Search

דרשות

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-5] អត្ថន័យនៃដំណឹងល្អដើមអំពីការបានកើតជាថ្មី (យ៉ូហាន ៣:១-៦)

(យ៉ូហាន ៣:១-៦)
«រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ។»
 
 
យោងតាមព្រះគម្ពីរ តើការបានកើតជាថ្មីមានន័យយ៉ាងដូចម្តេច?
 
នៅក្នុងពិភពលោកនេះ មានមនុស្សជាច្រើន ដែលចង់បានកើតជាថ្មី ដោយគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ។ ប៉ុន្តែ ជាដំបូង ខ្ញុំចង់ប្រាប់អ្នកថា ការបានកើតជាថ្មីមិនអាស្រ័យលើយើងទេ ហើយវាក៏មិនមែនជាអ្វីមួយដែលកើតឡើង តាមរយៈការប្រព្រឹត្តរបស់យើងតែមួយដែរ។
 
តើការបានកើតជាថ្មីទាក់ទងនឹង ការផ្លាស់ប្តូរ និងអារម្មណ៍ខាងសាច់ឈាមទេ?
ទេ។ ការបានកើតជាថ្មីទាក់ទងទៅនឹង ការផ្លាស់ប្តូរខាងវិញ្ញណ គឺឲ្យមនុស្សមានបាបម្នាក់បានកើតម្តងទៀត ជាមនុស្សឥតមានបាបម្នាក់
 
គ្រីស្ទបរិស័ទភាគច្រើន មានទស្សនៈខុសនេះ។ ពួកគេជឿថា ពួកគេប្រាកដជាបានកើតជាថ្មី សម្រាប់មូលហេតុជាច្រើនដូច តទៅ។ អ្នកខ្លះខិតខំចាប់យកសេចក្តីសង្រ្គោះ ដោយការបង្កើតព្រះវិហារថ្មីៗជាច្រើន អ្នកខ្លះលះបង់ខ្លួនឯងធ្វើជាបេសកជន ដើម្បីអធិប្រកាសព្រះគ្រីស្ទ ទៅកាន់មនុស្សដែលមិនទាន់ឮព្រះបន្ទូលទ្រង់នៅកន្លែងឆ្ងាយៗ ហើយអ្នកខ្លះទៀតបដិសេធមិនរៀបការ ហើយចំណាយថាមពលទំាងអស់របស់ខ្លួន ធ្វើអ្វីដែលខ្លួនគិតថា ជាការងាររបស់ព្រះ។
នេះមិនទាន់អស់ទេ។ ក៏មានមនុស្សខ្លះទៀត បរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ព្រះវិហាររបស់ខ្លួន ឬពួកគេបោសសម្អាតអាគារព្រះវិហាររបស់ខ្លួន ជារៀងរាល់ថ្ងៃ។ និយាយជារួម ពួកគេលះបង់ពេលវេលា និងទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់ព្រះវិហារ ហើយពួកគេជឿថា ការខិតខំប្រឹងប្រែងទាំងនេះ នឹងជួយឲ្យពួកគេទទួលបានមកុដជីវិត។ ហើយពួកគេសង្ឃឹមថា ព្រះនឹងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី។
ចំណុចសំខាន់គឺថា មានមនុស្សជាច្រើននៅគ្រប់ទីកន្លែង បានលះបង់ ដើម្បីបានកើតជាថ្មី ដោយធ្វើការយ៉ាងខ្លាំងក្លា ហើយសង្ឃឹមថា នៅថ្ងៃណាមួយ ព្រះនឹងប្រទានពរដល់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី។ យើងអាចមើលឃើញពួកគេនៅតាមស្ថាប័ន​សាសនា សាលាព្រះគម្ពីរ និងអរោគគ្យដ្ឋាន។ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ ពួកគេមិនស្គាល់សេចក្តីពិតអំពីការបានកើតជាថ្មីឡើយ។
តាមរយៈការប្រព្រឹត្តរបស់ពួកគេ ពួកគេគិតថា «បើសិនខ្ញុំធ្វើការនេះបានល្អឥតខ្ចោះ ខ្ញុំនឹងបានកើតជាថ្មីហើយ»។ ដូច្នេះ​ ពួកគេដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេ ទៅលើការងារទាំងនេះ ដោយជឿថា ពួកគេកំពុងតែសាងសង់មូលដ្ឋានគ្រឹះចាំបាច់មួយសម្រាប់ការបានកើតជាថ្មី ហើយគិតថា «នៅថ្ងៃណាមួយ ខ្ញុំក៏នឹងបានកើតជាថ្មី ដូចជាលោកគ្រូ Wesley ផងដែរ!»។ ពួកគេ អាន យ៉ូហាន ៣:៣ ហើយកាត់ស្រាយថា គ្មានអ្នកណាម្នាក់អាចប្រាប់ពីព្រះពរនៃការបានកើតជាថ្មីមកពីណា ឬទៅកន្លែងណាបានឡើយ។
ដូច្នេះ ពួកគេគិតតែពីខិតខំធ្វើការងារយ៉ាងខ្លាំងក្លា ដោយសង្ឃឹមថា នៅថ្ងៃណាមួយ ព្រះយេស៊ូវនឹងអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី។ ហើយមានមនុស្សជាច្រើន ដែលគិតថា «បើសិនខ្ញុំនៅតែព្យាយាមធ្វើដូច្នេះ នៅថ្ងៃណាមួយ ព្រះយេស៊ូវនឹងអនុញ្ញាតឲ្យខ្ញុំបានកើតជាថ្មី។ ហើយខ្ញុំបានកើតជាថ្មី ដោយមិនដឹងខ្លួនផង។ ប្រហែលនៅព្រឹកមួយ ខ្ញុំក្រោកពីដំណេក ដោយបានកើតជាថ្មី ហើយដឹងថា ខ្ញុំប្រាកដជានឹងបានទៅស្ថានសួគ៌»។ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមបែបនេះ មិនមានផលផ្លែសោះឡើយ!
យើង មិនអាចបានកើតជាថ្មី តាមរបៀបនេះជាដាច់ខាត! យើងមិនអាចបានកើតជាថ្មី ដោយការនៅឆ្ងាយពីជាតិស្រវឹង និងបារី ឬដោយការចូលរួមព្រះវិហារជាទៀងទាត់បានឡើយ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូល យើងត្រូវតែ «បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ» ដើម្បីបានចូលទៅក្នុងនគរព្រះ។ ហើយទឹក និងព្រះវិញ្ញាណគឺជាល័ក្ខខ័ណ្ឌតែមួយគត់របស់ព្រះ សម្រាប់ការបានកើតជាថ្មីរបស់យើង។
បើសិនមនុស្សមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ នោះការខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេ សម្រាប់ការបានរាប់ជាសុចរិតនៅចំពោះព្រះយេស៊ូវ នឹងបានជាអសារឥតការហើយ។ មនុស្សមិនអាចបានកើតជាថ្មី​ដោយការថ្វាយតង្វាយ វិភាគទាន ឬជំនឿស៊ប់បានឡើយ។ មនុស្សអាចគិតថា ដោយសារមានព្រះតែមួយដែលដឹងថា អ្នកណាបានកើតជាថ្មី ខ្លួនក៏មិនអាចដឹងថា អ្នកណាបានកើតជាថ្មី ឬមិនផងដែរ។
ការគិតបែបនេះ អាចជាការកំសាន្តចិត្តមួយ ប៉ុន្តែការបានកើតជាថ្មីមិនអាចត្រូវបានលាក់បាំងនៅខាងក្រោមតុបានឡើយ គឺមនុស្សអាចដឹងដោយខ្លួនឯង ហើយអ្នកដទៃក៏អាចដឹងផងដែរ។
យើង ប្រហែលជានឹងមិនដឹងតាមសាច់ឈាមទេ ប៉ុន្តែយើងពិតជានឹងដឹងយ៉ាងច្បាស់លាស់តាមវិញ្ញាណវិញ។ អ្នកដែលបានកើតជាថ្មីពិតប្រាកដ គឺជាអ្នកជឿដែលបានកើតជាថ្មី តាមរយៈព្រះបន្ទូលព្រះ ដែលជាព្រះបន្ទូលអំពីទឹក ឈាម និងព្រះវិញ្ញាណ។ ផ្ទុយទៅវិញ អ្នកដែលមិនបានកើតជាថ្មី នឹងមិនយល់ពីវា ដូចជាលោកនីកូដេមមិនបានយល់ដែរ។
ដូច្នេះ យើងត្រូវតែស្តាប់ព្រះបន្ទូលនៃសេចក្តីពិតអំពីសេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ពីព្រោះនៅពេលយើងស្តាប់ និងរៀនព្រះបន្ទូលព្រះ យើងអាចរកឃើញសេចក្តីពិតនៅទីនោះ។ ដូច្នេះ វាសំខាន់ណាស់ ដែលយើងបើកគំនិតរបស់យើង ហើយស្តាប់ដោយយកចិត្តទុកដាក់។
«ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ» (យ៉ូហាន ៣:៨)។
នៅពេលមនុស្សម្នាក់ដែលមិនបានកើតជាថ្មី អានបទគម្ពីរនេះគាត់គិតថា «អូ! ព្រះយេស៊ូវបានមានបន្ទូលថា​ខ្ញុំមិនអាចដឹងថា ខ្ញុំបានកើតជាថ្មីទេ! គឺគ្មានអ្នកណាដឹងទេ»។ ហើយគំនិតនេះផ្តល់ការកំសាន្តចិត្តដល់គាត់ ប៉ុន្តែវាមិនត្រឹមត្រូវទេ។ យើងមិនអាចដឹងថា ខ្យល់មកពីណា ឬទៅណាទេ ប៉ុន្តែព្រះដឹងទាំងអស់។
សូម្បីតែក្នុងចំណោមអ្នកដែលបានកើតជាថ្មី ក៏មានអ្នកខ្លះមិនបានដឹងពីដំបូងដែរ។ ចំណុចនេះគួរឲ្យយើងយោគយល់បាន។ ប៉ុន្តែនៅក្នុងចិត្តរបស់មនុស្ស មានដំណឹងល្អ៖ ព្រះបន្ទូលអំពីសេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
នេះគឺជាទីបន្ទាល់ពីការបានកើតជាថ្មី។ អ្នកដែលស្តាប់ឮដំណឹងល្អ នឹងបានយល់ ហើយនិយាយថា «អូ! អញ្ចឹង ខ្ញុំមិនមានបាបទៀតទេ។ ដូច្នេះ ខ្ញុំបានសង្រ្គោះ និងបានកើតជាថ្មីហើយ»។ នៅពេលពួកគេជឿ និងរក្សាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្ត ពួកគេបានរាប់ជាសុចរិត ហើយធ្វើជាកូនរបស់ព្រះ។
មនុស្សម្នាក់ អាចត្រូវបានសួរថា «តើអ្នកបានកើតជាថ្មីហើយឬនៅ?» ហើយគាត់នឹងឆ្លើយថា «មិនទាន់ទេ»។ «អញ្ចឹង តើអ្នកបានសង្រ្គោះហើយឬនៅ?» «បាទ ខ្ញុំបានសង្រ្គោះហើយ»។ ប៉ុន្តែគាត់ ផ្តល់ចម្លើយពីរប្រឆាំងគ្នា មែនទេ? គាត់ធ្វើដូច្នេះ ពីព្រោះគាត់គិតថា នៅពេលមនុស្សម្នាក់បានកើតជាថ្មី គាត់ក៏នឹងត្រូវផ្លាស់ប្តូរទាំងសាច់ឈាមរបស់គាត់ផងដែរ។
មនុស្សបែបនេះ ចាត់ទុកការបានកើតជាថ្មីជាការផ្លាស់ប្តូរពិតប្រាកដក្នុងរបៀបរស់នៅ។ ប៉ុន្តែសេចក្តីពិតគឺថា ពួកគេមិនយល់ពីដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។
មានមនុស្សជាច្រើន ដែលមិនយល់ពីអត្ថន័យនៃការបានកើតជាថ្មី។ គួរឲ្យអាណិតណាស់! មិនគ្រាន់តែអ្នកបម្រើព្រះទេ ប៉ុន្តែអ្នកដឹកនាំពួកជំនុំ ដែលដឹកនាំតាមគំនិតបែបយល់ច្រឡំនេះផងដែរ។ ចិត្តរបស់យើងដែលជាអ្នកបានកើតជាថ្មី យំសោកសម្រាប់មនុស្សទាំងនេះ។
នៅពេលយើងមានអារម្មណ៍បែបនេះ តើព្រះយេស៊ូវរបស់យើងនៅស្ថានសួគ៌មានការឈឺចាប់លើសជាងអម្បាម៉ានទៅ? ចូរយើងទាំងអស់គ្នាបានកើតជាថ្មី ដោយការជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
បានកើតជាថ្មី និងបានសង្រ្គោះ មានន័យដូចគ្នា។ ប៉ុន្តែ មានមនុស្សជាច្រើនមិនយល់ពីសេចក្តីពិតនេះទេ។ បានកើតជាថ្មី មានន័យថា បាបនៅក្នុងចិត្តរបស់យើងត្រូវបានលាងសម្អាត តាមរយជំនឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមានន័យថា បានរាប់ជាសុចរិត តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង។
មុនពេលបានកើតជាថ្មី មនុស្សម្នាក់គឺជាមនុស្សមានបាប ប៉ុន្តែបន្ទាប់មក គាត់ឥតមានបាបតែម្តង គឺគាត់បានកើតជាមនុស្សថ្មីម្នាក់ទៀតហើយ។ គាត់បានក្លាយជាកូនរបស់ព្រះ ដោយការជឿលើដំណឹងល្អអំពីសេចក្តីសង្រ្គោះ។
បានកើតជាថ្មី មានន័យថា ស្លៀកសំលៀកបំពាក់នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ស្លាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូវ និងរស់ឡើងវិញជាមួយព្រះយេស៊ូវ។ វាមានន័យថា យើងបានរាប់ជាសុចរិត តាមរយៈព្រះបន្ទូលអំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។
នៅពេលមនុស្សម្នាក់បានកើតមកពីផ្ទៃម្តាយ គាត់គឺជាមនុស្សមានបាបម្នាក់។ ប៉ុន្តែនៅពេលគាត់បានស្តាប់ឮដំណឹងល្អពិតអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គាត់បានកើតជាថ្មី ហើយបានរាប់ជាសុចរិត។
ពីខាងក្រៅ គាត់ហាក់ដូចជាមិនមានអ្វីខុសពីគេទេ ប៉ុន្តែគាត់បានកើតជាថ្មីពីខាងក្នុង គឺនៅក្នុងព្រះវិញ្ញាណ។ នេះគឺអត្ថន័យនៃការបានកើតជាថ្មី។ ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានដឹងពីសេចក្តីពិតនេះ គឺរកតែមួយចេញពីមួយពាន់នាក់ក៏គ្មានផង។ តើអ្នកយល់ស្របជាមួយខ្ញុំថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលយល់ពីអត្ថន័យពិតនៃការបានកើតជាថ្មីដែរឬទេ?
អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងបានកើតជាថ្មី អាចស្គាល់ថា អ្នកណាជាអ្នកបានកើតជាថ្មីពិត និងអ្នកណាជាគ្រីស្ទបរិស័ទធម្មតាបាន។
 
 
គឺជាព្រះយេស៊ូវ ដែលគ្រប់គ្រងខ្យល់
 
តើអ្នកណាអាចដឹងថា អ្នកណាបានសង្រ្គោះ ឬមិនបាន?
មានតែអ្នកដែលបានកើតជាថ្មីប៉ុណ្ណោះ
 
«ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ។» ព្រះយេស៊ូវ បានមានបន្ទូលអំពីអ្នកដែលមិនទាន់បានកើតជាថ្មី។ អ្នកដែលបានកើតជាថ្មី ដឹងអំពីការបានកើតជាថ្មី ប៉ុន្តែលោកនីកូដេមមិនបានដឹងទេ។ ព្រះស្គាល់អ្នកដែលបានកើតជាថ្មី ហើយអ្នកដែលបានកើតជាថ្មក៏ដឹងអំពីខ្លួនឯងផងដែរ។
ទោះបីជាយ៉ាងណា អ្នកដែលមិនបានកើតជាថ្មីមិនដឹងពីរបៀបដែលអាចបានកើតជាថ្មីទេ ដូចដែលពួកគេមិនដឹងខ្យល់បក់ពីណា ហើយទៅណាផង។
តើអ្នកអាចយល់សេចក្តីពិតនេះដែរឬទេ? តើអ្នកណាធ្វើឲ្យខ្យល់បក់? គឺព្រះ។ ហើយតើអ្នកណាបានបង្កើតខ្យល់? គឺព្រះដែលគង់នៅស្ថានសួគ៌។ តើអ្នកណាគ្រប់គ្រងអាកាសធាតុនៅលើផែនដីនេះ ហើយផ្តុំខ្យល់ និងទឹក? ហើយតើអ្នកណាបានដាក់ដង្ហើមជីវិតទៅក្នុងជីវិតទាំងអស់? ហើយតើអ្នកណាបានបង្កើតជីវិតទាំងអស់នៅផែនដីនេះ ហើយធ្វើឲ្យវាលូតលាស់ឡើង? គ្មានអ្នកណាក្រៅពីព្រះយេស៊ូវគ្រីស្ទទេ។ ហើយព្រះយេស៊ូវគឺជាព្រះ។
កាលណាយើងមិនយល់អំពីព្រះបន្ទូលអំពីដំណឹងល្អអំពី ទឹក ឈាម និងព្រះវិញ្ញាណ យើងមិនអាចបានកើតជាថ្មីបានទេ ហើយយើងក៏មិនអាចបង្រៀនអ្នកដទៃខាងវិញ្ញាណបានដែរ។ ព្រះយេស៊ូវ បានប្រាប់យើងថា បើសិនយើងមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ នោះយើងមិនអាចបានកើតជាថ្មីឡើយ។
យើង ត្រូវតែជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អដ៏មានអំណាចព្រះចេស្តា ដែលជួយឲ្យយើងបានកើតជាថ្មីបាន។ ព្រះវិញ្ញាណ យាងចូល និងគង់នៅក្នុងគំនិតរបស់អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនេះ។ ទ្រង់បានដាក់សេចក្តីសង្រ្គោះនៃការបានកើតជាថ្មីក្នុងចិត្តរបស់មនុស្សទាំងអស់។ នៅពេលយើងជឿលើដំណឹងល្អ ព្រះវិញ្ញាណចូលទៅក្នុងព្រលឹងរបស់យើង។ នេះហើយគឺជាសេចក្តីសង្រ្គោះនៃការបានកើតជាថ្មី។ កាលណាយើងជឿលើការលាងសម្អាតអំបាប តាមរយៈបុណ្យជ្រមុជ និងលោហិតរបស់ព្រះយេស៊ូវ យើងពិតជាបានកើតជាថ្មី។
លោកុប្បត្តិ ១:២ សរសេរថា «ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក»។ ខគម្ពីរនេះប្រាប់យើងថា ព្រះវិញ្ញាណនៃព្រះកំពុងរេរានៅពីលើទឹក គឺព្រះវិញ្ញាណនៃព្រះកំពុងធ្វើចលនានៅខាងក្រៅផ្ទៃរបស់ផែនដី។
វាមានន័យថា ព្រះវិញ្ញាណមិនអាចចូលទៅក្នុងចិត្តរបស់មនុស្សមានបាបបានឡើយ ពីព្រោះចិត្តរបស់អ្នកដែលមិនបានកើតជាថ្មីស្ថិតនៅក្នុងសភាពខូច ហើយពេញទៅដោយភាពងងឹងនៃបាប។ ដូច្នេះ ព្រះវិញ្ញាណនៃព្រះមិនអាចគង់នៅក្នុងចិត្តរបស់មនុស្សដែលមិនបានកើតជាថ្មីបានឡើយ។
ព្រះ បានបញ្ជូនពន្លឺនៃដំណឹងល្អចុះមក ដើម្បីបំភ្លឺចិត្តរបស់មនុស្សមានបាប។ ព្រះបានមានបន្ទូលថា «ចូរឲ្យមានពន្លឺ» (លោកុប្បត្តិ ១:៣) ហើយក៏មានពន្លឺ។ បន្ទាប់មក ព្រះវិញ្ញាណនៃព្រះអាចយាងមកគង់នៅក្នុងចិត្តរប​ស់មនុស្សទាំងអស់បាន។
ដូច្នេះ ព្រះវិញ្ញាណនៃព្រះគង់នៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មី គឺអ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាអត្ថន័យនៃ «ការបានកើតជាថ្មី» របស់ពួកគេ។ ពួកគេបានកើតជាថ្មីនៅក្នុងចិត្តរបស់ពួកគេ ពីព្រោះពួកគេបានស្តាប់ឮ និងជឿតាមព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ ដោយទឹក និងព្រះវិញ្ញាណ!
តើមនុស្សម្នាក់អាចបានកើតជាថ្មីបានដោយរបៀបណា? ព្រះយេស៊ូវបានពន្យល់វាទៅលោកនីកូដេម ដែលជាពួកផារ៉ាស៊ីថា «បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ»។ លោកនីកូដេមបានតបថា «ធ្វើដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ?»។ យើងអាចដឹងថា គាត់បានកាត់ស្រាយសេចក្តីនេះតាមន័យត្រង់ និងមិនអាចយល់ពីរបៀបដែលមនុស្សម្នាក់អាចបានកើតជាថ្មីទេ។
ព្រះយេស៊ូវ បានមានបន្ទូលទៅគាត់ថា «អ្នក​ជា​គ្រូ​នៃ​សាសន៍​ អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ?»។ ព្រះយេស៊ូវបានប្រាប់គាត់ថា បើសិនមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ គាត់មិនអាចចូល ឬឃើញនគរព្រះបានឡើយ។ នេះហើយគឺជា សេចក្តីពិតអំពីការបានកើតជាថ្មី ដែលព្រះយេស៊ូវបានប្រាប់លោកនីកូដេម។
ជាការពិត មានមនុស្សជាច្រើន ដែលជឿលើព្រះយេស៊ូវ ដោយមិនបានកើតជាថ្មី។ គ្រីស្ទបរិស័ទភាគច្រើន ដូចជាលោកនីកូដេមផងដែរ គឺមិនបានកើតជាថ្មីទេ។
លោកនីកូដេម គឺជាគ្រូខាងវិញ្ញាណរបស់សាសន៍អ៊ីស្រាអែល នៅសម័យនោះ ដែលស្រដៀងគ្នាទៅនឹងអ្នកដឹកនាំពួកជំនុំនៅសព្វថ្ងៃនេះដែរ។ បើតាមពាក្យសម័យទំនើបនេះ គាត់អាចប្រដូចទៅនឹងសមាជិកសមាជម្នាក់។ បើតាមស្តង់ដាសាសនា គាត់គឺជាគ្រូបង្រៀន (រ៉ាប៊ី rabbi) របស់សាសន៍ហេព្រើរ គឺគាត់ជាអ្នកដឹកនាំសាសនារបស់សាសន៍យូដា ហើយក៏ជាអ្នកប្រាជ្ញាម្នាក់ផងដែរ។
នៅអ៊ីស្រាអែលសម័យនោះ មិនមានស្ថាប័នដែលអាចប្រៀបនឹងសាលារៀននៅសម័យនេះទេ។ ដូច្នេះ មនុស្សទាំងអស់បានទៅព្រះវិហារ ឬសាលាប្រជុំ ដើម្បីរៀនសូត្រពី «មនុស្សដែលបានរៀនជ្រៅជ្រះ» ដែលជាគ្រូបង្រៀនរបស់បណ្តាជន។ ដូចសព្វថ្ងៃនេះដែរ ក៏មានគ្រូបង្រៀនខុសឆ្គងជាច្រើនផងដែរ ដែលកំពុងតែបង្រៀនមនុស្ស ដោយខ្លួនឯងមិនទាន់បានកើតជាថ្មីផង។
នៅសព្វថ្ងៃនេះ មានអ្នកដឹកនាំសាសនាជាច្រើន មន្ត្រីពួកជំនុំ គ្រូបង្រៀន គ្រូអធិប្បាយ ចាស់ទុំ និងគ្រូជំនួយ ដែលមិនទាន់បានកើតជាថ្មីនៅឡើយ។ ពួកគេមួយចំនួន នៅតែគិតថា ពួកគេត្រូវតែចូលទៅក្នុងពោះម្តាយម្តងទៀត ដើម្បីបានកើតជាថ្មី។ ពួកគេដឹងថា ពួកគេត្រូវតែបានកើតជាថ្មី ប៉ុន្តែពួកគេមិនដឹងពីផ្លូវដែលអាចបានកើតជាថ្មីទេ។
ហើយដោយសារតែសេចក្តីល្ងង់ខ្លៅរបស់ពួកគេ ដូចជាមនុស្សខ្វាក់ម្នាក់ប៉ះសត្វដំរី ដើម្បីព្យាយាមទទួលការយល់ដឹងដោយដៃរបស់ខ្លួនតែមួយ ការបង្រៀនរបស់ពួកគេផ្អែកលើអារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេអធិប្បាយពីគុណតម្លៃខាងលោកិយនៅក្នុងពួកជំនុំ។ តាមរយៈសកម្មភាពរបស់ពួកគេ មានមនុស្សស្មោះត្រង់ជាច្រើន ត្រូវបានរារាំងមិនឲ្យបានកើតជាថ្មី។
ការបានកើតជាថ្មី មិនមានអ្វីទាក់ទងជាមួយនឹងការប្រព្រឹត្តល្អឡើយ។ យើងបានកើតជាថ្មី តាមរយៈជំនឿលើព្រះបន្ទូលអំពីទឹក ឈាម និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង។ នេះគឺជាដំណឹងល្អរបស់ព្រះ ដែលផ្លាស់ប្តូរយើងពីមនុស្សមានបាបម្នាក់ ទៅជាមនុស្សសុចរិតមា្នក់។
ព្រះយេស៊ូវ បានមានបន្ទូលថា «បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន?» (យ៉ូហាន ៣:១២)។ តាមការពិត មនុស្សមិនជឿទេ នៅពេលព្រះយេស៊ូវបានប្រាប់ពួកគេអំពីសេចក្តីពិតថា ការធួននឹងអំពើបាបទំាងអស់របស់យើងត្រូវបានសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ តើពួកគេមិនបានជឿលើអ្វី? ពួកគេមិនបានជឿថា ពួកគេអាចទទួលបានសេចក្តីប្រោសលោះរបស់ខ្លួន តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងទេ។ នេះគឺជាអ្វីដែលទ្រង់ចង់មានន័យ នៅពេលទ្រង់បានមានបន្ទូលថា មនុស្សនឹងមិនជឿទ្រង់ទេ បើសិនទ្រង់បានប្រាប់ពួកគេអំពី «ការដែលត្រូវខាងស្ថានសួគ៌»។
ដើម្បីលាងសម្អាតយើង ចេញពីអំពើបាបទាំងអស់របស់យើង ព្រះយេស៊ូវត្រូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីបើកផ្លូវឲ្យមនុស្សមានបាបបានកើតជាថ្មី។
ដូច្នេះ ព្រះយេស៊ូវបានពន្យល់អំពីការកើតជាថ្មីទៅកាន់លោក នីកូដេម ដោយដកស្រង់ព្រះគម្ពីរសញ្ញាចាស់។ «គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្សដែល​នៅ​ស្ថានសួគ៌​នោះ​ឯង ហើយ​​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៣-១៥)។ ដួចដែលម៉ូសេបានលើកសត្វពស់ឡើងនៅក្នុងទីរហោស្ថាន កូនមនុស្សក៏នឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីអនុញ្ញាតឲ្យអ្នកដែលជឿលើទ្រង់ មានជីវិតអស់កល្បជានិច្ច។
តើព្រះយេស៊ូវចង់មានន័យយ៉ាងដូចម្តេច នៅពេលទ្រង់មានបន្ទូលថា «ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ» (យ៉ូហាន ៣:១៤)? ទ្រង់បានដកស្រង់បទគម្ពីរនេះចេញពីព្រះគម្ពីរសញ្ញាចាស់ ដើម្បីបង្ហាញពីរបៀបដែលបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នឹងនាំការធួននឹងអំពើបាបទាំងអស់មកឲ្យមនុស្សជាតិ។
ដើម្បីព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងដើម្បីទ្រង់ត្រូវគេលើកឡើង ជាដំបូង ទ្រង់ត្រូវតែដោះអំពើបាបរបស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសជាមុនសិន ពីព្រោះដោយសារព្រះយេស៊ូវឥតមានបាប ទ្រង់មិនអាចត្រូវជាប់ឆ្កាងបានឡើយ។ ដូច្នេះ ដើម្បីទ្រង់បានជាប់ឆ្កាង ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ជាមុនសិន។
តាមរយៈការទទួលយកអំពើបាបទាំងអស់ និងការសងថ្លៃអំពើបាបទាំងនោះដោយព្រះលោហិតទ្រង់ ទ្រង់អាចសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីការជាប់ទោសបាន។ ព្រះយេស៊ូវ បានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះនៃការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។
ដូច្នេះ អ្នកដែលជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ បានស្លៀក សំលៀកបំពាក់នៃបុណ្យជ្រមុជរបស់ទ្រង់ ស្លាប់ជាមួយទ្រង់ ហើយបានកើតជាថ្មីជាមួយទ្រង់។ ក្រោយមកទៀត លោកនីកូដេមក៏បានយល់ពីសេចក្តីពិតនេះ។
 
 
ដូចដែលសត្វពស់ត្រូវបានលើកឡើង
 
ហេតុអ្វីព្រះយេស៊ូវត្រូវជាប់ឆ្កាង?
ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់
 
តើអ្នកដឹងរឿងអំពីរបៀប ដែលម៉ូសេបានលើកសត្វពស់លង្ហិនឡើងនៅក្នុងទីរហោស្ថានដែរឬទេ? រឿងនេះត្រូវបានកត់ត្រាទុកនៅក្នុង ជនគណនា ២១។ រឿងនេះប្រាប់យើងថា ពួកអ៊ីស្រាអែលបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការចាកចេញពីស្រុកអេស៊ីព្ទ មក ហើយពួកគេបាននិយាយទាស់ប្រឆាំងនឹងព្រះ និងម៉ូសេ។
ជាលទ្ធផល ព្រះអម្ចាស់បានបញ្ជូនសត្វពស់ភ្លើងចូលទៅក្នុង ត្រសាលរបស់ពួកគេ ហើយចឹកសំឡាប់ពួកគេ។ បន្ទាប់ពីពួកគេត្រូវបានពស់ភ្លើងចឹក រាងកាយរបស់ពួកគេក៏ហើម ហើយមានមនុស្សជាច្រើនបានស្លាប់។
នៅពេលមនុស្សបានចាប់ផ្តើមស្លាប់ ម៉ូសេ ដែលជាអ្នកដឹកនាំរបស់ពួកគេ បានអធិស្ឋានទៅកាន់ព្រះថា «ឱព្រះអម្ចាស់អើយ! សូមជួយសង្រ្គោះពួកយើងផង»។ បន្ទាប់មក ព្រះបានប្រាប់គាត់ឲ្យធ្វើពស់ភ្លើងពីលង្ហិនភ្ជាប់នឹងបង្គោល ហើយលើកឡើង។ ហើយទ្រង់ក៏បានប្រាប់គាត់ថា អ្នកណាមើលទៅឯពស់នោះ នឹងបានរស់នៅ។ ដូច្នេះ ម៉ូសេបានធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយបានប្រកាសព្រះបន្ទូលព្រះទៅកាន់បណ្តាជន។
អ្នកណាដែលជឿលើព្រះបន្ទូលទ្រង់ ហើយសំឡឹងទៅឯពស់លង្ហិននោះ នឹងបានជាសះស្បើយ។ ក្នុងរបៀបដូចគ្នា យើងត្រូវតែបានជាសះស្បើយពីពិសរបស់អារក្ស។ ពួកអ៊ីស្រាអែល បានស្តាប់តាមម៉ូសេ ហើយបានសំឡឹងមើលសត្វពស់លង្ហិននៅលើបង្គោល ហើយពួកគេក៏បានជាសះស្បើយទៅ។
ការបើកសម្តែងអំពីសត្វពស់នៅលើបង្គោលគឺថា ការជាប់ទោសសម្រាប់អំពើបាបរបស់មនុស្សទាំងអស់ ត្រូវបានធ្លាក់មកលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានទទួលយកវាដាក់លើអង្គទ្រង់ ដើម្បីសងថ្លៃទណ្ឌកម្ម សម្រាប់អំពើបាបរបស់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។ ដូច្នេះ ទ្រង់បានលើកការដាក់ទណ្ឌកម្មទាំងអស់សម្រាប់អំពើបាបរបស់យើងចេញទាំងអស់។
ព្រះយេស៊ូវគ្រីស្ទ បានយាងមកលោកិយនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ ដែលនឹងត្រូវស្លាប់ដោយ «ពិសរបស់សត្វពស់» ដែលជាសេចក្តីល្បួងរបស់សាតាំង។ ហើយដើម្បីសងថ្លៃសម្រាប់អំពើបាបទាំងអស់របស់យើង ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជ ហើយសុគតនៅលើឈើឆ្កាង មុនពេលមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះអ្នកដែលបានជឿដល់ទ្រង់។
ដូចដែលជនជាតិអ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានរស់ ដោយព្រោះពួកគេបានសំឡឹងមើលសត្វពស់នៅលើបង្គោល នៅសព្វថ្ងៃនេះ អស់អ្នកណាដែលជឿលើព្រះយេស៊ូវ ហើយមានជំនឿថា ទ្រង់បានបង់ថ្លៃសងសម្រាប់អំពើបាបរបស់យើង តាម រយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចរាល់ហើយ ក៏អាចបានសង្រ្គោះ និងបានកើតជាថ្មីផងដែរ។
ព្រះយេស៊ូវ បានសងថ្លៃពេញសម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ឥឡូវនេះ អស់អ្នកណាដែលជឿលើទ្រង់ អាចទទួលបានព្រះពរនៃសេចក្តីសង្រ្គោះតាមរយៈសេចក្តីមេត្តាករុណារបស់ទ្រង់បាន។
«គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ» (យ៉ូហាន ៣:១៣)។ សម្រាប់ការទូទាត់សងថ្លៃសម្រាប់អំពើបាបរបស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយបានបើកទ្វារចូលទៅស្ថានសួគ៌សម្រាប់យើង។ ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង យ៉ូហាន ១៤:៦ ថា «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ»។
ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីបើកទ្វារចូលទៅស្ថានសួគ៌សម្រាប់យើង អស់អ្នកដែលជឿលើសេចក្តីសង្រ្គោះតាមរយៈទ្រង់ បាន សង្រ្គោះ។ ព្រះយេស៊ូវ បានទូទាត់សងថ្លៃសម្រាប់អំពើបាបរបស់យើងរួចរាល់ហើយ ហើយអ្នកណាដែលជឿលើសេចក្តីពិតអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ អាចចូលទៅនគរស្ថានសួគ៌បាន។
ព្រះយេស៊ូវ បានសង្រ្គោះយើង ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយការបានកើតជាថ្មី បានមកពីការមានជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ និងលើសេចក្តីពិតថា ទ្រង់គឺជាព្រះជាម្ចាស់។
«ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ» (យ៉ូហាន ៣:១៤)។ តើខគម្ពីរនេះមានន័យយ៉ាងដូចម្តេច? តើទ្រង់បានធ្វើបាបដូចជាយើងឬ? តើទ្រង់ខ្សោយដូចជាយើងឬ? ហើយតើទ្រង់មិនពេញលេញដូចជាយើងឬ? ទេ មិនមែនទេ។
អញ្ចឹង ហេតុអ្វីទ្រង់ត្រូវជាប់ឆ្កាង? គឺដើម្បីសង្រ្គោះយើង ហើយសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង គឺទ្រង់បានទទួលបុណ្យជ្រមុជ និងជាប់ឆ្កាង ដើម្បីសង្រ្គោះយើងទំាងអស់គ្នាចេញពីអំពើបាបទាំងអស់របស់យើង។
នេះហើយគឺជាសេចក្តីពិត អំពីសេចក្តីសង្រ្គោះនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ព្រះយេស៊ូវ បានប្រទានជីវិតថ្មីដល់អស់អ្នកដែលបានជឿលើបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដែលជាការទូទាត់សងថ្លៃសម្រាប់អំពើបាបទាំងអស់របស់យើង។
 
 
អត្ថន័យនៃទឹក និងព្រះវិញ្ញាណ
 
តើទឹក និងព្រះវិញ្ញាណ មានន័យយ៉ាងដូចម្តេច?
ទឹកមានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយព្រះវិញ្ញាណគឺជា ភាពជាព្រះជាម្ចាស់របស់ទ្រង់
 
ព្រះគម្ពីរ ប្រាប់យើងថា នៅពេលយើងជឿលើបុណ្យជ្រមុជ រប​ស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង យើងបានកើតជាថ្មី។ យើងបានធ្វើជាកូនរបស់ព្រះ និងបានកើតជាថ្មី តាមរយៈព្រះបន្ទូលព្រះ ដែលកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ដែលជាដំណឹងល្អអំពីទឹក ឈាម និងព្រះវិញ្ញាណ ដែលជាការទូទាត់សងថ្លៃសម្រាប់អំពើបាបរបស់យើង។
យោងតាមព្រះគម្ពីរ «ទឹក» មានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ (១ពេត្រុស ៣:២១) ហើយ «ព្រះវិញ្ញាណ» មានន័យថា ព្រះយេស៊ូវគឺជាព្រះជាម្ចាស់។ ហើយនេះគឺជាសេចក្តីពិតនៃការបានកើតជាថ្មី ដែលព្រះយេស៊ូវបានយាងមកលោកិយនេះជាសាច់ឈាម ដើម្បីសងថ្លៃសម្រាប់អំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ទ្រង់ បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានបង់ថ្លៃឈ្នួលនៃអំពើបាប ដោយការសុគតនៅលើឈើឆ្កាង។ ហើយតាមរយៈការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ទ្រង់បានសង្រ្គោះអស់អ្នកដែលជឿលើទ្រង់។
យើង ត្រូវតែបានដឹងថា បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវតំណាងឲ្យសេចក្តីសង្រ្គោះរបស់យើង ពីព្រោះយើងបានសង្រ្គោះចេញពីអំពីបាប ដោយសារតែកិច្ចការទាំងពីរនេះរបស់ទ្រង់។ ហើយមានតែអ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចមើលឃើញ ហើយចូលទៅនគរស្ថានសួគ៌បាន។ ដូច្នេះ ព្រះយេស៊ូវបានសង្រ្គោះយើង ដោយទឹកនៃបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិត និងព្រះវិញ្ញាណរបស់ទ្រង់។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ?
ព្រះយេស៊ូវ គឺជាសម្តេចសង្ឃពីស្ថានសួគ៌ ដែលបានយាងមកលោកិយនេះ ដើម្បីសងថ្លៃអំពើបាបរបស់លោកិយនេះ។ ទ្រង់បានទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង មានព្រះជន្មរស់ឡើងវិញ ហើយធ្វើជាព្រះអង្គសង្រ្គោះសម្រាប់អស់អ្នកដែលជឿលើទ្រង់។
ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង យ៉ូហាន ១០:៧ ថា «ខ្ញុំជាទ្វារចៀម»។ ព្រះយេស៊ូវ ឈរនៅមាត់ទ្វារស្ថានសួគ៌។ ហើយតើអ្នកណាបើកទ្វារសម្រាប់យើង? គឺព្រះយេស៊ូវ។
ប៉ុន្តែ ទ្រង់បែរព្រះភក្រ្តរបស់ទ្រង់ចេញពីអ្នកដែលជឿលើទ្រង់ ដោយមិនស្គាល់សេចក្តីពិតពីសេចក្តីសង្រ្គោះរបស់ទ្រង់ គឺទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលមិនជឿលើបុណ្យជ្រមុជ ព្រះលោហិត និងព្រះវិញ្ញាណរបស់ទ្រង់ បានកើតជាថ្មីឡើយ។ ហើយទ្រង់បែរព្រះភក្រ្តរបស់ទ្រង់ចេញពីអ្នកដែលមិនជឿលើព្រះបន្ទូលទ្រង់ ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ អ្នកដែលបដិសេធភាពបរិសុទ្ធរបស់ទ្រង់ និងអ្នកដែលមិនទទួលស្គាល់ទ្រង់ជាព្រះ។
សេចក្តីពិតនៅក្នុងព្រះគម្ពីរគឺថា ទ្រង់បានយាងមកលោកិយនេះជាសាច់ឈាម បានទទួលបុណ្យជ្រមុជ ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ ដើម្បីទទួលការកាត់ទោសជំនួសយើង ហើយនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ អ្នកណាដែលបដិសេធសេចក្តីពិតនេះ នឹងត្រូវទ្រង់បោះបង់ចោល ហើយនឹងត្រូវវិនាស ពីព្រោះព្រះគម្ពីរប្រាប់ថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។
ទោះបីជាយ៉ាងណា អ្នកដែលជឿលើព្រះពរនៃសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ និងអ្នកដែលបានបរិសុទ្ធនៅក្នុងចិត្ត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងនគរស្ថានសួគ៌។ នេះហើយគឺជាដំណឹងល្អពិតអំពីការបានកើតជាថ្មី ដែលជាដំណឹងល្អដែលបានមកដល់យើងដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាដំណឹងល្អពីស្ថានសួគ៌។ ហើយមានតែអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ ទើបអាចបានកើតជាថ្មីបាន។ ហើយអ្នកដែលជឿលើដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ គឺឥតមានបាបទៀតទេ ពីព្រោះពួកគេគឺជាអ្នកដែលបានកើតជាថ្មីពិតប្រាកដហើយ។
នៅសព្វថ្ងៃនេះ ដូចដែលលោកនីកូដេមមិនបានដឹងពីសេចក្តីពិត មនុស្សជាច្រើនជឿលើព្រះយេស៊ូវ ដោយមិនស្គាល់ពីដំណឹងល្អដែរ។ លោកនីកូដេម គឺជាសមាជិកសង្គមដ៏លេចធ្លោរមួយរូប! ប៉ុន្តែគាត់បានស្តាប់ឮដំណឹងល្អពិតពីព្រះយេស៊ូវ ហើយក្រោយមក នៅពេលព្រះយេស៊ូវបានជាប់ឆ្កាងហើយ គាត់គឺជាអ្នកដែលបានមកកប់សពរបស់ទ្រង់។ នៅពេលនោះហើយ ដែលលោកនីកូដេមបានជឿលើដំណឹងល្អទំាងស្រុង។
នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលមិនស្គាល់សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវទេ។ លើសពីនេះ មានមនុស្សយ៉ាងច្រើន ដែលនៅពេលពួកគេមានឱកាសស្តាប់ឮដំណឹងល្អពិតហើយ បែរជាពួកគេមិនទទួលយកសេចក្តីពិតទៅវិញ។ រឿងនេះគួរឲ្យសោកស្តាយណាស់។
ព្រះយេស៊ូវ បានជួយឲ្យយើងអាចបានកើតជាថ្មី។ តើអ្វីបានជួយយើងឲ្យបានកើតជាថ្មី? គឺទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ព្រះយេស៊ូវ បានដោះអំពើបាបរបស់យើងចេញ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។
ហើយទ្រង់ប្រទានដល់អ្នកដែលជឿលើទ្រង់ នូវព្រះពរទាំងអស់នៃការបានកើតជាថ្មី។ ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះ ដែលអនុញ្ញាតឲ្យអស់អ្នកដែលជឿលើទ្រង់ បានកើតជាថ្មី។ ដូច្នេះ ចូរអធិស្ឋានថា អ្នកនឹងតែងតែនៅជាមួយព្រះយស៊ូវ ដែលជាព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ហើយនិងអ្វីៗទាំងអស់ផង។
យ៉ូហាន ៣:១៦ សរសេរថា «ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ យើងបានទទួលជីវិតអស់កល្បជានិច្ច ដោយការជឿលើព្រះយេស៊ូវ។ ហើយយើងបានកើតជាថ្មី ដោយការជឿលើទឹក និងព្រះវិញ្ញាណ។ សេចក្តីពិតគឺថា បើសិនយើងជឿលើដំណឹងល្អអំពី សេចក្តីសង្រ្គោះ ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងជាព្រះជាម្ចាស់ នោះយើងអាចបានសង្រ្គោះហើយ។
ប៉ុន្តែបើសិនយើងមិនជឿលើសេចក្តីពិតនេះទេ យើងនឹងត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរក ហើយរងទុក្ខនៅទីនោះអស់កល្បជានិច្ច។ ដូច្នេះហើយបានជាព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា «បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន»។
តើព្រះបានធ្វើអ្វីសម្រាប់យើង? សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវ បានអនុញ្ញាតឲ្យយើងបានកើតជាថ្មី។ ព្រះយេស៊ូវ បានសង្រ្គោះយើងចេញពីលោកិយនេះ អារក្ស និងអំពើបាបរបស់លោកិយនេះ។ ហើយដើម្បីសង្រ្គោះមនុស្សមានបាបនៅក្នុងលោកិយនេះចេញពីការជំនុំជម្រះអំពើបាបរបស់លោកិយនេះ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។
វាគឺជាជម្រើសរបស់យើងថា យើងជឿលើសេចក្តីសង្រ្គោះនេះ ឬមិនជឿ? សេចក្តីសង្រ្គោះនៃការបានកើតជាថ្មី បានមកពីសេចក្តីជំនឿលើសេចក្តីសង្រ្គោះតាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
មានព្រះពរពីរ ដែលព្រះបានប្រទានដល់យើង។ ព្រះពរទីមួយ គឺជាព្រះពរទូទៅ ដែលរួមបញ្ចូលទាំងអ្វីៗទាំងអស់នៅក្នុងធម្មជាតិ រួមទាំងព្រះអាទិត្យ និងខ្យល់ផងដែរ។ នេះគឺជាព្រះពរទូទៅ ពីព្រោះព្រះប្រទានវាដល់មនុស្សទាំងអស់ គឺទាំងមនុស្សមានបាប និងទាំងមនុស្សសុចរិតផង។
បន្ទាប់មក តើព្រះពរពិសេសគឺជាអ្វី? ព្រះពរពិសេស គឺជាការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីសេចក្តីស្លាប់ដោយព្រោះអំពើបាបរបស់ខ្លួន។
 
 
ព្រះពរពិសេស
 
តើព្រះពរពិសេសគឺជាអ្វី?
ការបានកើតជាថ្មី តាមរយៈ បុណ្យជ្រមុជ ការជាប់ឆ្កាង និង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
 
យ៉ូហាន ៣:១៦ សរសេរថា «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ នេះពពណ៌នាអំពីព្រះពរពិសេសរបស់ព្រះ៖ ព្រះយេស៊ូវ បានយាងចុះមកក្នុងលោកិយនេះជាសាច់ឈាម ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ ដោយការទទួលបុណ្យជ្រមុជ និងការជាប់ឆ្កាងជំនួសយើង។ នេះគឺជាព្រះពរពិសេសរបស់ព្រះ និងជាសេចក្តីពិត ដែលសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។
សេចក្តីពិតគឺថា ព្រះយេស៊ូវបានសង្រ្គោះយើង ហើយផ្លាស់ប្តូរយើងពីមនុស្សមានបាបទៅជាមនុស្សសុចរិត។ ដូច្នេះ​អ្នកអាចទទួលបានព្រះពរពិសេសរបស់ព្រះបាន ដោយការជឿលើសេចក្តីពិតនេះ។ តើអ្នកទំាងអស់គ្នាជឿដែរឬទេ?
ហើយជំនឿរបស់អ្នកនឹងបានជាឥតប្រយោជន៍ បើសិនអ្នកបដិសេធព្រះពរពិសេសរបស់ព្រះនេះ ទោះបើអ្នករស់នៅដោយស្មោះត្រង់យ៉ាងណាពេញមួយជីវិតនេះក៏ដោយ។
ខ្ញុំ អធិប្បាយគ្រប់ពេលវេលា ហើយខ្ញុំមិនដែលភ្លេចអធិប្បាយថា សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់ គឺជាផ្លូវតែមួយគត់ ដើម្បីបានកើតជាថ្មី។ កណ្ឌទាំងអស់នៅក្នុងព្រះគម្ពីរ បើកសម្តែងថា ព្រះពរនៃការបានកើតជាថ្មីតាម រយៈព្រះយេស៊ូវ គឺជា «ព្រះពរពិសេសរបស់ព្រះ» ដែលយើងកំពុងតែនិយាយអំពី។ មិនមានអ្វីដែលបង្ហាញថា ព្រះពររបស់ព្រះប្រសើរជាងសេចក្តីសង្រ្គោះរបស់មនុស្សមានបាប តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវឡើយ។
បុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះ គឺជាព្រះពរពិសេសរបស់ព្រះ។ គ្រូអធិប្បាយខុសឆ្គងនៅក្នុងលោកិយនេះ មិនមានអ្វីនិយាយអំពីសេចក្តីនេះទេ។ ពួកគេលេចមកជាមួយសំលៀកំពាក់របស់ ទេវតាពន្លឺ ដែលបំពាក់ដោយសីលធម៌នៃជំនឿគ្រីស្ទបរិស័ទ និងមនុស្ស។ បាទ នេះគឺជាការពិត។ ការអស្ចារ្យដែលពួកគេសម្តែង និងការប្រោសអ្នកជម្ងឺឲ្យជា គឺជាការអាក្រក់ទាំងអស់ ពីព្រោះពួកគេមិនទាក់ទងអ្វីជាមួយព្រះពរពិសេសរបស់ព្រះឡើយ។
ព្រះពរពិសេសនេះហើយ ដែលព្រះបានប្រទានដល់មនុស្សមានបាបនូវដំណឹងល្អអំពីការធួននឹងបាប។ ជាមួយព្រះពរពិសេសរបស់ទ្រង់ ព្រះបានអនុញ្ញាតឲ្យយើងបានកើតជាថ្មី គឺទ្រង់បានបង្កើតយើងជាថ្មី តាមរយៈបុណ្យជ្រមុជ ព្រះលោហិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ហើយទ្រង់បានយកយើងធ្វើជាកូនរបស់ទ្រង់ ហើយបានជួយយើងឲ្យរួចពីបាប។
តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ? បាទ។ តើអ្នកពិតជាទទួលបានព្រះពរដែរឬទេ? បាទ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាព្រះពរពិសេស ដែលព្រះបានប្រទានដល់យើង តាមរយៈទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាព្រះពរពិសេស។ ហើយយើងសូមសរសើរតម្កើងដល់ព្រះអម្ចាស់សម្រាប់ការសង្រ្គោះយើង តាម រយៈព្រះពរពិសេសនេះ។​
គួរឲ្យសោកស្តាយ ដែលសព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទស្មោះត្រង់យ៉ាងច្រើន មិនបានស្គាល់ពីព្រះពរពិសេសរបស់ព្រះនេះ ដែលជាដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិត ដែលជាការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ ពួកគេព្យាយាមស្វែងរកផ្លូវយ៉ាងល្ងិតល្ងង់ នៅក្នុងទេវសាស្ត្រ និងសីលធម៌ខាងសាសនារបស់ពួកគេ។ ពួកគេពិតជាល្ងិតល្ងង់ណាស់!
ជំនឿគ្រីស្ទបរិស័ទ បាននៅជាមួយយើង អស់រយៈពេលជាយូរមកហើយ គឺជិតប្រាំរយឆ្នាំ ចាប់តាំងពីការធ្វើកំណែទម្រង់ ប៉ុន្តែនៅតែមានមនុស្សជាច្រើននៅប្រទេសកូរ៉េ និងប្រទេសទាំងអស់នៅលើពិភពលោកនេះ ដែលមិនបានស្គាល់ពីសេចក្តីពិតនៃការបានកើតជាថ្មី និងព្រះពរពិសេសរបស់ព្រះសោះ។
ទោះបីជាយ៉ាងណា ខ្ញុំអធិស្ឋាន ហើយសង្ឃឹមថា ទ្រង់នឹងអនុញ្ញាតឲ្យពួកគេបានស្គាល់ពីសេចក្តីពិតឥឡូវនេះ ពីព្រោះយើងកំពុងតែនៅក្នុងសម័យមួយ ដែលនៅកៀកនឹងចុងបញ្ចប់នៃលោកិយនេះហើយ។
មនុស្សមានបាប ត្រូវតែបានកើតជាថ្មី ហើយទទួលយកសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានរាប់ជាសុចរិត ហើយចូលទៅក្នុងនគរស្ថានសួគ៌។ មានគ្រីស្ទបរិស័ទជាច្រើន កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីបានកើតជាថ្មី។
ប៉ុន្តែ បើសិនពួកគេព្យាយាម ដោយមិនស្គាល់អត្ថន័យពិតនៃការបានកើតជាថ្មី នោះជំនឿរបស់ពួកគេនឹងបានជាឥតប្រយោជន៍ វិញ។ ពួកគេនិយាយថា ពួកគេត្រូវតែបានកើតជាថ្មី ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ប៉ុន្តែពួកគេពិតជាមិនស្គាល់ពីសេចក្តីពិតអំពីការបានកើតជាថ្មីបន្តិចសោះ។
ពួកគេ គ្រាន់តែសន្មត់ថា ដោយសារពួកគេជឿយ៉ាងស្មោះត្រង់ ហើយមានភាពឆេះឆួលនៅក្នុងចិត្តរបស់ពួកគេ ពួកគេបានកើតជាថ្មីហើយ។ ប៉ុន្តែការព្យាយាមឲ្យបានកើតជាថ្មី ដែលផ្អែកលើអារម្មណ៍ និងប្រព្រឹត្តតាមសាសនាដោយស្មោះត្រង់ មានតែដឹកនាំទៅរកសេចក្តីជំនឿមិនត្រឹមត្រូវប៉ុណ្ណោះ។
 
 
ព្រះបន្ទូល ដែលដឹកនំាយើងឲ្យបានកើតជាថ្មីពិតប្រាកដ
 
តើអ្វីជាភាពខុសគ្នារវាង ជំនឿ និងសាសនា?
ជំនឿគឺត្រូវជឿលើអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីសង្រ្គោះយើង តែសាសនាគឺត្រូវពឹងផ្អែកលើគំនិត និងការប្រព្រឹត្តផ្ទាល់ខ្លួន
 
១យ៉ូហាន ៥:៤-៨ សរសេរប្រាប់យើងយ៉ាងច្បាស់លាស់ថា យើងអាចបានកើតជាថ្មីបាន ដោយការជឿលើទឹក ព្រះលោហិត និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ហើយបើសិនយើងចង់បានកើតជាថ្មី យើងត្រូវតែចងចាំថា យើងអាចបានកើតជាថ្មី តាមរយៈព្រះបន្ទូលដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ដែលជាព្រះបន្ទូលនៃសេចក្តីពិតតែប៉ុណ្ណោះ។ យើងគួរតែដឹងថា និមិត្ត ការនិយាយភាសាដទៃ ឬបទពិសោធន៍ខាងអារម្មណ៍ មិនអាចដឹកនាំយើងឲ្យបានកើតជាថ្មីបានឡើយ។
ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង យ៉ូហាន ៣ ថា មនុស្សមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានទេ បើសិនមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ បើសិនមនុស្សម្នាក់ចង់បានកើតជាថ្មី គាត់ត្រូវតែជឿលើព្រះយេស៊ូវពីរដង។ ទីមួយ គាត់បានជឿលើព្រះយេស៊ូវតាមរបៀបសាសនា ដោយទទួលស្គាល់បាបរ​បស់ខ្លួន ដោយយោងទៅតាមក្រិត្យវិន័យរបស់ព្រះ ហើយការដឹងថា ខ្លួនគឺជាមនុស្សមានបាបខ្លាំងយ៉ាងណា។
យើង មិនគួរជឿលើព្រះយេស៊ូវ តាមសាសនាណាមួយនៅក្នុងពិភពលោកនេះឡើយ។ ជំនឿគ្រីស្ទបរិស័ទ មិនមែនជាសាសនាមួយឡើយ ប៉ុន្តែគឺជាផ្លូវតែមួយគត់ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច តាមរយៈជំនឿ។
អ្នកណាដែលជឿព្រះយេស៊ូវ តាមបែបសាសនាមួយ នឹងទទួលបានបាតដៃទទេ នៅពេលចុងក្រោយ គឺត្រូវបានបោះបង់ចោលជាមួយចិត្តដែលពេញដោយបាប ភាពវឹកវរ និងភាពទទេ។ តើនេះមិនមែនជាសេចក្តីពិតឬ? អ្នកមិនចង់បានដូចជាមនុស្សកំពុតម្នាក់ដូចជាពួកផារ៉ាស៊ីនៅក្នុងព្រះគម្ពីរទេ។
មនុស្សគ្រប់គ្នា ចង់ក្លាយទៅជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ ទោះបីជាយ៉ាងណា ពេលមនុស្សម្នាក់មានជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ គាត់នឹងបានដូចជាមនុស្សកំពុតម្នាក់ជាមួយចិត្តដែលពេញដោយបាបដែរ។ ដូច្នេះ យើងត្រូវតែស្គាល់សេចក្តីពិតអំពីការបានកើតជាថ្មី។ អ្នកណាដែលជឿលើជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ ដោយមិនមានការបានកើតជាថ្មី ប្រាកដជានឹងបញ្ចប់ដោយភាពច្របូកច្របល់ និងភាពទទេនៅក្នុងចិត្តរបស់ខ្លួនជាមិនខាន។ ហើយបើសិនគាត់ជឿព្រះយេស៊ូវ ប៉ុន្តែគាត់មិនបានកើតជាថ្មី នោះជំនឿរបស់គាត់មិនត្រឹមត្រូវទេ គឺគាត់ជាមនុស្សក្លែងបន្លំវិញ ដែលព្យាយាមយ៉ាងខ្លាំងឲ្យបានបរិសុទ្ធនៅចំពោះមុខមនុស្សគ្រប់គ្នា ប៉ុន្តែតាមការពិត គាត់បរាជ័យ។
ដរាបណាអ្នកជឿលើជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ អ្នកនឹងតែងតែជាមនុស្សមានបាបម្នាក់ មនុស្សកំពុតម្នាក់ ហើយរស់នៅទួញសោកចំពោះតែអំពើបាបរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែបើសិនអ្នកចង់បានរួចពីបាបរបស់ខ្លួន អ្នកត្រូវតែជឿលើសេចក្តពិតដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ដែលជាដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណវិញ។
 
 
ការស្វែងរកអាថ៌កំបាំងនៃសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
តើអ្វីធ្វើឲ្យយើងបានកើតជាថ្មី?
បុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
 
ព្រះគម្ពីរ ប្រាប់យើងថា អ្នកណាក៏អាចបានកើតជាថ្មី តា​មរយៈព្រះបន្ទូលព្រះ ដែលមិនចេះប្រែប្រួលបានដែរ។ ឥឡូវនេះ ចូរយើងពិនិត្យមើលសម្តីរបស់សាវកពេត្រុសនៅក្នុង ១ពេត្រុស ៣:២១។ «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ។»
ព្រះគម្ពីរ បានកត់ត្រាថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូ ដែលសង្រ្គោះយើង។ អស់អ្នកដែលជឿលើព្រះយេស៊ូវ គួរតែដឹងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ មិនមែនបុណ្យជ្រមុជរបស់យើងទេ។បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ផ្តល់ជីវិតថ្មីដល់យើងដែលជាមនុស្សមានបាប។ ដូច្នេះ ចូរជឿលើបុណ្យជ្រមុជរបស់ទ្រង់ ហើយអ្នកនឹងបានកើតជាថ្មី និងទទួលបានព្រះពរនៃសេចក្តីសង្រ្គោះ។
ដោយការដឹងថា យើងអាចទទួលបានសេចក្តីសង្គ្រោះ តាម រយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះ យើងអាចបានសង្រ្គោះ បានរាប់ជាសុចរិត ហើយទទួលបានជីវិតអស់កល្បជានិច្ច។ ក្នុងន័យផ្សេងទៀត នៅពេលយើងជឿលើសេចក្តីពិតនៃសេចក្តីសង្រ្គោះ តាមរយៈព្រះបន្ទូលព្រះ អំពើបាបរបស់យើងនឹងត្រូវបានលាងសម្អាត តែម្តងជាសម្រេច។
បានកើតជាថ្មី គឺបានកើតម្តងទៀត។ ជាទូទៅ យើងភាគច្រើនចាប់ផ្តើមដោយការជឿព្រះយេស៊ូវជាសាសនាមួយ ហើយបន្ទាប់មក យើងបានកើតជាថ្មី តាមរយៈជំនឿ នៅពេលយើងបានស្គាល់សេចក្តីពិត។ ព្រះនាមព្រះយេស៊ូវ មានន័យថា «​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប» (ម៉ាថាយ ១:២១)។
នៅពេលយើងជឿព្រះយេស៊ូវ ហើយដឹងយ៉ាងច្បាស់លាស់ពីអ្វីដែលទ្រង់បានធ្វើសម្រាប់មនុស្សជាតិ យើងបានរួចពីអំពើបាបរបស់យើង ហើយបានកើតជាមនុស្សថ្មីស្រឡាងម្នាក់។ ពីដំបូង យើងបានជឿលើព្រះយេស៊ូវជាសាសនាមួយ បន្ទាប់មក នៅពេលយើងស្តាប់ឮ និងជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ យើងបានកើតជាថ្មី។
តើសេចក្តីពិតអ្វីដែលធ្វើឲ្យយើងបានកើតជាថ្មី? ទីមួយ គឺបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ទីពីរ គឺព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង និងចុងក្រោយ គឺការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ការបានកើតជាថ្មី មានន័យថា​ការជឿលើព្រះយេស៊ូវជាព្រះជាម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង។ ចូរយើងពិនិត្យមើលពីរបៀបដែលមនុស្សនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានកើតជាថ្មី។
 
 
ការទូទាត់សងថ្លៃសម្រាប់អំពើបាបនៅក្នុង ព្រះគម្ពីរសញ្ញាចាស់៖ ការដាក់ដៃលើ និងការថ្វាយឈាម
 
តើដំណឹងល្អអំពីការបានកើតជាថ្មី នៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី? ជាដំបូង ចូរយើងអាន លេវីវិន័យ ១ និងអ្វីដែលវានិយាយអំពីការបានកើតជាថ្មី។
លេវីវិន័យ ១:១-៥ «ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​កាល​ណា​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចង់​ថ្វាយ​ដង្វាយ​ដល់​ព្រះយេហូវ៉ា នោះ​ត្រូវ​តែ​យក​ដង្វាយ​នោះ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ​ឬ​ចៀម​ក្តី បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ ក៏​ត្រូវ​ សំឡាប់​គោ​ស្ទាវ​នោះ នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។
ព្រះ ប្រាប់យើងនៅក្នុងកណ្ឌលេវីវិន័យពីរបៀបដែលជនជាតិ អ៊ីស្រាអែលអាចបានរួបរួមជាមួយព្រះ តាមរយៈប្រព័ន្ធថ្វាយយញ្ញ បូជា។ នេះគឺជាសេចក្តីពិត ដែលយើងគួរតែដឹង និងយល់។ ដូច្នេះ ចូរយើងពិនិត្យមើលឡើងវិញនូវព្រះបន្ទូលទាំងនេះ។
ព្រះ បានហៅ និងមានបន្ទូលទៅកាន់ម៉ូសេពីត្រសាលជំនុំអំពីការធួននឹងអំពើបាបរបស់ជនជាតិអ៊ីស្រាអែល។ នៅពេលបណ្តាជនបានធ្វើបាបមិនស្តាប់បង្គាប់តាមក្រិត្យវិន័យរបស់ព្រះ ពួកគេអាចធួននឹងអំពើបាបរបស់ខ្លួន ដោយការថ្វាយសត្វល្អឥតខ្ចោះមួយទៅចំពោះព្រះបាន។
សត្វដែលធ្វើជាយញ្ញបូជាទាំងនេះ ត្រូវតែជាសត្វជាក់លាក់ និងល្អឥតខ្ចោះនៅចំពោះព្រះ។ ពួកគេក៏ត្រូវតែថ្វាយសត្វទាំងនោះតាមពិធី ដែលព្រះបានបង្កើតឡើងផងដែរ។ ដូច្នេះ ទម្រង់នៃយញ្ញបូជា គឺដូចតទៅ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បើសិនអ្នកណាម្នាក់បានធ្វើបាប គាត់ត្រូវតែថ្វាយយញ្ញបូជាមួយទៅចំពោះព្រះ សម្រាប់ការអត់ទោសអំពើបាប។ ជាដំបូង យញ្ញបូជានោះត្រូវតែល្អឥតខ្ចោះ ហើយបន្ទាប់មក មនុស្សមានបាបនោះត្រូវតែដាក់ដៃរបស់ខ្លួនទៅវា ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅលើក្បាលរបស់វា។
បន្ទាប់ពីគេបានសំឡាប់សត្វយញ្ញបូជានោះហើយ គេប្រោសឈាមរបស់វានៅលើស្នែងអាសនា ហើយចាក់ឈាមនៅសល់ទាំងប៉ុន្មានទៅលើដី។ នេះគឺជាពិធីនៃរោងឧបោសថ ដែលព្រះបានប្រទានដល់រាស្ត្ររបស់ទ្រង់ទុកជាព្រះពរនៃសេចក្តីប្រោសលោះ។
ច្បាប់ និងក្រិត្យវិន័យរបស់ព្រះ មាន៦១៣មាត្រា ដែលប្រកាសពីអ្វីដែលពួកគេ «គួរតែធ្វើ» និង «មិនគួរធ្វើ» ហើយទ្រង់បានប្រទានវាដល់ជនជាតិអ៊ីស្រាអែល។ ទោះបីជាមនុស្សបានដឹងថា​ ច្បាប់​ និងក្រិត្យវិន័យរបស់ព្រះគឺល្អត្រឹមត្រូវក៏ដោយ ក៏ពួកគេនៅតែមិនអាចរស់នៅតាមច្បាប់ និងក្រិត្យវិន័យទាំងនោះបានដែរ ពីព្រោះគ្រប់គ្នាបានកើតមកមានអំពើបាបដប់ពីរប្រភេទ ដែលបានស្នងពី អ័ដាមមក។
ដូច្នេះ ពួកគេបានបាត់បង់សមត្ថភាពក្នុងការប្រព្រឹត្តល្អត្រឹមត្រូវ និងបានរាប់ជាសុចរិតនៅចំពោះព្រះ ពីព្រោះពួកគេនៅតែបន្តធ្វើបាប នៅពេលពួកគេព្យាយាមយ៉ាងខ្លាំង ដើម្បីបានរួចពីបាប។ នេះហើយគឺជាវាសនារបស់មនុស្សជាតិទាំងមូល ដែលត្រូវបានកើតមក និងស្លាប់ទៅវិញជាមនុស្សមានបាប។
ប៉ុន្តែ ជាមួយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានប្រទានដល់រាស្ត្ររបស់ទ្រង់នូវប្រព័ន្ធថ្វាយយញ្ញបូជាមួយ ដែលពួកគេអាចធួននឹងអំពើបាបរបស់ពួកគេបាន។ ទ្រង់បានប្រទានពិធីរោងឧបោសថ ដែលជនជាតិអ៊ីស្រាអែល និងមនុស្សទាំងអស់នៅលើ ពិលោកនេះអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបាន។ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានេះ ទ្រង់បានបើកសម្តែងសេចក្តីស្រឡាញ់ដ័៏សុចរិតរបស់ទ្រង់សម្រាប់មនុស្សជាតិទាំងមូល។ ទ្រង់បានបង្ហាញលោកិយទាំងមូលនូវផ្លូវទៅកាន់សេចក្តីសង្រ្គោះ។
ព្រះ បានប្រទានប្រព័ន្ធថ្វាយយញ្ញបូជាដល់មនុស្ស ហើយបានតែងតាំងកូនចៅរបស់លេវីឲ្យទទួលខុសត្រូវចំពោះយញ្ញបូជា។ ក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល មានតែពូជពង្សរបស់លេវីទេ ទើបត្រូវបានតែងតាំងឲ្យទទួលខុសត្រូវចំពោះយញ្ញបូជាសម្រាប់ជនជាតិអ៊ីស្រាអែល។
ម៉ូសេ និងអើរ៉ុន គឺជាពូជពង្សរបស់លេវី។ ហើយព្រះគម្ពីរកត់ត្រាច្បាប់ និងបញ្ញត្តិ ដែលគ្រប់គ្រងយញ្ញបូជានៃរោងឧបោសថ ដែលជាដំណឹងល្អអំពីការធួននឹងបាប ដោយការដាក់ដៃលើ។
ដូច្នេះ កាលណាយើងពិតជាយល់អំពីពិធីថ្វាយយញ្ញបូជារបស់ពួកលេវី យើងអាចបានកើតជាថ្មីបាន។ នេះគឺជាមូលហេតុដែលយើងត្រូវតែសិក្សាព្រះបន្ទូលព្រះ អំពីយញ្ញបូជារោងឧបោសថ។ នេះគឺជាផ្នែកដ៏សំខាន់បំផុតនៃព្រះគម្ពីរសញ្ញាចាស់។ ជាចុងក្រោយ នៅពេលយើងមកដល់ព្រះគម្ពីរសញ្ញាថ្មី យើងមានព្រះពរនៃការបានកើតជាថ្មី តាមរយៈទឹក និងព្រះវិញ្ញាណ។
 
 
ការធួននឹងអំពើបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់
 
តើចរិកលក្ខណៈរបស់ព្រះមានអ្វីខ្លះ?
យុត្តិធម៌ និងសេចក្តីស្រឡាញ់
 
ព្រះ បានហៅម៉ូសេ ដែលជាពូជពង្សរបស់លេវី ទៅឯត្រសាលជំនុំ ហើយបានតែងតាំងបងប្រុសរបស់គាត់ អើរ៉ុន ធ្វើជាសម្តេច សង្ឃ។ អើរ៉ុន ត្រូវតែផ្ទេរអំពើបាបរបស់បណ្តាជននៅលើតង្វាយលោះបាប។
ព្រះ មានបន្ទូលទៅកាន់ម៉ូសេ នៅក្នុង លេវីវិន័យ ១:២ ថា «ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​កាល​ណា​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចង់​ថ្វាយ​ដង្វាយ​ដល់​ព្រះយេហូវ៉ា នោះ​ត្រូវ​តែ​យក​ដង្វាយ​នោះ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ​ឬ​ចៀម​ក្តី»។ នៅទីនេះ ព្រះបញ្ជាក់អំពីយញ្ញបូជា គឺបើសិនអ្នកណាម្នាក់ចង់ធ្វើការធួននឹងអំពើបាបរបស់ខ្លួន គាត់ត្រូវតែថ្វាយគោលឈ្មោលមួយ ឬចៀមមួយចេញហ្វូងសត្វរបស់ខ្លួន។
ព្រះ ក៏បានប្រាប់ពួកគេផងដែរថា «បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា» (លេវីវិន័យ ១:៣)។
ព្រះ ទទួលយកយញ្ញបូជា ជំនួសឲ្យជីវិតរបស់មនុស្សដែលត្រូវស្លាប់ដោយសារអំពើបាបរបស់ខ្លួន។ ជនជាតិអ៊ីស្រាអែល អាចផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃរបស់ខ្លួនលើក្បាលរបស់សត្វ ហើយត្រូវតែថ្វាយយញ្ញបូជានោះចេញពីឆន្ទះសេរីរបស់ខ្លួន។ ឥឡូវនេះ ចូរយើងមើលពីអ្វីដែលខ.៤និយាយម្តង។
«នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។» ដូច្នេះ តង្វាយនឹងត្រូវបានទទួលយកដោយព្រះ។ នៅពេលមនុស្សដាក់ដៃរបស់ខ្លួនលើក្បាលរបស់តង្វាយដុត អំពើបាបរប​ស់គាត់ត្រូវបានផ្ទេរទៅលើក្បាលរបស់សត្វ។ ដូច្នេះ មនុស្សមានបាបម្នាក់ត្រូវតែដាក់ដៃរបស់ខ្លួនទៅលើក្បាលរបស់តង្វាយនៅចំពោះព្រះ ហើយបន្ទាប់មក ទើបព្រះទទួលយកវា និងប្រទានការធួននឹងអំពើបាប រប​ស់ខ្លួន។
បន្ទាប់មក អ្នកដែលថ្វាយតង្វាយ បានសំឡាប់សត្វនោះ ហើយប្រោសឈាមរបស់វានៅលើស្នែងអាសនា និងចាក់ឈាមនៅសល់ទៅលើដីនៅមុខអាសនា។ ដូច្នេះ ដើម្បីសងថ្លៃអំពើបាបរបស់ខ្លួន ហើយបានរួចពីអំពើបាបទាំងនោះ មនុស្សត្រូវតែថ្វាយយញ្ញបូជា ដែលស្របតាមច្បាប់ ដែលព្រះបានបង្កើតមក។
លេវីវិន័យ ១:៥ សរសេរថា «ក៏​ត្រូវ​សំឡាប់​គោ​ស្ទាវ​នោះ នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។ ពីខាងក្នុងរោងឧបោសថ នៅជិតទ្វារ គឺជាអាសនាតង្វាយដុត ដែលមានស្នែងនៅជ្រុងទាំងបួន។
បន្ទាប់ពីការដាក់ដៃលើក្បាលរបស់តង្វាយដុត ដើម្បីផ្ទេរអំពើបាប មនុស្សមានបាបត្រូវតែសំឡាប់សត្វយញ្ញបូជានោះ ហើយសង្ឃត្រូវប្រោសឈាមរបស់វានៅលើស្នែងអាសនា។ ស្នែងរបស់អាសនា សំដៅទៅលើការវិនិច្ឆ័យសម្រាប់អំពើបាប។ ដូច្នេះ ការដាក់ឈាមនៅលើស្នែងទាំងនេះ មានន័យថា សត្វត្រូវតែបង្ហូរឈាម ដើម្បីសងថ្លៃអំពើបាបជំនួសឲ្យមនុស្សមានបាប។ បន្ទាប់មក ព្រះទតមើលឈាមនៅលើស្នែងអាសនានោះ ហើយទ្រង់ក៏អត់ទោសអំពើបាបរបស់មនុស្សមានបាបទៅ។
ហេតុអ្វីតង្វាយលោះបាបត្រូវតែបង្ហូរឈាម? ពីព្រោះ «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣) ហើយពីព្រោះជីវិតនៃសាច់ឈាមគឺជាឈាម។ ដូច្នេះហើយបានជាកណ្ឌហេព្រើរសរសេរថា «ហើយ​តាម​ក្រឹត្យវិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយសារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ» (ហេព្រើរ ៩:២២)។ ដូច្នេះ ការបង្ហូរឈាមនៃតង្វាយលោះបាប បានបំពេញសម្រេចតាមច្បាប់របស់ព្រះ ដែលនិយាយថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លប់។
តាមការពិត ឈាមដែលត្រូវថ្វាយនោះ គួរតែបានមកពីមនុស្សមានបាបតែម្តង ប៉ុន្តែតង្វាយលោះបាបបានបង្ហូរឈាមជំនួសគាត់ សម្រាប់ការធួននឹងបាបវិញ។ បន្ទាប់មក សង្ឃប្រោសឈាមនៅលើស្នែងអាសនា ដើម្បីបញ្ជាក់ថា ឈ្នួលនៃអំពើបាបត្រូវបានសងរួចហើយ។
បើសិនយើងអាន វិវរណៈ ២០:១១-២៥ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងអាចមើលឃើញថា ស្នែងទាំងនោះសំដៅទៅលើសៀវភៅវិនិច្ឆ័យ គឺវាត្រូវបញ្ជាក់ថា ការវិនិច្ឆ័យអំពើបាបត្រូវបានធ្វើសម្រេច ដោយការដាក់ដៃលើ និងឈាមរបស់តង្វាយលោះបាប។
 
 
អំពើបាបត្រូវបានកត់ត្រាទុកនៅកន្លែងពីរ
 
អំពើបាបទាំងអស់របស់មនុស្សជាតិ ត្រូវបានកត់ត្រាទុកនៅកន្លែងពីរ។ កន្លែងមួយ គឺជាបន្ទះចិត្តរបស់ពួកគេ ហើយកន្លែងមួយទៀតគឺជាសៀវភៅវិនិច្ឆ័យដែលបើកនៅចំពោះព្រះ។
យេរេមា ១៧:១ សរសេរថា «អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ»។
ហើយលេវីវិន័យ ១៧:១១ សរសេរថា «ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន»។ ឈាមគឺជាជីវិតនៃរូបសាច់ ហើយយើងអាចសងថ្លៃអំពើបាបរបស់យើងបាន ដោយឈាមតែប៉ុណ្ណោះ។ ដូច្នេះហើយបានជាឈាមត្រូវបានប្រោសនៅលើស្នែងអាសនា។ តាមច្បាប់ បើសិនមិនមានការសម្រក់ឈាមទេ នោះមិនមានការអត់ទោសអំពើបាបឡើយ (ហេព្រើរ ៩:២២)។
«គេ​ត្រូវ​ឲ្យ​អារ​ពន្លាត់​ស្បែក ហើយ​កាប់​ដង្វាយ​ទៅ​ជា​ដុំៗ រួច​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​នឹង​យក​ភ្លើង​មក ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ រួច​រៀប​ដុំ​សាច់ ហើយ​ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា តែ​ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា» (លេវីវិន័យ ១:៦-៩)។
បន្ទាប់មក សង្ឃកាត់តង្វាយដុតជាចំណែកៗ ហើយដាក់វានៅលើភ្លើងនៃអាសនា។ ពិធីនេះចង់បង្ហាញថា នៅពេលមនុស្សបានធ្វើបាបនៅចំពោះ ពួកគេត្រូវតែស្លាប់តាមរបៀបនោះ ហើយត្រូវបង្ហូរឈាម និងត្រូវគេបោះទៅក្នុងភ្លើងនៃស្ថាននរក។ ប៉ុន្តែ ការ វិនិច្ឆ័យនេះត្រូវបានអនុវត្តលើតង្វាយលោះបាបតែប៉ុណ្ណោះ ដើម្បីឲ្យមនុស្សអាចធួននឹងអំពើបាបរបស់ខ្លួនបាន។
យញ្ញបូជានៃតង្វាយដុត គឺជាពិធីនៃការវិនិច្ឆ័យរបស់ច្បាប់ដ៏សុចរិតរបស់ព្រះ។ ព្រះបានដាក់បញ្ចូលគ្នានូវច្បាប់របស់ទ្រង់ ដែលជាច្បាប់នៃសេចក្តីសុចរិត និងច្បាប់នៃសេចក្តីស្រឡាញ់ ជាមួយនឹងពិធីធួននឹងបាបសម្រាប់មនុស្សជាតិ។
ដោយសារព្រះគឺសុចរិត ទ្រង់ត្រូវតែវិនិច្ឆ័យ និងកាត់ទោសប្រហារជីវិតពួកគេ។ ប៉ុន្តែដោយសារទ្រង់ក៏បានស្រឡាញ់រាស្ត្ររបស់ទ្រង់ផងដែរ ទ្រង់បានអនុញ្ញាតឲ្យពួកគេផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយលោះបាបវិញ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយសារតែព្រះអម្ចាស់របស់យើងបានស្រឡាញ់យើង ទ្រង់បានទទួលបុណ្យជ្រមុជ និងជាប់ឆ្កាង ដើម្បីក្លាយជាតង្វាយលោះបាបសម្រាប់យើង ដែលជាមនុស្សមានបាប។ ដូច្នេះ បុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង បានលុបបំបាត់អំពើបាបរបស់លោកិយនេះហើយ។
 
 
ការធួននឹងអំពើបាបសម្រាប់រយៈពេលមួយថ្ងៃ នៅក្នុងព្រះគម្ពីរសញ្ញាចាស់
 
តើតង្វាយលោះបាបឥតខ្ចោះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជានិមិត្តរូបនៃអ្នកណា?
ព្រះយេស៊ូវគ្រីស្ទ
 
ចូរយើងអាន លេវីវិន័យ ៤:២៧។ « ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះយេហូវ៉ា​បាន​ហាមប្រាម មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ» (លេវីវិន័យ ៤:២៧-៣១)។
ពូជរបស់អ័ដាម ដែលជាជនជាតិអ៊ីស្រាអែល និងមនុស្សទាំងអស់នៅលើផែនដីនេះ បានកើតមកនៅក្នុងលោកិយនេះ មានពេញដោយបាប។ ដូច្នេះហើយបានជាចិត្តរបស់ពួកគេមានពេញដោយបាប។ មានអំពើបាបជាច្រើនប្រភេទនៅខាងក្នុងចិត្តរបស់មនុស្សម្នាក់៖ គំនិតអាក្រក់ សេចក្តីកំផិត អាសអាភាស ការកាប់សំឡាប់គេ ការលួចប្លន់ សេចក្តីលោភលន់ និងសេចក្តីចំកួត។
នៅពេលមនុស្សមានបាបម្នាក់ ចង់ធួននឹងអំពើបាបប្រចាំថ្ងៃរបស់ខ្លួន គាត់ត្រូវតែនាំសត្វឥតខ្ចោះមួយមកកាន់រោងឧបោសថ។ បន្ទាប់មក គាត់ត្រូវតែដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់សត្វនោះ ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅលើវា សំឡាប់សត្វនោះ ហើយឲ្យឈាមរបស់វាទៅឲ្យសង្ឃ ដើម្បីថ្វាយទៅចំពោះព្រះ។ បន្ទាប់មក សង្ឃទទួលខុសត្រូវចំពោះផ្នែកសល់នៃយញ្ញបូជា ដើម្បីឲ្យមនុស្សមានបាបអាចទទួលបានការអត់ទោសអំពើបាប។
បើសិនមិនមានច្បាប់ និងក្រិត្យវិន័យរបស់ព្រះទេ នោះមនុស្សនឹងមិនដឹងថា ពួកគេបានធ្វើបាប ឬមិនបានធ្វើបាបឡើយ។ ដូច្នេះ យើងពិនិត្យមើលខ្លួនឯង តាមរយៈច្បាប់ និងក្រិត្យវិន័យរបស់ព្រះ យើងមើលឃើញ និងទទួលស្គាល់អំពើបាបរបស់យើង។ ហើយអំពើបាបរបស់យើងមិនត្រូវបានវិនិច្ឆ័យ ដោយខ្នាតគំរូរបស់យើងទេ ប៉ុន្តែដោយច្បាប់ និងក្រិត្យវិន័យរបស់ព្រះវិញ។
បណ្តាជនអ៊ីស្រាអែល បានធ្វើបាប មិនមែនមកពីពួកគេចង់ធ្វើបាបនោះទេ ប៉ុន្តែមកពីពួកគេបានកើតមកជាមួយអំពើបាបគ្រប់ប្រភេទនៅក្នុងចិត្តរបស់ពួកគេ។ អំពើបាបដែលមនុស្សប្រព្រឹត្ត ដោយព្រោះភាពខ្សោយរបស់ខ្លួន ហៅថា អំពើរំលង។ អំពើបាប រាប់បញ្ចូលអំពើរំលង និអំពើទុច្ចរិតរបស់មនុស្សជាតិ។
មនុស្សទាំងអស់ គឺមិនពេញលេញទេ។ ដូចដែលជនជាតិ អ៊ីស្រាអែលមិនពេញលេញ មនុស្សទាំងអស់ក៏ជាមនុស្សមានបាប ហើយបានធ្វើបាបផងដែរ។ យើងអាចបែងចែកចំណាត់ថ្នាក់នៃអំពើរំលង និងអំពើទុច្ចរិតទាំងអស់របស់យើងបាន តាមរបៀបដូចនេះ។ គឺនៅពេលយើងមានគំនិតអាក្រក់នៅក្នុងគំនិត យើងហៅថា អំពើបាប ហើយនៅពេលយើងប្រព្រឹត្តវាចេញ យើងហៅថា អំពើ រំលង។ ដូច្នេះ អំពើបាបរបស់លោកិយនេះមានពីរប្រភេទនេះ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបត្រូវបានផ្ទេរទៅលើក្បាលរបស់តង្វាយលោះបាប ដោយការដាក់ដៃលើ។ បន្ទាប់មកទៀត មនុស្សមានបាបត្រឡប់ជាឥតមានបាប ហើយមិនត្រូវស្លាប់សម្រាប់អំពើបាបរបស់ខ្លួនឡើយ។ ដូច្នេះ ប្រព័ន្ធថ្វាយយញ្ញបូជាគឺជាស្រមោលនៃការវិនិច្ឆ័យដ៏សុចរិត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
ដោយសារព្រះបានបង្កើតយើងមកពីដី ពីដំបូង យើងគឺជាដី។ ការប្រោសឈាមនៅលើស្នែងអាសនា និងការចាក់ឈាមនៅសល់នៅជើងអាសនា មានន័យថា ជនជាតិអ៊ីស្រាអែលបានទូទាត់សងថ្លៃសម្រាប់អំពើបាបរបស់ខ្លួន ហើយបានលុបបំបាត់អំពើបាបទាំងអស់ចេញពីបន្ទះចិត្តរបស់ខ្លួនហើយ។
សង្ឃ នឹងដុតខ្លាញ់នៅលើអាសនា សម្រាប់ជាក្លិនក្រអូបដល់ព្រះអម្ចាស់។ ក្នុងព្រះគម្ពីរ ខ្លាញ់មានន័យថា ព្រះវិញ្ញាណបិរសុទ្ធ។ ដូច្នេះ ដើម្បីធួននឹងអំពើបាបរបស់យើង យើងត្រូវតែធ្វើវាតាមរបៀបដែលព្រះបានបង្គាប់មក។ ហើយយើងក៏ត្រូវតែទទួលយកការធួននឹងអំពើបាបរបស់យើងទុកនៅក្នុងចិត្តរបស់យើង តាមរបៀបដែលព្រះបានចាត់ទុកថាត្រឹមត្រូវដែរ។
ព្រះ បានប្រាប់ពួកអ៊ីស្រាអែលថា តង្វាយលោះបាបគួរតែជាកូនចៀម ពពែ ឬកូនគោ។ តង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាតង្វាយដែលព្រះបានជ្រើសរើសដោយផ្ទាល់។ កូនគោ គឺជាសត្វស្អាតមួយ។ មូលហេតុដែលតង្វាយត្រូវតែឥតខ្ចោះគឺថា តង្វាយបើកសម្តែងអំពីព្រះយេស៊ូវ ដែលយាងមកចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។
មនុស្សនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃរបស់ខ្លួនទៅលើក្បាលរបស់តង្វាយលោះបាបឥតខ្ចោះ។ ហើយសង្ឃបានថ្វាយយញ្ញបូជា ដើម្បីសងថ្លៃអំពើបាបរបស់ពួកគេ។ នេះហើយគឺជារបៀបដែលពួកអ៊ីស្រាអែលបានធួននឹងអំពើបាបរបស់ខ្លួន។
 
 
ពិធីថ្ងៃធួននឹងបាប
 
ហេតុអ្វីពួកអ៊ីស្រាអែល ត្រូវថ្វាយយញ្ញបូជា នៅថ្ងៃធួននឹងបាប?
ពីព្រោះពួកគេបានបន្តធ្វើបាបរហូតដល់ស្លាប់ ហើយតង្វាយលោះបាបប្រចាំថ្ងៃមិនអាចញែកពួកគេ ជាបរិសុទ្ធនៅចំពោះព្រះបានឡើយ
 
ទោះបីជាយ៉ាងណា ដោយសារពួកគេត្រូវតែថ្វាយយញ្ញបូជា គ្រប់ពេលដែលពួកគេបានធ្វើបាប នោះពួកគេមិនអាចមានយញ្ញបូជាគ្រប់គ្រាន់ សម្រាប់ការធួននឹងអំពើបាបរបស់ខ្លួនបានឡើយ។ ដូច្នេះ ពួកគេបានធ្វេសប្រហែល និងមិនយកចិត្តទុកដាក់ ដោយបន្តិចម្តងៗ។ វាហាក់ដូចជាកាតព្វកិច្ចដែលមិនចេះមិនចេះហើយ ដើម្បីធួននឹងអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃ ហើយពួកគេបានមានអារម្មណ៍ថា ពួកគេអាចបញ្ចប់ពិធីនេះតែម្តង។
មិនថាយើងព្យាយាមខ្លាំងយ៉ាងណាទេ យើងនៅតែមិនអាចថ្វាយយញ្ញបូជាគ្រប់គ្រាន់ សម្រាប់អំពើបាបទាំងអស់របស់យើងបានឡើយ។ ដូច្នេះ ការសងថ្លៃពិតប្រាកដសម្រាប់អំពើបាបរប​ស់យើង ត្រូវតែធ្វើឡើង តាមរយៈជំនឿដោយអស់ពីចិត្តលើច្បាប់នៃសេចក្តីសង្រ្គោះ ដែលព្រះបានរៀបចំសម្រាប់យើងវិញ។
ដោយសារភាពខ្សោយរបស់យើង មិនថាយើងព្យាយាមខ្លាំងណា ដើម្បីរស់នៅតាមច្បាប់របស់ព្រះទេ ក៏យើងកាន់តែបានដឹងថា យើងមិនពេញលេញ និងខ្សោយដែរ។ ដូច្នេះ ព្រះបានប្រទានដល់ពួកអ៊ីស្រាអែលនូវផ្លូវមួយ ដើម្បីធួននឹងអំពើបាបប្រចាំឆ្នាំរបស់ពួកគេវិញ (លេវីវិន័យ ១៦:១៧-២២)។
កណ្ឌលេវីវិន័យ សរសេរថា «នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​កល្ប​ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះយេហូវ៉ា នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់កល្ប​ជានិច្ច» (លេវីវិន័យ ១៦:២៩-៣១)។
ដូច្នេះ បណ្តាជនអ៊ីស្រាអែលមានសន្តិភាពក្នុងចិត្ត រយៈពេលមួយឆ្នាំម្តង នៅពេលសម្តេចសង្ឃបានថ្វាយយញ្ញបូជាធួននឹងបាបនៅថ្ងៃទីដប់ ខែប្រាំពីរ សម្រាប់អំពើបាបទាំងអស់ ដែលមនុស្សបានប្រព្រឹត្តអស់រយៈពេលមួយឆ្នាំពេញ។ ដោយអំពើបាបរប​ស់ពួកគេត្រូវបានលាងសម្អាត នៅថ្ងៃនោះ ពួកគេមានសន្តិភាពនៅក្នុងចិត្តរបស់ខ្លួន។
នៅថ្ងៃទីដប់ ខែប្រាំពីរ សម្តេចសង្ឃអើរ៉ុន ដែលជាតំណាងនៃ អ៊ីស្រាអែលទាំងមូល ត្រូវតែថ្វាយយញ្ញបូជាធួននឹងបាប។ នៅ ពេលនេះ សង្ឃដទៃទៀតមិនអាចចូលទៅក្នុងរោងឧបោសថបាន ឡើយ។ ជាដំបូង អើរ៉ុនត្រូវតែថ្វាយយញ្ញបូជាធួននឹងបាបសម្រាប់ខ្លួនឯងគាត់ និងកូនចៅរបស់គាត់ មុននឹងធ្វើបវាសម្រាប់បណ្តាជនអ៊ីស្រាអែលបាន ពីព្រោះគាត់ និងកូនចៅរបស់គាត់ក៏បានធ្វើបាបផងដែរ។
គាត់ បានថ្វាយយញ្ញបូជាសម្រាប់មនុស្សដូចនេះ។ «រួច​ត្រូវ​ យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះយេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះយេហូវ៉ា ១​ទៀត​សំរាប់​បំបរបង់​ទៅ អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះយេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរបង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោស្ថាន» (លេវីវិន័យ ១៦:៧-១០)។
បន្ទាប់ពីគាត់បានថ្វាយយញ្ញបូជាសម្រាប់ខ្លួនគាត់ និងគ្រួសាររបស់គាត់ហើយ អ៊ើរ៉ុន «ចាប់ឆ្នោតយកពពែពីរ»។ ពពែមួយគឺសម្រាប់ព្រះអម្ចាស់ និងពពែមួយទៀតសម្រាប់ធ្វើជាពពែដែលត្រូវបំបរបង់ «អាសាអែល»។
ជាដំបូង ពពែមួយត្រូវបានថ្វាយទៅចំពោះព្រះអម្ចាស់។ នៅទីនេះ សម្តេចសង្ឃដាក់ដៃរបស់ខ្លួនទៅលើពពែ ជំនួសឲ្យបណ្តាជន ដើម្បីផ្ទេរអំពើបាបដែលពួកគេបានប្រព្រឹត្តរយៈពេលពេញមួយឆ្នាំ។
គេ យកឈាមរបស់វាទៅទីសណ្តោសប្រោស នៅខាងក្នុងទីបរិសុទ្ធបំផុត ហើយប្រោសវាចំនួនប្រាំពីរដង។ បន្ទាប់មក បណ្តាជនអ៊ីស្រាអែលទទួលបានការអត់ទោសអំពើបាបសម្រាប់មួយឆ្នាំកន្លងទៅ។ ជំនួសឲ្យបណ្តាជនអ៊ីស្រាអែលដែលត្រូវស្លាប់សម្រាប់អំពើបាបរបស់ខ្លួន សម្តេចសង្ឃអើរ៉ុនផ្ទេរអំពើបាបរបស់ពួកគេទៅលើក្បាលរបស់យញ្ញបូជាលោះបាប ហើយឲ្យវាទទួលការកាត់ទោសជំនួសវិញ។ បន្ទាប់មក គាត់ថ្វាយពពែដែលរស់មួយទៀតទៅចំពោះព្រះ។ យញ្ញបូជានេះ គឺត្រូវអនុវត្តសម្រាប់បណ្តាជន។
 
 
សម្រាប់បណ្តាជន
 
នៅចំពោះមុខបណ្តាជន អើរ៉ុនបនដាក់ដៃរបស់ខ្លួននៅលើពពែទីពីរ ហើយសារភាពអំពើបាបនៅចំពោះព្រះ។ «ឱព្រះអម្ចាស់អើយ! បណ្តាជនអ៊ីស្រាអែលបានប្រព្រឹត្តការកាប់សំឡាប់ សេចក្តីកំផិត ការលួចប្លន់ សេចក្តីលោភ និងការឆបោក...ហើយបានថ្វាយបង្គំរូបព្រះ។ ពួកគេមិនរក្សាថ្ងៃឈប់សម្រាកជាបរិសុទ្ធ ពួកគេបានហៅព្រះនាមទ្រង់ជាអសារឥតការ ហើយបានបំពានគ្រប់ទាំងបញ្ញត្តិនៃច្បាប់ និងក្រិត្យវិន័យរបស់ទ្រង់។» បន្ទាប់មក គាត់បានយកដៃរបស់ខ្លួនចេញពីក្បាលពពែ។ តាមរយៈការនេះ អំពើបាបទាំងអស់របស់បណ្តាជនសម្រាប់រយៈពេលមួយឆ្នាំពេញ ត្រូវបានផ្ទេរទៅលើតង្វាយលោះបាប។
ចូរយើងអាន លេវីវិន័យ ១៦:២១។ «រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​ សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន។» បន្ទាប់មក ពពែដែលត្រូវបំបរបង់ វង្វេងនៅក្នុងវាលរហោស្ថាន និងស្លាប់ជាមួយអំពើបាបរបស់បណ្តាជនអ៊ីស្រាអែលនៅលើក្បាលរបស់ខ្លួន។ ពពែដែលត្រូវបំបរបង់ «អាសាអែល» ជាភាសាហេព្រើរ មានន័យថា «ដោះចេញ»។ វាមានន័យថា តង្វាយលោះបាបត្រូវបានបណ្តេញចេញនៅចំពោះព្រះអម្ចាស់ ជំនួសឲ្យបណ្តាជនអ៊ីស្រាអែល។
ដូច្នេះ អំពើបាបរបស់អ៊ីស្រាអែលត្រូវបានផ្ទេរទៅលើពពែដែលត្រូវបំបរបង់ តាមរយៈការដាក់ដៃរបស់អើរ៉ុនលើក្បាលរបស់វា។ ហើយនៅពេលពួកគេបានមើលឃើញសម្តេចសង្ឃអើរ៉ុន ដាក់ដៃរបស់គាត់​នៅលើពពែ ហើយមានគេដឹកវាចេញទៅវាលរហោស្ថាន បណ្តាជនអ៊ីស្រាអែលទាំងអស់ ដែលជឿលើពិធីធួននឹងបាប ប្រាកដក្នុងចិត្តថា ពួកគេបានធួននឹងអំពើបាបរបស់ខ្លួនហើយ។ ពិធីទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាស្រមោលនៃ «ដំណឹងល្អអំពីការបានកើតជាថ្មី» នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការដាក់ដៃលើ និងឈាមរបស់យញ្ញបូជា គឺជាដំណឹងល្អអំពីសេចក្តីសង្រ្គោះចេញពីបាប ហើយវានៅតែមានមូលដ្ឋានគ្រឹះដូចគ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
 
 
ដំណឹងល្អអំពីសេចក្តីប្រោសលោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី
 
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី តើអំពើបាបទាំងអស់របស់មនុស្សត្រូវបានដោះចេញដោយរបៀបណា?
ម៉ាថាយ ១:២១-២៥ សរសេរថា «នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូវ ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​ រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្តី ដែល​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល ដោយសារ​ហោរា​ថា មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះនាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល ដែល​ប្រែ​ថា ព្រះអង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះអម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះនាម​ថា យេស៊ូវ»។
ព្រះអម្ចាស់យេស៊ូវរបស់យើង បានយាងមកលោកិយនេះនៅក្នុងនាមជាអេម៉ាញូអែល ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីបាប។ ដូច្នេះ ព្រះបានដាក់ព្រះនាមទ្រង់ថា យេស៊ូវ។ ព្រះយស៊ូវ បានយាងមក ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ហើយទ្រង់បានយាងមកជាសាច់ឈម ដើម្បីក្លាយជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ ហើយបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង និងបានដោះយើងឲ្យរួចពីបាបជារៀងរហូត។
 
 
ដំណឹងល្អអំពីការបានកើតជាថ្មី
 
តើព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាបដោយរបៀបណា? ទ្រង់ធ្វើវា តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ចូរយើងពិនិត្យមើល ម៉ាថាយ ៣:១៣-១៧។
«នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។»
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី នៅពេលព្រះយេស៊ូវបានមានព្រះជន្ម៣០វស្សា ទ្រង់បានយាងមកឯលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់។ ហើយទ្រង់បានទទួលបុណ្យជ្រមុជពីគាត់ ហើយបានដោះអំពើបាបរបស់មនុស្សមានបាបទាំងអស់ចេញ។ ដោយបានធ្វើដូច្នោះ ទ្រង់បានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។
 
 
ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ នៅទន្លេយ័រដាន់?
 
តើអ្វីត្រូវបានបើកសម្តែង នៅក្នុងដំណឹងល្អ?
សេចក្តីសុចរិតរបស់ព្រះ
 
ចូរយើងពិនិត្យមើលទិដ្ឋភាពមួយ ដែលស្តេចសង្ឃពីស្ថានសួគ៌បានជួបជាមួយសម្តេចសង្ឃចុងក្រោយបង្អស់របស់មនុស្សជាតិ។ នៅទីនេះ យើងអាចមើលឃើញពីសេចក្តីសុចរិតរបស់ព្រះ តាម រយៈបុណ្យជ្រមុជ ដែលបានធានាការធួននឹងអំពើបាបទាំងអស់របស់លោកិយនេះ។
លោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺជាមនុស្សដ៏អស្ចារ្យបំផុតនៅក្នុងចំណោមមនុស្សដែលបានកើតពីស្ត្រីមក។ ព្រះយេស៊ូវ បានធ្វើបន្ទាល់នៅក្នុង ម៉ាថាយ ១១:១១ ថា «ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ»។ ដូចដែលអំពើបាបរបស់មនុស្សត្រូវបានដោះចេញ នៅពេលសម្តេចសង្ឃអើរ៉ុនដាក់ដៃរបស់គាត់ នៅលើក្បាលរបស់តង្វាយលោះបាបនៅថ្ងៃធួននឹងបាប នៅក្នុងព្រះគម្ពីរសញ្ញាថ្មី អំពើបាបទាំងអស់របស់លោកិយនេះក៏ត្រូវបានដោះចេញ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីសផងដែរ។
ដំណឹងល្អអំពីការបានកើតជាថ្មី គឺជាដំណឹងល្អអំពីការធួននឹងបាបពេញលេញសម្រប់អំពើបាបទាំងអស់របស់យើង ពីអតីតកាល បច្ចុប្បន្ន និងអនាគត។ ដូច្នេះ ដំណឹងល្អអំពីសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះ គឺជាដំណឹងល្អដែលព្រះបានបង្កើតឡើងសម្រាប់ការបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់ ដែលបានសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះ។
តើការបំពេញសម្រេច «គ្រប់ទាំងសេចក្តីសុចរិត» មានន័យយ៉ាងដូចម្តេច? វាមានន័យថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ​ តាមរបៀបត្រឹមត្រូវបំផុត។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ។ «ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្តី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង» (រ៉ូម ១:១៧)។
សេចក្តីសុចរិតរបស់ព្រះ ត្រូវបានបង្ហាញនៅក្នុងការសម្រេចព្រះទ័យបញ្ជូនព្រះរាជបុត្រានៃទ្រង់ផ្ទាល់ មកកាន់លោកិយនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សេចក្តីសុចរិតរបស់ព្រះត្រូវបានបង្ហាញតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់។ ហើយយើងបានរាប់ជាសុចរិត ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាំងពីជាងពីរពាន់ឆ្នាំកន្លងទៅ នៅឯទន្លេយ័រដាន់។ ដូច្នេះ កាលណាយើងទទួលយកសេចក្តីសង្រ្គោះរបស់ព្រះទុកនៅចិត្តរបស់យើង សេចក្តីសុចរិតរបស់ព្រះពិតជាត្រូវបានបំពេញសម្រេច។
«ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់» (ម៉ាថាយ ៣:១៥-១៧)។
បទគម្ពីរនេះ បើកសម្តែងថា ព្រះអង្គទ្រង់បានធ្វើបន្ទាលើពីសេចក្តីពិតថា បុណ្យជ្រមុជរបស់ព្រះរាជបុត្រានៃទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះ។ ទ្រង់បានប្រាប់យើងថា «ឥឡូវនេះ ព្រះយេស៊ូវ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស គឺពិតជាព្រះរាជបុត្រានៃអញ»។ ព្រះបានធ្វើបន្ទាល់ថា ព្រះរាជបុត្រានៃទ្រង់បានទទួលបុណ្យជ្រមុជសម្រាប់ការធួននឹងអំពើបាបរបស់មនុស្សទាំងអស់។ ហើយទ្រង់បានធ្វើដូច្នេះ ដើម្បីមិនឲ្យព្រះរាជកិច្ចដ៏បរិសុទ្ធរបស់ព្រះរាជបុត្រានៃទ្រង់ក្លាយជាអសារឥតការ។
ព្រះយេស៊ូវ គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះនៃមនុស្សមានបាបនៅក្នុងលោកិយនេះ។ ព្រះបានមានបន្ទូលថា «ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ សេចក្តីពិតគឺថា ព្រះយេស៊ូវបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតតា ហើយបានដោះអំពើបាបរបស់មនុស្សជាតិចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
ពាក្យថា «បុណ្យជ្រមុជ» មានន័យថា «ត្រូវបានលាងសម្អាត ផ្ទេរទៅឲ្យ ត្រូវបានកប់»។ ដោយសារអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ អ្វីដែលយើងត្រូវតែធ្វើ គឺត្រូវជឿលើដំណឹងល្អ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។
ការបំពេញសម្រេចគ្រប់ទំាងទំនាយអំពីសេចក្តីសង្រ្គោះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានសម្រេចតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះ ទីបំផុត ទំនាយទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានរកឃើញដៃគូម្ខាងទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនជាតិ អ៊ីស្រាអែលបានធួននឹងអំពើបាបរបស់ខ្លួន​ បានម្តងក្នុងមួយឆ្នាំ ហើយ​នៅក្នុងព្រះគម្ពីរសញ្ញាថ្មី អំពើបាបរបស់មនុស្សត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយត្រូវបានដោះចេញជារៀងរហូត។
លេវីវិន័យ ១៦:២៩ គឺជាគំរូពី ម៉ាថាយ ៣:១៥។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ សូមអរព្រះគុណដល់បុណ្យជ្រមុជរបស់ទ្រង់ ដែលអ្នកដែលជឿលើការអត់ទោសអំពើបាបអស់កល្បជានិច្ចរបស់ទ្រង់ បានសង្រ្គោះ គឺអំពើបាបទាំងអស់របស់ពួកគេត្រូវបានលុបចេញពីបន្ទះចិត្តរបស់ពួកគេហើយ។
បើសិនអ្នកមិនទទួលស្គាល់ និងជឿនៅក្នុងចិត្តនូវសេចក្តីពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងទេ នោះអ្នកមិនអាចបានស្អាតពីអំពើបាបរបស់ខ្លួនបានឡើយ មិនថាអ្នកមានជីវិតជំនឿស៊ប់យ៉ាងណាទេ។ មានតែតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ ទើបព្រះបន្ទូលព្រះត្រូវបានបំពេញសម្រេច ហើយអំពើបាបរបស់យើងត្រូវបានដោះ ចេញ។ សេចក្តីសង្រ្គោះពិតប្រាកដ ត្រូវបានសម្រេចបាន តាមរយៈសេចក្តីប្រោសលោះពីអំពើបាបទាំងអស់របស់យើង ឬតាមន័យផ្សេង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
ដោយមានសេចក្តីពិតនេះនៅក្នុងគំនិត តើអ្នកនឹងធ្វើយ៉ាងដូចម្តេច? តើអ្នកនឹងទទួលយកសេចក្តីសង្រ្គោះនេះទុកនៅក្នុងចិត្តដែរឬទេ? ឬអ្នកនឹងមិនទទួលយក? នេះមិនមែនជាពាក្យរបស់មនុស្សទេ ប៉ុន្តែជាព្រះបន្ទូលព្រះ។ ព្រះយេស៊ូវ បានសុគតនៅលើឈើឆ្កាង ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រ់។ តើអ្នកមិនយល់ស្របថា ការជាប់ឈើឆ្កាងរបស់ព្រះយេស៊ូវគឺជាលទ្ធផលនៃបុណ្យជ្រមុជរបស់ទ្រង់ទេឬ?
រ៉ូម ៨:៣-៤ សរសេរថា «ពី​ព្រោះ ឯ​ការ​ដែល​ក្រឹត្យវិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្តី​កំសោយ​ព្រោះ​សាច់​ឈាម នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ​បែប​ដូច​ជា​សាច់​ឈាម ដែល​តែង​តែ​មាន​បាប ហើយ​ដោយ​ព្រោះ​ អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​ សេចក្តីក្រឹត្យវិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះវិញ្ញាណ​វិញ»។
ដោយសារយើងគឺជាមនុស្សដែលខ្សោយ ហើយមិនអាចរក្សាច្បាប់ និងតាមក្រិត្យវិន័យរបស់ព្រះ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់សាច់ឈាម ហើយបានយកវាដាក់នៅលើអង្គទ្រង់។ នេះគឺជាសេចក្តីពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានកំណតជាមុននូវការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ នេះហើយគឺជាប្រាជ្ញានៃដំណឹងល្អពិតរបស់ព្រះ។
បើសិនអ្នកគ្រាន់តែបានជឿលើការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ឥឡូវនេះ ចូរបែរមក ហើយទទួលដាក់នៅក្នុងចិត្តនូវដំណឹងល្អអំពីសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវវិញចុះ។ បន្ទាប់មក អ្នកពិតជាអាចធ្វើជាកូនរបស់ព្រះបាន។
 
 
ដំណឹងល្អដើម
 
តើដំណឹងល្អដើមគឺជាអ្វី?
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ
 
ដំណឹងល្អដើម គឺជាដំណឹងល្អអំពីការធួននឹងអំពើបាប។ នេះគឺជាដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ដែលព្រះបានបើកសម្តែងមកកាន់យើង។ ព្រះយេស៊ូវគ្រីស្ទ បានលាងសម្អាតអំពើបាបតែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ហើយបានប្រទានសេចក្តីសង្រ្គោះដល់អស់អ្នកដែលជឿលើសេចក្តីពិតនេះ។ ហើយបានតាមរយៈជំនឿរបស់យើង អំពើបាបទាំងអស់របស់យើងនៅពេលអនាគត ក៏ត្រូវបានលាងសម្អាតផងដែរ។
ឥឡូវនេះ អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិរបស់ទ្រង់នៅលើឈើឆ្កាង បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ? បើសិនចម្លើយរបស់អ្នកគឺ «បាទ ខ្ញុំជឿ» នោះអ្នកនឹងពិតជាបានរាប់ជាសុចរិត។
ចូរយើងសង្ខេបព្រឹត្តិការណ៍ ដែលបានកើតឡើង បន្ទាប់ពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។ យ៉ូហាន ១:២៩ សរសេរថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។
លោកយ៉ូហាន-បាទ្ទីស បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ។ គាត់បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ នៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយទ្រង់នៅទន្លេយ័រដាន់។ លើសពីនេះ ដោយសារខ្លួនគាត់ផ្ទាល់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គាត់អាចធ្វើបន្ទាល់ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ដូច្នេះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបរបស់លោកិយនេះចេញ។ នេះហើយគឺជាដំណឹងល្អអំពីការបានកើតជាថ្មី។
 

«នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
អំពើបាបដែលបានអ្នកបានប្រព្រឹត្តតាំងពីកំណើតរហូតដល់អ្នកអាយុ១០ឆ្នាំ ត្រូវបានបូកបញ្ចូលនៅក្នុងអំពើបាបរបស់លោកិយនេះ។ តើអ្នកជឿថា អំពើបាបទាំងនោះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរឬទេ? បាទ ខ្ញុំជឿ។ ចុះអំពើរំលងរបស់អ្នកចាប់ពីអាយុ១១ដល់២០ឆ្នាំ? តើអ្នកជឿថា អំពើបាបទាំងនោះក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរឬទេ? បាទ ខ្ញុំជឿ។
តើអំពើបាបដែលអ្នកនឹងប្រព្រឹត្តនៅពេលអនាគតស្ថិតនៅក្នុងចំណោមអំពើបាបរបស់លោកិយដែរឬទេ? បាទ មែនហើយ។ អញ្ចឹង អំពើបាបទាំងនោះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរឬទេ? បាទ ត្រូវបានផ្ទេរហើយ។ ហើយតើអ្នកជឿថា អំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរឬទេ? បាទ ខ្ញុំជឿ។ ហើយតើអ្នកជឿថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរឬទេ? បាទ ខ្ញុំជឿ។
តើអ្នកពិតជាចង់បានសង្រ្គោះ ចេញពីអំពើបាបរបស់លោកិយនេះដែរឬទេ? បើសិនអ្នកពិតជាចង់ ចូរជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងចុះ។ កាលណាអ្នកជឿ អ្នកមានសង្រ្គោះភ្លាម។ តើអ្នកជឿដែរឬទេ? នេះគឺជាដំណឹងល្អពិតអំពីការបានកើតជាថ្មី។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ គឺជាដំណឹងល្អដើមអំពីការបានកើតជាថ្មី។ ហើយវាគឺជាព្រះពរពីព្រះសម្រាប់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។
ជឿលើសេចក្តីសង្រ្គោះនៃការបានកើតជាថ្មី តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង សំឡឹងមើលទៅឯសេចក្តីស្រឡាញ់របស់ទ្រង់ គឺត្រូវមានជំនឿពិតប្រាកដ និងបានកើតជាថ្មីពិតប្រាកដ។ សញ្ញានៃការបានកើតជាថ្មី គឺជាទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ អ្នកត្រូវតែទទួលយកព្រះបន្ទូលអំពីសេចក្តីពិតដែលបានសរសេរទុកនៅក្នុងព្រះគម្ពីរ។
 
 
សាសនា និងជំនឿ
 
តើអ្នកដែលបានកើតជាថ្មីមាន សេចក្តីសបន្ទាល់អ្វីនៅក្នុងចិត្តរបស់ខ្លួន?
 ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងលោហិតរបស់ទ្រង់
 
 
អត្ថន័យនៃសាសនា គឺត្រូវជឿលើព្រះយេស៊ូវ តាមគំនិតផ្ទាល់ខ្លួន ហើយបដិសេធព្រះបន្ទូលបរិសុទ្ធរបស់ព្រះ។ ប៉ុន្តែសេចក្តីសង្រ្គោះចេញពីបាបគឺខុសគ្នាពីគំនិតផ្ទាល់ខ្លួនរបស់មនុស្ស។ ជំនឿ គឺត្រូវជឿលើព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ហើយបដិសេធគំនិតផ្ទាល់ខ្លួន។ យើងត្រូវតែទទួលយកព្រះបន្ទូល ដូចដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ ហើយទទួលយកសេចក្តីសង្រ្គោះ តាមរយៈទឹក និងព្រះវិញ្ញាណ៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ យើងអាចបានសង្រ្គោះ ដោយការទទួលយកទុកនៅក្នុងចិត្តនូវប្រាជ្ញានៃដំណឹងល្អដើម។
បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ក៏មិនមានការផ្ទេរអំពើបាបរបស់យើងដែរ ហើយបើសិនមិនមានការបង្ហូរលោហិតទេ ក៏មិនមានការអត់ទោសអំពើបាបដែរ។ អំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ មុនពេលទ្រង់បានយកវាទៅលើឈើឆ្កាង ហើយបានបង្ហូរលោហិតសម្រាប់យើង។ កាលណាយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង លើការបានកើតជាថ្មីតាមរយៈដំណឹងល្អ នោះយើងបានរួចពីអំពើបាបទំាងអស់របស់លោកិយនេះ។
ជំនឿពិត គឺត្រូវជឿថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ គឺទ្រង់បានទទួលយកការកាត់ទោសសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាង។ យើងត្រូវតែជឿលើសេចក្តីសង្រ្គោះដ៏សុចរិតរបស់ព្រះ។ ព្រះបានស្រឡាញ់យើងទាំងអស់គ្នាយ៉ាងខ្លំាង ដែលទ្រង់បានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
«ឱព្រះអម្ចាស់! ទូលបង្គំជឿ។ ទូលបង្គំមិនសមនឹងទទួលបានសេចក្តីសង្រ្គោះទេ ប៉ុន្តែទូលបង្គំជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការជាប់ឈើឆ្កាងរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។» យើងត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ព្រះពរនៃដំណឹងល្អអំពីការបានកើតជាថ្មី។ ដូច្នេះ ការជឿលើដំណឹងល្អអំពីការបានកើតជាថ្មីគឺជាជំនឿពិតប្រាកដ។
សេចក្តីពិតអំពីការបានកើតជាថ្មីគឺថា «ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ» (រ៉ូម ១០:១៧)។ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣២)។ យើងត្រូវតែស្គាល់សេចក្តីពិតឲ្យបានច្បាស់លាស់ ហើយយើងត្រូវតែជឿលើទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដែលធ្វើបន្ទាល់ពីសេចក្តីពិតនោះ (១យ៉ូហាន ៥:៥-៨)។
«សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច។» ទំាងនេះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីទឹក និងព្រះលោហិត។ តើអ្នកត្រូវបានដោះឲ្យរួចដែរឬទេ? ហើយតើយើងគឺជាអ្នកកាន់តាមសាសនា ឬអ្នកស្មោះត្រង់? ព្រះយេស៊ូវត្រូវការតែអ្នកដែលមានជំនឿលើដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញណប៉ុណ្ណោះ។
បើសិនអ្នកជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ អ្នកមិនមានបាបនៅក្នុងចិត្តរបស់អ្នកទេ។ ប៉ុន្តែបើសិនអ្នកជឿព្រះយេស៊ូវគ្រាន់តែជាផ្នែកមួយនៃសាសនា អ្នកនៅតែកំពុងរស់នៅក្នុងបាបដដែល ពីព្រោះអ្នកមិនមានជំនឿពេញលេញលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវទេ។ មនុស្សកាន់តាមសាសនា ព្យាយាមទទួលបានសេចក្តីប្រោសលោះសម្រាប់អំពើបាបរបស់ខ្លួន គ្រប់ពេលដែលពួកគេអធិស្ឋានលន់តួ។
មនុស្សបែបនេះ មិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនទាំងស្រុងឡើយ។ សូម្បីតែពួកគេបានលន់តួអំពើបាបពេញមួយជីវិតរបស់ខ្លួនក៏ដោយ ក៏មិនអាចជំនួសការអត់ទោសអំពើបាបទាំងស្រុង តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងដែរ។ ដូច្នេះ ចូរយើងបានសង្រ្គោះ ដោយជំនឿលើដំណឹងល្អរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ រួមទាំងអំពើបាបនៅអនាគតផង។
ខ្ញុំ ចង់ប្រាប់អ្នកម្តងទៀតថា ការលន់តួជារៀងរាល់ថ្ងៃមិនអាចជំនួសដំណឹងល្អអំពីការបានកើតជាថ្មីបានឡើយ។ ឥឡូវនេះ គ្រីស្ទបរិស័ទទាំងអស់គួរតែជឿលើការអត់ទោសអំពើបាប តាម រយៈដំណឹងល្អអំពីការបានកើតជាថ្មីវិញ។
យើង ពិតជាមិនអាចលន់តួសម្រាប់អំពើបាបរបស់យើងបានទាំងស្រុងឡើយ។ ការលន់តួក្លែងក្លាយ មិនអាចនាំយើងទៅឯព្រះបានឡើយ ប៉ុន្តែកំសាន្តព្រលឹង​របស់យើងតែប៉ុណ្ណោះ ពីព្រោះវាជាការសារភាពតែភាគីម្ខាង ដែលមិនស្របតាមបំណងព្រះហឫទ័យព្រះឡើយ ហើយជាអ្វីដែលព្រះមិនរំពឹងចង់បានពីយើងឡើយ។
តើអ្វីគឺជាការលន់តួពិតប្រាកដ? គឺជាការបែរមកឯព្រះវិញ។ ត្រឡប់មកឯព្រះបន្ទូលនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ហើយជឿលើព្រះបន្ទូល ដូចដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ។ ដំណឹងល្អដែលសង្រ្គោះយើង គឺជាដំណឹងល្អអំពីបុណ្យជ្រមុជ ការជាប់ឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ហើយកាលណាយើងជឿលើដំណឹងល្អនេះទាំងស្រុងហើយ យើងបានសង្រ្គោះ និងទទួលបានជីវិតអស់កល្បជានិច្ច។
នៅពេលព្រះយេស៊ូវបានប្រាប់យើងថា យើងគួរតែបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ទ្រង់ចង់មានន័យថា យើងគួរតែបានកើតជាថ្មីដោយជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ បន្ទាប់មក យើងអាចចូលទៅរស់នៅក្នុងនគរព្រះបាន។ យើងត្រូវតែជឿលើព្រះបន្ទូលទ្រង់។ កិច្ចការពីរដែលធ្វើបន្ទាល់ពីការអត់ទោសអំពើបាប ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាព្រះបន្ទូលដែលអនុញ្ញាតឲ្យយើងបានកើតជាថ្មី។
ឥឡូវនេះ តើអ្នកជឿលើដំណឹងល្អអំពីការបានកើតជាថ្មី និងការអត់ទោសអំពើបាបដែរឬទេ? ជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង សង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ យើងអាចបានកើតជាថ្មី ដោយសារជំនឿរបស់យើង។ ដោយសារព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់មនុស្សទាំងអស់នៅក្នុងលោកិយនេះ ហេតុអ្វីយើងមិនគួរតែជឿ ហើយបានកើតជាថ្មី?
អស់អ្នកដែលជឿលើកិច្ចការទាំងពីរ ដែលធ្វើបន្ទាល់ពីការបានកើតជាថ្មីរបស់យើង ដែលជាបុណ្យជ្រមុជ និងការជាប់ឈើឆ្កាងរបស់ព្រះយេស៊ូវ ពិតជាបានកើតជាថ្មីហើយ។ ហើយអ្នកដែលជឿលើព្រះរាជបុត្រានៃព្រះ មានសេចក្តីបន្ទាល់នៅក្នុងខ្លួន (១យ៉ូហាន ៥:៣-១០)។ នៅពេលអ្នកជឿលើព្រះយេស៊ូវ អ្នកមិនត្រូវបោះបង់ចោលដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណឡើយ។
ដូចដែលមេទ័ព ន៉ាម៉ាន់បានលាងសម្អាតនៅក្នុងទន្លេយ័ដាន់ចំនួនប្រាំពីរដង ដើម្បីបានជាទាំងស្រុងពីជម្ងឺឃ្លង់ (២ពង្សាវតារក្សត្រ ៥) យើងគួរតែជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច នៅក្នុងទន្លេយ័រដាន់ដែរ ហើយជាលទ្ធផល ទ្រង់បានប្រទានសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដល់យើង។

ដោយសារព្រះយេស៊ូវបានស្រឡាញ់យើង យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ហើយមានជីវិតអស់កល្បជានិច្ច ដោយជំនឿលើដំណឹងល្អអំពីការអត់ទោសអំពើបាប។ ដូច្នេះ ចូរយើងទាំងអស់គ្នាជឿលើដំណឹងល្អអំពីការបានកើតជាថ្មី ហើយទទួលបានសេចក្តីសង្រ្គោះរបស់ព្រះ។