Search

Mahubiri

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-5] សាច់ឈាមដែលបម្រើ ច្បាប់របស់អំពើបាប (រ៉ូម ៧:២៤-២៥)

(រ៉ូម ៧:២៤-២៥)
«វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។»
 
 
វាគឺជាច្បាប់ ដែលសាច់ឈាមបម្រើអំពើបាប
 
តើជីវិតនៃសេចក្តីជំនឿរបស់អ្នកមានលក្ខណៈបែបណា? «ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ» (ម៉ាថាយ ២៦:៤១)។ តើអ្នកមិនដូច្នេះទេឬ?
ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា «ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ»។ ហើយទាំងនោះគឺជាច្បាប់ ដែលគ្រប់គ្រង យើង។ ចិត្តរបស់យើងស្រឡាញ់ព្រះ និងសេចក្តីពិត ប៉ុន្តែតាមនិស្ស័យរបស់យើង សាច់ឈាមបម្រើច្បាប់របស់អំពើបាបវិញ។ ហើយព្រះបន្ទូលព្រះប្រាប់យើងថា ចិត្តបម្រើដំណឹងល្អ និងសេចក្តីសុចរិតរបស់ទ្រង់ ប៉ុន្តែសាច់ឈាមបម្រើតែអំពើបាបប៉ុណ្ណោះ។
តើអ្នកដឹងថា ច្បាប់របស់អំពើបាបគឺជាអ្វីទេ? យើងចង់មានជីវិតស្មោះត្រង់មួយ។ ដូច្នេះ យើងដែលជាពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ មានសេចក្តីក្លាហានដូចជាសត្វតោ នៅពេលសាច់ឈាមរបស់យើងមិនបម្រើអំពើបាប។ ប៉ុន្តែយើងគ្មានអំណាចទេ នៅពេលសាច់ឈាមរបស់យើងបម្រើ និងខូចនៅក្នុងអំពើបាប។ យើងអាចគិតថា យើងនឹងមានអំណរ និងពេញដោយសេចក្តីក្លាហាន ដោយការមិនធ្វើបាបទៀតសោះ ប៉ុន្តែតាមការពិត យើងពិតជាមិនមានទំនុកចិត្តថា យើងនឹងមិនធ្វើបាបទៀតឡើយ។ ចិត្តរបស់ពួកបរិសុទ្ធ និងចិត្តរបស់អ្នកបម្រើរបស់ព្រះរួញខ្លី ដោយសារតែការពិតនេះ។
«♫អំពើបាបទាំងអស់របស់ខ្ញុំបានរលាយបាត់អស់! ♪ដោយសារព្រះគុណនៅកាល់វ៉ារី♫! ទោះបីជាយើងទទួលបានសេចក្តីប្រោសលោះ និងសរសើរតម្កើងព្រះដូច្នេះក៏ដោយ ក៏យើងមិនមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅដែរ នៅពេលយើងគិតអំពីជីវិតនៃសេចក្តីជំនឿរបស់យើងនៅពេលអនាគត។ យើងគិតអំពីភាពខ្សោយខាងសាច់ឈាម និងធ្វើការសន្និដ្ឋានថា «នៅពេលអនាគត ខ្ញុំមិនគួររស់នៅតាមរបៀបនេះទេ គឺខ្ញុំមិនគួរធ្វើបាបទៀតទេ»។ ប៉ុន្តែនៅពេលយើងពឹងផ្អែកលើព្រះអម្ចាស់ម្តងទៀត ហើយឈរយ៉ាងរឹងមាំនៅលើសេចក្តីសុចរិតរបស់ព្រះម្តងទៀត យើងសន្យាទៅចំពោះព្រះថា «អរព្រះគុណដល់ព្រះអម្ចាស់។ ហាលេលូយ៉ា។ ទូលបង្គំនឹងដើរតាមទ្រង់ រហូតដល់ទូលបង្គំស្លាប់»។ 
បន្ទាប់មក យើងបម្រើព្រះអម្ចាស់ ដោយភាពឆេះឆួល ប៉ុន្តែវាមិនស្ថិតស្ថេរនៅបានយូរទេ ពីព្រោះយើងនឹងខកចិត្តយ៉ាងឆាប់រហ័ស ដោយសារសាច់ឈាមរបស់យើង នៅពេលយើងធ្វើបាបម្តងទៀត។ តាមការពិត មនុស្សបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះទាំងអស់ ដែលបានសង្រ្គោះហើយ គឺបែបដូច្នេះឯង។ ដូច្នេះ ការពិតថា សាច់ឈាមបម្រើតែអំពើបាប តែងតែកៀបសង្កត់យើងជានិច្ច។ 
ខ្ញុំដឹងថា ព្រះអម្ចាស់មិនចង់ឲ្យយើងនៅជាប់នៅក្នុងភាពខ្សោយរបស់សាច់ឈាមទេ។ ដូច្នេះហើយបានជាសាវកប៉ុលបានបែងចែកព្រះវិញ្ញាណពីសាច់ឈាម។ «ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាប វិញ»។ សាច់ឈាមរបស់យើងមិនអាចបានប្រសើរឡើងឡើយ ពីព្រោះវាបម្រើតែច្បាប់របស់អំពើបាបប៉ុណ្ណោះ។ សាវកប៉ុលនិយាយថា នេះគឺជាច្បាប់។ សាច់ឈាមត្រូវបានបង្កើតឡើង ដើម្បីដើរតាម និងបម្រើតែអំពើបាបប៉ុណ្ណោះ។ តើអ្នកយល់ពីការពិតនេះទេ? វាគឺជាច្បាប់។ ហើយតើអ្នកណាអាចផ្លាស់ប្តូរច្បាប់នេះបាន? អ្នក និងខ្ញុំមិនអាចផ្លាស់ប្តូរច្បាប់នេះបានឡើយ។ ប៉ុន្តែតើយើងគួរតែបម្រើអ្នកណាដោយចិត្តរបស់យើង? យើងគួរតែបម្រើព្រះ។ យើងគួរតែបម្រើព្រះ សេចក្តីពិត ព្រលឹង និងសេចក្តីសុចរិតរបស់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។
 
