Search

佈道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 21-1] ទីក្រុងបរិសុទ្ធដែលចុះពី ស្ថានសួគ៌ (វិវរណៈ ២១:១-២៧)

ទីក្រុងបរិសុទ្ធដែលចុះពី ស្ថានសួគ៌
(វិវរណៈ ២១:១-២៧)
«រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្តីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២ នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវ័ករបស់ពួកកូនចៀមទាំង១២នាក់ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់ ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ មនុស្សលោកនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬ សេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ» 
 


ការកាត់ស្រាយ


ខ.១៖ រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ។ 
ព្រះបន្ទូលនេះមានន័យថា ព្រះអម្ចាស់របស់យើងនឹងប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីជាអំណោយដល់ពួកបរិសុទ្ធដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ ចាប់ពីពេលនោះតទៅ ពួកបរិសុទ្ធលែងរស់នៅក្នុងផ្ទៃមេឃ និងផែនដីចាស់ទៀតហើយ ប៉ុន្តែរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីវិញ។ ព្រះពរនេះគឺជាអំណោយទានដែលព្រះនឹងប្រទានឲ្យពួកបរិសុទ្ធរបស់ទ្រង់។ ហើយទ្រង់នឹងប្រទានព្រះពរនេះដល់ពួកបរិសុទ្ធដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយតែប៉ុណ្ណោះ។ 
នៅក្នុងន័យផ្សេង អស់ដែលត្រូវទទួលបានព្រះពរនេះ គឺជាពួកបរិសុទ្ធដែលបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះគ្រីស្ទបានប្រទានឲ្យ។ ព្រះអម្ចាស់របស់យើងគឺជាកូនកម្លោះរបស់ពួកបរិសុទ្ធ។ ចាប់ពីពេលនេះតទៅ អ្វីដែលរង់ចាំកូនក្រមុំ គឺការទទួលបានភាពគ្រប់លក្ខណ៍ ព្រះពរ និងអំណាចពីកូន កម្លោះ ដើម្បីធ្វើកូនក្រមុំរបស់កូនកម្លោះដែលជាកូនចៀម ហើយរស់នៅក្នុងសិរីល្អនៅក្នុងនគរដ៏មានសិរីល្អរបស់ទ្រង់។ 

ខ.២៖ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ 
ព្រះបានត្រៀមទីក្រុងបរិសុទ្ធមួយសម្រាប់ពួកបរិសុទ្ធ។ ទីក្រុងនេះគឺជាទីក្រុងយេរូសាឡិមថ្មី ដែលជាតំណាក់បរិសុទ្ធរបស់ព្រះ។ តំណាក់នេះបរិសុទ្ធ ហើយត្រូវបានត្រៀមសម្រាប់ពួកបរិសុទ្ធរបស់ព្រះ។ ហើយនេះត្រូវបានរៀបចំផែនការនៅក្នុងព្រះយេស៊ូវគ្រីស្ទ សម្រាប់ពួកបរិសុទ្ធ មុនពេលព្រះអម្ចាស់បានបង្កើតសកលលោកនេះទៅទៀត។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់អំណោយនៃព្រះគុណរបស់ទ្រង់ ហើយថ្វាយសិរីល្អទាំងអស់ដល់ទ្រង់ ដោយជំនឿរបស់ពួកគេ។ 

ខ.៣៖ ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ 
ចាប់ពីពេលនេះតទៅ ពួកបរិសុទ្ធត្រូវតែរស់នៅជាមួយព្រះអម្ចាស់នៅក្នុងវិហាររបស់ព្រះជារៀងរហូតហើយ។ នេះគឺដោយសារព្រះគុណរបស់ព្រះអម្ចាស់ និងជាអំណោយទានមួយដែលពួកបរិសុទ្ធនឹងទទួលបាន សម្រាប់ជំនឿរបស់ពួកគេ តាមព្រះបន្ទូលអំពីសេចក្តីសង្រ្គោះតាមរយៈទឹក និងព្រះវិញ្ញាណ។ ដូច្នេះ អស់អ្នកដែលបានទទួលព្រះពរនៃការចូលទៅក្នុងវិហាររបស់ព្រះអម្ចាស់ និងការរស់នៅជាមួយទ្រង់ នឹងថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះអម្ចាស់អស់កល្បជានិច្ច។ 

