Search

Проповеди

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-4] អ្នកដែលមានជំនឿដូចជាពួកសិស្សរបស់ព្រះយេស៊ូវ (កិច្ចការ ៣:១៩)

(កិច្ចការ ៣:១៩)
«ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់ ។»
 
 
តើពួកសាវកមានជំនឿបែបណា?
ពួកគេបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង

តាមការពិនិត្យមើលពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងមើលឃើញថា វិសាលភាពនៃជំនឿរបស់ពួកគេ នៅពេលពួកគេបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីជំនឿដែលពួកគេមិនទាន់បានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ សាច់ឈាមរបស់ពួកគេ មិនមានអ្វីខុសប្លែកឡើយ ប៉ុន្តែបន្ទាប់ពីពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ ជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ។ 
ទីក្រុងដែលខ្ញុំរស់នៅ មានភ្នំ និងស្ទឹងស្រស់ស្អាត។ ដោយការសំឡឹងមើលទេសភាពដ៏ស្រស់ស្អាតបែបនោះ ខ្ញុំបានពេញទៅដោយការស្កប់ចិត្ត ហើយត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ស្នាព្រះហស្តដ៏ស្រស់ស្អាតបែបនេះ។ ភាពស្រស់ស្អាតនៃទឹកថ្លាដូចពេជ្រចរណៃ ដែលចាំងដោយពន្លឺថ្ងៃ ធ្វើឲ្យចិត្តរបស់ខ្ញុំបានពេញលេញ ហើយពិភពលោកនៅជុំវិញខ្ញុំហាក់ដូចជាមានពណ៌មាស។
ប៉ុន្តែមានកន្លែងខ្លះ ដែលសម្រស់ស្រស់ស្អាតបែបនេះមិនបញ្ចេញខ្លួនឲ្យយើងបានមើលឃើញសោះ។ ហើយមានកន្លែងខ្លះ ដែលមានមេឃស្រឡះល្អ ប៉ុន្តែទឹកនៅក្រោមពន្លឺថ្ងៃមើលទៅហាក់ដូចជាវាលភក់ទៅវិញ។ ទេសភាពបែបនេះ មើលទៅមិនមានប្រាជ្ញាទេ។ ប៉ុន្តែនៅពេលខ្ញុំសំឡឹងមើលទៅស្ទឹងបែបនេះ ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ដំណឹងល្អពិតរបស់ទ្រង់ ដែលបានលាងសម្អាតអំពើបាបរបស់ខ្ញុំ ហើយប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់ខ្ញុំ។
ដូចដែលផ្ទៃខាងលើនៃស្ទឹងភក់មិនអាចឆ្លុះពន្លឺបាន យើងក៏អាចនឹងនៅឆ្ងាយពីពន្លឺរបស់ព្រះ ហើយធ្វើដំណើរដោយមិនដឹងខ្លួនឆ្ពោះទៅកាន់គោលដៅដែលយើងមិនស្គាល់ ដោយសារតែនិស្ស័យបាបរបស់យើង។ ប៉ុន្តែបើសិនព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង យើងនឹងអាចធ្វើជាកូនរបស់ព្រះបាន ហើយទ្រង់នឹងដឹកនាំយើងឲ្យបង្រៀនដំណឹងល្អទៅដល់អ្នកដទៃទៀត។ ដោយសារយើងទទួលយកពន្លឺរបស់ទ្រង់ យើងក៏នឹងបញ្ចេញមកវិញជាពន្លឺផងដែរ។
ដូចគ្នាដែរ បន្ទាប់ពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ពួកសិស្សរបស់ទ្រង់បានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយបានធ្វើជាកូន និងពួកសាវកនៃពន្លឺ។ ពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះពរដ៏អស្ចារ្យមួយសម្រាប់មនុស្សទាំងអស់ ហើយមនុស្សភាគច្រើនប្រាថ្នាចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
ជំនឿរបស់សាវកប៉ុល
 
