(១យ៉ូហាន ១:៩)
«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។»
ដំណឹងល្អអំពីព្រះលោហិត គឺជាដំណឹងល្អពាក់កណ្តាល
តើយើងអាចចូលទៅនគរស្ថានសួគ៌ តាមរយៈដំណឹងអំពី ព្រះលោហិតតែមួយបានទេ?
មិនអាចទេ។ យើងត្រូវតែជឿលើដំណឹងល្អពេញលេញ (ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ)
១យ៉ូហាន ១:៩ អនុវត្តសម្រាប់តែមនុស្សសុចរិតប៉ុណ្ណោះ។ បើសិនមនុស្សមានបាបម្នាក់ ដែលមិនទាន់បានសង្រ្គោះ ព្យាយាមធួននឹងអំពើបាបប្រចាំថ្ងៃរបស់ខ្លួន ដោយយោងទៅតាមព្រះបន្ទូលនៅក្នុងបទគម្ពីរនេះ ហើយសារភាពអំពើរំលងរបស់ខ្លួន អំពើបាបរបស់គាត់នឹងមិនត្រូវបានដោះចេញឡើយ។ តើអ្នកមើលឃើញអ្វីដែលខ្ញុំកំពុងតែនិយាយនៅទីនេះដែរឬទេ? បទគម្ពីរនេះ មិនអនុវត្តសម្រាប់មនុស្សមានបាប ដែលមិនទាន់បានកើតជាថ្មីទេ។
មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលមិនទាន់បានកើតជាថ្មី ប៉ុន្តែពួកគេយកបទគម្ពីរនេះចេញពីកណ្ឌយ៉ូហានខ្សែទី១ ហើយអធិស្ឋាន និងប្រែចិត្តចេញពីអំពើបាបរបស់ពួកគេ ដោយសង្ឃឹមថា ពួកគេទទួលបានសេចក្តីអត់ទោស។
ប៉ុន្តែ តើមនុស្សដែលមិនបានកើតជាថ្មី អាចបានសង្រ្គោះទាំងស្រុង ចេញពីអំពើបាបរបស់ខ្លួន ដោយការអធិស្ឋានលន់តួដែរឬទេ? នេះគឺជាចំណុចសំខាន់មួយ ដែលយើងត្រូវតែពិចារណា និងបញ្ជាក់ឲ្យបានច្បាស់លាស់ មុននឹងធ្វើដំណើរទៅមុខបន្តទៀត។
មុនពេលអ្នកអានកណ្ឌយ៉ូហានខ្សែទី១ អ្នកត្រូវតែសម្រេចចិត្តថា សាវកប៉ុលគឺជាមនុស្សសុចរិត ឬមនុស្សមានបាប។ ខ្ញុំចង់សួរសំណួរដល់អ្នកដូចតទៅ។ តើសាវកយ៉ូហានគឺជាមនុស្សសុចរិតម្នាក់ ដែលបានកើតជាថ្មី ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬជាមនុស្សមានបាបម្នាក់?
បើសិនអ្នកនិយាយថា សាវកយ៉ូហានគឺជាមនុស្សមានបាបម្នាក់ នោះជំនឿរបស់អ្នកមិនត្រឹមត្រូវតាមព្រះគម្ពីរទេ។ ហើយបើសិនគាត់គឺជាមនុស្សសុចរិតម្នាក់ ដែលបានកើតជាថ្មី ដោយសារគាត់បានជឿលើព្រះយេស៊ូវ នោះវាបង្ហាញយ៉ាងច្បាស់ថា ជំនឿរបស់គាត់ខុសពីជំនឿរបស់អ្នកហើយ។ ប៉ុន្តែ អ្នកត្រូវតែមានជំនឿដូចសាវកយ៉ូហានដែរ។
ខ្ញុំ ចង់សួរសំណួរមួយទៀតដល់អ្នក។ តើសាវកយ៉ូហានបានសរសេរសំបុត្រទាំងនោះទៅកាន់មនុស្សសុចរិត ឬមនុស្សមានបាប? សាវកយ៉ូហាន បានសរសេរសំបុត្រទាំងនោះទៅកាន់មនុស្សសុចរិត។
ដូច្នេះ វាខុសហើយ ដែលមនុស្សមានបាបដែលមិនបានកើតជាថ្មី ដកស្រង់ព្រះបន្ទូលពី ១យ៉ូហាន ១:៩ ហើយអនុវត្តសម្រាប់ខ្លួន ឯង។ បើសិនអ្នកចង់បានរាប់ជាសុចរិត ចូរសារភាពអំពើបាបរបស់អ្នកនៅចំពោះព្រះ និងជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចុះ។ បន្ទាប់មក ព្រះអម្ចាស់នឹងលាងសម្អាតអំពើបាបទាំងអស់របស់អ្នកចេញ ដោយដំណឹងល្អដែលបានលាងសម្អាតអំពើបាបរបស់លោកិយនេះរួចរាល់ទៅហើយ។
នេះគឺជាជំនឿរបស់សាវកយ៉ូហាន។ នៅក្នុង ១យ៉ូហាន ៥ គាត់និយាយថា គាត់មានជំនឿលើ «ទឹក ឈាម និងព្រះវិញ្ញាណ»។ តើអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកដោយ «ទឹក ឈាម និងព្រះវិញ្ញាណ» ដែរឬទេ? តើអ្នកជឿតែលើព្រះយេស៊ូវ ដែលបានយាងមកដោយឈើឆ្កាង ឬដោយបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតរបស់ទ្រង់ និងព្រះវិញ្ញាណ?
តើអ្នកអាចចូលទៅនគរស្ថានសួគ៌ ដោយការជឿលើដំណឹងល្អអំពីព្រះលោហិតតែមួយគត់បានដែរឬទេ? បើសិនជំនឿរបស់អ្នកគ្រាន់តែជឿលើដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាង អ្នកយល់ពីដំណឹងល្អបានតែពាក់កណ្តាលទេ។ ហើយបើសិនអ្នកជឿតែលើព្រះលោហិតនៅលើឈើឆ្កាង នោះអ្នកប្រាកដជាមើលឃើញខ្លួនឯងកំពុងអធិស្ឋានសុំការអត់ទោសអំពើបាបពីព្រះ ជារៀងរាល់ថ្ងៃហើយ។ ការពិតគឺថា អ្នកជឿថា អំពើបាបរបស់អ្នកអាចត្រូវបានលាងសម្អាត តាមរយៈការអធិស្ឋានលន់តួអំពើបាបតែប៉ុណ្ណោះ។
ប៉ុន្តែ តើអំពើបាបរបស់អ្នកអាចត្រូវបានលាងសម្អាត នៅពេលអ្នកជឿតែលើព្រះលោហិតនៅលើឈើឆ្កាង លន់តួអំពើបាប និងអធិស្ឋានសុំការអត់ទោសអំពើបាបបានដែរឬទេ? បើសិនអ្នកជឿបែបនេះ នោះអ្នកនៅតែមានអំពើបាបនៅក្នុងចិត្តរបស់អ្នក ពីព្រោះឥតមានអ្នកណាម្នាក់អាចលាងសម្អាតអំពើបាបរបស់ខ្លួន តាមរយៈជំនឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ឬការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃបានឡើយ។ ហើយបើសិនអ្នកជឿបែបនេះ នោះអ្នកមិនទាន់ស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ហើយជំនឿរបស់អ្នកក៏មិនទាន់បានពេញលេញដែរ។
សាវកយ៉ូហាន បានកើតជាថ្មី ពីព្រោះគាត់បានជឿលើដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ប៉ុន្តែអ្នកជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខគត់។ បើសិនអ្នកខ្លួនឯងមិនទាំងស្គាល់ច្បាស់ពីដំណឹងល្អផង តើអ្នកអាចដឹកនាំអ្នកដទៃទៅរកសេចក្តីសង្រ្គោះបានយ៉ាងដូចម្តេច? អ្នកខ្លួនឯងមិនទាន់បានកើតជាថ្មីផង ប៉ុន្តែព្យាយាមធួននឹងអំពើបាបរបស់ខ្លួន តាមរយៈការអធិស្ឋានលន់តួអំពើបាប។ ផ្លូវនេះនឹងមិនដឹកនាំទៅដល់សេចក្តីសង្រ្គោះទេ។
មិនថាមនុស្សម្នាក់អធិស្ឋាន និងប្រែចិត្តខ្លាំងប៉ុណ្ណាទេ អំពើបាបរបស់គាត់នៅតែមិនអាចត្រូវបានលាងសម្អាតចេញពីចិត្តរបស់គាត់បានដដែល។ ពេលខ្លះ បើសិនអ្នកមានអរម្មណ៍ថា អំពើបាបរបស់អ្នកត្រូវបានលាងសម្អាតហើយ វាគ្រាន់តែជាការស្រមើស្រម៉ៃរបស់អ្នក និងអំណាចនៃអារម្មណ៍របស់អ្នកទេ។ បើសិនអ្នកអធិស្ឋាន ហើយប្រែចិត្ត អ្នកអាចមានអារម្មណ៍ស្រស់ស្រាយរយៈពេលមួយថ្ងៃ ឬលើសពីនេះ ប៉ុន្តែអ្នកនឹងមិនអាចបានរួចបាបរបស់អ្នកបាន តាមរបៀបនេះឡើយ។
មនុស្សមានបាប អធិស្ឋាន និងប្រែចិត្ត ដោយសង្ឃឹមថា ខ្លួនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ នេះគឺជាមូលហតុដែលពួកគេនៅតែជាមនុស្សមានបាបដដែល សូម្បីតែបន្ទាប់ពីបានជឿលើព្រះយេស៊ូវអស់រយៈពេលជាយូរហើយក្តី។ ពួកគេមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ ដូច្នេះ បើសិនអ្នកជឿលើព្រះយេស៊ូវ តែមិនទាន់បានកើតជាថ្មី អ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមពួកគេហើយ។ ហើយបើសិនអ្នកកំពុងតែព្យាយាមធួននឹងអំពើបាបរបស់អ្នក ដោយការអធិស្ឋាន និងការប្រែចិត្តជារៀងរាល់ថ្ងៃ នោះមានន័យថា អ្នកមិនទាន់បានកើតជាថ្មីនៅឡើយទេ។ អ្នកត្រូវតែសម្រេចចិត្តថា ត្រូវជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដូចជាសាវកយ៉ូហាន ឬជឿលើគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ អ្នក។ មួយគឺជាសេចក្តីពិតយ៉ាងច្បាស់លាស់ ហើយមួយទៀតគឺជាសេចក្តីមិនពិតដែលមិនច្បាស់លាស់។
យោងតាមព្រះគម្ពីរ ដំណឹងល្អពិតគឺថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបរបស់លោកិយនេះចេញ តែម្តងជាសម្រេច ហើយបានទទួលយកការដាក់ទោសនៅលើឈើឆ្កាង ជំនួសមនុស្សទាំងអស់។ បើសិនមនុស្សម្នាក់ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គាត់នឹងបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន តែម្តងជាសម្រេច។ ម៉្យាងវិញទៀត បើសិនមនុស្សម្នាក់ព្យាយាមលាងសម្អាតអំពើរំលងរបស់ខ្លួន ដោយការអធិស្ឋាន និងការប្រែចិត្ត គាត់នឹងមិនបានរួចពីអំពើបាបរបស់ខ្លួនឡើយ។ តើអ្នកគិតថា អ្នកអាចចងចាំគ្រប់ទាំងអំពើបាបទាំងអស់របស់អ្នកជារៀងថ្ងៃបានដែរឬទេ? តើអ្នកមិនគិតអំពីអំពើបាបដែលអ្នកបានភ្លេចលន់តួឬ? ហើយតើការអធិស្ឋាន និងការប្រែចិត្តគឺជាដំណោះស្រាយត្រឹមត្រូវសម្រាប់បញ្ហាអំពើបាបជារៀងរាល់ថ្ងៃឬ? ចម្លើយតែមួយសម្រាប់សំណួរទាំងនេះគឺ ទេ។
ការប្រែចិត្តពិត និងគោលបំណងនៃការលន់តួបាប
តើអ្វីជាដែនកំណត់នៃ ការសារភាពអំពើបាប និងការប្រព្រឹត្តល្អ?
ទោះបីយើងត្រូវសារភាពអំពើបាបរបស់យើង ពេញមួយជីវិត ក៏យើងមិនអាចបានសង្រ្គោះ ដោយការសារភាពអំពើរំលង និងការប្រព្រឹត្តល្អរបស់យើងបានដែរ
នៅក្នុងព្រះគម្ពីរ ការប្រែចិត្តមានន័យថា ការបែរពីជំនឿខុសមកឯជំនឿពិតវិញ ហើយសម្រាប់មនុស្សសុចរិត វាមានន័យថា ការទទួលស្គាល់អំពើរំលងរបស់ខ្លួន ហើយត្រឡប់ទៅក្នុងពន្លឺនៃដំណឹងល្អវិញ។
បើសិនអ្នកគឺជាមនុស្សមានបាបនៅពេលនេះ អ្នកគួរតែធ្វើការប្រែចិត្តថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្វើបាប ហើយទូលបង្គំសមនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែទូលបង្គំពិតជាចង់បានសង្រ្គោះចេញពីអំពើបាបរបស់ទូលបង្គំមែន។ សូមសង្រ្គោះទូលបង្គំចេញពីអំពើបាបរបស់ទូលបង្គំផង។ ទូលបង្គំមិនទាន់បានកើតជាថ្មីទេ ហើយទូលបង្គំដឹងថា ទូលបង្គំនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក»។ នេះហើយគឺជាការសារភាពអំពើបាបត្រឹមត្រូវមួយ។
អញ្ចឹង តើអ្នកដែលបានកើតជាថ្មី ធ្វើការសារភាពអំពើបាបបែបណា? «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្វើបាបតាមសាច់ឈាមរបស់ទូលបង្គំ។ ទូលបង្គំជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់ទូលបង្គំរួចហើយ សូម្បីតែអំពើបាបដែលទូលបង្គំទើបតែបានប្រព្រឹត្តនេះ ដែលទូលបង្គំសមនឹងស្លាប់ដោយព្រោះវា។ ទូលបង្គំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានសង្រ្គោះទូលបង្គំ ដោយទឺក និងព្រះលោហិត»។ ដូច្នេះ ការសារភាពអំពើបាបរបស់អ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី គឺខុសគ្នា។
យើងទាំងអស់គ្នា គួរតែមានជំនឿដូចជាសាវកយ៉ូហានដែរ។ បើសិនអ្នកព្យាយាមលាក់បាំងអំពើបាបរបស់អ្នកពីខាងក្រោយការសារភាពបាបដែលសម្រាប់មនុស្សសុចរិត នោះអ្នកនឹងមិនបានសង្រ្គោះចេញពីសេចក្តីស្លាប់ ដែលជាឈ្នូលនៃអំពើបាបឡើយ។
មនុស្សមានបាបទាំងអស់ ដែលមិនទាន់បានកើតជាថ្មី គួរតែឈប់លាក់ខ្លួននៅខាងក្រោយការអធិស្ឋានសារភាពអំពើបាប និងចាប់ផ្តើមជឿលើដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណវិញ។ ពួកគេគួរតែរៀនពីជំនឿរបស់សាវកយ៉ូហាន និងបានសង្រ្គោះ។
មនុស្សមានបាប មិនបានដឹងថា ការវិនិច្ឆ័យសម្រាប់អំពើបាបរបស់ពួកគេ អាក្រក់ប៉ុណ្ណាទេ។ ហើយអំពើបាបធ្ងន់ធ្ងរ និងអាក្រក់បំផុតនៅចំពោះព្រះ គឺការមិនជឿលើដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
អស់អ្នកដែលជឿព្រះយេស៊ូវ តែមិនបានកើតជាថ្មី គួរតែសារភាពនៅចំពោះព្រះថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងភ្លើងនរក» ជំនួសឲ្យការនិយាយថា «ឱព្រះអម្ចាស់អើយ! សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំផង»។ នៅពេលមនុស្សមានបាបម្នាក់ ទទួលយកទុកនៅក្នុងចិត្តនូវដំណឹងល្អថាព្រះយេស៊ូវបានសង្រ្គោះគាត់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គាត់អាចបានរួចពីអំពើបាបទំាងអស់របស់ខ្លួន។ នេះហើយគឺជាការសារភាពអំពើបាប ដែលមនុស្សមានបាបគួរតែធ្វើ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន នៅចំពោះរព្រះ។
មនុស្សមានបាប គ្រាន់តែត្រូវសារភាពថា គាត់មិនទាន់បានកើតជាថ្មីទេ ហើយជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បន្ទាប់មក គាត់នឹងបានសង្រ្គោះភ្លាមតែម្តង។ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញណ សេចក្តីសង្រ្គោះសម្រាប់មនុស្សមានបាប ត្រូវបានបំពេញសម្រេច។ «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ ព្រះបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ដោយអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់ ព្រះយេស៊ូវ ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងសុគតនៅលើឈើឆ្កាង។
ព្រះអម្ចាស់ បានលាងសម្អាតអំពើបាបទាំងអស់ ដែលមនុស្សប្រព្រឹត្តដោយសាច់ឈាម និងចិត្តរបស់ពួកគេ ពីកំណើតដល់ការស្លាប់របស់ពួកគេ។ យើងត្រូវតែជឿលើដំណឹងល្អពិត ដើម្បីបាន សង្រ្គោះ។ នេះគឺជាផ្លូវតែមួយគត់ ដែលយើងអាចបានរួចពីអំពើបាបទាំងអស់របស់យើង ហើយបានញែកជាសុចរិតពិតប្រាកដ។ ហើយយើងអាចបានញែកជាបរិសុទ្ធ តែម្តងជាសម្រេច នៅពេលយើងជឿលើដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដោះអំពើបាបរបស់លោកិយនេះ សងថ្លៃអំពើបាបនៅលើឈើឆ្កាង មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយឥឡូវនេះ គង់នៅខាងស្តាំព្រះហស្តរបស់ព្រះវរបិតានៅនគរស្ថានសួគ៌។ នេះហើយគឺជាសេចក្តីពិត។
យើងទាំងអស់គ្នា គួរតែលន់តួថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំនៅតែបន្តធ្វើបាប រហូតថ្លៃទូលបង្គំស្លាប់ ពីព្រោះទូលបង្គំបានកើតមកជាមនុស្សមានបាបម្នាក់ពីផ្ទៃម្តាយរបស់ទូលបង្គំ ហើយជំពាក់អំពើបាបទាំងអស់ដែលទូលបង្គំបានប្រព្រឹត្ត។ ទូលបង្គំគួរតែធ្លាក់ទៅក្នុងភ្លើងនរក។ ដោយសារតែមូលហេតុនេះ ទូលបង្គំចង់ជឿលើព្រះយេស៊ូវ ដែលបានយាងមកដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ»។
ដូចដែលបានកត់ទុកនៅក្នុង ម៉ាថាយ ៣ ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះ រួមទាំងអំពើបាបដែលយើងប្រព្រឹត្តរហូតដល់ថ្ងៃដែលយើងស្លាប់ផង នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់។ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។
បើសិនព្រះយេស៊ូវបានសង្រ្គោះយើងចេញតែពីបាប តាំងពីកំណើតប៉ុណ្ណោះ ហើយបានប្រាប់យើងឲ្យដោះស្រាយបញ្ហាអំពើបាបដោយខ្លួនឯង នោះយើងនឹងមានសេចក្តីទុក្ខសោកសៅនៅក្នុងចិត្តជាមិនខាន។ ប៉ុន្តែព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចទៅហើយ។ តើយើងត្រូវបារម្ភអំពីអ្វីទៀត? នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងអរព្រះគុណដល់ព្រះអម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង។
តើអ្នកជឿលើព្រះយេស៊ូវដែរឬទេ? ហើយតើអ្នកជឿថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកដែរឬទេ? អំពើបាបទាំងអស់របស់អ្នក ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់។ ក្រោយមក ទ្រង់ត្រូវទទួលរងការដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាង ដើម្បីរំដោះយើងឲ្យរួចពីការដាក់ទណ្ឌកម្មដ៏អស់កល្បជានិច្ច។ នេះហើយគឺជាដំណឹងល្អពិត។
ការលន់តួបាបរបស់មនុស្សសុចរិត
តើអ្វីគឺជាការលន់តួបាបពិត របស់មនុស្សសុចរិត?
ដើម្បីសារភាពថា ពួកគេធ្វើបាបរាល់ថ្ងៃ ប៉ុន្តែដើម្បីមានជំនឿលើសេចក្តីពិតថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរាល់ថ្ងៃរបស់ពួកគេ តាំងពីជាង២០០០ឆ្នាំកន្លងទៅហើយ
១យ៉ូហាន ១:៩ និយាយថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។ នេះមានន័យថា មនុស្សម្នាក់ដែលសម្រេចិត្តជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែលន់តួអំពើបាបរបស់ខ្លួន ដោយនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំនៅតែបន្តធ្វើបាបអស់មួយជីវិតរបស់ទូលបង្គំ ប៉ុន្តែទូលបង្គំដឹងថាទូលបង្គំមិនអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ទូលបង្គំបាន តាមរយៈការអធិស្ឋានទូលសូមសេចក្តីអត់ទោសបានឡើយ។ ទូលបង្គំជឿថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ហើយមានតែបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងទេ ទើបអាចលាងសម្អាតអំពើបាបទាំងអស់របស់ទូលបង្គំបាន។ ទូលបង្គំសូមសារភាពថាទូលបង្គំបានធ្វើបាបនៅថ្ងៃនេះនៅទន្លេយ័រដាន់ កាលពីជាង២០០០ឆ្នាំមុន»។ បើសិនគាត់អធិស្ឋានតាមរបៀបនេះ បញ្ហាបាបក្នុងបញ្ញាចិត្តរបស់គាត់ នឹងត្រូវបានដោះស្រាយភ្លាម។
អស់អ្នកដែលបានកើតជាថ្មីហើយ ត្រូវតែលន់តួអំពើបាបរបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេគ្រាន់តែបញ្ជាក់ថា ព្រះយេស៊ូវបានលាងសម្អាតរួចហើយនូវអំពើបាបទាំងអស់ ដែលពួកគេប្រព្រឹត្ត។ ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងសុគតសម្រាប់មនុស្សមានបាបកាលពីជាង២០០០ឆ្នាំមុន មិនថាពួកគេខ្សោយយ៉ងណាទេ អំពើបាបទាំងអស់របស់ពួកគេត្រូវបានលាងសម្អាតទាំងស្រុងហើយ។
បទគម្ពីរ ដែលយើងបានអាននៅទនេះ គឺជាបទគម្ពីរល្អមួយសម្រាប់មនុស្សសុចរិត។ ប៉ុន្តែបើសិនមនុស្សមានបាបម្នាក់យក ខគម្ពីរនេះប្រើនៅក្នុងរបៀបខុស គាត់នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកជាមិនខាន។ ទោះបីជាយ៉ាងណា ខគម្ពីរនេះគឺជាខគម្ពីរមួយ ដែលត្រូវបានគេប្រើប្រាស់តាមរបៀបខុស យ៉ាងញឹកញាប់បំផុត នៅក្នុងព្រះគម្ពីរគឺអស់រយៈពេលជាយូរមកហើយ ដែលនៅក្នុងចំណោមគ្រីស្ទបរិស័ទ មានការយល់ខុសយ៉ាងខ្លាំងអំពីខគម្ពីរនេះ។
សុភាសិតមួយ និយាយថា វេជ្ជបណ្ឌិតល្ងីល្ងើអាចសំឡាប់អ្នក ជម្ងឺរបស់ខ្លួន។ នៅពេលវេជ្ជបណ្ឌិតល្ងីល្ងើព្យាយាមធ្វើហួសពីសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបាន នៅទីបញ្ចប់ គាត់អាច សំឡាប់អ្នកជម្ងឺរបស់ខ្លួនបាន។
នេះគឺជាច្បាប់នៃជីវិត ដែលមនុស្សត្រូវតែទទួលការហ្វឹកហ្វឺនយ៉ាងល្អ ហើយមានបទពិសោធន៍ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យល្អប្រសើរ។ ហើយក៏ដូចគ្នាជាមួយនឹងពិភពនៃជំនឿផងដែរ។ អ្នកដែលបង្រៀនព្រះបន្ទូលព្រះ ត្រូវតែផ្ទេរសេចក្តីពិតដូចដែលបាន សរសេរមក ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ហើយអ្នកដែលរៀនពីពួកគេ គួរតែមានជំនឿលើអ្វីដែលពួកគេបានរៀនផងដែរ។
បើសិនគ្រូអធិប្បាយបង្រៀនអ្នកដើរតាមរបស់ខ្លួន អំពីលទ្ធិខុសឆ្គង ឬបើសិនអ្នកជឿរៀនព្រះគម្ពីរដោយមិនត្រឹមត្រូវ លទ្ធផលនោះគឺជាការវិនិច្ឆ័យ និងស្ថាននរកសម្រាប់ពួកគេទាំងពីរនាក់ហើយ។ មានតែអ្នកដែលបានកើតជាថ្មីទេ ទើបអាចបង្រៀនព្រះគម្ពីរបានត្រឹមត្រូវ។ សូម្បីតែឱសថល្អក៏អាចសំឡាប់អ្នកជម្ងឺបានដែរ បើសិនចេញសំបុត្រឱសថខុស ហើយក៏ដូចគ្នាជាមួយនឹងការបង្រៀន និងការរៀនព្រះបន្ទូលព្រះផងដែរ។ វាសំខាន់ដូចជាភ្លើងនៅក្នុងជីវិតរបស់យើងអញ្ចឹង។ ប៉ុន្តែដូចដែលវានឹងនាំមកនូវមហន្តរាយ បើសិនយើងអនុញ្ញាតឲ្យក្មេងៗកាន់ភ្លើងនោះ ហើយព្រះបន្ទូលព្រះក៏អាចនាំមកនូវមហន្តរាយដ៏ធំធេងផងដែរ បើសិនស្ថិតនៅក្នុងដៃដែលខុស។
ដូច្នេះ យើងត្រូវតែស្គាល់ពីភាពខុសគ្នារវាងការលន់តួអំពើបាបរបស់មនុស្សសុចរិត និងមនុស្សមានបាប។ ១យ៉ូហាន ១:៩ គឺសម្រាប់មនុស្សសុចរិត។ នៅពេលមនុស្សសុចរិតលន់តួអំពើបាបរបស់ខ្លួននៅចំពោះព្រះ គាត់បានរួចពីអំពើបាបទាំងនោះ ពីព្រោះព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ កាលពីជាង២០០០ឆ្នាំរួចទៅហើយ។
វាគឺជាជំនឿខុស ដែលមនុស្សមានបាបជឿថា អំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត នៅគ្រប់ពេលពួកគេអធិស្ឋានសុំការអត់ទោស។ នៅពេលមនុស្សម្នាក់មិនទាន់បានកើតជាថ្មី តើអំពើបាបរបស់គាត់អាចត្រូវបានលាងសម្អាត ដោយការលន់តួដែរឬទេ?
ព្រះ គឺយុត្តិធម៌។ ទ្រង់បានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យមកលោកិយនេះ ហើយអនុញ្ញាតឲ្យទ្រង់ដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយសង្រ្គោះមនុស្សទាំងអស់ដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ នៅពេលមនុស្សសុចរិតម្នាក់លន់តួអំពើបាបរបស់ខ្លួន ព្រះប្រាប់គាត់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញ កាលពីជាង២០០០ឆ្នាំរួចរាល់ទៅហើយ។ ហើយគាត់បញ្ជាក់ថា គាត់មិនមានបាបនៅក្នុងចិត្តរបស់ខ្លួនទៀតទេ ទោះបើសាច់ឈាមរបស់គាត់នៅតែធ្វើបាបក៏ដោយ។