ខ.៤៖ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ 
ឥឡូវនេះដោយសារព្រះគង់ជាមួយពួកបរិសុទ្ធ នឹងលែងមានទឹកភ្នែក ទុក្ខសោក ឬការទួញយំចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ ឬយំសោកអ្វីទៀតហើយ។ 
ទុក្ខសោកទាំងអស់នៅក្នុងផ្ទៃមេឃ និងផែនដីចាស់នឹងរលាយបាត់ពីជីវិតរបស់ពួកបរិសុទ្ធ ហើយអ្វីដែលរង់ចាំពួកបរិសុទ្ធ គឺការរស់នៅក្នុងជីវិតមានព្រះពរ និងសិរីល្អជាមួយព្រះអម្ចាស់របស់ពួកគេនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ព្រះអម្ចាស់ដែលបានធ្វើជាព្រះរបស់ពួកបរិសុទ្ធ នឹងកែគ្រប់យ៉ាងជាថ្មី ដើម្បីឲ្យលែងមានទឹកភ្នែក ទុក្ខសោក ការយំសោក សេចក្តីស្លាប់ ទួញយំ ជម្ងឺ និងការអាក្រក់ទាំងអស់ទៀត ដែលបានធ្វើទុក្ខដល់ពួកគេនៅលើផែនដីចាស់។

ខ.៥៖ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ។ 
ឥឡូវនេះ ព្រះអម្ចាស់នឹងធ្វើទាំងអស់ឡើងជាថ្មី ហើយបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី។ តាមរយៈការបំផ្លាញផ្ទៃមេឃ និងផែនដីចាស់ដែលទ្រង់បានបង្កើត ទ្រង់នឹងបង្កើតផ្ទៃមេឃ និងផែនដីទីពីរ។ ខនេះមិនប្រាប់យើងថា ទ្រង់នឹងកែផ្ទៃមេឃ និងផែនដីចាស់ជាថ្មីទេ ប៉ុន្តែទ្រង់បង្កើតសកលលោកថ្មីមួយ។ ដូច្នេះ ទ្រង់នឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយរស់នៅជាមួយពួកបរិសុទ្ធ។ ពួកបរិសុទ្ធដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ក៏នឹងទទួលបានព្រះពរនេះផងដែរ។ ព្រះពរនេះគឺជាអ្វីដែលគំនិតរបស់មនុស្សមិនអាចនឹកស្មានដល់ ប៉ុន្តែគឺជាអ្វីដែលព្រះបានត្រៀមទុកសម្រាប់ពួកបរិសុទ្ធ។ ដូច្នេះ ពួកបរិសុទ្ធ និងគ្រប់ទាំងអស់នឹងថ្វាយសិរីល្អ ការអរព្រះគុណ កិត្តិយស និងការសរសើរទាំងអស់ដល់ព្រះ សម្រាប់ព្រះរាជកិច្ចដ៏អស្ចារ្យរបស់ទ្រង់។ 

ខ.៦៖ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ។ 
ព្រះអម្ចាស់បានរៀបចំផែនការ ហើយបានបំពេញសម្រេចការទាំងនេះ ចាប់ពីដើមដំបូង ដល់ចុងបញ្ចប់។ គ្រប់ការទាំងអស់ដែលព្រះអម្ចាស់បានធ្វើ គឺទ្រង់ធ្វើសម្រាប់អង្គទ្រង់ និងសម្រាប់ពួកបរិសុទ្ធរបស់ទ្រង់។ ឥឡូវនេះ ពួកបរិសុទ្ធត្រូវបានហៅថា «របស់ព្រះគ្រីស្ទ» ហើយបានធ្វើជា រាស្ត្ររបស់ព្រះ។ ហើយឥឡូវនេះ អស់អ្នកដែលបានធ្វើជាពួកបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដឹងថា ទោះបីជាពួកថ្វាយការអរព្រះគុណ និងការសរសើរតម្កើងដល់ព្រះអស់កល្បជានិច្ចក៏ដោយ ក៏ពួកគេមិនអាចអរព្រះគុណគ្រប់គ្រាន់សម្រាប់សេចក្តីស្រឡាញ់ និងព្រះរាជកិច្ចរបស់ព្រះអម្ចាស់បានដែរ។ 
«អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ។» នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ព្រះអម្ចាស់បានប្រទានរន្ធទឹកជីវិតដល់ពួក បរិសុទ្ធ។ នេះគឺជាអំណោយទានដ៏អស្ចារ្យបំផុត ដែលព្រះបានប្រទានដល់ពួកបរិសុទ្ធ។ ឥឡូវនេះ ពួកបរិសុទ្ធត្រូវរស់នៅជារៀងរហូតនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយផឹកពីរន្ធទឹកជីវិត ដែលធ្វើឲ្យពួកគេមិនដែលស្រេកទៀតឡើយ។ នៅក្នុងន័យផ្សេង ឥឡូវនេះ ពួកបរិសុទ្ធបានធ្វើជា រាស្ត្ររបស់ព្រះ ដែលមានជីវិតអស់កល្បជានិច្ច ដូចជាព្រះអម្ចាស់ ហើយរស់នៅក្នុងសិរីល្អរបស់ទ្រង់។ ខ្ញុំសូមអរព្រះគុណ និងថ្វាយសិរីល្អដល់ព្រះអម្ចាស់របស់យើងម្តងទៀត សម្រាប់ការប្រទានព្រះពរដ៏អស្ចារ្យនេះដល់យើង។ ហាលេលូយ៉ា!

ខ.៧៖ ឯអ្នកណាដែលឈ្នះ នឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ។ 
«អ្នកដែលឈ្នះ» នៅទីនេះ សំដៅទៅលើអស់អ្នកដែលបានការពារជំនឿរបស់ខ្លួន ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ជំនឿនេះអនុញ្ញាតឲ្យពួកបរិសុទ្ធទាំងអស់យកឈ្នះលើលោកិយនេះ និងពួកខ្មាំងសត្រូវរបស់ព្រះ។ ជំនឿរបស់យើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងសេចក្តីស្រឡាញ់ពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ គឺជាអ្វីដែលផ្តល់ឲ្យយើង នូវជ័យជំនះលើអំពើបាបទាំងអស់របស់លោកិយនេះ លើការជំនុំជម្រះរបស់ព្រះ លើពួកខ្មាំងសត្រូវរបស់យើង លើភាពខ្សោយរបស់យើង និងលើការបៀតបៀនរបស់អាទទឹងនឹងព្រះគ្រីស្ទ។ 
ខ្ញុំសូមថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះអម្ចាស់របស់យើង សម្រាប់ការប្រទានឲ្យយើងនូវជ័យជំនះលើគ្រប់ទាំងអស់។ ពួកបរិសុទ្ធដែលជឿលើព្រះអម្ចាស់ យកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿ។ ព្រះអម្ចាស់របស់យើងប្រទានឲ្យពួកបរិសុទ្ធម្នាក់ៗនូវជំនឿនេះ ដែលអាចអនុញ្ញាតឲ្យយើងអាចយកឈ្នះលើការតយុទ្ធរបស់ពួកគេ ជាមួយពួកខ្មាំងសត្រូវទាំងអស់របស់ពួកគេបាន។ 
ឥឡូវនេះ ព្រះបានអនុញ្ញាតឲ្យពួកបរិសុទ្ធដែលបានយកឈ្នះលោកិយនេះ និងអាទទឹងនឹងព្រះគ្រីស្ទ ដោយសារជំនឿរបស់ពួកគេ ទទួលបានផ្ទៃមេឃថ្មី និងផែណដីថ្មីជាមរដក។ ព្រះអម្ចាស់បានប្រទានជំនឿនៃជ័យជំនះដល់ពួកបរិសុទ្ធរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចទទួលបាននគររបស់ទ្រង់ជាមរដក។ ដោយសារព្រះបានប្រទានឲ្យយើងនូវជំនឿនៃជ័យជំនះលើអាទទឹងនឹងព្រះគ្រីស្ទ ឥឡូវនេះ ព្រះបានធ្វើជាព្រះរបស់យើង ហើយយើងបានធ្វើជាកូនរបស់ព្រះ។ ដូច្នេះ ខ្ញុំសូមអរព្រះគុណ និងសរសើរតម្កើងដល់ព្រះអម្ចាស់របស់យើង សម្រាប់ការប្រទានឲ្យយើងនូវជំនឿនៃជ័យជំនះលើពួកខ្មាំងសត្រូវទាំងអស់របស់យើង។ 

ខ.៨៖ តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ។ 
នៅក្នុងនិស្ស័យរបស់ទ្រង់ ព្រះអម្ចាស់គឺជាព្រះនៃសេចក្តីពិត និងជាព្រះនៃសេចក្តីស្រឡាញ់។ ដូច្នេះ តើមនុស្សទាំងនេះគឺជាអ្នកណាដែលខ្លាចព្រះដូច្នះ? ពួកគេគឺជាអ្នកដែលបានកើតមកនៅក្នុងបាបតាំងពីកំណើត និងដែលមិនបានស្អាតពីអំពើបាបទាំងអស់របស់ខ្លួន ដោយសារព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ដោយសារតាមនិស្ស័យរបស់ពួកគេ ពួកគេថ្វាយបង្គំអារក្សជាជាងព្រះ ពួកគេបានក្លាយជាបាវបម្រើរបស់សាតាំង។ ដោយសារពួកគេថ្វាយបង្គំអារក្សនៅចំពោះព្រះ ហើយដោយសារពួកគេស្រឡាញ់ និងដើរតាមសេចក្តីងងឹតជាជាងពន្លឺ ពួកគេត្រូវតែខ្លាចព្រះអម្ចាស់ដូច្នេះហើយ។ 
នៅក្នុងនិស្ស័យរបស់ទ្រង់ ព្រះគឺជាពន្លឺ។ ដូច្នេះ ការពិតគឺថា មនុស្សទាំងនេះគឺជាសេចក្តីងងឹត ដែលនឹងខ្លាចព្រះ។ ដោយសារព្រលឹងរបស់អស់អ្នកដែលជារបស់សាតាំង ស្រឡាញ់សេចក្តីងងឹត ពួកគេខ្លាចព្រះដែលជាពន្លឺ។ ដូច្នេះហើយបានជាពួកគេត្រូវនាំភាពខ្សោយ និងភាពអាក្រក់របស់ខ្លួនទៅចំពោះព្រះ ហើយទទួលការអត់ទោសពីទ្រង់សម្រាប់អំពើបាបរបស់ពួកគេ។ 
ពួក «មិនជឿ» ដែលមានចិត្តមិនជឿលើសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណ គឺជាពួកខ្មាំងសត្រូវរបស់ទ្រង់ ហើយជាមនុស្សមានបាបនៅចំពោះព្រះ។ ព្រលឹងរបស់ពួកគេជារបស់ពួកគួរស្អប់ខ្ពើម ហើយពួកគេទាស់ប្រឆាំងនឹងព្រះ ស្រឡាញ់ និងប្រព្រឹត្តអំពើបាបទាំងអស់ ដើរតាមទីសម្គាល់ក្លែងក្លាយ ថ្វាយបង្គំរូបព្រះគ្រប់ប្រភេទ ហើយនិយាយពាក្យកុហកគ្រប់ប្រភេទ។ ដូច្នេះ តាមរយៈការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ពួកគេនឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ នេះហើយគឺជាទណ្ឌកម្មនៃសេចក្តីស្លាប់ទីពីររបស់ពួកគេ។ 
ព្រះមិនបានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ដល់មនុស្សទាំងនេះដែលខ្លាចទ្រង់ឡើយ។ ពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានធ្វើជាបាវបម្រើរបស់សាតាំង ដែលគួរឲ្យស្អប់ខ្ពើម។ ផ្ទុយទៅវិញ ព្រះអម្ចាស់បានដាក់ទណ្ឌកម្មដ៏អស់កល្បជានិច្ចរបស់ទ្រង់លើពួកគេ បោះទម្លាក់ពួកគេទាំងអស់ (រួមទាំងពួកកាប់សម្លាប់ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សកំភូត) ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ ដូច្នេះ ស្ថាននរកដែលព្រះនឹងប្រទានឲ្យពួកគេ គឺជាសេចក្តីស្លាប់ទីពីររបស់ពួកគេហើយ។

ខ.៩៖ ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្តីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម។ 
ទេវតាមួយដែលបាននាំគ្រោះកាចមួយនៃគ្រោះកាចនៃចានទាំង៧ បាននិយាយទៅកាន់សាវកយ៉ូហានថា «ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម»។ នៅទីនេះ «ភរិយារបស់កូនចៀម» សំដៅទៅលើអស់អ្នកដែលបានធ្វើជាកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការជឿដោយអស់ពីចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ។ 

ខ.១០-១១៖ នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ។ 
«ទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម» សំដៅទៅលើទីក្រុងបរិសុទ្ធ ដែលពួកបរិសុទ្ធត្រូវរស់នៅជាមួយកូនកម្លោះរបស់ពួកគេ។ ទីក្រុងនេះដែលសាវកយ៉ូហានបានមើលឃើញ គឺពិតជាស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។ វាមានទំហំធំ ដែលលម្អរពីខាងក្នុងដល់ខាងក្រៅដោយត្បូងមានតម្លៃថ្លាដូចជាកែវចរណៃ។ ទេវតាបានបង្ហាញសាវកយ៉ូហានពីកន្លែងដែលកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទនឹងរស់នៅជាមួយកូនកម្លោះរបស់ពួកគេ។ ទីក្រុងយេរូសាឡិមបរិសុទ្ធនេះដែលចុះពីស្ថានសួគ៌មក គឺជាអំណោយទានរបស់ព្រះ ដែលទ្រង់នឹងប្រទានដល់ភរិយារបស់កូនចៀម។ 
ទីក្រុងយេរូសាឡិមបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ហើយពន្លឺរបស់វាគឺដូចជាត្បូងដែលមានតម្លៃបំផុត ដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវ ចរណៃ។ ដូច្នេះ សម្រាប់អស់អ្នកដែលរស់នៅក្នុងទីក្រុងនេះ សិរីល្អនៃព្រះនឹងនៅជាមួយពួកគេជារៀងរហូត។ នគររបស់ព្រះគឺជានគរនៃពន្លឺ ហើយមានតែអស់អ្នកដែលបានស្អាតពីសេចក្តីងងឹត ភាពខ្សោយ និងអំពើបាបប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីក្រុងនេះបាន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿថា ដើម្បីចូលទៅក្នុងទីក្រុងនេះបាន យើងត្រូវតែរៀន យល់ និងជឿតាមព្រះបន្ទូលពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះ អម្ចាស់របស់យើងបានប្រទានឲ្យ។ 

ខ.១២៖ ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២។ 
ទ្វារនៃទីក្រុងនេះមានទេវតា១២យាម ហើយនៅលើខ្លួនទេវតាទាំងនោះ មានសរសេរឈ្មោះរបស់ពូជអំបូរទាំង១២របស់អ៊ីស្រាអែល។ ទីក្រុងនេះមាន «កំផែងធំ និងខ្ពស់» ដែលប្រាប់យើងថា ផ្លូវចូលទៅក្នុងទីក្រុងបរិសុទ្ធនេះគឺពិបាកណាស់។ នៅក្នុងន័យផ្សេង ការបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងនៅចំពោះព្រះ មិនកើតឡើង ដោយសារការខិតខំរបស់មនុស្ស ឬរបស់នៅក្នុងលោកិយនេះឡើយ។ 
ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ មានសេចក្តីតម្រូវដាច់ខាតសម្រាប់យើងថា យើងមានជំនឿដូចគ្នាទៅនឹងជំនឿរបស់ពួកសិស្សទាំងដប់ពីររបស់ព្រះយេស៊ូវ គឺជំនឿដែលជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ ដូច្នេះ គ្មានអ្នកណាម្នាក់ ដែលគ្មានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលក្នុងទីក្រុងបរិសុទ្ធនេះបានឡើយ។ នេះហើយគឺជាមូលហេតុដែលព្រះអម្ចាស់ចាត់ទេវតា១២ឲ្យយាមទ្វារទីក្រុងនេះ។ 
នៅក្នុងន័យផ្សេង ឃ្លាថា «មានឈ្មោះឆ្លាក់ទុក» ប្រាប់យើងថា ព្រះបានកំណត់ថា អ្នកណាគឺជាម្ចាស់នៃទីក្រុងនេះរួចទៅហើយ។ ម្ចាស់នៃទីក្រុងនេះគឺជាព្រះទ្រង់ផ្ទាល់ និងរាស្ត្ររបស់ទ្រង់ ពីព្រោះទីក្រុងជារបស់ រាស្ត្ររបស់ទ្រង់ដែលបានធ្វើជាកូនរបស់ទ្រង់នៅពេលនេះ។ 

ខ.១៣៖ នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ។ 
ដោយសារនៅទិសខាងកើតនៃទីក្រុងមានទ្វារបី ហើយទិសខាងជើង ខាងត្បូង និងខាងលិចក៏មានទ្វារបីៗដែរ។ នេះបង្ហាញប្រាប់យើងថា មានតែអស់អ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿដោយអស់ពីចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីក្រុងនេះបាន។ 

ខ.១៤៖ កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវ័ករបស់ពួកកូនចៀមទាំង១២នាក់។ 
ថ្មធំៗត្រូវបានគេប្រើធ្វើជាគ្រឹះអាគារ ឬផ្ទះធំៗ។ ពាក្យថា «ថ្ម» ត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើជំនឿលើព្រះអម្ចាស់។ ខនេះប្រាប់យើងថា ដើម្បីចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះអម្ចាស់ យើងត្រូវតែមានជំនឿដែលទ្រង់បានប្រទានឲ្យមនុស្សជាតិ គឺជំនឿដែលជឿលើ សេចក្តីប្រោសលោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ ចេញពីអំពើបាបទាំងអស់របស់យើង។ ជំនឿរបស់ពួកបរិសុទ្ធមានតម្លៃខ្លាំងជាងត្បូងមានតម្លៃនៅក្នុងទីក្រុងបរិសុទ្ធទៅទៀត។ ខនេះប្រាប់យើងថា កំផែងរបស់ទីក្រុងត្រូវបានសង់នៅលើគ្រឹះទាំង១២ ហើយនៅលើនោះ មានសរសេរឈ្មោះរបស់ពួកសាវកទាំង១២របស់កូនចៀម។ នេះប្រាប់យើងថា ទីក្រុងរបស់ព្រះអនុញ្ញាតឲ្យតែអ្នកណាដែលមានជំនឿដូចគ្នានឹងជំនឿរបស់ពួកសាវកទាំង១២របស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។ 

ខ.១៥៖ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ។ 
ព្រះបន្ទូលនេះមានន័យថា ដើម្បីចូលទៅក្នុងទីក្រុងដែលព្រះបង្កើត មនុស្សត្រូវតែមានជំនឿដែលព្រះទទួលស្គាល់ គឺជំនឿដែលនាំការអត់ទោសបាបដល់ពួកគេ។ ខនេះនិយាយថា ទេវតាដែលបាននិយាយទៅកាន់សាវកយ៉ូហាន មានរង្វាស់មាសមួយ ដើម្បីវាស់ទីក្រុង។ នេះមានន័យថា យើងត្រូវតែជឿថា ព្រះអម្ចាស់បានប្រទានដល់យើងនូវព្រះពរទាំងអស់នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូចដែល «រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ» (ហេព្រើរ ១១:១) ព្រះពិតជាបានប្រទានដល់យើងនូវទីក្រុងបរិសុទ្ធ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលអ្វីដែលធំធេងជាងអ្វីដែលយើងបានសង្ឃឹមចង់បាន។ 

ខ.១៦៖ ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់។ 
ទីក្រុងមានរាង៤ជ្រុង ដែលបណ្តោយ និងទទឹងមានប្រវែងស្មើគ្នា។ នេះប្រាប់យើងថា យើងទាំងអស់គ្នាត្រូវតែមានជំនឿនៃការបានកើតជាថ្មី និងបានធ្វើជារាស្ត្ររបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាមការពិត ព្រះអម្ចាស់របស់យើងនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដែលមិនមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ចូលទៅក្នុងនគររបស់ព្រះឡើយ។
មានមនុស្សជាច្រើន ដែលមានគំនិតខុសឆ្គងបែបនេះថា ពួកគេនឹងចូលទៅក្នុងទីក្រុងបរិសុទ្ធបាន ដោយគ្រាន់តែធ្វើជាគ្រីស្ទបរិស័ទ ទោះបើពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ក៏ដោយ។ ប៉ុន្តែមានតែអ្នកដែលជឿតាមសេចក្តីពិតថា ទ្រង់បានអត់ទោសអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅលើផែនដីនេះ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ដែលព្រះអម្ចាស់បានប្រទានសេចក្តីសង្រ្គោះចេញពីបាប និងព្រះវិញ្ញាណបរិសុទ្ធ និងយកធ្វើជារាស្ត្ររបស់ទ្រង់។ នេះហើយគឺជាជំនឿដែលព្រះអម្ចាស់ចង់បានពីយើង។

ខ.១៧៖ ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ។ 
អត្ថន័យតាមព្រះគម្ពីរនៃលេខ៤គឺការរងទុក្ខ។ ជំនឿដែលព្រះអម្ចាស់ចង់បានពីយើង មិនមែនជាអ្វីមួយដែលអ្នកណាក៏អាចមានបានដែរ ប៉ុន្តែជំនឿនេះមាននៅក្នុងអស់អ្នកដែលទទួលយកព្រះបន្ទូលព្រះតែប៉ុណ្ណោះ ទោះបើពួកគេមិនអាចយល់ទាំងស្រុង ដោយគំនិតរបស់ពួកគេក៏ដោយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនអាចចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ ដោយគ្រាន់តែជឿលើឈើឆ្កាងរបស់ព្រះយេស៊ូវ ហើយថា ព្រះព្រះអម្ចាស់គឺជាព្រះ និងព្រះអង្គសង្រ្គោះប៉ុណ្ណោះទេ។ តើអ្នកដឹងថា ព្រះអម្ចាស់ចង់មានន័យដូចម្តេចទេ នៅពេលទ្រង់មានបន្ទូលនៅក្នុង យ៉ូហាន ៣:៥ ថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»? តើអ្នកយល់ពីអត្ថន័យនៃការយាងរបស់ព្រះអម្ចាស់មកផែនដីនេះ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ការនាំអំពើបាបរបស់លោកិយទៅលើឈើឆ្កាង និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងដែរទេ? បើសិនអ្នកអាចឆ្លើយសំណួរនេះបាន អ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយហើយ។

ខ.១៨៖ កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ។ 
ខនេះប្រាប់យើងថា ជំនឿដែលអនុញ្ញាតឲ្យយើងចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ គឺបរិសុទ្ធ និងមិនមានអ្វីខាងលោកិយសោះឡើយ។

ខ.១៩-២០៖ ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក។ 
គ្រឹះជញ្ជាំងទីក្រុងលម្អរដោយត្បូងមានតម្លៃគ្រប់ប្រភេទ។ ព្រះបន្ទូលនេះប្រាប់យើងថា យើងមានរីកចម្រើនខាងជំនឿរបស់យើង ដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់បាន។ ហើយត្បូងមានតម្លៃទាំងនេះបង្ហាញប្រាប់យើងពីប្រភេទព្រះពរដែលព្រះអម្ចាស់នឹងប្រទានឲ្យពួកបរិសុទ្ធ។ 

ខ.២១៖ ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។ 
នៅក្នុងព្រះគម្ពីរ កែវមុក្តាសំដៅទៅលើ «សេចក្តីពិត» (ម៉ាថាយ ១៣:៤៦)។ អ្នកស្វែងរកសេចក្តីពិតពិតប្រាកដ នឹងរីករាយក្នុងការបោះបង់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដើម្បីទទួលបានសេចក្តីពិតដែលផ្តល់ជីវិតអស់កល្បជានិច្ចដល់ខ្លួន។ ខនេះប្រាប់យើងថា ពួកបរិសុទ្ធដែលនឹងចូលទៅក្នុងទីក្រុងបរិសុទ្ធ ត្រូវមានភាពអត់ធ្មត់គ្រប់គ្រាន់ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ ដោយឈរយ៉ារឹងមាំនៅក្នុងជំនឿតាមសេចក្តីពិតនេះ។ នៅក្នុងន័យផ្សេង អស់អ្នកដែលជឿតាមព្រះបន្ទូលនៃសេចក្តីពិត ដែលព្រះអម្ចាស់បានមានបន្ទូល ត្រូវមានសេចក្តីអត់ធ្មត់ខ្លាំង ដើម្បីការពារជំនឿរបស់ពួកគេ។ 

ខ.២២-២៣៖ ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ។ 
បទគម្ពីរនេះមានន័យថា ពួកបរិសុទ្ធទាំងអស់នឹងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាស្តេចលើអស់ទាំងស្តេច។ ហើយទី ក្រុងយេរូសាឡិមបរិសុទ្ធលែងតែត្រូវពន្លឺនៃព្រះអាទិត្យ ឬព្រះចន្ទចាស់ទៀតហើយ ពីព្រោះព្រះយេស៊ូវគ្រីស្ទដែលជាពន្លឺ នឹងបំភ្លឺទីក្រុងនេះ។ 

ខ.២៤៖ អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ។ 
បទគម្ពីរនេះប្រាប់យើងថា ឥឡូវនេះ មនុស្សដែលបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ត្រូវចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីហើយ។ «អស់ទាំងស្តេចនៅផែនដី» នៅទីនេះ សំដៅទៅលើពួកបរិសុទ្ធដែលបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ ខនេះបន្តថា ពួកស្តេចទាំងនេះនឹង «ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ»។ នេះប្រាប់យើងថា ឥឡូវនេះ ពួកបរិសុទ្ធដែលកំពុងតែរស់នៅក្នុងរូបកាយឧត្តម នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ត្រូវចូលទៅក្នុងនគរនៃផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ព្រះហើយ។
ដូច្នេះ អ្នកដែលអាចចូលទៅក្នុងទីក្រុងយេរូសាឡិមបរិសុទ្ធបាន គឺជាអស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខណៈដែលពួកគេកំពុងតែរស់នៅលើផែនដីនេះ និងត្រូវបានលើកឡើងទៅក្នុងនគររបស់ព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 

ខ.២៥៖ ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ។ 
ដោយសារផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទីក្រុងបរិសុទ្ធ មានពេញដោយពន្លឺបរិសុទ្ធរួចហើយ នោះមិនអាចមានយប់ ឬមនុស្សអាក្រក់ណាមួយបានឡើយ។

ខ.២៦៖ មនុស្សលោកនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ។ 
នេះប្រាប់យើងថា តាមរយៈអំណាចព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ អស់អ្នកដែលបានរស់នៅក្នុងនគររបស់ព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ឥឡូវនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នងការចូលទៅរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទីក្រុងបរិសុទ្ធហើយ។ 

ខ.២៧៖ ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។ 
ក្នុងចំណោមទាំងគ្រីស្ទបរិសុទ្ធ និងទាំងអ្នកដែលមិនមែនជាគ្រីស្ទ បរិស័ទនៅលើផែនដីនេះ បើសិនអ្នកណាមិនស្គាល់សេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះពួកគេគឺជាមនុស្សស្មោគគ្រោក មនុស្សគួរស្អប់ខ្ពើម និងមនុស្សកុហក។ ដូច្នេះ ពួកគេមិនអាចចូលទៅក្នុងទីក្រុងបរិសុទ្ធបានឡើយ។ 
ព្រះបន្ទូលព្រះនៅទីនេះ អនុញ្ញាតឲ្យយើងបញ្ជាក់ពីភាពអស្ចារ្យនៃអំណាចរបស់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើងនៅលើផែនដីនេះ។ ទោះបីជាដំណឹងល្អនេះត្រូវបានប្រកាសទៅកាន់មនុស្សជាច្រើននៅលើផែនដីនេះក៏ដោយ ក៏មានពេលខ្លះ គ្រីស្ទបរិស័ទបានព្រងើយកន្តើយ ហើយមើលងើយដំណឹងល្អនេះដែរ។ ប៉ុន្តែមានតែជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យប៉ុណ្ណោះ ដែលជាកូនសោទៅស្ថានសួគ៌។
មនុស្សជាច្រើននៅតែមិនស្គាល់សេចក្តីពិតនេះ ប៉ុន្តែអ្នកត្រូវតែដឹងថា អ្នកណាដែលដឹង និងជឿថា តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់បានប្រទានឲ្យគាត់នូវកូនសោចូលទៅការអត់ទោសបាប និងស្ថានសួគ៌ ហើយមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។
បើសិនអ្នកទទួលយក និងជឿតាមសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកពិតជានឹងទទួលបានព្រះពរនៃការចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ។