Search

佈道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 22-1] ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឹកជីវិតហូរ (វិវរណៈ ២២:១-២១)

ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឹកជីវិតហូរ
(វិវរណៈ ២២:១-២១)
«ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបំរើទ្រង់ គេនឹងឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបទៅ ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក មើល អញមកជាឆាប់ មានពរហើយអ្នកណាដែលកាន់តាមសេចក្តីទំនាយក្នុងគម្ពីរនេះ គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្តីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្តីទាំងនេះ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ រួចទេវតាប្រាប់មកខ្ញុំថា កុំឲ្យបំបិទសេចក្តីទំនាយនៅក្នុងគម្ពីរនេះឡើយ ពីព្រោះពេលកំណត់ជិតដល់ហើយ អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះ នៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ អញជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្តីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ ខ្ញុំធ្វើបន្ទាល់ ដល់អស់អ្នកណា ដែលឮសេចក្តីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត និងទីក្រុងបរិសុទ្ធ ហើយនិងសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។»
 


ការកាត់ស្រាយ


ខ.១៖ ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម។ 
ខនេះប្រាប់ថា សាវកយ៉ូហានបានមើលឃើញ «ទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ»។ ពាក្យថា ទឹក ត្រូវបានប្រើនៅក្នុងពិភពលោកនេះ ដើម្បីសំដៅទៅលើជីវិត។ ខនេះប្រាប់យើងថា ទឹកជីវិតនេះហូរនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលពួកបរិសុទ្ធរស់នៅក្នុងជារៀងរហូត។ ដោយហូរចេញពីបល្ល័ង្ករបស់កូនចៀម ទន្លេទឹកជីវិតផ្សើមនគរស្ថានសួគ៌ ហើយកែគ្រប់ទាំងអស់ឡើងជាថ្មី។ នៅក្នុងឃ្លាថា «បល្ល័ង្ករបស់កូនចៀម» «កូនចៀម» សំដៅទៅលើព្រះយេស៊ូវ ដែលបានសង្រ្គោះមនុស្សជាតិ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាលទ្រង់គង់នៅលើផែនដីនេះ។ 
ទឹកជីវិតហូរនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានប្រទានឲ្យពួកបរិសុទ្ធរបស់ទ្រង់ ។ ដោយសារសួនច្បារនេះថ្លាស្រស់ស្អាតដូចជាគំនូរពណ៌ទឹកដ៏ស្រស់ស្អាត យើងគ្រាន់តែអាចពិពណ៌នាវាបានថា អស្ចារ្យ ប៉ុណ្ណោះ។ ទឹកជីវិតដែលព្រះបានប្រទានឲ្យយើង មិនមែនជាទឹកទន្លេ ធម្មតាទេ ប៉ុន្តែជាទឹកដែលផ្តល់ជីវិតដល់គ្រប់ទាំងអស់ដែលមានជីវិតនៅទីនោះ។ ដូច្នេះ ជីវិតរីកចម្រើននៅក្នុងគ្រប់ទាំងអស់ ដែលមានទំនាក់ទំនងជាមួយទន្លេជីវិតនេះ។ ពួកបរិសុទ្ធដែលត្រូវរស់នៅតាមដងទន្លេជីវិតនេះ នឹងផឹកទឹកនេះ មានជីវិតអស់កល្បជានិច្ច និងរស់នៅជារៀងរហូត។ 
ទន្លេនៃទឹករស់ហូរចេញពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម។ ពួកបរិសុទ្ធត្រូវតែសរសើរតម្កើងព្រះគុណរបស់ព្រះ និងរបស់កូនចៀមនៅក្នុងនគរស្ថានសួគ៌ថ្មី ពីព្រោះព្រះបានប្រទានឲ្យពួកគេនូវព្រះគុណនៃជីវិតរបស់ទ្រង់។ ខ្ញុំសូមអរព្រះគុណដល់ទ្រង់ ដែលព្រះគុណនៃជីវិតថ្មីទាំងអស់ហូរចេញពីបល្ល័ង្ករបស់ព្រះអម្ចាស់។ 

ខ.២៖ ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា។ 
ដំណើរនៃព្រះពរដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ទៅឯពួកបរិសុទ្ធរបស់ទ្រង់នៅស្ថានសួគ៌ បន្ត ពីព្រោះព្រះបន្ទូលប្រាប់យើងនៅទីនេះថា ព្រះ អម្ចាស់នឹងប្រទានដើមជីវិតដែលនៅតាមមាត់ទន្លេទាំងសងខាងដល់យើង ហើយអនុញ្ញាតឲ្យយើងបរិភោគផ្លែពីដើមជីវិត។ ដើមជីវិតដែលបង្កើតផ្លែដប់ពីរប្រភេទជារៀងរាល់មួយខែម្តង ផ្តល់កម្លាំងដល់ជីវិតថ្មី។ ខនេះក៏និយាយផងដែរថា ស្លឹករបស់វានឹងព្យាបាលគ្រប់ទាំងសាសន៍ឲ្យជា។ 
ដោយសារព្រះគុណដែលព្រះបានប្រទានដល់ពួកបរិសុទ្ធរបស់ទ្រង់ ធំ និងអស្ចារ្យយ៉ាងខ្លាំង អ្វីដែលយើងអាចធ្វើ គឺត្រូវសរសើរតម្កើងទ្រង់ និងព្រះវរបិតា។ ឥឡូវនេះ អ្វីដែលពួកបិរសុទ្ធត្រូវធ្វើ គឺមិនត្រូវព្យាយាមធ្វើអ្វីមួយមានតម្លៃសម្រាប់ព្រះអម្ចាស់ ដោយខ្លួនឯងឡើយ ប៉ុន្តែត្រូវសរសើរតម្កើងទ្រង់ ដោយចិត្តអរព្រះគុណ សម្រាប់ការដែលទ្រង់បានប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មី និងជីវិតដល់ខ្លួនវិញ។ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការធ្វើឲ្យចិត្តរបស់ពួកបរិសុទ្ធស្រែកថា «សូមអរព្រះគុណ ព្រះអម្ចាស់! ហាលេលូយ៉ា!»។ 

