Search

佈道

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-3] តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ តាំងពីពេលអ្នកបានជឿ ព្រះយេស៊ូវម (កិច្ចការ ១៩:១-៣)

(កិច្ចការ ១៩:១-៣)
«កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ គេឆ្លើយថាយើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង គាត់សួរគេទៀតថា ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី គេឆ្លើយថា គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ។»
 
 
ហេតុអ្វីព្រះគម្ពីរថា «តាំងតែពីគ្រា យ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមាន គេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជា ពួកខំប្រឹងពិតដែលចាប់បានផង»?
មនុស្សអាចចាប់បាននគរស្ថានសួគ៌ ដោយជំនឿតាមដំណឹងល្អថា ព្រះយេស៊ូវបាន ដោះបាបមនុស្សលោកចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង

តើសាវកប៉ុលបានប្រកាសដំណឹងល្អប្រភេទណា? គាត់បានប្រកាសដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ កិច្ចការ ១៩:១-២ និយាយថា «កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ?»។ ទោះបីជាយ៉ាងណា មនុស្សទាំងនេះបានជឿព្រះយេស៊ូវ ប៉ុន្តែខកខានមិនបានស្គាល់ពីអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ។ ពួកគេមិនបានដឹងពីដំណឹងល្អពិត ដែលដឹកនាំពួកគេឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះគឺជាមូលហេតុដែលពួកសិស្សមួយចំនួននៅក្រុងអេភេសូរ មិនសូវយល់ពីសំណួររបស់សាវកប៉ុលថា «តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ?»។ អ្នកដទៃទៀត បានសួរពួកគេថា «តើអ្នកបានជឿព្រះយេស៊ូវទេ?» ប៉ុន្តែសាវកប៉ុលបានសួរសំណួរបែបនេះវិញ ដើម្បីឲ្យពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការកែប្រែជំនឿរបស់ពួកគេតាមដំណឹងល្អពិតវិញ។ ព័ន្ធកិច្ចរបស់សាវកប៉ុល គឺត្រូវប្រកាសដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ សាវកប៉ុល សាវកពេត្រុស និងសាវកយ៉ូហាន ក៏បានធ្វើបន្ទាល់ពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីសផងដែរ។ 
ចូរយើងពិនិត្យមើលសេចក្តីបន្ទាល់របស់ពួកសាវកពីដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ជាដំបូង សាវកប៉ុលបានធ្វើបន្ទាល់ថា «ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ» (រ៉ូម ៦:២-៣) ហើយ «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះ គ្រីស្ទហើយ» (កាឡាទី ៣:២៧)។
នៅក្នុង ១ពេត្រុស ៣:២១-២២ សាវកពេត្រុស ក៏បានធ្វើបន្ទាល់ផងដែរ ពីដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ»។ 
ហើយសាវកយ៉ូហានក៏បានធ្វើបន្ទាល់ពីដំណឹងល្អពិតនេះផងដែរ នៅក្នុង យ៉ូហាន ៥:៥-៨។ «តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ។»
លោកយ៉ូហាន-បាទ្ទីស មានតួនាទីចាំបាច់មួយ ក្នុងការបំពេញសម្រេចដំណឹងល្អពិត។ នៅក្នុង ម៉ាឡាគី ៣:១-៣ និង ម៉ាថាយ ១១:១០-១១ និយាយអំពីលោកយ៉ូហាន-បាទ្ទីសដូចតទៅ។ លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាងនៃមនុស្សជាតិ ហើយគាត់គឺជាហោរាអេលីយ៉ា ដែលព្រះគម្ពីរសញ្ញាចាស់បានទាយថានឹងមក។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តង្វាយលោះបាបមួយត្រូវបានសំឡាប់ ដើម្បីសម្រក់ឈាមរបស់វា បន្ទាប់ពីបានទទួលអំពើបាបរបស់មនុស្សម្នាក់ហើយ ដោយការដាក់ដៃលើក្បាលរបស់វា។ ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ ព្រះយេស៊ូវគឺជាតង្វាយលោះបាប ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប។ ព្រះយេស៊ូវ បានសង្រ្គោះមនុស្សជាតិ ពីព្រោះលោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។
