Search

Mahubiri

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 8-1] ត្រែដែលប្រកាសពីគ្រោះកាចទាំង៧ (វិវរណៈ ៨:១-១៣)

ត្រែដែលប្រកាសពីគ្រោះកាចទាំង៧
(វិវរណៈ ៨:១-១៣)
«កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះក៏មានត្រែ៧បានប្រគល់ទៅឲ្យ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក  នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និងកក្រើកដី រួចទេវតាទាំង៧ដែលកាន់ត្រែ៧នោះ ក៏រៀបនឹងផ្លុំឡើង ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង ទេវតាទី២ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទំលាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ក៏ត្រឡប់ទៅជាឈាម ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក ផ្កាយនោះឈ្មោះហៅថា [ស្លែង] ហើយទឹក១ភាគក្នុង៣ បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត»
 


ការកាត់ស្រាយ


វិវរណៈ ៨ កត់ត្រាគ្រោះកាចទាំងឡាយ ដែលព្រះនឹងទម្លាក់មកលើផែនដីនេះ។ នៅទីនេះ សំណួរសំខាន់បំផុតមួយគឺថា ពួកបរិសុទ្ធនឹងមានចំណែកជាមួយអស់អ្នកដែលនឹងរងទុក្ខដោយសារគ្រោះកាចទាំងនេះដែរ ឬអត់។ ព្រះគម្ពីរប្រាប់យើងថា ពួកបរិសុទ្ធក៏នឹងត្រូវឆ្លងកាត់គ្រោះកាចនៃត្រែទាំង៧នេះផងដែរ។ ពួកគេនឹងត្រូវឆ្លងកាត់គ្រោះកាចទាំងអស់ លើកលែងតែគ្រោះកាចចុងក្រោយគេ។ គ្រោះកាចនៃត្រែទាំង៧នេះគឺជាគ្រោះកាចពិតប្រាកដ និងជាក់ស្តែង ដែលព្រះនឹងទម្លាក់មកលើផែនដីនេះ។ ព្រះប្រាប់យើងថា ទ្រង់នឹងដាក់ទោសលោកិយនេះ ដោយគ្រោះកាចផ្សេងៗ ដែលនឹងចាប់ផ្តើមដោយការផ្លុំត្រែទាំង៧របស់ពួកទេវតា។ 

ខ.១៖ កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង។
នេះសំដៅទៅលើភាពស្ងប់ស្ងាត់ នៅមុនសេចក្តីក្រោធរបស់ព្រះត្រូវបានចាក់មកលើមនុស្សជាតិ។ ព្រះនឹងរក្សាភាពស្ងៀមស្ងាត់មួយរយៈ មុនពេលទ្រង់ទម្លាក់គ្រោះកាចដ៏គួរឲ្យភ័យខ្លាចរបស់ទ្រង់មកលើផែនដីនេះ។ នេះបង្ហាញប្រាប់យើងអំពីភាពសាហាវ និងភាពឃោឃៅនៃគ្រោះកាចនៃត្រែទាំង៧របស់ទ្រង់មកលើមនុស្សជាតិ។ នៅពេលមនុស្សជាតិឈរនៅចំពោះព្រះ បន្ទាប់ពីបានឆ្លងកាត់គ្រោះកាចទាំងនេះហើយ អស់អ្នកដែលបានសង្រ្គោះ នឹងទទួលបានជីវិតអស់កល្បជានិច្ច ប៉ុន្តែអស់អ្នកដែលមិនបានសង្រ្គោះ នឹងទទួលបានទណ្ឌកម្មអស់កល្បជានិច្ចវិញ។ ដូច្នេះ ដោយដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាណា យើងត្រូវតែប្រុងប្រៀបជានិច្ច ហើយធ្វើការងារផ្សាយដំណឹងល្អ។ 

ខ.២៖ ២ រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះក៏មានត្រែ៧បានប្រគល់ទៅឲ្យ។
ព្រះបានប្រើទេវតាទាំង៧ ដើម្បីធ្វើការងាររបស់ទ្រង់។ ប៉ុន្តែចូរយើងកុំភ្លេចថា នៅក្នុងសម័យសព្វថ្ងៃនេះ ព្រះធ្វើការ តាមរយៈមនុស្សសុចរិត ដែលជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ 
ខ.៣៖ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើ អាសនាមាសដែលនៅមុខបល្ល័ង្ក។ 
នេះបង្ហាញប្រាប់យើងថា ដោយបានស្តាប់ឮសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធក្នុងកំឡុងការបៀតបៀន និងសេចក្តីទុក្ខវេទនាដ៏ធំរបស់ពួកគេពីសំណាក់សាតាំង ព្រះនឹងនាំគ្រោះកាចទាំងអស់របស់ទ្រង់មកលើផែនដីនេះ។ «ពានមាស» នៅទីនេះ សំដៅទៅលើសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ ដែលមានន័យថា កាលណាសេចក្តីអធិស្ឋានរបស់ពួកគេត្រូវបាននាំទៅដល់ព្រះហើយ ព្រះរាជកិច្ចទាំងអស់របស់ទ្រង់នឹងត្រូវបានសម្រេច។ ព្រះធ្វើការ ដោយការស្តាប់សេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ។ 

ខ.៤៖ នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ។ 
នេះបង្ហាញប្រាប់យើងថា អាទទឹងនឹងព្រះគ្រីស្ទបានធ្វើទុក្ខដល់ពួកបរិសុទ្ធនៅលើផែនដីនេះខ្លាំងប៉ុណ្ណា។ ដោយសារតែការរងទុក្ខវេទនាដ៏ធំនៅថ្ងៃចុងក្រោយ ពួកបរិសុទ្ធនឹងអធិស្ឋានទៅកាន់ព្រះ ដើម្បីកំចាត់អាទទឹងនឹងព្រះគ្រីស្ទចោល ធ្វើឲ្យសេចក្តីទុក្ខវេទនាដ៏ធំកន្លងពួកគេទៅយ៉ាងឆាប់រហ័ស និងបង្ហាញអ្នកសម្លាប់ពួកគេថា សេចក្តីក្រោធរបស់ព្រះសម្រាប់ពួកគេមានភាពសាហាវឃោឃៅប៉ុណ្ណា។ ខនេះបង្ហាញថា ព្រះនឹងទទួលយកសេចក្តីអធិស្ឋានទាំងអស់របស់ពួកបរិសុទ្ធ។ ដោយបានទទួលយកសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ព្រះនឹងចាប់ផ្តើមកាត់ទោសអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមវា ដោយគ្រោះកាចនៃត្រែទាំង៧ និងចានទាំង៧។ ការកាត់ទោសរបស់ព្រះលើអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមវា គឺជាការឆ្លើយតបចុងក្រោយចំពោះសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ។ 

ខ.៥-៦៖ រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើ  អាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និងកក្រើកដី រួចទេវតាទាំង៧ដែលកាន់ត្រែ៧នោះ ក៏រៀបនឹងផ្លុំឡើង។ 
ព្រះកំពុងតែត្រៀមគ្រោះកាចនៃត្រែទាំង៧សម្រាប់ផែនដីនេះ។ ដូច្នេះ ផែនដីនេះនឹងមិនរួចពីសម្លេង ផ្គរលាន់ ផ្លេកបន្ទោរ និងការរញ្ជួយដីឡើយ។ 

ខ.៧៖ ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង។ 
គ្រោះកាចទីមួយគឺជាការដុតកម្ទេចមួយភាគបីនៃផែនដីនេះ ដែលមួយភាគបីនៃដើមឈើ និងស្មៅទាំងអស់នឹងត្រូវឆេះខ្ទេច។ គ្រោះកាចនេះនឹងធ្លាក់មកលើព្រៃឈើនៅលើផែនដីនេះ។ 
ហេតុអ្វីព្រះនឹងទម្លាក់គ្រោះកាចប្រភេទនេះមក? ពីព្រោះទោះបីជាមនុស្សបានមើលឃើញផ្ទាល់ភ្នែកពីសម្រស់នៃការបង្កបង្កើតរបស់ព្រះក៏ដោយ ក៏ពួកគេមិនបានចាត់ទុកអ្នកបង្កបង្កើតជាព្រះ ហើយថ្វាយបង្គំទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបាន «គោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក» (រ៉ូម ១:២៥)។ ដូច្នេះ ព្រះទម្លាក់គ្រោះកាចនៃត្រែទាំង៧មកលើអស់អ្នកដែលមិនថ្វាយសិរីល្អដល់ព្រះ តែបែរជាទាស់ប្រឆាំងនឹងទ្រង់វិញ។ ធ្

ខ.៨-៩៖ ទេវតាទី២ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទំលាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ក៏ត្រឡប់ទៅជាឈាម ៩ ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគ៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ។ 
គ្រោះកាចនៃត្រែទីពីរ គឺជាការធ្លាក់ផ្កាយមួយមកលើផែនដី។ អាចម៍ផ្កាយនឹងធ្លាក់ទៅក្នុងសមុទ្រ ហើយធ្វើឲ្យមួយភាគបីនៃសមុទ្រក្លាយទៅជាឈាម និងសម្លាប់មួយភាគបីនៃសត្វនៅក្នុងសមុទ្រ និងបំផ្លាញមួយភាគបីនៃនាវា។ តាមរយៈធម្មជាតិដែលព្រះបានបង្កើត មនុស្សជាតិបានទទួលព្រះពរជាច្រើន។ ប៉ុន្តែជំនួសឲ្យការអរព្រះគុណដល់ព្រះសម្រាប់ព្រះពរនៃធម្មជាតិ ពួកគេបានត្រឡប់ជាល្ងង់ខ្លៅ និងបះបោរចំពោះព្រះ។ ដូច្នេះ គ្រោះកាចទីពីរដាក់ទណ្ឌកម្មពួកគេ សម្រាប់អំពើបាបនេះហើយ។ 

ខ.១០៖ ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក។ 
ហេតុអ្វីព្រះបានអនុញ្ញាតឲ្យអាចម៍ផ្កាយនេះធ្លាក់ «ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក»? ពីព្រោះទោះបីជាមនុស្សជាតិរស់នៅដោយសារព្រះអម្ចាស់ ដែលជាប្រភពជីវិតក៏ដោយ ក៏ពួកគេមិនបានថ្វាយបង្គំ និងអរព្រះគុណដល់ទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រមាថមើលងាយព្រះអម្ចាស់នៃជីវិតនេះ។ 

ខ.១១៖ ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣ បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។ 
ដោយសារគ្រោះកាចនេះ មួយភាគបីនៃទន្លេ និងរន្ធទឹកនឹងត្រឡប់ទៅជាពុល ហើយមនុស្សជាច្រើននឹងស្លាប់ ដោយសារការផឹកទឹកទាំងនោះ។ នេះគឺជាគ្រោះកាចនៃទណ្ឌកម្មសម្រាប់ពួកមនុស្សមានបាប ដែលបានទាស់ប្រឆាំងនឹងព្រះ និងបានធ្វើទុក្ខដល់ចិត្តរបស់ពួកបរិសុទ្ធ។ ព្រះនឹងមិនខកខានឡើយ ក្នុងការសងសឹកចំពោះមនុស្សមានបាប សម្រាប់   ទង្វើរបស់ពួកគេប្រឆាំងនឹងមនុស្សសុចរិត។ កាលណាមនុស្សមានបាបធ្វើឲ្យមនុស្សសុចរិតរងទុក្ខ ព្រះនឹងកាត់ទោសពួកគេ។ គ្រោះកាចទីបីក៏ជាគ្រោះកាចមួយទៀតមកលើផែនដីនេះផងដែរ។ គ្រោះកាចនេះធ្លាក់មក ដោយសារអំពើបាបរបស់មនុស្សដែលមិនស្តាប់បង្គាប់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ។ «ស្លែង» នៅក្នុងព្រះគម្ពីរ តែងតែសំដៅទៅលើការជំនុំជម្រះលើអស់អ្នកដែលមិនស្តាប់បង្គាប់ និងបដិសេធព្រះ។ 

ខ.១២៖ ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ។ 
គ្រោះកាចទីបួន គឺជាការធ្វើឲ្យមួយភាគបីនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយប្រែជាងងឹត។ នៅក្នុងពេលនេះ មនុស្សជាតិបាន និងកំពុងតែដើរតាមសាតាំង និងស្រឡាញ់សេចក្តីងងឹត។ ដូច្នេះ ពួកគេមិនចូលចិត្តពន្លឺនៃសេចក្តីសង្រ្គោះ ដែលចេញពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យនោះឡើយ។ ដូច្នេះ ដើម្បីបង្រៀនពួកគេអំពីភាពគួរឲ្យភ័យខ្លាច និងភាពអាក្រក់នៃពិភពនៃសេចក្តីងងឹត ព្រះនឹងទម្លាក់គ្រោះកាចនៃភាពងងឹតនេះមកលើពួកគេ។ ហើយគ្រោះកាចនេះក៏ដើម្បីបង្ហាញពីភាពសាហាវឃោឃៅនៃសេចក្តីក្រោធរបស់ព្រះផងដែរ សម្រាប់អំពើបាបរបស់ពួកគេ ដែលបានស្អប់ព្រះយេស៊ូវគ្រីស្ទ និងស្រឡាញ់ សេចក្តីងងឹត។ ជាលទ្ធផល មួយភាគបីនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយនឹងបាត់បង់ពន្លឺរបស់ខ្លួន ហើយនឹងត្រូវងងឹត។ 

ខ.១៣៖ រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។
ខនេះប្រាប់យើងថា នៅមានគ្រោះកាចបីទៀត ដែលនឹងត្រូវធ្លាក់មកលើអស់អ្នកដែលរស់នៅលើផែនដីនេះ។ ដូច្នេះ មនុស្សមានបាបទាំងអស់ និងអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ គួរតែប្រញាប់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និង ព្រះវិញ្ញាណ។