តើសាវកប៉ុលមានជំនឿបែបណា? នៅក្នុងការប្រកាសជំនឿរបស់គាត់ សាវកប៉ុលបាននិយាយថា គាត់បានទទួលការអប់រំ និងការហ្វឹកហ្វឺនយ៉ាងពិសេសពីលោកកាម៉ាលាល ដែលគ្រូក្រិត្យវិន័យដ៏អស្ចារ្យម្នាក់ នៅសម័យនោះ ហើយគាត់គោរពតាមក្រិត្យវិន័យរបស់ពួកព្ធយុកោរបស់គាត់យ៉ាងតឹងរឹងបំផុត។ ប៉ុន្តែគាត់បានសារភាពថា ទោះបីគាត់គោរពតាមក្រិត្យវិន័យយ៉ាងតឹងរឹងក៏ដោយ ក៏គាត់មិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់គាត់ដែរ ហើយតាមការពិត គាត់គឺជាអ្នកបៀតបៀនព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់យើងទៅវិញ។ នៅថ្ងៃមួយ គាត់បានជួបព្រះយេស៊ូវ នៅតាមផ្លូវទៅទីក្រុងដាម៉ាស ហើយបានក្លាយជាគ្រូផ្សាយដំណឹងល្អរបស់ទ្រង់វិញ។ គាត់មានជំនឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកក្នុងលោកិយនេះ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីទទួលយកការកាត់ទោសទាំងអស់សម្រាប់អំពើបាបទាំងនោះ។ នៅក្នុងន័យផ្សេង នៅក្នុងចិត្តរបស់សាវកប៉ុល មានជំនឿលើសេចក្តីអត់ទោសអំពើបាប។
ពួកសិស្សរបស់ព្រះយេស៊ូវ បានជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺដើម្បីអត់ទោសដល់ពួកគេ សម្រាប់អំពើបាបទាំងអស់របស់ពួកគេ។ ហើយសាវកប៉ុលក៏មានជំនឿដូចជាពួកសិស្សដែរ ហើយគាត់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់គាត់។ 
សាវកប៉ុល បាននិយាយនៅក្នុង កាឡាទី ៣:២៧ ថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» ហើយបានប្រកាសជំនឿរបស់គាត់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ជាសេចក្តីសង្រ្គោះរបស់គាត់។ ហើយសាវកពេត្រុសក៏បាននិយាយផងដែរ នៅក្នុង ១ពេត្រុស ៣:២១ ថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ» ហើយគាត់បានបង្ហាញដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងខនេះ។ ពួកសិស្សរបស់ព្រះយេស៊ូវ បានជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។ ដូច្នេះ ដោយការជឿតាមសេចក្តីពិតនេះ ពួកគេបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ហើយលែងនៅក្រោមបណ្តាសារបស់ក្រិត្យវិន័យទៀតហើយ។
ពួកគេ បានជឿទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នេះគឺជាភស្តុតាងបញ្ជាក់ថា ជំនឿបែបនេះ គឺចាំបាច់សម្រាប់លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ពួកសិស្ស។ កិច្ចការ ១:២១-២២ និយាយថា «ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងពួកយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ»។ ការក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវ បានចាប់ផ្តើមដោយជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីស។
សេចក្តីពិតដែលយើងត្រូវការ ដើម្បីទទួលបានការអត់ទោសអំពើបាបរបស់យើង គឺជាជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៧)។ ដូច្នេះ សាវកប៉ុលក៏បានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផងដែរ។ 
ចូរយើងពិនិត្យមើល ហេព្រើរ ១០:២១-២២ «ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយ សេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ»។ ឃ្លាថា «បានលាងរូបកាយនឹងទឹកដ៏ស្អាត» នៅទីនេះ សំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ។
ដូច្នេះ ទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី យើងអាចមើលឃើញថា ធាតុស្នូលនៃដំណឹងល្អពិតគឺជាបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ អ្នកក៏ត្រូវតែមានជំនឿដូចជាសាវកប៉ុលផងដែរ។ 
នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទភាគច្រើនជឿលើទ្រង់ជាឥតប្រយោជន៍ ដោយមិនបានដឹងថា នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានលាងសម្អាត។ ទេវវិទូមួយចំនួន ជឿថា មនុស្សផ្ទាល់ត្រូវតែទទួលបុណ្យជ្រមុជទៅក្នុងទឹក ដើម្បីទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន។ ពួកផ្តល់ការអះអាងនេះ ដោយមិនបានស្គាល់ពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរទេ។ យើងមិនអាចទទួលបានការអត់ទោសអំពើបាបរបស់យើង តាមរយៈពិធីបុណ្យជ្រមុជទឹកនោះឡើយ។ ប៉ុន្តែជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់លាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើង។ ហើយមានតែអ្នកដែលជឿតាមដំណឹងល្អពិតទេ ទើបទទួលបានការអត់ទោសអំពើបាប។ ហើយដោយការជឿលើព្រះលោហិតទ្រង់ ពួកគេបានសងថ្លៃសម្រាប់ការវិនិច្ឆ័យទាំងអស់។ ដូច្នេះ មានតែអ្នកដែលមានជំនឿបែបនេះទេ ទើបអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ 
«នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ» (ហេព្រើរ ១០:២២)។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ ប្រាប់យើងឲ្យចូលទៅជិតព្រះ ដោយចិត្តស្មោះត្រង់ និងដឹងពិតប្រាកដអំពីជំនឿ។ ដូច្នេះ អ្នកក៏គួរតែចូលទៅជិតទ្រង់ ដោយចិត្តស្មោះត្រង់ និងដឹងពិតប្រាកដអំពីជំនឿតាមដំណឹងល្អពិតផងដែរ។
នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទសង្ឃឹមចង់បានដោយស្មោះត្រង់នូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកណាដែលបានទទួលការអត់ទោសអំពើបាបតែប៉ុណ្ណោះ។ ដោយសារមនុស្សជាច្រើន មិនបានដឹងពីការពិតនេះឡើយ បានជាពួកគេចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយមិនជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ទេ។ អ្នកដែលជឿព្រះយេស៊ូវ តែមិនជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង មិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ មូលហេតុគឺថា ពួកគេមិនមានចិត្តបរិសុទ្ធ និងស្មោះត្រង់ឡើយ។
ដោយសារសាវកប៉ុលបានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ បានជាគាត់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ លើសពីនេះ គាត់បានផ្សាយជំនឿនេះ ហើយត្រូវបានគេបៀតបៀនថា គាត់គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ប៉ុន្តែដោយសារព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់គាត់ គាត់អាចផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់។ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» (ភីលីព ៤:១៣)។ សូមអរគុណដល់ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានធ្វើឲ្យគាត់បានបម្រើព្រះ ហើយបានរស់នៅក្រោមការការពាររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតដល់គាត់បានទៅជួបព្រះ។ ដូច្នេះ មានតែអ្នកដែលមានជំនឿដូចជាសាវកប៉ុលទេ ទើបអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ 
ចូរយើងពិនិត្យមើលជំនឿរបស់សាវកប៉ុល។ កូឡូស ២:១២ និយាយថា «ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្តីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ»។ គាត់បានទទួលការអត់ទោសអំពើបាបទាំងអស់របស់គាត់ ដោយការជឿព្រះយេស៊ូវ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ 
 
 
ចាប់តាំងពីសម័យបុរាណមក តើជំនឿគ្រីស្ទបរិស័ទបានផ្លាស់ប្តូរ យ៉ាងដូចម្តេច?
 
ឥឡូវនេះ ចូរពិនិត្យមើលការសារភាពអំពើបាបរបស់ស្ត្រីម្នាក់ ដែលបានក្លាយជាសិស្សម្នាក់ បន្ទាប់ពីបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងព្រះយេស៊ូវគ្រីស្ទ។
«ខ្ញុំកាន់តែមានវ័យចាស់ទៅៗហើយ ប៉ុន្តែខ្ញុំមិនអាចមានកូនបានឡើយ។ ដូច្នេះ ដើម្បីទទួលបានព្រះពរនេះ តាមរយៈសេចក្តីអធិស្ឋាន ខ្ញុំបានចូលរួមពីព្រះវិហារមួយទៅព្រះវិហារមួយ។ ទោះបីជាខ្ញុំមានភាពឯការនៅឯផ្ទះ ខ្ញុំបានអធិស្ឋានរយៈពេលយ៉ាងតិចមួយ ឬពីរម៉ោង ទូលសុំកូនម្នាក់ ហើយទម្លាប់បែបសាសនានេះបានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។
ខណៈដែលកំពុងតែមានជីវិតបែបសាសនានេះ ដោយខ្លួនឯង ខ្ញុំបានជួបនឹងស្ត្រីចំណាស់ម្នាក់។ គាត់បានប្រាប់ខ្ញុំថា បើសិនខ្ញុំចង់ទូលសុំកូនម្នាក់ពីព្រះ ខ្ញុំគួរតែព្យាយាមទទួលយកការអធិស្ឋានដាក់ដៃលើពីគាត់។ ខ្ញុំបានឮគេនិយាយថា ស្ត្រីម្នាក់នេះគឺជាអ្នកនាំសាររបស់ព្រះ ហើយខ្ញុំក៏បានអនុញ្ញាតឲ្យគាត់អធិស្ឋានដាក់ដៃរបស់គាត់លើក្បាលរបស់ខ្ញុំទៅ។ នៅវេលានោះ ខ្ញុំទទួលបានបទពិសោធន៍មួយ ដែលខ្ញុំមិនដែលមានអារម្មណ៍ពីមុនសោះឡើយ។ អណ្តាតរបស់ខ្ញុំ បានចាប់ផ្តើមរមូរ ហើយខ្ញុំបាននិយាយភាសាដទៃ ហើយខ្ញុំបានដឹងថា មានថាមពលក្តៅចម្លែកនៅខាងក្នុងខ្លួនខ្ញុំ។
ខ្ញុំ បានចាត់ទុកបទពិសោធន៍នេះថា ខ្ញុំបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយវាគឺជាការឆ្លើយតបរបស់ព្រះចំពោះការអធិស្ឋានរបស់ខ្ញុំ។ ស្ត្រីដែលបានអធិស្ឋានដាក់ដៃលើខ្ញុំ ហាក់ដូចជាទទួលបានអំណោយទានមួយពីព្រះវិញ្ញាណបរិសុទ្ធ ហើយអាចទាយ និងប្រោសជម្ងឺបាន។ គាត់មិនដែលទទួលការហ្វឹកហ្វឺនខាងព្រះបន្ទូលព្រះឡើយ ប៉ុន្តែដោយការប្រើអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ គាត់បានជួយគ្រូគង្វាល និងអ្នកមានការអប់រំខ្ពស់ជាច្រើននាក់ឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានដាក់ដៃលើពីគាត់។ 
ចាប់ពីពេលនោះមក ខ្ញុំបានចាប់ផ្តើមចូលរួមការជួបជុំផ្សេងៗ ដែលការជួបជុំមួយហៅថា «ចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ» (Renewal/Revival Movement)។ ក្នុងកំឡុងពេលអធិស្ឋានរបស់ខ្ញុំ នៅក្នុងការជួបជុំនេះ ខ្ញុំបានមានអារម្មណ៍ញាប់ញ័រពេញក្នុងខ្លួនរបស់ខ្ញុំ ហើយចិត្តរបស់ខ្ញុំបានពេញទៅដោយភាពឆេះឆួលសម្រាប់សេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកជិតខាងរបស់ខ្ញុំ។ ហើយការដូចគ្នានេះបានកើតឡើងចំពោះអ្នកដទៃទៀតផងដែរ ហើយពួកគេបានដួលសន្លប់ និងនិយាយភាសាដទៃ។ មនុស្សខ្លះត្រូវអារក្សចូលនៅទីនោះ ហើយអ្នកដឹកនាំការជួបជុំនេះបានដេញអារក្សចេញពីពួកគេ។ គោលបំណងនៃចលនានេះ គឺដើម្បីជួយឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈហេតុការណ៍ដូចជា ការញាប់ញ័រ ការទាយ ការដេញអារក្ស និងការនិយាយភាសា ដទៃ។ ប៉ុន្តែទន្ទឹមនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយខ្មាស់អៀន។
 