ខ.៣៖ គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបំរើទ្រង់។ 
ព្រះបានប្រទានព្រះពរនៃការបំបាត់បណ្តាសាចោល ជារៀងរហូត ដល់ពួកបរិសុទ្ធដែលរស់នៅស្ថានសួគ៌។ ការដែលបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀមនៅក្នុងចំណោមពួកបរិសុទ្ធ បង្ហាញប្រាប់យើងថា ពួកបរិសុទ្ធដែលរស់នៅស្ថានសួគ៌ ដាក់កូនចៀមនៅក្នុងកណ្តាលចិត្តរបស់ពួកគេ។ ដូច្នេះ ចិត្តរបស់ពួកគេតែងតែហូរចេញមកនូវសេចក្តីពិត និង សោភណ្ឌភាពជានិច្ច ហើយជីវិតរបស់ពួកគេពេញដោយសេចក្តីអំណរ។ 
ចេញពីឃ្លាថា «ឯពួកបាវរបស់ទ្រង់ គេនឹងបំរើទ្រង់» យើងមើលឃើញថា ពួកបរិសុទ្ធដែលរស់នៅក្នុងនគរស្ថានសួគ៌ មានពេញដោយសិរីល្អនៃការបម្រើព្រះអម្ចាស់យ៉ាងជិតស្និទ្ធ។ នគរស្ថានសួគ៌ដែលព្រះអម្ចាស់គង់នៅ គឺជានគរដែលស្រស់ស្អាត និងពេញដោយសិរីល្អ។ 
ដូច្នេះ ពួកអ្នកបម្រើរបស់ទ្រង់ដែលបម្រើទ្រង់យ៉ាងជិតស្និទ្ធ អាចទទួលបានសិរីល្អទាំងអស់របស់ទ្រង់។ នេះប្រាប់យើងថា នៅក្នុងនគរស្ថានសួគ៌ ក៏នឹងមានពួកអ្នកបម្រើរបស់ព្រះអម្ចាស់ផងដែរ។ ពាក្យថា បាវ គឺជាពាក្យដែលសំដៅលើភាពទាប ប៉ុន្តែពួកបាវដែលអាចបម្រើព្រះអម្ចាស់យ៉ាងជិតស្និទ្ធបាន គឺជាអ្នកដែលមានពរដ៏ធំបំផុតនៅក្នុងនគរស្ថានសួគ៌ ពីព្រោះពួកគេទទួលបានសិរីល្អដ៏អស្ចារ្យក្រៃលែង។ អស់អ្នកដែលបានធ្វើជាអ្នកបម្រើរបស់ព្រះអម្ចាស់នៅក្នុងនគរស្ថានសួគ៌ និងនៅលើផែនដីនេះ គឺជាអ្នកដែលនឹងទទួលបានសិរីល្អរបស់ស្ថានសួគ៌ ហើយជាអ្នកដែលមានសុភមង្គលបំផុតហើយ។ 

