយសារតែអំពើបាបរបស់យើង។ 
តើអ្នកណានៅលើផែនដីនេះអាចមិនប្រព្រឹត្តអំពើបាបនៅចំពោះព្រះ ហើយដែលក្នុងចំណោមយើង មានទង្វើបរិសុទ្ធមួយរយភាគរយដែរទេ? គ្មានអ្នកណាម្នាក់ឡើយ! យើងត្រូវតែដឹងថា ដោយសារយើងមានពេញដោយបាប យើងត្រូវតែធ្លាក់ទៅក្នុងបាប ហើយសម្រាប់អំពើបាបទាំងអស់របស់យើង យើងត្រូវតែធ្លាក់ទៅក្នុងបឹងភ្លើង។ 
ប៉ុន្តែព្រះបានបញ្ជូនព្រះយេស៊ូវឲ្យយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងដែលត្រូវធ្លាក់ទៅក្នុងបឹងភ្លើង ដោយសារតែអំពើបាបរបស់យើង។ ព្រះនាម «យេស៊ូវ» មានន័យថា «ព្រះអង្គដែលនឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ» (ម៉ាថាយ ១:២១)។ ដូច្នេះ យើងអាចចូលទៅក្នុងស្ថានសួគ៌បាន លុះត្រាតែយើងជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់។ 
 

ដូច្នេះ តើអ្នកណានឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង?

វិវរណៈ ២១:៨ ប្រាប់យើងអំពីអ្នកដែលនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង៖ «តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ»។ 
ជាដំបូង តើអ្នកណាដែលព្រះគម្ពីរហៅថា «ពួកខ្លាច»? នេះសំដៅទៅលើគ្រីស្ទបរិស័ទក្លែងក្លាយទាំងអស់ ដែលមិនបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយដូច្នេះ ពួកគេខ្លាចព្រះ ទោះបើពួកគេជឿព្រះតាមរបៀបមួយក៏ដោយ។ ព្រះបានសម្រេចព្រះទ័យថា មនុស្សដូច្នេះនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង។ ហើយព្រះក៏បានកំណត់រួចហើយដែរថា ពួកដែលមិនជឿ ពួកគួរខ្ពើម ពួកកាប់សម្លាប់ ពួកអាសអាភាស ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកកុហកនឹងត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរកទាំងអស់។ 
ជាប្រពៃណី មានអ្នកថ្វាយបង្គំរូបព្រះជាច្រើននៅក្នុងប្រទេសកូរ៉េ។ សូម្បីតែឥឡូវនេះ វាគឺជារឿងធម្មតា ដែលយើងមើលឃើញមនុស្សថ្វាយបង្គំរូបនៃស្នាព្រះហស្តរបស់ព្រះ ហើយថ្វាយការអធិស្ឋានទៅកាន់រូបទាំងនោះ។ មនុស្សធ្វើដូច្នេះ ពីព្រោះពួកគេល្ងង់ខ្លៅ និងចំកួត។ ព្រះស្អប់ណាស់ នៅពេលមនុស្សថ្វាយបង្គំរូបដែលគ្មានជីវិតផ្សេងៗ ទុកដូចជាពួកវាជាព្រះ។ 
ព្រះបានបង្កើតមនុស្សមកនៅក្នុងរូបអង្គទ្រង់ផ្ទាល់ (លោកុប្បត្តិ ១:២៧)។ មនុស្សជាតិក៏ជាម្ចាស់នៃស្នាព្រះហស្តទាំងអស់ផងដែរ។ ដូច្នេះហើយបានជាយើងត្រូវតែជឿព្រះ។ ដោយសារយើងមានរូបអង្គទ្រង់ផ្ទាល់ យើងរស់នៅជារៀងរហូត ដូចដែលព្រះទ្រង់ផ្ទាល់គង់នៅអស់កល្ប ជានិច្ច។ បន្ទាប់ពីសេចក្តីស្លាប់ មានពិភពអស់កល្បជានិច្ចសម្រាប់យើង។ ដូច្នេះហើយបានជាព្រះបានប្រាប់យើងឲ្យថ្វាយបង្គំទ្រង់ ដែលជាព្រះដ៏អស់កល្បជានិច្ចតែមួយគត់។ ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើង បើសិនយើងថ្វាយបង្គំស្នាព្រះហស្តរបស់ព្រះ? យើងនឹងកំពុងតែប្រព្រឹត្តអំពើបាបដ៏ធំមួយប្រឆាំងនឹងព្រះ ពីព្រោះយើងនឹងកំពុងតែប្រព្រឹត្តអ្វីដែលព្រះស្អប់ជាទីបំផុត គឺការថ្វាយបង្គំរូបព្រះ។ មនុស្សជាតិអាចមានសេចក្តីចំកួតយ៉ាងខ្លាំង។ ព្រះបានសម្រេចព្រះទ័យថា យើងត្រូវតែដឹងថា អស់អ្នកដែលមានជំនឿខុសនេះ នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង។ 