ព្រះ បានគ្រោងនឹងធ្វើកិច្ចការធំពីរ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ ហើយទ្រង់បានបំពេញសម្រេចកិច្ចការទាំងពីរនោះ។ ទីមួយ គឺត្រូវបញ្ជូនព្រះយេស៊ូវឲ្យយាងមកលោកិយនេះ តាមរយៈរូបកាយរបស់នាងក្រមុំព្រហ្មចារីម៉ារា ហើយអនុញ្ញាតឲ្យទ្រង់បានទទួលបុណ្យជ្រមុជ និងជាប់ឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ហើយទីពីរ គឺត្រូវអនុញ្ញាតឲ្យលោកយ៉ូហាន-បាទ្ទីសបានកើតមក តាមរយៈអេលីសាបិត។ ព្រះបានបណ្តាលឲ្យព្រឹត្តិការណ៍ពីរនេះបានកើតឡើង ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ នេះគឺជាព្រះរាជកិច្ច ដែលព្រះបានរៀបចំផែនការនៅក្នុងព្រះត្រៃឯក។ ព្រះបានបញ្ជូនលោកយ៉ូហាន-បាទ្ទីសឲ្យមកលោកិយនេះ រយៈពេល៦ខែមុនព្រះយេស៊ូវ បន្ទាប់មកបានបញ្ជូនព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ ឲ្យយាងមកលោកិយនេះ ដើម្បីរំដោះមនុស្សជាតិចេញពីការវិនិច្ឆ័យអំពើបាបរបស់ខ្លួន។ 
ព្រះយេស៊ូវ បានធ្វើបន្ទាល់ពីលោកយ៉ូហាន-បាទ្ទីស នៅក្នុង ម៉ាថាយ ១១:៩ ថា «ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង»។ លើសពីនេះ នៅពេលលោកយ៉ូហាន-បាទ្ទីស ដែលបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ បានឃើញទ្រង់ នៅថ្ងៃបន្ទាប់ គាត់បាននិយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។
ព្រះគម្ពីរ មានកំណត់ត្រាជាច្រើនអំពីលោកយ៉ូហាន ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយយើងគួរតែព្យាយាមយល់ដឹងបន្ថែមទៀតពីគាត់។ លោកយ៉ូហាន-បាទ្ទីស បានមកក្នុងលោកិយនេះ មុនព្រះយេស៊ូវ។ ហើយតួនាទីរបស់គាត់ គឺត្រូវបំពេញសម្រេចដំណឹងល្អពិត ដែលជាផែនការរបស់ព្រះ។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះពីលោកយ៉ូហាន ហើយលោកយ៉ូហានបានផ្ទេរអំពើបាបទៅលើទ្រង់ ដើម្បីបំពេញសម្រេចបំណងព្រះហឫទ័យព្រះ។ 
យើង ហៅគាត់ថា លោកយ៉ូហាន-បាទ្ទីស ពីព្រោះគាត់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ តើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីសមានអត្ថន័យយ៉ាងដូចម្តេច? ពាក្យថា «បុណ្យជ្រមុជ» មានន័យថា «ត្រូវបានលាងសម្អាត»។ ដោយសារអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ អំពើបាបទាំងនោះត្រូវបានលាងសម្អាតហើយ។ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវក៏មានអត្ថន័យដូចគ្នានឹង «ការដាក់ដៃលើ» តង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ អត្ថន័យខាងវិញ្ញាណនៃបុណ្យជ្រមុជគឺ «ផ្ទេរទៅឲ្យ» «ត្រូវបានលាងសម្អាត» ឬ «ត្រូវបានកប់»។ ដូច្នេះ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស គឺជាកិច្ចការនៃសេចក្តីប្រោសលោះ ដើម្បីដោះអំពើបាបរបស់មនុស្សទាំងអស់នៅក្នុងលោកិយនេះចេញ។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ក៏មានសារៈសំខាន់ដូចគ្នានឹងការដាក់ដៃលើផងដែរ ដែលជារបៀបនៃការផ្ទេរអំពើបាបទៅលើតង្វាយលោះបាប នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅក្នុងន័យផ្សេង ជនជាតិអ៊ីស្រាអែលបានផ្ទេរអំពើបាបប្រចាំឆ្នាំរបស់ខ្លួន ទៅលើតង្វាយលោះបាប នៅថ្ងៃធួននឹងបាប តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃ។ ហើយយញ្ញបូជានេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ក៏មានតួនាទីដូចគ្នានឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងផងដែរ។ 
