Search

Проповеди

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-6] ចូរជឿថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នក (ម៉ាថាយ ២៥:១-១២)

(ម៉ាថាយ ២៥:១-១២)
«គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្តីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនិងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ តែកំពុងតែនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ឯនាង ព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ ។»
 
 
តើព្រះវិញ្ញាណបរិសុទ្ធយាង មកគង់នៅជាមួយអ្នកណា?
ទ្រង់យាងមកគង់ជាមួយអ្នកដែល ទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន ដោយជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់
 

តើស្រ្តីព្រហ្មចារីតំណាងឲ្យអ្នកណា ដែលទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ?
 
នៅក្នុងបទគម្ពីរខាងលើ មានស្ត្រីព្រហ្មចារីយមានគំនិតប្រាំនាក់ និងស្ត្រីព្រហ្មចារីយល្ងង់ប្រាំនាក់។ នាងល្ងង់ទាំងប្រាំនាក់ សុំចែកប្រេងខ្លះពីនាងមានគំនិតទាំងប្រាំនាក់។ ប៉ុន្តែនាងមានគំនិតទាំងប្រាំនាក់នោះបានប្រាប់នាងល្ងង់ទាំងប្រាំនាក់ថា «តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ»។ ដូច្នេះ ខណៈដែលនាងល្ងង់ទាំងប្រាំនាក់ចេញទៅទិញប្រេង នាងមានគំនិតទាំងប្រាំនាក់ ដែលមានប្រេងសម្រាប់ចង្កៀងរបស់ខ្លួន បានចូលទៅក្នុងរោងការជាមួយប្តីបាត់ទៅ។ ដូច្នេះ តើយើងអាចត្រៀមប្រេងសម្រាប់ព្រះអម្ចាស់បានយ៉ាងដូចម្តេច? កិច្ចការតែមួយគត់ដែលយើងត្រូវធ្វើ គឺត្រូវរង់ចាំទ្រង់ ជាមួយនឹងការអត់ទោសអំពើបាបនៅក្នុងចិត្តរបស់យើង។ 
យើង អាចមើលឃើញជំនឿពីរប្រភេទ នៅក្នុងចំណោម មនុស្ស។ មួយ គឺជាជំនឿតាមដំណឹងល្អអំពីការអត់ទោសអំពើបាប ដែលនាំឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយមួយទៀត គឺជាភាពស្មោះត្រង់ចំពោះគោលជំនឿសាសនារបស់ខ្លួន ដែលមិនខ្វល់ថា ព្រះអម្ចាស់បានអត់ទោសអំពើបាបរបស់ខ្លួន ឬមិនបានអត់ទោសឡើយ។
សម្រាប់អ្នកដែលស្មោះត្រង់ចំពោះគោលជំនឿសាសនារបស់ខ្លួន ដំណឹងល្អពិតនៅតែជាភាពស្មុគស្មាញសម្រាប់ខ្លួន។ ដូចដែលស្ត្រីព្រហ្មចារីល្ងង់ ដែលបានចេញទៅទិញប្រេង ខណៈដែលកូន កម្លោះកំពុងតែមកដល់ អ្នកដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីថ្វាយបង្គំ ដោយសង្ឃឹមថា ខ្លួននឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ កំពុងតែបោកបញ្ឆោតខ្លួនឯងហើយ។ មនុស្សបែបនេះមិនយល់ពីការពិតថា ពួកគេត្រូវតែមានជំនឿតាមដំណឹងល្អពិតនៅក្នុងចិត្តរបស់ខ្លួន ឲ្យបានមុនថ្ងៃជំនុំជម្រះឡើយ។ ពួកគេប្រាថ្នាចង់បានព្រះវិញ្ញាណបរិសុទ្ធ ដោយព្យាយាមធ្វើឲ្យព្រះគាប់ព្រះទ័យចំពោះភាពឆេះឆួលរបស់ខ្លួន។ ដូច្នេះ យើងនឹងពិនិត្យមើលការសារភាពរបស់គ្រូជំនួយម្នាក់ ដែលបានខិតខំយ៉ាងខ្លាំង ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយការសារភាពនេះមានប្រយោជន៍ដល់អ្នក។ 
ខ្ញុំ បានធ្វើគ្រប់យ៉ាង ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបានគិតថា បើសិនខ្ញុំលះបង់ខ្លួនឯងសម្រាប់ជំនឿរបស់ខ្ញុំយ៉ាងស្មោះត្រង់ ខ្ញុំនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះហើយបានជាខ្ញុំបានផ្លាស់ប្តូរពីទីកន្លែងអធិស្ឋានមួយទៅទីកន្លែងអធិស្ឋានមួយទៀត។ នៅកន្លែងអធិស្ឋានមួយ មនុស្សបានលេងព្យាណូ និងស្គរជាផ្នែកនៃកម្មវិធី។ ហើយគ្រូគង្វាលដែលបានដឹកនាំការជួបជុំ បានហៅអស់អ្នកដែលចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ម្តងម្នាក់ៗ ហើយនៅពេលគាត់ទះថ្ងាសរបស់ពួកគេ គាត់បានចាប់ផ្តើមនិយាយភាសាដទៃ។ គាត់បានរត់ជុំវិញ ជាមួយនឹងមីក្រូហ្វូន ហើយស្រែកថា «ចូរទទួលភ្លើង ភ្លើង ភ្លើង» ហើយបានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេខ្លះប្រកាច់ប្រកិន និងដួលសន្លប់។ ខ្ញុំបានសង្ស័យថា ការអនុវត្តបែបនេះគឺអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែខ្ញុំបានញៀននឹងការជួបជុំបែបរួចទៅហើយ។ ទោះបីជាយ៉ាងណា ខ្ញុំមិនដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធម្តងណាឡើយ។