មនុស្សដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក នឹងស្លាប់ពីរដង។ នេះគឺជាអ្វីដែលព្រះទ្រង់ផ្ទាល់បានកំណត់។ សេចក្តីស្លាប់ទីមួយកើតឡើងនៅចុងបញ្ចប់នៃជីវិតដែលមានទុក្ខ បន្ទាប់ពីការរស់នៅលើផែនដីដែលធ្លាក់ចុះនេះ។ ជារឿយៗ យើងនិយាយថា អស់អ្នកដែលដំបូងរស់នៅដោយជើងបួន បន្ទាប់មក ជើងពីរ ជើងបី ហើយបន្ទាប់មក ត្រូវស្លាប់ គឺជាមនុស្សជាតិនេះឯង។ 
បន្ទាប់ពីស្លាប់ម្តងតាមរបៀបនេះ ហើយមនុស្សឈរនៅចំពោះព្រះ ពួកគេទាំងអស់គ្នានឹងប្រឈមនឹងការជំនុំជម្រះរបស់របស់យើង ហើយនៅពេលនេះហើយ ដែលពួកគេប្រឈមនឹងសេចក្តីស្លាប់ទីពីរដែលមានភាពអស់កល្បជានិច្ច គឺការធ្លាក់ទៅក្នុងបឹងភ្លើង។ បើសិនពួកគេគ្រាន់តែត្រូវស្លាប់នៅក្នុងបឹងភ្លើងនេះ ពួកគេពិតជាបានរួចពីការរងទុក្ខរបស់វា។ ប៉ុន្តែនៅក្នុងកន្លែងនេះ ទោះបើពួកគេប្រាថ្នាចង់ស្លាប់យ៉ាងណាក៏ដោយ ក៏ សេចក្តីស្លាប់នឹងរត់ចេញពីពួកគេដែរ។ 
មនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅជារៀងរហូត ហើយមិនប្រឈមនឹងសេចក្តីស្លាប់។ តាមការពិត អត្ថិភាពរបស់មនុស្សជាតិគឺមានភាពអស់កល្បជានិច្ច ដូចដែលពួកគេប្រាថ្នាចង់បាន។ ដូច្នេះហើយបានជានៅពេលមនុស្សស្លាប់ ព្រះគម្ពីរមិនហៅថា ការស្លាប់ទេ ប៉ុន្តែការដេកលក់វិញ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែគេចឲ្យរួចពីសេចក្តីស្លាប់ទីពីរដែលនឹងបោះយើងទៅក្នុងបឹងភ្លើង។ យើងត្រូវតែដឹងពីអ្វីដែលយើងត្រូវធ្វើ ដើម្បីឲ្យមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។ ហើយដើម្បីធ្វើដូច្នេះបាន យើងត្រូវតែជឿព្រះយេស៊ូវយ៉ាងត្រឹមត្រូវ។ 
ជារឿយៗ មនុស្សគិត និងនិយាយថា ព្រះយេស៊ូវ ព្រះពុទ្ធ ខុងជឺ និងម៉ូហាម៉ាត់សុទ្ធតែជាមនុស្សទាំងអស់ ហើយមិនមានបញ្ហាអ្វីទេ ដែលគ្រាន់តែរស់នៅជាមនុស្សល្អម្នាក់។ ដូច្នេះហើយបានជាពួកគេមិនយល់ពីមូលហេតុដែលយើងទទូចឲ្យពួកគេជឿតែព្រះយេស៊ូវមួយគត់។ ប៉ុន្តែទាំងនេះសុទ្ធតែជាគំនិតខុសទាំងអស់។ អ្នក និងខ្ញុំ និងគ្រប់យ៉ាងនៅក្នុងលោកិយនេះ មិនមែនជាអ្វីក្រៅពីស្នាព្រះហស្ត និងមនុស្សជាតិនៅចំពោះព្រះ ឡើយ។ ប៉ុន្តែកាលណាយើងពិនិត្យមើលកំណើតរបស់ព្រះយេស៊ូវ និងអ្វីដែលទ្រង់បានសម្រេចបាន កាលទ្រង់គង់នៅលើផែនដីនេះ យើងទាំងអស់គ្នាអាចដឹងថា ទ្រង់មិនគ្រាន់តែជាមនុស្សដូចជាអ្នកប្រាជ្ញាទាំងបួននោះប៉ុណ្ណោះទេ។ ទ្រង់គឺជាព្រះដែលបានយាងមកផែនដីនេះ នៅក្នុងនិស្ស័យជាមនុស្ស ដើម្បីសង្រ្គោះមនុស្សជាតិ តាមរយៈការទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការទទួលយកទណ្ឌកម្មនៃអំពើបាបជំនួសយើង។ ដូច្នេះ ទ្រង់បានបញ្ចប់ព្រះរាជ្យកិច្ចសង្រ្គោះមនុស្សជាតិចេញពីបាប។ 
កំណើតរបស់ព្រះយេស៊ូវពិសេសជាងកំណើតរបស់មនុស្សធម្មតា។ ទារកទាំងអស់កើតមក តាមរយៈការរួមរស់របស់មនុស្សប្រុសម្នាក់ជាមួយមនុស្សស្រីម្នាក់។ នេះហើយគឺជារបៀបដែលគ្រប់គ្នាបានកើតមកលើផែនដីនេះ។ ប៉ុន្តែព្រះយេស៊ូវបានប្រសូតមក តាមរយៈស្រីក្រមុំព្រហ្មចារីម្នាក់ដែលមិនធ្លាប់ស្គាល់មនុស្សប្រុសណាឡើយ។ ដើម្បីសង្រ្គោះមនុស្សជាតិ ហើយដើម្បីបំពេញសម្រេចព្រះបន្ទូលទំនាយតាំងពី៧០០ឆ្នាំមុន តាម រយៈហោរាអេសាយ ព្រះយេស៊ូវដែលជាព្រះ បានប្រសូតមកជាមនុស្សម្នាក់ តាមរយៈស្រីក្រមុំព្រហ្មចារីម្នាក់ (អេសាយ ៧:១៤)។ ហើយខណៈដែលទ្រង់កំពុងតែគង់នៅលើផែនដីនេះ ទ្រង់មិនគ្រាន់តែបានប្រោសមនុស្សស្លាប់ឲ្យរស់ពីស្លាប់ឡើងវិញ និងព្យាបាលអ្នកជម្ងឺ និងជនពិការប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញផងដែរ។ 
ព្រះដ៏ជាព្រះអម្ចាស់នៃស្នាព្រះហស្ត បានបង្កើតសកលលោកទាំងមូលនេះ បានយាងមកផែនដីនេះ ហើយបានយកនិស្ស័យជាមនុស្ស ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ មូលហេតុដែលយើងត្រូវតែជឿព្រះយេស៊ូវគឺថា ទីមួយ ពីព្រោះទ្រង់គឺជាព្រះ។ ទីពីរ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដើម្បីឲ្យឈ្មោះរបស់យើងមានកត់ទុកនៅក្នុងបញ្ជីជីវិត ហើយយកយើងធ្វើជាកូនដែលឥតបាបរបស់ព្រះ។ បន្ទាប់ពីបានកើតនៅលើផែនដីនេះហើយ យើងទាំងអស់គ្នានឹងស្លាប់ម្តង ហើយបន្ទាប់ការស្លាប់របស់យើង យើងទាំងអស់គ្នានឹងប្រឈមនឹងការជំនុំជម្រះ។ 
ប៉ុន្តែព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន បានទទួលការកាត់ទោសនៅលើឈើឆ្កាងជំនួសយើង ហើយដូច្នេះ បានជួយឲ្យយើងទាំងអស់គ្នាដែលជឿលើព្រះ អាចរស់នៅជាមួយទ្រង់ជារៀងរហូតនៅក្នុងនគរស្ថានសួគ៌របស់ទ្រង់។ នៅក្នុងន័យផ្សេង ដើម្បីសង្រ្គោះយើងចេញពីការជំនុំជម្រះបាប ព្រះទ្រង់ផ្ទាល់បានសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើង។ នេះហើយគឺជាមូលហេតុដែលយើងត្រូវតែជឿព្រះយេស៊ូវ ដែលបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ 
ព្រះយេស៊ូវមិនគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះទេ។ ដោយសារព្រះបានសន្យាជាមួយមនុស្សជាតិថា ទ្រង់នឹងសង្រ្គោះពួកគេ ហើយដោយសារដើម្បីបំពេញសម្រេចសេចក្តីសន្យានេះ ទ្រង់បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ តាមរយៈរូបកាយរបស់នាងក្រមុំព្រហ្មចារីម្នាក់ ហើយដោយសារទ្រង់ពិតជាបានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ យើងទាំងអស់គ្នាត្រូវតែជឿព្រះយេស៊ូវ ដែលជាព្រះ។ កាលណាយើងជឿព្រះយេស៊ូវយ៉ាងត្រឹមត្រូវ ឈ្មោះរបស់យើងមានកត់ទុកនៅក្នុងបញ្ជីជីវិត។ ព្រះបានប្រាប់យើងថា លុះត្រាតែបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចមើលឃើញ និងចូលទៅក្នុងនគរស្ថានសួគ៌បាន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿព្រះយេស៊ូវ។
 