ព្រះ បានកំណត់ថ្ងៃធួននឹងបាបជាពេលវេលាមួយ ដើម្បីដោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែលចេញ។ នៅថ្ងៃទីដប់ ក្នុងខែប្រាំពីរ សម្តេចសង្ឃបានផ្ទេរអំពើបាបទាំងអស់សម្រាប់រយៈពេលពេញមួយឆ្នាំ ដោយការដាក់ដៃរបស់គាត់លើយញ្ញបូជា ដើម្បីធ្វើការធួននឹងអំពើបាបរបស់បណ្តាជន។ នេះគឺជាប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានបង្កើតមក។ ហើយវាគឺជារបៀបតែមួយគត់ ដើម្បីផ្ទេរអំពើបាបរបស់មនុស្សទៅលើតង្វាយលោះបាប ហើយការផ្ទេរអំពើបាបដោយការដាក់ដៃលើ គឺជាច្បាប់ដ៏នៅអស់កល្បជានិច្ច ដែលព្រះបានបង្កើតមក។ 
«រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែ-ល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីដំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ» (លេវីវិន័យ ១៦:២១-២២)។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមានបាបម្នាក់បានដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់តង្វាយលោះបាប ហើយផ្ទេរអំពើបាបរបស់ខ្លួនទៅលើវា ដើម្បីទទួលបានការអត់ទោស។ ហើយនៅថ្ងៃធួននឹងបាប សម្តេចសង្ឃអើរ៉ុន ដែលជាអ្នកតំណាងនៃជនជាតិ អ៊ីស្រាអែលទាំងអស់ បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់យញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់អ៊ីស្រាអែល។ បន្ទាប់មក គេបានសំឡាប់តង្វាយនោះ បន្ទាប់ពីវាបានទទួលយកអំពើបាបរបស់ពួកគេរួចហើយ។ 
វា ក៏មានអត្ថន័យខាងវិញ្ញាណដូចគ្នាជាមួយនឹងបុណ្យជ្រមុជ (Baptisma ជាភាសាក្រិក មានន័យថា «ត្រូវបានលាងសម្អាត ត្រូវបានកប់ ផ្ទេរទៅឲ្យ») ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន នៅក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ។ ដូចដែលសម្តេចសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានដាក់ដៃរបស់ខ្លួន នៅលើតង្វាយលោះបាប ដើម្បីផ្ទេរអំពើបាបរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ អំពើបាបទាំងអស់របស់មនុស្សជាតិក៏ត្រូវបានផ្ទេរផងដែរ ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ បន្ទាប់មក ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបរបស់យើង។ នេះហើយគឺជាដំណឹងល្អអំពីសេចក្តីពិត។ 
ដូចដែលសម្តេចសង្ឃអើរ៉ុនបានថ្វាយយញ្ញបូជា សម្រាប់ការធួននឹងបាប ជំនួសឲ្យបណ្តាជនអ៊ីស្រាអែល លោកយ៉ូហាន-បាទ្ទីស ដែលជាពូជវង្សរបស់អើរ៉ុន ក៏បានអនុវត្តកាតព្វកិច្ចជាអ្នកតំណាងនៃមនុស្សជាតិ ដោយការធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់មនុស្សជាតិទៅលើអង្គទ្រង់ផងដែរ។ ហើយនៅក្នុង ទំនុកដំកើង ៥០:៤-៥ ព្រះបានពិពណ៌នាអំពីផែនការដ៏អស្ចារ្យនៃសេចក្តីស្រឡាញ់របស់ទ្រង់ថា «ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ គឺជាពួកដែលបានតាំងសញ្ញានឹងអញ ដោយថ្វាយយញ្ញបូជា»។ អាម៉ែន។ ហាលេលូយ៉ា។