 
ចូរកុំរំពឹងអ្វីច្រើនពីសាច់ឈាម
 
សាច់ឈាម ចង់ចម្រើនដល់សេចក្តីរីករាយ សេចក្តីសុខស្រួល សន្តិភាព អំណរខាងសាច់ឈាម និងអំណួររបស់វា មិនមែនសេចក្តីសុចរិតរបស់ព្រះឡើយហើយ។ សាច់ឈាមចង់បានគ្រប់យ៉ាង តាមដែលវាចង់បាន។
ដូច្នេះ ចូរកុំរំពឹងអ្វីច្រើនពីសាច់ឈាម។ ចូរកុំនិយាយថា «សាច់ឈាម ចូរស្តាប់។ ខ្ញុំចង់ឲ្យអ្នកធ្វើការល្អមួយ»។ ចូរបោះបង់ការរំពឹងចង់បានរបស់អ្នកថា សាច់ឈាមនឹងបានប្រសើរឡើង។ ហើយចូរកុំគិតថា សាច់ឈាមរបស់យើងស្រឡាញ់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ ឬថា វាចង់បម្រើសេចក្តីសុចរិតរបស់ព្រះ និងរងទុក្ខសម្រាប់ទ្រង់ឲ្យសោះ។
អ្នកដែលរំពឹងចង់បានអ្វីល្អពីសាច់ឈាម គឺជាមនុស្សចំកួតហើយ។ ដូច្នេះ តើយើងគួរតែធ្វើយ៉ាងដូចម្តេច? គ្រប់យ៉ាងត្រូវតែស្របទៅតាមច្បាប់របស់ព្រះអម្ចាស់។ បើសិនយើងស្គាល់ច្បាប់របស់ព្រះ តើយើងអាចផ្លាស់ប្តូរវាបានទេ? យើងពិតជាមិនអាចផ្លាស់ប្តូរវាបានឡើយ ពីព្រោះវាគឺជាច្បាប់របស់ព្រះអម្ចាស់។
ច្បាប់របស់ព្រះធ្វើឲ្យសាច់ឈាមបម្រើអំពើបាប។ បើសិនយើងបាក់ទឹកចិត្ត និងមុខរបស់យើងឡើងខ្មៅ នោះពីព្រោះតែយើងកំពុងតែបម្រើសាច់ឈាមហើយ។ សាច់ឈាមរបស់យើងចង់រស់នៅបានល្អ។ ដូច្នេះហើយបានជាវាតែងតែរាប់ខ្លួនឯងជាសុចរិតជានិច្ច។ ចូរយើងកុំរាប់ខ្លួនយើងជាសុចរិត ប៉ុន្តែទុកសាច់ឈាមឲ្យនៅតាមរបៀបរបស់វាចុះ។ ខ្ញុំចង់ឲ្យអ្នករស់នៅ ដោយសារសេចក្តីជំនឿនៅក្នុងព្រះអម្ចាស់នៅក្នុងចិត្តរបស់អ្នក។ រហូតដល់សាច់ឈាមស្លាប់ វានៅតែបន្តធ្វើបាបជានិច្ច ពីព្រោះវាបម្រើតែអំពើបាបប៉ុណ្ណោះ។ យើងមិនអាចមិនធ្វើបាប ដោយខ្លួនឯងបានឡើយ។ អ្នកអាចគិតថា «សាច់ឈាមអាចបានប្រសើរឡើង»។ ប៉ុន្តែការនេះមិនអាចកើតឡើងបានឡើយ។ ឬនៅពេលអ្នកធ្វើបាប ដោយមិនដឹងខ្លួន អ្នកអាចគិតថា «ដោយសារតែស្ថានភាពអាក្រក់»។ ទេ! វាមិនដោយសារតែស្ថានភាពអាក្រក់ឡើយ ពីព្រោះសាច់ឈាមត្រូវតែបម្រើអំពើបាប តាំងតែពីដើមដំបូងមកម៉្លេះ!
សាច់ឈាមមិនដែលធ្វើអ្វីមួយល្អឡើយ ប៉ុន្តែធ្វើបាប រហូតដល់ស្លាប់វិញ។ «តើសាច់ឈាមនឹងបានល្អប្រសើរដែរទេ?» ចូរកុំរំពឹងចង់បានដូច្នេះ ពីព្រោះអ្នកនឹងធ្លាក់ទឹកចិត្តជាមិនខាន។ ទោះបីជាអ្នកសម្រេចចិត្ត និងប្រាប់ខ្លួនឯងថា «ខ្ញុំនឹងមិនប្រព្រឹត្តដូច្នេះទៀតឡើយ» ក៏ដោយ ក៏សាច់ឈាមនៅតែធ្វើការអាក្រក់ដដែល ហើយវាក៏ទាស់ប្រឆំាងនឹងបំណងរបស់អ្នកផងដែរ។ តើអ្នកណាមិនបានសម្រេចចិត្តថា ខ្លួននឹងមិនធ្វើបាបទេឬ? គ្រប់គ្នាបានសម្រេចចិត្តមិនធ្វើបាប! ប៉ុន្តែវាគឺជាច្បាប់ ដែលសាច់ឈាមបម្រើតែអំពើបាបប៉ុណ្ណោះ។
សង្ឃ និងដូនជីកាតូលិក ក៏ដូចជាសង្ឃ និងតាបសពីសាសនាទាំងអស់ផងដែរ ព្យាយាមរស់នៅក្នុងជីវិតបរិសុទ្ធជាមួយសាច់ឈាមរបស់ពួកគេ។ ប៉ុន្តែសាច់ឈាមមិនអាចរស់នៅក្នុងជីវិតល្អឥតខ្ចោះបានឡើយ។ ដូច្នេះ ពួកគេរស់នៅក្នុងជីវិតដែលកំពុត ពីព្រោះយើងមិនអាចធ្វើល្អជាមួយសាច់ឈាមរបស់យើងបានឡើយ។ សាច់ឈាមបម្រើតែច្បាប់របស់អំពើបាបប៉ុណ្ណោះ។ នេះហើយគឺជាច្បាប់ ដែលព្រះបានបង្កើត ឡើង។ នេះគឺជាច្បាប់របស់ព្រះ ដូចដែលសត្វដង្កូវមិនអាចហើរបាន ខណៈដែលសត្វរៃអាចហើរនៅលើអាកាសបានដោយសេរីដែរ។ ដង្កូវស៊ីរបស់ស្មោគគ្រោក ហើយសាច់ឈាមរបស់មនុស្សក៏ចូលចិត្តប្រព្រឹត្តអំពើបាបដែរ។ តើអ្នកអាចនិយាយយ៉ាងស្មោះត្រង់បានទេថា អ្នកអាចរំពឹងចង់បានអ្វីមួយពីសាច់ឈាមរបស់អ្នកបាន? ពិតជាមិនអាចឡើយ។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៥)។
សាច់ឈាមរបស់យើងតែងតែធ្វើបាបជានិច្ច រហូតដល់យើងស្លាប់។ បន្ទាប់ពីបានហ្វឹកហាត់អស់រយៈពេលជាយូរមក តើសាច់ឈាមនឹងមិនធ្វើបាបទៀតឬ? ទេ! សាច់ឈាមមិនអាចបានប្រសើរឡើងឡើយ។ ដូច្នេះ តើវាមិនមានបញ្ហាទេឬ ដែលសាច់ឈាមធ្វើបាបយ៉ាងច្រើន តាមដែលវាចង់? ទេ! នេះមិនមែនជាអ្វីដែលខ្ញុំកំពុងតែនិយាយនៅទីនេះឡើយ។ ខ្ញុំចង់មានន័យថា សាច់ឈាមតែងតែធ្វើបាបជានិច្ច។ អំពើបាបរបស់យើងមិនពឹងផ្អែកលើឆន្ទះ ឬសមត្ថភាពរបស់យើងឡើយ។ យើងតែងតែធ្វើបាប ទោះបើយើងមិនចង់ធ្វើបាបក៏ដោយ ហើយយើងកាន់តែធ្វើបាប បើសិនយើងកាន់តែព្យាយាមមិនធ្វើបាប។ 
«តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៣-២៤)។ សាច់ឈាមមិនអាចធ្វើល្អបានឡើយ ពីព្រោះវានាំយើងទៅជាប់ក្រោមអំណាចរបស់អំពើបាប។
មនុស្សមិនចង់និយាយអំពីសេចក្តីពិតនេះទេ ហើយពួកគេខ្មាស់ចំពោះសេចក្តីពិតនេះ។ ពួកគេនិយាយថា «ចូរកុំនិយាយអំពីសេចក្តីពិត ដោយបើកចំហរ»។ ប៉ុន្តែសាវកប៉ុលបាននិយាយអំពីសេចក្តីពិត យ៉ាងបើកចំហរ។ សាច់ឈាមបម្រើអំណាចរបស់អំពើបាប។ ផ្ទុយពីឆន្ទះរបស់យើង យើងបម្រើអំពើបាប រហូតដល់យើងស្លាប់។ យើងមិនគ្រាន់តែបានកើតមក ដើម្បីធ្វើបាបប៉ុណ្ណោះទេ ប៉ុន្តែសាច់ឈាមរបស់យើងក៏ជាប្រដាប់ប្រដានៃអំពើបាបផងដែរ។
 
 
ព្រះអម្ចាស់បានជួយយើងឲ្យអាចបម្រើទ្រង់បាន
 
ពួកបរិសុទ្ធជាស្រឡាញ់! តើអ្នកគិតយ៉ាងដូចម្តេច? តើអ្នកគិតថា អ្នកអាចបម្រើព្រះអម្ចាស់ ដោយចិត្តរបស់អ្នកបានឬ បើសិនអ្នកបន្តព្យាយាម? តើវាអាចទៅរួចទេ? ទេ!
តើអ្នកណាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង? ព្រះយេស៊ូវបានសង្រ្គោះយើង។ តើព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់សាច់ឈាម ដែលបម្រើច្បាប់របស់អំពើបាបឬ? តើព្រះយេស៊ូវគ្រីស្ទពិតជាបានសង្រ្គោះយើង ដែលបម្រើច្បាប់របស់អំពើបាប និងប្រព្រឹត្តអំពើបាបពេញមួយជីវិតរបស់យើង ចេញពីអំពើបាបទាំងអស់របស់សាច់ឈាមឬ? ហើយតើព្រះអម្ចាស់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងឬ? ចម្លើយគឺពិតជាបាទ ទ្រង់ពិតជាបានធ្វើដូច្នេះមែន! សាច់ឈាមមិនអាចឈប់ធ្វើបាបបានឡើយ ហើយអ្នកក៏មិនអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក និងបានសង្រ្គោះចេញពីការជំនុំជម្រះរបស់ព្រះ ដោយសារសាច់ឈាមរបស់អ្នកបានដែរ។ ប៉ុន្តែព្រះអម្ចាស់បានធ្វើឲ្យវាទៅរួច គឺទ្រង់បានរាប់យើងជាសុចរិត ហើយទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ទោះបើយើងនៅតែខ្សោយក៏ដោយ។
ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានសង្រ្គោះយើង។ តើព្រះអម្ចាស់ដែលបានសង្រ្គោះយើងគឺជាអ្នកណា? ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ។ ហើយតើព្រះយេស៊ូវគឺជាអ្នកណា? ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអម្ចាស់នៃអ្នកជឿទាំងអស់។ ទ្រង់គឺជាព្រះអម្ចាស់ ដែលបានសង្រ្គោះយើង បានញែកជាយើងជាបរិសុទ្ធ និងបានជួយឲ្យយើងអាចបម្រើទ្រង់។
ព្រះអម្ចាស់បានជួយឲ្យយើងអាចរស់នៅ ដោយឥតមានបាប។ ព្រះអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ដែលបានបង្កើតយើង បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងបានរាប់ជាសុចរិតទាំងស្រុង ទោះបើសាច់ឈាមរបស់យើងបម្រើច្បាប់របស់អំពើបាប រហូតដល់វាស្លាប់ក៏ដោយ។ ដូច្នេះហើយបានជាសាវកប៉ុលបានអរព្រះគុណដល់ព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ហើយយើងក៏ត្រូវតែអរព្រះគុណដល់ព្រះ សម្រាប់ការបញ្ជូនព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងមកផែនដីនេះ ដើម្បីសង្រ្គោះយើងចេញពីបាបផងដែរ។
យើងត្រូវតែដឹងថា សេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់អស្ចារ្យខ្លាំង ណាស់។ ហើយយើងត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់គ្រប់ទាំងអំណាចព្រះចេស្តារបស់ទ្រង់ ដែលបានសង្រ្គោះសាច់ឈាមដ៏ពុករលួយរបស់យើង ដែលតែងតែធ្វើបាប រហូតដល់ស្លាប់។ ព្រះអម្ចាស់បានសង្រ្គោះយើង ដោយអំណាចព្រះចេស្តារបស់ទ្រង់ និងបានយកអវយវៈរបស់យើងធ្វើជាប្រដាប់ប្រដាបម្រើទ្រង់ ដោយសារសេចក្តីជំនឿ។ ព្រះ អម្ចាស់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះ ដើម្បីមិនឲ្យយើងធ្វើជាអ្នកបម្រើរបស់អំណាចតទៅទៀត។ 
តើព្រះអម្ចាស់មិនបានសង្រ្គោះយើងយ៉ាងឥតខ្ចោះទេឬ? ពិតហើយ ទ្រង់ពិតជាបានធ្វើដូច្នេះមែន! ទ្រង់បានសង្រ្គោះយើងទាំងស្រុង និងយ៉ាងឥតខ្ចោះ និងបានជួយឲ្យយើងអាចបម្រើទ្រង់បាន។ តើអ្នកណាបានធ្វើការដ៏អស្ចារ្យនេះ? ព្រះអម្ចាស់របស់យើងបានធ្វើដូច្នេះ! តើអ្នកណាបានរាប់អ្នកដែលតែងតែធ្វើបាប ជាសុចរិត និងជួយឲ្យអាចបម្រើព្រះបាន? ព្រះ អម្ចាស់របស់យើងបានធ្វើដូច្នេះ! ព្រះអម្ចាស់បានសង្រ្គោះយើង ដែលធ្វើបាបពេញមួយជីវិតរបស់យើង ចេញពីអំពើបាបទាំងអស់របស់យើង។ ហើយទ្រង់ក៏បានផ្លាស់ប្រែយើង ដើម្បីឲ្យយើងអាចបម្រើសេចក្តីសុចរិតរបស់ទ្រង់បានផងដែរ។ 
 
