Search

Проповеди

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-1] សំបុត្រទៅកាន់ពួកជំនុំក្រុងអេភេសូរ (វិវរណៈ ២:១-៧)

សំបុត្រទៅកាន់ពួកជំនុំក្រុងអេភេសូរ
(វិវរណៈ ២:១-៧)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។»
 

ការកាត់ស្រាយ

ខ.១៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។» 
ពួកជំនុំក្រុងអេភេសូរគឺជាពួកជំនុំព្រះមួយ ដែលត្រូវបានដាំឡើង ដោយជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសាវកប៉ុលបានប្រកាស។ «ជើងចង្កៀងមាសទាំង៧» នៅក្នុងបទគម្ពីរនេះ សំដៅទៅលើពួកជំនុំផ្សេងៗរបស់ព្រះ ការជួបជុំរបស់អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយ«ផ្កាយទាំង៧» សំដៅទៅលើពួកអ្នកបម្រើរបស់ព្រះនៅទីនោះ។ ហើយឃ្លាថា «ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ» មានន័យថា ព្រះអង្គទ្រង់ផ្ទាល់ដឹកនាំ និងប្រើពួកអ្នកបម្រើរបស់ទ្រង់។
យើងត្រូវតែយល់ថា អ្វីដែលព្រះបានមានបន្ទូលទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ី តាមរយៈអ្នកបម្រើរបស់ទ្រង់ លោកយ៉ូហាន ក៏កំពុងតែមានបន្ទូលទៅកាន់ពួកជំនុំទាំងអស់របស់ទ្រង់ នៅពេលបច្ចុប្បន្ននេះដែរ ដែលឥឡូវនេះ យើងកំពុងតែជិតឈានទៅដល់គ្រាចុងក្រោយហើយ។ តាមរយៈពួកជំនុំ និងអ្នកបម្រើរបស់ទ្រង់ ព្រះមានបន្ទូលមកកាន់យើង ហើយប្រាប់យើងអំពីរបៀបយកឈ្នះលើទុក្ខលំបាក និងសេចក្តីវេទនាដ៏ធំ ដែលរង់ចាំយើង។ យើងត្រូវតែយកឈ្នះលើសាតាំង ដោយការស្តាប់ឮនិងជឿតាមតាមព្រះបន្ទូលនៃបើកសម្តែង។ ព្រះមានបន្ទូលទៅកាន់ពួកជំនុំទាំងអស់របស់ទ្រង់។ 

ខ.២៖ «អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ។» 
ព្រះអម្ចាស់បានសរសើរពួកជំនុំក្រុងអេភេសូរ សម្រាប់ការងារ សេចក្តីនឿយហត់ សេចក្តីអត់ធ្មត់ ការទ្រាំទ្រនឹងមនុស្សអាក្រក់ ការល្បងលនឹងពួកហោរាក្លែងក្លាយរបស់ពួកគេ។ ចេញពីបទគម្ពីរនេះ យើងអាចដឹងថា ជំនឿ និងការប្តេជ្ញាចិត្តរបស់ពួកជំនុំក្រុងអេភេសូរខ្លាំងអស្ចារ្យណាស់។ ប៉ុន្តែយើងត្រូវតែដឹងថា មិនថាការចាប់ផ្តើមជំនឿដំបូងល្អយ៉ាងណាឡើយ បើសិនជំនឿនោះវង្វេងនៅពេលក្រោយមកទៀត នោះវានឹងក្លាយជាឥតប្រយោជន៍វិញ។ ដូច្នេះ ជំនឿរបស់យើងត្រូវតែជាជំនឿពិតប្រាកដ ទោះទាំងពេលចាប់ផ្តើម និងចុងបញ្ចប់នៅតែល្អដដែល។
ប៉ុន្តែជំនឿរបស់អ្នកបម្រើនៅជំនុំក្រុងអេភេសូរមិនដូច្នេះទេ ហើយដោយហេតុនេះ ព្រះបានបន្ទោស និងព្រមានគាត់យ៉ាងធ្ងន់ៗថា ទ្រង់នឹងដកហូរជើងចង្កៀងចេញពីកន្លែងវា។ ដូចដែលប្រវត្តិសាស្ត្រពួកជំនុំបង្ហាញប្រាប់យើង ពួកជំនុំទាំង៧នៅអាស៊ីមីន័រ ពិតជាត្រូវបានដកហូតជើងចង្កៀងរបស់ពួកគេមែន។ យើងត្រូវតែរៀនមេរៀនពីពួកជំនុំក្រុងអេភេសូរ ហើយចងចាំថា ពួកជំនុំរបស់យើងត្រូវតែមានការទទួលស្គាល់ពីព្រះថាជាពួកជំនុំរបស់ទ្រង់ផ្ទាល់ ដោយដាំពួកគេនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយថា យើងត្រូវតែធ្វើជាអ្នកបម្រើរបស់ព្រះ ដែលថែរក្សាពួកជំនុំ ដោយជំនឿនេះ។

ខ.៣៖ «ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។» 
ព្រះអម្ចាស់របស់យើងទតមើលពួកជំនុំទាំងអស់របស់យើង ហើយទ្រង់ដឹងយ៉ាងច្បាស់ថា ពួកបរិសុទ្ធរបស់ទ្រង់ធ្វើការដោយនឿយហត់សម្រាប់ព្រះនាមទ្រង់ខ្លាំងយ៉ាងណា។ ប៉ុន្តែពួកបរិសុទ្ធនៅជំនុំក្រុង អេភេសូរបានចាកចេញពីជំនឿដើមរបស់ពួកគេ ហើយចាប់ផ្តើមធ្លាក់ទៅក្នុងផ្លូវខុស ដោយលាយបញ្ចូលជំនឿផ្សេងៗរបស់ពួកគេ ទៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

ខ.៤៖ «តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ។» 
ការងារខាងជំនឿរបស់អ្នកបម្រើ និងពួកបរិសុទ្ធនៅពួកជំនុំក្រុង អេភេសូរមានភាពអស្ចារ្យណាស់ រហូតដល់ព្រះអម្ចាស់ផ្ទាល់បានសរសើរពួកគេ សម្រាប់ការងារ និងសេចក្តីនឿយហត់ និងសេចក្តីអត់ធ្មត់របស់ពួកគេ។ ពួកគេបានល្បងល និងបកអាក្រាតពួកសាវកក្លែងក្លាយ ពួកគេបានធ្វើការ ទាំងទ្រាំទ្រសម្រាប់ព្រះនាមព្រះអម្ចាស់ ហើយពួកគេមិនបាននឿយហត់ឡើយ។ ប៉ុន្តែនៅកណ្តាលនៃការងារដែលមានការសរសើរយ៉ាងខ្លាំងបែបនេះ ពួកគេបានបាត់បង់អ្វីដែលពិតជាសំខាន់ជាងការងារទាំងអស់នេះ គឺពួកគេបានចាកចោលសេចក្តីស្រឡាញ់ដំបូងរបស់ពួកគេ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។
តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ពួកគេបរាជ័យក្នុងការថែរក្សាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ តាមរយៈការទទួលយកដំណឹងល្អនេះ និងជំនឿនៅក្នុងព្រះអម្ចាស់។ ម៉្យាងវិញទៀត ការដែលពួកគេបោះបង់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចោល មានន័យថា ពួកគេបានអនុញ្ញាតឲ្យសេចក្តីបង្រៀនខុសឆ្គង និងដំណឹងល្អខុសឆ្គងផ្សេងៗចូលទៅក្នុងពួកជំនុំរបស់ពួកគេ។ 
ដូច្នេះ តើអ្វីគឺជាសេចក្តីបង្រៀន និងដំណឹងល្អក្លែងក្លាយទាំងនោះ? ពួកវាគឺជាមនោគមន៍វិទ្យារបស់មនុស្ស និងទស្សនៈវិទ្យារបស់លោកិយ។ ពួកវានៅតែឈរទាស់ប្រឆាំងនឹងសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យមនុស្សជាតិដដែល។ ពួកវាអាចមានប្រយោជន៍ដល់សាច់ឈាមរបស់មនុស្ស ឬប្រហែលអាចនាំមកនូវការរួបរួម និងសន្តិភាពក្នុងចំណោមមនុស្ស ប៉ុន្តែពួកវាមិនអាចធ្វើឲ្យចិត្តរបស់មនុស្សបានរួបរួមជាមួយព្រះហឫទ័យព្រះបានឡើយ។ នេះហើយគឺជារបៀបដែលអ្នកបម្រើ និងពួកបរិសុទ្ធនៅជំនុំក្រុងអេភេសូរបែរចេញពីជំនឿរបស់ពួកគេ។ ហើយដូច្នេះហើយបានជាព្រះអម្ចាស់បានបន្ទោសពួកគេ។
នៅពេលយើងសម្លឹងមើលប្រវត្តិសាស្ត្រពួកជំនុំ យើងអាចមើលឃើញថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានចាប់ផ្តើមធ្លាក់ចុះចាប់ពីគ្រាដំបូងនៃពួកជំនុំដំបូងមកម៉្លេះ។ ដោយរៀនបានពីមេរៀននេះ យើងត្រូវតែប្រកាន់ខ្ជាប់នឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ផ្គាប់ព្រះទ័យព្រះអម្ចាស់ ដោយជំនឿមិនរង្គោះរង្គើរបស់យើង ហើយយកឈ្នះលើសាតាំង និងលោកិយនេះ ដោយការតយុទ្ធជាមួយពួកវា។ 
ប៉ុន្តែ តើអ្វីទៅគឺជា «សេចក្តីស្រឡាញ់ដើម» សម្រាប់អ្នកបម្រើ និងពួកបរិសុទ្ធនៅពួកជំនុំក្រុងអេភេសូរ? សេចក្តីស្រឡាញ់ដើមរបស់ពួកគេគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានដល់ពួកគេ។ ដំណឹងល្អនេះគឺជាព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ ដែលមានអំណាចសង្រ្គោះមនុស្សគ្រប់គ្នាចេញពីអំពើបាបទាំងអស់របស់លោកិយនេះបាន។
ព្រះបានបើកសម្តែងទៅកាន់សាវកប៉ុល សាវកយ៉ូហាន និងពួកអ្នកបម្រើនៃពួកជំនុំទាំង៧នៅស្រុកអាស៊ីពីអ្វីដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានជួយឲ្យពួកគេយល់ដំណឹងល្អនេះ។ នេះគឺជារបៀបដែលពួកគេអាចជឿតាមដំណឹងល្អនេះបាន និងជារបៀបដែលអស់អ្នកដែលបានស្តាប់ឮ និងជឿតាមដំណឹងល្អនេះ អាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះបាន។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់របស់យើងបានប្រទានឲ្យ មាននៅក្នុងព្រះបន្ទូលអំពីបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ប៉ុន្តែអ្នកបម្រើនៅពួកជំនុំអេភេសូរបានបោះបង់ដំណឹងល្អនេះចោលនៅពេលក្រោយមកទៀត ទោះបើពួកគេបានជួបជាមួយព្រះអម្ចាស់ តាមរយៈដំណឹងល្អនេះ ហើយបានប្រកាសដំណឹងល្អ ដោយការអរព្រះគុណពីដំបូងក៏ដោយ។ ដូច្នេះ នៅក្នុងបទគម្ពីរនេះ ព្រះអម្ចាស់បន្ទោសគាត់ ដោយសារជំនឿខុសឆ្គងរបស់គាត់។

ខ.៥៖ «ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ។» 
ការដែលអ្នកបម្រើពួកជំនុំក្រុងអេភេសូតបានវង្វេងចេញពីសេចក្តីស្រឡាញ់ដំបូង មានន័យថា ក្រុមជំនុំបានបោះបង់ចោលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះហើយបានជាព្រះអម្ចាស់បានប្រាប់ពួកគេ ឲ្យឆ្លុះបញ្ចាំងលើកន្លែងដែលពួកគេបានបាត់បង់ជំនឿ ប្រែចិត្ត និងធ្វើការងារដំបូងឡើងវិញ។
ដូច្នេះ តើអ្វីដែលបានបណ្តាលឲ្យពួកជំនុំក្រុងអេភេសូរបាត់បង់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ? ភាពខ្សោយខាងជំនឿរបស់ពួកជំនុំក្រុងអេភេសូរ ដែលបានដើរតាមគំនិតខាងលោកិយរបស់អ្នកបម្រើពួកជំនុំនេះ គឺជាអ្វីដែលបាននាំពួកជំនុំនេះឲ្យវង្វេង។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺមកពីព្រះ ដែលជាសេចក្តីពិតដាច់ខាត ដែលបានបើកសម្តែងសេចក្តីកុហកទាំងអស់នៃសេចក្តីបង្រៀន និងគោលលទ្ធិខុសឆ្គងនៃសាសនាទាំងអស់នៅក្នុងលោកិយនេះ។ នេះមានន័យថា នៅពេលពួកជំនុំក្រុងអេភេសូរបានប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេតែងតែមានទំនាស់ជាមួយមនុស្សខាងលោកិយជានិច្ច។ 
ដូច្នេះ ទំនាស់បានបង្កការលំបាកកាន់តែខ្លាំង សម្រាប់អ្នកជឿនៅពួកជំនុំក្រុងអេភេសូរ ក្នុងការដោះស្រាយជាមួយមនុស្សខាងលោកិយ រហូតដល់ពួកគេត្រូវបានបៀតបៀន សម្រាប់ជំនឿរបស់ពួកគេផង។ ដើម្បីចៀសចេញពីការនេះ និងដើម្បីធ្វើឲ្យកាន់តែងាយស្រួល សម្រាប់មនុស្សចូលទៅក្នុងពួកជំនុំព្រះ អ្នកបម្រើនៅពួកជំនុំក្រុងអេភេសូរបានចាកចេញពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយអនុញ្ញាតឲ្យមានការបង្រៀនអំពីដំណឹងល្អតាមបែបទស្សនៈវិទ្យានៅក្នុងពួកជំនុំ។
«ដំណឹងល្អតាមបែបទស្សនៈវិទ្យា» នៅទីនេះ គឺជាដំណឹងល្អខុសឆ្គង ដែលចេញមកពីគំនិតរបស់មនុស្ស ដែលព្យាយាមស្តាទំនាក់ទំនងរបស់ព្រះ និងមនុស្ស ហើយនាំមកនូវសន្តិភាពនៅក្នុងទំនាក់ទំនងក្នុងចំណោមមនុស្ស។ ជំនឿបែបឈរ និងផ្តេកបែបនេះ មិនមែនជាជំនឿដែលព្រះចង់បានពីយើងឡើយ។ ជំនឿដែលព្រះចង់បានពីយើង គឺជាជំនឿដែលស្តាសន្តិភាពរបស់យើងជាមួយទ្រង់ តាមរយៈទំនាក់ទំនងស្តាប់បង្គាប់របស់យើងជាមួយទ្រង់។ 
មូលហេតុដែលអ្នកបម្រើនៅពួកជំនុំក្រុងអេភេសូរបានបាត់បង់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺដោយព្រោះគាត់បានព្យាយាមទទួលយកអ្វីដែលមិនអាចទទួលយក ទៅក្នុងពួកជំនុំរបស់ព្រះ គឺមនុស្សខាងលោកិយ ដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយសម្របសម្រួលសេចក្តីបង្រៀនរបស់គាត់ទៅតាមការចង់បានរបស់មនុស្សទាំងនេះ។ ប៉ុន្តែយើងអាចដាំពួកជំនុំរបស់ព្រះបាន លុះត្រាតែនៅលើមូលដ្ឋានគ្រឹះនៃព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ប៉ុន្តែមានមនុស្សជាច្រើននៅសម័យសព្វថ្ងៃនេះ ដូចជានៅសម័យពួកជំនុំដំបូង ដែលគិតថា វាគ្រប់គ្រាន់ហើយ ដែលជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះ ហើយដែលមិនមើលឃើញពីហេតុផលដែលពួកគេត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែការជឿលើព្រះយេស៊ូវ
ខណៈដែលព្រងើយកន្តើយចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះប្រទានឲ្យ គឺជាជំនឿខុសយ៉ាងថ្ងន់ធ្ងរ។ អស់អ្នកដែលគ្រាន់តែជឿតាមព្រះអម្ចាស់ គ្រាន់តែជាការអនុវត្តបែបសាសនាមួយប៉ុណ្ណោះ និងជឿតាមតែអារម្មណ៍របស់ខ្លួន នឹងក្លាយជាខ្លាំងសត្រូវរបស់ព្រះ។ ដូច្នេះហើយបានជាព្រះអម្ចាស់បានបន្ទោស និងដាស់តឿនអ្នកបម្រើនៅពួកជំនុំក្រុង អេភេសូរ ឲ្យប្រែចិត្តពីជំនឿខុសរបស់គាត់ ហើយត្រឡប់មកឯជំនឿត្រឹមត្រូវពីដំបូងរបស់គាត់វិញ គឺជាជំនឿដែលគាត់បានមាន បន្ទាប់ពីគាត់បាន ស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
នៅទីនេះ មានមេរៀនសំខាន់មួយសម្រាប់យើង។ បើសិនពួកជំនុំព្រះមួយវង្វេងចេញពីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះនឹងលែងហៅពួកជំនុំនេះថាជាពួកជំនុំរបស់ទ្រង់ទៀតហើយ។ ដូច្នេះហើយបានជាព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងដកហូរជើងចង្កៀងចេញពីកន្លែងរបស់វា ហើយប្រទានវាដល់អ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។
ពួកជំនុំមួយដែលបានបោះបង់ និងលែងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមែនជាពួកជំនុំរបស់ព្រះទេ។ វាចាំបាច់សម្រាប់យើង ក្នុងការដឹងថា ការជឿ ការការពារ និងការប្រកាសដំណឹងល្អនេះ មាន សារៈសំខាន់ជាងការងារអ្វីៗទាំងអស់។
ឥឡូវនេះ អាស៊ីមីន័រដែលមានពួកជំនុំទាំង៧នៅក្នុងបទគម្ពីរខាងលើ គឺជាតំបន់របស់ពួកមូស្លីម។ ដូច្នេះ ព្រះបានដកហូតជើងចង្កៀង ដែលជាពួកជំនុំរបស់ព្រះ ចេញពីទីនេះ ហើយបានជួយឲ្យយើងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល។ ប៉ុន្តែនៅក្នុងពួកជំនុំពិតរបស់ព្រះ ត្រូវតែមានសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជានិច្ច គឺពួកជំនុំរបស់ព្រះមិនអាចគ្មានវាបានឡើយ។ នៅសម័យពួកសាវក ពួកសិស្សទាំងដប់ពីររបស់ព្រះយេស៊ូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ (១ពេត្រុស ៣:២១; រ៉ូម ៦; ១យ៉ូហាន ៥)។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយជាងនេះទៅទៀតគឺថា ពួកជំនុំព្រះនៅអាស៊ីមីន័របានបាត់បង់ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ចាប់តាំងពីសម័យពួកជំនុំដំបូងមកម៉្លេះ ហើយថា ជាលទ្ធផល តំបន់នេះបានក្លាយទៅជាតំបន់របស់ពួកមូស្លីម។ លើសពីនេះ សូម្បីតែពួកជំនុំក្រុងរ៉ូមក៏ត្រូវបានវាយប្រហារ ដោយសោកនាដកម្មនៃការបាត់បង់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជាមួយរាជ្យសារ Edict of Milan ពីអធិរាជរ៉ូម៉ាំង Constanstine ផងដែរ។ 

ខ.៦៖ «ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថា ឯងស្អប់ការរបស់ពួក នីកូឡាស ដែលអញក៏ស្អប់ដែរ។» 
ពួកនីកូឡាសគឺជាអស់អ្នកដែលបានប្រើព្រះនាមព្រះយេស៊ូវ ដើម្បីដេញតាមទ្រព្យសម្បត្តិលោកិយ។ ប៉ុន្តែពួកជំនុំក្រុងអេភេសូតបានស្អប់ទង្វើ និងសេចក្តីបង្រៀនរបស់ពួកនីកូឡាស។ សម្រាប់ពួកជំនុំក្រុងអេភេសូរ ការស្អប់របស់ពួកគេចំពោះពួកនីកូឡាសនេះ ត្រូវបានព្រះកោតសរសើរយ៉ាងខ្លាំង។

ខ.៧៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។»
ពួកអ្នកបម្រើ និងពួកបរិសុទ្ធរបស់ព្រះ ត្រូវតែស្តាប់ពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេ។ អ្វីដែលទ្រង់ប្រាប់ពួកគេគឺថា ពួកគេត្រូវតែការពារជំនឿរបស់ពួកគេ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ទីបំផុត។ ដើម្បីធ្វើដូច្នោះបាន ពួកគេត្រូវតែតយុទ្ធជាមួយ និងយកឈ្នះលើអស់អ្នកដែលប្រកាសសេចក្តីមិនពិត។ ការចាញ់ការតយុទ្ធជាមួយសេចក្តីមិនពិតមានន័យថា សេចក្តីវិនាស។ អ្នកជឿ និងអ្នកបម្រើរបស់ព្រះត្រូវតែចាប់យក និងយកឈ្នះលើខ្មាំងសត្រូវរបស់ខ្លួន ដោយអាវុធ ដែលជាព្រះបន្ទូល និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះបានមានបន្ទូលថា «ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។ ប៉ុន្តែយកឈ្នះលើអ្វី ហើយយកឈ្នះលើអ្នកណា? យើងត្រូវតែយកឈ្នះដោយជំនឿរបស់យើង លើអស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកជឿត្រូវតែចូលរួមជានិច្ចនៅក្នុងសង្រ្គាមខាងវិញ្ញាណ ជាមួយអស់អ្នកដែលនៅខាងសេចក្តីមិនពិត ហើយពួកគេត្រូវតែជាអ្នកទទួលបានជ័យជំនះនៅក្នុងសង្រ្គាមទាំងនេះ ដោយសារជំនឿរបស់ពួកគេ។ ហើយពួកគេក៏ត្រូវតែថ្វាយគ្រប់ទាំងសិរីល្អទាំងអស់ទៅចំពោះព្រះ ហើយរស់នៅក្នុងជីវិតជ័យជំនះ ជាមួយជំនឿនៅក្នុងដំណឹងល្អអំពីទឹកនិងព្រះវិញ្ញាណផងដែរ។ មានតែអ្នកដែលតយុទ្ធ និងយកឈ្នះលើខ្មាំងសត្រូវរបស់ខ្លួន ដោយជំនឿតាមសេចក្តីពិតប៉ុណ្ណោះទេ ដែលអាចរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះប្រទានឲ្យបាន។ 
ក្នុងកំឡុងសម័យពួកជំនុំដំបូង អស់អ្នកដែលខិតខំជឿ និងការពារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែប្រឈមនឹងទុក្ករកម្ម។ ដូចគ្នាដែរ កាលពេលវាលមកដល់ ដែលពួកអាទទឹងនឹងព្រះគ្រីស្ទលេចមក នឹងមានទុក្ករបុគ្គលជាច្រើនទៀតលេចមក។