Search

Sermões

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 15] ចូរយើងផ្សាយដំណឹងល្អទៅកាន់ ពិភពលោកទាំងមូល

«គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្តី កំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង» (រ៉ូម ១៥:១-២)។
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ មិនត្រូវស្វែងរកសេចក្តីសុចរិតផ្ទាល់ខ្លួនឡើយ ពីព្រោះព្រះយេស៊ូវគ្រីស្ទក៏មិនបានស្វែងរកសេចក្តីសុចរិតរបស់ទ្រង់ដែរ។ មនុស្សសុចរិតរស់នៅសម្រាប់នគរព្រះ និងផ្សាយដំណឹងល្អសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ សាវកប៉ុលបាននិយាយថា អ្នកដែលមានកម្លាំង គួរតែទ្រាំទ្រនឹងភាពខ្សោយរបស់អ្នកដែលគ្មានកម្លាំង ដោយឥតបំពេញតាមចិត្តរបស់ខ្លួនឡើយ។
អ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ត្រូវតែប្រកាសដំណឹងល្អ ដើម្បីឲ្យពួកគេអាចលាងសម្អាតអំពើបាបរបស់អ្នកដទៃ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទបាន។ នេះគឺជាមូលហេតុដែលព្រះស្អប់អ្នកដែលខ្ជិល និងមិនផ្សាយដំណឹងល្អ ដើម្បីសង្រ្គោះមនុស្សមាន បាប។ ដូច្នេះ យើងមិនត្រូវស្វែងរកសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើងឡើយ ប៉ុន្តែយើងត្រូវតែប្រកាសពីសេចក្តីសុចរិតរបស់ព្រះទៅកាន់អ្នកដទៃវិញ។ យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យមនុស្សមានបាបអាចបានសង្រ្គោះ តាមរយៈសេចក្តីជំនឿ។ ហើយយើងក៏ត្រូវស្អាងចិត្តគ្នាទៅវិញទៅមកផងដែរ។ 
 
 
កុំសង់ផ្ទះលើជើងជញ្ជាំងរបស់អ្នកដទៃ
 
ខ.២០ និយាយថា «គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ»។ 
មានអ្វីមួយពិសេស នៅក្នុងដំណឹងល្អដែលសាវកប៉ុលបានប្រកាស គឺថា គាត់បានសង្វាតផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ហើយអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះក៏ត្រូវសង្វាតផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដូចដែលសាវកប៉ុលបានធ្វើផងដែរ។ ដើម្បីធ្វើឲ្យវាកើតឡើងបាន យើងត្រូវតែស្វែងរកប្រយោជន៍របស់អ្នកដទៃ មិនមែនប្រយោជន៍របស់យើងទេ។ អ្នកដែលស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ ធ្វើដូច្នេះ ពីព្រោះពួកគេបានស្លាប់នៅលើឆ្កាងឈើឆ្កាងជាមួយព្រះគ្រីស្ទ និងបានរស់ពីស្លាប់ជាមួយទ្រង់ហើយ។ អ្នកដែលជឿដល់ព្រះគ្រីស្ទ មិនស្លាប់ទេ ប៉ុន្តែនៅរស់វិញ។
