Search

佈道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 14-2] តើពួកបរិសុទ្ធគួរតែប្រតិកម្មយ៉ាងដូចម្តេចចំពោះការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ? (វិវរណៈ ១៤:១-២០)

តើពួកបរិសុទ្ធគួរតែប្រតិកម្មយ៉ាងដូចម្តេចចំពោះការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ?
(វិវរណៈ ១៤:១-២០)

ដើម្បីយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ នៅពេលវាលេចមកនៅពេលអនាគតដ៏ខ្លី ពួកបរិសុទ្ធត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទុក្ករកម្ម ដោយជំនឿនៅក្នុងព្រះអម្ចាស់។ ហើយដើម្បីធ្វើដូច្នេះ ពួកគេត្រូវតែដឹងច្បាស់អំពីគម្រោងការអាក្រក់ ដែលអាទទឹងនឹងព្រះគ្រីស្ទនឹងនាំមកលើផែនដីនេះ។ 
មូលហេតុដែលវាព្យាយាមបំផ្លាញជំនឿរបស់គ្រីស្ទបរិស័ទគឺថា តាម រយៈការទាស់ប្រឆាំងនឹងព្រះ និងការបំផ្លាញជំនឿរបស់មនុស្សសុចរិត វារារាំងមនុស្សពីការទទួលបានការអត់ទោសបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អាទទឹងនឹងព្រះគ្រីស្ទនឹងយកមនុស្សធ្វើបាវបម្រើរបស់វា ហើយធ្វើឲ្យពួកគេទាស់ប្រឆាំងនឹងព្រះ។ ដូច្នេះហើយបានជាអាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា ដែលបន្តរស់នៅលើផែនដីនេះ ទទួលបានទណ្ឌកម្ម និងគ្រោះកាច។ 
មនុស្សសុចរិតត្រូវតែរស់នៅក្នុងជីវិតនៃជំនឿ ជាមួយនឹងការយល់ដឹងច្បាស់លាស់អំពីគ្រោះកាចនៃចានទាំង៧ ដែលព្រះនឹងចាក់មកលើពួកខ្មាំងសត្រូវរបស់ពួកគេ។ ដូចដែលព្រះមានបន្ទូលនៅក្នុង ចោទិយកថា ៣២:៣៥ ថា «គឺសេចក្តីសងសឹក និងសេចក្តីសងគុណ នោះស្រេចនៅអញក្នុងកាលដែលជើងគេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយ នោះជិតមកដល់ ហើយការដែលត្រូវមកលើគេក៏មកជាឆាប់ផង» ទ្រង់នឹងសងសឹកពួកវាសម្រាប់ការស្លាប់របស់កូនៗរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែការពារជំនឿរបស់យើង ហើយរស់នៅក្នុងជីវិតនៃជ័យជំនះ ជាជាងអនុញ្ញាតឲ្យកំហិងរបស់យើងគ្រប់គ្រងលើយើង ហើយធ្វើការងារឥតផលផ្លែរបស់វា។ ដោយជឿលើការពិតថា ព្រះនឹងបំផ្លាញអស់អ្នកដែលរស់នៅលើផែនដីនេះ បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ពួកបរិសុទ្ធត្រូវតែតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ។ 
 


ព្រះបន្ទូលអំពីសេចក្តីពិតដែលយើងមិនត្រូវភ្លេច


អ្វីដែលអ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួនត្រូវតែចងចាំគឺថា មានតែពួកបរិសុទ្ធដែលឥតបាបទេ ដែលនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ បន្ទាប់ពីត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់។ កាលណាថ្ងៃដែលអាទទឹងនឹងព្រះ គ្រីស្ទលេចមក និងទុក្ករកម្មរបស់ពួកបរិសុទ្ធមកដល់ យើងមិនត្រូវភ្លេចថា សេចក្តីសន្យាទាំងអស់របស់ព្រះនឹងត្រូវបានបំពេញសម្រេចទាំងអស់។ 
ចាប់ពីខ.១៤ទៅ ព្រះបន្ទូលនៅក្នុងជំពូក១៤បង្រៀនយើងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើង ចំពោះពួកបរិសុទ្ធ ហើយថា ពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌គឺភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកគេ។
យើងមិនត្រូវភ្លេចថា ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់យើងនឹងកើតឡើង បន្ទាប់ពីសាតាំងបង្ខំឲ្យមនុស្សទទួលយកសញ្ញារបស់វា។ សម្រាប់មនុស្សសុចរិតដែលត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ ព្រះពរនៃការរស់ពីស្លាប់ឡើងវិញលើកទីមួយ និងការលើកឡើងទៅស្ថានសួគ៌រង់ចាំពួកគេ។ នៅពេលនេះ មនុស្សសុចរិតនឹងស៊ូធ្វើទុក្ករកម្មបរិសុទ្ធរបស់ពួកគេ ដើម្បីការពារជំនឿរបស់ពួកគេ ពីព្រោះពួកគេនឹងបដិសេធមិនទទួលយកសញ្ញារបស់សាតាំង។ ដូច្នេះ មនុស្សសុចរិតដែលត្រូវបានសម្លាប់ នឹងទទួលបានរង្វាន់របស់ខ្លួន តាមការងារបស់ខ្លួននៅលើផែនដីនេះ ហើយព្រះនឹងបន្ថែមសិរីល្អរបស់ទ្រង់ដល់ពួកគេទៀត។ 
ចូរកុំកាន់ទុក្ខ ឬខឹងសម្បារ នៅពេលអ្នកមើលឃើញថា ពួកបរិសុទ្ធ ឬអ្នកបម្រើរបស់ព្រះដែលជិតស្និទ្ធនឹងអ្នក ត្រូវបានគេសម្លាប់ ដើម្បីការពារជំនឿរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកបរិសុទ្ធទាំងអស់ត្រូវតែអរព្រះគុណដល់ព្រះ ហើយថ្វាយសិរីល្អដល់ទ្រង់ សម្រាប់ការអនុញ្ញាតឲ្យពួកគេធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេ ពីព្រោះភ្លាមៗបន្ទាប់ពីនោះ ពួកគេនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញនៅក្នុងរូបកាយបរិសុទ្ធ ហើយត្រូវបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌។ 
 


តើអ្វីគឺជាគ្រោះកាចនៃចានទាំង៧ដែលត្រៀមសម្រាប់អ្នកដែលទាស់ប្រឆាំងនឹងព្រះ?


ខ.១៩និយាយថា «ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្តីក្រោធនៃព្រះ»។ អស់អ្នកដែលតែងតែទាស់ប្រឆាំងនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ត្រូវទទួលគ្រោះកាចដ៏សាហាវពីព្រះ បន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ពីព្រោះខណៈដែលពួកគេនៅលើផែនដីនេះ ពួកគេបានបដិសេធមិនយកនៅក្នុងចិត្តនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់ប្រទានឲ្យ ប៉ុន្តែបែរជាទាស់ប្រឆាំងនឹងដំណឹងល្អនេះវិញ។ ពួកគេគឺជាពួកខ្មាំងសត្រូវរបស់ព្រះ ពីព្រោះពួកគេមិនជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានយាងមក ដោយព្រលោហិត និងទឹក ដើម្បីសង្រ្គោះពួកគេចេញពីបាបទេ។ ពួកគេមិនគ្រាន់តែត្រូវទទួលគ្រោះកាចនៃចានទាំង៧ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវតែទទួលគ្រោះកាចនៃទណ្ឌកម្មដ៏គួរឲ្យខ្លាចនៅក្នុងស្ថាននរកដ៏អស់កល្បជានិច្ចផងដែរ។ 
ទាំងនេះគឺជាគ្រោះកាចដែលព្រះនឹងទម្លាក់មកលើអស់អ្នកដែលមិនត្រូវបានលើកឡើងទៅស្ថានសួគ៌។ បន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ព្រះនឹងចាក់គ្រោះកាចនៃចានទាំង៧ ដែលទ្រង់បានត្រៀមសម្រាប់អស់អ្នកដែលមិនត្រូវបានលើកឡើងទៅស្ថានសួគ៌ នៅបន្តនៅលើផែនដីនេះក្នុងនាមជាបាវបម្រើរបស់សាតាំង និងបន្តប្រមាថសិរីល្អរបស់ព្រះ។ 
ដូច្នេះ ហេតុអ្វីព្រះនឹងអនុញ្ញាតឲ្យមនុស្សសុចរិតធ្វើទុក្ករកម្ម? ពីព្រោះបើសិនមនុស្សសុចរិតបន្តនៅលើផែនដីនេះជាអស់អ្នកដែលមិនបានកើតជាថ្មីទៀត ទ្រង់នឹងមិនអាចចាក់គ្រោះកាចនៃចានទាំង៧នៅថ្ងៃចុងក្រោយបានឡើយ។ ហើយដោយសារព្រះស្រឡាញ់មនុស្សសុចរិត ទ្រង់អនុញ្ញាតឲ្យពួកគេត្រូវស្លាប់ដោយព្រោះជំនឿ ដើម្បីឲ្យពួកគេអាចចូលរួមនៅក្នុងសិរីល្អរបស់ទ្រង់បាន។ នេះគឺមូលហេតុដែលព្រះនឹងអនុញ្ញាតឲ្យមនុស្សសុចរិតត្រូវស្លាប់ដោយព្រោះជំនឿ មុនពេលទ្រង់ចាក់គ្រោះកាចនៃចានទាំង៧មក។ ហើយបន្ទាប់ពីប្រោសមនុស្សសុចរិតដែលបានស្លាប់ដោយព្រោះជំនឿឲ្យរស់ពីស្លាប់ឡើងវិញ និងលើកពួកគេឡើងទៅស្ថានសួគ៌ ទ្រង់នឹងចាក់គ្រោះកាចទាំងនេះដោយសេរីមកលើផែនដីនេះ។ គ្រោះកាចនៃចានទាំង៧នេះគឺជាគ្រោះកាចចុងក្រោយ ដែលព្រះនឹងទម្លាក់មកលើមនុស្សជាតិដែលនៅលើផែនដីនេះ។ 
 

នគររាជ្យមួយពាន់ឆ្នាំ និងសិទ្ធិអំណាចរបស់ពួកបរិសុទ្ធ

គ្រានគររាជ្យមួយពាន់ឆ្នាំនឹងចាប់ផ្តើម កាលណាព្រះម្ចាស់ រួមជាមួយពួកបរិសុទ្ធរបស់ទ្រង់ យាងចុះមកផែនដីនេះម្តងទៀត។ ម៉ាថាយ ៥:៥ ប្រាប់យើងថា «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក»។ កាលណាព្រះអម្ចាស់យាងត្រឡប់មកផែនដីនេះវិញជាមួយពួកបរិសុទ្ធ ព្រះបន្ទូលនៅក្នុង ទំនុកដំកើង ៣៧:២៩ ដែលថា «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច» និងត្រូវបានបំពេញសម្រេចទាំងអស់។ 
ដូច្នេះ កាលណាព្រះអម្ចាស់យាងចុះមកផែនដីនេះ ជាមួយពួកបរិសុទ្ធ ទ្រង់នឹងប្រទានសិទ្ធិអំណាចដល់ពួកគេ ដើម្បីយកផែនដីនេះជាកម្មសិទ្ធិរបស់ពួកគេ។ នៅពេលនេះ ទ្រង់នឹងប្រទានសិទ្ធិអំណាចដល់ពួកគេឲ្យសោយរាជ្យលើទីក្រុងដប់ និងទីក្រុងប្រាំផ្សេងទៀត។ កាលណាព្រះ អម្ចាស់យាងមកវិញ ទ្រង់នឹងកែផែនដីនេះ និងគ្រប់យ៉ាងនៅក្នុងវាជាថ្មីឡើងវិញ ហើយអនុញ្ញាតឲ្យពួកបរិសុទ្ធសោយរាជ្យលើផែនដីនេះជាមួយទ្រង់ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 
ដូច្នេះ តើមនុស្សសុចរិតនៅសម័យនេះត្រូវតែរស់នៅក្នុងសង្ឃឹមបែបណា? ពួកគេត្រូវតេរស់នៅ ដោយសង្ឃឹមសម្រាប់ថ្ងៃនៃនគររបស់ព្រះ គ្រីស្ទត្រូវបានសាងសង់នៅលើផែនដីនេះ។ កាលណានគររបស់ព្រះ អម្ចាស់មកដល់ផែនដីនេះ នឹងមានពេញដោយសន្តិភាព អំណរ និងព្រះពរដែលហូរចេញពីរាជ្យរបស់ទ្រង់មក។ ដោយរស់នៅក្រោមរាជ្យរបស់ព្រះអម្ចាស់ យើងនឹងមិនខ្វះអ្វីសោះឡើយ ប៉ុន្តែយើងតែងតែរស់នៅក្នុងភាពគ្រប់លក្ខណ៍ និងភាពបរិបូររបស់ទ្រង់ជានិច្ច។
កាលណានគររបស់ព្រះអម្ចាស់មកដល់ផែនដីនេះ ក្តីសុបិន្ត និង សេចក្តីសង្ឃឹមទាំងអស់របស់មនុស្សសុចរិតនឹងត្រូវបានសម្រេច។ ហើយបន្ទាប់បានរស់នៅលើផែនដីនេះសម្រាប់រយៈពេលមួយពាន់ឆ្នាំ មនុស្សសុចរិតនឹងចូលទៅក្នុងនគរស្ថានសួគ៌ ប៉ុន្តែអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ នឹងធ្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រអស់កល្បជានិច្ច។
ដូច្នេះ មនុស្សសុចរិតត្រូវតែរស់នៅក្នុងសេចក្តីសង្ឃឹម ដែលរង់ចាំថ្ងៃនៃព្រះអម្ចាស់មកដល់។ មនុស្សសុចរិតទាំងអស់មិនត្រូវភ្លេចថា ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចគឺជារបស់ពួកគេ។ ដូច្នេះ ចូររក្សាទុកនៅក្នុងចិត្តរបស់អ្នកនូវព្រះបន្ទូលអំពីសេចក្តីពិត និងសេចក្តីសង្ឃឹមនេះ ដែលអ្នកបានស្តាប់ឮកន្លងមកហើយ ហើយប្រកាន់តាមយ៉ាងខ្ជាប់ខ្ជួនចុះ។ 
រហូតដល់ថ្ងៃនៃការយាងមកវិញរបស់ព្រះអម្ចាស់ មនុស្សសុចរិតនឹងរស់នៅ ដោយប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយដាក់ សេចក្តីសង្ឃឹមទៅលើនគរស្ថានសួគ៌។ មនុស្សសុចរិតមានសិទ្ធិអំណាចរស់នៅជារៀងរហូតនៅក្នុងនគររបស់ព្រះ ហើយមានសិទ្ធិអំណាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅលើផែនដីនេះ។ 
 

តើពួកបរិសុទ្ធត្រូវតែធ្វើអ្វីក្នុងសម័យនៃសេចក្តីងងឹតនេះ?

ច្បាស់ណាស់ថា សម័យនេះគឺជាសម័យនៃសេចក្តីងងឹត ហើយថា មនុស្សកាន់តែពិបាកទៅៗ ក្នុងការរស់នៅក្នុងលោកិយនេះ។ ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកមនុស្សមានបាប និងផ្តល់ចំណីដល់ពួកគេ។ នៅពេញលោកិយនេះ មនុស្សសុចរិតត្រូវតែចែកចាយសេចក្តីស្រឡាញ់របស់ព្រះ និងការអត់ទោសបាបរបស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ នេះហើយគឺជាអ្វីដែលមនុស្សសុចរិតត្រូវតែធ្វើនៅពេលនេះ។ 
បើសិនពួកគេបាត់បង់ឱកាសនៅពេលនេះ ពួកគេនឹងលែងមាន ឱកាសទៀតហើយ។ ដោយសារចុងបញ្ចប់នៃលោកិយនេះជិតមកដល់ យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឲ្យបានកាន់តែខ្លាំងឡើង ហើយឲ្យចំណីដល់ព្រលឹងដែលបាត់បង់ ដោយក្តីសង្ឃឹមសម្រាប់នគររបស់ព្រះ។ នេះគឺជាការល្អដែលមនុស្សសុចរិតគួរតែធ្វើ។ 
នៅក្នុងលោកិយបច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមិនជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អះអាងថា ខ្លួនជឿលើព្រះយេស៊ូវ ហើយរស់នៅ និងបម្រើព្រះអម្ចាស់។ ប៉ុន្តែអស់អ្នកដែលមានជីវិតបែបសាសនា ដោយមិនមានសេចក្តីពិត គឺជាពួកហោរាក្លែងក្លាយ។ អ្នកកុហកទាំងនេះគឺជាអ្នកបោកបញ្ឆោត ដែលបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកជឿនៅក្នុងព្រះនាមព្រះយេស៊ូវ។ 
ដូច្នេះ យើងអាណិតអស់អ្នកដែលព្យាយាមរស់នៅក្នុងជីវិតនៃជំនឿ តែបានចាញ់បោកពួកហោរាក្លែងក្លាយទៅវិញ។ ដោយរស់នៅក្នុងជីវិតនៃជំនឿ ដោយមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គ្រីស្ទបរិស័ទក្លែងក្លាយទាំងនេះនៅតែជាមនុស្សមានបាប ហើយបន្តរស់នៅក្រោមបណ្តាសានៃក្រិត្យវិន័យរបស់ព្រះដដែល ទោះបើពួកគេអះអាងថា ពួកគេជឿព្រះយេស៊ូវក៏ដោយ។ ពួកគេតែងតែរស់នៅក្នុងបាប មិនស្គាល់ការពិតថា បើសិនពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អំពើបាបទាំងអស់នៅក្នុងចិត្តរបស់ពួកគេនឹងរលាយបាត់ ហើយធ្វើឲ្យពួកគេបានសដូចជាព្រិល ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់នៅក្នុងចិត្តរបស់ពួកគេ។ 
ប៉ុន្តែផ្ទុយទៅវិញ អ្នកបម្រើរបស់ព្រះដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រស់នៅក្នុងសេចក្តីសុខសាន្ត។ អ្នកបម្រើរបស់ព្រះ និងរាស្ត្ររបស់ទ្រង់មានអំណរនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេធ្វើបន្ទាល់ថា «តាមរយៈការផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន និងតាមរយៈការទទួលកាត់ទោសសម្រាប់អំពើបាបទាំងនេះ នៅលើឈើឆ្កាង ព្រះអម្ចាស់យេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ចេញ។ នៅពេលខ្ញុំបានជឿលើសេចក្តីសង្រ្កោះនៃការធួននឹងបាបនេះ អំពើបាបទាំងអស់របស់ខ្ញុំដែលបានធ្វើឲ្យខ្ញុំធ្លាក់ចុះយ៉ាងខ្លាំង បានរលាយបាត់។ ឥឡូវនេះ ខ្ញុំបានធ្វើជាមនុស្សសុចរិតហើយ»។
តាមរយៈសេចក្តីបន្ទាល់នេះ ពួកបរិសុទ្ធនៅក្នុងពួកជំនុំរបស់ព្រះកំពុងតែថ្វាយសិរីល្អដល់ព្រះ។ អស់អ្នកដែលមានជំនឿនេះ អាចមានសង្ឃឹមសម្រាប់ស្ថានសួគ៌បាន។ 
 

ការរស់ពីស្លាប់ឡើងវិញលើកទីមួយត្រៀមសម្រាប់ ពួកបរិសុទ្ធ

ក្នុងពេលបន្តិចទៀត ព្រះអម្ចាស់នឹងយាងមកត្រឡប់មកផែនដីនេះវិញហើយ។ ក្នុងពេលអនាគតដ៏ខ្លី មនុស្សម្នាក់នឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ នឹងលេចមក ហើយបោះត្រានៅលើដៃស្តាំ ឬថ្ងាសរបស់មនុស្សជាច្រើន ដោយសញ្ញារបស់វា។ កាលណាពេលវេលានេះមកដល់ អ្នកគួរតែដឹងថា ការយាងមកលើកទីពីររបស់ព្រះអម្ចាស់ ក៏ដូចជាទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេកំពុងតែជិតកើតឡើងហើយ។ កាលណាថ្ងៃ និងម៉ោងនោះមកដល់ អ្នកគួរតែដឹងថា វាគឺជាថ្ងៃនៃសេចក្តីអំណរសម្រាប់ពួកបរិសុទ្ធ ប៉ុន្តែសម្រាប់ពួកមនុស្សមានបាបដែលមិនបានកើតជាថ្មីវិញ វាគឺជាថ្ងៃជំនុំជម្រះបាបរបស់ពួកគេ។ 
បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ពួកបរិសុទ្ធទាំងអស់ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយបន្ទាប់មក ចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀមជាមួយព្រះអម្ចាស់។ កាលណាអ្នក និងខ្ញុំត្រូវស្លាប់ដោយព្រោះជំនឿនៅពេលនេះ រូបកាយរបស់យើងនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ភ្លាមៗ។ មិនជាបញ្ហាទេ ទោះបើមានរឿងអ្វីបានកើតឡើងចំពោះរូបកាយរបស់ពួកបរិសុទ្ធដែលបានស្លាប់មុនយើង ទោះបើក្លាយជាធូលីដី ឬលែងមានទម្រង់ហើយក៏ដោយ។ កាលណាពេលវេលានេះមកដល់ ពួកបរិសុទ្ធនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ មិននៅក្នុងរូបកាយខ្សោយទេ ប៉ុន្តែរូបកាយគ្រប់លក្ខណ៍។ នៅពេលនេះ មនុស្សសុចរិតនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញនៅក្នុងរូបកាយបរិសុទ្ធ ហើយរស់នៅជាមួយព្រះអម្ចាស់ជារៀងរហូត។ 
សូម្បីពេលវេលានៃការរងទុក្ខរង់ចាំយើង កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមក និងបៀតបៀនយើងក៏ដោយ ក៏យើងត្រូវតែការពារជំនឿរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដោយការជឿតាមព្រះបន្ទូលព្រះដែលយើងបានស្តាប់នៅពេលឥឡូវនេះ។ ហើយយើងក៏មិនត្រូវភ្លេចដែរថា ដោយសារអ្នក និងខ្ញុំបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នានឹងចូលរួមនៅក្នុងទុក្ករកម្មរបស់ពួកបរិសុទ្ធ ការរស់ពីស្លាប់ឡើងវិញលើកទីមួយ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ។ 
ឥឡូវនេះ អ្នកមិនត្រូវដាច់ចេញពីជំនឿរបស់អ្នកតាមសេចក្តីពិតនេះឡើយ ប៉ុន្តែរស់នៅក្នុងជីវិតមួយ ដែលតយុទ្ធ និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ។ រហូតដល់ថ្ងៃនេះមកដល់ យើងត្រូវរួបរួមជាមួយអស់អ្នកដែលបានសង្រ្គោះមុនយើង ដោយការជឿតាមសេចក្តីពិត ប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ ហើយដើរតាមព្រះអម្ចាស់ ដោយជំនឿ។ 
 

សូម្បីតែឥឡូវនេះ មានអ្នកកុហកជាច្រើន ដែលកំពុងតែបោកបញ្ឆោតមនុស្ស

សូម្បីតែឥឡូវនេះ មនុស្សយ៉ាងច្រើនរាប់មិនអស់ដែលជាបាវបម្រើរបស់សាតាំង កំពុងតែបង្រៀនជំនឿខុសឆ្គង។ ជាពិសេស មានអ្នកកុហកជាច្រើន ដែលគាំទ្រ និងបង្រៀនគោលលទ្ធិអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មុនពេលសេចក្តីវេទនាដ៏ធំទៅកាន់ក្រុមជំនុំរបស់ពួកគេ ដោយព្យាយាមធ្វើឲ្យពួកគេជឿថា ពួកគេគ្មានអ្វីត្រូវធ្វើជាមួយសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំឡើយ។ 
ផ្ទុយទៅវិញ ព្រះគម្ពីរធ្វើបន្ទាល់យ៉ាងច្បាស់លាស់មកកាន់យើងថា ទុក្ករកម្ម និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធនឹងកើតឡើង បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំតែបន្តិចទេ។ ដូច្នេះ ចូរយើងុំចាញ់បោកពួកពួកកុហកឲ្យសោះ។ ប៉ុន្តែចូរយើងដឹង និងជឿថា កាលណាពីរយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំកន្លងផុតពីយើង យើងទាំងអស់គ្នានឹងត្រូវធ្វើទុក្ករកម្ម ហើយភ្លាមៗបន្ទាប់ពីនោះ យើងនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌។ 
ដូច្នេះ អ្នកត្រូវតែនៅឲ្យឆ្ងាយពីពួកហោរាក្លែងក្លាយ ដែលបង្រៀនថា ពួកគេគ្មានអ្វីត្រូវធ្វើជាមួយសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នំឡើយ។ ពួកបរិសុទ្ធជឿថា ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ និងពិធីមង្គលការរបស់កូនចៀមនឹងកើតឡើង បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំតែបន្តិចទេ។ 
 

ដូច្នេះ ឥឡូវនេះ តើយើងគួរតែរស់នៅយ៉ាងដូចម្តេច?

ឥឡូវនេះ អ្នកគួរតែបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់នៅក្នុងចិត្តរបស់អ្នកជឿ ទុកជាអំណោយទាន បើសិនគាត់ជឿ និងទទួលយកព្រះអម្ចាស់ជាព្រះអង្គសង្រ្គោះរបស់ខ្លួន ដែលទ្រង់បានយាងមកផែនដីនេះ បានផ្ទុកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
អ្នកត្រូវតែស្តាប់ដោយត្រចៀក និងជឿដោយចិត្តលើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់អ្នក តាមរយៈពួកជំនុំរបស់ព្រះ ហើយរស់នៅក្នុងជំនឿរបស់អ្នកលើព្រះ។ ពួកបរិសុទ្ធទាំងអស់ត្រូវតែរស់នៅក្នុងជីវិតនៃជំនឿ ដែលដឹកនាំដោយពួកជំនុំរបស់ព្រះ។ បើសិននៅម្នាក់ឯង គ្មានអ្នកណាម្នាក់អាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬរក្សាវា ឬបម្រើវាបានឡើយ។ ដូច្នេះហើយបានជាពួកជំនុំរបស់ព្រះមាន សារៈសំខាន់សម្រាប់ពួកបរិសុទ្ធដែលបានកើតជាថ្មី។ 
ដូច្នេះ ព្រះបានបង្កើតពួកជំនុំរបស់ទ្រង់ និងបានតាំងពួកអ្នកបម្រើរបស់ទ្រង់នៅលើផែនដីនេះ ហើយតាមរយៈពួកគេ ទ្រង់កំពុងតែឲ្យចំណីដល់កូនចៀមរបស់ទ្រង់។ ព្រះរាជកិច្ចរបស់ព្រះកាន់តែសំខាន់ និងមានតម្លៃ ខណៈដែលថ្ងៃចុងក្រោយកាន់តែជិតមកដល់យើង ហើយដូច្នេះ ខ្ញុំអធិស្ឋាន និងសង្ឃឹមថា អ្នកនឹងមានជីវិតស្មោះត្រង់ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ខណៈដែលថ្ងៃចុងក្រោយកាន់តែជិតមកដល់ហើយ មនុស្សសុចរិតត្រូវតែធ្វើការឲ្យកាន់តែខ្លាំងឡើង រួបរួមគ្នា អធិស្ឋាន កំសាន្តចិត្ត ទ្រទ្រង់ និងជួយគ្នាទៅវិញទៅមក ហើយរស់នៅសម្រាប់ព្រះអម្ចាស់ និងរួមចិត្តរួមគំនិតតែមួយ។ 
ព្រះបានអនុញ្ញាតឲ្យមានទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ ការលើកឡើងទៅស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចចំពោះពួកបរិសុទ្ធ។ ដូច្នេះ ចូរយើងទាំងអស់គ្នារស់នៅក្នុងជីវិតដែលតយុទ្ធ និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់មក ឈរយ៉ាងមានទំនុកចិត្តនៅចំពោះព្រះ។ ហាលេលូយ៉ា!