 
ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង
 
យើង ត្រូវតែគិតអំពីការពិតនេះ ពីព្រោះយើងគឺជាមនុស្សជាតិ។ ខ្ញុំគិតអំពីភាពអស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ ពីព្រោះខ្ញុំគឺជាមនុស្សម្នាក់។ បើសិនខ្ញុំមិនបានដឹងថា សាច់ឈាមបម្រើតែអំពើបាបប៉ុណ្ណោះទេ ខ្ញុំនឹងតែងតែខកចិត្ត ដោយសារតែសាច់ឈាមហើយ។ ហើយខ្ញុំប្រហែលជាបោះបង់ជីវិតនៃសេចក្តីជំនឿរបស់ខ្ញុំចោល ដោយសារតែអំពើបាបរបស់ខ្ញុំ ទោះបើខ្ញុំបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំក៏ដោយ។
«មុនពេលខ្ញុំបានសង្រ្គោះ ខ្ញុំអាចឈរបាន ទោះបើខ្ញុំបានធ្វើបាបក៏ដោយ។ ប៉ុន្តែបើសិនឥឡូវនេះខ្ញុំនៅតែធ្វើបាបទៀត ក៏ខ្ញុំនៅតែអាចឈរបានដដែល ទោះបើខ្ញុំបានសង្រ្គោះ ឬមិនបានសង្រ្គោះក៏ដោយ។ ដូច្នេះ តើការបានកើតជាថ្មីមានប្រយោជន៍អ្វី?» អ្នកអាចគិតថា អ្នកគួរតែបានល្អប្រសើរជាងមុន។ ដោយសារអ្នកបានសង្រ្គោះហើយ អ្នកគិតថា សាច់ឈាមរបស់អ្នកគួរតែបានល្អប្រសើរឡើងជាងពេលដែលអ្នកមិនទាន់បានសង្រ្គោះ។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មិនអាចយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយទេ។ 
យើងអាចអរព្រះគុណដល់ព្រះយេស៊ូវបាន លុះត្រាតែយើងស្គាល់ និងជឿថា អំពើបាបទាំងអស់របស់សាច់ឈាមត្រូវបានអត់ទោសឲ្យរួច ហើយ។ ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានដោះអំពើបាបទាំងអស់ ដែលខ្ញុំប្រព្រឹត្ត រហូតដល់ខ្ញុំស្លាប់។
នៅក្នុងសៀវភៅសរសើរតម្កើងភាសាកូរ៉េពីការបោះពុម្ពផ្សាយលើកមុន មានចម្រៀងសរសើរតម្កើងមួយបទច្រៀងថា «♪ហាលេលូយ៉ា! សរសើរតម្កើងទ្រង់! ♫អំពើបាបទាំងអស់របស់ខ្ញុំនៅអតីតកាលត្រូវបានអត់ទោសឲ្យហើយ! ហើយខ្ញុំដើរជាមួយព្រះអម្ចាស់យេស៊ូវ នោះគ្រប់ទីកន្លែងដែលខ្ញុំទៅ គឺជានគរស្ថានសួគ៌♪»។ តើពាក្យទាំងនេះមានន័យយ៉ាងដូចម្តេច? បើសិនព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងពីអតីតកាលហើយ តើយើងត្រូវធ្វើអ្វីបន្ទាប់មកទៀត? យើងមិនគួរធ្វើបាបជាមួយសាច់ឈាមទៀតទេ គឺយើងគួរតែខិតខំអធិស្ឋានសម្រាប់ការអត់ទោស កាលណាយើងប្រព្រឹត្តអំពើបាប ហើយយើងគួរតែរស់នៅឲ្យបានល្អ។ ប៉ុន្តែនេះគឺជាល្បិចដ៏អាក្រក់របស់សាតាំងទេ។
គ្មានអ្វីផ្អែមល្អែមជាងល្បិចនេះទេ។ សាតាំងបញ្ឆោតយើង ដោយនិយាយថា «អំពើបាបទាំងអស់របស់អ្នកពីអតីតកាលត្រូវបានអត់ទោសឲ្យហើយ។ ដូច្នេះ បើសិនអ្នកដើរជាមួយព្រះយេស៊ូវ និងបើសិនអ្នកមិនប្រព្រឹត្តអំពើបាបទៀត អ្នកអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ ប៉ុន្តែនៅពេលអនាគត កាលណាអ្នកធ្វើបាប អ្នកត្រូវតែថ្វាយការអធិស្ឋានលន់តួសម្រាប់ការអត់ទោស ដើម្បីឲ្យអ្នកបានចូលទៅក្នុងនគរស្ថានសួគ៌បាន។ តើអ្នកយល់ទេ?»។ ដូច្នេះ មនុស្សភាគច្រើនជឿតាមល្បិចនេះ នៅពេលពួកគេអានព្រះគម្ពីរ។ ពួកគេច្រៀងបទសរសើរតម្កើង ដោយទួញយំថា «♪ហាលេលូយ៉ា! សរសើរតម្កើងទ្រង់! ♫ អំពើបាបទាំងអស់របស់ខ្ញុំនៅអតីតកាលត្រូវបានអត់ទោសឲ្យហើយ! ហើយខ្ញុំដើរជាមួយព្រះអម្ចាស់យេស៊ូវ នោះគ្រប់ទីកន្លែងដែលខ្ញុំទៅ គឺជានគរស្ថានសួគ៌♪»។
ប៉ុន្តែពួកគេមិនអាចឈប់ធ្វើបាបបានឡើយ ពីព្រោះវាគឺជាច្បាប់របស់ព្រះសម្រាប់សាច់ឈាម។ សាច់ឈាមនៅតែបន្តធ្វើបាបម្តងហើយម្តង ទៀត។ ដូច្នេះ ពួកគេគិតថា ពួកគេត្រូវតែអធិស្ឋានសុំការអត់ទោស។ ពួកគេអធិស្ឋានលន់តួយ៉ាងឧស្សាហ៍ ដើម្បីទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ។ បន្ទាប់ពីអធិស្ឋានហើយ ពួកគេច្រៀងបទសរសើរតម្កើងថា «♪ហាលេលូយ៉ា! សរសើរតម្កើងទ្រង់! ♫ អំពើបាបទាំងអស់របស់ខ្ញុំនៅអតីតកាលត្រូវបានអត់ទោសឲ្យហើយ! ហើយខ្ញុំដើរជាមួយព្រះអម្ចាស់យេស៊ូវ នោះគ្រប់ទីកន្លែងដែលខ្ញុំទៅ គឺជានគរស្ថានសួគ៌♪»។ ប៉ុន្តែវាមិនស្ថិតស្ថេរនៅបានសូម្បីតែពីរ ឬបីថ្ងៃផង។ ប៉ុន្មានម៉ោងក្រោយ ពួកគេធ្វើបាបទៀត។ ពួកគេអាចអធិស្ឋាន និងតមសុំការអត់ទោស ប៉ុន្តែពួកគេមិនអាចចៀសផុតពីច្បាប់របស់ព្រះដ៏ផ្លាស់ប្តូរមិនបាន ខណៈដែលកំពុងរស់នៅក្នុងសាច់ឈាមនេះបានឡើយ។
តើពាក្យនៃបទសរសើរតម្កើងត្រឹមត្រូវទេ? មានតែអំពើបាបពីអតីតកាលប៉ុណ្ណោះ ទើបទទួលបានការអត់ទោស? ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់យើងចេញ មិនគ្រាន់តែអំពើបាបពីអតីតកាលប៉ុណ្ណោះឡើយ។ ឥឡូវនេះ យើងអាចសរសើរតម្កើងទ្រង់ថា «♪ហាលេលូយ៉ា! សរសើរតម្កើងទ្រង់! ♫ អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានអត់ទោសឲ្យហើយ! ហើយខ្ញុំដើរជាមួយព្រះអម្ចាស់យេស៊ូវ នោះគ្រប់ទីកន្លែងដែលខ្ញុំទៅ គឺជានគរស្ថានសួគ៌♪»។
អ្នកដែលបានសង្រ្គោះហើយ អាចច្របូកច្របល់ បន្ទាប់ពីពួកគេធ្វើបាបម្តងទៀត បើសិនពួកគេមិនដឹងថា វាគឺជាច្បាប់របស់ព្រះសម្រាប់សាច់ឈាមរបស់ពួកគេធ្វើបាប រហូតដល់ពួកគេស្លាប់។ ពួកគេងាយនឹងបាត់បង់សន្តិភាពផ្លូវចិត្ត កាលណាពួកគេមើលឃើញសេចក្តីអាក្រក់នៃសាច់ឈាមរបស់ពួកគេមានសភាពដូចគ្នាអ្នកដែលមិនបានកើតជាថ្មីដែរ។ នៅពេលពួកគេមិនធ្វើបាប ពួកគេមានសន្តិភាព។ ហើយនេះគឺជាការពិតមួយ ដែលយើងអាចមើលឃើញនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទទាំងអស់ ដែលមិនទាន់ទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។
ពួកគេអាចគ្រាន់តែច្រៀងជាមួយបបូរមាត់របស់ពួកគេថា «♫ អំពើបាបទាំងអស់របស់ខ្ញុំបានរលាយបាត់ហើយ។ អំពើបាបទាំងអស់របស់អ្នកក៏បានរលាយបាត់ដែរ។ អំពើបាបទាំងអស់របស់យើងរលាយបាត់ហើយ! ♫»។ ប៉ុន្តែបើសិនពួកគេធ្វើបាបម្តងទៀត ពួកគេគិតថា ពួកគេត្រូវតែទូលសុំការអត់ទោសម្តងទៀត។ កាលណាពួកគេធ្វើបានកាន់តែញឹកញាប់ ពួកគេច្រៀងកាន់តែឮតិចទៅៗថា «♫ អំពើបាបទាំងអស់របស់ខ្ញុំបានរលាយបាត់ហើយ។ អំពើបាបទាំងអស់របស់អ្នកក៏បានរលាយបាត់ដែរ។ អំពើបាបទាំងអស់របស់យើងរលាយបាត់ហើយ! ♫» ហើយខណៈដែលពេលវេលាកន្លងទៅ ពួកគេត្រឡប់ជាខកចិត្តនឹងខ្លួនឯង។ 
ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង យ៉ាងឥតខ្ចោះហើយ។ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដើម្បីឲ្យយើងអាចសរសើរតម្កើង និងអរព្រះគុណដល់ទ្រង់បានគ្រប់ពេលវេលា និងកាលៈទេសៈ។ ដូច្នេះ យើងអាចមានសន្តិភាពជាមួយទ្រង់ និងអធិស្ឋានទៅកាន់ព្រះសម្រាប់ជំនួយគ្រប់ពេលវេលា តាម រយៈព្រះយេស៊ូវគ្រីស្ទបាន។
 
 
បើសិនយើងដឹងថា សាច់ឈាមបម្រើតែច្បាប់របស់អំពើបាបប៉ុណ្ណោះ យើងអាចចៀសផុតពីបាប ដោយសារសេចក្តីជំនឿបាន
 
ហេតុអ្វី ជីវិតនៃសេចក្តីជំនឿរបស់អ្នកលំបាកដូច្នេះ? អ្នកពិបាកចិត្ត ដោយសារជីវិតនៃសេចក្តីជំនឿរបស់អ្នក ពីព្រោះអ្នកមិនស្គាល់សេចក្តីពិតថា សាច់ឈាមបម្រើតែច្បាប់របស់អំពើបាបប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែមានជីវិតខាងវិញ្ញាណ តាមរយៈការស្គាល់សេចក្តីពិតនេះ។
យើងបានស្គាល់សេចក្តីពិតរបស់ព្រះ និងមានការផ្លាស់ប្តូរ នៅពេលយើងស្តាប់ព្រះបន្ទូលទ្រង់ និងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក យ៉ាងឧស្សាហ៍។ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣១-៣២)។ «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។» ព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះ ចេញពីអំពើបាបទាំងអស់របស់យើង ដើម្បីឲ្យយើងអាចអរព្រះគុណដល់ទ្រង់ គ្រប់ពេលវេលា។ តើអ្នកជឿលើការពិតនេះទេ? ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងហើយ។
ចូរកុំអនុញ្ញាតឲ្យគំនិតរបស់អ្នកគ្រប់គ្រង និងកៀបសង្កត់អ្នក ពីព្រោះវានឹងដឹកនាំអ្នកទៅរកសេចក្តីវិនាស។ យើងអាចដើរតាមព្រះអម្ចាស់ អរព្រះគុណដល់ទ្រង់ និងរស់នៅក្នុងជីវិតនៃសេចក្តីជំនឿបាន លុះត្រាតែយើងមិនស្ថិតនៅក្រោមនឹមរបស់អំពើបាប។ បើសិនសេចក្តីជំនឿរបស់យើងដូចគ្នានឹងការប្រព្រឹត្តរបស់យើង និងបើសិនយើងដឹងថា យើងនឹងធ្វើបាបម្តងទៀត នោះយើងមិនអាចតែងតែមានអំណរ និងដើរតាមព្រះ អម្ចាស់បានទេ។ ហើយបើសិនសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់មិនឥតខ្ចោះតែបន្តិច នោះយើងនឹងមិនអាចដើរតាមព្រះអម្ចាស់ ដោយមានទំនុកចិត្តបានឡើយ។
យើងអរព្រះគុណដល់ព្រះអម្ចាស់ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ យើងសរសើរតម្កើង និងដើរតាមទ្រង់ ដោយកម្លាំងរបស់យើង។ បើសិនខ្ញុំមិនអាចដោះស្រាយបញ្ហាអំពើបាបរបស់ខ្ញុំបានផង តើខ្ញុំអាចសង្រ្គោះអ្នកដទៃទៀតចេញពីអំពើបាបរបស់ពួកគេបានយ៉ាងដូចម្តេច? តើខ្ញុំអាចអធិប្បាយដំណឹងល្អទៅកាន់អ្នកដទៃបានយ៉ាងដូចម្តេច? តើមនុស្សលុងទឹកម្នាក់អាចជួយសង្រ្គោះមនុស្សលុងទឹកម្នាក់ទៀតបានយ៉ាងដូចម្តេច? បើសិនយើងទទួលស្គាល់ថា សាច់ឈាមរបស់យើងតែងតែធ្វើបាប យើងអាចចៀសផុតពីបាបបាន។ ប៉ុន្តែបើសិនយើងមិនទទួលស្គាល់ការពិតនេះទេ យើងនឹងទទួលរងឥទ្ធិពលពីគោលលទ្ធិខុសឆ្គងរបស់សាសនា ដែលគេហៅថា «ជំនឿគ្រីស្ទបរិស័ទ» ហើយ។
មានរឿងកំប្លែងមួយ ដែលខ្ញុំនឹងប្រាប់ដល់អ្នក។ នៅថ្ងៃមួយ សង្ឃ កាតូលិកវ័យក្មេងម្នាក់បានជិះរទេះសេះ ជាមួយដូនជីពីរនាក់ពីព្រះវិហាររបស់គាត់ទៅសួរសុខទុក្ខអ្នកជឿម្នាក់ដែលឈឺជិតស្លា ប់នៅភូមិដាច់ស្រយាលមួយ។ គាត់បានអង្គុយនៅកណ្តាលដូនជីទាំងពីរនាក់នោះ ដើម្បីបញ្ជាសេះ។ ដូនជីវ័យក្មេងស្រស់ស្អាតអង្គុយនៅខាងស្តាំគាត់ ហើយដូនជីវ័យចំណាស់អាក្រក់អង្គុយនៅខាងឆ្វេងគាត់។ គ្មានបញ្ហាអ្វីទេ នៅពេលរទេះធ្វើដំណើរនៅលើផ្លូវធំរលោងស្មើ ប៉ុន្តែនៅពេលរទេះធ្វើដំណើរនៅលើផ្លូវតូច និងរលាក់នៅលើភ្នំ វាបានផ្អៀងទៅផ្អៀងមកយ៉ាងខ្លាំង។ សូមគិតមើលថា តើសង្ឃកាតូលិកនោះបានកំពុងតែគិតអំពីអ្វី? នៅពេលរទេះបានផ្អៀងទៅខាងស្តាំ គាត់អធិស្ឋានថា «ឱព្រះជាម្ចាស់អើយ! សូមធ្វើតាមបំណងព្រះហឫទ័យទ្រង់ចុះ!»។ ប៉ុន្តែនៅពេលរទេះបានផ្អៀងទៅខាងឆ្វេង គាត់ស្រែកពីខាងក្នុងចិត្តរបស់គាត់ថា «ឱព្រះអម្ចាស់អើយ! សូមកុំនាំទូលបង្គំទៅក្នុងសេចក្តីល្បួងឡើយ!»។ ដូច្នេះ គាត់បានអធិស្ឋានសម្រាប់ការពីរយ៉ាង៖ «ឱព្រះជាម្ចាស់អើយ! សូមធ្វើតាមបំណងព្រះហឫទ័យទ្រង់ចុះ!» និង «ឱព្រះអម្ចាស់អើយ! សូមកុំនាំទូលបង្គំទៅក្នុងសេចក្តីល្បួងឡើយ!»។
យើងទាំងអស់គ្នាក៏ដូចជាគាត់ផងដែរ។ សាច់ឈាមរបស់យើងបម្រើតែច្បាប់របស់អំពើបាបប៉ុណ្ណោះ ប៉ុន្តែយើងត្រូវតែស្គាល់បំណងព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមទ្រង់ ដោយសេចក្តីជំនឿដែលស្របតាមបំណងព្រះហឫទ័យទ្រង់ ពីព្រោះយើងមិនអាចរំពឹងអ្វីពីខ្លួនយើងបាន ឡើយ។ យើងស្លាប់ ហើយសាច់ឈាមរបស់យើងមិនអាចបានប្រសើរឡើងឡើយ។
 
 
យើងដើរតាមព្រះអម្ចាស់ ពីព្រោះទ្រង់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះ
 
តើ យើងនឹងមានអារម្មណ៍ធ្ងន់យ៉ាងណា បើសិនយើងបានចូលទៅក្នុងនគរស្ថានសួគ៌ ដោយការប្រព្រឹត្តទង្វើល្អ ឬបើសិនសេចក្តីសង្រ្គោះរបស់យើងពឹងផ្អែកលើការប្រព្រឹត្តល្អ ឬអំពើបាបរបស់យើង? ព្រះអម្ចាស់មានបន្ទូលមកកាន់យើងថា «អ្នកប្រព្រឹត្តអំពើបាបពេញមួយជីវិតរបស់ អ្នក។ ប៉ុន្តែខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ។ ខ្ញុំបានរាប់អ្នកជាសុចរិត និងឥតបាបហើយ។ ខ្ញុំបានសង្រ្គោះអ្នកយ៉ាងឥតខ្ចោះហើយ។ តើអ្នកអរព្រះគុណដល់ខ្ញុំទេ?»។ តើយើងនឹងឆ្លើយយ៉ាងដូចម្តេច? «យើងសូមអរព្រះគុណដល់ទ្រង់ ព្រះអម្ចាស់!» ហើយទ្រង់សួរយើងម្តងទៀតថា «តើអ្នកនឹងដើរតាមខ្ញុំទេ?»។ តើយើងនឹងឆ្លើយយ៉ាងដូចចម្តេច? «យើងនឹងដើរតាមទ្រង់។»
តើអ្នកចង់ដើរតាមព្រះទេ? យើងពិតជាចង់ដើរតាមព្រះអម្ចាស់ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ។ បើសិនព្រះអម្ចាស់បានដោះអំពើបាបរបស់អ្នកតែ៩០ភាគរយ អ្នកនឹងមិនអាចដើរតាមទ្រង់បានឡើយ។ អ្នកអាចរអ៊ូរទាំទៅកាន់ព្រះថា «ទ្រង់គួរតែបានដោះអំពើបាបរបស់ទូលបង្គំ១០ភាគរយទៀត! តើទូលបង្គំអាចដោះស្រាយបញ្ហាអំពើបាបទាំងនេះ ដោយខ្លួនឯងបានយ៉ាងដូចម្តេច? តើទូលបង្គំអាចដើរតាមទ្រង់ ខណៈដែលទូលបង្គំត្រូវតែលាងសម្អាតភាពកខ្វក់របស់ទូលបង្គំបានយ៉ាងដូចម្តេច?»។ បន្ទាប់មក ដោយសារតែអំពើបាបទាំងនេះ យើងអាចឈប់ដើរតាមព្រះបាន។
ទោះបីជាយ៉ាងណា ឥឡូវនេះ យើងស្ម័គ្រចិត្តដើរតាមទ្រង់ ពីព្រោះទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់យ៉ាងឥតខ្ចោះហើយ។ «ទ្រង់បានសង្រ្គោះទូលបង្គំយ៉ាងឥតខ្ចោះហើយ។ ចាប់ពីពេលនេះតទៅ ទូលបង្គំអាចដើរតាមទ្រង់បានហើយ! អរព្រះគុណ ព្រះអម្ចាស់! ទូលបង្គំសរសើរតម្កើងទ្រង់។ ទូលបង្គំថ្វាយសិរីល្អដល់ទ្រង់។ ហើយទូលបង្គំស្រឡាញ់ទ្រង់!» យើងអាចថ្វាយខ្លួនទៅចំពោះការបម្រើព្រះអម្ចាស់បាន ពីព្រោះយើងស្រឡាញ់ទ្រង់ ហើយយើងចង់ដើរតាមទ្រង់។ យើងចង់ដើរតាមទ្រង់ ដោយអស់ពីចិត្តរបស់យើង ពីព្រោះទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងពីព្រោះយើងបានទទួលសេចក្តីស្រឡាញ់របស់ទ្រង់។
ការចូលរួមនៅក្នុងពួកជំនុំក៏ដូចគ្នាផងដែរ។ ការចូលរួមនៅក្នុងកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យគឺពិតជាងាយស្រួលជាង បើសិនយើងមានបំណងចិត្តចង់ចូលរួម ប៉ុន្តែបើសិនយើងមិនចង់ចូលរួមទេ នោះការទៅព្រះវិហារជារៀងរាល់សប្តាហ៍នឹងក្លាយជារឿងតូចតាចសម្រាប់យើងហើយ។ បើសិនអ្នកត្រូវតែស្តាប់ពាក្យដដែលៗ នៅក្នុងកម្មវិធីថ្វាយបង្គំថា «សូមអ្នកប្រែចិត្តពីអំពើបាបទាំងអស់ ដែលអ្នកបានប្រព្រឹត្តកាលពីសប្តាហ៍មុន» អ្នកនឹងឈប់មកព្រះវិហារ បន្ទាប់ពីរយៈពេលពីរឆ្នាំ។ អ្នកដែលមានឆន្ទះខ្លាំង អាចនៅតែមកព្រះវិហារបានយូរជាង ប្រហែលមួយ ឬពីរទសវត្ស ប៉ុន្តែពួកគេក៏នឹងឈប់មកព្រះវិហារដែរ។ ហោរាក្លែងក្លាយជាច្រើនបង្ខំមនុស្សឲ្យរងទុក្ខ ដោយសារការប្រែចិត្តពីអំពើបាបរបស់ពួកគេ។ ដូច្នេះហើយបានជាមនុស្សជាច្រើនឈប់ទៅព្រះវិហារ ពីព្រោះពួកគេគិតថា ការជឿព្រះ យេស៊ូវពិតជាពិបាក និងតឹងតែងខ្លាំងណាស់។
យើងដើរតាមព្រះអម្ចាស់ ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើង។ យើងត្រូវតែសរសើរតម្កើងព្រះអម្ចាស់ថា «♪ខ្ញុំស្រឡាញ់ព្រះយេស៊ូវ! ខ្ញុំនឹងប្តូរព្រះយេស៊ូវជាមួយអ្វីមួយនៅក្នុងលោកិយនេះឡើយ♪» យើងដើរតាមព្រះយេស៊ូវ ពីព្រោះយើងពិតជាស្រឡាញ់ទ្រង់មែន។
សេចក្តីសង្រ្គោះរបស់ទ្រង់អស្ចារ្យខ្លាំងណាស់។ ទ្រង់បានជួយឲ្យយើងអាចបម្រើទ្រង់បាន ដោយមិនមានបាបសូម្បីតែបន្តិចសោះ។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទ យេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ» (រ៉ូម ៨:១-២)។ ព្រះអម្ចាស់ប្រទានពរឲ្យយើងតែងតែអរព្រះគុណ និងសរសើរតម្កើងទ្រង់។ ទ្រង់ចង់ឲ្យយើងមានអំណរ និងដើរតាមទ្រង់គ្រប់ពេលវេលា។ ទ្រង់បានសង្រ្គោះយើងហើយ។ ដូច្នេះ តើអ្នកជឿលើការពិតនេះទេ?
ចូរកុំបាក់ទឹកចិត្ត ដោយសារតែភាពខ្សោយរបស់អ្នកឲ្យសោះ។ ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់អ្នកដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន។ ហើយទ្រង់ក៏បានដោះអំពើបាបទាំងអស់របស់មនុស្សអាសអាភាស និងអាក្រក់ផងដែរ។ ឥឡូវនេះ តើការនេះមិនធ្វើឲ្យអ្នកចង់ដើរតាមព្រះអម្ចាស់ទេឬ? នេះគឺជាមូលហេតុដែលយើងស្រឡាញ់ព្រះអម្ចាស់របស់យើង។ ទ្រង់មិនបង្ខំយើងឲ្យដើរតាមទ្រង់ ឬគំរាមយើងឲ្យថ្វាយបង្គំទ្រង់ទេ។ ព្រះបានប្រទានពរដល់យើង។ ទ្រង់បានធ្វើជាព្រះ វរបិតារបស់យើង យើងបានធ្វើជាកូនរបស់ទ្រង់ ហើយទ្រង់ប្រាប់យើងឲ្យដើរតាមទ្រង់។ ហើយទ្រង់ប្រថាប់អ្នកបម្រើរបស់ទ្រង់ឲ្យបម្រើទ្រង់។
អស់អ្នកដែលបានសង្រ្គោះ ដោយសារព្រះ គឺជាអ្នកបម្រើរបស់ទ្រង់ហើយ។ ព្រះប្រទានពរដល់អ្នកបម្រើទាំងអស់របស់ទ្រង់ ហើយប្រាប់ពួកគេឲ្យដើរតាមទ្រង់។ ព្រះអម្ចាស់មិនហៅយើងឲ្យប្រទានការប្រព្រឹត្តរបស់យើងទេ។ ទ្រង់ប្រាប់យើងថា «ខ្ញុំបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់រួចហើយ។ អ្នកឆាប់ខឹង អាសអាភាស ចំកួត និងលើសពីពាក្យបរិយាយផង។ អ្នកគួរតែទទួលបានបណ្តាសា ដោយសារតែអំពើបាបរបស់ពួកព្ធយុកោរបស់អ្នក។ ប៉ុន្តែខ្ញុំបានសង្រ្គោះអ្នក ហើយខ្ញុំមិនខ្វល់ពីអ្វីផ្សេងទៀតទេ។ អ្នកបន្តធ្វើបាបពេញមួយជីវិត ប៉ុន្តែខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ។ ខ្ញុំបានរងទុក្ខសម្រាប់អ្នក និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីបំបាត់អំពើបាបទាំងអស់របស់អ្នក។ ខ្ញុំបានធ្វើការទាំងនេះ ពីព្រោះខ្ញុំស្រឡាញ់អ្នក។ ខ្ញុំស្រឡាញ់អ្នក។ តើអ្នកស្រឡាញ់ខ្ញុំទេ?»។ តើយើងនឹងឆ្លើយចំពោះទ្រង់យ៉ាងដូចម្តេច? «ទូលបង្គំស្រឡាញ់ទ្រង់ ព្រះអម្ចាស់របស់ទូលបង្គំ។ ទ្រង់ដឹងថា ទូលបង្គំក៏ស្រឡាញ់ទ្រង់ដែរ។ អរព្រះគុណ ព្រះអម្ចាស់!»
ព្រះអម្ចាស់បានមានបន្ទូលថា «ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ» «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា»។ យើងពិតជាមាននិស្ស័យអាក្រក់ណាស់! តើអំពើបាបច្រើនប៉ុណ្ណា ដែលយើងបានប្រព្រឹត្តនៅចំពោះព្រះហើយ? ដូច្នេះ ចូរកុំធ្វើពុតជាមិនធ្វើបាបឲ្យសោះ។
យើងបានធ្វើបាបយ៉ាងច្រើនរាប់មិនអស់ នៅក្នុងជីវិតរបស់យើង ប៉ុន្តែព្រះអម្ចាស់បានដោះអំពើបាបទាំងនោះចេញ ជារៀងរហូត ទោះបើយើងមានអំពើបាបយ៉ាងច្រើនដូចជាផ្កាយនៅលើមេឃក៏ដោយ។ ព្រះយេស៊ូវពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។ 
 
