Câu hỏi thường gặp về Đức tin Cơ đốc
Chủ đề 1: Tái sanh bởi Nước và Thánh Linh
1-22. សំណួរ ១៖ ខ្ញុំបានអានសៀវភៅ ដែលអ្នកផ្ញើជូនខ្ញុំ ហើយបានចាប់អារម្មណ៍ចំពោះទស្សនៈមួយចំនួនរបស់អ្នកអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ តើអ្នកអាចជួយពន្យល់ខ្ញុំអំពីទំនាក់ទំនងរវាងបុណ្យជ្រមុជរបស់យើង និងបុណ្យជ្រមុជ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទបានដែរទេ?
ជាដំបូង យើងគួរតែយកចិត្តទុកដាក់ចំពោះ «គោលលទ្ធិអំពីបុណ្យជ្រមុជ» ដែលមានសរសេរទុកនៅក្នុង ហេព្រើរ ៦:២។ យោងតាមព្រះគម្ពីរ មានបុណ្យជ្រមុជបីប្រភេទ៖ បុណ្យជ្រមុជនៃការប្រែចិត្តរបស់លោកយ៉ូហាន-បាទ្ទីស បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស និងបុណ្យជ្រមុជរបស់យើង។
បុណ្យជ្រមុជដែលយើងទទួល គឺជាការប្រកាសសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នេះមានន័យថា យើងទទួលបុណ្យជ្រមុជ ដើម្បីប្រកាសសេចក្តីជំនឿរបស់យើងថាព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបទាំងនោះហើយ។ ឥឡូវនេះ អ្នកអាចយល់ ម៉ាថាយ ៣:១៥ ដែលនិយាយថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ នៅទីនេះ «ដ្បិត» មានន័យថា ព្រះយេស៊ូវអង្គទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន- បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សទាំងអស់។
វាគឺជាផែនការលម្អិតរបស់ព្រះ ក្នុងការសង្រ្គោះយើងចេញពីអន្ទាក់បាបដែលចៀសមិនរួច។ ព្រះអម្ចាស់ «បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦) ហើយបានប្រទានឲ្យយើង នូវសេចក្តីសុចរិតរបស់ទ្រង់វិញ។ «សេចក្តីសុចរិត» នៅទីនេះ ជា «dikaiosune» ជាភាសាក្រិក ដែលមានន័យថា «ភាពយុត្តិធម៌ និងភាពត្រឹមត្រូវ»។ វាប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកសេចក្តីរំលងរបស់មនុស្សទាំងអស់ នៅក្នុងរបៀបត្រឹមត្រូវ និងយុត្តិធម៌បំផុត តាមរយៈការទទួលបុណ្យជ្រមុជ តាមរបៀបដាក់ដៃលើ។
យើង បានសង្រ្គោះ ដោយសារសេចក្តីជំនឿមាំមួនរបស់យើងលើបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ អំណាចនៃការកាត់ស្បែកខាងវិញ្ញាណ (រ៉ូម ២:២៩) នៃបុណ្យជ្រមុជរបស់ទ្រង់ ដែលបានកាត់ផ្តាច់អំពើបាបទំាងអស់ចេញពីចិត្តរបស់យើង ហើយបានលាងសម្អាតអំពើបាបនៅក្នុងចិត្តរបស់យើង។ ដូច្នេះហើយបានជាសាវក ពេត្រុសបាននិយាយទៅកាន់មនុស្សថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨) នៅថ្ងៃបុណ្យទី៥០។
មនុស្សមានបាបទាំងអស់ គួរតែទទួលបានសេចក្តីអត់ទោសអំពើបាបនៅក្នុងចិត្តរបស់ខ្លួន ដោយការជឿលើព្រះនាមរបស់ព្រះយេស៊ូវ។ តើព្រះនាមរបស់ទ្រង់មានអត្ថន័យយ៉ាងដូចម្តេច? «ហើយអ្នកត្រូវថ្វាយព្រះនាមថា យេស៊ូវ ព្រោះបុត្រនោះនឹងជួយ សង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប» (ម៉ាថាយ ១:២១)។ ព្រះនាម ព្រះយេស៊ូវ មានន័យថា «ព្រះអង្គសង្រ្គោះ» ដែលសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបទាំងអស់របស់ពួកគេ។ តើទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងយ៉ាងដូចម្តេច? ព្រះយេស៊ូវ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
នៅពេលពួកសាវករបស់ព្រះយេស៊ូវអធិប្បាយដំណឹងល្អ ពួកគេបានធានាពីការយល់ដឹងច្បាស់លាស់អំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។ ពួកគេបានបង្រៀនពីដំណឹងល្អពិត ហើយធ្វើបុណ្យជ្រមុជឲ្យអ្នកដែលបានជឿ។ ដូចគ្នាដែរ យើងទទួលបុណ្យជ្រមុជ ដើម្បីប្រកាសពីខាងក្រៅថា យើងជឿលើនៅបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវនៅក្នុងចិត្ត និងគំនិតរបស់យើង។ នៅពេលយើងទទួលបុណ្យជ្រមុជ យើងប្រកាសថា «អរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានទទួលយកអំពើបាបទាំងអស់របស់ទូលបង្គំ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតជំនួសទូលបង្គំ ហើយបានមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះទូលបង្គំ។ ទូលបង្គំជឿលើដំណឹងល្អរបស់ទ្រង់ហើយ»។ អ្នកបម្រើព្រះ បានធ្វើបុណ្យជ្រមុជឲ្យយើងនៅក្នុងទឹក ជានិមិត្តរូបនៃជំនឿរបស់យើងលើបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ដូចដែលទ្រង់បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីសផងដែរ។ ដូច្នេះ ពួកបរិសុទ្ធនៅក្នុងពួកជំនុំដំបូង បានទទួលបុណ្យជ្រមុជ ទុកជាភស្តុតាងនៃសេចក្តីជំនឿរបស់ខ្លួន បន្ទាប់ពីពួកគេបានប្រកាសជំនឿរបស់ខ្លួនលើដំណឹងល្អ ហើយបានទទួលសេចក្តីប្រោសលោះ ដែលជាការអត់ទោសអំពើបាប។
ពិធីបុណ្យជ្រមុជ មិនមែនជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការបានសង្រ្គោះឡើយ។ ទោះបីជាវាមានសារៈសំខាន់ក្នុងការបញ្ជាក់ជំនឿរបស់យើងក៏ដោយ ក៏បុណ្យជ្រមុជរបស់យើងមិនមានអ្វីទាក់ទងទៅនឹងសេចក្តីសង្រ្គោះរបស់យើងឡើយ។ យើងបានសង្រ្គោះ លុះត្រាតែយើងជឿលើដំណឹងល្អអំពីទឹក និងព្រះលោហិតតែប៉ុណ្ណោះ។ ព្រះគម្ពីរ ប្រាប់ថា យើងបានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវ គ្រីស្ទ (រ៉ូម ៦:៣; កាឡាទី ៣:២៧) នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ទ្រង់។
ដូច្នេះ តើយើងអាច «ជ្រមុជទៅក្នុងទ្រង់» បានយ៉ាងដូចម្តេច? យើងអាចធ្វើវាបាន លុះត្រាតែយើងជឿលើបុណ្យជ្រមុជរបស់ទ្រង់ ពីព្រោះសាច់ឈាម ឬនិស្ស័យចាស់របស់យើងអាចរួបរួមជាមួយព្រះយេស៊ូវ ហើយជាប់ឆ្កាងជាមួយទ្រង់បាន ដោយសារតែសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ទ្រង់។ ជាលទ្ធផល ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់គឺជាការវិនិច្ឆ័យសម្រាប់សេចក្តីរំលងរបស់យើង។ ដូច្នេះ យើងក៏បានស្លាប់នៅលើឈើឆ្កាងជាមួយទ្រង់ផងដែរ។ មានន័យថា សាច់ឈាមរបស់យើង ដែលធ្វើបាបរហូតដល់ថ្ងៃស្លាប់ បានស្លាប់ជាមួយបាប ហើយយើងបានសង្រ្គោះចេញពីសេចក្តីរំលងទាំងអស់របស់យើង ហើយបានរួបរួមគ្នាជាមួយព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់វិញ។
អ្នកដែលបានរួបរួមគ្នាជាមួយព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់ ក៏នឹងបានរួបរួមគ្នាជាមួយទ្រង់ តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ផងដែរ។ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ មិនគ្រាន់តែជាការរស់ឡើងវិញរបស់យើងពីសេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតឲ្យយើងបានកើតជាថ្មី ក្នុងនាមជាកូនរបស់ព្រះ ដែលត្រូវបានញែកជាបរិសុទ្ធ និងឥតមានបាបនៅចំពោះទ្រង់ផងដែរ។
បើសិនយើងមិនបានផ្ទេរអំពើបាបទំាងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយការមិនទុកចិត្តលើបុណ្យជ្រមុជរបស់ទ្រង់ទេ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នឹងមិនមានន័យអត្ថន័យអ្វីសោះ ហើយក៏មិនមានអ្វីទាក់ទងនឹងសេចក្តីសង្រ្គោះរបស់យើងផងដែរ។ អ្នកដែលបានផ្ទេរអំពើបាបទាំងអស់របស់ខ្លួនទៅលើទ្រង់ ដោយសេចក្តីជំនឿ បានរួបរួមគ្នាជាមួយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយធ្វើឲ្យពួកគេបានកើតជាថ្មី គឺជាមនុស្សសុចរិត។ ផ្ទុយទៅវិញ អ្នកដែលមិនផ្ទេរអំពើបាបរបស់ខ្លួនទៅលើទ្រង់ ដោយការមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ មិនអាចមានទំនាក់ទំនងជាមួយការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់បានឡើយ។
បុណ្យជ្រមុជរបស់អ្នកជឿ គឺគួរឲ្យជឿទុកចិត្តបាន ដូចដែលយើងអាចទទួលស្គាល់ប្តីប្រពន្ធជាគូស្របច្បាប់ តាមរយៈពិធីមង្គលការផងដែរ។ បុណ្យជ្រមុជរបស់ពួកបរិសុទ្ធ គឺជាការប្រកាសពីខាងក្រៅអំពីជំនឿពីខាងក្នុង។ នៅពេលយើងប្រកាសជំនឿរបស់យើងលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់នៅចំពោះព្រះជាម្ចាស់ ពួកបរិសុទ្ធ និងលោកិយ ជំនឿរបស់យើងនឹងបញ្ចេញសម្លេងខ្លាំង។
ការយល់ខុសអំពីអត្ថន័យពិតនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីសថា យើងជឿថា យើងនៅតែអាចបានសង្រ្គោះ ទោះបីជាយើងមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងភាពចាំបាច់របស់វាក៏ដោយ។ តាមពិត វាគឺជាល្បិចកលរបស់អារក្សតែប៉ុណ្ណោះ។ ដូច្នេះ យើងអាចទទួលបានការអត់ទោសអំពើបាប និងការស្វាគមន៍ឲ្យចូលទៅស្ថានសួគ៌បាន ដោយការជឿពិតប្រាកដលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់យើង ជាជាងជឿលើបុណ្យជ្រមុជរបស់យើង។