បន្ទាប់ពីបទពិសោធន៍នេះ ខ្ញុំបានឡើងទៅលើភ្នំ ហើយព្យាយាមស្រែកយំអធិស្ឋានឱបដើមស្រល់ពេញមួយយប់។ ហើយខ្ញុំក៏បានព្យាយាមអធិស្ឋាននៅក្នុងរូងផងដែរ ប៉ុន្តែការអធិស្ឋានទាំងនោះមិនបានមានប្រសិទ្ធិភាពឡើយ។ បន្ទាប់ពីពេលនោះមក ខ្ញុំបានព្យាយាមអធិស្ឋានពេញមួយយប់ សម្រាប់រយៈពេល៤០ថ្ងៃ ប៉ុន្តែខ្ញុំនៅតែមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធដដែល។ សិក្ខាសាលាត្រូវបានធ្វើឡើងមួយសប្តាហ៍ម្តង ហើយមានរយៈពេលប្រាំពីរសប្តាហ៍។
សិក្ខាសាលានោះ និយាយអំពីសេចក្តីស្រឡាញ់របស់ព្រះ ឈើឆ្កាង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ការដាក់ដៃលើ ផលផ្លែនៃព្រះវិញ្ញាណ និងការរីកចម្រើនខាងវិញ្ញាណ។ នៅពេលសិក្ខានោះជិតបញ្ចប់ គ្រូអធិប្បាយនៅក្នុងសិក្ខាសាលានោះបានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ខ្ញុំ ហើយបានអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធ ហើយខ្ញុំបានធ្វើតាមអ្វីដែលគាត់បានប្រាប់ឲ្យខ្ញុំធ្វើ។ ខ្ញុំបានសម្រួលអារម្មណ៍ ហើយលាបាតដៃ និងស្រែកថា «ឡាៗៗៗ» ជាច្រើនដង។ ប៉ុន្តែខណៈដែលខ្ញុំកំពុងតែស្រែកថា «ឡាៗៗៗ» ស្រាប់តែខ្ញុំបានចាប់ផ្តើមនិយាយភាសាចម្លែកមួយយ៉ាងស្ទាត់ជំនាញ។ ហើយមនុស្សជាច្រើនបានអបអរសាទរដល់ខ្ញុំ ដោយពួកគេបានគិតថា ខ្ញុំបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ ប៉ុន្តែនៅពេលខ្ញុំនៅផ្ទះម្នាក់ឯង ខ្ញុំបានមានការភ័យខ្លាច។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តសម្រាប់សិក្ខាសាលានោះ។ ខ្ញុំបានគិតថា ខ្ញុំគួរតែស្ម័គ្រចិត្តធ្វើការងារនេះ ហើយខ្ញុំបានធ្វើដំណើរជុំវិញប្រទេស ដើម្បីធ្វើការងារនេះ។ ហើយនៅពេលខ្ញុំបានដាក់ដៃរបស់ខ្ញុំនៅលើអ្នកជម្ងឺខ្លះ ជម្ងឺរបស់ពួកគេហាក់ដូចជាបានជាសះស្បើយ ទោះបើពួកគេនឹងឈឺវិញនៅពេលដ៏ខ្លីខាងមុខក៏ដោយ។ បន្ទាប់មក ខ្ញុំបានមាននិមិត្តដោយភ្នែកផ្ទាល់ ហើយខ្ញុំបានដឹងថា ខ្ញុំក៏ចេះទាយផងដែរ។ គួរឲ្យភ្ញាក់ផ្អើលណាស់ ទំនាយរបស់ខ្ញុំតែងតែក្លាយជាការពិត។ ចាប់ពីពេលនោះមក គេបានអញ្ជើយខ្ញុំទៅគ្រប់ទីកន្លែង ហើយគេបានចាត់ទុកខ្ញុំដូចជាជនល្បីល្បាញម្នាក់អញ្ចឹង។ ប៉ុន្តែខ្ញុំនៅតែមានភាពភ័យខ្លាចដដែល។ បន្ទាប់មក នៅថ្ងៃមួយ ខ្ញុំបានស្តាប់ឮសម្លេងមួយថា «កុំវង្វេងពីកន្លែងមួយទៅកន្លែងមួយដូច្នេះ ប៉ុន្តែចូរទៅជួយគ្រួសាររបស់អ្នកឲ្យទទួលបានសេចក្តីសង្រ្គោះចុះ»។ ទោះបីជាយ៉ាងណា ខ្ញុំមិនបានដឹងថា សេចក្តីសង្រ្គោះគឺជាអ្វីឡើយ។ ខ្ញុំគ្រាន់តែបានដឹងពីអ្វីដែលអ្នកដទៃបានប្រាប់ខ្ញុំថា បើសិនខ្ញុំមិនប្រើប្រាស់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធនេះ ទ្រង់នឹងដកយកអំណោយទាននេះចេញពីខ្ញុំវិញ ហើយ។ ហើយម៉្យាងទៀត ខ្ញុំភ័យខ្លាចមិនចង់ប្រើសមត្ថភាពរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់វាបាន។
នៅថ្ងៃមួយ ខ្ញុំបានឮថា មនុស្សស្រីម្នាក់ដែលដើរតាមសាម៉ាន់និយម (Shaman) ចង់ជឿព្រះយេស៊ូវ ហើយខ្ញុំក៏បានទៅសួរសុខទុក្ខគាត់ជាមួយមិត្តរបស់ខ្ញុំ។ យើងមិនបានជម្រាបគាត់ជាមុនថា យើងនឹងទៅសួរសុខទុក្ខគាត់ទេ។ ប៉ុន្តែគាត់បានកំពុងតែឈររង់ចាំយើងនៅខាងមុខទ្វារបងរបស់គាត់រួចទៅហើយ។ ហើយគាត់បាននិយាយថា «ខ្ញុំបានដឹងថា អ្នកនឹងមកទីនេះ»។ បន្ទាប់មក ស្រាប់តែគាត់បានចាប់ផ្តើមជះទឹកដាក់យើង ហើយនិយាយថា «គ្មានភាពខុសគ្នារវាងសាម៉ាន់និយមខាងកើត និងសាម៉ាន់និយមខាងលិចឡើយ!»។ គាត់បានហៅយើងថា «ព្រះយេស៊ូវសាម៉ាន់» ហើយបានចង្អុលយើង ដោយនិយាយថា «មនុស្សម្នាក់នេះមានការភ័យខ្លាច ប៉ុន្តែមនុស្សម្នាក់ទៀតមិនមានការភ័យខ្លាចទេ»។ អ្វីដែលមនុស្សស្រីម្នាក់ដែលដើរតាមសាម៉ាន់និយមម្នាក់នេះបាននិយាយ គឺធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំបានចាប់ផ្តើមគិតថា គ្រប់យ៉ាងដែលខ្ញុំបានកំពុងតែធ្វើ មិនខុសគ្នានឹងអ្វីដែលពួកសាម៉ាន់ធ្វើឡើយ។ គ្មានអ្វីដែលខ្ញុំបានធ្វើ បាននាំឲ្យខ្ញុំបានទទួលព្រះវិញ្ញាណបរិសុទ្ធឡើយ ពីព្រោះខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ»។ 
តាមរយៈការសារភាពនេះ យើងរៀនបានថា ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ គឺលើសពីសមត្ថភាពរបស់យើងទៅទៀត។ ដោយសារជំនឿបែបនេះមិនផ្អែកលើដំណឹងល្អរបស់ព្រះ អ្នកដែលរស់នៅក្នុងជីវិតបែបសាសនាដូច្នេះ មិនមានប្រេងនៅក្នុងចង្កៀងរបស់ខ្លួនឡើយ។
នៅក្នុងព្រះគម្ពីរ ចង្កៀងសំដៅទៅលើពួកជំនុំ ហើយប្រេងសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរបញ្ជាក់ថា អ្នកដែលចូលរួមនៅក្នុងពួកជំនុំ ទោះបើវាគឺជាពួកជំនុំរបស់ព្រះ ឬមិនមែន ប៉ុន្តែបើសិនគ្មានព្រះវិញ្ញាណបរិសុទ្ធទេ គឺជាមនុស្សចំកួតហើយ។
មនុស្សចំកួត ចូលចិត្តដុតភាពឆេះឆួលបែបសាសនារបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងន័យផ្សេង មនុស្សចំកួតដុតអារម្មណ៍របស់ខ្លួនជាមួយភាពឆេះឆួលមិនត្រឹមត្រូវសម្រាប់ព្រះ។ ឧបមាថា អារម្មណ៍របស់យើងមានប្រវែង២០សង់ទីម៉ែត្រ ហើយវាត្រូវចំណាយពេលមួយថ្ងៃ ដើម្បីដុត១សង់ទីម៉ែត្រ នោះវាត្រូវចំណាយពេលអស់២០ថ្ងៃ ដើម្បីដុតអារម្មណ៍ទាំងអស់របស់យើងនៅក្នុង ភ្លើង។ អារម្មណ៍ដែលនៅពីខាងក្រោយជំនឿរបស់ពួកគេទទួលបានកំឡាំងថ្មី តាមរយៈការអធិស្ឋានពេលព្រឹក ការអធិស្ឋានពេញមួយយប់ ការអធិស្ឋានតម និងការជួបជុំសម្រាប់ការរស់ឡើងវិញខាងវិញ្ញាណ ប៉ុន្តែអារម្មណ៍របស់ពួកគេក៏នឹងឆេះពេញមួយជីវិតរបស់ពួកគេផងដែរ។ ពួកគេញៀននឹងដំណើរការនៃការដុតអារម្មណ៍របស់ខ្លួនដោយមិនចេះចប់នេះ។ 
អារម្មណ៍របស់ពួកគេ ត្រូវបានឆេះនៅក្នុងព្រះនាមព្រះ យេស៊ូវ។ ពួកគេចូលរួមនៅក្នុងព្រះវិហារ ហើយស្វែងរកអ្វីមួយផ្សេងទៀត។ មូលហេតុសម្រាប់ការនេះគឺថា ជំនឿរបស់ពួកគេចេញពីមកបទពិសោធន៍ខាងសាច់ឈាម ដែលធ្វើឲ្យពួកគេនៅតែត្រូវពង្រឹងអារម្មណ៍ទាំងនេះជានិច្ច ដើម្បីឲ្យអណ្តាតភ្លើងនឹងមិន រលត់ទៅបាន។ ទោះបីជាយ៉ាងណា ពួកគេមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែជំនឿបែបនេះបានឡើយ។ ការដុតអារម្មណ៍របស់ពួកគេ នឹងមិននាំឲ្យពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ 
យើងទាំងអស់គ្នា គួរតែត្រៀមជំនឿត្រឹមត្រូវ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងវត្តមានពេញលេញរបស់ព្រះ។ បន្ទាប់មក យើងនឹងអាចសមនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ។ តើយើងមានជំនឿ ដែលធ្វើឲ្យយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? សេចក្តីពិតមាននៅក្នុងដំណឹងល្អពិត ដែលត្រូវបានសម្រេចបាន ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ព្រះ បានហៅយើងថា «ពូជអ្នកប្រព្រឹត្តអាក្រក់» (អេសាយ ១:៤)។ ហើយយើងត្រូវតែទទួលស្គាល់និស្ស័យនេះថាជារបស់ខ្លួន។ មនុស្សបានកើតមកជាមួយអំពើបាប១២ប្រភេទ (ម៉ាកុស ៧:២១-២៣)។ មនុស្សជាតិធ្វើបាប ចាប់ថ្ងៃដែលខ្លួនបានកើតមក រហូតដល់ថ្ងៃដែលខ្លួនស្លាប់ទៅវិញ។
យ៉ូហាន ១:៦-៧ សរសេរថា «មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់»។ លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ ដោយនិយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ យើងអរគុណដល់បុណ្យជ្រមុជរបស់លោកយ៉ូហានដល់ព្រះយេស៊ូវ ដែលធ្វើឲ្យយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ប៉ុន្តែបើសិនលោកយ៉ូហាន-បាទ្ទីសមិនបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវទេ ហើយមិនមានប្រកាសថា ទ្រង់គឺជាកូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោកទេ នោះយើងមិនអាចបានដឹងថា ព្រះយេស៊ូវបានយកអំពើបាបទាំងអស់របស់យើង ទៅលើឈើឆ្កាងជាមួយទ្រង់បានឡើយ។ ហើយយើងក៏មិនអាចបានដឹងពីរបៀប ទទួលបានព្រះវិញ្ញាណបរិសុទ្ធដែរ។ ប៉ុន្តែយើងអរគុណដល់សេចក្តីបន្ទាល់របស់លោក យ៉ូហាន-បាទ្ទីស ដែលយើងអាចយល់បានថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើង ហើយយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
ដោយមានជំនឿបែបនេះ យើងបានក្លាយជាកូនក្រមុំ ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលព្រះយេស៊ូវ ដែលជាកូន កម្លោះរបស់យើង។ យើងគឺជាស្ត្រីព្រហ្មចារី ដែលជឿព្រះយេស៊ូវ និងបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
តើអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដោយអស់ពីចិត្តរបស់អ្នកដែរឬទេ? ហើយតើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ដោយបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហានដែរឬទេ? ព្រះគម្ពីរនិយាយថា «សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» (រ៉ូម ១០:១៧)។ យើងត្រូវតែជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងត្រូវតែបានដឹងថា យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿថា ព្រះយេស៊ូវបានយាងមកលោកិយនេះជាមនុស្សជាតិ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
សូម្បីតែនៅសព្វថ្ងៃនេះ ក៏មានអ្នកជឿពីរក្រុម ដូចជាស្ត្រី ព្រហ្មចារីទាំងដប់នៅក្នុងរឿងខាងលើផងដែរ។ តើអ្នកស្ថិតនៅខាងក្រុមមួយណា? អ្នកត្រូវតែទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយជំនឿលើទឹក និងព្រះវិញ្ញាណ។ តើអ្នកចូលរួមនៅព្រះវិហារ ប៉ុន្តែនៅតែដឹងខ្លួនថា ខ្លួនកំពុងតែរង់ចាំព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ជាមួយអ្នកឬ? ដូច្នេះ អ្នកត្រូវតែដឹងពីរបៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបានព្រះវិញ្ញាណបាន។
តើយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿបែបណា? តើអ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ សេចក្តីរំភើបអណ្តែតអណ្តូងតាមសាម៉ាន់និយមដែរឬទេ? តើអ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈលក្ខណៈកម្មផលដែរឬទេ? តើអ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសាសនានិយមលើអ្វីមួយហួសហេតុដែរឬទេ? ហើយតើអ្នកត្រូវតែអធិស្ឋានទៅកាន់ព្រះសម្រាប់ការអត់ទោសអំពើបាបរបស់អ្នកយ៉ាងខ្ជាប់ខ្ជួនដែរឬទេ? ព្រះគម្ពីរនិយាយថា នៅពេលព្រះបានទទួលបុណ្យជ្រមុជ ហើយបានងើបឡើងពីទឹកវិញ ព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើទ្រង់ ដូចជាសត្វព្រាប។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយប្រាប់យើងថា ទ្រង់នឹងត្រូវគេឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើរំលងទាំងអស់របស់យើង។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ ហើយបានយាងទៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចបានសង្រ្គោះ និងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាសេចក្តីពិត។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានទទួលការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើងនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ យើងត្រូវតែជឿលើបុណ្យុជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីទទួលបានការអត់ទោសអំពើបាបរបស់យើង។ ហើយយើងអាចមើលឃើញពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ម៉ាថាយ ៣:១៣-១៥) ថា ព្រះវិញ្ញាណបរិសុទ្ធយាងដោយសេចក្តីសុខសាន្ត ដូចជាសត្វព្រាប មកសណ្ឋិតលើយើងដែលបានស្អាតដោយជំនឿលើបុណ្យជ្រមុជរបស់ទ្រង់។ 
ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងចាំបាច់ត្រូវតែជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើមនុស្ស ដូចជាសត្វព្រាប នៅពេលពួកគេជឿលើ សេចក្តីអត់ទោសបាប។ អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធរួចហើយ គួរតែដឹងថា ខ្លួនអាចទទួលបានទ្រង់បាន ដោយសារតែខ្លួនបានទទួលបានការអត់ទោសអំពើបាបរួចហើយ។ វិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នកដែលជឿលើសេចក្តីអត់ទោសបាប ដោយអស់ពីចិត្តរបស់ខ្លួន។ 
ព្រះយេស៊ូវគ្រីស្ទ បានយាងមក តាមរយៈនំប៉័ង និងស្រាទំពាំងបាយជូរនៃជីវិតអស់កល្បជានិច្ច (ម៉ាថាយ ២៦:២៦-២៨; យ៉ូហាន ៦:៥៣-៥៦)។ បន្ទាប់ពីទទួលបុណ្យជ្រមុជ ទ្រង់បានយាងចេញពីទឹក ហើយក៏មានសម្លេងមួយពីលើមេឃមកថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់» (ម៉ាថាយ ៣:១៧)។ 
វា ងាយស្រួលសម្រាប់យើងក្នុងការជឿព្រះជាព្រះត្រៃឯក។ ព្រះគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ ហើយព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះផងដែរ។ ដូច្នេះ ព្រះត្រៃឯកគឺជាព្រះតែមួយសម្រាប់យើង។ 
អ្នក ត្រូវតែដឹងថា អ្នកនឹងមិនដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយជំនឿលើតែឈើឆ្កាងមួយមុខ ឬដោយការខិតខំញែកខ្លួនឯងជាបរិសុទ្ធ ដោយទង្វើសុចរិតឡើយ។ ប៉ុន្តែអ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ លុះត្រាតែអ្នកជឿថា លោក យ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីផ្ទេរអំពើបាបទាំងអស់ទៅលើទ្រង់ ហើយថា ទ្រង់បានជាប់ឆ្កាង ដើម្បីធួននឹងអំពើបាបទាំងអស់របស់យើង។ ដូច្នេះ សេចក្តីពិតនេះគឺច្បាស់លាស់ និងសាមញ្ញខ្លាំងណាស់! វាមិនពិបាកក្នុងការទទួលបានសេចក្តីអត់ទោសអំពើបាប និងព្រះវិញ្ញាណបរិសុទ្ធឡើយ។ 
ព្រះ បានមានបន្ទូលមកកាន់យើងនៅក្នុងពាក្យសាមញ្ញ។ កូតាភាពវៃឆ្លាតរបស់មនុស្សធម្មតាម្នាក់គឺប្រហែលពី១១០ទៅ១២០។ ហើយដំណឹងល្អរបស់ទ្រង់ គឺងាយស្រួលល្មមសម្រាប់មនុស្សយល់បាន។ សូម្បីតែក្មេងអាយុ៤ ឬ៥ឆ្នាំ ក៏ពួកគេមិនពិបាកយល់ដំណឹងល្អពិតដែរ។ ប៉ុន្តែបើសិនព្រះបានមានបន្ទូលមកកាន់យើងអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងរបៀបស្មុគស្មាញ តើយើងអាចបានយល់ពីទ្រង់ដែរឬទេ? ព្រះបានអត់ទោសអំពើបាបទាំងអស់របស់យើង ហើយបានប្រទានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានដល់អ្នកដែលបានជឿតាមដំណឹងល្អពិត។ 
ព្រះ បានប្រាប់យើងថា យើងមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើ ឬការអធិស្ឋានលន់តួអំពើបាបបានឡើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធមិនយាងមក ដោយសារតែការតម ឬភក្តីភាព ឬការអធិស្ឋានពេញមួយយប់នៅឯភ្នំឡើយ។ ដូច្នេះ តើជំនឿបែបណាទើបនាំឲ្យយើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ? វាគឺជាជំនឿលើការពិតថា ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។
 
 
តើយើងពិតជាត្រូវតែជឿតាមសេចក្តីពិតនេះឬ?
 
ហេតុអ្វីយើងត្រូវតែទទួលបានការអត់ទោសអំពើបាបជាមុនសិន មុននឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ? ដើម្បីធ្វើជារាស្ត្រនៃនគរព្រះ យើងត្រូវតែមានព្រះវិញ្ញាណរបស់ទ្រង់។ ដូច្នេះ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ជឿលើបុណ្យជ្រមុជ និងព្រះលោហិតទ្រង់ ហើយជាចុងក្រោយ យើងត្រូវតែបានទទួលការអត់ទោសអំពើបាបរបស់យើង។ 
ហេតុអ្វីព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលបានទទួលការអត់ទោសអំពើបាបហើយ? មូលហេតុ គឺដើម្បីបោះត្រាពួកគេធ្វើជាកូនរបស់ទ្រង់។ ហើយដើម្បីបោះត្រាអ្នកដែលជឿលើព្រះយេស៊ូវ ដែលស្របតាមព្រះបន្ទូលព្រះ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដើម្បីទុកជាការធានា។
មនុស្សយ៉ាងច្រើន នៅតែមានជំនឿខុស។ វាងាយស្រួលណាស់ក្នុងការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ វាងាយស្រួលសម្រាប់យើងទាំងអស់គ្នា ដែលបានទទួលបានព្រះវិញ្ញាណបរិសុទ្ធរួចហើយ ប៉ុន្តែវាមិនអាចសម្រាប់អ្នក ដែលមិនទាន់ទទួលបានការអត់ទោសអំពើបាប ឡើយ។ ពួកគេមិនស្គាល់សេចក្តីពិត ប៉ុន្តែបែរជាព្យាយាមស្វែងរកផ្លូវផ្សេងៗទៀត ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធទៅវិញ ដូចជា ការជឿស៊ប់លើកម្មពារបែបសាសនា តាមរយៈសកម្មភាពហួសហេតុផ្សេងៗ។ ពួកគេពិតជាមិនបានដឹងថា ពួកគេត្រឡប់ជាមានភាពច្របូកច្របល់ ដោយសារតែគ្រាប់ពូជ ដែលសាតាំងបានព្រោះ ហើយធ្លាក់ទៅក្រោមឥទ្ធិពលនៃសាសនាដែលគ្មានអ្វីជាមូលដ្ឋាន។
ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងអ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយបានទទួលសេចក្តីអត់ទោសអំពើបាប។ ហើយមានតែអ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់ព្រះទេ ទើបអាចប្រកាសថា «ខ្ញុំគ្មានបាបទេ»បាន។ បើសិនមនុស្សម្នាក់មិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះគាត់មិនអាចនិយាយបានថា គាត់គ្មានបាបទេ បានឡើយ។ ដូចគ្នាដែរ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានដល់កូនៗរបស់ទ្រង់ ដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងបានទទួលសេចក្តីអត់ទោសអំពើបាប។ 
តើអ្នកណាបានធ្វើបន្ទាល់ថា បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ? ព្រះយេស៊ូវ ពួកសិស្សរបស់ទ្រង់ និងព្រះវិញ្ញាណបានធ្វើបន្ទាល់ដូច្នេះ។ តើអ្នកណាបានរៀបចំផែនការសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ? ព្រះវរបិតាដ៏បរិសុទ្ធបានធ្វើដូច្នេះ។ តើអ្នកណាបានអនុវត្តផែនការនេះ? ព្រះយេស៊ូវគ្រីស្ទបានអនុវត្តផែនការនេះ។ ហើយចុងក្រោយ តើអ្នកណាបានធានាថា ផែនការនេះត្រូវបាន អនុវត្ត? ព្រះវិញ្ញាណបរិសុទ្ធ។
ដោយសារព្រះ ចង់យកយើងធ្វើជាកូនរបស់ទ្រង់ ទើបទ្រង់បានរៀបចំផែនការសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាម រយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដូច្នេះ ព្រះត្រៃឯកធានាពីសេចក្តីសង្រ្គោះចុងក្រោយរបស់យើង ហើយប្រទានសេចក្តីអត់ទោសអំពើបាបដល់យើង។ 
ម៉ាថាយ ៣:១៧ សរសេរថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ អ្នកដែលមានព្រះវិញ្ញាណរបស់ព្រះ គឺជារាស្ត្ររបស់ព្រះ។ ពួកគេគឺជាកូនរបស់ព្រះ។ «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។» ព្រះយេស៊ូវគឺជាព្រះតាំងតែពីដើមរៀងមក។ ព្រះវរបិតាប្រាប់យើងថា «បើសិនឯងចង់ទទួលបានសេចក្តីអត់ទោសអំពើបាប ឯងត្រូវជឿថា អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានដោះចេញ ដោយព្រះយេស៊ូវ ដែលជាកូនស្ងួនភ្ងាតែមួយរបស់អញ ជារៀងរហូតហើយ។ បន្ទាប់មក ឯងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងធ្វើជាកូនរបស់អញបាន»។ អ្នកដែលជឿតាមសេចក្តីពិតនេះ នឹងទទួលបានសេចក្តីអត់ទោសអំពើបាប ហើយបានធ្វើជាកូនប្រុសស្រីរបស់ព្រះ។ បន្ទាប់មក ព្រះប្រទានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដើម្បីបោះត្រាពួកគេធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ យើងអាចទទួលបានសេចក្តីអត់ទោសអំពើបាបបាប លុះត្រាតែយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ផង។ 
នៅពេលមនុស្សមិនសម្អាតចិត្តរបស់ខ្លួន ហើយមិនជឿតាមដំណឹងល្អអំពីសេចក្តីអត់ទោស ពួកគេបែរទៅជឿថា បាបតាំងពីកំណើតបានរលុបបាត់ទៅហើយ ប៉ុន្តែថា ពួកគេគួរតែអធិស្ឋានលន់តួអំពើបាបដោយឥតឈប់ឈរ ដើម្បីទទួលបានការអត់ទោសអំពើបាបជាក់ស្តែងរបស់ខ្លួន។ បើសិនពួកគេមានគំនិតបែបនេះ ព្រះគម្ពីរត្រឡប់ទៅជាស្មុគស្មាញ និងមិនអាចយល់បានសម្រាប់ពួកគេហើយ។ ដូច្នេះ ពួកគេបែរទៅមានជំនឿផ្ទុយពីជំនឿរបស់ពួកសិស្សរបស់ព្រះយេស៊ូវហើយ។
មនុស្សមួយចំនួន និយាយថា ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើខ្លួន «តាមរយៈការអធិស្ឋាន»។ ប៉ុន្តែគំនិតនេះមិនត្រឹមត្រូវតាមទស្សនៈព្រះគម្ពីរឡើយ។ គំនិតនេះអាចទទួលបានការអបអរសាទរ ប៉ុន្តែព្រះគម្ពីរនិយាយថា នៅពេលព្រះយេស៊ូវងើបចេញពីទឹក បន្ទាប់ពីបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើទ្រង់ដូចជាសត្វព្រាប។ នេះបញ្ជាក់ថា បើសិនយើងចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែជឿថា ព្រះយេស៊ូវបានមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយេនះចេញ បានទទួលការកាត់នៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះ ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ 
តើព្រះមានបន្ទូលមកកាន់យើងយ៉ាងដូចម្តេច នៅពេលយើងជឿតាមសេចក្តីពិតនេះ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ? ទ្រង់មានបន្ទូលថា «ឯងគឺជាកូនរបស់អញ ជាទីពេញចិត្តអញណាស់»។ ព្រះនឹងមានបន្ទូលដូចគ្នានេះទៅកាន់អ្នកដែលជឿព្រះយេស៊ូវ និងទទួលបានការអត់ទោសអំពើបាប។ សេចក្តីពិតនេះគឺជាសេចក្តីសន្យារបស់ព្រះ ក្នុងការយកយើងធ្វើជាកូនរបស់ទ្រង់។
ទោះបីជាយ៉ាងណា មនុស្សនៅតែគិតថា មានរបៀបផ្សេងៗទៀត ដែលពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ តើអ្នកគិតថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់ជាមួយអ្នក តាមរយៈការស្រែកយំ និងការប្រព្រឹត្តនៅក្នុងលោកិយនេះដែរឬទេ? ព្រះធ្វើការតាមតែបំណងព្រះហឫទ័យទ្រង់ប៉ុណ្ណោះ ហើយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់តែអ្នកដែលទទួលបានការអត់ទោសអំពើបាបរបស់ខ្លួនប៉ុណ្ណោះដែរ។ ទ្រង់មានបន្ទូលថា «អញអនុញ្ញាតឲ្យព្រះរាជបុត្រាអញទទួលបុណ្យជ្រមុជ ដើម្បីឲ្យទ្រង់បានដោះអំពើបាបទាំងអស់របស់ឯងចេញ ហើយបានអនុញ្ញាតឲ្យទ្រង់សុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសអំពើបាបរបស់ឯង។ អញតែងតាំងព្រះរាជបុត្រាអញជាព្រះអង្គសង្រ្គោះរបស់ឯង។ ហើយបើសិនឯងទទួលបានការអត់ទោសអំពើបាប ដែលព្រះរាជបុត្រាអញបានសម្រេចបាន នោះអញនឹងឲ្យព្រះវិញ្ញាណបរិសុទ្ធដល់ឯង»។ 
ព្រះវរបិតារបស់យើង ធ្វើអ្វីតាមតែបំណងព្រះហឫទ័យទ្រង់ប៉ុណ្ណោះ។ សូម្បីតែមនុស្សម្នាក់ព្យាយាមលុតជង្គុងពេញមួយយប់ ហើយស្រែកយំទៅកាន់ទ្រង់ រហូតដល់ជ្រុះសួតក៏ដោយ ក៏ព្រះនឹងមិនបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់គាត់ដែរ។ ផ្ទុយទៅវិញ ទ្រង់បន្ទោសគាត់ថា «ឯងមិនទាន់ទទួលបានការយល់ដឹងត្រឹមត្រូវទេ ហើយនៅតែបន្តមានជំនឿខុសឆ្គង។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនៅឆ្ងាយពីឯង ដរាបណាឯងនៅតែបដិសេធជំនឿត្រឹមត្រូវ»។
នៅក្នុងលោកិយនេះ ការសម្រេចិត្តរបស់មនុស្សជាតិអាចផ្លាស់ប្តូរទៅតាមកាលៈទេសៈផ្សេងៗ ប៉ុន្តែច្បាប់ដែលព្រះបានបង្កើតឡើងសម្រាប់ការអត់ទោសអំពើបាប និងការប្រទានព្រះវិញ្ញាណបរិសុទ្ធ មិនចេះប្រែប្រួលសោះឡើយ។ បើសិនអ្នកធ្លាក់ទៅក្នុងជំនឿខុសឆ្គង វាពិបាកនឹងស្វែងរកផ្លូវត្រឹមត្រូវម្តងទៀត ណាស់។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាថ្មជំពប់ចំពោះអ្នកដែលមិនស្តាប់បង្គាប់ (១ពេត្រុស ២:៨)។ 
មនុស្សដែលជឿព្រះយេស៊ូវ តែមិនដឹងពីមូលហេតុដែលទ្រង់បានទទួលបុណ្យជ្រមុជ គឺគ្រាន់តែជឿដំណឹងល្អអំពីសេចក្តីប្រោសលោះតែពាក់កណ្តាលទេ ហើយនឹងពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរកជាមិនខាន។ ដូច្នេះ នៅពេលអ្នកជឿព្រះយេស៊ូវលើកដំបូង អ្នកគួរតែយល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលបានបង្កើតដំណឹងល្អអំពីការអត់ទោសអំពើបាបឡើង។ ហើយបើសិនអ្នកទទួលបានការអត់ទោសអំពើបាបហើយ នោះអ្នកក៏នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ។ 
ចូរយើងគិតអំពីជីវិតរបស់ព្រះយេស៊ូវនៅលើផែនដី។ ព្រះយេស៊ូវបានយាងមកជាមនុស្សម្នាក់ ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់។ ហើយទ្រង់ក៏បានសុគតនៅលើឈើឆ្កាង និងបានទទួលការកាត់ទោសសម្រាប់អំពើបាបជំនួសយើង ដើម្បីសង្រ្គោះយើងចេញ ភ្លើងនរក។ ហើយអ្នកដែលជឿទ្រង់ នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានពីព្រះ។
ដូច្នេះ យើងទាំងអស់គ្នាត្រូវតែដើរតាមផ្លូវត្រឹមត្រូវ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវគិតឲ្យស្របតាមព្រះបន្ទូលនៃសេចក្តីពិត ពីព្រោះកាលណាយើងធ្វើដូច្នេះ ព្រះយេស៊ូវនឹងរក្សា និងប្រទានពរដល់យើង។ អ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនបានទទេស្អាត ហើយជឿតាមព្រះបន្ទូលទ្រង់ អាចរស់នៅក្នុងសេចក្តីពិត ដោយការទទួលបានសេចក្តីអត់ទោសអំពើបាប និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ។ លើសពីនេះ ពួកគេក៏អាចដឹកនាំអ្នកដទៃឲ្យដើរតាមផ្លូវត្រឹមត្រូវ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធផងដែរ។
ដូច្នេះ ចូរជឿលើសេចក្តីប្រោសលោះ ដែលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់បានសម្រេចបាន នោះយើងនឹងអាចដើរតាមទ្រង់ ដោយជំនឿ និងទទួលបានព្រះពរនៃការអត់ទោសអំពើបាប ជីវិតអស់កល្បជានិច្ច និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃសេចក្តីអត់ទោស ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាម រយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដែលបានជឿតាមដំណឹងល្អអំពីសេចក្តីពិត។ ហើយអ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការមានជំនឿត្រឹមត្រូវ។