ខ.៤៖ គេនឹងឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ។ 
តើពួកបរិសុទ្ធ និងអ្នកបម្រើទាំងអស់របស់ព្រះអម្ចាស់ជារបស់អ្នកណា? ពួកគេគឺជារបស់ព្រះអម្ចាស់។ ពួកគេគឺជារាស្ត្ររបស់ព្រះអម្ចាស់ និងជាកូនរបស់ព្រះ។ ដូច្នេះ អស់អ្នកដែលបម្រើព្រះអម្ចាស់នៅនគរស្ថានសួគ៌ មានព្រះនាមរបស់ព្រះអម្ចាស់សរសេរនៅលើថ្ងាសរបស់ពួកគេ។ ទ្រង់តែងតែការពារ និងប្រទានពរដល់ពួកគេជានិច្ច ពីព្រោះពួកគេគឺជាកម្មសិទ្ធិរបស់ទ្រង់។ ការដែលពួកបរិសុទ្ធបានធ្វើជាកម្មសិទ្ធិរបស់ទ្រង់ មានន័យថា ពួកគេបានទទួលសិរីល្អ និងសុភមង្គលដ៏ធំបំផុតពីទ្រង់។ អស់អ្នកដែលខ្មាស់នឹងការធ្វើជាកម្មសិទ្ធិរបស់ទ្រង់ និងអ្នកបម្រើរបស់ព្រះអម្ចាស់ គឺជាអ្នកដែលមិនស្គាល់ពីសិរីល្អរបស់ទ្រង់ ហើយពួកគេមិនអាចធ្វើជា រាស្ត្រស្ថានសួគ៌បានឡើយ។ 
នៅលើថ្ងាសរបស់ពួកបរិសុទ្ធដែលរស់នៅលើនគរស្ថានសួគ៌ មាន សរសេរព្រះនាមរបស់ព្រះអម្ចាស់។ នេះគឺជាព្រះពរមួយ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ចាប់ពីពេលនេះតទៅ ពួកបរិសុទ្ធបានធ្វើជាកម្មសិទ្ធិរបស់ទ្រង់ហើយ។ ដូច្នេះ សូម្បីតែសាតាំងក៏មិនអាចធ្វើទុក្ខពួកបរិសុទ្ធដែលបានធ្វើជាកម្មសិទ្ធិរបស់ព្រះអម្ចាស់បានដែរ។ ព្រះអម្ចាស់ និងពួកបរិសុទ្ធត្រូវរស់នៅជាមួយគ្នានៅក្នុងសិរីល្អទាំងអស់នៅលើស្ថានសួគ៌។ ការដែលពួកបរិសុទ្ធនឹងមើលឃើញព្រះភក្រ្តដ៏ពេញដោយសិរីល្អរបស់ព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ មានន័យថា ពួកគេនឹងរស់នៅក្នុងសេចក្តីស្រឡាញ់ និងព្រះពរដ៏អស្ចារ្យរបស់ទ្រង់ជារៀងរហូតតទៅ។ 
មានការមួយទៀត ដែលពួកបរិសុទ្ធត្រូវដឹង៖ ជាមួយព្រះអម្ចាស់យេស៊ូវ ព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធក៏នឹងគង់នៅជាមួយពួកគេជាគ្រួសាររបស់ពួកគេផងដែរ។ យើងមិនត្រូវភ្លេចថា នៅក្នុងនគរស្ថានសួគ៌ ព្រះវរបិតា ព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ ពួកបរិសុទ្ធ និងពួកទេវតា និងគ្រប់ទាំងអស់នឹងរស់នៅជាមួយគ្នាជាគ្រួសារមួយ ដោយសេចក្តីសុខសាន្តបំផុត។ ដូច្នេះ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានយកយើងធ្វើជាកម្មសិទ្ធិរបស់ទ្រង់។ 

ខ.៥៖ ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបទៅ។ 
បទគម្ពីរគម្ពីរប្រាប់យើងនៅទីនេះថា ពួកបរិសុទ្ធនឹងសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ពួកបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានទទួលសេចក្តីសង្រ្គោះ ដែលនឹងជួយឲ្យពួកគេអាចសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងស្ថានសួគ៌ ហើយរស់នៅក្នុងទ្រព្យសម្បត្តិ សិរីល្អ និងសិទ្ធិអំណាចរបស់ទ្រង់ជារៀងរហូត។ យើងស្ងើចសរសើរចំពោះដំណឹងល្អនេះម្តងទៀត ពីព្រោះវាគឺជាដំណឹងល្អនៃព្រះពរ និងអំណាចព្រះចេស្តាដ៏អស្ចារ្យបំផុត!
ខ្ញុំសូមសរសើរតម្កើងព្រះត្រៃឯក សម្រាប់សិរីល្អ និងព្រះពរទាំងអស់នេះ។ ពួកបរិសុទ្ធដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាលពួកគេនៅលើផែនដិនេះ នឹងសោយរាជ្យនៅក្នុងស្ថានសួគ៌។ ព្រះពរនេះពិតជាអស្ចារ្យខ្លាំងណាស់! យើងត្រូវតែសរសើរតម្កើងព្រះអម្ចាស់។ ពិតជាសាកសមបំផុត ដែលពួកគេគួរតែសរសើរតម្កើងព្រះដូច្នេះ។
នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលពួកបរិសុទ្ធកំពុងតែរស់នៅ មិនចាំបាច់មានចង្កៀង អំពូលភ្លើង ឬព្រះអាទិត្យឡើយ។ ហេតុអ្វី? ពីព្រោះព្រះអង្គទ្រង់ផ្ទាល់បានធ្វើជាពន្លឺសម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយក៏នឹងមិនមានយប់ដែរ។ ព្រះបានអនុញ្ញាតឲ្យពួកបរិសុទ្ធដែលជាកូនរបស់ទ្រង់ សោយរាជ្យនៅទីនោះជារៀងរហូត។ ព្រះពរនេះរំឮកយើងម្តងទៀតពីភាពអស្ចារ្យនៃព្រះគុណដែលពួកបរិសុទ្ធបានទទួលពីព្រះអម្ចាស់។ 
យើងដែលជាពួកបរិសុទ្ធ ត្រូវតែដឹងពីភាពអស្ចារ្យនៃព្រះពរនៃស្ថានសួគ៌ដែលព្រះអម្ចាស់បានប្រទានឲ្យយើង បន្ទាប់ពីសេចក្តីសង្រ្គោះរបស់យើង។ ព្រះគុណដែលទ្រង់បានប្រទានឲ្យយើង គឺធំ និងខ្ពស់ជាងមេឃទៅទៀត។ ពួកបរិសុទ្ធមិនត្រូវធ្វើឲ្យព្រះពរដ៏ធំនេះកន្លងផុតពីពួកគេ ឡើយ។ ពួកបរិសុទ្ធត្រូវតែអរព្រគុណ និងសរសើរតម្កើងព្រះអម្ចាស់ជារៀងរហូត សម្រាប់ឧត្តមភាព សិរីល្អ និងព្រះពរ ដែលទ្រង់បានប្រទានឲ្យពួកគេ ហើយរស់នៅក្នុងទ្រព្យសម្បត្តិ និងសិរីល្អជារៀងរហូតតទៅ។ អាម៉ែន! ហាលេលូយ៉ា! ខ្ញុំសូមសរសើរតម្កើងព្រះ!

ខ.៦៖ ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក។
«ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ។» ព្រះអម្ចាស់ពិតជានឹងបំពេញសម្រេចតាមគ្រប់ទាំងសេចក្តីសន្យារបស់ទ្រង់ ដែលទ្រង់បានបើកសម្តែងទៅកាន់ពួកបរិសុទ្ធ តាមរយៈកណ្ឌគម្ពីរវិវរណៈ។ នេះគឺជាមូលហេតុដែលព្រះអម្ចាស់បានប្រាប់គ្រប់យ៉ាង ដល់ពួកបរិសុទ្ធទាំងអស់របស់ទ្រង់ជាមុន ក្នុងនាមជាព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល តាមរយៈពួកអ្នកបម្រើរបស់ព្រះ។ តើព្រះបន្ទូលណាដែលមានពរដ៏ធំបំផុតនៅក្នុងកណ្ឌគម្ពីរវិវរណៈ? មានព្រះបន្ទូលដ៏មានពរជាច្រើននៅក្នុងកណ្ឌគម្ពីរវិវរណៈ ប៉ុន្តែព្រះបន្ទូលមានពរដ៏ធំបំផុតគឺថា ព្រះនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយរស់នៅនៅដោយសិរីល្អ និងសិទ្ធិអំណាច។ 
ដោយសារព្រះពិតជានឹងបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់ ក្នុងពេលដ៏ឆាប់ ពួកបរិសុទ្ធមិនអាចអនុញ្ញាតឲ្យជំនឿរបស់ខ្លួនបាក់បែក ឬជាប់គាំងនៅក្នុងសេចក្តីអស់សង្ឃឹមបានឡើយ។ ពួកបរិសុទ្ធត្រូវតែយកឈ្នះលើទុក្ខលំបាក និងសេចក្តីវេទនាដ៏ធំទាំងឡាយ ដោយជំនឿ និង សេចក្តីសង្ឃឹរបស់ខ្លួន។ ។ ព្រះអម្ចាស់នឹងមិនខកខានក្នុងការបំពេញសម្រេចតាមទំនាយ និងសេចក្តីសន្យាទាំងអស់របស់ទ្រង់ជាមួយពួកបរិសុទ្ធឡើយ។ ទ្រង់បានបញ្ជូនពួកអ្នកបម្រើរបស់ទ្រង់មកកាន់ផែនដីនេះ ហើយបានធ្វើឲ្យពួកគេប្រកាសព្រះបន្ទូលទំនាយ ដើម្បីឲ្យទ្រង់អាចប្រាប់ពួកបរិសុទ្ធ និងពួកជំនុំរបស់ទ្រង់អំពីព្រះពរទាំងនេះបាន។ 

ខ.៧៖ មើល អញមកជាឆាប់ មានពរហើយអ្នកណាដែលកាន់តាមសេចក្តីទំនាយក្នុងគម្ពីរនេះ។ 
ដោយសារព្រះបន្ទូលទំនាយនៅក្នុងកណ្ឌវិវរណៈនេះប្រាប់យើងអំពីទុក្ករកម្មនាពេលអនាគតរបស់ពួកបរិសុទ្ធ វាបើកសម្តែងប្រាប់យើងថា ពេលវេលានឹងមកដល់ នៅពេលពួកបរិសុទ្ធនឹងត្រូវបានអាទទឹងនឹងព្រះ គ្រីស្ទបៀតបៀន ហើយពួកគេត្រូវតែការពារជំនឿរបស់ពួកគេរហូតដល់ស្លាប់។ ដោយសារវាគឺជាបំណងព្រះហឫទ័យព្រះ ពួកបរិសុទ្ធត្រូវតែធ្វើទុក្ករកម្ម។ បន្ទាប់មក ពួកគេនឹងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ សោយរាជ្យនៅក្នុងនគររបស់ព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ហើយបន្ទាប់មក រស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីជារៀងរហូតតទៅ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែទុកចិត្តលើព្រះបន្ទូលព្រះទាំងអស់ ដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកគេ ហើយរក្សាជំនឿរបស់ពួកគេ។ នៅថ្ងៃចុងក្រោយ អ្នកដែលមានពរដ៏ធំបំផុត គឺជាអស់អ្នកដែលជឿតាមព្រះបន្ទូលរបស់ព្រះអម្ចាស់របស់យើង ហើយរស់នៅដោយជំនឿ។ 
ព្រះបានប្រាប់ពួកបរិសុទ្ធថា ទ្រង់នឹងយាងមកក្នុងពេលដ៏ឆាប់។ ព្រះអម្ចាស់នឹងយាងមកឯយើង ដោយមិនបង្អង់ឡើយ។ ដើម្បីបំពេញសម្រេចព្រះពរទាំងអស់របស់ព្រះ ដែលហូរចេញពីព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលដែលផ្តល់សេចក្តីសង្រ្គោះចេញពីបាបដល់ពួកបរិសុទ្ធ ព្រះអម្ចាស់នឹងយាងមកផែនដីនេះក្នុងពេលដ៏ឆាប់។ 
បន្ទាប់ពីបានសង្រ្គោះ ពួកបរិសុទ្ធត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមព្រះបន្ទូលនៃព្រះពររបស់ព្រះអម្ចាស់ ដែលទ្រង់បានសន្យាជាមួយពួកគេ ហើយរក្សាជំនឿរបស់ពួកគេ។ បើសិនចិត្តរបស់ពួកគេអាចបាត់បង់ជំនឿតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេនឹងបាត់បង់គ្រប់យ៉ាង ហើយដូច្នេះ ពួកគេត្រូវតែការពារជំនឿរបស់ខ្លួនតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅក្នុងន័យផ្សេង ព្រះប្រាប់ពួកបរិសុទ្ធឲ្យរក្សាជំនឿនៅក្នុងព្រះអម្ចាស់។ 

ខ.៨៖ គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្តីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្តីទាំងនេះ។ 
ពួកហោរា និងពួកបរិសុទ្ធគឺជាអ្នកដែលប្រកាសព្រះបន្ទូលទំនាយរបស់ព្រះ។ ដូច្នេះ យើងត្រូវតែសរសើរតម្កើងព្រះដែលធ្វើការ នៅពេលទ្រង់បានមានបន្ទូលទៅកាន់ពួកគេ ហើយយើងត្រូវតែថ្វាយបង្គទ្រង់តែមួយគត់។ នៅពេលខ្លះ មនុស្សមួយចំនួនព្យាយាមលើកតម្កើងខ្លួនពួកគេខ្ពស់ដូចជាព្រះ ហើយឲ្យអ្នកដទៃគោរពពួកគេដូចេ្នះ។ ពួកគេធ្វើដូច្នេះ ពីព្រោះពួកគេគឺជាពួកមនុស្សកុហក ឬពួកហោរាក្លែងក្លាយ។ មានតែព្រះប៉ុណ្ណោះ ដែលសមនឹងទទួលបានការបម្រើ ការថ្វាយបង្គំ ការសរសើរតម្កើង និងសិរីល្អទាំងអស់។

ខ.៩៖ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។ 
តើយើងត្រូវតែធ្វើយ៉ាងដូចម្តេច ដើម្បីបានធ្វើជាពួកហោរាពិតប្រាកដរបស់ព្រះ? ជាដំបូង យើងត្រូវតែជឿលើសេចក្តីអាថ៌កំបាំងនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បន្ទាប់មក យើងនឹងបានធ្វើជារាស្ត្ររបស់ព្រះ ពួកបរិសុទ្ធ និងបងប្អូនប្រុសស្រីរបស់គ្នាទៅវិញទៅមក។ មានតែដូច្នេះទេ ទើបព្រះអាចប្រគល់ការងាររបស់ទ្រង់ដល់យើងបាន។ អស់អ្នកដែលបានធ្វើជាអ្នកបម្រើរបស់ព្រះអម្ចាស់ ក៏ត្រូវតែជឿតាមព្រះបន្ទូលទ្រង់ ហើយរក្សាវា ដោយជំនឿផងដែរ។ ពួកគេគឹជាអ្នកដែលថ្វាយសិរីល្អទាំងអស់ដល់ព្រះ ដោយមិនរក្សាសិរីល្អទាំងនោះទុកសម្រាប់តែខ្លួនឯងឡើយ។ ព្រះអម្ចាស់របស់យើងសមនឹងទទួលបានការថ្វាយបង្គំ និងសិរីល្អទាំងអស់ពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ហាលេលូយ៉ា!

ខ.១០៖ រួចទេវតាប្រាប់មកខ្ញុំថា កុំឲ្យបំបិទសេចក្តីទំនាយនៅក្នុងគម្ពីរនេះឡើយ ពីព្រោះពេលកំណត់ជិតដល់ហើយ។ 
ព្រះបន្ទូលសន្យា ដែលត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ មិនត្រូវនៅជាអាថ៌កំបាំងឡើយ។ ដោយសារវានឹងត្រូវបានបំពេញសម្រេចយ៉ាងឆាប់រហ័ស យើងត្រូវតែធ្វើបន្ទាល់ពីវាទៅកាន់មនុស្សទាំងអស់។ អាម៉ែន! ដូច្នេះ ចូរយើងទាំងអស់គ្នាជឿតាមព្រះបន្ទូលទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ ប្រកាសវាទៅកាន់មនុស្សទាំងអស់។ 

