Câu hỏi thường gặp về Đức tin Cơ đốc
Chủ đề 1: Tái sanh bởi Nước và Thánh Linh
1-32. សំណួរ ១១៖ យោងតាមការអះអាងរបស់អ្នក បើសិនយើងនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ពីអតីតកាល បច្ចុប្បន្ន និងអនាគត តើអនាគតរបស់មនុស្សម្នាក់នឹងក្លាយជាយ៉ាងណា បើសិនគាត់បានបន្តធ្វើបាប ដោយគិតអំពីការពិតថា អំពើបាបរបស់គាត់ត្រូវបានអត់ទោសឲ្យហើយ ដោយការជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ? សូម្បីតែគាត់សំឡាប់មនុស្សម្នាក់ ក៏គាត់នឹងគិតថា អំពើបាបបែបនេះត្រូវបានព្រះយេស៊ូវធួននៅលើឈើឆ្កាងរួចហើយ។ ដូច្នេះ គាត់នឹងបន្តធ្វើបាប ដោយឥតស្ទាក់ស្ទើរ ដោយគ្រាន់តែជឿថា ព្រះយេស៊ូវបានដោះអំពើបាបដែលគាត់ប្រព្រឹត្តនៅពេលអនាគតហើយ។ សូមពន្យល់ខ្ញុំអំពីចម្ងល់ទាំងនេះផង។
ជាដំបូង ខ្ញុំសូមអរគុណដល់អ្នកសម្រាប់សំណួរអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ សំណួររបស់អ្នក គឺជាសំណួរដែលគ្រីស្ទបរិស័ទជាច្រើនបានសួរ នៅមុនពេលពួកគេបានកើតជាថ្មី។ ខ្ញុំដឹងថា អ្នកកំពុងតែបារម្ភថា អ្នកដែលបានកើតជាថ្មីនឹងនៅតែបន្តធ្វើបាប ដោយយកដំណឹងល្អពិតឥតខ្ចោះធ្វើជា លេស។ ទោះបីជាយ៉ាងណា ខ្ញុំចង់ប្រាប់អ្នកថា មនុស្សដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនចង់រស់នៅក្នុងជីវិតមួយ ដែលអ្នកកំពុងតែបារម្ភពីនោះទេ ប៉ុន្តែដំណឹងល្អពិតនឹងដឹកនាំពួកគេទៅរកជីវិតសុចរិតវិញ។
ឥឡូវនេះ ខ្ញុំចង់សួរសំណួរមួយដល់អ្នក ហើយខ្ញុំក៏នឹងផ្តល់ចម្លើយដល់អ្នកផងដែរ។ អ្នកពិតជាជឿលើព្រះយេស៊ូវ ប៉ុន្តែតើអ្នកពិតជាកំពុងតែដឹកនាំជីវិតរបស់អ្នកឲ្យយកជ័យជំនះលើអំពើបាបរបស់លោកិយនេះបានដែរឬទេ? តើអ្នករស់នៅជាអ្នកបម្រើសុចរិតរបស់ព្រះដែលយកឈ្នះលើអំពើបាបរបស់លោកិយនេះ បម្រើព្រះបានច្រើន ហើយនាំអ្នកដទៃឲ្យបានសង្រ្គោះចេញពីអំពីបាបរបស់ពួកគេ ដោយការអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេដែរឬទេ? តើអ្នកពិតជាបានក្លាយជាមនុស្សសុចរិតម្នាក់ ដែលមិនមានសូម្បីតែអំពើបាបតូចមួយសោះ បន្ទាប់ពីជឿលើព្រះយេស៊ូវដែរឬទេ? ជំនឿ និងដំណឹងល្អតែមួយ ដែលនាំឲ្យអ្នកឆ្លើយថា បាទ ចំពោះសំណួរនេះ គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានធ្វើបន្ទាល់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។
បន្ទាប់ពីបានជឿលើព្រះយេស៊ូវហើយ យើងនៅតែបន្តធ្វើបាបទៀត។ ប៉ុន្តែព្រះអម្ចាស់របស់យើងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងទាំងអស់គ្នា ចេញពីអំពើបាបទាំងអស់របស់លោកិយនេះហើយ។ ដូច្នេះ ព្រះអម្ចាស់បានធ្វើកិច្ចការសុចរិតសម្រាប់យើង ហើយយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង តាមរយៈជំនឿលើសេចក្តីសុចរិតរបស់ព្រះ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះអម្ចាស់ ដែលទ្រង់បានធ្វើ ដើម្បីលុបបំបាត់អំពើបាបរបស់យើង។