ព្រះយេស៊ូវដែលបានធ្វើជាផ្លូវទៅស្ថានសួគ៌


ដូច្នេះ យើងត្រូវតែដឹងយ៉ាងច្បាស់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។ ព្រះយេស៊ូវបានយាងមកផែនដីនេះ យើងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅទន្លេយ័រដាន់ (ម៉ាថាយ ៣:១៣-១៧)។ ទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីឲ្យទ្រង់អាចទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ (រួមទាំងអំពើបាបរបស់អ្នក និងខ្ញុំ)។ តាមរយៈដៃរបស់លោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទាំងមូល បាបទាំងអស់នៃមនុស្សជាតិទាំងមូលត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ដូច្នេះ បន្ទាប់ពីបានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈលោកយ៉ូហានហើយ ព្រះយេស៊ូវបានបង្ហូរព្រះលោហិត ហើយសុគតនៅលើឈើឆ្កាង។ ហើយបីថ្ងៃបន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
ព្រះអម្ចាស់បានសន្យាថា អ្នកណាដែលជឿលើទ្រង់ នឹងទទួលបានជីវិតអស់ល្បជានិច្ច។ ព្រះបានសម្រេចព្រះទ័យថា អ្នកណាដែលជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់ខ្លួនដាក់លើអង្គទ្រង់ ហើយបានទទួលយកទណ្ឌកម្មទាំងអស់សម្រាប់អំពើបាបទាំងនេះនៅលើឈើឆ្កាង នឹងមិនត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើងទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់នឹងកត់ឈ្មោះរបស់គាត់ទុកនៅក្នុងបញ្ជីជីវិត។ 
ព្រះយេស៊ូវមានបន្ទូលនៅក្នុង យ៉ូហាន ១៤:៦ ថា «ខ្ញុំជាផ្លូវ ជា សេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះ វរបិតាបានឡើយ»។ មនុស្សជាតិត្រូវតែជឿលើព្រះយេស៊ូវបានធ្វើជាផ្លូវទៅស្ថានសួគ៌។ ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់គឺជាព្រះ ហើយទ្រង់គឺជាសេចក្តីពិតតែមួយគត់នៅក្នុងលោកិយនេះ។ ហើយទ្រង់គឺជាព្រះអម្ចាស់នៃជីវិត។ ដើម្បីធ្វើឲ្យប្រាកដថា ឈ្មោះរបស់យើងបានកត់ទុកនៅក្នុងបញ្ជីជីវិត ហើយថា យើងនឹងត្រូវបានស្វាគមន៍ចូលទៅក្នុងនគរស្ថានសួគ៌ យើងទាំងអស់គ្នាត្រូវតែជឿលើព្រះយេស៊ូវ។ 
ដោយសារព្រះយេស៊ូវពិតជាបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅទន្លេយ័រដាន់ យើងត្រូវតែជឿលើទ្រង់ ដែលជាព្រះអង្គដែលបានធ្វើជាព្រះអង្គសង្រ្គោះនៃការធួននឹងបាប។ ហើយដោយសារព្រះយេស៊ូវបានបញ្ចប់សេចក្តីសង្រ្គោះទាំងអស់របស់យើង តាមរយៈការជាប់ឆ្កាង និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ទុកជាទណ្ឌកម្មសម្រាប់អំពើបាបរបស់យើង អ្នក និងខ្ញុំអាចចូលទៅក្នុងស្ថានសួគ៌ឥឡូវនេះបាន។ 
ព្រះយេស៊ូវបានសម្រេចព្រះទ័យថា អ្នកណាដែលនឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង។ អស់អ្នកដែលមិនជឿ ហើយដែលខ្លាច នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើងទាំងអស់។ មិនត្រឹមតែពួកគេប៉ុណ្ណោះទេ ដែលនឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង ដោយសារការមិនជឿ ប៉ុន្តែកូនចៅ និងពូជពង្សរបស់ពួកគេក៏នឹងទទួលរងដូច្នេះផងដែរ។ ដើម្បីទទួលបានសុខភាពល្អខាងសាច់ឈាម និងខាងវិញ្ញាណ គ្រប់គ្នាត្រូវតែជឿ និងជឿទាំងស្រុងលើព្រះយេស៊ូវ។ 
 


បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជរបស់ទ្រង់ តើនឹងមានរឿងអ្វីកើតឡើង?


ព្រះគឺជាអង្គតែមួយគត់ ដែលប្រទានព្រះពរ ឬបណ្តាសាដល់មនុស្សគ្រប់គ្នា។ ដូច្នេះហើយបានជាយើងត្រូវតែជឿលើទ្រង់។ តើអ្នកដឹងពីមូលហេតុដែលជីវិតរបស់មនុស្សជាច្រើនវេទនាខ្លាំងម៉្លេះ? ហើយហើយហេតុអ្វីជាតិសាសន៍ទាំងអស់នៅលើផែនដីនេះធ្លាក់ចុះ? ពីព្រោះព្រះបានមានបន្ទូលថា ទ្រង់នឹងដាក់បណ្តាសាដល់អស់អ្នកដែលស្អប់ទ្រង់ និងថ្វាយបង្គំរូបព្រះ ដល់បីបួនជំនាន់។ ប៉ុន្តែទ្រង់ក៏បានមានបន្ទូលផងដែរថា ទ្រង់នឹងប្រទានពរសម្រាប់មួយពាន់ជំនាន់ ដល់អស់អ្នកដែលបម្រើ និងស្រឡាញ់ព្រះ ហើយរក្សាក្រិត្យវិន័យរបស់ទ្រង់ (និក្ខមនំ ២០:៥-៦)។ 
នេះមិនមានន័យថា បើសិនមនុស្សម្នាក់ជឿលើព្រះយេស៊ូវតាមរបៀបណាមួយ គាត់នឹងទទួលបានព្រះពរ ដោយឥតលក្ខខណ្ឌទេ។ យើងត្រូវតែជឿលើព្រះយេស៊ូវ ជាមួយការយល់ដឹងត្រឹមត្រូវអំពីទ្រង់។ បើសិនមនុស្សជឿថា ព្រះយេស៊ូវគឺជាព្រះដែលបានយាងមកផែនដីនេះ ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈការទទួលយកអំពើបាបទាំងនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់ពួកគេ ដោយការជាប់ឆ្កាងជំនួសពួកគេ ឬនិយាយជារួម បើសិនពួកគេជឿថា ព្រះយេស៊ូវគឺជាព្រះ និងព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់ពួកគេ ព្រះបានមានបន្ទូលថា ទ្រង់នឹងប្រទានពរដល់អស់អ្នកដែលជឿ សម្រាប់មួយពាន់ជំនាន់។ 
ប៉ុន្តែក្នុងពេលជាមួយគ្នា ព្រះក៏បានសន្យានឹងយើងដែរថា ទ្រង់នឹងដាក់បណ្តាសាបីបួនជំនាន់ដល់អ្នកដែលមិនជឿព្រះយេស៊ូវ។ ដូច្នេះហើយបានជាមនុស្សគ្រប់គ្នា ទោះជាអ្នកណាក៏ដោយ ត្រូវតែជឿលើព្រះយេស៊ូវ ហើយមនុស្សគ្រប់គ្នាត្រូវតែស្គាល់ និងជឿតាមសេចក្តីពិតអំពីការបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ។ អ្នកដែលមានជំនឿដូច្នេះ នឹងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ទទួលបានជីវិត ចូលទៅក្នុងស្ថានសួគ៌ ហើយទទួលបានព្រះពរទាំងអស់ដែលព្រះបានប្រទានឲ្យលោកអ័ប្រាហាំពីមុន ខណៈដែលពួកគេនៅលើផែនដីនេះ។ 
