Search

خطبے

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 19-2] មានតែមនុស្សសុចរិតប៉ុណ្ណោះ ដែលអាចរង់ចាំដោយសង្ឃឹមសម្រាប់ការយាងមក របស់ព្រះគ្រីស្ទ (វិវរណៈ ១៩:១-២១)

មានតែមនុស្សសុចរិតប៉ុណ្ណោះ ដែលអាចរង់ចាំដោយសង្ឃឹមសម្រាប់ការយាងមក របស់ព្រះគ្រីស្
(វិវរណៈ ១៩:១-២១)

ក្នុងជំពូកមុន យើងបានមើលឃើញពីរបៀបដែលព្រះទម្លាក់គ្រោះកាចរបស់ទ្រង់មកលើផែនដីនេះ។ ហើយនៅក្នុងជំពូកនេះ យើងមើលឃើញព្រះគ្រីស្ទ និងទាហានរបស់ទ្រង់តយុទ្ធ ហើយយកឈ្នះលើទាហានរបស់អាទទឹងនឹងព្រះគ្រីស្ទ បោះសត្វសាហាវ និងពួកអ្នកបម្រើរបស់វាទាំងរស់ទៅក្នុងបឹងភ្លើង សម្លាប់ទាហានទាំងអស់ទៀតរបស់អាទទឹងនឹងព្រះគ្រីស្ទ ដោយដាវនៃព្រះបន្ទូលដែលចេញពីព្រះឱសរបស់ព្រះអម្ចាស់ ហើយដូច្នេះ បញ្ចប់សង្រ្គាមទាំងអស់របស់ទ្រង់ជាមួយសាតាំង។ 
យើងអាចបែងចែកខ្លឹមសារនៃជំពូកនេះទៅជាប្រធានបទសំខាន់បី៖ ១. ការសរសើរតម្កើងព្រះរបស់ពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ សម្រាប់ការនាំការជំនុំជម្រះនៃគ្រោះកាចដ៏ធំមកលើផែនដីនេះ។ ២. ការប្រកាសពីការមកដល់នៃពិធីមង្គលការរបស់កូនចៀម។ ៣. ការយាងចុះពីស្ថានសួគ៌របស់ព្រះអម្ចាស់ជាមួយទាហានរបស់ទ្រង់។ 
 

ការជំនុំជម្រះនៃព្រះ!

អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានធ្វើជារាស្ត្ររបស់ព្រះ តាមរយៈជំនឿ នឹងសរសើរតម្កើងទ្រង់ សម្រាប់ការសង្រ្គោះពួកគេចេញពីអំពើបាបរបស់លោកិយនេះ។ ចូរយើងពិនិត្យមើលខ.៣-៥៖ «ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ»។ 
ហេព្រើរ ៩:២៧ ប្រាប់យើងថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»។ មនុស្សត្រូវប្រឈមនឹងការជំនុំជម្រះនៅចំពោះព្រះម្តង ប៉ុន្តែការកាត់ទោសនេះគឺជាចុងក្រោយហើយ ហើយវាមិនអាចកែប្រែបានឡើយ។ នៅក្នុងន័យផ្សេង តាមរយៈការជំនុំជម្រះម្តងលើមនុស្សគ្រប់គ្នាសម្រាប់អំពើបាបរបស់ពួកគេ ព្រះនឹងនាំសម្រេចការជំនុំជម្រះ ដោយបោះពួកមនុស្សមានបាបទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងថា «ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ 
មនុស្សមួយចំនួនអាចគិត និងនិយាយថា «កាលណាអ្នកស្លាប់ នោះវាជាចុងបញ្ចប់នៃជីវិតហើយ»។ ប៉ុន្តែនេះគឺជាគំនិតរបស់មនុស្ស មិនមែនជាគំនិតរបស់ព្រះទេ។ ដោយសារគ្រប់គ្នាមានទាំងរូបកាយ និងទាំងព្រលឹង ទោះបើពួកគេជឿព្រះ ឬមិនជឿក៏ដោយ ពួកគេទាំងអស់គ្នាដឹងដោយខ្លួនឯងថា ព្រះគង់នៅ ហើយថា មិនយូរមិនឆាប់ ពួកគេនឹងទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់ខ្លួននៅចំពោះព្រះ។ 
ដោយសារមានពិភពវិញ្ញាណសម្រាប់មនុស្ស ទោះបើពួកគេមិនអាចមើលឃើញដោយភ្នែកក៏ដោយ ក៏ពួកគេដឹងថា ព្រះនៅតែគង់នៅដែរ។ ពិភពដែលភ្នែកខាងសាច់ឈាមអាចមើលឃើញ មិនគង់នៅជារៀងរហូតទេ ប៉ុន្តែមានពិភពនៃសេចក្តីពិតដ៏អស់កល្បជានិច្ច ដែលភ្នែករបស់យើងមិនអាចមើលឃើញ។ ទ្រព្យសម្បត្តិនៅលើផែនដីនេះ គឺជាប្រាក់ និងការដេញតាមសេចក្តីលោភចង់បានទ្រព្យសម្បត្តិ ហើយវាមិនមែនជាហេតុផលសម្រាប់ជីវិតរបស់យើងនៅលើផែនដីនេះឡើយ។ ប៉ុន្តែគោលបំណងនៃជីវិតនេះ គឺត្រូវចូលទៅក្នុងពិភពដ៏អស់ល្បជានិច្ចនៃព្រះពរ តាមរយៈការស្គាល់ព្រះដែលជាព្រះអាទិករនៃសកលលោកទាំងមូល និងតាមរយៈការស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ។ 
យើងមិនគ្រាន់តែត្រូវដឹងពីអ្វីដែលព្រះបានប្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវតែជឿតាមវាផងដែរ។ យើងមិនត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយការជឿ និងការទុកចិត្តលើគំនិតផ្ទាល់ខ្លួនរបស់យើងតែមួយនោះ ឡើយ។ មុនពេលប្រឈមនឹងការរងទុក្ខសម្រាប់អំពើបាបរបស់យើង យើងត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ហើយទទួលបានជីវិតអស់កល្បជានិច្ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខណៈដែលយើងនៅលើផែនដីនេះ។ 
សម្រាប់មនុស្សគ្រប់គ្នា ជីវិតនៅលើផែនដីនេះមានរយៈពេលខ្លីខ្លាំងណាស់។ ដូចដែលព្រះអាទិត្យរះឡើង ហើយលិចទៅវិញជារៀងរាល់ថ្ងៃ ដំណើរជីវិតដ៏ខ្លីរបស់យើងក៏នឹងបញ្ចប់ទៅយ៉ាងឆាប់រហ័ស ដោយឥតផ្លែផ្កា និងអត្ថន័យដែរ គឺដូចជាយើងកំពុងតែរត់ដូចជាសត្វកំប្រុកខំរត់នៅលើប្រដាប់វិលដដែលៗអញ្ចឹង។ ទោះបីជាអ្នកអាចរស់បានមួយរយឆ្នាំក៏ដោយ ក៏អ្នកមិនអាចនិយាយបានថា អ្នកបានរស់នៅបានយូរដូច្នេះដែរ។ 
បើសិនអ្នកដកកិច្ចការតូចតាចនៃជីវិតប្រចាំថ្ងៃ ដូចជាពេលវេលាគេង បរិភោគ ទៅបន្ទប់ទឹក និងកិច្ចការតូចតាចផ្សេងទៀត ចេញពីជីវិតទាំងមូលរបស់អ្នក អ្នកពិតជានឹងសល់ពេលវេលាបន្តិចបន្តួចតែប៉ុណ្ណោះ។ កាលណាអ្នកមើលឃើញរបស់ដែលអ្នកបានមើលឃើញរួចហើយ តាំងពីកំណើតរបស់អ្នក ហើយកាលណាអ្នកជួបមនស្សដែលអ្នកបានជួបពីមុនរួចហើយ សក់របស់អ្នកនឹងប្រែទៅជាពណ៌ប្រផេះ ហើយមួយរំពេច អ្នកនឹងដឹងថា អ្នកកំពុងតែប្រឈមនឹងចុងបញ្ចប់របស់អ្នកហើយ។ 
មូលហេតុដែលជីវិតរបស់ពួកបរិសុទ្ធមិនឥតអត្ថន័យគឺថា យើងបានកើតមកក្នុងលោកិយនេះ បានជួបព្រះអម្ចាស់ដែលបានយាងមកឯយើង តាមរយៈទឹក និងព្រះវិញ្ញាណ បានជឿលើទ្រង់ ហើយបានទទួលការអត់ទោសសម្រាប់ទអំពើបាបទាំងអស់របស់យើង។ យើងពិតជាមានសំណាង ហើយយើងពិតជាអរព្រះគុណយ៉ាងខ្លាំង! បើសិនព្រះអម្ចាស់មិនបានយាងមកឯយើង តាមរយៈទឹក និងព្រះវិញ្ញាណទែ យើងទាំងអស់គ្នានឹងត្រូវធ្លាក់ទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច ហើយរងទុក្ខនៅទីនោះជារៀងរហូតហើយ។ 
កាលណាខ្ញុំគិតអំពីបញ្ហានេះ ខ្ញុំនៅតែមានសេចក្តីភ័យខ្លាច ហើយខ្ញុំចូលមកអរព្រះគុណដល់ព្រះអម្ចាស់ម្តងទៀត។ ស្ថាននរកដែលកើតមាន ដោយសារតែសាតាំង គឺជាកន្លែងដែលគួរឲ្យភ័យខ្លាចបំផុត ដែលមនុស្សត្រូវរងទុក្ខយ៉ាងខ្លាំងក្រៃលែង រហូតដល់ពួកគេប្រាថ្នាចង់ស្លាប់ជាជាងនៅរស់នៅក្នុងទីនោះ ប៉ុន្តែពួកគេមិនអាចធ្វើដូច្នេះបានឡើយ។ វាគឺជាកន្លែងដែលមានភ្លើង និងស្ពាន់ធ័រឆេះជារៀងរហូត។ 
ដើម្បីយល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឲ្យបានត្រឹមត្រូវ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង យើងត្រូវតែជួបជាមួយពួកអ្នកបម្រើរបស់ព្រះ ដែលបានជួបនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ ហើយដែលបានកើតជាថ្មីរួចហើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ អ្នកណាដែលចង់ស្វែងរកចម្លើយសម្រាប់សំណួរអំពីការបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ និងអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ អាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះគម្ពីរប្រាប់យើងថា អស់អ្នកដែលទទួលបានការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ២:៣៨)។ អ្នកដែលមានជំនឿត្រឹមត្រូវនៅក្នុងព្រះយេស៊ូវ គឺជាអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត ដោយការទទួលការអត់ទោសបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមានតែអ្នកដែលមានជំនឿដូច្នេះប៉ុណ្ណោះ ទើបអាចចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះបាន (យ៉ូហាន ៣:៥)។ 
 

ស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ

អ្នកដែលគិតអំពីអនាគតរបស់ខ្លួន ហើយចង់ដោះស្រាយបញ្ហានៃការអត់ទោសអំពើបាបរបស់ពួកគេ គឺជាមនុស្សឆ្លាត និងមានពរហើយ។ ទោះបីជាមនុស្សម្នាក់បានរស់នៅក្នុងជីវិតឃ្លីងឃ្លោង ដែលពេញដោយកំហុសក៏ដោយ បើសិនគាត់បានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលការអត់ទោស និងព្រះវិញ្ញាណទៅក្នុងចិត្ត នោះគាត់បានរស់នៅក្នុងជីវិតដែលជោគជ័យបំផុតហើយ។ 
វិវរណៈ ១៩:៤-៥និយាយថា «ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ារួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ»។ 
ឃ្លាថា «កោតខ្លាចទ្រង់» នៅទីនេះ មានន័យថា ទទួលយកព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទទុកនៅក្នុងចិត្ត ហើយរស់នៅតាមការដឹកនាំរបស់ទ្រង់។ មានតែអ្នកដែលទទួលបានការអត់ទោសបាបប៉ុណ្ណោះ ទើបអាចមើលឃើញ និងសរសើរតម្កើងព្រះនៅក្នុងនគរស្ថានសួគ៌បាន។ ប៉ុន្តែអ្នកដែលមិនបានទទួលការអត់ទោសបាបទេ នឹងរងទុក្ខនៅក្នុងភ្លើងនរក ហើយដាក់បណ្តាសាព្រះ។ 
ចូរយើងបន្តជាមួយខ.៦-៩៖ «នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ»។ 
បទគម្ពីរនេះនិយាយថា សាវកយ៉ូហានបានស្តាប់ឮសម្លេងសរសើរតម្កើង ដែលដូចជាសម្លេងរបស់មនុស្សមួយហ្វូងធំ សម្លេងនៃទឹកច្រើន និងសម្លេងផ្គរលាន់ដ៏ខ្លាំង។ សម្លេងនេះគឺជាសម្លេងរបស់អស់អ្នកដែលទទួលបានការអត់ទោសបាប ដែលរួមគ្នាសរសើរតម្កើងព្រះ។ ជាដំបូង ចម្រៀងសរសើរតម្កើងនេះគឺសម្រាប់ព្រះដែលអនុញ្ញាតឲ្យពួកគេបានរស់នៅក្រោមរាជ្យរបស់ទ្រង់ ការគ្រប់គ្រងរបស់ទ្រង់ និងការរស់នៅជាមួយទ្រង់នៅក្នុងសិរីល្អ។ ព្រះពរទាំងនេះបានធ្វើឲ្យពួកបរិសុទ្ធសប្បាយរីករាយក្រៃលែង ហើយថ្វាយគ្រប់ទាំងសិរីល្អដល់ព្រះ។ ដូច្នេះ ពួកគេត្រូវតែសរសើរតម្កើងទ្រង់ ដោយស្រែកថា «ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ»។ 
ទីពីរ ពួកបរិសុទ្ធបន្តការសរសើរតម្កើងរបស់ពួកគេថា «ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ»។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ដូចដែលទ្រង់បានសន្យាជាមួយមនុស្សជាតិ ព្រះយេស៊ូវនឹងយាងមកផែនដីនេះ រៀបការជាមួយអ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿលើទ្រង់ និងការបានកើតជាថ្មី ហើយគង់នៅជាមួយពួកគេជារៀងរហូតតទៅ។ 
ពិធីមង្គលការគឺជាការជួបជុំគ្នារវាងកូនកម្លោះ និងកូនក្រមុំរបស់ ទ្រង់។ នៅក្នុងន័យផ្សេង កាលណាព្រះយេស៊ូវយាងត្រឡប់មកផែនដីនេះ ទ្រង់នឹងទទួលយក និងគង់នៅជាមួយអស់អ្នកដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ហើយវាមានន័យថា ទ្រង់នឹងបង្កើតនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ ដើម្បីគង់នៅជាមួយពួកបរិសុទ្ធជារៀងរហូតតទៅ។ សិរីល្អរបស់កូនក្រមុំនៃការរស់នៅជាមួយកូនកម្លោះនេះ គឺធំធេងខ្លាំងណាស់ លើសពីការពិពណ៌នាទៅទៀត។ គ្រាន់តែគិតអំពីការពិតនេះ ចិត្តរបស់យើងបានពេញដោយសុភមង្គលរួចទៅហើយ។ 
កាលណាផែនដីដែលព្រះយេស៊ូវគ្រីស្ទនឹងសោយរាជ្យលើមកដល់ កូនក្រមុំរបស់ទ្រង់នឹងមានសេចក្តីអរសប្បាយយ៉ាងខ្លាំងក្រៃលែង ដែលពាក្យមនុស្សមិនអាចបរិយាយបានឡើយ។ កាលណាអ្នកគង្វាលល្អសោយរាជ្យលើពួកគេ តើពួកគេនឹងមានសុភមង្គលយ៉ាងណាទៅ? ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាកូនកម្លោះដែលពេញដោយសេចក្តីល្អ រាជ្យរបស់ទ្រង់ក៏នឹងពេញដោយសេចក្តីល្អ និងភាពគ្រប់លក្ខណ៍ផងដែរ។ ទ្រង់នឹងសោយរាជ្យលើនគរស្ថានសួគ៌។ 
 


ដំណឹងល្អតែមួយគត់ ដែលនឹងជួយឲ្យអ្នកចូល ទៅក្នុងស្ថានសួគ៌


ដើម្បីបានទទួលព្រះវិញ្ញាណបរិសុទ្ធ និងចូលទៅក្នុងនគរស្ថានសួគ៌ មនុស្សត្រូវតែជឿយ៉ាងមុតមាំលើព្រះលោហិត និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដោយសារព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយការទទួលយកអំពើបាបទាំងនេះដាក់លើអង្គទ្រង់ ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ បន្ទាប់ពីបានទទួលបុណ្យជ្រមុជរបស់ទ្រង់ហើយ ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាងជំនួសយើង បានទទួលការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានធ្វើជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចសម្រាប់អស់អ្នកដែលជឿ។ 
ឥឡូវនេះ ព្រះអម្ចាស់នេះនឹងយាងត្រឡប់មកផែនដីនេះវិញ ទទួលយកមនុស្សដែលបានធ្វជាកូនក្រមុំរបស់ទ្រង់ ដោយសារជំនឿ ហើយគង់នៅជាមួយពួកគេជារៀងរហូតតទៅ។ អ្នកដែលបានធ្វើជាកូនក្រមុំរបស់ទ្រង់ នឹងរស់នៅជាមួយទ្រង់នៅលើផែនដីថ្មីមួយ ដែលជាព្រះពរប្រកបដោយសិរីល្អសម្រាប់កូនក្រមុំ។ ដូច្នេះ រាស្ត្រដែលបានសង្រ្គោះរបស់ព្រះនឹងថ្វាយសិរីល្អដល់ព្រះយេស៊ូវគ្រីស្ទ ដោយការសរសើរតម្កើងទ្រង់ជារៀងរហូតតទៅ។ មនុស្សទាំងនេះដែលរស់នៅក្រោមការសោយរាជ្យរបស់ព្រះ នឹងអរសប្បាយអស់កល្បជានិច្ច។ ហើយដោយសារសេចក្តីអំណរនេះ ពួកគេនឹងថ្វាយគ្រប់ទាំងសិរីល្អដល់កូនកម្លោះ។ 
មនុស្សជាតិទាំងមូលបាន និងកំពុងតែរង់ចាំព្រឹត្តិការណ៍ ចាប់តាំងពីការបង្កបង្កើតមកម៉្លេះ។ ព្រឹត្តិការណ៍នេះត្រូវបានបំពេញសម្រេច កាលណាព្រះយេស៊ូវយាងត្រឡប់មកវិញ លើកអស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយគង់នៅជាមួយពួកគេជារៀង រហូត។ ព្រះបានបង្កើតពិភពលោកថ្មីមួយ សម្រាប់មនុស្សជាតិ ហើយទ្រង់កំពុងតែរង់ចាំយើង។ យើងមានជីវិតរស់នៅសម្រាប់ព្រឹត្តិការណ៍នេះ ហើយដោយសារព្រឹត្តិការណ៍នេះ យើងបានកើតមកនៅលើផែនដីនេះ។ 
បទគម្ពីរមេប្រាប់យើងថា «ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ»។ ព្រះបានបំពាក់សំពត់ទេសយ៉ាងម៉ត់ និងស្អាតដល់អស់អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងន័យផ្សេង អ្នកដែលជឿតាមព្រះបន្ទូលនេះ បានទទួលការអត់ទោសបាប ហើយចិត្តរបស់ពួកគេបានប្រែជាសដូចព្រិល។
ដូច្នេះ កូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាមរយៈការស្តាប់ឮ និងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខណៈដែលកំពុងនៅលើផែនដីនេះ មនុស្សអាចបានកើតជាថ្មី ក្នុងនាមជាកូនក្រមុំរបស់ព្រះគ្រីស្ទ ហើយជំនឿនេះគឺជាអ្វីដែលធ្វើឲ្យអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងស្ថានសួគ៌។
 

អ្នកដែលរង់ចាំដោយសេចក្តីសង្ឃឹម

បទគម្ពីរមេប្រាប់យើងថា «មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ តើអ្នកដែលបានទទួលការអត់ទោសបាប គួរតែរស់នៅក្នុងជំនឿបែបណា? កូនក្រមុំដែលបានជួបជាមួយកូនកម្លោះយេស៊ូវរបស់ខ្លួន ហើយកំពុងតែរស់នៅក្នុងសិរីល្អ ត្រូវតែរស់នៅក្នុងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួន ដោយទន្ទឹងដល់ថ្ងៃនៃការជួបជុំរបស់ពួកគេជាមួយកូនកម្លោះ។ 
ខណៈដែលលោកិយនេះកាន់តែងងឹតទៅៗ នៅតែមានសេចក្តីសង្ឃឹមសម្រាប់កូនក្រមុំដែលបានសង្រ្គោះ។ សេចក្តីសង្ឃឹមនេះគឺជាការរង់ចាំថ្ងៃដែលព្រះយេស៊ូវនឹងយាងមកនាំពួកគេទៅជាមួយទ្រង់ ដើម្បីរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេ។ កូនកម្លោះនឹងប្រោសឲ្យកូនក្រមុំទាំងអស់របស់ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ។ ពិភពលោកដែលកូន កម្លោះ និងកូនក្រមុំត្រូវរស់នៅជារៀងរហូតតទៅ គឺជាកន្លែងមួយ ដែលមិនមានការអាក្រក់ មិនមានបាប និងមិនខ្វះអ្វីទាំងអស់។ កូនក្រមុំរង់ចាំតែថ្ងៃនោះមកដល់តែប៉ុណ្ណោះ។ ដូច្នេះហើយបានជាយើងដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង រស់នៅក្នុងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមដូច្នេះ។ 
កូនក្រមុំកំពុងតែរស់នៅក្នុងសម័យបច្ចុប្បន្ន ហើយក៏មានកំហុសខាងសាច់ឈាមជាច្រើនផងដែរ។ ប៉ុន្តែដូចដែល ១កូរិនថូស ១៣:១៣ ប្រាប់យើងថា «ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់» ដោយសារកូនកម្លោះបានស្រឡាញ់កូនក្រមុំរបស់ទ្រង់ ទ្រង់នឹងសម្អាតអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទទួលយកពួកគេធ្វើជាកូនក្រមុំគ្រប់លក្ខណ៍របស់ទ្រង់។ 
ផែនដីនេះកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់សេចក្តីវិនាសចុងក្រោយរបស់វាហើយ ហើយគ្មានសេចក្តីសង្ឃឹមនៅក្នុងវាឡើយ។ ប៉ុន្តែខណៈដែលគ្រប់យ៉ាងកំពុងតែឈានកាន់តែជិតដល់សេចក្តីវិនាស កូនក្រមុំត្រូវរស់នៅក្នុងជីវិតនៃសេចក្តីសង្ឃឹមពិសេសរបស់ខ្លួន។ ពេលវេលានៃការបំពេញសម្រេចនៃសេចក្តីសង្ឃឹមនេះជិតមកដល់យើងហើយ។ ឥឡូវនេះ លោកិយទាំងមូលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាក់បែកខ្ទេចខ្ទីរ ដោយសារការរញ្ជួយដីហើយ។ ថ្ងៃនោះជិតមកដល់ហើយ ដែលគ្រប់គ្នានៅលើផែនដីនេះនឹងរលាយបាត់ទៅ ដូចជាសត្វដាយណូស័រដែលផុតពូជនៅសម័យបុរាណ។ ក្នុងពេលមួយរំពេច ផែនដីនេះនឹងបាក់បែកទៅ។ 
ទោះបីយ៉ាងណា កូនក្រមុំទាំងអស់មានសេចក្តីសង្ឃឹម ពីព្រោះកាលណាពេលវេលាមកដល់ រូបកាយរបស់កូនក្រមុំនឹងផ្លាស់ប្រែទៅជារូបកាយគ្រប់លក្ខណ៍ ហើយពួកគេនឹងរស់នៅជារៀងរហូត ។ ជាមួយព្រះអម្ចាស់ ដែលបានធ្វើជាកូនកម្លោះរបស់ពួកគេ។ ដូច្នេះ កូនក្រមុំត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឲ្យកាន់តែស្មោះត្រង់ ទៅកាន់មនុស្សនៅសម័យនេះ។ 
 


ចូរយើងជឿតាមព្រះបន្ទូលពិតរបស់ព្រះ!


នៅក្នុង យ៉ូហាន ៣:៥ ព្រះយេស៊ូវប្រាប់យើងថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»។ ដូច្នេះ តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាអ្វី? ជាដំបូង ព្រះគម្ពីរប្រាប់យើងថា «ទឹក» សំដៅយ៉ាងច្បាស់លាស់ទៅកាន់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយជាគំរូពីសេចក្តីសង្រ្គោះ (១ពេត្រុស ៣:២១)។ 
កាលព្រះយេស៊ូវមានព្រះជន្ម៣០វស្សា ទ្រង់បានយាងទៅឯលោក យ៉ូហាន ដែលបាន និងកំពុងតែធ្វើបុណ្យជ្រមុជឲ្យបណ្តាជនអ៊ីស្រាអែលនៅទន្លេយ័រដាន់។ ព្រះយេស៊ូវប្រាប់យើងថា យ៉ូហានគឺជាតំណាងនៃមនុស្សជាតិ និងជាសម្តេចសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ តាមរយៈការជួបលោកយ៉ូហាន ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីគាត់ ដែលបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតនៃព្រះ (ម៉ាថាយ ៣:១៥; ១១:១១-១៤)។ ដូច្នេះ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល គឺជាដង្វាយដ៏អស់កល្បជានិច្ច ដែលធ្វើឲ្យអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គព្រះគ្រីស្ទ។
ការចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូវ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ បុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិត និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការយាង ត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់ សុទ្ធតែជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលណាមនុស្សម្នាក់ជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានដោះអំពើបាបទាំងអស់របស់គាត់ចេញតែម្តងជា សម្រេច តាមរយៈទឹក និងព្រះវិញ្ញាណ គាត់អាចបានធ្វើជាមនុស្សសុចរិតម្នាក់ បានរួចពីបាប ហើយបានធ្វើជាកូនក្រមុំរបស់ព្រះគ្រីស្ទបាន។ នេះមិនមែនជាអ្វីដែលគំនិតរបស់មនុស្សអាចសម្រេចបាននោះឡើយ ប៉ុន្តែវាចេញមកពីគំនិតរបស់ព្រះផ្ទាល់។ 
សេចក្តីពិតគឺថា ទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធគឺជា សមាសភាពចាំបាច់ទាំងបី សម្រាប់សេចក្តីសង្រ្គោះចេញពីបាបរបស់មនុស្សជាតិ ហើយគ្មានមួយណាអាចអវត្តមានបានឡើយ។ ព្រះគម្ពីរនិយាយអំពីចំណុចនេះយ៉ាងច្បាស់លាស់ និងជាក់លាក់ នៅក្នុង ១យ៉ូហាន ៥។ វាប្រាប់យើងថា ធាតុទាំងបីនេះ គឺទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធគឺតែមួយទេ ហើយថា សេចក្តីសង្រ្គោះចេញពីបាបរបស់យើងមិនអាចពេញលេញ និងមានការទទួលស្គាល់បានឡើយ បើសិនមួយណាអវត្តមាន។ 
កាលណាយើងដឹង និងជឿតាមសេចក្តីពិតថា សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ គឺត្រូវជឿលើធាតុទាំងបី៖ ទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធ យើងអាចយល់ និងទទួលយកសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដែលបានសង្រ្គោះយើងបាន ហើយដូច្នេះ ចិត្តរបស់យើងពិតជាអាចត្រឡប់ជាឥតបាបទាំងស្រុងបាន។ នៅក្នុង កិច្ចការ ២:៣៨ ព្រះគម្ពីរសន្យាជាមួយយើងថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ 
ដូច្នេះ តើព្រះបន្ទូលនេះគឺជាអ្វី ដែលជួយឲ្យយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ? នេះគឺជាព្រះបន្ទូលអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ទឹក) ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង (ព្រះលោហិត) និងភាពជាព្រះរបស់ទ្រង់ ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់ (ព្រះវិញ្ញាណបរិសុទ្ធ)។ ព្រះបន្ទូលនៃសេចក្តីសង្រ្គោះនេះ ពិតជាត្រូវបានទាយទុកនៅក្នុងកណ្ឌគម្ពីររបស់លោកម៉ូសេ និងពួកហោរាផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយត្រូវបានបំពេញសម្រេច និងធ្វើបន្ទាល់នៅក្នុងកណ្ឌដំណឹងល្អទាំងបួននៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយ «សេចក្តីសង្រ្គោះនៃការធួននឹងបាបដ៏អស់កល្ប ជានិច្ចបានសម្រេចតែម្តងជាសម្រេច» ដែលត្រូវបានពន្យល់យ៉ាងលម្អិតនៅក្នុងកណ្ឌគម្ពីរហេព្រើរ ធ្វើបន្ទាល់ជាច្រើនដងពីសេចក្តីសុចរិតរបស់ព្រះ ដែលយើងបានទទួល តាមរយៈជំនឿរបស់យើង។ 
ទោះបីជាមនុស្សគ្រប់គ្នានៅក្នុងលោកិយដែលពេញដោយបាបនេះ កំពុងតែមានជីវិតខាងសាច់ឈាម ដែលខ្វះមិនដល់សិរីល្អនៃព្រះក៏ដោយ ក៏ពួកគេត្រូវតែទទួលបានការអត់ទោសបាប ដែលព្រះប្រទានឲ្យ ហើយរស់នៅក្នុងជីវិតដែលមានសេចក្តីសង្ឃឹមសម្រាប់ស្ថានសួគ៌ដែរ។ នេះគឺជាអំណោយទាននៃព្រះ ដែលទ្រង់បានប្រទានឲ្យមនុស្សជាតិ។ យើងទាំងអស់គ្នាត្រូវតែទទួលបានព្រះគុណនេះ ដែលទ្រង់បានប្រទានឲ្យយើង ដោយឥតគិតថ្លៃ។ សេចក្តីសង្ឃឹមពិតប្រាកដរបស់យើង គឺត្រូវជឿតាមព្រះបន្ទូលថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ បង្កើតនគរថ្មីរបស់ទ្រង់ និងរស់នៅក្នុងនគរនេះ។ យើងត្រូវតែរស់នៅក្នុងសេចក្តីសង្ឃឹមនេះ ហើយនេះគឺជាអ្វីដែលខ្ញុំជឿយ៉ាងខ្លាំងបំផុត។ 
តើអ្នកដឹងថា បាបបានសាយភាពយ៉ាងណានៅក្នុងលោកិយនេះដែរទេ? ដោយប្រៀបនឹងសម័យទឹកជំនន់របស់លោកណូអេ អំពើបាបនៅសម័យនេះមានការសាយភាយខ្លាំងជាងឆ្ងាយណាស់។ នៅសម័យលោកណូអេ ដោយសារទតឃើញគំនិតរបស់មនុស្សតែងតែអាក្រក់ជានិច្ច ព្រះបានសម្រេចព្រះទ័យបំផ្លាញផែនដីនេះចោល ដោយសារទឹកជំនន់ បានប្រាប់លោកណូអេឲ្យធ្វើទូកធំមួយ ហើយបានសង្រ្គោះអស់អ្នកដែលបានចូលទៅក្នុងទូកធំនេះ ដោយជំនឿតាមព្រះបន្ទូលរបស់ទ្រង់។ 
ទោះបីជាព្រះបានមានបន្ទូលថា ទ្រង់ពិតជានឹងជំនុំជម្រះផែនដីនេះ ដោយទឹកក៏ដោយ ក៏មានគ្រួសារដែលមានគ្នាប្រាំបីនាក់របស់លោកណូអេបានជឿតាមព្រះបន្ទូលរបស់ទ្រង់ដែរ។ ដូច្នេះ ពួកគេបានធ្វើទូកធំមួយ ដោយប្រើពេលមួយរយឆ្នាំ ហើយបានចូលទៅក្នុងទូកនោះ ដើម្បីគេចពីទឹកជំនន់។ នៅពេលពួកគេបានធ្វើដូច្នេះ ព្រះបានចាប់ផ្តើមនាំការជំនុំជម្រះរបស់ទ្រង់មកលើផែនដីនេះ។ មេឃបានប្រែជាងងឹងមួយរំពេច ហើយភ្លៀងដ៏ធំបានចាប់ផ្តើមធ្លាក់ចុះមក។ ប្រហែលជារយៈពេលមួយម៉ោង ទឹកជំនន់ឡើងខ្ពស់ដល់ផ្ទះជាន់ទីបី។ ដូច្នេះ មានភ្លៀងធ្លាក់រយៈពេល៤០ថ្ងៃ ដែលបានពន្លិចផែនដីទាំងមូលចុះទៅក្នុងទឹក។ 
ដូចដែលលោកណូអេ និងគ្រួសាររបស់គាត់បានចូលទៅក្នុងទូកធំ ដោយជឿថា ពិភពលោកថ្មីមួយហៀបនឹងលេចមក អ្នក និងខ្ញុំក៏ត្រូវតែរស់នៅក្នុងសម័យនេះ ដោយសេចក្តីសង្ឃឹមដែរ។ ហើយដូចដែលពួកគេអាចសាងសង់ទូកធំក្នុងរយៈពេលមួយរយឆ្នាំ ដោយសារពួកគេបានជឿលើព្រះ ខ្ញុំជឿថា យើងក៏ត្រូវតែស៊ូទ្រាំ និងប្រកាសដំណឹងល្អផងដែរ។ ព្រះបានប្រាប់លោកណូអេថា «ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ» (លោកុប្បត្តិ ៦:១៤)។ ព្រះបន្ទូលនេះប្រាប់យើងថា «ដើម្បីការពារជំនឿរបស់យើងបាន» ជាដំបូង យើងត្រូវតែលះបង់ខ្លួនយើងសម្រាប់ព្រះអម្ចាស់ ហើយប្រកាសដំណឹងល្អ។ 
អ្នកដែលបានកើតជាថ្មី មានសេចក្តីសង្ឃឹម ប៉ុន្តែអ្នកដែលមិនជឿតាមដំណឹងល្អ មិនមានសេចក្តីសង្ឃឹមឡើយ។ ពួកគេមានតែសេចក្តីអស់សង្ឃឹមប៉ុណ្ណោះ។ ទោះបីជាមនុស្សជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿក៏ដោយ យើងត្រូវតែប្រកាសវាទៅកាន់ពួកគេ ដោយ ជំនឿ។ សម័យនេះគឺជាពេលវេលាដែលមនុស្សត្រូវតែជឿតាមដំណឹងល្អពិតឲ្យបានឆាប់រហ័ស។ អ្នកដែលជឿតាមដំណឹងល្អដែលយើងប្រកាស នឹងទទួលបានសុភមង្គល ប៉ុន្តែអ្នកដែលមិនជឿ នឹងត្រូវបណ្តាសាវិញ។ អ្នកដែលមិនជឿតាមដំណឹងល្អ គឺជាមនុស្សចំកួត ដែលនឹងទទួលបានការជំនុំជម្រះរបស់ព្រះ ហើយធ្លាក់ទៅក្នុងស្ថាននរក។ 
ចូរកុំបាត់បង់សេចក្តីសង្ឃឹមរបស់អ្នកឲ្យសោះ។ បើសិនមនុស្សសុចរិតបាត់បង់សេចក្តីសង្ឃឹមរបស់ពួកគេ មានតែសេចក្តីស្លាប់ប៉ុណ្ណោះ ដែលរង់ចាំពួកគេ។ បើសិនយើងគ្មានសង្ឃឹមទេ យើងក៏នឹងគ្មានបំណងចិត្ត ឬចំណាប់អារម្មណ៍ ឬហេតុផលត្រូវបន្តរស់នៅទៀតដែរ។ ដូច្នេះ ចូរយើងរស់នៅដោយមានសេចក្តីសង្ឃឹម។
នៅសព្វថ្ងៃនេះ អ្នកដែលជឿព្រះ និងបានកើតជាថ្មី គឺជាមនុស្សមានសុភមង្គលពិតប្រាកដហើយ។ សម្រាប់មនុស្សជាតិ សេចក្តីសង្ឃឹមតែមួយគត់ គឺត្រូវទទួលបានការអត់ទោសបាប ដើម្បីទទួលបានព្រះវិញ្ញាណ បរិសុទ្ធ។ កាលណាមនុស្សទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ពួកគេអាចមានសង្ឃឹម ហើយរស់នៅយ៉ាងសប្បាយរីករាយជារៀងរហូតបាន ប៉ុន្តែបើមិនដូច្នេះទេ មានតែសេចក្តីវិនាសប៉ុណ្ណោះ ដែលនឹងរង់ចាំពួកគេ ពីព្រោះពួកគេមិនទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ 
ដោយសារខ្ញុំបានទទួលការអត់ទោស សម្រាប់អំពើបាបទាំងអស់របស់ខ្ញុំ ខ្ញុំអាចរស់នៅក្នុងលោកិយសព្វថ្ងៃនេះ ដោយសេចក្តីសង្ឃឹមបាន។ ដូច្នេះ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកក៏នឹងរស់នៅក្នុងជីវិតនៃសេចក្តីសង្ឃឹមនេះដែរ។ ខ្ញុំសូមអធិស្ឋានថា អ្នកនឹងមិនពាក់ព័ន្ធនឹងគំនិតឥតប្រយោជន៍របស់លោកិយនេះទេ ប៉ុន្តែរស់នៅក្នុងនាមជាកូនក្រមុំដែលមានប្រាជ្ញា ដែលស្រឡាញ់បងប្អូនប្រុសស្រីសុចរិតរបស់ខ្លួន ជួយពួកគេឲ្យឈរយ៉ាងរឹងមាំនៅក្នុងព្រះគ្រីស្ទ មិនបាត់បង់ជំនឿ រង់ចាំកូនកម្លោះ ហើយជួបជាមួយទ្រង់ កាលណាទ្រង់យាងមកយកអ្នកទៅជាមួយទ្រង់។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់ជួយឲ្យយើងអាចរស់នៅក្នុងសិរីល្អរបស់ទ្រង់បាន។