ខ្ញុំ ចង់សួរសំណួរខ្លះដល់អ្នកម្តងទៀត។ តើអ្នកបានរួចពីអំពើបាបនៃបញ្ញាចិត្តរបស់អ្នកដែរឬទេ? តើអ្នកមិនមែនជាមនុស្សមានបាន បន្ទាប់ពីអ្នកបានជឿព្រះយេស៊ូវ ដូចជាអ្នកគឺជាមនុស្សមានបាប មុនពេលអ្នកបានជឿលើទ្រង់ដែរឬទេ? បើសិននេះគឺជាការពិត អ្នកប្រហែលជាមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ ដូច្នេះ អ្នកបានធ្លាក់ចូលបញ្ហា និងការរំខាននៅក្នុងសាច់ឈាមហើយ ពីព្រោះអ្នកមិនមានព្រះវិញ្ញាណនៅចិត្តរបស់អ្នកទេ។ មិនថាអ្នកគឺជាអ្នកជឿស្មោះត្រង់យ៉ាងណាទេ អ្នកអាចរួចពីគំនិតខាងសាច់ឈាមរបស់អ្នកបាន ដោយការធ្វើឲ្យចិត្តនៅទទេស្អាត និងការទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ អ្នកគួរតែបោះបង់គំនិតខាងសាច់ឈាមរបស់អ្នកចោល ហើយបែរមកព្រះបន្ទូលព្រះដែលត្រូវបានកត់ត្រាទុកក្នុងព្រះគម្ពីរវិញ ដើម្បីបានយល់សេចក្តីពិតថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជា សេចក្តីពិតអំពីសេចក្តីសង្រ្គោះ។
នៅក្នុងលោកិយនេះ មានមនុស្សជាច្រើន ដែលកែប្រែច្បាប់នៃសេចក្តីសង្រ្គោះ ដែលព្រះបានបង្កើតមក តាមរបៀបដែលពួកគេចង់បាន បើទោះជាពួកគេប្រកាសដោយបបូរមាត់ថា ពួកគេជឿព្រះអម្ចាស់ក៏ដោយ។ បើសិនអ្នកគឺជាម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ព្រះអម្ចាស់នឹងបោះបង់ចោលអ្នកនៅថ្ងៃចុងក្រោយហើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា រឿងនេះនឹងមិនកើតឡើងចំពោះអ្នកណាម្នាក់នៅក្នុងលោកិយនេះទេ។ ហើយខ្ញុំអធិស្ឋានថា អ្នកមិនមែនជាមនុស្សម្នាក់ ដែលជឿថា ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយគត់ ដែលអាចសង្រ្គោះអ្នកបាន ហើយថា អ្នកបានសួរសំណួរចេញពីសេចក្តីប្រាថ្នាចង់រស់នៅរួចពីបាបអស់មួយជីវិតរបស់អ្នក។
ទោះបីជាយ៉ាងណា គំនិតរបស់អ្នកគឺជាគំនិតខាងសាច់ឈាម ដែល «រមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង» (រ៉ូម ៨:៧)។ សាវកប៉ុល និយាយថា «ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ» (រ៉ូម ៨:៨)។ បើសិនអ្នកចង់មានជំនឿដែលផ្គាប់ព្រះហឫទ័យព្រះ អ្នកគួរតែជឿលើព្រះរាជកិច្ចដ៏វិសេសថ្លៃថ្លារបស់ព្រះអម្ចាស់ ដែលទ្រង់បានយាងមកលោកិយនេះ តាមរយៈនាងក្រមុំព្រហ្មចារីម៉ារា ទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន នៅទន្លេយ័រដាន់ ហើយបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។
តើអ្នកគិតថា អ្នកណាអាចអនុវត្តកិច្ចការសុចរិតរបស់ព្រះបាន? មនុស្សសុចរិត ឬមនុស្សមានបាប? មនុស្សមានបាបម្នាក់ នៅតែស្ថិតនៅក្នុងបាប ពីព្រោះគាត់មិនបានទទួលការអត់ទោសអំពើបាបនៅចំពោះព្រះទេ។ ដូច្នេះ ការមួយដែលកំពុងតែរង់ចំាមនុស្សមានបាប គឺជាការដាក់ទោសសម្រាប់អំពើបាបរបស់គាត់។ ព្រះមិនអាចអនុញ្ញាតឲ្យមនុស្សមានបាបចូលទៅក្នុងនគររបស់ទ្រង់បានឡើយ ពីព្រោះ «ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹង សេចក្តីល្មើសទេ» (ទំនុកដំកើង ៥:៤)។ ព្រះបានមានបន្ទូលថា បើសិនមនុស្សមានបាបម្នាក់បានចេញមកឯទ្រង់ ហើយទូលសូមអ្វីមួយពីទ្រង់ ទ្រង់នឹងមិនស្តាប់សេចក្តីអធិស្ឋានរបស់គាត់ទេ ពីព្រោះ «គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ» (អេសាយ ៥៩:២)។ មនុស្សមានបាប ពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះឈ្នួលនៃអំពើបាបគឺជា សេចក្តីស្លាប់ជាពិត។