ខ.១១៖ អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះ នៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល។ 
កាលណាថ្ងៃនៃការយាងមកវិញរបស់ព្រះអម្ចាស់ជិតមកដល់ ទ្រង់នឹងបណ្តោយឲ្យអស់អ្នកដែលស្វែងរកបាប បន្តដេញតាមបាប អស់អ្នកដែលបរិសុទ្ធ បន្តនៅជាបរិសុទ្ធ ហើយអស់អ្នកដែលកខ្វក់ នៅតែកខ្វក់។ កាលណាថ្ងៃចុងក្រោយមកដល់ អស់អ្នកដែលមានចិត្តឥតមានបាប ដោយការជឿតាមដំណឹងល្អរបស់ព្រះអម្ចាស់អំពីទឹក និងព្រះវិញ្ញាណ នឹងនៅតែបម្រើដំណឹងល្អនៅលើផែនដីនេះ ហើយអស់អ្នកដែលបានរក្សាភាពបរិសុទ្ធ និងជំនឿរបស់ខ្លួន នឹងបន្តរស់នៅយ៉ាងដូច្នេះ។ ព្រះអម្ចាស់របស់យើងទូន្មានយើងឲ្យរក្សាជំនឿដែលយើងកំពុងតែមាននៅពេលនេះ។

ខ.១២៖ មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ។ 
នៅក្នុងន័យផ្សេង ព្រះអម្ចាស់របស់យើងនឹងយាងមកវិញក្នុងពេលដ៏ឆាប់ ហើយប្រទានស្ថានសួគ៌នៅលើផែនដី និងផ្ទៃមេឃថ្មី និងផែនដីថ្មីដល់ពួកបរិសុទ្ធដែលបានបម្រើ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ នៅពេលពួកបរិសុទ្ធជឿតាមព្រះបន្ទូលទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ ពួកគេអាចការពារជំនឿរបស់ខ្លួនបាន រហូតដល់ថ្ងៃចុងក្រោយ ពីព្រោះពួកគេបានដាក់សង្ឃឹមនៅក្នុងព្រះអម្ចាស់។ យើងត្រូវតែដឹង និងជឿថា ព្រះអម្ចាស់នឹងប្រទានរង្វាន់ដ៏ធំសម្រាប់ការងាររបស់ពួកបរិសុទ្ធ ពីព្រោះទ្រង់មានពេញដោយសិរីល្អ និងសេចក្តីមេត្តាករុណា។ 

ខ.១៣៖ អញជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង។ 
ព្រះអម្ចាស់គឺជាដើម ហើយជាចុងនៃគ្រប់ទាំងអស់។ ទ្រង់គឺជាព្រះ និងព្រះអង្គសង្រ្គោះ ដែលប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះពេញលេញ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានឲ្យបាន។ ប្រវត្តិសាស្ត្រទាំងអស់នៅក្នុងសកលលោក រួមទាំងប្រវត្តិសាស្ត្រនៃស្ថានសួគ៌ និងផែនដីនេះ បានចាប់ផ្តើមពីព្រះអម្ចាស់ ហើយក៏នឹងបញ្ចប់ទៅវិញ ដោយទ្រង់ដែរ។ 

ខ.១៤៖ មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។ 
ដោយសារអ្វីដែលព្រះអម្ចាស់បានមានបន្ទូលមកយើងគឺជាជីវិតទាំងអស់ ពួកបរិសុទ្ធជឿតាមព្រះបន្ទូលទ្រង់ ប្រកាស និងការពារវា។ ពួកគេដូច្នេះ ពីព្រោះព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកបរិសុទ្ធ និងគ្រប់ទាំងអស់នៅក្នុងសកលលោក គឺសុទ្ធតែពិតទាំងអស់។ ដូច្នេះហើយបានជាពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះរក្សាព្រះបន្ទូលរបស់ទ្រង់នៅក្នុងគំនិតរបស់ពួកគេ។ ពួកគេការពារជំនឿរបស់ពួកគេ ដោយការជឿតាមព្រះបន្ទូលព្រះកាន់តែខ្លាំងឡើងៗ ដើម្បីឲ្យពួកគេនឹងមានសិទ្ធិបរិភោគផ្លែពីដើមជីវិត ដែលបានដាំនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ពួកបរិសុទ្ធដែលឥតបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ ព្យាយាមការពារជំនឿរបស់ពួកគេ ពីព្រោះពួកគេមានសិទ្ធិបរិភោគផ្លែពីដើមជីវិតនៅស្ថានសួគ៌។ 

ខ.១៥៖ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត។ 
អ្នកដែលបទគម្ពីរនេះនិយាយអំពី គឺជាអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមិនបានកើតជាថ្មី រហូតដល់ថ្ងៃចុង ក្រោយ។ អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា ដែលដឹកនាំមនុស្សឲ្យវង្វេង តាមរយៈទីសម្គាល់ និងការអស្ចារ្យផ្សេងៗ បានបោកបញ្ឆោតពួកគេពីពេលមួយទៅពេលមួយ ដោយការអះអាងយ៉ាងខុសថា អាទទឹងនឹងព្រះគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ។ ពួកគេបានដឹកនាំមនុស្សទៅឯសេចក្តីវិនាស ដោយធ្វើឲ្យមនុស្សថ្វាយបង្គំរូបរបស់អាទទឹងនឹងព្រះ គ្រីស្ទ។ ព្រះអម្ចាស់របស់យើងទុកមនុស្សទាំងនោះនៅខាងក្រៅទីក្រុងបរិសុទ្ធ ដើម្បីកុំឲ្យពួកគេអាចចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីបាន។ ទីក្រុងរបស់ព្រះអម្ចាស់បើកសម្រាប់តែពួកបរិសុទ្ធ ដែលបានការពារជំនឿរបស់ពួកគេ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។

ខ.១៦៖ អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្តីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង។ 
សម្រាប់ជាប្រយោជន៍ដល់ពួកជំនុំ និងពួកបរិសុទ្ធរបស់ព្រះ ព្រះ អម្ចាស់របស់យើងបានបញ្ជូនពួកអ្នកបម្រើរបស់ទ្រង់ដល់កាន់យើង ហើយទ្រង់បានធ្វើឲ្យពួកគេធ្វើបន្ទាល់ពីគ្រប់ការទាំងអស់ដែលនឹងកើតឡើង។ ព្រះអង្គដែលបានធ្វើឲ្យពួកគេធ្វើបន្ទាល់ពីសេចក្តីទាំងនេះ គឺជាព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះដែលបានធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកបរិសុទ្ធ។ 

ខ.១៧៖ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។ 
សម្រាប់អស់អ្នកដែលនៅលើផែនដី ហើយស្រេកសេចក្តីសុចរិតរបស់ព្រះ ព្រះអម្ចាស់បានអញ្ជើញពួកគេឲ្យចូលទៅក្នុងព្រះបន្ទូលនៃទឹក ជីវិត។ អស់អ្នកដែលឃ្លាន និងស្រេកសេចក្តីសុចរិតរបស់ព្រះ បានទទួលព្រះពរនៃការចូលទៅឯព្រះអម្ចាស់ ដោយជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយផឹកទឹកជីវិត។ ដូច្នេះហើយបានជាព្រះអម្ចាស់មានបន្ទូលទៅកាន់មនុស្សគ្រប់គ្នាឲ្យចូលមកឯព្រះយេស៊ូវគ្រីស្ទ។ អ្នកណាក៏អាចទទួលបានសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយឥតគិតថ្លៃបានដែរ។ ប៉ុន្តែអស់អ្នកដែលមិនចង់ផឹកទឹកនេះ នឹងមិនបានផឹកទឹកនេះឡើយ។ បើសិនអ្នកចង់ផឹកទឹកនេះ អ្នកក៏អាចផឹកទឹកជីវិតរបស់ព្រះ អម្ចាស់បានដែរ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 

ខ.១៨៖ ខ្ញុំធ្វើបន្ទាល់ ដល់អ្នកណា ដែលឮសេចក្តីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង។
បទគម្ពីរនេះគឺជាព្រះបន្ទូលព្រះ។ ដូច្នេះ កាលណាយើងជឿតាមព្រះបន្ទូលនេះ យើងមិនអាចបន្ថែម ឬដកអ្វីចេញពីវាបានឡើយ។ ខនេះប្រាប់យើងថា ដោយសារព្រះបន្ទូលនៅក្នុងបទគម្ពីរគឺជាព្រះបន្ទូលព្រះ គ្មានអ្នកណាអាចជឿតាមវា ដោយបន្ថែម ឬដកអ្វីចេញពីព្រះបន្ទូលនៃសេចក្តីពិតដែលបានកត់ទុកនៅក្នុងបទគម្ពីរនេះ ឬជឿដោយដកសេចក្តីពិតចេញបានឡើយ។ ដូច្នេះ យើងត្រូវតែប្រយ័ត្ន។ ព្រះបន្ទូលទាំងអស់ដែលព្រះមានបន្ទូល គឺសំខាន់ ហើយគ្មានអ្វីដែលត្រូវដកចេញឡើយ។ 
ប៉ុន្តែមនុស្សនៅតែបន្តមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យដដែល។ ដូច្នេះហើយបានជាពួកគេនៅតែមិនទាន់បានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ពួកគេនៅតែមនុស្សមានបាប ហើយកំពុងតែធ្វើដំណើរទៅកាន់សេចក្តីវិនាសរបស់ពួកគេ ទោះបើពួកគេអះអាងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ ដោយ។ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីបាប ព្រះអម្ចាស់របស់យើងបានប្រទានដល់ពួកគេនូវទឹក និងឈាមរបស់ទ្រង់ (១យ៉ូហាន ៥:៤-៥; យ៉ូហាន ៣:៣-៧)។ ប៉ុន្តែមនុស្សជាច្រើនដាក់សារៈសំខាន់ទៅលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ ហើយដូច្នេះ ពួកគេនៅតែមិនបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ហើយនឹងប្រឈមនឹងគ្រោះកាចទាំងអស់ដែលមានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ 
អ្នកដែលអះអាងថា ខ្លួនជឿលើព្រះយេស៊ូវ តែនៅតែបន្តមិនស្គាល់សេចក្តីពិតថា ព្រះគ្រីស្ទបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នឹងប្រឈមទណ្ឌកម្មដ៏សាហាវនៅក្នុងស្ថាននករ។ ហេតុអ្វី? ពីព្រោះពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមិនបានកើតជាថ្មី។ អ្នកណាដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ នឹងប្រឈមនឹងការរងទុក្ខអស់កល្បជានិច្ចក្នុងបឹងភ្លើង។ ថ្ងៃនៃការស្តាយក្រោយពិតជានឹងមកដល់សម្រាប់មនុស្សទាំងអស់នេះ។ 

