Search

Mahubiri

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 13-2] រូបរាងរបស់ អាទទឹងនឹងព្រះគ្រីស្ទ (វិវរណៈ ១៣:១-១៨)

រូបរាងរបស់ អាទទឹងនឹងព្រះគ្រីស្
(វិវរណៈ ១៣:១-១៨)
 
ដោយផ្អែកលើបទគម្ពីរមេ ឥឡូវនេះ ខ្ញុំនឹងពិភាក្សាអំពីការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ និងទុក្ករកម្មរបស់ពួកបរិសុទ្ធ។ ចេញពីជំពូក១៣ យើងមើលឃើញសត្វមួយចេញពីសមុទ្រមក។ សត្វនេះដែលមានស្នែងដប់ និងក្បាលប្រាំពីរ គឺជាអាទទឹងនឹងព្រះគ្រីស្ទ។ បទគម្ពីរប្រាប់យើងថា នៅលើស្នែងរបស់សត្វ មានមកុដដប់ ហើយនៅលើក្បាលរបស់វា មានឈ្មោះជាពាក្យប្រមាថ។ បទគម្ពីរក៏ប្រាប់យើងផងដែរថា សត្វនេះដូចជាខ្លារខិន ជើងដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់ដូចជាមាត់របស់តោ។ លើសពីនេះ នាគបានប្រគល់អំណាច បល្ល័ង្ក និងសិទ្ធិអំណាចដ៏ធំដល់វា។ ក្បាលរបស់វាមួយបានមានរបួសដល់ស្លាប់ ប៉ុន្តែរបួសនេះបានជាសះស្បើយវិញយ៉ាងអស្ចារ្យ។ 
ដោយមានការស្ងើចសរសើរចមពោះការនេះ មនុស្សនៅក្នុងលោកិយទាំងមូលបានចាប់ផ្តើមដើរតាមសត្វសាហាវនេះ ហើយដោយសារវាបានទទួលសិទ្ធិអំណាចពីនាគ ពួកគេបានថ្វាយបង្គំទាំងនាគ និងទាំងសត្វសាហាវនេះ ដោយនិយាយថា «តើអ្នកណាដូចជាសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»។ បទគម្ពីរក៏ប្រាប់យើងផងដែរថា សត្វសាហាវបានទទួលសិទ្ធិអំណាចនិយាយការដ៏ធំ និងពាក្យប្រមាថ ហើយបន្តកិច្ចការរបស់វាសម្រាប់រយៈពេល៤២ខែ។
 


សត្វសាហាវដែលឡើងពីសមុទ្រ


អ្វីដែលសាវកយ៉ូហានបានមើលឃើញ គឺជាការលេចមកនៃអាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងចំណោមពួកអ្នកដឹកនាំលោកិយនេះ នៅថ្ងៃចុង ក្រោយ។ អាទទឹងនឹងព្រះគ្រីស្ទនេះគឺជាសត្វសាហាវដែលឡើងពីសមុទ្រមក ដែលជាសត្វចម្លែកមួយមានស្នែងដប់ និងក្បាលប្រាំពីរ។ 
ជាដំបូង យើងត្រូវស្វែងយល់ថា សត្វសាហាវនេះគឺជាសត្វសាហាវពិតប្រាកដ ដែលពិតជានឹងលេចមកនៅលើផែនដីនេះ ឬយ៉ាងណា។ មានចំណុចពិតសំខាន់អំពីសត្វសាហាវនេះ ដែលទាក់ទាញចំណាប់អារម្មណ៍ពីយើង៖ ទីមួយ សត្វនេះពិតជានឹងលេចមកលើផែនដីនេះ ហើយសម្លាប់មនុស្សជាច្រើន ឬយ៉ាងណា ហើយទីពីរ សត្វសាហាវនេះសំដៅទៅ អាទទឹងនឹងព្រះគ្រីស្ទដែលផ្តាច់ការ ដែលនឹងលេចចេញមកពីពួកអ្នកដឹកនាំពិភពលោក ឬយ៉ាងណា។ បញ្ហាទាំងនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីមនុស្ស។ អស់អ្នកដែលយល់ពីបញ្ហាទាំងនេះ អាចនិយាយថា ពួកគេងាយនឹងយល់ ប៉ុន្តែសម្រាប់អស់អ្នកដែលមិនយល់ ពួកគេមានសំណួរថា «តើសត្វសាហាវនេះពិតជានឹងលេចមកនៅថ្ងៃចុងក្រោយ ហើយគ្រប់គ្រងលើមនុស្សមែនឬ?»។ 
អ្វីដែលព្រះមានបន្ទូលមកកាន់យើងនៅក្នុងជំពូក១៣ គឺអំពីការលេចមកនៅពេលអនាគតនៃស្តេចមួយនៅក្នុងលោកិយនេះ ដែលនឹងត្រូវបានគ្រប់គ្រង ដោយសាតាំង។ ឃ្លាថា «សត្វសាហាវឡើងចេញពីសមុទ្រ» មានន័យថា ស្តេចមួយក្នុងចំណោមស្តេចទាំង៧នៅលើផែនដីនេះ នឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ។ បទគម្ពីរក៏ប្រាប់យើងផងដែរថា ជាតិសាសន៍ជំនួនដប់នឹងរួបរួមគ្នាជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយគ្រប់គ្រងលើផែនដីដែលត្រូវវិនាសទាំងស្រុងនេះ។ 
របួសដល់ស្លាប់នៅលើក្បាលមួយរបស់សត្វនោះ និងការជាសះស្បើយពីរបួសនោះប្រាប់យើងថា ស្តេចមួយក្នុងចំណោមស្តេចទាំង៧នឹងមានរបួសដល់ស្លាប់ ប៉ុន្តែក៏នឹងជាសះស្បើយពីរបួសដល់ស្លាប់នោះដែរ។ ស្តេចនេះនឹងត្រូវបានប្រកាសថាស្លាប់ ប៉ុន្តែបានរស់ឡើងវិញយ៉ាងអស្ចារ្យ ហើយបន្ទាប់មក ស្តេចនេះប្រព្រឹត្តដូចជានាគ។ នាគនៅទីនេះ សំដៅទៅលើសាតាំង។ ដូចជានាគដែរ សត្វនឹងមានសិទ្ធិអំណាចទាំងអស់ ដើម្បីបំផ្លាញ និងធ្វើទុក្ខដល់មនុស្ស។ កាលណាថ្ងៃចុងក្រោយមកដល់ មនុស្សព្រៃផ្សៃនេះនឹងលេចមកនៅលើផែនដីនេះ ហើយសម្លាប់មនុស្សចោល ដូចជាសាហាវព្រៃផ្សៃដូចជាសត្វសាហាវនៅក្នុងខ្សែភាពយន្តដែរ។ 
កាលណាបាវបម្រើរបស់សាតាំងលេចមក ពិភពលោកទាំងមូលនឹងចាប់ផ្តើមឈានទៅរកសេចក្តីវិនាស។ វីធីសាស្ត្រធ្វើការរបស់សាតាំងនៅគ្រានោះ គឺត្រូវតែប្រើបាវបម្រើរបស់វាសម្លាប់មនុស្សចោល។ នេះគឺជាគោលការណ៍ដូចគ្នា ដែលព្រះសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាប តាមរយៈពួកបរិសុទ្ធរបស់ទ្រង់។
យើងត្រូវស្វែងយល់យ៉ាងច្បាស់លាស់អំពីអត្ថន័យរបស់បទគម្ពីរនេះ ដែលមានសម្រាប់យើង។ ដោយសារក្បាលរបស់សត្វសាហាវមានរបួសដល់ស្លាប់ អ្នកដឹកនាំម្នាក់របស់ពិភពលោកនេះដែលបានជាសះស្បើយពី របួសនេះ នឹងទទួលបានសិទ្ធិអំណាចពីនាគ ហើយការគោរពកោតខ្លាចពីមនុស្ស ទុកដូចជាព្រះ។ ដូច្នេះហើយ យើងត្រូវតែចងចាំថា មនុស្សបានប្រកាសថា «តើអ្នកណាដូចជាសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»។ 
អាទទឹងនឹងព្រះគ្រីស្ទនេះ ដែលលេចឡើងនៅក្នុងបទគម្ពីរនេះ នឹងទទួលបានការគោរពកោតខ្លាចពីមនុស្សទាំងអស់ ដែលនៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង ហើយទាស់ប្រឆាំងនឹងព្រះ។ វាមានន័យថា អ្នកដឹកនាំដ៏មានអំណាចម្នាក់ នឹងលេចមកក្នុងពិភពលោកនៅថ្ងៃចុងក្រោយ ហើយគ្រប់គ្រងលើពិភពលោកនេះ។ អ្នកដឹកនាំនេះគឺជាម្នាក់ក្នុងចំណោមពួកអ្នកដឹកនាំជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោកនេះ។ តាមរយៈការទទួលបានវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទពីសាតាំង វានឹងលេចមកក្នុងនាមជាអ្នកដឹកនាំដ៏មានអំណាចម្នាក់។ ពិភពលោកនេះនឹងនៅក្រោមអំណាចគ្រប់គ្រងរបស់អ្នកដឹកនាំនេះ ហើយវាសោយរាជ្យលើទាំង អស់។ នៅថ្ងៃអនាគត ពិភពលោកនឹងរួបរួមគ្នាទៅជារដ្ឋតែមួយ។ ជាតិសាសន៍ដែលរីកចម្រើននៅសព្វថ្ងៃនេះ នឹងសហការជាមួយគ្នាទៅវិញទៅមក ហើយពង្រីកអំណាចគ្រប់គ្រងរបស់ពួកគេលើពិភពលោកទាំងមូល ដោយការគាំទ្រអ្នកដឹកនាំដ៏មានអំណាច។
នៅទ្វីបអឺរ៉ុប ឥឡូវនេះ យើងមានសហភាពអឺរ៉ុប ហើយនៅទ្វីបអាស៊ី និងទ្វីបអាមេរិក មានអង្គការទាំងឡាយដែលខិតខំដាក់បញ្ចូលរដ្ឋនីមួយៗឲ្យទៅជាអង្គការនយោបាយតែមួយ។ កាលណាអង្គការទាំងនេះកាន់តែរីកចម្រើន សហរដ្ឋរួបរួមដ៏ធំមួយនឹងលេចឡើង ហើយអ្នកដឹកនាំដ៏មានអំណាចឥទ្ធិពលម្នាក់ក៏នឹងលេចចេញមកដែរ។ អ្នកដឹកនាំនេះនឹងដើរតួនាទីរបស់អាទទឹងនឹងព្រះគ្រីស្ទដែលទាស់ប្រឆាំងនឹងព្រះ។ អ្នកដឹកនាំនេះនឹងក្លាយជាអ្នកដឹកនាំដែលមានអំណាចដ៏អស្ចារ្យ ដើម្បីសោយរាជ្យ និងកៀបសង្កត់ពិភពលោកទាំងមូល តាមចិត្តរបស់ខ្លួន។ 
ហេតុអ្វី? ពីព្រោះតាមរយៈការទទួលបានសមត្ថភាពដ៏អស្ចារ្យ និងសិទ្ធិអំណាចពីនាគដែលជាសាតាំង វាមានប្រាជ្ញាខុសពីមនុស្សធម្មតា ហើយគំនិតររបស់វាក៏នឹងខុសពីគំនិតរបស់អ្នកដទៃដែរ។ ប្រាជ្ញានិងអំណាចរបស់វានឹងខ្ពង់ខ្ពស់ដល់មេឃ។ ហើយអ្វីដែលវានិយាយ នឹងបំពេញសម្រេចទាំងអស់ ដោយគ្មានបញ្ហា ហើយគ្មានអ្នកណាហ៊ាន ដណ្តើមតំណែងរបស់វាឡើយ។ គ្រានៃការសោយរាជ្យរបស់វាគឺជាគ្រាសេះសម្បុរស្លាំង ដែលមានកត់ទុកនៅក្នុង វិវរណៈ ៦។ 
គ្រាសេះសម្បុរស្លាំងពិតជានឹងមកដល់នៅពេលអនាគត ហើយលោកិយនេះនឹងក្លាយជាកម្មសិទ្ធិរបស់អាទទឹងនឹងព្រះគ្រីស្ទមួយរយៈ។ ប៉ុន្តែអស់អ្នកដែលមិនដឹងពីសេចក្តីពិតនេះ ពិតជាចង់មើលឃើញអ្នកដឹកនាំដ៏មានអំណាចម្នាក់ដូចជាអាទទឹងនឹងព្រះគ្រីស្ទនេះលេចមក។ ទោះបីជាយ៉ាងណា ពួកបរិសុទ្ធស្គាល់សេចក្តីពិតនេះ ហើយនឹងដឹងខ្លួនជានិច្ចនៅក្នុងគ្រានេះ ហើយដូច្នេះ កាលណាពេលវេលានេះមកដល់ ពួកគេនឹងអាចទ្រាំទ្រ និងតយុទ្ធនឹងអាទទឹងនឹងព្រះគ្រីស្ទ ហើយស៊ូធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេបាន។ 
នៅសព្វថ្ងៃនេះ មិនមែនមនុស្សជាច្រើនគោរពស្រឡាញ់អ្នកដឹកនាំប្រទេសរបស់ពួកគេទេ។ មិនថាពួកគេរស់នៅក្នុងប្រទេសណា ជាទូទៅ មនុស្សមិនពេញចិត្តចំពោះពួកអ្នកដឹកនាំនយោបាយរបស់ពួកគេទេ។ មនុស្សនៅទូទាំងពិភពលោក រង់ចាំអ្នកដឹកនាំដែលមានសមត្ថភាពខ្លាំង ម្នាក់។ ហេតុអ្វី? ពីព្រោះពួកគេចង់បានអ្នកដឹកនាំម្នាក់ ដែលអាចដោះស្រាយបញ្ហាទាំងអស់ដែលកំពុងតែហ៊ុំព័ទ្ធពិភពលោកនេះ ចាប់ពីកង្វះស្បៀងអាហារ ទៅដល់បម្រែបម្រួលបរិស្ថាន បញ្ហាសាសនា ការជាប់គាំងសេដ្ឋកិច្ច ភាពតានតឹងជាតិសាសន៍...។ល។ កាលណាអ្នកដឹកនាំពិភពលោក ដែលមានអំណាច និងប្រាជ្ញាដ៏អស្ចារ្យលេចមក មនុស្សគ្រប់គ្នានៅក្នុងពិភពលោកនឹងគោរពកោតខ្លាចគាត់ទុកដូចជាព្រះ ហើយសប្បាយរីករាយនៅក្រោមការគ្រង់គ្រងរបស់គាត់។ ដូច្នេះ អ្នកដឹកនាំនេះដែលជាអាទទឹងនឹងព្រះគ្រីស្ទដែលក្តោបក្តាប់ពិភពលោកទាំងមូលនៅក្នុងដៃ នឹងដោះស្រាយគ្រប់បញ្ហាទាំងអស់។ 
យើងចង់បានអ្នកដឹកនាំនយោបាយម្នាក់ ដែលយើងអាចគោរពគាត់គ្រប់ផ្នែកទាំងអស់ ប៉ុន្តែសេចក្តីប៉ងប្រាថ្នានេះមានលក្ខណៈធំពេកហើយ ពីព្រោះអ្នកដឹកនាំបែបនេះមិនអាចលេចមក ឬមានអត្ថិភាពពិតប្រាកដបានឡើយ។ ប៉ុន្តែកាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមកដោះស្រាយបញ្ហានយោបាយ និងសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកនេះ វានឹងក្លាយជាអ្នកដឹកនាំដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន គឺជាអ្នកដឹកនាំដែលអាចធ្វើឲ្យនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកមានស្ថេរភាពបាន។ 
កាលណាគ្រាសេះខ្មៅកន្លងផុតទៅ ហើយគ្រាសេះសម្បុរស្លាំងចាប់ផ្តើម ពិភពលោកដែលរងការបំផ្លិចបំផ្លាញ ដោយសារគ្រោះកាចនៃត្រែទាំង៧ នឹងស្វែងរកអ្នកដឹកនាំដែលមានសមត្ថភាពខ្លាំងម្នាក់។ ដូច្នេះ មនុស្សនឹងស្វែងរកអ្នកដឹកនាំផ្តាច់ការម្នាក់។ អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកនៅពេលនេះ ដោយនិយាយ និងប្រព្រឹត្តដូចជាព្រះ។ ដោយសារវានឹងជាសះស្បើយពីរបួសដល់ស្លាប់របស់វា មនុស្សនឹងស្ងើចសរសើរដល់វា។ ហើយដោយសារវារស់ឡើងវិញ និងធ្វើការក្នុងនាមជាអ្នកដឹកនាំម្នាក់ដែលមានអំណាច ភាពក្លាហាន ការប្តេជ្ញាចិត្ត និងប្រាជ្ញាដ៏អស្ចារ្យ មនុស្សនៅទូទាំងពិភពលោកនឹងចាត់ទុកវាជាព្រះ។ 
ដូច្នេះ សូម្បីតែសាសន៍អ៊ីស្រាអែលក៏នឹងជឿថា វាគឺជាព្រះមែស៊ីដែលពួកគេបានរង់ចាំជាយូរមកហើយដែរ។ ប៉ុន្តែពួកគេនឹងបានដឹងយ៉ាងលឿនថា វាគឺជាអ្នកកុហក ហើយថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីពិតប្រាកដរបស់ពួកគេ ហើយពួកគេជាច្រើននឹងបានសង្រ្គោះ។ អាទទឹងនឹងព្រះ គ្រីស្ទនឹងស្តាប់ឮមនុស្សនិយាយថា «តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»។ វានឹងសម្លាប់អស់អ្នកដែលមិនស្តាប់បង្គាប់វាចោល ដោយគ្មានការលើកលែង។
កាលណាគ្រាសេះសម្បុរស្លាំងមកដល់ ពិភពលោកទាំងមូលនឹងមិនគ្រាន់តែរងទុក្ខយ៉ាងខ្លាំងពីគ្រោះធម្មជាតិ ភ្លើងឆេះមួយភាគបីនៃព្រៃឈើ និងឈ្លក់ផ្សែងប៉ុណ្ណោះទេ ប៉ុន្តែមនុស្សក៏នឹងរួបរួមគ្នានៅក្រោមអ្នកដឹកនាំម្នាក់ ដើម្បីបម្រើវាទុកដូចជាព្រះផងដែរ។ ពួកគេនឹងលើកអ្នកដែលដោះស្រាយបញ្ហាទាំងនេះឡើងឲ្យខ្ពស់ដូចជាព្រះ។ 
គ្រប់ការទាំងនេះគឺជាអ្វីដែលព្រះបានរៀបចំផែនការ។ ដើម្បីឲ្យគ្រប់ការទាំងនេះកើតឡើងចំពោះពិភពលោកនេះ ជាដំបូង ត្រូវតែមានបម្រែ បម្រួលអាកាសធាតុសកលធ្ងន់ធ្ងរ ហើយកិច្ចព្រមព្រៀងរវាងអ្នកដឹកនាំជាតិសាសន៍នីមួយៗទៅលើសេចក្តីត្រូវការសិទ្ធិអំណាចគ្រប់គ្រងកណ្តាលមួយ។ ឥឡូវនេះ កិច្ចព្រមព្រៀងដែលស្វែងរកអ្នកដឹកនាំប្រភេទនេះ បានចូលទៅក្នុងគ្រាសេះខ្មៅនៃសម័យបច្ចុប្បន្ននេះហើយ។ ឥឡូវនេះ ពិភពលោកត្រូវការអ្នកដឹកនាំយ៉ាងខ្លាំងម្នាក់។ ដោយសារអ្នកដឹកនាំនៃជាតិសាសន៍នីមួយៗមិនអាចបំបាត់ការមិនពេញចិត្តរបស់ពលរដ្ឋរបស់ខ្លួនបាន ឥឡូវនេះ មនុស្សជាតិកំពុងតែស្វែងរកអ្នកដឹកនាំដែលខ្លាំងម្នាក់ ដែលអាចដោះស្រាយបញ្ហាទាំងអស់ដែលពួកគេកំពុងតែប្រឈមបាន។ 
បើសិនអ្នកពិនិត្យមើលឲ្យកាន់តែជិត លើអ្វីដែលកំពុងតែកើតឡើងនៅក្នុងពិភពលោក អ្នកនឹងដឹងថា ការទាំងអស់នេះអាចនឹងក្លាយជាការពិតបាន។ អ្នកដឹកនាំដែលត្រូវបានទាយទុក នឹងមានភាពសាហាវឃោរឃៅបំផុត បុរសម្នាក់ដែលមានអំណាចផ្តាច់ការ និងសមត្ថភាពដ៏ អស្ចារ្យ ដូចដែលបទគម្ពីរពិពណ៌នាវាថា ជើងដូចជាជើងខ្លាឃ្មុំ មាត់ដូចជាមាត់ខ្លា ហើយមុខដូចជាមុខខ្លារខិន។ 
បុរសនេះដែលបានទទួលសិទ្ធិអំណាចពីនាគ នឹងប្រមាថព្រះ ពួក ទេវតារបស់ទ្រង់ និងពួកបរិសុទ្ធរបស់ទ្រង់។ ហើយវានឹងទាស់ប្រឆាំងនឹងពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ។ អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់ពួកបរិសុទ្ធ នៅពេលវាបង្ខំឲ្យពួកគេបោះបង់ជំនឿរបស់ពួកគេចោល។ ដោយសារពួកបរិសុទ្ធនឹងបដិសេធមិនបោះបង់ជំនឿរបស់ពួកគេនៅពេលនេះ ពួកគេនឹងត្រូវបានវាសម្លាប់ចោលទាំងអស់។ ហើយដោយសារតែ អាទទឹងនឹងព្រះគ្រីស្ទមានសិទ្ធិអំណាចលើពិភពលោកទាំងមូល វានឹងសម្លាប់ និងបំផ្លាញអស់អ្នកដែលមិនស្តាប់តាមបញ្ជារបស់វា ដោយសេរី។ 
ខ.៨ប្រាប់យើងថា «ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ»។ ដោយសារអាទទឹងនឹងព្រះគ្រីស្ទនឹងសោយរាជ្យក្នុងនាមជាអ្នកដឹកនាំផ្តាច់ការម្នាក់ វានឹងបញ្ជាឲ្យសម្លាប់អស់អ្នកដែលមិនស្តាប់តាមវា។ ទោះបីយ៉ាងណា សម្រាប់ពួកបរិសុទ្ធ ពេលវេលានោះនឹងជាពេលវេលានៃទុក្ករកម្មរបស់ពួកគេ។ 
ពាក្យថា «ថ្វាយបង្គំ» ចេញពីខ.៨ នៅទីនេះ មានន័យថា គោរពកោតខ្លាច និងបម្រើម្នាក់ដែលផ្តាច់ការ។ នៅថ្ងៃចុងក្រោយ មនុស្សនៅលើផែនដីនេះនឹងថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទទុកដូចជាព្រះ ហើយផ្តល់ការគោរពកោតខ្លាចខ្លាំងជាងស្តេចណាៗទាំងអស់ពីមុនមក។ ប៉ុន្តែមនុស្សមួយក្រុមនឹងមិនថ្វាយបង្គំអ្នកដឹកនាំនេះឡើយ។ ពួកគេគឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ ពួកគេនឹងមិនទទួលស្គាល់អាទទឹងនឹងព្រះគ្រីស្ទជាព្រះឡើយ ហើយដូច្នេះ ពួកគេនឹងមិនថ្វាយបង្គំវាឡើយ ប៉ុន្តែស៊ូស្លាប់ ដើម្បីការពារជំនឿរបស់ពួកគេវិញ។ 
 


សត្វមួយទៀតចេញពីផែនដី


អាទទឹងនឹងព្រះគ្រីស្ទក៏មានហោរាក្លែងក្លាយរបស់វាផងដែរ។ ហោរាក្លែងក្លាយនេះគឺជាអ្នកដែលនឹងលើកអាទទឹងនឹងព្រះគ្រីស្ទឡើងខ្ពស់ ហើយក៏គំរាមសម្លាប់អស់អ្នកដែលមិនស្តាប់បង្គាប់តាមសត្វ។ វិវរណៈ ១៣:១១ និយាយថា «ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ»។ សត្វទីពីរដែលលេចឡើងនៅទីនេះ គឺជាបាវបម្រើរបស់សត្វទីមួយដែលជាអាទទឹងនឹងព្រះគ្រីស្ទ។ ដូចជាអាទទឹងនឹងព្រះគ្រីស្ទដែរ វានឹងក៏នឹងទាស់ប្រឆាំងនឹងព្រះ ហើយសម្លាប់មនុស្សនៅលើផែនដីនេះ និងមនុស្សសុចរិត។ 
ដោយបានទទួលសិទ្ធិអំណាចពីនាគ វានឹងបង្ខំមនុស្សឲ្យថ្វាយបង្គំ អាទទឹងនឹងព្រះគ្រីស្ទ ដែលលេមកមុនវា ទុកដូចជាព្រះ។ ដោយសារវាក៏នឹងបានទទួលសិទ្ធិអំណាចពីនាគផងដែរ វានឹងធ្វើអ្វីដែលនាគចង់ឲ្យវាធ្វើ។ វានឹងមិនគ្រាន់តែបង្ខំឲ្យមនុស្សថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទដែលបានលេចមកមុនវា និងសម្លាប់អស់អ្នកដែលមិនស្តាប់បង្គាប់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើការអស្ចារ្យផ្សេងៗ ដូចជាការធ្វើឲ្យភ្លើងធ្លាក់ពីមេឃ ហើយប្រព្រឹត្តដូចជាអាទទឹងនឹងព្រះគ្រីស្ទទៀតផង។ វានឹងធ្វើឲ្យសត្វដែលមានរបួសដល់ស្លាប់ ក្លាយទៅជាព្រះនៅចំពោះមនុស្សគ្រប់គ្នា។ 
ដូច្នេះ តើអ្នកណានឹងធ្វើការទាំងអស់នេះ? វាគឺជាហោរារបស់ អាទទឹងនឹងព្រះគ្រីស្ទ។ ការងាររបស់វា គឺត្រូវធ្វើរូបរបស់អាទទឹងនឹងព្រះគ្រីស្ទដែលបានលេចមកមុនវា ហើយធ្វើឲ្យមនុស្សលើកតម្កើងអាទទឹងនឹងព្រះគ្រីស្ទនេះឲ្យខ្ពស់ដូចជាព្រះ។ ដើម្បីធ្វើដូច្នេះ វានឹងផ្លុំជីវិតចូលទៅក្នុងរូបរបស់អាទទឹងនឹងព្រះគ្រីស្ទ ដើម្បីធ្វើឲ្យវានិយាយ ហើយសម្លាប់អស់អ្នកដែលមិនថ្វាយបង្គំរូបព្រះរបស់សត្វ ទោះបើពួកគេមានគ្នាច្រើនប៉ុណ្ណាក៏ដោយ។ ដោយសារពួកបរិសុទ្ធនឹងត្រូវបានគេសម្លាប់ ដោយសារពួកគេបដិសេធមិនថ្វាយបង្គំរូបព្រះ នឹងមានចំនួនទុក្ករបុគ្គលយ៉ាងច្រើនរាប់មិនអស់លេចមកនៅពេលនេះ។ 
ហើយគ្រប់គ្នាដែលមិនបានកើតជាថ្មីនៅក្នុងលោកិយនេះ នឹងភ័យញ័រនៅចំពោះសេចក្តីស្លាប់របស់ពួកគេ ហើយធ្វើជាបាវបម្រើរបស់សេចក្តីស្លាប់។ ដូច្នេះ ពួកគេទាំងអស់គ្នានឹងថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទទុកដូចជាព្រះ។ ពួកគេអាចមានប្រាជ្ញា និងបញ្ញាចិត្តបះបោរនឹងអ្នកដឹកនាំ ផ្តាច់ការ ប៉ុន្តែភ្លាមៗពួកគេនឹងត្រូវបានបំបាត់ចោល និងសម្លាប់ ដោយភើ្លងពីមាត់របស់ហោរាក្លែងក្លាយ និងអាទទឹងនឹងព្រះគ្រីស្ទ។ 
ដោយបានធ្វើរូបព្រះ ហោរាក្លែងក្លាយនេះនឹងនិយាយថា «គ្រប់គ្នាត្រូវតែទទួលយកសញ្ញានៃឈ្មោះ ឬលេខរបស់វា!»។ បន្ទាប់មក វានឹងបង្កើតច្បាប់ហាមឃាត់អ្នកណាដែលមិនមានសញ្ញានេះ ពីការទិញលក់គ្រប់ប្រភេទ ដើម្បីឲ្យគ្រប់គ្នាទទួលយកសញ្ញានៃឈ្មោះរបស់សត្វនេះ។ ខ.១៨និយាយថា «នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦»។ 
ទោះបីជាយើងចាត់ទុកលេខ៦៦៦ជាអ្វីមួយដែលស្មុគស្មាញក៏ដោយ វានៅតែមានន័យថា ឈ្មោះរបស់អាទទឹងនឹងព្រះគ្រីស្ទ ឬលេខរបស់វា ដែរ។ ការទទួលយកសញ្ញារបស់សត្វមានន័យថា ការទទួលយកសញ្ញានៃឈ្មោះរបស់វាដាក់នៅលើថ្ងាស ឬដៃស្តាំ។ មនុស្សត្រូវតែផ្តិតឈ្មោះរបស់អ្នកដឹកនាំនេះនៅលើខ្លួន ដែលវាគឺជាលេខ ដែលត្រូវបានធ្វើឲ្យទៅជា បាកូដមួយ។ 
មនុស្សត្រូវការសញ្ញានេះនៅគ្រប់ទីកន្លែង នៅពេលពួកគេព្យាយាមទិញអ្វីមួយ។ សូម្បីតែនៅពេលអ្នកជិះឡានក្រុង ក៏អ្នកត្រូវត្រូវការលេខ ឌីជិថលនេះនៅលើខ្លួនរបស់អ្នកដែរ ហើយបើសិនអ្នកមិនមានសញ្ញានេះទេ គេនឹងហាមឃាត់អ្នកហើយ។ សព្វថ្ងៃនេះគឺជាសម័យឌីជិថល ដែលជាសម័យលេខ។ ដោយសារគ្រប់យ៉ាងត្រូវបានបកប្រែទៅជាតួលេខ អ្វីដែលពីមុនមានភាពស្មុគស្មាញបំផុត បានត្រឡប់ជាធម្មតានៅពេលនេះ។ នៅក្នុងសម័យបែបនេះ សញ្ញារបស់សត្វនឹងលេចមក។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើរូបព្រះមួយឲ្យដូចជាខ្លួនរបស់វា ហើយបញ្ជាឲ្យមនុស្សថ្វាយបង្គំវាទុកដូចជាព្រះ។ ពេលវេលាពិតជានឹងមកដល់ នៅពេលមនុស្សសត្រូវបានបង្ខំឲ្យហៅអាទទឹងនឹងព្រះគ្រីស្ទជាព្រះសរសើរតម្កើងវា និងផ្តល់កិត្តិយសដល់ឈ្មោះរបស់វា ហើយទទួលឈ្មោះរបស់វាដាក់នៅក្នុងដៃស្តាំស្តាំ ឬថ្ងាស។ កាលណាការទាំងនេះកើតឡើង ពួកបរិសុទ្ធនឹងត្រូវបានគេស្លាប់ដោយព្រោះជំនឿ។ អាទទឹងនឹងព្រះគ្រីស្ទនឹងបញ្ជាឲ្យពួកបរិសុទ្ធទទួលយកសញ្ញារបស់វា ហើយថ្វាយបង្គំវា ដោយនិយាយថា «ដូច្នេះ ឯងជឿព្រះយេស៊ូវមែនទេ?«ឯងជឿថា ព្រះយេស៊ូវគឺជាព្រះរបស់ឯងមែនទេ? យកវាទៅសម្លាប់ចោលភ្លាម! ចូរថ្វាយបង្គំរូបនេះ ហើយហៅអញជាព្រះភ្លាម! ចូរជឿលើអញ ដែលជាអ្នកមានអំណាចទាំងអស់! បើមិនដូច្នេះទេ ឯងពិតជានឹងត្រូវងាប់!»។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងតម្រូវឲ្យមានជំនឿតែមួយពីពិភពលោកទាំងមូល។ ហើយវានឹងតម្រូវឲ្យគ្រប់គ្នាថ្វាយបង្គំវាទុកដូចជាព្រះ។ អស់អ្នកដែលមិនទទួលស្គាល់ថា វាគឺជាព្រះនៅពេលនេះ នឹងត្រូវបានគេសម្លាប់ចោល។ អាទទឹងនឹងព្រះគ្រីស្ទនឹងកាត់ទោសប្រហារជីវិតពួកបរិសុទ្ធដែលទាស់ប្រឆាំងនឹងវាជាសាធារណៈ។ 
អស់អ្នកដែលមិនមានឈ្មោះកត់ទុកទៅក្នុងបញ្ជីជីវិតរបស់កូនចៀម នឹងទទួលយកសញ្ញារបស់វា ហើយថ្វាយបង្គំវា។ កាលណាយើងទទួលបានការអត់តោសបាបនៅក្នុងចិត្តរបស់យើង ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង ហើយឈ្មោះរបស់យើងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតនៅក្នុងនគរស្ថានសួគ៌។ ដោយសារឈ្មោះរបស់យើងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធបានបោះត្រាចិត្តរបស់យើង យើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្នុងនាមជាកូនរបស់ព្រះ នៅពេលទ្រង់ហៅយើង។ 
តើយើងអាចបោះបង់ព្រះយេស៊ូវគ្រីស្ទ ដែលបានសង្រ្គោះយើង ហើយប្រកាសទទួលស្គាល់រូបរបស់សត្វជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើងនៅពេលនេះបានដែរទេ? ពិតជាមិនអាចឡើយ! ទោះបីជាយើងមិនពេញលេញនៅចំពោះទ្រង់ក៏ដោយ ព្រះអម្ចាស់បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានសម្អាតអំពើបាបទាំងអស់របស់យើង ដោយការទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសង្រ្គោះយើង ដោយការទទួលកាត់ទោសជំនួសយើងនៅលើឈើឆ្កាង។ 
ហើយដោយសារព្រះអម្ចាស់របស់យើងបានប្រាប់យើងជាមុនរួចហើយអំពីគ្រប់ការទាំងនេះដែលនឹងកើតឡើង យើងដែលជាពួកបរិសុទ្ធមិនអាចក្បត់ជំនឿរបស់យើង ក្នុងកំឡុងពេលនៃអាទទឹងនឹងព្រះគ្រីស្ទបានឡើយ។ ទោះបីជាពេលវេលានៃសេចក្តីវេទនាដ៏ធំនឹងមកដល់យើង ហើយយើងនឹងស្លាប់ក៏ដោយ យើងនៅតែជឿថា ព្រះអម្ចាស់នឹងធ្វើឲ្យយើងរស់នៅក្នុងនគរស្ថានសួគ៌របស់ទ្រង់ ដោយការប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ និងការលើកយើងឡើងទៅស្ថានសួគ៌ ភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់យើង។ 
ដោយសារយើងជឿថា បន្ទាប់ពីការលើកយើងឡើងទៅស្ថានសួគ៌ ព្រះនឹងបំផ្លាញផែនដីនេះចោល ដោយការចាក់គ្រោះកាចនៃចានទាំង៧របស់ទ្រង់មក ហើយថា បន្ទាប់ពីនេះ យើងនឹងចុះមកផែនដីវិញ ហើយសោយរាជ្យលើវាសម្រាប់រយៈពេលមួយពាន់ឆ្នាំ ហើយដូច្នេះ យើងមិនអាចលុតជង្គង់នៅចំពោះរូបព្រះបានឡើយ។ ដូច្នេះហើយបានជាពួកបរិសុទ្ធ និងពួកអ្នកបម្រើរបស់ព្រះសុខចិត្តលះបង់ជីវិតរបស់ពួកគេ។ 
ទោះបីយ៉ាងណា ហោរាក្លែងក្លាយនឹងព្យាយាមលួងលោមយើង។ វានឹងព្យាយាមលួងលោមយើងថា «ចូរមើល ឥឡូវនេះ ភាពវឹកវរកំពុងតែកើតឡើងពាសពេញពិភពលោកនេះ។ ខណៈដែលមនុស្សគ្រប់គ្នា រួមទាំងពួកអ្នកប្រាជ្ញា និងបញ្ញវន្តផង ជឿ និងដើរតាមអ្នកដឹកនាំកំពូលរបស់យើងទុកដូចជាព្រះ តើអ្នកនៅតែបន្តបដិសេធមិនជឿលើស្តេចដ៏មានអំណាចលើគ្រប់ទាំងអស់របស់យើងបានយ៉ាងដូចម្តេច?»។ ប៉ុន្តែបើសិនយើងតែងតែដឹង និងជឿតាមព្រះបន្ទូលព្រះជានិច្ច យើងនឹងយកឈ្នះនៅថ្ងៃចុងក្រោយ ដោយការស៊ូធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់យើង។ 
នៅក្នុងវិវរណៈ ១៤ មានពួកបរិសុទ្ធចំនួន១៤៤០០០នាក់ ដែលសរសើរតម្កើងព្រះនៅលើស្ថានសួគ៌។ នេះប្រាប់យើងអំពីការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធ បន្ទាប់ពី ទុក្ករកម្មរបស់ពួកគេ។ នៅកន្លែងផ្សេងៗទៀតនៅក្នុងព្រះគម្ពីរ ដូចជាអ្វីដែលសាវកប៉ុលប្រាប់យើងអំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ឬអ្វីដែលអ្នកបម្រើផ្សេងទៀតរបស់ព្រះបានទាយទុកនៅក្នុងព្រះគម្ពីរសញ្ញាណចាស់ យើងក៏អាចមើលឃើញអំពីការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ហើយពួកគេចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀម ជាមួយព្រះអម្ចាស់ផងដែរ។ ពួកបរិសុទ្ធនឹងចូលរួមពិធីមង្គលការនេះ។ 
ដូច្នេះ កាលណាពួកបរិសុទ្ធចូលទៅក្នុងពិធីមង្គលការរបស់កូនចៀមនៅលើស្ថានសួគ៌ ព្រះនឹងចាក់គ្រោះកាចនៃចានទាំង៧មក ដើម្បីបំផ្លាញផែនដីនេះចោលទាំងស្រុង។ បន្ទាប់ពីនេះ ផែនដីនេះនឹងត្រូវបានកែជាថ្មី ហើយពួកបរិសុទ្ធជាមួយព្រះអម្ចាស់នឹងចុះមកផែនដីនេះវិញ ហើយសោយរាជ្យនៅក្នុងនគររបស់ព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ដោយសារយើងដឹងពីគ្រប់ការពិតទាំងនេះ យើងមិនអាចចាត់ទុកអាទទឹងនឹងព្រះគ្រីស្ទជាព្រះបានឡើយ ទោះបើវាលួងលោម និងបង្ខំយើងឲ្យថ្វាយបង្គំរូបរបស់វា ថ្វាយបង្គំវាទុកដូចជាព្រះ និងបោះបង់ជំនឿរបស់យើងលើព្រះពិតចោលយ៉ាងណាក៏ដោយ។ យើងពិតជាមិនអាចធ្វើដូច្នេះបានឡើយ!
ដូចដែលសរសរនៅក្នុងព្រះគម្ពីរថា «រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ» (ហេព្រើរ ១១:១) ពួកហោរាជឿលើអ្វីដែលព្រះបានប្រាប់ពួកគេជាមុនអំពីគ្រប់ការដែលនឹងកើតឡើង។ ពួកអ្នកបម្រើ និងរាស្ត្ររបស់ព្រះដែលជឿតាមព្រះបន្ទូល គឺសុទ្ធតែជាសង្ឃ និងហោរាទាំងអស់។ តាមរយៈការអនុញ្ញាតឲ្យយើងប្រកាសដំណឹងល្អអំពីការអត់ទោសបាប ទៅកាន់មនុស្សគ្រប់គ្នានៅក្នុងលោកិយទាំងមូល ព្រះដឹកនាំព្រលឹងជាច្រើនឲ្យទទួលបានការអត់ទោសបាប។ ដោយសារព្រះអម្ចាស់បានសង្រ្គោះយើង ទោះបើយើងមិនពេញលេញនៅចំពោះទ្រង់ក៏ដោយ ទ្រង់បានយកយើងធ្វើជារាស្ត្ររបស់ទ្រង់ ហើយរហូតដល់ពេលវេលានេះ ទ្រង់តែងតែស្រឡាញ់ ដឹកនាំ និងប្រទានពរដល់យើងជានិច្ច។
ព្រះអម្ចាស់មិនគ្រាន់តែប្រទានសន្តិភាពខាងវិញ្ញាណដល់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានធ្វើឲ្យយើងដាក់សង្ឃឹមរបស់យើងទៅលើនគរស្ថានសួគ៌ផងដែរ តាមរយៈការប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ដូច្នេះ កាលណាយើងស្តាប់ឮអាទទឹងនឹងព្រះគ្រីស្ទបញ្ជាយើងឲ្យថ្វាយបង្គំវាទុកដូចជាព្រះ យើងត្រូវតែបដិសេធវា ដោយអស់ពីចិត្តរបស់យើង។ 
ដំបូងៗ យើងអាចភ័យខ្លាចចំពោះព្រឹត្តិការណ៍អាក្រក់ទាំងនេះ ប៉ុន្តែភ្លាមៗបន្ទាប់មក យើងដឹងថា ពេលវេលាដែលព្រះបានមានបន្ទូលអំពី បានមកដល់ហើយ។ យើងដែលជាពួកបរិសុទ្ធនឹងត្រឡប់ជាមានភាពស្ងប់ស្ងាត់វិញយ៉ាងលឿន ហើយចាប់ផ្តើមតយុទ្ធជាមួយអាទទឹងនឹងព្រះ គ្រីស្ទ។ «ដូច្នេះ ឯងគិតថា ឯងគឺជាព្រះពិតឬ? តើឯងបានបង្កើតសកលលោកដែរទេ? តើឯងបានបង្កើតមនុស្សជាតិដែរទេ? តើឯងពិតជាម្ចាស់នៃព្រលឹងរបស់មនុស្សមែនឬ?» ទាំងនេះគឺជាពាក្យសម្តី ដែលយើងនឹង តយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ។ 
កាលណាអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ពួកបិរសុទ្ធ និងពួកអ្នកបម្រើរបស់ព្រះនៅពេលនេះ យើងក៏នឹងត្រូវស្លាប់ផងដែរ។ ប៉ុន្តែព្រះនឹងមិនប្រួលប្រួលចំពោះយើងឡើយ។ ជំនឿមិនកើតឡើង ដោយការបង្ខំ ឡើយ។ ជំនឿក៏មិនកើតឡើង ឬបាត់ទៅវិញ ដោយការបង្ខំដែរ។ ប៉ុន្តែជំនឿពិតមានអំណាចដ៏ខ្លាំង ដើម្បីយកឈ្នះលើការបង្ខំ។ ដូច្នេះ ពួកបរិសុទ្ធនឹងស្លាប់ ហើយអាទទឹងនឹងព្រះគ្រីស្ទនឹងចាញ់ពួកបរិសុទ្ធ។ 
កាលណាអាទទឹងនឹងព្រះគ្រីស្ទធ្វើរូបព្រះឲ្យដូចជាខ្លួនវា ហើយបញ្ជាឲ្យពួកបរិសុទ្ធថ្វាយបង្គំវាទុកដូចជាព្រះ ពួកបរិសុទ្ធ និងពួកអ្នកបម្រើរបស់ព្រះនឹងស្រែកដាក់វាថា «តើឯងគឺជាអ្នកបម្រើរបស់ព្រះ ឬអ្នកបម្រើរបស់សាតាំង? តើឯងស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរទេ? តើឯងស្គាល់ និងជឿថា ព្រះយេស៊ូវគឺជាព្រះដែរទេ? នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកផែនដីនេះវិញ ទ្រង់នឹងបោះមនុស្សដូចជាឯងទៅក្នុងស្ថាននរកដ៏ជ្រៅ! តើឯងយល់ទេ កូនរបស់សាតាំង?»។ បន្ទាប់មក អាទទឹងនឹងព្រះ គ្រីស្ទ និងហោរារបស់វានឹងសម្លាប់ពួកបរិសុទ្ធ ហើយពួកបរិសុទ្ធនឹងស៊ូធ្វើទុក្ករកម្មរបស់ពួកគេសម្រាប់ព្រះដោយអំណរ។ 
ខ.១០ប្រាប់យើងថា «អ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ»។ នេះមានន័យថា បើសិនអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ពួកបរិសុទ្ធ ព្រះក៏នឹងបោះវា និងពួកអ្នកដើរតាមរបស់វាទៅក្នុងជង្ហុកធំផងដែរ ហើយក៏សម្លាប់ពួកវានៅលើផែនដីនេះផង។ កាលណាអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះធ្វើទុក្ខពួកបរិសុទ្ធ ពួកគេក៏នឹងត្រូវប្រឈមនឹងទុក្ខលំបាកកាន់តែធ្ងន់ធ្ងរពីព្រះផង។ 
ដូច្នេះ យើងត្រូវតែទាស់ប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ ដោយការទ្រាំទ្រនៃជំនឿរបស់យើង។ ពេលវេលានៃការបៀតបៀនមកដល់ពួកបរិសុទ្ធនៅពេលនេះនឹងមានរយៈពេលតែបីឆ្នាំកន្លះប៉ុណ្ណោះ ប៉ុន្តែអាចកាត់បន្ថយសេចក្តីវេទនា និងការបៀតបៀនមកលើពួកបរិសុទ្ធ មកត្រឹមតែពីរបីខែ ឬពីរសប្តាហ៍ប៉ុណ្ណោះ។ ទោះបីជាពួកបរិសុទ្ធនឹងត្រូវបានពួកវាសម្លាប់ក៏ដោយ ក៏ពួកគេនឹងរស់ឡើងវិញដែរ។ ពួកគេនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ ហើយពួកគេនឹងសោយរាជ្យជាមួយព្រះយេស៊ូវគ្រីស្ទនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ 
កាលណានគររាជ្យមួយពាន់ឆ្នាំមកដល់ សោភណ្ឌភាពនៃធម្មជាតិនឹងឡើងដល់កម្រិតខ្ពស់បំផុតរបស់វា ហើយពួកបរិសុទ្ធនឹងសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងរូបកាយឧត្តមរបស់ពួកគេ ដែលបានផ្លាស់ប្រែមកពីរូបកាយចាស់របស់ពួកគេ។ បន្ទាប់មក ពួកគេនឹងរស់នៅយ៉ាងមានសុភមង្គលជាមួយព្រះអម្ចាស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីជារៀងរហូតតទៅ។ ដូច្នេះ តើយើងដែលដឹង និងជឿលើការពិតទាំងនេះ អាចមិនទ្រាំទ្រចំពោះការរងទុក្ខតែមួយភ្លែត សម្រាប់ជំនឿរបស់យើងនៅក្នុងព្រះយេស៊ូវបានយ៉ាងដូចម្តេច?
ទោះបីជាសេចក្តីវេទនានៅពេលនេះមានទំហំធំយ៉ាងណាក៏ដោយ ក៏ពួកបរិសុទ្ធយ៉ាងច្រើនរាប់មិនអស់នឹងស៊ូធ្វើទុក្ករកម្មរបស់ពួកគេដែរ ហើយវាក៏គ្មានហេតុផលថា យើងនឹងមិនព្រមធ្វើទុក្ករកម្មរបស់យើងដែរ។ ដោយសារការទាំងនេះសុទ្ធតែពិតប្រាកដទាំងអស់ យើងនឹងមិនចុះចាញ់សេចក្តីវេទនាដ៏ធំដែលមានរយៈពេលតែមួយភ្លែត នៅលើផែនដីនេះ ឡើយ។ ហើយទោះបីជាផែនដីនេះប្រែក្លាយទៅជាស្ថានសួគ៌សម្រាប់រយៈពេលមួយរយឆ្នាំ ឬមួយពាន់ឆ្នាំក៏ដោយ ក៏យើងនៅតែមិនអាចចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទដែរ។ ការទាំងនេះមិននៅឆ្ងាយពីយើងឡើយ ប៉ុន្តែពួកវាជិតមកដល់យើងហើយ។ 
ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ ខណៈដែលពិភពលោកកំពុងតែមានសន្តិភាព។ ដើម្បីត្រៀមសម្រាប់ពេលវេលានៃសេចក្តីវេទនាដ៏ធំ ឥឡូវនេះ យើងត្រូវតែឧស្សាហ៍ប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងរយៈពេលមួយឆ្នាំទៀត ដំណឹងល្អដែលយើងកំពុងតែប្រកាសនេះ នឹងធ្វើការអស្ចារ្យបំផុត។ កិច្ចការដ៏អស្ចារ្យរបស់ដំណឹងល្អនឹងកើតឡើង ទាំងនៅក្នុងជាតិ និងទាំងអន្តរជាតិ។ ជាដំបូង មនុស្សអាចផ្តល់តម្លៃតិចតួចចំបោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ប៉ុន្តែមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលបើក សម្តែង នឹងស្វែងរក និងស្តាប់វា ហើយបែរមកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ ពីព្រោះពួកគេនឹងចាប់អារម្មណ៍យ៉ាងខ្លាំងលើព្រះបន្ទូលបើកសម្តែង ហើយពួកគេនឹងមិនអាចព្រងើយកន្តើយចំពោះវាបានឡើយ។ 
វិវរណៈ ១៣ គឺជាជំពូកដែលនិយាយអំពីទុក្ករកម្មរបស់ពួកបរិសុទ្ធ។ កាលណាពេលវេលានៃទុក្ករកម្មមកដល់ ពួកបរិសុទ្ធនឹងត្រូវបានគេសម្លាប់ ដោយដាវ ឬកាំភ្លើង។ ដូច្នេះ ពួកបរិសុទ្ធជាច្រើននឹងត្រូវសម្លាប់នៅក្នុងដៃរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែយើងអាចប្រឈមនឹងសេចក្តីស្លាប់របស់យើងបាន ដោយមិនភ័យខ្លាចឡើយ ពីព្រោះវាគឺគ្រាន់តែជាការស្លាប់ខាងសាច់ឈាម មិនមែនជាការស្លាប់ជំនឿឡើយ។ ដោយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងនឹងស្រែកពាក្យសម្តីក្លាហានដែលមិនអាចបរិយាយបាន។ 
អ្នកគ្មានអ្វីដែលត្រូវភ័យខ្លាចនោះឡើយ ទោះបើអ្នកមិនពូកែនិយាយ ឬកំសាកក៏ដោយ។ ចូរគិតពីពួកបរិសុទ្ធនៅសម័យពួកជំនុំដំបូង។ ពួកគេមិនបានចុះចូលចំពោះកម្លាំងរបស់សាតាំងឡើយ ពីព្រោះពួកគេត្រូវបានគេសម្លាប់តែម្នាក់ឯងទេ តែជាមួយគ្នាច្រើន ហើយពីព្រោះពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ចូរនឹកចាំថា ព្រះយេស៊ូវបានប្រាប់យើងរួចហើយថា «ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្តីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានព្រះបន្ទូលក្នុងខ្លួនអ្នកវិញ»។ 
កាលណាជនផ្តាច់ការដែលមានឈ្មោះថា អាទទឹងនឹងព្រះគ្រីស្ទ នឹងសោយរាជ្យបានមួយរយៈ ផែនដីនេះត្រូវវិនាសទាំងស្រុង ដោយសារគ្រោះកាចនៃត្រែទាំង៧របស់ព្រះ។ ដូច្នេះ យើងមិនអាចផ្តោះប្តូរស្ថានសួគ៌ដ៏អស់កល្បជានិច្ចសម្រាប់អ្វីមួយនៅលើផែនដីនេះបានឡើយ ទោះបើវាល្អយ៉ាងណាក៏ដោយ។ កាលណាផែនដីនេះបានប្រែក្លាយទៅជាកន្លែងមួយ ដែលមនុស្សពិបាករស់នៅ គឺទឹកទន្លេប្រែទៅជាស្លែង សមុទ្រទៅជាឈាម ហើយធម្មតាខូចខ្ទេចខ្ទីរអស់ យើងពិតជាមិនអាចចុះចូលចំពោះមនុស្សព្រៃផ្សៃម្នាក់នេះ ដែលនឹងព្យាយាមធ្វើឲ្យយើងក្បត់នឹងជំនឿរបស់យើងបានឡើយ។ 
ចាប់ពីថ្ងៃទុក្ករកម្មរបស់យើងតទៅ នៅលើផែនដីនេះនឹងមានជម្ងឺរាតល្បាតដែលមិនស្គាល់ឈ្មោះ វាយប្រហារយ៉ាងខ្លាំង ហើយស្រែចំការនឹងលែងបង្កើតផល ខណៈដែលពួកវាក្រៀមស្វិត និងរលាយបាត់ទៅដោយសារព្រិល។ នៅក្នុងពិភពលោកដូច្នេះ ទោះបើបោះចង់ជំនឿចោលក៏ដោយ ក៏គ្មានអ្នកណាម្នាក់នឹងចង់រស់នៅទៀតដែរ។ 
កណ្ឌគម្ពីរវិវរណៈប្រាប់យើងអំពីការទាំងអស់ដែលនឹងកើតឡើងនៅពេលអនាគត។ កាលណាគ្រាសេះខ្មៅនៅពេលបច្ចុប្បន្ននេះរំកិលទៅមុខតែបន្តិចទៀត គ្រាសេះសម្បុរស្លាំងពិតជានឹងមកដល់។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់របស់យើងនឹងយាងត្រឡប់មកវិញក្នុងពេលដ៏ឆាប់។ ខ្ញុំមិនកំពុងតែនិយាយថា អ្នកគួរតែបោះបង់ទ្រព្យសម្បត្តិទាំងអស់របស់អ្នកចោល ដោយសារព្រះអម្ចាស់ជិតយាងមកដល់នោះទេ។ ប៉ុន្តែខ្ញុំកំពុងតែនិយាយថា យើងគួរតែបន្តបម្រើព្រះអម្ចាស់របស់យើងឲ្យបានស្មោះត្រង់ និងខ្ជាប់ខ្ជួន រហូតដល់ថ្ងៃដែលអាទទឹងនឹងព្រះគ្រីស្ទលេចមក។ 
បើសិនអ្នកមានបញ្ហា ឬធ្លាក់ទឹកចិត្តនៅពេលនេះ ដោយប្រការណាមួយ អ្នកគួរតែលែងបារម្ភទៀតទៅ។ កាលណាអ្នក និងខ្ញុំបានដឹងថា យើងត្រូវធ្វើជាទុក្ករបុគ្គល ចិត្តរបស់យើងនឹងមានសន្តិភាព និងភាពស្ងប់ស្ងាត់។ នៅក្នុងន័យផ្សេង ដោយសារយើងត្រូវធ្វើជាទុក្ករបុគ្គល តើយើងនឹងមានសេចក្តីលោភអ្វីទៀត? បើសិនគ្មានសេចក្តីប៉ងប្រាថ្នានៅក្នុងយើងទេ យើងត្រូវតែប្រកាសដំណឹងល្អនេះទៅកាន់មនុស្សគ្រប់គ្នានៅក្នុងលោកិយទាំងមូល ដើម្បីឲ្យពួកបរិសុទ្ធជាច្រើននឹងលេចឡើងនៅថ្ងៃចុងក្រោយ បានសង្រ្គោះ និងស៊ូធ្វើទុក្ករកម្ម ដោយការជឿតាមដំណឹងល្អនេះ ហើយដូច្នេះ ទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មី។ ខ្ញុំក៏សង្ឃឹមផងដែរថា ពួកបរិសុទ្ធទាំងអស់នឹងយកនគររបស់ព្រះគ្រីស្ទធ្វើជាកម្មសិទ្ធិ ដោយជំនឿរបស់ខ្លួន បានរីកចម្រើន ដោយការជឿតាមសេចក្តីពិតនេះ ហើយស្ម័គ្រចិត្តប្រឈមនឹងការទាំងអស់នេះ ដែលរង់ចាំពួកគេនៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមក។ 
ព្រះបានប្រទានឲ្យយើងនូវព្រះពរនៃទុក្ករកម្ម។ មិនមែនអ្នកណាក៏អាចស៊ូធ្វើទុក្ករកម្មបានទេ ហើយមិនមែនអ្នកណាក៏អាចរស់នៅសម្រាប់ព្រះអម្ចាស់បានដែរ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានព្រះពរនេះដល់យើង ហើយខ្ញុំអរសប្បាយចំពោះការពិតថា ខ្ញុំនឹងស្លាប់ ដើម្បីជំនឿរបស់ខ្ញុំ។ ដោយសារយើងគ្មានសង្ឃឹម និងការទាក់ទងអ្វីជាមួយលោកិយនេះ ការស៊ូធ្វើទុក្ករកម្មនឹងជាសុភមង្គលដ៏ធំសម្រាប់យើង។ 
អ្វីដែលយើងត្រូវតែធ្វើ គឺសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ ដែលព្រះបានបត្រៀមទុកសម្រាប់យើង រស់នៅ ដោយខិតខំប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល រហូតដល់ថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់ ទទួលយកដោយអំណរ នៅពេលទ្រង់យាងមក ហើយចូលទៅកន្លែងដែលយើងបានសង្ឃឹមចង់បាន។ ចូរជឿតាមព្រះបន្ទូលនេះ ពីព្រោះការទាំងនេះពិតជានឹងកើតឡើងជាក់ជាមិនខាន។ 
យើងមិនអាចទទួលយកសញ្ញារបស់អាទទឹងនឹងព្រះគ្រីស្ទបានឡើយ ពីព្រោះយើងគឺជារាស្ត្រនៃនគរស្ថានសួគ៌។ ដោយសារការទទួលយកសញ្ញានេះ គឺជាជម្រើសផ្ទាល់ខ្លួន វាមិនមែនជាការបង្ខំដោយកម្លាំងបាយទេ ប៉ុន្តែដោយការទទួលយករបស់ចិត្តវិញ។ 
សូម្បីតែកូនៗរបស់យើង បើសិនដំណឹងល្អមាននៅក្នុងចិត្តរបស់ពួកគេ ក៏ពួកគេនឹងស៊ូធ្វើទុក្ករកម្មរបស់ពួកគេយ៉ាងក្លាហានជាងមនុស្សពេញ វ័យដែរ ពីព្រោះពួកគេក៏មានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេផង ដែរ។ ដូចដែលមនុស្សពេញវ័យទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេ បើសិនព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ ក្មេងៗ ពួកគេក៏ពិតជានឹងទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងព្រះរបស់ពួកគេផងដែរ។ ព្រះគម្ពីរប្រាប់យើងកុំឲ្យគិតអំពីអ្វីដែលត្រូវនិយាយ នៅពេលគេអូសយើងទៅចំពោះមុខអាទទឹងនឹងព្រះគ្រីស្ទ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញចិត្តរបស់យើង ដោយពាក្យសម្តីដែលយើងអាចនិយាយបាន។ 
កូនរបស់ព្រះក៏អាចភ័យខ្លាចផងដែរ បើសិនពួកគេនៅក្មេង និងខ្សោយខាងវិញ្ញាណ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេមិនភ័យខ្លាចឡើយ។ ពួកគេអាចស៊ូធ្វើទុក្ករកម្មបាន ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងពួកគេ។ ដោយសារពួកគេក៏ជារបស់ព្រះផងដែរ ទ្រង់នឹងទទួលយកព្រលឹងរបស់ពួកគេ អនុញ្ញាតឲ្យពួកគេហ៊ានស្លាប់ខាងរូបកាយ ហើយប្រទានរង្វាន់ឲ្យពួកគេបានសោយរាជ្យនៅក្នុងពិភពលោកដែលប្រសើរជាងនេះ។ 
ព្រះនឹងបានបំពេញព្រះបន្ទូលរបស់ទ្រង់ នៅក្នុងចិត្តរបស់អស់អ្នកដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យពួកគេ និយាយ។ ដោយសារមានតែព្រលឹងដែលព្រះបានជ្រើសរើស និងទទួលយកតែប៉ុណ្ណោះ ទើបអាចស៊ូធ្វើទុក្ករកម្មបាន ព្រះត្រូវតែត្រៀមជំនឿរបស់ពួកគេជាស្រេច សម្រាប់សិរីល្អរបស់ទ្រង់។ តាមរយៈការពិតថា យើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង ដោយសារយើងបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នានឹងទទួលបានរង្វាន់នៃនគររាជ្យមួយពាន់ឆ្នាំ និងសិរីល្អនៃផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
នៅថ្ងៃចុងក្រោយ យើងទាំងអស់គ្នានឹងមានបទពិសោធន៍នៃភាពបានពេញដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង។ ដោយសារយើងត្រូវតែធ្វើជាទុក្ករបុគ្គល នៅពេលគេសម្លាប់យើង តាមផែនការរបស់ព្រះ យើងទាំងអស់គ្នានឹងស៊ូធ្វើទុក្ករកម្មរបស់យើង ខណៈដែលកំពុងតែសរសើរតម្កើង ថ្វាយបង្គំ និងថ្វាយសិរីល្អដល់ទ្រង់ នៅក្នុងព្រះវត្តមានរបស់ទ្រង់។ ដោយសារយើងជឿព្រះ យើងដើរតាមទ្រង់ ដោយសារជំនឿរបស់យើងស្រែកថា «អាម៉ែន!»។ ហើយដោយសារយើងដឹងថា យើងត្រូវតែធ្វើទុក្ករកម្ម សេចក្តីលោភខាងសាច់ឈាមរបស់យើងរសាត់ចេញពីយើងដោយខ្លួនឯង ហើយធ្វើឲ្យព្រលឹងរបស់យើងបានបរិសុទ្ធបំផុត។ 
ការធ្វើទុក្ករកម្មដែលជាបំណងព្រះហឫទ័យព្រះសម្រាប់យើង នាំមកនូវព្រះពរដ៏ធំ និងការតម្កើងឡើងយ៉ាងខ្ពង់ខ្ពស់។ ដោយសារពួកបរិសុទ្ធសង្ឃឹមចង់រស់នៅជារៀងរហូតតទៅនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ពួកគេនឹងតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយការពារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់ពួកគេ រហូតដល់ទីបញ្ចប់។ នៅក្នុងពេលវេលានៃសេចក្តីវេទនាដ៏ធំនេះ ពួកបរិសុទ្ធទាំងអស់ដែលទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះរបស់ខ្លួន និងជឿលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ នឹងស៊ូធ្វើទុក្ករកម្មនៅចំពោះព្រះ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលបានប្រទានដល់យើងនូវព្រះពរនៃទុក្ករកម្មនេះ។