Search

Mahubiri

Subject 11 : រោងឧបោសថ

[11-15] ជើងប្រាក់ពីរ និងពន្លួញពីរ សម្រាប់ក្តារនីមួយៗនៃរោងឧបោសថ (និក្ខមនំ ២៦:១៥-៣៧)

ជើងប្រាក់ពីរ និងពន្លួញពីរ សម្រាប់ក្តារនីមួយៗនៃរោងឧបោសថ
(និក្ខមនំ ២៦:១៥-៣៧)
«ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ ក្តារទាំងនោះ ត្រូវឲ្យមានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត និងជើងប្រាក់ចំនួន៤០ សំរាប់ក្តារទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់តែក្តារ ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា ដូច្នេះត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ព្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្តីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា រួចត្រូវដាក់ទីសន្តោសប្រោសនៅលើហិបនៃសេចក្តីបន្ទាល់ខាងក្នុងទីបរិសុទ្ធបំផុត ហើយត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ឯជើងចង្កៀង នោះត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ នៅមុខត្រសាល ត្រូវធ្វើរនាំង ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។»
 
 
ក្តារ
រោងឧបោសថត្រូវបានសាងសង់ឡើង ដោយក្តារចំនួន ៤៨ គឺក្តារចំនួន២០ សម្រាប់ទិសខាងត្បូង និងក្តារចំនួន ២០ សម្រាប់ទិសខាងជើង ក្តារចំនួន៦ សម្រាប់ទិសខាងលិច ហើយក្តារចំនួន ២ សម្រាប់ជ្រុងខាងក្រោយទាំងពីរ។ ក្តារនីមួយៗមានបណ្តោយប្រវែង ៤.៥ ម៉ែត្រ និងទទឹងប្រវែងប្រហែល ៦៧.៥ សង់ទីម៉ែត្រ។ មានជើងប្រាក់ចំនួនពីរ និងពន្លួញចំនួនពីរ ដែលស៊កជាប់គ្នាយ៉ាងរឹងមាំ ដើម្បីធ្វើឲ្យក្តារនីមួយឈរត្រង់។ នេះបង្ហាញប្រាប់យើងម្តងទៀតថា សេចក្តីសង្រ្គោះរបស់ព្រះត្រូវបានប្រទានឲ្យ ដោយសារព្រះគុណ តាមរយៈ សេចក្តីជំនឿលើព្រះគ្រីស្ទតែប៉ុណ្ណោះ។
 
 

សេចក្តីសង្រ្គោះ ដោយសារព្រះគុណ តាមរយៈសេចក្តីជំនឿក្នុងព្រះគ្រីស្ទ


គ្រីស្ទបរិស័ទភាគច្រើនស្គាល់ និងសូត្របទគម្ពីរដ៏ល្បីល្បាញចេញពី អេភេសូរ ២:៨-៩៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន»។ ប៉ុន្តែគួរឲ្យសោកស្តាយ ពួកគេមិនស្គាល់ពីអ្វីដែលជាព្រះគុណរបស់ទ្រង់ និងសេចក្តីជំនឿបែបណា ដែលពួកគេគួរតែមាន ដើម្បីបានសង្រ្គោះឡើយ។ ទោះបីជាយ៉ាងណា សេចក្តីអាថ៌កំបាំងនៃជើងប្រាក់ទាំងពីរ និងពន្លួញទាំងពីរ ដែលស៊កជាប់គ្នាយ៉ាងរឹងមាំ បង្ហាញប្រាប់យើងយ៉ាងច្បាស់លាស់អំពីសេចក្តីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះរបស់ព្រះនេះ។ 
ដើម្បីយល់ពីសេចក្តីពិតនៃ «ពន្លួញទាំងពីរ និងជើងប្រាក់ទាំងពីរ» ដែលត្រូវបានដាក់នៅខាងក្រោមក្តារ ជាដំបូង យើងត្រូវយល់ពីសេចក្តីពិតគ្រឹះនៃដំណឹងល្អជាមុនសិន។ ទ្វារទាំងអស់របស់រោងឧបោសថត្រូវបានត្បាញដោយសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយពណ៌ទាំងបួននេះបង្ហាញប្រាប់យើងថា ដើម្បីបានសង្រ្គោះចេញពីអំពើបាប និងសេចក្តីវិនាសរបស់យើង យើងចាំបាច់ត្រូវជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ហើយពណ៌ទាំងនេះជួយឲ្យយើងអាចជឿតាមសេចក្តីពិតអំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដោយមិនមានការសង្ស័យបាន។ ដូច្នេះ យើងត្រូវតែមានការយល់ដឹងច្បាស់លាស់ អំពីសេចក្តីជំនឿដែលបានសង្រ្គោះយើង និងត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយជឿតាមសេចក្តីពិតនេះ។ 
ព្រះយេស៊ូវបានមានបន្ទូលថា «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែទទួលបានការអត់ទោសដ៏គ្រប់លក្ខណ៍សម្រាប់អំពើបាបរបស់យើង ដោយការស្គាល់សេចក្តីពិតខាងវិញ្ញាណ ដែលត្រូវបានលាក់ទុកនៅក្នុងពណ៌ទាំងបួននៅក្នុងទ្វាររនាំងនៃរោងឧបោសថ និងវាំងននទីបរិសុទ្ធបំផុត។ សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺជាសម្ភារៈសម្រាប់ធ្វើទ្វាររោងឧបោសថ។ 
នៅក្នុងន័យផ្សេង ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ និងស្តេចដល់អ្នកដែលជឿ ហើយទ្រង់បានសង្រ្គោះយើងតែម្តងជាសម្រេចចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការផ្ទុកអំពើបាបទាំងអស់របស់យើងនៅលើរូបកាយរបស់ទ្រង់ផ្ទាល់ និងដោយការផ្ទុកអំពើបាបរបស់លោកិយនេះ និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ការដែលព្រះយេស៊ូវគ្រីស្ទដ៏ជាស្តេចអាចសង្រ្គោះយើងចេញពីអំពើបាបរបស់យើងបាន គឺដោយព្រោះទ្រង់បានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ ដូច្នេះ អំបោះពណ៌ផ្ទៃមេឃ និងអំបោះពណ៌ក្រហមប្រាប់យើងអំពីសេចក្តីពិតដ៏ត្រឹមត្រូវដែលមិនអាចខ្វះបាន សម្រាប់សេចក្តីសង្រ្គោះចេញពីអំពើបាបរបស់យើង។ ដើម្បីទទួលយកអំពើបាបរបស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយដោយការផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ទ្រង់បានសង្រ្គោះយើងតែម្តងជាសម្រេចចេញពីអំពើបាបទាំងអស់របស់យើង ដើម្បីបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់។ 
នៅទីនេះ យើងត្រូវតែជឿថា សេចក្តីពិតទាំងបួននៃអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ក្រហម (ការសម្រក់ព្រះលោហិតរបស់ទ្រង់) អំបោះពណ៌ស្វាយ (ទ្រង់គឺជាស្តេចរបស់យើង) និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ (ទ្រង់គឺជាព្រះនៃព្រះបន្ទូលដ៏ល្អិតល្អន់ និងបានរាប់យើងជាសុចរិត) គឺជាសម្ភារៈដែលព្រះបានប្រើសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ យើងត្រូវតែដឹងថា ក្រៅពីសេចក្តីពិតទាំងនេះ បើសិនយើងព្យាយាមបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមសេចក្តីពិតតែមួយក្នុងចំណោមសេចក្តីពិតទាំងបួននេះ នោះសេចក្តីសង្រ្គោះរបស់យើងនឹងមិនបានពេញលេញឡើយ។ ហេតុអ្វី? ពីព្រោះនៅខាងក្រោមក្តារនីមួយៗនៃរោងឧបោសថ មានពន្លួញពីរលយចេញមក ដើម្បីស៊កទៅក្នុងជើងប្រាក់ ដើម្បីទ្រក្តារឲ្យឈរយ៉ាងត្រង់។ 
ប្រាក់នៅក្នុងព្រះគម្ពីរសំដៅទៅលើព្រះគុណ និងអំណោយទានរបស់ព្រះ។ ហើយនៅក្នុង រ៉ូម ៥:១-២ សរសេរថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង»។ ព្រះអាចប្រទានសេចក្តីសង្រ្គោះដល់យើងបាន លុះត្រាតែសេចក្តីជំនឿរបស់យើងស៊ីគ្នានឹងព្រះគុណរបស់ទ្រង់។ ដូចដែលពន្លួញពីរនៅខាងក្រោមក្តារនីមួយៗនៃរោងឧបោសថ ហើយពន្លួញទាំងពីរនេះស៊កជាប់ជាមួយជើងប្រាក់ ដើម្បីទ្រក្តារ ព្រះកំពុងតែប្រាប់យើងថា សេចក្តីសង្រ្គោះរបស់យើងបានពេញលេញ លុះត្រាតែយើងជឿលើទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
យើងទាំងអស់គ្នាត្រូវតែជឿលើហេតុផល និងធាតុពិតដែលក្តារនីមួយៗមានពន្លួញពីរលយចេញ។
ជើងប្រាក់ពីរ និងពន្លួញពីរសម្រាប់ក្តារនេះគឺជាស្រមោលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនៅសម័យព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស សម្រក់ព្រះលោហិតរបស់ទ្រង់ និងសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើងទាំងស្រុង។ 
ព្រះគុណនៃការអត់ទោសបាប ត្រូវបានប្រទានដល់របស់អ្នកដែលពិតជាជឿលើសេចក្តីសង្រ្គោះដ៏សុចរិតរបស់ពួកគេ ដែលព្រះយេស៊ូវបានបំពេញសម្រេច ដោយការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីដោះអំពើបាបរបស់ពួកគេចេញ។ ដូច្នេះ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់យើង យើងត្រូវការសេចក្តីជំនឿដែលជឿលើព្រះរាជកិច្ចទាំងពីរនេះរបស់ព្រះយេស៊ូវ។ តាមការពិត គ្រប់យ៉ាងអំពីរោងឧបោសថផ្តល់រូបភាពលម្អិតនៃព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ វាមិនមែនឥតមូលហេតុទេ ដែលព្រះអម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលប្រើពន្លួញពីរ និងជើងប្រាក់ពីរសម្រាប់ក្តារនីមួយៗនៃរោងឧបោសថ។ 
ដូច្នេះ យើងបានសង្រ្គោះ និងរួចពីអំពើបាបទាំងអស់របស់យើង និងទោសនៃបាបទាំងអស់ តាមរយៈព្រះរាជកិច្ចនៃបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិត ដែលព្រះប្រទានប្រទានឲ្យយើង។ នៅក្នុងន័យផ្សេង ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងបានទទួលសិទ្ធិធ្វើជាកូនរបស់ព្រះ។ សេចក្តីជំនឿរបស់យើងដែលដូចជាមាសសុទ្ធ ត្រូវបានស្អាងឡើង ដោយការទទួលបានអំណោយទាននេះពីព្រះ។ 
 

តើអ្នកនៅតែមិនស្គាល់ថា អ្នកគឺពិតជាអ្នកណា ទោះបើអ្នកជឿលើព្រះយេស៊ូវក៏ដោយឬ?

តើអ្នកចាត់ទុកខ្លួនអ្នកថាល្អឬ? តើអ្នកគិតដោយខ្លួនឯងថា អ្នកមាន អត្តចរិតសុចរិត ដែលមិនអាចទ្រាំទ្រចំពោះសេចក្តីទុច្ចរិតបានសោះឡើយ ទោះក្នុងកាលៈទេសៈ និងទម្រង់ណាក៏ដោយឬ? ហើយតើអ្នកគិតថា អ្នកសុចរិតនៅចំពោះព្រះ ដោយសារអ្នកគោរពតាមក្រិត្យិន័យរបស់ព្រះនៅក្នុងចិត្តជារៀងរាល់ថ្ងៃ ហើយព្យាយាមប្រព្រឹត្តតាមក្រិត្យវិន័យនៅក្នុងជីវិតរបស់អ្នកឬ? គ្រប់យ៉ាងដែលយើងកំពុងតែធ្វើ គឺគ្រាន់តែជាការធ្វើពុតជាសុចរិតប៉ុណ្ណោះ ខណៈដែលយើងកំពុងតែប្រព្រឹត្តសេចក្តីកំផិត និងកាមគុណដោយលាក់កំបាំង។
នៅសព្វថ្ងៃនេះ មានប៉ុស្តិ៍ទូរទស្សន៍រាប់រយសម្រាប់មើលចេញពីខ្សែកាប ឬទូរទស្សន៍ផ្កាយរណប។ ប៉ុស្តិ៍ទាំងនេះដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ ដោយមានកម្មវិធីពិសេស ហើយបញ្ចូលកម្មវីធីដោយឥតឈប់ឈរ។ ក្នុងចំណោមប៉ុស្តិ៍ទាំងនេះ ប៉ុស្តិ៍ដែលជោគជ័យខ្លាំងបំផុតខាងពាណិជ្ជកម្ម គឺជាប៉ុស្តិ៍សម្រាប់មនុស្សពេញវ័យ។ មានប៉ុស្តិ៍សម្រាប់មនុស្សពេញវ័យបែបនេះជាច្រើន ដែលមានផ្ទុករូបភាព និងវីដេអូអាសអាភាសគ្រប់ប្រភេទ សម្រាប់មើល ដោយគ្រាន់តែផ្លាស់ប្តូរពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយប៉ុណ្ណោះ។ តើគេហទំព័រអាសអាភាសាយ៉ាងដូចម្តេចដែរ? យើងមិនចាំបាច់និយាយទេ ឥឡូវនេះ មានសារអាសអាភាសយ៉ាងច្រើនកំពុងតែស្រោចស្រប់លើពិភពលោកនេះហើយ។ គ្រប់គ្នាមិនគាំទ្រការអាក្រក់របស់គេហទំព័រអាសអាភាសទាំងនេះទេ ប៉ុន្តែនៅពេលយើងគិតអំពី «ច្បាប់នៃការផ្គត់ផ្គង់ និងការបញ្ជាទិញ» ភាពជោគជ័យរបស់ពួកគេបង្ហាញឲ្យយើងមើលឃើញថា តាមការពិត មនុស្សយ៉ាងច្រើនរាប់មិនអស់ប្រើប្រាស់គេហទំព័រទាំងនោះនៅក្នុងភាពឯកជនរបស់ពួកគេ។ 
រឿងដ៏ចម្លែកនេះបង្ហាញប្រាប់យើងថា យើងដែលជាមនុស្សជាតិ មាននិស្ស័យពុករលួយ និងអាសអាភាស។ ព្រះគម្ពីរបញ្ជាក់ពីចិត្តដែលមានបាបរបស់មនុស្សជាតិ ដោយការសំដៅទៅលើសហាយស្មន់ សេចក្តីកំផិត និងភាពអាសគ្រាម។ ព្រះបានមានបន្ទូលថា ការទាំងនេះចេញមកពីចិត្តរបស់មនុស្ស ហើយបង្ខូចពួកគេ ហើយថា ការទាំងនោះគឺពិតជាអំពើបាប។ ដូច្នេះ តើយើងទាំងអស់គ្នាមិនមានពេញដោយបាបទេឬ? ព្រះបន្តមានបន្ទូលម្តងហើយម្តងទៀតថា គ្រប់យ៉ាងដែលមាននៅក្នុងយើង គឺមានបាបទាំងអស់។
ប៉ុន្តែតើយើងពិតជាទទួលស្គាល់ការពិតនេះដែរទេ? តើយើងអាចគេចចេញពីមរតកបាបដែលនៅក្នុងយើង ដោយការបិទភ្នែក និងបិទត្រចៀករបស់យើងបានដែរទេ? យើងត្រូវតែប្រព្រឹត្តអំពើបាបគ្រប់ប្រភេទ ដោយការស្រមើស្រមៃនៃគំនិត និងចិត្តរបស់យើង។ ទោះបីជាយើងប្រាប់ខ្លួនយើងថា យើងត្រូវតែបែរចេញឲ្យឆ្ងាយពីអំពើបាបទាំងនោះក៏ដោយ ហើយទោះបីជាយើងព្យាយាមធ្វើដូច្នេះយ៉ាងណាក៏ដោយ វានៅតែឥតប្រយោជន៍ដដែលដែរ។ តាមការពិត សាច់ឈាមរបស់យើងមិនគ្រាន់តែមិនអាចធ្វើជាមនុស្សបរិសុទ្ធបានប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលចិត្តធ្វើបាប ដោយមិនចង់នៅឆ្ងាយពីបាបផងដែរ។ ចិត្ត និងសាច់ឈាមរបស់មនុស្សជាតិតែងតែនៅឆ្ងាយពីអ្វីៗដែលបរិសុទ្ធ ហើយលើសពីនេះ វាគឺជាការពិតថា ពួកគេមិនគ្រាន់តែចង់តែទៅជិតបាបតែប៉ុណ្ណោះទេ ប៉ុន្តពួកគេក៏ចង់ប្រព្រឹត្តអំពើបាបកាន់តែធំជាងទៀតផងដែរ។ 
នៅបណ្តាប្រទេសប៉ែកខាងកើត មនុស្សជាច្រើនរៀនពីសេចក្តីបង្រៀនរបស់ខុសជឺតាំងពីកំណើតរបស់ពួកគេ ហើយដូច្នេះ ពួកគេព្យាយាមយ៉ាង ឧស្សាហ៍ក្នុងអនុវត្តតាមសេចក្តីបង្រៀនទាំងនេះ។ ប៉ុន្តែនៅបណ្តាប្រទេសប៉ែកខាងលិច ពួកជំនុំគ្រីស្ទបរិស័ទក្រិត្យវិន័យនិយម និងពួកជំនុំកាតូលិកបានគ្រប់គ្រងលើទិដ្ឋភាពសាសនា ហើយពួកខាងលិចជាច្រើនបានព្យាយាមយ៉ាងឧស្សាហ៍ក្នុងការគោរពតាមក្រិត្យវិន័យរបស់ព្រះ ដោយគិតថា ពួកគេអាចកាន់តែបរិសុទ្ធទៅៗ កាលណាពួកគេកាន់តែព្យាយាម។ ប៉ុន្តែទោះបីជាពួកគេមានប្រវត្តិសាសនាយ៉ាងណាក៏ដោយ កាលណាពួកគេចូលទៅចំពោះព្រះ ហើយបង្ហាញនិស្ស័យពិតរបស់ពួកគេ ក៏ពួកគេទាំងអស់គ្នាគឺគ្រាន់តែជាមនុស្សមានបាប និងពូជមនុស្សធ្វើអាក្រក់ដូចតែគ្នាប៉ុណ្ណោះដែរ។ 
មនុស្សជាតិគឺមនុស្សមានបាប ដែលត្រូវបានបង្កើតឡើងពីដី និងធូលី ហើយមនុស្សជាតិគឺទុច្ចរិត មានពេញដោយកំហុស និងអំពើបាប។ ទោះបីជាមនុស្សមួយចំនួនមានការប្រព្រឹត្តល្អចេញពីចិត្តស្មោះត្រង់ ហើយមិនចង់ទទួលការសរសើរពីអ្នកដទៃក៏ដោយ ក៏ពួកគេនៅតែមិនអាចគេចចេញពីការពិតថា កាលណានិស្ស័យពិតរបស់ពួកគេបង្ហាញនៅចំពោះព្រះ ពួកគេគឺគ្រាន់តែជាមនុស្សមានបាប និងពូជមនុស្សប្រព្រឹត្តអាក្រក់ប៉ុណ្ណោះ។ ដោយសារការគាំទ្រចំពោះសេចក្តីសុចរិតរបស់មនុស្សជាតិនៅចំពោះព្រះ គឺជាការអាក្រក់មួយ មនុស្សមិនអាចគេចចេញពីទោសនៃបាបបានឡើយ បើសិនពួកគេមិនទទួលស្គាល់ទណ្ឌកម្មសម្រាប់ពួកគេ ហើយទទួលបានយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីស្រឡាញ់របស់ព្រះ។ នៅចំពោះព្រះ ការខិតខំរបស់មនុស្សមិនអាចត្រូវបានបកប្រែទៅជាសេចក្តីល្អដ៏តូចមួយ ដូចជាធូលីបានឡើយ ហើយគោលបំណងទាំងអស់របស់មនុស្ស គឺសុទ្ធតែស្មោគគ្រោកនៅចំពោះទ្រង់ទាំងអស់។
នៅក្នុងព្រះគម្ពីរ ជារឿយៗ មនុស្សជាតិត្រូវបានប្រៀបធៀបទៅនឹងឈើ។ ឈើនាងនួនមិនអាចត្រូវបានប្រើជាសសរនៅទ្វារចូលវិហាររបស់ព្រះបានឡើយ បើសិនព្រះមិនស្រោបវាដោយមាសជាមុនសិន។ ហើយបើសិនមិនមានព្រះគុណនៃសេចក្តីសង្រ្កោះពីព្រះទេ មនុស្សគ្មានអ្វីលើសពីដី ដែលត្រូវប្រឈមនឹងការជំនុំជម្រះនៃភ្លើងឡើយ។ 
ទោះបីជាយ៉ាងណា ព្រះបានដោះអំពើបាប និងអំពើរំលងទាំងអស់របស់យើងចេញ ដោយការអនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ីទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតរហូតដល់សុគត។ សេចក្តីសង្រ្គោះនេះត្រូវបានស្តេចដាវីឌទាយយ៉ាងលម្អិតតាំងពីមួយពាន់ឆ្នាំ មុនពេលព្រះមែស៊ីបានយាងមក៖ «ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ» (ទំនុកដំកើង ១០៣:១២-១៤)។ 
មុនពេលយើងស្គាល់សេចក្តីសុចរិតរបស់ព្រះ សេចក្តីសុចរិតរបស់មនុស្សបានក្លាយជាខ្នាតគំរូនៃជីវិតរបស់យើង។ ខ្ញុំក៏ធ្លាប់ជាមនុស្សដូច្នេះដែរ កាលខ្ញុំមិនទាន់ស្គាល់អំណោយទាននៃសេចក្តីសង្រ្គោះរបស់ព្រះ ហើយមិនទាន់មាន សេចក្តីជំនឿតាមព្រះបន្ទូលទ្រង់។ តាមការពិត ខ្ញុំមិនបានមានសេចក្តីសុចរិតរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែខ្ញុំនៅតែបានចាត់ទុកខ្លួនខ្ញុំថ្លៃថ្នូរ។ ដូច្នេះ ចាប់តាំងពីកុមារភាពរបស់ខ្ញុំ ជាច្រើនដង ដែលខ្ញុំមិនអាចទ្រាំទ្រចំពោះភាពអយុត្តិធម៌បាន ហើយក៏មានការវាយតប់គ្នាជាមួយមនុស្សដែលមានមាឌ និងកម្លាំងខ្លាំងជាងខ្ញុំទៀតផង។ «ចូររស់នៅក្នុងជីវិតសុចរិត» បានក្លាយជាបាវចនារបស់ខ្ញុំ។ ដូច្នេះ ដោយសារខ្ញុំមិនបានមើលឃើញខ្លួនខ្ញុំនៅចំពោះព្រះ ខ្ញុំមានពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានចាត់ទុកខ្លួនខ្ញុំល្អប្រសើរជាងអ្នកដទៃ ហើយបានព្យាយាមរស់នៅក្នុងសេចក្តីសុចរិត។ 
ប៉ុន្តែមនុស្សដូចជាខ្ញុំគឺគ្រាន់តែជាមនុស្សមានបាបនៅចំពោះសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលអាចគោរពតាមក្រិត្យវិន័យទាំងដប់ប្រការ ឬបញ្ញត្តិទាំង៦១៣ ដែលព្រះបានបង្គាប់ឲ្យគោរពបានឡើយ។ ការពិតថា ខ្ញុំមានឆន្ទះចង់គោរពតាមក្រិត្យវិន័យ និងបញ្ញត្តិទាំងនោះ គឺជាទង្វើនៃសេចក្តីទុច្ចរិត ដែលទាស់ប្រឆាំងនឹងព្រះបន្ទូលព្រះ ដែលប្រកាសថា ខ្ញុំពិតជាមិនមានសមត្ថភាពធ្វើអ្វីក្រៅតែពីធ្វើបាបឡើយ។ ដូច្នេះ សេចក្តីសុចរិតទាំងអស់របស់មនុស្សជាតិគឺគ្រាន់តែជាសេចក្តីទុច្ចរិតនៅចំពោះព្រះប៉ុណ្ណោះ។ 
មនុស្សជំនាន់នេះ ដែលបានបាត់បង់ព្រះ និងក្រិត្យវិន័យរបស់ទ្រង់ ដោយសារសេចក្តីពុករលួយ និងភាពអាសគ្រាមរបស់ពួកគេ ក៏បានបាត់គំនិតនៃទោសផងដែរ។ ទោះបីជាយ៉ងាណា យើងត្រូវតែទទួលស្គាល់ថា យើងដែលជាមនុស្សជាតិតែងតែធ្វើបាបជារៀងរាល់ថ្ងៃ ហើយដូច្នេះ យើងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយគ្មានការលើកលែង។ 
 

យើងទុច្ចរិត និងមានពេញដោយបាប ប៉ុន្តែឥឡូវនេះ ព្រះអម្ចាស់បានយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដោយការសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

យើងទាំងអស់គ្នាទុច្ចរិត ប៉ុន្តែតាមរយៈអំណោយទាននៃសេចក្តីសង្រ្គោះ ព្រះអម្ចាស់បានសង្រ្គោះមនុស្សដូចជាយើង ចេញពីអំពើបាបទាំងអស់របស់យើង។ ក្តារនីមួយៗនៃទីបរិសុទ្ធ ដែលមានកម្ពស់ ៤.៥ ម៉ែត្រ និងទទឹងប្រវែង ៦៧.៧ សង់ទីម៉ែត្រ ត្រូវបានធ្វើពីឈើនាងនួនស្រោបដោយមាស ហើយលើកជាជញ្ជាំងនៃទីបរិសុទ្ធ។ ជើងប្រាក់ពីរត្រូវបានដាក់នៅក្រោមក្តារនីមួយៗ ដើម្បីទប់ក្តារ។ នៅទីនេះ ជើងប្រាក់បើកសម្តែងថា ព្រះបានសង្រ្គោះអ្នក និងខ្ញុំ ដោយអង្គទ្រង់ទាំងស្រុង។ 
សេចក្តីពិតថា ព្រះបានសង្រ្គោះយើងចេញពីបាប គឺជាសេចក្តីស្រឡាញ់របស់ទ្រង់ ដែលព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើង និងបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់លោកិយនេះ។ ហើយដោយការជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យយើង យើងបានកើតជាថ្មី។ អំណោយទាននៃសេចក្តីសង្រ្គោះដែលព្រះអម្ចាស់បានប្រទានឲ្យយើងនេះដូចជាមាសដែលមិនពុករលួយ និងមិនប្រែប្រួលជារៀងរហូត។ 
សេចក្តីសង្រ្គោះដែលព្រះអម្ចាស់បានប្រទានឲ្យយើង ត្រូវបានបង្កើតឡើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយវាបានដោះអំពើបាបទាំងអស់របស់យើងចេញទាំងស្រុងតែម្តង។ ដោយសារព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ទើបអ្នក និងខ្ញុំអាចបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជាមួយចិត្ត គំនិត និងទង្វើជាក់ស្តែងរបស់យើង។ ហើយដោយការជឿលើអំណោយទាននៃសេចក្តីសង្រ្គោះដែលព្រះបានប្រទានឲ្យយើងនៅក្នុងចិត្ត យើងបានធ្វើជាពួកបរិសុទ្ធដ៏មានតម្លៃរបស់ទ្រង់។ ហើយតាមរយៈជើងប្រាក់ទាំងពីរដែលទ្រទ្រង់ក្តារនីមួយៗនៃរោងឧបោសថ ព្រះកំពុងតែប្រាប់យើងអំពីសេចក្តីសង្រ្គោះនៃទឹក និងព្រះវិញ្ញាណ។ ទ្រង់កំពុងតែប្រាប់យើងថា ដោយសារព្រះគុណ និងអំណោយទានរបស់ទ្រង់១០០ភាគរយ ដែលយើងបានធ្វើជាកូនរបស់ទ្រង់។ 
បើសិនយើងដកសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវចេញពីយើង នោះនឹងគ្មានអ្វីនៅសល់នៅក្នុងយើងឡើយ។ យើងទាំងអស់គ្នាគឺជាមនុស្សមានបាប ដែលត្រូវទទួលទោសសម្រាប់បាបរបស់យើង។ យោងតាមច្បាប់របស់ព្រះដែលប្រកាសថា ឈ្នូលនៃអំពើបាបគឺជា សេចក្តីស្លាប់ យើងគឺជាមនុស្សដែលតែងតែស្លាប់ ហើយត្រូវភ័យរន្ធត់នៅចំពោះសេចក្តីស្លាប់របស់យើង និងរងទុក្ខពីការជំនុំជម្រះដោយភ្លើង ដែលកំពុងតែរង់ចាំយើង។ ដូច្នេះហើយបានជាយើងមិនមែនជាអ្វីសោះ បើសិនយើងដកសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចេញ។ 
ខណៈដែលកំពុងតែរស់នៅក្នុងសម័យមួយ ដែលមានពេញដោយបាប យើងមិនត្រូវភ្លេចថា វាសនារបស់យើងគឺជាការរង់ចាំការជំនុំជម្រះដោយភ្លើងឲ្យសោះ។ យើងគឺជាមនុស្សដែលតែងតែស្លាប់។ ទោះបីជាយ៉ាងណា ព្រះបានប្រទានព្រះគុណដល់យើង ដោយសារទ្រង់បានប្រទានសេចក្តីសង្រ្គោះតាមរយៈទឹក និងព្រះវិញ្ញាណដល់យើង។ ព្រះមែស៊ីបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសម្រក់ព្រះលោហិតទ្រង់ និងបានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាប សេចក្តីទុច្ចរិត និងទោសទាំងអស់របស់យើង។ ដូច្នេះ ដោយការជឿតាមដំណឹងល្អដ៏គ្រប់លក្ខណ៍អំពីទឹក និងព្រះលោហិតនេះ ឥឡូវនេះ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ហើយយើងអាចអរព្រះគុណដល់ព្រះ ដោយសេចក្តីជំនឿរបស់យើងបាន។
ទោះបីជាយើងមិនពេញលេញនៅក្នុងសាច់ឈាមក៏ដោយ ក៏សហការី អ្នកដឹកនាំរបស់យើង និងខ្ញុំកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទៅកាន់ពិភពលោកទាំងមូលដែរ។ ហើយទោះបីជាសម័យនេះគឺជាសម័យពុករលួយក៏ដោយ ក៏ដោយសារយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចបម្រើព្រះអម្ចាស់យ៉ាងបរិសុទ្ធ និងឥតមានសេចក្តីអាក្រក់បានដែរ។ យើងមានគំនិតនេះ មិនដោយសារអំណាចផ្ទាល់ខ្លួនរបស់យើងទេ ប៉ុន្តែដោយសារព្រះអម្ចាស់បានប្រទានភាពបរិសុទ្ធដល់យើង ដោយការដាក់យើងនៅក្នុងព្រះគុណនៃសេចក្តីសង្រ្គោះរបស់ទ្រង់។ 
ដោយសារព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះចេញពីបាប និងទោស ទើបយើងបានទទួលអំណាចនៃសេចក្តីសង្រ្គោះនេះ ហើយដោយសារតែដូច្នេះហើយ ទើបយើងអាចបម្រើព្រះអម្ចាស់យ៉ាងស្មោះត្រង់បាន។ ហើយដោយសារព្រះអម្ចាស់បានសង្រ្គោះយើង ចេញពីអំពើបាបទាំងអស់របស់យើង ដោយទឹក និងព្រះវិញ្ញាណ ខ្ញុំជឿថា យើងអាចបម្រើទ្រង់បាន ទោះបើយើងមានភាពមិនពេញលេញក៏ដោយ ហើយយើងលែងជាប់នៅក្នុងអំពើបាប កំហុស និងទោសរបស់យើងទៀតហើយ។ 
 

ដោយសារព្រះគុណរបស់ព្រះទាំងស្រុង ដែលខ្ញុំគឺជាខ្ញុំនៅពេលនេះ

ជាការពិត យើងមិនអាចធ្វើការទាំងអស់នេះបានឡើយ បើសិនមិនដោយសារព្រះគុណរបស់ព្រះអម្ចាស់ទេ។ យើងមិនអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល និងបម្រើដំណឹងល្អនេះយ៉ាងបរិសុទ្ធបានឡើយ បើសិនមិនដោយសារព្រះគុណរបស់ព្រះអម្ចាស់ទេ។ ដោយសារព្រះគុណនៃសេចក្តីសង្រ្គោះ១០០ភាគរយ ដែលព្រះបានប្រទានឲ្យយើង ដែលអ្នក និងខ្ញុំអាចរស់នៅក្នុងជីវិតនេះ ដោយការពារ និងបម្រើដំណឹងល្អនេះ។ 
យើងបានធ្វើជាសសរវិហារនៃព្រះ (វិវរណៈ ៣:១២) និងរាស្ត្រនៃនគររបស់ទ្រង់ ដោយជំនឿ។ ដោយសារព្រះអម្ចាស់បានប្រទានឲ្យយើងនូវជំនឿដូចជាមាស ឥឡូវនេះ យើងរស់នៅក្នុងតំណាក់របស់ព្រះហើយ។ នៅសម័យនេះ ដែលលោកិយនេះកំពុងតែមានពេញ និងលេចលង់នៅក្នុងបាប ហើយមនុស្សភាគច្រើនកំពុងតែភ្លេចព្រះ ឬប្រមាថព្រះផង យើងត្រូវបានលាងសម្អាត ដោយទឹកដ៏បរិសុទ្ធ ហើយបានស្អាត ហើយយើងអាចបរិភោគទឹកដ៏ស្អាត ហើយបម្រើព្រះអម្ចាស់យ៉ាងបរិសុទ្ធ។ ដូច្នេះ គ្មានពាក្យអ្វី ដែលខ្ញុំអាចបញ្ជាក់ពីការដឹងព្រះគុណយ៉ាងខ្លាំងក្រៃលែងរបស់ខ្ញុំ សម្រាប់ព្រះពរនេះបានឡើយ។ 
នេះហើយគឺជាលក្ខណៈនៃសេចក្តីជំនឿរបស់យើង។ តើយើងអាចត្រឡប់ជាសុចរិតបានដោយរបៀបណា? តើយើងអាចចាត់ទុកខ្លួនយើងជាសុចរិតបានយ៉ាងដូចម្តេច បើសិនមិនមានសេចក្តីល្អនៅក្នុងយើងផងនោះ? តើមនុស្សមានបាបដូចជាអ្នក និងខ្ញុំត្រឡប់ជាឥតបាបដោយរបៀបណា? តើអ្នកអាចត្រឡប់ជាឥតបាប និងសុចរិត ដោយសារសេចក្តីសុចរិតខាងសាច់ឈាមរបស់អ្នកបានដែរទេ? តើមួយណាក្នុងចំណោមគំនិតខាងសាច់ឈាមរបស់អ្នក ការខិតខំព្យាយាមរបស់អ្នក និងការប្រព្រឹត្តរបស់អ្នក អាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សសុចរិត និងឥតបាបបានដែរទេ? តើអ្នកអាចត្រឡប់ជាសុចរិត ដោយមិនមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដែរទេ? តើអ្នកអាចត្រឡប់ជាសុចរិត ដោយមិនមានសេចក្តីជំនឿរបស់អ្នកលើសេចក្តីសង្រ្គោះរបស់ព្រះ ដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបានដែរទេ? ហើយតើអ្នកអាចត្រឡប់ជាសុចរិត ដោយមិនជឿលើសេចក្តីសង្រ្គោះរបស់អ្នក តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបំពេញសម្រេច ដោយព្រះមែស៊ី និងត្រូវបានបើកសម្តែងនៅក្នុងព្រះបន្ទូលព្រះបានទេ? អ្នកពិតជាមិនអាចត្រឡប់ជាសុចរិតបានឡើយ! បើសិនអ្នកជឿលើអំបោះពណ៌ក្រហមតែមួយមុខ នោះអ្នកមិនអាចត្រឡប់ជាសុចរិតបានឡើយ។ 
ដោយសារព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្រ្គោះ និងព្រះមែស៊ីរបស់យើង បានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបទាំងអស់នៅក្នុងជីវិតទាំងមូលរបស់យើងផង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ យើងបានសុចរិត ដោយសារសេចក្តីជំនឿ។ ដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានទទួលយកអំពើបាប នៅពេលមនុស្សមានបាប ឬសម្តេចសង្ឃដាក់ដៃរបស់ពួកគេលើក្បាលវា នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវក៏បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហានផងដែរ (ម៉ាថាយ ៣:១៥)។ ហើយលោក យ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ថា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ 
បន្ទាប់ពីបានទទួលបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានមានព្រះជន្មគង់នៅអស់រយៈពេលបីឆ្នាំទៀត សម្រាប់សេចក្តីសង្រ្គោះរបស់យើង ដោយបញ្ចប់អំពើបាប និងទោសទាំងអស់របស់យើង ដោយការយាងទៅឯឈើឆ្កាង និងការលះបង់រូបកាយរបស់ទ្រង់ផ្ទាល់ទៅកាន់ព្រះ ដូចជាចៀមដ៏ស្ងៀមស្ងាត់មួយក្បាលនៅចំពោះអ្នកកាត់រោមរបស់វា ហើយបានប្រទានជីវិតថ្មីដល់យើង។ 
ដោយសារព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ទើបទ្រង់បានលះបង់អង្គទ្រង់យ៉ាងស្ងៀមស្ងាត់ និងត្រូវបានពួកទាហានបោះដែកគោលព្រះបាត និងព្រះហស្តរបស់ទ្រង់ទៅនឹងឈើឆ្កាង។ នៅពេលទ្រង់ជាប់នៅលើឈើឆ្កាង ព្រះ យេស៊ូវបានសម្រក់ព្រះលោហិតទាំងអស់ចេញពីរូបកាយរបស់ទ្រង់។ ហើយទ្រង់បានដាក់សញ្ញាខណ្ឌដល់សេចក្តីសង្រ្គោះរបស់យើង ដោយមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ 
បន្ទាប់ពីបានសុគត ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី បានយាងទៅស្ថានសួគ៌វិញ ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដោយការប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ដោយសារការផ្ទុកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន- បាទ្ទីស និងដោយសារឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការយាងទៅស្ថានសួគ៌វិញរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ ដូច្នេះ ព្រះគម្ពីរប្រកាសថា «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៨)។ 
 


សេចក្តីជំនឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ និងគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ មិនបានសង្រ្គោះអ្នកទាំងស្រុងចេញពីអំពើបាបរបស់អ្នកទេ


គ្រីស្ទបរិស័ទគួរតែដឹងថា ពួកគេមិនអាចបានសង្រ្គោះយ៉ាងពេញលេញចេញពីអំពើបាបរបស់ពួកគេ ដោយការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខបានឡើយ។ ដោយសារមនុស្សធ្វើបាបជារៀងរាល់ថ្ងៃ ជាមួយភ្នែក និងការប្រព្រឹត្តរបស់ពួកគេ ពួកគេមិនអាចដោះអំពើបាបរបស់ពួកគេចេញ ដោយការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខបានឡើយ។ អំពើបាបជាទូទៅបំផុតមួយ ដែលត្រូវបានប្រព្រឹត្តនៅក្នុងជីវិតរបស់មនុស្សសព្វថ្ងៃនេះ គឺជាអសីលធម៌ផ្លូវភេទ។ ដោយសារវប្បធម៌នៃអសីលធម៌ផ្លូវភេទគ្រប ដណ្តប់លើពិភពលោកនេះ អំពើបាបនេះបានចាក់ឫសនៅក្នុងសាច់ឈាមរបស់យើងហើយ។ ប៉ុន្តែព្រះគម្ពីរបង្គាប់មនុស្សមិនឲ្យប្រព្រឹត្តសេចក្តីកំផិតទេ ប៉ុន្តែដោយសារស្ថានភាពនៅជុំវិញពួកគេ មនុស្សជាច្រើនកំពុងតែប្រព្រឹត្តអំពើបាបនេះ ទោះបើពួកគេមិនចង់ក៏ដោយ។ 
ព្រះប្រកាសថា អ្នកណាដែលសម្លឹងមើលមនុស្សស្រីម្នាក់ ដោយមានតម្រេក បានប្រព្រឹត្តសេចក្តីកំផិតជាមួយនាងនៅក្នុងចិត្តរបស់គាត់រួចទៅហើយ (ម៉ាថាយ ៥:២៨) ហើយអ្វីដែលភ្នែករបស់យើងមើលឃើញជារៀងរាល់ថ្ងៃ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សមួយចំនួនកំពុងតែប្រព្រឹត្តអំពើបាបអាសអាភាសបែបនេះជារៀងរាល់នាទី និងជារៀងរាល់វិនាទី។ ដូច្នេះ តើពួកគេអាចបានញែកជាបរិសុទ្ធ និងចូលទៅក្នុងនគរព្រះ ដោយការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេបានយ៉ាងដូចម្តេច? តើចិត្តរបស់ពួកគេត្រឡប់ជាសុចរិតដែរទេ នៅពេលពួកគេដាក់វិន័យខ្លួនពួកគេអស់រយៈពេលជាយូរ ហើយបានញែកជាបរិសុទ្ធ នៅពេលពួកគេមានវ័យចាស់? តើអត្តចរិតរបស់ពួកគេកាន់តែស្លូតបូតដែរទេ? ហើយតើពួកគេកាន់តែមានភាពអត់ធ្មត់ដែរទេ? មិនអាចឡើយ! អ្វីដែលកើតឡើង គឺផ្ទុយពីនេះ។
«គោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ» គឺជាគោលលទ្ធិមួយក្នុងចំណោមគោលលទ្ធិគ្រីស្ទបរិស័ទធំៗ។ គោលលទ្ធិនេះបង្រៀនថា កាលណា គ្រីស្ទបរិស័ទជឿលើការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងអស់រយៈពេលជាយូរ ថ្វាយការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃ និងបម្រើព្រះអម្ចាស់ជារៀងរាល់ថ្ងៃ នោះពួកគេនឹងបានបរិសុទ្ធ និងមានភាពអត់ធ្មត់បន្តិចម្តងៗហើយ។ គោលលទ្ធិនេះអះអាងថា កាលណាយើងជឿលើព្រះយេស៊ូវកាន់តែយូរ យើងនឹងក្លាយជាមនុស្សម្នាក់ដែលកាន់តែឥតមានបាប ហើយការប្រព្រឹត្តរបស់យើងកាន់តែល្អ ហើយថា កាលណាយើងស្លាប់ យើងនឹងបានញែកជាបរិសុទ្ធ និងឥតបាបទាំងស្រុង។ 
វាក៏បង្រៀនផងដែរថា ដោយសារយើងថ្វាយការអធិស្ឋានលន់តួអំពើបាបគ្រប់ពេលវេលា យើងបានស្អាតពីអំពើបាបជារៀងរាល់ថ្ងៃ ដូចជាការបោកអ៊ុត សំលៀកបំពាក់របស់យើងដែរ ហើយដូច្នេះ កាលណាយើងស្លាប់ទៅ យើងនឹងទៅឯព្រះក្នុងនាមជាមនុស្សសុចរិត និងគ្រប់លក្ខណ៍ម្នាក់។ មានមនុស្សជាច្រើន ដែលជឿដូច្នេះ។ ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្តីសន្មត់ដែលគំនិតរបស់មនុស្សបង្កើតឡើងប៉ុណ្ណោះ។
រ៉ូម ៥:១៩ និយាយថា «ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ»។ បទគម្ពីរនេះប្រាប់យើងថា យើងទាំងអស់គ្នាត្រឡប់ជាឥតបាប ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់។ អ្វីដែលអ្នក និងខ្ញុំមិនអាចធ្វើបាប ព្រះយេស៊ូវគ្រីស្ទបានធ្វើ នៅពេលទ្រង់បានយាងមកផែនដីនេះដោយផ្ទាល់។ ដោយជ្រាបយ៉ាងច្បាស់ថា អ្នក និងខ្ញុំមិនអាចរំដោះខ្លួនយើងចេញពីបាបបាន ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញជំនួសយើង ដែលនេះគឺជាការដែលអ្នក និងខ្ញុំពិតជាមិនអាចធ្វើបាបឡើយ។ ដោយបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានសង្រ្គោះអ្នក និងខ្ញុំ ហើយបានលាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើងតែម្តងជាសម្រេច។ 
ដោយសារព្រះយេស៊ូវបានស្តាប់តាមបំណងព្រះហឫទ័យព្រះ ទើបទ្រង់អាចប្រទានសេចក្តីសង្រ្គោះដល់រាស្ត្ររបស់ទ្រង់ ដោយការអត់អំពើបាបរបស់ពួកគេបាន។ ការស្តាប់បង្គាប់តាមបំណងព្រះហឫទ័យព្រះ ក្នុងនាមជាព្រះមែស៊ី ព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើងនូវព្រះគុណនៃសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជ ឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ដូច្នេះ ដោយការប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង ព្រះយេស៊ូវបានបំពេញសម្រេចការអត់ទោសយ៉ាងគ្រប់លក្ខណ៍។ ហើយឥឡូវនេះ ដោយសារសេចក្តីជំនឿ យើងបានទទួលព្រះគុណនៃសេចក្តីសង្រ្គោះនេះ ពីព្រោះព្រះអម្ចាស់បានបំពេញសម្រេចសេចក្តីសង្រ្គោះចេញពីបាបរបស់យើង ដែលយើងមិនអាចទទួលបាន ដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើងបានឡើយ។ 
ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើនមិនជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេជឿលើព្រះលោហិតតែមួយមុខ ដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ហើយព្យាយាមបានញែកជាបរិសុទ្ធ តាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនវិញ។ នៅក្នុងន័យផ្សេង ទោះបីជាព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ នៅពេលទ្រង់ទទួលបុណ្យជ្រមុជក៏ដោយ ក៏មនុស្សនៅតែជឿតាមសេចក្តីពិតនេះដែរ។ ម៉ាថាយ ៣ ប្រាប់យើងថា កិច្ចការដំបូងគេ ដែលព្រះយេស៊ូវបានធ្វើនៅក្នុងព្រះជន្មជាសាធារណៈរបស់ទ្រង់ គឺការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ នេះគឺជាសេចក្តីពិត ដែលត្រូវបានបញ្ជាក់ ដោយអ្នកនិពន្ធកណ្ឌដំណឹងល្អទាំងបួន។ 
ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិ និងអ្នកធំជាងគេនៅក្នុងចំណោមមនុស្សទាំងអស់ដែលកើតពីស្ត្រីមក។ ប៉ុន្តែមានមនុស្សយ៉ាងច្រើន ដែលព្រងើយកន្តើយ និងមិនជឿលើការពិតនេះ។ ពួកគេជឿលើព្រះយេស៊ូវ ដោយមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ ហើយសរសើរតម្កើងយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយមុខ។ ដោយមានការឈឺចាប់ចំពោះការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ពួកគេឆេះឆួលក្នុងអារម្មណ៍ ហើយសរសើរតម្កើង ដោយស្រែកយ៉ាងខ្លាំងៗថា «♫មានអំណាចដ៏អស្ចារ្យនៅក្នុងឈាម♪ មានអំណាចដែលធ្វើការអស្ចារ្យនៅក្នុងឈាមដ៏វិសេសរបស់កូនចៀម!♫»។ នៅក្នុងន័យផ្សេង ពួកគេព្យាយាមចូលទៅចំពោះព្រះ ដោយដុតបញ្ឆេះអារម្មណ៍ កម្លាំង និងថាមពលរបស់ពួកគេ។ ប៉ុន្តែអ្នកត្រូវតែដឹងថា កាលណាពួកគេកាន់តែធ្វើដូច្នេះ ពួកគេកាន់តែមានសេចក្តីកំពុតធ្វើជាបរិសុទ្ធ ប៉ុន្តែតាមការពិត អំពើបាបកំពុងតែកើនឡើងនៅក្នុងចិត្តរបស់យើង។ 
 


បើសិនយើងមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ តើយើងអាចជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើងបានយ៉ាងដូចម្តេច?


នៅពេលយើងស្តាប់ឮមនុស្សនិយាយអំពីរោងឧបោសថ ជារឿយៗ យើងមើលឃើញថា ពួកគេមិនយល់ទាំងយល់អ្វីសោះអំពីអ្វីដែលពួកគេកំពុងតែនិយាយផង។ ទាក់ទងនឹងការជឿលើរោងឧបោសថ តើយើងអាចគ្រាន់តែជឿតាមរបៀបដែលយើងគិតថាស្រួល និងសមស្របជាមួយខ្លួនយើងបានយ៉ាងដូចម្តេច? ដោយសារសេចក្តីសង្រ្គោះចេញពីបាប ដែលព្រះអម្ចាស់បានបំពេញសម្រេចមានភាពល្អិតល្អន់បំផុត ព្រះបានជួយឲ្យយើងអាចយល់ពីភាពល្អិតល្អន់ និងភាពត្រឹមត្រូវនៃការបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង។ 
តាមរយៈរោងឧបោសថ ទ្រង់ក៏បានធ្វើឲ្យយើងបានដឹងថា ព្រះអម្ចាស់បានសង្រ្គោះយើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាដំណឹងល្អអំពីទឹក និងព្រះលោហិត។ យើងបានដឹងថា ដើម្បីដោះអំពើបាបរបស់យើងចេញ ព្រះអម្ចាស់បានយាងមក «ដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ» (១យ៉ូហាន ៥:៦)។ ទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដែលយើងជឿ គឺតែមួយទេ។ ព្រះបានសង្រ្គោះយើង ដោយការយាងមកក្នុងនាមជាមនុស្សម្នាក់ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
តាមរយៈរោងឧបោសថ យើងអាចយល់ និងជឿលើរូបភាពលម្អិតនៃ សេចក្តីសង្រ្គោះបាន។ ហើយតាមរយៈការសិក្សាអំពីពន្លួញទាំងពីរ និងជើងប្រាក់ទាំងពីរនៃក្តារ យើងបានដឹងពីវិធីសាស្ត្រដែលព្រះយេស៊ូវបានសង្រ្គោះយើង ចេញពីអំពើបាបរបស់យើង។ ហើយយើងបានស្វែងរកឃើញសេចក្តីពិតថា យើងត្រូវតែជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ក្រៅពីព្រះគម្ពីរ គ្មានកន្លែងណាផ្សេង ដែលយើងអាចស្វែងរកឃើញដើមកំណើតនៃសេចក្តីសង្រ្គោះនេះបានឡើយ។ យើងត្រូវការអំណោយទាននៃ សេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយធាតុទាំងពីរនេះ គឺបុណ្យជ្រមុជ និងឈើឆ្កាង។ ដូច្នេះ អ្នកដែលជឿតាមសេចក្តីពិតនេះ អាចធ្វើជាអ្នកដែលបានកើតពីព្រះបាន។ ហើយតាមរយៈការសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយទឹក និងព្រះវិញ្ញាណ ព្រះបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើងយ៉ាងពេញលេញ។ 
នៅក្នុងន័យផ្សេង ពន្លួញពីរត្រូវបានដាក់នៅខាងក្រោមក្តារ ហើយស៊កចូលទៅក្នុងជើងប្រាក់ពីរ។ សេចក្តីពិតនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យើង និងការអត់ទោសបាបរបស់យើង។ សំខាន់បំផុត យើងត្រូវតែជឿលើ សេចក្តីសង្រ្គោះរបស់យើង ដែលព្រះបានបំពេញសម្រេចសម្រាប់យើង ពីព្រោះបើសិនយើងមិនជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ យើងមិនអាចបានសង្រ្គោះឡើយ។ 
ដូចដែលក្តារនីមួយៗនៃរោងឧបោសថដ៏បរិសុទ្ធ ត្រូវការជើងប្រាក់ពីរ ដើម្បីឈរត្រង់ កាលណាជឿលើព្រះយេស៊ូវគ្រីស្ទ សេចក្តីពិតពីរនៃព្រះគុណរបស់ព្រះពិតជាមានភាពចាំបាច់។ តើសេចក្តីពិតទាំងនោះមានអ្វីខ្លះ? សេចក្តីពិតទាំងពីរនោះគឺថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ ហើយថា ទ្រង់បានផ្ទុកទោស និងបណ្តាសានៃអំពើបាបទាំងអស់របស់យើង ដោយការនាំវាទៅលើឈើឆ្កាង ហើយសុគតនៅទីនោះ។ អ្នកណាដែលជឿទាំងស្រុងលើព្រះគុណទាំងពីរនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ បានរាប់ជាសុចរិត។ សេចក្តីជំនឿរបស់យើងលើទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលជាពន្លួញទាំងពីរនៃអំណោយទាននៃសេចក្តីសង្រ្គោះរបស់ទ្រង់ ជួយឲ្យយើងឈររឹងមាំនៅក្នុងតំណាក់របស់ព្រះ។ ដោយសារពន្លួញទាំងពីរត្រូវបានស៊កទៅក្នុងជើងប្រាក់ទាំងពីរ នោះ ក្តារនីមួយៗអាចឈរត្រង់បាន។ 
ដូច្នេះ ដោយសារសេចក្តីជំនឿដ៏ត្រឹមត្រូវរបស់យើង ដែលជឿតាមសេចក្តីពិតទាំងពីរនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ទើបយើងបានធ្វើជារាស្ត្រដែលគ្មានកន្លែងបន្ទោសបានរបស់ទ្រង់។ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ យើងទទួលបានសេចក្តីជំនឿដូចជាមាស ដែលមិនចេះប្រែប្រួលជារៀងរហូត។ ហើយដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម យើងបានធ្វើជាពួកបរិសុទ្ធ ដែលបានទទួលសេចក្តីសង្រ្គោះនៃការអត់ទោសបាបដ៏គ្រប់លក្ខណ៍។ 
 

ទេវសាស្ត្ររហូតដល់ពេលនេះ និងសម័យដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

ដោយមិនរាប់ពីសម័យពួកជំនុំដំបូង ចាប់តាំងពីព្រះរាជបញ្ញតិ្តមីឡាន (Edict of Milan) នៅក្នុងឆ្នាំ៣១៣គ.សមក ជំនឿគ្រីស្ទបរិស័ទ រួមទាំំងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះផង បាន និងកំពុងតែប្រកាសដំណឹងល្អអំពីឈើឆ្កាង ដែលដកបុណ្យជ្រមុជរបស់ព្រះយេស៊ូវចេញ។ ចាប់តាំងពីសម័យពួកជំនុំដំបូងដល់ឆ្នាំ៣១៣គ.ស ដែលបានទទួលស្គាល់ជំនឿគ្រីស្ទបរិស័ទជាសាសនាចក្រភពរ៉ូមាំងស្របច្បាប់ ជំនឿគ្រីស្ទបរិស័ទបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ប៉ុន្តែក្រោយមក ពួកជំនុំរ៉ូម៉ាំង កាតូលិកបានគ្រប់គ្រងលើទិដ្ឋភាពសាសនាទាំងមូល។ បន្ទាប់មក ចាប់ពីដើមសតវត្សទី១៤មក វប្បធម៌មួយដែលផ្តោតគ្រប់យ៉ាងនៅលើគំនិតដែលមនុស្សបង្កើត និងបានអំពាវនាវឲ្យមានការស្តាមនុស្សធម៌ឡើង បានចាប់ផ្តើមលេចឡើងជាដំបូងនៅក្នុងទីក្រុងរីកចម្រើននៃប្រទេសអ៊ីតាលីខាងជើង។ នេះគឺជាសម័យវឌ្ឍិសិល្បៈនៅទ្វីបអឺរ៉ុប។ 
ចរន្តវប្បធម៌នេះដែលបានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីតាលី បានចាប់ផ្តើមសាយភាយពេញពិភពលលោកខាងលិច ហើយពួកអ្នកប្រាជ្ញាដែលបានសិក្សាទស្សនៈវិជ្ជាមនុស្សនិយម បានចាប់ផ្តើមសិក្សាទេវសាស្ត្រ។ ដោយបានកាត់ស្រាយព្រះគម្ពីរតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបានចាប់ផ្តើមបង្កើតគោលលទ្ធិគ្រីស្ទបរិស័ទ។ ប៉ុន្តែដោយសារពួកគេមិនបានយល់ពីសេចក្តីពិត ពួកគេមិនអាចយល់ព្រះគម្ពីរបានត្រឹមត្រូវ និងពេញលេញបានឡើយ។ ដូច្នេះ ពួកគេបានយកឈ្នះលើអ្វីដែលពួកគេមិនអាចយល់បាន ដោយគំនិតរបស់ពួកគេបាន ដោយការបញ្ចូលគំនិត និងចំណេះដឹងដែលឥតសាសនារបស់ពួកគេ ដើម្បីបង្កើតគោលលទ្ធិគ្រីស្ទបរិស័ទផ្ទាល់ខ្លួនរបស់ពួកគេ។ 
ជាលទ្ធផល ទេវសាស្ត្រ និងគោលលទ្ធិគ្រីស្ទបរិស័ទយ៉ាងច្រើនបានមានរូបរាងឡើងនៅក្នុងប្រវត្តិសាស្ត្រគ្រីស្ទបរិស័ទ៖ លូធើរនិយម កាលវិននិយម អាមីនៀនិយម (Arminianism) ទេវសាស្ត្រថ្មី អភិរក្សនិយម ហេតុផលនិយម ទេវសាស្ត្រស៊ីជម្រៅ (Critical Theology) ទេវសាស្ត្រអាថ៌កំបាំងនិយម ទេវសាស្ត្រសេរី ទេវសាស្ត្រស្ត្រីនិយម ទេវសាស្ត្រខ្មៅ និងទេវសាស្ត្របដិសេធអាទិទេព...។ល។
ប្រវត្តិសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទហាក់ដូចជារយៈពេលដ៏យូរ ប៉ុន្តែតាមការពិត វាមិនយូរប៉ុន្មានទេ។ រយៈពេល៣០០ឆ្នាំ ចាប់តាំងពីសម័យពួកជំនុំដំបូង មនុស្សអាចរៀនអំពីព្រះគម្ពីរបាន ប៉ុន្តែមួយរយៈពេលខ្លីក្រោយមក មជ្ឈិមសម័យដែលជាសម័យជំនឿគ្រីស្ទបរិស័ទដ៏ខ្មៅងងឹត បានចូលមកដល់។ ក្នុង កំឡុងសម័យនេះ គ្រហស្ថណាអានព្រះគម្ពីរមានទោសឧក្រិដ្ឋដល់ស្លាប់ដោយការកាត់ក្បាលចោល។ រហូតដល់ឆ្នាំ១៧០០ ខ្យល់នៃទេវសាស្ត្របានចាប់ផ្តើមបក់ឡើងវិញ ហើយបន្ទាប់មក ជំនឿគ្រីស្ទបរិស័ទហាក់ដូចជារីកចម្រើននៅក្នុងឆ្នាំ១៨០០ និង១៩០០ នៅពេលទេវសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទបានរីកចម្រើន និងសកម្មយ៉ាងខ្លាំង ប៉ុន្តែឥឡូវនេះ មនុស្សជាច្រើនបានធ្លាក់ទៅក្នុងគោលលទ្ធិអាថ៌កំបាំងនិយម ដែលជឿលើព្រះ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែក្រៅពីភាពខុសគ្នាខាងទេវសាស្ត្រ សាខាទាំងអស់នៃជំនឿគ្រីស្ទ បរិស័ទមាននាមកត្តានៃសេចក្តីជំនឿរួមមួយ គឺការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ។ 
ប៉ុន្តែតើនេះគឺជាសេចក្តីពិតឬ? នៅពេលអ្នកជឿតាមរបៀបនេះ តើអំពើបាបរបស់អ្នកពិតជាបានបាត់បង់ដែរទេ? អ្នកធ្វើបាបជារៀងរាល់ថ្ងៃ ជាមួយចិត្ត គំនិត ការប្រព្រឹត្ត និងភាពខ្សោយរបស់អ្នក។ ដូច្នេះ តើអ្នកអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងនេះ ដោយគ្រាន់តែជឿលើព្រះលោហិតដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាងបានដែរទេ? ការដែលព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង គឺជាសេចក្តីពិតតាមព្រះគម្ពីរ។ ប៉ុន្តែមានមនុស្សយ៉ាងច្រើន ដែលនិយាយថា អំពើបាបរបស់ពួកគេត្រូវបានអត់ទោសឲ្យ ដោយការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ និងការថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃ។ តើការថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេអាចនាំឲ្យពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបនៅក្នុងចិត្ត និងបញ្ញាចិត្តរបស់ពួកគេបានដែរទេ? ពិតជាមិនអាចឡើយ!
បើសិនអ្នកគឺជាគ្រីស្ទបរិស័ទ អ្នកត្រូវតែយល់ និងជឿលើសេចក្តីសង្រ្គោះនៅក្នុងសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ តើអ្នកនៅតែព្រងើយកន្តើយចំពោះសេចក្តីពិតនេះ ដោយមិនព្យាយាមយល់ ឬជឿតាមវាដែរទេ? បើសិនដូច្នេះ អ្នកកំពុងតែប្រព្រឹត្តអំពើបាបនៃការចម្អកដល់ព្រះយេស៊ូវ និងការប្រមាថ និងការបន្ទាបព្រះនាមរបស់ទ្រង់ហើយ ហើយអ្នកមិនអាចនិយាយបានថា អ្នកជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នកបានឡើយ។ បើសិនដកបុណ្យជ្រមុជរបស់ព្រះយេស៊ូវចេញពីសេចក្តីសង្រ្គោះដែលត្រូវបានបំពេញសម្រេច ដោយព្រះយេស៊ូវ ហើយជឿលើព្រះតាមរបៀបដែលអ្នកចង់ នោះអ្នកមិនអាចទទួលបានព្រះគុណនៃសេចក្តីសង្រ្គោះបានឡើយ។ 
ប៉ុន្តែគ្រីស្ទបរិស័ទជាច្រើនមិនជឿតាមសេចក្តីពិតដើមដែលថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេដើរតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយជឿតាមសេចក្តីពិតដែលត្រូវបានបង្ខូចតាមចិត្តរបស់ពួកគេ។ នៅសព្វថ្ងៃនេះ ចិត្តរបស់ពួកគេកាន់តែមានះទៅៗ ដោយសារសេចក្តីជំនឿតាមគោលលទ្ធិខុសឆ្គងរបស់ពួកគេ ដែលជឿថា ការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខអាចដោះអំពើបាបរបស់ពួគេចេញបាន។ 
ប៉ុន្តែចម្លើយនៃសេចក្តីសង្រ្គោះ ដែលព្រះបានរៀបចំទុកគឺដូចតទៅ៖ យើងអាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ចបាន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ប៉ុន្តែមានមនុស្សយ៉ាងច្រើនរាប់មិនអស់ ដែលជឿលើព្រះយេស៊ូវ ដោយដោយបុណ្យជ្រមុជរបស់ទ្រង់ចេញពីសេចក្តីពិតនៃសេចក្តីសង្រ្គោះនេះ យល់ខុស និងជឿខុសលើសមីការខាងក្រោមនេះជាច្បាប់ដ៏មិនចេះប្រែប្រួល៖ «ព្រះយេស៊ូវ (ឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់) + ការអធិស្ឋានលន់តួអំពើបាប + ការប្រព្រឹត្តល្អ = សេចក្តីសង្រ្គោះតាមរយៈការញែកជាបរិសុទ្ធបន្តិចម្តងៗ»។ អ្នកដែលជឿតាមរបៀបនេះ គឺគ្រាន់តែនិយាយតែមាត់ថា ពួកគេបានទទួលការអត់ទោសបាបរបស់ពួកគេហើយ។ ទោះបីជាយ៉ាងណា សេចក្តីពិតគឺថា ចិត្តរបស់ពួកគេមានពេញដោយអំពើបាបដែលនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ 
តើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកដែរទេ? បើសិនអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក ទោះបើអ្នកជឿលើព្រះយេស៊ូវនៅពេលនេះក៏ដោយ នោះអ្នកប្រាកដជាមានបញ្ហាធ្ងន់ធ្ងរជាមួយសេចក្តីជំនឿរបស់អ្នកហើយ។ ដោយសារអ្នកជឿលើព្រះយេស៊ូវតាមរបៀបសាសនាមួយ ទើបបញ្ញាចិត្តរបស់អ្នកមិនស្អាត ហើយអ្នកនៅតែមានបាបដូច្នេះ។ ទោះបីជាយ៉ាងណា ការពិតថា អ្នកអាចដឹងថា អ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នក គឺជាព្រះពរមួយសម្រាប់អ្នកហើយ។ ហេតុអ្វី? ពីព្រោះអ្នកដែលពិតជាដឹងថា ពួកគេមានបាប នឹងទទួលស្គាល់ថា ពួកគេត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែបាប ហើយនៅពេលពួកគេធ្វើដូច្នេះ ពួកគេអាចត្រឡប់ជាខ្សត់ខាងវិញ្ញាណ ហើយអាចស្តាប់ឮព្រះបន្ទូលនៃសេចក្តីសង្រ្គោះដ៏ពិតបាន។ 
បើសិនអ្នកចង់ទទួលបានការអត់ទោសបាបពីព្រះ នោះអ្នកត្រូវតែត្រៀមចិត្តរបស់អ្នកឲ្យបានរួចរាល់។ អ្នកដែលមានចិត្តត្រៀមរួចរាល់នៅចំពោះព្រះ ទទួលស្គាល់ថា «ព្រះអង្គ ទូលបង្គំចង់ទទួលបានការអត់ទោសបាប។ ទូលបង្គំបានជឿលើព្រះយេស៊ូវអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទូលបង្គំនៅតែមានបាបដដែល។ ដោយសារឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ នោះទូលបង្គំត្រូវធ្លាក់ទៅស្ថាននរក»។ ដូច្នេះ ពួកគេទទួលស្គាល់ថា ខ្លួនពួកគេមានបាបនៅចំពោះព្រះ។ អ្នកដែលទទួលស្គាល់ព្រះបន្ទូលព្រះ និងអ្នកដែលជឿថា ព្រះបន្ទលព្រះពិតជាបំពេញសម្រេចទាំងស្រុង គឺជាអ្នកដែលត្រៀមចិត្តរួចរាល់ហើយ។
ព្រះពិតជាជួបជាមួយមនុស្សបែបនេះជាមិនខាន។ ពួកគេស្តាប់ឮព្រះបន្ទូលទ្រង់ មើលឃើញព្រះបន្ទូលដោយភ្នែករបស់ពួកគេផ្ទាល់ និងជឿតាម ហើយដោយធ្វើដូច្នេះ ពួកគេបានដឹងថា «អ្ហា ពីមុន ខ្ញុំបានជឿតាមរបៀបខុស មែន។ ហើយឥឡូវនេះ មនុស្សយ៉ាងច្រើនរាប់មិនអស់ក៏កំពុងតែជឿតាមរបៀបខុសដែរ»។ ហើយដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយមិនគិតពីអ្វីដែលអ្នកផ្សេងនិយាយ ពួកគេបានទទួលការអត់ទោសបាប។ 
 


អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ត្រូវតែការពារសេចក្តីជំនឿរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


ទោះបីជាយ៉ាងណា លោកិយនេះមានពេញដោយគោលលទ្ធិខុសឆ្គងយ៉ាងច្រើនរាប់មិនអស់ ដែលអាចបង្ខូចចិត្តរបស់អ្នកដែលបានកើតជាថ្មីបាន។ ព្រះអម្ចាស់បានព្រមានយើងថា «ចូរប្រុងមើល ហើយប្រយ័ត្ននឹងដំបែររបស់ពួកផារិស៊ី និងរបស់ហេរ៉ូឌ ឲ្យមែនទែន» (ម៉ាកុស ៨:១៥)។ ប៉ុន្តែយើងមិនអាចរាប់ចំនួននៃសេចក្តីបង្រៀនមានដំបែរទាំងនោះបានឡើយ ដែលវាអាចបង្ខូចចិត្តរបស់មនុស្សបាន ដោយគ្រាន់តែស្តាប់ឮវាតែម្តងប៉ុណ្ណោះ។ យើងត្រូវតែដឹងថា លោកិយនេះកំពុងតែទោរទន់ទៅរកអសីលធម៌ផ្លូវភេទហើយ។ 
យើងដែលជឿ ត្រូវតែដឹងយ៉ាងច្បាស់លាស់ថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងសម័យណា ហើយការពារសេចក្តីជំនឿរបស់យើង។ ប៉ុន្តែទោះបីជាយើងរស់នៅក្នុងលោកិយដែលមានបាបបែបនេះក៏ដោយ ក៏នៅក្នុងចិត្តរបស់យើង មានសេចក្តីពិតដែលមិនអាចបដិសេធថា ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីបាបហើយ។ ព្រះបន្ទូលនៃសេចក្តីបន្ទាល់ ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះដ៏មិនចេះប្រែប្រួលរបស់យើង គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿតាមសេចក្តីពិត ដែលមិនរង្គោះរង្គើ ដោយសារលោកិយនេះ។ 
គ្រប់យ៉ាងពីលោកិយនេះមិនមែនជាសេចក្តីពិតឡើយ។ ព្រះបានប្រាប់យើងថា មនុស្សសុចរិតឈ្នះលោកិយនេះ។ ដោយសារសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អនៃសេចក្តីពិតដែលមិនប្រែប្រួល ដែលមនុស្សសុចរិតឈ្នះអារក្ស និងលោកិយនេះ។ ទោះបីជាយើងមិនពេញលេញក៏ដោយ ក៏ចិត្តរបស់យើង គំនិតរបស់យើង និងរូបកាយរបស់យើងនៅតែនៅក្នុងតំណាក់របស់ព្រះ និងកំពុងតែឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសេចក្តីជំនឿដែរ។ យើងកំពុងតែឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែលប្រាប់យើងថា ព្រះអម្ចាស់បានសង្រ្គោះយើង។
ដោយហេតុនេះ យើងអរព្រះគុណយ៉ាងខ្លាំងក្រៃលែងចំពោះព្រះ។ ទោះបីជាបាបមានពេញនៅក្នុងលោកិយនេះក៏ដោយ ក៏យ៉ាងហោចណាស់ យើងដែលជាមនុស្សសុចរិត ពិតជាសេចក្តីជំនឿ និងបញ្ញាចិត្តគ្រប់លក្ខណ៍ ដែលបញ្ចេញពន្លឺដូចមាសនៅក្នុងចិត្តរបស់យើងដែរ។ យើងដែលជាមនុស្សសុចរិត នឹងរស់នៅក្នុងជីវិតដែលយកឈ្នះលើលោកិយនេះ ដោយសេចក្តីជំនឿ។ ហើយរហូតដល់ថ្ងៃដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ហើយទោះបើយើងនៅក្នុងនគររបស់ទ្រង់ក្តី យើងទាំងអស់គ្នានឹងសរសើរសេចក្តីជំនឿនេះ។ យើងនឹងសរសើរតម្កើងជារៀងរហូតដល់ព្រះអម្ចាស់ដែលបានសង្រ្គោះយើង ហើយសរសើរតម្កើងព្រះរបស់យើងដែលបានប្រទានសេចក្តីជំនឿនេះដល់យើង។ 
ដោយសារសេចក្តីជំនឿដ៏ពិតនេះ ដែលយើងមាននៅចំពោះព្រះ ត្រូវបានលើកដាក់នៅថ្មដា នោះវាមិនរង្គោះរង្គើ ដោយស្ថានភាពណាមួយឡើយ។ ដូច្នេះ ទោះបីជាមានរឿងអ្វីកើតឡើងចំពោះយើង ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ រហូតដល់ថ្ងៃដែលយើងឈរនៅចំពោះព្រះអម្ចាស់ យើងនឹងការងារចិត្តរបស់យើង ដោយសេចក្តីជំនឿ។ ទោះបីជាគ្រប់យ៉ាងនៅក្នុងលោកិយនេះត្រូវវិនាសក៏ដោយ ទោះបីជាលោកិយនេះកំពុងតែលេចលង់នៅក្នុងបាបក៏ដោយ ហើយទោះបីជាលោកិយនេះអាក្រក់ជាងក្រុងសូដុំម និងកូម៉ូរ៉ាពីដើមក៏ដោយ យើងនឹងមិនដើរតាមលោកិយនេះទេ ប៉ុន្តែយើងនឹងជឿលើព្រះយ៉ាងស្មោះត្រង់ យើងនឹងដើរតាមសេចក្តីសុចរិតរបស់ទ្រង់ ហើយយើងនឹងបន្តធ្វើការផ្សព្វផ្សាយជានិច្ច ពីព្រះគុណនៃសេចក្តីសង្រ្គោះទាំងពីរនេះ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង) ដែលជាព្រះគុណដ៏ពិតរបស់ព្រះ។ 
 

អ្នកដែលធ្វើពុតជាជឿតាមដំណឹងល្អដ៏ពិត

មនុស្សមួយចំនួន ទោះបើពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ ក៏នៅតែធ្វើពុតជាជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរ។ ប៉ុន្តែយើងអាចមើលឃើញថា ពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេ ចេញពីការមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដោយស្មោះត្រង់។ ពួកគេគឺដូចជាអ្នកដែលបានរបូតផ្លែពូថៅ ដែលគាត់បានខ្ចីពីអ្នកជិតខាងរបស់គាត់ ចូលទៅក្នុងទឹកដែរ (២ពង្សាវតារក្សត្រ ៦:៥)។ 
តាមរបៀបស្រដៀងគ្នានេះ នៅពេលមានសេចក្តីត្រូវការ មនុស្សមួយចំនួនអាចប្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណសម្រាប់រយៈពេលខ្លីមួយបាន។ ប៉ុន្តែបើសិនមិនជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះគឺជាសេចក្តីពិតទេ ពួកគេមិនអាចនិយាយដោយសេចក្តីជំនឿពិត នៅពេលអធិប្បាយ ឬប្រកបគ្នាបានឡើយ។ ហើយអ្នកដែលមិនមានសេចក្តីជំនឿតាមសេចក្តីពិត នឹងបោះបង់ជីវិតនៃសេចក្តីជំនឿរបស់ពួកគេនៅពាក់កណ្តាលផ្លូវ។ ប៉ុន្តែសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនប្រែប្រួល ហើយដោយហេតុនេះ ពួកគេត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ 
ប៉ុន្តែដោយដកស្រង់ ហេព្រើរ ៧:១២ ដែលនិយាយថា «ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ» មនុស្ស មួយចំនួនអះអាងថា «ក្រិត្យវិន័យក៏ផ្លាស់ប្រែដែរ។ ដូច្នេះ សេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានបំពេញសម្រេច មិនត្រូវបានបំពេញសម្រេចតាមរបៀបដូចគ្នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ។ ព្រះយេស៊ូវគ្រីស្ទបានយាងមក ហើយបានសង្រ្គោះយើង ដោយការសុគតនៅលើឈើឆ្កាង ដែលជាវិធីសាស្ត្រកែប្រែថ្មីមួយ»។ ហើយមនុស្សមួយចំនួនទៀតអះអាងថា «ព្រះផ្ទេរអំពើបាបរបស់យើងទៅលើព្រះរាជបុត្រានៃទ្រង់ នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង»។ 
ប៉ុន្តែការអះអាងទាំងនេះសុទ្ធតែខុស និងគ្មានមូលដ្ឋានត្រឹមត្រូវ។ យើងអាចបដិសេធការអះអាងរបស់ពួកគេបានយ៉ាងងាយ ដោយការសួរថា «ដូច្នេះ តើនេះមានន័យថា ព្រះគ្រាន់តែបានឆ្កាងព្រះយេស៊ូវដែលឥតមានបាប ហើយបន្ទាប់មក បានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើទ្រង់ឬ?»។ កាលណាយើងជឿតាមព្រះបន្ទូលព្រះ យើងត្រូវតែជឿតាមលក្ខណៈដើមរបស់ព្រះបន្ទូល មិនមែនតាមគំនិតផ្ទាល់ខ្លួនរបស់យើងទេ។ ទោះបីជាយើងមានការអះអាងផ្ទាល់ខ្លួនរបស់យើងក៏ដោយ បើសិនព្រះគម្ពីរប្រាប់យើងថា ការអះអាងទាំងនេះខុស នោះយើងត្រូវតែបោះបង់សេចក្តីសុចរិតរបស់យើងចោល ហើយបែរមកជឿតាមព្រះបន្ទូលព្រះវិញ។ 
កាលណាពេលវេលាកាន់តែកន្លងផុតទៅ ការពិតថា ព្រះអម្ចាស់បានសង្រ្គោះ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាន់តែមានតម្លៃ និងអស្ចារ្យ។ កាលយើងជឿតាមគំនិតផ្ទាល់ខ្លួនរបស់យើង មានពេលខ្លះ ដែលជីវិតនៃ សេចក្តជំនឿរបស់យើងមានការប្រថុយប្រថាន ហើយយើងស្ទើរតែដាច់ចេញពីពួកជំនុំទៅហើយ។ ប៉ុន្តែដូចដែលពន្លួញពីរត្រូវបានស៊កទៅក្នុងជើងប្រាក់ពីរ ដើម្បីទប់ក្តារនីមួយៗនៃរោងឧបោសថ សេចក្តីជំនឿរបស់យើងតាមសេចក្តីពិតរបស់ព្រះយេស៊ូវថា ទ្រង់បានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ ហើយបានសម្រក់ព្រះលោហិតរបស់ទ្រង់ ទប់យើងយ៉ាងរឹងមាំ។ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការទទួលយកទោសរបស់យើង ដោយការសម្រក់ព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ សេចក្តីជំនឿរបស់យើងនឹងមិនរង្គោះរង្គើជារៀងរហូត។ 
សុភាសិត ២៥:៤ និយាយថា «ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់»។ ដូចដែលបទគម្ពីរនិយាយ ទោះបីជាសេចក្តីអាក្រក់ និងសេចក្តីពុករលួយជាច្រើនលេចឡើងនៅក្នុងគំនិតខាងសាច់ឈាមរបស់យើងក៏ដោយ ក៏តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវបានបន្សុទ្ធយើងចេញពីសេចក្តីអាក្រក់ទាំងនេះ ចេញពីអំពើបាបរបស់មនុស្សជាតិ និងបានយកយើងធ្វើជាអ្នកបម្រើសេចក្តីសុចរិតរបស់ព្រះដែរ។ ព្រះអម្ចាស់បានបន្សុទ្ធយើងចេញពីអំពើបាបរបស់លោកិយនេះ។ ហើយដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងតែម្តងជាសម្រេច និងដោយការសម្រក់ព្រះលោហិត និងការសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទោសនៃអំពើបាបទាំងអស់របស់យើង ព្រះយេស៊ូវបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបរបស់លោកិយនេះ។
ដូច្នេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានការធានាអំពីសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចរបស់ពួកគេ។ ជាច្រើនដង ការប្រព្រឹត្តរបស់យើងអាចមិនត្រឹមត្រូវ ប៉ុន្តែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទប់សេចក្តីជំនឿរបស់យើងយ៉ាងរឹងមាំ ដូចដែលជើងប្រាក់បានទប់ក្តារ ដោយពន្លួញទាំងពីររបស់វា។ 
 

ព្រះគុណនៃសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច ដែលទ្រទ្រង់យើង

ឥឡូវនេះ ចូរយើងបង្វែរការយកចិត្តទុកដាក់របស់យើងទៅឯរនុកដែលឱបក្តារនៃរោងឧបោសថឲ្យជាប់គ្នា។ និក្ខមនំ ២៦:២៦-២៧ ប្រាប់យើងថា «ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច»។ រូបរាងទូទៅនៃរោងឧបោសថគឺចតុកោណកែង។ សសរត្រូវបានដាក់នៅឯទ្វាររោងឧបោសថ និងសម្រាប់វាំងននទីបរិសុទ្ធបំផុត ហើយផ្នែកទាំងអស់ទៀតត្រូវបានធ្វើពីក្តារ។ ហើយក្តារទាំងនេះត្រូវបានដាក់រនុកចំនួនប្រាំ។ 
កងមាសចំនួនប្រាំត្រូវបានដាក់នៅលើក្តារនីមួយៗ ដើម្បីស៊ករនុកទាំងនេះ ហើយរនុកទាំងនេះត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាស។ រនុកចំនួនប្រាំត្រូវបានដាក់នៅលើក្តារនៅជ្រុងទាំងបីនៃរោងឧបោសថ គឺខាងជើង ខាងត្បូង និងខាងលិច។ ដោយសាររនុកទាំងនេះត្រូវបានស៊កតាមកងមាស ដើម្បីទប់ក្តារ នោះក្តារទាំងនោះនៅជាប់គ្នាយ៉ាងរឹងមាំ។ ដូច្នេះ ក្តារឈរយ៉ាងរឹងមាំ ដោយសារមានជើងប្រាក់ទ្រពីក្រោម និងរនុកប្រាំទប់ពីខាង។ 
ហើយដូចដែលក្តារទាំង៤៨ត្រូវព័ទ្ធដោយរនុកប្រាំ ហើយទ្រគ្នាទៅវិញទៅមក រាស្ត្ររបស់ព្រះក៏រួបរួមជាមួយជាមួយព្រះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ ពួកជំនុំរបស់ព្រះគឺជាកន្លែងដែលអ្នកដែលបានទទួលអំណោយទាននៃសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណប្រមូលផ្តុំគ្នា ហើយ រស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ។ ព្រះយេស៊ូវបានប្រាប់សាវក ពេត្រុសថា ទ្រង់នឹងសាងសង់ពួកជំនុំរបស់ទ្រង់នៅលើថ្មដា (ម៉ាថាយ ១៦:១៨-១៩)។ ដូច្នេះ កន្លែងដែលនគរព្រះត្រូវបានសាងសង់ ដោយការប្រមូលផ្តុំនៃអ្នកដែលបានទទួលការអត់ទោសបាប គឺជាពួកជំនុំរបស់ព្រះនេះហើយ។ ព្រះកំពុងតែបង្ហាញប្រាប់យើងថា ទ្រង់បានសង្រ្គោះយើងយ៉ាងពេញលេញចេញពីអំពើបាបរបស់លោកិយនេះ តាមរយៈព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
និក្ខមនំ ២៦:២៨ និយាយថា «ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង»។ ដូច្នេះ តើអ្វីគឺជាអត្ថន័យនៃរនុកកណ្តាល ដែលស៊កតាម កណ្តាលក្តារពីចុងម្ខាងទៅចុងម្ខាង? វាមានន័យថា មនុស្សសុចរិតរួបរួមជាមួយគ្នា ហើយថា សេចក្តីជំនឿរបស់ពួកគេស្របជាមួយគ្នា។ នៅក្នុងន័យផ្សេង ដោយការជឿលើសេចក្តីសង្រ្គោះ ដែលត្រូវបានបំពេញសម្រេច តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ ពួកគេអាចស្របគ្នាទៅវិញទៅមកនៅក្នុងសេចក្តីជំនឿបាន។ មនុស្សសុចរិតជួបគ្នា ដោយភ្នែកទល់នឹងភ្នែក ដោយសារសេចក្តីជំនឿបាន។ ដូច្នេះហើយបានជានៅពេលយើងជួបពួកបរិសុទ្ធដូចគ្នា ឬអ្នកដឹកនាំ និងមានសេចក្តីប្រកបជាមួយពួកគេ យើងពិតជាអាចមានអារម្មណ៍ស្របចិត្តគ្នាបាន។ 
 

«សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១ និងព្រះតែ១»

ចូរយើងបែរទៅឯ អេភេសូរ ៤:៣-៧៖ «ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្តីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ មានព្រះអម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ»។ សាវកប៉ុលបានប្រាប់យើងឲ្យខិតខំរក្សាការរួបរួមនៃព្រះវិញ្ញាណនៅក្នុងចំណងនៃសន្តិភាព។ កាលណាយើងទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ សន្តិភាពចូលទៅក្នុងចិត្តរបស់យើង។ ហើយកាលណាយើងទទួលបានការអត់ទោសបាបនៅក្នុងចិត្តរបស់យើង យើងត្រឡប់ទៅជាគ្រួសារតែមួយនៅក្នុងព្រះគ្រីស្ទ។ សរុបមក យើងត្រឡប់ជារូបកាយតែមួយ។
«ព្រះអម្ចាស់តែ១» ព្រះយេស៊ូវគ្រីស្ទដែលបានសង្រ្គោះយើង គឺតែមួយ។ «សេចក្តីជំនឿតែ១» តើអ្នកជឿលើអ្វី? អ្នកជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ និងរបស់ព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ «បុណ្យជ្រមុជតែ១» សាវកប៉ុលបានបញ្ជាក់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវម្តងទៀត។ នៅទីនេះ គាត់មិនបានសំដៅទៅលើឈើឆ្កាងទេ ប៉ុន្តែគាត់បានបញ្ជាក់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាសម្អាតពួកអ្នកជឿដោយឥតលក្ខខណ្ឌ។ ហើយកាលណាយើងជឿលើបុណ្យជ្រមុជរបស់ទ្រង់ យើងក៏បានទទួលបុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទ និងប្រដាប់កាយដោយព្រះគ្រីស្ទផងដែរ (កាឡាទី ៣:២៧)។ «ព្រះតែ១» ព្រះគឺតែមួយ។ ព្រះអង្គនេះបានសង្រ្គោះយើង ដោយការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ឲ្យយាងមកផែនដីនេះ។ 
ការទាំងអស់នេះសំដៅទៅលើសេចក្តីជំនឿតែមួយនៅក្នុងទឹក ព្រះលោហិត និងព្រះវិញ្ញាណ (១យ៉ូហាន ៥:៨)។ លុះត្រាតែយើងមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបចិត្តរបស់យើងអាចប្រកបគ្នាទៅវិញទៅមកបាន។ អ្នកដែលបានទទួលការអត់ទោសបាប អាចជួបគ្នាទៅវិញទៅមកដោយស្មោះត្រង់បាន ទោះបើមានពេលខ្លះ ពួកគេមិនអាចយល់ពីគ្នាទាំងស្រុងបានក៏ដោយ។ ប៉ុន្តែដូចដែលរនុកកណ្តាលស៊កតាមកណ្តាលក្តារពីចុងម្ខាងទៅចុងម្ខាងទៀត បើសិនពួកគេពិតជាបានទទួលការអត់ទោសបាបនៅក្នុងជម្រៅចិត្តរបស់ពួកគេមែន ពួកគេទាំងអស់អាចមានសេចក្តីប្រកបគ្នាទៅវិញទៅមកបាន។ «បងប្អូនម្នាក់នេះក៏បានសង្រ្គោះចេញពីបាបផងដែរ ប៉ុន្តែសាច់ឈាមរបស់គាត់ខ្សោយ ហើយមានគំនិតខាងសាច់ឈាមរបស់ច្រើននៅក្នុងចិត្តរបស់គាត់។ ដូចមនុស្សគ្រប់គ្នាទៀតដែរ គាត់ក៏ជាពូជនៃអ្នកប្រព្រឹត្តអាក្រក់ផងដែរ ប៉ុន្តែព្រះអម្ចាស់នៅតែបានដោះអំពើបាបរបស់ចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។» ដូច្នេះ ពួកគេអាចយល់គ្នាទៅវិញទៅមក ហើយសរសើរតម្កើងព្រះអម្ចាស់។ 
ទោះបីជាមនុស្សមិនពេញលេញយ៉ាងណាក៏ដោយ បើសិនពួកគេទទួលបានការអត់ទោសបាប ហើយនៅក្នុងពួកជំនុំ ក៏មុខរបស់ពួកគេនឹងភ្លឺឡើង គំនិតរបស់ពួកគេនឹងភ្លឺឡើង ចិត្តរបស់ពួកគេនឹងភ្លឺឡើងដែរ ហើយពួកគេនឹងអាចប្រកបជាមួយគ្នាទៅវិញទៅមកបាន។ មនុស្សសុចរិតអាចមើលគ្នាដោយភ្នែកទល់នឹងភ្នែកបាន។ តើអ្វីអាចធ្វើឲ្យការនេះកើតឡើងបាន? សេចក្តីជំនឿអាចធ្វើឲ្យការនេះកើតឡើងបាន។ ពួកគេមើលគ្នាដោយភ្នែកទល់នឹងភ្នែក មិនដោយសារលក្ខខណ្ឌអ្វីផ្សេងទេ ប៉ុន្តែដោយសារសេចក្តីជំនឿវិញ។ ដូច្នេះ តើអ្វីពន្យល់ពីភាពអសមត្ថភាពរបស់យើងក្នុងការប្រកបជាមួយអ្នកដទៃ? យើងមិនអាចចែករំលែកចិត្តរបស់យើងជាមួយអ្នកដែលមិននៅក្នុងព្រះគ្រីស្ទបានទេ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនជឿតាមសេចក្តីពិតនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ អ្នកដែលមិនជឿតាមដំណឹងល្អនេះ មិនអាចប្រកបជាមួយយើងបានឡើយ។ 
ឱបងប្អូនប្រុសស្រីអើយ តើអ្វីគឺជាពួកជំនុំរបស់ព្រះ? វាគឺជាការប្រមូលផ្តុំនៃអ្នកដែលបានញែកជាបរិសុទ្ធនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលហៅថា ពួកបរិសុទ្ធ (១កូរិនថូស ១:២)។ វាគឺជាការជួបជុំរបស់អ្នកដែលជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបរបស់ពួកគេចេញ ដោយការទទួលបុណ្យជ្រមុជ ហើយថា ទ្រង់បានសង្រ្គោះពួកគេ ដោយការផ្ទុកអំពើបាបទាំងអស់របស់ពួកគេនៅលើអង្គទ្រង់ និងការទទួលយកទោសទាំងអស់របស់ពួកគេនៅលើឈើឆ្កាង ហើយថា ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ពួកជំនុំរបស់ព្រះគឺជាការប្រមូលផ្តុំនៃអ្នកដែលបានរួបរួមគ្នាតែមួយ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ដោយសារសេចក្តីជំនឿនេះនៅក្នុងចិត្តរបស់ខ្ញុំ និងចិត្តរបស់អ្នក ទើបយើងអាចមើលឃើញទៅវិញទៅមក ដោយភ្នែកទល់ភ្នែកបាន នៅពេលយើងនៅក្នុងពួកជំនុំរបស់ទ្រង់។ ដូចដែលព្រះមិនទតមើលរូបរាងខាងក្រៅរបស់យើង ប៉ុន្តែទតមើលជម្រៅចិត្តរបស់យើងវិញ នៅពេលទ្រង់ទតមកមើលយើង យើងដែលបានទទួលការអត់ទោសបាប ក៏មិនមើលរូបរាងខាងក្រៅរបស់របស់គ្នាដែរ ប៉ុន្តែយើងមានសេចក្តីប្រកបគ្នា ដោយការសម្លឹងមើលសេចក្តីជំនឿនៅក្នុងជម្រៅចិត្តរបស់គ្នាទៅវិញទៅមកដែរ។ «តើបុគ្គលម្នាក់នេះពិតជាជឿតាមសេចក្តីពិតនៅក្នុងចិត្តឬ?» នេះហើយគឺជាអ្វីដែលចង់មើលឃើញ។ ទោះបីជាគាត់មានបុគ្គលិកលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ ក៏វាមិនជាបញ្ហាដែរ ដរាបណាគាត់ជឿលើ «អម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់»។ 
ដោយសារយើងជឿ យើងបានធ្វើជាសសរ និងក្តារនៃរោងឧបោសថ ហើយដោយសារយើងជឿ យើងបានធ្វើជាគ្រួសារនៃព្រះ។ តើអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរទេ? ដោយសារយើងជឿថា យើងកំពុងតែប្រកាសពន្លឺនៃសេចក្តីសង្រ្គោះទៅកាន់ោកិយទាំងមូល ដូចជាមាសសុទ្ធ (សេចក្តីជំនឿ) បញ្ចេញពន្លឺនៅក្នុងតំណាក់នៃព្រះ។ យើងអាចចែករំលែកចិត្តរបស់យើងជាមួយអ្នកដែលបានទទួលការអត់ទោសបាបហើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅចិត្តរបស់ពួកគេដែរ។ បើសិនយើងបានទទួលការអត់ទោសបាបហើយ នោះយើងទាំងអស់គ្នាអាចប្រកបជាមួយគ្នាបាប ប៉ុន្តែបើសិនយើងមិនបានទទួលការអត់ទោសបាបទេ នោះយើងមិនអាចប្រកបជាមួយគ្នាបានឡើយ។ ពួកមនុស្សមានបាបរើសអើងមនុស្ស ដែលផ្អែកលើរូបរាងខាងក្រៅ ប្រព្រឹត្តចំពោះគ្នាដោយផ្អែកលើផ្នែកខាងក្រៅ ដូចជា រូបរាង ទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះ ប៉ុន្តែយើងដែលជាមនុស្សសុចរិត មិនធ្វើដូច្នេះនៅក្នុងចិត្តឡើយ គឺសម្រាប់មនុស្សសុចរិត គ្មានការរើសអើងឡើយ។ 
នៅពេលមនុស្សទទួលបានការអត់ទោសបាបជាលើកដំបូង ជារឿយៗ ខ្ញុំសួរពួកគេថា «តើអ្នកពិតជាបានទទួលការអត់ទោសបាបមែនឬ? តើអ្នកនៅតែមានបាប ឬអំពើបាបទាំងអស់របស់អ្នកបានបាត់បង់ហើយ? ដូច្នេះ អ្នកត្រូវតែមានសំណួរជាច្រើនអំពីព្រះគម្ពីរ មែនទេ? ចូរសួរពួកគេ ខណៈដែលអ្នកកំពុងតែបន្តជីវិតនៃសេចក្តីជំនឿរបស់អ្នក។ ហើយភាពខ្សោយរបស់អ្នកក៏នឹងសម្តែងចេញមកដែរ ហើយអ្នកនឹងប្រព្រឹត្តកំហុសមួយចំនួននៅក្នុងជីវិតនៃសេចក្តីជំនឿរបស់អ្នក។ ប៉ុន្តែពួកអ្នកដឹកនាំ និងពួកអ្នកដែលបានដើរមុនអ្នកនៅក្នុងពួកជំនុំ នឹងជួយអ្នក ដើម្បីឲ្យគ្រប់យ៉ាងមានដំណើរការល្អសម្រាប់អ្នក»។
ឱបងប្អូនប្រុសស្រីអើយ យើងដែលជាមនុស្សសុចរិត ត្រូវការពួកជំនុំ។ រោងឧបោសថក៏មានន័យថា ពួកជំនុំរបស់ព្រះ ផងដែរ។ អ្នកដែលមិនជឿលើទឹក និងព្រះលោហិត មិនអាចចូលទៅក្នុងពួកជំនុំរបស់ព្រះ និងនៅទីនោះបានឡើយ។ អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មិនអាចចូលទៅនៅក្នុងពួកជំនុំរបស់ទ្រង់បានឡើយ។ ប៉ុន្តែមានតែអ្នកដែលជឿតាម សេចក្តីពិតប៉ុណ្ណោះ ដែលអាចនៅក្នុងពួកជំនុំ ធ្វើជារាស្ត្ររបស់ព្រះ និងអ្នកបម្រើការងាររបស់ទ្រង់ និងមើលឃើញសិរីល្អរបស់ព្រះបាន។ មនុស្សមិនអាចធ្វើជាកូនរបស់ព្រះ ដោយសារតែព្រះលោហិតមួយមុខ ឬលក្ខណៈសម្បត្តិខាងសាច់ឈាមរបស់ពួកគេបានឡើយ។ ទោះបីជាគ្រូគង្វាលមួយចំនួនមានសិទ្ធិអំណាចខ្លាំងយ៉ាងណាក៏ដោយ បើសិនពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះពួកគេមិនមែនជាកូនរបស់ព្រះឡើយ។ 
 


ព្រះយេស៊ូវដែលបានយាងមក ដោយទឹក និងឈាម បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍


យើងអាចសង្ខេបអ្វីដែលព្រះអម្ចាស់បានធ្វើ នៅពេលទ្រង់បានយាងមកផែនដីនេះ ដោយការប្រសូត បុណ្យជ្រមុជ ការសម្រក់ព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ព្រះយេស៊ូវបានបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់ តាមរយៈព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះ ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ គឺសម្រាប់សេចក្តីសង្រ្គោះចេញពីបាបរបស់យើង។ សេចក្តីសង្រ្គោះរបស់ព្រះមានភាពល្អិនល្អន់យ៉ាងខ្លាំង ដែលយើងមិនគួរជឿលើទ្រង់តាមរបៀបផ្ទាល់ខ្លួនរបស់យើងទេ ប៉ុន្តែយើងត្រូវតែជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់តាមលក្ខណៈដើមរបស់វា។ 
សេចក្តីជំនឿរបស់យើងគួរតែស៊ីគ្នាយ៉ាងត្រឹមត្រូវជាមួយសេចក្តីពិតទាំងពីរនៃសេចក្តីសង្រ្គោះរបស់ទ្រង់៖ បុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះហើយបានជាពន្លួញទាំងពីរស៊ីគ្នាយ៉ាងត្រឹមត្រូវទៅនឹងរន្ធនៃជើងប្រាក់ទាំងពីរ។ យើងមិនអាចចាត់ទុកសេចក្តីពិតដែលព្រះយេស៊ូវបានប្រទានឲ្យយើង ជាចំណេះដឹងខាងលោកិយ ហើយជឿតាមវាតាមរបៀបដូច្នេះបានឡើយ។ នៅចំពោះព្រះ អ្នក និងខ្ញុំគឺជាអ្នកដែលបានសង្រ្គោះចេញពីបាប ដោយការជឿលើព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងជើងប្រាក់ទាំងពីរ។ 
រោងឧបោសថ ប្រាប់យើងអំពីវិធីសាស្ត្រសង្រ្គោះលម្អិតរបស់ព្រះយេស៊ូវ ហើយសេចក្តីសង្រ្គោះនេះពិតជាត្រូវបានបំពេញសម្រេច សម្រាប់យើងរួចហើយប្រាកដមែន។ ដូច្នេះ ចូរជឿលើអំណោយទាននៃសេចក្តីសង្រ្គោះទាំងពីរ ដែលព្រះបានប្រទានឲ្យអ្នកចុះ។ មាសដែលត្រូវបានប្រើនៅក្នុងរោងឧបោសថ សំដៅទៅលើសេចក្តីជំនឿ។ បើសិនអ្នកជឿតាមសេចក្តីពិតតាមលក្ខណៈត្រឹមត្រូវរបស់វា នោះសេចក្តីសង្រ្គោះ និងសិរីល្អរបស់ព្រះអម្ចាស់អាចក្លាយជាកម្មសិទ្ធិរបស់អ្នកបាន ប៉ុន្តែបើសិនអ្នកមិនជឿទេ នោះអ្នកនឹងមិនទទួលបានវាឡើយ។ តើអ្នកចង់រស់នៅក្នុងរោងឧបោសថ ដោយសេចក្តីជំនឿ ទទួលបានសិរីល្អរបស់ព្រះ និងការពារពីទ្រង់ ឬអ្នកចង់ទទួលបណ្តាសាជារៀងរហូត ដោយបន្តមិនជឿ? បើសិនអ្នកជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ នោះអ្នកមិនអាចបានសង្រ្គោះបានឡើយ។ ដូច្នេះ អ្នកត្រូវតែជឿថា ព្រះលោហិតនៅលើឈើឆ្កាង និងបុណ្យជ្រមុជគឺតែមួយទេ ពីព្រោះអំណោយទានរបស់ព្រះអម្ចាស់ត្រូវបានបង្កើតឡើង ដោយធាតុទាំងពីរនេះ។ 
ព្រះវិញ្ញាណរបស់ព្រះគង់នៅចិត្តរបស់យើង លុះត្រាតែយើងជឿលើធាតុទាំងពីរនេះ (បុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវ)។ ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងចិត្តរបស់អ្នកដែលមិនជឿលើសេចក្តីពិតទាំងពីរនេះឡើយ។ បើសិនអ្នកប្រកាសសេចក្តីជំនឿរបស់អ្នក ដោយមាត់ ប៉ុន្តែមិនជឿនៅក្នុងចិត្ត ហើយបើសិនការយល់ដឹងរបស់អ្នកមិនលើសពីការប្រើប្រាស់ប្រាជ្ញាទេ នោះអ្នកមិនអាចបានសង្រ្គោះបានឡើយ។ 
ដើម្បីបានសង្រ្គោះ ជាដំបូង អ្នកត្រូវបានគូសបន្ទាត់ព្រំដែនច្បាស់លាស់មួយសម្រាប់សេចក្តីសង្រ្គោះរបស់អ្នក៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានសង្រ្គោះទេ។ សេចក្តីសង្រ្គោះដែលខ្ញុំបានជឿ មិនមែនជាសេចក្តីសង្រ្គោះពិតប្រាកដឡើយ។ ប៉ុន្តែដោយការជឿលើព្រះយេស៊ូវដែលបានយាងមក ដោយទឹក និងព្រះលោហិត ឥឡូវនេះ ខ្ញុំបានសង្រ្គោះហើយ។» មនុស្សអាចត្រឡប់ជាសុចរិតបាន លុះត្រាតែពួកគេត្រឡប់ជាមនុស្សមានបាបម្តងជាមុនសិន។ ពួកគេត្រូវតែទទួលស្គាល់ថា ក្នុងនាមជាមនុស្សដែលមិនបានសង្រ្គោះ ពួកគេត្រូវប្រឈមនឹងទោសសម្រាប់អំពើបាបរបស់ពួកគេ ហើយបន្ទាប់មក ធ្វើជាអ្នកដែលបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើងត្រូវតែបានទទួលសេចក្តីសង្រ្កោះដ៏គ្រប់លក្ខណ៍របស់យើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ និងពណ៌ក្រហម ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះអម្ចាស់បានប្រទានឲ្យយើងនូវអំណោយនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍។ ហើយដើម្បីការពារយើងពីការជឿតាមគំនិតផ្ទាល់ខ្លួនរបស់យើង ព្រះអម្ចាស់ក៏បានបើកសម្តែងសេចក្តីសង្រ្គោះយ៉ាងលម្អិត តាមរយៈរោងឧបោសថផងដែរ។ ដោយសារសេចក្តីសង្រ្គោះនេះគ្រប់លក្ខណ៍ និងមានតម្លៃយ៉ាងវិសេសវិសាល គ្រប់គ្នាគួរតែជឿ។ ដូច្នេះ ចូរកុំជឿលើព្រះលោហិតនៅលើឈើឆ្កាង ដែលគ្រាន់តែជាផ្នែកមួយនៃសេចក្តីសង្រ្គោះរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែចូរជឿលើទាំងបុណ្យជ្រមុជ និងទាំងព្រះលោហិតរបស់ព្រះយេស៊ូវតែម្តងជាសម្រេចវិញ! បើសិនមានអ្នកណាម្នាក់ក្នុងចំណោមយើង ដែលមិនទាន់បានសង្រ្គោះ ខ្ញុំសង្ឃឹមយ៉ាងស្មោះត្រង់ថា គាត់នឹងបានសង្រ្គោះនៅពេលនេះ ដោយការជឿតាមសេចក្តីពិតនេះ។ 
តើមានអ្នកណាដែលនៅតែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខដែរទេ? មានគ្រីស្ទបរិស័ទយ៉ាងច្រើន ដែលនៅតែជឿតាមដំណឹងល្អពាក់ កណ្តាលនេះ។ ប៉ុន្តែខ្ញុំសង្ឃឹមថា សេចក្តីជំនឿខុសឆ្គងនេះនឹងមិនចូលទៅក្នុងចិត្តរបស់យើងម្តងទៀតឡើយ។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំមិនអាចជារបស់ក្រុមមនុស្សដែលមិនបានសង្រ្គោះបានឡើយ។ យើងគឺជាអ្នកដែលបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយការជឿលើធាតុទាំងពីរនេះ (អំបោះពណ៌ផ្ទៃមេឃ និងពណ៌ក្រហម) ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់អំណោយទាននៃសេចក្តីសង្រ្គោះទាំងពីរនេះ ដែលព្រះអម្ចាស់បានសង្រ្គោះខ្ញុំ។ ដោយសារព្រះបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់ខ្ញុំយ៉ាងពេញលេញ ខ្ញុំក៏បានរួចពីបណ្តាសា និងការជំនុំជម្រះដែរហើយ។
យើងបានទទួលជីវិតអស់កល្បជានិច្ច ដោយសារការជឿតាមព្រះបន្ទូលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីអាថ៌កំបាំងដែលត្រូវបានលាក់ទុកនៅក្នុងពន្លួញទាំងពីរ និងជើងប្រាក់ទាំងពីរនៃក្តាររោងឧបោសថ។ ជាការពិត សេចក្តីសង្រ្គោះរបស់យើងដែលបានមកពីអំបោះពណ៌ផ្ទៃមេឃ និងពណ៌ក្រហម គឺជាមានតម្លៃយ៉ាងវិសេសវិសាលបំផុត។ ដូច្នេះ ចូរចងចាំ និងជឿថា សេចក្តីសង្រ្គោះរបស់អ្នកបានគ្រប់លក្ខណ៍ មិនដោយសារព្រះលោហិតនៅលើឈើឆ្កាង ឬដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវតែមួយមុខទេ ប៉ុន្តែដោយសារបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយថា ដោយការជឿតាមសេចក្តីពិតទាំងពីរនេះ អ្នកអាចធ្វើជាកូនរបស់ព្រះបាន។
ខ្ញុំសូមថ្វាយការអរព្រះគុណទាំងអស់របស់ខ្ញុំទៅកាន់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ ហាលេលូយ៉ា!