Search

布道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 16-2] អ្វីដែលអ្នកត្រូវតែធ្វើ មុនពេលការចាក់ចានទាំង៧គឺ... (វិវរណៈ ១៦:១-២១)

វីដែលអ្នកត្រូវតែធ្វើ មុនពេលការចាក់ចានទាំង៧គឺ...
(វិវរណៈ ១៦:១-២១)

ក្នុងចំណោមគ្រោះកាចនៃចានទាំង៧ គ្រោះកាចទី១គឺជាដំបៅ គ្រោះកាចទី២គឺជាសមុទ្រប្រែទៅជាឈាម និងគ្រោះកាចទី៣គឺជាទឹកសាបប្រែទៅជាឈាម។ ហើយគ្រោះកាចទី៤គឺមនុស្សត្រូវឆេះស្លាប់ ដោយកម្តៅអាទិត្យ។
បទគម្ពីរមេប្រាប់យើងថា «ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង»។ នេះប្រាប់យើងថា ព្រះនឹងបង្វិលអាទិត្យឲ្យទៅកាន់តែជិតផែនដី ហើយដុតទម្រង់ជីវិតទាំងអស់នៅលើផែនដីឲ្យស្លាប់។ កាលណាព្រះអនុញ្ញាតឲ្យការនេះកើតឡើង គ្មានអ្នកណាអាចគេចរួចពីកម្តៅដ៏សែនក្តៅរបស់អាទិត្យបានឡើយ ទោះបើពួកគេជីករូងយ៉ាងជ្រៅនៅក្រោមដី ហើយពួន ឬបើកម៉ាស៊ីនត្រជាក់ដែលត្រជាក់បំផុតក៏ដោយ ពីព្រោះពួកគេមិនអាចបញ្ឈប់គ្រោះកាចរបស់ព្រះបានឡើយ។ ដូច្នេះ ពួកគេទាំងអស់គ្នាត្រូវតែស្លាប់។ 
យើងអាចស្រមើស្រមៃពីអ្វីដែលនឹងកើតឡើង ចំពោះពួកគេបាន កាលណាពេលវេលានៃគ្រោះកាចនេះមកដល់ គឺស្បែករបស់ពួកគេនឹងឆេះរលួយ សាច់ខាងក្នុងរបស់ពួកគេនឹងឆ្អិនក្រហម និងឆេះរលួយអស់។ ដូច្នេះ គ្រប់គ្នានឹងស្លាប់ ដោយសារមហារីកស្បែក។
ហើយទោះបីជាពួកគេត្រូវឆេះរលួយស្លាប់ ដោយសារកម្តៅព្រះអាទិត្យក៏ដោយ ក៏មនុស្សនឹងនៅតែមិនប្រែចិត្តចេញពីអំពើបាបរបស់ពួកគេដែរ។ គ្រោះកាចរបស់ព្រះគឺអស្ចារ្យណាស់ ប៉ុន្តែមនុស្សក៏កាន់តែ អស្ចារ្យទៀត ដែលបដិសេធមិនប្រែចិត្ត ទោះបើពួកគេរងទុក្ខ ដោយសារគ្រោះកាចនេះក៏ដោយ។ ដូច្នេះ ដោយសារពួកគេបដិសេធមិនប្រែចិត្ត គ្រោះកាចរបស់ព្រះនឹងបន្តដំណើរទៅមុខជាបន្តទៀត។
បទគម្ពីរមេនិយាយថា «ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្តីទុក្ខលំបាក ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ»។ នៅពេលយើងសម្លឹងមើលពិភពលោកសព្វថ្ងៃនេះ តើយើងមិនមើលឃើញមនុស្សយ៉ាងច្រើនរាប់មិនអស់ដែលនឹងត្រូវទទួលការជំនុំជម្រះរបស់ព្រះនៅពេលនេះទេឬ? ប៉ុន្តែដោយសារព្រះទប់សេចក្តីក្រោធរបស់ទ្រង់នៅក្នុងភាពអត់ធ្មត់ ពួកគេមិនទាន់ទទួលការជំនុំជម្រះនៅឡើយទេ។ ទោះបីជាយ៉ាងណា បើសិនពួកគេត្រូវស្លាប់ ដោយមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ព្រះនឹងប្រោសពួកគេឲ្យរស់នៅឡើងវិញនៅក្នុងរូបដែលមិនចេះស្លាប់ ហើយប្រឈមនឹងការរងទុក្ខនៅក្នុងភ្លើងនរកដែលឆេះអស់កល្បជានិច្ច។
កាលណាការនេះកើតឡើង មនុស្សនឹងចង់ស្លាប់ ពីព្រោះការរងទុក្ខរបស់ពួកគេមានទំហំធំធេងពេក។ ប៉ុន្តែការរងទុក្ខនៅក្នុងស្ថាននរកនឹងនៅអស់កល្បជានិច្ច។ ពេលវេលានឹងមកដល់ នៅពេលអស់អ្នកទទួលការជំនុំជម្រះពីព្រះ នឹងចង់ស្លាប់ជាងរស់ ប៉ុន្តែសេចក្តីស្លាប់នឹងរត់ចេញពីពួកគេ ពីព្រោះព្រះនឹងរារាំងពួកគេពីការស្លាប់ ដើម្បីឲ្យទ្រង់អាចដាក់ទោសពួកគេអស់កល្បជានិច្ចបាន។ 
គ្រោះកាចទី៦គឺជាសង្រ្គាមនៅអើម៉ាគីដូន។ ហើយគ្រោះកាចទី៧គឺជាគ្រោះកាចចុងក្រោយនៃព្រិល និងរញ្ជួយដីដ៏ធំ។
ខ.១៧-២១ ប្រាប់យើងថា «ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ ទីក្រុងដ៏ធំញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ ក៏មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រិលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង»។ 
បទគម្ពីរខាងលើប្រាប់យើងថា ដោយសារព្រះចាក់ចានទី៧មក ផែនដីនេះនឹងមានការរញ្ជួយដីដ៏ធំមួយ បាក់បែកទៅជាបីចំណែក ហើយអាគារទាំងឡាយនៅលើផែនដីនេះនឹងដួលរលំទាំងអស់។ ហើយដោយសារផែនដីនេះទទួលរងសេចក្តីក្រោធដ៏កាចសាហាវរបស់ព្រះ ភ្នំ និងកោះទាំងប៉ុន្មាននឹងរលាយបាត់ទៅ។
តើភ្នំហិម៉ាល័យនឹងនៅតែស្ថិតស្ថេរនៅ នៅពេលពេលការនេះកើតឡើងដែរទេ? ពិតជាអស់ទេ! ភ្នំខ្ពស់ទាំងអស់នឹងរលាយបាត់ទៅ ដោយមិនបន្សល់ដានអ្វីទាំងអស់ នៅចំពោះភ្នែករបស់មនុស្សដែលនៅរស់។ បទគម្ពីរក៏ប្រាប់យើងផងដែរថា គ្រាប់ព្រិល ដែលគ្រាប់នីមួយៗមានទម្ងន់៤៥គីឡូក្រាម នឹងធ្លាក់មកលើផែនដីនេះ។ តើនឹងមានអ្នកណាម្នាក់ ដែលអាចរួចខ្លួនពីការរញ្ជួយដី និងព្រិលទាំងនេះបានដែរទេ?
វិវរណៈ ១៨ ប្រាប់យើងថា សេចក្តីក្រោធរបស់ព្រះនឹងធ្លាក់មកលើអស់អ្នកដែលមិនជឿលើទ្រង់ ហើយដែលបានព្រងើយកន្តើយចំពោះព្រះបន្ទូលទ្រង់។ មនុស្សមួយចំនួននៅក្នុងលោកិយនេះអះអាង ដូចជាពួកគឺគឺជាព្រះថា «ខ្ញុំនឹងមិនទទួលរងនូវសេចក្តីក្រោធរបស់ព្រះឡើយ ហើយទ្រង់ក៏នឹងមិនជំនុំជម្រះខ្ញុំដែរ»។ ប៉ុន្តែការជំនុំជម្រះរបស់ព្រះពិតជានឹងធ្លាក់មកលើមនុស្សប្រភេទនេះ ដែលមានពេញដោយអំណួត និងសេចក្តីព្រហើន។ យើងត្រូវតែជឿថា លោកិយនេះនឹងរលាយបាត់ទៅ កាលណាគ្រោះកាចនៃចានទាំង៧ពីព្រះវាយប្រហារវា។ 
 


យើងត្រូវតែមានជំនឿតាមព្រះបន្ទូលព្រះ


ព្រះប្រាប់យើងថា ទ្រង់នឹងបំផ្លាញផែនដីនេះចោល។ ដូច្នេះ ផែនដីនេះនឹងមិនគង់នៅជារៀងរហូតទេ។ ដូច្នេះ អស់អ្នកដែលកំពុងតែប្រឈមនឹងទីបញ្ចប់ដែលជិតមកដល់របស់វា ត្រូវតែជឿតាមសេចក្តីពិតនេះឲ្យបានកាន់តែខ្ជាប់ខ្ជួន ហើយដេញតាមជំនឿខាងវិញ្ញាណរបស់ពួកគេ។ ដូច្នេះ មនុស្សទាំងអស់នៅលើផែនដីនេះត្រូវតែភ្ញាក់ឡើងពីដំណេកខាងវិញ្ញាណរបស់ខ្លួន។ ខ្ញុំមិនដឹងថា ជីវិតរបស់អ្នកមានជំនឿបែបណាកន្លងមកទេ ប៉ុន្តែឥឡូវនេះ គឺជាពេលវេលាដែលអ្នកផ្តោតការយកចិត្តទុកដាក់លើអ្វីដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ ហើយដែលភ្ញាក់ឡើង និងជឿ។ ដូច្នេះ អ្នកត្រូវតែមានការយល់ដឹងត្រឹមត្រូវពីគ្រោះកាចទាំងឡាយដែលត្រូវបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈ ហើយអ្នកត្រូវតែដឹងខ្លួនជានិច្ច។ 
ព្រះអម្ចាស់របស់យើងបានប្រាប់យើងថា ក្នុងពេលដ៏ឆាប់ ផែនដីនេះនឹងប្រឈមនឹងគ្រោះកាចនៃចានទាំង៧ពីព្រះ។ ដូច្នេះ យើងត្រូវតែរង់ចាំព្រះអម្ចាស់ ខណៈដែលកំពុងតែប្រកាសដំណឹងល្អ ទោះបើមនុស្សមិនទទួលយកវាក៏ដោយ។ 
ឥឡូវនេះ វាសនារបស់លោកិយនេះស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ហើយ។ ពិភពលោកសព្វថ្ងៃនេះប្រឈមនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ចាប់ពីការគំរាមកំហែងនៃសង្រ្គាម អាកាសធាតុគ្រោះថ្នាក់ ការធ្លាក់ចុះខាង បរិស្ថាន ជម្លោះក្នុងសង្គមកើនឡើង និងជម្ងឺគ្រប់ប្រភេទ។ ដូច្នេះ ព្រះបានប្រាប់យើងថា គ្រាបច្ចុប្បន្ននេះគឺដូចជាគ្រាលោកណូអេដែរ។ បើសិនដូច្នេះ មានមានន័យថា ពិភពលោកនេះបានឈានទៅដល់ថ្ងៃចុងក្រោយរបស់វាហើយ។ ទីសម្គាល់នៃថ្ងៃចុងក្រោយគឺថា មនុស្សនឹងចាប់អារម្មណ៍តែលើកិច្ចការខាងសាច់ឈាម ដូចជាការស៊ីផឹក ការរៀបការ និងការជាច្រើនទៀត។ ដូច្នេះ ពួកគេសមនឹងទទួលការជំនុំជម្រះពីព្រះ។ នៅសម័យលោកណូអេ មនុស្សបែបនេះក៏មិនបានស្តាប់តាមអ្វីដែលលោកណូអេបានប្រាប់ពួកគេដែរ។ ដូច្នេះហើយបានជាពួកគេត្រូវវិនាសទាំងអស់ លើកលែងតែលោកណូអេ និងគ្រួសារដែលមានមនុស្សប្រាំបីនាក់របស់គាត់ប៉ុណ្ណោះ។ ដូច្នេះ លោកិយនេះក៏នឹងបានដូចជាសម័យនោះផងដែរ។
ស្ទើរតែគ្រប់ការទាំងអស់ដែលព្រះបានសន្យា ត្រូវបានបំពេញសម្រេច ដូចដែលបានកត់ទុកនៅក្នុងព្រះគម្ពីររួចហើយ។ នៅសល់តែ៥ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានបំពេញសម្រេច ប៉ុន្តែទាំងអស់ទៀតត្រូវបានបំពេញសម្រេចរួចហើយ។ ព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ និង សេចក្តីប្រោសលោះ ដែលព្រះបានសន្យា ក៏ត្រូវបានបំពេញសម្រេចរួចហើយដែរ។ នៅក្នុងព្រះបន្ទូលព្រះ មានតែការជំនុំជម្រះលើអស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលមិនទាន់បានបំពេញសម្រេច។ ហើយសម្រាប់ពួកបរិសុទ្ធដែលបានកើតជាថ្មី មានតែនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមនុស្សសុចរិតនឹងចូលទៅរស់នៅប៉ុណ្ណោះ ដែលរង់ចាំពួកគេ។ 
ព្រះមានសេចក្តីមេត្តាករុណា ហើយទ្រង់គង់នៅខាងមនុស្សសុចរិត។ ប៉ុន្តែសម្រាប់អ្នកដែលសមនឹងទទួលសេចក្តីក្រោធ ព្រះពិតជានឹងនាំ សេចក្តីក្រោធរបស់ទ្រង់មក ខណៈដែលសម្រាប់អ្នកដែលសមនឹងទទួលសេចក្តីមេត្តាករុណា ទ្រង់ពិតជានឹងប្រទានសេចក្តីមេត្តាករុណា។
តើគ្រោះកាចទាំងនេះនឹងកើតឡើងនៅពេលណា? គ្រោះកាចនៃចានទាំង៧នឹងកើតឡើង បន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ដែលមនុស្សនៅក្នុងពិភពលោកនេះត្រូវបានបង្ខំឲ្យទទួលយកសញ្ញា៦៦៦ ហើយពួកបរិសុទ្ធបដិសេធ។ បន្ទាប់ពីគ្រោះកាច នឹងមានការរស់ពីស្លាប់ឡើងវិញ នគររាជ្យមួយពាន់ឆ្នាំ និងការជំនុំជម្រះចុងក្រោយរបស់ព្រះយេស៊ូវ ដែលគង់នៅលើបល្ល័ង្កសដ៏ធំ។ បន្ទាប់មក នឹងមានការបើកនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ច។ តាមរយៈព្រះគម្ពីរ យើងត្រូវតែទទួលបានការយល់ដឹងអំពីទិព្វញ្ញាណរបស់ព្រះ។ 
តើអ្នកជឿលើការពិតថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញដែរទេ? តើអ្នកជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ដែរទេ? ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈទឹក និងឈាម បានមានព្រះជន្មរស់ពីស្លាប់ឡើងវិញនៅថ្ងៃទីបី ហើយឥឡូវនេះ កំពុងតែគង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះ វរបិតា។ ដូច្នេះ អំពើបាបរបស់អស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ត្រូវបានដោះចេញរួចរាល់ហើយ ហើយដោយសារទ្រង់បានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ពួកគេក៏នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញដែរ។ 
ដូច្នេះ ពួកបរិសុទ្ធនឹងបានតម្កើងឡើងជាមួយព្រះអម្ចាស់ ប៉ុន្តែខណៈដែលកំពុងតែរស់នៅលើផែនដីនេះ ពួកគេក៏នឹងប្រឈមនឹងការរងទុក្ខជាច្រើនសម្រាប់ព្រះអម្ចាស់ផងដែរ។ ប៉ុន្តែការរងទុក្ខនៅពេលបច្ចុប្បន្នេះមិនអាចប្រៀបស្មើនឹងសិរីល្អដែលកំពុងតែរង់ចាំពួកគេបានឡើយ ពីព្រោះសិរីល្អនេះរង់ចាំតែពួកបរិសុទ្ធប៉ុណ្ណោះ។ ដូច្នេះ ពួកបរិសុទ្ធគ្មានអ្វីត្រូវបារម្ភអំពីអនាគតឡើយ។ អ្វីដែលមនុស្សសុចរិតត្រូវតែធ្វើ គឺត្រូវរស់នៅក្នុងជីវិតសេសសល់សម្រាប់ដំណឹងល្អ និងដោយសារជំនឿរបស់ខ្លួន។ ដូច្នេះ យើងត្រូវតែលះបង់ខ្លួនយើងទៅចំពោះកិច្ចការសង្រ្គោះព្រលឹង ដោយមិនដើរតាមលោកិយនេះឡើយ។ 
 


ចូរយើងលះបង់ពេលវេលាសេសសល់នៅក្នុងជីវិត របស់យើងសម្រាប់ព្រះ


ខ្ញុំបារម្ភថា អាចមានអ្នកណាម្នាក់ក្នុងចំណោមយើង ដែលនឹងក្បត់ដំណឹងល្អ។ អ្នកណាដែលក្បត់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងបដិសេធព្រះអម្ចាស់ផ្ទាល់ នៅថ្ងៃចុងក្រោយ។ ទោះបីជាយើងខ្សោយមែន បើសិនយើងជឿ និងដើតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះ អម្ចាស់បានប្រទានឲ្យ ក៏យើងនឹងអាចរស់នៅ ដោយសារជំនឿបានដែរ។ ពួកបរិសុទ្ធមិនអាចរស់នៅ ដោយសារកម្លាំង និងប្រាជ្ញាផ្ទាល់ខ្លួនរបស់ពួកគេតែមួយបានឡើយ។ បើសិនពួកគេធ្វើដូច្នេះ ពួកគេនឹងត្រូវក្បត់ជំនឿរបស់ខ្លួន ហើយប្រឈមនឹងសេចក្តីវិនាសហើយ។ ដូច្នេះ ដើម្បីចៀសវាងការនេះ យើងត្រូវតែរស់នៅ ដោយសារជំនឿ។ 
ហេតុអ្វីព្រះអម្ចាស់អនុញ្ញាតឲ្យមនុស្សជាតិទទួលយកសញ្ញា៦៦៦? នេះគឺដើម្បីបំបែកស្រូវចេញពីអង្កាម។ មុនពេលលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ កិច្ចការដំបូងគេដែលព្រះត្រូវតែធ្វើ គឺត្រូវបំបែកស្រូវចេញពីអង្កាមឲ្យដាច់ស្រឡះ។
មានសង្រ្គាមខាងវិញ្ញាណ ដែលពួកបរិសុទ្ធត្រូវតែតយុទ្ធ។ ដូច្នេះ ពួកបរិសុទ្ធមិនត្រូវគេចពីការតយុទ្ធនឹងពួកខ្មាំងសត្រូវរបស់ព្រះឡើយ។ បើសិនពួកគេស្ទាក់ស្ទើរក្នុងការតយុទ្ធនឹងសាតាំង ពួកគេអាចទទួលបានវាសនាអាក្រក់ ដូចជាសាតាំងបាន។ ដូច្នេះ ពួកបរិសុទ្ធទាំងអស់ត្រូវតែ និងអាចតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ សម្រាប់ខ្លួនឯងបាន។ ដើម្បីដើរតាមព្រះ ពួកបរិសុទ្ធត្រូវតែតយុទ្ធ និងយកឈ្នះលើសាតាំង និងពួកបាវបម្រើរបស់វា។ 
ពួកបរិសុទ្ធត្រូវតែតយុទ្ធ សម្រាប់នគររបស់ព្រះ។ ហើយពួកគេក៏ត្រូវតែទទួលរងការបៀតបៀន សម្រាប់នគរបស់ព្រះ ហើយត្រូវបានស្អប់ ដោយមនុស្សខាងលោកិយនេះផងដែរ។ ការដែលពួកបរិសុទ្ធមានឱកាសតយុទ្ធសម្រាប់ព្រះអម្ចាស់ គឺជាការល្អហើយ។ បើសិនឱកាសតយុទ្ធសម្រាប់ព្រះនេះត្រូវបានប្រទានឲ្យអ្នក អ្នកគួរតែអរព្រះគុណដល់ទ្រង់ចុះ។ ការតយុទ្ធបែបនេះគឺជាការតយុទ្ធល្អមួយ ពីព្រោះវាគឺជាការតយុទ្ធសម្រាប់សេចក្តីសុចរិតរបស់ព្រះ។ 
ព្រះជួយមនុស្សសុចរិត។ ជីវិតរបស់យើងមិននៅសល់ថ្ងៃច្រើនប៉ុន្មានទេ ហើយសេចក្តីសង្ឃឹម និងសេចក្តីអធិស្ឋានរបស់ខ្ញុំគឺថា យើងនឹងរស់នៅក្នុងពេលវេលាសេសសល់របស់យើង ដើម្បីតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ ហើយធ្វើកិច្ចការខាងវិញ្ញាណ រហូតដល់យើងឈរនៅចំពោះព្រះអម្ចាស់។ មិនថាមនុស្សនៅក្នុងលោកិយនេះនិយាយយ៉ាងដូចម្តេចមកកាន់យើងទេ យើងគួរតែតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ បង្កើតផលផ្លែខាងវិញ្ញាណ ហើយថ្វាយផលផ្លែទាំងនេះទៅកាន់ព្រះអម្ចាស់របស់យើង។ កាលណាថ្ងៃនៃព្រះអម្ចាស់មកដល់ ចូរយើងឈរនៅចំពោះទ្រង់យ៉ាងមានទំនុកចិត្ត។ កាលណាថ្ងៃនេះមកដល់ ព្រះអម្ចាស់នឹងជូតអស់ទាំងទឹកភ្នែករបស់យើង ហើយអនុញ្ញាតឲ្យយើងរស់នៅកន្លែងមួយ ដែលយើងលែងយំ ឬរងទុក្ខ ឬឈឺចាប់ ឬធ្វើបាបទៀតហើយ។ 
ដូច្នេះ ចូរយើងទាំងអស់គ្នារស់នៅ ដោយសារជំនឿ ហើយដោយសារជំនឿនេះ ចូរយើងទាំងអស់គ្នាចូលទៅក្នុងនគររបស់ព្រះ។