មានតែមនុស្សសុចរិត ដែលបានញែកជាបរិសុទ្ធ ហើយមិនមានបាបនៅចិត្តទេ ទើបអាចធ្វើកិច្ចការសុចរិតរបស់ព្រះបាន។ លើសពីនេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់មនុស្សសុចរិត ដែលមិនមានបាប បន្ទាប់ពីបានជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវហើយ។ នៅថ្ងៃបុណ្យទី៥០ សាវកពេត្រុសបាននិយាយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨)។
អ្វីដែលបទគម្ពីរនេះចង់និយាយគឺថា បើសិនអ្នកចង់មានជំនឿពិត និងទទួលបានការអត់ទោសអំពើបាបទាំងអស់របស់យើង តាមរយៈជំនឿ នោះអ្នកគួរតែជឿលើទំាងបុណ្យជ្រមុជ និងទាំងឈើឆ្កាងរបស់ព្រះយេស៊ូវ។ ជំនឿបែបនេះ អាចអនុញ្ញាតឲ្យអ្នក «ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ» បាន ហើយមានន័យថា អ្នកអាចទទួលបានការអត់ទោសអំពើបាបរបស់អ្នក ដោយការមានជំនឿលើកិច្ចការសុចរិតរបស់ទ្រង់។ ជាការពិត ពួកសិស្សរបស់ព្រះយេស៊ូវក៏បានធ្វើពិធីបុណ្យជ្រមុជដល់អ្នកដែលបានកើតជាថ្មីផងដែរ ដែលមានជំនឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ ទ្រង់។ ព្រះយេស៊ូវ បានបង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យធ្វើបុណ្យជ្រមុជឲ្យមនុស្សទាំងអស់នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ២៨:១៩)។
លើសពីនេះ សាវកប៉ុលបាននិយាយថា «អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ» (រ៉ូម ៨:៩)។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សសុចរិត ដើម្បីបោះត្រាពួកគេធ្វើជាកូនរបស់ទ្រង់។ ហើយព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅក្នុងមនុស្សមានបាបទេ ពីព្រោះពួកគេមានបាប ហើយទ្រង់មិនចូលចិត្តបាប ប៉ុន្តែទ្រង់ចង់បានសេចក្តីបរិសុទ្ធវិញ (ការដាច់ចេញពីបាប)។ ព្រះវិញ្ញាណបរិសុទ្ធ ក៏ដឹកនាំមនុស្សសុចរិតទៅតាមផ្លូវសុចរិត ហើយដឹកនាំពួកគេឲ្យដើរតាមបំណងព្រះហឫទ័យព្រះវរបិតា។ ដូច្នេះ តើបំណងព្រះហឫទ័យព្រះវរបិតាគឺជាអ្វី? គឺត្រូវចែកចាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សគ្រប់ទាំងសាសន៍ ហើយធ្វើបុណ្យជ្រមុជឲ្យពួកគេ ស្របតាមបេសកកម្មដ៏អស្ចារ្យ។
