Search

布道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-5] សំបុត្រទៅកាន់ពួកជំនុំក្រុងឡៅឌីសេ (វិវរណៈ ៣:១៤-២២)

សំបុត្រទៅកាន់ពួកជំនុំក្រុងឡៅឌីសេ
(វិវរណៈ ៣:១៤-២២)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា [អាម៉ែន] ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
 

ការកាត់ស្រាយ

ខ.១៤៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា [អាម៉ែន] ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។»
ព្រះអម្ចាស់របស់យើង បានយាងមកផែនដីនេះ និងបានស្តាប់បង្គាប់ព្រះវរបិតា រហូតដល់សុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចបំណងព្រះហឫទ័យព្រះ។ នៅក្នុងន័យផ្សេង ទ្រង់បានស្តាប់តាមសេចក្តីបង្គាប់ដោយពាក្យថា «អាម៉ែន» បើសិនវាគឺជាបំណងព្រះហឫទ័យព្រះវរបិតា។ ទ្រង់គឺជាអ្នកបម្រើដ៏ស្មោះត្រង់នៃនគររបស់ព្រះវរបិតា និងជាសេចក្តីបន្ទាល់ដ៏ពិតពីការពិតថា អង្គទ្រង់ផ្ទាល់គឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះ។ ហើយទ្រង់គឺជាព្រះអាទិករ តាំងពីដើមដំបូងមក។

ខ.១៥៖ «អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី។» 
ព្រះបានបន្ទោសអ្នកបម្រើនៅពួកជំនុំក្រុងឡៅឌីសេ សម្រាប់សេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់របស់ពួកគេ។ ពួកគេសមនឹងទទួលសេចក្តីក្រោធរបស់ព្រះ។ បើសិនសេចក្តីជំនឿរបស់អ្នកណាម្នាក់មិនក្តៅមិនត្រជាក់នៅចំពោះព្រះ គាត់ត្រូវតែធ្វើឲ្យសេចក្តីជំនឿរបស់គាត់មានភាពច្បាស់លាស់ គឺក្តៅ ឬត្រជាក់។ សេចក្តីជំនឿដែលព្រះតម្រូវពីយើងគឺ សេចក្តីជំនឿត្រជាក់ ឬក្តៅ។ ហើយសេចក្តីជំនឿច្បាស់លាស់នេះក៏ជា សេចក្តីតម្រូវដាច់ខាតនៅក្នុងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។
ទាក់ទងនឹងការជឿដល់ព្រះ មានអ្នកជឿពីរប្រភេទ។ ទីមួយ យើងមានអ្នកដែលជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិត និងថា គ្មានដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អនេះឡើយ។ ទីពីរ មានអ្នកដែលជឿថា មានដំណឹងល្អផ្សេងៗទៀត ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយសេចក្តីនេះចុងក្រោយនេះគឺមិនក្តៅមិនត្រជាក់។
ពួកគេគិតថា គ្រាន់តែជឿដល់ព្រះយេស៊ូវគឺគ្រប់គ្រាន់ហើយ និងថា យើងមិនចាំបាច់ស្គាល់ដំណឹងល្អណាត្រឹមត្រូវ ឬដំណឹងល្អណាខុសឆ្គងឡើយ។ ពួកគេមួយចំនួនថែមទាំងគិតថា ព្រះយេស៊ូវមិនមែនជាព្រះអង្គសង្រ្គោះតែមួយអង្គគត់ទេ ប៉ុន្តែមនុស្សក៏អាចទទួលបានសេចក្តីសង្រ្គោះនៅក្នុងសាសនាដទៃៗទៀតនៅក្នុងលោកិយនេះបានផងដែរ។ សេចក្តីជំនឿរបស់ពួកគេមិនក្តៅមិនត្រជាក់ ហើយសេចក្តីជំនឿរបស់អ្នកបម្រើនៅក្នុងពួកជំនុំក្រុងឡៅឌីសេក៏បែបដូច្នេះដែរ ដែលមិនមានការបែងចែកច្បាស់លាស់ រវាងដំណឹងល្អពិត និងដំណឹងល្អក្លែងក្លាយទេ គឺពួកគេមិនដឹងថា គ្មានដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ ដូច្នេះហើយបានជាអ្នកបម្រើទាំងនេះបានទាស់នឹងព្រះ ហើយបានប្រមូលសេចក្តីក្រោធរបស់ទ្រង់ទុក។

ខ.១៦៖ «ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ។»
ព្រះអម្ចាស់របស់យើង តម្រូវឲ្យអ្នកបម្រើរបស់ទ្រង់មានសេចក្តីជំនឿត្រឹមត្រូវ និងច្បាស់លាស់។ យើងត្រូវតែដឹងថា ព្រះមិនទទួលស្គាល់ សេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់នោះឡើយ។ ដូច្នេះ នៅពេលយើងជឿលើព្រះអម្ចាស់ យើងត្រូវតែដាក់ចិត្តរបស់យើងតាមព្រះបន្ទូលព្រះ ហើយឈរយ៉ាងរឹងមាំ ដោយសេចក្តីជំនឿ នៅលើបំណងព្រះហឫទ័យ ទ្រង់។ ដូច្នេះ អ្នកដែលបានកើតជាថ្មីហើយ ត្រូវតែឈរយ៉ាងមាំមួននៅលើដំណឹងល្អស្របតាមព្រះគម្ពីរអំពីទឹក និងព្រះវិញ្ញាណ ហើយតយុទ្ធជាមួយអ្នកដែលប្រកាសដំណឹងល្អផ្សេងពីដំណឹងល្អពិតនេះ ដោយមិនសម្របសម្រួលឡើយ។ ព្រះប្រាប់យើងថា បើសិនមនុស្សសុចរិតមិនឈរនៅខាងសេចក្តីជំនឿទេ ទ្រង់នឹងខ្ជាក់ពួកគេចេញពីមាត់របស់ទ្រង់ហើយ។ ដូច្នេះ តើសេចក្តីជំនឿរបស់អ្នកកំពុងតែឈរនៅខាងណា?

ខ.១៧៖ «ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុក ស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ។» 
អ្នកដែលមានសេចក្តីជំនឿមិនក្តៅមិនត្រជាក់លើព្រះអម្ចាស់ ជឿថា សេចក្តីជំនឿរបស់ពួកគេមិនមានបញ្ហាអ្វីឡើយ។ ដូច្នេះ ពួកគេនៅតែមិនដឹងពីភាពក្រីក្រខាងសេចក្តីជំនឿរបស់ពួកគេដដែល។ ដោយសារអ្នកបម្រើនៅពួកជំនុំក្រុងឡៅឌីសេស្កប់ចិត្តចំពោះសេចក្តីជំនឿមិនក្តៅមិនត្រជាក់នេះ គាត់ក៏មិនបានដឹងថា ពួកគេពិតជាវេទនាយ៉ាងណាឡើយ។ ដូច្នេះ ដើម្បីមានសេចក្តីជំនឿត្រឹមត្រូវ និងច្បាស់លាស់ ពួកគេត្រូវប្រឈមនឹងការល្បងល និងការបៀតបៀន សម្រាប់សេចក្តីពិត និងចូលរួមក្នុងការតយុទ្ធខាងសេចក្តីជំនឿជាមួយពួកអ្នកកុហក។ មានតែតាមរបៀបនេះទេ ទើបពួកគេដឹងថា ពួកគេពិតជាក្រខ្សត់ ឥតជំនឿ និងអាក្រាតមែន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែមានសេចក្តីជំនឿត្រឹមត្រូវ និងច្បាស់លាស់នៅចំពោះព្រះអម្ចាស់។

ខ.១៨៖ «បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ។» 
ព្រះបានប្រាប់ទេវតានៃពួកជំនុំក្រុងឡៅឌីសេឲ្យបន្សុទ្ធសេចក្តីជំនឿរបស់ខ្លួន។ អ្នកបម្រើនៅពួកជំនុំក្រុងឡៅឌីសេត្រូវតែស្អាងមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់ខ្លួនឡើងវិញ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងទទួលបានសំលៀកបំពាក់នៃសេចក្តីសុចរិត។ ហើយពួកគេក៏ត្រូវមើលឃើញខ្លួនឯងបែរមកវិញ និងស្អាងសេចក្តីជំនឿឲ្យបានត្រឹមត្រូវឡើងវិញផងដែរ។ ហើយពួកគេត្រូវតែរក្សាសេចក្តីជំនឿរបស់ខ្លួន នៅក្នុងសេចក្តីអត់ធ្មត់ ហើយរៀន និងបំពេញសម្រេចសេចក្តីសង្ឃឹមរបស់ខ្លួន ដោយការស្អាងសេចក្តីជំនឿរបស់ខ្លួនឡើងវិញ។ 
ហើយអ្នកក៏ត្រូវតែឆ្លងកាត់ការធ្វើទុក្ខ និងការបៀតបៀនធ្ងន់ធ្ងរ សម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អនៃសេចក្តីពិត ដែលព្រះបានប្រទានឲ្យផងដែរ។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចដឹងថា សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះពិតជាមានតម្លៃពិសេសយ៉ាងណា។ តើអ្នកបានបំបែកសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នក ដើម្បីរក្សាសេចក្តីសុចរិតរបស់ព្រះ ដែលទទួលបានតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរឬទេ? អ្នកដែលបោះបង់សេចក្តីសុចរិតរបស់មនុស្សចោល ដឹងថា សេចក្តីសុចរិតរបស់ព្រះពិតជាមានតម្លៃ និងព្រះពរយ៉ាងធំធេងមែន។ អ្នកត្រូវតែដឹងថា បើសិនមិនមានសេចក្តីជំនឿដែលទុកចិត្តលើព្រះអម្ចាស់ទេ ជីវិតនៃសេចក្តីជំនឿរបស់អ្នកនឹងត្រូវរងទុក្ខហើយ។ ដូច្នេះ អ្នកត្រូវតែរៀនពីសេចក្តីជំនឿ ដែលព្រះអម្ចាស់បានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ ដែលនៅមុនយើង ហើយបំបាត់សេចក្តី ខ្មាស់នៃសេចក្តីមិនជឿរបស់អ្នកចោល។
យើងមិនត្រូវភ្លេចពីការពិតថា យើងត្រូវតែមានការលះបង់ ដើម្បីរៀនពីសេចក្តីជំនឿត្រឹមត្រូវ។ ដោយសារយើងអាចទទួលបានសេចក្តីជំនឿត្រឹមត្រូវ ដោយការដើរតាមលំអានដាននៃអ្នកនាំមុខខាងវិញ្ញាណ មួយជំហានម្តងៗ យើងត្រូវតែមានការលះបង់។ ហើយយើងក៏ត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ការបាត់បង់កិច្ចការរបស់លោកិយនេះ សម្រាប់ជាប្រយោជន៍ដល់ការស្អាងនគរនៃព្រះអម្ចាស់ និងការពង្រឹងសេចក្តីជំនឿរបស់យើង ហើយបោះបង់ចោលគ្រប់យ៉ាង សម្រាប់ព្រះអម្ចាស់។ 

ខ.១៩៖ «អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ។» 
ព្រះអម្ចាស់បន្ទោស និងផ្ចាញ់ផ្ចាលអ្នកដែលស្គាល់ និងជឿលើ សេចក្តីស្រឡាញ់របស់ទ្រង់ បើសិនសេចក្តីជំនឿរបស់ពួកគេមិនបង្កើតផលផ្លែ។ ដូច្នេះ អ្នកដែលព្រះអម្ចាស់ស្រឡាញ់ ត្រូវតែខិតខំធ្វើការសម្រាប់ទ្រង់ និងដើរតាមទ្រង់ ដោយសេចក្តីជំនឿត្រឹមត្រូវ។

ខ.២០៖ «មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ។» 
អ្នកដែលបានធ្វើជាអ្នកបម្រើនៃព្រះ មានអំណរ និងទុក្ខលំបាក ជាមួយទ្រង់។ អ្នកដែលធ្វើការសម្រាប់ព្រះអម្ចាស់ តែងតែរស់នៅ ដោយការជឿតាមព្រះបន្ទូលព្រះអម្ចាស់ ហើយតាមរយៈសេចក្តីជំនឿរបស់ពួកគេ ព្រះអម្ចាស់តែងតែបំពេញសម្រេចការងារទាំងអស់របស់ទ្រង់។ 

ខ.២១៖ «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ។» 
យើងទទួលបាន ឬបាត់បង់សេចក្តីជំនឿពិត អាស្រ័យលើយើងត្រៀមខ្លួនជាសម្រេចសម្រាប់ទុក្ករកម្ម ឬអត់។ អ្នកដែលតយុទ្ធជាមួយសាតាំង ដោយការជឿតាមព្រះបន្ទូលព្រះអម្ចាស់ នឹងទទួលបានជ័យជំនះ ហើយបានតំកើងឡើងជាមួយព្រះអម្ចាស់ដែរ។ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះតែងតែចូលរួមក្នុងការតយុទ្ធខាងវិញ្ញាណជាមួយសាតាំង។ នៅក្នុងការតយុទ្ធនេះ ពួកគេតែងតែអាចយកឈ្នះ ដោយការជឿតាមព្រះបន្ទូលព្រះអម្ចាស់ជានិច្ច។ ដូច្នេះ អ្នកដែលឈ្នះនៅក្នុងការតយុទ្ធរបស់ខ្លួនជាមួយសាតាំង នឹងបានតំកើងឡើងជាមួយព្រះអម្ចាស់។ 

ខ.២២៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
ពួកបរិសុទ្ធត្រូវតែស្តាប់សម្លេងរបស់ព្រះ និងដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ នៅពេលពួកគេធ្វើដូច្នេះ សេចក្តីជំនឿរបស់ពួកគេដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ ហើយជ័យជំនះខាងវិញ្ញាណតែងតែជារបស់ពួកគេជានិច្ច។