Search

Mahubiri

Subject 11 : រោងឧបោសថ

[11-4] មូលហេតុដែលព្រះបានហៅលោកម៉ូសេទៅឯភ្នំស៊ីណាយ (និក្ខមនំ ១៩:១-៦)

មូលហេតុដែលព្រះបានហៅលោកម៉ូសេទៅឯភ្នំស៊ីណាយ
(និក្ខមនំ ១៩:១-៦)
«ដល់ខែទី៣ក្រោយដែលចេញពីស្រុកអេស៊ីព្ទមក នៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏ទៅដល់ទីរហោស្ថានស៊ីណាយ គេបានចេញពី រេផិឌីមទៅដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាដំឡើងត្រសាលនៅទីនោះ គេតាំងទីលំនៅ ក្នុងទីរហោស្ថានទល់មុខនឹងភ្នំ ចំណែកឯម៉ូសេ លោកក៏ឡើងទៅឯព្រះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅលោកពីលើភ្នំថា ចូរឯងនិយាយនឹងពួកវង្សយ៉ាកុប ហើយប្រាប់ដល់ ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ និងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។»
 


ហេតុអ្វីព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែល?


បទគម្ពីរមេចេញមកពី និក្ខមនំ ១៩:១-៦។ បទគម្ពីរនេះមិនវែងទេ ប៉ុន្តែខ្ញុំមានច្រើនដែលត្រូវនិយាយអំពីវា។ ចេញពីបទគម្ពីរនេះ ខ្ញុំក៏ចង់និយាយអំពីសេចក្តីពិត ដែលត្រូវបានបើកសម្តែងចេញពីជំពូក១៩ដល់ជំពូក២៥នៃកណ្ឌនិក្ខមនំផងដែរ។ មានរយៈពេលបីខែ ចាប់តាំងពីជនជាតិអ៊ីស្រាអែលបានគេចចេញពីស្រុកអេស៊ីព្ទ នៅពេលពួកគេបានមកឯវាលរហោស្ថានភ្នំស៊ីណាយ។ ព្រះបានបង្គាប់ឲ្យពួកគេបោះជំរុំនៅពីមុខភ្នំស៊ីណាយ ហើយបានហៅលោកម៉ូសេឡើងទៅឯភ្នំនោះ។ 
នៅពេលជួបជាមួយលោកម៉ូសេ ព្រះបានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថា «ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល»។ មូលហេតុដែលព្រះបានហៅ និងលើកជនជាតិអ៊ីស្រាអែល គឺដើម្បីយកពួកគេធ្វើជាទ្រព្យសម្បត្តិពិសេសរបស់ទ្រង់ ហើយដើម្បីតាំងពួកគេជាពួកសង្ឃនៃនគររបស់ទ្រង់។ 
នេះគឺជាគោលបំណង ដែលព្រះបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ វិធីសាស្ត្រដែលព្រះយកជនជាតិអ៊ីស្រាអែលធ្វើជាទ្រព្យសម្បត្តិពិសេសរបស់ទ្រង់ គឺការប្រទានដល់ពួកគេនូវក្រិត្យវិន័យ និងប្រព័ន្ធយញ្ញបូជានៃរោងឧបោសថរបស់ទ្រង់ ដើម្បីសង្រ្គោះពួកគេ ចេញពីអំពើបាបរបស់ពួកគេ ដែលតាមរយៈនេះ ទ្រង់នឹងលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ យកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់ និងតាំងពួកគេជាជាតិសាសន៍នៃសង្ឃមួយ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលត្រូវតែយល់ពីគោលបំណងនេះឲ្យបានច្បាស់លាស់ ហើយស្អាងជំនឿដែលព្រះចង់បានពីពួកគេ។ ម៉្យាងវិញទៀត ដើម្បីតាំងពួកគេជានគរសង្ឃរបស់ព្រះ ព្រះបានប្រទានដល់ពួកគេនូវក្រិត្យវន័យរបស់ទ្រង់ ដែលមាន៦១៣បញ្ញត្ត ហើយបានបង្គាប់ឲ្យពួកគេសាងសង់រោងឧបោសថ។ 
ដូច្នេះ បើសិនជនជាតិអ៊ីស្រាអែលមិនជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកក្នុងនាមជាព្រះមែស៊ីទេ ពួកគេត្រូវតែប្រែចិត្ត ហើយជឿលើទ្រង់ដោយអស់ពីចិត្ត។ ព្រះយេស៊ូវដែលជាខ្លឹមសារនៃតង្វាយលោះបាបនៅក្នុងប្រព័ន្ធយញ្ញបូជានៃរោងឧបោសង បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ជនជាតិ អ៊ីស្រាអែលពិតជាត្រូវតែទទួលយកសេចក្តីពិតថា ព្រះបានតាំងពួកគេជា រាស្ត្ររបស់ទ្រង់ផ្ទាល់ ដោយការរំដោះពួកគេដែលជាពូជពង្សរបស់លោក អ័ប្រាហាំ ចេញពីស្រុកអេស៊ីព្ទ និងដោយការលេងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈតង្វាយនៃរោងឧបោសថ។ ពេលនោះ ដោយសារតែជនជាតិអ៊ីស្រាអែលមិនអាចរក្សាតាមក្រិត្យវិន័យរបស់ព្រះបាន ពួកគេត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយការថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជារបស់ទ្រង់។ តង្វាយយញ្ញបូជាទាំងនេះគឺជាស្រមោលនៃព្រះយេស៊ូវដ៏ជាព្រះអង្គសង្រ្គោះ ដែលឥឡូវនេះ បានសង្រ្គោះមនុស្សជាតិចេញពីបាប។ 
សូម្បីតែឥឡូវនេះ ជនជាតិអ៊ីស្រាអែលនៅតែចាត់ទុកលោកម៉ូសេជាហោរាដ៏ធំបំផុតដដែល។ ពួកគេធ្វើនេះ ពិតជាត្រឹមត្រូវហើយ។ ប៉ុន្តែដោយសារពួកគេមិនជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ី ដែលបានសង្រ្គោះពួកគឹចេញពីអំពើបាបទាំងអស់របស់ពួកគេ ពួកគេមិនទទួលស្គាល់ព្រះគម្ពីរសញ្ញាថ្មីជាព្រះបន្ទូលព្រះទេ ហើយផ្ទុយទៅវិញ ពួកគេទទួលស្គាល់តែព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះជាព្រះបន្ទូលព្រះ។ ប៉ុន្តែយើងត្រូវតែចងចាំថា ព្រះយេស៊ូវមិនគ្រាន់តែជាហោរាធំជាងលោកម៉ូសេប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាសម្តេចសង្ឃនៃនគរស្ថានសួគ៌ និងព្រះមែស៊ីដែលជនជាតិអ៊ីស្រាអែលកំពុងតែរង់ចាំ និងសង្ឃឹមដល់ផងដែរ។ ឥឡូវនេះ តាមរយៈជំនឿជនជាតិអ៊ីស្រាអែលត្រូវតែដឹងថា ខ្លឹមសារនៃតង្វាយយញ្ញបូជានៃរោងឧបោសថគឺពិតជាព្រះមែស៊ីផ្ទាល់ហ្នឹងហើយ។
 

ព្រះបានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលកោតខ្លាច លោកម៉ូសេ ប៉ុន្តែ....

ហេតុអ្វីព្រះបានលើកលោកម៉ូសេឡើងយ៉ាងខ្ពស់ នៅចំពោះជនជាតិអ៊ីស្រាអែលដូច្នេះ? គឺដើម្បីធ្វើឲ្យពួកគេទទួលយក និងជឿតាមព្រះបន្ទូលព្រះទាំងអស់ ដែលមកតាមរយៈលោកម៉ូសេ។ នៅក្នុងន័យផ្សេង គឺដើម្បីធ្វើឲ្យពួកគេជឿថា អ្វីដែលលោកម៉ូសេបាននិយាយទៅកាន់ពួកគេ គឺសុទ្ធតែជាព្រះបន្ទូលរបស់ទ្រង់ផ្ទាល់។ ព្រះបានហៅលោកម៉ូសេឡើងទៅឯភ្នំស៊ីណាយ ដើម្បីលើកគាត់ឡើងខ្ពស់នៅចំពោះព្រះ ហើយមើលឃើញថា លោកម៉ូសេបាននិយាយជាមួយព្រះ ជនជាតិអ៊ីស្រាអែលបានជឿតាមគាត់ ពីព្រោះព្រះបានបានបន្ទូលជាគាត់ ដូចជាគាត់ជាមិត្តភ័ក្តិរបស់ទ្រង់។ 
ដូច្នេះ ព្រះបន្ទូលព្រះដែលលោកម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែល ត្រូវបានជឿជាក់ ដោយជនជាតិអ៊ីស្រាអែលថាជា ព្រះបន្ទូលព្រះពិតប្រាកដមកកាន់ពួកគេ។ ប៉ុន្តែដោយសារពួកគេកោតខ្លាចលោកម៉ូសេខ្លាំងពេក ជនជាតិអ៊ីស្រាអែលបានធ្វើកំហុសដ៏ធំមួយ គឺការមិនទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ី នៅក្នុងចិត្តរបស់ពួកគេ ជាព្រះអង្គ សង្រ្គោះ។ ជាលទ្ធផល ពួកគេមិនបានទទួលស្គាល់ព្រះមែស៊ីរបស់ពួកគេឡើយ ហើយជាចុងក្រោយ ពួកគេបានបដិសេធសេចក្តីស្រឡាញ់នៃ សេចក្តីសង្រ្គោះរបស់ទ្រង់។ ឥឡូវនេះ ពួកគេមានកាតព្វកិច្ចដ៏ធំមួយ គឺត្រូវទទួលស្គាល់ព្រះយេស៊ូវគ្រីស្ឌដែលជាហោរាធំជាងម៉ូសេ នៅក្នុងចិត្តថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ពួកគេផ្ទាល់។ 
 


ព្រះបានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែល សាងសង់រោងឧបោសថរបស់ទ្រង់ និងថ្វាយតង្វាយ យញ្ញបូជាដល់ទ្រង់


តាមរយៈលោកម៉ូសេ ព្រះបានប្រទានក្រិត្យវិន័យ និងបញ្ញត្តរបស់ទ្រង់ដល់ជនជាតិអ៊ីស្រាអែល។ នៅក្នុងរោងឧបោសថ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាកុរណារបស់ព្រះ ដែលពិតជាបានដោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែលចេញ ត្រូវបានបើកសម្តែង តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជារបស់វា។ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៃរោងឧបោសថនេះ ព្រះក៏បានប្រទានការអត់ទោសបាប ដល់ពូជពង្សខាងវិញ្ញាណរបស់លោក អ័ប្រាហាំផងដែរ ហើយទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ ដើម្បីឲ្យពួកគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់បាន។ 
ព្រះបានប្រទានដល់ជនជាតិអ៊ីស្រាអែលនូវបន្ទះថ្មពីរ ដែលមានឆ្លាក់ក្រិត្យវិន័យទាំងដប់របស់ទ្រង់។ ហើយក្រិត្យវិន័យទាំងដប់នេះមានក្រិត្យ វិន័យបួនខាងលើ ដែលពួកគេត្រូវតែរក្សាតាម រវាងព្រះ និងមនុស្ស ហើយ ក្រិត្យវិន័យចំនួនប្រាំមួយទៀត ពួកគេត្រូវតែរក្សាតាម នៅក្នុងទំនាក់ទំនងរបស់មនុស្ស។ ក្រៅពីក្រិត្យវិន័យទាំងដប់នេះ ព្រះក៏បានប្រទានដល់ជនជាតិអ៊ីស្រាអែលនូវបញ្ញត្តរាប់រយទៀត ដែលពួកគេត្រូវតែរក្សាតាម នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ។ 
មូលហេតុដែលព្រះប្រទានដល់ជនជាតិអ៊ីស្រាអែល នូវក្រិត្យវិន័យ និងបញ្ញត្តយ៉ាងច្រើនបែបនេះ គឺដើម្បីបង្ហាញនៅក្នុងចិត្តរបស់ពួកគេថា ព្រះតែមួយគឺជាព្រះដ៏គ្រប់លក្ខណ៍។ សម្រាប់ជនជាតិអ៊ីស្រាអែលខាងវិញ្ញាណ គឺអស់អ្នកដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន មិនអាចមានព្រះឯណាទៀតក្រៅពីព្រះបានឡើយ។ ដើម្បីបង្រៀនយ៉ាងច្បាស់លាស់ដល់ជនជាតិអ៊ីស្រាអែល មុនពេលពួកគេចូលទៅក្នុងទឹកដីកាណាន អំពីសេចក្តីពិតថា ទ្រង់គឺជាព្រះយេហូវ៉ា ព្រះបានមានបន្ទូលទៅកាន់លោកម៉ូសេនៅឯភ្នំស៊ីណាយ ដើម្បីប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់ពួកគេ។ ហើយកាលណាពួកគេបានធ្វើបាប ដោយការប្រព្រឹត្តរំលងក្រិត្យវិន័យរបស់ព្រះ ទ្រង់អត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ តាមរយៈការថ្វាយតង្វាយយញ្ញបូជារបស់ពួកគេនៅក្នុងរោងឧបោសថ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា ដែលទ្រង់បានបង្កើតឡើង។ 
 


ជនជាតិអ៊ីស្រាអែលបានទទួលក្រិត្យវិន័យ និងបញ្ញត្តពីព្រះ


ចូរយើងពិនិត្យមើល និក្ខមនំ ២៤:៣-៨៖ «នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនឹងបញ្ញត្តទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្តីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមក ម៉ូសេក៏កត់អស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅស្អាងអាសនា១នៅជើងភ្នំ ហើយក៏បញ្ឈរថ្ម១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ រួចលោកចាត់ពួកកំឡោះៗ ជាកូនចៅពួកអ៊ីស្រាអែលឲ្យទៅថ្វាយដង្វាយដុត ហើយនឹងសំឡាប់គោឈ្មោលថ្វាយជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា លោកក៏យកឈាមពាក់កណ្តាលដាក់ក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនា រួចយកសៀវភៅសញ្ញាមកអានមើលឲ្យបណ្តាជនស្តាប់ គេក៏ឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំង សេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ចំពូកផង ដូច្នេះម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្តីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ»។
ព្រះបានបង្កើតសម្ព័ន្ធមេត្រីជាមួយឈាម នៅពេលទ្រង់ប្រទានក្រិត្យ វិន័យដល់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ។ នេះមានន័យថា ច្បាប់របស់ព្រះគឺជាច្បាប់នៃជីវិត។ ព្រះបានមានបន្ទូលច្បាប់នៃជីវិតរបស់ទ្រង់ទៅកាន់ជនជាតិអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលត្រូវតែជឿតាមព្រះបន្ទូលរបស់ទ្រង់។ 
ដូច្នេះ លោកម៉ូសេបានប្រាប់ឲ្យជនជាតិអ៊ីស្រាអែលនាំយកឈាមនៃយញ្ញបូជាពីតង្វាយដុត និងតង្វាយមេត្រីភាព។ ព្រះបានបង្គាប់ឲ្យលោក ម៉ូសេប្រមូលផ្តុំប្រជាជនរបស់គាត់ ហើយអានឲ្យពួកគេស្តាប់នូវក្រិត្យវិន័យ បញ្ញត្ត និងសម្ព័ន្ធមេត្រីរបស់ទ្រង់។ ហើយបន្ទាប់មក លោកម៉ូសេបានសួរពួកគេថា «តើអ្នករាល់គ្នានឹងធ្វើតាមអ្វីដែលព្រះបានបង្គាប់អ្នករាល់គ្នាដែរទេ?»។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានឆ្លើយទៅកាន់ព្រះយ៉ាងស្រុះគ្នាថា ពួកគេពិតជានឹងស្តាប់បង្គាប់តាមទ្រង់។ 
បន្ទាប់មក តាមរយៈលោកម៉ូសេ ព្រះបានសន្យាជាមួយជនជាតិ អ៊ីស្រាអែលថា «ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ»។ បន្ទាប់មក លោកម៉ូសេបានប្រោសឈាមនៃតង្វាយដុត និងតង្វាយមេត្រីលើពួកគេ។ នេះបានបង្ហាញថា កាលណាមនុស្សម្នាក់ធ្វើបាប គាត់ត្រូវតែទទួលការអត់ទោស តាម រយៈតង្វាយយញ្ញបូជា។ យើងត្រូវតែទទួលស្គាល់អ្វីដែលព្រះបានមានបន្ទូលជាព្រះបន្ទូលនៃជីវិត។ លោកម៉ូសេបានយកឈាមនៃតង្វាយ បានប្រោសឈាមនោះលើពួកគេ ហើយបាននិយាយទៅកាន់ពួកគេថា «នេះជាឈាមនៃសេចក្តីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ»។ នេះប្រាប់យើងថា ដោយសារព្រះបន្ទូលព្រះគឺជាព្រះបន្ទូលនៃជីវិត បើសិនយើងមិនបានស្តាប់តាមព្រះបន្ទូលទេ យើងត្រូវតែផ្ទេរអំពើបាបរបស់យើងទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃលើក្បាលរបស់វា សម្លាប់វា ហើយថ្វាយឈាមរបស់វាទៅកាន់ព្រះសម្រាប់អំពើបាបរបស់យើង។ 
អ្វីដែលយើងត្រូវតែដឹងគឺថា នៅក្នុងច្បាប់របស់ព្រះ មានទណ្ឌកម្មរបស់អំពើបាបរបស់យើង ប៉ុន្តែនៅក្នុងពេលជាមួយគ្នា ក៏មានប្រព័ន្ធថ្វាយយញ្ញបូជា ដែលលាងសម្អាតអំពើបាបរបស់យើងផងដែរ។ ដូច្នេះ កាលណាយើងប្រឈមនឹងក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះ យើងត្រូវតែទទួលយកវាទុកនៅក្នុងចិត្ត ហើយជឿជាក់ថា នៅក្នុងក្រិត្យវិន័យ និងបញ្ញត្តទាំងនេះ មានតង្វាយមួយដែលនាំការអត់ទោសសម្រាប់អំពើបាបរបស់យើង។ ជំនឿនេះពិតជាចាំបាច់ខ្លាំងណាស់។ ដោយសារយើងទទួលបានព្រះពរ នៅពេលយើងរក្សាតាមក្រិត្យវិន័យរបស់ព្រះ ហើយយើងត្រូវបណ្តាសា នៅពេលយើងមិនរក្សាតាមវា យើងត្រូវតែជឿថា យើងត្រូវតែលាងសម្អាតអំពើបាបរបស់យើង តាមរយៈតង្វាយយញ្ញបូជា។ ដូច្នេះ អ្នកដែលបានធ្វើបាប ត្រូវតែទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការផ្ទេរអំពើបាបរបស់ខ្លួនទៅលើតង្វាយយញ្ញបូជា ជាមួយការដាក់ដៃរបស់ខ្លួនលើក្បាលរបស់វា និងដោយការយកឈាមរបស់វាថ្វាយទៅកាន់ព្រះ។ យើងទាំងអស់គ្នាត្រូវតែដឹង និងជឿថា ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជាគឺជាច្បាប់នៃជីវិត ដែលតាមរយៈវា យើងទទួលបានជីវិតថ្មីពីព្រះ។ 
ដូច្នេះ ខណៈដែលក្រិត្យវិន័យរបស់ព្រះបង្រៀនយើងអំពីអំពើបាបរបស់យើង ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបង្ហាញយើងថា អំពើបាបទាំងអស់របស់យើងត្រូវបានអត់ទោស តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នេះហើយគឺជាសេចក្តីពិតដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ 
នៅសម័យបុរាណ កាលណាពូជអំបូរផ្សេងៗសន្យាជាមួយគ្នាទៅវិញទៅមក ជារឿយៗ ពួកគេនាំតង្វាយយញ្ញបូជាមក។ ពួកគេយកចៀម ពពែ ឬគោ ហើយពួកគេកំណត់ការព្រមព្រៀងរបស់ពួកគេដោយឈាមពីការអារកតង្វាយរបស់ពួកគេ។ ការនេះកំណត់លក្ខខណ្ឌនៃការព្រមព្រៀង ពីព្រោះវាមានន័យថា «បើសិនអ្នកមិនរក្សាតាមការសន្យាដែលអ្នកមានជាមួយខ្ញុំ អ្នកពិតជានឹងស្លាប់តាមរបៀបនេះ»។ សុរបមក ពួកគេបានបង្កើតការព្រមព្រៀងរបស់ពួកគេដោយឈាម។
ដូច្នេះ ព្រះក៏បានបង្កើតច្បាប់របស់ទ្រង់ដោយឈាមផងដែរ។ នៅក្នុងន័យផ្សេង ទ្រង់បានប្រាប់យើងថា បើសិនយើងមិនរក្សាតាមច្បាប់ និងបញ្ញត្តទាំង៦១៣របស់ទ្រង់ទេ យើងនឹងត្រូវបានសម្លាប់ ដោយសារតែអំពើបាបនេះហើយ។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នា ទ្រង់ក៏បានប្រាប់យើងផងដែរ ឲ្យទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង តាមរយៈការថ្វាយតង្វាយលោះបាបដល់ទ្រង់ ដោយជំនឿរបស់យើង តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៃរោងឧបោសថ។ 
បើសិនយើងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលព្រះទេ នោះយើងនឹងមិនអាចរួចពីសេចក្តីក្រោធរបស់ព្រះបានឡើយ ដោយសារអំពើបាបរបស់យើង។ ប៉ុន្តែបើសិនយើងថ្វាយទ្រង់នូវតង្វាយយញ្ញបូជា ដែលទ្រង់បានបង្កើតឡើងសម្រាប់យើង នោះព្រះនឹងទទួលយកតង្វាយយញ្ញបូជាទាំងនេះ ហើយអត់ទោសដល់អំពើបាបទាំងអស់របស់យើង។ យើងទាំងអស់គ្នាត្រូវតែជឿលើច្បាប់នៃជីវិតនេះ ដែលជាច្បាប់នៃសេចក្តីសង្រ្គោះ ដែលប្រាប់យើងថា ព្រះនឹងអត់ទោសដល់បាបរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៃរោងឧបោសថ ហើយដូច្នេះ យើងទទួលយកនៅក្នុងចិត្តរបស់យើងតនូវការអត់ទោសបាបរបស់យើង។ អ្នកដែលព្រងើយកន្តើយចំពោះច្បាប់របស់ព្រះ ត្រូវបានកាត់ចេញពី សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ហើយដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿ និងទទួលយកច្បាប់ និងប្រព័ន្ធថ្វាយយញ្ញបូជាជាសេចក្តីពិតអំពីសេចក្តីសង្រ្គោះ និងជាជីវិតរបស់យើងផ្ទាល់។ 
ដូច្នេះហើយបានជាលោកម៉ូសេបានអានសម្ព័ន្ធមេត្រី ដែលបង្កើតឡើងដោយឈាម ហើយដោយបានប្រោសឈាមនេះលើជនជាតិ អ៊ីស្រាអែល ពួកគេបានធ្វើការសន្យាជាមួយព្រះដោយឈាម។ ដូច្នេះ ដោយដឹងថា យើងទាំងអស់ត្រូវតែស្លាប់ បើសិនយើងមិនរក្សាតាមច្បាប់ដែលបង្កើតឡើងដោយឈាមទេ នោះយើងទាំងអស់គ្នាត្រូវតែទទួលយកការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការជឿលើព្រះយេស៊ូវគ្រីស្ទដែលជាយញ្ញបូជានៃតង្វាយដុត និងតង្វាយមេត្រីរបស់យើងទៅចំពោះព្រះ។ 
យើងត្រូវតែដឹង និងជឿតាមសេចក្តីពិតថា យើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើងបាន ដោយការថ្វាយតង្វាយយញ្ញបូជារបស់យើងទៅកាន់ព្រះ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។ តាមរយៈអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃនេះ ព្រះបានបង្រៀនយើងយ៉ាងច្បាស់លាស់ អំពីការអត់ទោសដល់អំពើបាបរបស់មនុស្សជាតិទាំង មូល។ ដើម្បីទទួលបានការអត់ទោសអំពើបាប ពួកគេត្រូវតែផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់ពួកគេលើក្បាលរបស់វា ហើយបង្ហូរឈាមរបស់វា ដើម្បីប្រោសនៅលើស្នែងអាសនាតង្វាយដុត ហើយឈាមដែលនៅសល់ ត្រូវចាក់ទៅលើដី។ 
នេះគឺជាតង្វាយយញ្ញបូជា ដែលច្បាប់នៃបាប និងសេចក្តីស្លាប់ពិតជាតម្រូវឲ្យយើងមាន។ ដូច្នេះ ជាមួយជំនឿរបស់យើង យើងត្រូវតែទទួលយកការអត់ទោសបាប ដែលត្រូវបានសន្យា ដោយតង្វាយយញ្ញបូជា ដែលដោះអំពើបាបរបស់យើងចេញ។ តាមរយៈការប្រទានឲ្យយើងនូវប្រព័ន្ធថ្វាយយញ្ញបូជាក្នុងរោងឧបោសថ ព្រះប្រទានឲ្យយើងនូវច្បាប់នៃសេចក្តីសង្រ្គោះ ដើម្បីឲ្យយើងអាចជឿតាមព្រះបន្ទូលព្រះ និងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើងបាន។ ដូច្នេះ យើងត្រូវតែទទួលយកទុកនៅក្នុងចិត្តនូវច្បាប់ពីរ ដែលព្រះបានប្រទានឲ្យមនុស្សជាតិ៖ ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។
 


តើយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ របស់យើងតាមរបៀបណា?


តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះប្រទានឲ្យលោកម៉ូសេ ទ្រង់បានបង្ហាញប្រាប់ជនជាតិអ៊ីស្រាអែលថា សេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេកើតឡើង លុះត្រាតែពួកគេមានជំនឿលើការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ តាមរយៈតង្វាយយញ្ញបូជា។ 
កាលណាយើងថ្វាយទៅកាន់ព្រះនូវជំនឿរបស់យើង ដែលជឿលើតង្វាយយញ្ញបូជាដែលទ្រង់តាំងឡើង ទ្រង់នឹងទទួលយកជំនឿរបស់យើង ហើយសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ហេតុអ្វី? ពីព្រោះព្រះបានសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាបរបស់ពួកគេរួចហើយ ហើយអ្នកដែលជឿ ទ្រង់ប្រទានព្រះពរនៃការញែកជាបរិសុទ្ធចេញពីអំពើបាបរបស់ពួកគេ។ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជា ដែលត្រូវបានបង្កើតឡើង ដោយព្រះដ៏មានភាពដាច់ខាត ព្រះបានជួយឲ្យយើងអាចស្គាល់ច្បាប់នៃសេចក្តីសង្រ្កោះ។ បើសិនមនុស្សម្នាក់មិនយល់ ឬជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបរបស់ខ្លួនជារៀងរហូត តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ គាត់ពិតជានឹងទទួលទោស។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿលើសេចក្តីស្រឡាញ់នៃសេចក្តីមេត្តាករុណារបស់ព្រះ។ 
ព្រះបានសង្រ្គោះយើង តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៃរោងឧបោសថ ដែលមធ្យោបាយនៃសេចក្តីសង្រ្គោះ គឺត្រូវផ្ទេរអំពើបាបរបស់យើងទៅលើយញ្ញបូជា ដោយការដាក់ដៃរបស់យើងលើក្បាលរបស់វា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿតាមដំណឹងល្អអំពីសេចក្តីមេត្តាករុណា ដែលបានអនុញ្ញាតឲ្យអស់អ្នកដែលជឿតាមសេចក្តីពិតនេះ បានស្អាតពីអំពើបាបរបស់ពួកគេ។ អ្នកដែលមិនទទួលស្គាល់ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជានៅចំពោះព្រះ មិនអាចទទួលបានការអត់ទោសបាបជារៀងរហូត ប៉ុន្តែអស់អ្នកដែលជឿតាមដំណឹងល្អអំពីសេចក្តីមេត្តាករុណារបស់ព្រះ អាចទទួលការអត់ទោសបាបដ៏អស់កល្បជានិច្ចរបស់ខ្លួនបាន។ 
ព្រះមិនគ្រាន់តែបានប្រាប់យើងមិនឲ្យធ្វើបាបប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្រៀនថា យើងគឺជាមនុស្សមានបាប ដែលប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃផងដែរ។ ដូច្នេះ ទ្រង់បានបង្គាប់ឲ្យយើងថ្វាយតង្វាយយញ្ញបូជាដល់ទ្រង់ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងនេះ។ ដូច្នេះហើយបានជានៅពេលមនុស្សមានបាបម្នាក់ត្រូវថ្វាយតង្វាយយញ្ញបូជា ព្រះមានបន្ទូលថា «ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត និងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្តីរំឭកដល់ឈ្មោះអញ» (និក្ខមនំ ២០:២៤)។ 
តង្វាយលោះបាប ដែលជនជាតិអ៊ីស្រាអែលបានថ្វាយទៅកាន់ព្រះ មានរូបភាពនៃការដាក់ដៃរបស់ពួកគេលើក្បាលរបស់តង្វាយនោះ ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា ការបង្ហូរឈាមរបស់វា ការប្រោសឈាមវានៅលើស្នែងនៃអាសនាតង្វាយដុត ការដាក់សាច់វានៅលើ អាសនា និងការដុតសាច់នោះដោយភ្លើង។ ការជឿដោយអស់ពីចិត្តតាមច្បាប់នៃសេចក្តីសង្រ្គោះរបស់ព្រះពិតជាចាំបាច់ខ្លាំងណាស់ កាលណាពួកគេត្រូវថ្វាយតង្វាយបែបនេះ។ ព្រះមិនចង់បានតង្វាយបែបពិធីសាសនាឡើយ ប៉ុន្តែតង្វាយដ៏ស្មោះត្រង់មួយ ដែលបានផ្ទេរអំពើបាបទាំងអស់របស់ពួកគេទៅលើយញ្ញបូជាដោយជំនឿ និងជឿថា ពួកគេត្រូវតែធ្លាក់ទៅក្នុងស្ថាននរកហើយ បើសិនមិនមានព្រះគុណព្រះនោះ។ 
ព្រះអម្ចាស់របស់យើងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីដោះអំពើបាបរបស់យើង ចេញ។ ទ្រង់បានសម្រេចព្រះទ័យដោះអំពើបាបរបស់យើងចេញ តាមវិធីនៃតង្វាយលោះបាបតែមួយ។ តង្វាយនៃជំនឿនេះបានបើកសម្តែងពីតង្វាយនៃសេចក្តីសង្រ្គោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច គឺព្រះគ្រីស្ទបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង ហើយបានសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាប។ តាមរយៈការជឿដោយអស់ពីចិត្តតាមសេចក្តីពិតនេះហើយ ដែលយើងអាចធ្វើជាកូនរបស់ព្រះបាន។ 
 

យើងត្រូវតែបោះជំនឿតាមគោលលទ្ធិចោល

និក្ខមនំ ២០:២៥-២៦ និយាយថា «បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ ក៏កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯអាសនាអញឡើយ ក្រែងគេឃើញកេរ្តិ៍ខ្មាសឯង»។ យើងត្រូវតែយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះបានមានបន្ទូលនៅក្នុងខនេះ។ ព្រះបានប្រាប់ជនជាតិអ៊ីស្រាអែលថា បើសិនពួកគេត្រូវស្អាតអាសនាពីថ្ម ពួកគេមិនគួរប្រើថ្មដែលដាប់នោះទេ ប៉ុន្តែថ្មដែលមានទម្រង់ និងរូបរាងដើមរបស់វាវិញ។ តើវាមានន័យយ៉ាងដូចម្តេច? វាមានន័យថា ព្រះសព្វព្រះទ័យទទួលយកជំនឿរបស់យើងលើសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលមិនអាចត្រូវបានបន្ថែម ឬដកចេញ ដោយគំនិតរបស់មនុស្សឡើយ។ 
ហើយតាមរយៈឃ្លាថា «កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯ អាសនាអញឡើយ ក្រែងគេឃើញកេរ្តិ៍ខ្មាសឯង» ព្រះកំពុងតែព្រមានយើងមិនឲ្យថ្វាយបង្គំទ្រង់ ដោយជំនឿបែបសាសនាដែលមនុស្សបង្កើត។ សាសនាទាំងអស់នៅក្នុងពិភពលោកនេះគឺជាប្រព័ន្ធជំនឿមួយ ដែលមនុស្សបង្កើតឡើយ។ ពួកគេបង្កើតគោលការណ៍គ្រឹះរួមនៅក្នុងសាសនារបស់ពួកគេ ដែលប្រាប់មនុស្សឲ្យព្យាយាមក្លាយជាបរិសុទ្ធបន្តិចម្តងៗ ខណៈដែលពួកគេរស់នៅក្នុងជីវិតសាសនាស្មោះត្រង់របស់ពួកគេ។ សូម្បីតែគ្រីស្ទបរិស័ទបែបសាសនាក៏អះអាងថា ពួកគេអាចញែកជាបរិសុទ្ធបន្តិចម្តងៗបានដែរ កាលណាពួកគេរស់នៅក្នុងជីវិតដែលមានគុណធម៌ និងស្របតាមក្រិត្យវិន័យរបស់ព្រះ។ 
ប៉ុន្តែ តើនេះគឺជាការពិតឬ? មិនមែនឡើយ! ដោយសារអំពើបាប មនុស្សដែលបានកើតមកជាពូជពង្សរបស់អ័ដាម មិនអាចដើរតាមច្បាប់របស់ព្រះបានឡើយ ហើយដោយសារអំពើបាបទាំងនេះ ពួកគេមិនអាចគេចចេញពីសេចក្តីស្លាប់បានឡើយ។ ដូច្នេះ ដើម្បីសង្រ្គោះមនុស្សបែបនេះចេញពីអំពើបាបរបស់លោកិយនេះ ព្រះបានបង្កើតប្រព័ន្ធថ្វាយយញ្ញបូជានៃរោងឧបោសថ ហើយដូច្នេះ ទ្រង់បានសង្រ្គោះពួកគេទាំងអស់គ្នា។ 
ដូច្នេះ យើងទាំងអស់គ្នាត្រូវតែទទួលយកដំណឹងល្អអំពីសេចក្តីមេត្តាករុណា ការអត់ទោសអំពើបាបរបស់យើង សេចក្តីសង្រ្គោះរបស់យើង ដែលព្រះបានបង្កើតឡើងសម្រាប់យើង ជាមួយអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថ។ យើងត្រូវតែជឿដូចដែលមានសរសេរនៅក្នុងព្រះបន្ទូលនៅក្នុងព្រះគម្ពីរថា ទ្រង់បានបំពេញព្រះរាជកិច្ចរបស់ទ្រង់ ដូចដែលត្រូវបានប្រាប់ជាមុន ដោយអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថ ហើយទ្រង់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងតាមរបៀបដូច្នេះមែន។ 
ប៉ុន្តែអ្នកដែលមានជំនឿបែបសាសនា និងគោលលទ្ធិយ៉ាងដូចម្តេចដែរ? តើពួកគេកំពុងតែធ្វើអ្វី ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ? ពួកគេព្យាយាមទទួលបានការអត់ទោសបាបរបស់ពួកគេ ដោយការថ្វាយសេចក្តីអធិស្ឋានលន់តួ ដើម្បីឲ្យជីវិតរបស់ពួកគេកាន់តែខ្ជាប់ខ្ជួននឹងសាសនា តាមរយៈគោលលទ្ធិអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ។ នេះគឺជាជំនឿបែបមាយាការ និងគោលលទ្ធិដែលមនុស្សបង្កើតឡើង។ ការព្យាយាមជួបព្រះ ដោយការខិតខំផ្ទាល់ខ្លួន គឺជាសេចក្តីចំកួត ហើយវាគឺជាសេចក្តីពិតអំពីសេចក្តីអាក្រក់បែបសាសនារបស់មនុស្ស។ 
ជាដំបូង មនុស្សត្រូវតែទទួលស្គាល់ថា យើងមិនអាចធ្វើអ្វីបាន ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញនៅចំពោះព្រះបានឡើយ។ នៅពេលយើងកើតមកក្នុងលោកិយនេះ យើងកើតមកជាមនុស្សដែលប្រព្រឹត្តអំពើបាប ហើយដូច្នេះ យើងតែងតែប្រព្រឹត្តអំពើបាបយ៉ាងច្រើន។ មិនថាតាមរយៈក្រិត្យវិន័យរបស់ទ្រង់ ព្រះប្រាប់មិនឲ្យយើងធ្វើបាបច្រើនដងប៉ុណ្ណាទេ យើងនៅតែប្រព្រឹត្តរំលងក្រិត្យវិន័យទាំងមូលរបស់ទ្រង់ ហើយប្រព្រឹត្តអំពើបាបយ៉ាងច្រើនរាប់មិនអស់នៅចំពោះទ្រង់ដែរ។ ដូច្នេះ យើងត្រូវតែសារភាពនៅចំពោះក្រិត្យវិន័យរបស់ព្រះថា យើងមានបាប។ ហើយយើងត្រូវតែជឿដោយអស់ពីចិត្តរបស់យើង លើសេចក្តីពិតអំពីសេចក្តីសង្រ្គោះថា ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចរបស់ព្រះអម្ចាស់យេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ។ 
យើងត្រូវតែជឿតាមព្រះបន្ទូលថា ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ ព្រះអម្ចាស់ទ្រង់ផ្ទាល់បានធ្វើជាតង្វាយយញ្ញបូជារបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះមែន។ ព្រះគម្ពីរប្រាប់យើងថា គ្មានព្រះឯណាទៀតក្រៅពីព្រះយេហូវ៉ាឡើយ ហើយថា គ្មានអ្នកណាមកឯព្រះវរបិតាបានឡើយ បើមិនតាមរយៈព្រះគ្រីស្ទ (យ៉ូហាន ១៤:៦)។ តាមរយៈការទទួលស្គាល់ និងការជឿតាមព្រះបន្ទូលអំពីក្រិត្យ វិន័យ យើងត្រឡប់ជាមនុស្សមានបាប ហើយតាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងបានសង្រ្គោះចេញពីអំពើបាបរបស់ យើង។ នេះហើយគឺជាសេចក្តីពិត និងជំនឿពិតរបស់យើងនៅក្នុងព្រះ។ 
ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ ឲ្យស្របតាមច្បាប់នៃការអត់ទោសបាប ដែលព្រះអម្ចាស់បានបង្កើតសម្រាប់យើង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ជំនឿ គ្រីស្ទបរិស័ទមិនមែនជាសាសនាមួយក្នុងចំណោមសាសនាជាច្រើន នៅក្នុងពិភពលោកនេះឡើយ ប៉ុន្តែវាគឺជាសេចក្តីពិតអំពីសេចក្តីសង្រ្គោះដែលស្អាងឡើងនៅលើមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ដែលជឿលើព្រះយេស៊ូវគ្រីស្ទដែលលេចមកនៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ។
 

តាមរយៈបទគម្ពីរមេខាងលើ យើងទាំងអស់គ្នាត្រូវតែ ដឹងពីមូលហេតុដែលព្រះបានត្រាស់ហៅយើង

យើងត្រូវតែយល់ពីការពិតថា ព្រះបានត្រាស់ហៅអ្នក និងខ្ញុំ ដើម្បីយកយើងធ្វើជាទ្រព្យសម្បត្តិពិសេសរបស់ទ្រង់។ អ្នក និងខ្ញុំពិតជាមិនអាចធ្វើជារាស្ត្ររបស់ព្រះ ដោយសារទង្វើ និងការខិតខំផ្ទាល់ខ្លួនរបស់យើងបានឡើយ។ ប៉ុន្តែអ្នក និងខ្ញុំបានធ្វើជាកូនរបស់ព្រះ ដោយសារយើងបានជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីរំដោះយើងចេញពីបណ្តាសានៃក្រិត្យវិន័យ និងទណ្ឌកម្ម និងសេចក្តីវិនាសនៅក្នុងស្ថាននរក។ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ទ្រង់ពិតជាបានសង្រ្គោះយើងទាំងអស់គ្នាដែលជឿមែន។ ព្រះមែស៊ីដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បាននាំអំពើទាំងនេះទៅលើឈើឆ្កាង បានសុគតនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះដល់អ្នកដែលពិតជាជឿទ្រង់ ដោយអស់ពីចិត្ត។ 
ព្រះកំពុងតែប្រាប់យើងថា ទ្រង់បានប្រទានឲ្យមនុស្សជាតិនូវការអត់ទោសបាបដ៏គ្រប់លក្ខណ៍ តាមរយៈអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ។ ព្រះអម្ចាស់កំពុងតែសួរយើងថា «តើឯងជឿលើព្រះរាជកិច្ចរបស់ខ្ញុំ លើអ្វីដែលខ្ញុំបានធ្វើសម្រាប់ការអត់ទោសដល់អំពើបាបរបស់ឯង ដែលខ្ញុំបានមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានបង្ហូរលោហិតខ្ញុំនៅលើឈើឆ្កាងដែរទេ?»។ នៅចំពោះព្រះ អ្វីដែលយើងអាចនិយាយបានគឺ «បាទ»។ ដើម្បីឲ្យយើងបានសង្រ្គោះ យើងត្រូវតែជឿលើការអត់ទោសបាប ដែលព្រះបានប្រទានឲ្យយើង។ មិនត្រឹមតែជនជាតិអ៊ីស្រាអែលនៅសម័យព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នក និងខ្ញុំនៅសម័យនេះផងដែរ គឺមនុស្សទាំងអស់នៅក្នុងពិភពលោកនេះ ត្រូវតែដឹងពីមូលហេតុដែលព្រះត្រូវតែហៅលោកម៉ូសេមកឯភ្នំស៊ីណាយ ហើយមានបន្ទូលទៅកាន់គាត់អំពីព្រះបន្ទូលនៅក្នុងបទគម្ពីរមេខាងលើ។ 
ព្រះបានប្រទានដល់ជនជាតិអ៊ីស្រាអែល នូវក្រិត្យវិន័យទាំងដប់ ហើយបន្ទាប់មក ទ្រង់បានបង្គាប់ពួកគេឲ្យសាងសង់អាសនានៅលើផែនដីនេះដោយជំនឿ ដើម្បីទទួលបានការអត់ទោសសម្រាប់បាបរបស់ពួកគេ (និក្ខមនំ ២០:២៤)។ ដូចគ្នាដែរ តាមរយៈជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលព្រះបានប្រទានឲ្យយើង យើងក៏ត្រូវតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងផងដែរ។ 
តើព្រះមានព្រះនាមអ្វី? ព្រះនាមទ្រង់គឺ «យ៉ាវេ»។ វាមានន័យថា «អញគឺជាអញ» ហើយទ្រង់ជាព្រះដែលគង់នៅដោយអង្គទ្រង់។ ដូច្នេះ ហេតុអ្វីទ្រង់បានយាងមកឯយើង? ទ្រង់បានយាងមកឯយើង តាមរយៈទឹក និងព្រះវិញ្ញាណ (យ៉ូហាន ៣:៥)។ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ក្នុងនិស្ស័យជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានសុគតនៅលើឈើឆ្កាងជំនួសយើង។ ដោយសារនេះសុទ្ធតែជាការពិត ហើយដោយសារយើងត្រូវតែជឿបែបដូច្នេះ ព្រះបានបង្គាប់ឲ្យយើងមានជំនឿដែលមាននៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ដែលត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ។ ជំនឿត្រឹមត្រូវកើតមាន លុះត្រាតែយើងបដិសេធគំនិតផ្ទាល់ខ្លួនរបស់យើង ហើយទទួលស្គាល់ការអត់ទោសបាប ដែលព្រះបានប្រទានឲ្យយើង។ យើងមិនអាចអរព្រះគុណទ្រង់ឲ្យបានគ្រប់គ្រាន់ទេ សម្រាប់ការប្រទានសេចក្តីស្រឡាញ់ដ៏ឥតល័ក្ខខ័ណ្ឌបែបនេះ ពីព្រោះយើងគ្មានអ្វីដែលយើងអាចអួតនៅចំពោះព្រះបានសោះឡើយ។ 
យើងត្រូវតែដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើង នៅលើចំណេះដឹងត្រឹមត្រូវតាមព្រះគម្ពីរអំពីព្រះ។ ព្រះបានមានបន្ទូលអំពីមូលដ្ឋានគ្រឹះនៃជំនឿនេះទៅកាន់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ក៏បានមានបន្ទូលមកកាន់យើងផងដែរ។ ឥឡូវនេះ អ្នកទាំងអស់គ្នាត្រូវតែដឹង និងជឿតាម សេចក្តីពិតដែលមាននៅក្នុងពណ៌នៃទ្វារចូលទីលានរោងឧបោសថ ដែលជាពណ៌បង្កើតមូលដ្ឋានគ្រឹះនៃជំនឿនេះហើយ។ យើងត្រូវតែជឿលើព្រះដ៏ពិត។ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង ព្រះទ្រង់ផ្ទាល់បានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
អ្នករាល់គ្នាដែលចង់ធ្វើជាជនជាតិអ៊ីស្រាអែលខាងវិញ្ញាណ ត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការបង្កើតប្រព័ន្ធថ្វាយយញ្ញបូជាដែលជំនឿគ្រីស្ទបរិស័ទបែបសាសនាបំផ្លាញ ឡើងវិញ។ អ្នក និងខ្ញុំត្រូវតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ហើយម្តងទៀត យើងបង្កើតមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងអំពីការអត់ទោសបាប ដើម្បីវាអាចឈរត្រឹមត្រូវ និងរឹងមាំ។
ជាមួយជំនឿរបស់យើង យើងត្រូវតែអរព្រះគុណដល់ព្រះយេស៊ូវ។ ដើម្បីសង្រ្គោះយើងទាំងអស់គ្នាដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកកាន់យើង ដែលទ្រង់បានយាងមកជាអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ តាមរយៈព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់។ តាមរយៈការជឿដោយអស់ពីចិត្តតាមសេចក្តីពិតថា ព្រះអម្ចាស់បានសង្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព័ន្ធទាំងបួនរបស់ទ្រង់ ដែលមាននៅក្នុងអំបោះខ្លូតទេសវិញយ៉ាងខ្មាញ់ ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ ហើយតាមរយៈការជឿតាមសេចក្តីស្រឡាញ់នៃសេចក្តីមេត្តាករុណារបស់ទ្រង់ យើងថ្វាយការអរព្រះគុណទាំងអស់ដល់ព្រះ។ បើសិនយើងមិនយល់ច្បាស់ និងជឿលើមូលហេតុដែលព្រះបានហៅលោកម៉ូសេទៅឯភ្នំស៊ីណាយទេ យើងក៏មិនអាចត្រូវបានត្រាស់ហៅឲ្យធ្វើជាអ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿត្រឹមត្រូវ លើការអត់ទោសបាបពិតប្រាកដបានដែរ។ អ្នក និងខ្ញុំត្រូវតែយល់ពីមូលហេតុដែលព្រះបានហៅយើងពីភ្នំ ស៊ីណាយ ហើយជឿតាម គឺដើម្បីអត់ទោសអំពើបាបទាំងអស់របស់យើង តាមរយៈតង្វាយយញ្ញបូជា និងដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់។ 
ចេញពីសេចក្តីពិតដែលមាននៅទ្វារចូលទីលានរោងឧបសោថ អ្នកនឹងអាចទទួលបានសេចក្តីស្រលាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់កាន់តែខ្លាំង។ ខ្ញុំពិតជាសង្ឃឹម និងអធិស្ឋានថា អ្នកទាំងអស់គ្នាជឿតាមសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ហើយទទួលយកវាទុកនៅក្នុងចិត្តរបស់អ្នករាល់គ្នា។