ប្រវត្តិសាស្ត្រនៃពួកជំនុំ និយាយថា ពួកជំនុំដំបូងមិនបាន ប្រារព្វធ្វើបុណ្យណូអែល នៅក្នុងរយៈពេលពីរសតវត្សដំបូង។ គ្រីស្ទបរិស័ទនៃពួកជំនុំដំបូង ជាមួយនឹងពួកសាវករបស់ព្រះយេស៊ូវ គ្រាន់តែបានកំណត់យកថ្ងៃទី៦ ខែមករា ដើម្បីរំឮកដល់ «ថ្ងៃនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ» ពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់ប៉ុណ្ណោះ។ ហេតុអ្វីពួកគេបានដាក់ការសង្កត់យ៉ាងធ្ងន់ទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នៅក្នុងជំនឿរបស់ពួកគេ? ចម្លើយ គឺមានភាពចាំបាច់យ៉ាងខ្លាំងសម្រាប់ជំនឿគ្រីស្ទបរិស័ទតាមប្រពៃណីរបស់ពួកសាវក។ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានភាពច្របូកច្របល់រវាងបុណ្យជ្រមុជទឹករបស់អ្នកជឿ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវឡើយ។
បុណ្យជ្រមុជរបស់អ្នកជឿ ដែលមាននៅសព្វថ្ងៃនេះ មាន អត្ថន័យយ៉ាងខុសគ្នាពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានជំនឿដូចគ្នានឹងជំនឿរបស់ពួកសិស្សរបស់ព្រះយេស៊ូវដែរ បើសិនយើងចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងទាំងអស់គ្នា គួរតែទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយនិងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ប្រសិនបើពួកជំនុំដំបូង បានចាត់ទុកបុណ្យជ្រមុជជាពិធីយ៉ាងសំខាន់មួយ វាគឺយោងទៅតាមជំនឿរបស់ពួកគេលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយនៅសព្វថ្ងៃនេះ យើងក៏គួរតែចាត់ទុកបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ជាធាតុដែលមិនអាចខ្វះបាននៅក្នុងសេចក្តីសង្រ្គោះរបស់យើងផងដែរ។ លើសពីនេះ យើងត្រូវតែឈោងចាប់ និងរក្សាជំនឿត្រឹមត្រូវតាមការយល់ដឹងដ៏ឥតខ្ចោះថា ព្រះយេស៊ូវត្រូវតែជាប់ឈើឆ្កាង ដោយសារតែបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន។ ហើយយើងគួរតែចងចាំថា ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមគង់នៅក្នុងយើង កាលណាយើងជឿថា ព្រះយេស៊ូវបានទទូលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង មានអត្ថន័យពិសេសបែបនេះ នៅក្នុងដំណឹងល្អពិត។ 
របៀបត្រឹមត្រូវសម្រាប់យើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្ស តែម្តងជាសម្រេច។ វាគឺជាបុណ្យជ្រមុជនៃសេចក្តីប្រោសលោះ ដែលដឹកនាំយើងឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារមនុស្សមួយចំនួនមិនបានដឹងពីអំណាចនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពួកគេគ្រាន់តែចាត់ទុកវាជាពិធីមួយប៉ុណ្ណោះ។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ បង្កើតផ្នែកនៃដំណឹងល្អពិត ដែលប្រាប់យើងពីរបៀប ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានទទួលយកការកាត់ទោសអំពើបាបទាំងនោះ ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ អ្នកណាដែលជឿតាមព្រះបន្ទូលនៃដំណឹងល្អពិតនេះ ក្លាយជាសមាជិកនៃពួកជំនុំ ដែលមានព្រះអម្ចាស់ជាសិរសា ហើយទទួលបានព្រះពរជាព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយទានមួយពីព្រះសម្រាប់អស់អ្នកដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លួនរួចហើយ។ 
តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានយាងមកធ្វើជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ហើយនៅក្នុង យ៉ូហាន ១:៦-៧ និយាយថា «មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់»។ ដើម្បីជឿព្រះយេស៊ូវ និងទទួលទ្រង់ជាព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ យើងត្រូវតែយល់អំពីព័ន្ធកិច្ច និងសេចក្តីបន្ទាល់របស់សាវកយ៉ូហាន ដែលបានសរសេរនៅក្នុងព្រះគម្ពីរ។ បន្ទាប់មក យើងនឹងអាចជឿព្រះយេស៊ូវគ្រីស្ទ និងទទួលទ្រង់ជាព្រះអង្គសង្រ្គោះរបស់យើងបានហើយ។ ហើយដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងក៏ត្រូវការជំនឿរឹងមាំ តាមរយៈសេចក្តីបន្ទាល់របស់គាត់ផងដែរ។ ដូច្នេះ ដើម្បីបំពេញសម្រេចដំណឹងល្អអំពី សេចក្តីពិត យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ម៉ាថាយ ១១:១២ សរសេរថា «តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង»។ បទគម្ពីរនេះ ត្រូវបានគេចាត់ទុកជាបទគម្ពីរពិបាកមួយនៅក្នុងព្រះគម្ពីរ។ វាពិតជាប្រកាសថា ព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទ្ទីស មានទំនាក់ទំនងគ្នាដោយផ្ទាល់ ជាមួយនឹងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ 
ព្រះយេស៊ូវ ចង់ឲ្យយើងចូលទៅនគរស្ថានសួគ៌ ដោយជំនឿក្លាហាន ដូចជាពួកខំប្រឹងពិតដែរ។ យើងខ្សោយ ហើយធ្វើបាប ជារៀងរាល់ថ្ងៃ ប៉ុន្តែទ្រង់អនុញ្ញាតឲ្យយើងចូលទៅនគរស្ថានសួគ៌របស់ទ្រង់ ដោយជំនឿក្លាហាន ដោយមិនគិតពីសេចក្តីអាក្រក់របស់យើងឡើយ។ ដូច្នេះ បទគម្ពីរនេះមានន័យថា មនុស្សអាចចាប់នគរស្ថានសួគ៌បាន ដោយជំនឿតាមដំណឹងល្អពិត ដែលនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង វាមានន័យថា យើងអាចចាប់នគរស្ថានសួគ៌បាន តាមរយៈជំនឿក្លាហានតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយជំនឿរបស់យើងលើបុណ្យជ្រមុជនេះ ធានាថា យើងនឹងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អនេះទៅកាន់អ្នកជិតខាង សាច់ញ្ញាតិ មិត្តភ័ក្តិ និងមនុស្សទាំងអស់នៅក្នុងលោកិយនេះ។ យើងត្រូវតែមានជំនឿតាមដំណឹងល្អពិតដែលនិយាយថា អំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ហើយតាមរយៈជំនឿរបស់យើង យើងនឹងទទួលបានព្រះពរជាសេចក្តីប្រោសលោះ និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយព្រះលោហិតទ្រង់គឺជាការវិនិច្ឆ័យសម្រាប់អំពើបាប។ យើងត្រូវតែពន្យល់ដល់អ្នកដែលមិនជឿអំពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ មានតែធ្វើដូច្នេះទេ ទើបពួកគេនឹងជឿតាមដំណឹងល្អ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំចង់ឲ្យអ្នកជឿតាមដំណឹងល្អនេះ។ មានតែជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ ទើបមនុស្សអាចទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន ហើយទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
មនុស្សគ្រប់គ្នា អាចក្លាយជាកូនរបស់ព្រះអម្ចាស់ ដែលព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយ ហើយជាបងប្អូនប្រុសស្រីរបស់យើង ដោយជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណបាន។ អ្នកគួរតែមានជំនឿតាមដំណឹងល្អពិត ដូចជាជំនឿរបស់សាវកប៉ុលផងដែរ។ ខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ការប្រទានដល់យើងនូវដំណឹងល្អពិតនេះ។ អាម៉ែន។