Search

布道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 15-1] ពួកបរិសុទ្ធដែលសរសើរតម្កើងព្រះរាជកិច្ចដ៏អស្ចារ្យ របស់ព្រះអម្ចាស់នៅលើមេឃ (វិវរណៈ ១៥:១-៨)

ពួកបរិសុទ្ធដែលសរសើរតម្កើងព្រះរាជកិច្ចដ៏អស្ចារ្យ របស់ព្រះអម្ចាស់នៅលើមេឃ
(វិវរណៈ ១៥:១-៨)
«ខ្ញុំក៏ឃើញទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្តីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្តីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្តីវេទនាទាំងនោះ រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្តីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ ហើយទេវតា៧ដែលកាន់សេចក្តីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញចានទៅដោយសេចក្តីឃោរឃៅរបស់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្តីវេទនាទាំង៧ របស់ទេវតា៧នោះបានសំរេចស្រេច»
 


ការកាត់ស្រាយ


ខ.១៖ ខ្ញុំក៏ឃើញទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្តីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្តីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្តីវេទនាទាំងនោះ។ 
ជំពួក១៥ប្រាប់យើងអំពីចុងបញ្ចប់នៃផែនដី ដោយសារគ្រោះកាចនៃចានទាំង៧ពីទេវតាទាំង៧។ តើ «ទីសំគាល់១ទៀត ដែលធំហើយ អស្ចារ្យ» ដែលសាវកយ៉ូហានបានមើលឃើញគឺជាអ្វី? វាគឺជាទិដ្ឋភាពដ៏ អស្ចារ្យនៃពួកបរិសុទ្ធឈរនៅលើសមុទ្រកែវ ហើយសរសើរតម្កើងព្រះរាជកិច្ចរបស់ព្រះអម្ចាស់។

ខ.២៖ រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។ 
ឃ្លាថា «ដូចជាសមុទ្រកែវ លាយនឹងភ្លើង» នៅទីនះ ប្រាប់យើងថា ការរងទុក្ខនៅលើផែនដីនេះនឹងឈានដល់ចំណុចខ្ពស់របស់វា នៅពេលព្រះចាក់គ្រោះកាចនៃចានទាំង៧មក ហើយថា ពួកបរិសុទ្ធនឹងសរសើរតម្កើងព្រះអម្ចាស់នៅក្នុងពពក។ គ្រោះកាចនៃចានទាំង៧ដែលព្រះចាក់មកលើផែនដីនេះ គឺដើម្បីសងសឹងខ្មាំងសត្រូវរបស់ពួកបរិសុទ្ធ។ 
នៅពេលនេះ ពួកបរិសុទ្ធដែលបានចូលទៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការឡើងទៅលើអាកាស នឹងកំពុងតែឈរនៅលើសមុទ្រកែវ ដើម្បីសរសើរតម្កើងព្រះរាជកិច្ចរបស់ព្រះ។ ពួកបរិសុទ្ធដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ និងលើកឡើងទៅលើអាកាស ដោយការធ្វើទុក្ករកម្មនៅលើផែនដីនេះ តាមរយៈអំណាចរបស់ព្រះអម្ចាស់ នឹងសរសើរតម្កើងទ្រង់អស់កល្បជានិច្ចសម្រាប់សេចក្តីសង្រ្គោះ និងអំណាចរបស់ទ្រង់។ ពួកបរិសុទ្ធដែលសរសើរតម្កើង គឺជាអស់អ្នកដែលទទួលបានជ័យជំនះខាងជំនឿ ដោយការយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿបដិសេធវា រូបរបស់វា និងសញ្ញានៃឈ្មោះ និងលេខរបស់វា។ 

ខ.៣៖ គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់។ 
ពួកបរិសុទ្ធដែលឈរនៅលើសមុទ្រកែវ កំពុងតែច្រៀងចម្រៀងរបស់លោកម៉ូសេ និងចម្រៀងរបស់កូនចៀម។ ទំនុកបទរបស់វាគឺ៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយ អស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់!»។ ទំនុកបទនៃចម្រៀងនេះសរសើរតម្កើងព្រះសម្រាប់ការពិតថា ជាមួយអំណាចព្រះចេស្តារបស់ទ្រង់ គ្មានអ្វីដែលទ្រង់ធ្វើមិនបាននោះឡើយ។ ហើយវាក៏សរសេរផងដែរថា «ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ»។
«អស្ចារ្យ» នៅទីនេះ មានន័យថា «អ្វីមួយអស្ចារ្យដែលពាក្យសម្តីមិនអាចពន្យល់បាន»។ នៅក្នុងន័យផ្សេង វាគឺជាការដ៏អស្ចារ្យ ដែលតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់របស់យើងបានសង្រ្គោះពួកបរិសុទ្ធទាំងអស់ពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ចេញពីអំពើបាបទាំងអស់របស់ពួកគេ ធ្វើឲ្យពួកគេត្រឡប់ជាឥតបាប ហើយអនុញ្ញាតឲ្យពួកគេសរសើរតម្កើងទ្រង់នៅលើអាកាស បន្ទាប់ពីទ្រង់បានប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ និងលើកពួកគេឡើងទៅក្នុងអាកាស។ ពួកបរិសុទ្ធទាំងនេះកំពុងតែសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការធ្វើជាព្រះអង្គសង្រ្គោះ ព្រះអម្ចាស់ និងព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តារបស់ពួកគេ។ 
តើអ្នកពិតជាជឿថា ព្រះអម្ចាស់បានបង្កើតសកលលោក និងគ្រប់យ៉ាង រួមទាំងអ្នក និងខ្ញុំ ហើយថា ទ្រង់ពិតជាព្រះអម្ចាស់របស់យើងដែរឬទេ? មានតែអស់អ្នកដែលជឿតាមសេចក្តីពិតនេះប៉ុណ្ណោះ ទើបអាចក្លាយជាអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ អស់អ្នកដែលមានជំនឿបែបនេះ គឺជាអ្នកដែលមានជំនឿត្រឹមត្រូវបំផុត។ គ្រីស្ទបរិស័ទត្រូវតែដឹង និងជឿថា ព្រះយេស៊ូវគឺជាព្រះអាទិករ ដែលបានបង្កើតសកលលោកទាំងមូល និងគ្រប់យ៉ាងនៅក្នុងវា។ ហើយពួកគេត្រូវតែសរសើរតម្កើង និងថ្វាយបង្គំព្រះអម្ចាស់ ដោយការដឹង និងជឿលើព្រះរាជកិច្ចរបស់ទ្រង់។ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ!» ការសរសើរតម្កើងដែលចេញពីជំនឿនេះ បង្ហាញពីជំនឿពិតប្រាកដរបស់ពួកបរិសុទ្ធដែលបានកើតជាថ្មីពិតប្រាកដ ដែលច្រៀងចម្រៀងរបស់លោកម៉ូសេ និងចម្រៀងរបស់កូនចៀម។ 
តើអ្នកជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តាដែរទេ? អស់អ្នកដែលជឿថា ព្រះយេស៊ូវគឺជាព្រះដែលបានបង្កើតសកលលោកទាំងមូល ក៏ជឿផងដែរថា ព្រះអម្ចាស់បានយាងមកផែនដីនេះក្នុងនិស្ស័យជាមនុស្ស ហើយកាលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិតែម្តងជាសម្រេច ហើយទ្រង់បានបង្ហូរព្រះលោហិត និងសុគតនៅលើឈឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ តាមរយៈជំនឿរបស់ពួកគេ ពួកគេទទួលបានការអត់ទោសបាប ហើយបានធ្វើជាពួកបរិសុទ្ធ។ អស់អ្នកដែលស្គាល់សេចក្តីពិតនេះ និងមានជំនឿត្រឹមត្រូវតាម ពិតជាបានធ្វើជាមនុស្សដែលមានជំនឿដ៏អស្ចារ្យហើយ។
បទគម្ពីរនៅទីនេះ និយាយថា ពួកបរិសុទ្ធដែលត្រូវបានលើកឡើង បសរសើរតម្កើងព្រះនៅលើអាកាសថា «ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ»។ នៅក្នុងន័យផ្សេង ពួកគេកំពុងតែសរសើរតម្កើងព្រះអម្ចាស់ដ៏ជាព្រះ សម្រាប់ការបង្កើតសកលលោក និងមនុស្សជាតិ សម្រាប់ការសង្រ្គោះមនុស្សមានបាបនៅលើផែនដីនេះ ដោយការសម្អាតអំពើបាបទាំងអស់របស់ពួកគេតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងសម្រាប់ការប្រទានសិទ្ធិដល់ពួកគេធ្វើជាកូនរបស់ព្រះ ដែលគ្រប់ទាំងអស់កើតឡើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានមក។ ទាំងពួកបរិសុទ្ធអាចចូលរួមនៅក្នុងទុក្ករកម្មសម្រាប់ព្រះគ្រីស្ទ ទាំងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ សុទ្ធតែជាព្រះពរមកព្រះទាំងអស់។
ពួកបរិសុទ្ធទាំងអស់ត្រូវតែថ្វាយដល់ព្រះនូវការសរសើរតម្កើងរបស់ខ្លួន ដែលទ្រង់បើកសម្តែងសិរីល្អទាំងអស់របស់ទ្រង់ សម្រាប់ព្រះរាជកិច្ចដ៏សុចរិតទាំងអស់ ដែលព្រះអម្ចាស់បានធ្វើសម្រាប់មនុស្សមានបាប គឺសម្រាប់ការដោះអំពើបាបទាំងអស់ចេញ ក៏ដូចជាកិច្ចការផ្សេងៗទៀតដែលទ្រង់បានធ្វើ ខណៈដែលទ្រង់គង់នៅលើផែនដី។ ពួកបរិសុទ្ធច្រៀងចម្រៀងរបស់លោកម៉ូសេ និងចម្រៀងរបស់កូនចៀមនៅលើពពក។ ពួកគេសរសើរតម្កើងព្រះអម្ចាស់ថា ការរបស់ព្រះអម្ចាស់ដ៏ជាព្រះសុទ្ធតែធំ និងអស្ចារ្យសម្រាប់មនុស្សមានបាប និងខ្មាំងសត្រូវរបស់ទ្រង់។ 
តាមការពិត អ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកបរិសុទ្ធ និងអស់អ្នកដែលប្រឆាំងនឹងទ្រង់ មិនគ្រាន់តែអស្ចារ្យសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែវាអស្ចារ្យបំផុត។ គោលបំណងរបស់ព្រះនៅក្នុងការបង្កើតលោកិយនេះ គឺដើម្បីយកមនុស្សជាតិធ្វើជារាស្ត្ររបស់ទ្រង់។ ដូច្នេះ ព្រះរាជកិច្ចទាំងអស់ដែលទ្រង់បានធ្វើសម្រាប់មនុស្សជាតិគឺធំ និងអស្ចារ្យខ្លាំង ណាស់។ យើងថ្វាយសិរីល្អដល់ព្រះ ដោយការជឿលើកិច្ចការទាំងអស់ដែលទ្រង់បានធ្វើសម្រាប់យើង ហើយយើងសរសើរតម្កើងទ្រង់ ដោយការជឿលើព្រះរាជកិច្ចទាំងអស់របស់ទ្រង់។ 
ការដែលព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ ហើយក៏មានភាពអស្ចារ្យផងដែរ។ ហើយការដែលទ្រង់បានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់មនុស្សគ្រប់គ្នា និងដែលទ្រង់បានធ្វើការ តាមរយៈនាងក្រមុំ ព្រហ្មចារីម៉ារា ដើម្បីបញ្ជូនព្រះយេស៊ូវមកកាន់ផែនដី ក៏មានភាពអស្ចារ្យនៅចំពោះភ្នែករបស់យើងផងដែរ។ ប៉ុន្តែក្នុងពេលជាមួយគ្នា យើងជឿថា ព្រះរាជកិច្ចទាំងនេះគឺជាមធ្យោបាយដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ។ ហើយក៏មានភាពអស្ចារ្យផងដែរ ចំពោះការពិតថា ព្រះអម្ចាស់របស់យើងបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដើម្បីឲ្យទ្រង់អាចដោះបាបទាំងអស់របស់មនុស្សជាតិចេញបានទាំងស្រុងតែម្តង។ 
សម្រាប់អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ការដែលព្រះអម្ចាស់បានប្រទានការអត់ទោសបាបអស់កល្បជានិច្ច និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដល់ពួកគេ ក៏ជាការធំ និងអស្ចារ្យផងដែរ។ ហើយការដែលទ្រង់បានធ្វើឲ្យពួកបរិសុទ្ធរបស់ទ្រង់ប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅទូទាំងពិភពលោក ក៏ជាព្រះពរដ៏អស្ចារ្យមួយទៀតសម្រាប់យើងផដែរ។ ការពិតថា ព្រះអម្ចាស់របស់យើងនឹងអនុញ្ញាតឲ្យមានទុក្ករកម្មសម្រាប់ពួកបរិសុទ្ធ ប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ លើកពួកគេឡើងទៅ និងអនុញ្ញាតឲ្យពួកគេរស់នៅក្នុងសិរីល្អអស់កល្ប ជានិច្ចនៅស្ថានសួគ៌ ក៏សុទ្ធតែជាព្រះរាជកិច្ច និងព្រះពរដ៏អស្ចារ្យផងដែរ។
ដោយសារព្រះបានរៀបចំផែនការសម្រាប់ការទាំងនេះ ទ្រង់នឹងសម្រេចវាទាំងអស់ កាលណាពេលវេលាមកដល់។ ព្រះរាជកិច្ចទាំងនេះរបស់ព្រះអម្ចាស់ ដែលធ្វើឲ្យពួកបរិសុទ្ធថ្វាយសិរីល្អ និងសរសើរតម្កើងព្រះបានក្លាយទៅជាព្រះដ៏ធំនៅក្នុងចិត្តរបស់យើង។ ហើយយើងក៏អរព្រះគុណដល់ព្រះអម្ចាស់ផងដែរ សម្រាប់ការពិតថា ទ្រង់នឹងសងសឹកដល់ខ្មាំងសត្រូវរបស់ទ្រង់ ដោយអំណាចព្រះចេស្តាដ៏ពូកែរបស់ទ្រង់ តាមរយៈគ្រោះកាចនៃចានទាំង៧។
ដោយសារព្រះរាជកិច្ចទាំងអស់របស់ព្រះអម្ចាស់នៅចំពោះភ្នែករបស់ពួកបរិសុទ្ធ មានភាពអស្ចារ្យលើសពីការគិតរបស់ពួកគេ ពួកគេសរសើរតម្កើងទ្រង់។ ដូច្នេះ ពួកគេសរសើរតម្កើងព្រះអម្ចាស់ សម្រាប់សព្វានុភាព របស់ទ្រង់ និងសម្រាប់អំណាច និងព្រះរាជកិច្ចដ៏ធំអស្ចារ្យរបស់ទ្រង់។ ព្រះរបស់យើងសមនឹងទទួលបានការសរសើរតម្កើងទាំងអស់ពីមនុស្សជាតិ និងស្នាព្រះហស្តទាំងអស់នៅក្នុងសកលលោកនេះ។ ហាលេលូយ៉ា!
អស់អ្នកដែលបានដឹង ស្គាល់ និងធ្វើបន្ទាល់ដោយផ្ទាល់ភ្នែកពីអ្វីដែលព្រះអម្ចាស់របស់យើងបានធ្វើសម្រាប់ពួកគេ ពិតជាត្រូវតែសរសើរតម្កើងទ្រង់សម្រាប់អំណាចព្រះចេស្តាដ៏ពូកែ ប្រាជ្ញាដ៏ឥតខ្ចោះ សេចក្តីសុចរិត ការវិនិច្ឆ័យដ៏យុត្តិធម៌ និងសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ទ្រង់។ ព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកបរិសុទ្ធសរសើរតម្កើងទ្រង់អស់កល្បជានិច្ច សម្រាប់ព្រះរាជកិច្ចដ៏ធំអស្ចារ្យរបស់ទ្រង់។ 
ដូច្នេះ ពួកបរិសុទ្ធសរសើរតម្កើងព្រះអម្ចាស់ដ៏ជាព្រះអស់កល្បជានិច្ច សម្រាប់ការទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ពួកគេ ទាំងសិរីល្អ និងឧត្តមភាពរបស់ទ្រង់។ ព្រះអម្ចាស់របស់យើងសមនឹងទទួលបានការសរសើរតម្កើងពីគ្រប់ទាំងអស់នៅក្នុងសកលលោកនេះ សម្រាប់ព្រះរាជកិច្ចប្រកបដោយអំណាចព្រះចេស្តារបស់ទ្រង់។ ហាលេលូយ៉ា! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់សម្រាប់អំណាចព្រះចេស្តា និងសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ទ្រង់!

ខ.៤៖ ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។ 
ពួកបរិសុទ្ធនៅលើអាកាសច្រៀងដោយមាត់ ដើម្បីសរសើរតម្កើងព្រះរាជកិច្ចរបស់ព្រះអម្ចាស់។ «ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់?» នេះគឺជាការសរសើរតម្កើងដែលពេញដោយចិត្តជឿមុតមាំ និងជំនឿ ដែលប្រកាសដោយទំនុកចិត្តថា គ្មានអ្នកណាអាចទាស់ប្រឆាំងនឹងសិរីល្អរបស់ព្រះបានឡើយ ហើយថា គ្មានអ្នកណាហ៊ានបញ្ឈប់ទ្រង់ពីការទទួលការសរសើរតម្កើងបានឡើយ។ តើអ្នកណាអាចឈរនៅចំពោះព្រះនាមរបស់ព្រះអម្ចាស់ ដោយមិនភ័យញ័របាន? គ្មានអ្នកណាម្នាក់ ឬអ្វីមួយនៅលើលោកិយនេះ ដែលអាចទាស់ប្រឆាំង និងយកឈ្នះលើព្រះអម្ចាស់បានឡើយ ពីព្រោះទ្រង់គឺជាស្តេចលើសអស់ទាំងស្តេច និងព្រះដ៏មានអំណាចព្រះចេស្តា។ 
គ្រប់ទាំងអស់នៅក្នុងលោកិយនេះ និងពួកបរិសុទ្ធត្រូវតែកោតខ្លាចនៅចំពោះព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ អំណាចដ៏ពូកែរបស់ទ្រង់ និងសេចក្តីពិតរបស់ទ្រង់។ ដោយសារអំណាចរបស់ព្រះអម្ចាស់ខ្លាំងពូកែ និងដោយសារទ្រង់ពិត និងគ្រប់លក្ខណ៍ ស្នាព្រះហស្តទាំងអស់ថ្វាយការអរព្រះគុណ សិរីល្អ និងការសរសើរតម្កើងទៅចំពោះព្រះនាមរបស់ទ្រង់។ គ្រប់គ្នាត្រូវតែមានចិត្តដែលកោតខ្លាចព្រះ។ ហើយស្នាព្រះហស្តទាំងអស់នៅក្នុងសកលលោកនេះត្រូវតែសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់។ ហេតុអ្វី? ពីព្រោះព្រះអម្ចាស់របស់យើងបរិសុទ្ធ ហើយទ្រង់បានសង្រ្គោះមនុស្សទាំងអស់ចេញពីសេចក្តីទុច្ចរិតទាំងអស់របស់ពួកគេ។ 
ដោយសារគ្រោះកាចនៃចានទាំង៧ ដែលព្រះអម្ចាស់នឹងចាក់មកលើអាទទឹងនឹងព្រះគ្រីស្ទ អ្នកដើរតាមរបស់វា និងអ្នកកាន់តាមសាសនានៅលើផែនដីនេះ នឹងបង្ហាញពីសេចក្តីសុចរិតរបស់ទ្រង់ យើងត្រូវតែសរសើរតម្កើងទ្រង់។ ដោយសារយុត្តិធម៌ និងសេចក្តីសុចរិតរបស់ព្រះអម្ចាស់ត្រូវបានបើកសម្តែង តាមរយៈគ្រោះកាចនៃចានទាំង៧ ព្រះអម្ចាស់របស់យើងសមនឹងទទួលបានគ្រប់ទាំងសិរីល្អ ការសរសើរតម្កើង និងការថ្វាយបង្គំពីស្នាព្រះហស្តទាំងអស់ ពួកទេវតា និងពួកបរិសុទ្ធនៅលើអាកាស។ 
តើអ្នកណាមិនហ៊ានមិនកោតខ្លាចព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ? ព្រះអម្ចាស់របស់យើងមិនមែនជាស្នាព្រះហស្តឡើយ ប៉ុន្តែជាព្រះអម្ចាស់ដ៏ជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្តា។ តាមរយៈការចាក់គ្រោះកាចនៃចានទាំង៧មកលើអស់អ្នកដែលទាស់ប្រឆាំងនឹងទ្រង់ ស្នាព្រះហស្តទាំងអស់របស់ទ្រង់នឹងសរសើរតម្កើងទ្រង់នៅចំពោះអំណាចព្រះចេស្តារបស់ទ្រង់។ 
«គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។» ដូច្នេះ ត្រូវតែដឹងថា គ្មានអ្នកដែលទាស់ប្រឆាំងនឹងព្រះ ហើយប្រមាថព្រះនាមព្រះ អាចរស់នៅយ៉ាងមានសុភមង្គលបានឡើយ។ 
ព្រះអម្ចាស់សមនឹងទទួលបានការលុតជង្គង់នៅចំពោះព្រះនាមទ្រង់ និងការជឿ ការអរព្រះគុណ និងការសរសើរតម្កើងទ្រង់សម្រាប់ឧត្តមភាពរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់ សេចក្តីមេត្តាករុណារបស់ទ្រង់ និងសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ទ្រង់។ ដូច្នេះ ស្នាព្រះហស្តទាំងអស់ត្រូវតែជឿលើអ្វីដែលព្រះអម្ចាស់បានធ្វើ កាលទ្រង់គង់នៅលើផែនដីនេះ។ ព្រះអម្ចាស់សមនឹងទទួលបានការសរសើរតម្កើងពីមនុស្សទាំងអស់ពីគ្រប់ជាតិសាសន៍ទាំងអស់។ អាម៉ែន។ ហាលេលូយ៉ា!

ខ.៥៖ ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្តីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ។
ខនេះប្រាប់យើងថា នៅពេលគ្រោះកាចនៃចានទាំង៧ពីព្រះមកដល់ ព្រះនឹងប្រទានដល់ពួកបរិសុទ្ធនូវតំណាក់ស្ថានសួគ៌របស់ទ្រង់។ ហើយទ្រង់នឹងសម្រេចការទាំងនេះ។ តើ «រោងាឧបោសថនៃសេចក្តីបន្ទាល់» នេះគឺជាអ្វី? វាគឺជាតំណាក់របស់ព្រះ ដែលដូចជារោងឧបោសថនៅលើផែនដីនេះ។ ឃ្លាថា «ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្តីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ» មានន័យថា គ្រានៃនគររបស់ព្រះអម្ចាស់នឹងបើកចាប់ពីពេលនោះតទៅ។ 
ទន្ទឹមនឹងការបើកទ្វារនៃព្រះវិហារនៃរោងឧបោសថនៃសេចក្តីបន្ទាល់ គ្រោះកាចចុងក្រោយ និងនគររបស់ព្រះអម្ចាស់នឹងត្រូវបាននាំមកលើផែនដីនេះ។ បើសិនមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ គ្មានជំនឿណាមួយដែលអាចអនុញ្ញាតឲ្យយើងឈរនៅចំពោះព្រះបានឡើយ។ ដូច្នេះ យើងត្រូវតែដឹង និងជឿតាមដំណឹងល្អអំពីសេចក្តីពិតនេះ ហើយក៏ដឹង និងជឿផងដែរថា ពេលវេលាសម្រាប់យើងទៅរស់នៅក្នុងនគរបស់ព្រះគ្រីស្ទជិតមកដល់ហើយ។ 

ខ.៦៖ ហើយទេវតា៧ដែលកាន់សេចក្តីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង។ 
ព្រះបន្ទូលនេះប្រាប់យើងថា នៅពេលព្រះចាក់គ្រោះកាចនៃចានទាំង៧មកលើផែនដីនេះ ទ្រង់នឹងធ្វើការ តាមរយៈពួកទេវតាដែលជឿលើយុត្តិធម៌ និងភាពត្រឹមត្រូវនៃគ្រោះកាចទាំង៧នេះ។ នៅក្នុងន័យផ្សេង វាប្រាប់យើងថា ពួកអ្នកបម្រើរបស់ព្រះអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើព្រះអម្ចាស់ លុះត្រាទែពួកគេតែងតែជឿលើសេចក្តីសុចរិតរបស់ទ្រង់ និងទុកចិត្តទាំងស្រុងលើសេចក្តីល្អរបស់ទ្រង់។ 
លុះត្រាតែពួកគេជឿថា ព្រះរាជកិច្ចរបស់ព្រះអម្ចាស់តែងតែត្រឹមត្រូវជានិច្ច ទើបអ្នកបម្រើរបស់ព្រះអម្ចាស់អាចបំពេញកិច្ចរបស់ព្រះអម្ចាស់ បាន។ ដូច្នេះ ពួកបរិសុទ្ធអាចធ្វើជាអ្នកបម្រើដ៏មានតម្លៃរបស់ព្រះបាន លុះត្រាតែពួកគេតែងតែស្លៀកសេចក្តីសុចរិតរបស់ព្រះអម្ចាស់ ពាក់សេចក្តីសង្ឃឹមនៃសេចក្តីសង្រ្គោះជាមួកការពារ ការពារជំនឿរបស់ខ្លួន និងរស់នៅថ្វាយសិរីល្អដល់ព្រះអម្ចាស់។ 

ខ.៧៖ តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញចានទៅដោយសេចក្តីឃោរឃៅរបស់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ។ 
នេះប្រាប់យើងថា នៅពេលព្រះធ្វើការ តាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ទ្រង់នឹងធ្វើឲ្យពួកគេធ្វើការតាមរបៀបរៀបរយ ហើយថា កិច្ចការទាំងនោះនឹងបានសម្រេចតាមលំដាប់លំដោយ។ ឃ្លាថា «តួមានជីវិត១» ប្រាប់យើងថា ព្រះអម្ចាស់មានអ្នកបម្រើដ៏មានតម្លៃ ដើម្បីធ្វើការសម្រាប់គោលបំណងរបស់ទ្រង់ និងថា ទ្រង់ធ្វើការ តាមរយៈពួកគេ។ តួជីវិតទាំង៤ដែលលេចឡើងនៅទីនេះ គឺជាអ្នកបម្រើដ៏មានតម្លៃទាំងបួនរបស់ព្រះ ដែលតែងតែឈរនៅក្បែរទ្រង់ជានិច្ច និងជាអ្នកដំបូងគេដែលបម្រើគោលបំនងរបស់ទ្រង់។ យើងត្រូវតែស្គាល់ឧត្តមភាពរបស់ព្រះ និងសព្វានុភាពរបស់ទ្រង់ ហើយយើងក៏ត្រូវតែជឿផងដែរថា ទ្រង់ធ្វើការ តាមរយៈអ្នកបម្រើរបស់ទ្រង់។ 

ខ.៨៖ នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្តីវេទនាទាំង៧ របស់ទេវតា៧នោះបានសំរេចស្រេច។
មុនពេលព្រះអម្ចាស់សម្រេចការជំនុំជម្រះរបស់ទ្រង់ នៅលើផែនដីនេះ គ្មានអ្នកណាអាចចូលទៅក្នុងនគររបស់ទ្រង់បានឡើយ។ នេះបង្ហាញប្រាប់យើងពីភាពបរិសុទ្ធរបស់ទ្រង់។ ហើយវាក៏ប្រាប់យើងផងដែរថា ទ្រង់មិនមែនជាព្រះដែលសព្វព្រះទ័យចំពោះសេចក្តីអាក្រក់ឡើយ (ទំនុក ដំកើង ៥:៤)។ ដូច្នេះ យើងត្រូវតែចងចាំថា បើសិនអ្នកណាម្នាក់ចង់ចូលនគរព្រះ គាត់ត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យមនុស្សជាតិ។ ព្រះអម្ចាស់របស់យើងអនុញ្ញាតឲ្យតែអស់អ្នកដែលជឿតាមដំណឹងល្អនេះប៉ូណ្ណោះ ចូលទៅក្នុងនគររបស់ទ្រង់។
បន្ទាប់ពីបំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់ ដោយការចាក់គ្រោះកាចនៃចានទាំង៧មក ព្រះប្រទានព្រះពរនៃការរស់នៅអស់កល្បជានិច្ចនៅក្នុងនគររបស់ទ្រង់ដល់ពួកបរិសុទ្ធដែលបានទទួលការអត់ទោសបាប។ ព្រះរាជកិច្ចទាំងអស់របស់ព្រះអម្ចាស់ ខ្ពស់លើសពីការស្រមើស្រមៃរបស់មនុស្ស ដោយបានបើកសម្តែងពីឧត្តមភាព និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ តាមរយៈការកាត់ទោសខ្មាំងសត្រូវរបស់ទ្រង់ ព្រះបង្ហាញពីសព្វានុភាពរបស់ទ្រង់។ បើសិនព្រះមិនមានអំណាចដាក់ទណ្ឌកម្មលើអស់អ្នកដែលប្រឆាំងនឹងទ្រង់ទេ នោះទ្រង់មិនអាចទទួលបានការសរសើរតម្កើងពីមនុស្សទាំងអស់បានដែរ។ 
ប៉ុន្តែដោយសារព្រះមានអំណាចលើសពីគ្រប់គ្រាន់ ដើម្បីដាក់ទោសអស់អ្នកដែលប្រឆាំងនឹងទ្រង់ ទ្រង់នឹងជំនុំជម្រះ ហើយដាក់ទោសខ្មាំងសត្រូវរបស់ទ្រង់អស់កល្បជានិច្ចនៅក្នុងស្ថាននករ។ 
ព្រះអម្ចាស់របស់យើងសមនឹងទទួលបានការសរសើរតម្កើងពីមនុស្សគ្រប់ជាតិសាសន៍ទាំងអស់។ ដូច្នេះ ព្រះនឹងកាត់ទោសពួកខ្មាំងសត្រូវរបស់ទ្រង់ ដោយព្រោះអំពើបាបរបស់ពួកគេ ហើយបើកនគររបស់ទ្រង់។ អាម៉ែន។ យើងសូមអរព្រះគុណដល់ព្រះអម្ចាស់របស់យើង សម្រាប់អំណាចដ៏អស្ចារ្យ សិរីល្អ និងភាពបរិសុទ្ធរបស់ទ្រង់។ ហាលេលូយ៉ា!