ការកែជាថ្មីឡើងពិតប្រាកដ គឺជាផ្នែកសំខាន់ចាំបាច់នៃជីវិតរបស់គ្រីស្ទបរិស័ទ ហើយវាបង្កើតភាពចាស់ទុំខាងវិញ្ញាណ ដែលមានផលផ្លែនៃព្រះវិញ្ញាណជាភស្តុតាង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាមួយចំនួនបានកំណត់អត្ថន័យនៃពាក្យ «ការកែជាថ្មីឡើង» នៅក្នុងរបៀបមួយ ដែលមិនស៊ីគ្នានឹងដំណើរការនៃភាពចាស់ទុំខាងវិញ្ញាណ ដែលមានការពន្យល់នៅក្នុងព្រះគម្ពីរឡើយ។ «ការកែជាថ្មីឡើង» របស់ពួកគេ ដែលបង្កើតអារម្មណ៍ដែលមិនអាចគ្រប់គ្រងបាន ត្រូវបានបង្កើតឡើងតាមគ្រប់ទម្រង់នៃការសង្ស័យ ដែលរួមបញ្ចូលទាំងសេចក្តីបង្រៀន និងការអនុវត្តលើសពីព្រះគម្ពីរ និងមិនតាមព្រះគម្ពីរផង។
ទាំងនេះគឺជាសេចក្តីបង្រៀន និងការអនុវត្តមួយចំនួន ដែលមាននៅក្នុងចលនារស់ឡើងវិញខាងវិញ្ញាណ និងការកែជាថ្មីឡើងដែលមានភាពចម្រូងចម្រាស់៖ ការផ្តោតលើបទពិសោធន៍ទេពកោសល្យជាងព្រះគម្ពីរ ការបើកសម្តែងក្លែងក្លាយ សេចក្តីបង្រៀនក្លែងក្លាយ ទំនាយក្លែងក្លាយ ទីសម្គាល់ និងការអស្ចារ្យក្លែងក្លាយ...។ល។ ទោះបីជាយ៉ាងណា ផ្នែកដែលគ្រោះថ្នាក់បំផុតនៃចលនាទាំងនេះគឺថា ពួកគេបានធ្វើឲ្យមនុស្សជាច្រើនយល់ខុសលើសេចក្តីពិតអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងបោះបង់ដំណឹងល្អពិតចោល។ 
 
ដូចេ្នះ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំអធិស្ឋានដោយស្មោះត្រង់ថា ខ្ញុំនឹងអាចដោះស្រាយបញ្ហាបាបរបស់ខ្ញុំបាន។ ខ្ញុំបានសារភាពថា ខ្ញុំបានធ្វើបាប ប៉ុន្តែមនុស្សនៅតែចាត់ទុកខ្ញុំជាទេវតាទៀត។ ខ្ញុំបានគិតថា ខ្ញុំមានជំនឿត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំបានគិតខុស។ បើសិនខ្ញុំមិនបានស្គាល់កំហុសរបស់ខ្ញុំទេ នោះខ្ញុំក៏មិនបានមាន ឱកាសទទួលបានព្រះវិញ្ញាណបរិសុទ្ធដែរ។
បន្ទាប់ពីនោះ ខ្ញុំបានជួបនឹងអ្នកដែលផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលការអត់ទោសអំពើបាបទាំងអស់របស់ខ្ញុំ ដោយការជឿតាមព្រះបន្ទូលព្រះ។ ឥឡូវនេះ ខ្ញុំពិតជាមានអំណរយ៉ាងខ្លាំង។ ខ្ញុំជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំអរព្រះគុណដល់ព្រះ។ ខ្ញុំក៏ចង់ឲ្យគ្រីស្ទបរិស័ទទាំងអស់នៅទូទាំងពិភពលោក បានជឿតាមដំណឹងល្អពិត ហើយទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ខ្ញុំសូមព្រះអរគុណដល់ព្រះអម្ចាស់របស់យើង។» 
នៅទីនេះ យើងរៀនបានថា ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវការដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនអ្នកចង់បានការអត់ទោសអំពើបាប អ្នកត្រូវតែមានជំនឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ ចូរយើងពិនិត្យមើល អេភេសូរ ៤:៥ ដែលនិយាយថា «មានព្រះអម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១»។ នៅទីនេះ និយាយថា មានតែព្រះអម្ចាស់មួយ និងបុណ្យជ្រមុជមួយប៉ុណ្ណោះ ដែលយើងជឿ។ យើងទាំងអស់គ្នាត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ។ បើសិនយើងមិនជឿទេ នោះព្រះវិញ្ញាណបិរសុទ្ធនឹងមិនគង់នៅក្នុងយើងឡើយ។