យើងត្រូវតែរស់នៅក្នុងព្រះបន្ទូលនេះ ដែលព្រះបានសម្រេចព្រះទ័យសម្រាប់យើង ហើយជំនឿរបស់យើងត្រូវតែត្រឹមត្រូវទាំងស្រុងតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ យើងត្រូវតែដឹង និងជឿលើការពិតថា អ្នកដែលមិនជឿព្រះ នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង ប៉ុន្តែអ្នកដែលជឿ នឹងមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត ហើយទទួលបានការស្វាគមន៍ចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ហើយយើងក៏ត្រូវតែជឿផងដែរថា យើងដែលជឿ នឹងបានរស់នៅម្តងទៀត។ យើងអាចបានកើតជាថ្មីបាន លុះត្រាតែតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ដោយសារគ្មានអ្នកណាម្នាក់អាចរស់នៅ ដោយមិនមានទឹក ដំណឹងល្អអំពីទឹក រួមជាមួយដំណឹងល្អអំពីឈាម គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ ហើយទ្រង់ត្រូវបានជ្រមុជចូលទៅក្នុងទឹក ហើយបន្ទាប់មក បានងើបពីទឹកឡើងវិញ។ នេះមានន័យថា ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់បានទទួលការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើងជំនួសយើង។ ហើយការងើបឡើងពីទឹករបស់ទ្រង់មានន័យថា ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ហើយវាក៏ជាការរស់ពីស្លាប់ឡើងវិញរបស់យើងទាំងអស់គ្នាដែលជឿផងដែរ។ 
យើងជឿទាំងស្រុងថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជរបស់ទ្រង់ទេ តើនឹងមានរឿងអ្វីកើតឡើងចំពោះយើង? នឹងគ្មានផ្លូវសម្រាប់ឲ្យយើងបានរួចពីបឹងភ្លើងឡើយ។ ដោយសារគ្មានអ្នកណាម្នាក់អាចរស់នៅលើផែនដីនេះ ដោយមិនមានទឹកបានទេ ភពផែនដីនេះស្ថិតស្ថេរនៅ ដោយសារតែទឹក។ ដូចគ្នាដែរ បុណ្យជ្រមុជរបស់ព្រះយេស៊ូវមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យើង។ ហើយឈើឆ្កាងរបស់ទ្រង់ក៏មានសារៈសំខាន់ដូចគ្នាដែរ ពីព្រោះវាមានន័យថា ទ្រង់បានទទួលការកាត់ទោសសម្រាប់អំពើបាបរបស់យើងជំនួសយើង។ បើសិនយើងចង់រួចពី បណ្តាសា និងការជំនុំជម្រះរបស់ព្រះ យើងត្រូវតែជឿព្រះ ដោយអស់ពីចិត្ត។ ហើយបើសិនយើងចង់បានស្អាតពីអំពើបាបរបស់យើង យើងត្រូវតែជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ 
ជំនឿរបស់គ្រីស្ទបរិស័ទមិនមែនជាប្រភេទសាសនា ដែលធ្វើឲ្យមនុស្សភ័យញ័រនោះទេ។ គ្រប់គ្នាត្រូវតែជឿព្រះយេស៊ូវ។ អ្នកដែលបានកើតជាថ្មី ត្រូវតែចូលរួមនៅក្នុងពួកជំនុំដែលបានកើតជាថ្មី ហើយស្តាប់ព្រះបន្ទូល ដើម្បីបានរីកចម្រើនខាងជំនឿរបស់ខ្លួន។ 
មនុស្សមួយចំនួនអះអាងថា មនុស្សត្រូវតែជឿព្រះយេស៊ូវ ហើយធ្វើការល្អ ដើម្បីបានសង្រ្គោះ ហើយទទួលបានព្រះពរ ប៉ុន្តែនេះគឺជាការអះអាងរបស់ពួកអ្នកកុហកសុទ្ធ។ ពិតហើយ យើងត្រូវតែរស់នៅជាគ្រីស្ទ បរិស័ទដែលមានគុណធម៌ ហើយដែលធ្វើការល្អ ប៉ុន្តែទាក់ទងនឹងបញ្ហានៃសេចក្តីសង្រ្គោះរបស់យើង និស្ស័យរបស់យើងគឺអាក្រក់ខ្លាំងណាស់ ដែលគ្មានអ្នកណាម្នាក់អាចមានជីវិតខាងសាច់ឈាមគ្រប់លក្ខណ៍មួយរយភាគរយបានឡើយ។ ដូច្នេះហើយបានជាអស់អ្នកដែលអះអាងថា មនុស្សត្រូវតែបានសង្រ្គោះ ដោយសារការប្រព្រឹត្តល្អ គឺសុទ្ធតែជាអ្នកកុហក និងអ្នកបោកបញ្ឆោត ដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
កាលណាយើងទទួលខ្លួនឯងថា យើងតែងតែប្រព្រឹត្តអំពើបាបជានិច្ច កាលណាយើងសញ្ជឹងគិតលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងឈើឆ្កាងដែលទ្រង់បានលីសម្រាប់យើង ចេញពីព្រះបន្ទូលរបស់ព្រះ ហើយកាលណាយើងទទួលយកការទាំងនេះ យើងបានរាប់ជាសុចរិត ឥតមានបាបនៅក្នុងចិត្ត ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅស្ថានសួគ៌។ មុនពេលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត ហើយដឹកនាំ គ្មានអ្នកណាម្នាក់អាចធ្វើល្អបានឡើយ ទោះបើយើងព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ 
ព្រះបានសង្រ្គោះយើង តាមរយៈការដោះអំពើបាបទាំងអស់របស់យើងចេញ។ ដោយមិនបោះយើងទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច ទ្រង់បានកត់ឈ្មោះរបស់យើងទុកនៅក្នុងបញ្ជីជីវិត បានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើង ហើយដោយសារយើងដែលជាកូនក្រមុំបានតែងខ្លួនយ៉ាងស្រស់ស្អាតសម្រាប់កូនកម្លោះ ទ្រង់ក៏បានប្រទានឲ្យយើងនូវតំណាក់ សួនច្បារ និងផ្កាដ៏ស្រស់ស្អាតបំផុតផងដែរ។ ហើយទ្រង់ក៏នឹងដកអស់ទាំងជម្ងឺចេញពីយើងផងដែរ ហើយនឹងគង់នៅជាមួយទ្រង់ជារៀងរហូតនៅក្នុងតំណាក់របស់ទ្រង់។ យើងត្រូវតែជឿលើព្រះយេស៊ូវ សម្រាប់ជាប្រយោជន៍ដល់ជីវិតបន្ទាប់ពីស្លាប់របស់យើង ប៉ុន្តែយើងក៏ត្រូវតែជឿលើទ្រង់ សម្រាប់ជីវិតបច្ចុប្បន្ននេះផងដែរ។ ហើយសម្រាប់ជាប្រយោជន៍ដល់កូនចៅរបស់យើង យើងក៏ត្រូវតែជឿផងដែរ។
តើអ្នកចង់ទទួលបានការស្វាគមន៍ចូលទៅក្នុងស្ថានសួគ៌ ឬចង់ត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើង? តើមរដកប្រភេទណាដែលអ្នកនឹងផ្ទេរទៅឲ្យកូនចៅរបស់អ្នក? ទោះបីជាអ្នកប្រឈមនឹងទុក្ខលំបាក និងការរងទុក្ខមួយចំនួន សម្រាប់ជំនឿរបស់អ្នកនៅក្នុងព្រះយេស៊ូវក៏ដោយ ក៏អ្នកត្រូវតែជឿលើទ្រង់ជានិច្ច ពីព្រោះការធ្វើដូច្នេះនឹងនាំមកនូវព្រះពរដ៏ធំសម្រាប់ទាំងអ្នក និងទាំងកូនចៅរបស់អ្នកដែរ។
ពួកបរិសុទ្ធជាទីស្រឡាញ់របស់ខ្ញុំអើយ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះបានប្រាប់យើងពីមូលហេតុដែលយើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងពីមូលហេតុដែលក្រុមគ្រួសាររបស់យើងត្រូវតែបាន សង្រ្កោះជាមួយយើងដែរ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ។