Search

Sermões

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-5] តើអ្នកចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដែរទេ? (១យ៉ូហាន ១:១-១០)

(១យ៉ូហាន ១:១-១០)
«ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត (ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ) ដូច្នេះ សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់ យើងខ្ញុំក៏សរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។ នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ បើសិនជាយើងរាល់គ្នាថា យើងមានសេចក្តីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់ បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។»
 
 
តើអ្វីគឺជាភាពចាំបាច់ សម្រាប់ការមានទំនាក់ទំនង ជាមួយព្រះវិញ្ញាណបរិសុទ្ធ?
ជាដំបូង យើងគួរតែស្គាល់ និងជឿតាម ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលាងសម្អាតខ្លួនយើងពីអំពើបាប ទាំងអស់របស់យើង តាមរយៈជំនឿ
 
បើសិនអ្នកចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង អ្នកត្រូវតែដឹងថា សូម្បីតែអំពើបាបដ៏តូចមួយនៅចំពោះព្រះ ក៏អាចធ្វើឲ្យអ្នកមិនអាចមានទំនាក់ទំនងនេះបានដែរ។ អ្នកអាចគិតថា «តើមនុស្សម្នាក់អាចមិនអំពើបាបណាមួយនៅចំពោះព្រះបានយ៉ាងដូចម្តេច?»។ ប៉ុន្តែបើសិនអ្នកពិតជាប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះអម្ចាស់មែន នោះអ្នកគួរតែមិនមានសេចក្តីងងឹតនៅក្នុងចិត្តរបស់អ្នកទេ។ ដូច្នេះ ដើម្បីមានទំនាក់ទំនងជាមួយព្រះអម្ចាស់ អ្នកត្រូវដឹងថា អ្នកត្រូវតែជឿតាមដំណឹងល្អអំពីសេចក្តីសង្រ្គោះ ហើយលាងសម្អាតខ្លួនរបស់អ្នកពីអំពើបាបទាំងអស់។
ប្រសិនបើអ្នកពិតជាប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធមែន ជាដំបូង អ្នកគួរតែដឹង និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលាងសម្អាតអំពើបាបរបស់អ្នក តាមរយៈជំនឿ។ ហើយបើសិនអ្នកមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមិនជឿនៅក្នុងចិត្តទេ នោះអ្នកមិនគួរគិតអំពីការមានទំនាក់ទំនងជាព្រះអម្ចាស់ឡើយ។ ការមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ អាចកើតឡើងបាន លុះត្រាតែអំពើបាបទាំងអស់របស់អ្នកត្រូវបានលាងសម្អាតចេញពីចិត្តរបស់អ្នក តាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
អំពើបាបទាំងអស់ អាចត្រូវបានលាងសម្អាតចេញពីចិត្តរបស់មនុស្សបាន ដោយសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។ ព្រះអម្ចាស់ ប្រទានពរដល់អ្នកជាព្រះវិញ្ញាណបរិសុទ្ធ កាលណាអ្នកជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ អញ្ចឹង តើអ្នកចង់មានទំនាក់ទំនងជាមួយព្រះអម្ចាស់ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ដូច្នេះ អ្នកគួរតែទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយជឿតាមដំណឹងល្អពិតចុះ ដើម្បីលាងសម្អាតអំពើបាបចេញពីខ្លួនរបស់អ្នក។ បន្ទាប់ពីនោះ អ្នកពិតជាអាចមានទំនាក់ទំនងជាមួយព្រះអម្ចាស់ជាក់ជាមិនខាន។
ប្រសិនបើអ្នកប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះអម្ចាស់ អ្នកត្រូវតែជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់ ហើយក៏ជឿលើព្រះលោហិតទ្រង់នៅលើឈើឆ្កាងផងដែរ។ ហើយបើសិនមនុស្សពិតជាប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធមែន ពួកគេគួរតែដឹងថា ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកណា។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គបរិសុទ្ធ។ ដូច្នេះហើយបានជាទ្រង់អាចគង់នៅក្នុងអ្នកដែលជឿតាមដំណឹងល្អពិតតែប៉ុណ្ណោះ។
ចូរយើងពិនិត្យមើលការសារភាពអំពើបាបពីមនុស្សម្នាក់ ដែលអំពើបាបរបស់គាត់ត្រូវបានលាងសម្អាត ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់ ហើយដែលឥឡូវនេះ គាត់ទទួលបានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធហើយ។
«មានមនុស្សខុសៗគ្នាជាច្រើននៅក្នុងពិភពលោកនេះ ហើយគ្រប់គ្នារស់នៅតាមគំនិត និងរបៀបផ្ទាល់ខ្លួន។ ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមពួកគេផងដែរ។ ខ្ញុំបានមានជីវិតធម្មតាមួយ ហើយចាប់តាំងពីកុមារភាពមក ខ្ញុំបានដើរតាមម្តាយរបស់ខ្ញុំទៅព្រះវិហារ ហើយក៏បានជឿព្រះដែរ។ ឪពុករបស់ខ្ញុំ គឺជាអ្នកដែលមិនជឿព្រះ ហើយជារឿយៗ គាត់បានរិះគន់សេចក្តីជំនឿរបស់ខ្ញុំ ប៉ុន្តែមនុស្សទាំងអស់ទៀតនៅក្នុងគ្រួសាររបស់ខ្ញុំបានទៅព្រះវិហារដែរ។ ដូច្នេះ ការទៅព្រះវិហារគឺជាផ្នែកដ៏ធំមួយនៃជីវិតរបស់ខ្ញុំ។
ទោះបីជាយ៉ាងណា ក្នុងកំឡុងពេលយុវភាពរបស់ខ្ញុំ ដោយមើលឃើញឪពុកដែលឈឺធ្ងន់ដេកតែមួយកន្លែង ខ្ញុំបានមានគំនិតជាច្រើនអំពីការទាំងនោះ អំពីជីវិត និងសេចក្តីស្លាប់ ហើយស្ថានសួគ៌ និងស្ថាននរក។ មនុស្សភាគច្រើន បាននិយាយថា បើសិនខ្ញុំជឿព្រះ ខ្ញុំនឹងអាចចូលទៅនគរស្ថានសួគ៌ និងបានធ្វើជាកូនរបស់ព្រះបាន ប៉ុន្តែខ្ញុំមិនដែលមានភាពច្បាស់លាស់អំពីរឿងនេះទេ។ ខ្ញុំមិនដែលមានភាពច្បាស់លាស់ថា ខ្ញុំនឹងបានធ្វើជាកូនរបស់ព្រះទេ។ ប៉ុន្តែខ្ញុំបានរៀនថា បើសិនខ្ញុំបានធ្វើអំពើល្អនៅលើផែនដីនេះ ខ្ញុំអាចចូលទៅស្ថានសួគ៌បានហើយ។ ដូច្នេះ ខ្ញុំបានព្យាយាមធ្វើល្អចំពោះអ្នកដែលខ្វះខាត។ 
ប៉ុន្តែនៅផ្នែកម្ខាងទៀតនៃចិត្តរបស់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើបាប។ ខ្ញុំអាចមើលទៅដូចជាមនុស្សល្អម្នាក់នៅចំពោះអ្នកដទៃ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍មានទោសចំពោះអំពើបាបរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំបានបង្កើតទម្លាប់មួយ គឺទៅព្រះវិហារ ហើយអធិស្ឋានថា «សូមអនុញ្ញាតឲ្យទូលបង្គំបានធ្វើជាកូនរបស់ទ្រង់ពិតប្រាកដ ផង។ ហើយសូមអនុញ្ញាតឲ្យទូលបង្គំបានស្គាល់សេចក្តីពិតផង»។ ខណៈដែលកំពុងតែអធិស្ឋាន ខ្ញុំបានបង្កើតការទទូចចង់បានមួយនៅក្នុងចិត្តរបស់ខ្ញុំ។ ពេលណាខ្ញុំបានស្តាប់ព្រះបន្ទូលទ្រង់ ខ្ញុំមិនអាចយល់ ឬមើលឃើញព្រះបន្ទូលបានឡើយ។ ខ្ញុំបានខ្វល់ខ្វាយចេញពីភាពទទេនៃជីវិត អំពើបាប ការស្លាប់របស់ខ្ញុំ...។ល។
ខ្ញុំ បានគិតថា «ខ្ញុំចង់បានកើតជាថ្មី ពីព្រោះបើសិនខ្ញុំបានកើតជាថ្មី ខ្ញុំនឹងមិនរស់នៅបែបនេះទៀតឡើយ»។ ប៉ុន្តែទន្ទឹមនឹងគំនិតទាំងនេះ ខ្ញុំបានទៅព្រះវិហារកាន់តិចទៅៗ ហើយយុវភាពរបស់ខ្ញុំក៏បានកន្លងហួសទៅ។ ឥឡូវនេះ ខ្ញុំត្រូវស្វែងរកការងារមួយ ប៉ុន្តែវាពិបាកជាងដែលខ្ញុំបានគិតទៅទៀត។ ខ្ញុំកាន់តែមានទុក្ខព្រួយ ហើយមិនថាខ្ញុំបានព្យាយាមយ៉ាងណាទេ ខ្ញុំនៅតែមិនអាច ញញឹមបានឡើយ។ ដោយពិនិត្យមើលខ្លួនឯង ដោយចិត្តទទេ ខ្ញុំ ត្រឡប់ជាមានជម្ងឺធ្លាក់ទឹកចិត្ត។ នៅពេលនោះ ខ្ញុំបានស្តាប់ឮដំណឹងល្អពីបងប្រុសម្នាក់របស់ខ្ញុំ។ 
«ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់» (កិច្ចការ ៣:១៩)។ នេះគឺពិតជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមែន។ គ្រប់យ៉ាងដែលខ្ញុំបានរៀនពីការជួបជុំនៅព្រះវិហារពីមុនៗគឺថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ខ្ញុំ។ ប៉ុន្តែដំណឹងល្អនេះប្រាប់ខ្ញុំថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបរបស់យើង ហើយបានទទួលការកាត់ទោសសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាង។
ខ្ញុំ បានចូលរួមក្នុងព្រះវិហារអស់មួយជីវិតរបស់ខ្ញុំ ហើយបានធ្វើពុតជាកូនរបស់ព្រះ ប៉ុន្តែតាមការពិត ខ្ញុំមិនមែនឡើយ។ ខ្ញុំបានព្យាយាមយល់ពីព្រះបន្ទូលទ្រង់ ប៉ុន្តែខ្ញុំមិនអាចយល់បានឡើយ។ ទោះបីជាយ៉ាងណា បន្ទាប់ពីខ្ញុំបានស្តាប់ឮដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយបានជឿតាមដំណឹងល្អនេះ បាបនៅក្នុងខ្ញុំ និងទុក្ខព្រួយទាំងអស់ដែលធ្វើទារុណកម្មខ្ញុំពីមុន បានរលាយបាត់ ហើយចិត្តរបស់ខ្ញុំបានត្រឡប់ជាមានសន្តិភាពវិញ។ 
ខ្ញុំ បានគិតថា បើសិនខ្ញុំគ្រាន់តែបានជឿព្រះ ដោយភាពឆេះឆួល ហើយទៅព្រះវិហារជាទៀងទាត់ នោះខ្ញុំនឹងបានទៅស្ថាន សួគ៌ហើយ។ ប៉ុន្តែព្រះបានបញ្ជូនដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយអំពើបាបរបស់ខ្ញុំត្រូវបានអត់ទោសឲ្យ។ ទ្រង់បានប្រទានឲ្យខ្ញុំនូវអំណោយទានជាព្រះវិញ្ញាណ។ មុនពេលខ្ញុំបានទទួលសេចក្តីប្រោសលោះរបស់ទ្រង់ ខ្ញុំមិនបានយល់ពីព្រះវិញ្ញាណបរិសុទ្ធ ឬមានយោបល់អ្វីពីការនិយាយភាសាទៃឡើយ។ ខ្ញុំគ្រាន់តែបានទៅព្រះវិហារ ហើយជឿថា បើសិនខ្ញុំរស់នៅ និងបម្រើពួកជំនុំដោយស្មោះត្រង់ នោះព្រះនឹងប្រទានពរដល់ខ្ញុំ។ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែអំពើបាបរបស់ខ្ញុំត្រូវបានអត់ទោសឲ្យ តាមរយៈដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
នៅក្នុងជីវិតរបស់ខ្ញុំពីមុន ខ្ញុំនៅមានបាប ទោះបើខ្ញុំបានជឿព្រះហើយក៏ដោយ។ ហើយខ្ញុំបានមានជីវិតបែបមិនច្បាស់លាស់ ដែលមិនស្គាល់ពីសារៈសំខាន់នៃការទទួលបានព្រះវិញ្ញាណបរិសុទ្ធសោះ។ ប៉ុន្តែតាមរយៈអ្នកបម្រើទ្រង់ ដែលបានប្រកាសដំណឹងល្អពិត និងស្របតាមព្រះគម្ពីរ ខ្ញុំបានជឿ ហើយដឹងថា ព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅក្នុងខ្ញុំផងដែរ។ 
បន្ទាប់ពីទទួលបានសេចក្តីប្រោសលោះ ជាដំបូង ខ្ញុំមិនអាចជឿជាក់ថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ ឬមិនគង់ឡើយ។ ប៉ុន្តែខ្ញុំបានបន្តសិក្សាព្រះបន្ទូលទ្រង់ ហើយបានដឹងថា មានជំនឿថ្មីមួយនៅក្នុងចិត្តរបស់ខ្ញុំ បានរីកដុះឡើង ហើយថា ខ្ញុំបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ឥឡូវនេះ វាគឺជាការពិត ហើយខ្ញុំមានការជឿជាក់ថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ! កាលណាទ្រង់បានអត់ទោសអំពើបាបរបស់ខ្ញុំហើយ ខ្ញុំដឹងថា មានតែអ្នកដែលបានរួចពីបាបប៉ុណ្ណោះ ទើបអាចក្លាយជាកូនរបស់ព្រះ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ 
ហើយខ្ញុំក៏បានដឹងថា ការព្យាយាមឲ្យបានគ្រប់លក្ខណ៍នៅចំពោះព្រះនេត្រទ្រង់ ឬរស់នៅគ្រប់លក្ខណ៍ នឹងមិនអនុញ្ញាតឲ្យខ្ញុំទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ ព្រះយាងមកឯអ្នកដែលដឹងថា ពួកគេគឺជាមនុស្សមានបាប ហើយមិនដឹងត្រូវដោះស្រាយយ៉ាងណា។ ហើយទ្រង់ជួបជាមួយអ្នកដែលឧស្សាហ៍ស្វែងរក និងត្រូវការទ្រង់។
ទ្រង់ បានធ្វើឲ្យខ្ញុំដឹងថា ការធ្វើល្អ និងការជឿព្រះដោយមិនច្បាស់លាស់ នឹងមិននាំខ្ញុំទៅស្ថានសួគ៌ទេ ហើយថា ព្រះយេស៊ូវ គ្រីស្ទបានយាងមកលោកិយនេះ ដើម្បីសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ តាមរយៈដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងខ្ញុំជារៀងរហូត។
ខ្ញុំ អរព្រះគុណដល់ព្រះ ដែលបានយកខ្ញុំធ្វើជាកូនរបស់ទ្រង់ ហើយប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់ខ្ញុំ។ បើសិនការនេះមិនសម្រាប់ព្រះអម្ចាស់ទេ នោះខ្ញុំនឹងនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ ហើយត្រូវជាប់ទោសអស់កល្បជានិច្ចនៅក្នុងស្ថាននរកហើយ។»
ដូចគ្នាដែរ ពីមុន ខ្ញុំក៏បានជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ហើយក៏មិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធផង ដែរ។ នៅពេលនោះ ខ្ញុំបានជឿព្រះយេស៊ូវ ប៉ុន្តែខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ ដែលបានរារាំងខ្ញុំមិនឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះមនុស្សមានបាបម្នាក់ពិតជាមិនអាចទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តបានឡើយ។ ប៉ុន្តែនៅតែមានមនុស្សមានបាបជាច្រើន ដែលព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ទោះបើពួកគេមានបាបពេញនៅក្នុងចិត្តរបស់ខ្លួនក៏ដោយ។ 
ដូច្នេះ បើសិនអ្នកពិតជាប្រាថ្នាចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយមានទំនាក់ទំនងជាមួយទ្រង់មែន អ្នកត្រូវជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានសេចក្តីប្រោសលោះចុះ។ តើអ្នកនៅតែជាមនុស្សមានបាបម្នាក់ឬ? ដូច្នេះ អ្នកអាចស្តាប់ឮដំណឹងល្អពិតពីអ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធរួចហើយ។ អ្នកដែលប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែមានចិត្តស្រេកឃ្លាន និងការទុកចិត្តលើដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ 
មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបអាចស្តាប់ព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈពួកជំនុំបាន។ ពួកគេអាចមានជីវិតស្មោះត្រង់ ដោយការស្តាប់តាមដំណឹងល្អពិត ប៉ុន្តែមនុស្សមានបាបមានជីវិតដែលត្រូវបណ្តាសា ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយមិនបានស្តាប់ឮដំណឹងល្អវិញ។
ដូច្នេះ អ្នកត្រូវតែរៀនអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហេតុអ្វីអ្នកត្រូវតែជឿតាមដំណឹងល្អនេះ? វាមានភាពចាំបាច់សម្រាប់អ្នក ដើម្បីបានរួចពីសាសនាច្បាប់ ហើយសាងជំនឿរបស់អ្នកតាមដំណឹងល្អពិត ដែលផ្អែកលើព្រះបន្ទូលព្រះវិញ។ ពួកសិស្សរបស់ព្រះយេស៊ូវ បានដើរតាមដំណឹងល្អពិតនេះ ហើយឥឡូវនេះ វាគឺជារបស់អ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ គឺពិតជាដូចគ្នានឹងដំណឹងល្អរបស់ពួកសាវក នៅសម័យពួកជំនុំដំបូង។ គ្រីស្ទបរិស័ទទាំងអស់ ត្រូវតែទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មក ទើបពួកគេអាចបានធ្វើជាកូនរបស់ព្រះបាន។ 
អ្នកដែលនៅតែមិនជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ពួកគេមិនអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ប៉ុន្តែដើម្បីមានទំនាក់ទំនងជាមួយទ្រង់បាន ជាដំបូង ពួកគេត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានដល់ពួកគេ ដើម្បីឲ្យពួកគេទទួលព្រះវិញ្ញាណបរិសុទ្ធជាមុនសិន។
 
 
ព្រះគម្ពីរតែងតែនិយាយពីព្រះវិញ្ញាណបរិសុទ្ធ
 
ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ បានចាប់ផ្តើមឡើង បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ឥឡូវនេះគឺជាថ្ងៃនៃសេចក្តីសង្រ្គោះ ហើយជាពេលវេលានៃព្រះគុណដ៏លើសលុបរបស់ទ្រង់។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ បើសិនយើងមិនទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបែរជារស់នៅ ដោយមិនមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធនោះ។ 
តើអ្នកមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ហើយតើអំពើបាបរបស់អ្នកបានរារាំងអ្នកមិនឲ្យមានទំនាក់ទំនងជាមួយទ្រង់ឬ? ដូច្នេះ ចូររៀនអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យអ្នកបានជឿចុះ ពីព្រោះបើសិនអ្នកជឿតាមដំណឹងល្អនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅក្នុងចិត្តរបស់អ្នក ហើយធ្វើជាអង្គជំនួយរបស់អ្នក។ ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ជារឿយៗ ព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងបំណងព្រះហឫទ័យទ្រង់នៅក្នុងចិត្តរបស់មនុស្សសុចរិត។ ហើយព័ន្ធកិច្ចរបស់សាវកប៉ុលជាមួយព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវផ្សព្វផ្សាយដំណឹងល្អពិតនេះ។ 
តើអ្នកអាចដឹងថា មនុស្សម្នាក់បានទទួលព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? តើអ្វីគឺជាសញ្ញា? សញ្ញានោះគឺថា គាត់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿតាម។ បើសិនគាត់ស្គាល់ ហើយជឿតាម នោះគាត់គឺជាមនុស្សម្នាក់ ដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។
ព្រះវិញ្ញាណបរិសុទ្ធ មិនគង់នៅក្នុងអស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ប៉ុន្តែទ្រង់គង់នៅក្នុងអស់អ្នកដែលជឿលើការអត់ទោសអំពើបាប ដែលចេញមកពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែប៉ុណ្ណោះ។ ដូច្នេះ តើអ្នកប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?
តើអ្នកដឹងថា អ្នកត្រូវស្គាល់ដំណឹងល្អបែបណា ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយបានទំនាក់ទំនងជាមួយទ្រង់? ដំណឹងល្អពិត មាននៅក្នុងជំនឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ បើសិនអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អ្នកមិនអាចទទួលបានការអត់ទោសអំពើបាបរបស់អ្នក ហើយព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅក្នុងអ្នកបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធ ទាមទារថា មនុស្សគួរតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានទ្រង់។
ព្រះវិញ្ញាណបរិសុទ្ធ មិនអាចគង់នៅក្នុងចិត្តរបស់មនុស្សមានបាបបានឡើយ។ បើសិនអ្នកចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង អ្នកត្រូវតែជឿតាមដំណឹងល្អពិត ដើម្បីលាងសម្អាតខ្លួនរបស់អ្នកចេញពីអំពើបាបទាំងអស់របស់អ្នកសិន។ ហើយបើសិនអ្នកចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ អ្នកក៏គួរតែស្មោះត្រង់ចំពោះការប្រកាសដំណឹងល្អពិតនេះផងដែរ។ បើសិនអ្នកចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំ អ្នកត្រូវតែស្រឡាញ់ដំណឹងល្អពិត ហើយព្យាយាមប្រកាសដំណឹងល្អពិតនេះ គ្រប់ទីកន្លែងដែលអ្នកទៅ ពីព្រោះព្រះវិញ្ញាណហបរិសុទ្ធ គង់នៅជាមួយអស់អ្នកប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះ ប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សសុចរិតតែប៉ុណ្ណោះ ដែលជាអ្នកជឿតាមដំណឹងល្អពិត។ មានតែមនុស្សសុចរិត ដែលជឿតាមដំណឹងល្អពិតប៉ុណ្ណោះ ទើបអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបាន។ ហើយដំណឹងល្អពិតដែលព្រះវិញ្ញាណធ្វើបន្ទាល់ពី គឺជាដំណឹងល្អដែលសម្រេចបាន ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ (១យ៉ូហាន ៥:៣-៧)។
សាវកពេត្រុស ក៏បានជឿតាមដំណឹងល្អពិតផងដែរ ហើយបាននិយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ» (១ពេត្រុស ៣:២១)។ នៅក្នុងព្រះគម្ពីរ ពាក្យថា «ទឹក» សំដៅទៅលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន-បាទ្ទីស។
អ្នកដែលអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ បានទទួល សេចក្តីប្រោសលោះ តាមរយៈដំណឹងល្អពិត ហើយបានរួចពីបាបហើយ។ អ្នកដែលជឿតាមដំណឹងល្អពិត អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត តាមការដឹកនាំរបស់ព្រះវិញ្ញាណ (យ៉ូហាន ៤:២៣)។ ព្រះវិញ្ញាណបរិសុទ្ធ ជួយមនុស្សសុចរិតឲ្យរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ អាចរស់នៅ ដោយសរសើរតម្កើងព្រះបានជារៀងរហូត។ ហើយព្រះវិញ្ញាណបរិសុទ្ធធានាថា យើងគឺជាកូនរបស់ព្រះហើយ។ យើងអាចរស់នៅជារៀងរហូតនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
 
 
ព្រះវិញ្ញាណបរិសុទ្ធមិនមានទំនាក់ទំនងជាមួយអ្នកដែលបោកបញ្ឆោតខ្លួនឯងទេ
 
ព្រះវិញ្ញាណបរិសុទ្ធ ប្រាប់មនុស្សមានបាបនៅក្នុង ១យ៉ូហាន ១:៨ ថា «បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ»។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅក្នុងអ្នកណា ដែលបោកបញ្ឆោតខ្លួនឯងបានឡើយ។ ទ្រង់ស្តីបន្ទោសមនុស្សមានបាបថា «ហេតុអ្វីអ្នកមិនជឿតាមដំណឹងល្អពិត ដែលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់បានសម្រេចបាន?
យើង នឹងពិនិត្យមើលការសារភាពរបស់គ្រីស្ទបរិស័ទដែលបានកើតជាថ្មីម្នាក់ ដែលពីដំបូងបានជឿថា គាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ ដោយមិនបានយល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់សោះ។ ឥឡូវនេះ បុរសម្នាក់នេះជឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិត ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ នៅទីនេះ យើងគួរតែបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកណាដែលព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយ។
«នៅពេលខ្ញុំបានដឹងពីមូលហេតុសម្រាប់អត្ថិភាពរបស់ខ្ញុំនៅក្នុងលោកិយនេះ ព្រះបានចាប់ផ្តើមគង់នៅក្នុងចិត្តរបស់ខ្ញុំ។ ដោយពិនិត្យមើលខ្លួនឯង ខ្ញុំគិតថា ភាពខ្សោយរបស់ខ្ញុំ ដែលរស់នៅក្នុងលោកិយដ៏ឃោឃៅនេះតែម្នាក់ឯង គឺជាលទ្ធផលនៃសេចក្តីប្រាថ្នាចង់បានព្រះ។ ខ្ញុំមិនបានស្វែងរកព្រះទេ ប៉ុន្តែខ្ញុំបានទទួលយកអត្ថិភាពរបស់ទ្រង់ដោយឯកឯង ពីព្រោះយើងមិនអាចមើលទ្រង់ឃើញឡើយ ប៉ុន្តែទ្រង់ពិតជាគង់នៅទីនោះមែន។ តាមការពិត ខ្ញុំបានសួរខ្លួនឯងថា «តើទ្រង់ពិតជាគង់នៅទីនោះឬ?» ប៉ុន្តែគំនិតបែបនេះបានធ្វើឲ្យខ្ញុំភ័យខ្លាច ពីព្រោះខ្ញុំជឿយ៉ាងមុតមាំថា ទ្រង់គឺជាព្រះអាទិករនៃរបស់សព្វសារពើរ។ 
អ្នកដែលបដិសេធព្រះ ពិតជាមានសេចក្តីចំកួតហើយ ប៉ុន្តែតាមរបៀបខ្លះ ពួកគេខ្លាំងជាងខ្ញុំណាស់។ មើលទៅ ពួកគេដូចជាធ្វើដំណើរទៅមុខ ដោយខ្លួនឯងបាន ហើយម៉្យាងវិញទៀត ខ្ញុំមើលទៅដូចជាមនុស្សចំកួតដែលមានភាពខ្សោយម្នាក់។ ប៉ុន្តែដោយ សារខ្ញុំបានសេចក្តីសង្ឃឹមសម្រាប់ជីវិតបន្ទាប់ពីស្លាប់ ខ្ញុំបានសម្លឹងទៅឯព្រះ ដោយការគោរពកោតខ្លាចកាន់តែខ្លាំង។ ខ្ញុំបានឆ្ងល់ថា ស្ថានសួគ៌គឺជាកន្លែងមួយសម្រាប់មនុស្សដូចជាខ្ញុំ ដែលគិតថា ពួកគេតែងតែមានការខ្វះខាត។ ហើយសំណួរនេះបានធ្វើឲ្យខ្ញុំកាន់តែប្រាថ្នាចង់បានស្ថានសួគ៌។
ឪពុកម្តាយរបស់ខ្ញុំ បានមើលងាយមនុស្សដើរតាមសាសនា ហើយបងប្អូនបង្កើតរបស់ខ្ញុំបានទៅព្រះវិហារ ដោយគ្មានភក្តីភាព។ ដោយសារពួកគេបានគិតថា ភក្តីភាពរបស់ខ្ញុំចំពោះព្រះវិហារនឹង រលុតបាត់ទៅក្នុងពេលដ៏ឆាប់ ពួកគេមិនបានបញ្ឈប់ខ្ញុំពីការទៅព្រះវិហារទេ រហូតដល់ខ្ញុំរៀននៅវិទ្យាល័យ។ ដូច្នេះ ខ្ញុំបានចូលរួមពីព្រះវិហារទៅព្រះវិហារមួយទៀត ហើយជាចុងក្រោយ ខ្ញុំបានចាប់ផ្តើមទៅព្រះវិហារតូចមួយ ដែលនៅជិតផ្ទះរបស់ខ្ញុំ រហូតដល់ខ្ញុំរៀននៅសាកលវិទ្យាល័យ។ 
មូលហេតុដែលខ្ញុំបានជ្រើសរើសចូលរួមជាមួយព្រះវិហារនេះគឺថា វាផ្តោតយ៉ាងខ្លាំងលើដំណឹងល្អ។ គ្រូគង្វាលនៃពួកជំនុំគឺជាអ្នកចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ដែលមានអំណោយទានមកពីព្រះ (Evangelical Revivalist) ហើយមិនបានធ្វើអ្វីបំពានដល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរឡើយ។ ខ្ញុំមានហេតុផលផ្សេងៗសម្រាប់មានជីវិតបែបសាសនាដោយស្មោះត្រង់របស់ខ្ញុំ ទោះបើខ្ញុំមានភាពតានតឹង និងការកៀបសង្កត់ពីការសិក្សារបស់ខ្ញុំក៏ដោយ។
ហេតុផលគឺថា នៅពេលមនុស្សចាត់ទុកសមាជិកពួកជំនុំរបស់ខ្ញុំថាជាមនុស្សមិនស្គាល់ព្រះជាម្ចាស់ នោះខ្ញុំបានជឿថា ពួកជំនុំរបស់ខ្ញុំត្រឹមត្រូវ ហើយខ្ញុំមានភាពច្បាស់លាស់ថា ខ្ញុំនឹងបានទៅស្ថានសួគ៌។ ហើយភាពច្បាស់លាស់នេះគឺផ្អែកលើដំណឹងល្អ។ ពួកគេបាននិយាយថា មនុស្សមានបាបមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ ប៉ុន្តែមនុស្សពីពួកជំនុំផ្សេងៗក៏បាននិយាយផងដែរថា ចិត្តរបស់ពួកគេពេញទៅដោយបាប។ ហើយមុនពេលខ្ញុំបានចូលរួមជាមួយពួកជំនុំរបស់ខ្ញុំ ខ្ញុំក៏បានជឿផងដែរថា មនុស្សនៅក្នុងពួកជំនុំរបស់ខ្ញុំគឺជាមនុស្សមានបាប។ ដូច្នេះហើយបានជាខ្ញុំមិនបានគិតច្រើនអំពីការរិះគន់នេះទេ។ 
ប៉ុន្តែអ្នកចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ដែលមានអំណោយទានពីព្រះ គឺខុសគ្នាពីអ្វីដែលខ្ញុំបានមានបទពិសោធន៍ពីអតីតកាល។ ពួកគេបាននិយាយថា បើសិនពួកគេបានជឿព្រះយេស៊ូវតាមរបៀបត្រឹមត្រូវ នោះពួកគេមិនមានបាបទេ។ ហើយមានតែមនុស្សឥតបាបទេ ទើបអាចទៅស្ថានសួគ៌បាន។ ពួកគេក៏បាននិយាយផងដែរថា ដោយសារព្រះយេស៊ូវបានប្រទានយុត្តិធម៌ដល់យើងនៅលើឈើឆ្កាង នោះយើងមិនមែនជាមនុស្សមានបាបទៀតទេ តែជាមនុស្សសុចរិតវិញ។ ពីដំបូង ខ្ញុំមិនបានជឿតាមជំនឿបែបនេះទេ ប៉ុន្តែនៅពេលខ្ញុំបានគិតអំពីវា វាក៏សមហេតុសមផលដែរ។ ខ្ញុំនៅក្មេង ហើយខ្ញុំបានគិតថា បើសិនខ្ញុំចង់ទៅស្ថានសួគ៌ ព្រះនឹងអនុញ្ញាតឲ្យខ្ញុំទៅបាន លុះត្រាតែខ្ញុំឥតមានបាប ពីព្រោះព្រះស្អប់បាបខ្លាំងណាស់។ 
ពួកជំនុំនេះ មានជំនឿខុសពីជំនឿរបស់ខ្ញុំពីមុន ហើយកម្មវិធីថ្វាយបង្គំក៏ខុសគ្នាបន្តិចផងដែរ។ ប៉ុន្តែដោយសារស្ថានសួគ៌គឺជាកន្លែងមួយ ដែលមនុស្សមួយចំនួនតូច ដែលព្រះបានជ្រើសរើស អាចចូលទៅបាន វាហាក់ដូចជាមនុស្សនៅក្នុងពួកជំនុំនេះមានជំនឿត្រឹមត្រូវហើយ។ ដោយសារពួកជំនុំបានផ្តោតសំខាន់លើសាច់ឈាម និងព្រះលោហិតរបស់ព្រះយេស៊ូវ ជារៀងរាល់ថ្ងៃអាទិត្យ យើងបានបរិភោគនំប៉័ង និងផឹកស្រា ដែលវាផ្អែកលើព្រះគម្ពីរ ហើយខ្ញុំក៏បានទទួលយកវាទៅ។ ប៉ុន្តែក្រោយមកទៀត ខ្ញុំបានដឹងថា មនុស្សគ្រាន់តែបានចូលរួមនៅក្នុងពិធី ដោយមិនបានដឹងពីអត្ថន័យពិតរបស់វាឡើយ។ 
ខ្ញុំ បានជឿថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់អ្នកជឿ និងនៅក្នុងចិត្តរបស់មនុស្សសុចរិត ហើយថា ទ្រង់ស្តាប់ឮការអធិស្ឋានទាំងអស់របស់ពួកគេ។ ដូច្នេះ ខ្ញុំបានជឿថា ព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅក្នុងខ្ញុំផងដែរ។ ខ្ញុំបានមានភាពច្បាស់លាស់ថា ទ្រង់គង់នៅជាមួយខ្ញុំ ហើយខ្ញុំមិនដែលសង្ស័យអំពីដំណឹងល្អ ដែលខ្ញុំបានជឿតាមឡើយ។ នៅពេលខ្ញុំកំពុងតែបានជួបប្រទះទុក្ខលំបាក ខ្ញុំបាននិយាយទៅកាន់ព្រះ ដូចជាទ្រង់គង់នៅជាប់ខ្ញុំ អញ្ចឹង។ ខ្ញុំបានជឿថា ទ្រង់បានស្តាប់ខ្ញុំ នៅពេលខ្ញុំប្រាប់ទ្រង់អំពីគ្រប់យ៉ាង ដែលខ្ញុំមិនអាចប្រាប់អ្នកផ្សេងណាទៀតបានឡើយ។ ដូច្នេះ ខ្ញុំបានទុកចិត្ត និងពឹងផ្អែកលើទ្រង់។ 
ខ្ញុំ មិនអាចយល់ពីអ្នកដែលបានចូលរួមការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ដើម្បីនិយាយភាសាដទៃ ហើយខ្ញុំបានសើចចំអកដល់អ្នកដែលបានចូលរួមកម្មវិធីអធិស្ឋានតម។ ដោយសំឡឹងមើលការព្យាយាមបែបនេះ ខ្ញុំបានគិតថា «ហេតុអ្វីពួកគេខិតខំព្យាយាមដោយឥតប្រយោជន៍ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធដូច្នេះ? ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នកដែលឥតមានបាប ហើយគង់នៅជាមួយពួកគេជារៀងរហូតតែប៉ុណ្ណោះ។ ពួកគេត្រូវតែជាមនុស្សមានបាបហើយ ហើយទ្រង់មិនយាងមកគង់ជាមួយពួកគេ ដោយសារតែការខិតខំព្យាយាមទាំងអស់របស់ពួកគេឡើយ»។ ខ្ញុំបានអាណិតដល់ពួកគេ ដោយបានគិតថា ពួកគេគឺជាមនុស្សចំកួត។ ដោយបានគិតបែបនេះ ខ្ញុំបានដឹងថា ជំនឿរបស់ខ្ញុំតាមដំណឹងល្អគឺពិតជាត្រឹមត្រូវ និងពិសេស ហើយជំនឿរបស់អ្នកដទៃគឺជាសេចក្តីកុហកទាំងអស់។
ចិត្តក្រអឺតក្រទមរបស់ខ្ញុំ បានឈានដល់ចំណុចកំពូល។ អស់ រយៈពេលដប់ឆ្នាំ ខ្ញុំបានរស់នៅក្នុងជីវិតបែបសាសនា ដោយខ្លួន ឯង។ ប៉ុន្តែពេលវេលាកន្លងទៅ សំណួរជាច្រើនបានចាប់ផ្តើមលេចឡើងនៅក្នុងគំនិត និងចិត្តរបស់ខ្ញុំ។ ខ្ញុំបានគិតថា «ខ្ញុំឥតមានបាបទេ ដោយយោងទៅតាមដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាង ប៉ុន្តែអ្នកជឿទាំងអស់ទៀតក៏ឥតមានបាបផងដែរឬ? តើពួកគេពិតជាជឿតាមដំណឹងល្អនេះដែរឬ? ខ្ញុំមិនបានដឹងពីមូលហេតុដែលខ្ញុំបានចាប់ផ្តើមសួរសំណួរទាំងនេះទេ។ សំណួរគ្រាន់តែបានលេចមកក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំមិនអាចសួរអ្នកណាម្នាក់បានឡើយ។ នេះគឺជាជំនឿផ្ទាល់ខ្លួនមួយ ហើយយើងមិនគួរបំពានពួកគេទេ ពីព្រោះវាគឺជាសំណួរឈ្លើយសម្រាប់សួរអ្នកណាម្នាក់ទៀត។
ប៉ុន្តែខ្ញុំបានចាប់ផ្តើមសំណួរទាំងនេះដល់ខ្លួនឯងវិញ។ នៅពេលខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមធ្វើកិច្ចការ ដែលធ្លាប់តែតឹងរឹងតាមទស្សនៈបែបសាសនា ហើយចិត្តរបស់ខ្ញុំបានត្រឡប់ទៅជាងងឹត រហូតធ្វើឲ្យជំនឿរបស់ខ្ញុំបានចាប់ផ្តើម រលុតទៅ។ ខ្ញុំលែងមានភាពច្បាស់លាស់អំពីជំនឿរបស់ខ្លួនទៀតហើយ។ «តើខ្ញុំអាចហៅខ្លួនឯងជាមនុស្សសុចរិតម្នាក់ដែរទេ? ហើយតើព្រះយេស៊ូវពិតជាបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំដែរទេ? នៅក្នុងភាពច្របូកច្រូលទាំងនេះ ខ្ញុំបានបង្ខំខ្លួនឯងឲ្យគិតអំពីដំណឹងល្អអំពីឈើឆ្កាង ហើយយកវាមកបញ្ចុះបញ្ចូលខ្លួនឯងឲ្យផ្លាស់ប្តូរគំនិត។ ប៉ុន្តែកាលណាខ្ញុំបានដាក់សម្ពាធខ្លួនឯងកាន់តែខ្លាំង ខ្ញុំកាន់តែវង្វេង ហើយខ្ញុំមិនបានចូលរួមកម្មវិធីពួកជំនុំទៀតទេ គឺខ្ញុំបានប្រើសកម្មភាពក្លិបរបស់ខ្ញុំជាលេសវិញ។ 
ដោយស្ថិតនៅក្នុងភាពច្របូកច្របល់ និងភាពវឹកវរទាំងនេះ ទីបំផុត ខ្ញុំបានជួបនឹងសេចក្តីពិត។ ខ្ញុំបានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយវាបានមកឯខ្ញុំ ដូចជាផ្លេកបន្ទោរ ហើយបានយំ។ ប៉ុន្តែដោយស្តាប់ពីដំណឹងល្អ ខ្ញុំត្រូវតែទទួលស្គាល់ថា គ្រប់យ៉ាងដែលខ្ញុំបានជឿរហូតមកដល់ពេលនេះ គឺជាសេចក្តីក្លែងក្លាយទាំងអស់។
ខ្ញុំ មិនដែលបានផ្ទេរអំពើបាបរបស់ខ្ញុំទៅលើព្រះយេស៊ូវ សោះឡើយ។ ខ្ញុំបានជឿយ៉ាងមុះមុតថា ទ្រង់បានដោះអំពើបាបរបស់ខ្ញុំចេញហើយ ហើយខ្ញុំគឺជាមនុស្សឥតមានបាបទេ ប៉ុន្តែវាមិនមែនជាការពិតឡើយ។ ហេតុអ្វីព្រះយេស៊ូវបានយាងមកលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជ? ពីព្រោះទ្រង់ចង់បង្ហាញយើងថា ទ្រង់ស្លូតដូចជាកូនចៀមឬ? ដើម្បីបង្ហាញថា ទ្រង់បានយាងមកជាមនុស្សមា្នក់ឬ? ឬដើម្បីទាយពីការសុគតដែលចៀសមិនរួចរបស់ទ្រង់ឬ? ខ្ញុំមិនដែលបានគិតអំពីសារៈសំខាន់នៃបុណ្យជ្រមុជរបស់ទ្រង់សោះ។ សេចក្តីពិតគឺថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សជាតិ ហើយតាមរយៈបុណ្យជ្រមុជនេះ អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់។
«អូ! នេះគឺជាមូលហេតុដែលព្រះយេស៊ូវបានយាងមកធ្វើជាកូនចៀមនៃព្រះ ដែលទទួលយកអំពើបាបទាំងអស់របស់យើង!» ឥឡូវនេះ ខ្ញុំបានយល់គ្រប់យ៉ាងហើយ។ «ព្រះយេស៊ូវបានទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំនៅលើឈើឆ្កាង។ នេះហើយគឺជាមូលហេតុដែលខ្ញុំឥតមានបាបនៅក្នុងចិត្តរបស់ខ្ញុំ។» ពេលវេលាដែលខ្ញុំបានស្គាល់ដំណឹងល្អអំពីទឹក (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) ព្រះលោហិត (ឈើឆ្កាង) និងព្រះវិញ្ញាណបរិសុទ្ធ (ព្រះយេស៊ូវគឺជាព្រះ) អំពើបាបទាំងអស់នៅក្នុងចិត្តរបស់ខ្ញុំបានរលុបបាត់អស់។
ឥឡូវនេះ ខ្ញុំគឺពិតជាមនុស្សសុចរិត និងឥតមានបាប ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ខ្ញុំ។ ជំនឿរបស់ខ្ញុំលើឈើឆ្កាង គឺមិនទាន់គ្រប់គ្រាន់ ដើម្បីសម្អាតអំពើបាបទាំងអស់នៅក្នុងចិត្តរបស់ខ្ញុំឡើយ។ បើសិនអ្នកមិនដឹងពីរបៀបផ្ទេរអំពើបាបរបស់អ្នកទៅលើព្រះយេស៊ូវទេ នោះអ្នកមិនទទួលបានការអត់ទោសអំពើបាបទេ ហើយព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅក្នុងអ្នកបានដែរ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលខ្ញុំអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈដំណឹងល្អពិតនេះ។
ខ្ញុំ បានទទួលការអត់ទោសអំពើបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ដោយមិនតាមរយៈការប្រព្រឹត្តឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ នៅពេលនេះ និងជារៀងរហូតទៅ។ ឥឡូវនេះ ខ្ញុំអាចហៅខ្លួនឯងជាមនុស្សឥតមានបាប ហើយមានមោទនភាព ដែលនគរស្ថានសួគ៌គឺជារបស់ខ្ញុំហើយ។ ខ្ញុំសូមឆ្លៀតឱកាសនេះ អរព្រះគុណដល់ព្រះអម្ចាស់ ដែលប្រទានដល់ខ្ញុំនូវព្រះពរដែលឥតគិតថ្លៃនេះ។ ហាលេលូយ៉ា!»
អ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ អាចនិយាយថា ពួកគេឥតមានបាបនៅចំពោះព្រះបាន។ មិនថាអ្នកបានជឿព្រះយេស៊ូវបានយូរប៉ុណ្ណាទេ បើសិនអ្នកមិនជឿតាមដំណឹងល្អពិត ដែលព្រះបានប្រទានដល់យើង អ្នកពិតជានៅតែមានបាបនៅក្នុងចិត្ត ដដែល។ មនុស្សបែបនេះ កំពុងតែបោកបញ្ឆោតខ្លួនឯង និងព្រះហើយ។ ពួកគេមិនដែលបានជួបព្រះអម្ចាស់ឡើយ។ បើសិនមនុស្សមានបាបម្នាក់ប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង គាត់ត្រូវតែឈប់បោកបញ្ឆោតខ្លួនឯង ហើយសារភាពថា គាត់បានធ្វើបាប។ បន្ទាប់មក គាត់អាចនឹងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ អ្នកដែលតាមដំណឹងល្អពិតនេះ សាកសមនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
តើព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលយ៉ាងដូចម្តេចទៅកាន់មនុស្សមានបាប? ទ្រង់ដាស់តឿនពួកគេឲ្យទទួលបានសេចក្តីអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អពិត ដែលត្រូវបានសម្រេចបាន ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ បើសិនអ្នកនិយាយថា អ្នកមិនមែនជាមនុស្សមានបាបម្នាក់ទេ ខណៈដែលអ្នកបានធ្វើបាប នោះអ្នកនឹងមិនទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្នកដែលមិនជឿតាមដំណឹងល្អពិត ហើយនិយាយថា ពួកគេមិនបានធ្វើបាបទេ បោកបញ្ឆោតទាំងព្រះ និងខ្លួនឯងផង។ មនុស្សមានបាបត្រូវតែស្គាល់ពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយមានតែតាមរបៀបនេះទេ ទើបពួកគេអាចបានរួចពីការជំនុំជម្រះដ៏ធ្ងន់ធ្ងររបស់ព្រះបាន។ 
 
 
មនុស្សសុចរិតអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបាន ដោយការលន់តួអំពើបាបរបស់ខ្លួន
 
ខ្ញុំ និយាយទៅកាន់អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ ចូរយើងពិនិត្យមើលអ្វីដែលព្រះបានប្រាប់មនុស្សសុចរិត។ នៅក្នុង ១យ៉ូហាន ១:៩ សរសេរថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។ ខគម្ពីរនេះមានន័យថា យើងអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើងចេញពីចិត្តកខ្វក់របស់យើងបាន ដោយការរំឮកខ្លួនឯងពី និងការជឿតាមដំណឹងល្អពិត ដែលប្រកាសថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងធួននឹងអំពើបាបទាំងនោះ ដោយការសុគតនៅលើឈើឆ្កាង។ មនុស្សសុចរិតត្រូវលន់តួអំពើបាបជាក់ស្តែងរបស់ខ្លួនទៅកាន់ព្រះ។ បន្ទាប់មក ពួកគេអាចមានទំនាក់ទំនងជាព្រះវិញ្ញាណបរិសុទ្ធបាន។ មនុស្សសុចរិតគួរតែលន់តួអំពើបាបជាក់ស្តែងរបស់ខ្លួន ហើយបន្តជឿតាមដំណឹងល្អពិត។
ជាយូរមកហើយ ដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ បានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ដូច្នេះហើយបានជាមនុស្សសុចរិតគួរតែជឿតាមដំណឹងល្អនេះ ហើយបានរួចពីអំពើបាបទាំងអស់របស់ខ្លួន។ ព្រះ អម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សសុចរិតត្រូវតែជឿតាមដំណឹងល្អពិត ដើម្បីបានរួចពីអំពើបាបរបស់ខ្លួន។ ហើយមនុស្សសុចរិតអាចសម្អាតចិត្តរបស់ខ្លួន ដោយការជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ នៅពេលពួកគេបានកខ្វក់ដោយអំពើបាបជាក់ស្តែងរបស់ខ្លួន។
ព្រះអម្ចាស់របស់យើង បានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សសុចរិត តាំងពីយូរមកហើយ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ដូច្នេះ អស់អ្នកដែលជឿ ពិតជាបានរួចពីអំពើបាបទាំងអស់របស់ខ្លួនហើយ។ ទោះបីជាយ៉ាងណា មនុស្សសុចរិតគួរតែលន់តួ និងទទួលស្គាល់អំពើបាបរបស់ខ្លួន នៅចំពោះព្រះវត្តមានព្រះ។ ហើយបន្ទាប់មក មនុស្សសុចរិតត្រូវតែ ត្រឡប់ទៅឯជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលបានបង្កើតដំណឹងល្អពិតនេះឡើង ដើម្បីបានរួចពីអំពើបាបទាំងអស់របស់ខ្លួន។ ដូច្នេះ ពួកគេតែងតែអាចមានជីវិតស្រស់ថ្លា រួមជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ អស់អ្នកដែលអាចសម្លឹងទៅឯព្រះអម្ចាស់បាន ដោយមិនគិតពីភាពខ្សោយរបស់ខ្លួន អាចមានទំនាក់ទំនងពិតប្រាកដជាមួយព្រះបាន ដោយអរគុណដល់ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
 
 
តើយើងអាចដឹងថា យើងពិតជាមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា?
 
មានមនុស្សជាច្រើន ដែលប្រាថ្នាចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែពួកគេមិនដឹងពីរបៀបធ្វើឲ្យសេចក្តីប្រាថ្នានេះក្លាយជាការពិតឡើយ ទោះបើពួកគេបានជឿព្រះយេស៊ូវរួចហើយក៏ដោយ។ មនុស្សទាំងអស់អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយចាប់ ផ្តើមមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ទ ចាប់ពីវេលានោះតទៅ។
ដូចគ្នាដែរ ផ្លូវតែមួយគត់ ដែលមនុស្សសុចរិតអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបាន គឺត្រូវស្គាល់ និងជឿតាមសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទំនាក់ទំនងរវាងមនុស្សសុចរិត និងព្រះវិញ្ញាណបរិសុទ្ធមិនអាចកើតឡើង ដោយគ្មានដំណឹងល្អពិតនេះបានជាដាច់ខាត។ ដូច្នេះ តើយើងអាចមានទំនាក់ទំនងជាព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា? វាអាចកើតឡើងបាន ដោយការជឿតាមសេចក្តីពិតអំពីដំណឹងល្អពិត។
 
 
ព្រះមានបន្ទូលថា មនុស្សបន្តធ្វើបាបពេញមួយជីវិត
 
១យ៉ូហាន ១:១០ និយាយថា «បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។ មិនមានអ្នកណាម្នាក់ ដែលមិនធ្វើបាបនៅចំពោះព្រះឡើយ។ សូម្បីតែព្រះគម្ពីរក៏និយាយថា «ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ» (សាស្តា ៧:២០)។ មនុស្សទាំងអស់ធ្វើបាប នៅចំពោះព្រះ។ បើសិនអ្នកណាម្នាក់និយាយថា ខ្លួនមិនបានធ្វើបាបសោះ នោះគាត់គឺជាមនុស្សកុហកម្នាក់ហើយ។ មនុស្សបន្តធ្វើបាបពេញមួយជីវិតរបស់ខ្លួន រហូតដល់ថ្ងៃស្លាប់ ហើយនេះគឺជាហេតុផលដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់ពួកគេ។ បើសិនយើងមិនបានធ្វើបាបទេ នោះយើងមិនចាំបាច់ជឿ និងទទួលយកព្រះជាព្រះអង្គសង្រ្គោះរបស់យើងឡើយ។ 
ព្រះអម្ចាស់មានបន្ទូលថា «ព្រះបន្ទូលអញមិននៅក្នុងឯងឡើយ» ទៅកាន់អ្នកដែលគិតថា ខ្លួនមិនបានធ្វើបាបសោះ។ បើសិនមនុស្សមា្នក់មិនមានជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណទេ នោះគាត់សមនឹងទទួលបានសេចក្តីវិនាស។ ហើយបើសិនមនុស្សសុចរិតម្នាក់ ឬមនុស្សមានបាបម្នាក់និយាយថា ខ្លួនមិនបានធ្វើបាបនៅចំពោះព្រះសោះ នោះគាត់មិនសមនឹងជឿតាមដំណឹងល្អពិតឡើយ។
ព្រះអម្ចាស់ បានប្រទានអំណោយទានដ៏អស្ចារ្យមួយ ដែលជាដំណឹងល្អពិត។ យើងលន់តួអំពើបាបទាំងអស់របស់យើង ហើយប្រែចិត្ត ដើម្បីទទួលបានសេចក្តីអត់ទោសអំពើបាប ដោយសារដំណឹងល្អពិត។ យើងអាចបែរមកដំណឹងល្អពិត ដែលព្រះបានប្រទានដល់យើង ជាសេចក្តីអត់ទោសដល់អំពើបាបរបស់យើង ហើយជឿតាមដំណឹងល្អពិតនេះ ដើម្បីមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបាន។ ទំនាក់ទំនងពិតប្រាកដជាមួយព្រះវិញ្ញាណបរិសុទ្ធគឺនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមានតែអ្នកដែលមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ ទើបមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបាន។
មនុស្សជាតិ នៅឆ្ងាយពីព្រះ ដោយសារតែបាបដែលបានស្នងពីអ័ដាម និងអេវ៉ាមក។ ប៉ុន្តែឥឡូវនេះ យើងដែលបានស្នងគ្រាប់ពូជនៃបាប អាចរំពឹងដល់ការមានទំនាក់ទំនងជាមួយព្រះម្តងទៀតបាន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន យើងត្រូវតែងាកមកមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ហើយទទួលបានការអត់ទោសអំពើបាប ដែលបានកាត់ផ្តាច់យើងចេញពីព្រះ។
អ្នកដែលជឿតាមដំណឹងល្អពិត នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ហើយព្រះនឹងបំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ។ ហើយមនុស្សសុចរិតអាចមានទំនាក់ទំនងជាមួយព្រះបាន ពីព្រោះពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ អ្នកដែលត្រូវបានកាត់ចេញឆ្ងាយពីព្រះ ដោយសារតែអំពើបាបរបស់ខ្លួន ត្រូវតែបែរមកឯ និងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណវិញ។ ហើយបន្ទាប់មក ពួកគេអាចចាប់ផ្តើមមានទំនាក់ទំនងពិតប្រាកដជាមួយទ្រង់បានហើយ។
ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ កើតឡើង តាមរយៈជំនឿតាមដំណឹងល្អពិត។ យើងត្រូវតែដឹងថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ហើយការជឿតាមដំណឹងល្អពិតបានបង្កើតផ្លូវថ្មីមួយទៅកាន់ព្រះ ដោយព្រះអម្ចាស់បានបំបាក់ជញ្ជាំង កណ្តាលចេញ ដែលបានបំបែកយើងចេញពីព្រះ ដោយព្រោះតែបាបពីកំណើត និងអំពើបាបជាក់ស្តែង ហើយបានអនុញ្ញាតឲ្យយើងមានទំនាក់ទំនងជាមួយព្រះវិញ តាមរយៈជំនឿរបស់យើងតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ 
យើង ត្រូវតែបង្កើតទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធម្តងទៀត។ យើងអាចមានទំនាក់ទំនងពិតប្រាកដជាមួយព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការយល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ការស្តាប់បង្គាប់ និងជំនឿតាម។ ទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធកើតឡើង នៅពេលយើងមានជំនឿលើការពិតថា សេចក្តីអត់ទោសដល់អំពើបាបរបស់យើងកើតចេញមកពីដំណឹងល្អពិត។ អ្នកដែលមិនបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន មិនអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ នៅក្នុងន័យផ្សេង គ្មានអ្នកណាម្នាក់អាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។
ប្រសិនបើអ្នកពិបាក ក្នុងការមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង អ្នកគួរតែទទួលស្គាល់ថា អ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ហើយថា អំពើបាបរបស់អ្នកមិនទាន់ត្រូវបានអត់ទោសឲ្យទេ។ តើអ្នកចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ដូច្នេះ ចូរជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ចុះ។ មានតែធ្វើដូច្នេះទេ ទើបអ្នកនឹងទទួលបានការអត់ទោសដល់អំពើបាបទាំងអស់របស់អ្នក ហើយនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តទុកជារង្វាន់។ ដំណឹងល្អពិតនេះ ពិតជាអាចជួយអ្នកឲ្យមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធបាន។