Search

布道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-5] តើអ្នកណាបានសង្រ្គោះចេញពីបាប? (វិវរណៈ ២:៨-១១)

តើអ្នកណាបានសង្រ្គោះចេញពីបាប?
(វិវរណៈ ២:៨-១១)

បទគម្ពីរនេះ គឺជាសំបុត្ររបស់ព្រះអម្ចាស់ទៅកាន់ពួកជំនុំក្រុងស្នឺន៉ានៅស្រុកអាស៊ី ដែលជាពួកជំនុំក្រីក្រខាងទ្រព្យសម្បត្តិលោកិយ ប៉ុន្តែមានទ្រព្យសម្បត្តិខាងសេចក្តីជំនឿ។ អ្នកបម្រើ និងពួកបរិសុទ្ធនៅពួកជំនុំនេះបានការពារសេចក្តីជំនឿរបស់ពួកគេ ទោះបើមានការបៀតបៀនពីពួក យូដាក៏ដោយ ហើយទោះបីជាមានការរងទុក្ខវេទនាដល់ស្លាប់ក៏ដោយ ក៏ពួកគេមិនបានបដិសេធព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណដែរ។ ពួកគេបានតយុទ្ធ និងឈ្នះ ដោយការជឿតាមព្រះបន្ទូលព្រះ។ 
ព្រះអម្ចាស់ បានប្រាប់ពួកបរិសុទ្ធនៅពួកជំនុំក្រុងស្នឺន៉ា មិនឲ្យភ័យខ្លាចចំពោះការរងទុក្ខដែលនឹងមកដល់ ប៉ុន្តែឲ្យស្មោះត្រង់ រហូតដល់ស្លាប់វិញ ដោយទ្រង់សន្យាចំពោះពួកគេថា ទ្រង់នឹងប្រទានមកុដនៃជីវិតដល់ពួកគេ។ 
ព្រះបានប្រាប់រាស្ត្ររបស់ទ្រង់ឲ្យតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយរបស់អ្នកដែលហៅខ្លួនថា ពួកហោរា។ យើងត្រូវតែដឹងថា យើងត្រូវការសេចក្តីជំនឿបែបណា ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ យើងត្រូវតែដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិត ហើយតាមរយៈសេចក្តីជំនឿនេះ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយ និងសេចក្តីកុហកទាំងឡាយ ដែលបង្កគ្រោះថ្នាក់ដល់ពិភពគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ នៅពេលលោកិយទាំងមូលបានចាញ់បញ្ឆោតរបស់សាតាំង ព្រះបានបញ្ជូនព្រះអម្ចាស់របស់យើងឲ្យយាងមកបំពេញសម្រេចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់ក៏បានសង្រ្គោះអស់អ្នកដែលជឿតាមដំណឹងល្អនេះ ចេញពីអំពើបាបរបស់ពួកគេផងដែរ។ ដូច្នេះ យើងត្រូវតែដឹង និងជឿតាមសេចក្តីពិតនេះ។ 
តើអ្នកណាគឺជាអ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ នៅចំពោះព្រះ? ពួកគេមិនមែនជាមនុស្សមានកម្លាំងខ្លាំង និងចំណេះដឹងជ្រៅជ្រះនោះទេ ប៉ុន្តែជាអ្នកដែលគ្រាន់តែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ ពួកគេគឺជាអ្នកដែលបានតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយ និងសេចក្តីកុហកទាំងអស់ ដោយការស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយព្រះនឹងប្រទានព្រះពរនៃការបានរួចពីសេចក្តីស្លាប់ទីពីរ ដល់អ្នកដែលជឿតាមដំណឹងល្អនេះ និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយ។ 
 

ព្រះប្រទានសេចក្តីសង្រ្គោះដល់អ្នកដែលឈ្នះ

ព្រះបន្ទូលនៃការបើកសម្តែង ប្រាប់យើងថា «អ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទីពីរ នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ»។ ព្រះនឹងប្រទានជីវិតថ្មី និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដល់អ្នកដែលឈ្នះតែប៉ុណ្ណោះ។ ដោយសារយើងមានត្រចៀកពីរ យើងស្តាប់ឮរឿងពីរខុសគ្នា គឺយើងស្តាប់ឮទាំងសេចក្តីពិត និងសេចក្តីកុហក ក្នុងពេលតែមួយ។ វាសនារបស់យើងនឹងត្រូវបានកំណត់ ដោយពាក្យរបស់អ្នកណាដែលយើងទទួលយក និងពាក្យរបស់អ្នកណាដែលយើងមិនទទួលយក រវាងព្រះបន្ទូលព្រះ និងពាក្យរបស់សាតាំង។
ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយតាមរយៈព្រះបន្ទូលនៃសេចក្តីពិតនេះ និងសេចក្តីជំនឿរបស់យើង យើងតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយ។ ដោយសារគ្រប់គ្នានៅក្នុងលោកិយនេះកំពុងតែរងទុក្ខនៅក្រោមទម្ងន់នៃបាប យើងត្រូវតែស្វែងរកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបរបស់យើងបាន។ ប៉ុន្តែមានមនុស្សជាច្រើន ដែលមិនអាចទទួលយកសេចក្តីពិតបានឡើយ ដោយសារសេចក្តីកុហកដែលពួកគ្រូខុសឆ្គងបានផ្តល់ដល់ពួកគេរួចទៅហើយ។ ពួកគ្រូខុសឆ្គងទាំងនេះអធិប្បាយសេចក្តីសង្រ្គោះដែលផ្អែកលើការអះអាងថា បើសិនអ្នកមិនធ្វើបាប អ្នកនឹងទទួលបានព្រះពរ។ 
ប៉ុន្តែតាមនិស្ស័យរបស់យើង យើងត្រូវតែធ្វើបាប គឺយើងមិនអាចគេចចេញពីការធ្វើបាបបានឡើយ។ ដូច្នេះហើយបានជាយើងនៅតែជាប់ច្រវ៉ាក់អំពើបាបរបស់លោកិយនេះជានិច្ច។ បើសិនចិត្តរបស់មនុស្សមានបាបជាប់ច្រវ៉ាក់អំពើបាបរបស់លោកិយនេះ ដោយសារពួកហោរាក្លែងក្លាយ តើពួកគេអាចជឿដល់ព្រះ និងបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេបានយ៉ាងដូចម្តេច? ពួកគេត្រូវតែបែរមកឯពួកជំនុំរបស់ព្រះ ស្តាប់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលចិត្តត្រឹមត្រូវរបស់ពួកគេ តាមរយៈការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ មនុស្សជាច្រើននៅក្នុងលោកិយនេះស្វែងរកពួកជំនុំពិតរបស់ព្រះ និងទន្ទឹងចង់បានសេចក្តី សង្រ្គោះសម្រាប់ខ្លួន ប៉ុន្តែពួកគេភាគច្រើនមិនអាចស្វែងរកឃើញវាបានឡើយ ហើយជាចុងក្រោយ ពួកគេស្ថិតនៅក្នុងពួកជំនុំនៃក្រិត្យវិន័យ ដែលដឹកនាំពួកគេឲ្យធ្លាក់ទៅក្នុងស្ថាននរកវិញ។
ដូច្នេះ តើពួកជំនុំនៃព្រះដែលមនុស្សមានបាបពិតជាត្រូវការ មាន លក្ខណៈយ៉ាងដូចម្តេច? ពួកជំនុំនៃព្រះដែលមនុស្សមានបាបទាំងអស់ត្រូវការ គឺជាពូកជំនុំដែលប្រកាសពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកជំនុំដែលត្រូវបាននិយាយនៅក្នុងព្រះគម្ពីរ ប្រកាសពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ពួកជំនុំពិតនៃព្រះពន្យល់ និងបង្រៀនយ៉ាងច្បាស់លាស់ អំពីរបៀបដែលព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ និងរបៀបដែលទ្រង់លាងសម្អាតអំពើបាបទាំងនេះ ដែលគ្រប់ការទាំងអស់មាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សមានបាបទាំងអស់ ដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន បានធ្វើដូច្នេះ ដោយសារសេចក្តីជំនឿដែលបានមកពីការស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាម រយៈពួកជំនុំនៃព្រះ។
ប៉ុន្តែដោយសារគ្រីស្ទបរិស័ទជាច្រើនមិនបានស្តាប់ឮ ឫមានទំនាក់ទំនងជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេមិនអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេបានឡើយ។ ប៉ុន្តែព្រះប្រាប់យើងថា ទ្រង់នឹងសង្រ្គោះអ្នកដែលជឿតាមដំណឹងល្អនេះ និងតយុទ្ធ និងយកឈ្នះលើដំណឹងល្អក្លែងក្លាយ ចេញពីបាប។ ព្រះបានសន្យាចំពោះយើងថា អ្នកដែលឈ្នះ នឹងបានរួចពីសេចក្តីស្លាប់ទីពីរ។ 
មានតែអ្នកដែលឈរទាស់ប្រឆាំង និងយកឈ្នះលើពួកគ្រូក្លែងក្លាយទាំងនេះប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីសង្រ្គោះចេញពីបាបពិតប្រាកដបាន។ ដោយសារយើងបានកើតមកជាមនុស្សមានបាប បើសិនមិនអាចយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយទេ យើងនឹងត្រូវធ្វើជាអ្នកទោសរបស់សាតាំង នៅជាប់នៅក្នុងបាប ហើយធ្លាក់ទៅក្នុងស្ថាននរក ហើយ។ ដូច្នេះហើយបានជាព្រះបានប្រាប់មនុស្សទាំងអស់គ្នាឲ្យយកឈ្នះលើខ្មាំងសត្រូវ នៅក្នុងការប្រយុទ្ធសម្រាប់សេចក្តីសង្រ្គោះខាងវិញ្ញាណរបស់យើង។ 
គេនិយាយថា សត្វមួយចំនួនដូចជាសត្វតោ ឬខ្លា បង្ហាត់កូនៗរបស់វា ដោយការរុញកូនៗឲ្យធ្លាក់ចុះទៅក្រោមភ្នំ ហើយទុកឲ្យកូនៗឡើងមកលើភ្នំវិញ ដោយខ្លួនឯង។ មានតែកូនណាដែលអាចឡើងមកលើភ្នំវិញប៉ុណ្ណោះ ដែលនឹងត្រូវបានចិញ្ចឹមឲ្យធំធាត់។ ដូចគ្នាដែរ ព្រះបានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់យើង ហើយមានតែអ្នកដែលតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនខុសឆ្គង ដោយសារដំណឹងល្អនេះប៉ុណ្ណោះ ដែលទ្រង់នឹងអនុញ្ញាតឲ្យចូលទៅក្នុងស្ថានសួគ៌។ 
សេចក្តីសង្រ្គោះរបស់យើងមិនកើតចេញពីសាច់ និងឈាមរបស់យើងឡើយ។ យើងអាចបានសង្រ្គោះចេញពីបាបបាន លុះត្រាតែយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងទទួលបានសេចក្តីសង្រ្គោះពិតប្រាកដ ដោយសារសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ កាលណាចិត្តរបស់យើងជឿលើបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ព្រះរាជបុត្រានៃព្រះ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ យើងនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់ និងសេចក្តីវិនាសរបស់យើងផង។ គ្រប់គ្នាដែលចូលទៅក្នុងស្ថានសួគ៌ ធ្វើដូច្នេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយគ្រប់គ្នាដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ធ្វើដូច្នេះ ដោយមិនជឿតាមដំណឹងល្អនេះ។ ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបដិសេធដំណឹងល្អក្លែងក្លាយទាំងឡាយ។
តាមរយៈការផ្សព្វផ្សាយសេចក្តីបង្រៀនក្លែងក្លាយ និងសេចក្តីកុហក សាតាំងព្យាយាមរារាំងមនុស្សពីការបានសង្រ្គោះ ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ តើសេចក្តីបង្រៀនក្លែងក្លាយទាំងនេះគឺជាអ្វី? ដំណឹងល្អក្លែងក្លាយគឺជាដំណឹងល្អដែលបង្រៀនថា ព្រះយេស៊ូវមិនបានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ឡើយ។ ហើយពួកគេបង្រៀនថា ព្រះយេស៊ូវបានដោះបាបតាំងពីកំណើតរបស់យើងចេញ ប៉ុន្តែអំពើបាបប្រចាំថ្ងៃរបស់យើងត្រូវតែបានលាងសម្អាត ដោយសារការអធិស្ឋានលន់តួរបស់យើង។ សេចក្តីបង្រៀនទាំងនេះអាចត្រឹមត្រូវតាមខ្នាតគំរូសាសនា ប៉ុន្តែនៅពេលយើងពិនិត្យផ្ទៀងផ្ទាត់វាជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ វាពិតជាសេចក្តីបង្រៀនខុសឆ្គងមែន។ 
សេចក្តីប្រោសលោះរបស់មនុស្សគ្រប់គ្នា ចេញមកពីការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ប៉ុន្តែដំណឹងល្អក្លែងក្លាយនឹងមិនសង្រ្គោះយើងចេញពីបាបឡើយ។ ដូច្នេះហើយបានជាយើងត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីបង្រៀនខុសឆ្គងទាំងនេះ។ ការតយុទ្ធជាមួយសាតាំង មានន័យថា ការប្រឆាំងនឹងអ្វីដែលមិនពិត។ ដូច្នេះ យើងត្រូវតែសម្រេចចិត្តថា យើងជឿតាម និងប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬដំណឹងល្អក្លែងក្លាយ។ សូម្បីតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏មិនអាចយកឈ្នះលើសាតាំងបានដែរ បើសិន សេចក្តីជំនឿរបស់ពួកគេនៅតែមិនក្តៅមិនត្រជាក់។ 
ពីមុន អ្នកដែលបានសង្រ្គោះជាច្រើន បានពិភាក្សាអំពីព្រះបន្ទូលព្រះ និងពាក្យរបស់សាតាំង។ អំពើបាបរបស់ពួកគេត្រូវបានអត់ទោសឲ្យ លុះត្រាតែពួកគបានសម្រេចចិត្តជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាំងពីដើមដំបូងនៃការបង្កបង្កើត រហូតមកដល់ពេលនេះ មនុស្សទាំងអស់ដែលបានសង្រ្គោះ គឺជាអ្នកដែលតយុទ្ធ និងយកឈ្នះលើដំណឹងល្អក្លែងក្លាយ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែស្វែងរកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បដិសេធដំណឹងល្អក្លែងក្លាយ និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយសារសេចក្តីជំនឿ។ 
 

តើអ្វីគឺជាដំណឹងល្អក្លែងក្លាយ?

សម្រាប់គោលបំណងនៃការពន្យល់ ចូរយើងសន្មតថា មានភូមិមួយ ដែលមនុស្សគ្រប់គ្នាមានភ្នែកតែមួយ ហើយទេសចរម្នាក់ដែលមានភ្នែកពីរ បានមកដល់ភូមិនេះ។ មនុស្សនៅក្នុងភូមិនេះ នឹងហៅទេសចរដែលមានភ្នែកពីរថា «ចម្លែក» «មិនធម្មតា» «ខុសយ៉ាងខ្លាំង» ឬ«ខុសឆ្គង»។ មូលហេតុដែលពួកគេវិនិច្ឆ័យទេសចរនោះជាបុគ្គលខុសឆ្គងគឺថា គាត់ខុសពីពួកគេ ដែលមានគ្នាច្រើន។ ដូចគ្នាដែរ មានទំនោរមួយនៅក្នុងលោកិយនេះ ដែល «ភាគច្រើនជាអ្នកគ្រប់គ្រង» ឬ «សេចក្តីពិតជារបស់មនុស្សភាគច្រើន»។ ប៉ុន្តែយើងត្រូវតែដឹងថា ខ្នាតគំរូនៃការវិនិច្ឆ័យ និងការសន្និដ្ឋាននេះពិតជាខុសហើយ។
នៅក្នុងពិភពអស់កល្បជានិច្ច សេចក្តីពិតមិនអាចត្រូវបានកំណត់ ដោយមតិភាគច្រើនបានឡើយ ប៉ុន្តែដោយខ្នាតគំរូមូលដ្ឋានគ្រឹះ និងដាច់ខាតវិញ។ ដូច្នេះ តើយើងអាចស្វែងរកសេចក្តីពិតនេះបាននៅទីណា? យើងអាចរកឃើញសេចក្តីពិតនេះបាន នៅក្នុងសេចក្តីប្រោសលោះរបស់មនុស្សមានបាប និងសេចក្តីសង្រ្គោះរបស់ពួកគេចេញពីសេចក្តីវិនាស។ អស់អ្នកដែលបានរាប់ជាសុចរិត បានសុចរិត ដោយសារបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន បន្ទាប់ពីបានស្តាប់ឮដោយត្រចៀក ពីសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការជឿដោយចិត្ត តាមដំណឹងល្អនេះ។ 
ប៉ុន្តែដោយសារមនុស្សជាច្រើនបានធ្លាក់ទៅក្នុងដំណឹងល្អក្លែងក្លាយ អស់រយៈពេលយ៉ាងយូរ ទើបនៅពេលសេចក្តីពិតត្រូវបានបើកសម្តែងនៅចំពោះពួកគេ ពួកគេហៅវាថា ចម្លែក ខុសឆ្គង ហើយបដិសេធវា។ ប៉ុន្តែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកគេបដិសេធ គឺជាដំណឹងល្អអំពីសេចក្តីពិត ដែលពួកសាវកផ្ទាល់នៅសម័យមុន បានបើកសម្តែង ជឿ និងប្រកាស។ យើងអាចដោះស្រាយបញ្ហាបាបបាន លុះត្រាតែយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅចំពោះព្រះ។
ព្រះយេស៊ូវដែលជាសេចក្តីពិតរបស់យើង បានទទួលផ្ទុកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ដែលពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន និងបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសម្រាប់យើង។ ព្រះបន្ទូលព្រះធ្វើបន្ទាល់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ដើម្បីគង់នៅខាងស្តាំងព្រះវរបិតា។ សេចក្តីពិតនេះត្រូវបានបំពេញសម្រេច កាលពីជាងពីរពាន់ឆ្នាំមុន នៅពេលព្រះយេស៊ូវបានធ្វើជាព្រះអម្ចាស់នៃសេចក្តីពិត ដោយការដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ប៉ុន្តែអ្នកដែលបានចាញ់បញ្ឆោតសេចក្តីកុហក នៅតែមិនដឹងថា សេចក្តីសង្រ្កោះពេញលេញចេញពីបាបរបស់ពួកគេបានមកពីសេចក្តីជំនឿលើព្រះយស៊ូវទេ ហើយកាន់តែធ្ងន់ធ្ងរទៅទៀតគឺថា ព្រលឹងជាច្រើននៅក្នុងពិភពគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ត្រូវបានបាត់បង់នៅក្នុងបាប និងមានភាពច្របូកច្របល់ ដោយសារដំណឹងល្អក្លែងក្លាយ។ ដូច្នេះហើយបានជាអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែអធិប្បាយ និងប្រកាសដំណឹងល្អនេះឲ្យបានកាន់តែខ្លាំង និងទៅដល់ទីកន្លែងកាន់តែ ច្រើន ពីព្រោះលុះត្រាតែស្តាប់ឮដំណឹងល្អពិតនេះ ទើបមនុស្សអាចបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេបាន។ 
សេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរ គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ (ម៉ាថាយ ៣:១៣-១៧; អេភេសូរ ១:១៣)។ នៅក្នុងបទគម្ពីរខាងលើ ព្រះបានសរសើរពួកជំនុំក្រុងស្មឺន៉ាថា ទោះបីជាពួកគេក្រីក្រខាងទ្រព្យសម្បត្តិលោកិយក៏ដោយ ក៏ពួកគេមានទ្រព្យសម្បត្តិហូរហៀរខាងសេចក្តីជំនឿដែរ។ ប៉ុន្តែទ្រង់បានហៅពួកយូដាថា បាវបម្រើរបស់សាតាំងវិញ ពីព្រោះទោះបីជាពួកគេអះអាងថា ពួកគេជឿដល់ព្រះក៏ដោយ ក៏ពួកគេនៅតែបដិសេធមិនទទួលយកដំណឹងល្អរបស់ទ្រង់អំពី សេចក្តីប្រោសលោះ នៅក្នុងចិត្តរបស់ពួកគេដែរ។ ពួកគេមិនបានជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់ពួកគេឡើយ ទោះបើព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ។ ដោយសារពួកគេមិនបានទទួលយកការពិតថា ព្រះយេស៊ូវបានដោះអំពើបាបរបស់ពួកគេចេញ ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេដដែល ទោះបើពួកគេអះអាងថា ពួកគេជឿដល់ព្រះយេហូវ៉ាក៏ដោយ។ 
មនុស្សបែបនេះអះអាងដោយបបូរមាត់របស់ខ្លួនថា ពួកគេជឿដល់ព្រះ ប៉ុន្តែតាមការពិត ពួកគេគឺជា «វិហាររបស់សាតាំង» ដែលមិនជឿដល់ទ្រង់ឡើយ។ អស់អ្នកមិនទាន់ទទួលបានសេចក្តីប្រោសលោះរបស់ទ្រង់នៅក្នុងចិត្ត ក៏ជាសមាជិកនៃវិហាររបស់សាតាំងនេះដែរ ទោះបើពួកគេអះអាងថា ពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ។ 
នៅក្នុងលោកិយនេះ មានព្រះវិហារពីរ៖ វិហាររបស់សាតាំង និងវិហាររបស់ព្រះ។ កាលណាព្រះអម្ចាស់យាងមកវិញ វិហាររបស់សាតាំងនឹងត្រូវវិនាសរហូតអស់កល្បជានិច្ច ហើយវិហាររបស់ព្រះនឹងមានពររហូតអស់កល្បជានិច្ច។ នៅក្នុងន័យផ្សេង ព្រះនឹងបំបែកមនុស្សសុចរិតចេញពីមនុស្សមានបាប។ មិនមែនគ្រប់គ្នាដែលអះអាងថា ខ្លួនជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ នឹងបានទៅស្ថានសួគ៌ឡើយ។
សេចក្តីនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ ដោយព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុង ម៉ាថាយ ៧:២១-២៣ ថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។
នៅក្នុងន័យផ្សេង យើងមិនអាចនិយាយបានថា ស្ថានសួគ៌មានការធានាសម្រាប់មនុស្សគ្រប់គ្នា ដែលអះអាងថាជឿដល់ព្រះយេស៊ូវ និងអំពាវនាវដល់ព្រះនាមទ្រង់នោះឡើយ។ ទោះបីជាពួកគេជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ បើសិនពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នៅចុងបញ្ចប់ ពួកគេគឺជាបាវបម្រើរបស់សាតាំង និងត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ដោយសារពួកគេដើរតាមដំណឹងល្អក្លែងក្លាយ ទោះបើពួកគេអះអាងថាជឿដល់ព្រះយេស៊ូវក៏ដោយ ពួកគេសមនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។
អ្នកដែលមានបាប និងជាកម្មសិទ្ធិរបស់សាតាំង នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែទ្វារស្ថានសួគ៌នឹងបើកសម្រាប់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គ្រប់គ្នាដែលជឿដល់ព្រះយេស៊ូវ ត្រូវតែចូលទៅក្នុងស្ថានសួគ៌ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះ យើងត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីអំពើបាបរបស់យើង និងសមត្ថភាពខាងវិញ្ញាណ ដើម្បីបែងចែកសេចក្តីពិតចេញពីសេចក្តីកុហក។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវតែរស់នៅក្នុងព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ និងជឿតាម។ បើសិនអ្នកមិនចង់ធ្លាក់ទៅក្នុងបឹងភ្លើងទេ អ្នកត្រូវតែបដិសេធដំណឹងល្អក្លែងក្លាយ ដោយសេចក្តីជំនឿ។ អ្នកត្រូវតែឈ្នះនៅក្នុងការប្រយុទ្ធជាមួយដំណឹងល្អក្លែងក្លាយទាំងឡាយ។ ហើយដើម្បីធ្វើឲ្យជ័យជំនះខាងសេចក្តីជំនឿរបស់អ្នកមានសុវត្ថិភាព អ្នកត្រូវតែដឹងពីអ្វីដែលជាណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានតែតាមរបៀបនេះទេ ទើបអ្នកអាចបានរួចពីសេចក្តីស្លាប់ទីពីរ និងចូលទៅក្នុងស្ថានបរមសុខរបស់ព្រះបាន។ 
២យ៉ូហាន ១:៧ ប្រាប់យើងថា «ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង»។ នៅទីនេះ អ្នកប្រវ័ញ្ចបញ្ឆាតសំដៅទៅលើអ្នកដែលបដិសេធថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងរូបភាពជាសាច់ឈាម។ នៅក្នុងន័យផ្សេង គឺជាអ្នកដែលបដិសេធថា ព្រះអម្ចាស់ដែលបានយាងមកជាសាច់ឈាម គឺជាព្រះរាជបុត្រានៃព្រះ និងថា ទ្រង់បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ និងថា ទ្រង់បានទទួលការជំនុំជម្រះសម្រាប់អំពើបាបជំនួសយើង តាមរយៈព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
អ្នកដែលមិនទទួលយកការពិតទាំងនេះថា ទ្រង់បានដោះចេញពីយើងនូវការជំនុំជម្រះសម្រាប់អំពើបាបទាំងអស់របស់យើង គឺជាអ្នកប្រវ័ញ្ចបញ្ឆោត និងបាវបម្រើរបស់សាតាំង។ ពួកគេគឺជាខ្មាំងសត្រូវរបស់ព្រះ និងបាវបម្រើដ៏ស្មោះត្រង់របស់អារក្ស។ ពួកគេធ្វើឲ្យច្របូកច្របល់ និងដឹកនាំមនុស្សជាច្រើនទៅរកសេចក្តីវិនាស ដោយការបង្រៀន និងការប្រកាសពីដំណឹងល្អក្លែងក្លាយរបស់ពួកគេ និងការទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
អ្នកដែលអះអាងថា ខ្លួនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តែមិនតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណជាមួយដំណឹងល្អក្លែងក្លាយរបស់សាតាំង ក៏នឹងធ្វើជាខ្មាំងសត្រូវរបស់នគរព្រះ និងរាស្ត្ររបស់ទ្រង់ដែរ។ មនុស្សបែបនេះមិនខ្វល់ថា អ្នកដើរតាមរបស់ខ្លួនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿឡើយ។ អ្វីដែលពួកគេយកចិត្តទុកដាក់ចំពោះគឺជាប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេគឺជាអ្នកបម្រើក្លែងក្លាយ ដែលគិតតែពីចម្អែតក្រពះរបស់ខ្លួនប៉ុណ្ណោះ។ សរុបមក ពួកគេគឺជាកម្មសិទ្ធិរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលព្រះគម្ពីរនិយាយ។ 
 

ល្បិចរបស់បុគ្គលដែលមានជំនឿខុសឆ្គង

អេសេគាល ១៣:១៧-១៨ និយាយថា «ឯឯង កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍ឯង ដែលទាយចេញពីចិត្តខ្លួនគេ ហើយទាយទាស់នឹងគេ ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សំរាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូចដើម្បីនឹងចាប់ព្រលឹងគេ ឯងរាល់គ្នារកចាប់ព្រលឹងរបស់សាសន៍អញដូច្នេះ នោះតើនឹងអាចជួយសង្គ្រោះព្រលឹងគេដែលមកឯឯងឲ្យរស់នៅបានឬ»។ ចេញពីបទគម្ពីរនេះ យើងអាចមើលឃើញពីរបៀបដែលបាវបម្រើរបស់សាតាំងប្រឹងប្រែងឆក់យកព្រលឹងរបស់មនុស្ស។ 
បទគម្ពីរនេះប្រាប់យើងថា បាវបម្រើរបស់សាតាំងបានដាក់មន្តអាគមស្នេហ៍នៅលើដៃអាវរបស់មនុស្ស។ បទគម្ពីរនេះនិយាយថា «វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស»។ វាពិតជាពិបាក និងរសាប់រសល់យ៉ាងខ្លាំង ដែលមានកែបកំណល់ភ្ជាប់នៅកួយដៃរបស់អ្នក និងអ្នកដទៃ។ អ្នកដែលទទួលតួនាទីជាអ្នកដឹកនាំនៅក្នុងពួកជំនុំគឺពិតជាមិនសុខស្រួល រសាប់រសល់ និងគួរឲ្យអាក្រក់មើល ទោះបើពួកគេមិនស្គាល់ ឬមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ។ ហេតុអ្វី? ពីព្រោះតួនាទីទាំងនេះនៅក្នុងពួកជំនុំមិនសាកសមនឹងពួកគេទេ។ ពួកគេដឹងថា ពួកគេមិនបានរាប់ជាសុចរិត ឬបានកើតជាថ្មីទេ ពីព្រោះពួកគេមិនទាន់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅឡើយ។ 
ដូច្នេះ តើពួកគេអាចធ្វើការសម្រាប់ព្រះអម្ចាស់បានយ៉ាងដូចម្តេច? ដូច្នេះ ដើម្បីធ្វើការងាររបស់ព្រះ ជាដំបូង អ្នកត្រូវតែទទួលបានសេចក្តីប្រោសលោះពីអំពើបាបរបស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណសិន ដើម្បីឲ្យប្រាកដថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់អ្នក ហើយបន្ទាប់មក មានការហ្វឹកហ្វឺនយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់នៅក្នុងព្រះបន្ទូលព្រះ និងសេចក្តីពិតរបស់ទ្រង់ មុនពេលអ្នកទទួលយកតួនាទីអ្វីមួយនៅក្នុងពួកជំនុំ។ 
តាមរយៈព្រះគម្ពីរ ព្រះប្រាប់យើងដែលជារាស្ត្ររបស់ទ្រង់ថា យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកហោរាក្លែងក្លាយ ដោយការជឿតាម សេចក្តីពិតរបស់ទ្រង់។ ការបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនកើតឡើងពីការប្រព្រឹត្តនោះឡើយ ប៉ុន្តែដោយការទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ ម៉ាថាយ ១១:១២ និយាយថា «តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង»។ អ្នកដែលប្រឹងចាប់ បានចូលទៅក្នុងនគរស្ថានសួគ៌។ ប្រឹងចាប់ មានន័យថា តយុទ្ធជាមួយសេចក្តីមិនពិត។ អ្នកត្រូវតែចងចាំថា លុះត្រាតែអ្នកទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់អ្នក និងយកឈ្នះលើសេចក្តីបង្រៀនក្លែងក្លាយ ទើបអ្នកអាចបានសង្រ្គោះទាំងស្រុង និងទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តបាន។ 
ដើម្បីទទួលបានសេចក្តីសង្រ្គោះពេញលេញ គ្រប់គ្នាដែលបានកើតមកក្នុងលោកិយនេះ ត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីមិនពិត ដោយព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះ។ លោកិយនេះគឺជាសមរភូមិប្រយុទ្ធ រវាងកម្លាំងនៃសេចក្តីពិត និងកម្លាំងនៃសេចក្តីមិនពិត និងរវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី។ លោកិយនេះបានក្លាយជាសមរភូមិប្រយុទ្ធ រវាងព្រះ និងសាតាំង ដោយសារតែអ័ដាម និងអេវ៉ាបានជឿតាមសេចក្តីកុហករបស់អារក្ស ជាជាងតាមព្រះបន្ទូលព្រះ ទោះបើព្រះបានប្រទានជីវិតដល់ពួកគេក៏ដោយ។ 
សម័យនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះសាតាំងកំពុងតែព្យាយាមរារាំងមនុស្សពីការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយការធ្វើឲ្យពួកគេច្របូកច្របល់ ដោយសារពួកហោរាក្លែងក្លាយ ការបញ្ឆោតពួកគេ ដោយការអស្ចារ្យក្លែងក្លាយ និងការដឹកនាំពួកគេ ដោយកិច្ចការក្លែងធ្វើជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបើវាដឹងថា វាសនាចុងក្រោយរបស់វាត្រូវបានព្រះកំណត់រួចហើយក៏ដោយ។ «ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជា ទេវតានៃពន្លឺដែរ» (២កូរិនថូស ១១:១៤)។ ដោយបានឈ្នះលើសាសនាធំៗ សាតាំងទាស់ប្រឆាំងនឹងមនុស្សសុចរិត។ ទោះបីជានេះគឺជាសម័យដែលសេចក្តីកុហកកំពុងតែគ្របដណ្តប់សេចក្តីពិតក៏ដោយ នៅចុងបញ្ចប់ ក៏អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងបានរួចពីសេចក្តីមិនពិតទាំងអស់នោះ ហើយនឹងមានជ័យជំនះលើពួកវាដែរ។ 
ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនៅឲ្យបានឆ្ងាយពី សេចក្តីបង្រៀនក្លែងក្លាយដែលអះអាងថា យើងត្រូវតែប្រែចិត្ត និងលន់តួជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ យើង។ ព្រះបានសន្យាចំពោះយើងថា អ្នកដែលយកឈ្នះលើសេចក្តីកុហកទាំងនេះ ដោយសេចក្តីពិតរបស់ទ្រង់ នឹងបានរួចពីសេចក្តីស្លាប់ទី ពីរ។ ដូច្នេះ ចូរយើងតយុទ្ធ ដើម្បីការពារសេចក្តីជំនឿរបស់យើងនៅចំពោះព្រះ ដូចជាពួកជំនុំក្រុងស្មឺន៉ាដែរ ដើម្បីឲ្យទ្រង់សរសើរយើងសម្រាប់សេចក្តីស្មោះត្រង់របស់យើងចំពោះព្រះអម្ចាស់។