សាច់ឈាមរបស់មនុស្សសុចរិត និងមនុស្សមានបាប នៅតែបន្តធ្វើបាបរហូតដល់ថ្ងៃពួកគេស្លាប់ដូចគ្នា។ ប៉ុន្តែព្រះអម្ចាស់បានធ្វើកិច្ចការសុចរិត ដើម្បីលុបបំបាត់អំពើបាបទាំងអស់ ដែលមនុស្សប្រព្រឹត្តជាមួយសាច់ឈាម និងចិត្តរបស់ពួកគេ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចហើយ។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវបានសម្រេចបាន។ ដូច្នេះហើយបានជាព្រះគម្ពីរសរសរថា «ដ្បិតសេចក្តីសុចរិតនៃព្រះ (ដំណឹងល្អពិត) បានសំដែងមកក្នុងដំណឹងល្អ ដោយសារសេចក្តីជំនឿ ហើយឲ្យបាន សេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧)។ មនុស្សម្នាក់ដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងឈ្នះ «ច្បាប់នៃអំពើបាប និង សេចក្តីស្លាប់» ហើយដើរតាមសេចក្តីសុចរិតរបស់ទ្រង់វិញ។ ការនេះអាចកើតមានឡើងបាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលយាងមកគង់ក្នុងអ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។
អំពើបាបទាំងអស់ពីអតីតកាល បច្ចុប្បន្ន និងអនាគតរបស់មនុស្សសុចរិត ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហន-បាទ្ទីស។ ហើយសាច់ឈាមរបស់មនុស្សសុចរិត ក៏បានស្លាប់ជាមួយព្រះយេស៊ូវផងដែរ។ នៅពេលមនុស្សម្នាក់ជឿលើសេចក្តីពិតនេះ គាត់នឹងបានរួបរួមជាមួយព្រះយេស៊ូវ តាមរបៀបដែលទ្រង់បានសុគត និងមានព្រះជន្មរស់ឡើងវិញ។ នេះបានក្លាយជាការដាក់ទោសដល់អំពើបាបទំាងអស់របស់គាត់ហើយ (រ៉ូម ៦)។
ដូច្នេះ ទោះបីជាសាច់ឈាមរបស់មនុស្សសុចរិតក៏ប្រព្រឹត្តអំពើបាបពេញមួយជីវិតរបស់គាត់ផងដែរ ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងគាត់ ដឹកនាំគាត់ ដើម្បីឲ្យគាត់អាចដើរតាមព្រះវិញ្ញាណបាន។ មនុស្សសុចរិត ដើរតាមព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើការងាររបស់ព្រះ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅខាងក្នុងគាត់។
សូម្បីតែនៅសម័យពួកសាវក មនុស្សជាច្រើនធ្លាប់បានបន្ទោសអ្នកដែលបានកើតជាថ្មី ដោយមិនសមហេតុផល ពីព្រោះពួកគេបារម្ភចំពោះជីវិតរបស់អ្នកដែលបានកើតជាថ្មី ដែលត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ មនុស្សប្រភេទនេះបានយល់ខុសអំពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលពួកសាវកបានអធិប្បាយ ថាជាគំនិតឥតប្រយោជន៍ខាងសាច់ឈាមទៅវិញ។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយទៅកាន់មនុស្សទាំងនេះថា «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ២ ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន» (រ៉ូម ៦:១-២)។ ហើយគាត់បានបន្ថែមទៀតថា « អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៥)។
សរុបមក សាច់ឈាមរបស់មនុស្សសុចរិត គឺនៅតែមិនពេញលេញ ហើយគ្មានជម្រើសណាផ្សេងក្រៅតែពីធ្វើបាបទេ ប៉ុន្តែពួកគេនៅតែដើរតាមព្រះវិញ្ញាណបរិសុទ្ធ ក្នុងការអធិប្បាយដំណឹងល្អទៅកាន់លោកិយទាំងមូល។ មនុស្សសុចរិត ដើរនៅក្នុងព្រះវិញ្ញាណ ពីព្រោះចិត្តរបស់ពួកគេសម្រាកនៅក្រោមព្រះគុណ។ «ដូច្នេះ ធ្វើដូចម្តេច តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រឹត្យវិន័យឬអី ទេ មិនគួរឡើយ តើអ្នករាល់គ្នាដឹងទេឬអី ថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបំរើ និងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបំរើរបស់ចៅហ្វាយនោះឯងដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្តីស្លាប់ ឬជារបស់ផងសេចក្តីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី» (រ៉ូម ៦:១៥-១៦)។
ដូចជាផ្កាពិតខុសគ្នាយ៉ាងខ្លាំងពីផ្កាក្លែងក្លាយ ម្ចាស់នៅក្នុងចិត្តរបស់មនុស្សសុចរិត និងម្ចាស់នៅក្នុងមនុស្សមានបាបក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ ដោយសារម្ចាស់នៅក្នុងចិត្តរបស់មនុស្សសុចរិតគឺជាព្រះវិញ្ញាណបរិសុទ្ធ មនុស្សសុចរិតអាចដើរនៅក្នុងព្រះវិញ្ញាណ ហើយដើរតាមសេចក្តីពិតសុចរិតនៅក្នុងជីវិតរបស់ខ្លួន ដែលផ្គាប់ព្រះហឫទ័យព្រះបាន។ ម៉្យាងវិញទៀត មនុស្សមានបាបមិនមានជម្រើសអ្វីក្រៅតែពីដើរតាមបាបទេ ពីព្រោះម្ចាស់ដែលនៅក្នុងខ្លួនរបស់ពួកគេគឺជាបាបតែម្តង។ ហើយមនុស្សមានបាប មិនអាចរស់នៅក្នុងជីវិតបរិសុទ្ធបានឡើយ ពីព្រោះគាត់មិនមានព្រះវិញ្ញាណ ដោយសារតែសេចក្តីទុច្ចរិតជាច្រើនរបស់គាត់។
ការសន្មត់ថា អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចមានជីវិតបរិសុទ្ធបានឡើយ គ្រាន់តែជាជំនឿខុសឆ្គងមួយ ដែលបានចេញមកពីគំនិតឥតប្រយោជន៍ខាងសាច់ឈាមប៉ុណ្ណោះ។ ព្រះព្រមានពួកគេថា «តែពួកនោះ គេហ៊ានជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ផង ព្រមទាំងបង្ខូចខ្លួន ក្នុងការអ្វីដែលគេយល់ដោយធម្មតាវិញ ហាក់ដូចជាសត្វតិរច្ឆាន» (យូដា ១:១០)។ នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន មិនយល់ពីជីវិតរបស់មនុស្សសុចរិតទេ ទោះបីជាពួកគេទទួលស្គាល់ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិតក៏ដោយ ពីព្រោះពួកគេមិនដឹងយ៉ាងច្បាស់លាស់អំពីវា ហើយមិនបានទទួលវានៅក្នុងចិត្តរបស់ពួកគេឡើយ។
តើអ្នកគិតយ៉ាងដូចម្តេចចំពោះកិច្ចការសុចរិតរបស់អ្នកដែលបានកើតជាថ្មី? ពួកគេបានលះបង់ទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់ពួកគេ ហើយសូម្បីតែខ្លួនរបស់ពួកគេផង ធ្វើជាយញ្ញបូជារស់ សម្រាប់ការងារចែកចាយដំណឹងល្អទៅកាន់លោកិយទាំងមូល។ យោងតាមគំនិតផ្ទាល់ខ្លួនរបស់អ្នក ហេតុអ្វីអ្នកគិតថា អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងចង់តែប្រព្រឹត្តអំពើបាប ដោយយកដំណឹងល្អធ្វើលេស?
មនុស្សសុចរិត ធ្វើកិច្ចការល្អ ដោយសេចក្តីជំនឿ នៅក្នុងពន្លឺនៃសេចក្តីពិត និងសេចក្តីសុចរិតរបស់ព្រះ។ យើងពិតជាសង្ឃឹមថា មនុស្សមានបាបទាំងអស់នឹងបែរមកឯដំណឹងល្អ ដែលព្រះបានលាងសម្អាតអំពើបាបទំាងអស់របស់ពួកគេ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
បាទ យើងប្រាថ្នាដោយស្មោះត្រង់ថា អ្នកនឹងទទួលបានការអត់ទោសអំពើបាប ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអស់ពីចិត្តរបស់អ្នក ហើយរង់ចាំព្រះអម្ចាស់ រហូតដល់ថ្ងៃចុងក្រោយ ដោយឥតមានបាបសោះ។