Search

Проповеди

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 1-4] មនុស្សសុចរិតរស់នៅ ដោយអាង សេចក្តីជំនឿ (រ៉ូម ១:១៧-១៨)

(រ៉ូម ១:១៧-១៨)
«ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត។»
 
 
យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ
 
ខគម្ពីរខាងលើ សរសេរថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ តើយើងរស់នៅ ដោយអាងសេចក្តីជំនឿឬទេ? សេចក្តីជំនឿគឺជារបៀបតែមួយគត់ ដែលមនុស្សសុចរិតរស់នៅតាមរយៈ ពីព្រោះសេចក្តីជំនឿជួយឲ្យមនុស្សសុចរិតរស់នៅ។ យើងអាចរស់នៅ និងអនុវត្តគ្រប់ការទាំងអស់បាន នៅពេលយើងជឿលើព្រះ។ ហើយមានតែមនុស្សសុចរិតទេ ទើបរស់នៅ ដោយអាងសេចក្តីជំនឿ។ ពាក្យថា «មានតែ» មានន័យថា គ្មានអ្នកណាម្នាក់ លើកលែងតែមនុស្សសុចរិត ដែលអាចរស់នៅ ដោយអាងសេចក្តីជំនឿបាន។ ឥឡូវនេះ តើអ្នករស់នៅ ដោយអាងសេចក្តីជំនឿដែរឬទេ? យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ។ 
យើងត្រូវការចំណាយពេលវេលាយូរ ដើម្បីរៀនពីសេចក្តីជំនឿត្រឹមត្រូវ។ អ្វីដែលយើងត្រូវតែដឹងគឺថា យើងបានរស់នៅ នៅពេលយើងជឿលើព្រះ ហើយយើងនឹងស្លាប់ នៅពេលយើងមិនជឿលើព្រះ។ ដូច្នេះ យើងត្រូវតែដឹងថា មនុស្សសុចរិតត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ។
បក្សាបក្សីមានស្លាបរបស់ខ្លួន ប៉ុន្តែបើសិនពួកវាមិនប្រើស្លាបរបស់ខ្លួនទេ នោះពួកវានឹងត្រូវចាប់បាន និងសំឡាប់ ដោយសត្វស្លាបធំៗ ដែលហោះក្រវែលផែនដីនេះ។ ដូច្នេះ ព្រះបានកំណត់ថា មនុស្សសុចរិតរស់នៅ ដោយអាងសេចក្តីជំនឿ។ ប៉ុន្តែបើសិនពួកគេមិនរស់នៅ ដោយអាង សេចក្តីជំនឿទេ នោះវិញ្ញាណរបស់ពួកគេនឹងស្លាប់។ 
ជីវិតរបស់គ្រីស្ទបរិស័ទម្នាក់ និងផ្លូវត្រឹមត្រូវ ចាប់ផ្តើមដោយសេចក្តី ជំនឿ។ តើមនុស្សសុចរិតអាចសម្របខ្លួនទៅក្នុងសង្គម បន្ទាប់ពីបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណហើយបានយ៉ាងដូចម្តេច? យើងត្រូវតែដឹងថា របៀបតែមួយគត់សម្រាប់យើង គឺត្រូវរស់នៅ ដោយអាងសេចក្តីជំនឿ។ 
តើអ្នកយល់សេចក្តីពិតនេះទេ? វាគឺជាជីវិតសម្រាប់មនុស្សសុចរិត។ បើសិនមិនមានសេចក្តីជំនឿទេ យើងស្លាប់ និងមិនមានអំណាចដោះស្រាយជាមួយទុក្ខលំបាកផ្សេងៗបានឡើយ។ បើសិនមនុស្សម្នាក់ដែលមិនរស់នៅ ដោយអាងសេចក្តីជំនឿ និងមិនប្រើសេចក្តីជំនឿ គាត់នឹងជួបទុក្ខលំបាកផ្សេងៗ ហើយនៅទីបំផុត គាត់នឹងស្លាប់។ ប៉ុន្តែនៅពេលមនុស្សម្នាក់មានសេចក្តីជំនឿលើព្រះ និងសារភាពថា «ឱព្រះអម្ចាស់អើយ ទូលបង្គំជឿលើទ្រង់ហើយ» គាត់អាចរស់នៅបាន ដោយសារតែសេចក្តីជំនឿលើព្រះ។ ហើយព្រះជួយដល់គាត់ និងធ្វើការខ្លាំង តាមដែលគាត់ជឿលើទ្រង់។
 
 
នៅពេលយើងមានដែនកំណត់របស់ខ្លួន យើងអាចរៀនពីសេចក្តីជំនឿ
 
ខ្ញុំ ចង់ឲ្យអ្នកគិតថា អ្នកបានរស់នៅ ដោយសេចក្តីជំនឿ ឬយ៉ាងណា។ មនុស្សម្នាក់មិនរស់នៅ ដោយអាងសេចក្តីជំនឿ បន្ទាប់ពីខ្លួនបានកើតជាថ្មីនោះទេ។ ដោយសារតែជាដំបូង គាត់រស់នៅតាមស្ថានភាព បានជាគាត់មិនដឹងពីរបៀបរស់នៅ ដោយអាងសេចក្តីជំនឿ។ ហេតុអ្វី? ដោយសារមនុស្សអាចរស់នៅលើផែនដីនេះ រកប្រាក់ដោយដៃ និងជើងរបស់ខ្លួនបាន មនុស្សមិនចាំបាច់ប្រើសេចក្តីជំនឿលើព្រះទេ។ ប៉ុន្តែយើងនឹងប្រឈមនឹងដែនកំណត់របស់យើង នៅពេលយើងឆ្ងល់ថា យើងអាចរស់នៅ ដោយអាងកម្លាំង និងការប្រព្រឹត្តខាងសាច់ឈាមតែមួយបាន ឬយ៉ាងណា។ យើងមានអារម្មណ៍ថា យើងមិនអាចរស់នៅតាមរបៀបនេះបានទេ។ ដូច្នេះ តើយើងត្រូវរស់នៅដោយរបៀបណា? យើងត្រូវតែប្រើសេចក្តីជំនឿ។ យើងពិតជាមិនអាចរស់នៅបានឡើយ បើសិនយើងមិនប្រើសេចក្តីជំនឿ និងជឿលើព្រះ។ 
យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ សូម្បីតែតាមរយៈកិច្ចការតូចតាចផង ដោយនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំជឿលើទ្រង់ហើយ។ សូមជួយទូលបង្គំផង»។ នៅពេលយើងជឿលើព្រះ តាម រយៈកិច្ចការតូចតាច និងនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំជឿលើទ្រង់។ ទូលបង្គំជឿថា ទ្រង់ជួយទូលបង្គំ។ ទូលបង្គំជឿលើទ្រង់»។ យើងបង្ហាញថា យើងអាចរស់នៅ ដោយអាងសេចក្តីជំនឿ ទោះបើវាគឺជាកិច្ចការតូចតាចក៏ដោយ។
លុះត្រាតែយើងជឿ ទើបយើងអាចខ្លាំងជាងមុន និងមានការរំពឹងចង់ឲ្យអ្វីៗបានសម្រេចបាន។ ប៉ុន្តែនៅពេលយើងមិនជឿលើព្រះ យើងមិនដឹងថា ព្រះអនុញ្ញាតឲ្យកិច្ចការទាំងនោះបានសម្រេច ឬយ៉ាងណាទេ។ ដូច្នេះ យើងចាញ់ ពីព្រោះយើងមិនបានរស់នៅ ដោយអាងសេចក្តីជំនឿ ហើយយើងក៏មិនអាចដោះស្រាយបញ្ហាបានដែរ ទោះបើយើងអាចដោះស្រាយវាបានយ៉ាងងាយស្រួល ដោយអាងសេចក្តីជំនឿក៏ដោយ។ ដែលរស់នៅ ដោយអាងសេចក្តីជំនឿ គឺល្អសម្រាប់គ្រប់ផ្លូវទាំងអស់។ ដូច្នេះ យើងត្រូវតែរៀនពីរបៀបរស់នៅ ដោយអាងសេចក្តីជំនឿ។ 
 មនុស្សនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានរស់នៅ ដោយអាងសេចក្តីជំនឿ ហើយមនុស្សនៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏ត្រូវតែបានសង្រ្គោះ ដោយសារសេចក្តីជំនឿផងដែរ។ តើយើងយើងមានទំនុកចិត្តនៅក្នុង សេចក្តីសង្រ្គោះរបស់យើងដោយរបៀបណា? ហើយតើយើងបានរាប់ជាសុចរិត ដោយការជឿលើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដែរឬទេ? បាទ យើងបាន។ ព្រះជួយយើង នៅពេលយើងរស់នៅ ដោយជឿលើទ្រង់។ ជាដំបូង ចូរគ្រាន់តែជឿលើព្រះ ហើយទូលសុំអ្វីដែលអ្នកត្រូវការ ហើយបន្ទាប់មក ព្រះនឹងជួយអ្នក។ ព្រះប្រទានអ្វីៗផ្សេងទៀតដល់យើង ដូចដែលទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់យើងដែរ។ សេចក្តីជំនឿគួរតែមាននៅក្នុងផ្នែកទាំងអស់នៃជីវិតរបស់យើង។ សេចក្តីជំនឿគឺជាជីវិត ហើយជីវិតសម្រាប់មនុស្សសុចរិតគឺជាសេចក្តីជំនឿ។ សេចក្តីជំនឿគឺជាជីវិត ដូចជាឈាមជាជីវិតសម្រាប់រូបកាយដែរ។ នៅពេលមនុស្សម្នាក់ដែលបានកើតជាថ្មី មិនមានសេចក្តីជំនឿ វិញ្ញាណរបស់គាត់ស្លាប់ ដូចដែលមនុស្សម្នាក់ស្លាប់ នៅពេលរូបកាយរបស់គាត់មិនមានឈាម អញ្ចឹងដែរ។ ដូច្នេះ យើងគួរតែជឿលើព្រះ ហើយសារភាពថា «ឱព្រះអង្គអើយ! ទូលបង្គំជឿលើទ្រង់។ ទូលបង្គំជឿថា ទ្រង់ជួយទូលបង្គំដោះស្រាយបញ្ហា»។ 
វាគឺជាសេចក្តីជំនឿ ដែលស្វែងរកនគរព្រះជាមុន មុនពេលស្វែងរកអ្វីផ្សេងទៀតដែលយើងត្រូវការ ហើយជឿថា ព្រះពិតជាឆ្លើយតបចំពោះ សេចក្តីអធិស្ឋានរបស់យើង។ ដូច្នេះ យើងត្រូវតែរស់នៅ ដោយមាន សេចក្តីជំនឿ ពីព្រោះមនុស្សសុចរិតមិនអាចរស់នៅ ដោយមិនមានសេចក្តីជំនឿបានឡើយ។ អ្វីដែលយើងមាននៅក្នុងសាច់ឈាម នឹងបាត់បង់ទៅនៅថ្ងៃណាមួយ ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ។ ហើយនៅថ្ងៃណាមួយ យើងនឹងប្រឈមនឹងគ្រោះថ្នាក់ និងស្ថានភាពអវិជ្ជមាន ដោយចៀសមិនរួចឡើយ។ នៅពេលនោះ កិច្ចការសំខាន់បំផុត ដែលយើងត្រូវការ គឺជាសេចក្តីជំនឿលើព្រះ គឺជាសេចក្តីជំនឿដែលព្រះបានសង្រ្គោះយើង ហើយថា ព្រះទ្រង់ល្អ។
លើសពីនេះ យើងក៏ត្រូវការសេចក្តីជំនឿ ដែលព្រះប្រទានឲ្យនូវអ្វីដែលយើងអធិស្ឋានសុំ និងត្រូវការ បើសិនវាស្របតាមបំណងព្រះហឫទ័យព្រះ។ សេចក្តីជំនឿដឹកនាំយើងឲ្យរស់នៅក្នុងព្រះគុណទ្រង់ នៅពេលអ្វីដែលយើងមាននៅក្នុងសាច់ឈាមនឹងបាត់បង់ទៅ។ សេចក្តីជំនឿលើព្រះគឺជាអំណាចជម្រុញចិត្ត ដើម្បីឲ្យយើងសម្រេចបានអ្វីៗដែលយើងសង្ឃឹមចង់បាននៅចំពោះព្រះ។ 
 
 
យើងត្រូវតែប្រើសេចក្តីជំនឿ ចាប់ពីកិច្ចការតូចតាច
 
តើ យើងត្រូវតែរស់នៅដោយរបៀបណា? យើងត្រូវតែអធិស្ឋានដូច្នេះថា «ឱព្រះអង្គអើយ! ទូលបង្គំខ្វះនេះ និងខ្វះនោះ។ ដូច្នេះ សូមជួយទូលបង្គំផង»។ ខ្ញុំមិនកំពុងតែនិយាយអំពីបាបតាំងពីកំណើតរបស់យើងឡើយ។ ចូរយើងរស់នៅ ដោយសេចក្តីជំនឿ ហើយនិយាយថា «ទូលបង្គំត្រូវការនេះ និងត្រូវការនោះ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ទូលបង្គំ។ សូមជួយទូលបង្គំផង ឱព្រះអម្ចាស់អើយ។ ទូលបង្គំជឿថា ទ្រង់នឹងធ្វើវាសម្រាប់ទូលបង្គំ»។ មនុស្សម្នាក់ដែលរស់នៅដោយសេចក្តីជំនឿ ត្រូវតែស្វែងរកព្រះ ចាប់ពីកិច្ចការតូចតាច។ ឧទាហរណ៍ «ឱព្រះអម្ចាស់អើយ! ទូលបង្គំមិនមានថ្នាំដុសធ្មេញទេ។ សូមប្រទានថ្នាំដុសធ្មេញដល់ទូលបង្គំ ផង។ ទូលបង្គំជឿលើទ្រង់»។ ដូច្នេះ យើងដឹងថា ព្រះឆ្លើយតប នៅពេលយើងជឿលើទ្រង់ និងស្វែងរកទ្រង់។
តើមនុស្សមានបាបរស់នៅដោយអ្វី? មនុស្សមានបាបរស់នៅ ដោយអាងកម្លាំងរបស់ខ្លួន ប៉ុន្តែមនុស្សសុចរិតរស់នៅ ដោយអាងសេចក្តីជំនឿ វិញ។ យើងអាចប្រើសេចក្តីជំនឿនៅក្នុងជីវិតរបស់យើង នៅពេលយើងដឹងថា មនុស្សសុចរិតរស់នៅ ដោយអាងសេចក្តីជំនឿ។ យើងមិនរស់នៅ ដោយអាងអ្វីដែលយើងមានឡើយ ប៉ុន្តែដោយអាងសេចក្តីជំនឿវិញ។ តើអ្នកយល់ទេ? «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។» អ្វីដែលមនុស្សសុចរិតត្រូវការបំផុត គឺជាសេចក្តីជំនឿ ប៉ុន្តែយើងអាចប្រើ សេចក្តីជំនឿបាន លុះត្រាតែយើងលែងប្រើធនធានរបស់យើងទៀត។
នៅពេលយើងបានប្រើកម្លាំង និងធនធានរបស់យើងអស់ យើងអាចប្រើសេចក្តីជំនឿបាន។ ប៉ុន្តែយើងត្រូវតែដឹងថា រស់នៅដោយសេចក្តីជំនឿ គឺជាសេចក្តីពិត ហើយវាគឺជាសេចក្តីបង្គាប់របស់ព្រះ ដែលផ្អែកលើសេចក្តីសន្យារបស់ទ្រង់ ដែលយើងពិតជាត្រូវការនៅក្នុងជីវិតរបស់យើង។ ដូច្នេះ ចូររស់នៅ ដោយអាងសេចក្តីជំនឿ។ ហើយចូរជឿលើព្រះ ហើយទូលសុំចុះ។ បន្ទាប់មក យើងអាចទទួលបានអ្វីដែលយើងត្រូវការ។ យើងត្រូវតែរៀនពីរបៀបរស់នៅ ដោយសេចក្តីជំនឿ ចាប់ពីកិច្ចការតូចតាច ហើយបន្ទាប់មក សេចក្តីជំនឿរបស់យើងនឹងកាន់តែខ្លាំងក្លាឡើងបន្តិចម្តងៗ។
កម្លោះដាវីឌ បានសំឡាប់កូលីយ៉ាត ដោយខ្សែដង្ហក់ និងក្រួសមួយគ្រាប់ ដោយសារសេចក្តីជំនឿ។ គាត់បានសំឡាប់កូលីយ៉ាត ដោយជំនឿជឿថា ព្រះបានគង់នៅជាមួយគាត់។ គាត់បានគិតថា «ឱព្រះអង្គ! ទូលបង្គំជឿលើទ្រង់។ ការសំឡាប់កូលីយ៉ាតគឺជាបំណងព្រះហឫទ័យទ្រង់»។ ហើយគាត់បានស្រែកទៅកាន់កូលីយ៉ាថា «ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (១សាំយ៉ូអែល ១៧:៤៥)។ ហើយព្រះបានត្រាស់ហៅលោកអ័ប្រាហាំឲ្យធ្វើដំណើរចេញទៅកន្លែងមួយ ដែលគាត់នឹងទទួលបានវាទុកជាមរតក ហើយដោយសារសេចក្តីជំនឿ គាត់បានចេញទៅ ដោយមិនបានដឹងថា គាត់កំពុងតែទៅទីកន្លែងណាឡើយ។
មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ មានសំណួនសេចក្តីស្រដៀងគ្នាជាច្រើនថា «ចូររស់នៅ ដោយសេចក្តីជំនឿ» នៅក្នុងកណ្ឌដំណឹងល្អទាំងបួន។ ប៉ុន្តែតើមនុស្សប៉ុន្មាននាក់ដឹងថា ការរស់នៅដោយសេចក្តីជំនឿគឺជាជីវិតរបស់គ្រីស្ទបរិស័ទ ដែលជាមនុស្សសុចរិត? ខ្ញុំមិនកំពុងតែនិយាយថា យើងគួរតែបោះបង់ចោលកម្លាំងខាងសាច់ឈាម និងទ្រព្យសម្បត្តិទាំងអស់ ដែលយើងមានឡើយ។ ខ្ញុំគ្រាន់តែទូន្មានអ្នកឲ្យបោះបង់ចោលគំនិតពឹងផ្អែកលើអ្វីៗនៅលើផែនដីនេះ ដើម្បីរស់នៅដោយសេចក្តីជំនឿវិញប៉ុណ្ណោះ។ ដូច្នេះ ជឿលើអ្វី? ព្រះ។ ព្រះធ្វើការ នៅពេលយើងជឿលើទ្រង់ ហើយទូលសូមអ្វីដែលយើងត្រូវការ។ ចូរជឿថា ទ្រង់ឆ្លើយតបចំពោះការអធិស្ឋាន និងជឿលើអ្នកដឹកនាំពួកជំនុំ។ ចូរចូលរួមនៅក្នុងពួកជំនុំ ហើយបម្រើព្រះអម្ចាស់ចុះ។ តើអ្នកជឿដែរឬទេ? យើងត្រូវតែរស់នៅ ដោយសេចក្តីជំនឿ ពីព្រោះយើងម្នាក់ៗគឺជាមនុស្សសុចរិត។
យើងត្រូវតែបោះបង់ចោលអ្វីៗ ដែលចិត្តរបស់យើងពឹងផ្អែកលើ។ យើងត្រូវតែជឿលើព្រះ ទូលសូម និងទទួលបាន តាមរយៈសេចក្តីជំនឿ ទោះបីវាគឺជាកិច្ចការតូចតាចក៏ដោយ។ យើងត្រូវតែមានបទពិសោធន៍រស់នៅ ដោយអាងសេចក្តីជំនឿ។ បន្ទាប់មក យើងអាចសោយរាជ្យជាមួយព្រះអម្ចាស់បាន ហើយមនុស្សនៅក្នុងលោកិយនេះមិនអាចនិយាយបង្កាច់យើងបានឡើយ។ ព្រះមានបន្ទូលថា ទ្រង់ «រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ» (ទំនុកដំកើង ២៣:៥)។ ដើម្បីទទួលបានការទូទាត់សងដ៏ធំ យើងត្រូវទទួលបានព្រះពរនៅចំពោះព្រះ។ យើងមិនត្រូវរស់នៅ តាមការវិវត្តន៍នៃស្ថានភាពឡើយ ប៉ុន្តែដោយសេចក្តីជំនឿវិញ។
តើអ្នកបានរស់នៅ ដោយសេចក្តីជំនឿដែរឬទេ? មនុស្សច្រើនរាប់មិនអស់មិនដែលបានរស់នៅ ដោយសេចក្តីជំនឿឡើយ ប៉ុន្តែមានមនុស្សស្គាល់ពីការងាររបស់ព្រះ នៅពេលពួកគេអធិស្ឋាន។ យើងត្រូវតែបន្តធ្វើដូច្នេះម្តងហើយម្តងទៀ់ត គឺជារៀងរហូត មិនមែនតែម្តងទេ។ វាគឺជារបៀបដែលមនុស្សសុចរិតគួរតែរស់នៅ។ យើងមិនត្រូវពឹងផ្អែកលើរបស់ក្នុងលោកិយនេះទេ ប៉ុន្តែជឿលើព្រះវិញ។ វាគឺជាជីវិតរបស់មនុស្សសុចរិត។ យើងត្រូវតែរស់នៅតាមរបៀបដូច្នេះ ពីព្រោះមានតែតាមរយៈសេចក្តីជំនឿប៉ុណ្ណោះ ទើបយើងអាចរស់នៅ និងទទួលបានព្រះពរពីព្រះបាន។
 
 
សេចក្តីជំនឿគឺជាអ្វីដែលយើងត្រូវការបំផុតនៅចំពោះព្រះ
 
ការ មានសេចក្តីជំនឿ ហាក់ដូចជាពិបាកខ្លាំងណាស់ ប៉ុន្តែតាមការពិត វាងាយស្រួលទេ។ យើងមិនត្រូវការអ្វីផ្សេងទៀត ក្រៅតែពីសេចក្តីជំនឿលើព្រះប៉ុណ្ណោះ។ មនុស្សគិតថា ពួកគេពិបាកនឹងជឿលើព្រះ ប៉ុន្តែតាមការពិត វាពិតជាមិនពិបាកខ្លាំងពេកទេ។ ខ្ញុំហៅឪពុករបស់ខ្ញុំថា «ឪពុក» និងជឿថា គាត់គឺជាឪពុករបស់ខ្ញុំ ពីព្រោះគាត់គឺជាឪពុកបង្កើតរបស់ខ្ញុំ។ ភាពជាឪពុករបស់គាត់សម្រាប់ខ្ញុំមិនអាស្រ័យលើជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ សេចក្តីជំនឿលើព្រះចាប់ផ្តើមពីចំណុចមួយនេះ។ ខ្ញុំជឿលើព្រះ។ ហេតុអ្វី? ពីព្រោះព្រះតែងតែគង់ជាមួយមនុស្សសុចរិត ស្រឡាញ់ពួកគេ ហើយធ្វើជាព្រះវរបិតា និងព្រះអង្គសង្រ្គោះដល់ពួកគេ។ ទីពីរ បើសិនយើងជឿលើទ្រង់ យើងសុំអ្វីដែលយើងត្រូវការពីទ្រង់ ដូចដែលកូនម្នាក់សុំឪពុករបស់ខ្លួននូវអ្វីដែលខ្លួនត្រូវការដែរ។ ជាចុងក្រោយ ព្រះវរបិតាស្តាប់ និងឆ្លើយតបចំពោះអ្វីដែលយើងត្រូវការ។ ដូច្នេះ ការជឿលើព្រះផ្អែកលើ និងចាប់ផ្តើមពីទំនុកចិត្តបែបនេះ។ 
យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ ពីព្រោះព្រះគឺជា អាល់ហ្វា និងអូមេហ្គា ជាដើម និងជាចុង។ ជីវិតរបស់យើងទាំងមូលទាក់ទងគ្នានឹងសេចក្តីជំនឿ។ ហើយយើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយទ្រង់ក៏ថែរក្សាយើង តាមរយៈសេចក្តីជំនឿរបស់យើងផង ដែរ។ សេចក្តីជំនឿអនុញ្ញាតឲ្យយើងនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំជឿលើទ្រង់។ សូមថែរក្សាទូលបង្គំផង!។ តើយើងនឹងធ្វើយ៉ាងដូចម្តេច នៅពេលយើងខ្សោយ និងខ្លាច ដោយសារតែការគំរាមកំហែងរបស់សាតាំង? យើងត្រូវតែជឿលើព្រះ ដោយនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំជឿលើទ្រង់»។ យើងអាចគិតខុស ហើយជាលទ្ធផល សាតាំងអាចយកឈ្នះ និងចាប់យើងបាន។ នៅក្នុងករណីនេះ ដោយសារយើងអធិស្ឋាន និងជឿលើព្រះ ដោយនិយាយថា «ឱព្រះអម្ចាស់អើយ! សូមការពារទូលបង្គំផង។ ទូលបង្គំជឿថា ទ្រង់ពិតជាការពារទូលបង្គំ» ហើយដោយសារព្រះគឺជាព្រះវរបិតារបស់យើង ទ្រង់ប្រាកដជាការពារយើង។ ព្រះតែងតែថែរក្សាយើង ទោះបើយើងថ្វាយការអធិស្ឋានខុសក៏ដោយ ពីព្រោះទ្រង់ស្គាល់យើងយ៉ាងច្បាស់លាស់។ កិច្ចការដ៏សំខាន់បំផុត និងសាមញ្ញបំផុត គឺត្រូវជឿ។ គ្រាន់តែប្រើសេចក្តីជំនឿដែលព្រះប្រទានឲ្យ នោះទ្រង់នឹងដឹកនាំអ្នកឲ្យបានរីកចម្រើននៅក្នុងជំនឿ។ វាឥតប្រយោជន៍ទេ បើសិនយើងមិនជឿ ទោះបើព្រះពិតជាគង់នៅក៏ដោយ។ ប៉ុន្តែបើសិនយើងជឿលើព្រះ នោះយើងនឹងបានរស់នៅ ដោយអាងសេចក្តីជំនឿ។ 
 
 
ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង
 
រ៉ូម ១:១៧ សរសេរថា «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿ ចំរើនច្រើនឡើងផង»។ នៅពេលយើងប្រើសេចក្តីជំនឿរបស់យើង ម្តងហើយម្តងទៀត យើងក្លាយជាមនុស្សនៃសេចក្តីជំនឿ។ ខ្ញុំចង់ឲ្យអ្នកយល់ពីសេចក្តីនេះ។ បើសិនយើងមិនជឿលើព្រះទេ ទ្រង់នឹងមិនសម្តែងអង្គទ្រង់ដល់យើងឡើយ ទោះបើទ្រង់ពិតជាគង់នៅក៏ដោយ។ ដោយសារ សេចក្តីជំនឿ អ្នកមានសេចក្តីជំនឿ នៅពេលអ្នកជឿយ៉ាងមុតមាំថា ព្រះមានព្រះជន្មរស់នៅ ហើយថា ទ្រង់បានសង្រ្គោះយើង។ 
នៅពេលអ្នកក្លាយជាមនុស្សនៃសេចក្តីជំនឿ គ្រប់កិច្ចការទាំងអស់របស់អ្នកក្លាយជាកិច្ចការរបស់ព្រះ ដោយសារសេចក្តីជំនឿ។ អ្វីដែលព្រះគម្ពីរនិយាយនៅក្នុង រ៉ូម ១:១៧ គឺថា ការចាប់ផ្តើម និងការបញ្ចប់នៃ សេចក្តីជំនឿ គឺជាសេចក្តីជំនឿ។ «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង។» ដូច្នេះ យើងក៏អាចបានសង្រ្គោះ ហើយអាចធ្វើជាមនុស្សនៃសេចក្តីជំនឿបានផងដែរ បើសិនយើងជឿថា ព្រះបានសង្រ្គោះយើង។ ប៉ុន្តែយើងមិនអាចធ្វើជាកូននៃសេចក្តីជំនឿបានទេ បើសិនយើងមិនជឿ។ ព្រះឆ្លើយតប នៅពេលយើងស្វែងរកយ៉ាងស្មោះត្រង់នូវអ្វីដែលយើងត្រូវការនៅក្នុងជីវិតរបស់យើង ខណៈដែលកំពុងតែជឿលើទ្រង់។
អ្វីដែលសាវកប៉ុលនិយាយអំពីនៅក្នុង រ៉ូម ១:១៧ គឺសំខាន់ខ្លាំងណាស់ ទោះបើខគម្ពីរនេះខ្លីក៏ដោយ។ ឥឡូវនេះ តើអ្នកយល់ពីរបៀបដែលមនុស្សសុចរិតរស់នៅដែរទេ? «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។» សេចក្តីជំនឿគឺពិតជាសំខាន់ចាំបាច់សម្រាប់មនុស្សសុចរិត មិនមែនសម្រាប់មនុស្សមានបាបទេ។
កិច្ចការដំបូង ដែលមនុស្សមានបាបត្រូវធ្វើ គឺជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ខ្លួន។ ប៉ុន្តែយើងដែលជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី អាចមានជំនឿនៅក្នុងជីវិតបាន។ តើយើងគ្រាន់តែត្រូវការកិច្ចការមួយ ឬពីរ នៅពេលយើងរស់នៅឬ? ទេ។ មានកិច្ចការជាច្រើន ទោះបើធំក្តី ឬតូចក្តី ដែលយើងត្រូវធ្វើ។ មនុស្សសុចរិតនឹងរស់នៅ ដោយអាង សេចក្តីជំនឿក្នុងគ្រប់កិច្ចការទាំងអស់។ តើអ្នកយល់ពីសេចក្តីនេះទេ? យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ។ យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយបានរួចពីគ្រោះថ្នាក់ ដោយសារសេចក្តី ជំនឿ។ នៅពេលយើងអធិស្ឋាន ដោយសេចក្តីជំនឿ ព្រះឆ្លើយតប។ យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ និងអធិស្ឋាន ទោះបើយើងខ្សោយក៏ដោយ។ គ្រប់កិច្ចការទាំងអស់ ចាប់ពីការរៀបការដល់ការអធិប្បាយដំណឹងល្អ យើងត្រូវការសេចក្តីជំនឿ។ នៅពេលយើងប្រកាសដំណឹងល្អទៅកាន់មនុស្សម្នាក់ សេចក្តីជំនឿធ្វើឲ្យយើងអធិស្ឋានដូច្នេះថា «ឱព្រះអង្គអើយ! ទូលបង្គំជឿថា ទ្រង់បានសង្រ្គោះព្រលឹងនោះហើយ»។ ដូច្នេះ យើងធ្វើគ្រប់ទាំងកិច្ចការ ដោយសេចក្តីជំនឿ។
យើងមិនអាចប្រកាសដំណឹងល្អ ដោយមិនមានសេចក្តីជំនឿបានឡើយ គឺយើងអាចប្រកាសដំណឹងល្អ ដោយសារសេចក្តីជំនឿតែប៉ុណ្ណោះ ហើយមនុស្សបានសង្រ្គោះ នៅពេលយើងប្រកាសដំណឹងល្អ ដោយ សេចក្តីជំនឿ។ តើអ្នកបានរស់នៅ ដោយអាងសេចក្តីជំនឿដែរឬទេ? មនុស្សរស់នៅ ដោយមិនមានសេចក្តីជំនឿ ដោយមិនដឹងថា ពួកគេត្រូវតែរស់នៅ ដោយសេចក្តីជំនឿទេ ហើយពួកគេមិនអាចដោះស្រាយបញ្ហាបានទេ នៅពេលពួកគេប្រឈមនឹងទុក្ខលំបាកផ្សេងៗ។ ពួកគេស្វែងរក នៅពេលណាតែពួកគេបានប្រើកម្លាំងផ្ទាល់ខ្លួនអស់ ហើយជាចុងក្រោយ ពួកគេតែងតែខ្វះអ្វីមួយ។ ពួកគេមិនមានទំនុកចិត្តនៅក្នុងសេចក្តីជំនឿទេ ហើយរស់នៅដោយស្ទាក់ស្ទើរ ពីព្រោះពួកគេនិយាយថា «ខ្ញុំរស់នៅដោយស្ទាក់ស្ទើរ ពីព្រោះខ្ញុំមិនអាចស្លាប់បានទេ»។
ប៉ុន្តែមនុស្សសុចរិតរស់នៅក្នុងជីវិតនៃសេចក្តីជំនឿ ដោយមិនស្ទាក់ស្ទើរ និងតាមផ្លូវវិជ្ជមាន គឺពួកគេជឿ ស្វែងរក និងទទួលបាន ចម្លើយ។ បើសិនយើងមិនមានសេចក្តីជំនឿ គំនិតឥតប្រយោជន៍ និង សេចក្តីមិនជឿនឹងកើតមានឡើង។ ដូច្នេះ យើងមិនអាចដើរជាមួយពួកជំនុំបានទេ។ តើយើងអាចដើរជាមួយព្រះអម្ចាស់ ដោយមិនមានសេចក្តីជំនឿបានយ៉ាងដូចម្តេច? តើមានអ្វីនៅក្នុងសាច់ឈាមដែលយើងត្រូវជឿដែរឬទេ? មិនមានទេ។ តើយើងជឿដោយរបៀបណា? យើងមិនអាចមានជំនឿបានទេ បើសិនយើងមិនជឿលើព្រះ។ យើងអាចដើរតាមពួកជំនុំបាន នៅពេលយើងរស់នៅ ដោយអាងសេចក្តីជំនឿ ហើយរស់នៅ ដោយអាងសេចក្តីជំនឿ គឺដោយសារសេចក្តីជំនឿនោះឯង។ តើអ្នកយល់ពីសេចក្តីនេះទេ? តើអ្នកជឿលើព្រះទេ? ដូច្នេះ ចូរស្វែងរកអ្វីដែលអ្នកត្រូវការចុះ។ ចូរជឿលើព្រះ ហើយគ្រប់យ៉ាងនឹងបានជាល្អសម្រាប់អ្នក។ បញ្ហាតែមួយគឺថា យើងមិនបានដឹងថា យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ។
ខ្ញុំ សូមអរព្រះគុណដល់ព្រះ ដែលបានដឹកនាំយើងឲ្យរស់នៅក្នុងជីវិតដែលនៅសេសសល់នេះ ដោយអាងសេចក្តីជំនឿ។