ពីមុន មានមនុស្សមួយចំនួន ដែលបានបង្រៀន និងជឿថា ចលនាភាពបរិសុទ្ធ និងសន្តភាព (Sanctity and Purity Movement) អាចជួយឲ្យយើងទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ ប៉ុន្តែតើអ្នកគិតថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង បើសិនយើងចូលរួមចលនានេះដែរឬទេ? ហើយតើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ តាមរយៈចលនាភាពបរិសុទ្ធ និងសន្តភាពដែរឬទេ? បើសិនពិតជាអាចមែន នោះអ្នកគួរតែរក្សាជំនឿរបស់អ្នកតាមរបៀបនោះចុះ។ ប៉ុន្តែបើសិនព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតលើអ្នកសម្រាប់ហេតុផលនេះ នោះព្រះយេស៊ូវនឹងមិនចាំបាច់យាងមកលោកិយនេះ ហើយសង្រ្គោះយើងចេញពីអំពើបាបរបស់យើងទេ ហើយទ្រង់ក៏មិនចាំបាច់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយសុគតនៅលើឈើឆ្កាងដែរ។ 
ការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយទានមួយ ដែលចេញពីជំនឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលបានផ្តល់ឲ្យអ្នកនូវការអត់ទោសអំពើបាបរបស់អ្នក។ ហើយការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយទានមួយសម្រាប់អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត និងអត់ទោសឲ្យ ដោយសារដំណឹងល្អពិត។ 
នៅសព្វថ្ងៃនេះ ក្នុងចំណោមអ្នកដែលដើរតាមចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ មានមនុស្សមួយចំនួនជឿថា ការខិតខំអធិស្ឋានខ្លាំងៗ អាចជួយពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេនិយាយថា ទោះបីជាមនុស្សម្នាក់មានបាបនៅក្នុងចិត្តរបស់ខ្លួនក៏ដោយ បើសិនគាត់អធិស្ឋានលន់តួ នោះគាត់ក៏នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ។ 
ចលនាពេនទីកុស្តខារីស្មាតិច (The Pentecostal-Charismatic Movement) ដែលបានចាប់ផ្តើមនៅប្រទេសសហរដ្ឋអាមេរិក នៅឆ្នាំ១៨០០ ហើយរីកផ្សាយនៅទូទាំងពិភពលោក។ ចលនានេះ កើតឡើង បន្ទាប់ពីបដិវត្តន៍ឧស្សាហកម្ម ខណៈដែលសីលធម៌របស់មនុស្សបានធ្លាក់ចុះ។ ចលនានេះបានឈានដល់ចំណុចកំពូលរបស់ខ្លួន នៅពេលដែលចិត្តរបស់មនុស្សបានជួបទុក្ខលំបាកធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ (the Great Depression)។ ចាប់ពីពេលនោះមក ជំនឿតាមព្រះបន្ទូលព្រះបានធ្លាក់ចុះ ហើយចលនាសាសនាថ្មីមួយបានចាប់ផ្តើមលេចឡើង។ វាគឺជាចលនាពេនទីកុស្តខារីស្មាតិច ដែលផ្តោតទៅលើការទទួលបានព្រះវិញ្ញាណ (ព្រះ) ជាក់ស្តែង គឺមើលឃើញការងាររបស់ព្រះដោយភ្នែក និងទទូលបានអំណាចនៃព្រះបន្ទូលព្រះដោយរូបកាយ និងចិត្តគំនិត។ 
ប៉ុន្តែគុណវិបត្តិនៃចលនានេះគឺថា វានាំមនុស្សឲ្យវង្វេងឆ្ងាយពីព្រះបន្ទូលព្រះ ហើយវាគឺជាសាសនាមួយ ដែលខិតខំទទួលបានព្រះពរខាងសាច់ឈាម។ ជាលទ្ធផល អ្នកដើរតាមចលនាថ្មីនេះ បែរជាគាំទ្រលទ្ធិស្សាម៉ាន់ទៅវិញ (shamanism)។ សូម្បីតែនៅសព្វថ្ងៃនេះ អ្នកដែលដើរតាមចលនាពេនទីកុស្តខារីស្មាតិច ជឿថា បើសិនមនុស្សម្នាក់មានជំនឿលើព្រះយេស៊ូវ គាត់នឹងក្លាយជាអ្នកមាន ជម្ងឺរបស់គាត់នឹងបានជាសះស្បើយ គាត់នឹងចម្រុងចម្រើនក្នុងគ្រប់ទាំងអស់ គាត់នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ និយាយភាសាដទៃ ហើយមានអំណាចព្រះចេស្តាប្រោសឲ្យអ្នកដទៃបានជាពី ជម្ងឺ។ ចលនាពេនទីកុស្តខារីស្មាតិចនេះ បានរីកផ្សាយនៅទូទាំងពិភពលោក។ ចលនានេះបានក្លាយជាឧបសគ្គមួយដល់ជំនឿរបស់មនុស្សតាមដំណឹងល្អពិត និងសមត្ថភាពរបស់ពួកគេក្នុងការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
ជំនឿគ្រីស្ទបរិស័ទសម័យទំនើប បានចាប់ផ្តើមឡើងតាមជំនឿរបស់លោក ម៉ាទីន លូធើរ និងលោក ចន កាល់វិន ប្រហែលជា៥០០ឆ្នាំកន្លងទៅ។ ប៉ុន្តែនៅក្នុងព្រំដែននៃជំនឿគ្រីស្ទបរិស័ទ ការសិស្សាតាមព្រះគម្ពីរ អំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនត្រូវបានបង្កើតឲ្យបានត្រឹមត្រូវឡើយ។ បញ្ហាគឺថា ចាប់ពីការចាប់ផ្តើមនៃជំនឿគ្រីស្ទបរិស័ទសម័យទំនើមមក គ្រីស្ទបរិស័ទភាគច្រើនបានជឿព្រះយេស៊ូវ ដោយមិនទទួលស្គាល់សារៈសំខាន់នៃបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងឡើយ។ ដើម្បីធ្វើឲ្យបញ្ហានេះកាន់តែអាក្រក់ទៅ មនុស្សបានចាប់ផ្តើមផ្តោតលើតែគោលលទ្ធិខុសឆ្គងនៃជំនឿគ្រីស្ទបរិស័ទ និងបទពិសោធន៍ខាងសាច់ឈាមប៉ុណ្ណោះ។ ផ្ទុយទៅវិញ មនុស្សទាំងអស់ត្រូវតែជឿតាមដំណឹងល្អពិតដែលនិយាយថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះ ហើយថា ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសសម្រាប់អំពើបាបទាំងនោះ។ ជំនឿបែបនេះ នឹងជួយឲ្យអ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
នៅសព្វថ្ងៃនេះ មូលហេតុដែលជំនឿគ្រីស្ទបរិស័ទបានជួបនឹងទុក្ខលំបាកធ្ងន់ធ្ងរគឺថា មនុស្សព្យាយាមព្រងើយកន្តើយចំពោះ សេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះយេស៊ូវ ប្រាប់យើងឲ្យបានស្គាល់សេចក្តីពិត។ ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង មានន័យថា ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនអ្នកចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវតែជឿថា នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ អំពើបាបរបស់អ្នកត្រូវបានផ្ទេរទៅទ្រង់ ហើយថា ព្រះលោហិតទ្រង់គឺជាការទទួលការកាត់ទោស និងការអត់ទោសអំពើបាបទាំងអស់របស់អ្នក។ បន្ទាប់មក អ្នកនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ។ 