ខ.១៩៖ ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត និងទីក្រុងបរិសុទ្ធ ហើយនិងសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។ 
តើមានអ្នកណាម្នាក់ក្នុងចំណោមយើង ដែលបានស្អាតពីអំពើបាបទាំងអស់ ដោយមិនជឿតាមព្រះបន្ទូលនៃសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទ្រង់បានសម្អាតអំពើបាបរបស់ទាំងអស់ ដោយការជាប់ឆ្កាងដែរទេ? បើសិនដូច្នេះ មនុស្សបែបនេះពិតជានឹងបាត់បង់សិទ្ធិចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះហើយ ពីព្រោះពួកគេមិនជឿលើបុណ្យជ្រមុជដែលព្រះអម្ចាស់បានទទួលពីលោកយ៉ូហាន ដើម្បីដាក់អំពើបាបរបស់មនុស្សជាតិនៅលើអង្គទ្រង់តែម្តងជាសម្រេចទេ។ ទីបំផុត ពួកគេកំពុងតែប្រព្រឹត្តអំពើបាបនៃការព្រងើយកន្តើយចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ 
ដូច្នេះ គ្រីស្ទបរិស័ទត្រូវតែទទួលយកសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន។ បើសិនពួកគេមិនធ្វើដូច្នេះទេ ពួកគេទាំងអស់នឹងត្រូវដាច់ចេញពីសិរីល្អនៃការចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះអម្ចាស់ហើយ។ បើសិនអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់អ្នក អ្នកត្រូវតែបានស្អាតពីអំពើបាបទាំងអស់របស់អ្នក ដោយការជឿដោយអស់ពីចិត្តថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាននៅទន្លេយ័រដាន់ ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់លោកិយនេះទាំងស្រុង ហើយថា ទ្រង់បានសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលយកអំពើបាបទាំងនោះដាក់នៅលើអង្គទ្រង់។ ទឹកដែលអាចសម្អាតភាពកខ្វក់ទាំងអស់របស់អ្នកបាន គឺជាបុណ្យជ្រមុជដែលព្រះអម្ចាស់បានទទួល។ ដូច្នេះ បន្ទាប់ពីទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ហើយ ព្រះអម្ចាស់បានបង្ហូរព្រះលោហិតរបស់ទ្រង់ ហើយសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ដោយការសុគតរបស់ទ្រង់ផ្ទាល់។ 
បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺជា ភស្តុតាងរឹងមាំនៃសេចក្តីសង្រ្គោះរបស់យើងចេញពីបាប។ ១ពេត្រុស ៣:២១ ប្រាប់យើងថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ យើងត្រូវតែដឹងថា ព្រះយេស៊ូវបាននាំអំពើបាបរបស់លោកិយនេះទៅលើឈើឆ្កាង ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់មនុស្សជាតិជំនួសយើង ដោយការសុគតរបស់ទ្រង់ផ្ទាល់។ 
ដូច្នេះហើយបានជាព្រះកំពុងតែប្រទានព្រះបន្ទូលព្រមានរបស់ទ្រង់ម្តងទៀត ទៅកាន់មនុស្សជាតិទាំងមូលនៅក្នុងខ.១៩។ យើងត្រូវតែជឿតាមព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមដែលព្រះអម្ចាស់បានប្រទានឲ្យ ដោយមិនត្រូវបន្ថែម ឬដកអ្វីចេញពីវាឡើយ។ 

ខ.២០៖ ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។ 
ព្រះអម្ចាស់របស់យើងនឹងយាងមកផែនដីនេះ នៅក្នុងពេលដ៏ឆាប់។ ហើយពួកបរិសុទ្ធដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿលើព្រះអម្ចាស់ ហើយទទួលបានសិរីល្អនៃស្ថានសួគ៌របស់ខ្លួន កំពុងតែរង់ចាំយ៉ាងអន្ទះសារដល់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ ដោយសារអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានត្រៀមខ្លួនជាស្រេច ដើម្បីជួបនឹងព្រះអម្ចាស់ដែលនឹងយាងមក ពួកគេកំពុងតែរង់ចាំព្រះអម្ចាស់យាងមកវិញ ហើយប្រទានព្រះពររបស់ទ្រង់ដល់ពួកគេ ដូចដែលទ្រង់បានសន្យាជាមួយពួកបរិសុទ្ធ។ ដូច្នេះ ពួកបរិសុទ្ធកំពុងតែសង្ឃឹមដល់ការយាងមកវិញជាលើកទីពីររបស់ព្រះអម្ចាស់ ដោយជំនឿ និងការអរព្រះគុណ។ 

ខ.២១៖ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។
សាវកយ៉ូហានបញ្ចប់កណ្ឌគម្ពីរវិវរណៈ ដោយការអធិស្ឋានប្រសិទ្ធិពរមួយ ដើម្បីទូលឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទបាននៅជាមួយអស់អ្នកដែលមានបំណងចិត្តចង់ចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះ។ ដូច្នេះ ចូរយើងធ្វើជាពួកបរិសុទ្ធដែលចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈជំនឿ។