Search

Sermões

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 21-2] យើងត្រូវតែមានជំនឿ ដែលព្រះទទួលស្គាល់ (វិវរណៈ ២១:១-២៧)

យើងត្រូវតែមានជំនឿ ដែលព្រះទទួលស្គាល់
(វិវរណៈ ២១:១-២៧)
 
ព្រះបានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើង។ ព្រះប្រាប់យើងថា អ្វីដែលអ្នកមើលឃើញនៅពេលនេះ គឺផ្ទៃមេឃ និងផែនដីចាស់ និងគ្រប់ទាំងអស់នៅក្នុងវា នឹងលាយបាត់ទៅ ហើយថា ទ្រង់នឹងប្រទានឲ្យយើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មី និងសមុទ្រថ្មី និងកែគ្រប់ទាំងអស់នៅក្នុងសកលលោកថ្មីនេះជាថ្មីឡើងវិញ។ នេះមានន័យថា ព្រះអម្ចាស់នឹងប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីទុកជាអំណោយទាន ដល់ពួកបរិសុទ្ធដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ។ ព្រះពរនេះគឺជាអំណោយទានមួយពីព្រះ ដែលទ្រង់នឹងប្រទានឲ្យពួកបរិសុទ្ធដែលបានទទួលការអត់ទោសម្រាប់អំពើបាបរបស់ពួកគេ។ 
ដូច្នេះ ព្រះនឹងប្រទានព្រះពរនេះដល់ពួកបរិសុទ្ធដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ ទ្រង់ប្រទានព្រះពរឲ្យពួកបរិសុទ្ធដែលបានទទួលការអត់ទោសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អបរិសុទ្ធអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ ដូច្នេះ ព្រះអម្ចាស់នឹងធ្វើជាកូនកម្លោះរបស់ពួកបរិសុទ្ធ។ ហើយចាប់ពីពេលនេះទៅ អ្វីដែលនៅសល់សម្រាប់កូនក្រមុំធ្វើ គឺត្រូវទទួលបានការការពារ ព្រះពរ និងអំណាចព្រះចេស្តារបស់កូនកម្លោះ ក្នុងនាមជាភរិយារបស់កូនចៀម ហើយរស់នៅក្នុងសិរីល្អនៅក្នុងនគរដែលពេញដោយសិរីល្អរបស់ទ្រង់ជារៀងរហូតតទៅ។ 
បទគម្ពីរក៏ប្រាប់យើងផងដែរថា ទីក្រុងបរិសុទ្ធ ដែលជាទីក្រុង យេរូសាឡិមថ្មី បានចុះមកពីស្ថានសួគ៌។ នេះមិនមែនជាទីក្រុងធម្មតាឡើយ ពីព្រោះវានិយាយថា ទីក្រុងនេះស្រស់ស្អាតដូចជាកូនក្រមុំតែងខ្លួនសម្រាប់កូនកម្លោះរបស់ខ្លួន ចុះពីស្ថានសួគ៌មក។ 
ព្រះបានត្រៀមទីក្រុងបរិសុទ្ធមួយសម្រាប់ពួកបរិសុទ្ធ។ ទីក្រុងនេះគឺជាទីក្រុងយេរូសាឡិម ដែលជាព្រះវិហាររបស់ព្រះ។ ព្រះវិហារនេះត្រូវបានត្រៀមសម្រាប់តែពួកបរិសុទ្ធប៉ុណ្ណោះ។ ហើយវាត្រូវបានរៀបចំផែនការជាយូរមកហើយនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនព្រះអម្ចាស់បានបង្កើតសកលលោកនេះម៉្លេះ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់ ដោយជំនឿរបស់ខ្លួន ហើយថ្វាយសិរីល្អដល់ទ្រង់ សម្រាប់អំណោយទាននៃព្រះគុណនេះ។ 
គ្រប់ការទាំងនេះ គឹពួកបរិសុទ្ធបានធ្វើជារាស្ត្ររបស់ព្រះ ហើយទ្រង់បានធ្វើជាព្រះរបស់ពួកគេ គឺជាព្រះគុណដែលព្រះប្រទានជាអំណោយទានមួយដល់ពួកបរិសុទ្ធ ដោយសារពួកគេជឿតាមព្រះបន្ទូលអំពីសេចក្តីសង្រ្គោះនៃទឹក និងព្រះវិញ្ញាណ។ 
ដូច្នេះ អស់អ្នកដែលមានពរចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយរស់នៅជាមួយទ្រង់ នឹងថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះជារៀងរហូតតទៅ ពីព្រោះព្រះគម្ពីរប្រាប់យើងថា ព្រះនឹងជូតអស់ទាំងទឹកភ្នែករបស់ពួកគេចេញ ហើយនឹងគ្មានសេចក្តីស្លាប់ ឬការយំស្រែក ឬការរងទុក្ខទៀតឡើយ ហើយថា គ្រប់ទាំងអស់ពីមុនបានកន្លងផុតទៅ។ ទោះបីជាលោកិយបច្ចុប្បន្នមានទុក្ខលំបាក ការយំស្រែ ការឈឺចាប់ សេចក្តីស្លាប់ ការទួញយំ និងសេចក្តីក្រៀមក្រំក៏ដោយ ក៏នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី សេចក្តីទាំងអស់នេះនឹងបានកន្លងផុតទៅទាំងអស់ដែរ។ អស់អ្នកដែលរស់នៅក្នុងមេឃថ្មី និងផែនដីថ្មី ដែលព្រះអម្ចាស់បានប្រទានឲ្យ នឹងលែងសម្រក់ទឹកភ្នែកនៃសេចក្តីក្រៀមក្រំ ឬស្រែកយំនៅក្នុងសេចក្តីវេទនាទៀតហើយ។
កាលណាពេលវេលាសម្រាប់ពួកបរិសុទ្ធចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីមកដល់ ផ្ទៃមេឃចាស់ និងផែនដីចាស់ និងទុក្ខលំបាកទាំងអស់របស់វានឹងរលាយបាត់ទៅ ហើយអ្វីដែលរង់ចាំពួកបរិសុទ្ធ គឺត្រូវរស់នៅក្នុងសិរីល្អ និងព្រះពរទាំងអស់ជាមួយព្រះនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីនេះជារៀងរហូត។ ព្រះនឹងបានដកគ្រប់យ៉ាងសេចក្តីមិនគ្រប់លក្ខណ៍នៅក្នុងពិភពលោកចាស់ចេញ ហើយបានធ្វើឲ្យពិភពលោកថ្មីនេះបានគ្រប់លក្ខណ៍ និងឥតខ្ចោះ។
បទគម្ពីរមេនៃជំពូក២១ប្រាប់យើងអំពីផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលនឹងមកដល់ បន្ទាប់ពីការរលាយបាត់ទាំងស្រុងនៃលោកិយនេះ គឺបន្ទាប់ពីនគររាជ្យមួយពាន់ឆ្នាំដែលត្រូវបានបរិយាយនៅក្នុងជំពូក២០ កន្លងផុតទៅ។ នៅក្នុងជំពូក២០ សូម្បីតែអ្វីដែលទាក់ទងពីចម្ងាយនឹងផែនដីនេះ ក៏បានដល់ទីបញ្ចប់របស់វាដែរ។ គ្រារបស់អាទទឹងនឹងព្រះគ្រីស្ទ (សត្វ សាហាវ) ពួកហោរាក្លែងក្លាយ ពួកអ្នកដើរតាមរបស់វា និងអ្នកដែលមិនបានជឿលើព្រះ ប៉ុន្តែបានទាស់ប្រឆាំងនឹងព្រះនៅក្នុងលោកិយនេះ បានកន្លងផុតទៅទាំងអស់។ ដោយសារពួកគេទាំងអស់ត្រូវបានបោះទម្លាក់ទៅក្នុងភ្លើង កាលណានគររាជ្យមួយពាន់ឆ្នាំបានបញ្ចប់ទៅ ឥឡូវនេះ កន្លែងតែមួយគត់ ដែលពួកគេអាចមើលឃើញគឺ ស្ថាននរក។ 