 
ព្រះបានយកយើងធ្វើជាអ្នកបម្រើរបស់ទ្រង់ ដោយការបំពាក់សេចក្តីសុចរិតរបស់ទ្រង់ដល់យើង
 
ជាច្រើនដង យើងអាចគិតថា យើងមិនអាចដើរតាមព្រះបានទៀតទេ នៅពេលយើងពិនិត្យមើលខ្លួនឯង។ នៅពេលខ្លះ ចិត្តរបស់ហាក់ដូចជាភ្លឺដូចពន្លឺថ្ងៃ ប៉ុន្តែនៅពេលខ្លះទៀត វាដូចជាអួរអាប់ទៅវិញ។ ហើយចាប់ពីពេលមួយទៅពេលមួយ យើងមើលឃើញខ្លួនឯងនៅក្នុងសេចក្តីងងឹង ខណៈដែលកំពុងតែដើរតាមព្រះអម្ចាស់ បន្ទាប់ពីបានកើតជាថ្មីហើយ។ យើងតែងតែផ្លាស់ប្តូរ ដូចជាការផ្លាស់ប្តូររដូវទាំងបួនដែរ។ នៅពេលលោកណូអេបានចេញពីទូក ព្រះបានប្រទានរដូវចំនួនប្រាំបីដល់គាត់។ ព្រះបានមានបន្ទូលថា « កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមាន រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ» (លោកុប្បត្តិ ៨:២២)។
ហើយដំណើរចុះ និងឡើងនៃសេចក្តីជំនឿរបស់យើងក៏មិនបញ្ឈប់ ដែរ។ នៅថ្ងៃខ្លះ យើងសរសើរតម្កើងព្រះយេស៊ូវយ៉ាងមានអំណរ ប៉ុន្តែមួយរំពេច យើងក៏ប្រែជាខឹង នៅពេលយើងប្រឈមនឹងទុក្ខលំបាក។
«នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា [អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត] ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៧-១៨)។ នេះគឺជាអ្វីដែលព្រះ អម្ចាស់បានមានបន្ទូល។
សាច់ឈាមតែងតែធ្វើបាប រហូតដល់វាស្លាប់ ពីព្រោះវាគឺជាច្បាប់សម្រាប់សាច់ឈាម ដែលត្រូវបម្រើច្បាប់របស់អំពើបាប។ នេះមានន័យថា សាច់ឈាមគ្រាន់តែអាចធ្វើបាបប៉ុណ្ណោះ។ ប៉ុន្តែព្រះបានយកអ្នកដែលគ្រាន់តែអាចធ្វើបាបប៉ុណ្ណោះ ធ្វើជាអ្នកបម្រើរបស់ទ្រង់ផ្ទាល់។ តើព្រះយកយើងធ្វើជាអ្នកបម្រើរបស់ទ្រង់ដោយរបៀបណា? ប្រាកដណាស់ ទ្រង់មិនអាចយកអ្នកដែលមានបាប ធ្វើជាអ្នកបម្រើរបស់ទ្រង់បានឡើយ។
ព្រះបានយកអ្នកធ្វើជាអ្នកបម្រើរបស់ទ្រង់ ដោយការដោះអំពើបាបទាំងអស់ ដែលសាច់ឈាមរបស់អ្នកប្រព្រឹត្ត រហូតដល់ថ្ងៃចុងក្រោយរបស់អ្នក ហើយបានសងថ្លៃឈ្នួលនៃអំពើបាបរបស់អ្នក ដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ហើយទ្រង់បានញែកអ្នកជាបរិសុទ្ធ និងបានហៅអ្នកឲ្យធ្វើជាអ្នកធ្វើការបរិសុទ្ធរបស់ទ្រង់ គឺទ្រង់បានយកយើងធ្វើជាអ្នកបម្រើរបស់ទ្រង់ ទោះបើយើងខ្សោយ និងគ្មានអំណាចក៏ដោយ។ អ្នកអាចសួរថា «អំណាចអ្វី?»។ យើងមានអំណាចនៃសេចក្តីសុចរិតរបស់ទ្រង់ គឺយើងមានអំណាចដ៏គ្រប់លក្ខណ៍ ដោយការពាក់សេចក្តីសុចរិតរបស់ព្រះ អម្ចាស់។ ហើយនៅក្នុងន័យផ្សេង ទ្រង់បានធ្វើឲ្យយើងបានគ្រប់លក្ខណ៍។ ដូច្នេះ ទោះបីជាយើងខ្សោយនៅក្នុងសាច់ឈាមក៏ដោយ ក៏យើងខ្លាំងនៅក្នុងព្រះវិញ្ញាណដែរ។
 
 
តើអ្នកណាអាចបម្រើព្រះអម្ចាស់បាន?
 
«ដូចជាមានសេចក្តីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ» (២កូរិនថូស ៦:១០)។ យើងគ្មានបាបទេ ទោះបើគេមើលមកយើងដូចជាមានបាបក៏ដោយ។ ហើយយើងគ្មានបាបទេ ទោះបើយើងធ្វើបាបក៏ដោយ។ ដូច្នេះ យើងអាចជួយមនុស្សជាច្រើនឲ្យបានសង្រ្គោះ ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ នេះហើយគឺជា អាថ៌កំបាំងរបស់ព្រះគ្រីស្ទ និងនគរស្ថានសួគ៌។
ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះខ្ញុំទាំងស្រុង។ តើអ្នកណាអាចបម្រើព្រះអម្ចាស់បាន? អ្នកដែលចង់បម្រើព្រះអម្ចាស់ ដោយព្យាយាមមិនធ្វើបាប ឬអ្នកដែលជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់ពួកគេចេញ? មានតែអ្នកដែលជឿដូច្នេះទេ ដែលអាចបម្រើ និងផ្គាប់ព្រះហឫទ័យព្រះអម្ចាស់បាន។ ពួកគេស្ម័គ្រចិត្តថ្វាយខ្លួនទៅចំពោះព្រះអម្ចាស់ ហើយវិនិយោគទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងការងារបស់ ទ្រង់។ ពួកគេមានមោទនភាព ដែលបានធ្វើជាអ្នកបម្រើរបស់ទ្រង់ ដែលអាចធ្វើកិច្ចការថ្វាយទ្រង់ ទោះបើកិច្ចការនោះតូចតាចក៏ដោយ។
មនុស្សមួយចំនួនខ្លាចសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបាក់បែក។ ដូច្នេះ ពួកគេព្យាយាមមិនខឹង នៅពេលពួកគេគួរតែខឹង។ តាមការពិត សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេគួរតែបាក់បែក។ យើងគួរតែបោះបង់សេចក្តីសុចរិតរបស់យើងចោលទៅក្នុងធុងសម្រាម ដូចជាយើងបោះ សម្រាមចោលដែរ។ សេចក្តីសុចរិតរបស់យើងត្រូវតែបាក់បែក។ យើងត្រូវតែជាន់ កាត់ និងបោះវាចោលនៅក្នុងធុងសម្រាម។ នៅពេលយើងបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោលហើយ យើងអាចអរព្រះគុណ និងសរសើរតម្កើងព្រះអម្ចាស់ និងសេចក្តីសុចរិតរបស់ទ្រង់បាន។
មនុស្សបែបនេះអាចអរព្រះគុណ និងច្រៀងសរសើរតម្កើងព្រះ អម្ចាស់ថា «ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ» (ទំនុកដំកើង ១០០:៤)។ អ្នកដែលមានសេចក្តីសុចរិតផ្ទាល់ខ្លួន មិនអាចបម្រើ និងស្រឡាញ់ព្រះអម្ចាស់ដល់ទីបញ្ចប់បានឡើយ ទោះបើពួកគេបានសង្រ្គោះក៏ដោយ។ អ្នកដែលដឹងថា សាច់ឈាមបម្រើតែអំពើបាបប៉ុណ្ណោះ ពេញមួយជីវិតរបស់ពួកគេ និងជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់ពួកគេចេញ រួមទាំងអ្នកដែលនឹងមកផង ចង់ស្រឡាញ់ និងបម្រើព្រះយ៉ាងអត់ធ្មត់។ ហើយនៅក្នុងចិត្តរបស់ពួកគេមានភាពឆេះឆួលក្នុងការស្រឡាញ់ព្រះ។
តើអ្នកមានចិត្តដែលស្រឡាញ់ និងចង់បម្រើព្រះអម្ចាស់ដែរទេ? ហើយតើអ្នកមានចិត្តដែលអរព្រះគុណដល់ទ្រង់ដែរទេ?
 
 
ព្រះអម្ចាស់បានជួយឲ្យយើងមានជីវិតពេញដោយអំណរ និងឥតមានបាប
 
យើង ដែលជាអ្នកបម្រើរបស់ព្រះ រស់នៅយ៉ាងបរិបូរ និងមានអំណរជាងអ្នកដែលរកប្រាក់បានមួយលានដុល្លារក្នុងមួយឆ្នាំៗទៅទៀត។ យើងបរិភោគផ្លែឪឡឹកនៅរដូវក្តៅ និងបរិភោគផ្លែប៉ែស និងទំពាំងបាយជូរនៅតាមរដូវរបស់វា។ យើងអាចបរិភោគអ្វីទាំងអស់ តាមចិត្តរបស់យើង។ យើងមិនក្រឡើយ។ បន្ទាប់ពីបានសង្រ្គោះហើយ តើអ្នកធ្លាប់រស់នៅក្នុងជីវិតក្រីក្រដែរទេ? យើងបានរស់នៅក្នុងជីវិតដ៏បរិបូរ។
យើងអាចរស់នៅក្នុងជីវិតដ៏បរិបូរបាន បើសិនយើងដើរជាមួយព្រះ អម្ចាស់។ អ្នកដែលដើរជាមួយព្រះអម្ចាស់ នឹងមិនខ្វះអ្វីឡើយ។ តើអ្នកជឿលើការពិតនេះទេ? យើងរស់នៅ ដោយគ្មានកង្វះខាតទេ ទោះបើយើងមិនមានទ្រព្យសម្បត្តិច្រើន តាមខ្នាតគំរូរបស់លោកិយនេះក៏ដោយ។ តើអ្នកជឿលើការពិតនេះដែរទេ? បន្ទាប់ពីបានជួបព្រះអម្ចាស់ហើយ តើសេចក្តីត្រូវការ និងបំណងចិត្តរបស់អ្នកធ្លាប់មិនបានសម្រេចដែរទេ? យើងមិនខ្វះអ្វីឡើយ។ យើងរស់នៅបរិបូរជាងអតីតកាលទៅទៀត។ ឥឡូវនេះ ខ្ញុំបានរស់នៅ និងគេងបានប្រសើរជាងមុនទៅទៀត។ 
ព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះហើយ។ យើងមិនមានពាក្យអ្វីបរិយាយពីព្រះពរនេះឡើយ។ ទ្រង់បានសង្រ្គោះយើងទាំងស្រុងហើយ និងបានជួយឲ្យអ្នក និងខ្ញុំអាចអរព្រះគុណដល់ព្រះ តាមរយៈទ្រង់បាន។ ព្រះគុណរបស់ទ្រង់ពិតជាអស្ចារ្យខ្លាំងណាស់!
ដោយបានមើលឃើញសាច់ឈាមរបស់ខ្លួន សាវកប៉ុលបាននិយាយថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន»។ យើងធ្វើបាបពេញមួយជីវិតរបស់យើង។ តើអ្នកណាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជាមួយសាច់ឈាម? ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានសង្រ្គោះយើងហើយ។ ដូចដែលសាវកប៉ុលបានធ្វើដែរ ខ្ញុំអរព្រះគុណដល់ព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង។ សូមអរព្រះគុណ ព្រះអម្ចាស់ សម្រាប់ការដោះអំពើបាបទាំងអស់របស់យើងចេញ។
បន្ទាប់ពីបានទទួលសេចក្តីសុចរិតរបស់ព្រះ សាវកប៉ុលមិនបានរស់នៅជាមួយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់គាត់ឡើយ។ ជាច្រើនដង គាត់បានសារភាពថា សាច់ឈាមរបស់គាត់នៅក្រោមអំណាចរបស់អំពើបាប។ មនុស្សមួយចំនួនអះអាងថា សាវកប៉ុលបានសរសេរជំពូក៧ មុនពេលគាត់បានសង្រ្គោះ ហើយជំពូក៨ បន្ទាប់ពីគាត់បានសង្រ្គោះហើយ។ ប៉ុន្តែការអះអាងនេះមិនត្រឹមត្រូវឡើយ។
ព្រះបន្ទូលព្រះអាចអនុវត្តសម្រាប់ទាំងអ្នកដែលបានសង្រ្គោះ និងអ្នកដែលមិនបានសង្រ្គោះផង គឺសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែទេវវិទូភាគច្រើន ដែលមិនស្គាល់ព្រះបន្ទូលព្រះ បានបំបែកជំពូក៧ចេញពីជំពូក៨ ហើយអនុវត្តជំពូក៧សម្រាប់អ្នកដែលមិនបានសង្រ្គោះ និងជំពូក៨សម្រាប់អ្នកដែលបានសង្រ្គោះ។ ពួកគេបំបែកព្រះបន្ទូលព្រះទៅជាកថាខណ្ឌ តាមតែចិត្តរបស់ពួកគេ ទោះបើពួកគេមិនចេះបែងចែកជាកថាខណ្ឌក៏ដោយ។ មានមនុស្សឆ្លាតតែបោកបញ្ឆោតជាច្រើន នៅក្នុងការងារនេះ។
ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញទាំងស្រុងរួចហើយ។ ដូច្នេះ ខ្ញុំចង់ឲ្យអ្នករស់នៅ ដោយសារសេចក្តីជំនឿ និងការអរព្រះគុណដល់ព្រះ។ ហើយខ្ញុំក៏ចង់ឲ្យអ្នកអ៊ុតស្នាមជ្រៀវជ្រួញនៅលើមុខរបស់អ្នកចេញ ពីព្រោះព្រះអម្ចាស់បានដោះអំពើបាបទាំងអស់ចេញពីចិត្តរបស់អ្នកហើយ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់សាច់ឈាម។