គ្រីស្ទបរិស័ទជាច្រើន ជឿថា ព្រះលោហិតរបស់ព្រះយេស៊ូវតែមួយគត់គឺជាដំណឹងល្អអំពីសេចក្តីប្រោសលោះ។ ប៉ុន្តែតើអ្នកដែលជឿតែព្រះលោហិតទ្រង់អាចបានរួចពីបាបបានដែរឬទេ? បើសិនអ្នកគិតថា អាច នោះអ្នកមានការយល់ដឹងមិនច្បាស់លាស់អំពី អត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវហើយ។ នៅក្នុងករណីនេះ អ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកនៅឡើយ។ លុះត្រាតែអ្នកភ្ជាប់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ជាមួយនឹងព្រះលោហិតទ្រង់ជាមួយគ្នាជាជំនឿតែមួយ ទើបអ្នកអាចបានសង្រ្គោះចេញពីអំពើបាបរបស់អ្នក ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះគម្ពីរ និយាយថា មានដំណឹងល្អពិតតែមួយប៉ុណ្ណោះ ដែលជួយយើងឲ្យយកឈ្នះលើលោកិយនេះ។ «ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ» (១យ៉ូហាន ៥:៨)។ ដូច្នេះ យើងត្រូវតែដឹងថា ដោយសារទ្រង់មានបំណងព្រះហឫទ័យសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះបានអនុញ្ញាតឲ្យលោកយ៉ូហាន-បាទ្ទីសធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយបន្ទាប់មក អនុញ្ញាតឲ្យទ្រង់សុគតនៅលើឈើឆ្កាង។ 
មូលហេតុដែលគ្រីស្ទបរិស័ទភាគច្រើនមិនទទួលបានការអត់ទោសអំពើបាប ទោះបើពួកគេជឿព្រះយេស៊ូវហើយគឺថា ពួកគេមិនជឿតាមដំណឹងល្អពិត ដែលត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងឡើយ។ អ្នកដែលជឿលើកិច្ចការទាំងពីរនេះ នឹងទទួលបានអត់ទោសអំពើបាបរបស់ខ្លួន ហើយព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅក្នុងចិត្តរបស់ខ្លួន។
កាលណាមនុស្សបានដឹងថា អំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតរួចហើយ ចិត្តរបស់ពួកគេមានសន្តិភាព និងស្ថេរភាពដូចជាទឹកដែលនៅនឹង។ ពេលណាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់មនុស្សម្នាក់ សន្តិភាពដូចជាទន្លេហូរចេញចូលចិត្តរបស់ គាត់។ យើងជួបជាមួយព្រះអម្ចាស់របស់យើង ដោយការជឿតាមសេចក្តីពិតនេះ ហើយដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ចិត្តរបស់យើង មិនដែលមានសន្តិភាពបែបនេះ ពីមុនសោះឡើយ។ ចាប់តាំងពីពេលដែលយើងចាប់ផ្តើមជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជីវិតរបស់យើងត្រឡប់ទៅជាស្ងៀមស្ងាត់ ហើយចិត្តរបស់យើងមានអំណរពិតប្រាកដ។ ដូច្នេះ យើងមិនអាចងាកចេញពីដំណឹងល្អពិតនេះបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធ តែងតែគង់នៅក្នុងចិត្តរបស់យើង ជម្រុញឲ្យយើងផ្សព្វផ្សាយព្រះបន្ទូលទ្រង់ ហើយអនុញ្ញាតឲ្យមនុស្សដែលជឿបានទទួលព្រះវិញ្ញាណបរិសុទ្ធ។
ដោយសារយើងជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងទទួលបានព្រះពរជាព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវនេះ អ្នកត្រូវតែមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផងដែរ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សនៅ ទូទាំងពិភពលោក ចាំបាច់ត្រូវតែចាប់ផ្តើមដំណើរការជឿតាមព្រះបន្ទូលព្រះដែលថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយថា ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសសម្រាប់អំពើបាបរបសើពួកគេ។ នៅពេលពួកគេធ្វើដូច្នោះ ពួកគេនឹងទទួលបានព្រះវិញ្ញាណជាក់ជាមិនខាន។