ដូច្នេះ នៅក្នុងជំពូក២១ ព្រះប្រាប់យើងអំពីផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលទ្រង់នឹងប្រទានឲ្យពួកបរិសុទ្ធ គឺជាកន្លែងនៃភាពគ្រប់លក្ខណ៍ ដែលគ្មានមនុស្សមានបាបឡើយ។ ដូចដែលនៅពេលអ្នកចង់ឃើញសត្វព្រៃ អ្នកទៅសួនសត្វ កាលណាពេលវេលាមកដល់ អ្នកណាចង់ឃើញសាតាំង និងពួកអ្នកដើរតាមរបស់វា គាត់នឹងត្រូវធ្វើដំណើរទៅស្ថាននរក។
នៅក្នុងកន្លែងដែលព្រះនឹងប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើង ព្រះអម្ចាស់ក៏នឹងគង់នៅជាមួយយើងផងដែរ។ ព្រះក៏បានបង្កើតទីក្រុងបរិសុទ្ធដែលមានធម្មជាតិ និងសួនច្បារពណ៌បៃតងស្រស់បំព្រងផងដែរ។ កាលណាផ្ទៃមេឃថ្មី និងផែនដីថ្មីមកដល់ គ្រប់ទាំងអស់នៅក្នុងពិភពលោកចាស់ និងសេចក្តីមិនគ្រប់លក្ខណ៍ទាំងអស់របស់វានឹងបានកន្លងផុតទៅ ប៉ុន្តែតែមានតែសេចក្តីពិតប៉ុណ្ណោះ ហើយពួកបរិសុទ្ធគ្រប់លក្ខណ៍នឹងសោយរាជ្យលើនគរស្ថានសួគ៌ទាំងមូលជារៀងរហូតតទៅ។ 
 

ចូរកុំតក់ស្លត់ចំពោះស្ថានភាពបច្ចុប្បន្ន

សម័យបច្ចុប្ប្នន្ននេះគឺជាសម័យនៃសេចក្តីងងឹត និងសេចក្តីអស់ សង្ឃឹម។ សេចក្តីសង្ឃឹមមិនមាននៅក្នុងសម័យនេះ ដែលមានតែអនាគតមិនច្បាស់លាស់ប៉ុណ្ណោះ។ ដូច្នេះ នៅពេលខ្លះ យើងមានអារម្មណ៍ខកចិត្ត និងខ្សោយ ទោះបើយើងកំពុងតែប្រកាសដំណឹងល្អក៏ដោយ។ សម្រាប់ខ្ញុំផ្ទាល់ ជារឿយៗ ចិត្តរបស់ខ្ញុំធ្លាក់ចុះ ដោយសារតែការនេះ ប៉ុន្តែនៅពេលខ្ញុំអានកណ្ឌគម្ពីរវិរណៈ ហើយពន្យល់ពីបទគម្ពីរទាំងឡាយនៅក្នុងកណ្ឌគម្ពីរនេះ ខ្ញុំបានដឹងថា ពួកបរិសុទ្ធ និងពួកអ្នកបម្រើបស់ព្រះដែលប្រឈមនឹងថ្ងៃចុងក្រោយ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ។ ព្រះបានពង្រឹងចិត្តរបស់ខ្ញុំកុំឲ្យមានទុក្ខម្តងទៀត ដោយការធ្វើឲ្យខ្ញុំបានដឹងថា សេចក្តីវេទនា និងការរងទុក្ខបច្ចុប្បន្ននេះមានរយៈពេលតែមួយភ្លែតប៉ុណ្ណោះ ហើយថា ពិភពលោកដ៏ភ្លឺត្រចះត្រង់មួយកំពុងតែនៅចំពោះភ្នែករបស់ខ្ញុំហើយ។ 
បើសិនយើងគ្រាន់តែសម្លឹងទៅស្ថានភាពបច្ចុប្បន្នរបស់យើងប៉ុណ្ណោះ ជីវិតរបស់យើងពិតជាមានការធ្លាក់ទឹកចិត្ត ព្រួយបារម្ភ និងអស់អារម្មណ៍ ហើយយើងងាយនឹងភ័យតក់ស្លត់ ចំពោះទុក្ខលំបាកដែលមកសួរសុខទុក្ខយ៉ាងមិនចេះចប់មិនចេះហើយ ខណៈដែលយើងកំពុងតែបម្រើដំណឹងល្អ។ ប៉ុន្តែដោយសារព្រះពរទាំងអស់របស់ព្រះអម្ចាស់កំពុងតែធ្វើដំណើរមកកាន់យើង ទោះបើយើងមិនអាចមើលឃើញដោយភ្នែកខាងសាច់ឈាមរបស់យើងក៏ដោយ ក៏ចិត្តរបស់យើងបានរួចពីភាពច្របូកច្របល់ទាំងអស់ ហើយបានពេញដោយក្តីសង្ឃឹម និងសេចក្តីអំណរដ៏ធំដែរ។ មូលហេតុដែលយើងមិនចាំបាច់រស់នៅក្នុងសេចក្តីទុក្ខព្រួយគឺថា ព្រះបានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើងរួចទៅហើយ។ 
តើអ្នកជឿលើផ្ទៃមេឃថ្មី និងផែនដីថ្មីដែរទេ? ហើយទោះបីជាអ្នកមិនទាន់ទទួលបានវា តើអ្នកធ្លាប់បានគិតអំពីវាដែរទេ?
ផែនដីនេះក៏មានកន្លែងស្រស់ស្អាតមួយចំនួនផងដែរ។ កាលណាយើងកំពុងតែនិយាយអំពីស្ថានភាពរស់នៅល្អនៅលើផែនដីនេះ ជាទូទៅ យើងកំពុងតែនិយាយអំពីដើមឈើ វាលស្មៅខៀវខ្ចីនៅតាមទន្លេ ផ្កានៅទីវាល និងមនុស្សល្អៗ។ ក៏ត្រូវតែមានទឹកថ្លាឈ្វេងហូរផងដែរ ហើយមិនត្រូវមានមនុស្សអាក្រក់ណាម្នាក់ ឬខ្វះខាតអ្វីសោះឡើយ។ នៅពេលយើងទទួលបានស្ថានភាពបែបនេះ យើងនិយាយថា វាគឺជាស្ថានភាពរស់នៅដ៏អស្ចារ្យបំផុត។ ប៉ុន្តែនៅស្ថានសួគ៌ គ្រប់យ៉ាងគឺគ្រប់លក្ខណ៍ និងល្អប្រសើរយ៉ាងខ្លាំងជាងកន្លែងល្អបំផុតនៅលើផែនដីនេះទៅទៀត។ 
ដូច្នេះ សំណួរសួរថា តើព្រះបានត្រៀម និងប្រទានទីក្រុងបរិសុទ្ធពីស្ថានសួគ៌យ៉ាងល្អឥតខ្ចោះនេះសម្រាប់អ្នកណា? ព្រះបានបង្កើតទីក្រុងនេះសម្រាប់ពួកបរិសុទ្ធ។ ដូច្នេះហើយបានជាយើងទាំងអស់គ្នាអាចបំភ្លេចគ្រប់យ៉ាងអំពីផែនដីចាស់នេះបាន។ នៅក្នុងពិភពលោកបន្ទាប់ ទោះបីជាយើងនឹងរស់នៅក្នុងសិរីល្អនៅក្នុងនគររាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលត្រូវបានបរិយាយនៅក្នុងជំពូក២១ ដែលព្រះពិតជាចង់ប្រទានឲ្យយើង យើងនឹងរស់នៅជាមួយព្រះអម្ចាស់នៅក្នុងសិរីល្អកាន់តែធំទៅទៀតដែរ។ ដើម្បីធ្វើដូច្នេះ ព្រះបានសង្រ្គោះយើង ដោយការបញ្ជូនព្រះយេស៊ូវគ្រីស្ទ ហើយនឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកយើងឡើងទៅស្ថានសួគ៌។ ការរស់នៅជាមួយព្រះអម្ចាស់នៅក្នុងរូបកាយគ្រប់លក្ខណ៍ដូចជារូបកាយរបស់ព្រះយេស៊ូវដែលមានព្រះជន្មរស់ពីសុគតឡើងវិញ ផ្តល់នូវរូបភាពដ៏ឥតខ្ចោះមួយអំពីជីវិតដ៏មានពរយ៉ាងធំ ដែលកំពុងតែរង់ចាំយើង។ 
ដើម្បីប្រទាននគរនៃផ្ទៃមេឃថ្មី និងផែនដីថ្មី ព្រះបានធ្វើឲ្យអ្នក និងខ្ញុំបានកើតមកនៅលើផែនដីនេះ ហើយទ្រង់បានសង្រ្គោះយើង។ បើសិនពួកបរិសុទ្ធរស់នៅក្នុងលោកិយនេះ ដោយដឹងពីទិព្វញ្ញាណរបស់ព្រះ ពួកគេអាចរស់នៅបានយ៉ាងល្អ ដោយមិនប្រឈមនឹងទុក្ខលំបាក ការរងទុក្ខ សេចក្តីក្រៀមក្រំ ឬការធ្លាក់ទឹកចិត្តឡើយ។ តាមរយៈការសម្លឹងទៅឯអ្វីដែលព្រះអម្ចាស់បានធ្វើ និងអ្វីដែលទ្រង់នឹងធ្វើសម្រាប់យើងនៅពេលអនាគត យើងអាចរស់នៅយ៉ាងក្លាហាន និងវិជ្ជមានបាន។ 
ប៉ុន្តែបើសិនយើងសម្លឹងមើលខ្លួនយើង និងស្ថានភាពអស់សង្ឃឹមនៃនយោបាយ សេដ្ឋកិច្ច និងសង្គមនៅលើផែនដីនេះ យើងគ្មានអ្វីក្រៅពីត្រូវអស់សង្ឃឹមនោះឡើយ។ អ្នក និងខ្ញុំមិនត្រូវភ្លេចថា ព្រះបានប្រទានឲ្យយើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មីរួចហើយ ហើយស្ថានសួគ៌នេះគឺជាកម្មសិទ្ធិរបស់យើង។ នេះគឺជាការពិត។ ទោះបីជាលោកិយនេះព្យាយាមធ្វើឲ្យអ្នកមានទុក្ខព្រួយក៏ដោយ ចូរកុំកើតទុក្ខព្រួយ ដោយសារវាឲ្យសោះ ប៉ុន្តែចូរសម្លឹងទៅឯព្រះអម្ចាស់វិញ។ ហើយរស់នៅក្នុងជីវិតប្រកបដោយសេចក្តីសង្ឃឹម ដោយជឿថា ព្រះអម្ចាស់ពិតជាប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់ពួកបរិសុទ្ធរបស់ទ្រង់រួចហើយ។ 
ព្រះបានមានបន្ទូលថា ទ្រង់នឹងកែគ្រប់យ៉ាងជាថ្មី។ ទ្រង់បានប្រាប់យើងសាវកយ៉ូហានឲ្យសរសេរព្រះបន្ទូលទាំងនេះទុក ដែលទ្រង់នឹងកែគ្រប់យ៉ាងជាថ្មី «ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ »។ អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ក៏នឹងទទួលបានព្រះពរទាំងនេះនៃការរស់នៅក្នុងកន្លែងមួយ ដែលព្រះនឹងបានកែគ្រប់យ៉ាងជាថ្មី។ នេះមិនមែនជាអ្វីមួយ ដែលយើងអាចប្រើគំនិតរបស់យើងស្រមៃចង់បានបានឡើយ ប៉ុន្តែវាគឺជាព្រះពរដែលព្រះបានត្រៀមសម្រាប់ពួកបរិសុទ្ធរបស់ទ្រង់។ ដូច្នេះ ពួកបរិសុទ្ធ និងគ្រប់ទាំងអស់នឹងថ្វាយសិរីល្អ ការ អរព្រះគុណ កិត្តិយស និងការសរសើរតម្កើងទាំងអស់ដល់ព្រះជារៀងរហូតតទៅ សម្រាប់ការបំពេញសម្រេចព្រះរាជកិច្ចដ៏អស្ចារ្យនេះ។ 
ព្រះគម្ពីរនិយាយថា «រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ ទោះបីជាយើងមិនអាចមើលឃើញការទាំងនេះ ដោយភ្នែករបស់យើងក៏ដោយ ក៏ពួកវាគឺជាការពិតដែរ។ យើងបានសង្ឃឹមថា យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយតាមរយៈការជឿលើសេចក្តីសង្រ្គោះរបស់យើង យើងពិតជាបានសង្រ្គោះមែន។ ហើយដោយសារបន្ទាប់ពីបានសង្រ្គោះយើង យើងបានសង្ឃឹមចង់រស់នៅជារៀងរហូតនៅក្នុងពិភពលោកដ៏គ្រប់លក្ខណ៍ និងពេញលេញមួយ ដែលមិនខ្វះអ្វីសោះ ព្រះពិតជាបានបំពេញសម្រេចសេចក្តីសង្ឃឹមនេះសម្រាប់យើង មែន។ គ្រប់យ៉ាងដែលយើងសង្ឃឹមចង់បាន នឹងកើតឡើងជាពិត ពីព្រោះសេចក្តីសង្ឃឹមទាំងអស់របស់យើងគឺពិត។ 
នៅក្នុង វិវរណៈ ១០ នៅពេលព្រះអម្ចាស់បានមានបន្ទូលទៅកាន់សាវកយ៉ូហាន តាមរយៈទេវតារបស់ទ្រង់ដែលបានឈរនៅដីគោក និង សមុទ្រ ហើយនៅពេលសាវកយ៉ូហានបានព្យាយាមកត់ត្រាទុក ព្រះបានប្រាប់យើងមិនកត់ទុក។ ក្នុងចំណោមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូល មានព្រះបន្ទូលមួយចំនួន ដែលទ្រង់មិនបានអនុញ្ញាតឲ្យមានការកត់ទុកទេ ពីព្រោះវាគឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះ ដែលទ្រង់នឹងបើកសម្តែងទៅកាន់ពួកបរិសុទ្ធរបស់ទ្រង់តែប៉ុណ្ណោះ។ 
សេចក្តីអាថ៌កំបាំងនេះគឺជាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ ដើម្បីដឹងយ៉ាងច្បាស់លាស់ថា នៅពេលណាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង ជាដំបូង យើងត្រូវតែដឹងថា ត្រែទី៧របស់ព្រះគឺជាសញ្ញាប្រាប់ពីការដោះស្រាយសេចក្តីអាថ៌កំបាំងនេះ។ ដូច្នេះ តើត្រែទី៧នឹងបន្លឺសម្លេងឡើងនៅពេលណា? ត្រែទី៧នឹងបន្លឺសម្លេងឡើង កាលណារយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំកន្លងផុតទៅបន្តិច។ នេះគឺជាពេលវេលាដែលការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធនឹងកើតឡើង។ ហើយកាលណាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌បញ្ចប់ទៅ គ្រោះកាចនៃចានទាំង៧នឹងធ្លាក់មកភ្លាមៗតែម្តង។ 
ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំបានរៀបចំការប្រជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ជាមួយនឹងប្រធានបទ «ពួកជំនុំទាំងប្រាំពីរនៅអាស៊ីមីន័រ»។ ហើយខ្ញុំក៏បានសរសេរសៀវភៅមួយអំពីពួកជំនុំទាំងប្រាំពីរនៅអាស៊ីមីន័រផងដែរ ហើយខ្លឹមសារបស់វាស៊ីគ្នានឹងអ្វីដែលខ្ញុំបានពន្យល់អំពីបទគម្ពីរនៅទីនេះ។ ដោយសម្លឹងមើលសេចក្តីអធិប្បាយទាំងឡាយនៅក្នុងសៀវភៅ ខ្ញុំអាចដឹងថា ទោះបីជាពេលវេលាបានប្រែប្រួលយ៉ាងច្រើនក៏ដោយ ក៏ព្រះបន្ទូលព្រះមិនបានប្រែប្រួលសូម្បីតែបន្តិចដែរ។ 
តើអ្នកចង់រស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានរៀបចំសម្រាប់អ្នក និងខ្ញុំដែរទេ? នៅទីនោះ លែងមានភាពមិនគ្រប់លក្ខណ៍ពីលោកិយនេះទៀតហើយ។ នៅពេលព្រះបានមានបបន្ទូលថា ទ្រង់នឹងកែគ្រប់យ៉ាងជាថ្មី មនុស្សមួយចំនួនអាចកាត់ស្រាយថា ទ្រង់នឹងផ្លាស់ប្រែអ្វីដែលមានរួចទៅហើយឡើងវិញ គឺជាការកែច្នៃវត្ថុប្រើរួចហើយ។ ប៉ុន្តែចេញពីជំពូក២១ វាគឺជាពិភពថ្មីស្រឡាងមួយ ដែលខុសទាំងស្រុងពីពិភពលោកចាស់។ ហើយអ្នកដែលបានកើតជាថ្មី នឹងមានចំណែកនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីនេះ ពីព្រោះពួកគេគឺជាអ្នកបានអំណាចព្រះចេស្តារបស់ព្រះ។ នៅក្នុងន័យផ្សេង ពីព្រោះពួកគេគឺជាអ្នកទទួលបានពិភពរបស់ព្រះ។ 
ជំនួសឲ្យការផ្អែកគំនិតទាំងអស់របស់យើង ទៅលើទស្សនៈខាងលោកិយនេះ យើងត្រូវតែគិតនៅក្នុងពិភពខាងវិញ្ញាណវិញ។ ខ្ញុំអធិស្ឋានថា អ្នកនឹងបានធ្វើជាពួកបរិសុទ្ធ និងពួកអ្នកបម្រើ ដែលជឿតាមអ្វីដែលព្រះពិតជាបានប្រទានឲ្យព្រលឹងរបស់យើង ហើយជឿថា ទោះបីជាការទាំងនេះមិនទាន់បានសម្រេចក៏ដោយ ក៏វាពិតជានឹងបានសម្រេចជាក់ជាមិនខាន។ ព្រះបានប្រទានព្រះដ៏ធំដល់យើង។ 
ព្រះបានមានបន្ទូលថា ទ្រង់នឹងប្រទានរន្ធទឹកជីវិតដោយឥតគិតថ្លៃ ដល់អ្នកណាដែលស្រេក។ ព្រះបន្ទូលនេះមិនសំដៅទៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ កាលណាមនុស្សជឿថា ព្រះបានសង្រ្គោះពួកគេចេញពីការស្រេករបស់ពួកគេ ដោយការប្រទានដំណឹងល្អរបស់ទ្រង់នៅលើផែនដីនេះ ហើយការសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ គឺវាដូចជាការផឹកជីវិតដែរ។ ប៉ុន្តែបទគម្ពីរនៅទីនេះមិនមានន័យដូច្នេះទេ ប៉ុន្តែចង់សំដៅទៅលើទឹកជីវិតពិតប្រាកដ ដែលពួកបរិសុទ្ធនឹងផឹកនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ អ្នកណាដែលផឹកទឹកជីវិតនេះហើយ នឹងមិនស្លាប់ឡើយ ប៉ុន្តែរូបកាយរបស់ពួកគេនឹងផ្លាស់ប្រែដូចជារូបការរបស់ព្រះអម្ចាស់ ហើយពួកគេនឹងរស់នៅជាមួយទ្រង់ជារៀងរហូតតទៅ។ 
ព្រះអម្ចាស់បានរៀបចំផែនការ ហើយបានបំពេញសម្រេចការទាំងអស់នេះ ចាប់ពីដើមដំបូង រហូតដល់ចុងបញ្ចប់។ គ្រប់ការទាំងអស់ដែលព្រះអម្ចាស់បានធ្វើ គឺទ្រង់បានធ្វើសម្រាប់អង្គទ្រង់ និងសម្រាប់ពួកបរិសុទ្ធរបស់ទ្រង់។ ដូច្នេះ ឥឡូវនេះ ពួកបរិសុទ្ធត្រូវបានព្រះហៅថា របស់ព្រះ គ្រីស្ទ ហើយបានធ្វើជាកូនពិតប្រាកដរបស់ព្រះ ស្របតាមផែនការរបស់ ទ្រង់។ ឥឡូវនេះ អស់អ្នកដែលបានធ្វើជាពួកបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចដឹងថា ពួកគេមិនខ្វះអ្វី ដើម្បីថ្វាយការអរព្រះគុណ និងការសរសើរតម្កើងដល់ព្រះអម្ចាស់ ចេញពីជំនឿរបស់ពួកគេលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ និងព្រះរាជកិច្ចដ៏អស្ចារ្យទ្រង់ឡើយ។ 
ហើយព្រះអម្ចាស់បានមានបន្ទូលថា «អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ»។ ទ្រង់ពិតជាបានប្រទានរន្ធទឹកជីវិតដល់ពួកបរិសុទ្ធរបស់ទ្រង់ ហើយបានអនុញ្ញាតឲ្យពួកគេទទួលបានជីវិតអស់កល្បជានិច្ច។ នេះគឺជាអំណោយទានដ៏អស្ចារ្យបំផុត ដែលព្រះបានប្រទានឲ្យពួកបរិសុទ្ធរបស់ទ្រង់។ ឥឡូវនេះ ពួកបរិសុទ្ធត្រូវរស់នៅជារៀងរហូតនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយផឹកទឹកពីរន្ធទឹកជីវិត ដែលធ្វើឲ្យពួកគេមិនស្រេកម្តងទៀតឡើយ។ នៅក្នុងន័យផ្សេង ឥឡូវនេះ ពួកបរិសុទ្ធបានធ្វើជាកូនរបស់ព្រះ ដែលមានជីវិតអស់កល្បជានិច្ច ដូចជាព្រះអម្ចាស់ដែរ ហើយរស់នៅក្នុងសិរីល្អ។ ដូច្នេះ ខ្ញុំសូមថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះអម្ចាស់ម្តងទៀត សម្រាប់ការប្រទានឲ្យយើងនូវព្រះដ៏ធំនេះ។ 
 


ជំនឿតាមដំណឹងល្អពិតជួយឲ្យយើងអាចយកឈ្នះលើលោកិយនេះ

 
ឥឡូវនេះ សាវកយ៉ូហានត្រឡប់ទៅសម័យបច្ចុប្បន្នរបស់គាត់វិញ ហើយ។ ខ.៧និយាថា «ឯអ្នកណាដែលឈ្នះ នឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ»។ «អ្នកណាដែលឈ្នះ» នៅទីនេះ សំដៅទៅលើអស់អ្នកដែលការពារជំនឿរបស់ពួកគេ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ជំនឿនេះជួយឲ្យពួកបរិសុទ្ធទាំងអស់យកឈ្នះលើសេចក្តីល្បួង និងទុក្ខលំបាកទាំង អស់។ ជំនឿរបស់យើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងសេចក្តីស្រឡាញ់ដ៏ពិតរបស់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ គឺជាអ្វីដែលផ្តល់ឲ្យយើងនូវជ័យជំនះ លើអំពើបាបទាំងអស់របស់លោកិយនេះ លើការជំនុំជម្រះរបស់ព្រះ លើពួកខ្មាំងសត្រូវរបស់យើង លើភាពខ្សោយរបស់យើង និងការបៀតបៀនរបស់អាទទឹងនឹងព្រះគ្រីស្ទ។ 
ខ្ញុំសូមថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះអម្ចាស់របស់យើង សម្រាប់ការប្រទានឲ្យយើងនូវជ័យជំនះលើគ្រប់ទាំងអស់។ ពួកបរិសុទ្ធដែលជឿលើព្រះអម្ចាស់ អាចយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿរបស់ពួកគេបាន ពីព្រោះព្រះអម្ចាស់បានប្រទានឲ្យពួកគេម្នាក់ៗនូវជំនឿដែលអាចយកឈ្នះ នៅក្នុងការតយុទ្ធរបស់ពួកគេជាមួយនឹងពួកខ្មាំងសត្រូវទាំងអស់របស់ពួកគេបាន។ ឥឡូវនេះ ព្រះបានអនុញ្ញាតឲ្យពួកបរិសុទ្ធដែលបានយកឈ្នះលើលោកិយនេះ និងអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿរបស់ពួកគេ ចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះ ខ្ញុំសូមថ្វាយការអរព្រះគុណ និងការសរសើរតម្កើងដល់ព្រះរបស់យើង សម្រាប់ការប្រទានឲ្យយើងនូវជំនឿដ៏ខ្លាំងនេះ។ 
ព្រះបានមានបន្ទូលថា សម្រាប់អស់អ្នកដែលយកឈ្នះ ព្រះនឹងប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ទុកជាមរដក ដែលនៅទីនោះគ្មានទឹកភ្នែក ទុក្ខសោក ឬការបារម្ភអ្វីឡើយ។ មានតែអ្នកដែលយកឈ្នះប៉ុណ្ណោះ ទើបសមនឹងទទួលបានព្រះពរនេះ។ ជំនឿនៃជ័យជំនះនេះគឺជាជំនឿតាមដំណឹល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង ហើយដែលជួយឲ្យយើងអាចយកឈ្នះលើលោកិយនេះ អំពើបាបរបស់យើង ភាពខ្សោយរបស់យើង និងអាទទឹងនឹងព្រះគ្រីស្ទបាន។ 
ក្នុងពេលដ៏ឆាប់ យើងនឹងទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មីពីព្រះជារង្វាន់សម្រាប់ជំនឿរបស់យើងដែលយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ។ ដោយសារយើងនឹងទទួលបានព្រះពរទាំងអស់នេះ សម្រាប់ជំនឿរបស់យើង កាលណាអាទទឹងនឹងព្រះគ្រីស្ទទាស់ប្រឆាំងនឹងយើង ហើយព្យាយាមឆក់យកជំនឿរបស់យើង យើងអាចយកឈ្នះលើគម្រោងការអាក្រក់ទាំងអស់របស់ពួកខ្មាំងសត្រូវរបស់យើង ដោយជំនឿបាន។ អ្នកដែលយកឈ្នះ ជឿតាមព្រះបន្ទូលព្រះ ទោះបើអ្នកដទៃនិយាយយ៉ាងដូចម្តេចក៏ដោយ។ យើងដែលកំពុងតែរស់នៅក្នុងថ្ងៃចុងក្រោយ បន្ទាប់ពីបានទទួលការអត់ទោសបាបរបស់យើង និងបានកើតជាថ្មីហើយ ត្រូវតែយកឈ្នះលើគម្រោងការអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿ។
តាមរយៈជំនឿរបស់យើងតាមសេចក្តីពិតថា ព្រះអម្ចាស់បានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មី ទ្រព្យសម្បត្តិ និងសិរីល្អទាំងអស់ដល់យើង យើងអាចយកឈ្នះលើសេចក្តីវេទនាដ៏ធំដែលមានរយៈពេលខ្លីបាន។ កាលណាពិភពលោកប្រសើរជាងមួយរង់ចាំយើង តើយើងពិតជាអាចក្បត់ដំណឹងល្អអំពីជំនឿនេះបានដែរទេ? បើសិនថ្ងៃស្អែកនាំការប្រសើរជាងមកដល់យើង នៅពេលការអស្ចារ្យទាំងឡាយរង់ចាំយើង បើសិនយើងគ្រាន់តែស៊ូទ្រាំសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ តើយើងនឹងអាចស៊ូទ្រាំនឹងទុក្ខលំបាកសម្រាប់ថ្ងៃនេះបានដែរទេ? យើងទាំងអស់គ្នាអាចស៊ូទ្រាំបាន។ 
ជារឿយៗ ព្រះគម្ពីរប្រាប់យើងអំពី «សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់» ដែលជាគុណតម្លៃចាំបាច់ ដែលពួកបរិសុទ្ធគួរតែចងចាំទុកនៅក្នុងគំនិត។ អ្នកដែលមានសេចក្តីសង្ឃឹម មានសមត្ថភាពលើសពីគ្រប់គ្រាន់ ក្នុងការយកឈ្នះលើសេចក្តីវេទនានាពេលបច្ចុប្បន្ន ដោយការជឿថា ព្រះពរទាំងអស់ដែលព្រះបានប្រទានឲ្យពួកគេ គឺជាការពិត។ ហើយដោយសារគ្រោះកាចនៅថ្ងៃចុងក្រោយ ស្ថិតស្ថេរនៅតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយដោយសារព្រះក៏នឹងប្រទានដល់ពួកបរិសុទ្ធនូវផ្លូវ ដើម្បីគេចចេញពីគ្រោះកាចទាំងនោះ យើងទាំងអស់គ្នាអាចស៊ូទ្រាំបាន។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្នកនឹងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយរស់នៅទីនោះ ដោយជំនឿ។ 
នៅក្នុងពិភពជំនឿ ព្រះបន្ទូលទាំងនេះត្រូវតែប៉ះពាល់ចិត្តរបស់អ្នក តាមរយៈជំនឿ ជាជាងស្បែក និងសាច់របស់អ្នក។ កាលណាវាកើតឡើងដូច្នេះ ចិត្តរបស់អ្នកនឹងត្រឡប់ជាខ្លាំង ដូចជាទទួលបានកម្លាំងថ្មីអញ្ចឹង ហើយវានឹងមានសេចក្តីសង្ឃឹម។ 
នៅថ្ងៃចុងក្រោយ ពួកបរិសុទ្ធទាំងអស់នឹងត្រូវបានគេសម្លាប់ ដោយសារជំនឿរបស់ពួកគេ។ ដោយសម្លឹងទៅឯសេចក្តីសង្ឃឹមរបស់យើងទៅលើផ្ទៃមេឃថ្មី និងផែនដីថ្មី យើងអាចមានសមត្ថភាពលើសពីគ្រប់គ្រាន់ ក្នុងការស៊ូធ្វើទុក្ករកម្ម ដោយកម្លាំងថ្មីបាន។ 
តាមនិស្ស័យរបស់ទ្រង់ ព្រះអម្ចាស់គឺជាព្រះនៃសេចក្តីពិត និងព្រះនៃសេចក្តីស្រឡាញ់។ ដូច្នេះ តើអ្នកណាគឺជាមនុស្សដែលខ្លាចនៅចំពោះព្រះ? ពួកគេគឺជាអ្នកដែលបានកើតមកជាមួយបាបតាំងពីកំណើត ហើយដែលមិនបានស្អាតពីអំពើបាបទាំងអស់របស់ខ្លួន ដោយសារព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ដោយសារនៅក្នុងនិស្ស័យរបស់ពួកគេ ពួកគេថ្វាយបង្គំមនុស្សអាក្រក់ជាជាងថ្វាយបង្គំព្រះ ពួកគេបានក្លាយជាពួកបាវបម្រើរបស់សាតាំង។ ដោយសារពួកគេថ្វាយបង្គំពួកអាក្រក់នៅចំពោះព្រះអម្ចាស់ ហើយដោយសារពួកគេស្រឡាញ់ និងដើរតាមសេចក្តីងងឹតជាជាងពន្លឺ ពួកគេគឺជាមនុស្សខ្លាចនៅចំពោះព្រះអម្ចាស់។ អស់អ្នកដែលខ្លាចនៅចំពោះព្រះ នឹងចូលរួមនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រអស់កល្បជានិច្ច។ 
វាគឺជាការពិតថា មនុស្សទាំងនេះដែលជាសេចក្តីងងឹត ដោយសារតែអំពើបាបនៅក្នុងចិត្តរបស់ពួកគេ ត្រូវតែខ្លាចព្រះ។ ដោយសារព្រលឹងរបស់អស់អ្នកដែលជារបស់សាតាំង ស្រឡាញ់សេចក្តីងងឹត ពួកគេខ្លាចនៅចំពោះព្រះយេស៊ូវដែលបានធ្វើជាពន្លឺ។ ដូច្នេះហើយបានជាពួកគេត្រូវបានយកភាពខ្សោយ និងភាពអាក្រក់របស់ពួកគេទៅចំពោះព្រះ ហើយទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេពីទ្រង់។ អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ គឺជាមនុស្សមានបាបធ្ងន់ធ្ងរបំផុតនៅចំពោះព្រះ ហើយជាពួកខ្មាំងសត្រូវរបស់ទ្រង់។
ដោយសារព្រលឹងរបស់ពួកគេគឺជារបស់ពួកគួរស្អប់ខ្ពើម ហើយដោយសារពួកគេទាស់ប្រឆាំងនឹងព្រះ ស្រឡាញ់ និងប្រព្រឹត្តអំពើបាបទាំងអស់ ដើរតាមទីសម្កាល់ក្លែងក្លាយ ថ្វាយបង្គំរូបព្រះគ្រប់ប្រភេទ និងនិយាយសេចក្តីកំភូតគ្រប់ទាំងអស់ ពួកគេទាំងអស់នឹងត្រូវបានបោះទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ដោយសារការជំនុំជម្រះដ៏សុចរិតរបស់ព្រះ។ នេះគឺជាទណ្ឌកម្មនៃសេចក្តីស្លាប់លើកទីពីររបស់ពួកគេ។ 
សេចក្តីស្លាប់លើកទីពីរ គឺសម្រាប់អ្នកដែលនឹងត្រូវទៅស្ថាននរក ហើយពួកគេគឺជាអ្នកខ្លាចដែលមិនជឿ គួរខ្អប់ខ្ពើម កាប់សម្លាប់គេ អាសអាភាស ប្រើមន្តអាគម ថ្វាយបង្គំរូបព្រះ រួមជាមួយអាទទឹងនឹងព្រះ គ្រីស្ទ និងពួកអ្នកដើរតាមរបស់វាផង ដែលមិនទទួលយកសេចក្តីស្រឡាញ់របស់ព្រះនៅពេលនេះ។ អ្នកដែលមិនជឿទ្រង់ គឺជាមនុស្សអាក្រក់បំផុត។ ព្រះគម្ពីរប្រាប់យើងថា មនុស្សអាក្រក់ទាំងនេះនឹងត្រូវបានបោះទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ ដូច្នេះហើយបានជាព្រះគម្ពីរហៅវាជាសេចក្តីស្លាប់លើកទីពីរ។ 
អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីពីរ នឹងមិនស្លាប់ឡើយ ទោះបើពួកគេត្រូវបានបោះចូលទៅក្នុងភ្លើងក៏ដោយ ហើយសម្រាប់គោលបំណងនៃការធ្លាក់ទៅក្នុងភ្លើងនេះ ពួកគេត្រូវតែរស់ពីស្លាប់ឡើងវិញនៅក្នុងរូបកាយដែលនឹងរស់នៅជារៀងរហូត។ 
ពួកអ្នកមិនជឿព្រះ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីធ្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ ការរស់ពីស្លាប់ឡើងវិញលើកទីពីរ ដែលនឹងនាំការរងទុក្ខអស់កល្បជានិច្ចនៅក្នុងភ្លើងនរក ដោយមិនស្លាប់ ត្រូវបានត្រៀមទុកសម្រាប់មនុស្សទាំងនេះដែលមិនជឿ។ 
មួយរយៈពេលខ្លីបន្ទាប់ការចាក់ចានទាំង៧ ដែលមានគ្រោះកាចទាំង៧មក នគររាជ្យមួយពាន់ឆ្នាំនឹងត្រូវបានបំពេញសម្រេច ហើយកាលណា រយៈពេលមួយពាន់ឆ្នាំកន្លងផុតទៅ ពួកបរិសុទ្ធនឹងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ នៅក្នុងឃ្លាថា «ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម» ភរិយារបស់កូនចៀមសំដៅទៅលើអស់អ្នកដែលបានសង្រ្គោះ ដោយសារ និងដោយសារការជឿដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ 
 


សម្រស់ និងសិរីល្អនៃទីក្រុងបរិសុទ្ធល្អអស្ចារ្យបំផុត


ទីក្រុងយេរូសាឡិមសំដៅទៅលើទីក្រុងបរិសុទ្ធ ដែលពួកបរិសុទ្ធត្រូវរស់នៅជាមួយកូនកម្លោះរបស់ពួកគេ។ ទីក្រុងដែលសាវកយ៉ូហានបានមើលឃើញគឺពិតជាស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។ វាមានទំហំធំ ដែលលម្អរដោយត្បូងដ៏មានតម្លៃ ហើយភ្លឺថ្លា។ ទេវតាបានបង្ហាញប្រាប់សាវកយ៉ូហានពីកន្លែង ដែលកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទនឹងរស់នៅជា មួយកូនកម្លោះរបស់ពួកគេ។ 
ចូរស្រមើស្រមៃថា យើងកំពុងតែរស់នៅក្នុងព្រះរាជវាំងដែលលម្អរដោយត្បូងដ៏មានតម្លៃ។ នៅខាងក្នុងទីក្រុងនេះ មានលម្អរដោយត្បូងដ៏មានតម្លៃជាច្រើនប្រភេទ ហើយអស់អ្នកដែលបានធ្វើជាកូនក្រមុំរបស់កូនចៀម នឹងរស់នៅទីនោះជារៀងរហូត។ ទីក្រុងនេះគឺជាអំណោយទានពីព្រះ ដែលទ្រង់នឹងប្រទានដល់ភរិយារបស់កូនចៀម។ បទគម្ពីរប្រាប់យើងថា ទីក្រុងយេរូសាឡិមបញ្ចេញពន្លឺយ៉ាងភ្លឺ ហើយពន្លឺរបស់វាដូចជាត្បូងដ៏មានតម្លៃបំផុត ដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ។
ដូច្នេះ សិរីល្អនៃព្រះនៅជាមួយទីក្រុងនេះ និងអស់អ្នកដែលរស់នៅក្នុងវា។ ពិភពរបស់ព្រះគឺជាពិភពនៃពន្លឺ ហើយដូច្នេះ មានតែអ្នកដែលបានស្អាតពីសេចក្តីងងឹត ភាពខ្សោយ និងអំពើបាបទាំងអស់របស់ខ្លួនប៉ុណ្ណោះ ទើបអាចចូលទៅរស់នៅក្នុងទីក្រុងនេះបាន។ ដូច្នេះ ដើម្បីចូលទៅក្នុងទីក្រុងនេះ យើងទាំងអស់គ្នាត្រូវតែជឿតាមព្រះបន្ទូលពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើងតែប៉ុណ្ណោះ។ 
បទគម្ពីរនិយាយថា ទីក្រុងមានកំផែងដ៏ធំ និងខ្ពស់ ហើយមានទ្វារដប់ពីរ។ ហើយនៅលើទ្វារ មានសរសេរឈ្មោះរបស់ពូជអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល។ ព្រះប្រាប់យើងថា ទ្រង់ពិតជាបានត្រៀមទីក្រុងនេះ ដែលមានកំផែងដ៏ធំ និងខ្ពស់ សម្រាប់ពួកបរិសុទ្ធរបស់ទ្រង់រួចហើយ។ 
នេះគឺជាការចង្អុលបង្ហាញខាងវិញ្ញាណថា ផ្លូវចូលទៅទីក្រុងបរិសុទ្ធនេះមានភាពលំបាកខ្លាំងណាស់។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា ការបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងនៅចំពោះព្រះ មិនអាចកើតឡើង ដោយសារការខិតខំរបស់មនុស្ស ឬទ្រព្យសម្បត្តិខាងលោកិយនេះបានឡើយ។ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ វាតម្រូវឲ្យយើងមានជំនឿដូចជាជំនឿរបស់ពួកសាវកទាំងដប់ពីរបស់ព្រះយេស៊ូវ ដែលជឿតាមសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ គ្មានអ្នកណាម្នាក់ដែលមិនមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចចូលទៅក្នុងទីក្រុងបរិសុទ្ធនេះបានឡើយ។ 
ព្រះអម្ចាស់បានចាត់ទេវតាដប់ពីរឲ្យធ្វើជាឆ្មាំយាមទ្វារទីក្រុងនេះ។ ឃ្លាថា «ហើយមានឈ្មោះឆ្លាក់ទុក [លើទ្វារ]» ប្រាប់យើងថា ទីក្រុងនេះមានម្ចាស់រួចទៅហើយ ហើយម្ចាស់នោះគឺជាព្រះ និងរាស្ត្ររបស់ទ្រង់ ហើយទីក្រុងគឺជារបស់រាស្ត្ររបស់ទ្រង់ដែលបានធ្វើជាកូនរបស់ទ្រង់។ 
ទីក្រុងនេះមានទ្វារបីនៅក្នុងទិសនីមួយៗរបស់វា គឺខាងត្បូង ខាងកើត ខាងជើង និងខាងលិច។ ខ្ញុំប្រាកដថា ព្រះអម្ចាស់បានមានបន្ទួលអំពីទ្វារទាំងបីនេះនៅទីនេះយ៉ាងជាក់លាក់ ដើម្បីប្រាប់យើងថា ទ្វារទាំងនេះទាក់ទងជាពិសេសទៅនឹងដំណឹងល្អដែលយើងជឿតាម។ ១យ៉ូហាន ៥:៧-៨ និយាយថា មានបីនាក់ដែលធ្វើបន្ទាល់ពីដំណឹងល្អពិត ទាំងនៅស្ថានសួគ៌ និងទាំងនៅផែនដី។ អ្នកដែលជឿលើស្មរបន្ទាល់ទាំងបីនេះ ទាំងនៅស្ថានសួគ៌ និងទាំងនៅផែនដី អាចចូលទៅក្នុងស្ថានសួគ៌បាន។ យើងដែលបានកើតជាថ្មី ជឿលើព្រះត្រៃឯក និងព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់ ដែលសង្រ្គោះយើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ 
ការពិតថា ឈ្មោះរបស់ពួកសាវកទាំងដប់ពីរត្រូវបានសរសេរនៅលើជើងកំផែងនៃទីក្រុង ប្រាប់យើងថា ព្រះអម្ចាស់បានធ្វើយ៉ាងត្រឹមត្រូវ តាមដែលទ្រង់បានសន្យាថា ទ្រង់នឹងមិនលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីជីវិតឡើយ ប៉ុន្តែកត់ឈ្មោះរបស់ពួកគេទៅក្នុងបញ្ជីជីវិត។ 
ស្តាដ ដែលជាភាសាក្រិក «Stadion» គឺជារង្វាស់ចម្ងាយ ដែលមានប្រវែងប្រហែល១៨៥ម៉ែត្រ នៅក្នុងរង្វាស់ចម្ងាយបច្ចុប្បន្ន។ នៅពេលព្រះគម្ពីរប្រាប់យើងថា ជ្រុងនីមួយៗនៃទីក្រុងនៅស្ថានសួគ៌មានប្រវែង១២០០០ស្តាដ វាមានន័យថា ជ្រុងនីមួយៗមានប្រវែងប្រហែល២២២០គីឡូម៉ែត្រ។ យើងព្រះគម្ពីរប្រាប់យើងផងដែរថា បណ្តោយ ទទឹង និងកម្ពស់របស់ទីក្រុងនេះមានប្រវែងស្មើគ្នា។ ទំហំនៃទីក្រុងនេះប្រាប់យើងអំពីភាពអស្ចារ្យ និងសិរីល្អនៃនគររបស់ព្រះ។ 
អត្ថន័យតាមព្រះគម្ពីរនៃលេខបួនគឺ ការរងទុក្ខ។ ជំនឿដែលព្រះ អម្ចាស់ចង់បានពីយើង មិនមែនជាអ្វីដែលអ្នកណាក៏អាចមានឡើយ ប៉ុន្តែមានតែអ្នកដែលទទួលយកព្រះបន្ទូលព្រះ តាមដែលបានសរសេរទុកប៉ុណ្ណោះ ទើបអាចមានជំនឿនេះបាន ទោះបើពួកគេមិនអាចយល់ពីព្រះបន្ទូលបានទាំងស្រុង ដោយគំនិតផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ។ 
ក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ យើងមិនអាចចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ ដោយគ្រាន់តែជឿលើឈើឆ្កាងរបស់ព្រះយេស៊ូវ ហើយថា ព្រះអម្ចាស់គឺជាព្រះ និងព្រះអង្គសង្រ្គោះបានឡើយ។ ព្រះអម្ចាស់ទ្រង់ផ្ទាល់បានមានបន្ទូលថា គ្មានអ្នកណាអាចចូលទៅក្នុងនគររបស់ព្រះបានឡើយ បើសិនមិនបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ។ មនុស្សអាចបានកើតជាថ្មីបាន លុះត្រាតែពួកគេជឿថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយថា ទ្រង់បានធួននឹងអំពើបាបរបស់ពួកគេ ដោយការបង្ហូរព្រះលោហិតរបស់ទ្រង់ និងការសុគតនៅលើឈើឆ្កាងជំនួសពួកគេ។ 
ឃ្លាថា «ទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ» ប្រាប់យើងថា មានតែអ្នកដែលមានជំនឿដូចជាមាស គឺអ្នកដែលពិតជាជឿលើព្រះប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីក្រុងនេះបាន។ វាប្រាប់យើងថា ជំនឿដែលជួយឲ្យយើងអាចចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះបាន គឺជាជំនឿដែលជឿតាមព្រះបន្ទូលព្រះ តាមដែលសរសេរទុក។ ពួកគេគឺជាអ្នកដែលបរិសុទ្ធ និងរួចពីគ្រប់ការទាំងអស់នៅក្នុងលោកិយនេះ។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា យើងត្រូវតែទទួលយកព្រះបន្ទូលអំពីការបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណនៅក្នុងភាពបរិសុទ្ធរបស់វា ជឿតាមព្រះបន្ទូលនេះ ហើយធ្វើឲ្យជំនឿរបស់ខ្លួនបានបរិសុទ្ធ។ 
ជើងកំផែងនៃទីក្រុងលម្អរដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ។ នេះប្រាប់យើងថា យើងអាចរីកចម្រើននៅក្នុងគ្រប់ផ្នែកនៃជំនឿបាន ដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់បាន។ យើងត្រូវតែមានជំនឿដែលមានវិន័យល្អ មិនគ្រាន់តែជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬជំនឿនៃសេចក្តីសង្ឃឹមសម្រាប់ស្ថានសួគ៌ និងនគររាជ្យមួយពាន់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជំនឿដែលមានការហ្វឹកហាត់នេះក៏កើតចេញពីព្រះបន្ទូលព្រះ ខណៈដែលយើងកំពុងតែស៊ូទ្រាំនឹងការរងទុក្ខនាពេលបច្ចុប្បន្ននេះផងដែរ។ 
ព្រះអម្ចាស់មិនគ្រាន់តែបានប្រទានព្រះពរនៃការអត់ទោស សម្រាប់អំពើបាបដល់ពួកបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រះពរនៃការបំពេញសម្រេចសេចក្តីសង្ឃឹមរបស់ពួកគេផងដែរ គឺអ្នកដែលទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន នឹងចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ ដូច្នេះពួកបរិសុទ្ធមានតែអរព្រះគុណដល់ព្រះ សម្រាប់ការអនុញ្ញាតឲ្យពួកគេចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលលែងមានទុក្ខសោក ឬសេចក្តីវេទនាទៀតហើយ។ 
ពួកបរិសុទ្ធដែលត្រូវចូលទៅក្នុងទីក្រុងបរិសុទ្ធ ត្រូវមានភាពអត់ធ្មត់ខ្លាំង ខណៈដែលកំពុងតែនៅលើផែនដីនេះ ហើយឈរយ៉ាងរឹងមាំនៅក្នុងជំនឿរបស់ពួកគេ។ អ្នកដែលជឿតាមព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះ ត្រូវបានការទ្រាំទ្រ ដើម្បីការពារជំនឿរបស់ខ្លួន។ កាលណាថ្ងៃចុងក្រោយមកដល់ គ្រារបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលជាសត្រូវខាងជំនឿរបស់យើង នឹងមកដល់។ 
អាទទឹងនឹងព្រះគ្រីស្ទដែលជាបាវបម្រើរបស់សាតាំង នឹងនាំការបៀតបៀនដ៏ធំមកលើអ្នកជឿជាច្រើន ដើម្បីព្យាយាមធ្វើឲ្យពួកគេក្បត់ជំនឿរបស់ពួកគេ។ បើសិនមនុស្សឈរនៅខាងអាទទឹងនឹងព្រះគ្រីស្ទ ហើយបោះបង់ជំនឿរបស់ពួកគេចោល ពួកគេមិនគ្រាន់តែមិនទទួលបាននគររាជ្យមួយពាន់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងត្រូវបានបោះទៅក្នុងស្ថាននរកជាមួយសាតាំងផងដែរ។ 
ដូច្នេះ ខណៈដែលកំពុងតែប្រឈមនឹងទុក្ខលំបាក ការបៀតបៀន និងគ្រោះកាចនៅថ្ងៃចុងក្រោយ យើងទាំងអស់គ្នាត្រូវការការទ្រាំទ្រដែលនឹងជួយឲ្យយើងអាចការពារជំនឿរបស់យើងបានយ៉ាងរឹងមាំ ពីព្រោះការទ្រាំទ្រមិនរុញរានេះគឺជាអ្វីដែលនឹងធ្វើឲ្យផ្ទៃមេឃថ្មី និងផែនដីថ្មីក្លាយជាកម្មសិទ្ធិរបស់យើង។ 
ការរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី គឺដូចជាការរស់នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់អញ្ចឹង។ ដោយសារព្រះយេស៊ូវគ្រីស្ទដែលបានធ្វើជាពន្លឺនៃពិភពលោកថ្មី បំភ្លឺផែនដីបរិសុទ្ធ មិនចាំបាច់មានព្រះអាទិត្យ ឬព្រះចន្ទបំភ្លឺឡើយ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ព្រះអាទិករ និងចៅក្រមរបស់យើង ហើយនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ទ្រង់គឺជាព្រះដែលគង់ជាមួយយើង។ តាមរយៈទ្រង់ យើងចូលទៅស្ថានសួគ៌ ហើយពីទ្រង់ ព្រះពរហូរមកឯយើង។ ពួកបរិសុទ្ធនឹងគ្មានអ្វីផ្សេងធ្វើ ក្រៅតែពីសរសើរតម្កើងព្រះអម្ចាស់នេះជារៀងរហូតតទៅឡើយ។ 
ខ.២៤និយាយថា «អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ»។ នៅពេលវានិយាយនៅទីនេះថា សិរីល្អនៅផែនដីត្រូវបាននាំចូលទៅក្នុងស្ថានសួគ៌ នេះមិនមានន័យថា អ្នកដែលបានសោយរាជ្យនៅលើផែនដីចាស់រួចហើយ នឹងនាំទ្រព្យសម្បត្តិរបស់ពួកគេទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដោយសារតែពួកគេមានទ្រព្យសម្បត្តិខាងលោកិយច្រើន កាលពួកគេនៅលើផែនដីចាស់នោះឡើយ។ 
ទោះបីជាពួកបរិសុទ្ធបានសង្រ្គោះ ហើយនឹងចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំតាមរបៀបតែមួយក៏ដោយ ក៏ពួកគេនឹងមានសិទ្ធិអំណាច ផ្សេងៗពីគ្នាដែរ ដែលអ្នកខ្លះសោយរាជ្យលើទីក្រុងដប់ ហើយអ្នកខ្លះទៀតលើទីក្រុងប្រាំ ទៅតាមការខិតខំធ្វើការប្រកាសដំណឹងល្អរបស់ពួកគេ កាលពួកគេកំពុងតែនៅលើផែនដីចាស់។ 
ខ.២៤ប្រាប់យើងនៅទីនេះថា ពួកស្តេចទាំងនេះដែលមានសិទ្ធិអំណាចផ្សេងៗពីគ្នា នឹងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ អស់អ្នកដែលបានសោយរាជ្យនៅក្នុងនគររាជ្យមួយពាន់ឆ្នាំរួចហើយ នឹងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ក្នុងនាមជាស្តេច ជាមួយជំនឿរបស់ខ្លួននៅក្នុងព្រះអម្ចាស់ និងកិត្តិយស និងសិរីល្អរបស់ពួកគេ។ ដូច្នេះ យើងលែងពាក់ព័ន្ធនឹងផែនដីចាស់ដែលយើងកំពុងតែរស់នៅឥឡូវនេះទៀតហើយ។ 
ដោយសារផ្ទៃមេឃថ្មី និងផែនដីថ្មីគឺជាកន្លែងមានទីក្រុងបរិសុទ្ធតាំងនៅ ហើយមានពេញដោយពន្លឺបរិសុទ្ធរួចទៅហើយ មិនអាចមានយប់ ឬមនុស្សអាក្រក់ណាម្នាក់នៅទីនោះបានឡើយ។ ក្នុងចំណោមគ្រីស្ទបរិស័ទ និងអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទនៅលើផែនដីនេះ អ្នកណាមិនស្គាល់សេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺសុទ្ធតែជាអ្នកស្មោគគ្រោគ អ្នកគួរស្អប់ខ្ពើម និងអ្នកនិយាយសេចក្តីកំភូតទាំងអស់។ ដូច្នេះ ពួកគេមិនអាចចូលទៅក្នុងទីក្រុងបរិសុទ្ធបានឡើយ។ ដោយសារអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលទៅក្នុងស្ថានសួគ៌បាន ដំណឹងល្អនេះគឺជាកូនសោចូលទៅក្នុងស្ថានសួគ៌ និងជាកូនសោនៃការទទួលបានការ់អត់ទោសបាប។ អ្នកត្រូវតែដឹងថា កាលណាអ្នកទទួលស្គាល់ ហើយជឿថា ព្រះប្រទានឲ្យអ្នកនូវកូនសោនេះហើយ ឈ្មោះរបស់អ្នកនឹងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។ ហើយកាលណាអ្នកទទួលយកសេចក្តីពិតអំពីដំណឹងល្អនេះ អ្នកនឹងទទួលបានព្រះពរនៃការចូលទៅក្នុងទីក្រុងបរិសុទ្ធនេះ។ 
ចូរជឿថា ព្រះបានប្រទានទីក្រុងបរិសុទ្ធដល់យើងរួចហើយ។ ហើយចូររស់នៅក្នុងជីវិតរបស់អ្នក ដោយមានសេចក្តីសង្ឃឹមដូច្នេះចុះ។
ដោយសារគ្រប់យ៉ាងដែលយើងកំពុងតែប្រឈម នៅពេលបច្ចុប្បន្នេះ ត្រូវបានវាស់ ដោយប្រព័ន្ធឲ្យតម្លៃរបស់លោកិយដែលឥតមានព្រះនេះ យើងពិតជាមិនអាចដឹងថា សុភមង្គលពិតប្រាកដគឺជាអ្វីនោះទេ។ ប៉ុន្តែកាលណាយើងវាស់វាដោយរង្វាស់របស់ព្រះ យើងទាំងអស់គ្នាដឹងថា អ្នកដែលមានស្ថានសួគ៌ជាកម្មសិទ្ធិរបស់ខ្លួន គឺពិតជាអ្នកដែលមានសុភមង្គលពិតប្រាកដហើយ។ ហេតុអ្វី? ពីព្រោះមិនយូរមិនឆាប់ គ្រប់ទាំងអស់នៅក្នុងលោកិយនេះនឹងរលាយបាត់ទៅ។ លោកិយនេះគ្មានកន្លែងណាដែលអាចឲ្យយើងមានសង្ឃឹមបានឡើយ ហើយវានឹងរលាយបាត់ទៅ កាលណាសេចក្តីវេទនាដ៏ធំ និងគ្រោះកាចធ្លាក់មកតាមផែនការរបស់ព្រះ។ គ្មានអ្វីចំកួតជាងការដាក់សង្ឃឹមរបស់ខ្លួន ទៅលើរបស់ខាងសាច់ឈាមដែលនឹងពុកផុយ និងឆេះទៅជាផេះនោះទៀតឡើយ។ 
ប៉ុន្តែផ្ទុយទៅវិញ អស់អ្នកដែលសង្ឃឹមដល់នគរស្ថានសួគ៌ដ៏អស់កល្បជានិច្ច ដែលមិនពុករលួយ និងមិនឆេះ គឺជាអ្នកមានព្រះពរហើយ។ មានតែអ្នកដែលឥតមានបាបប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីក្រុង យេរូសាឡិមបរិសុទ្ធ ដែលព្រះបានត្រៀមទុកបាន។ អ្នកដែលមាន សុភមង្គលបំផុតនៅក្នុងលោកិយនេះ គឺជាអ្នកដែលមានស្ថានសួគ៌ជាកម្មសិទ្ធរបស់ខ្លួន ហើយអំពើបាបរបស់ខ្លួនត្រូវបានអត់ទោស និងសម្អាត។
យើងត្រូវបានតែជីវិតដែលមានពរពីព្រះ គឺជាអ្នកដែលថ្វាយសិរីល្អដល់ទ្រង់ សម្រាប់ការដែលទ្រង់ប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើង ហើយដែលលះបង់ខ្លួនទៅចំពោះការប្រកាសដំណឹងល្អពិត ដែលជួយឲ្យព្រលឹងទាំងអស់អាចចូលទៅក្នុងស្ថានសួគ៌បាន។
ចូរយើងទាំងអស់គ្នារស់នៅក្នុងព្រះពរនេះ ចូរយើងរស់នៅ ដោយព្រះស្រឡាញ់ ហើយកាលណាយើងឈរនៅចំពោះព្រះវត្តមានរបស់ព្រះ អម្ចាស់របស់យើង ចូរយើងទាំងអស់គ្នារស់នៅក្នុងព្រះហស្តរបស់ទ្រង់ជារៀងរហូតតទៅ។