Search

Bài giảng

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 6-1] គ្រាទាំងប្រាំពីរ ដែលព្រះបានបង្កើត (វិវរណៈ ៦:១-១៧)

គ្រាទាំងប្រាំពីរ ដែលព្រះបានបង្កើត
(វិវរណៈ ៦:១-១៧)
«កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយក សេចក្តីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិ ថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិ ថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា [សេចក្តីស្លាប់] ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ និងសេចក្តីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់ ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ ត្រឡប់ប្រែទៅដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។»
 

ការកាត់ស្រាយ

ខ.១៖ កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ។» 
ខនេះប្រាប់យើងថា ព្រះយេស៊ូវបើកក្រាំងផែនការទីមួយ ដែលទទួលបានពីព្រះវរបិតា ដែលកត់ត្រាទុកផែនការទាំងស្រុងរបស់ព្រះ សម្រាប់មនុស្សជាតិ។

ខ.២៖ «ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យ ជំនះ ហើយឲ្យបានឈ្នះតទៅ។» 
ត្រាទីមួយរបស់ព្រះនិយាយអំពីការបង្កើតដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាផែនការរបស់ព្រះក្នុងការសង្រ្គោះមនុស្សជាតិចេញពីបាប និងអំពីភាពជោគជ័យនៃផែនការនេះ។ ផែនការរបស់ព្រះវរបិតា ក្នុងការយកមនុស្សជាតិធ្វើជារាស្ត្ររបស់ទ្រង់ ដោយការសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ បានចាប់ផ្តើមជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាការសង្រ្គោះមនុស្សជាតិចេញពីបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ព្រះបានសង្រ្គោះព្រលឹងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទ្រង់បន្តធ្វើដូច្នេះ ដរាបដល់វេលានេះផង។ នេះហើយគឺជាផែនការទីមួយ ដែលព្រះបានបង្កើតសម្រាប់មនុស្សជាតិ។ ផែនការទីមួយរបស់ព្រះនេះ គឺសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ តាមរយៈការយាងមកផែនដីរបស់ព្រះយេស៊ូវគ្រីស្ទ និងបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
គ្រាសេះសនេះសំដៅទៅលើជ័យជំនះរបស់ព្រះនៅក្នុងសង្រ្គាមដ៏សុចរិតនៃដំណឹងល្អ ដែលទ្រង់បានបំពេញសម្រេច ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបទាំងអស់របស់ពួកគេ។ នេះក៏ប្រាប់យើងផងដែរថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងបន្តមានជ័យជំនះជានិច្ច។ 

ខ.៣-៤៖ «លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្តីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះ ដែរ។» 
នេះប្រាប់យើងថា ក្នុងកំឡុងគ្រាទីពីរ ដែលព្រះបានបង្កើត លោកិយនេះនឹងក្លាយទៅជាពិភពរបស់សាតាំង។ ការលេចមកនៃសេះក្រហមនៅទីនេះមានន័យថា លោកិយនេះនឹងស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។
សាតាំងបាននាំសង្រ្គាមចូលមកលោកិយនេះ ហើយដកយកសេចក្តីសុខសាន្តចេញពីលោកិយនេះ។ ដោយសារតែវា ពិភពលោកនេះបានឆ្លងកាត់សង្ដ្រាមលោកចំនួនពីរ ដែលមនុស្សច្រើនរាប់មិនអស់បានបាត់បង់អាយុជីវិត ហើយអ្នកដែលបាននៅរស់រាន បានរស់នៅក្នុងសន្តិភាពបាក់បែក និងគ្រោះថ្នាក់។ សូម្បីតែឥឡូវនេះ ជាតិសាសន៍ និងរដ្ឋទាំងអស់នៅទូទាំងពិភពលោកនេះ មិនទុកចិត្តគ្នា និងបង្កសង្រ្គាមជាមួយគ្នាទៅវិញទៅមក ដែលធ្វើឲ្យបាត់បង់សន្តិភាពនៅកន្លែងជាច្រើន។ គ្រានេះគឺជាគ្រានៃសង្រ្គាម និងប្រល័យពូជសាសន៍។ 

ខ.៥-៦៖ «លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករ ស្រូវសាលី១នាលិ ថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិ ថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ។» 
គ្រាទីបីដែលព្រះមានបន្ទូលអំពី គឺជាគ្រាសេះខ្មៅ ដែលជាគ្រានៃគ្រោះទុរ្ភិក្សខាងសាច់ឈាម និងខាងវិញ្ញាណសម្រាប់មនុស្សជាតិ។ នៅទូទាំងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនមិនទាន់បានសង្រ្គោះទេ ដោយសារតែគ្រោះទុរ្ភិក្សខាងវិញ្ញាណរបស់ពួកគេ ហើយមនុស្សជាច្រើនក៏កំពុងតែស្លាប់ ដោយសារតែភាពអត់ឃ្លានខាងសាច់ឈាមផងដែរ។ ដូច្នេះ យើងត្រូវតែដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាទីបីនេះ។ កាលណាគ្រាទីបីនេះកន្លងផុតទៅ គ្រាសេះសម្បុរស្លាំងនឹងមកដល់។

ខ.៧-៨៖ «លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា [សេចក្តីស្លាប់] ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹង សំឡាប់ដោយដាវ អំណត់អត់ និងសេចក្តីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង។» 
គ្រាទីបួនដែលព្រះបានបង្កើត គឺជាគ្រាសេះសម្បុរស្លាំង។ ព្រះគម្ពីរប្រាប់យើងថា ក្នុងកំឡុងគ្រានេះ ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងចាប់ផ្តើមសកម្មភាពរបស់ពួកវាហើយ និងថា គ្រានេះក៏ជាគ្រានៃទុក្ករកម្មសម្រាប់ពួកបរិសុទ្ធផងដែរ។ នេះគឺជាពេលវេលាដែលពួកអាទទឹងនឹងព្រះគ្រីស្ទនឹងបៀតបៀន និងសម្លាប់អ្នកដែលមិនថ្វាយបង្គំពួកវា ឬមិនទទួលយកសញ្ញារបស់ពួកវា។ ចាប់ពីពេលនោះតទៅ លោកិយនេះនឹងប្រឈមនឹងគ្រោះកាចនៃត្រែទាំង៧។ នៅពេលនេះ ទុក្ករកម្មរបស់ពួកបរិសុទ្ធនឹងមកដល់ ដោយចៀសមិនផុតឡើយ។ 

ខ.៩-១១៖ «លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់ ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។» 
គ្រាទីប្រាំរបស់ព្រះគឺជាគ្រានៃការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងពួកបរិសុទ្ធនៅក្នុងពពក។ បន្ទាប់ពីគ្រានេះ នគររាជ្យមួយពាន់ឆ្នាំនឹងមកដល់។ បទគម្ពីរនេះប្រាប់យើងថា យើងទាំងអស់គ្នាត្រូវតែជឿលើ ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពក ដែលកំពុងតែរង់ចាំយើង និងថា យើងត្រូវតែរស់នៅ ដោយសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់យើង សម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានសន្យាប្រទានឲ្យយើង។ 

ខ.១២៖ «លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម។» 
គ្រាទីប្រាំមួយរបស់ព្រះ គឺជាគ្រានៃសេចក្តីវិនាសនៃពិភពលោកទីមួយ ដែលព្រះបានបង្កើត។ នៅពេលនេះហើយ ដែលគ្រោះកាចនៃចានទាំង៧នឹងធ្លាក់មកលើផែនដីនេះ នៅពេលព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយនឹងបាត់បង់ពន្លឺរបស់ខ្លួន ហើយផែនដីនឹងលិចចុះទៅក្នុងទឹក ដោយសារការរញ្ជួយដីយ៉ាងខ្លាំង។ 

ខ.១៣៖ «ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ។» 
ក្នុងកំឡុងគ្រាទីប្រាំមួយនេះ សេចក្តីវិនាសនៃចក្រវាលដែលព្រះបានបង្កើតឡើង នឹងចាប់ផ្តើម ដោយគ្រោះកាចនៃចានទាំង៧។ ហើយនឹងមានភាពច្របូកច្របល់យ៉ាងខ្លាំងនៅលើផែនដីនេះ នៅពេលផ្កាយធ្លាក់ពីលើមេឃមក ហើយផែនដីនេះក្រឡាប់ចាក់។ 

ខ.១៤៖ «ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង។» 
ខនេះប្រាប់យើងថា នៅពេលគ្រោះកាចនៃចានទាំងប្រាំ៧មកដល់ មេឃនឹងកន្លងបាត់ទៅ ដូចជាក្រាំងដែលមូរទៅវិញ ហើយភ្នំ និងកោះទាំងអស់ក៏នឹងត្រូវរើចេញពីកន្លែងរបស់ពួកវាផងដែរ។ 

ខ.១៥៖ «អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា។» 
ក្នុងកំឡុងគ្រានៃត្រាទី៦ នៅពេលព្រះចាក់បង្ហូរគ្រោះកាចនៃចានទាំង៧ចុះមក នឹងគ្មានអ្នកណាម្នាក់អាចរស់នៅលើផែនដីនេះទៀតឡើយ ទោះទាំងស្តេច និងអ្នកខ្លាំង ដែលមិនភ័យញ័រចំពោះសេចក្តីក្រោធរបស់កូនចៀមក៏ដោយ។ នេះគឺជាគ្រោះមហន្តរាយដែលបង្ហាញពីការផ្លាស់ប្តូរផែនដីដែលបែកខ្ចាយ និងការកែប្រែរចនាសម្ព័ន្ធនៃពិភពលោកនេះ។ 

ខ.១៦៖ «គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ។» 
សេចក្តីក្រោធរបស់ព្រះនឹងមានភាពឃោរឃៅ ដែលមនុស្សទាំងអស់នឹងភ័យញ័រ ហើយនេះនឹងជាលើកដំបូង និងចុងក្រោយបំផុត ដែលមនុស្សទាំងអស់មានភាពភ័យញ័រយ៉ាងនេះ។ 

ខ.១៧៖ «ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។»
នៅពេលគ្រោះកាចនៃចានទាំង៧ត្រូវបានចាក់បង្ហូរមក គ្រប់គ្នា ទាំងអ្នកខ្លាំង និងអ្នកខ្សោយផង នឹងភ័យញ័រចំពោះគ្រោះដ៏កាចសាហាវ ដែលនឹងធ្លាក់មកលើពួកគេ ពីសេចក្តីក្រោធនៃព្រះដែលគង់នៅខាងលើ។
ដូច្នេះ តើអ្វីគឺជាគ្រាទីប្រាំពីរ? គ្រាទីប្រាំពីរ ដែលព្រះបានបង្កើត គឺជាគ្រាដែលពួកបរិសុទ្ធនឹងរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ហើយបន្ទាប់មក ផ្ទៃមេឃថ្មី និងផែនដីថ្មីមកដល់ ហើយពួកគេនឹងរស់នៅទីនោះរហូតអស់កល្បជានិច្ច។