«គឺដោយហេតុនោះបានជាខ្ញុំមានសេចក្តីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន ដ្បិតពួកស្រុកម៉ាសេដូន និងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្តីខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរនៃដំណឹងល្អផងព្រះគ្រីស្ទដ៏ពោរពេញមកដែរ» (រ៉ូម ១៥:២២-២៩)។
 
 
សាវកប៉ុលគឺជាគ្រូអធិប្បាយត្រាច់ចរ និងអ្នកមើលការខុសត្រូវ ពួកជំនុំរបស់ព្រះ
 
ខណៈដែលសាវកប៉ុលកំពុងតែធ្វើដំណើរទៅកាន់ពួកជំនុំ នៅក្រុងយេរូសាឡិម ដើម្បីបម្រើដល់គ្រីស្ទបរិស័ទនៅទីនោះ គាត់បានផ្តល់ជំនួយពីស្រុកម៉ាសេដូន និងស្រុកអាខៃដល់ពួកគេ។ គាត់បានបន្ថែមថា បើសិនសាសន៍ដទៃមានចំណែកនៅក្នុងព្រះពរខាងវិញ្ញាណ ពួកគេក៏មានតួនាទីក្នុងការផ្តល់ព្រះពរខាងសាច់ឈាមដល់ពួកគេដែរ។ នៅពេលនោះ ពួកបរិសុទ្ធនៅក្នុងពួកជំនុំក្រុងយេរូសាឡិម កំពុងតែទទួលរងការបៀតបៀន ហើយពួកគេកំពុងតែប្រឈមនឹងភាពខ្វាក់ខាតខាងសាច់ឈាម។ ពួកជំនុំក្រុងយេរូសាឡិម ដែលកំពុងតែទទួលរងការបៀតបៀនយ៉ាងខ្លាំង ដោយសារសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវគ្រីស្ទ បានទទួលការលើកទឹកចិត្តដ៏ធំធេងពីបងប្អូនប្រុសស្រីដែលជាសាសន៍ដទៃ។ 
នៅបច្ចុប្បន្ននេះ ក៏ដូចជាអតីតកាល វាបានក្លាយជាប្រពៃណីមួយសម្រាប់ពួកជំនុំរបស់ព្រះ ក្នុងការចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេជាមួយអ្នកក្រីក្រ ដោយមិនរក្សាទុកទ្រព្យសម្បត្តិទាំងនោះសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ។ អ្នកជឿដែលពេញដោយព្រះវិញ្ញាណ ពិតជាមិនអាចរស់នៅសម្រាប់តែខ្លួនឯងបានឡើយ។ ហេតុអ្វី? ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ! ពួកគេគឺជាអ្នកដែលបានកើតជាថ្មី ដែលត្រូវបានដឹកនាំ ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងពួកគេ។
វាគឺជារឿងអស្ចារ្យណាស់ ដែលពួកជំនុំរបស់សាសន៍ដទៃបានផ្គត់ផ្គង់ និងផ្តល់មូលនិធិដល់ពួកជំនុំក្រុងយេរូសាឡិម។ នេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានផ្គត់ផ្គង់ និងផ្តល់មូលនិធិដល់ពួកជំនុំក្រុងយេរូសាឡិម សម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនសម្រាប់បុគ្គលណាម្នាក់ទេ។ នៅពេលនោះ នៅអ៊ីស្រាអែល មានមនុស្សជាច្រើនត្រូវបានគេវាយដំ ចាប់ដាក់គុក និងសម្លាប់ ដោយសារសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវគ្រីស្ទ។
តាមរយៈវីដេអូឯកសារនៅលើទូរទស្សន៍ ជារឿយៗ យើងអាចមើលឃើញកន្លែងបញ្ចុះសពរបស់ទុក្ករជន និងកន្លែងលាក់ខ្លួនរបស់ពួកគេនៅក្នុងរូងភ្នំនានា។ នេះគឺជាអ្វីដែលពួកជំនុំក្រុងយេរូសាឡិមបានប្រឈម នៅពេលនោះ។ យើងត្រូវតែជួយដល់ពួកជំនុំរបស់ព្រះផងដែរ នៅពេលពួកគេកំពុងតែប្រឈមនឹងទុក្ខលំបាកផ្សេងៗ។ 
យើងអាចមិនសូវមើលឃើញពីសារៈសំខាន់នៃការជួយគ្នាទៅវិញទៅមក ដែលពួកជំនុំដំបូងបានធ្វើចំពោះគ្នាទៅវិញទៅមក ប៉ុន្តែនេះគឺជាពេលវេលាដែលអ្នកជឿត្រូវតែរត់គេច និងលាក់ខ្លួនពីការបៀតបៀន។ នៅក្នុងស្ថានភាពបែបនេះ មានតែព្រះវិញ្ញាណបរិសុទ្ធទេ ទើបអាចធ្វើការងារដូច្នេះបាន។ ដោយសារពួកជំនុំក្រុងយេរូសាឡិមកំពុងតែទទួលរង ការបៀបបៀន វាគឺជារឿងធម្មតា ដែលពួកជំនុំដទៃទៀតជួយ។ ដោយសារនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាគឺជារឿងត្រឹមត្រូវ និងសមស្របហើយ។ 
អ្នកដែលជាអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏គួរតែចូលរួមនៅក្នុងការងារបែបនេះផងដែរ។ សមាជិកពួកជំនុំនៃបេសកកម្មជីវិតថ្មី រាយអង្គាសមូលនិធិ និងវិនិយោគវានៅក្នុងការផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ ពួកគេទាំងអស់គ្នាប្រឈមនឹងបញ្ហាហរិញ្ញវត្ថុ ប៉ុន្តែពួកគេនៅតែឆេះឆួលក្នុងការផ្សាយដំណឹងល្អ ដើម្បីសង្រ្គោះព្រលឹង។
សាវកប៉ុលគឺជាអ្នកធ្វើតង់ ដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលមានអ្នកណាម្នាក់ ដែលអាចថែរក្សាពួកជំនុំដែលគាត់បានបង្កើតបាន គាត់ប្រគល់ពួកជំនុំនោះទៅឲ្យគាត់ ហើយគាត់បន្តដំណើរទៅតំបន់ផ្សេងទៀត ដើម្បីប្រកាសដំណឹងល្អ។ ដូច្នេះ សាវកប៉ុលចិញ្ចឹមជីវិត និងបម្រើដំណឹងល្អ ដោយមានមុខរបរជាអ្នកធ្វើតង់។
ដូចដែលអ្នកមិនរស់នៅ សម្រាប់តែខ្លួនឯង អ្នកដឹកនាំរបស់យើងក៏មិនរស់នៅសម្រាប់តែខ្លួនពួកគាត់ដែរ។ អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួន លះបង់ខ្លួនឯងសម្រាប់ការងាររបស់ព្រះ ដែលជាការងារសង្រ្គោះមនុស្សបាត់បង់ចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ទាំងអ្នកដឹកនាំ និងអ្នកបម្រើបេសកកម្មរបស់យើង បម្រើដំណឹងល្អ តាមរយៈ «ព័ន្ធកិច្ចធ្វើតង់» ដែលពួកគាត់ធ្វើការងារផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងការផ្សាយដំណឹងល្អ ទាំងផ្នែកថវិកា និងការស្ម័គ្រចិត្ត។
ដូច្នេះ យើងអាចមើលឃើញភាពស្រដៀងគ្នា រវាងព័ន្ធកិច្ចរបស់សាវកប៉ុល និងព័ន្ធកិច្ចរបស់ពួកជំនុំព្រះសព្វថ្ងៃនេះបាន។ យើងមានគំនិតដូចគ្នា និងរស់នៅក្នុងជីវិត ដែលផ្គាប់ព្រះហឫទ័យព្រះវិញ្ញាណបរិសុទ្ធ។ តើយើងមានគំនិតអ្វី នៅពេលយើងប្រឈមនឹងភាពរងារ? យើងពិតជាគិតអំពីបងប្អូនគ្រីស្ទបរិស័ទ និងអ្នកបម្រើព្រះរបស់យើងថា ពួកគាត់កំពុងតែរងារ ឬយ៉ាងណា។ ក្នុងនាមជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី យើងថែរក្សា និងការពារគ្នាទៅវិញទៅមក។ មនុស្សសុចរិតទាំងអស់នៅក្នុងព្រះគម្ពីរត្រូវការគ្នាទៅវិញទៅមក ហើយបម្រើព្រះជាមួយគ្នា។ ជីវិតនៃជំនឿនេះគឺពិតជាជីវិតនៃមនុស្សសុចរិត។ 
យើងបានរស់នៅ ជាមួយនឹងផ្នត់គំនិតនេះ។ នៅពេលដំបូងដែលយើងចាប់ផ្តើមប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងត្រូវតែចាប់ផ្តើមពីភាពទទេ ពីព្រោះយើងមិនមានអ្វីសោះ។ យើងមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយជារឿយៗ យើងពិបាកបង់ថ្លៃជួលអាគារព្រះវិហារពីរបីរយដុល្លារ។ ប៉ុន្តែយើងនៅតែលះបង់ខ្លួនយើងសម្រាប់ព័ន្ធកិច្ចអក្សរសាស្ត្ររបស់យើង នៅពាសលេញប្រទេសនេះ។
នៅពេលយើងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ព្រះបានដោះស្រាយបញ្ហាទាំងនោះសម្រាប់យើង ហើយបានអនុញ្ញាតឲ្យយើងមើលឃើញផលផ្លែនៃព័ន្ធកិច្ចរបស់យើង។ ដោយសារព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង បំណងចិត្តរបស់យើងក្នុងការផ្សាយដំណឹងល្អកំពុងតែឆេះឆួលនៅក្នុងចិត្តរបស់យើង ទោះបើមានឧបសគ្គអ្វីនៅខាងមុខយើងក៏ដោយ។ យើងចង់ចែករំលែកសេចក្តីស្រឡាញ់របស់ព្រះ ជាមួយព្រលឹងដែលបាត់បង់ទាំងអស់ ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដូចពួកជំនុំរបស់ព្រះ និងមនុស្សសុចរិតបានធ្វើនៅក្នុងព្រះគម្ពីរដែរ។
យើងអាចមើលឃើញថា គ្រីស្ទបរិស័ទដែលបានកើតជាថ្មី បានថែរក្សាគ្នាទៅវិញទៅមក ហើយយើងក៏ធ្វើដូច្នោះដែរ។ យើងមិនអាចធ្វើដូច្នេះបានឡើយ បើសិនយើងមិនមានការដឹកនាំរបស់ព្រះវិញ្ញាណ បរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធបាន និងកំពុងតែផ្សាយសេចក្តីសុចរិតរបស់ព្រះទៅពាសពេញផែនដីនេះ តាមរយៈភក្តីភាពរបស់អ្នកដែលបានកើតជាថ្មី ហើយទ្រង់នឹងបន្តធ្វើដូច្នេះជានិច្ច។ 
 
 
ទោះបីជាយើងប្រឈមនឹងថ្ងៃចុងក្រោយ!
 
មនុស្ស និយាយថា យើងកំពុងតែរស់នៅក្នុងសម័យចុងក្រោយ ដែលទុក្ខលំបាកទាំងឡាយ ដែលត្រូវបានទាយនៅក្នុងព្រះគម្ពីរ នឹងត្រូវបានបំពេញសម្រេច។
នៅថ្ងៃចុងក្រោយ គ្រោះមហន្តរាយផ្សេងៗនឹងគ្របដណ្តប់ពិភពលោកទាំងមូល។ ក្នុងនាមជាអ្នកជឿ យើងត្រូវតែឈរយ៉ាងមាំមួននៅក្នុងសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ ហើយប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណកាន់តែខ្លាំងឡើងៗ។ នៅសម័យចុងក្រោយនេះ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ត្រូវតែមានចិត្តថែរក្សា និងស្រឡាញ់គ្នាទៅវិញទៅមក។ ចិត្តរបស់យើងត្រូវតែរឹងមាំ ដូចជាចិត្តរបស់លោកិយនេះដែរ ប៉ុន្តែយើងអាចយកឈ្នះលោកិយនេះ នៅទីបំផុត ពីព្រោះយើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។ មិនថាយើងប្រឈមនឹងស្ថានភាពបែបណា យើងត្រូវថែរក្សាពួកជំនុំរបស់ព្រះ និងព្រះលឹង។ យើងត្រូវតែថែរ្សាអ្នកដែលត្រូវការជំនួយពីយើង ស្រឡាញ់ពួកគេ គិតពីបងប្អូនរួមជំនឿ និងផ្សាយដំណឹងល្អរហូតដល់ទីបំផុត។
យើងត្រូវតែលះបង់ខ្លួនយើងសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកដទៃ ដោយមិនដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន។ មានមនុស្សយ៉ាងច្រើននៅពាសពេញពិភពលោកនេះ ដែលមិនទាន់ស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺមនុស្សនៅក្នុងប្រទេសជាច្រើនមិនទាន់ស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមានឱកាសស្គាល់សេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ យើងត្រូវតែមានគំនិតដូចជាទាហាន ដែលកំពុងតែប្រយុទ្ធដណ្តើមយកព្រលឹងដែលបាត់បង់ និងជាតិសាសន៍ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បេសកកម្មនេះមិនមែនជាសម្ពាធ និងការបង្ខំឡើយ ប៉ុន្តែវាកើតចេញពីចិត្តរបស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ។
ឥឡូវនេះ មហាបេសកកម្មផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅដល់ចុងបំផុតផែនដី គឺកំពុងតែសកម្មនៅក្នុងរបស់យើង។ ខ្ញុំចង់ប្រាប់អ្នកថា កាលណាលោកិយនេះកាន់តែពិបាក ព្រះកាន់តែបង្ហូរព្រះវិញ្ញាណបរិសុទ្ធដល់យើងកាន់តែគ្រប់គ្រាន់ឡើង។ យើងកំពុងតែផ្សាយដំណឹងល្អ តាមរយៈសៀវភៅបោះពុម្ព និងអេឡិចត្រូនិករបស់យើង ទៅកាន់អ្នកដែលស្រេកសេចក្តីពិត ដោយឥតគិតថ្លៃ។ ហើយយើងនឹងបន្តបំពេញព័ន្ធកិច្ចរបស់យើងនៅលើអ៊ីនធឺណិត នៅទូទាំងពិភពលោកនេះ។
ទោះបីជាយើងមិនមានទ្រព្យសម្បត្តិច្រើន ដូចជាជនជាតិអាមេរិក ឬជនជាតិអឺរ៉ុបក៏ដោយ ក៏យើងនៅតែអាចផ្តល់ដល់ពួកគេនូវដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះដែរ។ យើងមានផ្នត់គំនិតតែមួយ ជាមួយសាវកពេត្រុស ដែលបាននិយាយថា «ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ» (កិច្ចការ ៣:៦)។ 
យើងអាចផ្តល់ដំណឹងល្អដល់ពួកគេ ដោយឥតគិតថ្លៃ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ ដែលពួកគេមិនបានដឹង។ ទោះបីជាយើងមិនស្មើនឹងអ្នកដទៃ តាមរបៀបលោកិយក៏ដោយ ក៏យើងគឺជាអ្នកបម្រើព្រះ ដែលអាចផ្តល់ដំណឹងល្អដែលមានសេចក្តីសុចរិតរបស់ព្រះ ដល់មនុស្ស ដែរ។ អ្នកដែលបានស្គាល់ដំណឹងល្អនេះ តាមរយៈព័ន្ធកិច្ចរបស់យើង បានស្គាល់ និងជឿតាមដំណឹងល្អនេះ ហើយទទួលបានព្រះពរដ៏ធំធេង។
នេះគឺជាសម័យអ៊ីធឺណិត ហើយតាមរយៈវា ព្រះបានប្រទានមធ្យោបាយមួយដល់យើង ដើម្បីបើកពិភពលោកទាំងមូល។ យើងបានមើលឃើញថា មនុស្សមានអំណរ និងការអរគុណយ៉ាងខ្លាំង នៅពេលយើងផ្តល់ដល់ពួកគេនូវដំណឹងល្អ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ កាលណាលោកិយនេះកាន់តែងងឹត យើងនឹងកាន់តែមានអំណាច និងការអរព្រះគុណ នៅពេលយើងប្រកាសដំណឹងល្អអំពី សេចក្តីសុចរិតរបស់ព្រះទៅកាន់ព្រលឹងដែលបាត់បង់។ តើលោកិយនេះនឹងបញ្ចប់ទៅតាមរបៀបដូច្នេះ ឬព្រះនឹងប្រទាន់ឱកាសកាន់តែច្រើនដល់យើង ដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់? នេះគឺជាអ្វីដែលយើងគិតអំពី។ គ្រប់យ៉ាងនឹងត្រូវបានបំពេញសម្រេចយ៉ាងឥតខ្ចោះ ដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំក៏ធ្លាប់មានភាពអាត្មានិយមផងដែរ ដែលយកចិត្តទុកដាក់តែអំពីសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះ មុនពេលខ្ញុំបានកើតជាថ្មី។ មិនមែនមានតែខ្ញុំទេ ប៉ុន្តែយើងទាំងអស់គ្នាតែម្តង គឺដូច្នេះ។ អ្នកដែលរស់នៅសម្រាប់តែ សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម អះអាងថា ខ្លួនមានសេចក្តីស្រឡាញ់ ប៉ុន្តែតាមការពិត ពួកគេមិនអាចស្រឡាញ់អ្នកដទៃបានឡើយ។ នេះហើយគឺជាភាពខុសគ្នា រវាងអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ និងអ្នកដែលមិនមាន។ មនុស្សមានបាបអាចរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ មានអំណាចរស់នៅសម្រាប់អ្នកដទៃ ហើយពិតជារស់នៅសម្រាប់អ្នកដទៃមែន។ ព្រះត្រៃឯកប្រទានអំណាចដល់អ្នកជឿ ដើម្បីរស់នៅសម្រាប់ព្រលឹងដទៃ។ ដោយសារព្រះគង់នៅក្នុងចិត្ត និងដឹកនាំពួកគេ ពួកគេអាចធ្វើការងារសុចរិតរបស់ទ្រង់បាន។
មិនថាមានពួកជំនុំចំនួនប៉ុន្មាននៅក្នុងលោកិយនេះទេ ឥឡូវនេះ ពួកជំនុំស្ទើរតែទាំងអស់បានក្លាយទៅជាសហគ្រាសវិញហើយ។ ពួកគេគ្មានប្រាក់ ដើម្បីសាងសង់អាគារព្រះវិហារដ៏ធំស្កឹមស្កៃរបស់ពួកគេទេ ហើយពួកគេមានកញ្ចប់ថវិកាយ៉ាងច្រើនរាប់លានដុល្លារ ប៉ុន្តែពួកគេមិនបានបែងចែកភាគរយណាសម្រាប់កិច្ចការសប្បុរសធម៌ទេ។ ពួកគេបានឆ្កួតនឹងស្វែងរកទ្រព្យសម្បត្តិកាន់តែច្រើនពីផែនដីនេះ ដោយបោះបង់ចោលបេសកកម្មនៃការសង្រ្គោះព្រលឹងចេញពីបាប។ ពួកគេមិនអាចធ្វើជាផ្នែកមួយនៃពួកជំនុំរបស់ព្រះបានឡើយ ពីព្រោះពួកជំនុំរបស់ទ្រង់មិនស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។
ពួកជំនុំពិតរបស់ព្រះប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីសង្រ្គោះព្រលឹងដែលបាត់បង់ ដោយតម្លាភាព និងសេចក្តីស្មោះត្រង់។ ព្រះគម្ពីរនិយាយថា «មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ» (ម៉ាថាយ ៥:៧) ព្រះបានប្រទានឲ្យយើងនូវចិត្ត ដែលចង់ថែរក្សាព្រលឹងទាំងអស់នៅក្នុងលោកិយនេះ ហើយដឹកនាំពួកគេទៅឯសេចក្តីប្រោសលោះ ហើយទ្រង់បានធ្វើឲ្យការទាំងអស់នេះអាចទៅរួច។ ឥឡូវនេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានបកប្រែទៅជាជិត៤០ភាសា និងមានសៀវភៅចំនួនជាង៦០ក្បាល ដែលសៀវភៅនីមួយៗធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះទៅកាន់អ្នកដែលកំពុងតែប្រឈមនឹងសេចក្តីស្លាប់ខាងវិញ្ញាណ។
ព្រះនឹងសព្វព្រះទ័យយ៉ាងខ្លាំង បើសិនយើងបានអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន ហើយផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សមានបាបកាន់តែច្រើន ដើម្បីសង្រ្គោះពួកគេ មុនពេលលោកិយនេះឈានទៅដល់គ្រាទុក្ខវេទនាដ៏ធំ និងទីបញ្ចប់។ ចូរយើងកុំធ្លាក់ទឹកចិត្ត ប៉ុន្តែស្មោះត្រង់រហូតដល់ទីបំផុត។
នៅអតីតកាល អ្នកក្រអាចរស់រានបាន ដោយសារការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែឥឡូវនេះ យើងបានចូលទៅក្នុងសម័យនៃការប្រកួតប្រជែងមិនឈប់មិនឈរមួយ ដែលមានតែអ្នកខ្លាំងប៉ុណ្ណោះ ដែលអាចនៅរស់រានបាន។ កាលណាយើងសម្លឹងមើលជំនាន់នេះ យើងជឿថា យើងមានតួនាទីផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់អ្នកដែលមិនទាន់ស្តាប់ឮ។ យើងទាំងអស់គ្នាមានចិត្តក្នុងការផ្សាយដំណឹងល្អ ដែលនឹងនាំសន្តិភាពដល់អ្នកដែលនឿយហត់ និងមានទុក្ខព្រួយនៅក្នុងលោកិយដែលធា្លក់ចុះនេះ។ ដូច្នេះ ចូរយើងផ្សព្វផ្សាយព្រះពរខាងវិញ្ញាណនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេ។ យើងអាចរស់នៅសម្រាប់ព្រះគ្រីស្ទបាន ជាមួយសេចក្តីជំណឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ។
ឥឡូវនេះ ដំណឹងល្អដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ នឹងផ្សាយទៅជាដប់ដង មួយរយដង មួយពាន់ដង និងមួយលានដង។ យើងនឹងមានការងារយ៉ាងច្រើន ដែលត្រូវធ្វើ។ ដូច្នេះ ចូរយើងមានភាពស្មោះត្រង់។ អ្នកដែលមានអំណោយទានផ្សេងៗ គួរតែថ្វាយអំណោយទានរបស់ខ្លួនទៅកាន់ព្រះអម្ចាស់ ហើយផ្សាយដំណឹងល្អទៅកាន់ព្រលឹងទាំង អស់។ យើងទាំងអស់គ្នាត្រូវតែធ្វើការផ្សាយដំណឹងល្អ ទៅតាមអំណោយទានដែលព្រះបានប្រទានឲ្យយើង។ ហើយយើងមិនមានអំណាចសម្រាប់ខ្លួនឯងទេ ប៉ុន្តែខ្ញុំជឿថា បើសិនយើងអធិស្ឋានទៅកាន់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងយើង ព្រះនឹងប្រទានតាមសេចក្តីប៉ងប្រាថ្នាទាំងអស់របស់យើង។ 
ព្រះគ្រីស្ទបានប្រទានដល់យើងនូវសេចក្តីស្រឡាញ់ពិតប្រាកដរបស់ទ្រង់ ដែលស្រឡាញ់មនុស្សមានបាប។ យើងបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះ ដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះហើយបានជាយើងត្រូវតែធ្វើការកាន់តែខ្លាំង ដើម្បីប្រកាសដំណឹងល្អ ទោះបើវាកាន់តែពិបាកសម្រាប់យើងរស់នៅក្នុងលោកិយនេះក៏ដោយ ពីព្រោះយើងមានតួនាទីប្រកាសដំណឹងល្អទៅកាន់អ្នកដែលមិនទាន់បានស្តាប់ឮវានៅឡើយ។
ព្រះបានមានបន្ទូលថា «ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា [អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ]» (រ៉ូម ១១:៤)។ នៅមានមនុស្សយ៉ាងច្រើននៅក្នុងលោកិយនេះ ដែលត្រូវការដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រលឹងយ៉ាងច្រើន ទាំងគ្រូគង្វាល ទេវវិទូ និងអ្នកដឹកនាំផងដែរ កំពុងតែលេចមកហើយ។
យើងអាចធ្វើការសម្រាប់ដំណឹងល្អបាន ពីព្រោះយើងមានសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ យើងនៅមានការងារយ៉ាងច្រើនទៀត ដែលត្រូវធ្វើ ហើយពេលខ្លះ យើងនឿយហត់ជាមួយនឹងការងារទាំងនោះ។ ប៉ុន្តែយើងគួរតែកាន់តែស្មោះត្រង់ និងផ្សាយដំណឹងល្អកាន់តែឧស្សាហ៍ កាលណាយើងប្រឈមនឹងទុក្ខលំបាកកាន់តែច្រើន។ នេះហើយគឺជាព្រះទ័យរបស់ព្រះគ្រីស្ទ។ ខ្ញុំអធិស្ឋានថា អ្នកដែលជាមនុស្សសុចរិតម្នាក់ មិនគិតតែពីខ្លួនឯងប៉ុណ្ណោះទេ។ បើសិនអ្នកគិតតែពីខ្លួនឯង មិនចាំបាច់ត្រូវ ការសេចក្តីជំនឿ ឬការអធិស្ឋានទេ ពីព្រោះអ្នកកំពុងតែព្យាយាមរស់នៅសម្រាប់ខ្លួនឯង ហើយគ្មានអ្វីពាក់ព័ន្ធនឹងព្រលឹងដែលបាត់បង់ឡើយ។ ប៉ុន្តែបើសិនអ្នកត្រូវតែរកប្រាក់ ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងព្រលឹងរបស់អ្នកដទៃ តើនឹងមានអ្វីកើតឡើង? អ្នកនឹងអធិស្ឋានទៅកាន់ព្រះសម្រាប់ជំនួយ ពីព្រោះអ្នកខ្សោយ។
នេះហើយគឺជារបៀបដែលសេចក្តីជំនឿ និងការអធិស្ឋានរបស់យើងរីកចម្រើន។ ដូច្នេះហើយបានជាព្រះមានបន្ទូលថា៖
«មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង 
ក៏មានមនុស្សដែលហួងហែងហួសខ្នាត 
តែគេចេះតែខ្វះខាតវិញ» (សុភាសិត ១១:២៤)។
ការចែកចាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាមួយអ្នកដទៃ គឺជាជីវិតដ៏សុចរិតបំផុតរបស់គ្រីស្ទបរិស័ទ។ ជីវិតខាងវិញ្ញាណគឺជាជីវិតដែលផ្សាយដំណឹងល្អពិត ដែលដឹកនាំមនុស្សទៅឯព្រះគ្រីស្ទ។ ចូរយើងថែរក្សាអ្នកជិតខាងរបស់យើង និងព្រលឹងរបស់ពួកគេ ហើយផ្សាយដំណឹងល្អទៅកាន់លោកិយទាំងមូល។ សូមឲ្យព្រះពរនៃសេចក្តីសុចរិតរបស់ព្រះតែងតែនៅជាមួយអ្នក។
ហាលេលូយ៉ា! ចូរយើងសរសើរតម្កើងព្រះអម្ចាស់របស់យើង! ខ្ញុំសូមអរព្រះគុណដល់ទ្រង់ ដែលបានអនុញ្ញាតឲ្យយើងបំពេញការងារដ៏សុចរិត និងគ្រប់លក្ខណ៍របស់ទ្រង់ និងការសង្រ្គោះយើងចេញពីអំណាចនៃសេចក្តីងងឹត និងការដឹកនាំយើងចូលទៅក្នុងនគររបស់ព្រះរាជបុត្រា។
LIST